(ណាននីង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកទស្សនៈសំខាន់ៗចំនួន៥ចំណុច ដើម្បីពង្រឹងតួនាទីអាសិបបន្ថែមទៀត ក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ការចែករំលែកទស្សនៈខាងលើនេះ ធ្វើឡើងឱកាសកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ក្រោមប្រធានបទ «ការធ្វើសមាហរណកម្មក្នុងទីផ្សារ បើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៉ី នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់កម្ពុជា កិច្ចព្រមព្រៀងអាសិប ពិតជាមានសារៈសំខាន់ និងជាការចូលរួមចំណែករបស់កម្ពុជា ក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុថាការចាប់ផ្តើមចរចា និងចូលជាធរមានរបស់អាសិប បានកើតឡើងក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ពោលគឺក្នុងឆ្នាំ២០១២ និង២០២២។ សម្រាប់ក្របខណ្ឌតំបន់ អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុត លើពិភពលោក ដែលមានលក្ខណៈទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។
ជាមួយនឹងភាពមិនប្រាកដប្រជាសកលកាន់តែខ្លាំងក្លាឡើង នាពេលបច្ចុប្បន្ន តួនាទីរបស់អាសិប រឹតតែមានសារៈសំខាន់ក្នុងការពង្រឹងទំនុកចិត្ត លើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ដើម្បីពង្រឹងតួនាទីអាសិបបន្ថែមទៀត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈមួយចំនួន ដូចខាងក្រោម៖
ទី១៖ ខ្ញុំជឿជាក់ថា ប្រទេសសមាជិកទាំងអស់មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដូច្នេះអាស៊ាន និងចិន ចាំបាច់ត្រូវពង្រឹងភាពធន់នៃកិច្ចសហប្រតិបត្តិការ និងអន្តរកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ការជំរុញពាណិជ្ជកម្មពហុភាគី ដែលសេរីបើកចំហមានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ នៅតែជាដំណោះស្រាយរួម ដែលសមស្របបំផុតសម្រាប់យើងទាំងអស់គ្នា។
ទី២៖ ក្រៅពីពាណិជ្ជកម្មទំនិញ យើងក៏គួរផ្តោតការយកចិត្តទុកដាក់លើការជំរុញពាណិជ្ជកម្មសេវាកម្ម និងពាណិជ្ជកម្មឌីជីថលផងដែរ។ ខ្ញុំមើលឃើញសក្តានុពលពីសហថាមពល រវាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប ដើម្បីជំរុញបន្ថែមទៀតដល់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម។ សម្រាប់ពាណិជ្ជកម្មឌីជីថល ក្នុងពេលដែលយើងចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ខ្ញុំយល់ថាយើងចាំបាច់ត្រូវប្រមើលពីតួនាទីរបស់អាសិបនៅក្នុងក្របខណ្ឌនេះផងដែរ ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលឱ្យមានវិសាលភាពកាន់តែទូលំទូលាយ។
ទី៣៖ យើងត្រូវទទួលស្គាល់ថា វិស័យឯកជន គឺជាតួអង្គគន្លឹះក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងជាអ្នកជួយចែកចាយផលលាភសេដ្ឋកិច្ចឱ្យបានទូលំទូលាយទៅដល់ប្រជាជន។ ដូច្នេះយើងត្រូវបន្តបញ្ជ្រាបពីសារៈសំខាន់របស់អាសិបដល់វិស័យឯកជន ព្រមទាំងជំរុញនិងគាំទ្រលទ្ធភាពរបស់ពួកគេក្នុងការចូលរួមអនុវត្តអាសិប ជាពិសេសសហគ្រាសធុរកិច្ចថ្មី ធុនតូច និងមធ្យម។
ទី៤៖ យើងគួរចាប់ផ្តើមពន្លឿនការបញ្ចប់នីតិវិធី សម្រាប់ការស្នើសុំចូលជាសមាជិកអាសិបថ្មីៗថែមទៀត និងគិតគូរពីការពង្រីកសមាជិកភាព។ នេះគឺជាគោលនយោបាយរួមរបស់អាស៊ាន ដើម្បីជំរុញសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចសកលលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដែលមានសក្តានុពល។
ទី៥៖ ការធានាបរិយាប័ន្នភាពនៃកិច្ចព្រមព្រៀងអាសិប មានសារៈសំខាន់ក្នុងការបង្កើតភាពទាក់ទាញ និងបង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមពាណិជ្ជកម្មពហុភាគី។ ក្នុងន័យនេះ ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដែលនឹងជួយឱ្យសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួចអាចមានលទ្ធភាពចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន។
សម្ដេចធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ នៅតែបន្តពង្រឹងតួនាទីរបស់កម្ពុជាក្នុងអាស៊ាន ពង្រឹងអភិបាលកិច្ច និងពង្រីកតួនាទីរបស់វិស័យឯកជន និងជំរុញសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសកលលោក ក្រោមក្របខណ្ឌអាស៊ាន អាស៊ានជាមួយដៃគូ និងអាសិប ដើម្បីទាក់ទាញការវិនិយោគពីបរទេស លើកកម្ពស់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមថា ពិព័រណ៍ និងកិច្ចប្រជុំកំពូលនេះនឹងផ្តល់នូវការយល់ដឹងកាន់តែប្រសើរអំពីកាលានុវត្តភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងបង្កើតទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា៕