សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី ៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)
ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា;
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
គណៈអធិបតី ភ្ញៀវកិត្តិយស កម្មករ កម្មការិនី និងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង
បងប្អូនជនរួមជាតិទាំងអស់ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដែលបានជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) ជាមួយឯកឧត្តម អ៊ូអិណូអាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ។
ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវអំណរគុណជាអនេកចំពោះ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ, និយាយជារួម និងនិយាយដោយឡែក, បានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងកំពង់ផែ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់, ការសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗ និងការរៀបចំផែនការមេប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា, តាមរយៈ ការផ្តល់ឥណទានសម្បទាន, ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា, រួមទាំង ការទទួលយកពលករកម្ពុជា ទៅបម្រើការងារនៅប្រទេសជប៉ុន ក្នុងលក្ខខណ្ឌល្អ និងគួរជាទីទុកចិត្ត។ ជាក់ស្ដែង មិត្តជប៉ុន ជាប្រទេសនាំមុខដែលបានជួយអភិវឌ្ឍពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុចាប់តាំងពីឆ្នាំ១៩៩៦មក។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) កំពង់ផែក្រុងព្រះសីហនុ កាន់តែរីកចម្រើន និងមានផែនការអភិវឌ្ឍរយៈពេលវែង
ថ្ងៃនេះ មិនមែនត្រឹមតែជាការជួបជុំគ្នាដូចរាល់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអបអរសាទរខួបទី៣០ នៃការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ។ (មកតាមផ្លូវអម្បាញ់មិញ) បើមើលរូបភាពនៃការអភិវឌ្ឍ យើងពិតជាមានមោទនភាពដែលកំពង់ផែនេះមានការរីក(ចម្រើន)ខ្លាំង ហើយថែមទាំងមានផែនការអភិវឌ្ឍកំពង់ផែនៅទីនេះរហូតទៅដល់ឆ្នាំ២០៥០។ ជាប្រពៃណី ការ(ជួបជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ ១ឧសភា និងខួបអនុស្សាវរីយ៍ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ) បានធ្វើតាំងពីសម្ដេចតេជោ។ ខ្ញុំក៏បានមកពីរឆ្នាំដែរ។ អម្បាញ់មិញ ខ្ញុំប្រាប់ឯកឧត្តម ប៉េង ពោធិ៍នា ថា “ស្រួលចាំទេ រូបភាពណាដែលមានសក់សគឺនៅចន្លោះឆ្នាំ ២០២៥-២០២៦ ហ្នឹងឯង។ ព្រោះពីរឆ្នាំមុន”។ មើលអម្បាញ់មិញឃើញសក់ខ្មៅ នៅក្មេង។ មកដល់ឆ្នាំនេះរាងចាស់បន្តិច។ នេះជាការវិវត្តទៅមុខ។ និយាយរួម យើងជួបគ្នាយ៉ាងហោចម្ដងនៅទីនេះ ព្រោះឯកឧត្តម លូ គឹមឈុន បានកក់ខ្ញុំតាំងពីដើមឆ្នាំ។ តាមពិត កក់តាំងពីឆ្នាំទៅ ហើយដើមឆ្នាំគាត់បានរំលឹកទៀត។ ប៉ុន្មានខែមុនរំលឹកទៀត។ កន្លងទៅ ខ្ញុំបានលុបកម្មវិធីមួយចំនួន ដោយសារស្ថានភាពព្រំដែនទាមទារឱ្យខ្ញុំនៅប្រចាំការ។ ប៉ុន្តែក្រោយពីស្ថានភាពមានស្ថិរភាព ខ្ញុំចាប់ផ្ដើមចូលរួមកម្មវិធីមួយចំនួន។ ខ្ញុំក៏មានមោទនភាពដែលបានមករួមកម្មវិធីនៅទីនេះ។
(២) ជប៉ុនជួយអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ទាំងជាឥណទាន បច្ចេកទេស និងការគ្រប់គ្រង
ខ្ញុំសូមអរគុណចំពោះការបន្តជួយអភិវឌ្ឍរបស់ជប៉ុននៅទីនេះ ដែលក្នុងរយៈពេល ៣០ឆ្នាំនេះ បើយើងនិយាយពីហេដ្ឋារចនាសម្ព័ន្ធ គឺ(បានអភិវឌ្ឍ)ដើម្បីបម្រើយុទ្ធសាស្រ្តរយៈពេលវែង(និង)ភាពម្ចាស់ការ ដែលបច្ចុប្បន្ន ទំនិញប្រមាណ ១២%ដែលអាចមកត្រង់ និងក្រៅពីហ្នឹងត្រូវចូលទៅ transship នៅសិង្ហបុរី ឬមួយនៅប្រទេសផ្សេង ដោយសារជម្រៅទឹក(នៅកំពង់ផែ)របស់យើងរាក់។ ជំហានទី១ នេះ យើងឈានទៅដល់ ១៤ម៉ែត្រកន្លះ, ជំហានទី២ ដល់ ១៦ម៉ែត្រជាង ហើយជំហានទី៣ ដល់ ១៧ម៉ែត្រកន្លះ អាចឱ្យនាវាពីពិភពលោក(ធំៗចូលបាន) ដូចដែលឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើង។
អញ្ចឹង (ដែល)ធានានូវភាពម្ចាស់ការនេះបាន គឺដោយសារមានការជួយពីជប៉ុន។ (ជប៉ុន)មិនជួយត្រឹមតែថវិកាក្នុងនាមជាឥណទានអនុគ្រោះ concessional loans ប៉ុណ្ណោះទេ ប៉ុន្តែជួយជាបច្ចេកទេសក្នុងការសាងសង់ និងការគ្រប់គ្រង។ នេះគឺជាការគិតគូររយៈពេលវែង។ បើសិនជាសង់តែសំណង់ មិនជួយគិតគូរច្បាស់លាស់(ពីដំណាក់កាលទៅមុខ) ជួនកាលសង់ហើយ(ដំណើរការ)អត់កើត។ សង់តែកំពង់ផែ ប៉ុន្តែកប៉ាល់ចូលមិនរួច។ សង់តែកំពង់ផែ តែគ្មានវិធីសាស្រ្តគ្រប់គ្រងតាមបច្ចេកទេសឱ្យទៅជាកំពង់ផែទំនើប។ អញ្ចឹង ការគិតគូររយៈពេលវែង ក្នុងនាមជាយុទ្ធសាស្រ្តដៃគូនេះគឺល្អ។
(៣) សក្ដានុពលធំរបស់ខេត្តព្រះសីហនុ គឺផែ ភស្ដុភារកម្ម និងឧស្សាហកម្ម
អម្បាញ់មិញ បាននិយាយជាមួយនឹងគាត់(ឯកអគ្គរដ្ឋទូតជប៉ុន)ថា ឥឡូវយើងធ្វើកិច្ចការពីរជាមួយជប៉ុនពាក់ព័ន្ធនឹងកំពង់ផែព្រះសីហនុ និង logistics។ យើងធ្វើដើរហើយ។ យើងមានផែនការវែងអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងកំពង់ផែ។ តែដោយឡែកម្ខាងទៀត គឺ logistics យើងមានដីនៅកន្លែងនេះ។ មានមួយចំនួនដំណើរការទៅមុខ ប៉ុន្តែនៅសក្ដានុពលធំណាស់ដែលត្រូវពង្រីក logistics ជាយុទ្ធសាស្រ្តបន្ថែមទៀត ភ្ជាប់ជាមួយនឹងកំពង់ផែ ព្រោះនេះជាអនាគតរបស់ខេត្តព្រះសីហនុ។ ទេសចរក៏ជាសក្ដានុពលមួយ ប៉ុន្តែខ្ញុំគិតថា ដែលមានចីរភាពធំ មានសក្ដានុពលធំសម្រាប់ខេត្តព្រះសីហនុ គឺផែ ភស្ដុភារកម្ម និងឧស្សាហកម្ម៊។ យើងត្រូវជំរុញបន្ត។ ការកសាងកំពង់ផែនៅទីនេះ គឺក្នុងទិសដៅហ្នឹងឯង។
(៤) ជាចក្ខុវិស័យនិងដាក់ទិសដៅ កំពង់ផែព្រះសីហនុស្ថិតនៅទីតាំងយុទ្ធសាស្រ្ត និងមានសក្ដានុពល
យើងមិនត្រឹមតែមានចក្ខុវិស័យនិងដាក់ទិសដៅទេ។ ខ្ញុំជឿថា ពេលដែលសម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចតា បានជ្រើសរើសយកទីតាំងនៅកន្លែងនេះ នៅឆ្នាំ ១៩៦០ជាងនោះ ក៏ប្រហែលជាបានមើលឃើញសក្ដានុពលនៅទីនេះដែរ។ ទឹកជ្រៅមានច្រើនកន្លែង ហេតុអ្វីបានជាយកទឹកជ្រៅនៅកន្លែងនេះ? កន្លែងទឹកជ្រៅមាននៅកំពត កោះកុង មាននៅតំបន់ច្រើន ហេតុអ្វីបានជ្រើសរើសយកកន្លែងនេះ? ពីដើមមានបារាំងជួយ។ ជប៉ុនក៏មានការគិតគូរនៅកន្លែងនេះ។ តាំងពីយើងប្រែប្រួលពីជំនាន់មុនសង្រ្គាម ចូលសង្រ្គាម ក្រោយមកសង្រ្គាមលោកសង្រ្គាមអី កន្លែងនេះនៅតែជាកន្លែងយុទ្ធសាស្រ្តមួយ។
(៥) កំពង់ផែព្រះសីហនុ ជាទីតាំងយុទ្ធសាស្រ្តផ្នែកដឹកជញ្ជូននិងភស្តុភារកម្ម បម្រើដល់ការអភិវឌ្ឍជាតិ
អញ្ចឹង ការប្រែក្លាយទីតាំងយុទ្ធសាស្រ្ត ចាប់យកសក្ដានុពលធំសម្រាប់ប្រទេសជាតិ គឺជាអ្វីដែលរាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៦ រយៈពេល ៣០ឆ្នាំមកនេះ បានធ្វើនិងប្រែក្លាយ។ រាជរដ្ឋាភិបាលអាណត្តិនេះ និងអាណត្តិក្រោយៗក៏នៅតែបន្ត ព្រោះយើងមានផែនការរហូតទៅដល់ឆ្នាំ២០៥០ ក្នុងការអភិវឌ្ឍនៅទីនេះ … ដើម្បីបម្រើរាប់សតវត្សរ៍នៃការអភិវឌ្ឍ ជាពិសេសផ្នែកខាងដឹកជញ្ជូន និងភស្តុភាកម្មនៅកម្ពុជា។ នេះជាចក្ខុវិស័យ។ ខ្ញុំធ្លាប់ឮ និងមានគេលើកឡើងថា រដ្ឋាភិបាលថ្មីមានតែទ្រឹស្ដី ប៉ុន្តែអីផ្សេងសូន្យ។ ហេតុម្តេចបានគេជាមិនព្រមមើល។ មានអ្នកវិភាគមួយនោះថា “មកពីរដ្ឋាភិបាលមិនព្រមបញ្ចេញ(ព័ត៌មាន)។ ត្រូវធ្វើសង្ខេបឱ្យគេមើល”។ នៅចាំសង្ខេបដូចម្តេចទៀត? គេធ្វើកម្មវិធីសម្ពោធរាល់ថ្ងៃ។ គ្រប់កន្លែងទាំងអស់ មិនមែនតែខ្ញុំទៅសម្ពោធទេ។ ក្រសួងស្ថាប័នដាក់ចេញវិធានការធ្វើ។ បើជាអ្នកស្រាវជ្រាវ គប្បីស្រាវជ្រាវទៅ។
(៦) វិស័យដឹកជញ្ជូននិងភស្តុភារកម្ម ជាស្នូលបម្រើឱ្យវិស័យផ្សេងៗ ទៀត
សម័យឥឡូវ មិនដូចសម័យកាលឆ្នាំ១៩៩០ ដែលមិនមាន internet ទេ។ ឥឡូវមាន Google, Facebook។ ព័ត៌មានពេញ … រាជរដ្ឋាភិបាលដាក់ទិសដៅ និងបានធ្វើជាក់ស្ដែងជំរុញប្រទេសជាតិឱ្យរីកចម្រើន ក្នុងនោះមានវិស័យដឹកជញ្ជូននិងភស្តុភារកម្មនេះជាស្នូលមួយបម្រើឱ្យវិស័យផ្សេងៗទៀត។ បើសិនជាវិស័យដឹកជញ្ជូនវាថ្លៃខ្ពស់ យើងត្រូវចំណាយខ្ពស់ ភាពប្រកួតប្រជែងផលិតផលកសិកម្ម ឧស្សាហកម្ម កម្មន្តសាលក៏ពិបាក។ ប៉ុន្តែ បើយើងធ្វើអោយ(កំពង់ផែ)នេះ(ឈានដល់ការអភិវឌ្ឍដំណាក់កាលទី៣ បម្រើឱ្យការត)ភ្ជាប់ ថ្ងៃក្រោយដឹកទៅត្រង់ទៅត្រង់មកពីកម្ពុជាទៅពិភពលោក(និងពីពិភពលោកមកកម្ពុជា)ជាជាងចូលតាមនេះ/នោះ ដែលមានតម្លៃខ្ពស់។ (ការដឹកជញ្ជូនត្រង់ទៅត្រង់មក) នឹងជួយលើកស្ទួយនូវសេដ្ឋកិច្ចផ្សេងៗ ទៀតផងដែរ។
[ចប់សេចក្ដីអធិប្បាយ១]
ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមស្នើ មិត្តជប៉ុន តាមរយៈឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធឡូជីស្ទីក និងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅកម្ពុជាបន្ថែមទៀត, ព្រមទាំង សូមជួយសម្របសម្រួលរៀបចំឱ្យមានកម្មវិធីផ្លាស់ប្ដូរចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យា លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ផ្អែកតាមរបាយការណ៍ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានលើកឡើងអំពីតួនាទី និងសារៈសំខាន់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា និងជាមូលដ្ឋាននៃការរីកចម្រើនផ្នែក ឧស្សាហកម្ម, ពាណិជ្ជកម្ម និងកម្មន្តសាល បន្ថែមលើវិស័យទេសចរណ៍ នៅកម្ពុជា។ ជាក់ស្តែង, បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ បានកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាង ២ ឆ្នាំចុងក្រោយនេះ, សមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើងពី ៥៥ ម៉ឺន TEUs ដល់ ១,៣ លាន TEUs ក្នុងមួយឆ្នាំ។
ក្នុងន័យនេះ, ខ្ញុំសូមសម្តែងនូវការកោតសរសើរ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំពោះកិច្ចសហការល្អ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការ និងគុណភាពសេវាកម្ម ដែលជាលទ្ធផល ធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ រីកចម្រើនជាលំដាប់, ឆ្លុះបញ្ចាំង តាមរយៈការកើនឡើងចំនួនកុងតឺន័រឆ្លងកាត់ជារៀងរាល់ឆ្នាំ។
វិស័យកំពង់ផែ គឺជាវិស័យអាទិភាព ដែលបានចង្អុលបង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។
រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះទៅជាកន្លែងផ្ទេរទំនិញដ៏សំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅក្នុងតំបន់។ ជាមួយនឹងគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍកំពង់ផែ, រាជរដ្ឋាភិបាលនឹងសាងសាង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២និងទី៣បន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញ-ចូល [ដូចក្នុងរបាយការណ៍ដែលឯកឧត្ដម ប៉េង ពោធិ៍នា បានលើក]។
ក្នុងគោលបំណងលើកកម្ពស់ផលិតភាពការងារ, គុណភាពសេវាកម្ម និងប្រសិទ្ធភាពនៃប្រតិបត្តិការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ, ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយដូចខាងក្រោម ៖
ទី១. កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយទីភ្នាក់ងារ JICA លើការងារអាទិភាព រួមមាន៖ ទី១. ជំរុញការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងទី៣ ឱ្យសម្រេចបានតាមផែនការ, ទី២. ជំរុញការចូលរួមសិក្សារៀបចំផែនការមេ សម្រាប់ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក, ទី៣. ជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងទី៤. ជំរុញការធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ (Port Digitalization) ឱ្យក្លាយជា E-Port។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(៧) ធ្វើឲ្យកំពង់ផែខ្នាតអន្តរជាតិទាំងអស់បំពេញឲ្យគ្នា ជាជាងប្រកួតប្រជែងគ្នា
យើងមានកំពង់ផែអន្តរជាតិមួយចំនួននៅកម្ពុជា ដូចជានៅកំពត កោះកុង និងខេត្តព្រះសីហនុ។ កន្លងទៅ ខ្ញុំបានចេញគោលការណ៍ផ្អាកការចេញអាជ្ញាបណ្ណឲ្យធ្វើកំពង់ផែអន្តរជាតិបន្ថែមទៀត ព្រោះឥឡូវមានប៉ុន្មាននេះធ្វើឲ្យហើយ ធ្វើឲ្យអស់ ជួយឲ្យមានសក្ដានុពលសិន. ប៉ុន្តែទោះជាយ៉ាងណា ក្នុងផែបណ្តាផែកម្រិតអន្តរជាតិទាំងនោះ … ដើម្បីឲ្យមានប្រសិទ្ធភាព យើងត្រូវធ្វើឲ្យផែទាំងអស់នោះបំពេញគ្នា ជាជាងប្រកួតប្រជែងគ្នាទៅវិញទៅមក។ (ត្រូវមាន)ការសិក្សាបន្ថែមទៀតលើការរៀបចំថាតើផែនីមួយៗ មានភារកិច្ចអី? ដូចជាផែនេះសម្រាប់ដឹកកុងតៃន័រ និងទំនិញចម្រុះផ្សេងៗ ដែលជាអាទិភាពធំសម្រាប់មជ្ឈមណ្ឌលភស្ដុភារកម្ម។ ភាគច្រើនពាក់ព័ន្ធនឹងទំនិញកសិផល អីផ្សេងៗ។ តើរៀបចំផែនៅកន្លែងផ្សេងទៀតយ៉ាងណា? តើគ្រប់ផែជាផែដែលមានពហុភារកិច្ច? បានន័យថា ថ្ងៃក្រោយសង់កន្លែងស្តុកប្រេងក៏នៅទីនេះ អ្វីផ្សេងក៏នៅទីនេះ ទេសចរណ៍ក៏នៅទីនេះឬទេ? បានន័យថា តែមួយកន្លែងហ្នឹងមានគ្រប់ ឬមួយយើងត្រូវបែងចែកភារកិច្ចគ្នា។
(៨) ពិនិត្យមើលប្រើប្រាស់ផែនៅកំពតសម្រាប់រ៉ែ និងសិក្សាផែមួយកន្លែងសំរាប់ការងារប្រេង
ដោយសារឆ្នេរយើងនៅមិនឆ្ងាយ ត្រឹមតែ ៣០០គីឡូ បើឲ្យផែនីមួយៗ ដែលមានអាជ្ញាបណ្ណ កំពុងអភិវឌ្ឍន៍ ឬកន្លែងខ្លះក៏បានធ្វើហើយ ទៅជាផែដែលប្រកួតប្រជែងគ្រប់មុខ វា(នឹងធ្វើឱ្យ)ផែហ្នឹងអត់ប្រសិទ្ធភាព។ ឧ. បើសិនជាផែខេត្តព្រះសីហនុត្រូវធ្វើគ្រប់មុខ អញ្ចឹងកន្លែងពង្រីកកុងតៃន័រក៏មានតិច ព្រោះត្រូវធ្វើកន្លែងស្ដុកប្រេង និងអី្វៗ គ្រប់ប្រភេទ។ វាអត់មានប្រសិទ្ធភាព។ ធ្វើទាំងកន្លែងសម្រាប់ទទួលទេសចរផ្សេងៗ។ ដូច្នេះត្រូវបែងចែកមុខគ្នា។ នៅកំពត យើងអាចពិនិត្យមើលផែសម្រាប់ជារ៉ែ។ យើងកំពុងសិក្សាមួយកន្លែងទៀតសំរាប់ជាមូលដ្ឋានកសាងកន្លែងប្រេង។ សង្គ្រាមនៅអ៊ីរ៉ង់ធ្វើឲ្យផ្នែកថាមពលមានវិបត្តិ ដែលតម្រូវឲ្យយើងគិត និងខិតខំជំរុញនៅក្នុងការកសាងសមត្ថភាពរក្សាប្រេង និងឧស្ម័នបម្រុង reservoir។ ទៅថ្ងៃក្រោយ បើយើងមានការអភិវឌ្ឍប្រេងនៅខាងក្នុង វាត្រូវភ្ជាប់ជាមួយឧស្សាហកម្មដែលបម្រើឲ្យការចម្រាញ់ប្រេង។ ត្រូវគិតគូរបែងចែកឲ្យហើយកន្លែងណាជា zone ធ្វើ(ការងារ)ទាំងអស់ហ្នឹង ហើយរុញទៅ។ មិនគួរកសាងពោងប្រេង ឬកន្លែងចម្រោះប្រេង ចម្រាញ់ប្រេងនៅជាប់កំពង់ផែ(ទេ)។ ទុកកន្លែងធ្វើទៅថ្ងៃមុខ ដូចជាពង្រីកកុងតៃន័រដែលជាភារកិច្ចរបស់ផែ …។
(៩) ប្រទាក់ក្រឡាផែទឹកសាបនិងទឹកប្រៃ ធ្វើឲ្យលំហូរទំនិញពីក្រៅចូលមកក្នុងនិងពីក្នុងចេញទៅក្រៅ
ផែព្រះសីហនុនេះត្រូវភ្ជាប់គ្នាជាមួយផែខេត្តផ្សេងៗ។ នៅក្នុងទឹកសាបក៏យើងមានផែភ្នំពេញ។ យើងកំពុងធ្វើផែពហុបំណងនៅកំពង់ឆ្នាំង និងនៅក្រចេះ។ អញ្ចឹងការតភ្ជាប់នេះគឺត្រូវតែធ្វើ។ នៅក្នុងផែនការមេធំ យើងកំពុងកសាងព្រែកជីកហ្វូណនតេជោ ភ្ជាប់ទន្លេមកសមុទ្រ ដើម្បីបង្ហូរទំនិញពីទិសខាងជើង និងទិសឦសានតាមផ្លូវទឹកបន្ថែមទៅលើផ្លូវគោក ផ្លូវដែក ដើម្បីបង្កើតជម្រើសនិងរកវិធីកាត់បន្ថយចំណាយ។ ក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល គឺធ្វើផែនការមេតភ្ជាប់បែបនេះ។ សូមផែព្រះសីហនុធ្វើសកម្មភាពក្នុងការប្រទាក់ក្រឡាគ្នា … ធ្វើយ៉ាងណាឲ្យលំហូរទំនិញពីក្រៅចូលមកក្នុង និងពីក្នុងចេញទៅក្រៅវិញ ពីផែទឹកប្រៃប្រទាក់ក្រឡាគ្នាបូកជាមួយផែទឹកសាបនៅខាងក្នុងបានល្អ។ ដូចដែលខ្ញុំបានលើកថា វិស័យភស្ដុភារកម្ម និងវិស័យដឹកជញ្ជូននេះ មិនមែនជួយតែក្រុមហ៊ុនដឹកជញ្ជូន ឬផែឲ្យចំណេញទេ តែក៏ជួយលើកកម្ពស់គ្រប់វិស័យ រួមទាំងកសិផល។
(១០) សួនឧស្សាហកម្មស្វាយចន្ទីខេត្តកំពង់ធំ អាចដឹកចុះមកផែពហុបំណងកំពង់ឆ្នាំង
យើងកំពុងតែរៀបចំសួនឧស្សាហកម្មស្វាយចន្ទីមួយ ដើម្បីជំរុញ(ផលិតកម្ម)ស្វាយចន្ទីនៅខេត្តកំពង់ធំ។ រៀបចំជា master plan មួយ ជាផែនការគោលមួយ ឲ្យវិស័យនេះរីកចម្រើន។ ហេតុអីបានជាយើងយកខេត្តកំពង់ធំមុនគេ? ទីតាំងដែលយើងធ្វើ ហេតុអីបានយកកន្លែងនោះ? គឺដោយសារវានៅជិតទន្លេដែលនឹងអាចដឹកចុះមកផែពហុបំណងកំពង់ឆ្នាំង។ ការកសាងកំពង់ផែ និងផ្លូវទឹកភ្ជាប់គ្នាមិនមែនត្រឹមតែបម្រើឲ្យក្រុមហ៊ុនដឹកជញ្ជូន ឬមួយកំពង់ផែរកចំណេញជាភស្ដុភារកម្មនោះទេ ប៉ុន្តែវាជួយលើកកម្ពស់ការប្រកួតប្រជែងនៅក្នុងវិស័យស្វាយចន្ទី, ស្រូវ, អង្ករ និងវិស័យផ្សេងទៀត ដែលអាចដឹកបាន។ ការដឹកតាមផ្លូវដែក និងដឹកតាមផ្លូវទឹក ភាគច្រើនការដឹកតាមផ្លូវទឹក(មានតម្លៃ)ថោកជាង។ នៅលើពិភពលោកនេះ ការដឹកជញ្ជូនធ្វើពាណិជ្ជកម្មតាមផ្លូវទឹក ទោះបីជាយូរក្តី ក៏ជាង៨០% ទៅ៩០% នៃទំនិញត្រូវបានរដឹកជញ្ជូនតាមផ្លូវទឹក។ យន្តហោះមាន ប៉ុន្តែដឹកវាថ្លៃ។ ដឹកតាមផ្លូវគោកនិងតាមផ្លូវដែកមួយចំនួន។
(១១) ពង្រឹងសមត្ថភាពផែដើម្បីចាប់ដៃគូជាមួយផែកម្រិតទំនើប
អញ្ចឹង ការកសាងនៅកន្លែងនេះ និងការរៀបចំធ្វើទំនើបកម្មផែព្រះសីហនុ គឺជាការល្អ។ ពេលដែលយើងខ្លាំង (យើង)នឹងភ្ជាប់ទំនាក់ទំនងជាមួយកំពង់ផែដៃគូនៅលើពិភពលោក មានដៃគូខ្លាំងដែរ។ ព្រឹកមិញ ខ្ញុំបញ្ជូនទៅឲ្យ មានផែលេខ២ ក្នុងប្រទេសមហាអំណាចមួយ ស្នើសុំភ្ជាប់។ សូមអញ្ជើញឯកឧត្ដមទៅ ដើម្បីពិភាក្សាគ្នាភ្ជាប់ទំនាក់ទំនងបង្កើតជា (ដែលអង់គ្លេស)ថា Sister Ports។ បើបកជាខ្មែរថា ផែសម្ព័ន្ធមិត្ត … ការចាប់(ដៃ)បែបនេះ ខ្ញុំគិតថា គេក៏មើលដែរ។ បើសិនជាផែរបស់គេចេញមកសុទ្ធតែតាមអេឡិចត្រូនិចទាំងអស់ ដល់មកផែយើងអត់មានសមត្ថភាព គេពិបាកធ្វើការជាមួយ គេមិនចាប់ដៃទេ។ តែបើយើងមានដូចគ្នាគឺវាជួយ clear ទាំងអស់។ ដូច្នេះការធ្វើទំនើបកម្ម ជាការពង្រឹងសមត្ថភាពឲ្យយើងឆ្ពោះទៅរកដៃគូដែលកម្រិតដូចគ្នា។ បើយើងមាន Sister Ports អាចចរចាគ្នាពីរឿងកាត់បន្ថយថ្លៃអីផ្សេងៗ យើងធ្វើបានទៀត។
(១២) កំពង់ផែខេត្តព្រះសីហនុ អាចជាអ្នកបោះមេមួយសំរាប់ទំនិញដឹកចេញពីផែទឹកសាប
នេះជាការពង្រីកនិងការបង្កើនសមត្ថភាព ដែលមិនត្រឹមតែប្រទាក់ក្រឡាខ្លួនឯងនៅខាងក្នុងទេ តែក៏អាចថាកំពង់ផែខេត្តព្រះសីហនុជាកំពង់ផែបោះមេមួយ ព្រោះទំនិញទាំងអស់ដែលដឹកចេញពីផែទឹកសាប មិនអាចដឹកពីផែទឹកសាបហើយឡើងទៅដល់អាមេរិកតែម្តងទេ។ ប្រាកដជាត្រូវចូលមកផែទឹកជ្រៅ ហើយផែទឹកជ្រៅដែលសកម្មជាងគេ គឺនៅទីនេះក្នុងវិស័យមួយចំនួន។ (សំរាប់)រ៉ែ អាចមានផែផ្សេង (ដូចជា)មាននៅកំពត មិនបាច់ដាក់រ៉ែនៅទីនេះទេ។ ប្រេងគេមានផែផ្សេងដែរ។ តែបើទំនិញទូទៅគឺមកកន្លែងនេះ។ អញ្ចឹង បោះមេ ហើយរៀបចំជាតួអង្គមួយសម្រាប់សម្របសម្រួល ហើយពង្រឹងសមត្ថភាពខ្លួន។
[ចប់សេចក្ដីអធិប្បាយ២]
ទី២. កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និងការកសាងមូលធនមនុស្ស ដើម្បីបង្កើន ផលិតភាពការងារ, គុណភាពសេវាកម្ម និងប្រសិទ្ធភាពនៃប្រតិបត្តិការ ឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេស ត្រូវសិក្សាអំពីតម្រូវការធនធានមនុស្ស, ទំាងបរិមាណ និងគុណភាព, ដោយផ្អែកលើទំហំការងារជាក់ស្តែង ការកំណត់តួនាទីភារកិច្ច, ការពិពណ៌នាការងារ, ការវាយតម្លៃលទ្ធផលការងារ, ការរៀបចំគោលនយោបាយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងធនធានមនុស្ស ការកែទម្រង់រចនាសម្ព័ន្ធមុខងារ និងការអនុវត្តការងារ ជាដើម។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(១៣) គ្រប់ស្ថាប័នរដ្ឋ ទាំងកងទ័ព នគរបាល និងស៊ីវិល ត្រូវតែកសាងធនធានមនុស្ស
នេះគឺជាគន្លឹះមួយសំខាន់។ បច្ចេកវិទ្យាជួយយើងក្នុងការធ្វើឲ្យមានប្រសិទ្ធភាពនៃលំហូរការងារ ប៉ុន្តែបើសិនជាគ្មានមនុស្សទំនើបទេ យកបច្ចេកវិទ្យាមកប្រើអត់កើតទេ។ ទោះជាទូរស័ព្ទទំនើបយ៉ាងម៉េចក៏ដោយ បើយើងចេះត្រឹមតែចុចលេខខលហ្នឹង ប្រើបានតែប៉ុណ្ណឹង។ រឿងផ្សេងៗ ទៀត ដូចជាបញ្ជូនរូបអីជាដើម អត់ចេះប្រើ វាប្រើអត់បាន។ បច្ចេកវិទ្យាដូចគ្នា។ តែមិនស្រួលច្នៃបច្ចេកវិទ្យាទំនើបយកមកដាក់អាក្រោយទៀត ព្រោះប្រើអានោះទៅពិបាក … វាអត់ប្រសិទ្ធភាព។ ទី២ យើងក៏ពិបាកក្នុងការទាញយកនូវប្រព័ន្ធការងារកម្រិតស្តង់ដាអន្តរជាតិដែលប្រើប្រាស់បច្ចេកវិទ្យា។ អញ្ចឹងការយកចិត្តទុកដាក់លើការកសាងធនធានមនុស្ស មិនមែនតែផែស្វយ័តព្រះសីហនុទេ នៅគ្រប់ស្ថាប័នរដ្ឋទាំងអស់ ទាំងកងទ័ព នគរបាល និងស៊ីវិល ត្រូវតែពង្រឹងសមត្ថភាព។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៣. ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់ល្អថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ, សមត្ថភាព និងប្រសិទ្ធភាពការងាររបស់យើង ដើម្បីលើកកម្ពស់ការផ្តល់សេវាកំពង់ផែ ឱ្យកាន់តែប្រសើរ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មកម្រិតអន្តរជាតិ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
ទី៤. ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តបង្កើនកិច្ច-សហការឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ» ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់ផ្នែក នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យបានកាន់តែប្រសើរឡើង, ដែលទាំងអស់នេះ មានសារៈសំខាន់បំផុត ក្នុងការលើកកម្ពស់ការជឿទុកចិត្តពីសំណាក់អតិថិជន វិនិយោគិនជាតិ-អន្តរជាតិ លើសេវាកំពង់ផែរបស់យើង។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
(១៤) នីតិវិធីការងារនិងប្រព័ន្ធការងារស្មុគស្មាញ ជាឧបសគ្គក្នុងការប្រកួតប្រជែង
ចំណុច(អភិក្រម «ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ» ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់ផ្នែក នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យបានកាន់តែប្រសើរឡើង)នេះ គឺជាគន្លឹះមួយនៃការប្រកួតប្រជែង។ (ទោះបីថា)មានហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ទំនើប មានមនុស្សពូកែយ៉ាងម៉េចក៏ដោយ បើនីតិវិធីការងារឬការរៀបចំប្រព័ន្ធការងារច្របូកច្របល់ស្មុគស្មាញ ត្រួតគ្នា (ប្រើពេល)យូរ ក៏មិនអាចប្រកួតប្រជែងបានដែរ។ ទោះបីមនុស្សពូកែធ្វើតាមក្បួនក៏ដោយ តែក្បួនហ្នឹងវាស្មុគស្មាញ ក៏យើងអត់ឈ្នះគេទេ។ (ជាផែនការ) ផែចង់បាន ១លាន ២លាន TEU ក៏ប៉ុន្តែបើប្រើពេលដល់ទៅ ៣ថ្ងៃ ដើម្បី Clear កុងតៃន័រ នៅពេលដែលផែប្រទេសផ្សេង Clear តែមួយថ្ងៃ (យើងមិនអាចប្រកួតប្រជែងបានទេ)។ នេះជាកិច្ចការសំខាន់។ បច្ចេកវិទ្យាល្អកម្រិតណាក៏ដោយ វានៅតែមនុស្ស (ជាកត្តាកំណត់)។ ប៉ុន្តែ មនុស្សសំខាន់យ៉ាងណាក៏ដោយ ក៏នៅតែ(ត្រូវអនុវត្ត)តាមនីតិវិធី។
(១៥) បង្កើនវិនិយោគលើបច្ចេកវិទ្យាក្នុងប្រព័ន្ធដឹកជញ្ជូនដើម្បីកាត់បន្ថយពេលវេលា និងជួយបង្កើនតម្លៃ
ទីពីរ ការត្រួតគ្នានិងភាពស្មុគស្មាញនៃនីតិវិធីមួយចំនួន (គប្បីត្រូវ)លុបចោល។ ទំនើបកម្ម គឺ(ការធ្វើ)ទំនើបកម្មប្រព័ន្ធការងារហ្នឹងឯង។ ដើម្បីឱ្យប្រកួតប្រជែង(បានជោគជ័យ) ទាល់តែធ្វើឱ្យនីតិវិធីសាមញ្ញ តែមានប្រសិទ្ធភាព។ កុំស្មុគស្មាញពេក។ បើស្មុគស្មាញនិងត្រួតគ្នា ក៏មានតែយើង(ប្រតិបត្តិករ)ដែលយល់។ អ្នកផ្សេងទៀតមិនយល់។ អញ្ចឹងពិបាក(អនុវត្ត)។ (កាលបើនីតិវិធីសាមញ្ញ) ទាំងអតិថិជនទាំង(តួអង្គពាក់ព័ន្ធ)ងាយយល់ ហើយមានតម្លាភាព ស្រួលធ្វើការ។ ការងារនេះគឺសំខាន់។ ចំណុចនេះ ខ្ញុំសូមធ្វើការកោតសរសើរគ្រប់ស្ថាប័នទាំងអស់មិនថាគយ មិនថាកំពង់ផែ ដែលកន្លងទៅបានខិតខំកែសម្រួលនីតិវិធីជាច្រើន ក្នុងបំណងធ្វើឱ្យការ Clear ទំនិញទាំងចេញទាំងចូល(ដំណើរការ)បានដោយប្រសិទ្ធភាព គឺលឿន ឬកាត់បន្ថយ(ពេលវេលា)។ ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដូចជា Scanner បានជួយច្រើន។ វាមិនត្រឹមតែជួយកាត់បន្ថយពេលវេលាទេ ប៉ុន្តែជួយទាំង(រក្សា)តម្លៃ។ តម្លៃយ៉ាងម៉េច?
(១៦) Seal ពីកម្ពុជា ដឹកដល់និងទទួលយកនៅកំពង់ផែទូទាំងពិភពលោក ជាការបង្កើនសមត្ថភាពនិងជំនឿទុកចិត្ត
កាលខ្ញុំនៅអង្គភាពប្រឆាំងភេរវកម្ម ក៏ធ្លាប់មក(ប្រើសេវា)ហ្នឹងម្តង។ កាលហ្នឹង ខាង IAEA (បានផ្តល់)ឱ្យនូវ Scanner (សំរាប់ត្រួតពិនិត្យ)វិទ្យុសកម្ម។ (បំភាយវិទ្យុសកម្ម)ហ្នឹង ចាត់ទុកជារបស់ហានិភ័យ។ បើសិនជាយើងអត់មាន(ការត្រួតពិនិត្យវិទ្យុសកម្ម)ទេ កុងតៃន័រចេញពីយើង ដែលត្រូវចូលទៅសិង្ហបុរី ក៏ត្រូវ Scan និងបង់លុយនៅទីនោះ។ (ទំនិញនាំ)ចូលប្រទេសធំៗ ត្រូវការឱ្យមាន(ការត្រួតពិនិត្យវិទ្យុសកម្ម)ហ្នឹង។ គេមិនឲ្យយក(ទំនិញមាន)វិទ្យុសកម្មមួយកុងតៃន័រទៅដល់ផែគេទេ។ បើចៃដន្យវាផ្ទុះភឹង (វានឹងបង្កគ្រោះថ្នាក់)។ ដោយហេតុនេះ កាលដែលយើងអភិវឌ្ឍខ្លួនឯង បានន័យថាអី្វៗ (ដែល)ចេញពីយើង ឬវាយ Seal ពីយើងទៅ មិនត្រឹមតែដឹកទៅដល់កំពង់ផែទូទាំងពិភពលោកទេ (តែនៅត្រូវបាន)គេទទួលទៀត។ នេះហើយជាការកាត់បន្ថយ(ការរាំងស្ទះ) ហើយបង្កើនសមត្ថភាព និងជំនឿទុកចិត្ត។ សូមអបអរសាទរ ហើយអរគុណណាស់ចំពោះការខិតខំ ហើយសូមបន្តទៀត។ ជួនកាល (ដោយសារ)នីតិវិធីយើងស្មុគស្មាញ ឬធូររលុងពេក (ទំនិញ)ទៅដល់ គេអត់ទុកចិត្ត។ ជួនជាធ្លាយអីមួយពីរម្តងម្កាល គេនឹងដាក់ក្នុង Blacklist។ ថ្ងៃក្រោយ (បញ្ញើ)ចេញពីហ្នឹងទៅ(ត្រូវបង់)ថ្លៃ(ខ្ពស់)។ ចេញពីហ្នឹងទៅពិបាក។ អញ្ចឹង នេះគឺការគិតគូរធ្វើឱ្យមានប្រសិទ្ធភាព។
(១៧) កុងតៃន័រទំនិញចេញចូលមានប្រសិទ្ធភាព ជួយរក្សាកេរ្តិ៍ឈ្មោះប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា
ដោយហេតុហ្នឹងបានជាថា ការងាររបស់បងប្អូនធ្វើនៅទីនេះ ដែលធ្វើឱ្យកុងតៃន័រទំនិញចេញចូលមានប្រសិទ្ធភាព គឺជួយកម្ពុជាទាំងមូល។ បានន័យថា ជួយរក្សានូវកេរ្តិ៍ឈ្មោះប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។ សូមបន្តពង្រឹង និងធ្វើទំនើបកម្ម និងជួយបំពេញភារកិច្ចដ៏ល្អបែបនេះបន្តទៀត។ ខ្ញុំសូមអរគុណ។ វាប្រទាក់ក្រឡាគ្នាទាំងអស់។ វាអត់ខុសពីក្រុមហ៊ុនទេ។ ឧទាហរណ៍ថា (ក្រុមហ៊ុនដឹកអាហារ) Food Panda ទៅចុះ។ (បើទទួលការ)កម្ម៉ង់ម្ហូបមក (មាន)ម៉ូតូរាប់រយគ្រឿង តែ(អ្នករត់)ម៉ូតូមួយធ្វើមិនច្បាស់លាស់ (ដូចជា)យកទៅដល់អ្នកកម្ម៉ង់ មិនរក្សាបាននូវតម្លៃដោយហេតុណាមួយ ថ្ងៃក្រោយគេលែងចង់ប្រើសេសវា Food Panda ហើយ។ អញ្ចឹង ភារកិច្ចនៃ(ការគ្រប់គ្រងនិងដោះស្រាយលំហូរ)កុងតៃន័រទំនិញមួយៗ គឺជាកត្តាគន្លឹះ។ កុងតៃន័រមួយពាន់ទៅល្អ តែបើមានមួយឬពីរមានបញ្ហា (ខាងគោលដៅនឹង)ចាប់ផ្តើម(ថយការទុកចិត្ត)ហើយ។ វាមិនខុសពីទំនិញកសិកម្មទេ។ អង្ករយើងនាំចេញរាប់ម៉ឺន រាប់សែនតោន ប៉ុន្តែពេលដែលកុងតៃន័រមួយឬពីរមានបញ្ហា គេចាប់ផ្តើមដាក់សញ្ញាសួរ(ដល់ការនាំទំនិញចេញ)មកពីកម្ពុជា។ អញ្ចឹងបញ្ហាសំខាន់ត្រូវអភិវឌ្ឍការដឹកជញ្ជូនគ្រប់ប្រភេទទាំងអស់។
(១៨) ធានាស្តង់ដារត្រួតពិនិត្យផលប៉ះពាល់បរិស្ថាន(EIA) ប៉ុន្តែកុំឱ្យនីតិវិធីជាន់គ្នា
ទី៣ អំពីនីតិវិធីនេះ ខ្ញុំសូមលើកបន្តិច។ ល្ងាចមិញខ្ញុំបានស៊ីញ៉េមួយអំពីរឿងបរិស្ថាន។ យើងត្រូវតែធានាស្តង់ដារបរិស្ថាន(Environmental Impact Assessment – EIA)ហើយ ប៉ុន្តែត្រូវមើលនីតិវិធី។ កន្លែងខ្លះកុំឱ្យជាន់គ្នា។ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់មកខ្ញុំពីការលើកឡើងពីវិស័យឯកជន ដែលថា “កន្លែងខ្លះ មិនចាំបាច់ធ្វើការ(វាយតម្លៃផលប៉ះពាល់)បរិស្ថានត្រួតគ្នាទេ” ឧទាហរណ៍ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ធម្មតាពេលដែលវិនិយោគធ្វើអីមួយ ក្រុមហ៊ុនមួយត្រូវឆ្លងកាត់បទដ្ឋាន ត្រូវអនុលោមតាមច្បាប់របស់យើង រួមទាំងការវាយតម្លៃផលប៉ះពាល់ផ្នែកបរិស្ថាន ដែលហៅ EIA។ ជាទូទៅមានការត្រួតពិនិត្យ ហើយការធានាក្នុងពេលប្រតិបត្តិការកុំឱ្យបញ្ចេញផ្សែងពុលចូលបរិស្ថាន បញ្ចេញកាកសំណល់ពុលចូលទឹកជាដើម ឬត្រូវធ្វើស្អីខ្លះៗ? សម្រាប់ក្រុមហ៊ុនទូទៅនៅក្រៅត្រូវធ្វើ។ ប៉ុន្តែនៅខាងក្នុង ខ្ញុំបានសួរថា ឥឡូវបើសិនជាអត់ធ្វើមានបញ្ហាអី្វ? ខាង CDC បានពន្យល់ថា “សម្រាប់ក្រុមហ៊ុនមួយចំនួន ជាក្រុមហ៊ុនប្រភេទអត់ពាក់ព័ន្ធជាមួយការបំពុលបរិស្ថាន យើងអត់ចាំបាច់ធ្វើទេ”។ កម្រិតនិងប្រភេទនៃការផលិតមានហានិភ័យបរិស្ថានខ្ពស់ ដូចជា បោកគក់អីអញ្ចឹង ប្រើគីមី … តែប្រភេទការងារខ្លះកម្រិតបំពុលបរិស្ថានទាបឬមធ្យម។
(១៩) ឲ្យតំបន់សេដ្ឋកិច្ចពិសេសទទួលខុសត្រូវចំពោះប្រភេទរោងចក្រមិនមានហានិភ័យបរិស្ថានខ្ពស់
តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ មុននឹងយើងឲ្យអាជ្ញាប័ណ្ណបើក គឺមាន master plan មានប្លង់មេមួយដែលបញ្ជាក់អំពីការគ្រប់គ្រងបរិស្ថាន ដូចជារឿងកាកសំណល់ជាតិពុលជាដើម។ គេមានការធានា។ អញ្ចឹង សព្វថ្ងៃនេះ បើសិនជាក្រុមហ៊ុនគ្រប់ប្រភេទចូលទៅធ្វើ ក៏ត្រូវសុំ EIA មួយទៀតត្រូវទេ? អញ្ចឹងវាពីរត្រួត។ ជួនកាលវាស៊ីពេល ហើយវាថ្លៃទៀត។ អញ្ចឹង ខ្ញុំបានឯកភាពជាគោលការណ៍ហើយ សម្រាប់ក្រុមហ៊ុនដែលចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសច្បាស់លាស់ មាន master plan តែមិនមែនតំបន់សេដ្ឋកិច្ចពិសេសមានតែឈ្មោះអត់អាជ្ញាប័ណ្ណទេ គឺមានតំបន់(សេដ្ឋកិច្ចពិសេស)ហ្នឹងជាអ្នកធានាស្រាប់ហើយ។ ចូលទៅក្នុងហ្នឹង ចំពោះប្រភេទរោងចក្រដែលមិនប៉ះពាល់ហានិភ័យខ្ពស់និងបរិស្ថាន មិនបាច់ធ្វើ EIA ម្តងទៀតទេ។ ឲ្យតំបន់សេដ្ឋកិច្ចពិសេសទទួលខុសត្រូវតែម្តងទៅ។ បៀបនេះគឺថាក្រុមហ៊ុនហ្នឹងលែងត្រួតគ្នាហើយ។ យើងដោះស្រាយចំណុចហ្នឹងកុំឲ្យត្រួតគ្នាទៀត ដើម្បីកាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ ប៉ុន្តែនៅតែមានអ្នកទទួលខុសត្រូវ គឺតំបន់សេដ្ឋកិច្ចពិសេសហ្នឹង។ ម្ចាស់(តំបន់សេដ្ឋកិច្ចពិសេស)ហ្នឹងជាអ្នកទទួលខុសត្រូវ ហើយក្រសួងបរិស្ថានមានសិទ្ធិឆែកឆេគ្រប់ពេល។ បើឆែកទៅឃើញថាក្រុមហ៊ុនដែលតំបន់សេដ្ឋកិច្ចពិសេសធានា តែមិនអនុវត្តតាម គឺតំបន់សេដ្ឋកិច្ចពិសេសជាអ្នកទទួលខុសត្រូវ …។
(២០) ក្រសួងបរិស្ថានត្រួតពិនិត្យរោងចក្រមានហានិភ័យខ្ពស់ ត្បិតតំបន់សេដ្ឋកិច្ចពិសេសមិនមានជំនាញគ្រប់
បើសិនវាជាប្រភេទនៃរោងចក្រផលិតដែលមានហានិភ័យខ្ពស់ ជួនកាលតំបន់សេដ្ឋកិច្ចពិសេសអត់មានជំនាញគ្រប់ យើងត្រូវឆែកមួយតង់ទៀត។ (ករណីនេះ) ខ្ញុំឯកភាព។ អញ្ចឹង សុំឲ្យកាត់បន្ថយការឆែកពីរតង់នេះ ហើយឲ្យការទទួលខុសត្រូវ(ត្រួតពិនិត្យផលប៉ះពាល់បរិស្ថាននៃផលិតកម្ម)ទៅតំបន់សេដ្ឋកិច្ចពិសេសចូលរួមដើម្បីថែរក្សាបរិស្ថាន។ ខ្ញុំបានផ្តល់គោលការណ៍ដល់ការងារនេះហើយ … អញ្ចឹងសូមប្រាប់ទៅ(ក្រសួងបរិស្ថាន) បង ផល្លែត ទៅ។ យើងក៏មិនហត់ផងច្រើន។ មិនដឹងថា មានក្រុមហ៊ុនប៉ុន្មានដែលបានធ្វើ។ ជួនកាលនៅយូរ។ បើមានបេក្ខជនច្រើន រវល់តែធ្វើមួយៗ មិនមែនធ្វើមួយថ្ងៃហើយ ត្រូវប្រើពេល។ អញ្ចឹង យើងកាត់និតីវិធីខ្លះ តែមិនមែនកាត់ហ្នឹង ជិះសេះលែងដៃទេ។ មានអ្នកឆែក។ តែជាជាងឆែកពីរតង់ (យើងធ្វើតែមួយ)។
ជួនកាលអ្នកឆែកពីរតង់ហ្នឹងគ្រោះថ្នាក់វិញ។ មានការសាចទឹកដាក់គ្នា។ អញ្ចឹង ប្រគល់ការទទួលខុសត្រូវដាច់តែម្តង។ ដូចកងទ័ព ជួនកាលដាក់ ២អង្គភាព ឱ្យការពារមុខព្រួញតែមួយ វាពិបាកទៅវិញ។ សូម្បីចុះការពារបេសកកម្មខ្លះ ជួនកាលរវាងអង្គភាពនិងអង្គភាពហ្នឹង អ្នកនៅហ្នឹងប្រាប់ថាត្រូវបើកត្រង់នេះ (តែអ្នកមួយទៀតថា) ទេ សួរមេនៅនោះសិន។ អញ្ចឹងឲ្យដាច់តែម្តងទៅ។ លើកលែងតែលើប្រភេទដែលមានហានិភ័យខ្ពស់ត្រូវការការត្រួតពិនិត្យ។ និយាយដូចនេះ មិនមែនបានន័យថា ក្រសួងបរិស្ថានគ្មានសិទ្ធិចុះទៅឆែកម្តងម្កាលនោះទេ។ ហ្នឹងច្បាប់ គេមានសិទ្ធិឆែក … នៅទីនេះដូចគ្នា បើសិនជាមានស្ថាប័នច្រើន ហើយមានភារកិច្ចជាន់គ្នា គួរសម្រួលទៅ ហើយឲ្យអ្នកណាមួយទទួលឲ្យដាច់ បើសិនជាមានការត្រួតមុខងារគ្នា …។
(២១) គ្រប់កន្លែងមានអន្តរស្ថាប័នគប្បីបន្ស៊ីនិតីវិធី ដើម្បីធានាការព្យាករណ៍តម្លៃ និងពេលវេលា
យើងកំពុងតែរៀបចំ CamDX ដើម្បីកុំឲ្យពេលទៅចុះឈ្មោះបើកក្រុមហ៊ុនមួយ រត់ទៅស្ថាប័នមួយ យកឯកសារដដែលទៅៗ។ ដាក់មួយនៅក្នុងបញ្ជី អញ្ចឹងពេលទៅដល់ គឺឯកសារហ្នឹងវាហូរ។ កុំឲ្យទៅដល់សួររកតែឯកសារ។ ទៅដល់នោះ ១០ឯកសារ ទៅដល់ស្ថាប័នមួយទៀត និតីវិធីជំហានទី២ ត្រូវដាក់ ១០ឯកសារទៀត។ តាមពិតត្រូវមានតែម្តងហ្នឹងគឺស្ថាប័នរដ្ឋចែកគ្នាទៅដើម្បីកាត់បន្ថយនិតីវិធី។ ឃើញបានធ្វើច្រើន។ ថ្ងៃមុន ឲ្យពន្ធដារជាមួយនឹងក្រសួងពាណិជ្ជកម្មបន្ស៊ី(នីតិវិធី)គ្នា។ បន្ស៊ីគ្នាជាមួយអ្នករត់ការកណ្តាល (agent) ដើម្បីកុំឲ្យចុះឡើងៗ អត់ដឹងអ្នកណាទទួល តម្លៃប៉ុន្មានពិតប្រាកដ រយៈពេលប៉ុន្មាន បង់ទៅណា។ ពាណិជ្ជកម្ម ឬពន្ធដារ ឬកម្រៃជើងសារ។ ធ្វើឲ្យមានតម្លាភាពទៅ។ ខ្ញុំជឿថា ក្រុមហ៊ុន ឬមួយអ្នកវិនិយោគអត់ឈឺក្បាលទេ ឲ្យតែអ្នកហ្នឹងច្បាស់លាស់ថាអស់ប៉ុន្មាន ទៅណា កាតព្វកិច្ចអីខ្លះ។ កុំឲ្យមួយថ្ងៃបង់ម្តង១០០ ស្អែកឡើងទៅ១៥០ អត់ដឹងទៅណា។ ដល់អញ្ចឹងទៅវាបង្កើតភាពច្បាស់លាស់។ ការទស្សន៍ទាយបាននៃតម្លៃ ពេលវេលា និងនិតីវិធី។ ដូចនេះ គ្រប់ស្ថាប័ន គ្រប់កន្លែងដែលមានអន្តរស្ថាប័ន គួរធ្វើបែបនេះ។ ខ្ញុំឃើញថា នៅផែស្វយ័តក្រុងព្រះសីហនុបានធ្វើច្រើន ហើយកិច្ចការនេះត្រូវមានកំណែទម្រង់ជាប្រចាំ។
(២២) ផ្អែកលើការប្រែប្រួលនៃពិភពលោក និងការប្រែប្រួលពាណិជ្ជកម្ម វិស័យដឹកជញ្ជូនត្រូវវិវត្តន៍ជាប្រចាំ
ឥឡូវយើងកំពុងឲ្យសិក្សាក្នុងការកែទម្រង់ប្រព័ន្ធគយបន្ថែម និងកំពុងឲ្យសិក្សា(មុខងារ)មួយចំនួនទៀតដើម្បី(លើកកំពស់សមត្ថភាព)ប្រកួតប្រជែង។ យើងមិនអាចសប្បាយចិត្តត្រឹមតែខ្ញុំបានធ្វើថ្ងៃនេះប្រសើរជាងថ្ងៃមុនទេ។ ជាពិសេសក្នុងវិស័យដែលពាក់ព័ន្ធនឹងការប្រកួតប្រជែងខ្នាតអន្តរជាតិ យើងត្រូវគិតថា ខ្ញុំធ្វើថ្ងៃនេះប្រសើរជាងថ្ងៃមុន ហើយបង្កើនភាពប្រកួតប្រជែងជាមួយអ្នកផ្សេងទៀត។ ដូចនេះទើបធ្វើបាន(ជោគជ័យ)។ បើមិនអញ្ចឹង យើងអត់ដាក់ទិសដៅខ្ពស់ទេ … បើនៅជិតខាងគេ៨ យើងទាល់តែដាក់ទិសដៅពី ១មក ៦មក ៧ហើយរុញទៅមុខទៀត … នេះជាការប្រកួតប្រជែងដែលត្រូវធ្វើទាំងមនុស្ស ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងគ្រឿងបំពាក់ ទាំងនីតិវិធីក្នុងការដឹកនាំដោះស្រាយបញ្ហា ទាំងនីតិវិធីក្នុងការសហការ។ ទាំងអស់នេះហើយគឺជាមូលដ្ឋាន …។
បើទោះជាមានអគារល្អ ផែទំនើប គ្រឿងអេឡិចត្រូនិចស្វ័យប្រវត្តិ មានមនុស្សពូកែ តែនីតិវិធីនៅស្មុគស្មាញ ក៏វាអត់ទៅរួច។ បើនីតិវិធីខ្លះធ្វើឲ្យស្ថាប័នជល់គ្នាទៀត ឬហៅថា «មនុស្សច្រើនអន្សមខ្លោច» នោះ ក៏កាន់តែកើតជាបញ្ហា។ ផ្អែកទៅលើស្ថានភាពប្រែប្រួលនៃពិភពលោក ស្ថានភាពនៃការប្រែប្រួលពាណិជ្ជកម្ម វិស័យដឹកជញ្ជូន មិនត្រូវនៅនឹងថ្កល់ទេ។ ត្រូវវិវត្តជាប្រចាំ ហើយប្រើប្រាស់វិស័យឯកជនប្រទាក់ក្រឡាដៃគូជាមួយរដ្ឋ ក្នុងការធ្វើ(ការងារទាំងអស់នេះ)។ ថ្ងៃមុន ផែព្រះសីហនុ បានចាប់ដៃជាមួយ logistics របស់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលមានក្រុមហ៊ុនដៃគូពីក្រៅមក ដើម្បីធ្វើឲ្យប្រព័ន្ធ clear ទំនិញហ្នឹងកាន់តែមានប្រសិទ្ធភាព។ ឥឡូវ យើងដូចជាមាន pre-departure, pre-arrival declarations អី។ អញ្ចឹងជួយបង្កើនប្រសិទ្ធភាពក្នុងការស្ដារ ការគ្រប់គ្រង និងក្នុងការធ្វើអាជីវកម្ម ដើម្បីភាពជោគជ័យរបស់យើង។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៥. ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនេះ ឱ្យត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស និងប្រកបដោយគុណភាពខ្ពស់ និងបញ្ចៀសឱ្យបាននូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាននៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង។
មុននឹងបញ្ចប់, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងសហការី នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារ JICA ដែលបានជំរុញរំហូរហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេល ៣០ឆ្នំា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្រ, ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូន និងកំពង់ផែនៅកម្ពុជា ឆ្ពោះទៅសម្រេចនូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធី, ជាពិសេស ជូនដល់ឯកឧត្តមឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការី និងអ្នកជំនាញការជប៉ុនទាំងអស់ ដែលបានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា, សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ច, ព្រមទាំងបានប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។
[ផ្ដើមសេចក្ដីអធិប្បាយ៥]
(២៣) សិក្សាច្បាប់ដែលមានស្រាប់ ឱ្យក្មេងទំនើងជួយចាក់បេតុងគម្របលេណដ្ឋានបម្រើសមរភូមិមុខ
ភ្លេចចំណុចមួយ។ សូមបញ្ជាក់បន្តិច ពិសេសបងប្អូនតាមដានរឿងក្មេងទំនើង និងសមរភូមិមុខ (ក្នុងបណ្តាញសង្គម)។ ថ្ងៃមុន ខ្ញុំបាននិយាយរឿងឲ្យក្មេងទំនើងទៅធ្វើសកម្មភាពដែលបម្រើដល់សមរភូមិមុខ។ មិនដឹងថាគេស្តាប់យ៉ាងម៉េច(ទៅជាលឺផ្សេងទៅវិញ)។ ឲ្យតែឮឈ្មោះឯកឧត្តម កើត រិទ្ធ គឺ(គិតថា)ឲ្យបង្កើតច្បាប់ថ្មី។ ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្តម កើត រិទ្ធ, ឯកឧត្តម ស ថេត, ឯកឧត្តម វង្ស ពិសេន ពិនិត្យមើលច្បាប់ដែលមានជាធរមានថាតើច្បាប់អាចឲ្យយើង(យកមកប្រើបាន) … ព្រោះច្បាប់មានច្រើន ច្បាប់សិទ្ធិមនុស្ស ច្បាប់ពលកម្ម ច្បាប់អនីតិជន ពោលគឺច្បាប់ដែលមានស្រាប់។ យើងមិនចេះតែយកមនុស្សជាប់ឃុំទៅធ្វើអ្វីខុសច្បាប់ទេ។ ខ្ញុំឲ្យមើលច្បាប់ដែលមានជាធរមាន តើច្បាប់ណាអនុញ្ញាតឲ្យយើងយកអ្នកជាប់ឃុំមួយចំនួនទៅបម្រើការងារ/សកម្មភាពដែលបម្រើទៅដល់សមរភូមិមុខ។ សូមបញ្ជាក់ដល់អ្នកពូកែវិភាគ អ្នកចេះគ្រប់មុខថា “គ្មានគោលការណ៍ឲ្យធ្វើច្បាប់ថ្មី” ទេ។
ឲ្យសិក្សាច្បាប់ដែលមានស្រាប់។ ហ្នឹងទី១។ អ្នកវិភាគចេះគ្រប់មុខ តែស្តាប់ប៉ុណ្ណឹងមិនយល់ វាទៅជាឃើញប្រជាជនសាមញ្ញដែលចូល comment បង្ហាញថាគាត់យល់ច្បាស់ជាង។ ទី២ ខ្ញុំថាឲ្យយកទៅធ្វើសកម្មភាពបម្រើសមរភូមិមុខ មិនមែនបញ្ជូនទៅសមរភូមិមុខទេ … ខ្ញុំមិនយកក្មេងទំនើងទៅកាន់កាំភ្លើង នាំឲ្យខូចសណ្តាប់ធ្នាប់ទ័ពរបស់ជាតិនៅជួរមុខទេ … ទៅដល់គ្រប់គ្រងតែបងប្អូនហ្នឹងពិបាកទៅវិញនោះទេ។ ជាគោលគំនិត ទី១ ក្មេងទំនើងដែលប្រព្រឹត្តខុស ត្រូវអនុវត្តតាមច្បាប់ជាធរមាន។ អញ្ចឹងអ្នកណាត្រូវអប់រំ? អ្នកណាក្រោមអាយុយ៉ាងម៉េច? អ្នកណាត្រូវជាប់ឃុំ? អ្វីដែលឲ្យមើល គឺថាអ្នកដែលជាប់ឃុំនេះមិនមែនស៊ីដេកនោះដែរ តែមានសកម្មភាពបណ្តុះបណ្តាលរាល់ថ្ងៃ។ ឲ្យពិនិត្យមើលអ្នកទាំងអស់ហ្នឹង ក្រៅពីសកម្មភាពត្រឹមទៅធ្វើពលកម្មតិចតួច បោសសម្អាត ធ្វើរងបន្លែ (តើឲ្យទៅ)ចាក់បេតុងលេណដ្ឋាន ដើម្បីយើងដឹកទៅឲ្យទាហានជួរមុខ(បានទេ?) រឿងតែប៉ុណ្ណឹង។ អត់ត្រូវបង្កើតច្បាប់ថ្មី ត្រូវបញ្ជូនជនជាប់ចោទនេះឲ្យចេញក្រៅគុកទៅធ្វើទាហាននោះទេ …។
បើនៅខាងប្រទេសបារាំងជាដើម … ទ័ពពិសេសរបស់គេ មិនដឹងថាពិតឬមិនពិតទេ ឮនិយាយថា អ្នកដែលមានប្រវត្តិជាប់គុក អ្នកដែលមានប្រវត្តិឧក្រិដ្ឋកម្ម បើទៅបម្រើនៅទីនោះប៉ុន្មានឆ្នាំ គេអាចលុប(រយៈពេលអនុវត្តទោស)ហ្នឹងសងវិញ។ ឯករណីយើងនេះមិនមែនអញ្ចឹងទេ។ ទី១ ការចាប់ ការឃុំ ឬដាក់ទម្ងន់ទោស គឺផ្អែកទៅតាមច្បាប់ដែលមានជាធរមាន មិនមានការបង្កើតថ្មីទេ។ ទី២ យើងមើលនៅក្នុងច្បាប់ដែលមានស្រាប់ទាក់ទងការអនុវត្តទៅលើអ្នកទោស ព្រោះច្បាប់ក៏មានដែរ ការពារអ្នកឃុំ មិនឲ្យយកធ្វើទាសករនោះទេ។ ខ្ញុំឲ្យមើលច្បាប់ទាំងហ្នឹង … បើច្បាប់បើកហើយ យើងចាត់ចែងឲ្យនៅក្រោមប៉ូលីសដដែល អាចនៅតាមបណ្តាទីឃុំ(ឃាំង)ដែលគាត់មាន ឬមួយក៏រុញដាក់មួយដុំទៅកន្លែងឃុំ(ឃាំង)ណាមួយ ដូចជានៅខេត្តព្រះវិហារ ធ្វើសកម្មភាពហ្នឹង។ ធ្វើការងារចាក់បេតុងគម្របបេតុងជាគម្របលេណដ្ឋានបម្រើឲ្យសមរភូមិមុខ។ សង្ឃឹមថា ការបកស្រាយប៉ុណ្ណេះ អាចពន្យល់ដល់ “អ្នកវិភាគដែលចេះគ្រប់មុខ” ហើយមានទាំងសញ្ញាបត្រនៅក្រៅប្រទេសផង។
ម្សិលមិញ វិទ្យុ RFI ប្រកាសថា គណបក្សកម្លាំងជាតិ ស្នើសុំលោក ហ៊ុន ម៉ាណែត កុំឲ្យបញ្ជូនក្មេងទំនើងទៅធ្វើទាហានជួរមុខ។ ខ្ញុំបាននិយាយថ្ងៃមុន ខ្ញុំចាំហើយខ្ញុំមើលខ្លួនឯងទៀត។ ខ្ញុំមានបញ្ជាក់ថា មិនឲ្យទៅកាន់កាំភ្លើងបាញ់ទេ ព្រោះទាហានមានវិន័យ ការគ្រប់គ្រងច្បាស់លាស់ ប៉ុន្តែ ទៅបម្រើសេវាទាហាន។ អត់មានចាំបាច់បើកច្បាប់ថ្មីដែរ។ បើបញ្ជាក់ប៉ុណ្ណឹងហើយនៅតែមិនយល់ទៀត ជួយមិនបានទេ។ បើត្រូវការ យកទៅដាក់មួយដុំឲ្យស្គាល់។ បើកន្លែងហ្នឹងមានភ្នំទៀត ឲ្យគាត់លី(បេតុង) ជាការហាត់ប្រាណឡើងលើភ្នំ ឲ្យគេដឹងថាទាហានដែលមានអាយុប្រហែលៗ គ្នាលីបេតុងដើម្បីការពារជាតិ។ (តើគាត់)មានអារម្មណ៍យ៉ាងម៉េច? ពួកយើងមានសេរីភាពនៅខាងក្នុង ម៉ែឪខំរកលុយចិញ្ចឹមឲ្យទៅរៀន ហើយនៅដើរកាប់ចាក់គ្នាទៀត។ វាមិនត្រឹមតែបំផ្លាញខ្លួនឯង តែបំផ្លាញសណ្តាប់ធ្នាប់សង្គម ប៉ះពាល់ដល់អ្នកដទៃទៀត។ ហ្នឹងវាយ៉ាងម៉េច? ឲ្យយល់។
(២៤) ប្រទេសជាតិត្រូវការធនធានមនុស្ស ជាពិសេសយុវជនមានវិន័យ សមត្ថភាព និងឆន្ទៈពង្រឹងខ្លួន
នេះគឺជាការបញ្ជាក់បន្ថែម។ ជួនកាលពន្យល់តាមសារក៏ពិបាកយល់ ទាល់តែពន្យល់តាមម៉ៃក្រូហ្នឹងបានឆាប់ឮ ដើម្បីឲ្យដឹងអំពីគោលការណ៍របស់យើង។ ទោះជាយ៉ាងណាក៏ដោយ សង្គមជាតិមួយរីកចម្រើន ទាល់តែមនុស្សរឹងមាំ និងមានវិន័យ។ អញ្ចឹង ការរៀបចំច្បាប់កាតព្វកិច្ចក្ដី ការរៀបចំការងារគ្រប់កន្លែងទាំងអស់ បូកនឹងតាមស្ថាប័ន/ក្រសួង តាមឯកជន គ្រប់ទាំងអស់ ត្រូវមានវិន័យ។ កំពង់ផែនេះ បើសិនជាបុគ្គលិកគ្មានវិន័យ ខ្ញុំគិតថា ឯកឧត្ដម លូ គឹមឈន់ វេទនា ហើយគ្មានបានគុណភាពនៃផលិតផល ការងារទេ ហើយរបស់របរគ្មាននរណាមកធ្វើការជាមួយយើងទេ។ ទាល់តែមានវិន័យ ឆន្ទៈ ការទទួលខុសត្រូវ ទើបផែនេះរីកចម្រើន។ ប្រទេសជាតិក៏ដូចគ្នា ត្រូវការធនធានមនុស្ស ជាពិសេសយុវជនដែលមានវិន័យ មានសមត្ថភាព មានឆន្ទៈក្នុងការពង្រឹងខ្លួន ព្រោះពេលដែលម្នាក់ៗរីកចម្រើន គ្រួសារគាត់ក៏រីកចម្រើន ហើយសង្គមជាតិក៏នឹងរីកចម្រើនដែរ។
(២៥) “កម្ពុជាត្រូវជួយកម្ពុជា” កែក្មេងទំនើងពីជាបន្ទុក ទៅជាធនធានរបស់គ្រួសារនិងជាតិ
នេះជាទិសដៅរបស់យើង មិនថាការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធភស្ដុភារកម្ម ប្រព័ន្ធដឹកជញ្ជូន អប់រំ សុខាភិបាលនោះទេ គឺធ្វើដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ ឲ្យប្រជាជនមានជីវភាពរឹងមាំ ឲ្យយើងកាន់តែខ្លាំង។ ក្នុងបរិបទ(ណាក៏ដោយ) គ្មាននរណាជួយយើងជាជាងយើងជួយខ្លួនឯងនោះទេ។ យើងមានមិត្តដែលជួយយើង តែមិត្តក៏មានការងាររបស់មិត្តត្រូវជួយខ្លួនគេដែរ។ អ្វីដែលចាំបាច់ កម្ពុជាត្រូវជួយកម្ពុជា ប្រជាជនគ្រប់រូបត្រូវទៅជាធនធានរបស់ជាតិ មិនមែនជាបន្ទុករបស់ជាតិទេ។ ក្មេងទំនើងត្រូវអប់រំ អនុវត្តច្បាប់ ដើម្បីកែពីបន្ទុកទៅជាធនធានរបស់គ្រួសារ និងជាតិ។ មិនមែនអមនុស្សធម៌ទេ តែដើម្បីតម្រង់ទិសឲ្យអនាគតបានល្អ ដើម្បីជាតិទាំងមូល។ ថ្ងៃនេះ ក៏មានសម្រាប់កម្មករ/ការិនី និងបុគ្គលិកទាំងអស់នៅកំពង់ផែស្វយ័តព្រះសីហនុ ចំនួន ១៧៧១ នាក់ មានអាវយឺតមួយ ថវិកា ៥ម៉ឺនរៀល។ ជូនសាលាក្រុងព្រះសីហនុ ថវិកា ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធី ៥លានរៀល។ ក្រុមតន្រ្តីសម័យ ១០លានរៀលផងដែរ …៕
[ចប់សេចក្ដីអធិប្បាយ៥]




