(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ១១ ឆ្នាំ ២០២៣

CNV:

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
  • អង្គពិធី ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង “ពិធីអបអរសាទរ​​​ទិវាជាតិទីក្រុងស្អាត​លើកទី ១១ ឆ្នាំ ២០២៣” ក្រោម​ប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់​ភាពកក់ក្តៅ” អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ៣ នាពេលនេះ។

ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបំពេញប្រកបដោយជោគជ័យ នាពេលកន្លងមក ពិសេសការផ្តួចផ្តើមឱ្យមានចលនាប្រឡងប្រណាំង    ទីក្រុងស្អាតនៅថ្នាក់ជាតិ និងទីក្រុងទេសចរណ៍ស្អាត នៅថ្នាក់តំបន់អាស៊ាន។ ខ្ញុំក៏សូមកោតសរសើរចំពោះថ្នាក់នាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន, សហភាពសហព័ន្ធយុវជនកម្ពុជា, ដៃគូអភិវឌ្ឍ និងប្រជាជនគ្រប់រូប ដែលតែងតែផ្តល់កិច្ចសហការល្អចូលរួមគាំទ្រដល់ការងារទីក្រុងស្អាត សំដៅចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាពធន់, ចីរភាព, គុណភាព និងបរិយាប័ន្ន។

ទន្ទឹមនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបលទ្ធផលនៃការវាយតម្លៃការប្រឡងប្រណាំង ទីក្រុងស្អាតលើកទី ៣ និងសូមអបអរសាទរដល់ក្រុង/ខណ្ឌជ័យលាភីទាំងអស់ និងសូមបន្តខិតខំអនុវត្តការងារ ដើម្បីទទួលបានចំណាត់ថ្នាក់កាន់តែល្អប្រសើរនៅក្នុងការប្រឡងប្រណាំង។

នៅឆ្នាំ ២០២២ កន្លងទៅ, កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀត លើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបី ជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុង និងត្រូវបន្តទទួលរងឥទ្ធិពលពីការវិវត្តស្មុគស្មាញនៃសភាព-ការណ៍អន្តរជាតិក្តី។

សុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់ល្អបរិបូរណ៍ពេលបច្ចុប្បន្ននេះ គឺជា​មូលដ្ឋានដ៏រឹងមាំ, គាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ ហើយផ្តល់នូវកាលានុវត្តភាព​យ៉ាងធំធេង​ដល់ ការកសាងអនាគតកម្ពុជា ប្រកបដោយភាពរុងរឿង និងជវភាព។ ការស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ កំពុងមានការវិវឌ្ឍយ៉ាងល្អប្រសើរ ដោយកំណើនសេដ្ឋកិច្ចជាតិបានងើបឡើងវិញយ៉ាងឆាប់រហ័ស និងមានភាពរឹងមាំ ជាមួយនឹងកំណើន ៣% នៅឆ្នាំ ២០២១ និងប្រមាណ ,២% នៅឆ្នាំ ២០២២ ហើយនៅ ឆ្នាំ ២០២៣ រំពឹងថានឹងមានកំណើន ,៦%។

ទន្ទឹមនេះ, វិស័យទេសចរណ៍នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ, ក្នុងនោះ សម្រាប់ឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ,២ លាននាក់ កើនឡើង ១០៥៩% ធៀបឆ្នាំ ២០២១។ ជាមួយនេះ, ភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិប្រមាណជិត ១៤ លាននាក់ កើនឡើង ១៩៩% និងទេសចរបរទេសផ្ទៃក្នុងប្រមាណជិត ២ លាននាក់ កើនឡើង ៥៧២% ធៀបឆ្នាំ ២០២១។ តាមការប៉ាន់ស្មាន, ពេញមួយឆ្នាំ ២០២៣ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤ លាននាក់ និងទេសចរជាតិប្រមាណ ១៥ លាននាក់។

ដើម្បីឆ្លើយតបនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ ២ ដែលត្រូវ គិតគូរស្របពេលគ្នា គឺ ការបង្កើនឧត្ដមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជាយុទ្ធសាស្រ្តមួយដ៏សមស្រប ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត បៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី

ចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺជាយន្តការវាយតម្លៃ និងជាការក្រើនរំលឹកដល់រដ្ឋបាលដែនដី,   អាជ្ញាធរ​មូលដ្ឋាន, វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ, ភ្ញៀវទេសចរជាតិ-អន្តរជាតិ អំពីសារៈសំខាន់នៃការអភិវឌ្ឍបៃតង ដោយរក្សាតុល្យភាពនៃការអភិវឌ្ឍ និងការអភិរក្ស លើទិដ្ឋភាពសេដ្ឋកិច្ច, សង្គម, វប្បធម៌​ និងបរិស្ថាន។ ការអនុវត្ត ចលនាប្រឡងប្រណាំងទីក្រុងស្អាត បានចូលរួមដល់ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានលើនិរន្តរភាពនៃសម្បត្តិធនធានវប្បធម៌, ធម្មជាតិ និងបរិស្ថាន នៅតាមបណ្តាទីក្រុង និងទីប្រជុំជន ព្រមទាំងជួយបង្កើនភាពទាក់ទាញ និងធានាចីរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ថែមទៀតផង។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំណត់ការប្រារព្ធ ទិវាជាតិទីក្រុងស្អាត ជារៀងរាល់ឆ្នាំ ដើម្បីបំផុស និងលើកទឹកចិត្តឱ្យមានការចូលរួម និងការយកចិត្តទុកដាក់បន្ថែមទៀតលើការងារទីក្រុងស្អាត។ ជាក់ស្តែង, ឆ្នាំនេះ ជាឆ្នាំទី ១១ ដែលយើងប្រារព្ធធ្វើទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ  “ទីក្រុងស្អាត បដិសណ្ឋារ​កិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” អមជាមួយការប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ៣។ ប្រធានបទនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញ, គួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត, មានបរិស្ថានល្អ, ធានាបាននូវសន្តិសុខ, សុវត្ថិភាព, ផ្តល់បដិសណ្ឋារកិច្ចល្អ, ភាពរួសរាយរាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ប្រកប​ដោយ​ភាពកក់ក្តៅ។

ដើម្បីជំរុញឱ្យចលនាប្រឡងប្រណាំងទីក្រុងស្អាត កាន់តែមានប្រសិទ្ធភាព, ចូលរួមគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ខ្ញុំសូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន ដូចខាងក្រោម៖

ទី១. ឈរលើស្មារតីនៃប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំនេះ ខ្ញុំសូមប្រកាសដាក់ចេញ យុទ្ធនាការ  ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ជាពិសេសត្រូវជំរុញការចូលរួមយុទ្ធនាការ “យើងជាម្ចាស់ផ្ទះ” ដើម្បីអបអរសាទរការរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌, ប្រពៃណី, ម្ហូបអាហារ, អត្តសញ្ញាណជាតិ, ការស្វាគមន៍រួសរាយរាក់ទាក់, ការរៀបចំតុបតែងភូមិឋាន ជាដើម នៅតាមមូលដ្ឋាន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបាន​​​​​​ផុលផុស។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]

កម្ពុជាបានសម្រេចជោគជ័យធំណាស់នៅក្នុងការរៀបចំប្រជុំអាស៊ាន

ចំណុចនេះខ្ញុំគួរតែបញ្ជាក់ថាឆ្នាំនេះ ដូចដែលយើងបានដឹងហើយថាយើងគឺជាម្ចាស់ផ្ទះ យើងធ្វើម្ចាស់ផ្ទះ ៣ ឆ្នាំជាប់ៗគ្នា ប៉ុន្តែ ឆ្នាំទី ១​ នៅឆ្នាំ២០២១ ក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី-អឺរ៉ុបដែលនឹងត្រូវមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រមាណ ៥២ ឬ ៥៣ (ប្រទេស) យើងមិនបានធ្វើទេ យើងធ្វើតាម online ដោយសារតែសភាពការណ៍កូវីដ-១៩ បានញាំញីនៅក្នុងប្រទេសរបស់យើង ក៏ដូចជានៅក្នុងពិភពលោក។ ប៉ុន្តែ ឆ្នាំ ២០២២ កន្លងទៅ កម្ពុជាបានសម្រេចជោគជ័យធំណាស់នៅក្នុងការរៀបចំប្រជុំអាស៊ានដែលមានដៃគូរបស់យើងបានធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងសុវត្ថិភាព ស្ថេរភាព ហើយត្រឡប់ទៅវិញដោយការចងចាំ។ មកដល់ពេលនេះហាក់ដូចជាពុំមានប្រទេសណាមួយដែលបង្ហាញនូវការមិនសប្បាយចិត្តនៅក្នុងពេលដែលធ្វើដំណើរមកកាន់កម្ពុជា ឬក៏នាំកូវីដ-១៩ចេញពីកម្ពុជាទៅប្រទេសខ្លួនវិញនោះទេ។

យើងពិតជាមានការរីករាយ ពិតមែនតែប្រធានអាស៊ានខ្លួនឯងបន្ទាប់ពីការប្រជុំហើយនោះ គឺត្រូវធ្វើដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រជុំប្រទេស G20 ហើយក៏ធ្វើតេស្តរកឃើញនូវកូវីដ-១៩ខ្លួនឯង។ ពេលនោះមិនមែនជាបញ្ហាភ័យខ្លាចសម្រាប់ខ្ញុំទេ អ្វីដែលជាកង្វល់ធំជាងគេរបស់ខ្ញុំនៅពេលនោះ តើប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានា គឺមានឆ្លងកូវីដ-១៩? មាននាំកូវីដ-១៩ ពីកម្ពុជាទៅឬអត់? ជាពិសេសប្រធានាធិបតីឥណ្ឌូនេស៊ីតែម្តង ដែលជាម្ចាស់ផ្ទះនៅឆ្នាំនេះ តែឆ្នាំទៅ គាត់នៅឈរជាប់ជាមួយខ្ញុំជានិច្ចតាំងពីថតរូប និងអង្គុយ អញ្ចឹងយើងមានកង្វល់បែបនេះ។

កម្ពុជាមានមោទនភាពខ្លាំងក្នុងឋានៈជាម្ចាស់ផ្ទះដើម្បីរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម

ឯឆ្នាំនេះយើងទទួលធ្វើបន្ទុកស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលឆ្នាំនេះគឺជាឆ្នាំដែលកម្ពុជាមានមោទនភាពខ្លាំងក្នុងឋានៈយើងជាម្ចាស់ផ្ទះដើម្បីរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម។ អញ្ចឹងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣» គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់ តែអ្វីដែលខ្ញុំគួរតែបញ្ជាក់ជូន គឺមិនមែនធ្វើត្រឹមតែមួយឆ្នាំនេះទេក្រែងលោភាន់ច្រឡំថា ឆ្នាំ២០២៣ ត្រូវតែអនាម័យ ដល់បន្ទាប់ពីឆ្នាំ២០២៣ ហើយមិនបាច់អនាម័យទេ។

យុទ្ធនាការអនាម័យរបស់ប្រជាជនគ្រប់ៗគ្នា

យើងបានខិតខំច្រើនណាស់ទៅហើយ អំពីយុទ្ធនាការនានាសម្រាប់អនាម័យរបស់ប្រជាជនរបស់យើង។ យើងបានមើលឃើញរួចហើយអំពីទិដ្ឋភាពទាំងឡាយទាក់ទងជាមួយនឹង ដែលយើងមានកាលពីពេលមុន នោះទាក់ទងនឹងផ្លាស្ទិកហោះតាមខ្យល់។ ឥឡូវនេះ បណ្តាទីក្រុង ទីប្រជុំជន បានកាត់បន្ថយច្រើនណាស់ទៅហើយ។ ប៉ុន្តែ យើងនៅតែសេសសល់បញ្ហាមួយចំនួន ក្នុងចំណោមប្រជាជនរបស់យើង ដែលយើងត្រូវយកចិត្តទុកដាក់ការអប់រំជាមួយនឹងប្រជាជនរបស់យើងឲ្យយល់ដឹងថា នេះជាទឹកដីរបស់ពួកគាត់ អ្វីៗគឺជារបស់ពួកគាត់ ពួកគាត់ត្រូវចូលរួម។ ហើយអ្នកណាក៏ដោយក៏ត្រូវតែចូលរួម ចាប់តាំងពីប្រជាជនធម្មតា រហូតទៅដល់អ្នកមុខអ្នកការជាន់ខ្ពស់ ដែលត្រូវទៅចូលរួម។ ហើយមិនមែនគ្រាន់តែអ្នកទីក្រុងទេ​ អ្នកនៅជនបទក៏ត្រូវតែជម្រុញស្ថានភាពអនាម័យនេះឲ្យបានល្អប្រសើរ។ វាមិនគ្រាន់តែជាការទាក់ទាញផ្នែកទេសចរណ៍ទេ ក៏ប៉ុន្តែវាទាក់ទងជាមួយនឹងសុខភាពរបស់ប្រជាពលរដ្ឋ និងភាពស្អាតរបស់ប្រជាពលរដ្ឋ។

ពាក្យថា «ភូមិស្អាតស្រែល្អ» គឺជាចលនាដែលជម្រុញឲ្យអភិវឌ្ឍ ដែលធ្វើឲ្យស្ថានភាពមានការប្រែប្រួល

តើយើងនៅចាំទេ? ប្រហែលជាប្រមាណ ២ ទសវត្សរ៍មុន ឬក៏ ៣ ទសវត្សរ៍មុន យើងប្រើនូវពាក្យស្លោក​ «ភូមិស្អាតស្រែល្អ»។ ចំណុចនេះគឺចង់សំដៅថា យើងបានធ្វើយុទ្ធនាការច្រើនទៅក្នុងបញ្ហាទាក់ទងទៅនឹងអនាម័យ ជំងឺឈឺថ្កាត់មួយចំនួន ដូចជា បញ្ហាគ្រុនឈាម វាបានកើតចេញពីបញ្ហាខ្វះអនាម័យនៅជនបទ។ ខ្ញុំនៅចាំបានថា កាលពីសម័យនៅមុនឆ្នាំ ២០០០ ​គេហៅថាទឹកជំនន់សហសវត្សរ៍ឆ្នាំ២០០០ ជានិច្ចជាកាលកម្ពុជាមានជំងឺក្អួតនៅក្នុងរដូវទឹកសម្រក ប៉ុន្តែ យើងបានខិតខំធ្វើការជាមួយនឹងប្រជាពលរដ្ឋរបស់យើង ទឹកជំនន់ឆ្នាំ ២០០០ នៅសល់តែមួយកន្លែងទេ បើសិនជាខ្ញុំចាំមិនច្រឡំនោះ គឺជំងឺចុកក្អួត ដែលកើតនៅស្រុកពារាំង នៃខេត្តព្រៃវែង។ ប៉ុន្តែបន្ទាប់ពីនោះមក ពីឆ្នាំ ២០០០  រហូតមកដល់ឥឡូវនេះ គឺមានរយៈពេល ២៣ ឆ្នាំ យើងមិនដែលមានជំងឺចុកក្អួតបន្តទៀតទេ នេះក៏ផ្តើមចេញអំពីវិធានការគ្រប់គ្រងជាមួយនឹងការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះ ខ្ញុំសុំស្នើឲ្យបន្ទាប់ពីយុទ្ធនាការនេះទៅ ហើយយុទ្ធនាការនេះសំដៅលើទីក្រុង ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យលាតសន្ធឹងទៅកាន់ទីជនបទ តាមរយៈប្រើប្រាស់ស្ថានភាពល្អប្រសើរនៅជនបទ គឺដើម្បីសុខភាពរបស់ពួកគាត់ ភាពអនាម័យវានឹងនាំទៅដល់ស្ថានភាពល្អប្រសើរនៅតាមភូមិឃុំរបស់គាត់ និងទាក់ទាញបានទេសចរណ៍ថែមទៀតទៅលេងនៅភូមិឃុំរបស់ពួកគាត់។

អញ្ចឹងយើងកុំធ្វើតែមួយឆ្នាំ ចលនានេះនឹងត្រូវធ្វើច្រើនឆ្នាំ ហើយពង្រីកពីក្របខណ្ឌរាជធានី ពីទីក្រុង ទីប្រជុំជនទៅកាន់ទីជនបទ ដូចដែលក្នុងយុទ្ធនាការដែលយើងធ្លាប់មាន។ ហើយរឿងនេះគឺជារឿងដែលខ្ញុំចងចាំ ព្រោះដូចខ្ញុំបានឧស្សាហ៍បញ្ជាក់ហើយថា អ្នកដែលនៅក្នុងរដ្ឋាភិបាល និងរាជរដ្ឋាភិបាលដែលមិនដាច់រយៈសោះ ក្នុងរយៈពេល ៤៤ ឆ្នាំ នេះគឺមានតែខ្ញុំម្នាក់គត់ ដែលនៅក្នុងរដ្ឋាភិបាលមិនដាច់រយៈ ពីឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសរហូតដល់នាយករដ្ឋមន្រ្តីរហូតមកដល់ពេលនេះ គឺអត់ដាច់រយៈទេ ដូច្នេះការចងចាំរបស់ខ្ញុំនៅទីនេះ គឺច្បាស់ជាអ្នកទាំងឡាយអាចយល់ ពាក្យដែលថា ភូមិស្អាតស្រែល្អ គឺជាចលនាដែលជម្រុញឲ្យអភិវឌ្ឍ ដែលធ្វើឲ្យស្ថានភាពមានការប្រែប្រួល។ ហើយចំណុចនេះទាមទារឲ្យមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់រឿងរ៉ាវពិតមែនថាវាត្រូវកើតនៅមូលដ្ឋាន ព្រោះវាមិនដែលមកកើតឯណាក្រៅតែពីមូលដ្ឋានទេ ប៉ុន្តែ យើងគ្រប់ថ្នាក់ត្រូវចូលរួមចំណែកដើម្បីជម្រុញចលនានេះ។

[បញ្ចប់សេចក្តីអធិប្បាយ ១]

ទី២. បន្តជំរុញការអភិវឌ្ឍបៃតង នៅតាមបណ្តាក្រុង ខណ្ឌ រាជធានី ខេត្ត នៅទូទាំងប្រទេស ស្របតាមគោលនយោបាយ និង​ យុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយត្រូវជំរុញការរៀបចំផែនការមេអភិវឌ្ឍ  ទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាពនគរូបនីយកម្ម, ប្រជាសាស្ត្រ, ទេសចរណ៍, បរិស្ថាន, សេដ្ឋកិច្ច និងសង្គម។

ទី៣. បន្តអភិវឌ្ឍទីក្រុងស្អាត, ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច, ភាពទាក់ទាញផ្នែកទេសចរណ៍, បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម  ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព, សុវត្ថិភាព, សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់បដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទី៤.​ បន្តអភិវឌ្ឍទេសចរណ៍ទីក្រុង ជាផ្នែកដ៏សំខាន់មួយនៃការចូលរួមដល់ការជំរុញពិពិធកម្មនៃវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ តាមរយៈការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ទីក្រុង ដែលមានលក្ខណៈសមាហរណកម្មជាមួយអន្តរវិស័យ និងការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍ឆ្លាត ដូចជា កម្មវិធីទូរស័ព្ទ “ទស្សនាទីក្រុង” (City Tales App) ជាដើម។

ទី៥. បន្តលើកកម្ពស់ការអភិវឌ្ឍទីក្រុង ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន័ និងលើកស្ទួយ  “វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង” តាមរយៈការបង្កើនអន្តរកម្មខ្សែច្រវាក់​តម្លៃនៃវិស័យទេសចរណ៍ ជាមួយវិស័យគាំទ្រពាក់ព័ន្ធ ជាពិសេស វិស័យកសិកម្ម, សិប្បកម្ម, ឧស្សាហកម្មច្នៃប្រឌិត និងផលិតកម្មក្នុងស្រុក ដើម្បីបង្កើនលទ្ធភាពនៃការបែងចែកផ្លែផ្កានៃកំណើនតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]

ប្រើប្រាស់នូវលទ្ធភាពនៃទេសចរណ៍ ដើម្បីបន្តអនុវត្តនូវគំនិតស្តីពីការនាំចេញនៅនឹងកន្លែង

នៅក្នុងចំណុចនេះ ខ្ញុំសូមរំលឹកទៅលើចំណុច ២។ ចំណុចទី ១ យើងត្រូវប្រើប្រាស់នូវលទ្ធភាពនៃទេសចរណ៍របស់យើង ដើម្បីបន្តអនុវត្តនូវគំនិតស្តីពីការនាំចេញនៅនឹងកន្លែង។ ទស្សនទាននៃការនាំចេញរបស់យើង មិនកម្រិតត្រឹមតែនាំចេញទៅក្រៅប្រទេស ទើបហៅថាការនាំចេញទេ ក៏ប៉ុន្តែនៅពេលដែលយើងទទួលបានទេសចរណ៍ ហើយបណ្តាសណ្ឋាគារដែលទទួលភ្ញៀវទេសចរណ៍នោះ ទទួលទិញផលិតផលរបស់កសិករយើង ដែលគាត់ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ចិញ្ចឹមមាន់ គាត់ដាំដុះបន្លែបង្ការ ដើម្បីយកមកផ្គត់ផ្គង់នូវបណ្តាសណ្ឋាគារនោះ។ យើងអាចរាប់បញ្ចូលថា ជាការនាំចេញនៅនឹងកន្លែង។ ប្រើប្រាស់ឲ្យអស់សក្តានុពលនៃកំណើនទេសចរណ៍ ផ្សារភ្ជាប់ជាមួយនឹងបណ្តាញផ្គត់ផ្គង់ដែលកសិករយើងត្រូវដាំ ដែលក្នុងហ្នឹងយើងធ្លាប់និយាយអំពីខ្សែក្រវាត់បៃតង ដែលយើងចង់ប្រើប្រាស់នូវស្ថានភាពនៃបណ្តាទីក្រុងដែលមានទេសចរណ៍ច្រើន ដើម្បីផ្គត់ផ្គង់ទៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន សម្រាប់ផ្គត់ផ្គង់ដល់ទេសចរណ៍។ ហើយយើងចាត់ទុកទេសចរណ៍គឺជាទីផ្សាររបស់កសិកររបស់យើង។ ទីផ្សារបានក្លាយទៅជាបញ្ហាសម្រាប់យើង ដែលមុននេះ យើងគ្រាន់តែផលិតដើម្បីតម្រូវការខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែឥឡូវសភាពការណ៍បានផ្លាស់ប្តូរហើយ ប្រជាជនផលិតត្រូវការទីផ្សារលក់ដូរ។ ដូច្នេះ យើងត្រូវរកគ្រប់វិធី ដើម្បីធ្វើយ៉ាងម៉េចឲ្យផលិតផលរបស់កសិករដែលពួកគាត់ផលិតនេះ អាចលក់បាន។ ក្រៅពីរកទីផ្សារនៅក្រៅប្រទេស យើងត្រូវតែខិតខំដើម្បីឲ្យពួកគាត់មានលទ្ធភាព ដើម្បីនឹងផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក។

អញ្ចឹងទេ បានជាខ្ញុំប្រហែលជាក្រសួងទេសចរណ៍នៅចាំ ខ្ញុំរំលឹកថា នៅពេលដែលឲ្យពិន្ទុទៅតាមសណ្ឋាគារនីមួយៗ ក៏គប្បីត្រូវតែយកចំណុចទាក់ទងនឹងការប្រើប្រាស់នៅតាមសណ្ឋាគារនោះ យកធ្វើជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌ​​នៃការផ្តល់ពិន្ទុ។ តើសណ្ឋាគារនោះប្រើប្រាស់របស់នាំចូលសម្រាប់ផ្គត់ផ្គង់ទេសចរណ៍ ឬប្រើប្រាស់ផលិតផលក្នុងស្រុក​ ដើម្បីផ្គត់ផ្គង់ទេសចរណ៍? អញ្ចឹងបើសិនជាយើងពិនិត្យអញ្ចេះ ទេសចរណ៍មកច្រើន ប៉ុន្តែបែរជាយើងនាំផលិតផលពីខាងក្រៅ យកមកផ្គត់ផ្គង់ឲ្យទេសចរណ៍ អញ្ចឹងទេ តើយើងទទួលបានពិតប្រាកដប៉ុន្មាន នៃប្រាក់ចំណូលសម្រាប់ជាតិ តាមរយៈវិស័យទេសចរណ៍ គឺចំនួននេះវាមិនធំទេ។ ប៉ុន្តែផ្ទុយទៅវិញ បើសិនយើងប្រើប្រាស់នូវផលិតផលប្រជាជនដាំដុះ ចិញ្ចឹមក្នុងស្រុក យើងនឹងអាចទទួលផលបានច្រើនជាង។ សណ្ឋាគារមួយៗក្លាយទៅជាទីផ្សាររបស់កសិករ ហើយផ្នែកកសិកម្មក៏ត្រូវពង្រឹងគុណភាពនៃការដាំដុះ ការចិញ្ចឹមរបស់ប្រជាជន មិនអាចប្រើសារធាតុគីមី ហើយក៏មិនអាចប្រើអ្វីដែលនាំទៅដល់ប៉ះពាល់សុខភាពអ្នកទេសចរណ៍នោះទេ។ អញ្ចឹងនេះជាចំណងទាក់ទងជាមួយគ្នា។

អម្បាញ់មិញពេលចូលមក ខ្ញុំក៏បានសួរលោកឧកញ៉ា សុខ គង់ ទាក់ទងជាមួយផលចំណេញអំពីវិស័យ​ទេសចរណ៍​។ ខ្ញុំមានការរីករាយ ដោយសារតែគាត់បាននិយាយថា សៀមរាបបច្ចុប្បន្ននេះ ហាក់ដូចជាចាប់ផ្តើមឡើងហើយ ដែលក្នុងមួយថ្ងៃៗ គាត់មាន ៣០០, ៤០០ បន្ទប់ ឬ ២០០, ៣០០ បន្ទប់ អញ្ចឹងដែរ។ នៅខេត្តព្រះសីហនុក៏គួរសម នៅនេះបានយើងប្រជុំផង ប៉ុន្តែមនុស្សស្នាក់នៅ មិនជាច្រើនប៉ុន្មានទេ។ អញ្ចឹងយើងឃើញចរន្តនៃទេសចរ គឺចាប់ផ្តើមកើន ​ហើយម្យ៉ាងទៀត ប្រជាជនកម្ពុជាយើងមានលទ្ធភាពដេកសណ្ឋាគារផ្កាយ ៥ ផ្កាយ ៤ គឺគាត់អត់ខ្លាចដេកទេ។ អញ្ចឹងទេ គឺលាយឡំគ្នារវាងទេសចរក្នុងស្រុក ទេសចរក្រៅស្រុក អ្នកណាក៏ដោយ ឲ្យតែគេមានលុយដេក គេដេកទៅ កុំឆ្ងល់ពេក។ អាហ្នឹងជាចំណុចដែលយើងត្រូវ ហើយសម្រួលគ្រប់ទិដ្ឋភាព ដើម្បីឲ្យទេសចរអាចទទួលបាននូវការមកទស្សនកិច្ច។

ធ្វើឲ្យទេសចរមកម្តងហើយ ចង់មកម្តងទៀត

ខ្ញុំតែងបានបញ្ជាក់ហើយ កាលពីពេលមុន វិស័យទេសចរណ៍មិនចាំបាច់ទៅផ្សព្វផ្សាយតាម CNN, BBC អីទេ ផ្សព្វផ្សាយតែតាមរយៈនៃទេសចរណ៍ទាំងឡាយដែលមកក្នុងប្រទេសយើង។ កុំភ្លេច ជួនកាលបុគ្គលម្នាក់ ធ្វើម៉េចឲ្យបុគ្គលដែលមកទស្សនកិច្ចនេះ គេមកហើយ គេចង់មកទៀត ហើយគេមកទៀត មិនមែនត្រឹមតែមកម្នាក់ឯងទេ នាំទាំងក្រុមគ្រួសារ មិត្តភក្តិមកទៀត។ ហ្នឹងទើបជាចំណុចគន្លឹះ។ តាម BBC, CNN អាហ្នឹងគ្រាន់តែប្រញាប់ ឆាប់អស់លុយ ប៉ុន្ដែការដោះស្រាយពិតប្រាកដ ពេលទេសចរមក យើងទទួលទេសចរដោយបដិសណ្ឋារកិច្ចល្អ យើងមានសន្ដិសុខល្អ យើងមានអនាម័យ​ យើងមានកន្លែងទាក់ទាញដែលពួកគាត់ចង់ទៅមើល។ អញ្ចឹងទេសចរមកគឺចង់មកទៀត ហើយមកម្ដងនេះមិនមែនមកតែម្នាក់ឯងទៀតទេ គឺមកទាំងក្រុមគ្រួសារ មកទាំងមិត្តភក្តិ​។ ធ្វើម៉េចកុំឲ្យទេសចររបស់យើងមកដល់កម្ពុជាហើយ ថាអ្ហែងកុំទៅកម្ពុជាអី អញទៅម្ដងហើយពិបាកវេទនា។ អាហ្នឹងជាបញ្ហា។ អញ្ចឹងទេ សូមទាំងអស់គ្នាខិតខំ​ប្រជាជនកម្ពុជាយើងគ្រប់រូប ព្រោះនេះជាផលប្រយោជន៍ជាតិរបស់យើង ហើយវាបានពង្រាយការលូតលាស់របស់ប្រទេសជាតិទៅកាន់ប្រជាជន ទេសចរទៅជនបទកាន់តែច្រើន។

ទេសចរផ្ទៃក្នុងថ្ងៃសំរាក សៅរ៍ អាទិត្យ មានជាង ៣០ ម៉ឺន នាក់

ហើយឥឡូវនេះអ្វីដែលជាការល្អរបស់យើង ទេសចរផ្ទៃក្នុងថ្ងៃសៅរ៍  អាទិត្យ មិនតិចជាង ៣០ ម៉ឺន នាក់ទេ ព្រោះពួកគាត់ទៅកាន់តំបន់ឆ្នេរ តំបន់នានា ដែលនោះហើយជាការបង្កលក្ខណៈងាយស្រួល។ អ្នកមានដូង កាប់ដូងលក់ មានផ្លែឈើ ដែលអាចពួកគាត់ទទួលទាន អញ្ចឹងដោះស្រាយបានការងារច្រើន អមដោយការអប់រំការពារបរិស្ថាន យកបរិស្ថានដើម្បីទាញទេសចរទៅកំសាន្ដ មិនមែនកាប់ឈើ មិនមែនបំផ្លាញសត្វព្រៃ រួចហើយប្រមូលទេសចរមិនបានទេ ព្រោះទេសចរ​ត្រូវការមើលព្រៃ មើលសត្វ។ ដូច្នេះត្រូវមានវិធីសាស្ដ្រដើម្បីដោះស្រាយជាបន្ទាន់​។

រួមគ្នាកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងទប់ស្កាត់ផ្លាស្ទិកចូលទៅក្នុងប្រភពទឹក

រឿងមួយទៀតដែលខ្ញុំត្រូវនិយាយ គឺរឿងផ្លាស្ទិក។ រឿងផ្លាស្ទិកនេះ ខ្ញុំសូមអបអរសាទរ និងអរគុណចំពោះមហាសន្និបាតឆ្នេរសមុទ្រ ដែលស្អាតបំផុត ដែលបានធ្វើឡើងនៅឯខេត្តព្រះសីហនុនាពេលកន្លងទៅ ដែលបានយក​អនុ​សាសន៍របស់ខ្ញុំដាក់ក្នុងសេចក្ដីសម្រេចចិត្តលើបញ្ហាទាក់ទិននឹងផ្លាស្ទិក។ រឿងផ្លាស្ទិកអាចជារឿងធ្ងន់ធ្ងរនៅ ២០, ៣០ ឬ ៥០ ឆ្នាំក្រោយ ព្រោះឥឡូវផ្លាស្ទិកទាំងឡាយហូរចូលក្នុងសមុទ្រ ទន្លេ បឹងបួរ ហើយអាផ្លាស្ទិកនេះមិនរលាយដូចក្រដាសទេ។ អញ្ចឹងទេ តើនៅក្នុងសមុទ្រ ទន្លេ បឹងបួរ នៅលើពិភពលោក តើមានផ្លាស្ទិកប៉ុន្មាន?ហើយវានឹងបង្កផលប៉ះពាល់បែបណា? កម្ពុជាជាប្រទេសមួយត្រូវក៏ត្រូវចូលរួមចំណែកជាមួយប្រទេសនានា ដោយខ្លួនក៏មានសមុទ្រ ទន្លេ ហើយយើងមានទន្លេ និងព្រែកគឺច្រើន។ ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ សេកុង ស្រែពក ហើយនិយាយពីព្រែកសំបូរ អញ្ចឹងទេ សួរថាមួយឆ្នាំៗ ផ្លាសិ្ទកធ្លាក់ទៅនឹងកប់ មិនរលាយនៅហ្នឹង ១០០ ឆ្នាំ ក៏មិន​រលាយទៅណាដែរ។ និយាយបញ្ហានេះទាមទារឲ្យមានការគិតគូរទៅផ្នែកបរិស្ថាន លើការបន្ថយការប្រើប្រាស់ផ្លាស្ទិក ហើយជំនួសវិញដោយការប្រើប្រាស់អ្វី ដែលបញ្ហានេះ ខ្ញុំគិតថាឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត ប្រិយមិត្តបរទេសដែលមកទីនេះ ប្រហែលជាបានស្ដាប់លឺនូវកង្វល់នានាតាមរយៈអង្គប្រជុំនានា ដែលបានលើក​ឡើងពីការព្រួយបារម្ភពីបញ្ហាផ្លាស្ទិកក្នុងសមុទ្រ។ ប៉ុន្ដែ កម្ពុជាបានទៅហួសពីនេះ មិនមែនព្រួយបារម្ភតែផ្លាស្ទិក​ក្នុងសមុទ្រទេ តែខ្លួនមានការព្រួយបារម្ភពីផ្លាស្ទិកតាមដងទន្លេ ព្រែក បឹងបួរ ដែលខ្លួនមាន។ យើងត្រូវរួមគ្នាក្នុង​ក្របខណ្ឌជាតិរបស់យើង និងដៃគូរបស់យើងដើម្បីកាត់បន្ថយបញ្ហាប្រឈម ឬលុបបំបាត់បញ្ហាប្រឈម​។ តែឲ្យលុបទាំងស្រុងវាលំបាក ប៉ុន្ដែយ៉ាងណាក៏ដោយផ្លាស្ទិកមិនគួរកើនច្រើនពេកនៅក្នុងបឹងបួរ សមុទ្រ ទន្លេ ព្រែក ជាការរំលឹកពីបញ្ហានេះបន្ដិច។

[បញ្ចប់សេចក្តីអធិប្បាយ ២]

ជាថ្មីម្តងទៀត, ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរគ្រប់លំដាប់

ថ្នាក់, កងកម្លាំងប្រដាប់អាវុធ, វិស័យឯកជន, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋគ្រប់រូប សូម  គាំទ្រ និងចូលរួមអនុវត្តឱ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកប​ដោយគុណភាព, ចីរភាព, ភាពស្អាត និងបៃតង ដែលមានភាពទាក់ទាញខ្ពស់ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស័ក្តិសមជា  “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]

កុំលាបពណ៌អ្នកដែលដូរទិសពីប្រឆាំងរដ្ឋាភិបាល មកចូលរួមជាមួយរដ្ឋាភិបាលវិញ

ក្នុងចំណុចនេះ ខ្ញុំគួរតែបញ្ជាក់បន្តិចក្នុងប៉ុន្មានថ្ងៃនេះមានការជេរគ្នាតាមបណ្តាញសង្គម។ បន្ទាប់ពីក្រុមយុវជនមួយចំនួន បានទៅជួបខ្ញុំថា ពួកគេបានទៅធ្វើសកម្មភាពច្រើនណាស់ហើយក្នុងការប្រឆាំងរដ្ឋាភិបាល ប៉ុន្តែពួកគេអត់បានទទួលផលអ្វីទាំងអស់។ ឥឡូវនេះ​​ វិធីសាស្រ្តតែមួយគត់គឺចូលរួមជាមួយនឹងគណបក្សប្រជាជន ហើយគាំទ្ររាជរដ្ឋាភិបាលវិញ។ ខ្ញុំសុខចិត្តទទួលកូនៗទាំងនោះ ឲ្យជួបជាមួយខ្ញុំ ឥឡូវចលនានេះកំពុងមាន ប៉ុន្តែ នៅពេលដែលចលនានេះដូរទិសពីការគាំទ្រក្រុមប្រឆាំង ប្រឆាំងនឹងរដ្ឋាភិបាលដូរទិស បែរជាមានចលនាវាយប្រហារពីក្រុមប្រឆាំងទៅលើយុវជន​​កូនៗទាំងនេះ។ នេះជាការខ្វះការគោរពប្រជាធិបតេយ្យ។ នៅពេលដែលគេគាំទ្រខ្លួនប្រឆាំងរដ្ឋាភិបាល ខ្លួនថាគេល្អ ដល់ទៅពេលដែលគេថាជម្រើសដ៏ល្អជាងគេ គឺសហការជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងនានាទាក់ទងនឹងការការពារបិស្ថាន។ ក្រុមនេះជាក្រុមដែលពីដើមធ្លាប់ធ្វើបាតុកម្មនានា តាំងពី ១០០ រាត្រី ក៏មាន។ អញ្ចឹងគេចាប់ផ្តើមវាយលើកូនៗទាំងហ្នឹង ខ្ញុំក៏គ្រាន់តែផ្ញើសារថាបើបានជាគិតទៅដល់ដំណាក់កាលប្រជាធិបតេយ្យ និងសិទ្ធិរបស់ពលរដ្ឋក្នុងបញ្ហានយោបាយ អ្នកកុំវាយប្រហារកូន​ៗទាំងនេះ។ វាមិនមែនជារឿងប្រជាធិបតេយ្យទេ នៅពេលដែលគេគាំទ្រអ្នកឯងវាយជេររដ្ឋាភិបាល អ្នកឯងគិតថាគេល្អ ដល់ទៅពេលគេមើលឃើញថាល្អបំផុតគេចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីធ្វើសកម្មភាព អ្នកឯងចាត់ទុកថាគេក្បត់ លក់ឧត្តមគតិ វាមិនមែនជារឿងដំណើរការប្រជាធិបតេយ្យទេ។

ហើយខ្ញុំបានទទួលកូនៗទាំងនេះដោយផ្ទាល់ ហើយសួរនាំគេចង់បានអ្វី ធ្វើអ្វី នាំគ្នាធ្វើទៅ។ ខ្ញុំអត់ចាត់ទុកកូនៗទាំងហ្នឹងជាសត្រូវទេ ឥឡូវគេនាំគ្នាមកច្រើនអង្គការណាស់ ខ្ញុំគ្រាន់តែប្រើពាក្យច្រើន ច្រើនខ្មែរនិយាយត្រឹមច្រើន បើភាសាអាមេរិក ភាសាបារាំងគេថែម អេសពីក្រោយ ហើយអក្សរយើងអត់មានថែមអេសពីក្រោយទេ ថាច្រើនៗ។ អញ្ចឹងទេ គឺខ្យល់កំពុងដូរទិស អញ្ចឹងសុំអំពាវនាវបណ្តាបក្សនយោបាយ និងអ្នកនយោបាយផ្សេងៗកុំលាបពណ៌ជាមួយនឹងកូនៗទាំងនេះ ដែលគេមើលឃើញថាពីដើមគេធ្លាប់ចូលរួមបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាល ឥឡូវគេមិនធ្វើយ៉ាងដូច្នោះទៀតទេ គេសុំចូលរួមជាមួយរដ្ឋាភិបាលធ្វើកិច្ចការងារហ្នឹងតែម្តង។ អាហ្នឹងជាដំណើរល្អ ជាដំណើរការប្រជាធិបតេយ្យ ដល់ពេលគេធ្វើអញ្ចឹងចាប់ផ្តើមជេរ អញ្ចឹងបានជេរគេប៉ុន្មានថ្ងៃនេះ ខ្លួនឯងហ្នឹងវាអន់ គ្រប់គ្រងវាមិនកើត គិតតែពីរឿងប្រឆាំង ប្រឆាំងផ្កាប់មុខតែម្តង សូម្បីតែក្មេងៗចង់ចូលរួមដើម្បីអភិវឌ្ឍប្រទេសខ្លួនគិតថាពួកទាំងហ្នឹងសុទ្ធតែលក់ក្បាល។ អញ្ចឹងទេ បន្តិចទៀតលក់ទាល់តែអស់ហ្នឹង ចាំមើលបន្តិចទៀត លក់ទាល់អស់ ព្រោះខ្លួនឯងវាអត់កើត ដល់ឃើញរដ្ឋាភិបាលធ្វើល្អ គេក៏ចូលរួមជាមួយរដ្ឋាភិបាល វាមានទាស់ខុសអី? អាហ្នឹងគ្រាន់តែផ្តាំទេ ខ្ញុំប្រាប់យកបុណ្យទេ ប្រយ័ត្នក្មេងៗវាទ្រាំមិនបាន វាខឹងវាដែរណាប្រមាថវាសុទ្ធតែលក់ក្បាលលក់អីអញ្ចឹង ហើយក្មេងៗហ្នឹងសុទ្ធតែបញ្ញវន្តណា។

[បញ្ចប់សេចក្តីអធិប្បាយ ៣]

ជាទីបញ្ចប់, ជាមួយនឹងការអបអរសាទរ  ទិវាជាតិទីក្រុងស្អាតលើកទី ១១ ឆ្នាំ ២០២៣,  ខ្ញុំសូមជូនពរ   សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ   សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

 សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ