ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា

នារសៀលថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងគណៈប្រតិភូ។
ក្រោយពីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងគណៈប្រតិភូ សម្ដេចធិបតី បានរំឭកអំពីជំនួបពីអតីតកាល ជាពិសេសនៅទីក្រុងញូវដែលី នៅពេលដែលសម្តេចធិបតី បំពេញទស្សនកិច្ចក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងគោក និងលើកចុងក្រោយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពី ២សប្តាហ៍មុន នាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចធិបតី ក៏បានអរគុណចំពោះការអបអរសាទរដល់ សម្តេចធិបតី និងបានរំលេចថាប្រទេសយើងទាំងពីរបន្តនូវការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងខិតខំបំពេញការងារជាមួយគ្នា ឱ្យសម្រេចបានជាផ្លែផ្កាចំពោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ព្រមទាំងស្វែងរកវិស័យសក្ដានុពល សម្រាប់កិច្ចព្រមព្រៀងថ្មីៗទៀត។
ពាក់ព័ន្ធនឹងសន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ (BIT) ដែលក្រុមការងារនៃប្រទេសទាំងពីរកំពុងចរចា សម្តេចធិបតី បានស្នើឱ្យពន្លឿន និងឈានដល់បញ្ចប់ នាពេលខាងមុខដ៏ខ្លី។ ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រី បានគោរពជម្រាបជូន សម្តេចធិបតី ថា ឯកឧត្តម ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន ២លើក ដែលលើកចុងក្រោយ នៅឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ចំពោះកិច្ចសហប្រតិបត្តិការ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរ នឹងខិតខំស្វែងរកវិស័យដែលមានសក្ដានុពល តាមរយៈការពង្រឹងបន្ថែមនូវភាពជាដៃគូអភិវឌ្ឍ។
ចំពោះវិស័យសន្តិសុខ និងយោធា ភាគីទាំងពីរបានយល់ស្របថាគួរត្រូវពង្រឹងសហប្រតិបត្តិការ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលកងទ័ព និងការរៀបចំការជួបជុំគ្នា សម្រាប់ធ្វើការផ្លាស់ប្តូរជាទស្សនវិស័យ និងបទពិសោធន៍ ឱ្យបានទៀងទាត់ និងញឹកញាប់។ ចំពោះវិស័យទេសចរណ៍ និងវប្បធម៌ ឯកឧត្ដមរដ្ឋមន្ត្រី យល់ឃើញថា គម្រោងស្តីពីនវានុវត្តន៍ និងអភិរក្ស គួរត្រូវបានរៀបចំឡើង ខណៈដែលប្រទេសទាំងពីរ បានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។
ពាក់ព័ន្ធនឹងសន្តិសុខតំបន់ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការព្រួយបារម្ភអំពីបញ្ហាដែលកំពុងកើតមានឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសចំពោះការឆ្លងដែនដ៏គំហុករបស់ប្រជាជនមីយ៉ាន់ម៉ា អស្ថិរភាពតាមតំបន់ជាប់ព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការរៀបចំ ដែលទាំងនេះទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបញ្ហាដែលជាឫសគល់ និងអំពីដំណោះស្រាយសមស្រប។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច និងចូលរួមជាមួយអាស៊ាន នៅក្នុងកិច្ចដំណើរការដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។
មុននឹងឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមនៃការលុបបំបាត់ចោលគ្រាប់មីន ដែលកំពុងមានវឌ្ឍនភាពល្អ និងដែលនឹងអាចចូលរួមចំណែកដល់កម្ពុជា នៅក្នុងយុទ្ធនាការនៃការលុបបំបាត់ចោលគ្រាប់មីនទាំងស្រុង នៅឆ្នាំ២០២៥។ ចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ា សម្តេចធិបតី បានបញ្ជាក់ថា ជម្លោះដែលកំពុងតែរីកសាយភាយ គួរត្រូវបានដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ និងគួរមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសពីគ្រប់សមាជិកទាំងអស់របស់អាស៊ាន។ ការផ្តល់នូវដំណោះស្រាយសមស្រប និងប្រកបដោយប្រសិទ្ធភាពនៅមីយ៉ាន់ម៉ា គឺជាការបង្ហាញនូវសមត្ថភាព ភាពខ្លាំង និងការរួបរួមគ្នាជាធ្លុងមួយ ក្នុងក្របខណ្ឌអាស៊ាន នៅក្នុងការបំពេញតួនាទីជាយន្តការតំបន់ដ៏មានប្រសិទ្ធភាព។ សម្តេចធិបតី បានបន្តថា អាស៊ានត្រូវរួបរួមគ្នាជាសំឡេងតែមួយ ដើម្បីបញ្ចប់នូវរាល់ជម្លោះ និងត្រូវចាប់ផ្តើមផ្តល់ជំនួយដល់ប្រជាជនដែលងាយរងគ្រោះ។ ក្នុងន័យនេះ កម្ពុជា បានបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយសមស្រប និងបន្តផ្តល់នូវគំនិតផ្តួចផ្តើមនានា សំដៅកសាងសុខសន្តិភាពឡើងវិញ ជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា។
នាទីបញ្ចប់ ប្រទេសទាំងពីរក៏បានប្ដេជ្ញាចិត្តជួយគាំទ្រ និងសហការគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ដែលជាប្រពៃណីនៃប្រទេសជាមិត្ត តាំងពីយូរលង់មកហើយ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ