ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ – ឯកឧត្តម ង្វៀង ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើ សុំឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំស៊ី ជម្រៅថែមទៀត។ ឯកឧត្តមប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ថា សភាមានតួនាទីសំខាន់ណាស់នៅក្នុងការជំរុញអភិវឌ្ឍន៍ប្រទេសជាតិ។
នៅក្នុងជំនួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅកម្ពុជា ឯកឧត្តម ង្វៀង ហ៊្វូជុង បានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ នៅកម្ពុជានាពេលនេះ ដើម្បីពិភាក្សាពីសភាពការណ៍អន្តរជាតិ ក៏ដូចជាពីទំនាក់ទំនងកិច្ច សហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ភាតរភាព ក្នុងនាមជាប្រទេសជិតខាង និងជាបងប្អូន។
ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-វៀតណាម គឺមានប្រសិទ្ធភាពល្អណាស់។ ចំពោះសភាពការណ៍អន្តរជាតិ គឺមានការស្មុគ្រស្មាញទាំងភាពវិជ្ជមាន និងអវិជ្ជមាន ដែលទាមទារឱ្យប្រទេសយើងទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការខ្លាំងក្លាថែមទៀត ដើម្បីការអភិវឌ្ឍន៍ប្រទេសទាំងពីរ។ ឯកឧត្តមប្រធានរដ្ឋបានលើកឡើងថា ការអភិវឌ្ឍវៀតណាមបច្ចុប្បន្ននៅមានចំណុចខ្វះខាត ផងដែរ ហើយការដែលស្នើសុំឱ្យរដ្ឋសភានៃប្រទេសទាំងពីរ ជំរុញកិច្ចសហតិបត្តិការជា មួយគ្នាថែមទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងសភានៃប្រទេសទាំងពីរអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន ព្រោះតួនាទីសភាសំខាន់ណាស់។
ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានស្នើសុំអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជារួមគ្នាផ្លាស់ប្តូរ បទពិសោធន៍រវាងសភាប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។
ក្នុងជំនួបនោះដែរសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែង នូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តម ង្វៀង ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមមកបំពេញទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះមិនត្រឹម តែផ្តល់នូវកិត្តិយសដ៏ធំធេងសម្រាប់រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងការបន្តជំរុញលើកកម្ពស់ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាមកាន់តែរឹងមាំទ្វេ ដងថែមទៀត៕
ដោយ ប៉ាល់ សុង