នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ដែលចូលរួមដោយ ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋ California មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Jim Baird សមាជិកសភាប្រចាំរដ្ឋ Indiana មកពីគណបក្សសាធារណរដ្ឋ, លោកជំទាវ Julie Johnson សមាជិកសភាប្រចាំរដ្ឋ Texas មកពីគណបក្សប្រជាធិបតេយ្យ, និងលោកជំទាវ Kristen McDonald Rivet សមាជិកសភាប្រចាំរដ្ឋ Michigan មកពីគណបក្សប្រជាធិបតេយ្យ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិកបានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ គណៈប្រតិភូក៏បានបង្ហាញក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសហរដ្ឋអាម៉េរិក-កម្ពុជា លើវិស័យសំខាន់ៗជាច្រើន ដូចជា៖ ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ព្រមទាំងវិស័យសុខាភិបាល ជាដើម។ ទន្ទឹមនឹងនេះ, គណៈប្រតិភូបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសឈ្វេងយល់កាន់តែស៊ីជម្រៅអំពីសក្តានុពលជាក់ស្តែង និងការផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគី ហេីយគណ:ប្រតិភូសមាជិកសភាអាម៉េរិក នឹងបន្តខិតខំប្រឹងប្រែជំរញ និងគាំទ្រដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។ ក្នុងឱកាសនោះដែរ, គណៈប្រតិភូបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាម៉េរិកនឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ និងសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក។ សម្តេចធិបតីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ ដោយគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនទៀតដែលអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ បន្ថែមលើនេះ, សម្តេចធិបតីបានសង្កត់ធ្ងន់លើកំណើននៃទំហំពាណិជ្ជកម្ម និងការវិនិយោគពីបរទេសនៅកម្ពុជា ព្រមទាំងបានលើកឡើងពីការកសាងភាពធន់ផ្នែកសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការជំរុញវិស័យស្នូលសំខាន់ៗ ដូចជា៖ វិស័យ វាយនភណ្ឌ, កសិកម្ម និងការលើកកម្ពស់ការកែច្នៃផលិតផលសម្រេច ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្តេចធិបតី និងគណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ក៏បានផ្លាស់ប្តូរយោបល់គ្នាដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យ សុខាភិបាល, សន្តិសុខ និងការការពារជាតិ ផងដែរ។
មុននឹងបញ្ចប់, សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់សហរដ្ឋអាម៉េរិកលើវិស័យបោសសម្អាតមីន និងបានថ្លែងអំណរគុណជាថ្មីចំពោះ ឯកឧត្តមប្រធានាធិបតី Donald J. Trump និងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបាន
បានជម្រាបជូនគណ:ប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕




