ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ បណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ក៏ដូចជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍របស់អាស៊ាន យាងនិងអញ្ជើញសោយក្រយា និងទទួលទានអាហារថ្ងៃត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងពិធីសោយក្រយា និងទទួលទានអាហារថ្ងៃត្រង់ពិសេសនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសជា ដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានពិនិត្យលើវឌ្ឍនភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ និងក្នុងភាពជាដៃគូសន្ទនា ដែលបានដំណើរការប្រកបដោយស្មារតី នៃការទទួលខុសត្រូវខ្ពស់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ពិសេសបានគូសបញ្ជាក់ពីវឌ្ឍនភាព គូរឱ្យកត់សម្គាល់របស់អាស៊ាន ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៃការអភិវឌ្ឍប្រកបដោយចីរភាព រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនក្នុងវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសតាមរយៈការបន្ស៊ី គោលនយោបាយជាតិនានា ជាមួយនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ មេដឹកនាំទាំងអស់ បានគូសបញ្ជាក់ដែរថា ការបន្តរក្សានូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាគន្លឹះ និងជាបុព្វលក្ខខ័ណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ ដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គ្របដណ្តប់លើគ្រប់វិស័យ ការខិតខំសម្រេចបានគោលដៅទាំងនេះ ពិតជាត្រូវការនូវធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស។ ចំពោះការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈម ដ៏ធំមួយរបស់ពិភពលោក ដែលកំពុងតែបង្កជាបញ្ហាឧបសគ្គដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
បញ្ហានេះ តម្រូវឱ្យមានការចូលរួមដោះស្រាយពីគ្រប់ប្រទេសទាំងអស់ ក៏ដូចជាត្រូវការនូវភាពបុរេសកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងការជំរុញអនុវត្តន៍នូវសន្ធិសញ្ញា និងកិច្ចព្រម ព្រៀងនានា ដែលបានឯកភាពគ្នារួច។ ទន្ទឹមនេះ ការកើនឡើងនូវភាពមិនប្រាកដប្រជាក្នុងតំបន់ និងពិភពលោក ពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារគោលនយោបាយគាំពារនិយម សង្រ្គាមពាណិជ្ជកម្ម និងការរំលោភលើគោលការណ៍ពហុភាគីនិយម ជាដើម បានក្លាយជាឧបសគ្គដ៏ធំក្នុងកិច្ចប្រឹងប្រែង ឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ជាមួយគ្នានេះ ត្រូវតែរួមគ្នាធានាថា យន្តការនៃកិច្ចសហប្រតិបត្តិការរបស់យើង នៅតែរក្សាបាននូវស្មារតីបើកចំហ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ពោលគឺការចូលរួមរបស់ វិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាក្នុងការអភិវឌ្ឍសង្គម តាមរយៈការទទួលខុស ត្រូវផ្នែកសង្គម គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់៕