យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យនិង បូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។
ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើការជីកដីលើកទំនប់និងរាយបន្លាលួស តាមទិសពីជើងទៅត្បូងនៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានរំលោភចូលក្នុងទឹកដីកម្ពុជាដើម្បីរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ២២ ស្ថិតក្នុងភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
តាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការ កំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ ១៩០៧។
សកម្មភាពទាំងនេះ ក៏រំលោភបំពានផងដែរ លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងបំពានលើចំណុចទី២ និងចំណុចទី៦ នៃរ៉ូម៉ាំង I (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕






