សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កងទ័ពថៃបាននិងកំពុងកាន់កាប់ទឹកដីរបស់កម្ពុជា បន្ទាប់ពីការវាយប្រយុទ្ធគ្នាកាលពីឆ្នាំ២០២៥ បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ ហើយសម្តេចបានជំរុញឱ្យថៃអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្ដើមបន្តធ្វើការកិច្ចការព្រំដែនកម្ពុជា-ថៃឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គួរបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាពក្នុងសប្ដាហ៍នេះ។ សម្ដេចសង្ឃឹមថាក្រុមប្រឹក្សាសន្តិភាពអាចនឹងដើរតួនាទីមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមបណ្ដោយព្រំដែនដែលសម្ដេចចាត់ទុកថាមានភាពផុយស្រួយ បើទោះជាមានបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ក៏ពិតមែន។ ក្រុមប្រឹក្សាសន្តិភាពត្រូវបានបង្កើតឡើងក្នុងគោលដៅចម្បងដើម្បីតាមដានផែនការសន្តិភាពហ្កាហ្សា ប៉ុន្តែលោក ត្រាំ បាននិយាយថាក្រុមប្រឹក្សានេះនឹងដើរតួនាទីដោះស្រាយជម្លោះនៅជុំវិញពិភពលោក។
នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន Reuters សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសាទរផងដែរពីទំនាក់ទំនងល្អប្រសើរជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើយុទ្ធនាការបង្រ្កាបទីតាំងឆបោកតាមអនឡាញ។ ជុំវិញបញ្ហាព្រំដែន សម្ដេចធិបតីបានគូសបញ្ជាក់ប្រាប់ Reuters ថា«កងទ័ពថៃនៅតែបន្តកាន់កាប់យ៉ាងជ្រៅក្នុងទឹកដីកម្ពុជាជាច្រើនទីតាំង។ ការកាន់កាប់នេះគឺវាហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារដោយឯកតោភាគីទៅទៀត»។ សម្ដេចបានបន្តទៀតថាមិនតែប៉ុណ្ណោះ កងទ័ពថៃថែមទាំងបានដំឡើងទូរកុងតឺន័រនិងបន្លារលួសនៅក្នុងអ្វី ដែលថៃបានទទួលស្គាល់ជាយូរណាស់មកហើយថាជាទឹកដីរបស់កម្ពុជា ដោយរារាំងមិនឱ្យជនភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាននោះទេ។ នេះមិនមែនជាការចោទប្រកាន់ទេ តែវាគឺការពិតដែលកំពុងកើតឡើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចទទួលយកបានឡើយនូវការរំលោភបំពានលើអធិបតេយ្យឬបូរណភាពទឹកដីរបស់កម្ពុជាឡើយ។ ម្យ៉ាងវិញទៀត ដើម្បីផ្ទៀងផ្ទាត់ការពិត សម្ដេចធិបតីបានសង្កត់ធ្ងន់ថា «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ គឺត្រូវប្រើប្រាស់យន្ដការបច្ចេកទេសដែលយើងមាន ឈរលើមូលដ្ឋានសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់ដែលយើងមាន»។ ដូច្នេះសម្ដេចធិបតីសង្ឃឹមថា ថៃនឹងយល់ព្រម ហើយនឹងចាប់ផ្ដើមអនុញ្ញាតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រភពពី Fresh News





