ដំបូងខ្ញុំសូមស្វាគមន៍ចំពោះវត្ដមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅក្នុងឱកាសនៃការជួបជុំរបស់យើងនេះ។
ចំណាយពេលជាង ៧ ខែ សម្រេចបានការសាងសង់ ៩៤% នៃផ្លូវ ៣៤ ខ្សែ
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីបានដឹងហើយថា វត្តមានរបស់ខ្ញុំសំដៅធំបំផុតគឺការពិនិត្យលទ្ធផលនៃការអនុវត្ដការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនៅទីក្រុងព្រះសីហនុរបស់យើង។ ព្រឹកមិញ ដូចជាមានអង្គប្រជុំមួយអញ្ចឹង ប៉ុន្ដែអង្គប្រជុំសម័យកូវីដ គឺជាអង្គប្រជុំមិនចាំបាច់ជួបមុខគ្នាទេ។ មានការឧទ្ទេសនាមពីខាងក្រោយ ហើយពីខាងមុខគឺស្ដាប់ ក្នុងពេលដែលយើងជិះរថយន្ដ ហើយបទឧទ្ទេសនាមនានា ត្រូវបានផ្សាយចេញពីអ្នកឧទ្ទេសនាមម្នាក់ដើម្បីឱ្យយើងបានដឹង។ អញ្ចឹងទេ គិតពីថ្ងៃបើកការដ្ឋានមកដល់ថ្ងៃនេះ ពីខែវិច្ឆិការហូតមក គឺមានរយៈពេលប៉ុន្មានខែ(?)តាមធម្មតា ប្រសិនបើយើងធ្វើផ្លូវ តាមស្ដង់ដាផ្សេង ស្ដង់ដាសម័យដើម ឬហៅថាស្ដង់ដាប្រពៃណី យើងត្រូវប្រើពេលរាប់ឆ្នាំទម្រាំនឹងបានប៉ុណ្ណេះ ដោយសារត្រូវចាក់ដី បំពេញនេះបំពេញនោះ។ អញ្ចឹងទេ ផ្លូវមួយខ្សែៗ គឺត្រូវប្រើពេល ៣ ទៅ ៤ ឆ្នាំ ទើបអាចសម្រេចបាន។ ប៉ុន្ដែឥឡូវនេះ សម្រាប់យើង គឺកសាងក្នុងរយៈពេលមិនជាយូរប៉ុន្មានទេ។ ប្រសិនបើគិតពីខែវិច្ឆិការហូតមកដល់ពេលនេះដើមខែមិថុនា គឺមានរយៈពេល ៧ ខែ ជាង ហើយយើងសម្រេចបាន ៩៤% រួចស្រេចទៅហើយនៃការដ្ឋានសាងសង់។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអង្គភាពទាំងវិស្វកម្មនៃក្រសួងការពារជាតិ វិស្វកម្មតេជោសៀមរាប និងបណ្ដាក្រុមហ៊ុនទាំងអស់ដែលបានចូលរួមសាងសង់នៅសមិទ្ធផលដ៏សំខាន់នេះ។ តាមរយៈអស់លោក ឯកឧត្តម ដែលជាប្រធានអង្គភាព ប្រធានក្រុមហ៊ុន ក៏សូមផ្ញើជូនការសួរសុខទុក្ខចំពោះកម្មករ/ការិនី ៤ ៧៥២ នាក់ ហើយជាមួយនោះ សូមនាំថវិការបស់ខ្ញុំជូនចំពោះពួកគាត់ម្នាក់ៗចំនួន ១០ ម៉ឺនរៀលផងដែរ។
ដំណើរដើមហេតុនៃការកសាងផ្លូវ ៣៤ ខ្សែនៅ ខេត្តព្រះសីហនុ
ព្រឹកមិញពេលចុះមួយភ្លែតជួបកម្មករប៉ុន្មាននាក់ ខ្ញុំក៏បានប្រាប់ពួកគាត់អំពីជំនួយឧបត្ថម្ភនេះ។ អ្វីដែលជាការកត់សំគាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាការឆ្នេរ ដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ដែលបានខិតខំប្រឹងប្រែងធ្វើរឿងនេះ ដែលកាលពីពេលបើកការដ្ឋាន ខ្ញុំបានរំលឹកមួយចំនួន។ នៅពេលដែលខ្ញុំមកជួយសង្គ្រោះអគារដួលរលំ ពេលនោះខ្ញុំសង្កេតឃើញថា នៅផ្នែកខាងលើ យើងមើលឃើញនូវភាពស្កឹមស្កៃឡើងទៅខាងលើ បានសេចក្ដីថាអគារខ្ពស់ៗ ភ្លើងភ្លឺៗស្អាតៗខ្លាំងណាស់ ក៏ប៉ុន្ដែផ្នែកខាងក្រោមយើងដើរនឹងភក់ទៅវិញ។ ផ្លូវទាំងអស់គ្មានផ្លូវណាមួយដែលល្អនោះទេ សុទ្ធតែមានការខូចខាត ដោយសារពេលនោះ ផ្លូវរបស់យើងក៏វាផុយពុក ឬក៏វាស្ដើងជាមួយនឹងការដឹកដោយទម្ងន់ធ្ងន់ ដែលបើមិនដឹកមិនបានព្រោះយើងត្រូវធ្វើការសាងសង់។ ដូច្នេះត្រូវ មានការដឹក។ អញ្ចឹងត្រូវខូចផ្លូវហើយ។ អញ្ចឹងទេ ចំណុចនេះធ្វើឱ្យខ្ញុំមានការគិតរហូតមក ក្រោយមកសម័យថ្ងៃមួយ ឯកឧត្តម ជា សុផារ៉ា បានទៅជួបជាមួយខ្ញុំ ហើយយើងក៏ពិភាក្សាអំពីបញ្ហានេះ។
យកស្លឹកត្នោតខ្ចប់ស្ករត្នោត ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ
ពិតហើយ ឆ្នាំទៅយើងបានបញ្ចេញថវិកាភ្លាមៗ។ នៅពេលដែលយើងមានវិបត្ដិអគ្គិសនីកាលពីដើមឆ្នាំ យើងក៏បានបញ្ចេញថវិកាសន្សំរបស់យើងប្រមាណជាជិត ៤០០ លានដុល្លារ លើកម្មវិធីវិនិយោគដែលមានស្រាប់ប្រមាណជា ៨០០ លាន ឬ ជិត ១០០០ លាន។ ពេលនោះ ខ្ញុំនៅចាំបានថា ថវិកាសន្សំរបស់យើងនៅមានប្រហែលជាជាង ៣ ០០០ លានដុល្លារបន្ដិច។ ខ្ញុំក៏បានទូរស័ព្ទទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលយើងគំហុកធ្វើ(ផ្លូវ)ហ្នឹង ត្រូវការទម្លាក់ដំបូង ខ្ញុំគិតថាត្រូវការទម្លាក់ប្រហែល ៣០០ ទៅ ៤០០ លាន ដុល្លារអាមេរិកឯណោះ ដើម្បីធ្វើនៅកម្មវិធីមួយនេះ។ ប៉ុន្ដែខ្ញុំចាប់ផ្ដើមទម្លាក់ភ្លាម ១០០ លានដុល្លារ ឯកឧត្តម ជា សុផារ៉ា និយាយថា អាចដោះស្រាយនៅនឹងកន្លែង ប្រសិនបើមានគោលការណ៍។ អញ្ចឹងយើងក៏សម្រេចឱ្យយកស្លឹកត្នោតខ្ចប់ស្ករត្នោត ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុតែម្ដង។
ខេត្តព្រះសីហនុ ច្រកនៃកំណើនសេដ្ឋកិច្ច តភ្ជាប់រវាងប៉ូលទី ១ និងប៉ូលទី ២ នៃប្រទេសកម្ពុជា
… យើងពិនិត្យមើលទំហំទុន ដែលយើងវិនិយោគមកកាន់ខេត្តព្រះសីហនុ គឺប្រមាណជា ៣៤០ ទៅ ៣៥០ លានដុល្លារអាមេរិក។ អញ្ចឹងបើយើងប្រៀបធៀបជាមួយនឹងការយកទឹកលុយប៉ុណ្ណេះទៅធ្វើស្ពានឆ្លងទន្លេមេគង្គ ទន្លេសាប ឬទន្លេបាសាក់ (យើងគិតជាមធ្យមប្រហែលជាថា ៦០ លានទៅចុះ ដោយសារទន្លេមេគង្គអាចវែងជាង ទន្លេបាសាក់ ទន្លេសាប វាខ្លីជាង អញ្ចឹងយើងគិតជាមធ្យមយើងថា ៧០ លាន ទៅ) យើងអាចធ្វើស្ពានបាន ៥ នៅក្នុងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលផលអំពីការកសាងបែបនេះ។ ប៉ុន្ដែហេតុអីយើងយកប្រាក់នេះ មកកសាងផ្លូវ ៣៤ ខ្សែ ដែលមានត្រឹមតែចំងាយជាង ៨០ គីឡូម៉ែត្រ? យើងត្រូវដឹងអំពីចំណុចទាក់ទិនជាមួយនឹងការអភិវឌ្ឍខេត្តព្រះសីហនុ ដែលគណៈកម្មការក៏បានយល់ហើយ រឿងសំខាន់របស់យើង គឺធ្វើយ៉ាងម៉េចឱ្យទីក្រុងដែលជាច្រកចេញតែមួយគត់នៅក្នុងផ្លូវសមុទ្ររបស់យើងនេះ គឺនៅខេត្តព្រះសីហនុ ឱ្យជាច្រកនៃកំណើនសេដ្ឋកិច្ចដែលតភ្ជាប់រវាងប៉ូលទីមួយ និងប៉ូលទី ២ នៃប្រទេសកម្ពុជារបស់យើង។
ខ្ញុំសូមរំលឹកបន្ដិចថា ប៉ូលប្រទេសរបស់យើងបែងចែកជា ៣ ប៉ូល បើគិតពីបញ្ហាទាក់ទិននឹងសេដ្ឋកិច្ច ប៉ូលទី ១ គឺ ភ្នំពេញ ប៉ូលទី ២ គឺខេត្តព្រះសីហនុ ប៉ូលទី ៣ គឺ ខេត្តសៀមរាប។ ខ្ញុំសង្ឃឹមថាប៉ូលទី ៤ នឹងកើតនៅឦសាន ដែលជាប៉ូលខ្លាំងនៅកសិឧស្សាហកម្មនៅពេលខាងមុខ ហើយក៏អាចមានធនធានរ៉ែនៅទីនោះផងដែរ។ ប៉ុន្ដែ ឥឡូវយើងគិតពីប៉ូលទី ១ នៅភ្នំពេញ ទី២ ខេត្តព្រះសីហនុ ទី ៣ ខេត្ត សៀមរាប ដែលសុទ្ធតែជាប៉ូលនៃកំណើនសេដ្ឋកិច្ច ហើយអ្វីដែលខ្ញុំធ្លាប់និយាយជាបន្ដបន្ទាប់ គឺខ្ញុំចង់ផ្សារភ្ជាប់ឱ្យក្លាយជាច្រកនៃកំណើនសេដ្ឋកិច្ចរវាងប៉ូលទី ២ និងទី ៣ ដែលផ្សារភ្ជាប់គ្នាតាមផ្លូវជាតិលេខ ៤ ហើយជារបៀងនៃទិសខាងលិចរបស់យើង។ ប្រសិនបើយើងមិនធ្វើទេ ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានការខ្ទេចខ្ទាំផ្នែកហេដ្ឋារចនាសម្ព័ន្ធ ហើយកុំថាឡើយ គួច ចំរើន មួយ ទោះបី គួច ចំរើន ២០ ទៀតក៏នៅតែអញ្ចឹង។ អញ្ចឹងទេបានជាយើងត្រូវធ្វើយ៉ាងម៉េចឱ្យខេត្តព្រះសីហនុមានផ្លូវគ្រប់គ្រាន់ ដែលឥឡូវនេះការកសាងបានធ្វើរួចទៅហើយ គ្រាន់តែវាមិនទាន់បញ្ចប់ ហើយនឹងជិតចប់នៅពេលណាមួយ។
ហេដ្ឋារចនាសម័ន្ធខេត្តព្រះសីហនុ ជាផ្នែកមួយនៃការទាក់ទាញអ្នកទេសចរ
ខ្ញុំគិតថា ខេត្តព្រះសីហនុគ្រាន់តែយកផ្លូវថ្នល់ ក៏អាចទាក់ទាញទេសចរក្នុងស្រុកមកលេងកម្សាន្ដ ដើម្បីមើលផ្លូវវាស្អាចប៉ុណ្ណា។ ខ្ញុំបានផ្ដល់មតិឱ្យឯកឧត្តម គួច ចំរើន ថា រៀបចំភ្លើងឱ្យស្អាត (ដើម្បី)គាត់មកមើលផ្លូវ គាត់មកមើលភ្លើង វាទៅជាទេសចរណ៍មួយប្រកបដោយការទាក់ទាញនៅទិសនិរតីរបស់យើងនេះ។ ឥឡូវ (ផ្លូវ) ៣៤ ខ្សែបានកសាង មហាវិថី ៣ ដែលខ្ញុំបានធ្វើដំណើរព្រឹកមិញមាន មហាវិថី ជំទាវម៉ៅ មហាវិថី សែនជ័យ និងមហាវិថី ឆ្នេររាម មានដល់ទៅ ៣ មហាវិថី។ យើងមានមហាវិថីផង វិថីផង និងអនុវិថីផង ប៉ុន្ដែអនុវិថីរបស់យើងប៉ុននឹងផ្លូវជាតិធម្មតា ដែលមានទទឹងដល់ទៅ ១២ ម៉ែត្រ ធំជាងផ្លូវជាតិលេខ ៤ រាល់ថ្ងៃទៅទៀត ដល់មហាវិថីទទឹងទៅដល់ ៥០ ម៉ែត្រ ហើយវិថី ២៥ ម៉ែត្រ។ អញ្ចឹងយើងធ្វើនេះអាចថាស្ដង់ដាខ្ពស់ ហើយបើមិនធ្វើយ៉ាងដូច្នេះគឺ យើងបន្ដផ្លូវចាស់ ងាប់ទាំងខ្លួនទៅទៀត (ដោយសារ) ជួសជុលអត់ចប់ បន្ថែមលើនោះគឺគ្មានប្រព័ន្ធបង្ហូរទឹកទេ។ សូម្បីទីក្រុងមាត់សមុទ្រក៏ក្លាយជាទីក្រុងដែលមានទឹកជំនន់ដែរព្រោះយើងអត់មានប្រព័ន្ធលូ។ ពិតហើយ ទោះបីសមុទ្រក៏វាមានជំនន់ដែរ ឱ្យតែទឹកមកពីខាងលើ វាទៅផុតពីសមត្ថភាពនៃការហូរចេញគឺវាជំនន់ហើយ។ ប៉ុន្ដែ ពេលខ្លះវាមិនគួរជំនន់ ឬទឹកលិចទេ អាស្រ័យដោយយើងគ្មានលូ។ អញ្ចឹងឥឡូវផ្លូវនីមួយៗសុទ្ធតែមានលូ ហើយតភ្ជាប់ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទៅកាន់លូទាំងឡាយនោះ។
ទីក្រុងព្រះសីហនុអាចដើរមុនគេ ជាទីក្រុងឆ្លាតវៃនៅកម្ពុជា
ខ្ញុំពិតជាមានការរីករាយដោយឃើញវឌ្ឍនភាពនៃការសាងសង់ ហើយសូមអរគុណចំពោះឯកឧត្តម ជា សុផារ៉ា ស៊ុន ចាន់ថុល, ឯកឧត្តម ថោង ខុន, ឯកឧត្តម សាយ សំអាល់ ក៏ដូចជាអភិបាលខេត្ត ព្រមទាំងអ្នកដឹកនាំនៅក្នុងគណៈកម្មការតំបន់ឆ្នេរទាំងអស់ និងក្រុមការងារនៃការអភិវឌ្ឍទាំងអស់ដែលបានខិតខំធ្វើនៅរឿងនេះឡើង។ ខ្ញុំក៏តាមរយៈនេះ អរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ជាពិសេសក្រុងព្រះសីហនុតែម្ដង ដែលបានចូលរួមសហការ គាំទ្រដល់ការអនុវត្ដគម្រោងដ៏ធំសម្បើមនេះ រាប់ទាំងការគាំទ្រទៅដល់គម្រោងនៃការអភិវឌ្ឍឆ្នេររបស់យើង ដែលពេលនេះការងារបន្ដ គឺមានច្រើនទៀតដែលត្រូវធ្វើ ម្ខាងកិច្ចការដែលត្រូវបញ្ចប់ទៅលើផ្លូវទាំងឡាយនៅក្នុងបំពាក់បង្គោលភ្លើង ការរៀបចំ ខ្ញុំអាចនិយាយបានថា ខេត្តព្រះសីហនុក្លាយទៅជាទីក្រុងឆ្លាត ដើរមុនគេក្នុងចំណោមទីក្រុងឆ្លាត នោះនៅត្រង់ថា ខ្ញុំបានណែនាំឱ្យឯកឧត្តម ជា សុផារ៉ា ចុះហត្ថលេខាជាមួយក្រុមហ៊ុន មីនីបៀ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ យកអំពូលភ្លើងដែលគេហៅថាអំពូលឆ្លាតដាក់ជាង ៥០០០ អំពូល ហើយខ្ញុំគិតថានៅទូទាំងប្រទេសនឹងត្រូវប្រើអំពូលបែបនេះ ដើម្បីបំភ្លឺតាមផ្លូវ។
ស្អីទៅដែលហៅថាអំពូលឆ្លាត? ឆ្លាតនៅត្រង់ថា ពេលមានរថយន្ដ និងអ្នកដំណើរធ្វើដំណើរតាមនឹងអំពូលវាភ្លឺឡើង ប៉ុន្ដែនៅពេលដែលគ្មានអ្នកដំណើរឬរថយន្ដធ្វើដំណើរតាមហ្នឹងវានឹងបន្ថយពន្លឺ ដូច្នេះធ្វើឱ្យអំពូលដែលយើងដាក់តាមផ្លូវរាល់ថ្ងៃនេះ ចំណាយលុយរាប់សិបលានដុល្លាក្នុងមួយឆ្នាំៗសម្រាប់បំភ្លឺតាមដងវិថីនានានៅក្នុងពេលយប់នឹងត្រូវកាត់បន្ថយ។ នៅពេលអនាគតមិនថាតែទីក្រុងព្រះសីហនុទេ ទីក្រុងដទៃទៀតនៅទូទាំងប្រទេសត្រូវរៀបចំប្រុងប្រៀបដាក់អំពូលឆ្លាតដើម្បីសន្សំសំចៃថាមពលអគ្គិសនី យើងបានកំពុងរៀបចំនៅតំបន់ឆ្នេរ។
សំរេចបានការតភ្ជាប់ផ្លូវពីឆ្នេរអូរត្រេះ មកឆ្នេរអូរឈើទាល
ព្រឹកមិញនេះ ខ្ញុំបានឆ្លងកាត់នូវតំបន់ ដែលមុននេះយើងមិនអាចតភ្ជាប់រវាងឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាលបាននោះទេ ដោយសារតែការកាន់កាប់ខុសច្បាប់ទៅលើដីធ្លីតាមចំណីឆ្នេរសមុទ្រ។ ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ព្រឹកមិញ ខ្ញុំបានជួបម្ចាស់ដីមួយ។ ខ្ញុំបានអរគុណគាត់។ ខ្ញុំថាអរគុណហើយដែលបានចូលរួមសហការ ប៉ុន្តែបើសិនមិនសហការក៏ខ្ញុំយកដែរ ព្រោះនេះជាផលប្រយោជន៍សាធារណៈ ដែលតម្រូវឱ្យធ្វើយ៉ាងដូច្នេះ។ វាមិនដែលអ្នកណាទៅយកដីភ្នំ ទៅយកដីមាត់សមុទ្រ ហើយទៅកាន់កាប់ឆ្នេរទៅក្នុងសមុទ្រទៅទៀត វាមិនដែលមាន។ ឥឡូវខ្ញុំត្រូវធ្វើ។ អត់មានការតវ៉ានៅកន្លែងហ្នឹងទេ ដីរបស់រដ្ឋ រដ្ឋត្រូវយកវិញ។ រឿងយើងចេញប្លង់ដីឱ្យគេបាន លុបចោលក៏បានដែរ អត់មានបញ្ហាទេ។ ជួនកាលមានការទើសទាល់របស់អ្នកនេះរបស់អ្នកនោះមកតម្រូវសូមឱ្យធ្វើប្លង់ឱ្យ អញ្ចឹងគ្នាក៏ចេះតែស៊ីញ៉េប្លង់ទៅ។ តែនាយករដ្ឋមន្រ្ដីអត់បានដឹងទេណា ដល់នាយករដ្ឋមន្រ្ដីដឹងលើកយោបល់មក មោឃភាពចោលទៅលើដីណាដែលជាចំណែកដីរបស់រដ្ឋ។ ក្នុងអនុក្រឹត្យ យើងកំណត់ ១១០ ម៉ែត្រ។ អញ្ចឹងយើងត្រូវធ្វើកិច្ចការងារនេះ ហើយប្រជាពលរដ្ឋដូចជាតំបន់អូរឈើទាល ដូររើតូបអីចេញអស់ហើយ ប៉ុន្តែប្រជាពលរដ្ឋគាត់មានសំណូមពរតែមួយទេ។ បើធ្វើ (ត្រូវ)ធ្វើឱ្យដូចគ្នា មិនមែនធ្វើតែចំពោះពួកគាត់ ហើយមិនធ្វើចំពោះអ្នកធំនោះទេ។ អញ្ចឹងយើងមានតែធ្វើ។
អញ្ចឹងថ្ងៃក្រោយឆ្នេររបស់យើង នឹងតភ្ជាប់បានប៉ុន្មានគីឡូម៉ែត្រនោះ រវាងអូរឈើទាល និងអូរត្រេះ ហើយរហូតទៅដល់រាមឯនោះ។ កន្លែងនោះគេហៅរង្វង់មូលព្រះថោង មួយទៀតព្រះសិវៈ ហើយទេសចរណ៍ស្អាតណាស់។ ជាតំបន់ទាក់ទាញដែលយើងត្រូវប្រឹងធ្វើ។ ប្រព័ន្ធលូយើងត្រូវបន្ត ហើយលូរបស់យើងនេះ កំពុងធ្វើប៉ុណ្ណឹងវាអត់ទាន់គ្រប់ទេ។ ថ្ងៃក្រោយត្រូវបន្ថែមថវិកាដោយជម្រើសណាមួយនោះ ក្នុងការរកហិរញ្ញប្បទានពីក្រៅប្រទេស ឬក្នុងការយកហិរញ្ញប្បទានក្នុងប្រទេសរបស់យើង ដើម្បីនឹងធ្វើ ជៀសវាងការបញ្ចេញទឹកកខ្វក់ចូលទៅក្នុងសមុទ្រដែលធ្វើខូចខាតទៅដល់តំបន់ទេសចរណ៍ ទឹកសម្រាប់ការកម្សាន្ដរបស់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍បរទេសដែលមកលេងនៅក្នុងទីក្រុងរបស់យើងនេះ។
ទីតាំង ៣ កន្លែង ប្រសិទ្ធនាមថា «ខ្មែរធ្វើបាន» «សិលាចាំស្នេហ៍» និង «ដើមឈើចាំស្នេហ៍»
ព្រឹកមិញ ខ្ញុំមានឱកាសដាក់ឈ្មោះបានបីកន្លែង មួយគឺឈ្មោះដាក់នៅតំបន់ចំកន្លែងដែលយើងពុះភ្នំដើម្បីធ្វើផ្លូវ ដាក់ថាខ្មែរធ្វើបាន បន្តមកទៀតយើងឃើញផ្ទាំងសិលាមួយដុំនៅកណ្ដាលផ្លូវ ហើយដែលយើងធ្វើផ្លូវព័ទ្ធសងខាង ខ្ញុំសូមឱ្យដាក់ឈ្មោះថា សិលាចាំស្នេហ៍។ វាមានន័យខ្លាំងណាស់ បន្ទាប់មកទៀតមានដើមឈើមួយដើម នៅកណ្ដាលផ្លូវទៀត ហើយយើងធ្វើផ្លូវវាង ខ្ញុំសូមដាក់ឈ្មោះថា ដើមឈើចាំស្នេហ៍។ បុរសពោះម៉ាយ ឬកំលោះចាស់ណាដែលមិនទាន់មានស្នេហ៍ទេទៅអង្គុយកន្លែងហ្នឹង គេដឹងថាអ្នកហ្នឹងអត់ទាន់មានប្រពន្ធទេ។ ប៉ុន្តែកុំណា កុំមានប្រពន្ធកូនប៉ុន្មានហើយ ទៅអង្គុយជាមួយគេនៅហ្នឹងដែរ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ តំបន់ដែលដាក់អក្សរថា ខ្មែរធ្វើបាន វាមិនមែនត្រឹមតែបច្ចេកទេសពុះភ្នំ និងចិតភ្នំ ដើម្បីនឹងកសាងផ្លូវចូលមកទេ តែមានន័យទីឆ្ងាយពីនេះ នៅត្រង់ថា ការគិតក៏ខ្មែរ ការសាងសង់ក៏ខ្មែរ បច្ចេកទេសសាងសង់ និងការសាងសង់ទាំងអស់គឺបាតដៃកូនខ្មែរ ប្រាក់ទាំងអស់គឺខ្មែរចេញទាំងអស់ គ្មានបរទេសចូលរួមបន្ដិច។
ដូច្នេះ យើងអត់ត្រូវរង់ចាំថាទេ បើសិនជារង់ចាំគេ គ្រាន់តែគូសប្លង់យកលុយពីយើងរាប់មិនអស់ទេ ហើយទម្រាំតែសាងសង់ហើយ គេក៏មិនធ្វើផង។ ត្រឹមតែ ៨២ គ.ម អស់ ៣០០ លានដុល្លារ គឺវាច្រើន ប៉ុន្តែបើពិនិត្យមើលពីទំហំដែលធ្វើគឺសម្បើមពេក។ កន្លែងខ្លះចាក់ថ្មរហូតទៅដល់ ២ ម៉ែត្រ ៣ ម៉ែត្រ ១ ម៉ែត្រ រួចហើយបានចាក់បេតុងឡើងបន្តរហូត ហើយប្រហែលជាមិនមានប្រទេសច្រើនទេដែរប្រើក្រានីតរៀបចំ។ ក្រានីតប្រហែលជាប្រមាណ ១ លានម៉ែត្រការ៉េ ឯណោះ ហើយដែលគិតជាចម្ងាយរហូតទៅដល់ ១៧០ គីឡូម៉ែត្រ ហើយមួយដុំវាគឺ ១៥៥ គីឡូក្រាម ទៅទៀត។ យើងមានរៀបចំកន្លែងសួន កន្លែងអី ស្ដង់ដារខ្ពស់។ កាមេរ៉ាសុវត្ថិភាព អាចថានៅទីក្រុងព្រះសីហនុច្រើនជាងទីក្រុងភ្នំពេញ ដែលរហូតទៅដល់ ៥០០ ជាង ជិតទៅដល់ ៦០០ ចំណុចនៃការដាក់កាមេរ៉ាសុវត្ថិភាព ដើម្បីគ្រប់គ្រងទៅលើទិដ្ឋភាពផ្នែកសន្ដិសុខជាតិនៅទីក្រុងមួយនេះ។
គោលដៅប្រែក្លាយ ក្រុងព្រះសីហនុ ជាទីក្រុងពហុបំណង
អញ្ចឹងទេគោលដៅធំរបស់យើងនៅទៅនេះ គឺបង្កើតទីជាទីក្រុងពហុបំណង។ ម៉េចបានជាយើងត្រូវនិយាយពីទីក្រុងពហុបំណង យើងត្រូវមើលឃើញថាទីក្រុងមួយនេះបានដើរតួជាមជ្ឈមណ្ឌលនៃការដឹកជញ្ជូនសម្រាប់តភ្ជាប់ពីផ្លូវទឹកទៅផ្លូវគោក ពីផ្លូវគោកទៅផ្លូវទឹក ការដឹកជញ្ជូនតភ្ជាប់ផ្លូវអាកាសពីក្នុងតំបន់ក្នុងប្រទេសចូលមកទីនេះ និងពីក្រៅប្រទេសចូលមកព្រលានយន្ដហោះកងកេង ជាតំបន់ទេសចរណ៍ និងអាចអនាគតយើងចង់ប្រែក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិ។ នេះគឺជាការស្រមៃ។ ប្រហែលជាត្រូវការមនុស្សជំនាន់ក្រោយ ដែលគេត្រូវការធ្វើនេះបន្តទៅទៀត។ កន្លែងនេះ ក៏ជាកន្លែងតំបន់ឧស្សាហកម្ម។ យើងឃើញហើយ គ្រាន់តែតំបន់សេដ្ឋកិច្ចពិសេសមានរហូតទៅដល់ ២ មួយតំបន់សេដ្ឋកិច្ចពិសេសដែលវិនិយោគដោយចិន និងមួយទៀតតំបន់សេដ្ឋកិច្ចពិសេសដែលវិនិយោគដោយជប៉ុន។ អញ្ចឹងបើយើងពិនិត្យមើលនៅទីនេះ ខេត្តព្រះសីហនុគឺជាខេត្តចូលរួមអភិវឌ្ឍន៍ដោយពហុជាតិសាសន៍ ប៉ុន្តែមិនមែនបញ្ហាពហុជាតិសាសន៍លើបញ្ហាហិរញ្ញប្បទានលើផ្លូវនោះទេ។
ជប៉ុនបានផ្ដល់ហិរញ្ញប្បទាន និងជួយយើងឱ្យពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដែលខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្រ្ដី ស៊ីនហ្សូ អាបេ ហើយបន្តការខិតខំ ដើម្បីជំរុញយ៉ាងម៉េចឱ្យកំពង់ផែរបស់យើងនេះក្លាយទៅជាកំពង់ផែទឹកជ្រៅដែលមានជម្រៅ ១៤ ម៉ែត្រកន្លះ ឱ្យបានឆាប់បំផុត ដើម្បីជៀសវាងការដឹកជញ្ជូនដែលត្រូវផ្ទេរនៅសិង្ហបុរី ឬផ្ទេរនៅវៀតណាម រួចហើយទើបចូលមកកម្ពុជា។ ខ្ញុំបានលើកជាមួយ ឯកឧត្តម អាបេ ថាឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាហ្នឹង។ ជប៉ុនបានស្ម័គ្រស្មោះជួយយើងតាំងពីដើមមក តាមខ្ញុំចាំតាំងពីឆ្នាំ ១៩៩៩ គឺជាឆ្នាំដែលយើងបានចុះហត្ថលេខាទទួលយកឥណទានពីជប៉ុន។ អស់លោកអាចចោទសួរថា ម៉េចបានចាំដល់ឆ្នាំ ១៩៩៩ បានបានចុះហត្ថលេខា។ បញ្ហាស្ថិតនៅត្រង់នេះ នៅត្រង់ថាកាលពីសម័យដើមនោះ មានការជំពាក់លុយជប៉ុន អញ្ចឹងគេគិតទាំងការ គិតទាំងដើម គិតទាំងប្រាក់ពិន័យ … កាលណាមិនទាន់សងគេអស់ គេអត់ឱ្យខ្ចីទេ។
អញ្ចឹងជប៉ុនមានកម្មវិធីដោះបំណុលឱ្យកម្ពុជា នេះជាការខិតខំជួយរបស់មិត្តជប៉ុន នោះនៅត្រង់ថាគាត់ទិញជាសម្ភារៈ ជាស័ង្កសី ជាប្រេងកាត ជាប្រេងសាំង និងទំនិញដទៃទៀត យកមកប្រគល់ឱ្យកម្ពុជា។ កម្ពុជាលក់បាន រួចហើយយកលុយហ្នឹងសងជប៉ុន។ ទំនិញជប៉ុនយើងយកមកលក់ រួចហើយយើងលុយហ្នឹងសងជប៉ុន ជប៉ុនយកលុយហ្នឹងដាក់ទៅក្នុងការទ្រទ្រង់ថវិការបស់កម្ពុជា។ បានន័យថាជប៉ុនឱ្យយើងឌុប ឱ្យទំនិញមកយើងហើយ យើងលក់យកលុយទៅសងជប៉ុន រួចហើយជប៉ុនយកលុយដែលយើងសង់នឹងយកមកផ្ដល់ជំនួយឱ្យយើងវិញ។ អញ្ចឹងធ្វើវិលជុំ ប៉ុន្មានឆ្នាំជាប់គ្នាទៅ ដល់ឆ្នាំ ១៩៩៩ យើងបានចាប់ផ្ដើមចុះហត្ថលេខាដំបូង ដោយយកឥណទានដំបូងមកអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុរបស់យើងនេះតែម្ដង។ បន្ទាប់ទៅយើងក៏បានដំណើរការជាមួយគាត់រហូតមក។ ហ្នឹងសម្រាប់ការវិនិយោគទាក់ទិននឹងកំពង់ផែទឹកជ្រៅរបស់យើង។
ឯការវិនិយោគព្រលានយន្ដហោះ ឥឡូវកំពុងគ្រប់គ្រងដោយក្រុមហ៊ុនវ៉ាងស៊ី (Vinci Airport) របស់បារាំង ហើយនៅក្នុងឆ្នាំ ២០២០ នេះ ផ្លូវរត់ចម្ងាយ ៣.៨០០ ម៉ែត្រ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០២០ នេះឯង។ ចំណែកស្ថានីយទទួលអ្នកដំណើរ គាត់បេ្ដជ្ញានឹងធ្វើឱ្យរួចនៅឆ្នាំ ២០២២។ រោងចក្រអគ្គិសនីយ៉ាងច្រើន នៅទីនេះមាន ៤ ក្រុមហ៊ុន ម៉ាឡេស៊ី និងក្រុមហ៊ុនចិន មានតែពីរហ្នឹងទេ។ ប៉ុន្តែនេះជាការបញ្ចេញថាមពលសម្រាប់ផ្គត់ផ្គង់ទៅភ្នំពេញ និងទៅទូទាំងប្រទេស ដែលឥឡូវបរិមាណប្រហែលជា ១.០០០ មេហ្គាវ៉ាត់ ដែលនឹងត្រូវបន្ថែមជាបន្តបន្ទាប់។ យើងកំពុងធ្វើការសិក្សា។ នេះគឺជារោងចក្រផលិតអគ្គិសនីដើរធ្យូងថ្ម។ បណ្ដាសណ្ឋាគារ ភោជនីយដ្ឋាននានាវិនិយោគច្រើនជាតិសាសន៍ ហើយបើនៅលើកោះវិញ ឥឡូវកោះស្រុកខ្មែរសឹងតែថ្លៃជាងកោះប្រទេសនានា ប៉ុន្តែគេនៅទៅលេង គេទៅមុជទឹក គេទៅលេងនៅតាមកោះបង កោះអូន កោះសង្សារអីណាពេញទឹកពេញដី។ យើងវាមិនដែលទៅ ថ្ងៃណាបបួលយាយវាទៅម្ដង។ អញ្ចឹងទេ ចំណុចនេះហើយ មានទាំងក្រុមហ៊ុនចិន ក្រុមហ៊ុនជប៉ុន ក្រុមហ៊ុនមកពីអាមេរិក ក្រុមហ៊ុនមកពីបារាំង មានតាំងពីក្រុមហ៊ុនមកពីសិង្ហបុរីដូចជាអាគារមួយខ្ពស់ធំមួយ ច្រើនជាតិសាសន៍ទៀត។
មូលដ្ឋានសមុទ្ររាមកម្ពុជា ស្វាគមន៍គ្រប់នាវាបរទេសចូលសំចត
ប៉ុន្តែខ្ញុំមានការចាំបាច់បញ្ជាក់លើចំណុចមួយ និយាយគ្នាឱ្យច្បាស់ថែមទៀតលើចំណុចនេះ ដើម្បីកុំឱ្យរឿងច្រំដែលកើតឡើងច្រើនពេកទាក់ទិនជាមួយនឹងកំពង់ផែយោធារាម។ ក្នុងរយៈពេលតែប៉ុន្មានអាទិត្យមុននេះ មានការបញ្ជូនសារពីអគ្គរដ្ឋទូតមួយដែលខ្ញុំសុំមិនបញ្ចេញឈ្មោះ។ តាមរយៈឧបនាយករដ្ឋមន្រ្ដី តាមរយៈទេសរដ្ឋមន្រ្ដីថា យើងអនុញ្ញាតឱ្យកំពង់ផែយោធារាមទៅឱ្យចិនប្រើប្រាស់ផ្ដាច់មុខ រហូតទៅដល់គេហ៊ានប្រើពាក្យថា រឿងនេះសម្ដេច ហ៊ុន សែន មិនបានដឹងទេ ក៏ប៉ុន្តែលោក ទៀ បាញ់ ជាអ្នកធ្វើ។ ខ្ញុំសុំផ្ដាំត្រឡប់ទៅវិញ ត្រឡប់ទៅវិញថានេះមិនមែនជាអំណាច ហ៊ុន សែន អំណាច ទៀ បាញ់ ឬរបស់អ្នកនេះអ្នកនោះទេ អ្វីក៏ត្រូវរាយការណ៍ឱ្យនាយករដ្ឋមន្ត្រីដែរ យើងគ្មានគោលការណ៍ណាមួយ ដើម្បីផ្ដល់ឱ្យបរទេសណាប្រើប្រាស់មូលដ្ឋានទ័ពក្នុងប្រទេសដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់យើងទេ។ ខ្ញុំបានបញ្ជាក់ច្រើនលើកហើយ កម្ពុជាសូមបញ្ជាក់សាជាថ្មីថា ជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព កម្ពុជាមិនចូលរួមជាមួយអ្នកនេះ ប្រឆាំងជាមួយអ្នកនោះ មិនអនុញ្ញាឱ្យមានយោធាបរទេស នៅក្នុងទីតាំងទឹកដីរបស់ខ្លួន ហើយយើងក៏មិនបោះទីតាំងយោធារបស់យើងលើទឹកដីបរទេស លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលពេលនេះកងទ័ពរបស់យើងនៅអាហ្វ្រិកកណ្ដាល ម៉ាលី ស៊ូដង់ខាងត្បូង លីបង់។
យើងមានសិទ្ធិនឹងធ្វើនូវអ្វីដែលយើងចង់ធ្វើ ដូចជាមជ្ឈមណ្ឌលលំហសមុទ្រ។ យើងរើពីទីតាំងចាស់មកធ្វើទីតាំងថ្មី។ សូមអញ្ជើញមិត្តភក្តិបរទេសទាំងឡាយ បើចង់ចូលរួមសូមអញ្ជើញដាក់លុយមកចូលរួមចុះ។ អាហ្នឹងកាន់តែបង្ហាញច្បាស់ កុំចោទថាយើងឈប់ធ្វើ។ គេសិក្សាទៅថាមិនត្រូវធ្វើកន្លែងហ្នឹងទេ មជ្ឈមណ្ឌលលំហសមុទ្រគេយកទៅធ្វើកន្លែងផ្សេង ហើយបើខ្លួនចង់ផ្ដល់ជំនួយផ្ដល់ទៅកន្លែងរៀបចំធ្វើតែម្ដងទៅឱ្យវាឆាប់ចប់រឿង។ យើងស្វាគមន៍ទទួលជំនួយទាំងអស់មកពីអាមេរិក បារាំង ជប៉ុន ចិន យកទាំងអស់ ហើយរឿងផែអ៊ូកប៉ាល់ដែលយើងត្រូវធ្វើ មិនមែនជាបញ្ហាថ្មីថ្មោងទេ។ រឿងនេះកាលពីសម័យរដ្ឋកម្ពុជាខ្ញុំបានធ្វើដំណើរចុះឡើង កោះកុង ព្រះសីហនុ កំពត តាមមាត់សមុទ្រខ្ញុំបានចង្អុលបង្ហាញដោយសារតែឃើញទូកនេសាទរបស់កម្ពុជាយើង នៅខេត្តកំពត ព្រះសីហនុ កោះកុង ឱ្យតែច្រែះស៊ីយកទៅជួសជុល នៅប្រទេសថៃ អញ្ចឹងយកលុយទៅឱ្យថៃតែម្ដង។ មានរូបភាពដែលខ្ញុំជិះនាវាចំបាំង ទៅជួបកងទ័ពជើងទឹកនៅសល់រូបភាពនៅទូរទស្សន៍ជាតិ ដែលឃើញគេចាក់បញ្ចាំងអំពីរូបភាព ដែលភរិយាខ្ញុំធ្វើដំណើរទៅកោះវៃ។ ប៉ុន្តែគេយករូបភាពចាស់ កាលពីជំនាន់រដ្ឋកម្ពុជា កាលនោះគាត់ក៏ធ្វើដំណើរជាមួយខ្ញុំដែរ ខ្ញុំថាឱ្យធ្វើកន្លែងអ៊ូទូក ហើយនាវាចំបាំងរបស់យើងពេលណាដែលត្រូវជួសជុលដល់វៀតណាម ហើយមានមួយពេលនោះយើងបញ្ជូនដល់ម៉ាឡេស៊ី ឥឡូវតើយើងមានសិទ្ធិធ្វើកន្លែងសម្រាប់ជួសជុលនាវាចំបាំងរបស់យើង និងនាវាដទៃទៀតរបស់ពលរដ្ឋកម្ពុជាយើង ដែលប្រើសម្រាប់ការដឹកជញ្ជូនទេ។
តើអាហ្នឹងវាទាស់អី? បើសិនជាយើងធ្វើអាហ្នឹង បែរជាថាចិនជាអ្នកធ្វើ។ ពិតហើយ និយាយឱ្យត្រង់ យើងត្រូវការហិរញ្ញប្បទានពីចិនដើម្បីមកធ្វើអាហ្នឹង ប៉ុន្តែបើសិនជាអស់លោកណាចង់ មកយើងស្វាគមន៍ទទួលយក។ ខ្ញុំសុំប្រកាសតែមួយទេ ដើម្បីឱ្យច្បាស់មូលដ្ឋានជើងទឹករាម នឹងស្វាគមន៍គ្រប់ប្រទេសទាំងអស់ ដែលមានបំណងចូលនាវាចំបាំងរបស់ខ្លួន មកសុំចត ឈប់សម្រាក ឬក៏ចូលរួមធ្វើសមយុទ្ធជាមួយកម្ពុជា យើងមិនមែនធ្វើជាមួយតែចិនទេ អាមេរិក បារាំង កាណាដា ឥណ្ឌា អង់គ្លេស ជប៉ុន អូស្ដ្រាលី ចង់ធើ្វសូមអញ្ជើញ។ មិនទាន់ដឹងអីផងថាកម្ពុជាឱ្យសិទ្ធិប្រើប្រាស់ផ្ដាច់មុខ ៥០ ឆ្នាំឬ ៩០ ឆ្នាំ ទៅចិនបាត់ទៅហើយ។ រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតទេ។ ខ្ញុំសុំថា មន្ត្រីអគ្គរដ្ឋទូតនានា ផ្ញើសារតាមន្ត្រីរបស់ខ្ញុំមកខ្ញុំទេ។ អញ្ចឹង ខ្ញុំក៏ផ្ញើសារតាមទូរទស្សន៍ ហើយថ្ងៃនេះខ្ញុំដឹងថាផ្សាយផ្ទាល់ចេញពីទូរទស្សន៍ជាតិ BTV។ BTV គេមកធ្វើតេស្ដឡានផ្សាយបន្តផ្ទាល់របស់គេ គេមកធ្វើតេស្ដផ្សាយពីហ្នឹងទៅ។ ខ្ញុំមិនដឹងថាតើមានទូរទស្សន៍ប៉ុន្មានដែលកំពុងផ្សាយបន្តផ្ទាល់ចេញពីទីនេះ? មាន BTV CNC Fresh News ប៉ុស្ដិ៍លេខ ៣ ផ្សាយបន្ត ប៉ុស្ដិ៍លេខ ៩ ផ្សាយបន្ត ទូរទស្សន៍ One TV ស្ថានីយទូរទស្សន៍ MSG TV ហើយមានអនឡាញច្រើនណាស់ចូលរួម។ ហើយបើវិទ្យុវិញគឺសម្បូរបែប។
សារ ៣ អំពីមូលដ្ឋានសមុទ្ររាម
ខ្ញុំគិតថាបរទេសដែលធ្វើការនៅស្រុកខ្មែរតាមដានណាស់ នៅពេលដែលខ្ញុំនិយាយគេឱ្យបកប្រែភ្លាមៗ ខ្ញុំចង់បញ្ជូនសារទៅថា៖
ទី១៖ បើអ្នកចង់ចូលរួមអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ កំពង់ផែយោធាសុំបរិច្ចាគចូលរួម។ យើងផ្ដល់លទ្ធភាពឱ្យចូលរួម ទាំងទីកន្លែងគណកម្មាធិការលំហសមុទ្រ … ប៉ុន្តែត្រូវការដូរទីតាំង។ ឥឡូវរវាងទីតាំងចាស់ និងទីតាំងថ្មីវាអត់ខុសគ្នាទេ ព្រោះជាផែនការមេរបស់យើង។
ទី២៖ យើងកសាងតំបន់ជួសជុល និងចត រាប់ទាំងនាវាបរទេសដែលខូចចូលមក យើងជួយជួសជុលយើងអនុញ្ញាតឱ្យកន្លែងយើងជួសជុល មិនមែនបរទេសសំដៅទៅលើតែចិនមួយទេ។
ទី៣៖ ចាប់ពីពេលហ្នឹងតទៅអ្នកណាចង់មកក៏សូមអញ្ជើញមក ហើយសហការរួមគ្នាល្បាតសមុទ្រប្រឆាំងភេរវកម្ម ជួញដូរមនុស្ស ជួញដូរគ្រឿងញៀន រត់ពន្ធខុសច្បាប់ និងធ្វើសមយុទ្ធជើងទឹកទៅ។ បើឡើងគោកធ្វើសមយុទ្ធគ្រប់គ្រងគ្រោះមហន្តរាយ ហើយក្នុងទឹកក៏អាចធ្វើសមយុទ្ធគ្រោះមហន្តរាយបានដែរ។ ខ្ញុំចង់បានតែពីរទេ សមយុទ្ធប្រឆាំងភេរវកម្ម និងសមយុទ្ធគ្រប់គ្រងគ្រោះមហន្តរាយ ខ្ញុំមិនចង់ធ្វើសមយុទ្ធក្នុងការធ្វើវាយកម្ទេចសត្រូវទេ។
អញ្ចឹងប្រហែលជាច្បាស់លាស់ជាមួយគ្នា ក្នុងការធ្វើសេចក្ដីថ្លែងការណ៍ចេញពីក្រុងព្រះសីហនុ។ យើងគួរយល់គ្នាហើយ តើចិនមានផលប្រយោជន៍អ្វីទៅដែលចិនត្រូវយកនាវាជើងទឹករបស់ខ្លួនមកដាក់នៅកំពង់សោម នៅពេលដែលនាវានៅសមុទ្រចិនខាងត្បូងស្រាប់ទៅហើយ។ ឥឡូវចោទទាំងភូមាទៀត ថាកំពង់ផែភូមានឹងក្លាយទៅជាកំពង់ផែ ដែលចិនយកកងទ័ពទៅដាក់ទៀតហើយ។ ពីមុនថាតារាសាគរនឹងទៅជាកំពង់ផែមួយលួចលាក់របស់ចិន ទាំងកំពង់ផែ និងព្រលានយន្តហោះឥឡូវចូលមកដល់កំពង់សោម ប៉ុន្មានថ្ងៃមុនចូលដល់កោះរុងទៀតហើយ។ ព្រលានយន្តហោះកោះរុងនឹងប្រើប្រាស់ដោយចិនទៀត។ ចុះហេតុអីបានអស់លោកចូលចិត្តលាបពណ៌។ ខ្ញុំគិតថា បើសិនអ្នកណាធ្វើចារកម្មហើយផ្ដល់ព័ត៌មានឱ្យអ្នកដឹកនាំជឿបែបនេះ អ្នកដឹកនាំនោះ ម្ខាងពិនិត្យសមត្ថភាពរបស់ចារកម្ម ឯម្ខាងទៀតពិនិត្យសមត្ថភាពរបស់ខ្លួន ក្នុងការវិនិច្ឆ័យព័ត៌មានដែលចារកម្មផ្ដល់ឱ្យត្រឹមត្រូវ ឬអត់។ ជួនកាលខ្លួនឯងវាយតម្លៃគេខុស។ ខ្ញុំមិននិយាយឈ្មោះអ្នកណាទេ ក៏ប៉ុន្តែគេអាចយល់បាន។
ខ្ញុំសុំបញ្ជាក់ថា កម្ពុជាអនុវត្តគោលនយោបាយឯករាជ្យអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ហើយបើសិនជានាវាជើងទឹកចុះចតបានប្រទេសណាមួយ ប្រទេសដទៃទៀតមានសិទ្ធិចូលទាំងអស់ យើងអត់មានបិទអ្នកណាទេ ហើយអ្នកណាចង់មកធ្វើសមយុទ្ធនៅលើដីខ្មែរ សូមអញ្ជើញមកឥឡូវបើកចំហទ្វារធ្វើតែម្ដង ប៉ុន្តែឥឡូវ Covid-19 គេធ្វើមិនបានវាលំបាក។ រួចសម័យ Covid-19 មកធ្វើចុះ រហូតដល់អ្នកខ្លះគេប្រើពាក្យថាផ្កាយរណបចាប់បាន ឧត្តមសេនីយ៍ អ៊ុក សីហា ធ្វើការជាមួយក្រុមជំនាញការរបស់ចិនមួយក្រុម រហូតដល់ត្រៀមធ្វើនេះ/នោះ។ ហើយបើចារកម្មអន់យ៉ាងហ្នឹង ទៅធ្វើចារកម្មសម្រាប់ជាតិ និងជាតិស្អី។ ខ្ញុំគ្រាន់តែធ្វើការដាស់តឿនទេ ដោយសារតែខ្ញុំធ្លាប់ដើរតួជានាយទាហានតូចតាច រហូតក្លាយជាមេដឹកនាំជាន់ខ្ពស់ ខ្ញុំចេះវិភាគព័ត៌មានយ៉ាងម៉េច វាយតម្លៃព័ត៌មានយ៉ាងម៉េច ពិតឬមិនពិត។ រហូតទៅដល់ថ្នាក់ផ្កាយរណបចាប់ធ្វើការនៅក្រោមដី ចាប់វាមិនកើត។ បើទោះបីជាធ្វើការក៏ជាទំនាក់ទំនងធម្មតា វាអត់មានអីខ្វល់ទេ។ អញ្ចឹង ខ្ញុំសុំបញ្ជាក់នេះក៏ជាផ្នែកមួយដែលខ្ញុំចង់និយាយទៅកាន់ប្រជាពលរដ្ឋរបស់យើង ក្នុងកិច្ចការដែលយើងធ្វើទាក់ទងនឹងខេត្តព្រះសីហនុនេះ។
កសាងទីក្រុងព្រះសីហនុ ឱ្យទៅជាទីក្រុងពហុបំណង
ក្នុងហ្នឹងខិតខំកសាងទីក្រុងព្រះសីហនុ ឱ្យទៅជាទីក្រុងពហុបំណង ដែលអម្បាញ់មិញខ្ញុំនិយាយអំពីបញ្ហានេះ/នោះ ច្រើនវិស័យណាស់ដែលត្រូវធ្វើនៅខេត្តព្រះសីហនុនេះ ឧស្សាហកម្ម សេវា។ ពិតមែនកសិកម្មមានតិច ប៉ុន្តែនៅទីនេះក៏ជាផ្នែកមួយជម្រុញឱ្យកសិកម្មខ្លាំងបានដែរ តាមរយៈនៃការបង្កើតកសិឧស្សាហកម្ម ដោយធ្វើរោងចក្រនៅក្នុងតំបន់ទាំងនេះ សម្រាប់កែឆ្នៃវត្ថុធាតុដើមដែលទិញពីកោះកុង កំពង់ស្ពឺ តាកែវ យកមកកែឆ្នៃក្នុងតំបន់នេះ។ វាពហុបំណង។ ហើយក៏ចូលរួមអភិវឌ្ឍដោយពហុជាតិសាស្ត្រ ប៉ុន្តែខ្មែរអ្នកធ្វើម្ចាស់។ ការវិនិយោគពីបរទេស ជារឿងធម្មតា និងបញ្ជាក់សាជាថ្មី អំពីកំពង់ផែនៅតាមមាត់សមុទ្រកម្ពុជាទាំងអស់គ្មានមូលដ្ឋានកងទ័ពបរទេសណាទេ គឺគ្មាន។ ឯចំណុចជាក់លាក់ដែលលើកឡើងថ្មីៗនៅកំពង់ផែរាមតាមរយៈការបញ្ជូនសារ តាមរយៈឧបនាយករដ្ឋមន្ត្រីម្នាក់ និងតាមទេសរដ្ឋមន្ត្រីម្នាក់ គឺខ្ញុំបញ្ជាក់ថ្ងៃនេះត្រឡប់ទៅវិញ (ត្បិតគេ)រហូតដល់ហ៊ានប្រើពាក្យថា លោក ហ៊ុន សែន អត់ដឹងទេ លោក ទៀ បាញ់ ទេជាអ្នកធ្វើ។ វាបង្កើតទៅជាបញ្ហាផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល វាមិនដែលមានកម្រិតទៅធ្វើដល់ប៉ុណ្ណឹងរដ្ឋមន្ត្រីការពារជាតិ មិនឱ្យនាយករដ្ឋមន្ត្រីដឹងនោះវាមិនអាចទេ អញ្ចឹងការភាន់ច្រឡំណាមួយត្រូវបានកែសម្រួលទៅ យកល្អកុំបន្តរឿងហ្នឹងតទៅទៀត កម្ពុជាស្វាគមន៍។ អ្នកឯងលើកសំណើមកថាសុំចូលកប៉ាល់ បើកម្ពុជាជំទាស់ចាំអ្នកឯងស្រែកទៅ បើកម្ពុជាអត់ជំទាស់ទេកុំស្រែក ថាឱ្យចិនប្រើផ្ដាច់មុខប៉ុន្មានសិបឆ្នាំមិនឱ្យប្រទេសដទៃចូល ឥឡូវបើលើកសំណូមពរធ្វើសមយុទ្ធស្អែក ទៀ បាញ់ ឆ្លើយ OK ព្រោះខ្ញុំបានបើកចំហហើយ នេះចាត់ទុកថាជាគោលការណ៍ហើយ។
អរគុណចំពោះការខិតខំអភិវឌ្ឍក្រុងព្រះសីហនុ
ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណជាមួយនឹងការខិតខំរបស់អ្នកទាំងអស់គ្នា នៅក្នុងការអភិវឌ្ឍក្រុងព្រះសីហនុនេះ ជាពិសេសការកសាងផ្លូវដ៏ទំនើប ខ្ញុំមិនដឹងប្រទេសណាគេធ្វើបែបហ្នឹងទេ តែប្រទេសខ្មែរ អាហ្នឹងជាសិទ្ធិរបស់ខ្មែរធ្វើ។ ប្រទេសដទៃគេអាចធ្វើមាំជាងយើងទៅទៀត។ ប៉ុន្តែប្រទេសយើងវាមិនដែលមានអាធុនហ្នឹង។ អញ្ចឹង នៅទីនេះការគិតក៏របស់ខ្មែរ ការធ្វើគ្រប់ផ្នែកទាំងការគូរប្លង់ ទាំងការចិតនេះចិតនោះចិតភ្នំ គឺខ្មែរធ្វើទាំងអស់ ខ្មែរចេញលុយទាំងអស់គ្មានជំនួយគិតគូរណាពីបរទេស គ្មានជំនួយបច្ចេកទេសណាពីបរទេស និងគ្មានជំនួយហិរញ្ញវត្ថុសូម្បីមួយសេនដុល្លារពីបរទេស គឺខ្មែរចេញទាំងអស់។ អញ្ចឹងសរសេរនៅជញ្ជាំងភ្នំដែលយើងចិតនោះថា “ខ្មែរធ្វើបាន” វាមិនមែនមានន័យត្រឹមតែចិតភ្នំនោះទេ វាមានន័យទៅឆ្ងាយពីនោះ។
ដល់ពេលនេះ អាចចាត់ទុកថា កម្ពុជាគ្រប់គ្រងបានល្អ លើការរីករាលដាលនៃជំងឺ Covid-19
ពិតមែនតែខ្ញុំថាថ្លែងអំណរគុណអ្នកទាំងអស់គ្នា ជាថ្មីម្តងទៀតថ្លែងអំណរគុណអ្នកទាំងអស់គ្នាឱ្យចប់ ប៉ុន្តែអត់ទេប្រធានបទរបស់យើងមិនចប់ត្រឹមផ្លូវនៅខេត្តព្រះសីហនុទេ។ នៅបញ្ហា Covid-19 ដែលជារឿងដែលខ្ញុំត្រូវនិយាយនៅក្នុងថ្ងៃនេះ។ ទូរទស្សន៍អ្នកណាចង់ មើលក៏មើលទៅ អ្នកណាមិនមើលដើរចេញទៅ ខ្ញុំអត់ខ្វល់ទេ ប៉ុន្តែខ្ញុំគិតថាអ្នកមើលច្រើន មិនតិចទេសម្រាប់អ្នកមើលនៅពេលដែលមានការដែលខ្ញុំអវត្តមានយូរក្រែលដែរហើយ។ ដូច្នេះក៏ល្មមនឹងមាន Facebook BTV ក៏កំពុងឡាយក្នុងនេះដែរ។ ឥឡូវខ្ញុំនិយាយទៅដល់បញ្ហា Covid-19 មកដល់ពេលនេះយើងអាចចាត់ទុកថាកម្ពុជាគ្រប់គ្រងបានល្អទៅលើការរីករាលដាលនៃជំងឺ Covid-19 ដែលធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសរបស់យើងមានការធូរស្រាលជាងមុន ទន្ទឹមនឹងកម្រិតតំបន់ និងសកលដូចជាមានការធូរស្រាល ក៏ប៉ុន្តែបញ្ហានេះមិនមែនបានសេចក្តីថាជាទីបញ្ចប់ ហើយដែលកម្ពុជាត្រូវបាត់ការប្រុងប្រយ័ត្ននោះទេ។
ខ្ញុំសូមយកឱកាសនេះសម្តែងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាលចំពោះគ្រូពេទ្យ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងហ្នឹងមានខេត្តព្រះសីហនុ ដែលជួរមុខក្នុងចំណោមខេត្តជួរមុខដទៃទៀត រហូតទៅដល់មានរាប់សិបនាក់ឆ្លងមួយពេល សុទ្ធតែជនជាតិបារាំងដែលសុទ្ធតែជាជំងឺនាំចូល ហើយព្រលានយន្តហោះត្រូវចុះមកត្រូវយកសំណាកទៅពិនិត្យជាប្រចាំ ព្រោះព្រលានយន្តហោះឥឡូវទទួលតែនៅខេត្តព្រះសីហនុ និងភ្នំពេញទេ។ អ្នកនៅភ្នំពេញ និងនៅខេត្តព្រះសីហនុមានការប្រយុទ្ធខ្លាំងណាស់ ទន្ទឹមនឹងសៀមរាបមិនមានការចុះចតអ្វីច្រើនទេ មានតែយន្តហោះផ្ទៃក្នុង ឯយន្តហោះដែលចុះចតនៅខេត្តព្រះសីហនុ និងចុះចតនៅទីក្រុងភ្នំពេញមានយន្តហោះតែងតែមកក្នុងរយៈពេលយប់ ហើយយើងតែងតែដាក់ពួកគេនៅកន្លែងធ្វើចត្តាឡីស័ករង់ចាំការធ្វើតេស្តនៅព្រលានយន្តហោះយោធាសិន។ យើងសុទ្ធតែមានការខិតខំ ទាំងអស់គ្នា។
អារម្មណ៍ប្រជាពលរដ្ឋ ប្រែប្រួលចំពោះគ្រូពេទ្យ ដោយបានមើលឃើញពលិកម្មរបស់គ្រូពេទ្យ
កាលពីប៉ុន្មានឆ្នាំមុននោះគេជេរគ្រូពេទ្យ នៅចាំបានទេ? រហូតដល់អ្នកខ្លះគេប្រើពាក្យថាគ្រូពេទ្យល្អតែ ១០ ភាគរយទេ អាក្រក់ ៩០ ភាគរយ ប៉ុន្តែឥឡូវនេះគេតែងចម្រៀងយ៉ាងច្រើនអំពីកងទ័ពអាវស លើកអំពីវីរភាពរបស់ពេទ្យទៅវិញ។ ខ្ញុំសប្បាយចិត្តណាស់។ ពីមុនគេជេរគ្រូពេទ្យ គេមិនចូលចិត្តគ្រូពេទ្យ គេបង្អាប់គ្រូពេទ្យ ប៉ុន្តែឥឡូវនេះដោយឃើញពលិកម្មរបស់គ្រូពេទ្យ និងអ្នកនៅជួរមុខទាំងឡាយ គឺអារម្មណ៍របស់ប្រជាពលរដ្ឋរបស់យើងមានការប្រែប្រួលចំពោះគ្រូពេទ្យ ដោយបានមើលឃើញពលិកម្មរបស់គ្រូពេទ្យដើម្បីការពារនូវប្រជាជនកុំឱ្យឆ្លងជំងឺ ឬកុំឱ្យឈានទៅដល់ការស្លាប់ ដែលខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យទាំងឡាយដែលបានខិតខំ មិនថាគ្រូពេទ្យដែលប្រឆាំងនឹង Covid-19 គ្រូពេទ្យនានានៅតាមមន្ទីរពេទ្យត្រូវបង្កើនបន្ទុក ក្នុងការព្យាបាលជំងឺដោយសារតែមានមួយផ្នែកនៃគ្រូពេទ្យបានទៅប្រយុទ្ធជាមួយនឹង Covid-19 ។ អញ្ចឹងមន្ទីរពេទ្យដែលធ្លាប់មានគ្រូពេទ្យច្រើននេះក៏ត្រូវរាប់រកជាមួយនឹងអ្នកជំងឺដែលមានជំងឺផ្សេងទៀតក្រៅពី Covid-19។
ប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ៥០០ លានរៀល បើកឱ្យគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៣ ខែ
ខ្ញុំសូមកោតសរសើរចំពោះគ្រប់ខេត្តទាំងអស់ ដែលនៅពេលដែលចេញបញ្ជាត្រឹមតែមួយថ្ងៃយើងស្វះស្វែងរៀបចំរកបានជាង ៣០០០ បន្ទប់សម្រាប់ត្រៀមបម្រុង ជាមួយនឹងគ្រូពេទ្យស្ម័គ្រចិត្តបន្ថែមចំនួន ៤២០ នាក់ថែមទៀត ដែលខ្ញុំរ៉ាប់រង (…) ពីមុនខ្ញុំគិតថា ១០០ ថ្ងៃ ប៉ុន្តែ ១០០ ថ្ងៃដូចពិបាកពេក ឥឡូវត្រឹម ៩០ ថ្ងៃ វា ៣ ខែ បន្ទាប់ពី ៣ ខែទៅខ្ញុំសុំប្រើថវិកាជាតិហើយ ព្រោះក្នុងមួយខែត្រូវប្រើអស់ ជាង ៥០០ លានរៀល ដែលខ្ញុំបរិច្ចាកសម្រាប់គ្រូពេទ្យស្ម័គ្រចិត្ត។ ប៉ុន្តែចាប់ពីខែបន្ត គឺសុំប្រើថវិកាជាតិដើម្បីជួយឱ្យក្មួយៗទាំងនេះអាចបន្តការងារ។ ឥឡូវត្រូវបន្តដើរយកសំណាក យកស្អីសម្រាប់ធ្វើតេស្តប្រើគ្រូពេទ្យស្ម័គ្រចិត្ត ហើយធ្វើចត្តាឡីស័កសម្រាប់កម្មករ កម្មការិនីដែលទៅចូលឆ្នាំនេះ ក៏ប្រើប្រាក់គ្រូពេទ្យស្ម័គ្រចិត្តនេះដែរ ។ អរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមតាមរយៈវិធីការពារខ្លួននៅគ្រប់ទីកន្លែង។
បើមិនទាន់រកឃើញវ៉ាក់សាំងនៃ Covid-19 ប្រហែលត្រូវប្រើគន្លងថ្មីនៃការរស់នៅ
ឥឡូវនេះ យើងកំពុងស្ថិតនៅស្ថានភាពមួយដែល Covid-19 បានបំផ្លាញទំនៀមទំលាប់ចាស់របស់យើងអស់ហើយ។ យើងកំពុងឆ្ពោះទៅរកភាពប្រក្រតីតាមគន្លងថ្មី។ គន្លងចាស់ដែលយើងដើររាប់រយឆ្នាំត្រូវបានបំផ្លាញដោយ Covid-19។ ប្រសិនបើមិនទាន់រកឃើញនូវវ៉ាក់សាំងនៃ Covid-19 ទេ គន្លងថ្មីរបស់យើងនេះប្រហែលជាត្រូវប្រើរហូត។ បើរកឃើញ វាត្រូវតែមានគម្លាតសុវត្ថិភាព វាត្រូវតែពាក់ម៉ាស។ អញ្ចឹងយើងក៏ត្រូវធ្វើអាហ្នឹងរហូតហើយ រាប់ពាន់ឆ្នាំរាប់រយឆ្នាំ ដែលយើងមានទម្លាប់នៅជិតគ្នា ឱបគ្នាអត់ដែលពាក់ម៉ាសទេ។ ឥឡូវពាក់ម៉ាស ពិតមែនតែខ្ញុំអត់ពាក់ម៉ាស ប៉ុន្តែ ខ្ញុំមានម៉ាសសាកួរ បើត្រូវការ(ពាក់)គ្រឹប។ អាហ្នឹងដែលខ្ញុំថាពាក់ម៉ាសនៅពេលដែលចាំបាច់ ពេលចាំបាច់ទាញវា(សម្តេចយកម៉ាសមកពាក់) និយាយលឺអត់ប៉ុណ្ណឹង បើវាមិនចាំបាច់ទេ អាហ្នឹងហើយដែលខ្ញុំប្រើតាំងពីដំបូងទី ខ្លះគេថាខ្ញុំហាមពាក់ម៉ាសរហូតដល់ មានគេនិយាយថាលោក ហ៊ុន សែន ចាប់ផ្តើមពាក់ម៉ាសហើយ។ ខ្ញុំមិនដែលហាមពាក់ម៉ាសទេ ប៉ុន្តែខ្ញុំនិយាយថាពាក់នៅពេលចាំបាច់ ហើយប្រើក្រម៉ា ខ្ញុំក៏ប្រើក្រម៉ាដែរដោយសារមានម៉ាសហើយខ្ញុំក៏ទុកក្រម៉ាលើឡានទៅ ព្រោះអានេះពាក់ទៅហប់ដែរ ប៉ុន្តែ បើវាត្រូវការពាក់វាត្រូវតែពាក់ ប៉ុន្តែអ្នកទាំងអស់គ្នាពាក់ហើយ មិនបាច់ខ្ញុំពាក់ទេ។ ប្រជាពលរដ្ឋរបស់យើងចេះការពារខ្លួនដោយខ្លួនឯង ដោយខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តវិធានការសុខាភិបាល។
កម្មករ/ការិនី វិលពីព្រះរាជាណាចក្រថៃជាង ៩ ម៉ឺននាក់ អត់បាននាំជំងឺមកសូម្បី ១ ករណី
ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកម្មករ កម្មការិនី បងប្អូនជនរួមជាតិដែលមកពីព្រះរាជាណាចក្រថៃជាង ៩ ម៉ឺននាក់ អត់បាននាំមកនូវជំងឺសូម្បី ១ ករណី។ ពេលមក ដំណាក់កាលដែលយើងទទួលខ្លះ ដំណាក់កាលពេលដែលគាត់ជិះតាក់ស៊ីទៅដល់ផ្ទះ ប៉ុន្តែទៅដល់ផ្ទះមូលដ្ឋានភូមិឃុំ គេជួយ ក្រុមគ្រួសារក៏ជួយនៅទីនោះដាក់ខ្លួនឱ្យនៅដាច់ដោយឡែក។ ផ្ទះខ្លះសរសេរដាក់ថាសូមអភ័យទោសកូនខ្ញុំទើបត្រឡប់មកពីថៃ មិនអាចចូលលេងបាន។ នេះក៏ជាផ្នែកនៃការចូលរួមធំសំបើមណាស់។ កន្លែងខ្លះ ដោយសារផ្ទះវាអត់មានធំ គេរៀបចំឱ្យនៅតាមសាលារៀនអីអញ្ចឹង។ អញ្ចឹងទេ យើងបានកាត់បន្ថយអាហ្នឹងមួយផ្នែកដ៏ធំ ដែលថ្ងៃមុននៅពេលដែលឯកឧត្តមអគ្គរាជទូតថៃនាំថវិកា ២ លានបាត ដែលស្មើជាង ៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិកយកមកប្រគល់ឱ្យខ្ញុំ ផ្ញើជូនពីឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា និងរាជរដ្ឋាភិបាលថៃ ខ្ញុំបានអរគុណគាត់អំពីការខិតខំរួមគ្នាធ្វើកិច្ចការងារនេះ។
កម្មករ/ការិនីជាង ៩៥% ទទួលយកនូវសំណូមពរមិនទៅចូលឆ្នាំ ហើយនៅបន្តការងារ
មួយផ្នែកទៀតក្មួយៗកម្មករ កម្មការិនី ជាង ៩៥ ភាគរយទទួលយកនូវសំណូមពរស្តីអំពីការមិនទៅចូលឆ្នាំ ហើយនៅបន្តការងារ មានប្រមាណជា ៤ ភាគរយប៉ុណ្ណោះដែលទៅ ហើយអ្នកដែលទៅហ្នឹងក៏មានអ្នកដែលបានព្រមព្រៀងរវាងម្ចាស់រោងចក្រ និងកម្មករ ក៏គ្នាទៅ។ មួយចំនួនតូចទេដែលទៅដោយជំនះ។ ប៉ុន្តែពួកគេក៏បានបង្ហាញពីការសោកស្តាយដែរ។ ត្រឡប់ទៅស្រុកអត់ទាំងបានចូលឆ្នាំផង បើគេធ្វើចត្តាឡីស័កនៅទីនោះដែរ។ ត្រឡប់មកវិញ ត្រូវនៅជាប់ ១៤ ថ្ងៃនៅណេះ។ ប៉ុន្តែជាភ័ព្វសំណាងហើយដែលមិននាំជំងឺពីទីក្រុងទៅជនបទ ហើយនាំជំងឺពីជនបទចូលទីក្រុង។ ក្មួយៗកម្មករ/ការិនីក៏បានមកធ្វើការពិនិត្យសុខភាពប៉ុន្មានថ្ងៃដោយមានការរៀបចំដូចជា ១០ ទីតាំងនៃការពិនិត្យសុខភាព និង ៣ ទីតាំងសម្រាប់ធ្វើចត្តាឡីស័កដែលយើងដោះស្រាយថវិកាឱ្យក្រសួងការងារ ធ្វើកិច្ចការងារនេះ …។
បង្ខំចិត្តត្រូវពន្យារពេលបិទសាលារៀនសិន
សុំការអធ្យាស្រ័យពីសំណាក់មាតា បិតា សិស្សក៏ដូចជាសិស្ស និស្សិតនៅសាលា រាប់ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈផង ដែលយើងបង្ខំចិត្តត្រូវពន្យារពេលបិទសាលារៀនសិន។ បញ្ហាត្រូវគិតគូរឱ្យបានវែងឆ្ងាយបន្តិច។ រលកទី ១ បានទៅហើយ គេព្រួយបារម្ភនឹងរលកទី ២ មកដល់ដោយមានការព្រមានពីអង្គការសុខភាពពិភពលោក ដោយឃើញការកើនឡើងវិញនៅក្នុងប្រទេសចិននៅក្នុងពេលវេលាណាមួយនោះ និងការកើនឡើងៗវិញនៅប្រទេសកូរ៉េខាងត្បូង។ ដូច្នេះមានការគិតគូរថា នឹងមានរលកទី ២។ សំរាប់ខ្ញុំ ខ្ញុំជឿថា វាមាន ប៉ុន្តែរលកទី ១ បានចាប់ផ្តើមជាមួយនឹងវិធីដែលយើងអត់ទាន់ទប់ទល់អីទាំងអស់។ មិនថាតែកម្ពុជាទេ ប្រទេសដទៃទៀតអត់ទាន់មានមធ្យោបាយទប់ទល់ទេ។ ឥឡូវប្រសិនបើរលកទី ២ វាបានមកដល់ ទំនប់ការពារដែលយើងបានរៀបចំក្នុងដំណាក់កាលទី ១ នេះ វានឹងត្រូវបម្រើឱ្យការប្រយុទ្ធនូវរលកទី ២។ កន្លែងមានស្រាប់ បទពិសោធន៍ដែលយើងមាន ការព្យាបាល ការរៀបចំកន្លែងធ្វើចត្តាឡីស័កស្អីៗ យើងកំពុងរៀបចំអស់ហើយ ប៉ុន្តែ ប្រសិនបើយើងប្រថុយប្រថានហួសហេតុពេកទៅលើការបើកសាលារៀន ប្រហែលជាពេលនោះ អាទំនប់ដែលយើងបានសាងសង់នេះមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបជាមួយនឹងជាមួយនឹងរលកថ្មីនេះទេ។ កុំភ្លេចថារលកទីមួយ គឺចម្លងពីខាងក្រៅមកទេ តែបើសិនជាយើងបើកសាលា ហើយស្រាប់តែមានកូនសិស្សកើត ហ្នឹងជាការចម្លងក្នុងសហគមន៍តែម្តង វាមិនមែនគ្រាន់តែចម្លងនៅក្នុងសាលារៀនទេ ក៏ប៉ុន្តែកូនសិស្សដែលចេញពីសាលារាយទៅតាមគ្រប់ភូមិទាំងអស់ នោះហើយជាបញ្ហា ដែលទំនប់កសាងសម្រាប់រលកទីមួយ ដែលយើងកំពុងមាន មិនអាចទប់ឈ្នះទេ។ គ្រូពេទ្យត្រូវមានចំនួនតិចជាងអ្នកជំងឺហើយ។
កូវីដ១៩ អត់គិតថាអ្នកឯងមានឬក្រ … បញ្ហានៅត្រង់របៀបចាត់ចែង ការដឹកនាំ ការគ្រប់គ្រង
សុំមើលចំនួននៅក្នុងវេបសាយត៍មួយអំពីប្រទេសអង់គ្លេស និងប្រទេសហូឡង់ គ្មានអ្នកជាទាល់តែសោះ សម្រាប់ប្រទេស ២ ហ្នឹង គេថាឱ្យតែឈឺហើយ ព្យាបាលអត់មានអ្នកជាហ្មង។ អង់គ្លេសឆ្លង ២៧៤.៦៦២ នាក់ ស្លាប់ ៣៨.៤៨៩ នាក់ អត់មានអ្នកជាទេ។ អញ្ចឹង ឥឡូវអ្នកដែលកំពុងនៅនោះ ក្រៅពីការស្លាប់ អ្នកដែលកំពុងនៅ នៅទាំងអស់។ អញ្ចឹងបន្តិចទៀតចំនួនអ្នកជំងឺនៅប្រទេសអង់គ្លេស និងចំនួនគ្រូពេទ្យ គឺស្មើគ្នា។ អញ្ចឹងអ្នកណាព្យាបាលអ្នកណា? ហើយគ្រូពេទ្យនៅប្រទេសមួយចំនួន ឆ្លងរហូតដល់គ្រូពេទ្យចេញធ្វើបាតុកម្ម ដោយសារតែរដ្ឋមិនបានយកចិត្តទុកដាក់រៀបចំប្រុងប្រៀបឱ្យគ្រូពេទ្យ។ កម្ពុជាមិនមែនជាប្រទេសជឿនលឿនខាងផ្នែកវេជ្ជសាស្ត្រទេ ក៏ប៉ុន្តែការគិតគូររបស់ពួកយើង ខ្ញុំបានប្រាប់ទៅក្រុមគ្រូពេទ្យថា បើគ្មានឧបករណ៍គ្រប់គ្រាន់កុំចូលប្រយុទ្ធ អានេះខុសពីការចូលប្រយុទ្ធក្នុងសមរភូមិ ក្នុងសមរភូមិយើងអាចពលីជីវិតរបស់យើង តែយើងអាចសង្គ្រោះជីវិតម្នាក់បាន ប៉ុន្តែការប្រយុទ្ធ ជាមួយនឹង Covid-19 បើយើងគ្មានវិធីការពារខ្លួនទេ គ្រូពេទ្យក៏ស្លាប់ អ្នកជំងឺក៏ស្លាប់ ស្លាប់បានដល់ទៅ ២ ខុសគ្នាជាមួយសង្គ្រាមយោធា។
ប្រទេសខ្លះដែលមានវេជ្ជសាស្ត្រជឿនលឿន ហើយប្រទេសអ្នកមាន បែរជាខ្វះម៉ាស ខ្វះសម្លៀកបំពាក់ការពារឱ្យគ្រូពេទ្យ ហើយទុកឱ្យគ្រូពេទ្យឆ្លងជំងឺ រួចហើយមានមុខមកសរសេរអាក្រក់ពីយើងទៀត។ ប្រព័ន្ធសុខាភិបាលកម្ពុជាខ្សោយ ប្រព័ន្ធសុខាភិបាលឡាវខ្សោយ មីយ៉ាន់ម៉ាខ្សោយ ប្រទេសនេះខ្សោយ ប៉ុន្តែប្រទេសខ្លួនឯងជឿនលឿន ងាប់រកដីកប់មិនបាន រួចមកមានសិទ្ធិសរសេរមកដៀលគេទៀត។ មើលធ្វើឱ្យក្លាយទៅជាមនុស្សនឹងគេនឹងឯងមើល។ រឿងនៅទីនេះ សម័យ Covid-19 អត់គិត ថាអ្នកឯងមានឬក្រ បច្ចេកទេសលឿន ឬបច្ចេកទេសយឺត ខ្លាំងឬខ្សោយ បញ្ហាស្ថិតនៅត្រង់របៀបចាត់ចែង ដឹកនាំ គ្រប់គ្រង គឺនៅកន្លែងហ្នឹងវិញ។ នៅលើលោកនេះ អត់ទាន់អ្នកណារកវ៉ាក់សាំងឃើញផង អញ្ចឹងយើងគ្រប់គ្រង។
ដូចកន្លងទៅចង្កោមកើតឡើង មានចង្កោមតូច ចង្កោមរាងធំតិច ដូចជា ទេសចរណ៍បារាំងជាង ៣០ នាក់ ចង្កោមរបស់វាទម្រាំតែយើងផ្តាច់បាន ដំបូងព្រឹបភ្លាមផ្តាច់អ្នកណាខ្លះ ជាប់ពាក់ព័ន្ធនៅកំពង់សោម រួចហើយពាក់ព័ន្ធទៅបាត់ដំបង ទៅតាមផ្តាច់នៅបាត់ដំបង ទៅតាមផ្តាច់នៅសៀមរាប។ អញ្ចឹងបើគ្មានវិធីចាត់ចែងជាក់លាក់ទេ អ្នកដែលឆ្លងគិតតែព្យាបាលអ្នកឆ្លង ចុះអ្នកដែលយើង គ្រប់គ្រងមិនបាន អ្នកទៅដើរចម្លងដទៃទៀត វាទៅជារីករាលដាលហើយ។ សិល្បៈនៃការចាត់ចែងនៅទីនេះ មានតម្លៃលើសពីបច្ចេកទេសវិទ្យាសាស្ត្រទាន់សម័យ។ ទាន់សម័យឃើញតែងាប់ មិនទាន់សម័យ អត់ងាប់។ យើងពិនិត្យមើលឡាវ គេបង្អាប់គាត់ តែគាត់នៅ ១៩ នាក់ថេរ រហូតដល់ឥឡូវជិត ៥០ ថ្ងៃហើយ អត់មានឡើង។ Timor-Leste ឥឡូវព្យាបាលជាអស់ យើងនេះព្យាបាល ១២០ នាក់ព្យាបាលជាអស់ម្តង ឥឡូវឆ្លងបាន ៣ នាក់ដែលមកពីអាមេរិក សុទ្ធតែមកពីអាមេរិកតាមផ្លូវកូរ៉េ។ ឥឡូវជាបាន ១ នាក់ទៀត សល់ ២ នាក់។ ពេលដែលបើក(មើលសារ)របស់បង ម៉ម ប៊ុន ហេង និងរបស់លោកជំទាវ យក់ សម្បត្តិ នៅពេលដែលគាត់វាយមក ពេលបើកសារពី គួច ចំរើន វាយពីនេះទៅ ខ្ញុំតែងតែពិនិត្យមើលកន្លែងយកសំណាកប៉ុន្មាន អវិជ្ជមាន ឬវិជ្ជមានប៉ុន្មាន តាមដានរឿងហ្នឹង។ ជាធម្មតាបង ម៉ម ប៊ុនហេង គាត់វាយមកម៉ោង ៥ ភ្លឺ ព្រោះម៉ោង ៤ អី ប្រហែលជាគាត់ភ្ញាក់ហើយ។ គាត់វាយម៉ោង ៤ កន្លះ ម៉ោង ៥។ អញ្ចឹងខ្ញុំត្រូវក្រោក ភ្ញាក់អញ្ចឹងទៅត្រូវក្រោកឆ្លើយតបជាមួយគាត់ទៅ។
អញ្ចឹងបញ្ហាការបើកសាលារៀន សុំមាតាបិតា អាណាព្យាបាលសិស្ស មេត្តាយោគយល់ សិស្ស និស្សិត មេត្តាយោគយល់ ហើយបន្តការខិតខំរៀនតាមអនឡាញ និងស្វ័យសិក្សានៅតាមផ្ទះសិន ការពារជីវិតឱ្យ បានសិន បើយើងងាប់ទៅគ្មានលទ្ធភាពនឹងរៀនតទេ ហើយបើវាធ្លាយចូលទៅក្នុងសាលាណាមួយហើយ វាធ្លាយទៅក្នុងសហគមន៍តែម្តង ព្រោះកូនសិស្សនៅតាមភូមិ ឃុំ អញ្ចឹងទៅគ្រួសារមួយនេះកើត គ្រួសារ មួយនោះកើត។ អញ្ចឹងត្រូវបិទ មិនដឹងថាត្រូវបិទត្រង់ណាទេ។ យើងគិតថាបើកើតមួយភូមិហ្នឹង ត្រូវបិទមួយភូមិហ្នឹង ប៉ុន្តែកូនសិស្សមិនមែននៅមួយភូមិឯណា។ នៅច្រើនភូមិ។ អញ្ចឹងទេត្រូវបិទ។
បន្ធូរបន្ថយលើកីឡាមួយចំនួន តែត្រូវតាមគន្លងថ្មីនៃការណែនាំរបស់ក្រសួងសុខាភិបាល
… យើងបន្ធូរបន្ថយលើបញ្ហាមួយចំនួន ដូចជាបញ្ហាកីឡា អនុញ្ញាតឱ្យមានការប្រកួតបិទទ្វារ ប្រដាល់កំ ពុងតែប្រដាល់ ម្សិលមិញពោរពេញដោយប្រដាល់ហើយ ថ្ងៃអាទិត្យ ប៉ុន្តែតែប៉ុន្មាននាក់ទេ។ ខាងមុខនេះនឹង អនុញ្ញាតឱ្យបាល់ទាត់លេង ដើម្បីប្រកួត។ ការប្រកួតនានា និងការហាត់ គឺអនុញ្ញាតឱ្យធ្វើ ប៉ុន្តែត្រូវតាមគន្លងថ្មីនៃការណែនាំរបស់ក្រសួងសុខាភិបាល ហ្នឹងហើយគេហៅថាការវិលទៅរកប្រក្រតីភាពតាមគន្លងថ្មីនោះ។ ពីដើមចាប់ដៃ ឥឡូវឈប់ចាប់ដៃ លើកដៃសំពះគ្នា អាហ្នឹងក៏ ហ៊ុន សែន ថាមុនដែរ ស្រាប់តែទៅទាំងអស់តែម្តង។ ប៉ុន្តែមិនមែនគេធ្វើតាមយើងទេ តែយើងបាននឹកឃើញមុនគេ ថាបញ្ឈប់ការចាប់ដៃគ្នាទៅ សំពះគ្នាទៅ។ តំណាងអង្គការសុខភាពពិភពលោកក៏យកអាហ្នឹងថាធ្វើតាមលោកនាយករដ្ឋមន្ត្រីនិយាយទៅ។ ស្រាប់តែប៉ុន្មានថ្ងៃក្រោយឃើញព្រះអង្គម្ចាស់របស់អង់គ្លេសសំពះដែរ។ ប្រើក្រម៉ា ពេលពីខ្ញុំប្រកាសឱ្យប្រើក្រមា នាំគ្នាជេរខ្ញុំ ដល់ ដូណាល់ ត្រាំម៍ ប្រកាសឱ្យប្រើក្រម៉ា អត់ជេរ។ ឥឡូវខ្ញុំកំពុងឱ្យផលិតម៉ាសដែលធ្វើពីក្រមា ចែកជូនកម្មករ ឬអ្នកក្រីក្រ ព្រោះម៉ាសដែលយើងពាក់នេះពាក់តែម្តងចោល។ ម៉ាសក្រមានោះ យើងអាចបោកទឹកបាន។ ខ្ញុំឱ្យផលិតជាបឋម ២ លាន នៅក្នុងប្រទេសរបស់យើង ដើម្បីចែកឱ្យកម្មករ ចែកឱ្យអ្នកក្រីក្រប្រើប្រាស់ ព្រោះបោកទឹកបានគឺវាស្រួលក្នុងការប្រើប្រាស់។
ចូលដល់ជុំទី ៤ នៃអន្តរាគមន៍ហើយ
ឥឡូវខ្ញុំចង់និយាយដល់បញ្ហាសេដ្ឋកិច្ចមួយចំនួន។ ក្នុងបញ្ហាសេដ្ឋកិច្ចនេះមកដល់ពេលនេះ យើងដល់ជុំទី ៤ នៃអន្តរាគមន៍ហើយ ដែលក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាល ប្រកាសចេញ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០។ ខ្ញុំគ្រាន់តែរំលេចខ្លះៗ ដើម្បីឱ្យឃើញអំពីការយកចិត្តទុកដាក់របស់រដ្ឋ សម្រាប់ការដោះស្រាយបញ្ហាលើសេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល Covid-19។ ជុំទី ៤ ដែលប្រកាសឱ្យអនុវត្ត មានគោលដៅ ២ សំខាន់ ទី ១ បន្តសុពលភាពនៃវិធានការមួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក តាំងពីជុំទី ១ ជុំទី ២ ជុំទី ៣។ ទី ២ ដាក់ចេញនូវវិធានការថ្មីបន្ថែមទៀត។ ទន្ទឹមនេះវិធានការជុំទី ៤ នេះ ម្យ៉ាងបានគិតគូរដល់ការបង្កើននូវការចូលរួមចំណែកបន្ធូរបន្ទុកនៃការរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គម ក្នុងពេលដែលវិបត្តិនៃជំងឺ Covid-19 នៅបន្តអូសបន្លាយផង និងម្យ៉ាងទៀតក៏ផ្តោតផងដែរលើការជួយស្តារ និងជម្រុញលទ្ធភាពអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិជំងឺនេះ។
ខ្ញុំសុំរំលឹកបន្តិចអំពីជុំទី ៣។ កាលពីជុំទី ៣ នេះ យើងបានកំណត់ឡើងវិញនៃការជួយដល់កម្មករដែលបាត់បង់ការងារធ្វើ ដែលមុននោះយើងកំណត់យ៉ាងខ្ពស់ ក៏ប៉ុន្តែផ្នែកខាងកាត់ដេរគឺទៅមិនរួច។ កាលពេលនោះ យើងកំណត់ឱ្យខាងរដ្ឋត្រឹម ៤០ ខាងវិស័យឯកជន ៧០ ដូចជា ១១០ ឯនោះ។ ប៉ុន្តែដល់ទៅមិនរួច យើងបានបញ្ចេញរដ្ឋចេញ ៤០ ដុល្លារ វិស័យឯកជនចេញ ៣០ ដុល្លារ អញ្ចឹងក្នុងមួយខែកម្មករដែលបាត់បង់ការងារធ្វើនេះ បានចំនួន ៧០ ដុល្លារ។ ឥឡូវនេះ ចំនួនរោងចក្រសហគ្រាសដែលកំពុងបាត់បង់ការងារធ្វើ មានចំនួនជាង ១៣ ម៉ឺននាក់ ជាមួយនឹងរោងចក្រ ២៥៦ រោងចក្រដែលបានព្យួរ នឹងមានបន្ថែមទៅដោយ វិស័យទេសចរណ៍មួយចំនួនផ្សេងទៀត វិស័យទេសចរណ៍មាន ១៦៩ សហគ្រាស ស្មើនឹងកម្មករ ១៦.៨៩៦ នាក់ គិតត្រឹមថ្ងៃ ២៩ កន្លងទៅ។ អញ្ចឹងឥឡូវនេះយើងបានចាប់ផ្តើមបញ្ចេញប្រាក់ហើយ សម្រាប់កម្មករប្រមាណជាង ៣ ម៉ឺននាក់ ក្នុងនេះតាមធនាគារឯកទេសវិញដែលផ្ញើសារចូលទៅក្នុងទូរស័ព្ទរបស់កម្មករបានចំនួន ២៣.៧០៣ នាក់ ៣សារ។ ឥឡូវនេះគឺថាយើងកំពុងតែផ្តល់ ព្រោះមិនមែន ចេះតែអ្នកណាក៏មកប្រកាសរួចហើយ ដើម្បីសុំបើកលុយនោះទេ។ ត្រូវពិនិត្យថាអ្នកឯងគ្រប់លក្ខខណ្ឌដើម្បីព្យួរឬនៅ។
ខ្ញុំឃើញអ្នកវិភាគខ្លះថា (លើកមតិថា)ប្រាក់ក្របញ្ចេញណាស់។ បើមិនទាន់ដល់ខែផងអ្នកណាចេញ? ថ្នាក់ដល់បណ្ឌិតរួចហើយ មកធ្វើឡប់ៗ។ ទោះបីកម្មករធ្វើការ ក៏គេធ្វើពីថ្ងៃទី ១ ដល់ថ្ងៃ ៣០ បានគេបើកលុយដែរ។ ឯងគ្រាន់តែប្រកាសភ្លាមថាលុយល្មមបញ្ចេញហើយ។ និយាយឱ្យកាចតិចចុះ ព្រោះអាហ្នឹងវាភ្លើពេក។ អាមួយហ្នឹងចេះបិទត្រឹមតែចិនទេ។ អាមួយហ្នឹង ស្អីឡើងបិទចិន ឱ្យតែមានឈ្មោះចិន អាហ្នឹងរករឿងរហូត … ហើយមិនមែនប្រគល់ឱ្យថៅកែរោងចក្រទេ ទៅប្រគល់ឱ្យកម្មករផ្ទាល់ត្រូវពិនិត្យឱ្យច្បាស់។ សៀវភៅការងារហ្នឹងយ៉ាងម៉េច លេខទូរស័ព្ទគេប៉ុន្មាន ដើម្បីផ្ទេរលុយទៅតាមធនាគារទៅឱ្យគេនោះ ព្រោះកម្មករខ្លះក៏ឆ្លៀតពេលដែលព្យួរនេះ គឺបានទៅនៅស្រុកកំណើត ទៅជួយធ្វើកសិកម្មជាមួយឪពុកម្តាយ អញ្ចឹង គេទៅទទួលលុយនៅឯនោះ។ អញ្ចឹង អាជុំទី ៣ បាននឹងកំពុងអនុវត្តទៅលើកម្មករ ហើយយើងនឹងបន្តធ្វើទៅដល់ពេលដែលគេត្រូវទទួលៗហើយ … ប៉ុន្តែ អាប្រឆាំងវាប្រឆាំងតែប៉ុណ្ណឹង វាគ្មានអ្នក វិភាគខ្មោចអីវាទេអាហ្នឹងនោះ។
អត្ថប្រយោន៍មួយចំនួនក្នុងជុំទី ៤
ឥឡូវនេះ ខ្ញុំសុំនិយាយអំពីបញ្ហាទាក់ទិនជាមួយនឹងអ្វីខ្លះ ដែលមាននៅក្នុងជុំទី ៤? មានចំណុចច្រើន ក៏ប៉ុន្តែ ខ្ញុំរំលឹកចំណុចមួយចំនួន៖ ទី (១) ទាក់ទងជាមួយនឹងវិធានការជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពរបស់កម្មករនិយោជិត។ លើរឿងនេះ មានវិធានការមួយចំនួន។ វិធានការបន្តជួយទេសចរណ៍ រួមមាន៖ ទី ១.១. បន្តលើកការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ២ ខែ បន្ថែមទៀត ចាប់ពីខែ មិថុនា-កក្កដា ឆ្នាំ ២០២០។
ទី ១.២. បន្តអនុញ្ញាតមិនឱ្យបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាពបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម និងទី ១.៣. លើកលែងការបង់ថ្លៃបន្តអាជ្ញាប័ណ្ណគ្រប់ប្រភេទនៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ ២០២១។ អញ្ចឹងទេ ឆ្នាំ ២០២១ ពេលដែលបើកទេសចរណ៍អី លើកលែងការបង់ថ្លៃអាជីវកម្ម … អាហ្នឹងក៏ជាការសម្រាលមួយឱ្យពួកគាត់។
យើងមិនយកលុយឱ្យគាត់ៗ ក៏មិនយកលុយឱ្យយើង។ សម្រាប់វិស័យអាកាសចរណ៍ គឺបន្តលើកលែងការបង់ពន្ធអប្បបរមា សម្រាប់រយៈពេល ២ ខែបន្តទៀត ចាប់ពីខែ មិថុនា-កក្កដា ឆ្នាំ ២០២០ ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។ អាកាសចរណ៍ក៏ខាតឡុងចុងដែរ។ វិស័យប៉ះទង្គិច គឺទេសចរណ៍ អាកាសចរណ៍ (គឺខាង)ដឹកជញ្ជូនផ្លូវអាកាសហ្នឹង។ ងាប់គ្រប់តែប្រទេសហ្នឹង។ (ប្រទេស)ខ្លះកប៉ាល់ហោះដូចត្រីផ្ទោងនៅក្នុងព្រលានអញ្ចឹង។ ឥឡូវ គ្មានកប៉ាល់ហោះៗមួយទេ។
ទី (២) វិធានការផ្តល់ហិរញ្ញប្បទាន សម្រាប់អាជីវកម្ម។ តាមរយៈការកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស ៥០ លានដុល្លារ(អាមេរិក) អនុវត្តដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងការកែសម្រួលកម្មវិធីសហហិរញ្ញប្បទានពិសេស ១០០ លានដុល្លារាមេរិក អនុវត្តដោយធនាគារសហគ្រាសធុនតូច/មធ្យម ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងកែសម្រួលបន្ធូរបន្ថយលក្ខខណ្ឌ ឥណទាន រួមមាន៖ ការកាត់បន្ថយអត្រាការប្រាក់ និងការកែសម្រួលលក្ខខណ្ឌបង្កើតការងារថ្មីជាដើម ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច/មធ្យម ក្នុងវិស័យអាទិភាពអាចមានលទ្ធភាព និងកាន់តែមានភាពងាយស្រួល ក្នុងការទទួលបានឥណទានពីកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល។ នេះជាការសម្រួលមួយទៀត គឺបង្កើនឥណទានពី ៥០ (លានដុល្លារអាមេរិក) ឡើងទៅដល់ ១០០ លាន(ដុល្លារអាមេរិក)។
ទី (៣) ការបង្កើនហិរញ្ញប្បទានបន្ថែម ដើម្បីស្តារ និងជម្រុញកំណើនក្រោយវិបត្តិកូវីដ-១៩ ដោយ៖ ទី ៣.១. វិធានការបង្កើន និងសម្រួលលំហូរសាច់ប្រាក់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបន្ធូរបន្ថយ និងកែសម្រួលនូវលក្ខខណ្ឌមួយចំនួន ដើម្បីបង្កើន និងសម្រូលលំហូរសាច់ប្រាក់នៅក្នុងប្រព័ន្ធធនាគារបន្ថែមទៀត រួមមានជាអាទិ៍៖ ការពិនិត្យលទ្ធភាពបន្ថយអានុបាតសោធនភាពថែមទៀត ការពិនិត្យបន្ធូរបន្ថយលក្ខខណ្ឌតម្រូវលើឥណទានមិនដំណើរការ និងការជម្រុញរៀបចំដាក់ឱ្យអនុវត្តយន្តការកម្ចីនៅលើទីផ្សារអន្តរធនាគារ។ ចំណុចនេះ យើងបានធ្វើ ធនាគារក៏បានធ្វើច្រើនណាស់មកហើយ។ កាលពីមុននេះ ទុនបម្រុងកាតព្វកិច្ចមានរហូតទៅដល់ ១២,៥% ប៉ុន្តែ ដើម្បីឱ្យធនាគារមានសាច់ប្រាក់យកទៅប្រើ។ ធនាគារជាតិទម្លាក់មកនៅសល់តែ ៧% ទេ។ ឧទាហរណ៍ថា ធានាគារពាណិជ្ជកម្មមួយ គាត់យកទុនទៅតម្កល់នៅធនាគារជាតិ ថា ៦០ លាន(ដុល្លារអាមេរិក) អញ្ចឹង យើងបន្ធូរបន្ថយទាញយកអាទុនហ្នឹងដើម្បីបង្វែរ។ ពីមុនស្មើ ១២% នៃទុនដែលត្រូវដាក់។ អញ្ចឹង នៅពេលដែលយើងដាក់បន្ថយអាទុនបម្រុងកាតព្វកិច្ចនេះ និងធ្វើឱ្យធនាគារពាណិជ្ជយកចេញត្រឡប់ពីធនាគារជាតិទៅបង្កើនទុនឱ្យខ្លួនភ្លាម។ អញ្ចឹងទេ អ្នកឯងដែលប្រកាសពីក្រៅប្រទេសថា អ្នកណា នៅពីក្រោយការក្ស័យធន (ឬ)ដួលរលំធនាគារ? ចាំមើលទៅ តើមានធនាគារណាដួលនៅកម្ពុជា? … ឥឡូវ បន្តការពិនិត្យបន្ថែមទៀត ដើម្បីឱ្យធនាគារមានលទ្ធភាព តាមរយៈធនាគារនោះ ក៏យើងឱ្យមានការបន្ធូរបន្ធយទៅផ្នែកបន្តថែមទៀត។
ទី ៣.២. បន្តបន្ធូរបន្ថយអនុវត្តន៍ពន្ធកាត់ទុកលើការប្រាក់ សម្រាប់អ្នកផ្តល់កម្ចីក្នុង/ក្រៅស្រុក។ សម្រាប់កម្ចីថ្មី កែសម្រួលអត្រាពន្ធកាត់ទុកលើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងពីរប្រភពខាងក្រៅ និងខាងក្នុងស្រុក មកនៅត្រឹម ៥% សម្រាប់ឆ្នាំ ២០២០ និងតម្លើងមកត្រឹម ១០% នៅឆ្នាំ ២០២១ ហើយដំឡើងមកកម្រិតធម្មតាស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមានវិញនៅ ឆ្នាំ ២០២២។ អញ្ចឹង ឆ្នាំ ២០២០ នេះ គឺជាឆ្នាំដែលយើងត្រូវតាមដានដោយហ្មត់ចត់។ ប្រសិនបើឆ្នាំ ២០២០ នេះ កូវីដមិនទាន់ផុត អញ្ចឹងអាទម្លាក់មកនេះ វាអាចមានការគិតគូរ ដើម្បីនឹងបន្តអាទម្លាក់ហ្នឹង ព្រោះត្រូវដំឡើងឆ្នាំ ២០២១ ហើយ(ឆ្នាំ) ២០២២ នឹងវិលត្រឡប់ទៅភាពដើមវិញ។ បើវាមិនទាន់ទៅដល់ទេ យើងក៏ត្រូវតែគិតគូរទៅលើបញ្ហាហ្នឹងដែរ។ អាចថាវាជាវិធានការជុំទី ៥ ឬជុំទី ៦ ឯណោះ តែនេះទើបជុំទី ៤។ សម្រាប់កម្ចីចាស់ កែសម្រួលអត្រាពន្ធកាត់ទុកលើកម្ចីរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក មកនៅត្រឹម ១០% សម្រាប់ឆ្នាំ ២០២០ និងដំឡើងមកកម្រិតធម្មតាស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមានវិញនៅឆ្នាំ ២០២១។ ចំណុចនេះខ្ញុំមើលឃើញថាជាចំណុចដែលយើងដាក់ជាបណ្តោះអាសន្ន។ សង្ឃឹមថា កូវីដនឹងត្រូវបញ្ចប់ក្នុងរយៈពេលខ្លី ប៉ុន្តែ ការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក ប្រហែលជាត្រូវការពេលវេលាយូរជាងនេះ។
ទី ៣.៣. ការរៀបចំប្រភពហិរញ្ញប្បទាន សម្រាប់ទុនបង្វិល ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំបង្កើត មូលនិធិធានាឥណទាន ជាមួយថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដែលអាចធានាឥណទានកម្ចីតាម រយៈធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយប្រើគោលការណ៍ទីផ្សារ ដើម្បីជួយសម្រាលសម្ពាធលំហូរសាច់ប្រាក់ និងទុនបង្វិលរបស់អាជីវកម្មធុរកិច្ចក្នុងគ្រប់វិស័យ បានយ៉ាងតិចចំនួន ២ ០០០ លានដុល្លារអាមេរិក។ យើងនឹងដាក់ទុនចូលទៅ ដើម្បីជួយឱ្យទៅជាទុនបង្វិល សម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុ។ អញ្ចឹង តាមរយៈនោះ ធនាគារ និងមីក្រូហិរញ្ញវត្ថុ អាចបង្វិលទុនរហូតទៅដល់ ២ ០០០ លាន(ដុល្លារអាមេរិក) អញ្ចឹង រដ្ឋត្រូវបញ្ចេញទុន ដើម្បីជាប្រភពហិរញ្ញប្បទាន សម្រាប់ជាទុនបង្វិល។ អាហ្នឹងដូចជាដុំកង់មួយនៅខាងក្នុងដើម្បីរុញឱ្យកង់ហ្នឹងវាវិល។ លីបកង់វាតូច ដល់ទៅទាញកង់វាធំ។ អញ្ចឹងទេ យើងចេញតែ ២០០ លាន(ដុល្លារអាមេរិក) ទុនបម្រុងអាចទៅដល់ ២ ០០០ លាន(ដុល្លារអាមេរិក)។
ទី ៣.៤ ការត្រៀមឧបករណ៍ផ្តល់ហិរញ្ញប្បទានបន្ថែម ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រៀមថវិកា ហិរញ្ញប្បទានបន្ថែមចំនួន ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រ និងដើរតួជាកាតាលីករជម្រុញកំណើន តាមវិស័យសំខាន់ៗក្នុងអំឡុងពេលវិបត្តិ និងក្រោយពេលវិបត្តិ។ ដូច្នេះ នៅពីរកន្លែងនេះ យើងត្រូវបញ្ចញ ទុនរហូតទៅដល់ ៥០០ លាន(ដុល្លារអាមេរិក)។
វិទ្ធង្សនាសេដ្ឋកិច្ច ស្មើនឹងការធ្វើភេរវកម្ម
… អ្ហែងកំពុងតែចលនា។ ម្សិលមិញនេះ អ្ហែងប្រុងប្រជុំម៉ោង ៨:៣០ យប់ នៅស្រុកខ្មែរ ដែលអ្ហែងនឹងដឹកនាំប្រជុំពីក្រៅប្រទេស ប៉ុន្តែពួកអ្ហែងត្រូវអាក់ខាន។ ផែនការរបស់អ្ហែង គឺធ្វើឱ្យធនាគារនៅកម្ពុជារលំទាំងអស់។ ចរិតអ្ហែងនេះ គឺចរិតបំផ្លាញជាតិពិតប្រាកដ។ អ្ហែងកុំភ្លេច អ្ហែងចង្អុលឱ្យអ្នកណាធ្វើការខាងក្នុង។ អញចាប់អ្នកហ្នឹងទាំងអស់ អញប្រាប់តែប៉ុណ្ណឹងទេ។ បើអ្ហែងចង់ឱ្យអ្នកខាងក្នុងជាប់គុក អ្ហែងចង្អុលឱ្យអ្នកហ្នឹងធ្វើទៅ។ វិទ្ធង្សនាសេដ្ឋកិច្ច ស្មើនឹងការធ្វើភេរវកម្ម។ អ្ហែងចង្អុលការមកខាងក្នុង អញចាប់អាខាងក្នុង។ បានព័ត៌មានជាក់លាក់ហើយ។ យកវាមកឱ្យមកនៅដេកស្ងៀមមួយកន្លែង។ ឱ្យវាបញ្ជាពីបារាំង/អាមេរិក/កាណាដាមក។ បញ្ជាអី បើក្បាលវាដាច់អស់រលីងទៅហើយហ្នឹង? … អ្ហែង មិនត្រឹមតែមិនជួយជាតិទេ អ្ហែងចង់បង្កើតចលាចល ដោយបំផុសមនុស្សមិនឱ្យសងលុយធនាគារ រួចហើយធ្វើឱ្យធនាគាររលំ ហើយអ្ហែងទាញយកផល ដើម្បីផ្តួលរំលំ។ អញមិនទុកឱកាសឱ្យអ្ហែងទេ អ្ហែងត្រូវដឹង ហើយអញប្រាប់អ្ហែងឱ្យច្បាស់ រាប់ទាំងអ្នកធ្វើសកម្មភាពក្នុងស្រុក អ្ហែងធ្វើអញចាប់ហើយ។
ភេរវកម្ម មិនសំដៅទៅលើការវាយប្រហារដោយគ្រាប់បែក/មីននោះទេ អ្នកឯងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច បំផ្លាញជាតិយ៉ាងដូច្នេះ គ្មានរឿងត្រូវទុកអ្នកឯងទេ។ រឿងសិទ្ធិមនុស្សទុកមួយឡែកសិន ព្រោះអ្ហែងបំផ្លាញ រឿងអីនិយាយដល់សិទ្ធិមនុស្ស? សិទ្ធិមនុស្សមិនឱ្យបំផ្លាញទេ។ ឥឡូវ មើលនៅអាមេរិកទៅចុះ បើសិនកុំមានបាតុកម្ម កុំអីប៉ូលីសម្នាក់នោះមិនត្រូវបានចាប់ខ្លួនទេ។ ធ្វើឱ្យគេងាប់ ត្រឹមបណ្តេញចេញពីប៉ូលីស។ ទាល់តែមានបាតុកម្ម ទើបចាប់ខ្លួន។ ប៉ុន្តែ បើ ហ៊ុន សែន, ស ខេង, នេត សាវឿន អាហ្នឹងក្នុងវិស័យប៉ូលីស។ ហ៊ុន សែន, ទៀ បាញ់, វង្ស ពិសេន (អាហ្នឹង)ក្នុងវិស័យទាហាន បើសិនធ្វើឱ្យគេស្លាប់ ចាប់ខ្លួនភ្លាម។ ប៉ុន្តែ នោះរហូតដល់គេធ្វើបាតុកម្ម ទើបចាប់ខ្លួន។ ឥឡូវ ២ នាក់ ដែលនៅជាមួយ ក្រុមគ្រួសារចេញមកនិយាយថា ឱ្យចាប់ទាំង ២ នាក់ ហ្នឹងយកមកកាត់ទោស មិនទាន់ទាំងចាប់ទៀត។ អញ្ចឹង បានជា(មាន)បាតុកម្ម។ ដល់បាតុកម្ម ត្រូវធ្វើអី? ត្រូវបាញ់ហើយ។ បាញ់សម្លាប់មនុស្សអស់ប៉ុន្មានហើយ? ចាប់មនុស្សអស់ប៉ុន្មានហើយ? …
ប្រិដ អាដាម ទៅណាហើយ ម៉េចក៏មិនលឺសូរស្រែក? សិទ្ធិមនុស្សវានៅត្រង់ណា? ពេលដែលកម្ពុជាទប់បាតុកម្ម គេថាកម្ពុជារំលោភលើសិទ្ធិមនុស្ស ដល់ទៅប្រទេសដទៃទប់បាតុកម្ម គេថា វិធានការការពារសណ្តាប់ធ្នាប់សង្គម។ ខុសគ្នាខ្លាំងម្លេះ? ហ្នឹងមិនខុសពីប្រទេសចិន Lockdown នៅតំបន់ Wuhan ខេត្ត Hebei គេថាបំពានសិទ្ធិពលរដ្ឋ ដល់ទៅប្រទេសខាងលិចបិទប្រទេស បិទទីក្រុង គេថាវិធានការការពារ ខូវីដ ១៩។ ម៉េចបានជាស្តង់ដារដល់ទៅ ២ ដល់ទៅ ៣ យ៉ាងដូច្នេះ? ពេលដែលកម្ពុជាមានការទប់ស្កាត់បាតុកម្ម គេថាកម្ពុជារំលោភលើសិទ្ធិបញ្ចេញមតិ លើសិទ្ធិតវ៉ា ក៏ប៉ុន្តែ ដល់ទៅប្រទេសប្រជាធិបតេយ្យគេធ្វើវិញ គេទប់ដូចគ្នា ជួនកាលមានការប៉ះទង្គិចបង្ហូរឈាម គេថាវិធានការការពារសណ្ដាប់ធ្នាប់សង្គម។ ចុះកម្ពុជាអត់ត្រូវការសណ្ដាប់ធ្នាប់សង្គម? ប្រិដ អាដាម ត្រូវតែនិយាយ បើមិននិយាយថ្ងៃក្រោយកុំនិយាយប៉ះពាល់ខ្មែរ បើឯងមិននិយាយស្រុកអាមេរិក។ ពួកសិទ្ធិមនុស្សទាំងឡាយនៅលើលោកទៅណាអស់ហើយ? ម៉េចក៏ស្ងាត់ឈឹង ហើយមកនិយាយពីរឿងយើងចាប់អាពួកបំផ្លាញជាតិនេះ។
នៅ White House ធ្វើបាន ហេតុអ្វីនៅវិមានសន្តិភាពធ្វើមិនបាន
អញចាប់គ្រាន់បើជាងអញបាញ់ចោល។ ប្រទេសខ្លះបាញ់ចោល មិនគោរពបទហាម។ ហើយថ្ងៃមុននោះ ប្រធានាធិបតី ត្រាំម៍ គាត់និយាយអញ្ចេះថា ជាភ័ព្វសំណាងដែលបាតុករមិនហក់ចូលទៅក្នុង White House ប្រសិនបើហក់ចូលទៅក្នុង White House នឹងត្រូវទទួលស្វាគមន៍ដោយឆ្កែកាចៗ និងអាវុធទំនើបៗ។ អញ្ចឹងមានន័យថា គាត់ព្រមសម្លាប់មនុស្សនៅពេលដែលផ្លោះរបងចូលទៅក្នុង White House ហ្នឹង។ ឆ្នាំ ២០១៣ ទូតនៅប្រទេសមួយនៅក្នុងទីក្រុងភ្នំពេញថា បើពេលលោតចូលក្នុងវិមានសន្តិភាព ៤ ឬ ៥ នាក់ សូមកុំអាលបាញ់។ គេផ្ដាំតាមកូនខ្ញុំ។ បានខ្ញុំប្រាប់ទៅវិញថា ប្រាប់ទៅ បន្ទាត់ក្រហមនៅកន្លែងណា។ ឯងហ៊ានប៉ះមន្រ្តីអញតែម្នាក់ អញវាយភ្លាម។ អត់ទុកទេ។ អ្ហែងហ៊ានចូលអគាររដ្ឋ សម្រុកចូលអគាររដ្ឋណាមួយ អញវាយភ្លាម។ បន្ទាត់ក្រហមគឺនៅកន្លែងហ្នឹង។ អញ្ចឹងវាខុសគ្នាឆ្ងាយម្ល៉េះ White House ប្រធានាធិបតីហ៊ាននិយាយថា បើហ៊ានតែហក់ចូល គឺនឹងស្វាគមន៍ដោយឆ្កែកាច និងកាំភ្លើង។ ដល់ងាកមកឯងថា បើគេផ្លោះចូលវិមានសន្តិភាព ៤ ឬ ៥ នាក់ កុំអាលបាញ់។ អញ្ចឹងគេមានសិទ្ធិបាញ់ យើងអត់មានសិទ្ធិបាញ់។ ហេតុអីទៅ? នេះទីតាំងរដ្ឋាភិបាលណា។ វិមានសន្តិភាព អត់លេងសើចទេ។ អាហ្នឹងនីតិប្រតិបត្តិ។ បន្ទាត់ក្រហមរបស់ខ្ញុំនៅពេលនោះ គឺតែអ្នកឯងហ៊ានប៉ះមន្រ្តី ធ្វើឱ្យរបួសស្នាម ឬសម្រុកចូលអគាររដ្ឋាភិបាល រះយកអត់មានបន្ធូរទេ ចាប់មេក្លោងយកតែម្ដង។
ក្រោយមកវាទៅធ្វើមែន នៅទីលានប្រជាធិបតេយ្យ។ វាយខ្នោះ បានមកដេកគុកប៉ុន្មានថ្ងៃតើ។ រួចហើយបង្ខំចរចា គេសុំឱ្យដោះក៏ដោះទៅ។ គេថាចាប់សមាជិកសភា។ ចង្អុលត្រឡប់ទៅវិញ អ្ហែងចូលស្បថពីអង្កាល់? ព្រះមហាក្សត្រហៅឱ្យចូលប្រជុំ អ្ហែងអត់ចូលប្រជុំ ហៅអ្ហែងស្បថក្នុងវាំង អ្ហែងទៅស្បថនៅអង្គរវត្ត ឥឡូវអ្ហែងមកទារអភ័យឯកសិទ្ធិ។ អ្ហែងមានអភ័យឯកសិទ្ធិមកពីណា? អ្ហែងអត់ទាន់ចូលស្បថផងហ្នឹង អញ្ចឹងវាយខ្នោះ។ ពីមុន ជួន សុវណ្ណ អត់វាយខ្នោះឯណា ហូ វ៉ាន់ ទៅតាមក្រោយទៀត។ ខ្ញុំថា អូ! អ្ហែងហៅគេយកទៅឱ្យសម្រាកឬ? ចុះខ្នោះអ្ហែងមិនព្រមវាយ។ អានោះបានវាយវាជក់វាយ វាយដល់ម៉ោង ១០ កន្លះយប់ ដោយទាំង មួរ សុខហួរ នោះទៅទៀត ហើយទៅនៅបន្ទប់ជាមួយប្រុសៗ ខ្ញុំថា ល្មមដោះខ្នោះហើយ ចាំស្អែកដឹកទៅតុលាការ និងគុកព្រៃស ចាំដាក់ខ្នោះវិញ។ ប្រាប់ឱ្យច្បាស់ទៅ អ្នកដែលបញ្ជាឱ្យដាក់ខ្នោះគឺ ហ៊ុន សែន។ អ្ហែងជេរ ហ៊ុន សែន គឺអត់ខុសទេ។ ជេរតែម្នាក់ហ្នឹងបានហើយ … ម៉ាត់ណាគឺម៉ាត់ហ្នឹង … ហ្នឹងគឺបញ្ជាក់ជូន។
៤. វិធានការជំនួយសង្គម
អញ្ចឹងខ្ញុំបញ្ជាក់ ចំណុចទី ៣ នេះ វាមាន ៤ ចំណុចអំពី វិធានការប្រមូលសាច់ប្រាក់។ ឥឡូវខ្ញុំចូលដល់ទី ៤ ពីវិធានការជំនួយសង្គម។ តើយើងត្រូវជំនួយសង្គមរបៀបម៉េច? ទី ៤.១. រាជរដ្ឋាភិបាលសម្រេចពង្រីកវិសាលភាពគ្របដណ្ដប់នៃទំហំថវិកាសម្រាប់កម្មវិធីសាច់ប្រាក់ពលកម្ម នៅក្នុងឆ្នាំ ២០២០ នេះ ឱ្យឡើងដល់ ១០០ លានដុល្លារអាមេរិក ដើម្បីម្យ៉ាងស្រូបយកពលកម្មដែលបាត់បង់ការងារពីរោងចក្រសហគ្រាស ក៏ដូចជាពលកម្មដែលបានវិលត្រឡប់ពីបរទេស មកស្រុកកំណើតវិញផង និងម្យ៉ាងទៀត ជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាទូទៅផង និងចូលរួមបង្កើតនូវសមិទ្ធផលសង្គមសេដ្ឋកិច្ចក្នុងប្រទេស តាមរយៈការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតូចៗតាមមូលដ្ឋាន សំដៅលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទផងដែរ។ យើងនឹងបញ្ចុះសាច់ប្រាក់ដែលមុននេះគ្រោងត្រឹមតែ ៥០ លានទេ ឥឡូវនេះឡើងដល់ ១០០ លាន។ កម្មវិធីដែលពីមុនគេហៅថាពលកម្មដូរអង្ករ ឥឡូវយើងមិនបាច់ធ្វើពលកម្មដូរអង្ករទេ ពលកម្មយកលុយ។ វានឹងបង្កើតបាននូវការងារធ្វើ។
អញ្ចឹងបានខ្ញុំឆ្ងល់ដែរ … ឯងនិយាយយ៉ាងវែង វាទៅបង្ហោះហ្វេសប៊ុក “បើក្ស័យធនហើយ លក់ម៉ូតូចាយសិន”។ ទេ! បើអ្ហែងបង្ហោះទាំងអស់ អញមិនថាទេ។ អ្ហែងបង្ហោះនេះបង្ហោះបង្កើតរឿង។ អញ្ចឹងអ្ហែងទៅដេកព្រៃសល្អជាង កុំនៅក្រៅ។ នេះលុយមាន តែត្រូវតែធ្វើការទើបបានលុយ កុំដេករង់ចាំលុយ។ យើងត្រូវរកការងារធ្វើ។ ដូច្នេះយើងមានការដ្ឋានមួយចំនួន នាំគ្នាទៅធ្វើទៅ ពីមុនយើងយកអេស្កាវ៉ាទ័រទៅកាយ ប៉ុន្តែយើងត្រូវយកលុយទៅទិញប្រេងទាំងអស់។ ឥឡូវយើងឱ្យប្រជាពលរដ្ឋយើងកាយទៅ ជីកទៅ ធ្វើទៅ អាប្រឡាយតូចៗ នាំគ្នាធ្វើអាហ្នឹងទៅ។ ទីមួយបានផលប្រយោជន៍សម្រាប់បង្កបង្កើនផលនៅក្នុងភូមិឃុំយើង ទីពីរយើងបានលុយពីពលកម្ម។ អ្នកបាត់បង់ការងារ ព្យួរការងារ បានលុយ ៧០ ដុល្លារពីនេះ ហើយទៅយកលុយពលកម្មនៅនោះ។ ពិតមែនហើយ ពីដើមត្រូវធ្វើការក្នុងរោងចក្រ ក្នុងអគារ តែនេះធ្វើការតាមវាលស្រែ តាមចំការ។
នេះក៏ជាវិធីដោះស្រាយមួយ ដែលយើងធ្លាប់ដោះស្រាយពីមុន ជំនន់ឆ្នាំ ២០០០។ ពេលនោះខ្ញុំព្រួយបារម្ភខ្លាចប្រជាពលរដ្ឋចូលទីក្រុងរកការងារធ្វើ ខ្ញុំបានពង្រាយអង្កររាប់ម៉ឺនតោនចុះទៅមូលដ្ឋាន ដើម្បីធ្វើអង្ករពលកម្ម ហើយប្រជាពលរដ្ឋគាត់ធ្វើប្រឡាយទឹក ស្រះទឹក យើងបានហេដ្ឋារចនាសម្ព័ន្ធនៅជនបទផង យើងបានថវិកាផង។ ប៉ុន្តែអាធំៗអាហ្នឹងទុកឱ្យគ្រឿងចក្រវាធ្វើទៅ។ តែអាតូចៗល្មមខ្លួនយើងទៅធ្វើយកលុយ ១០០ លានដុល្លារ មិនតិចទេណា វាស្មើនឹង ៤០ ពាន់លានរៀលដែរ។
ទី ៤.២ ជាមួយនឹងការប្ដេជ្ញាបន្តអនុវត្តនូវកម្មវិធីគាំពារសង្គមទាំងឡាយដែលមានស្រាប់មិនឱ្យខកខាន រាជរដ្ឋាភិបាលរៀបចំដាក់ឱ្យអនុវត្តនៅក្នុងខែមិថុនា ឆ្នាំ ២០២០ នូវកម្មវិធីជំនួយសង្គម សំដៅជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេលដោយវិបត្តិនៃកូវីដ ១៩ នេះ ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ ដោយមានបណ្ណសមធម៌នៅទូទាំងប្រទេស ដោយយកចិត្តទុកដាក់ ពិសេស បន្ថែមកុមារអាយុក្រោម ៥ ឆ្នាំ ជនពិការ ចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារប្រជាពលរដ្ឋក្រីក្រទាំងអស់។
ចំណុចនេះ ខ្ញុំសូមបញ្ជាក់ កម្មវិធីដែលយើងកំពុងតែធ្វើ គឺទាក់ទិនជាមួយនឹងការផ្ដល់សម្រាប់ស្រ្តីឆ្លងទន្លេជាកម្មការិនី យើងនៅតែបន្តផ្ដល់។ សម័យនេះទើបនឹងកូវីដ ១៩ បានពាក់កណ្ដាល និយាយពីកើតនោះកើតអស់ទាស់ និយាយពីមហាកើត។ ថ្ងៃនេះកើតប៉ុន្មាន? ថ្ងៃនេះ ថ្ងៃទី ១ មិថុនា ឆ្នាំ ២០២០ មានចំនួន ២៦៦ នាក់ បានកូនចំនួន ២៦៧ អញ្ចឹងបានសេចក្ដីថាមានភ្លោះមួយ ផ្ដល់ប្រាក់ឧបត្ថម្ភ ១០៦ លាន ៨ សែនរៀល។ អញ្ចឹងកម្មវិធីហ្នឹង យើងអត់បោះបង់ចោលទេ ជាមួយកម្មវិធី ដែលបាន និងកំពុងអនុវត្ត ដែលក្រសួងពីមុនសុខាភិបាល ឥឡូវក្រសួងសង្គមកិច្ច ទៅលើស្រ្តីមានផ្ទៃពោះចាប់ពីមានផ្ទៃពោះរហូតដល់ឆ្លងទន្លេ។ ជួយ ៤ ដង ពេលឆ្លងទន្លេ ជួយម្ដង ក្រោយឆ្លងទន្លេ ត្រូវជួយ ៨ ដងទៀត រហូតដល់កូនអាយុ ២ ឆ្នាំ។ អញ្ចឹង ឥឡូវនេះ យើងត្រូវពង្រីកនូវការជួយឧបត្ថម្ភនេះដល់គ្រួសារក្រីក្រ ព្រោះជួយមួយប្រទេសមិនរួចទេ។ ប្រមាណជា ១០% នៃប្រជាជន ដែលយើងត្រូវជួយគាត់ ហើយមានចំនួនទឹកប្រាក់ តែខ្ញុំមិនលើកក្នុងនេះទេ ព្រោះឯកសារមួយដែលខ្ញុំបានមានចំណារពីថ្ងៃទី ២២ ខែឧសភា គឹមានចំនួនទឹកប្រាក់កំណត់ហើយ ប៉ុន្មានអីប៉ុន្មាន កូនត្រូវបានប៉ុន្មាន ម៉ែឪត្រូវបានប៉ុន្មាន គឺមាននៅក្នុងហ្នឹង។
មិនទុកឱ្យនរណាម្នាក់ស្លាប់ដោយយើងមិនបានដឹង ឬមិនបានដោះស្រាយ
នោះជាអន្តរាគមន៍សង្គម និយាយតាមមួយបែប យើងមិនទុកឱ្យប្រជាជនយើងស្លាប់ដោយយើងមិនបានដឹង ឬមិនបានដោះស្រាយទេ។ នេះជាទ្រឹស្ដីរបស់ ហ៊ុន សែន នៅថ្ងៃទី ១៤ មករា ឆ្នាំ ១៩៨៥ នៅពេលដែលសភាបោះឆ្នោតឱ្យខ្ញុំជានាយករដ្ឋមន្រ្តីផ្លូវការ។ ខ្ញុំបានឡើងនិយាយជាមួយមុខសភា ថ្លែងដោយគ្មានលាយលក្ខណ៍អក្សរអីទេ ខ្ញុំថាទេវតាកំពុងសាកល្បងចំពោះសមត្ថភាពខ្ញុំហើយ ដោយសារឆ្នាំ ១៩៨៤ ជំនន់យ៉ាងធំ ចូល ១៩៨៥ រាំងស្ងួត ខ្ញុំអំពាវនាវឱ្យសមាជិក សមាជិកាសភានៅពេលនោះ យកចិត្តទុកដាក់ពិនិត្យមើល កុំទុកឱ្យប្រជាជនណាម្នាក់អត់បាយស្លាប់ដោយយើងមិនបានដឹង មិនបានដោះស្រាយ។ ឥឡូវភាសានេះខ្ញុំនៅតែបន្តនិយាយ បើទោះបីជាគេនៅបក្សណាៗ ខ្ញុំអត់ដឹងទេអាហ្នឹងរឿងបក្សផ្សេង តែយើងត្រូវជួយដោយគ្មានការរើសអើង។
ទី៥ ដាក់ឱ្យអនុវត្តជំហានទីមួយ ការចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអេឡិកត្រូនិក
ឯចំណុចទី ៥ ការដាក់ឱ្យអនុវត្តនូវជំហានទីមួយ នៃការចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអេឡិកត្រូនិកនៅដើមខែមិថុនា ឆ្នាំ ២០២០ នេះ ដើម្បីសម្រួល និងជម្រុញដល់ការចុះបញ្ជីក្រុមហ៊ុនជាទូទៅ និងជាពិសេសគឺជួយសម្រួលដល់ក្រុមហ៊ុនទាំងឡាយណា ដែលមានបំណងចុះបញ្ជី ដើម្បីទទួលបាននូវឥណទានពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។ អញ្ចឹងដើម្បីឱ្យហិរញ្ញប្បទាននោះ វាបានចេញទៅពិតប្រាកដ វាលំបាកណាស់ពេលដែលយើងដើរទៅជួបរដ្ឋមន្រ្តី សុំជួបថ្នាក់នេះ ថ្នាក់នោះ អញ្ចឹងទេ លេងតាមប្រព័ន្ធអនឡាញតែម្ដងទៅ។ សហគ្រាសនេះត្រូវការទុន រុញអាហ្នឹងទៅ អញ្ចឹងផ្នែកបច្ចេកវិទ្យាខាងទូរគមនាគមន៍ និងប្រៃសណីយ៍ ក៏ត្រូវធ្វើការងារជាមួយនឹងក្រសួងដើម្បីបង្កើតជា IT Business ហ្នឹងសម្រាប់ទទួលនូវការចុះបញ្ជី។ វិធានការនេះមិនទាន់គ្រប់គ្រាន់ទេ។
អ្នកប្រកាសប្រាក់ដុល្លារ ១, ២ និង៥ ដុល្លារ មិនចាយ ឬកាត់ទឹក ត្រូវមានទោស
ម្យ៉ាងទៀត ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់សាជាថ្មី ពីការបង្ហោះតាមហ្វេសប៊ុករបស់ខ្ញុំ អាចង្រៃណាដែលវាទៅប្រកាសថា គេឈប់ចាយប្រាក់ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ? រកឃើញចាប់វាឱ្យបានបើវានៅតែបន្ត ចាប់វាទៅ។ ទោះបីគុកចង្អៀត ប៉ុន្តែគុកនៅអាចដាក់បាន។ បើអ្នកឯងបំផ្លាញជាតិហើយ មិនទុកទេ។ ឥឡូវសូមនាំគ្នាចាយទៅ ហើយបន្ទាប់ពីចាយទៅ ប្រហែលធនាគារគេមិនបញ្ចេញមកវិញ គេបានប្រកាសហើយ តែគ្មានការខាតបង់សម្រាប់ប្រជាពលរដ្ឋទេ ហើយសូមឱ្យដឹង បើមានផ្នែកណាមួយ កន្លែងប្ដូរប្រាក់កាត់ទឹក សូមប្ដឹងបន្ទាន់ទៅកាន់អាជ្ញាធរ។ នេត សាវឿន ប្រាប់ទៅខាងផ្នែកនគរបាលឱ្យបានច្បាស់ អ្នកណាហ៊ានកាត់ទឹកប្រាក់ ១ ដុល្លារ ២ ដុល្លារ ៥ ដុល្លារនេះ គឺប្ដឹងមកភ្លាម ហើយយើងចុះទៅភ្លាម ដើម្បីដោះស្រាយ អត់ឱ្យមានការកាត់ទឹកទេ។ តម្លៃ(នៃអត្រាប្ដូរប្រាក់)ប៉ុនណា គឺប៉ុណ្ណឹង។ បើយើងលើកទឹកចិត្តឱ្យមានការចាយវាយប្រាក់រៀលបាន គឺជាការល្អ។
គ្មានថ្ងៃរួមការងារជាមួយនឹង សម រង្ស៊ី
អ្នកខ្លះចោទខ្ញុំថា ទាត់ចោលលុយដុល្លារ ដើម្បីយកលុយយន់ចិន មកប្រើ។ បើហ្អែងចង្រៃអញ្ចឹងៗ ឱ្យអញរួបរួមជាមួយហ្អែងម៉េច? អញរួមជាមួយនឹងខ្មែរក្រហមបាន អញទាញខ្មែរក្រហមចេញពីព្រៃបាន ប៉ុន្តែក្រយៅពួកអ្ហែង អញធ្វើ(ការ)ជាមួយពួកអ្ហែងមិនកើតទេ។ ពួកអ្ហែងខូចពេក។ ខ្មែរក្រហម អញទាញពីព្រៃមកអស់ មកស៊ីបាយផ្ទះអញទៀត។ ខៀវ សំផន ចរចាម្ដង មិនបានជេរ ហ៊ុន សែន ៥ ដងមិនអស់ចិត្ត ទីចុងបំផុត មកបាយផ្ទះ ហ៊ុន សែន ប៉ុន្តែពួកអ្ហែងនេះ អញធ្វើ(ការងារ)ជាមួយមិនកើតទេ អញប្រាប់អ្ហែងឱ្យត្រង់តែម្ដង។ អញ្ចឹងសូមបញ្ជាក់បងប្អូនជនរួមជាតិ ចាយទៅ ១ ដុល្លារ ២ ដុល្លារ ៥ ដុល្លារ ហើយធនាគារទាំងអស់គេទទួល អេស៊ីលីដាចេញមុខមុនគេ។ គេទទួលរួចហើយ គេចាត់ចែងជាមួយធនាគារជាតិយ៉ាងម៉េចអីយ៉ាងម៉េច។ ជួនកាល សម័យកូវីដ១៩ គេគិតគូរដែរ។ ជួនកាលក្រដាសប្រាក់តូចៗហ្នឹង វាឆ្លង(កូវីដ១៩ឱ្យ)គ្នានៅកន្លែងហ្នឹង ប៉ុន្តែយើងប្រើវាទៅ ទទួលវាយកទៅបាញ់ថ្នាំសម្លាប់មេរោគទៅ។
ខ្ញុំអំពាវនាវទាំងអស់គ្នា ចូលរួមប្រយុទ្ធជាមួយនឹងកូវីដ១៩បន្តទៀត។ ពិតមែនហើយ នៅកម្ពុជាអត់មានបិទសេដ្ឋកិច្ចទេ ខ្ញុំសូមបញ្ជាក់។ តិច(ច្រឡំ ដែលយើង)ប្រើពាក្យបើកទេសចរឡើងវិញ។ យើងមិនដែលប្រកាសបិទទេសចរទេ មកពីអត់មានទេសចរមកតែប៉ុណ្ណឹងទេ។ ខ្ញុំមិនដែលប្រកាសបិទរោងចក្រទេ រោងចក្រខ្លះបិទដោយសារខ្វះវត្ថុធាតុដើម បានបិទ ហើយប្រទេសដែលទិញខោអាវនោះ រវល់ព្យាបាលមនុស្ស និងផ្អាកបញ្ជាទិញ ឬទៅដល់ហើយវាអត់ទទួលខុសត្រូវ។ តែអង្ករវាទិញ។ ឆ្នាំនេះ អង្ករនាំចេញបានច្រើន កើន ៤២% ប្រៀបនឹងឆ្នាំទៅ។ យើងអនុញ្ញាតឱ្យនាំចេញអង្ករ នាំចេញត្រី នាំចេញស្អីៗ។ ជម្រុញប្រជាជនរបស់យើងដាំដុះ។ ខ្ញុំមិនដែលហាមឃាត់ បិទផ្សារ ហាងទំនិញ លក់ដូរ មិនដែលទេ។ ការបិទកន្លងទៅធ្វើតែចំពោះ KTV, Beer Garden កាស៊ីណូ រោងកុន។ ឥឡូវសារមន្ទីរអនុញ្ញាតឱ្យបើកវិញ។ យើងផ្អាកការប្រកួតកីឡាមួយចំនួន ឥឡូវយើងអនុញ្ញាតឱ្យប្រកួតកីឡា។ ហែលទឹកក៏ហែលបាន។ ពីមុន យើងហែល ១០ នាក់ ឥឡូវយើងហែលតែ ៥ នាក់ទៅ គម្លាតឱ្យវាឆ្ងាយបន្តិចទៅ ព្រោះដំណើរឆ្ពោះទៅស៊ីហ្គេម យើងមិនឱ្យខកខានទេ។ ឥឡូវគ្មានការដ្ឋានណាមួយគាំងទេ រាប់ទាំងការដ្ឋាននៅកំពង់សោម។ អត់មានគាំងទេ។ មានអគារមួយចំនួន ប៉ុន្តែការដ្ឋានសាងសង់ផ្លូវ អត់មានគាំងទេ ធ្វើយ៉ាងស្រួល។ ស្ពានឆ្លងកាត់ទន្លេមេគង្គ ការដ្ឋានផ្លូវ ការដ្ឋានដទៃទៀតនៅតែម្ដង។
ទីផ្សារអចលនទ្រព្យនៅភ្នំពេញដំណើរការធម្មតា
អចលនទ្រព្យនៅភ្នំពេញ តាមខ្ញុំសួរនាំ នៅតែលក់ដាច់។ តម្លៃ ៥ ម៉ឺនដុល្លារ, ១០ ម៉ឺនដុល្លារ, ២០ ម៉ឺនដុល្លារនៅតែលក់ដាច់, កន្លះលានដុល្លារនៅតែលក់ដាច់, ១ លានដុល្លារនៅតែលក់ដាច់។ ប៉ុន្តែឥឡូវផ្ទះដែលលក់ដាច់ច្រើនជាងគេ ប្រជាពលរដ្ឋសម្រុកទិញផ្ទះតម្លៃក្រោម ៧ ម៉ឺនដុល្លារ ព្រោះមិនជាប់ពន្ធប្រថាប់ត្រា។ ម្យ៉ាងដែរ។ មិនទាន់ងាប់ទេ។ អ្ហែងកុំសង្ឃឹមថាអញងាប់។ ប្រជាជននៅមានលុយចាក់សាំងជិះឡាន មិនទាន់ដល់សម័យជិះកង់ទេ។ ឡាននៅលក់ដាច់នៅឡើយ គ្រាន់តែលក់ដាច់តិចជាងមុន ដែលធ្វើឱ្យចំណូលពន្ធធ្លាក់ចុះបន្ដិច។ អ្ហែងបន់ឱ្យអញងាប់ អញមិនងាយងាប់ទេ …។
ទេសចរ ក៏យើងមិនបានហាមឃាត់ទេ ប៉ុន្តែសូមឱ្យបងប្អូនរក្សាការពារខ្លួន។ កន្លែងលក់ដូរនីមួយៗ ភោជនីយដ្ឋាន គេចូលធម្មតា ប៉ុន្តែគេមានគម្លាត អនាម័យស្អីៗ នាំគ្នាធ្វើទៅ។ សូមអញ្ជើញមកលេងកំពង់សោម ដើម្បីមើលផ្លូវថា គេធ្វើផ្លូវយ៉ាងម៉េច មកដែលគេកំពុងធ្វើផ្លូវ។ បន្ទាប់ទៅ ទៅមើលសិលាចាំស្នេហ៍ ដើមឈើចាំស្នេហ៍ ខ្មែរធ្វើបាន។ នាំគ្នាទៅមើលទៅ។ កំពត អ្នកទេសចរឡើងដល់ ៩០% នេះក៏ចំនួនច្រើនដែរ ឡើងដល់ ១ ម៉ឺន ៧ ពាន់នាក់ កាលពីខែឧសភា កន្លងទៅ។ ក្នុងហ្នឹង មានជនជាតិបរទេសឆ្លងទៅកោះសង្សារ កោះរ៉ុង, មកលេងទៅ។ ប៉ុន្តែគម្លាតសង្គម ការពាក់ម៉ាសក្នុងពេលចាំបាច់ ឬប្រើក្រមា ឬប្រើវិធានការដែលក្រសួងសុខាភិបាលបានណែនាំ គឺច្បាស់លាស់ហើយ។
ជម្រុញវិស័យកសិកម្ម ធានាការផលិតស្បៀងអាហារក្នុងប្រទេស
អំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង ជម្រុញវិស័យកសិកម្ម ដើម្បីធានាស្បៀងអាហារ។ ខ្ញុំសូមជម្រាប កម្ពុជាមានចំណុចខ្លាំងរបស់ខ្លួន តើអ្វីទៅជាចំណុចខ្លាំងរបស់ខ្លួន? អ្នកឯងអាចមិនទិញសំលៀកបំពាក់ខ្ញុំ ធ្វើឱ្យកម្មករបាត់បង់ការងារ ក៏ប៉ុន្តែអ្នកឯងយល់ឱ្យច្បាស់ កម្មករកម្ពុជាមិនបានផ្ដាច់ខ្លួនចេញពីកសិកម្មនៅឡើយទេ។ ឪពុកម្ដាយគេប្រកបវិស័យកសិកម្មនៅឡើយ។ វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨ កម្ពុជាមានបទពិសោធន៍។ ឥឡូវលើការជាក់ស្ដែង បាត់បង់ការងារ ១៣ ម៉ឺននាក់ មួយភាគធំកំពុងទៅរួមចំណែកជាមួយនឹងគ្រួសារឡើងវិញ លើវិស័យកសិកម្ម។ អ្នកឯងមិនទិញខោអាវ ប៉ុន្តែអ្នកមិនអាចមិនទិញស្បៀងដើម្បីហូបទេ។ ដោយសារកម្ពុជាបានប្រកាសក្នុងពេលដែលខ្លួនមិនច្បាស់លាស់ ស្ដុកនៅក្នុងប្រទេសមានប៉ុន្មាន ខ្ញុំបានប្រកាសហាមឃាត់មួយរយៈនៃការនាំចេញអង្ករស និងស្រូវ។ បន្ទាប់ទៅ ហាមឃាត់ការនាំចេញត្រី ទុកត្រីផ្គត់ផ្គង់ក្នុងស្រុក។
ប៉ុន្តែ ក្រោយការពិនិត្យ គឺយើងឃើញថា ប្រជាជនកម្ពុជាស្ទើរតែ ៨០% ស៊ីស្រូវជង្រុក មិនមែនស៊ីស្រូវគីឡូទេ។ ឯអ្នកស៊ីស្រូវគីឡូ ស៊ីអង្ករគីឡូ កន្លងទៅផ្អើលទិញអង្ករ។ អរគុណណាស់ ដែលបានជួយទិញអង្ករយកទៅទុកក្នុងពេលដែលអង្ករលក់មិនដាច់។ មិនមែនដៀមដាមទេ ប៉ុន្តែពេលហ្នឹង ខ្ញុំមានតែយុទ្ធសាស្រ្តរុញទូកបណ្ដោយទឹក។ ខ្ញុំថា សុំជួយទិញយកទៅទុកទៅ ឥឡូវអង្ករគាត់ទុកស្ដុកនៅតាមផ្ទះ គាត់ភ័យ។ ដូចប្រទេសខ្លះ ទិញអស់តាំងពីក្រដាសអនាម័យ ទិញគ្មានសល់។ ឥឡូវអត់ទេ តម្លៃទំនិញតាមទីផ្សារខ្លះថយចុះ តម្លៃសាច់គោធ្លាក់ចុះទៅវិញ សាច់ជ្រូកធ្លាក់ចុះទៅវិញ មាន់ស្រែមាន់ចិញ្ចឹមធ្លាក់ចុះទៅវិញ។ កន្លែងខ្លះក៏ឡើងថ្លៃ កន្លែងខ្លះក៏វាចុះ កន្លែងខ្លះក៏តម្លៃថេរ។ ប៉ុណ្ណឹងបានហើយ។ យើងសម្រុកការដាំដុះ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក ធ្វើយ៉ាងម៉េចកុំឱ្យអត់អង្ករច្រកឆ្នាំង …។
ប្រាក់សន្សំជាង ៣០០០ លានដុល្លារ មិនទាន់ស្រកស្រុតនោះទេ
ប្រាក់សន្សំជាង ៣០០០ លានដុល្លារ មិនទាន់ស្រកស្រុតនោះទេ … ប្រាក់ខែមន្រ្តីរាជការ មួយខែត្រឹមតែជាង ២០០ លានដុល្លារទេ។ នៅក្នុងពេលដែលយើងមានចំណូល បើទោះបីវាធ្លាក់ចុះពីមុន គិតជាមធ្យម ៤៥០ លានដុល្លារ ទៅ ៥០០ លានដុល្លារក្នុងមួយខែ ឥឡូវក៏វានៅកៀកនឹង ៤០០ លានដុល្លារក្នុងមួយខែដែរ។
រឹតបន្ដឹងចរាចរណ៍ផ្លូវគោក ដើម្បីប្រជាជនចេះរក្សាការពារជីវិតខ្លួនឯង និងអ្នកដទៃ
អាខ្លះ វាថាយើងអនុវត្តរឹតបន្ដឹងចរាចរណ៍ ផាកពិន័យដើម្បីយកលុយមកបើកប្រាក់ខែឱ្យប៉ូលីស ឱ្យទាហាន ព្រោះអត់លុយបើកប្រាក់ខែ … វាធ្វើជាបទអត្ថាធិប្បាយជជែកគ្នា វាថា ហ៊ុន សែន និង ស ខេង ហ៊ានលេងអាហ្នឹង (រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក) ប្រជាជនបារម្ភរឿង កូវីដ១៩ ហើយ ទៅបន្ដឹងច្បាប់ចរាចរណ៍។ អញសុខចិត្តខាត មិន(ចំណេញ)ប្រជាប្រិយភាពទេ អញដឹង ក៏ប៉ុន្តែហោចណាស់ អញការពារជីវិតប្រជាជនបានមួយចំណែក តាមរយៈការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។ នេត សាវឿន ផ្ដល់ឱ្យខ្ញុំប្រចាំថ្ងៃនូវតួលេខ គឺមានការថយចុះ។ បើសិនប្រជាពលរដ្ឋរបស់យើង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ប៉ូលីសរកតែមួយសេនក៏មិនបានដែរ ព្រោះបានអ្នកណាផាក បើគេគោរពច្បាប់ទាំងអស់គ្នាហើយ។ យើងកុំទៅធ្វើខុសច្បាប់ទៅ ពេលជិះម៉ូតូពាក់មួកត្រឹមត្រូវ ជិះទៅ មានប៉ូលីសណាផាក។ កុំនិយាយទូរស័ព្ទក្នុងពេលបើកបរ អញ្ចឹងប៉ូលីសណាទៅផាក។ ចង់បង្អត់បាយប៉ូលីស ចង់ឱ្យប៉ូលីសអត់ប្រាក់រង្វាន់ វិធីតែមួយគត់ គោរពច្បាប់ចរាចរណ៍។ ហ្នឹងខ្ញុំឱ្យជាយោបល់។ អ្នកឯងថា យកលុយមកឱ្យប៉ូលីសដល់ទៅ ៧៥% ហើយ ២០% ឱ្យទៅណា ៥% ចូលរដ្ឋ។ គេថា បើបានទៅរដ្ឋទាំងអស់មិនអីទេ, អត់ទេ!។ ឥឡូវកុំឱ្យប៉ូលីសមានលុយ វិធីតែមួយគត់ គោរពច្បាប់ចរាចរណ៍ ចប់រឿង។ គ្មានការចាំបាច់យកទៅប៉ូលីសហាលភ្លៀងហាលខ្យល់អី ឱ្យតែយើងគោរពច្បាប់ចរាចរណ៍។ ប៉ុន្តែអ្នកជិះបញ្ច្រាសនៅតែបញ្ច្រាស។ ខ្ញុំបន្តអំពាវនាវ គោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ គ្រប់គ្រាន់ហើយ។
ប្រិត អាដាម និងអង្គការសិទ្ធិមួយចំនួន បើមិនប្រកាសរឿងនៅអាមេរិក មិនមែនជាមនុស្ស
ការពិត ខ្ញុំត្រៀមងូតទឹកល្ងាចនេះ ប៉ុន្តែខ្ញុំអត់ងូតទេ ព្រោះជាប់និយាយ។ ល្ងាចនេះ ថ្ងៃច័ន្ទ ប្រហែលជាគេមិនមាន Live រំខានដល់ Concert, ប្រដាល់អីគេទេ។ ប៉ុន្តែអ្នកណាចង់បិទក៏បិទ ចង់បើកក៏បើក អាហ្នឹងរឿងរបស់គេ ក៏ប៉ុន្តែហោចណាស់ ខ្ញុំបាននិយាយអ្វីដែលខ្ញុំចង់និយាយ ទាក់ទងតាំងពីទីក្រុងនេះ, ទាក់ទងតាំងពីមូលដ្ឋានយោធារាម, ចក្ខុវិស័យស្ដីអំពីទីក្រុងពហុបំណង, រហូតដល់បញ្ហាកូវីដ១៩, អន្តរាគមន៍លើវិស័យសេដ្ឋកិច្ច និងសង្គម, រហូតទៅដល់ការព្រមានត្រង់ថា បើអ្នកឯងបញ្ជាឱ្យខាងក្នុងធ្វើវិទ្ធង្សនា អ្នកនោះនឹងត្រូវចាប់ខ្លួន …។
ខ្ញុំសូមអភ័យទោសពីអគ្គរដ្ឋទូតអាមេរិកដែរ ដែលខ្ញុំនិយាយដល់រឿងនៅសេតវិមាន ដែលប្រធានាធិបតី ត្រាំម៍ និងបាតុកម្មហឹង្សានៅអាមេរិក ដែលកំពុងពុះកញ្ច្រោល។ ព្រោះអាមេរិកក៏មានសិទ្ធិនិយាយពីបញ្ហាខ្មែរដែរ ខ្មែរក៏មានសិទ្ធិនិយាយពីអាមេរិកដូចគ្នា។ នេះមានទៅមានមក។ ពេលខ្លះ ស្ថានទូតអាមេរិក ក្រសួងការបរទេសអាមេរិក ចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងសភាពការណ៍កម្ពុជា ឯកម្ពុជាមិនបានចេញសេចក្ដីថ្លែងការណ៍ទេ គ្រាន់តែនិយាយពីការប្រៀបធៀប … នៅឯណោះ គេទប់ស្កាត់បាតុកម្ម គេថា រក្សាសណ្ដាប់ធ្នាប់សង្គម ដល់យើងទប់បាតុកម្ម គេថា យើងរំលោភសិទ្ធិមនុស្ស។ ប្រិត អាដាម ត្រូវតែប្រកាស បើមិនប្រកាស អ្នកឯងមិនមែនជាមនុស្សទេ។ ពួកសិទ្ធិមនុស្សទាំងឡាយ ចេញប្រកាសទៅ។ នេះជារឿងដែលចាំបាច់ខ្ញុំត្រូវនិយាយ។
ខ្ញុំអរគុណណាស់ ជាមួយនឹងការចូលរួមរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស គឺកងកម្លាំងប្រដាប់អាវុធប្រចាំនៅយោធភូមិភាគទី ៣, កងទ័ពជើងទឹកនៅរាម, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តព្រះសីហនុ និងបណ្ដាខេត្តដទៃទៀត ដែលបានអញ្ជើញចូលរួមមកទីនេះ ហើយស្ដាប់ការនិយាយរបស់ខ្ញុំ។ អរគុណចំពោះប្រជាពលរដ្ឋ ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានស្ដាប់នូវអ្វីដែលខ្ញុំនិយាយនៅពេលនេះ ព្រោះខាននិយាយយូរហើយ។
នៅក្នុងដំណាក់កាលនៃការកាន់ទុក្ខ ខ្ញុំកាន់ទុក្ខម្ដាយក្មេកខ្ញុំរហូតទៅដល់ ១០០ ថ្ងៃ គឺប្រើប្រាស់ពេលវេលាដូចគ្នា ដូចការកាន់ទុក្ខលោកឪពុក និងអ្នកម្ដាយរបស់ខ្ញុំ។ ប៉ុន្តែការកាន់ទុក្ខ វាមិនរារាំងទៅដល់កិច្ចការដែលខ្ញុំធ្វើនោះទេ ហើយក៏មិនរារាំងទៅដល់អ្វីដែលជាកាតព្វកិច្ចរបស់នាយករដ្ឋមន្រ្តីត្រូវធ្វើដែរ។ ខ្ញុំសូមព្រមាន សូមកុំឆ្លៀតឱកាសកូវីដ១៩ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល បង្កចលាចលឱ្យសោះ។ (បើ)អ្នកចង់សាក កម្លាំងរបស់អ្នកកាន់តែថយចុះ តាមរយៈការផ្ដាច់ក្បាល បំបែកដងខ្លួនតែម្ដង និយាយប្រាប់លោកឯងឱ្យត្រង់។ ចុងបញ្ចប់ ជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕