សម្រង់សារពិសេសបន្ទាន់ សម្តេចតេជោ ហ៊ុន សែន, ករណីរកឃើញវិជ្ជមាន កូវីដ-១៩ ក្នុងចំណោមបងប្អូនពលករខ្មែរមកពីថៃ

CNV:

ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ !

គ្រប់គ្រងហ្មត់ចត់ តាមច្រកមានការគ្រប់គ្រង និងតាមច្រករបៀង ផ្អាកដឹកជញ្ជូន ពង្រឹងការធ្វើចត្តាឡីស័កតាមព្រំដែន

ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ មានសារពិសេសបន្ទាន់ ដើម្បីនិយាយទៅកាន់ផ្នែកពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង។ សភាពការណ៍ក្នុងរយៈពេល ២ ថ្ងៃនេះ ពីម្សិល និងថ្ងៃនេះ នៅតាមព្រំដែនកម្ពុជាថៃ គឺមានការរកឃើញនូវអ្នកឆ្លងជំងឺ កូវីដ-១៩ ដែលបញ្ជាក់ថ្ងៃនេះ(ព្រឹក)ចំនួនពីរនាក់។ មកដល់ម៉ោង ៥ ល្ងាចនេះគឺមានឆ្លង ៦ នាក់។ ហើយបើតាមវិទ្យាស្ថានប៉ាស្ទ័រឲ្យដឹង នៅមានការសង្ស័យច្រើនទៀតដែលអាចថ្ងៃនេះ មានអ្នកឆ្លងអាចកើនលើសជាង ១០ នាក់។ ក្នុងស្ថានភាពបែបនេះ យើងត្រូវតែមានការខិតខំ ដើម្បីរួមចំណែកជាមួយព្រះរាជាណាថៃក្នុងការគ្រប់គ្រងសភាពការណ៍ ដែលនៅក្នុងប្រទេសថៃ កាលពីម្សិលមិញ​នេះ មានអ្នកឆ្លងរហូតដល់ ២៥០ នាក់ និងថ្ងៃនេះជិត ២០០ នាក់។ អ្នកដែលបានចូលមកពីប្រទេសថៃ គឺបានរកឃើញនៅតាមច្រកព្រំដែនរបស់យើង ដែលមានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។

ក្នុងស្ថានភាពនេះ គឺខ្ញុំព្រះករុណាខ្ញុំចេញបទបញ្ជាឲ្យកម្លាំងនៅតាមព្រំដែនទាំងអស់ គ្រប់គ្រងឲ្យបានហ្មត់ចត់ជាទីបំផុត ចំពោះអ្នកឆ្លងដែន​ទាំងនៅតាមច្រកដែលមានការគ្រប់គ្រងនិងតាមរបៀង។ ដាច់ខាតមិនឲ្យមានការលួចឆ្លងចូលមកផ្ទៃក្នុងប្រ​ទេស ដោយមិនបានធ្វើការត្រួតពិនិត្យ មិនបានយកសំណាក និងធ្វើចត្តាឡីស័កនោះទេ។ បញ្ជាទៅកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ ដែលមានមធ្យោបាយដឹកជញ្ជូន ផ្អាកការដឹកជញ្ជូនបងប្អូនទាំងនេះចូលមកផ្ទៃក្នុងប្រទេស ដែល(គ្រាកន្លងយើង)ធ្លាប់តែ(ដឹក)ចេញនិងរំលែកទៅធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្ត។ យើងសុខចិត្តធ្វើចត្តាឡីស័កតាមបណ្ដាខេត្តតាមព្រំដែនល្អជាជាងដឹកបងប្អូនមកពង្រាយនៅផ្ទៃក្នុងប្រទេស ដែលនាំឲ្យឆ្លងនៅក្នុងសហគមន៍សាជាថ្មីម្ដងទៀត។

ដូច្នេះត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូនទាំងនេះឲ្យបានហ្មត់ចត់ ហើយផ្នែកដឹកជញ្ជូន គឺផ្អាកការដឹកជញ្ជូនបងប្អូន ហើយត្រូវពង្រឹងនូវសមត្ថភាពនៃការធ្វើចត្តាឡីស័កនៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំង ហើយត្រូវយកសំណាកនៅទីនោះ ធ្វើចត្តាឡីស័កនោះ ក្នុងរយៈពេល ១៤ ថ្ងៃ។ ក្រសួងសុខាភិបាលត្រូវផ្គត់ផ្គង់បន្ថែមនូវសម្ភារ ថវិកា ដើម្បីធ្វើចត្តាឡីស័ក និងការយកសំណាកដើម្បីធ្វើតេស្ដ ដោយបន្ថែមក្រុមគ្រូពេទ្យទៅកាន់ទីនោះប្រសិនបើមានការចាំបាច់។

ពង្រឹងសមត្ថភាពព្យាបាលនៃមន្ទីរពេទ្យខេត្តបាត់ដំបង, ខេត្តនៅខាងក្រោយ ត្រួតពិនិត្យដល់មូលដ្ឋាន

អ្វីដែលខ្ញុំព្រះករុណាខ្ញុំចង់និយាយនៅពេលនេះគឺចង់បញ្ជាក់ឲ្យបណ្ដាខេត្តនៅតាមព្រំដែន ក៏ដូចជាកម្លាំងនៅតាមព្រំដែនទាំងអស់ យកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់ ជាមួយពលករ/ការិនីរបស់យើង ដែលធ្វើដំណើរពីប្រទេសថៃមកកាន់កម្ពុជាវិញ ដែលមកដល់ពេលនេះ ហើយ​អាចប៉ាន់ស្មានថានឹងមានការកើនឡើងជាបន្តបន្ទាប់នៃចំនួនអ្នកឆ្លង ដែលមន្ទីរពេទ្យខេត្តបាត់ដំបងអាចនឹងត្រូវរ៉ាប់រងជាមួយការព្យាបាល ដែលត្រូវពិនិត្យ ពង្រឹងសមត្ថភាពនៃការព្យាបាលនៃមន្ទីរពេទ្យតាមខេត្ត។ យើងមិនទាន់ឃើញមានការឆ្លងនៅខេត្តទាំងនេះទេ ក៏ប៉ុន្តែខេត្តដែលនៅតាមព្រំដែន គឺមានខេត្តបាត់ដំបង បើយោងទៅលើអ្វីដែលកើតឡើងកាលពីព្រឹកមិញចំនួន ២ នាក់ មានម្នាក់គឺមានស្រុកកំណើតនៅប៉ៃលិន ម្នាក់ស្រុកកំណើតនៅខេត្តបាត់ដំបង។ ដូច្នេះ ត្រូវពង្រឹងសមត្ថភាពនៅទីនោះ។

ក្រសួងសុខាភិបាលត្រូវធ្វើសកម្មភាពបន្ទាន់ ដើម្បីនឹងបន្ថែមសម្ភារ ថវិកា សម្រាប់ការធ្វើចត្តាឡីស័ក ក៏ដូចជាការធ្វើតេស្ដយកសំណាក ហើយបង្កើនល្បឿននៃការធ្វើតេស្ដ ដោយវិទ្យាស្ថានប៉ាស្ទ័រ សំខាន់គឺការដឹកជញ្ជូនសំណាកពី​បណ្ដាខេត្តទាំងនោះ មកកាន់វិទ្យាស្ថានប៉ាស្ទ័រ ព្រោះយើងមិនទាន់មានទីកន្លែងធ្វើតេស្តនៅតាមខេត្តនៅឡើយទេ។

ខ្ញុំក៏សូមយកឱកាសនេះ ដាក់ចេញបទបញ្ជា​​ឲ្យបណ្ដាខេត្តនៅខាងក្រោយទាំងអស់ ធ្វើការត្រួតពិនិត្យទៅដល់មូលដ្ឋាន តើបងប្អូនមកពី​ប្រទេសថៃចូលមកដល់(ថាមាន)ប៉ុន្មាននាក់ហើយ? ត្រូវគ្រប់គ្រងឲ្យបានហ្មត់ចត់។ អ្នកដែលបានដឹកជញ្ជូនទៅ ក៏ត្រូវតែគ្រប់គ្រង​ ឯអ្នកដែលលួចចូលមកស្ងាត់ៗ ហើយមិនបានធ្វើចត្តាឡីស័ក មិនបានយកសំណាក ចាំបាច់ត្រូវតែយកសំណាក ដើម្បីយកមកពិនិត្យ ហើយត្រូវតែធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការពង្រាយជំងឺឆ្លងនេះទៅកាន់ក្រុមគ្រួសារ និងទៅកាន់សហគមន៍ដែលខ្លួនរស់នៅ។ នេះជាវិធានការបន្ទាន់ដែលត្រូវប្រកាន់យកដោយខានមិនបាន ហើយដែលត្រូវធ្វើទាំងអស់គ្នាព្រមៗ។

សូមពលករ/ការិនីធ្វើការនៅថៃ បន្តស្នាក់នៅទីនោះ, ខេត្តខាងក្រោយត្រៀមធ្វើតេស្ដ និងធ្វើចត្តាឡីស័ក

ខ្ញុំព្រះករុណាខ្ញុំនិយាយបែបនេះ មិនមែនមានន័យថា ​យើងនឹងដាក់ចេញឡើងវិញនូវអ្វីដែលបានបញ្ជាក់រួចហើយ ដូចជាការបើកបវសនកាល និងការរៀបចំការបើកឲ្យមានការជួបជុំដោយរក្សាគម្លាត ១,៥ ម៉ែត្រ ឡើងទៅនោះទេ។ ប៉ុន្តែ នេះគឺជាការ​ចម្លងដែលផ្ដើមរាលដាលចេញពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជា។ ខ្ញុំព្រះករុណាខ្ញុំ សុំអង្វរករចំពោះពលករ/ការនីរបស់យើង ​ដែលធ្វើការនៅក្នុងប្រទេសថៃ សុំបន្តស្នាក់នៅទីនោះដើម្បីឲ្យអាជ្ញាធរថៃជួយដល់បងប្អូន នៅក្នុងការពិនិត្យ/ព្យាបាលនៅទីនោះ ប្រសើរជាងការនាំជំងឺចូលមកក្នុងប្រទេស ហើយដែលនាំទៅដល់ការបាត់បង់ការងារធ្វើផងដែរ។ សង្ឃឹមថា បងប្អូននឹងមានការយោគយល់ចំពោះការលំបាកសម្រាប់ផ្ទាល់ខ្លួនផង សម្រាប់ក្រុមគ្រួសាររបស់ខ្លួនផង សម្រាប់ប្រទេសជាតិរបស់យើងផង។ អង្វរករបងប្អូនឲ្យមានការយោគយល់នៅក្នុងកាលៈទេសៈដ៏លំបាក ទោះបីស្របច្បាប់ ឬមិនស្របច្បាប់ ព្រះរាជាណាចក្រថៃបានបង្កលក្ខណៈឲ្យបងប្អូនដែលមិនស្របច្បាប់អាចស្ថិតនៅទីនោះបាន​។ ដូច្នេះ បងប្អូនគួរតែស្ថិតនៅទីនោះជាបន្តទៀត។

នេះជាសារពិសេស និងក្នុងល្បឿនលឿន ដែលត្រូវចាត់ការបន្ថែម ហើយបញ្ឈប់ការដឹកជញ្ជូនមកផ្នែកខាងក្រោយ តែត្រូវពង្រឹងសមត្ថភាពនៃការធ្វើចត្តាឡីស័កតាមព្រំដែនជំនួសវិញ។ បើទោះបីថា ច្រើនម៉ឺននាក់ ក៏យើងត្រូវតែខិតខំ ដើម្បីធ្វើចត្តាឡីស័កនៅតាមព្រំដែនតែម្ដង ដោយមិននាំមកនូវការពង្រាយមនុស្សនៅខាងក្នុងនោះទេ ដែលនឹងនាំទៅដល់ការរីករាលដាលក្នុងសហគមន៍ពេញផ្ទៃប្រទេសនោះដែរ។ ដូច្នេះ សូមគ្រប់ផ្នែកដែលមានការពាក់ព័ន្ធ ជាពិសេសគឺខេត្តនៅតាមព្រំដែនតែម្ដង ត្រូវតែពង្រឹងទាំងតាមច្រកផ្លូវការដែលមានការគ្រប់គ្រង និងតាមរបៀង។ កងកម្លាំងប្រដាប់អាវុធត្រូវតែពង្រាយ ដើម្បីពិនិត្យមើលចលនានៃការធ្វើដំណើររបស់ពលករ/ការិនីរបស់យើង ក្រែងមានគេចរួច។ ហើយប្រសិនបើមានគេចរួចនៅតាមព្រំដែន ខេត្តខាងក្រោយត្រូវតែពិនិត្យមើលនូវចំនួនអ្នក ដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យ ធ្វើចត្តាឡីស័ក និងធ្វើតេស្ដនៅតាមព្រំដែន ឲ្យពួកគេបានធ្វើតេស្ដ និងធ្វើចត្តាឡីស័កនៅឯផ្នែកខាងក្រោយ។

នេះជាវិធានការដើម្បីប្រយុទ្ធប្រឆាំងបន្តទៀតជាមួយនឹងកូវីដ-១៩។ ដូចខ្ញុំព្រះករុណាខ្ញុំបានបញ្ជាក់ថាយើងបិទបញ្ចប់ព្រឹត្តិការណ៍ថ្ងៃ ២៨​ វិច្ឆិកា ប៉ុន្តែ មិនមែនបានសេចក្ដីថា កូវីដ-១៩ បានបញ្ចប់នោះទេ។ ដូច្នេះហើយបានជាយើងត្រូវបន្តការប្រយុទ្ធតទៅទៀត។ ចំនួននេះជាចំនួនមួយដែលគួរឲ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវតែមានវិធានការជាបន្ទាន់។ សូមអរព្រះគុណ សូមអរគុណ ចំពោះការយកចិត្តទុកដាក់ស្ដាប់ និងសូមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសារសម្លេងរបស់ខ្ញុំព្រះករុណាខ្ញុំនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ