សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការអភិវឌ្ឍប្រជាពលរដ្ឋឱ្យក្លាយទៅជា «មូលធនមនុស្ស» ពិតប្រាកដ ទៅនឹងការកែច្នៃគ្រាប់ពេជ្រឱ្យមានពន្លឺចិញ្ចាច និងមានតម្លៃឥតគណនា ដែលនេះជាអាទិភាពខ្ពស់បំផុតក្នុងការកសាងសង្គមស៊ីវិល័យ ហើយរាជរដ្ឋាភិបាលតែងតែចាត់ទុកមូលធនមនុស្សជា «ដង្ហើម» នៃវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
អញ្ជើញជាអធិបតីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា កសាងធនធានមនុស្សដ៏រឹងមាំមួយសម្រាប់ប្រទេសជាតិ គឺត្រូវផ្តោតសំខាន់លើមុំយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖
១. សុខភាព៖ ជាគ្រឹះស្ថានចម្បងបំផុត ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋម្នាក់ៗមានសុខភាពល្អពេញលេញ ដើម្បីក្លាយជាធនធានដ៏មានតម្លៃ ទ្រទ្រង់ និងបង្កើតចំណូលសម្រាប់គ្រួសារ ជាជាងការក្លាយជាបន្ទុក បើ«សុខភាពមិនល្អ គឺជាបន្ទុកក្នុងគ្រួសារ»។
២. ចំណេះដឹង និងបំណិន៖ ការបណ្តុះបណ្តាលសមត្ថភាព បញ្ញាញាណ និងជំនាញបច្ចេកទេសឱ្យស្របតាមតម្រូវការទីផ្សារ។
៣. ការងារ ឬអាជីព៖ ការបង្កើតឱកាសការងារ និងការធានាបាននូវមុខរបរដ៏រឹងមាំសម្រាប់ជីវភាព។
ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ទស្សនវិស័យប្រកបដោយចីរភាពនេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តវិនិយោគលើវិស័យមនុស្ស ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការរុញច្រាននាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើននាពេលអនាគត៕









