សម្រង់ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំ​ណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាសនានា ចំនួន ១៨,០០០នាក់ នៅស្រុកបាទី ខេត្តតាកែវ

CMF:

គោរពឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ជាសមាជិករាជរដ្ឋាភិបាល!
ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូនកម្មករ/ការិនីទាំងអស់ជាទីស្រឡាញ់​រាប់អាន!

 

(១) មាននិស្ស័យច្រើនជាមួយខេត្តតាកែវ ពិសេសខាងកម្មវិធីសាសនា

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដែលបានមកចូលរួមកម្មវិធីនៅខេត្តតាកែវ។ ជាទូទៅ ខេត្តតាកែវ ខ្ញុំមាននិស្ស័យច្រើនខាងពុទ្ធសាសនា ព្រោះបានមកសម្ពោធវត្ដច្រើន។ ខេត្តតាកែវមានការរីកចម្រើនច្រើន​។ ខ្ញុំបានមក​សម្ពោធ​វត្ដ ក្នុងកំឡុងនៃការដឹកនាំតរបស់អភិបាលខេត្ត ៤ តាំងពីឯកឧត្តម ស្រី បេន ឯកឧត្តម ឡាយ វណ្ណៈ ឯកឧត្តម អ៊ូច ភា និងឯកឧត្តម ស៊ូ ភិរិន្ទ។ អរគុណអ្នកខេត្តតាកែវ។ កុំតែបានបងប្អូនទូទាំងប្រទេស ជាពិសេសលោកតាលោកយាយខេត្តតាកែវជួយជូនពរកុំអីគ្មានបានកូនប្រុស​មួយទីបីមកទេ។ រកមិនបាន។ បានតែកូនស្រី។ ថ្ងៃនេះមកជួបជិត ៧០០ នាក់ ជាអ្នកមានផ្ទៃពោះ ហើយ ៥នាក់ភ្លោះ បានកូនស្រី ៤គូ និងកូនស្រីប្រុស ១គូ។

(២) បានអ្នកតាកែវជួយបួងសួងទើបបានកូនទី៣ជាកូនប្រុស

សុំនិយាយរឿងផ្ទៃពោះបន្ដិចចុះ។ កាលកូនទី២កើតហើយ យូរទៅបានដឹងថា អ្នកណាចង់បានកូនបន្ទាប់។ សួរប្រពន្ធក្រោយពីឆ្លងទន្លេថាយកកូនមួយទៀតទេ។ ថាកុំសួរ ដឹងតែអត់បានហើយ ព្រោះ ៩ខែពពោះ មិនងាយបានទេ ទម្រាំកើតចេញមក។ ទើបចេញមកផង ឥឡូវមកសុំអីទៀត។ នៅស្ងៀមសិន។ ដល់យូរទៅ គេនឹក​ឃើញថាខ្វះកូនប្រុស។ រកមិនបាន។ គេនាំគ្នាបួងសួងគ្រប់កន្លែង ហើយប្រពន្ធខ្ញុំគាត់ទៅបួងសួងនៅព្រះអង្គ​ចេកព្រះអង្គចម ជាមួយមិត្តភក្ដិគាត់ពីរបីនាក់។ (អ្នក)បួងសួងមិនបាន ទៅបានអ្នកជួយសុំវិញ។​ គ្នាគាត់ ៣ នាក់ទៅជួយបួងសួង។ ទីបំផុតអ្នកទៅជួយហ្នឹងទំងន់មុន។ ក្រោយមក ទៅគ្រប់កន្លែង លោកតាលោកយាយ​ជូនពរឲ្យបានកូនប្រុស ក៏បានអញ្ចឹងទៅ។ អរគុណណាស់អ្នកតាកែវនិងលោកតាលោកយាយ។

(៣) មានអ្នកថើបផ្ញើសម្ដេចតេជោទៀត

ថ្ងៃនេះជួបបងប្អូនកម្មករ/ការិនីទ្រង់ទ្រាយធំជិត ២ម៉ឺន គឺជាង ១៨ ០០០ នាក់។ អរគុណណាស់ជាមួយការស្វាគមន៍ ហើយចូលមកក៏មិនបានជួបទាំងអស់គ្នាទេ។ បងប្អូនខាងនេះក៏អត់បានជួបដែរ បើបានជួបទាំងអស់គ្នាប្រហែលល្ងាចហ្នឹងយើងមិនបាច់ធ្វើអីទេ។ ជួបគ្នាតាមរលកធាតុអាកាសចុះ។ ប៉ុន្ដែទោះជាយ៉ាងណា(បងប្អូនបានបង្ហាញ)ទឹកចិត្ត ការផ្សារភ្ជាប់ ការស្វាគមន៍ព្រឹកនេះ។ ច្រើនខ្សឺតណាស់អម្បាញ់មិញ មិនត្រឹមតែថើប​ខ្ញុំទេ ថើបផ្ញើទៅឪពុកទៀត។ ​ថ្ងៃនេះ សម្ដេចតេជោលោកផ្ដាំផ្ញើសួរសុខទុក្ខផងជូនបងប្អូនទាំងអស់។ អម្បាញ់​មិញ ប្អូនស្រីម្នាក់ដល់ថើបសម្ដេច(ធិបតី) ឥឡូវសូមថើបជូនសម្ដេចពុក។ ពុកគាត់សប្បាយចិត្ត។ ​កាលមុនច្រ​ណែនគាត់ថាគាត់ស្នាមក្រែមជាប់ថ្ពាល់។ ឥឡូវខ្ញុំជាប់ដែរ​។ តាមពិត ឃើញការរីកចម្រើនរបស់ខេត្ត ហើយប្រជាពលរដ្ឋរបស់យើងក៏រីកចម្រើន។ ហើយធនធានមនុស្សយើងគឺមាន​យុវជនច្រើននៅទីនេះ។

(៤) គិតគូររៀបចំប្រជាសាស្ដ្រ ធានាកម្លាំងពលកម្មពេញឆ្ពោះទៅឆ្នាំ ២០៥០

ឥឡូវជិត ៧០០ នាក់មានផ្ទៃពោះ (ក្នុងចំណោម)ជាង ១៨ ០០០នាក់។ បើសិនជា(ចំនួន)ទូទាំងប្រទេស បានច្រើន។ ថ្ងៃមុនមានប្រជុំ​ថ្នាក់ផែនការរៀបចំគោលនយោបាយបញ្ចកោណ-ដំណាក់កាលទី១ បាននិយាយដល់រឿងប្រជាសាស្ដ្រ​។ ក្រសួងផែនការបានរាយការណ៍ថា តាមការព្យាករណ៍កម្ពុជានឹងក្លាយទៅជាប្រទេសមនុស្ស​ចាស់នៅ​ឆ្នាំ២០៥០។ ខ្ញុំថាមើលទិន្នន័យឲ្យច្បាស់ ២០៥០នៅតែ ២៧ ឆ្នាំទៀតទេ។ ហើយឆ្នាំ ២០៥០ ជាគោលដៅដែលយើង(គ្រោង)ទៅ​ជាប្រទេសអ្នកមាន។ អញ្ចឹងដល់ពេលនោះ កុំឲ្យប្រជាពលរដ្ឋរបស់យើងចាស់ច្រើនជាងក្មេង។ ឲ្យពិនិត្យមើលទិន្នន័យ​ឡើងវិញ ហើយឲ្យពិនិត្យមើលប្រសិនបើទិន្នន័យហ្នឹងប្រាកដប្រជាត្រូវគិតគូរពីគោលនយោបាយប្រជាសាស្ដ្រ​ឡើងវិញ ព្រោះ ២៧ ឆ្នាំទៀត មិនយូរទេ។ ប្រជាពលរដ្ឋរបស់យើងត្រូវការធានាកម្លាំងពលកម្មពេញរហូតទើបទៅមុខបានយូរឆ្នាំ។

(៥) គួរយកកូនច្រើន ដើម្បីមានប្រជាជនដល់ ៣០ ទៅ ៤០ លាននាក់ ពង្រីកបានកម្លាំងទីផ្សារ

កាលពី​ប៉ុន្មានថ្ងៃមុននេះ និយាយជាមួយឯកឧត្តមនាយករដ្ឋមន្ដ្រីចិនគាត់ថា ប្រជាជនចិនឥឡូវច្រើន ប៉ុន្ដែប្រ​ជាជនចាស់ច្រើន ដោយសារពីដើមទី គាត់ដាក់កំណត់យកកូនតែ១។ ដល់ឥឡូវឲ្យសិទ្ធិប្រជាជនមានកូន ២ ឬ ៣ អត់មានពីណាចង់បានព្រោះវាថ្លៃពេក។ ប្រទេសមួយចំនួននៅអាស៊ានយើងដូចជាជួបបញ្ហាដែរ។ សិង្ហបុរី​ចាប់ផ្ដើមថយចុះ(ចំនួនប្រជាជន) ហើយនៅជប៉ុនចំនួនមនុស្សថយ។ ខ្ញុំថាឲ្យមើល(អោយបានជាក់លាក់) ប្រសិនបើថា(ត្រូវការ)ឲ្យប្រជាពលរដ្ឋកើនច្រើន ឲ្យមាន(កូនពី)ឥឡូវ កុំចាំដល់២០៥០។ បើចាំដល់ ២០៥០ ពេលនោះគ្មានអ្នកណាចង់មានកូនទេ ព្រោះទី១ តំលៃនៃការចិញ្ចឹមក៏ថ្លៃ និងទី២ របៀបរបបនៃការធ្វើការ(ក៏ផ្សេង)។ អ្នកទីក្រុងឥឡូវ (តាមដែល)ខ្ញុំសួរទិន្នន័យថ្ងៃមុន កូន ១កន្លះ។ ជាមធ្យមថយហើយ។ អញ្ចឹង​បាន​មកនេះ បាន ២ អត់មានអ្នកណាបាន(ភ្លោះ) ៣ ទេ។ (សូម)ជួយ(យកកូនថែមទៀត) ដីយើងនៅសល់ច្រើន។ យើងមាន ១៧ លាននាក់ (បង្កើតឲ្យ)បាន ៣០-៤០លាននាក់ (ដើម្បីអោយ)កម្លាំងទីផ្សារយើងធំ។ អញ្ចឹង សូមពិនិត្យមើល បើថាចាំបាច់ យើងជួយលើកទឹកចិត្តឲ្យបានកូនឲ្យច្រើនពីឥឡូវទៅ។ បើចាំដល់ ២០៥០ បងប្អូនលែងចង់បានកូនហើយ។ ទោះបីចង់បាន តំលៃនៃការចិញ្ចឹមវាលំបាក។

(៦) កុំឱ្យពេលសេដ្ឋកិច្ចកើនខ្លាំង អ្នកមានកម្លាំងពេញ តិចជាងអ្នកចូលនិវត្ត

ដូចប្រទេសសិង្ហបុរី បើមានកូនទី ២ រដ្ឋ​ជួយឲ្យក្រេឌីតបន្ថែម ប៉ុន្ដែទី១ គាត់ធ្លាប់ហើយ ដោយម្នាក់ៗជាកូនទោល។ នាយករដ្ឋមន្ដ្រីចិនគាត់និយាយដែរ គាត់មានតែកូនស្រី១ គត់ ហើយកូនស្រីគាត់មានកូនស្រីមួយទៀត។ គាត់ចង់ឲ្យមានចៅច្រើន តែកូនស្រី​គាត់​ថាមិនយក។ អញ្ចឹងគាត់មិនដឹងធ្វើម៉េច។ ធ្វើនាយករដ្ឋមន្ដ្រី អាចដាក់ផែនការគោលនយោបាយទូទាំងប្រទេសចេញ តែមិនហ៊ានបង្ខំកូនខ្លួនឯងយកចៅបន្ថែម។ ទាក់ទងរឿងប្រជាសាស្ដ្រនេះ ជា កិច្ចការដែលក្រសួងផែនការនិងក្រសួងពាក់ព័ន្ធទាំងអស់យើងត្រូវគិតគូរ។ នៅមិនយូរទេនឹងដល់ឆ្នាំ ២០៥០ (ដែលយើង)កុំចាំដល់ពេលហ្នឹងបានចាប់ផ្ដើមគិត។ (ក្នុងពេលដែល)សេដ្ឋកិច្ចត្រូវបង្កើនខ្លាំង ស្រាប់តែប្រជាពលរដ្ឋយើងចាប់ផ្ដើមអាយុច្រើន ​អ្នកដែលកើតថ្មីតិចជាងអ្នកចូលនិវត្តន៍ វានឹងពិបាក។ ប្រទេសខ្លះឥឡូវមានចាប់ផ្ដើមមានបញ្ហា ដូចជាបារាំងចង់​បង្កើនអាយុចូលនិវត្ដព្រោះអស់កម្លាំងពលកម្ម ដល់អញ្ចឹងបញ្ហា។ នៅសិង្ហបុរី បើយើងទៅមើល ប្រជាជនដែលចូលនិវត្ដហើយ តាៗចាស់គាត់មកធ្វើការនៅព្រលានយន្ដហោះនៅអីផ្សេងៗ ដើម្បីបង្កើន(កំលាំងពលកម្ម)បន្ថែម។

(៧) ធ្វើយ៉ាងណាអោយមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ចនិងកំណើនប្រជាសាស្ត្រ

ខ្ញុំគិតថាក្មេងៗ នៅកម្លាំងពេញនៅឡើយ អាចយកកូនច្រើនបាន។ យើងក៏ត្រូវគិតដែរអំពីតុល្យភាពនៃកំណើនសេដ្ឋកិច្ចនិងប្រជាជន។ ប្រទេសភាគច្រើន នៅពេលដែលរីកចម្រើន មិនឲ្យ​ប្រជាជនកើនលឿន ខ្លាចប្រទេសជាប់នៅក្នុងភាពក្រីក្រ បានមកចាយអត់គ្រប់។ ប៉ុន្ដែដល់រយៈពេល​វែង ២០-៣០ ឆ្នាំក្រោយ គាត់ជួបបញ្ហាមួយទៀត។ យើងឃើញបទពិសោធន៍ទាំងមុនទាំងក្រោយ(នេះហើយ)។​ យើងគិតគូរគោលនយោបាយយើងឲ្យហើយ។ ព្យាករណ៍ទុកឲ្យហើយ។ យើង(ត្រូវគិតគូររៀបចំសេដ្ឋកិច្ច)កម្រិតណាដើម្បីមានការធានាតុល្យភាព កុំឲ្យហួសសមត្ថភាពយើងចិញ្ចឹម។ ប៉ុន្ដែកុំឲ្យដល់ពេល ២៥ឆ្នាំ ៣០ឆ្នាំក្រោយ យើងចាប់ផ្ដើមថយកម្លាំងពលកម្ម។ អញ្ចឹងគិតគូរមើលគំនិតនេះ។

ខ្ញុំសូមអរគុណណាស់ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលខេត្តតាកែវ ដែលសហការ​រៀបចំកម្មវិធីនេះឡើង។ អរគុណដល់ម្ចាស់ទីតាំងដែលបានផ្ដល់ដីរៀបចំនៅកន្លែងនេះទូលាយ។ អរគុណផងដែរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសទាំង ១៨ ដែលអនុញ្ញាតឲ្យបងប្អូនបានចូលរួមក្នុងកម្មវិធី​ព្រឹកមកនេះ ហើយល្ងាចបានសំរាក និងបានប្រាក់បៀវត្សពេញ។ សូមអរគុណណាស់ដែលបង្កលក្ខណៈងាយស្រួល។ សូមអរគុណបង​ប្អូនដែលបានអញ្ជើញចូលរួម។ អម្បាញ់មិញសួរទៅ បងប្អូនខ្លះតាំងពីម៉ោង១ (យប់) អ្នកខ្លះម៉ោង៣។ ប៉ុន្ដែអ្នកខ្លះខ្ជិលគេងតែម្ដង។ ថ្ងៃនេះបានជួបជុំគ្នា សប្បាយរីករាយជាថ្មីបានជួបជាមួយបងប្អូន។

(៨) ប្រជាពលរដ្ឋស្រុកបាទី ៩៣,៣៩% ទៅបោះឆ្នោត និង ៨៨,៩៥% បោះអោយគណបក្សប្រជាជន

សូមអរគុណអ្នកតាកែវដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យមានលទ្ធភាពដឹកនាំបន្ដ​។ ការដឹកនាំ(ក្នុងរយៈពេល)៤៤ ឆ្នាំ(មក)នេះ គឺជាការអនុវត្ដគោលនយោបាយជាបន្ដបន្ទាប់ តាំងពីយុទ្ធសាស្ដ្រត្រីកោណ ចតុកោណ ឥឡូវ(មកដល់យុទ្ធសាស្ត្រ)បញ្ចកោណ ធំបំផុតគឺ(ដោយសារ)ប្រជាពលរដ្ឋផ្ដល់ឱកាស(អោយដឹកនាំ) តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ នៅតាកែវ ឆ្នាំ ២០២៣ នេះ អត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងនៅក្នុងទូទាំងប្រទេស។ ទូទាំងប្រទេសយើងមានជាង ៨៤ ភាគរយ។ នៅខេត្តតាកែវ​មាន ៩០,១៤ ភាគរយ​ ហើយអត្រាបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាមាន ៨៦,៦ ភាគរយ។ ខ្ញុំសូមអរគុណណាស់។ នៅស្រុកបាទីយើង ៩៣,៣៩ ភាគរយ អញ្ជើញទៅបោះឆ្នោត ហើយក្នុងនោះ ៨៨,៩៥ ភាគរយ ក្បែរនឹង ៨៩ភាគរយ បានបោះឆ្នោតផ្ដល់ការទុកចិត្តទៅលើគណបក្សប្រជាជនកម្ពុជា …។

(៩) រាជរដ្ឋាភិបាលអាណត្តិថ្មីបន្តបេសកកម្មនិងបុព្វហេតុរបស់គណបក្សប្រជាជន

អ្នកខ្លះគេថា ហ៊ុន ម៉ាណែត (ដែលតំណាងអោយ)គណបក្សប្រជាជនកម្ពុជាមានកម្មវិធីនយោបាយដដែលៗ​។​ នយោបាយដែលដើរ(ស្រួលហើយ)សម្រាប់ប្រជាពលរដ្ឋ បាន(ផ្ដល់ឱ្យ)ប្រជាពលរដ្ឋមានភាពកក់ក្ដៅ ផ្ដល់ការទុកចិត្តហើយ តើយើងដូរទៅណា? យើងមានតែរក្សា​និងបង្កើនភាពមុតស្រួច (បម្រើ)ជូនប្រជាពលរដ្ឋ។​ នេះគឺជាការយកចិត្តទុកដាក់និងការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា។ ជាពិសេស ៤៤ឆ្នាំនេះ សម្ដេចតេជោ ជាមួយនិងថ្នាក់ដឹកនាំសំខាន់ៗ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាង(ប្រទេស)។ អញ្ចឹងអាណត្តិថ្មីនេះ យើងនឹងបន្តនូវបេសកកម្មបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា គឺ​បម្រើជាតិនិងប្រជាជនឱ្យប្រជាពលរដ្ឋកាន់តែមានបានគ្រប់យ៉ាង ដើម្បីយើងរីកចម្រើនរួមគ្នាតទៅទៀត។ អ្នក​ណាថាអីថាទៅ។ បើថាខ្លាំងចេញគោលនយោបាយខ្លួនឯងឱ្យប្រជាជន(បានដឹង)បន្ដិចទៅ។ គោលនយោ​បាយ​របស់យើង (កាលពី)ពេលបោះឆ្នោត យើងបានយកមកបង្ហាញប្រជាពលរដ្ឋរួចហើយ។ (ដល់ពេល)ជាប់(ឆ្នោត)យើងត្រូវ(ធ្វើ)។

(១០) ម្ចាស់ឆ្នោតគាំទ្រអោយបន្តអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជន

ប្រជាពលរដ្ឋបានប្រាប់ហើយថា (ពួក)ខ្ញុំទៅចុះឈ្មោះបោះឆ្នោតជាង ៩០ ភាគរយនៅខេត្តតាកែវ និង ៨៦,៦ ភាគរយ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្ដល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ​ ដែលឱ្យខ្ញុំមានឱកាសដឹកនាំបន្តពីសម្ដេចតេជោបម្រើប្រជាពលរដ្ឋ។ ជាសារមួយច្បាស់ណាស់ថា ៨៦,៦ ភាគរយនៃខេត្តតាកែវ បានជឿទុកចិត្ត ហើយបានឃើញលទ្ធផលជាក់ស្ដែងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយចង់ឱ្យគណបក្សប្រជាជនកម្ពុជានៅបន្តរុញនាវានេះដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋបន្តទៀត។ បើសារច្បាស់ប៉ុណ្ណឹងហើយ តើយើងដូរទៅណា? យើងមានតែការប្ដេជ្ញាចិត្តបន្ថែម និងពង្រីកសមិទ្ធផលបន្ថែមនៅតាមទិសដៅនៃគោលនយោបាយ​នេះ។ យើងមិនអាចដាក់គោលនយោបាយមួយ ប្រាប់អ្នកបោះឆ្នោតអញ្ចេះ ដល់ជាប់(ឆ្នោត)យើងទៅចេញ(គោលនយោបាយ)ផ្សេងទេ។ ហ្នឹងគេហៅថា សម្លាប់​ខ្លួន។ (យើងមិន)និយាយអញ្ចេះធ្វើអញ្ចុះទេ។ គណបក្សប្រជាជនកម្ពុជាមិនសន្យាថាអញ្ចេះអញ្ចុះទេ ប៉ុន្តែយើងត្រូវធ្វើឱ្យបានតាមការប្ដេជ្ញាចិត្ត។ នេះគឺជាការពិត។ (ដោយហេតុ)ហ្នឹងហើយ បានជា ៤៤ឆ្នាំនេះ ប្រជាពលរដ្ឋនៅបន្តបោះឆ្នោត(ជូនគណបក្សប្រជាជនកម្ពុជា)។ នៅលើពិភពលោក គណបក្សដែលកាន់អំ​ណាចកាន់តែយូរ ការគាំទ្រប្រសិនបើបានចំនួនមួយលើស ៥០ភាគរយ ជាការងារលំបាកទៅហើយ។ គណបក្សប្រជាជនកម្ពុជា គ្រាន់តែនៅខេត្តតាកែវជិត ៩០ ភាគរយ … បានន័យថា យើងធ្វើត្រូវ និងបន្តតទៅទៀត។

(១១) ប្រាសាទកោះកេរ ដំណែលអារ្យធម៌ខ្មែរពីជាង១ពាន់ឆ្នាំមុន ចូលជាបេតិកភណ្ឌពិភពលោក

ក្នុងឱកាសនេះផងដែរ ដែលមុននឹងឈានទៅកនិយាយពីវិស័យការងារ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ហើយខ្ញុំជឿថា បងប្អូនក៏ដូចដូចគ្នា ឯកឧត្តម លោកជំទាវនៅលើនេះដូចគ្នាដែរ យើងមានមោទនភាពណាស់ ដែលម្សិលមិញ ​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូល​ “ប្រាសាទកោះកេរ” ដែលដូនតារបស់យើងបានកសាងជាង ១០០០ឆ្នាំមុនចូលជាបេតិកភណ្ឌពិភពលោក។ នេះជាមោទនភាពរបស់កូនខ្មែរទាំងអស់គ្នា។ សូមអបអរសាទរចំពោះកិច្ចការនេះ។ (ប្រាសាទនេះមាន)ប្រវត្តិរាប់ពាន់ឆ្នាំមកហើយ គឺតាំងពីសតវត្សរ៍ទី១០។ ស្នាដៃបុព្វបុរសយើងបានកសាងមានច្រើន។ ប្រទេសយើងធ្លាប់ជាអាណាចក្រមួយ។ សមិទ្ធផលទូទាំងប្រទេស អរិយធម៌របស់យើងក៏ធ្លាប់មានប្រទេសជិតខាងទទួលស្គាល់។ តែជាអកុសល យើងបានបែកបាក់គ្នារាប់រយឆ្នាំទៅហើយដែរ។ ប៉ុន្តែជាមោទនភាព ថ្ងៃនេះកូនចៅខ្មែរជំនាន់ក្រោយ​បានរួមសាមគ្គីគ្នាយកស្នាដៃដែលបុព្វបុរសយើងបានកសាងជាង ១០០០ឆ្នាំមុន មិនត្រឹមតែឱ្យកូនចៅរបស់យើងបានឃើញនិងបានទទួលនូវផលនេះ តែទូទាំងពិភពលោកបានទទួលស្គាល់នូវកេរ្ដិ៍ដំ​ណែល នូវស្នាដៃបុព្វបុរសដែលមានអរិយធម៌ខ្ពង់ខ្ពស់ … នេះជាមោទនភាពណាស់។

(១២) បង្ហាញព្រលឹងដូនតាថា កូនចៅខ្មែរឆ្នាំ២០២៣ រួមគ្នាអបអរសាទរមរតកពី ១០សតវត្សរ៍មុន

ល្ងាចនេះក្រុមការងារលោកជំទាវ ភឿង សកុណា នឹងត្រឡប់មកវិញនិងមានការទទួលនៅព្រលានយន្តហោះ។ ស្អែកព្រឹកម៉ោង៧ នឹងមានការទូងស្គរនៅតាមទីតាំងសាធារណៈ។ សូមប្រជាពលរដ្ឋចូលរួម។ វាយអីក៏បាន ដើម្បីបង្ហាញប្រាប់ព្រលឹងដូនតាយើងពីរាប់ពាន់ឆ្នាំមុន ដែលបានកសាងប្រា​សាទហ្នឹង ខំកសាងរមណីយដ្ឋាន ប្រាសាទកោះកេរ បានមើលមកវិញថា “កូនចៅខ្មែរនៅឆ្នាំ២០២៣ (ដែលប្រាសាទកោះកេរ)កសាងសតវត្សរ៍ទី ១០ ឥឡូវជាជាង ១០ សតវត្សរ៍ក្រោយមក (ស្មើជាង)១០០០ឆ្នាំក្រោយ បានរួមគ្នាហើយបានផុសផុលទទួលស្គាល់និងអបអរសាទរនូវអ្វីដេលគាត់បានធ្វើបន្សល់ទុកឱ្យ”។ ពេលល្ងាច យើងនឹងមានរៀបចំកម្មវិធីមួយនៅស្ដាតអូឡាំពិកដើម្បីធ្វើការអបអរសាទរ។ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ជាមួយស្ថាប័នពាក់ព័ន្ធ សាលារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំបំផុសក្នុងស្មារតី។ ហ្នឹងជារឿងជាតិនិយម។ មិនថាបក្សណាៗ រឿងបោះឆ្នោតរឿងនយោបាយយើងខុសគ្នា ប៉ុន្តែនៅពេលដែលយើងលើកតម្កើងកិត្តិយសជាតិ តម្កើងកេរ្ដិ៍ដំណែលដូនតា យើងត្រូវរួមគ្នាចិត្តមួយថ្លើមមួយ​ក្នុងនាមជាកូនខ្មែរទាំងអស់គ្នា …។ ស្អែកនេះ យើងធ្វើការផ្សាយបន្តផ្ទាល់។ ឯកឧត្តម នេត្រ ភក្ត្រា ប្រហែលអត់បានមកទេ។ ជាប់ប្រជុំ។ ខ្ញុំបានឱ្យគោលការណ៍ទៅក្រសួងព័ត៌មានរៀបចំ ហើយទូរទស្សន៍ទាំងអស់ផ្សព្វផ្សាយ ទាំង Channel តាមហ្វេសប៊ុក តាមស្អីៗ បងប្អូនចាំមើល។ នៅតាមខេត្ត ដាក់ screen ឱ្យមើល។ កាលពីដើមឆ្នាំ យើងធ្វើបានល្អ ពេលប្រកួតកីឡាស៊ីហ្គេម។ ឥឡូវពេលដែលកេរ្ដិ៍ដំណែលដូនតាយើង ត្រូវបានពិភពលោកទទួលស្គាល់ កូនចៅយើងសូមអបអរសាទរទាំងអស់គ្នា។

(១៣) រាជរដ្ឋាភិបាលតែងស្នើសុំបញ្ចូលសម្បត្តិវប្បធម៌រូបីនិងអរូបីក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សូមយកឱកាសនេះថ្លែងអំណរគុណនិងដឹងគុណចំពោះសម្ដេចតេជោក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦ និងអាណត្តិមុនៗ ដែលជានិច្ចកាលបានរុញឱ្យក្រសួងវប្បធម៌យើង ស្នើសុំបញ្ចូលនូវសម្បត្តិធម្មជាតិយើងទាំងរូបីនិងអរូបី, សម្បត្តិវប្បធម៌របស់ខ្មែរទាំងរូបីនិងអរូបី ដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ ដើម្បីឱ្យពិភពលោកទទួលស្គាល់។ នេះជាកិច្ចការសំខាន់។ ពិសេសប្រាសាទកោះកេរនេះ គឺបានដឹកនាំជំរុញតាំងពីឆ្នាំ២០១៨ មិនមែនដាក់ម្សិលមិញ ហើយគេឱ្យម្សិលមិញទេ។ ឆ្នាំ២០១៨ យើងផ្ដួចផ្ដើមស្នើសុំ រហូតទៅដល់យើងរៀបចំឯកសារ ពិនិត្យចុះឡើងៗគ្រប់គ្រាន់ ចុះវាយតម្លៃនិងសិក្សាលក្ខណៈបច្ចេកទេស។ គេមិនចេះតែឱ្យដាក់ទេ។ នៅលើពិភពលោក ប្រាសាទរាប់សែនរាប់លាន។ គ្រប់អរិយធម៌មានប្រាសាទ តែក៏មិនមែនគ្រប់ប្រាសាទអាច(ត្រូវ)បញ្ចូល​បាននោះទេ។ ទាល់តែមានលក្ខណៈពិសេស លក្ខណៈអច្ឆរិយៈ បានដាក់បញ្ចូលបាន។ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងយើងធានានៅក្នុងការការពារកម្រិតណា។ យើងរុញបាន ២ឆ្នាំ, ឆ្នាំ ២០២១ យើងស្នើសុំជាផ្លូវការ និងឆ្នាំ ២០២៣ (បានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក)។ ខ្ញុំសូមយកឱកាសនេះ អរគុណទៅដល់លោកជំទាវ ភឿង សកុណា និងក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងគណៈប្រតិ​ភូ​ ដែលបានទៅការពារ (ដូចជា)ប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត ដើម្បីយកកេរ្ដិ៍ដំណែលស្នាដៃដូនតាបុព្វបុរសរបស់យើងទៅចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ស្នាដៃអច្ឆរិយៈ។ សូមអរគុណណាស់ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមគាំទ្រថែរក្សា ព្រោះអ្វីដែលយើងធ្វើនេះ​គឺរួមគ្នាជាស្មារតីរបស់យើ​ង។

(១៤) សន្ដិភាព ប្រៀបបានដូចខ្យល់ គ្មានរូប គ្មានការកាត់ថ្លៃ តែអត់មិនបាន

(ក្រោយរយៈពេល)ជាង ៥០០ឆ្នាំ ទម្រាំយើងបានជុំគ្នា(ដូច)នៅពេលនេះ ដែល(អ្វីដែល)អាច(អោយយើង)ធ្វើបាន គឺកត្តាសន្ដិភាព។ អ្នកខ្លះនិយាយថានិយាយពីសន្ដិភាពទៀតហើយ។ ពាក្យសន្ដិភាពដូចខ្យល់។ មើលមិនឃើញ។ ខ្ញុំសួរបងប្អូនមើលស្អីថ្លៃជាងគេនៅពេលហ្នឹង? មិនស្រួលងាកមើលខាងនេះថា កាមេរ៉ាមួយថ្លៃប៉ុន្មានម៉ឺនដុល្លារឬទូរស័ព្ទថ្លៃ។ អត់ទេ គឺខ្យល់ហ្នឹងឯង។ មិនគិតថ្លៃ តែមានតម្លៃជាងគេ។ បិទខ្យល់សាកមើល ស្អីក៏បោះចោលដែរឱ្យតែបានខ្យល់ដកដង្ហើម។ សន្ដិភាពដូចគ្នា។ បាត់របស់ហ្នឹងសាកមើល។ ចង់ដឹងច្បាស់ ទូរស័ព្ទទៅជនជាតិអ៊ុយក្រែន ៣ឆ្នាំ មុនសង្រ្គាម ហើយឥឡូវវាយ៉ាងម៉េច? ចង់ដឹង ទៅដល់ផ្ទះ សួរលោកតាលោកយាយយើងទៅ កាលពីទសវត្សឆ្នាំ ១៩៦០ តាកែវមិនទាន់វាយគ្នា តែដល់ក្រោយមកយ៉ាងម៉េច? គឺដោយសារសន្ដិភាព(ដែលរាជរដ្ឋាភិបាលមុនបានបន្សល់មកនោះហើយ ទើប)យើងអាចប្រមូលផ្ដុំគ្នា(ដូចនៅពេលនេះបាន)។ (ដូចជាករណី)ចូលទៅរកប្រាសាទកោះកេរ មិនមែនប្រាសាទនៅជិតតំបន់ប្រជុំជនសៀមរាប (ដូចប្រាសាទអង្គរឬបាយ័ន)ទេ តែនៅក្នុងព្រៃ កន្លែងដាច់ស្រយាល។

(១៥) ដើម្បីស្នើដាក់ជាបេតិកភណ្ឌពិភពលោក លក្ខខណ្ឌមួយគឺត្រូវតែអាចការពារបាន

កាលពីអាទិត្យមុន ខ្ញុំទៅឥណ្ឌូនេស៊ី។​ ខ្ញុំបានជួបនិយាយគ្នាជាមួយនឹងឯកឧត្តម នាយករដ្ឋមន្រ្តី អាន់ថូនី អាល់បានីស (Anthony Albanese) របស់អូស្រ្ដាលី។ គាត់ប្រាប់ខ្ញុំថា​ គាត់បានមកកម្ពុជាមុនគេតាំងពីឆ្នាំ ១៩៨៦។ គាត់មានមនោសញ្ចេតនាជាមួយកម្ពុជាដោយសារគាត់មកកម្ពុជាតាំងពីឆ្នាំ១៩៨៦។ គាត់ថា គាត់បានទៅអង្គរវត្ត ប៉ុន្តែក្រោយមក គាត់ទើបបានមកថ្មីៗ នេះទៀត។ គាត់ថា ឆ្នាំ១៩៨៦ មិនដូចឥឡូវទេ។ ទៅអង្គរវត្ត អត់មានមនុស្ស ហើយឮកាំភ្លើងយន្តកំពុងបាញ់គ្នា។ ឆ្នាំ១៩៩២ ប្រាសាទអង្គរវត្តយើងដាក់ចូលបេតិក​ភណ្ឌពិភពលោក ប៉ុន្តែឆ្នាំ ១៩៩២ ក៏នៅប្រទាញប្រទង់គ្នាខ្លះដែរ។ បើសិនជាយើងនៅវាយគ្នា ប្រាសាទរបស់យើងមួយចំនួនប្រហែលជាមិនបានប្រមូលផ្ដុំថែទាំទេ។ ដើម្បីដាក់(ជាបេតិកភណ្ឌពិភពលោក)បាន ទាល់តែយើងការពារបាន។ បើយើងមិនមានលទ្ធភាពការពារ គេមិនឱ្យចូលទេ។ ពេលដែលយើងវាយគ្នា ប្រាសាទ ច្រើនណាស់ ត្រូវបានគេលួចរូបចម្លាក់។ នៅប្រាសាទបន្ទាយឆ្មារ ខ្ញុំទៅ(ឃើញ) (គឺបាត់)អស់តែម្ដង ដោយសារតែយើង(រវល់នឹង)វាយគ្នា។

(១៦) សង្គ្រាមធ្វើអោយព្រលឹងដូនតាដែលចារភ្ជាប់នឹងរូបចម្លាក់នានាត្រូវបែកចេញពីប្រទេស

ឥឡូវយើងជុំគ្នា យើងកំពុងតែដើរប្រមូលពីក្រៅមកវិញ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ វិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា និងក្រុមការងារដើរទាក់ទង។ កន្លែងខ្លះទាញបាន(មកវិញ)។ ថ្ងៃមុន ទើបបានរូបបដិមាករបន្ថែមទៀត មកពីអាមេរិក។ តតាំងប៉ុន្មានឆ្នាំទម្រាំតែបាន។ អ្នកដែលទិញគេមិនចង់ឱ្យទេ ព្រោះវត្ថុហ្នឹងតម្លៃរាប់លាន(ដុល្លារ)។ ទម្រាំតែយើងយកមកបានដើម្បី(ទុកជាទ្រព្យសម្បត្តិ)ឱ្យកូនចៅរបស់យើង។ ពេលសង្គ្រាម មិនមែនតែប្រជាជនបែកបាក់ទេ សូម្បីតែព្រលឹងដូនតាដែលចារឬភ្ជាប់នៅក្នុងរូបចម្លាក់នានាក៏ត្រូវគេបំបែកពី​ប្រទេសជាតិដែរ។ ឥឡូវយើងបានយកត្រឡប់មកវិញ។ (ព្រលឹង)ដូនតាយើងដែល(ត្រូវបានគេនាំ)យកចេញ រសាត់អណ្ដែតតាមកុងតឺណ័រតាមអី កន្លែងខ្លះទៅកប់នៅកន្លែងគេលក់របស់អេតចាយ គេទិញយកទៅដាក់នៅផ្ទះ យើងបានប្រ​មូល​យកមកវិញ។

(១៧) ប្រាសាទកោះកេរចូលជាបេតិកភណ្ឌ ពាក់ព័ន្ធនឹងសន្តិភាព ហើយសន្តិភាពពាក់ព័ន្ធនឹងខ្មែរគ្រប់រូប

ឥឡូវយើងជួបជុំគ្នា។ មិនមែនតែព្រលឹងនិងប្រជាពលរដ្ឋយើងឥឡូវទេ ទាំងព្រលឹងដូនតាយើងក៏បានត្រឡប់មកវិញតាមរយៈការខិតខំរបស់កូនចៅខ្មែរជំនាន់ក្រោយដើម្បីមកវិញផ្គុំគ្នា។ ចំពោះ​ប្រា​សាទ​កោះកេរនេះ គឺជាសមិទ្ធផល ដែលក្នុងនាមជាជនជាតិខ្មែរម្នាក់ ជាកូនចៅជំនាន់ក្រោយខ្មែរម្នាក់ ដូចជាបងប្អូន ខ្ញុំមានមោទនភាពចំពោះសមិទ្ធផលដែលបានបញ្ជាក់ពីស្មារតីរួបរួមគ្នា រួមជាមួយដូនតារាប់ពាន់ឆ្នាំ​មុនទៅអន្តរជាតិ …។ សមិទ្ធផលដែលសម្រេចបាន សន្តិភាពដែលយើងមាន សួរថាពាក់ព័ន្ធអីជាមួយនឹងបងប្អូនថ្ងៃនេះ? និយាយពីរឿងប្រាសាទកោះកេរ វាពាក់ព័ន្ធអីជាមួយខ្ញុំ? វាពាក់ព័ន្ធតាមពាក្យមួយម៉ាត់ហ្នឹង គឺសន្តិភាព។​ បើគ្មានសន្តិភាពកុំនិយាយរឿងរោងចក្រ ២៣៣ កម្មករជិត ៧ម៉ឺននាក់។ បើគ្មានសន្តិភាពស្រួលបួល កុំនិយាយរឿង ២០៩លានដុល្លារក្នុងមួយឆ្នាំ យកមកចែកដាក់ហោប៉ៅប្រជាពលរដ្ឋ ៦ទៅ៧ម៉ឺននាក់ហ្នឹង។ យើងនិយាយក្នុងវិស័យ​សហគ្រាស និងក្រុមហ៊ុនផង ទម្រាំតែបងប្អូននៅក្នុងធនាគារ នៅក្នុងវិស័យរដ្ឋបាលផ្សេងៗមានច្រើនទៅទៀត (រួមទាំង)កសិករ ផលិតផល។ អ្នកតាកែវកន្លងទៅផលិតផលកសិកម្ម ជាពិសេសដូច(ស្រុក)គិរីវង់ ធ្វើស្រូវបាន៣ដងក្នុងមួយឆ្នាំពេលមានទឹក។ ខ្ញុំទៅកន្លែងខ្លះគេលែងចិញ្ចឹមគោហើយ។ គេមានគោយន្ត …។

(១៨) សង្គ្រាមយកលុយជាតិទិញគ្រាប់ដើម្បីវាយសម្លាប់គ្នា មិនបានរុញរោងចក្រមកដល់តាមខេត្តទេ

បើសិនជាគ្មានសន្តិភាពទេ កុំនិយាយពីររឿងតភ្ជាប់ធ្វើផ្លូវជាតិលេខ២។ បើគ្មានសន្តិភាពកុំនិយាយពីរឿងការរុញរោងចក្រមកដល់ខេត្តតាកែវ ទៅដល់កំពង់ឆ្នាំង។ ការបង្កើតការងារ និងការបង្កើនសេដ្ឋកិច្ចនេះដោយសារសន្តិភាព។ បើគ្មានសន្តិភាព ប្អូនៗ ក្មួយៗ ជាពិសេសប្រុសៗមួយចំនួន នឹងត្រូវរុញទៅច្បាំងគ្នា។ ប្រទេសមានសង្គ្រាមប្រុសៗចេញច្បាំង ស្រីៗចូលទៅក្នុងឧស្សាហកម្មបម្រើឱ្យវិស័យយោធាច្រើនណាស់។ កុំថាមកកាត់ដេរ ចូលទៅផលិតគ្រាប់អាវុធ។ ឥឡូវនៅរុស្សីនៅអី កំពុងមានបញ្ហា​។ នៅអ៊ុយក្រែន ប្រុសៗគឺអាយុ១៨ដល់៦៥ឆ្នាំ មិនឱ្យចេញក្រៅប្រទេស (ត្រូវ)ចូលទៅច្បាំងគ្នា។ ស្រីៗចាប់ផ្ដើមចូលទៅក្នុងឧស្សាហកម្មមួយចំនួនដើម្បីបំពេញបន្ថែម។ អត់ជម្រើសដូចបងប្អូនទេ។ កុំថាចេញទៅធ្វើការនៅកូរ៉េ នៅជប៉ុន គឺហាមមិនឱ្យចេញតែម្ដង។ នៅរុស្សី ពេលដែលវាយគ្នាដំបូងមិនអីទេ ទ័ពធម្មតា។ ឥឡូវចាប់ផ្ដើមយកទ័ពកាតព្វកិច្ចចូលរាប់សែននាក់ទៀតបញ្ជូនទៅ។ គ្មានសង្គ្រាម យើងអាចវិនិយោគអោយបងប្អូនរៀនសូត្របាន។ បើមានសង្គ្រាម លុយជាតិភាគច្រើនគឺយកទៅទិញគ្រាប់ដើម្បីវាយគ្នាសម្លាប់គ្នា … មិនមែនដោះមីនដូចរាល់ថ្ងៃនេះទេ … គណបក្សប្រជាជនកម្ពុជា ដាច់ខាតការពារឱ្យបាននូវសុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋនិងការអភិវឌ្ឍជាតិ ទោះក្នុងតម្លៃណាក៏ដោយ …។

(១៩) រាជរដ្ឋាភិបាល ជាឪពុកម្តាយ កម្មករនិយោជិត និងនិយោជក/ម្ចាស់ក្រុមហ៊ុន ជាប្តីប្រពន្ធ

នៅក្នុងវិស័យការងារ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ក្នុងសុន្ទរកថាអម្បាញ់​មិញហើយ រំលេចនូវសមិទ្ធផលច្រើនណាស់។ អម្បាញ់មិញ គ្រាន់តែសង្ខេបផងសម្រាប់បងប្អូនគិតគូរ។ វិធានការគន្លឹះ៥ចំណុច បូកនឹងសកម្មភាពអាទិភាព៦ចំណុចរបស់យើង គឺផ្ដល់ផលប្រយោជន៍ឱ្យបងប្អូនប្រជាពលរដ្ឋ។ ខ្ញុំបាននិយាយច្រើនវេទិកាហើយ ខ្ញុំសូមមិនរំលេចទេ។ ប៉ុន្តែ ខ្ញុំយកមួយជ្រុងទេ(មកនិយាយ)។ វិស័យការងារមានតួអង្គ៣ ដូចគ្រួសារមួយមាន ឪពុក–ម្ដាយ មាន ប្ដី–ប្រពន្ធ។ រាជរដ្ឋាភិបាលអាជ្ញាធរ ក្រសួង ស្ថាប័ន គឺដើរតួជាឪពុក–ម្ដាយជាអ្នកបង្កើតបរិស្ថានសមរម្យ ឱ្យកូនអាចរីកលូតលាស់បាន ចិញ្ចឹមកូនដើម្បីបានរស់ រកលុយ​ ការកូន ឱ្យគេមានគូស្រករគ្នា បង្កើតចៅ។ កម្មករ និយោជិត បងប្អូននៅទីនេះ ក៏ដូចជានិយោជក និងម្ចាស់ក្រុមហ៊ុន គឺជាប្ដី–ប្រពន្ធ។ សេដ្ឋកិច្ចវិស័យការងាររីកចម្រើនបាន គ្រួសារនេះរីកធំធាត់បាន ទាល់តែគ្រួសារហ្នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឪពុក-ម្ដាយយកចិត្តទុកដាក់ស្រលាញ់កូនចៅដូចគ្នា។ កូនចៅចេះស្រលាញ់គ្នា ប្ដីប្រពន្ធស្រលាញ់គ្នា ចេះយល់ទុកចិត្តគ្នា មានអីរកាំរកូសយើងនិយាយគ្នា។ រឿងប្ដី-ប្រពន្ធមួយ កុំជឿថាអត់មានរឿងរកាំរកូស … ជួនកាលទាស់តែសម្ដីគ្នា ជួនកាលអត់បាយ​តែប៉ុណ្ណឹង។ ជួនកាលរឿងបន្តិចបន្តួចហ្នឹង។ តែសំខាន់ការយោគយល់គ្នា រកាំរកូស ជួនកាលរាងអន់ចិត្តគ្នាបន្តិចបន្ដួច។

(២០) មើលថែភរិយាមានផ្ទៃពោះ រក្សាសុខភាពទាំងម្តាយទាំងកូន

មានធ្លាប់អន់ចិត្តជាមួយប្ដីទេ? ប្រុសៗបងប្រាប់​ ពេលដែលប្រពន្ធមានទំងន់ យកចិត្តប្រពន្ធឱ្យមែនទែន ព្រោះយើងយកចិត្តបាន២។ ទី១ គាត់លំបាកណាស់ ទាំងមើលខ្លួនថែទាំសុខភាពទាំង២។ ទី២ បើសុខភាពគាត់ល្អអារម្មណ៍រីករាយ កូនកើតមកក៏ល្អ។ ការសប្បាយរីករាយនេះ សុខដុមរមនានេះធ្វើអី? មិនត្រឹមតែធ្វើឱ្យផ្ទះយើងសប្បាយទេ ធ្វើឱ្យអ្នកជិតខាងចង់មកលេងទៀត។ បើសិនជាផ្ទះហ្នឹងគ្រាន់តែបើកភ្នែកឡើង លឺតែឈ្លោះគ្នា បោកចានឆ្នាំង មានអ្នកណាមកហ៊ានលេង? បងប្អូនក៏សុំមិនមកលេងដែរ។ មែនទេ? តែបើឃើញគេសប្បាយចិត្តត្រជាក់ត្រជុំ ចង់ទៅលេង ស្រលាញ់គ្នា។ ជួនកាលបងប្អូនគេនាំមើលប្ដីប្រពន្ធគេគម្រូ។ ដូចគ្នានៅក្នុងវិស័យការងាររបស់យើង យើងមានតួអង្គសំខាន់នេះ រាជរដ្ឋាភិបាលជាឪពុក-ម្ដាយ មានលទ្ធភាពចេញគោលនយោបាយនិងធានាបរិស្ថាន សុខសន្តិភាព ស្ថិរភាព សន្តិសុខជូនបងប្អូន ទាក់ទាញវិនិយោគមក។ ឪពុក-ម្ដាយត្រូវស្រឡាញ់កូនដូចគ្នា។ សម្រាប់កូនដែលជាកម្មករ និយោជិត ដែលក្នុងនោះមានទាំងសហជីព និងប្រតិភូបុគ្គលិក និយាយជាមួយគ្នា គឺរាជរដ្ឋាភិបាលផ្ដល់ការយកចិត្តទុកដាក់ច្រើនណាស់នៅក្នុងការបង្កើតការងារ ការបណ្ដុះបណ្ដាលចំណេះដឹង ការធានានូវបរិស្ថានធ្វើការងារសមស្រប។

មិនទាន់ល្អឥតខ្ចោះទេបងប្អូន។ យើងនៅបន្តទៅទៀត។ យើងបាន(ខ្លះហើយ)។ អម្បាញ់មិញឯកឧត្តម ហេង សួរ គាត់បានអានហើយកាលពីឆ្នាំ១៩៩៧ យើងមានអីខ្លះ? យើងមានរោងចក្រប៉ុន្មាន? យើងមានបៀវត្សរ៍ប៉ុន្មាន? យើងមានច្បាប់ការងារ លក្ខខណ្ឌការងារ ល្អប៉ុន្មានពេលនោះ? យើងមានការគិតគូរបន្ថែមទៅដល់បងប្អូនរឿងអត្ថប្រយោជន៍ផ្សេងៗប៉ុន្មាន? អត់សូវមានទេ។ បន្តិចម្ដងៗ យើងចង់បាន យើងបានជួយជំរុញបន្ត។ ឥឡូវមិនគិតតែកម្មករ/ការិនីទេ។ មិនមែនបានធ្វើការងារហើយបានប្រាក់ខែយកទៅ ប៉ុណ្ណឹងក្នុងដៃហើយយកទៅដោះស្រាយខ្លួនឯងទេ។ សម្ដេចតេជោជួបកម្មករ/ការិនី ហើយក្រសួងការងារដាក់ចេញគោលនយោបាយ១០ចំណុចធ្វើអី? មានការងារហើយ តែត្រូវខំដំឡើងប្រាក់ខែ ប៉ុន្តែធ្វើម៉េចឱ្យសល់ក្នុងដៃប្រជាពលរដ្ឋច្រើន ព្រោះបើយកទៅបង់ថ្លៃទឹកវាថ្លៃពេក ឬមួយបង់ថ្លៃផ្ទះជួលវាថ្លៃពេកវាសល់តិច។ ជាពិសេសអ្នកនៅតាកែវ នៅជិតផ្ទះអត់អីទេ មិនចាំបាច់បង់ថ្លៃជួល អាចសន្សំលុយហ្នឹងយកទិញដី ហើយនៅផ្ទះម៉ែឪ ធ្វើផ្ទះខ្លួនឯងបាន។

មើលប៉ុន្មាននាក់បងសួរបន្តិច មានសមត្ថភាពធ្វើផ្ទះខ្លួនឯងបាន អត់នៅជាមួយម៉ែឪលើកដៃបន្តិចមើល? (មាន)ទិញដីអីទុក? មានខ្លះដែរទេ? ខ្លាចលើកដៃទៅ គេថាយើងមាន មើលប៉ុន្មាននាក់បានសន្សំលុយទិញដីទុក មិនទាន់ធ្វើផ្ទះ? អត់មានទេ? មានខ្លះនៅក្រោយ។ ហើយប៉ុន្មាននាក់បានមកយកទៅទិញទូរស័ព្ទអស់(លើកដៃច្រើន)។ យ៉ាងហោចណាស់ ១ម៉ឺន៨ពាន់នាក់ នៅទីនេះក៏អាចនិយាយដោយមោទនភាពថាខ្ញុំអត់ពឹងឪពុកម្តាយខ្ញុំទាំងស្រុងដើម្បីគាត់ចិញ្ចឹមខ្ញុំដែរ ព្រោះខ្ញុំមានចំណូលដាក់ហោប៉ៅខ្ញុំ។ ពេលខ្លះ ខ្ញុំអាចជូនម៉ែឪខ្ញុំផង មែនអត់? ១ម៉ឺន៨ពាន់នាក់ មិនមែនមកនេះ មាននរណាធ្វើការគេអត់ឱ្យប្រាក់ខែឬអត់? មាននរណាចូលទៅ ប្រាក់បៀវត្សរ៍តិចជាង ២០០ដុល្លារទេ? អញ្ចឹងយ៉ាងហោចណាស់ក៏បាន ២០០ដុល្លារ ដាក់ហោប៉ៅ បូកនឹងអត្ថប្រយោជន៍ផ្សេងៗ។ អញ្ចឹងលទ្ធភាពយើងអាចរកបាន ប៉ុន្តែសន្សំកម្រិតណាបងអត់ដឹងទេ។ បងជឿថា ស្រីៗសន្សំបានច្រើនជាងប្រុសៗ ហើយបើប្រុស​ៗអត់មានប្រពន្ធអត់សូវចេះសន្សំ ដូចប្រុសមានប្រពន្ធទេ។ បើកទៅឱ្យប្រពន្ធទាំងអស់ដូចបងដែរទេ។ មើលប្រុសៗណាខ្លះបើកប្រាក់ខែឱ្យប្រពន្ធទាំងអស់ ហើយត្រូវការចាយសុំពីប្រពន្ធវិញ? ភាគច្រើនសុទ្ធតែអ្នកអត់ទាន់មានប្រពន្ធ គ្រួសារតែមួយទេ កុំប្រកាន់។

(២១) អត្ថប្រយោជន៍សង្គមនិងសុខភាព

អ្វីដែលសំខាន់ យើងធ្វើហើយ។ យើងគិតទាំងបងប្អូន គិតទាំងកូនចៅ គិតទាំងសុខភាព។ យើងគិតតែពីបៀវត្សរ៍ចូលហើយ ការមើលថែសុខភាព ប.ស.ស។ កាលមុនគ្រាន់តែឈឺទេ ឥឡូវគ្រោះថ្នាក់ការងារក៏យើងមានដែរ។ គិតទាំងប្រាក់សោធនទៀត។ កំពុងធ្វើការហើយ។ ពេលដែលចូលសោធនយើងមាន។ កាលមុនមានមន្ត្រីរាជការ។ យើងសន្សំ។ តែឥឡូវបងប្អូនក្នុងវិស័យឯកជន ជាពិសេសចាប់ផ្តើមពីកម្មករ/ការិនី និងរោងចក្រសហគ្រាសមួយចំនួន យើងចាប់ផ្តើមចេញគោលនយោបាយនេះដើម្បីសន្សំ។ ពេលដែលយើងចូលនិវត្តថ្ងៃក្រោយ ចប់ការងារទៅមិនដាច់ភឹង។ ទោះបីយើងចប់ពីរោងចក្រក៏ដោយ យើងមានប្រាក់ហ្នឹងជួយយើងបន្ថែមទៀត។ យើងគិតគូរទាំងអស់។ កូនចាប់កំណើតឡើងគិតគូរមានអត្ថប្រយោជន៍ភ្លាម។

អម្បាញ់មិញ ដូចជាអត់មាននិយាយរឿងរៀបចំមតេ្តយ្យ រៀបចំទារកដ្ឋានអីផង។ គោលដៅដែលត្រូវបន្តរៀបចំទៀត។ អ្នកខ្លះកើតមក ទៅធ្វើការមានឪពុកម្តាយ/យាយតាជួយមើល អ្នកខ្លះបងប្អូនខ្លះពិបាកធ្វើការទាំងប្តីទាំងប្រពន្ធ។ អញ្ចឹងត្រូវគិត នរណាមើលថែ(កូន)? ជួលគេមើលឱ្យអស់ថ្លៃ។ បើដាក់នៅទារកដ្ឋានអាចធានាបាន តែនៅជិតរោងចក្រផង។ កុំដាក់ក្នុងរោងចក្រ។ កូនកើតមកចាប់ពីមានផ្ទៃពោះរហូតដល់ ២ឆ្នាំ រដ្ឋជួយថវិកាតិចច្រើនយើងបានជួយ។ អាចគិតថាទឹកប្រាក់ ១លាន៩សែន នេះតិច តែបងប្អូនគុណគុណតែ ១០ម៉ឺននាក់ក៏ច្រើនដែរ។ តែរដ្ឋាភិបាលត្រូវបន្តជួយ​។ ព្រោះរដ្ឋាភិបាលធ្វើអី? រដ្ឋាភិបាលធ្វើការដើម្បីបម្រើប្រជាពលរដ្ឋ ហើយកម្មករ/ការិនី គឺជាប្រជាពលរដ្ឋ តួអង្គសំខាន់មួយរបស់ជាតិដែលត្រូវថែទាំ ថែរក្សា ព្រោះបងប្អូនអ្នកតាកែវ អ្នកបាទី អ្នកដូនកែវ ជាកោសិកាសំខាន់។ កូនជាអ្នកណា? កូនក៏ជាកូនរបស់ខ្មែរយើងដែលជាម្ចាស់ទឹកដីរបស់យើង។

(២២) ចរចាប្រាក់បៀវត្សអប្បបរមាជូនកម្មក/ការិនីឱ្យបានសម្រេចមុនភ្ជុំបិណ្ឌ

ខ្ញុំមិនអួតថាឥឡូវយើងដោះស្រាយគ្រប់ទេ។ មិនអួតថាឥឡូវបាន២០០ដុល្លារ គ្រប់ទេ។ តែវាបានវិវត្តមកហើយ ហើយយើងបានប្តេជ្ញាចិត្តរួចហើយ នឹងបន្តផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត គិតទាំងបៀវត្សអប្បបរមាត្រូវបន្តដំ​ឡើង និងអត្ថប្រយោជន៍ផ្សេងៗទៀតឱ្យបងប្អូនកម្មករ/ការិនីឱ្យកាន់តែច្រើនគ្រប់ជ្រុងជ្រោយ។ ១ឆ្នាំៗ យើងឡើងតិចច្រើនតាមទំហំសេដ្ឋកិច្ច តាមបរិស្ថានសេដ្ឋកិច្ចពិភពលោក តាមចំណូលរបស់ក្រុមហ៊ុន។ យើងធ្វើម៉េចថែទាំគ្រួសារយើង ផ្ទះយើងកុំឱ្យបែក កុំឱ្យដុតផ្ទះ។ បើផ្ទះនៅ ទោះបីជាវាលិចដំបូល យើងជួសជុលបាន ហើយយើងអាចយកសម្ភារៈមកបន្ថែម … យើងមិនត្រឹមតែប្តេជ្ញាចិត្តលើមេក្រូទេ យើងបានដាក់វិធានការធ្វើជាបណ្តើរៗមកហើយ។ ខ្ញុំបានដាក់គោលការណ៍អោយក្រសួងការងារថា ត្រូវចរចាប្រាក់អប្បបរមាសម្រាប់២០២៤ ដែលបានចាប់ផ្តើមចរចាតាំងពីក្នុងខែ៧ ឆ្នាំ២០២៣ ដើម្បីអនុវត្តឱ្យបានចប់មុនភ្ជុំ។ គាត់សន្យាជា​មួយ​ខ្ញុំហើយ … ខ្ញុំឃើញរបាយការណ៍ដាក់មកពីម្សិល។ យើងបានចរចា ៥ ទៅ៦ លើកហើយ ព្រោះមិនមែនស្រួលទេ។ ហ្នឹងយន្តការមាន ៣ ភាគី សហជីពតំណាងកម្មករ/ការិនី តំណាងឱ្យនិយោជក តំណាងឱ្យរដ្ឋាភិបាល។ រដ្ឋាភិបាលចូលសម្របសម្រួលតែពីរនេះត្រូវចរចាគ្នា។ តំណាងប្តីតំណាងប្រពន្ធចរចាគ្នា …។

យើងមោទនភាពដែរ ដែលក្នុងអំឡុងសូម្បីតែកូវីដ-១៩ ក៏យើងបានដំឡើងមិនដែលឈប់។ ប្រទេសខ្លះគេផ្អាកតែយើងបានជួយ។ តិចក្តីច្រើនក្តី។ អរគុណណាស់បងប្អូនដែលបានយោគយល់ ហើយបានឯកភាពគ្នា។ ធម្មតាទេ ការចរចាបងប្អូនតែងតែចង់បានច្រើនជាធម្មតា អត់មានអីខុស។ ខាងក្រុមហ៊ុនក៏គាត់ចង់បាន ធ្វើម៉េចកុំឱ្យបន្ទុកធ្ងន់ពេក ព្រោះថែម ១ដុល្លារ … យ៉ាងហោចណាស់ត្រូវគុណ ៨០ម៉ឺន​ ក្នុងមួយវិស័យ។ មួយឆ្នាំចូល ៨០ លានដុល្លារ ជិត ១០០លានដុល្លារបន្ថែម។ អញ្ចឹងរវាងប្តីនិងប្រពន្ធ (ត្រូវតែ)ចេះចរចាគ្នា។ ដំបូងរកដំ​ណោះស្រាយណាមួយ។ ឃើញចរចាគ្នាចុងក្រោយ ដូចឯកភាពគ្នាម្សិលមិញ។ ចុងក្រោយថ្ងៃ ២៨ នេះនឹងត្រូវប្រកាស … ថ្ងៃ ១៣-១៤ តុលា ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ អញ្ចឹងក្រសួងការងារបានសន្យាជាមួយខ្ញុំថាឱ្យបានលទ្ធផលតួលេខឱ្យបងប្អូនអាចដឹង ហើយទៅផ្ទះប្រាប់ឪពុកម្តាយថា ឆ្នាំក្រោយអាចឡើងអប្បបរមាបានប៉ុណ្ណេះ។ អ្នកចូលដំបូងឆ្នាំនេះបាន ២០០ដុល្លារ ឆ្នាំក្រោយអាចឡើងបានប៉ុណ្ណេះ។ សូមធ្វើឱ្យបានចេញតួលេខ។ ឱ្យបានបងប្អូនដំណឹងល្អជូនកម្មករ/ការិនីយើងផង។

(២៣) រៀបចំបុណ្យអុំទូក សប្បាយក្នុងស្មារតីរួបរួមគ្នាអបអរសាទរទិវាប្រពៃណីជាតិ

ឆ្នាំនេះ(យើង)រៀបចំអុំទូក។ ឯកឧត្តមអភិបាលខេត្តតាកែវមើលរៀបចំសមជើងសមដៃ។ តាកែវហ្នឹងដូចមានគិរីវង់សែនជ័យស្អីៗ ច្រើន។ ឆ្នាំទៅ យើងធ្វើម្ចាស់ផ្ទះប្រជុំអាស៊ានផង ស៊ីហ្គេម ៣២ ផង ល្បីពេញពិភពលោក។ ប្រ​ជាពលរដ្ឋសប្បាយរីករាយ។ ឆ្នាំនេះ យើងរៀបចំមិនមែនជាព្រឹត្តិការណ៍ពិភពលោកអន្តរជាតិទេ តែជាព្រឹត្តិ​ការណ៍ថ្នាក់ជាតិ ដែលយើងខកខានមិនបានធ្វើតាំងពីកូវីដ-១៩មក។ ជាការអបអរសាទរប្រជាពលរដ្ឋយើងធ្វើការរួមគ្នា។ គេថាគិតតែពីសប្បាយ អត់គិតរឿងជាតិទេ? រឿងជាតិរឿងប្រជាពលរដ្ឋ។ បងប្អូនធ្វើការព្រឹកល្ងាចរហូតច័ន្ទ-សៅរ៍។ អ្នកខ្លះធ្វើការថែមម៉ោងទៀតទម្រាំតែមានពេលសម្រាក។ មួយឆ្នាំៗប្រជាពលរដ្ឋយើងទូទាំងប្រទេស គ្រប់វិស័យទាំងអស់ មិនថាមន្ត្រីរាជការធ្វើការហត់។ ពិធីអុំទូកនេះមានអត្ថន័យប្រវត្តិសាស្ត្រ។ យើងក៏ត្រូវមានពេលដើម្បីសម្រាកអបអរសាទររួមគ្នាដែរ។ នេះហើយជាតិនិយម យើងហត់ទាំងអស់គ្នាដើម្បីជាតិរស់ តែយើងក៏ត្រូវសប្បាយរួមគ្នាក្នុងស្មារតីរួបរួមគ្នាជាអបអរសាទរទិវាប្រពៃណីជាតិយើង …។

(២៤) ទោះបីទំនើបយ៉ាងណា តែត្រូវប្រកាន់ខ្ជាប់អត្តសញ្ញាណជាតិ ផ្សព្វផ្សាយអារ្យធម៌ វប្បធម៌ទៅអន្តរជាតិ

គេថាកម្ពុជាធ្វើអីប្លែកៗ អត់មានប្រទេសណាមានរបបប្រល័យពូជសាសន៍សម្លាប់ជាតិខ្លួនឯងនោះទេ។ វាប្លែកពីគេ។ គ្មានប្រទេសណាដូចយើង មាននយោបាយឈ្នះ-ឈ្នះ បញ្ចប់(អរិភាពសង្គ្រាម) ៥០០ ឆ្នាំ តាមនយោ​បាយ​សម្បទាន នយោបាយធម៌។ ប្រទេសខ្លះ(ថា)ចប់សង្រ្គាម (តែនៅតែ)វាយគ្នា​។ យើងសាមគ្គីគ្នា។ គ្រប់ភាគីទាំងអស់រួមគ្នាធ្វើការនៅក្នុងរាជរដ្ឋាភិបាល។ មានអតីតគណបក្សផ្សេងៗ រួមគ្នាធ្វើការ។ អត់មានប្រទេសណា​មួយមានអង្គរទេ។ យើងរួមគ្នា សាមគ្គីគ្នា។ ប្រជាជនខ្មែរ ប្រទេសខ្មែរ ជាប្រទេសឯករាជ្យ។ គ្មានប្រទេសណាមួយទៅ copy ប្រទេសណាផ្សេងទេ។ យើងមានសិទ្ធិកំណត់ជោគវាសនានិងធ្វើអ្វីៗដើម្បីផលប្រយោជន៍​ជាតិរបស់យើងតាមបែបខ្មែររបស់យើងហ្នឹងហើយ។ យើងចេញទៅក្រៅប្រទេសអត់ទៅ copy ប្រទេសណាទេ។ ខ្ញុំមកពី Nanning ម្សិលម្ង៉ៃ។ ខ្មែរយើងទៅរៀបស្តង់ពន្លាជាតិរបស់យើង។ ឆ្នាំនេះយករូបវាំងយកទៅដាក់តែម្តង។​ ធ្វើវាំងធ្វើអីយកទៅដាក់នៅហ្នឹង … រៀបចំឲ្យបរទេសមើល … (អ្នករបាំ)អប្សរាយើងទៅរាំ។ ប្រជាពល​រដ្ឋយើងទៅ។ យើងអត់ copy ប្រទេសផ្សេង។ យើងមានអត្តសញ្ញាណរបស់យើងគឺអត្តសញ្ញាណខ្មែរ។ ​ការវិវឌ្ឍ ទោះបីជាទំនើបកម្មយ៉ាងណា តែត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណខ្មែរ។ នរណាថាប្រកាន់ជាប់នូវប្រពៃណី ធ្វើឲ្យយើងដើរមិនទាន់គេ! អត់ទេ។ ធ្វើឲ្យយើងរីកចម្រើនលូតលាស់។ ទំនើបកម្មតាមបែបខ្មែរ។ មិនយកអរិយធម៌ វប្បធម៌​របស់គេមកដើម្បីកែអរិយធម៌របស់យើងទេ។ ត្រូវខិតខំរួមគ្នាយកអរិយធម៌ វប្បធម៌យើង ផ្សព្វផ្សាយទៅអន្តរជាតិដើម្បីឲ្យគេឃើញ។

(២៥) មានសុខសន្តិភាព ប្រ​ជាពលរដ្ឋខ្មែរទៅធ្វើការ ទៅរៀននៅក្រៅប្រទេស បង្ហាញថាខ្មែរមានសមត្ថភាព

ប្រជាពលរដ្ឋកូនខ្មែរយើង មិនត្រឹមតែប្រាសាទកោះកេរ ដែល(ត្រូវបាន)ដាក់(ជាបេតិកភណ្ឌពិភពលោក)ទេ ក្នុងសុខសន្តិភាព ប្រ​ជាពលរដ្ឋខ្មែរយើងមានលទ្ធភាពចេញទៅធ្វើការ ទៅរៀននៅក្រៅប្រទេស បង្ហាញគេថាកម្ពុជា កូនខ្មែរយើងមានសមត្ថភាពនិងមានអត្តចរិតល្អ។ ខ្ញុំទៅកូរ៉េ ជប៉ុន ជួបជាមួយនឹងថ្នាក់ដឹកនាំកូរ៉េ-ជប៉ុន។ ប្រធា​នាធិបតីកូរ៉េឆ្នាំនេះជួបខ្ញុំនៅ Jakarta ប្រាប់ថា គាត់នឹងខិតខំពង្រីកកូតាឲ្យបងប្អូនទៅធ្វើការនៅទីនោះបន្ថែម។ គាត់សរសើរពលករខ្មែរយើងបងប្អូនខ្មែរយើងដែលទៅធ្វើការនៅកូរ៉េថា ប្រកាន់នូវការខិតខំប្រឹងប្រែង មានសីលធម៌ល្អ … នៅចិន នៅ Nanning មួយចំនួន ពេលយើងទៅផ្សព្វផ្សាយ ប្រទេសខ្លះមិនជឿថាយើងមានរបស់ទាំងហ្នឹងផង។ គេគិតថាខ្មែរជាប្រទេសវាយគ្នា … កម្មករ/ការិនីយើង កូនសិស្សយើងចេញទៅក្រៅ និស្សិតយើងចេញទៅក្រៅបានផ្សព្វផ្សាយ។ យើងទៅពង្រីកកូតាការងារផង ផ្សព្វផ្សាយអរិយធម៌ជាតិរបស់យើងផង។ អញ្ចឹងនេះជាការជួយគិតគូរអំពីអត្ថប្រយោជន៍របស់បងប្អូននៅទីនេះ ទាំងក្នុងនិងក្រៅប្រទេស​។ ថ្ងៃមុនខ្ញុំបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីជួយដល់បងប្អូននៅក្រៅប្រទេស។ នៅប្រទេសថៃ ប្រទេសកូរ៉េ យើងនឹងធ្វើសាកល្បងជំរុញកិច្ចការងារនេះឲ្យបានឆាប់។ នៅតាមព្រំដែន ឯកឧត្តម នេត សាវឿន ក៏បានដឹកនាំធ្វើការជា​មួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធដើម្បីជួយសម្រួល។ បងប្អូនមន្រ្តី អាជ្ញាធរ កងកម្លាំងនៅតាមព្រំដែនមួយរយៈកូវីដ-១៩ នេះបានខិតខំធ្វើការច្រើនណាស់។ នៅបញ្ហាសេសសល់មួយចំនួនដែលធ្វើឲ្យមានបន្ទុក។ អញ្ចឹងយើងជជែកគ្នាធ្វើការទៅ។

(២៦) ចាត់មន្រ្តីអត្តសញ្ញាណកម្មទៅតាមទូត ចេញលិខិតឆ្លងដែនជូនប្រជាពលរដ្ឋកម្ពុជា

ឯកឧត្តម ស សុខា (ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃ) ក៏ធ្វើការជាមួយខាងអត្តសញ្ញាណកម្ម ដើម្បីយើងរុញមន្រ្តីអត្តសញ្ញាណកម្មយើងទៅ(ប្រចាំនៅគោលដៅដែលបានគ្រោង)នោះ​។ ថ្ងៃមុន (ពេលដែលខ្ញុំបានប្រ​កាស)ចេញទៅ(អំពីការរៀបចំការិយាល័យអត្តសញ្ញាណកម្មនៅតាមស្ថានទូតឯបរទេស) ក្រសួងការបរទេស ច្រឡំ (ដោយ)ឮសូរថាខ្ញុំប្រកាសឲ្យចេញ passport ជូនពលករយើងនៅតាមស្ថានទូតឯក្រៅប្រទេស។ អញ្ចឹងក្រសួងការបរទេសច្រឡំថា បានប្រគល់ភារកិច្ចហ្នឹងឲ្យការបរទេស ឲ្យមន្រ្តីទូតជាអ្នកធ្វើ passport។ មិនដូចនោះទេ។ គឺខ្ចីកន្លែង។ ខាងអត្តសញ្ញាណកម្មត្រូវចាត់មន្រ្តីទៅធ្វើការនៅហ្នឹង។ ក្របខណ្ឌឯករាជ្យ។ គ្រាន់ថាយើងសម្រួលកន្លែងណាត្រូវការទូតបញ្ជាក់អី ប៉ុន្តែគឺត្រូវកាន់កាប់ទៅលើកិច្ចការនេះ។ សហការគ្នា។ ខ្មែរយើងតែមួយ អាជ្ញាធរយើងតែមួយ យើងជួយខ្មែរយើងគ្រប់កន្លែង …។

(២៧) អរគុណនិយោជកដែលមានទំនុកចិត្តមកវិនិយោគនិងពង្រីកការវិនិយោគនៅកម្ពុជា

​ ឥឡូវប្តី-ប្រពន្ធ។ មានម្ខាង(ជាកម្មករ/ការិនី និយោជិក និងម្ខាង)ទៀត និយោជក។ និយោជកក៏យើងត្រូវយកចិត្តទុកដាក់។ អរគុណណាស់ដែលបានខិតខំ ហើយជឿទុកចិត្តមកវិនិយោគនៅកម្ពុជា។ កន្លែងខ្លះក៏បានពង្រីកកិច្ចការ ហើយបានយោគយល់នៅក្នុងការជួយដោះស្រាយបញ្ហា ជាពិសេសគ្រាដែលកើតមានជំងឺកូវីដ-១៩ គឺបានសម្រួលច្រើនណាស់។ អរគុណផងដល់កម្មករ និយោជិតរបស់យើង បងប្អូននៅទីនេះ ដែលពេលកូវីដ-១៩ នេះ យើងអត់អាចផ្អាកការងារបាន ព្រោះបើផ្តាច់គឺបាត់សង្វាក់ផលិតកម្មរបស់យើង។ ប្រទេសក្រៅទោះបីជាកូវីដ-១៩ ក៏នៅអាមេរិកគេត្រូវការផលិតកម្ម គេត្រូវការទិញទំនិញ។ បើយើងបិទប្រទេស យើងមិនឲ្យទំនិញចេញ គេឈប់បញ្ជាទិញពីយើង គេទៅទិញពីប្រទេសផ្សេង។ វាពិបាកក្នុងការតាមយកមកវិញ។ អញ្ចឹងបានសូមបងប្អូនយោគយល់។ រួមជាមួយនឹងថៅកែរោងចក្រសហគ្រាសបានជួយអនុវត្តមិនឲ្យដាច់សង្វាក់ផលិតកម្ម …។

(២៨) ច្បាប់វិនិយោគ ផ្តល់ការអនុគ្រោះមួយចំនួន ដើម្បីនិយោជកអាចបង្កើនប្រាក់អប្បបរមា

គិតគូរពីប្រជាពលរដ្ឋ ទាំងសុខភាព គិតទាំងក្រពះ។ ចំពោះក្រុមហ៊ុន ឥឡូវដាក់ច្បាប់វិនិយោគចេញមក ដើម្បីបន្ធូរបន្ថយទៅលើកិច្ចការមួយចំនួន (ដើម្បី)ទាក់ទាញវិនិយោគមកថ្មី។ យើងឲ្យអីខ្លះ? ការអនុគ្រោះពន្ធ ឬមួយគោលដៅមួយចំនួនដើម្បីគាត់មានលទ្ធភាពសន្សំពីជ្រុងហ្នឹង យកមកបង្កើនប្រាក់ខែ បង្កើនប្រាក់អប្បបរមា។ ល្ងាចមិញ ខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលលទ្ធភាព ដែលអាចសាកល្បងក្នុង ៣ខែនេះ ជាពិសេសចុងឆ្នាំនេះ អំពីការអនុគ្រោះថ្លៃអគ្គិសនីកម្រិតណាមួយ បើមិនបានគ្រប់សហគ្រាសទាំងអស់ទេ ក៏បានខ្លះជាពិ​សេសសហគ្រាសនៅក្នុងឧស្សាហកម្មនិងកសិកម្មដែលផលិតច្រើន ព្រោះគាត់ត្រូវការប្រើច្រើនដែរ។ អញ្ចឹងអាចពិនិត្យមើលដើម្បីឲ្យគាត់មានលទ្ធភាពពង្រីកថែមទៀត។ តែពង្រីកច្រើន នាំចេញច្រើន ការងារថែមទៀតហើយ។ បើមិនថែមម៉ោងឲ្យអ្នកស្រាប់ បានលុយចូលប្រជាពលរដ្ឋ ក៏រកបុគ្គលិកបន្ថែម ឬមួយកម្រិតណានោះ … មាន ២១ ០០០ សហគ្រាស/រោងចក្រដែលអាចចូល។

អញ្ចឹងឯកឧត្តម កែវ រតនៈ គាត់ថាមានជាង ២១ ០០០ សហគ្រាស ដែលអាចទទួលបានផលពីការគិតគូរនៅក្នុងការចុះភ្លើងកម្រិតណាមួយនេះ។ កុំចាំអនុវត្តឆ្នាំក្រោយ។ អនុវត្តភ្លាម។ អាចគិតពីខែ ១០ នេះ សាកល្បង ៣ខែមើល។ បើសិនជាដើរល្អ មាននិរន្តរភាព យើងអាចពិនិត្យមើលតទៅទៀត។ ជួយរោងចក្រធ្វើអី? ជួយថៅ​កែធ្វើអី? (ក្រែងថាជា)ប្តីប្រពន្ធមែនទេ? លុយចូលហោប៉ៅប្តីចេញមកប្រពន្ធដដែលហ្នឹង។ គាត់សន្សំរឿងភ្លើង តែគាត់អាចបង្កើនអត្ថប្រយោជន៍ផ្សេងៗ ឬមួយក៏ពេលដែលយើងបង្កើនប្រាក់អប្បបរមានេះ គាត់អាចយកមកចិញ្ចឹមឬទប់(ប្រាក់ខែកម្មករ/និយោជិក) …។ ខ្ញុំសូមអរគុណណាស់ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រសួងការងារ មន្ទីរការងារ ដែលចូលរួមនៅក្នុងការខិតខំដើម្បីដោះស្រាយ … ផ្ទះមួយមានភាពសុខដុមដោយសារបងប្អូន។ ឪ​ពុកម្តាយមិនអាចទៅនៅជាមួយបងប្អូនទេ មិនអាចទៅបង្គាប់ប្តីប្រពន្ធដែលឈ្លោះគ្នាឲ្យត្រូវគ្នាទេ។ ទាល់តែប្តីប្រពន្ធមានសុខដុមរមនា​។ បើសិនជាមានរឿងអី ឪពុកម្តាយជួយសម្របសម្រួល។ យន្តការដោះស្រាយវិវាទទាន់ពេលវេលាកុំឲ្យរឿងតូចក្លាយជាធំ … ផ្ទះយើងមានភាពសុខដុម ទើបយើងចេញទៅទាក់ម៉ូយមកបាន។

(២៩) ខេត្តនីមួយៗគប្បីប្រកួតប្រជែងទាក់ម៉ូយមកវិនិយោគតាមខេត្ត

រឿងទាក់ម៉ូយនេះ ខេត្តមួយៗគួរប្រកួតប្រជែងគ្នាទាក់ម៉ូយ។ ឥឡូវយើងវិមជ្ឈការថ្នាក់ក្រោមជាតិហើយ។ សិទ្ធិច្រើនណាស់។ ខេត្តមួយៗគួរតែចេញគោលការណ៍ណាមួយទាក់ម៉ូយ។ គោលការណ៍អនុគ្រោះ គោលការណ៍កម្រិតណា យើងអាចជជែកគ្នាជាក្របខណ្ឌ។ ឥឡូវយើងធ្វើវិមជ្ឈការ សិទ្ធិវិមជ្ឈការថវិកា ប្រកួតគ្នាទាក់ម៉ូយ។ ឧទាហរណ៍ ខេត្តខ្លះមានសក្តានុពលទេសចរណ៍។ ក្រៅពីគោលនយោបាយអនុគ្រោះរបស់រដ្ឋា​ភិបាល ខេត្តអាចផ្តល់អនុគ្រោះអីបន្ថែមទៀតឲ្យទៅដើម្បីវិស័យទេសចរណ៍។ ឧទាហរណ៍ អំពីរោងចក្រ មើលយើងអាចគិតគ្នាមើលបន្តិចមើល ព្រោះនៅប្រទេសខ្លះគឺខេត្តមួយៗប្រកួតគ្នាទាក់ម៉ូយ។ រាជរដ្ឋាភិបាលដើរទាក់ម៉ូយម្នាក់ឯងហត់។ បើទាក់មកបាន បើខេត្តមួយៗអត់ប្រកួតប្រជែងទាក់ម៉ូយថែមទៀត មិនចប់? ខ្ញុំបានទៅទាក់ម៉ូយ ហៅគេឲ្យមកមើល។ មកដល់នេះ យើងជាអ្នកបង្ហាញគេថានៅបានអត់? បើនៅ អាចហៅគេមកថែមទៀតឬអត់? ឬមួយក៏នៅពង្រីកខ្លួនបានអត់? បងប្អូន ទាក់ម៉ូយនេះគឺទាក់ម៉ូយដើម្បីបានផលប្រយោជន៍ទាំងអស់គ្នា។ ទាក់ម៉ូយថ្នាក់ជាតិ ទី១ រៀបផ្ទះខ្លួនឯងឲ្យស្អាត សម្របសម្រួលបរិស្ថាន គ្រួសារមួយៗក្នុងវិស័យមួយ​ៗឲ្យបានល្អ។ វិស័យការងារត្រូវឲ្យមានសុខ​ដុមរមនា កូនចៅកាន់តែមានសុខភាព កាន់តែមានសមត្ថភាព កម្លាំងពលកម្មកាន់តែទំនើប បន្តិចទៀតទៅហៅគេមកវិនិយោគខាងបច្ចេកវិទ្យា IT មកបង្កើតខាងអីផ្សេងៗ។ កូនចៅយើងទាល់តែត្រៀមលក្ខណៈអញ្ចឹង រៀនសូត្រ អប់រំអី រៀនឲ្យហើយ។

គេមកដាក់គោលនយោបាយអីយ៉ាងម៉េច? ផ្ទះយើងស្អាត យើងទៅហៅគេមក។ ៣ អាទិត្យនេះ ខ្ញុំដើរទាក់ម៉ូយ។ មិនមែនត្រឹមទាក់ម៉ូយក្នុងប្រទេសទេ ចេញទៅទាក់ម៉ូយក្រៅប្រទេស។ អាទិត្យមុនទៅទាក់ម៉ូយនៅអាស៊ាន។ ដែលថ្ងៃមុនខ្ញុំនិយាយប្រជុំអត់បាយ អ្នកណាជឿថាថ្នាក់ដឹកនាំប្រទេស មិនមែនតែខ្ញុំទេ ថ្នាក់ដឹកនាំទាំងមហាអំណាចប្រជុំអត់បាយ? កាលពី ៦ ខែចុងក្រោយមុនបោះឆ្នោត ខ្ញុំខំប្រឹងសម្រកគីឡូ ១គីឡូមិនស្រកសោះ ឡើងមកវិញ។ ហាត់ម៉េចក៏មិនស្រក។ ទៅប្រជុំតែ ២ ថ្ងៃ ៣ ថ្ងៃ ស្រក ១ គី​ឡូ​កន្លះ។ បើដឹងអញ្ចឹងចេញទៅប្រជុំ កាលនៅមេជើងគោកឲ្យបានច្រើន។ ចេញទៅនោះ ជួបជាមួយមេដឹកនាំជប៉ុន មេដឹកនាំចិន មេដឹកនាំប្រទេសអាស៊ាន ដើម្បីពង្រីកការទាក់ទងឲ្យគេមកវិនិយោគនិងនាំផលិតផល។ ខ្ញុំទើបត្រឡប់មកពីចិនជួបជាមួយថ្នាក់ដឹកនាំចិននៅប៉េកាំង ហើយក៏ចូលរួមពិព័រណ៍ពាណិជ្ជកម្មរបស់យើងនៅណាននីង ដើម្បីទាញវិនិយោគពីបណ្តាប្រទេស។ ថ្ងៃ២១(កញ្ញា)នេះ ខ្ញុំទៅអាមេរិក ខ្ញុំមានគ្រោងជួបជាមួយនឹងអ្នកវិនិយោគអាមេរិក ជួបជាមួយសមាគមអ្នកវិនិយោគអាមេរិក-ខ្មែរ រៀបចំដោយសភាពាណិជ្ជរបស់យើងនៅអាមេរិក។ ទៅទាក់ម៉ូយពីអាមេរិកមកទៀត។ ទាក់ម៉ូយយកមកឯណា? យកមកកម្ពុជា។ បើយកមកហើយ អភិបាលខេត្តមួយៗ ដូចជាតាកែវ ខំទាក់ម៉ូយពីហ្នឹងចូលមកខេត្តតាកែវទៅ …។

(៣០) ក) កាតព្វកិច្ចផ្ដល់ដំណឹងទៅប្រជាពលរដ្ឋ និង ខ) ជាសិទ្ធរបស់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន

ខ្ញុំសូមបើករង្វង់ក្រចកបន្តិច។ ឲ្យតែបើករង្វង់ក្រចក មានអ្នកចាំទើសហើយ។ ដំបូងអ្នកទើសគេថា ហ៊ុន ម៉ាណែត កំសាក អត់ដែលហ៊ាននិយាយផ្សាយផ្ទាល់ទេ។ អត់ដូចឪទេ។ និយាយហើយ ឲ្យតែគេកាត់បន្តិច​ៗ យកមកដាក់។ ឲ្យខ្ញុំនិយាយម៉េច? នៅកម្ពុជាយើងមានឋានានុក្រមនៃថ្នាក់ដឹកនាំច្បាស់លាស់។ ថ្នាក់ដឹកនាំអាណត្តិទី៦ សម្តេចតេជោ លោកជាប្រមុខរដ្ឋាភិបាល។ គាត់និយាយ live។ ថ្នាក់ដឹកនាំផ្សេងទៀត សម្តេចក្រឡាហោម សម្តេច ម៉ែន សំអន សម្តេចពិជ័យសេនា លោកក៏ទៅនិយាយសុន្ទរកថាដែរ ជួបប្រជាពលរដ្ឋជាប់ដែរប៉ុន្តែក៏ចេញសារកាត់ៗដែរ ដើម្បីកុំឲ្យ(ប្រទាំងប្រទើស)។ ដល់ឥឡូវខ្ញុំនិយាយ live ខ្ញុំនិយាយបន្តផ្ទាល់ គេទើសទៀត។ គេថា ហ៊ុន ម៉ាណែត គ្មានខុសអីពីឪទេ យកវេទិកាហ្នឹងនិយាយរឿងអីផ្សេង។ ឥឡូវ​និយាយរឿងអីផ្សេងយ៉ាងម៉េច? កាលខ្ញុំនិយាយអត់ live អត់ផ្សាយផ្ទាល់ ជួបមុខព្រួញណា ខ្ញុំនិយាយប្រធានបទនោះ។ ខ្ញុំជួបគ្រូ ខ្ញុំនិយាយប្រធានបទអប់រំ ខ្ញុំជួបសិស្ស យុវជន ខ្ញុំនិយាយប្រធានបទយុវជន ដោយសារយើងផ្តោតទៅលើ(ប្រធានបទមួយៗ)។

ប៉ុន្តែនៅក្នុងថ្នាក់ដឹកនាំជាតិ ខ្ញុំជួប ២ ម៉ឺននាក់នៅក្នុងវេទិកាដោយផ្ទាល់ ប៉ុន្តែក្នុងពេលជាមួយគ្នា ខ្ញុំនិយាយសារទៅកាន់ ១៧ លាននាក់ ដែលកំពុងតែមើល និងបន្តមើលនូវខ្លឹមសារទាំងអស់នេះ។ ហ្នឹងហើយបានឃើញសម្តេចតេជោ គាត់និយាយប្រធានបទផ្សេងៗ ព្រោះអ្វី? វាជាកាតព្វកិច្ចនិងសិទ្ធ។ ទី១ វាជាកាតព្វកិច្ចរបស់មេដឹកនាំជាន់ខ្ពស់ដែលត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ជូនដំណឹងទៅមហាជន ប្រជាពលរដ្ឋរបស់ខ្លួនជាប់ជាប្រចាំនូវអ្វីៗដែលខ្លួនបានធ្វើ។ ទី២ វាជាសិទ្ធរបស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងការទទួលព័ត៌មានផ្ទាល់ពីមេដឹកនាំរបស់ខ្លួនដែលបានធ្វើការងារ។ ថាខ្ញុំយកវេទិកានេះ និយាយរឿងគ្រួសារខ្ញុំចុះ តែខ្ញុំនិយាយពីសកម្មភាពក្នុងនាមជាប្រមុខរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ប្រទេសជាតិ។ អញ្ចឹងជាសិទ្ធរបស់បងប្អូនទាំង​អស់ត្រូវតែដឹង។ មានអ្នកដែលទើសណាស់។ គាត់ទើសមិនចង់ឲ្យខ្ញុំនិយាយច្រើន មិនចង់ឲ្យនិយាយប្រ​ធានបទអីចែករំលែកឲ្យបងប្អូនប្រជាពលរដ្ឋដឹង។ តែគាត់អង្គុយក្នុងបន្ទប់ ៣ ម៉ែត្រ ៤ ជ្រុងហ្នឹង និយាយគ្រប់ម៉ោង គ្រប់ពេល រាល់ថ្ងៃ វាយប្រហាររហូតធ្វើឲ្យប្រជាពលរដ្ឋខ្លះដែលមិនមានព័ត៌មាន មានការព្រួយបារម្ភ។

(៣១) នាយករដ្ឋមន្រ្តីមានកាតព្វកិច្ចបញ្ជាក់ជូនព័ត៌មានដោយតម្លាភាពជូនប្រជាពលរដ្ឋ

ខ្ញុំសូមជូនដំណឹងទៅវិញ ការនិយាយប្រធានបទនៅក្នុងវេទិកានេះ វាជាសិទ្ធរបស់ប្រជាពលរដ្ឋត្រូវតែដឹង ទាំងបងប្អូនកម្មករ/ការិនី នៅនេះ ក៏ចង់ដឹងថា ឥឡូវសម្តេចនាយករដ្ឋមន្ត្រី តាំងពីសម្តេចតេជោមកនេះ ធ្វើអីខ្លះឲ្យ​ខ្ញុំ? ខ្ញុំបាននិយាយហើយ ដោយផ្ទាល់ក្នុងវិស័យការងារ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារក៏និយាយ។ តែនេះពាក់ព័ន្ធអាយុជីវិតនិងគោលនយោបាយប្រទេសជាតិរបស់ខ្ញុំ។ ទៅចិនហ្នឹងធ្វើអីហ្នឹង? តិចប៉ះពាល់ផលប្រ​យោជន៍​ជាតិ? ទៅធ្វើការជាមួយជប៉ុនហ្នឹងនិយាយពីស្អីហ្នឹង? ប្រយ័ត្នប៉ះពាល់ផលប្រយោជន៍ជាតិ? និយាយជាមួយប្រធានាធិបតីប៉ះពាល់ផលប្រយោជន៍ជាតិយ៉ាងម៉េច? ប្រជាពលរដ្ឋទូទាំងប្រទេសដែលនៅទីនេះ និងអ្នកមើលតាមទូរទស្សន៍ មើលតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ គាត់ក៏ជាប្រជាពលរដ្ឋដែលមានសិទ្ធត្រូវដឹងដែរ។ អញ្ចឹងទាំងកម្មករ/ការិនី ក៏គាត់មានសិទ្ធត្រូវដឹងអ្វីបន្ថែមពីប្រធានបទដែលគាត់ចង់ដឹងពាក់ព័ន្ធនឹងគាត់ដែលខ្ញុំលើក។ ប្រជាពលរដ្ឋនៅផ្ទះនិងនៅក្រៅប្រទេស ទាំងជនជាតិបរទេសផង ក៏ចង់ដឹងថាគោលនយោបាយរដ្ឋាភិបាលកម្ពុជាធ្វើអី។ បើខ្ញុំធ្វើក្នុងនាមជាមេគ្រួសារ ខ្ញុំធ្វើអ្វីប៉ះពាល់តែគ្រួសារខ្ញុំទេ។ បើខ្ញុំធ្វើការក្នុងនាមមេជើងគោក សម្រេចចិត្តមួយប៉ះពាល់ត្រឹមតែក្របខណ្ឌជើងគោក។ តែខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រី ធ្វើអីប៉ះពាល់ផលប្រ​យោជន៍ទាំងអស់របស់ប្រជាជនទាំងគ្រប់វិស័យទាំងអស់។ អញ្ចឹងជាកា​តព្វកិច្ចរបស់ខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ត្រូវតែមានតម្លាភាពជូនប្រជាពលរដ្ឋឲ្យដឹង កុំឲ្យគាត់មានការព្រួយបារម្ភ។ ជាពិសេសមានអ្នកយកទៅបំភ្លៃ និងបកស្រាយច្រើនណាស់។ រឿងសិទ្ធបកស្រាយជាសិទ្ធរបស់ពួកគេ ប៉ុន្តែខ្ញុំក៏មានសិទ្ធនៅក្នុងនាមជាមេដឹកនាំម្នាក់ដើម្បីពន្យល់និងបញ្ជាក់ទៅឲ្យប្រជាពលរដ្ឋខ្ញុំ កុំឲ្យមានការភ័យខ្លាចនូវអ្វីដែលខ្ញុំបានធ្វើ រដ្ឋាភិបាលនេះធ្វើ ទាំងក្នុងនិងក្រៅប្រទេសជូនប្រជាពលរដ្ឋរបស់យើង។

(៣២) ទស្សនកិច្ចនៅចិន បញ្ជាក់ជំហរគោលនយោបាយការបរទេសរបស់កម្ពុជា

រឿងទៅចិន មានការបកស្រាយច្រើនណាស់។ ខ្ញុំមិនលើកទេ ខ្ញុំលើកតែជ្រុងមួយ។ ឯកឧត្តម ហ្សង់​ ហ្រ្វង់ស័រ​តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើដំណើរជាមួយខ្ញុំ។ កាលពីលើកមុន ឯកឧត្តម សូ ណារ៉ូ គាត់កាន់អាស៊ាន ត្រូវធ្វើសន្និសីទកាសែតបង្ហាញ។ ក៏មានព័ត៌មានច្រើនបានផ្សព្វផ្សាយ។ ទៅចិនធ្វើអី?​ តើគោលនយោ​បាយដែលយើងធ្វើហ្នឹងវាខុសឬអី? តើវាធ្វើ​ប៉ះពាល់ដល់ផលប្រយោជន៍ខ្មែរយើងឬអត់? ខ្ញុំមិនបាច់និយាយច្រើន … សូមបញ្ជូនសារផង អ្នកដែលវាយខ្ញុំក៏កំពុងអង្គុយមើលដែរដើម្បីរកគន្លឹះវាយទៀត​។ ខ្ញុំសូមសរសើរគាត់ ពូកែតែម្តងរឿងច្នៃមិនដែលត្រូវ។ ម្តងថាខ្ញុំកូនវៀតណាម ឥឡូវថាខ្ញុំកូនឪខ្ញុំ … ឥឡូវវេទិកាខ្លះគេថាជាវិទ្យុឯករាជ្យ ប៉ុន្តែវាហាក់ដូចជាប្រព័ន្ធឃោសនារបស់បក្សមួយ … តែខ្ញុំមិននិយាយ។ (ចាត់ថាជា)សិទ្ធសេរីភាពរបស់គាត់ចុះ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ជូនបងប្អូនបន្តិចថា តើទស្សនកិច្ចរបស់ខ្ញុំប៉ុន្មានថ្ងៃនេះ ទៅចិន ដើម្បីធ្វើអី្វ​​​? ដើម្បីទាញស្អី? … ទី១ ខ្ញុំទៅទស្សនកិច្ចផ្លូវការនៅចិន ដើម្បីបញ្ជាក់ជំហរនៃគោលនយោបាយ(ការបរទេស)របស់កម្ពុជា។ តែយើងរដ្ឋាភិបាលទើបកកើតថ្មី គេចង់ដឹងរដ្ឋាភិបាលថ្មីហ្នឹងកាន់គោលនយោបាយយ៉ាងម៉េច? ពិសេសក្នុងដំណើរការការទូតក្នុងរយៈពេលដំបូងនេះ ប្រជាពលរដ្ឋយើងក្នុងប្រទេសក៏ចង់ដឹងដែរ ចង់ស្ដាប់នូវអ្វីដែលខ្ញុំអាននៅសភាថ្ងៃ២២(សីហា) គោលនយោបាយអ្វីខ្លះ? ចង់ស្ដាប់ខ្ញុំប្រជុំលើកទី១ ថ្ងៃ២៤(សីហា) តើគោលនយោបាយអ្វីខ្លះ? ក្នុងស្រុកក៏ចង់ដឹង ក្រៅស្រុកក៏ចង់ដឹង។ យើងបញ្ចេញជំហរ គោលនយោបាយរបស់យើង។

(៣៣) គោលជំហររក្សាគោលនយោបាយចិនមួយ

ខ្ញុំធ្លាប់បញ្ជាក់ទៅហើយ ខ្ញុំប្រាប់ថា គោលនយោបាយរបស់​រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ គឺប្រ​កាន់​ជំហរនិរន្តរភាពនិងសង្គតិភាព ជាមួយនឹងគោលនយោបាយរបស់គណបក្សនយោបាយដែលមានពីមុន គឺគោលនយោបាយឈរលើមូលដ្ឋានអធិបតេយ្យភាព ឯករាជ្យភាពផ្អែកទៅលើច្បាប់ អនុវត្តដោយច្នៃប្រឌិត វៃឆ្លាត និងផ្អែកលើមូលដ្ឋានជាតិ តម្កល់មូលដ្ឋានផលប្រយោជន៍ជាតិជាធំ។ នេះគឺជាគោលនយោបាយការបរទេសរបស់យើងជាមួយគ្រប់ប្រទេសទាំងអស់ ផលប្រយោជន៍ជាតិជាធំ ប្រកាន់ឯករាជ្យភាពផ្អែកលើច្បាប់អន្តរជាតិ។ បងប្អូនកុំព្រួយបារម្ភ។ ធ្វើអ្វីក៏ដោយគិតផលប្រយោជន៍​ជាតិជាធំ ជឿចុះមិនអាចបាត់ផលប្រយោជន៍ជាតិនោះទេ។ ខ្ញុំបានបញ្ជាក់ជំហរគោលនយោបាយការទូតរបស់យើងជាមួយចិន គឺនៅរក្សាដដែល។ នេះជាគោលនយោ​បាយ​គណបក្សប្រជាជនកម្ពុជា ដែលបានអនុម័តដោយអង្គសន្និបាតវិសាមញ្ញ ហើយអ្នកណាក៏ដោយដឹកនាំរដ្ឋាភិបាលរបស់បក្សណា គឺអនុវត្តគោលនយោ​បាយ​របស់បក្សនោះ។ ក្នុងនោះ មានគោលនយោបាយចិនមួយ។ ថ្ងៃមុនមានវិទ្យុមួយនោះគេថា ថ្កោលទោសកម្ពុជាប្រកាន់គោលជំហរនយោបាយចិនមួយ។ ខ្ញុំសូមប្រាប់អញ្ចេះ ទៅស្រាវជ្រាវឡើងវិញទៅ។ សមាជិកអង្គការសហប្រជាជាតិដែលមានជាសមាជិក ១៩៣ប្រទេស ក្នុងនោះ ១៨១ ប្រទេសប្រកាន់ជំហរចិនមួយ រួមទាំង​អាមេរិកផងដែរ។ កម្ពុជាប្រកាន់ជំហរចិនមួយមិនខុសទេ។ វាមានអីខុស? ១៨១ប្រទេស(បានធ្វើដូចគ្នានេះ)។ អាស៊ានទាំងអស់ប្រកាន់ជំហរចិនមួយ។

(៣៤) ទាញវិស័យឯកជននិងធុរកិច្ចចិនមកកម្ពុជា

ទី២ ទៅទំនាក់ទំនងចិន យកវិស័យឯកជនចិន យក business ចិនមក។ សួរប្រជាពលរដ្ឋខ្មែរយើង តើវាខុសអីដែលយើងទៅបង្កើនមិត្តឲ្យច្រើនលើឆាកអន្តរជាតិ មែនទេបងប្អូន? ខ្មែរយើងកុំបង្កើតសត្រូវ។ ខ្មែរយើងគួរតែអបអរសាទរនៅពេលដែលប្រទេសយើងមានមិត្តកាន់តែច្រើន។ មែនអត់? ប្រទេសយើងតូចមួយទៅយកអ្នកណាប្រឆាំងអ្នកណា? ឲ្យតែមានមិត្តយើងយកឲ្យច្រើនទៅ ហើយទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសតូច ប្រទេសធំ យើងត្រូវតែធ្វើដើម្បីផលប្រយោជន៍យើងទាំងទ្វេ ជាពិសេស​ទាញផលប្រយោជន៍មកជាតិ​យើងឲ្យបានកាន់តែច្រើន។ សួរមើល បើពាណិជ្ជកម្មជាមួយចិនវាអាក្រក់មែន សួរទៅអាមេរិក អឺរ៉ុប ឬអីៗ ចាំបាច់បង្កើត ហើយកាន់តែពង្រីកទំនាក់ទំនងជាមួយចិនធ្វើអី? ទៅពិព័រណ៍ណាននីងនេះ គឺដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មអាស៊ាន-ចិន ២០ឆ្នាំ។ បង្កើតដំបូងឆ្នាំ២០០៣។ ពេលបង្កើតដំបូង ទំនាក់ទំនងពាណិជ្ជកម្មចិន និងអាស៊ាន មានដូចមិនដល់ ១០០លានដុល្លារទេ។ ឥឡូវឡើងដល់ជិត ១លានលានដុល្លារឯណោះ ហើយនឹងរីកថែមទៀត។ ប្រទេសមួយៗទៅ នាយករដ្ឋមន្រ្តីវៀតណាម ឡាវ ម៉ាឡេស៊ី និងប្រទេសផ្សេងៗមានតំណាងទៅដើម្បីទាញ(ការវិនិយោគ)មក។ បើគេថា ពាណិជ្ជកម្មជាមួយចិនអាក្រក់ តើគេចាំបាច់ទៅពង្រីកធ្វើអី? សួរទៅប្រទេសទាំងនោះទៅ បើសិនជាអាក្រក់។

ក្នុងប្រទេសខ្មែរយើង សួរបងប្អូនរាប់សែននាក់ដែលបានការងារធ្វើដោយរោងចក្រមកពីចិននេះ តើពាណិជ្ជកម្មជាមួយចិនអាក្រក់ឬទេ? ដោយសារពាណិជ្ជកម្មជាមួយចិនហ្នឹងហើយ ទើបយើងបានរោងចក្រ ហើយផលិត​ផល​ទៅចិនធ្វើអី? សួរទៅមើល។ សួរបងប្អូនខ្មែរយើងទៅមើល ដែលរកស៊ីខាងវិស័យទេសចរណ៍ ដែលធ្វើ Tour Package ទៅចិន និងយកពីចិនមកវិញតើទំនាក់ទំនងពាណិជ្ជកម្មហ្នឹងបានផលឲ្យគាត់ឬអត់? … ខ្ញុំ ជួបវិស័យឯកជនយើង អាជីវករយើង។ គាត់ខំដឹកឥវ៉ាន់យកទៅតាំងនៅចិន​ នៅណាននីង ទៅមានក្រុមហ៊ុន៥៥ ដែលទៅ។ គាត់ដាក់ផលិតផលមានតាំងពីតាកែវ ពីខេត្តកណ្ដាល យកគ្រឿងអលង្ការច្នៃត្បូង មានប្រេងកូឡាធ្វើពីរមៀត មានរូបចម្លាក់ មានទាំងអីយកទៅដើម្បីរកទីផ្សារនៅនោះ។ សួរគាត់មើល ថាតើទំនាក់ទំ​នងពា​ណិជ្ជកម្មដែលយើងមានជាមួយចិន អាក្រក់សម្រាប់គាត់ទេ? បានជាខំវេចបង្វិច លំបាក ចំណាយលុយរៀបដាក់កុងតឺនឺរទៅរាប់សិបខែ រៀបចំដល់ទៅរាប់សិបថ្ងៃនៅនោះ ដើម្បីផ្សព្វផ្សាយរកម៉ូយ ដើម្បីលក់ផលិតផល។ យើងសួរថាអាក្រក់ឬអត់?

អ្នកខ្លះអង្គុយតែនៅក្រៅប្រទេសទេ អត់​គិតសួរប្រជាពលរដ្ឋរបស់ខ្លួនឯង ដែលបានផលពីទំនាក់ទំនងពាណិជ្ជកម្ម។ សួរទៅមើល។ សួរអ្នកដែលនាំចេញ នាំចូលគ្រឿងសំណង់ពីចិន យកមកផ្គត់ផ្គង់វិស័យសំណង់របស់យើង។ បើមិនយកផលិតផលហ្នឹងបង្កើតអាជីព តើឲ្យគាត់ទៅយកផលិតផលអេស្ប៉ាញ​វាថ្លៃពេក​ លក់ម៉េចដាច់? សួរអ្នកទាំងអស់ហ្នឹងមើល។ តើទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនអាក្រក់ឬល្អសម្រាប់គាត់? បើអ្នកវិភាគហ្នឹងថា រដ្ឋាភិបាលប្រកាន់ជំហរហ្នឹងអាក្រក់ មិនទុកចិត្តរដ្ឋាភិបាល សួរប្រជាជនខ្មែរទៅ។ ទាំងអ្នកក្នុងវិស័យទេសចរណ៍ កសិកម្ម ដែលនាំផលិតផលទៅលក់ទីផ្សារចិននោះ អ្នកដែលនាំចេញនាំចូលផលិតផល​។ សួរទាំងនិស្សិតរបស់យើង ដែលបានអាហារូបករណ៍ទៅរៀនក្ដី ឪពុកម្ដាយឲ្យទៅរៀនក្ដីនៅចិន តើវាម៉េច? សួរទាំងអស់គ្នាមើល តើទំនាក់ទំនងនោះអាក្រក់ឬទេ?

(៣៥) រាជរដ្ឋាភិបាលប្រកាន់ជំហរនយោបាយការបរទេសមិនប្រែប្រួលជាមួយគ្រប់ប្រទេស

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលដែលទទួលខុសត្រូវ ហើយជាពិសេសបន្ត​នូវអ្វីដែលសម្ដេចតេជោ ដែលប្រមុខរដ្ឋាភិបាលជាង ៤០ ឆ្នាំនេះបានធ្វើ រដ្ឋាភិបាលនៅពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជាទោះបីជាក្រោយពីខ្ញុំក៏ដោយ អ្នកណាមួយក៏ដោយ នៅតែបន្តគោលនយោបាយដើម្បីផលប្រយោជន៍ជាតិ។ ជឿចុះ។ នេះជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ បុព្វហេតុមិនដែលប្ដូរទេ។ សួរថាតើទស្សនកិច្ចហ្នឹង ប្រកាន់ជំហរនយោបាយចិនមួយ ហើយថារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថ្មីនេះ ធ្វើដដែល លើនយោបាយចិន។ រឿងប្រកាន់ជំហរនយោបាយមិនប្រែប្រួលការបរទេសនេះ​ មិនមែនតែខ្ញុំធ្វើជាមួយចិនទេ។ ខ្ញុំបានបញ្ជាក់ជាមួយនាយករដ្ឋមន្រ្តីជប៉ុន ក៏គាត់ចង់ដឹងដែរ ថាគោលនយោបាយរដ្ឋាភិបាលថ្មីជាមួយជប៉ុនយ៉ាងម៉េច? ខ្ញុំប្រ​ជុំនៅហ្សាការតា ខ្ញុំប្រាប់គាត់ថា គោលនយោបាយយើងជាមួយជប៉ុនមិនប្រែប្រួល។ យើងនៅបន្តថែរក្សា ពូនជ្រុំ អ្វីដែលកសាងបាននិងបន្តពង្រីកថែមទៀត។ ជួបប្រធានាធិបតីកូរ៉េ ក៏ខ្ញុំនិយាយដូចគ្នា។ ជួបប្រធានាធិបតីហ្វីលីពីនក៏ដូចគ្នា គោលនយោបាយយើងបន្តធ្វើតទៅទៀត ហើយជួបជាមួយគណៈប្រតិភូសភាអាមេរិក ទូតអាមេរិក មុននឹងចេញទៅប្រជុំអាស៊ាន ក៏និយាយដូចគ្នា។ គោលនយោបាយកម្ពុជាគឺនៅរក្សា និងបន្តនិរន្តរភាព និងសង្គតិភាពតទៅទៀត អញ្ចឹងគ្មានអ្វីប្លែកទេ។

(៣៦) មិនអោយកូនចៅខ្មែរនៅជារណបប្រទេសណាមួយឡើយ

ប្រទេសខ្មែរយើងតូច គិតរឿងអីចំណេញអោយប្រជាពលរដ្ឋទៅ។ បង្កើនទំនាក់ទំនងជាមួយគ្រប់ប្រទេសដែលបានផលប្រយោជន៍រួមគ្នា។ យើងមានអធិបតេយ្យភាព ចេះគិតគូរពីអនាគតរបស់យើង។ អ្នកខ្លះគេមកព្រមានខ្ញុំថាទំនាក់ទំនងជាមួយចិននឹងធ្វើឲ្យកម្ពុជានឹងបាត់អធិបតេយ្យភាព។ ខ្ញុំថាកម្ពុជាចេះគិតហើយ។ ខ្ញុំមានកូនរបស់ខ្ញុំ។ កូនរបស់ខ្ញុំនឹងបង្កើត(កូន)។ ខ្ញុំនឹងមានចៅ។ ចៅរបស់ខ្ញុំនឹងកើត(កូន)។ ខ្ញុំនឹងមានចៅទួត ចៅលួត ចៅលា រាប់សិបឆ្នាំតទៅទៀត។ ខ្ញុំមិនចង់ឲ្យកូនចៅចៅទួត/លាខ្ញុំបាត់អត្តសញ្ញាណ ឬមួយជាជនជាតិខ្មែរនៅក្រោមរណបអ្នកណាមួយនោះទេ។ សម្ដេចតេជោក៏ដូចគ្នា។ ថ្នាក់ដឹកនាំដទៃក៏ដូចគ្នា។ មិនឲ្យបាត់អធិបតេយ្យភាព និងឯករាជ្យភាព(ជាតិទេ)។ យើងសាមគ្គីភាព យើងចូលប្រជុំ។ យើងធ្វើការជាមួយមិត្តភក្ដិក្នុងស្មារតីគោ​រពអធិប​តេយ្យភាពនិងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ស្មើមុខស្មើមាត់។ មិនថាប្រទេសតូចប្រទេសធំ។

កម្ពុជាជាប្រទេសតូច អង្គុយទល់មុខប្រធានាធិបតី ស៊ី ជិនពីង របស់ប្រទេសចិន ទល់មុខប្រធានសភាចិន ទល់មុខជាមួយនាយករដ្ឋមន្ត្រីចិន ទល់មុខជាមួយនាយករដ្ឋមន្ត្រីជប៉ុន ទល់មុខប្រធានាធិបតីកូរ៉េ ដោយស្មើភាពគ្នា។ យើងចរចាក្នុងនាមជារដ្ឋអធិបតេយ្យភាពមួយដើម្បីការពារផលប្រយោជន៍ប្រជាជន … អ្នកបកស្រាយច្រើនណាស់ ដែលឃើញតែខាត។ សួរប្រជាពលរដ្ឋខ្លួនឯងទៅ ជាពិសេសអ្នកនៅតាកែវ ដែលមានការ​ងារធ្វើដោយរោងចក្រ មានការវិនិយោគពីចិន អ្នកដែលនាំទំនិញចេញចូលពីកម្ពុជា-ចិន អ្នកដែលនាំទំនិញទៅចិន និស្សិតដែលមានអាហារូបករណ៍ទៅបណ្តុះបណ្តាលជំនាញនៅចិន តើយើងបានផលប្រយោជន៍ដែរទេ? យើងទៅរៀន គេគោរពយើងដូចគ្នាដែរទេ។ អត់មានទៅដល់ធ្វើជាទាសករគេទេ។ ខ្ញុំសូមឲ្យបងប្អូនខ្លះ អ្នកវិភាគជាសិទ្ធក៏សិទ្ធិទៅចុះ ប៉ុន្តែសុំឲ្យមានស្មារតីជាតិនិយមខ្លះផង។ វាយប្រហារចំណុចខ្សោយរបស់រាជរដ្ឋាភិបាលក៏វាយទៅ ប៉ុន្តែអ្នកគួរទទួលស្គាល់នូវអ្វីដែលផ្តល់ផលប្រយោជន៍ឲ្យប្រជាជន សូមលើកសរសើរខ្លះផង។ លើកសរសើរប្រជាពលរដ្ឋយើងដែលគាត់ខំធ្វើ។

ខ្ញុំសូមសរសើរដល់ក្រសួងពាណិជ្ចកម្ម ក្រសួងពាក់ព័ន្ធទាំងអស់ និងវិស័យឯកជន ដែលបានខិតខំរៀបចំនូវពិព័រណ៍នៅណាននីងនិងរៀបចំពន្លាជាតិរបស់យើង។ តាមរបាយការណ៍របស់លោកជំទាវ ចម និម្មល វាយតម្លៃបញ្ចប់ពីល្ងាចមិញ គឺទទួលបានពានរង្វាន់ចំនួន ៤ ក្នុងការរៀបចំនេះ។ យើងមិនមែនត្រឹមតែចូលទេ ការខិតខំរបស់យើងបានឲ្យអ្នកចូលរួមជាបរទេស ទាំងចិននិងបរទេស បានឲ្យពិន្ទុ ដោយយើងជាប់ពានរង្វាន់ ៤ ក្នុងការតាំងពិពណ៌។ នេះជាមោទនភាពជាតិយើង។

(៣៧) អ្នកវិភាគប្រឆាំង គួរតែជួយសរសើរពេលដែលប្រទេសមានអ្វីដែលល្អ

ពីមុនយើងវេទនាដោយសារសង្គ្រាម។ ឥឡូវយើងរួមគ្នាហើយ។ លើកកម្ពស់(កិត្យានុភាព)ជាតិយើងទៅ។ វិទ្យុ ដែលជេរ បើថាវាយប្រហាររាជរដ្ឋាភិបាល ឬក៏វាយខ្ញុំ ក៏វាយចុះ សិទ្ធិរបស់បងប្អូនក្នុងការរិះគន់ ក៏ប៉ុន្តែពេលដែលយើងបានរបស់អ្វីដែលល្អ (ដូច)ប្រាសាទកោះកេរ ជាបេតិកភណ្ឌមនុស្សជាតិ សម្រាប់ប្រជាពលរដ្ឋរបស់យើងដូនតាយើង គួរផ្សព្វផ្សាយខ្លះផងទៅហ្អី? ពេលដែលយើងឈ្នះមេដាយឆ្នាំទៅ គួរតែអបអរសាទរផងហ្អី … ពេលដែលបងប្អូនចេញទៅធ្វើ​ការ ខំរកទីផ្សារ បងប្អូនខ្លះម្ចាស់សហគ្រាស គាត់ធ្វើខ្លួនឯងចេញទៅ ផលិតនំ ផលិតអីចេញទៅដើម្បីអី? ទៅរកទីផ្សារ។ ពេលដែលគាត់បានទីផ្សារមកវិញ គាត់ចែកទៅពីណា? បុគ្គ​លិក​របស់គាត់បានការ​ងារធ្វើ ហើយប្រជាពលរដ្ឋខ្មែរយើងពីតាកែវ ពីខេត្តកណ្តាលទៅគគោក គួរតែលើកទឹកចិត្តគ្នាផងទៅហ្អី។ ខ្ញុំសូមទាញអារម្មណ៍ថាគិតឲ្យវាគ្រប់ជ្រុងជ្រោយ។ ខ្ញុំមិនឲ្យសរសើរខ្ញុំទេ … (តែ)មិនបានអីសរសើរសមិទ្ធផលដែលកូនខ្មែរយើង បុព្វបុរសយើងបានរួមគ្នាធ្វើសម្រាប់ជាតិយើងបានថ្កុំថ្កើងផង។ ខ្ញុំសូមបញ្ជូនសារហ្នឹងទៅចុះ …។

(៣៨) យុទ្ធសាស្រ្តមួយ ផែនការសកម្មភាពមួយ សម្លេងមួយ

ចេញទៅធ្វើការនៅខាងក្រៅ មិនខុសពីសម្តេចតេជោនិងថ្នាក់ដឹកនាំយើងគ្រប់ស្ថាប័នពីមុនមកទេ ឯកឧត្តម ស សុខា គាត់ធ្វើការក្នុងក្រសួងមហាផ្ទៃ ចេញទៅយើងពង្រឹងទំនាក់ទំនងសន្តិសុខដើម្បីឲ្យវាល្អ។ គេមកធ្វើការ។ ឯកឧត្តមរដ្ឋមន្រ្តីផ្សេងទៀតចេញទៅដើម្បីចរចាកូតានាំអង្ករ នាំផលិតផលកសិកម្ម។ កិច្ចការនេះ ឥឡូវយើងមានផលិតផលកសិ​កម្មច្រើន។ ខ្ញុំបានឲ្យគោលការណ៍ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គិតគូរអំពីក្របខណ្ឌណាមួយដើម្បីជំរុញការនាំចេញនេះឲ្យកាន់តែមានប្រសិទ្ធភាព។ រកទីផ្សារហើយ ប្រយ័ត្នអត់មានផលិតផលរុញឲ្យគេ។ ត្រូវរួមគ្នាធ្វើ។ កន្លងទៅ រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន បានខិតខំធ្វើការច្រើនណាស់ មិនធ្វើតែរឿងពាណិជ្ជកម្ម កសិកម្មទេ គឺទាំងធនធានទឹក អភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ គយ ពន្ធដារ អាជ្ញាធរខេត្តរួមគ្នាធ្វើ។ ខ្ញុំឲ្យដាក់ទិសដៅសាកល្បងមុនគេ រៀបចំផ្ទះខ្លួនឯងឲ្យស្អាត។ ទ្រឹស្តីរបស់ខ្ញុំ ពង្រឹងមុននឹងពង្រីក។ បើយើងអត់រឹងខ្លួនឯងផង ពង្រីកដួល។ យើងត្រូវពង្រឹង។

បន្តិចទៀតយើងត្រូវប្រជុំបន្ទាន់។ ខ្ញុំឲ្យសិក្សា។ (ទី១) ក្រសួងពាក់ព័ន្ធទាំងអស់ ជាមួយនឹងវិស័យឯកជន ត្រូវសហការគ្នារកវិធីសាស្ដ្រឲ្យកាន់តែមានប្រសិទ្ធភាពជាសម្លេងមួយ ជាយុទ្ធសាស្រ្តមួយ ជាផែនការសកម្មភាពមួយ ធ្វើយ៉ាងណាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជជែកគ្នា សហការគ្នាជាធ្លុងមួយរវាងក្រសួងស្ថាប័នរដ្ឋ។ ទី២ ឲ្យវិស័យឯកជនទាំងអស់ ក្រុមហ៊ុនសហគ្រាសទាំងអស់ដែលត្រូវនាំចេញ សហការគ្នាកុំប្រកួតប្រជែងគ្នា។ ទី៣ គឺឲ្យរដ្ឋនិងឯកជនត្រូវសហការគ្នា។ និយាយរួមយកពាក្យស្លោក «យុទ្ធសាស្រ្តមួយ ផែនការសកម្មភាពមួយ សម្លេងមួយ» ដើម្បីយើងចេញទៅធ្វើការបានជោគជ័យ បើមិនអញ្ចឹងទេ យើងទៅមិនឈ្នះគេទេ​។ យើងមិនត្រូវប្រកួតប្រជែងតែគ្នាឯងខាងក្នុងប្រទេសតូចមួយទេ។ ប្រទេសជិតខាងគេធំណាស់។ យើងគួរតែឯកភាពគ្នា រួមគ្នាបង្កើតជាកម្លាំងសរុប ដើម្បីយើងធានាតម្លៃ ធានាគុណភាព ធានាបរិមាណធ្វើការជាមួយគ្នា បើមិនអញ្ចឹងទេ យើងធ្វើអត់ឈ្នះគេទេ។

(៣៩) រៀបចំក្រុមការងារដើរធ្វើទីផ្សារ ដោយមួយប្រទេសផលិតផលតែមួយក៏បាន

ខ្ញុំជួបជាមួយវិស័យឯកជនច្រើនហើយ។ ខ្ញុំជួបរាប់ឆ្នាំហើយ។ មានយន្តការច្រើនណាស់។ សមាគមស្រូវអង្ករ យន្តការរបស់រដ្ឋច្រើនក្រសួងស្ថាប័ន។ យើងដាក់ទិសដៅសាកល្បងចេញពីនេះ ខ្ញុំឱ្យយកតែផលិតផលមួយទៅពីរទេ។ មិនត្រឹមតែគិតក្របខណ្ឌទេ ត្រូវរៀបចំក្រុមការងារចំពោះកិច្ចដើម្បីដើរទាក់ម៉ូយ។ អត់ត្រូវគ្រាន់តែធ្វើពិព័រណ៍ហ្នឹងគ្រប់ទេ ត្រូវតែមានក្រុមការងារមួយដែលទទួលភារកិច្ចសម្រាប់តែដើរទៅប្រទេសមួយៗ ដោយមួយប្រទេសយកតែផលិតផលមួយក៏បានដែរ។ មិនបាច់ច្រើនទេ។ ឧទាហរណ៍ទៅប្រទេសមួយ បើអាចជំរុញរឿងម្រេចទៅប្រទេសអារ៉ាប់មួយ រុញឱ្យវាកើនទៅហ្នឹង។ ប្រទេសយើងតូច ប្រទេសគេធំ។ មួយជ្រុងមួយនៃទីផ្សារ គេអាចបំពេញតម្រូវការនៃការផលិតរបស់យើងបានច្រើន។ យើងខ្លាចតែប្រទេសយើងធំ ប្រទេសគេតូច ដែលយើងផ្គត់ផ្គង់ទីផ្សារគេទិញបានតែមួយជ្រុង … ខ្ញុំចរចាតែត្រឹមធ្វើថ្នាក់ជាតិ។ ឧទាហរណ៍ លើកនេះ ប្រធា​នា​​ធិបតី Xi Jinping បង្កើនកូតាអង្ករអោយយើងបន្ថែមទៀត​ ២០%។ កំពុងចរចាបន្ថែម។ អញ្ចឹងអង្ករដែលយកចេញ ខ្ញុំប្រាប់ឱ្យរដ្ឋមន្ត្រីកសិកម្ម កុំមើលតែរួមនៅលើអង្ករ មិនសំដៅតែអង្ករសុទ្ធទេ។ ផលិតផលកសិកម្មអីផ្សេងទៀត មច្ឆាក៏បានដែរ កុំតែទៅមើលនៅប៉េកាំង មើលគ្រប់ខេត្តផង។ ឧទាហរណ៍ អង្ករយើងមានច្រើនប្រភេទ។ នៅសៀងហៃគេត្រូវការ​អង្ករម្លិះ នៅគ័ងចូវគេត្រូវការប្រភេទអី យើងធ្វើរូបមន្តហ្នឹងបូកបានច្រើន។ កុំគិតថាមួយប្រទេសចិនយកតែអង្ករនាងមិញមួយ។

ខ្ញុំទៅតំបន់ស្វយ័ត គ័ងស៊ី។ គ្រាន់តែប្រជាពលរដ្ឋគេ ៥៧ លាននាក់។ ច្រើនជាងយើង។ បើនាំអង្ករយើងទៅតែប្រទេសហ្នឹងមួយវាស្មើនឹងប្រទេសតូចៗយើង ៥ ប្រទេសទៅហើយ។ អ្វីដែលខ្ញុំនិយាយគឺត្រូវគិតពីក្របខណ្ឌគោលនយោបាយនិងវិធីសាស្ត្រ។ វាត្រូវការចូលរួមពីវិស័យឯកជន ត្រូវគិត ត្រូវលះបង់ខ្លះ។ ខ្ញុំសុំនិយាយដោយឡែក ខុសត្រូវខ្ញុំសុំនិយាយ។ កន្លងទៅ ទោះបីយើងមានសមាគមក៏ដោយ ពេលខ្លះយើងប្រកួតប្រជែងគ្នាឯង។ ដល់យើងគ្នាតូចៗ យើងប្រកួតប្រជែងគ្នាឯង អត់មើលប្រទេសជិតខាងយើង។ សហគមន៍គេមានយន្តការធំណាស់ឯកភាពគ្នា។ យើងត្រូវរួមគ្នាជាសម្លេងមួយថាសេដ្ឋកិច្ចមាត្រដ្ឋានតូចៗ តែយើងផ្គុំគ្នាបាន។ បើខេត្តខ្លះស្វាយចន្ទី ១ លានតោនបានប៉ុន្មានខេត្ត? បើយើងរកទីផ្សារបាន ៣ លានតោន ហើយឯកភាពគ្នា ខេត្តជាប់ហ្នឹងដែលគាត់ដាំអីមិនសូវមានទីផ្សារ ឲ្យគាត់មកដាំស្វាយចន្ទី។ យើងបានទីផ្សារធំ។ សំខាន់កសិ​កម្មវាមិន​អាស្រ័យទៅលើឲ្យប្រជាពលរដ្ឋដំាអី ឬចិញ្ចឹមអីនោះទេ។

(៤០) បណ្តាក្រុមហ៊ុនគួរមានសម្លេងតែមួយ … យកចំណេញតិច តែលក់បានច្រើន

ត្រូវគិតពីគោលដៅឡើងវិញ។ ធ្វើស្អីក៏ដោយ គាត់ដាំអីក៏ដោយ ចិញ្ចឹមស្អីក៏ដោយឲ្យតែគាត់បានចំណូលកាន់តែល្អប្រសើរ ជាគោលដៅធំរបស់គាត់។ មិនមែនគាត់ត្រូវតែធ្វើអានេះ ឬគាត់ងាប់ក្រឡាតែអាហ្នឹង។ ឧទាហរណ៍នៅតំបន់ហ្នឹងចិញ្ចឹមស្អីមួយ នៅជុំវិញហ្នឹងទៅជារោងចក្រ​អស់ហើយ។ គាត់ចិញ្ចឹមស្អីទៀតក៏មិនអាចរីកមិនអាចធំ។ អញ្ចឹងយើងរុញទៅលើវិស័យអីផ្សេងៗ … យើងត្រូវមានការ​កែសម្រួលដោយផ្ដោត​ទៅលើទិសដៅសកម្មភាពនិងវិធីសាស្ដ្រក្នុងការធ្វើ។ អញ្ចឹងកសិកម្មដែលយើងធ្វើចេញទៅត្រូវរកទីផ្សារកាន់តែច្រើន តែមកវិញត្រូវដាក់ខ្លួនឯងឲ្យមានរបៀបរបប។ នេះមិនមែនតែកសិកម្មទេ។ ក្នុងវិស័យផ្សេងៗទៀតក៏ត្រូវធ្វើដូចគ្នាដែរ។ យើងត្រូវរួមគ្នារកយុទ្ធសាស្ដ្រមួយ ផែនការសកម្ម​ភាពមួយ សំឡេងមួយ ដើម្បីវិស័យមួយ​អាច​ឯកភាពគ្នាចេញទៅប្រកួតប្រជែង ធានានូវភាពឈ្នះ ចេញទៅរួមគ្នា។ យើងត្រូវគិតគូរក្របខណ្ឌនេះ។ បើយើងនៅដដែល មិនមែនថាពីមុនមិនដើរទេ ប៉ុន្ដែដើរមិនទាន់សូវមានប្រសិទ្ធភាព។

ពេលខ្លះចរចាសំឡេងអត់មូល តែក្រុមហ៊ុនមួយ មានការអីគាត់ត្រូវមកចរចាជាមួយក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុពីពន្ធអនុគ្រោះអីអញ្ចឹងទៅ។ ក្រសួងរបស់យើងក៏ពិបាកថាបើឲ្យមួយនោះមួយទៀតមិនស្មើភាពគ្នា។ អញ្ចឹង​​បើគាត់និយាយគ្នាជាសំឡេងមួយ ឲ្យ១គឺស្មើភាពទាំងអស់។ ឧទាហរណ៍ថា នាំចេញផលិតផលមួយ ចង់ឲ្យគយបន្ធូរពន្ធ។ ស្រាប់តែឲ្យតែក្រុមហ៊ុនមួយ គយអត់ទម្លាក់ទេ។ បើវិស័យហ្នឹងគាត់រួមគ្នា ព្រមថាយើង​ឯកភាពគ្នាអញ្ចេះៗ សុំឲ្យទម្លាក់សរុប។ គាត់អាចធ្វើបាន។ យើងកុំមើលគ្នាឯងជាគូប្រកួតប្រជែងខ្លាំងពេក​។ យើងប្រ​កួតប្រជែងក្នុងក្របខណ្ឌមួយ តែត្រូវដាក់កម្លាំងសរុបដើម្បីយើងបានផលលើសគេ។ យើងចំណេញ ២០% ប៉ុន្ដែយើងលក់បានតែ ១០ តែបើយើងឯកភាពគ្នាយើងសុខចិត្តចុះមកចំណេញតែ ១០% តែយើងលក់បាន ២០។ បន្ទាប់មកយើងឯកភាពគ្នាថាយើងចំណេញម្នាក់ ១០% ហើយលក់បាន ៥០-៦០ … យើងចំណេញច្រើនជាង ដែលចំណេញ ២០% តែលក់បាន ១០។ អញ្ចឹងត្រូវការការ​ឯកភាពគ្នា។ កិច្ចការនេះ អាចចេញដំបូងគឺថាស្រូវ/អង្ករ ព្រោះមានយន្ដការ មានសមាគមអីច្រើន … យើងត្រូវបុរេសកម្មក្នុងកិច្ចការទាំងអស់នេះ។

អញ្ចឹង(អ្វីដែលខ្ញុំនិយាយ)ថ្ងៃនេះ បើកសិករថាខ្ញុំអត់ធ្វើការនៅរោងចក្រផង មកជួប(ធ្វើ)អី (មិនត្រូវទេ ត្បិតក៏ជា)អ្នកគិរីវង់ អ្នកតាកែវដែរតើ។ ផលិត​ផល​រកទីផ្សារបានកាន់តែច្រើនតែល្អ។ បងប្អូនបានដែរ។ ជួនកាលកន្លែងខ្លះ ដីយើងតូច ពីមុនមាន ១ហិកតា ២ហិកតា។ កាលកូនតូចៗ ម្ដាយចិញ្ចឹមកូន ៥នាក់បាន។ ឥឡូវកូនធំអស់ហើយមាន ៥គ្រួសារ ចៅ ២០នាក់ បើនៅពឹង​លើដី ២ហិកតាហ្នឹងធ្វើស្រូវចិញ្ចឹមមិនរស់ទេ។ អញ្ចឹងកូនចៅត្រូវមករកការងារ ខ្លះទៅរៀន ខ្លះធ្វើការនៅរោងចក្រ រៀនធ្វើមន្ដ្រីរាជការអីខ្លះទៅ អ្នកខ្លះនៅជាមួយម៉ែឪ … ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្មក៏គិតរូបភាព​គឺសហគមន៍កសិករ។ ដីយើងតូចៗ ១ ហិកតា ២ ហិកតា ជាពិសេសនៅក្បែរក្រុងពិបាក។ បើឲ្យគាត់ធ្វើពិបាក។ ប៉ុន្ដែបើបង្កើត​ជាសហគមន៍ ១០០ ឬ ២០០ គ្រួសារ ដីចូល ១០០០ ឬ ២០០០ ហិកតា អាចដាំបន្លែ ដាំអីបានល្អ។ ជួនកាលនៅតាកែវនេះ​ អាចផ្គត់ផ្គង់តំ​បន់ភ្នំពេញបាន។ តាមការជជែកគ្នាថ្ងៃមុន កសិកម្មបានលើកគោលដៅសក្ដានុពលនៅខេត្តកណ្ដាលហើយនិងតាកែវ អាចផ្គត់ផ្គង់ភ្នំពេញបាន ព្រោះភ្នំពេញមិនអាចធ្វើកសិកម្មបានទេ ដុះសុទ្ធតែផ្ទះហើយ។ ឥឡូវគេឲ្យនាំគ្នាដាំដើម​ឈើលើដំបូលផ្ទះនៅភ្នំពេញដើម្បីឲ្យបៃតងខ្លះ អត់ទៅដាំស្រូវដាំអីបានទៀតទេ។ នៅផ្ទះខ្ញុំ បានមៀនមួយដើម។ ម៉ាក់ក្មេកគាត់ដាំបានផ្លែមក ហើយមានស្វាយប៉ុន្មានដើម។

អញ្ចឹងត្រូវការភ្ជាប់ទីផ្សារផ្ទៃក្នុងរបស់យើង។ តែយើងរុញនេះ មិនមែនថាកសិកម្មសុទ្ធ ឬឧស្សាហកម្មសុទ្ធអីនោះទេ។ យើងរុញទាំងអស់ដើម្បីធានាបានផល ព្រោះសុទ្ធតែប្រជាពលរដ្ឋយើងទាំងអស់ ជួយគ្នាទៅវិញទាំងមក។ ឪពុកម្តាយយើង។ ថ្ងៃនេះខ្ញុំសុំបញ្ជាក់ហើយជាសារជូនដល់ប្រជាពលរដ្ឋដែលនៅទូទាំងប្រទេសផងដែរ ដែលតាមដាននូវ live ឬមួយបន្តិចទៀតគេយកទៅចាក់ផ្សាយឡើងវិញ … ខ្ញុំសុំបើកវង់ក្រចកនិយាយទៅកិច្ចការអីផ្សេងពាក់ព័ន្ធប្រទេសជាតិ ព្រោះប្រជាពលរដ្ឋយើងដែលត្រូវការស្តាប់ ហើយជាសិទ្ធរបស់ប្រជាពលរដ្ឋគ្រប់កន្លែងត្រូវការដឹង … ព្រោះវាទាក់ទងអនាគតរបស់គាត់។ តើកម្ពុជាថ្ងៃក្រោយក្លាយទៅជាកូនជឹងរបស់ចិននោះទេ? តើពាណិជ្ជកម្មជាមួយចិនធ្វើឱ្យកម្ពុជាបាត់ឯករាជ្យនោះទេ? វាអត់ទេ។ ខ្ញុំបានបញ្ជាក់ធ្វើអីក៏ដោយបងប្អូនជឿទុកចិត្តចុះ ជំនាន់ចៅទួត ចៅលួត ចៅលា របស់បងប្អូន ជាមួយរបស់ខ្ញុំ កម្ពុជាកាន់តែរឹងមាំ កាន់តែមានអធិបតេយ្យភាពត្រូវតែរក្សាឱ្យបាន កម្ពុជាកាន់តែសម្បូរសប្បាយ …។

(៤២) ចរចាទាំងបៀវត្សទាំងអត្ថប្រយោជន៍, សិក្សាបន្ធូរថ្លៃអគ្គិសនី, ប៉ុស្តិ៍មន្ត្រីការងារនៅសាកែវនិងសុងក្លា, អត្តសញ្ញាណកម្មសហការជាមួយការបរទេសរឿងប្រចាំចេញលិខិតឆ្លងដែន (សរុបឡើងវិញ)

ខ្ញុំមិនចង់បន្តទៀតទេ។ ប៉ុន្មានហើយ។ ១ម៉ោងកន្លះហើយ។ អញ្ចឹងបានហើយ។ ខ្ញុំសុំអភ័យទោស គេថា និ​យាយចាកប្រធាន។ ប៉ុន្តែវាអត់ចាកទេ។ រឿងផលប្រយោជន៍ផ្ទាល់របស់បងប្អូន ខ្ញុំបាននិយាយហើយ។ ឯកឧត្តម ហេង សួរ ក៏បានអានរួចទៅហើយ។ បងប្អូនក៏បានឃើញទៅហើយ។ ប៉ុន្មានថ្ងៃទៀតនឹងមានការប្រ​កាស​នៅក្នុងការដំឡើងបៀវត្សអប្បបរមាយើងប៉ុន្មាន។ ឥឡូវកំពុងចរចាអត្ថប្រយោជន៍ផ្សេងទៀត ព្រោះពេលដំឡើងម្តងៗ យើងមិនមែនចរចាតែរឿងប្រាក់បៀវត្សសុទ្ធទេ ចរចាអត្ថប្រយោជន៍ផ្សេងទៀត ព្រោះបៀវត្សអប្បបរមាសម្រាប់អ្នកចូលថ្មី ដល់អត្ថប្រយោជន៍ផ្សេងៗសម្រាប់អ្នកទាំងថ្មីទាំងចាស់។ អញ្ចឹងយើងនឹងបន្តថាធ្វើម៉េចដើម្បីឱ្យបានមុនភ្ជុំឱ្យខ្ញុំ។ តែអត់បានមុនភ្ជុំបងប្អូនទាំងអស់ទៅផ្ទះឯកឧត្តម ហេង សួរ។

អរគុណឯកឧត្តម កែវ រតនៈ សុំគិតគូរអំពីរឿងក្របខណ្ឌការបន្ធូរតម្លៃអគ្គិសនីកម្រិតណាមួយនៅក្នុងជាង ២ ម៉ឺនសហគ្រាសហ្នឹង ដែលយើងបានធ្វើ។ មិនបានទាំងអស់ទេ ប៉ុន្តែក៏បានខ្លះជួយបន្ធូរខ្លះដែរ ហើយយកចិត្តទុកដាក់ពីអ្នកដែលបង្កើនលទ្ធភាពខ្លាំង ដើម្បីឱ្យគាត់ជំរុញផលិតឱ្យកាន់តែច្រើននៅក្នុងកសិ-ឧស្សាហកម្ម ក៏ដូចជាឧស្សាហកម្ម ជួយបានតិចបានច្រើនសុំឱ្យអបអរសាទរគ្នា ឱ្យបានបន្ធូរទាំងអស់គ្នា។

ឯកឧត្តម ស សុខា ឯកឧត្តម សុខ ចិន្ដា អត់បានមកទេថ្ងៃនេះ? ខិតខំជជែករឿងដាក់យន្តការ ហើយក្រសួងការងាររឿងប៉ុស្តិ៍មន្ត្រីនៅសាកែវ និងសុងក្លាបន្ថែមទៀត។ មានបងប្អូនសួរខ្ញុំថា តិចឱ្យមកធ្វើសេវានៅហ្នឹងតម្លៃ ១ ឡើងជា២? យើងអត់មានចំណាយអីច្រើនទេ គ្រាន់តែចំណាយ Apply ហ្នឹងតាមអនឡាញ ហើយបញ្ជូនឯកសារមកមន្រ្តីអត្តសញ្ញាណកម្មនៅទូត អាចថាផ្តិតមេដៃ ហើយបញ្ជូនមកនេះ។ អញ្ចឹងថ្លៃសេវាអត់មានត្រូវមួយគុណជាពីរទេ។ វាអាចថ្លៃសេវាមួយចំនួនក្នុងការផ្ញើអីហ្នឹងដឹកជញ្ជូន។

ថ្ងៃហ្នឹងអត់បានបញ្ជាក់។ មកវិញបងប្អូនសួរ។ បើអ្នកខាងរិះគន់វិញ គាត់ទើសរហូត។ គាត់ថា ហ៊ុន ម៉ាណែត ប្រកាសហ្នឹង ប្រាកដជាកៀបកប្រជាពលរដ្ឋក្នុងរូបភាពអីហើយ។ ឱ្យធ្វើនៅនោះ ប្រហែលជាដំឡើងមួយគុណជាពីរ ជាបីហើយ។ តម្លៃខ្ញុំអាចឱ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជជែកជាមួយស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាកុំឱ្យតម្លៃនេះវាហួស … បើជ្រុលជាជួយឱ្យប្រជាពលករនៅកូរ៉េ ជួយគាត់ឱ្យចប់ចុងចប់ដើម។ នេះបានហៅថាជួយពិត ហើយនេះហើយជាឆន្ទៈរបស់រាជរដ្ឋាភិបាលរបស់យើង។ ខាងអត្តសញ្ញាណកម្ម ខ្ញុំបានជួបជាមួយប្អូន សុខា ជាមួយលោក តុប នេត ក៏បានឯកភាពគ្នាហើយ … អញ្ចឹងបងប្អូននៅកូរ៉េកុំព្រួយបារម្ភ … ខ្ញុំឱ្យគិតគូរទាំងក្របខណ្ឌពេលវេលាទៀត។ ក្របខណ្ឌពេលវេលាត្រូវធ្វើយ៉ាងណាកុំឱ្យយូរពេក … ជួន​កាលបងប្អូនគាត់ជិតផុត … យើងយូរពេក គាត់ក្លាយទៅជាអ្នកខុសច្បាប់នៅនោះ ដោយសារអស់សុពលភាព។

ក្រសួងការងារនិងទូតរបស់យើងត្រូវធ្វើយ៉ាងម៉េចជួយ។ បើលើសខ្វះអីបន្តិចបន្តួច​ ចរចារជាមួយគេដើម្បីជួយ ព្រោះជួនកាលការគិតគូរ ការអនុវត្តរបស់យើងវាមានបញ្ហាបច្ចេកទេសផ្សេងៗ។ តែសុំធ្វើយ៉ាងម៉េច ទាំងតម្លៃ ទាំងពេលវេលា ទាំងហានិភ័យ(អោយបានសមរម្យ)។ រឿងសន្តិសុខយើងត្រូវគ្រប់គ្រងឲ្យបាន។ អត្តសញ្ញាណកម្មជាអ្នកទទួលខុសត្រូវទៅលើកិច្ចការទិន្នន័យជាមួយមហាផ្ទៃ ជាមួយខាងក្រសួងការបរទេស (ដើម្បីការបរទេស)ជួយសម្រួលផ្ដល់កន្លែង ផ្ដល់ការគាំទ្រផ្លូវទូតតាមដែលអាចធ្វើទៅបាន តែមិន​លូកដៃក្នុងការងារជំនាញទេ។

ក្រសួងការងារអាចពិនិត្យក្នុងការជួយយ៉ាងម៉េច ព្រោះនៅនោះមានមួយជ្រុងមិនមែនរឿងអត្តសញ្ញាណនោះទេ ជួនកាលរឿងជួយប្រជាពលរដ្ឋក្នុងការយក passport អី ជួយបំពេញបែបបទស្អីផ្សេងៗ តែរឿងអត្តសញ្ញាណ​កម្ម(ជាការងារ)របស់អត្តសញ្ញាណកម្មអ្នកធ្វើ អត់មានប៉ះពាល់ ហើយទិន្នន័យអត់មាន share ទេ។ តិចការបរទេសនិងការងារសុំ share គឺអត់ទេ ព្រោះអាហ្នឹងវាពាក់ព័ន្ធនឹងសន្តិសុខជាតិ។ រឿងទិន្នន័យស្ថាប័នដែលដឹងបានដឹង មិនដឹងកុំចង់ដឹង។ បើគ្មានសិទ្ធិដឹង កុំទារគេចង់ដឹង។

យើងសាកល្បងនៅកូរ៉េ ហើយ​នៅថៃ។ រុញទីប្រឹក្សាពលករឲ្យបងប្អូនយើងទាំងអស់ធ្វើរួមគ្នា ទាំងក្នុងនិងក្រៅប្រទេស។ បន្តិចទៀត ខ្ញុំទៅជួបប្រជាពលរដ្ឋប៉ុន្មានពាន់នាក់នៅអាមេរិក និយាយជាមួយគាត់ពីអត្ថប្រយោជន៍ខ្លះ ទូតយើងនៅនោះធ្វើអីខ្លះជូន ស្អីខ្លះយើងនឹងខិតខំជួយបងប្អូនយើង។ គាត់ទៅក្រៅប្រទេស មិនមែនគាត់ចង់ទៅ។ ភាគច្រើនអ្នកដែលចេញទៅ គឺដោយសារសង្រ្គាម រត់ចោលស្រុក គ្មានជម្រើសតែម្ដង។ ឥឡូវគាត់បានមកស្រុកវិញហើយ គាត់បានមកភ្ជាប់ អ្នកខ្លះបានចូលនិវត្ត គាត់មកនៅហ្នឹងស្រួល … ខ្ញុំទៅសម្ពោធវត្តនៅតាកែវ សុទ្ធតែអ្នកនៅអាមេរិកនៅអី មកជួយកសាងស្រុកកំណើតរបស់ខ្លួន …។

អំណោយ

អរគុណសាជាថ្មីចំពោះឯកឧត្ដម លោកជំទាវ គណៈអធិបតីទាំងអស់ ជូនបងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួមនៅព្រឹកនេះ សូមជូនពរ ប្រសិទ្ធពរឲ្យទទួលបានសេចក្ដីសុខ សុខភាពល្អ អាយុយឺនយូរ និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀយឡើយ។ ហើយទាក់ទងនឹងការងារថ្ងៃនេះផងដែរ ខ្ញុំសូមជូនបងប្អូនកម្មករ បុគ្គលិកមកពីបណ្ដារោងចក្រសហគ្រាស ១៨ ​នៅស្រុកបាទី ខេត្តតាកែវ ចំនួន ១៨ ​​១០៤នាក់ ម្នាក់ៗទទួលបានអាហារសម្រន់ និងថវិកា ២ម៉ឺនរៀល និងបន្ថែមជូនកម្មការិនីមានផ្ទៃពោះម្នាក់ៗ ២០០ដុល្លារអាមេរិកផងដែរ។ ជូនក្រុមគ្រូពេទ្យប្រចាំការ ៣លានរៀល និងក្រុមតន្រ្តី ៥លានរៀល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ