សេចក្តីដកស្រង់ សារសំឡេង ស្ដីពី ការមិនឲ្យវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលដែលប្រជាជនរង់ចាំចាក់ និងការចាក់វ៉ាក់សាំងជូនអ្នកទាំងឡាយដែលរស់នៅលើទឹកដីកម្ពុជា

CNV :

កឧត្តម លោកជំទាវ អភិបាលខេត្តរាជធានី

ថ្ងៃនេះ យើងបានរកឃើញអំពីចំណុចមួយចំនួន ដែលចាំបាច់ត្រូវតែកែសម្រួលជាបន្ទាន់។ ថ្ងៃមិញ ខ្ញុំបានបញ្ជាក់អំពីបញ្ហាខេត្តដែលបានចាក់លើសផែនការ ដូចជា ខេត្តរតនគិរី ដែលមានប្រជាជនជាង ១២ ម៉ឺននាក់ ប៉ុន្តែ ចាក់បានដល់ជាង ១៣ ម៉ឺននាក់ គឺជាចំណុចដ៏ល្អ ដែលប្រជាជនទៅដល់ទីណាមានវ៉ាក់សាំងចាក់នៅទីនោះ ដែលយើងត្រូវយកគំរូនេះទៅអនុវត្តនៅកន្លែងផ្សេង។ ឲ្យតែប្រជាជនដែលរស់នៅលើទឹកដីកម្ពុជា គឺយើងចាក់ជូនទាំងអស់ រាប់ទាំងអាណិកជនផងដែរ។ ប៉ុន្តែ យើងក៏បានឃើញថា ក៏មានខេត្តដែលចាក់បានតិចជាងចំនួនអ្នកដែលមិនទាន់ចាក់ ហើយក៏មានខេត្តដែលនៅសេសសល់ប្រជាជនមួយចំនួនមិនទាន់បានចាក់ ដូចជា ថ្ងៃនេះ ខ្ញុំបានពិនិត្យទាក់ទងនឹងកំពង់ឆ្នាំង ទាក់ទងនឹងត្បូងឃ្មុំ និងទាក់​ទងនឹងខេត្តពោធិ៍សាត់ដែលឥឡូវនេះខេត្តទាំង ៣ កំពុងមកទីក្រុងភ្នំពេញដើម្បីទទួលយកវ៉ាក់សាំងទាំងយប់ បន្ទាប់ពីបទបញ្ជារបស់ខ្ញុំទៅកាន់លោកជំទាវ  ឱ វណ្ណឌីន ប្រធានគណៈកម្មការជាតិសម្រាប់ការចាក់វ៉ាក់សាំង។

ខ្ញុំសូមដាក់ចេញនូវបទបញ្ជា ឲ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តរាជធានីទាំងអស់ កិច្ចការដែលជាអាទិភាពទី ១ ត្រូវតែជាកិច្ចការប្រឆាំង កូវីដ១៩។ ក្នុងការប្រយុទ្ធប្រឆាំងនឹង កូវីដ១៩ នេះ អាទិភាពទី ១ ត្រូវតែទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលលើបញ្ហាការចាក់វ៉ាក់សាំង ដែលជាគោលនយោបាយអាទិភាពធំបំផុតរបស់យើងនៅពេលនេះ។ ខ្ញុំសូមបញ្ជាក់ថា ហាមដាច់ខាតមិនឲ្យមានវ៉ាក់សាំងដេកនៅក្នុងឃ្លាំង ក្នុងពេលដែលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ។ ខ្ញុំបានរកឃើញមូលហេតុនៃការយឺតយ៉ាវនៅកន្លែងមួយចំនួនបណ្តាលមកពីការផ្គត់ផ្គង់វ៉ាក់សាំង។ កាលពីមុន ការផ្គត់ផ្គង់តាមដំណាក់ៗដោយសារយើងខ្វះខាតវ៉ាក់សាំង ក៏ប៉ុន្តែ ពេលនេះវ៉ាក់សាំងមានគ្រប់គ្រាន់ ដែលត្រូវតែជម្រុញវ៉ាក់សាំងនេះឲ្យទៅដល់គោលដៅបទបញ្ជារបស់ខ្ញុំ។ បញ្ជាក់ជូនឯកឧត្តម លោកជំទាវ ជាអភិបាលរាជធានីខេត្ត ត្រូវតែធ្វើជាមេបញ្ជាការក្នុងការគ្រប់គ្រងការចាក់វ៉ាក់សាំង ត្រូវតែពិនិត្យមើលឲ្យបានច្បាស់ តើវ៉ាក់សាំងមានគ្រប់គ្រាន់ឬទេ? ក្នុងករណីដែលវ៉ាក់សាំងមិនទាន់មានគ្រប់គ្រាន់ ត្រូវតែធ្វើសំណើស្នើឡើងមកគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ហើយសុំផ្ញើមួយច្បាប់ចម្លងជូនមួយច្បាប់មកឲ្យខ្ញុំ ដើម្បីខ្ញុំតាមដានត្រួតពិនិត្យអំពីការបញ្ជូនវ៉ាក់សាំងចុះទៅកាន់ខេត្តនានា ដូចជាថ្ងៃនេះគឺមានខេត្តដែលត្រូវបានឡើងមកយក។ ខ្ញុំមិនដឹងថា តើមានខេត្តណាមួយដទៃទៀតទេ តែខ្ញុំបានបញ្ជាឲ្យចេញទាំងយប់ មិនអាចរង់ចាំថ្ងៃស្អែក ព្រោះវ៉ាក់សាំងរបស់យើងមិនអនុញ្ញាតឲ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលដែលប្រជាជនខ្វះវ៉ាក់សាំងនោះទេ។ នេះជាយុទ្ធសាស្រ្តសម្រាប់ការឈានទៅមុខរបស់យើង។ ហើយដែលមិនត្រូវទម្រន់ និងផ្តេកផ្តួលទៅលើបញ្ហាអ្្វីទាំងអស់ សម្រាប់ក្នុងករណីដែលមានការខ្វះខាតវ៉ាក់សាំង។ ត្រូវតែស្នើវ៉ាក់សាំង ហើយគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ត្រូវតែបញ្ជូនវ៉ាក់សាំងទៅទុកនៅខេត្ត ហើយខេត្តខ្លួនឯងត្រូវតែរក្សាទុកនៅទីនោះ។

ការរង់ចាំនៅទីក្រុងភ្នំពេញ និងខេត្ត ដែលធ្វើឲ្យរអាក់រអួល គឺពិតជាមានបញ្ហាពិតប្រាកដមែន។ ដូច្នេះសុំឲ្យខេត្តរៀបចំកន្លែងទុកដាក់វ៉ាក់សាំងឲ្យបានល្អ ក្រៅពីនោះទី ១ ហើយ ត្រូវត្រៀមដូសទី ២ ដើម្បីចាក់បន្តទៀត។ កុំឲ្យពេទ្យមានតែពេទ្យ តែគ្មានវ៉ាក់សាំងចាក់ឲ្យប្រជាជន។ ក្នុងករណីខេត្តដែលនៅឆ្ងាយ ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងអាកាសត្រូវតែប្រើប្រាស់ឧទ្ធម្កាគចក្រ ដើម្បីដឹកវ៉ាក់សាំងទៅកាន់ទីកន្លែងដែលនៅឆ្ងាយ។ ខ្ញុំដាក់បទបញ្ជាដាច់ញត្តិមិនឲ្យផែនការវ៉ាក់សាំងនេះក្លាយទៅជាបញ្ហារយីករយៀក ដូចដំណាក់កាលចុងក្រោយ។ វ៉ាក់សាំងមាននៅក្នុងឃ្លាំង ក្នុងពេលដែលនៅបណ្តា​ខេត្ត-ស្រុក-ភូមិ ពុំមានវ៉ាក់សាំងចាក់ ហើយគណៈកម្មការចំពោះកិច្ចរង់ចាំសំណើរបស់ខេត្ត ខេត្តរង់ចាំនូវការផ្តល់វ៉ាក់សាំងពីគណៈកម្មការចំពោះកិច្ច។ មិនអនុញ្ញាតឲ្យមានរបៀបនេះកើតឡើង។ ឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី ត្រូវទទួលខុសត្រូវចំពោះនាយករដ្ឋមន្ត្រី ទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ចំពោះជោគជ័យ ឬបរាជ័យនៃដំណើរការចាក់វ៉ាក់សាំងនេះ។

គ្រាន់តែខេត្ត ២ ដែលខ្ញុំសង្កេតឃើញ សម្រាប់មនុស្សដែលមិនទាន់បានចាក់ វាប្រហាក់ប្រហែលនឹងជិត ៥០ ម៉ឺននាក់ គឺខេត្តត្បូងឃ្មុំ ជាមួយនឹងខេត្តកំពង់ឆ្នាំង ហើយប្រសិនជាបូកថែម ៨ ម៉ឺននាក់នៃខេត្តពោធិសាត់ ដែលមិនទាន់មានវ៉ាក់សាំង ដែលទើបនឹងមកដឹកយប់នេះ គឺមនុស្សមានប្រមាណជាង ៥០ ម៉ឺននាក់ឯណោះ។ ដូច្នេះអ្វីដែលជាចម្ងល់របស់ខ្ញុំប៉ុន្មានថ្ងៃនេះ តួលេខរបស់យើងកាលពីមុននេះ ធ្លាប់រកឃើញទី ៥ លាន ទី ៦ លាន ទី ៧ លាន រហូតដល់ទី ៨ លាន ក្នុងល្បឿនមួយដ៏លឿន ក៏ប៉ុន្តែចុងក្រោយនេះ នៅពេលដែលវ៉ាក់សាំងមានគ្រប់គ្រាន់ បែរជាល្បឿននៃការចាក់វ៉ាក់សាំងរបស់យើងមានការថយចុះយ៉ាងខ្លាំង។​ ពិតមែនហើយ យើងទទួលស្គាល់ថា យើងបានបន្ថែមចំនួនមនុស្ស ២ លាននាក់ថែមទៀត សម្រាប់កុមារ និងយុវវ័យ តែខ្ញុំសុំរំលឹកដាស់តឿនឲ្យសម្រេចកិច្ចការងារនេះតាមរយៈការទទួលខុសត្រូវ ហើយពិនិត្យមើលកិច្ចការណាទុកចោលសិនក៏ទុកចុះ តែកិច្ចការប្រឆាំង កូវីដ-១៩ ជាកិច្ចការអាទិភាពស្លាប់រស់របស់ប្រទេសជាតិ។ ក្នុងនោះកិច្ចការដែលយើងអាចនឹងស្តារឡើងវិញបាន និងសង្គ្រោះជីវិតបាន គឹការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនរបស់យើង។

ដូច្នេះខ្ញុំចេញបទបញ្ជាដាច់ញត្តិឲ្យឯកឧត្តម អភិបាល រាជធានី-ខេត្ត ធ្វើរបាយការណ៍ខ្លីៗ បញ្ជូនមកក្នុង WhatsApp របស់ខ្ញុំដោយផ្ទាល់។ ចំនួនមនុស្សខ្លីបានហើយ គឺមិនចាំបាច់វែង។ ចំនួនមនុស្ស មានប៉ុន្មាន? ចាក់បានប៉ុន្មាន? នៅសល់ប៉ុន្មាន? វ៉ាក់សាំងមានគ្រប់ហើយឬនៅ? ខ្ញុំត្រូវការប៉ុណ្ណឹង ដើម្បី បញ្ជូនចូលមកក្នុង WhatsApp របស់ខ្ញុំ ដើម្បីខ្ញុំពិនិត្យ ព្រោះកន្លងទៅនេះ ខ្ញុំមិនទាន់មានគ្រប់ សូម្បីតែខេត្តកំពង់ស្ពឺដែលបានរាយការណ៍ពីម្សិល។ ខ្ញុំបានសង្កេតឃើញថា គឺនៅសេសសល់មនុស្សប៉ុន្មានម៉ឺននាក់ ដែលមិនទាន់បានចាក់វ៉ាក់សាំង ក៏ប៉ុន្តែខ្ញុំមិនទាន់ច្បាស់ថាតើមានវ៉ាក់សាំងហើយឬនៅ? ខ្ញុំសុំឲ្យបញ្ជាក់ឲ្យខ្ញុំ ចំនួនមនុស្ស ចំនួនបានចាក់ ចំនួនមិនទាន់បានចាក់ និងចំនួនវ៉ាក់សាំងមានគ្រប់ហើយឬនៅ? ដើម្បីខ្ញុំផ្ទៀងផ្ទាត់ជាមួយវ៉ាក់សាំងដែលនៅក្នុងឃ្លាំងរបស់ថ្នាក់ជាតិ ហើយប្រសិនបើមានការខ្វះខាត អាចស្នើសុំខ្ចីវ៉ាក់សាំងរបស់ក្រសួងការពារជាតិ ៥០ ម៉ឺនដូសបញ្ជូនទៅសិន ទម្រាំវ៉ាក់សាំងរបស់យើងនៅប៉ុន្មានថ្ងៃ នឹងបានមកដល់។

ប៉ុន្តែខ្ញុំមានជំនឿថា វ៉ាក់សាំងរបស់យើងវាមិនខ្វះនោះទេ ប៉ុន្តែអ្វីដែលជាកង្វះគឺការទទួលខុសត្រូវរបស់ខេត្ត-រាជធានីមួយផ្នែក និងមួយផ្នែកទៀតគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ដែលខ្វះការទទួលខុសត្រូវជម្រុញចលនានៃការចាក់វ៉ាក់សាំង។ នេះគឺជាសារ មិនមែនជាការអំពាវនាវ តែគឺជាបទបញ្ជាដាច់ណាត់ ហើយសូមឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការទ័ពអាកាស ត្រៀមឧទ្ធម្ភាគចក្រ ដើម្បីដឹកជញ្ជូនទៅកាន់ទីកន្លែង ដែលនៅឆ្ងាយ។ ហើយយើងពុំមានការខ្វះមធ្យោបាយសម្រាប់ការដឹកជញ្ជូនវ៉ាក់សាំងនោះទេ ប៉ុន្តែអ្វីដែលជាការខ្វះ គឺការទទួលខុសត្រូវរបស់យើង។ យើងត្រូវបញ្ជូន ជម្រុញល្បឿន ហើយត្រូវពិនិត្យឲ្យបានទៀងទាត់។ រៀងរាល់ថ្ងៃ អភិបាលខេត្តត្រូវតែបញ្ជូនចូលតាមgroup ផង និងបញ្ជូនចូលក្នុង WhatsApp របស់ខ្ញុំផ្ទាល់តែម្ដង ហើយខ្លីទេ ចំនួនមនុស្ស ចំនួនបានចាក់ និងចំនួនមិនទាន់បានចាក់ និងចំនួនវ៉ាក់សាំងខ្វះ ឬក៏មានគ្រប់ ឬក៏យឺតបណ្ដាលមកពីខ្វះគ្រូពេទ្យ។

ខ្ញុំត្រូវការដឹងប៉ុណ្ណឹង ខ្ញុំត្រូវតាមដានកិច្ចការងារនេះ ព្រោះនេះគឺជាសមរភូមិ ដែលជាសមរភូមិមួយក្ដៅស្លាប់រស់របស់ប្រទេសជាតិ ខុសពីសមរភូមិព្រះវិហារ។ សមរភូមិព្រះវិហារអាចដេកលក់បាន ក៏ប៉ុន្តែសមរភូមិកូវីដ មិនអាចដេកលក់បាននោះទេ ព្រោះវាហ៊ុមព័ទ្ធទូទាំងប្រទេសរាប់ទាំងព្រះបរមរាជវាំង និងផ្ទះនាយករដ្ឋមន្រ្តីក៏ត្រូវហ៊ុមព័ទ្ធទៅដោយកូវីដ១៩ផងដែរ។ សង្គ្រាមនេះគឺជាសង្គ្រាមមិនធម្មតា សង្គ្រាមត្រូវតែមានការទទួលខុសត្រូវច្បាស់លាស់ពីសំណាក់ឯកឧត្ដម លោកជំទាវ។ សូមឯកឧត្ដម លោកជំទាវ អភិបាលខេត្ត-រាជធានីទាំងអស់ បញ្ចូលក្នុង group របស់ខ្ញុំយប់នេះតែម្ដង ដោយមិនរង់ចាំថ្ងៃស្អែក។

ខ្ញុំគ្រាន់តែសុំបញ្ជាក់យ៉ាងខ្លីថា ចំនួនមនុស្ស? ចំនួនអ្នកបានចាក់? ចំនួនអ្នកដែលមិនទាន់បានចាក់? វ៉ាក់សាំងមានគ្រប់ឬនៅខ្វះ? ដើម្បីខ្ញុំជម្រុញគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងបញ្ជូនវ៉ាក់សាំងចុះ ដោយប្រើទាំងឧទ្ធម្ភាគចក្រសម្រាប់យកទៅទុកនៅក្នុងខេត្ត ឲ្យនៅទីនោះតែម្ដង ហើយបើសិនជាមានគ្រូពេទ្យទៅដល់ គ្រូពេទ្យមានវ៉ាក់សាំងហើយស្រេច កុំពិបាក។ ខ្ញុំសូមដាក់ចេញថា សុំកុំឲ្យកន្លែងដែលខ្វះវ៉ាក់សាំង ពុំមានវ៉ាក់សាំងចាក់ ក្នុងពេលដែលវ៉ាក់សាំងដេកនៅឃ្លាំងនៅទីក្រុងភ្នំពេញ។ វ៉ាក់សាំងត្រូវទៅដល់គោលដៅ ហើយទៅដល់គោលដៅហើយ ខេត្តនានាត្រូវតែតាមមើលតើវ៉ាក់សាំងបានចេញពីទីរួមខេត្ត ពីឃ្លាំងរបស់ខេត្ត ចូលទៅស្រុក ទៅឃុំ ឬនៅ? ត្រូវតាមដានកិច្ចការងារនេះ ព្រោះឥឡូវយើងបានឃើញថា វ៉ាក់សាំងនៅឃ្លាំងនៅទីក្រុងភ្នំពេញ ក្នុងពេលខេត្តខ្វះ ប៉ុន្តែត្រូវយកចិត្តទុកដាក់ ពេលទៅដល់ខេត្ត កុំឲ្យវ៉ាក់សាំងទៅក្នុងឃ្លាំងរបស់ខេត្ត រួចហើយនៅតាមស្រុក តាមកន្លែងដែលត្រូវចាក់បែរជាខ្វះវ៉ាក់សាំង។ នេះជាបញ្ហាដែលខ្ញុំមិនអាចទទួលបាន មិនអាចយោគយល់បានសម្រាប់ទង្វើខ្វះការទទួលខុសត្រូវបែបនេះបានទេ។

ដូច្នេះ សូមធ្វើរបាយការណ៍ឲ្យខ្ញុំខ្លីៗបញ្ជូនចូលយប់នេះ ខ្ញុំក៏មិនចាំបាច់ដេក (បើ)មិនទាន់ឃើញខេត្តនានាបញ្ជូនចូលនោះទេ។ ខ្ញុំនឹងរំលឹកបញ្ជូនទៅក្នុង group ទាំងអភិបាលខេត្តតែម្ដង ដើម្បីឲ្យដឹងថាបញ្ជូនមកលេខ WhatsApp របស់ខ្ញុំ ដោយមើលលេខរបស់ខ្ញុំឲ្យបានច្បាស់ រួចហើយបញ្ជូនចូលក្នុងលេខ WhatsApp របស់ខ្ញុំ ដើម្បីខ្ញុំមើលតាមខេត្តនីមួយៗ ព្រោះបើចូលតាម group នឹងពិបាកមើល។ ខ្ញុំស្រាវជ្រាវរកឃើញមូលហេតុនៃការយឺតយ៉ាវរយៈពេលចុងក្រោយនេះរួចហើយ រាប់ទាំងការរកឃើញអ្នកដែលបានចាក់ក្នុងល្បឿនលឿនលើសផែនការកំណត់ ហើយខ្ញុំសូមបញ្ជាក់សាជាថ្មីថា អ្នកណាក៏ដោយទៅពីណាក៏ដោយ ឲ្យតែនៅលើទឹកដីកម្ពុជា គឺចាក់ជូនទាំងអស់ មិនចាំបាច់ឲ្យគេទៅចាក់នៅភូមិនេះ នៅភូមិនោះ នៅស្រុកនេះ នៅស្រុកនោះ នៅខេត្តនេះ នៅខេត្តនោះនោះទេ។ ត្រូវធ្វើការងារនេះឲ្យបានហ្មត់ចត់ ដែលវាជាផលប្រយោជន៍ដល់អាយុជីវិតរបស់ប្រជាជនយើង។

នេះជាកិច្ចការដែលយើងត្រូវធ្វើទាំងអស់គ្នាដោយខានមិនបាន ហើយត្រូវចាត់ទុកកិច្ចការងារនេះជាកិច្ចការអាទិភាពខ្ពស់បំផុតរបស់យើង។ សូមអរគុណ សូមឯកឧត្ដម លោកជំទាវយកចិត្តទុកដាក់អនុវត្ត ហើយខ្ញុំនឹងតាមពិនិត្យមើលលើរឿងនេះរហូតដល់ទីបញ្ចប់។ ហើយខ្ញុំមិនព្រមចុះចាញ់ទៅលើសមរភូមិដែលខ្ជីខ្ជាបែបនេះ ដែលទុកឲ្យពលទាហាន នាយទាហាន ខ្វះអាវុធ ខ្វះគ្រាប់ក្នុងការប្រយុទ្ធជាមួយនឹងកូវីដ-១៩ ពោលគឺខ្វះវ៉ាក់សាំងចាក់ជូនប្រជាជននោះទេ។ សមរភូមិនេះក្ដៅជាងសមរភូមយោធា៕ សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ