ឯកឧត្តម ទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា សូមផ្ញើសារ​ជូន​ពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រី​ក្រសួងមុខងារសាធារណៈ ក្នុងឱកាសខួបកំណើត

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មុខងារសាធារណៈ ដែលប្រព្រឹត្តទៅថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៤, ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួល​បន្ទុកបេសកកម្មពិសេស និងជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសា​ធារ​ណមតិ និងមន្រ្តីរាជការទាំងអស់ សូមផ្ញើសារ​លិខិតគោរពជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ឱ្យរីកចម្រើនរុងរឿងតទៅ។

នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ក្នុងការដឹកនាំក្រសួងមុខងារសាធារណៈ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសចូលរួមបន្តថែរក្សានូវសុខសន្តិភាព ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ