នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Sadyr Japarov ប្រធានាធិបតី នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្កមប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី ក្នុងឱកាសនេះ។ លោកប្រធានាធិបតីបានបន្តថា ជំនួបនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ និង ជាក់ស្តែង សំដៅបន្តពង្រឹង និងពង្រីកទំនាក់នាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយឯកឧត្កមប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន នាពេលនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក។
ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភ្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, ការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ, អប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសក្នុងជំនាញបញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យា, ទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, ព្រមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ រួមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរទស្សនកិច្ចផ្លូវការ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្ដែង សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕





