ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំបំផុតប្រចាំឆ្នាំ ក្នុងខេត្តសៀមរាប ត្រូវបានប្រកាសបើកសម្រាប់ការរៀបចំជាលើកទី៥ហើយ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងវត្តមានអង្គទូតបរទេសប្រចាំកម្ពុជាមួយចំនួនផងដែរ។ ថ្លែងនៅក្នុងពិធីបើក ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្រោមប្រធានបទចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រារព្វធ្វើនៅប្រាសាទបាយ័នលើទឹកដីអង្គរនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ទុកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាឱកាសនៃការបង្ហាញវប្បធម៌ប្រពៃណីជាតិខ្មែរដ៏សំបូរបែប ទាំងរូបិយ៌ និងអរូបិយ៌ ទៅដល់ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវអន្តរជាតិ។
ក្នុងន័យនេះ សម្តេចតេជោ បានកោតសរសើរដល់ការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងរយៈពេល៥ឆ្នាំមកនេះ ដែល នេះគឺជាគំនិតច្នែប្រឌិតរបស់យុវជនកម្ពុជា ហើយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការចូលរួមសម្រាប់ទាំងអស់គ្នា និងមិនមែនជារបស់អ្នកណាម្នាក់នោះទេ។ ទន្ទឹមនឹងភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងខេត្តសៀមរាបនេះ សម្តេចតេជោ ក៏បានជម្រុញអោយមានការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តនៅក្នុងតំបន់ផ្សេងៗក្រៅពីតំបន់អង្គរ នាឆ្នាំក្រោយៗផងដែរ។
ស្ថិតក្នុងបរិយាកាសដ៏រីករាយនៃការចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងខេត្តសៀមរាបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវមោទនភាពចំពោះការប្រឹងប្រែងតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេច ដែលបានប្រែក្លាយប្រទេសកម្ពជា ចេញពីសង្គ្រាមមកជាប្រទេសមានសន្តិភាព។ ជាងនេះទៀត គឺបានប្រែក្លាយកម្ពុជា ពីប្រទេសមានប្រាក់ចំណូលកំរិតទាប មកជាមានប្រាក់ចំណូលមធ្យមកំរិតទាប នាពេលបច្ចុប្បន្ន ដែលផ្តល់អោយប្រជាពលរដ្ឋកម្ពុជាមានជីវភាពសមរម្យ និងអាចធ្វើដំណើរកម្សាន្តទៅកាន់គ្រប់ទីកន្លែងទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ព្រោះកន្លងមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមលើកិច្ចការអង្គរសង្គ្រាន្តយ៉ាងច្រើន និងបានបន្សល់ទុកស្នាដៃនៅអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប។
គួបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី៥ឆ្នាំ២០១៧នេះ រំពឹងថានឹងមានអ្នកចូលរួមប្រមាណ ១លាន៦សែននាក់ បើធៀបទៅនឹងឆ្នាំ២០១៦ គឺមានអ្នកទេសចរណ៍ជាតិ អន្តរជាតិចូលរួម ១លាន៣សែននាក់។ ហើយកាលពីឆ្នាំ២០១៥ មានអ្នកចូលរួមជាង៩៧ម៉ឹននាក់! ឆ្នាំ២០១៤ មានជាង២៥ម៉ឺននាក់! និងឆ្នាំ២០១៣ មានជិត១៨ម៉ឺននាក់។
តាមការបញ្ជាក់របស់ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ក៏បានរំពឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងក្លាយជាឃោសនិកទេសចរណ៌យ៉ាងសំខាន់ ក្នុងការជម្រុញអោយមានកំណើនភ្ញៀវទេសចរណ៌មកកាន់ខេត្តសៀមរាប និងចូលរួមក្នុងកំណើនសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
បើតាមការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអោយដឹងថា កម្មវិធីព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧នេះ ត្រូវបានចំណាយពេលរៀបចំរយៈពេល៩ខែ ដោយមានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តប្រមាណ៣ពាន់នាក់។ ចំពោះតួអង្គនិម្មិត នៅក្នុងឆ្នាំ២០១៧នេះគឺ រូបមាន់ ដែលមានឈ្មោះថា «គជសីហ៍» ដែលតំណាងស្តេចសត្វ មានមហិទ្ធិឬទ្ធិក្នុងការការពារ។ ឯកឧត្តម ហ៊ុន ម៉ានី បានជម្រាបផងដែរថា «គជសីហ៍» នេះក្នុងន័យសំដែងការដឹងគុណ និងសូមឧទ្ទឹសនូវភាពជោគជ័យដ៏ទាំងនេះជូនដល់វិញ្ញាណក្ខ័ន្ធ សម្តេចវិបុលបញ្ញា សុខ អាន ដែលលោកតែងតែបានគាំទ្រ គាំពារ ថែរក្សា និងលើកតម្កើងវប្បធម៌ជាតិ ។ នេះបើយោងតាមការចុះផ្សាយរបស់ ឯកឧត្តម ហ៊ុន ម៉ានី តាមទំព័រ Facebook ព្រឹទ្ធិការណ៍អង្គរសង្គ្រាន្ត ថ្ងៃទី០៥ មេសា ២០១៧ «គជសីហ៍» គឺជាឈ្មោះដែលជាទីស្រឡាញ់ និងពេញចិត្តរបស់សម្តេចវិបុលបញ្ញា សុខ អាន។ ហើយកម្មវិធីពិសេស ដែលត្រូវលើកយកមកបង្ហាញក្នុងឆ្នាំនេះផងដែរ គឺការសម្តែង របាំព្រះរាជទ្រព្យ មានចំណងជើងថា ប្រវត្តិមូយទស្សវត្សនៃរបាំព្រះរាជទ្រព្យ ដែលជាស្នាដៃសិល្បៈថ្មីរបស់សម្តេចព្រះរាជបុត្រី ព្រះរាម បុប្ផាទេវី ។ ក្រៅពីនេះ កម្មវិធីនិងទស្សនីយភាពសំខាន់ៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧នេះ សរុបមាន៣១កម្មវិធី រួមមាន៖ កម្មវិធីសាសនា! កម្មវិធីសិល្បៈ វប្បធម៌ មានដូចជា សួននារីរ័ត្ន! ភូមិខ្ញុំ! ក្បួនដង្ហែរអង្គរសង្រ្តាន្ត! គុណល្បុក្កតោ! ល្ខោនខោល! គោមបណ្តែតទឹក! ការប្រណាំងរទេះគោ និងក្របី! តំបន់ត្រជាក់ចិត្ត! អភិរក្សបេតិកភ័ណ្ឌ! មហោស្រពសិល្បៈវប្បធម៌បុរាណ! របាំបុរាណប្រពៃណី និងប្រជាប្រិយ៍! ល្បែងប្រជាប្រិយ៍! តន្ត្រីអង្គរសង្ក្រាន្ត! តន្ត្រីសួស្តីឆ្នាំថ្មី។
ចំពោះកម្មវិធីតាំងពិព័រណ៌ មានដូចជា៖ សិប្បកម្ម វត្ថុអនុស្សាវរីយ៌! ពិព័រណ៌ពាណិជ្ជកម្មផលិតផលខ្មែរ! ការប្រកួតប្រជែងរូបថត និងវិចិត្រករឯក ជាដើម។ រីឯកម្មវិធីពិសេសៗ មានដូចជា៖ ការប្រកួតអុកយក្ស! ទាញព្រ័ត្រ! បង្អែមនៃក្តីស្រលាញ់និងសួនកុមារជាដើម។
សូមបញ្ជាក់ថា ទេព្តាឆ្នាំថ្មី ឆ្នាំរកា នព្វសក្ក័ ព.ស២៥៦១ គ.ស.២០១៧នេះ ព្រះនាម កិមិរាទេវី ទ្រង់អម្ពរព័ណសេត(ព័ណ៌ស)! សៀតផ្កាចង្អុលណី អាភរណៈកែវ បុស្សរាគម័! ភក្សាហាចេកណាំវ៉ា និងចេកទឹក! រីឯព្រះហសត្ថស្តាំទ្រង់ព្រះខន័ ព្រះហស្តឆ្វេងទ្រង់ពិណ គង់លើមហឹង្សរាជ(ស្តេចក្របី)ជាពាហនៈ៕