(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក៣លើកទី២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំកំពូលអាស៊ាន បូក៣ គឺជាកិច្ចប្រជុំរវាងមេដឹកនាំប្រទេសសមាជិកអាស៊ាន រួមជាមួយប្រទេសក្នុងតំបន់៣ទៀត រួមមានចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
កិច្ចប្រជុំកំពូលអាស៊ានបូក៣ ដឹកនាំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន ហើយក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយមន្ត្រីជានខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។
កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ក៏ដូចជាកិច្ចប្រជុំកំពូលនានានៅឆ្នាំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេតការណ៍។ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។
ក្រៅពីនេះភាគីចិនអញ្ជើញចូលរួមដោយលោក លី ឈាំង នាយករដ្ឋមន្ត្រីចិន, ជប៉ុន អញ្ជើញចូលរួមដោយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ហើយកូរ៉េខាងត្បូងអញ្ជើញចូលរួមដោយលោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា អាស៊ាន បូក៣ បានចាប់ផ្ដើមធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅឆ្នាំ១៩៩៧ ដែលពេលនោះមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី។ កិច្ចប្រជុំកំពូលរវាងអាស៊ាន រួមជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។
របាយការណ៍បានបញ្ជាក់ថា កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន ជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានកើនដល់ជិត ១.១ម៉ឺនលានដុល្លារអាម៉េរិក។ ទំហំនេះ មានកំណើនប្រមាណ ២៥.១ភាគរយ ធៀបនឹងឆ្នាំ២០២០៕