ក្នុងព្រះរាជហឬទ័យនឹករលឹក ខ្វល់ខ្វាយជានិច្ច អំពីការរួមសុខរួមទុក្ខ រវាងព្រះមហាក្សត្រជាមួយនឹងសុខទុក្ខរបស់ប្រជារាស្ត្រ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យសេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គដែលមានជីវភាពទីទ័លក្រ ជាកសិករ ជនជាតិដើមភាគតិចមាន ខ្មែរ គួយ ព្នង ឌោញ រស់នៅភូមិទ្រាប និងសណ្តាយ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
ព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាង បំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមនេះ ជាសក្ខីភាពបង្ហាញអោយឃើញថា ទុក្ខលំបាករបស់ប្រជារាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាអម្ចាស់នៃយើងដែលព្រះអង្គបានបន្តស្នាព្រះហត្ថដ៏ឧត្តុងឧត្តមពីសម្តេចឪ សម្តេចតា សម្តេចតាទួត ដែលព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ នៅគ្រប់ពេលវេលាចំពោះសុខទុក្ខ របស់ប្រជារាស្ត្រ ដើម្បីចូលរួមចំណែកជាមួយ និងការខិតខំយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ស្ថាប័នកំពូលជាតិ និងសប្បុរសជន នៅគ្រប់មជ្ឃដ្ឋានក្នុងការ ជួយសង្គ្រោះប្រជារាស្ត្រទីទ័លក្រ ប្រជារាស្ត្រ ដែលងាយទទួលរងគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ខ្យល់ព្យុះ, គ្រោះរាំងស្ងូតជាដើម, និងដោយឧប្បទ្ទវហេតុផ្សេងៗ បានយ៉ាងទាន់ពេលវេលា។