សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤​ ដល់​ឆ្នាំ១៩១៨”

CNV:

  • ឯកឧត្តម ហ្សាក់ស៍ ប៉េឡេ (H.E. Jacques Pellet) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំ​ព្រះរាជាណាចក្រកម្ពុជា
  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួម ពិធីសម្ពោធ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១​ ពីឆ្នាំ១៩១៤​ ដល់​ឆ្នាំ១៩១៨ ដែលខ្ញុំ​បាន​ប្រកាស​ ជាសាធារណៈ​អំពីការសម្រេចចិត្តសាងសង់​វិមាន​នេះឡើងវិញ ក្នុងសន្និសីទ​សារព័ត៌មាន​រួមគ្នាមួយ​នៅវិមានអេលីហ្សេ  (Elysée) ជាមួយឯកឧត្តម  អេមម៉ានូអែល ម៉ាក្រុង  (H.E. Emmanuel  Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងដំណើរ​ទស្សនកិច្ច​របស់ខ្ញុំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសយើងទាំង២ បារាំង-កម្ពុជា។

ការសម្ពោធនូវវិមាននេះ ធ្វើឡើងចំថៃ្ងនៃបុណ្យជាតិបារាំង ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរ។

​ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល​បាន​ស្នើមកខ្ញុំ​ ដើម្បី​សាងសង់​វិមាន​នេះឡើងវិញនៅលើទីតាំង​​ដដែល ដោយយកតាម​លំនាំ​ដើម​របស់លោក ប៉ូល ឌុយក្វាំង (Paul Ducuing) ដែលជាអ្នករចនា​វិមាន​នេះ កាលពីឆ្នាំ១៩២៥។ ការសាងសង់​វិមាន​នេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែល​ជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។

ជាការពិត ប្រជាជាតិខ្មែរមានប្រវត្តិដ៏យូរលង់ និងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបារាំង និងខ្មែរតាមរយៈកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់​​របស់បារាំងលើវិស័យចំនួន ៥ គឺទ័ពជើងទឹក ទ័ពជើងគោក រដ្ឋបាល ការទូត និងបញ្ញវន្ត។ សាមគ្គីភាពបារាំង-ខ្មែរកាន់តែរីកចម្រើនជាមួយនឹងការជួយគ្នាទៅវិញទៅមក ពិសេសក្នុងអំឡុងសង្គ្រាមលោកលើកទី១ ឆ្នាំ ១៩១៤។ នៅដើមឆ្នាំ​១៩១៦ រាជការបារាំងបានអំពាវនាវរកអ្នកស្ម័គ្រចិត្តខ្មែរ ដើម្បីចូលរួមជាមួយកងទ័ពបារាំង ធ្វើសង្រ្គាមប្រឆាំងពួកអាល្លឺម៉ង់  ហើយបានចេញព្រះរាជប្រកាសជាច្រើន ដែលបានបិទផ្សាយនៅគ្រប់ភូមិស្រុកក្នុងប្រទេសកម្ពុជា។ ក្នុងដំណើរការជ្រើសរើសអ្នកស្ម័គ្រចិត្តប្រយុទ្ធនៅក្នុងសង្រ្គាមបារាំង-អាល្លឺម៉ង់ ព្រះសង្ឃខ្មែរក៏បាននិមន្តចូលរួមផងដែរ ចំណែកព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះស៊ីសុវត្ថិ ព្រះអង្គបានយាងទៅជ្រើសរើសអ្នកស្ម័គ្រចិត្តជាទាហានប្រយុទ្ធ និងទាហានជាងចំនួន ២ លើក បានចំនួន ៥១៦ នាក់ ចេញពីខេត្តព្រៃវែង ខេត្តបាភ្នំ ខេត្តពារាំង ខេត្តស៊ីធរកណ្តាល ខេត្តល្វាឯម ខេត្តរំដួល ខេត្តស្វាយទាប និងខេត្តរមាសហែក​។ ព្រះបាទព្រះស៊ីសុវត្ថិ ព្រះអង្គបានបញ្ចូនអ្នកអង្គម្ចាស់មួយចំនួនទៅច្បាំងនៅប្រទេសបារាំង ពេលនោះ មានអ្នកអង្គម្ចាស់ ២ អង្គ បានសុគតនៅក្នុងសង្រ្គាម ហើយបានបង្កើតជាកម្លាំងចលករ ធ្វើឱ្យប្រជារាស្ត្រខ្មែរជាច្រើននាក់បានយកតម្រាប់តាមព្រះអង្គដោយស្ម័គ្រចិត្តចូលធ្វើទាហានប្រយុទ្ធ និងទាហានជាង នៅក្នុងសង្គ្រាមនោះដែរ។ ស្មារតីកិច្ចសហប្រតិបត្តិការ បារាំង-ខ្មែរនាពេលនោះកាន់តែស្អិតរមួត កម្ពុជាបានខិតខំបង្កបង្កើនផលស្រូវ ពោត ល្ង និងភោគផលកសិកម្មផ្សេងទៀត ដើម្បីបញ្ជូនទៅជួយឧបត្ថម្ភប្រទេសបារាំង ដែល​កំពុងត្រូវការស្បៀងអាហារជាបន្ទាន់ក្នុងសង្រ្គាម ៥០ ខែ រវាងបារាំង និងអាល្លឺម៉ង់។

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ឥទ្ធិពលនៃសុខសន្តិភាពបានធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ  ជាពិសេស​ការធានាការពារ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសណ្ដាប់​ធ្នាប់សង្គម ការរៀបចំការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់តាមបែបប្រជាធិបតេយ្យ តាម​រយៈការអនុវត្តនយោបាយ​ការបរទេស​ដោយឯករាជ្យ ផ្អែក​លើច្បាប់ និង​ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈ​កម្ពុជាជាប្រធានអាស៊ាន។ ពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២  និងកីឡាអាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ ​ប្រកប​ដោយ​ជោគជ័យ​ត្រចះត្រចង់ ដោយបានផ្សព្វ​ផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទៅទូទាំងតំបន់ និងពិភពលោក ជាពិសេសបង្ហាញអំពីសក្តានុពល និងកិត្យានុភាពកម្ពុជា ក្នុងការរៀបចំពិធីជាលក្ខណៈអន្តរជាតិបានពេញលេញ ប្រកប​ដោយថាមពល និងមានសុវត្ថិភាពនៅក្នុងបាវចនា “កីឡារស់ក្នុងសន្តិភាព” “សន្តិភាពដើម្បីទាំងអស់គ្នាទាំងអស់គ្នា ដើម្បីសន្តិភាព”។

ជាងនេះទៀត  រាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ​ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ក្នុងនោះបណ្តាញផ្លូវក្រុង សួន និងសំណង់សាធារណៈ រួមមានសំណង់បេតិកភណ្ឌ សំណង់​ប្រវត្តិសាស្រ្ត និងទីតាំង​បុរាណនានា ដោយបានរំលេចនូវវប្បធម៌ ប្រពៃណី​ និងអរិយធម៌ ជា​មួយនឹងការការពារ​ ការអភិរក្ស និងការ​ស្ថាបនា​ឡើងវិញនូវរូបសំណាកបដិមា ឬសំណង់បេតិកភណ្ឌវប្បធម៌ នៅតាមសួន និងទីតាំងសាធារណៈ។ ដោយឡែកពេលនេះ រាជរដ្ឋាភិបាល​សម្រេចបានការ​សាងសង់ឡើងវិញនូវ  “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១​ ពីឆ្នាំ១៩១៤​ ដល់​ឆ្នាំ១៩១៨”  ដែលបាន​សាងសង់ដោយ​អាណាព្យាបាល បារាំង​កាលពី​ឆ្នាំ​១៩២៥ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង​ ក្នុងរាជធានីភ្នំពេញ ហើយដែលស្ថាបត្យកម្មនេះ ត្រូវបានបំផ្លាញចោលដោយ​របបកម្ពុជា​ប្រជាធិបតេយ្យ​នៅអំឡុង​ឆ្នាំ១៩៧៥។

ជាមួយនេះ ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធ​​យុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង ១៩៨ នាក់​ ដែល​បាន​ពលីជីវិត​ក្នុង​សង្រ្គាម​លោក ចន្លោះពីឆ្នាំ​១៩១៦ ដល់ឆ្នាំ​១៩១៨ គឺជាការ​ដាស់​តឿន​កុលបុត្រខ្មែរ​ ដែលជាទំពាំងស្នងឫស្សីគ្រប់រូប ​ឱ្យស្គាល់តម្លៃនៃសន្តិភាព ដែល​ជាគុណតម្លៃ​សកលនៃមនុស្សជាតិ​ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បី​ទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឱ្យនៅស្ថិតស្ថេរយូរអង្វែង​ច្រើនជំនាន់តរៀងទៅ ដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិយើង។

ក្នុងនាមរាជរដ្ឋាភិបាល  ខ្ញុំសូមប្រគល់​សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះជូន​រដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង ​និង​ថែរក្សា​ហើយវិមាន​នេះ នឹងបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។ ជាមួយនេះ  ខ្ញុំ​ក៏បានផ្តល់​ការអនុញ្ញាត​ជូន​​ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងទុកជាប្រយោជន៍ ក្នុងការ​ប្រើប្រាស់​វិមាន​នេះ ដើម្បី​រៀបចំពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​​ ថ្ងៃ​បញ្ចប់​សង្រ្គាម​លោកលើកទី១ និងពិធីផ្សេងៗទៀតផងដែរ។

[ចាប់ផ្ដើមអត្ថាធិប្បាយ]

សង្ឃឹមថា ឯកឧត្ដម ហ្សាក់ស៍ ប៉េឡេ ជួយទាក់ទាញទេសចរណ៍របស់បារាំង ហើយឲ្យពួកគេមកកាន់ទីនេះ ដើម្បីដាក់ផ្កាគោរពវិញ្ញាណក្ខន្ធចំពោះអ្នកដែលបូជាជីវិតកាលពីសង្រ្គាមលោកលើកទី១។ ហើយនេះគឺជាចំណុចល្អនៃទំនាក់ទំនងរបស់យើង ដែលជាផ្នែកមួយនៃទំនាក់ទំនងប្រជាជន និងប្រជាជន។

[បញ្ចប់អត្ថាធិប្បាយ]

មុននឹងបញ្ចប់ ខ្ញុំ​សុំយកឱកាសនេះ អំពាវនាវ​បងប្អូនជនរួមជាតិសូម​អញ្ជើញទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះដើម្បីជ្រើសរើសគណបក្សនយោ​បាយ និងមេដឹកនាំប្រទេស ដែលបងប្អូនស្រឡាញ់ពេញចិត្ត និងជឿជាក់ ថាពិតជាគណបក្សដែលដឹកនាំធ្វើឱ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនាគ្រប់ជាតិសាសន៍ មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងភាពសម្បូរសប្បាយរុងរឿង ជូនប្រទេសជាតិ និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត។  ​

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសឱ្យប្រើប្រាស់​ជាផ្លូវការ​ នូវវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១​ ពីឆ្នាំ១៩១៤​ ដល់​ឆ្នាំ១៩១៨ ខ្ញុំសូម​​ជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមទទួលបាន​នូវ​ពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ