សេចក្តីប្រកាសព័ត៌មាន៖ សម្តេច​តេ​ជោ​នា​យក​រដ្ឋ​មន្រ្តី​នឹ​ង​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​ចូល​រួម​កិច្ច​​ប្រ​ជុំ​កំ​ពូល​អា​ស៊ាន​លើក​ទី​៣០​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹក​នាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ក្រោមមូលបទ «រួមគ្នាជាដៃគូដើម្បីធ្វើ​ការ​ផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក»  ដែល​នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៧ នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋហ្វីលីពីន តប​តាម​ការ​អញ្ជើញរបស់ឯកឧត្តម រ៉ូឌ្រីហ្គោ រ៉ូ ឌូតឺតេ ប្រធានា​ធិប​តី​នៃសាធារណរដ្ឋហ្វីលីពីន។

ឥស្សរៈជនអមដំណើរសម្តេចតេជោ ហ៊ុន​​ សែន រួមមានៈ

– ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

– ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

– ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និង

សមាជិករាជរដ្ឋាភិបាលកម្ពុជាដ៏ទៃទៀត។

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០នេះ សម្តេចតេជោក៏នឹងចូលរួមក្នុង​ជំនួបរវាង​ថ្នាក់​ដឹកនាំ​អាស៊ាន​ជាមួយតំណាងអន្តរសភាអាស៊ាន និង​ជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាង​យុវជន​អាស៊ានផងដែរ។

ក្នុងពេលដែលអាស៊ានកំពុងប្រារព្ធខួបលើកទី៥០នៅឆ្នាំ២០១៧នេះ​ នៅក្នុងឱកាសកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៣០ ថ្នាក់ដឹកនាំអាស៊ាននឹងធ្វើការពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហាជា​សារវ័ន្ត​នានា ដែលអាស៊ាន និងពិភពលោកកំពុងប្រឈមមុខ ដើម្បីលើកដំកើងសន្តិភាព សន្តិសុខ និងវិបុលភាព​ថែមទៀតសម្រាប់តំបន់ និងពិភពលោក។​ ការកំណត់​អាទិភាពកិច្ចប្រឹងប្រែង​របស់អាស៊ាន​ក្នុង​ដំណើរ​វិវត្តន៍​និម្មាបនកម្មតំបន់ គឺជារបៀបវារៈរបស់អាស៊ាន ហើយក្នុងពេលជា​មួយ​គ្នានេះដែរ ថ្នាក់ដឹកនាំ​អាស៊ាន​នឹង​ផ្តោតការយកចិត្តទុកដាក់ផងដែរ​ដល់បញ្ហា​ដែលទើបកើតមានឡើង​មួយចំនួន ដូចជា​ស្ថាន​ភាព​​​សេដ្ឋកិច្ច និង​នយោបាយពិភពលោក ដែលមានភាព​មិន​ច្បាស់លាស់។​

ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០​ នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៥របស់ក្រុមប្រឹក្សាសហគមន៍​

នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី៩របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដែលនឹង​ប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលអាស៊ាន។

ក្នុងឋានៈជាអង្គការតំបន់ដ៏មានជោគជ័យ តួនាទី​ និងការទទួលខុសត្រូវរបស់អាស៊ាន​បាន​បន្ត រីកធំឡើងជាលំដាប់ទៅលើបញ្ហាផ្សេងទៀតដែលស្ថិតនៅក្រៅតំបន់ផងដែរ។​ សភាពការណ៍​នៅ​មជ្ឈឹម​​បូព៌ា និង​នៅឧបទ្វីបកូរ៉េ ក៏ដូចជានៅលើពិភពលោក រួមទាំងសុខភាពសេដ្ឋកិច្ចពិភពលោក គឺជា​ការ​ព្រួយ​​បារម្ភ​ខ្លាំងបំផុតរបស់អាស៊ាន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នឹងមានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ប្រធាន​កិច្ច​ប្រ​ជុំ ហើយឯកសារមួយចំនួនក៏រំពឹងថានឹងត្រូវបានចុះហត្ថលេខា/អនុម័ត និងកត់សំគាល់ផងដែរ។

                                                 ​   ​​​           ​        ភ្នំពេញ,​ ថ្ងៃទី  ២៤ ខែ​ មេសា ឆ្នាំ ២០១៧

Download (PDF, 355KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ