សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន-ជប៉ុន លើកទី​២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ដឹកនាំកិច្ចប្រជុំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន និងលោក ​ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់​ព្រះចៅ​ស៊ុល​តង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សន​សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និង​លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយ​មន្ត្រី​ជាន​ខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។

កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ក៏ដូចជាកិច្ចប្រជុំកំពូលនានានៅឆ្នាំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រ​ខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេតការណ៍។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូល​រួមនៅក្នុង​កិច្ចប្រជុំនេះផងដែរ។

សូមបញ្ជាក់ថា អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងសន្ទនាក្រៅផ្លូវការលើក​ដំបូង​នៅក្នុង​ឆ្នាំ១៩៧៣ ក្រោយមកត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការនៅខេមីនា ឆ្នាំ១៩៧៧ ដោយមានការ​កោះប្រជុំ​ជាវេទិកាអាស៊ាន-ជប៉ុន។

តាំងពីនោះមក មានការរីកចម្រើនគួរឱ្យកត់សម្គាល់លើកគ្រប់វិស័យ មានទាំងសន្តិសុខ នយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងសង្គម-វប្បធម៌។

ប្រទេសជប៉ុន បានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ី​អាគ្នេយ៍ (TAC) នៅខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនា ដែលតែងតាំង​អគ្គ​រដ្ឋ​ទូតប្រចាំអាស៊ានរបស់ខ្លួន នៅលេខាធិការដ្ឋានអាស៊ាន ឯទីក្រុងហ្សារកាតា។ ស្ថានបេសកកម្ម​​ជប៉ុន​​ប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១។

បើយោងតាមទិន្នន័យអាស៊ាន សម្រាប់ឆ្នាំ២០២១ បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន បានឈានដល់ ២៤០,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុន ក្នុងឆ្នាំ២០២១ មានចំនួន ១២.០ពាន់លានដុល្លារអាមេរិក ឬកើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះ​ធ្វើឲ្យ​ប្រទេស​ជប៉ុន​ជា​ដៃគូពាណិជ្ជកម្មលំដាប់ទី៣ ​របស់​អាស៊ាន ក្នុងចំណោមដៃគូសន្ទនារបស់អាស៊ាន ក្នុងឆ្នាំ២០២១ដូចគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ