នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីជួបជាមួយនឹងឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជារួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាក្នុងជំនួបសម្ដែងការគួរសមនាពេលនេះ។ សម្ដេចក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបារាំងនាពេលបច្ចុប្បន្ន ដែលកំពុងតែមានភាពស្អិតរមួតជាមួយគ្នា។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតរបស់បារាំងប្រចាំកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។
ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោអំពីគោលបំណងនៃការជួបជាមួយនឹងសម្ដេចតេជោនៅពេលនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមក៏បានពិភាក្សា និងស្នើទៅកាន់សម្ដេចតេជោទាក់ទងនឹងគម្រោងរបស់ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងត្រូវជួបសន្ទនាជាមួយសម្ដេចផងដែរ។
សម្ដេចតេជោបានសម្ដែងនូវការឯកភាពចំពោះការលើកឡើង ជាពិសេសគឺការត្រៀមលក្ខណៈនៅក្នុងការជួបពិភាក្សារវាងសម្ដេច ជាមួយនឹងឯកឧត្តមប្រធានាធិបតីបារាំងនាពេលខាងមុខ។ សម្ដេចក៏ត្រៀមនៅក្នុងការជជែកទៅលើចំណុចសំខាន់ៗទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។
សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងដោយចង់បន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទៅលើវិស័យសុខាភិបាល និងអាកាសចរស៊ីវិលបន្ថែមទៀត។ សម្ដេចតេជោបានពេញចិត្តនៅក្នុងការពង្រឹងនូវកិច្ចការនេះជាមួយនឹងបារាំង ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរនៅក្នុងវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយ សម្ដេច ហ៊ុន សែន បានជូនពរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ ជាបន្តបន្ទាប់ទៀត៕






