បណ្ឌិត វ៉ាន់ ហា រូ (Van Ha Ryu) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍
គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិត
ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និង ការកសាងសន្តិភាព» នៅក្នុងទឹកដីនៃខេត្តឃ្យុងសាងប៊ុកដូ ដ៏ស្រស់ស្អាត និងសម្បូរទៅដោយគុណតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍ សម្រាប់ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស និងការរៀបចំកម្មវិធីដ៏អធិកអធមនេះ។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ សញ្ញាបត្រកិត្តិយសនេះ គឺជាការទទួលស្គាល់អំពីការលះបង់ បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់ខ្ញុំ ដើម្បីរំដោះជាតិ ពីក្រញាំនៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ទម្រាំប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយ នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។ នេះគឺជាសន្តិភាពពេញលេញ និងឯកភាពទឹកដី ដែលប្រជាជាតិខ្មែរ ពុំដែលបានស្គាល់ ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ។
សម្រាប់ប្រទេសកម្ពុជា សញ្ញាបត្រកិត្តិយសនេះ គឺជាការទទួលស្គាល់គុណតម្លៃនៃភាពជាអ្នកដឹកនាំ បញ្ញាញាណ ស្មារតីស្នេហាជាតិ ភាពទន់ភ្លន់ អត់ឱន និងភាពជាម្ចាស់របស់ជនជាតិខ្មែរ ទៅលើសុខសន្តិភាព និងជោគវាសនារបស់ប្រជាជាតិខ្លួន។ នេះគឺជាការទទួលស្គាល់ថា បទពិសោធប្រវត្តិសាស្ត្រ និងគុណតម្លៃដឹកនាំ កសាងសន្តិភាព កសាងជាតិរបស់កម្ពុជា អាចផ្តល់ជាប្រយោជន៍យ៉ាងសំខាន់ សម្រាប់ការបណ្តុះស្មារតីសន្តិភាព បង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ នៅលើមជ្ឈដ្ឋានអន្តរជាតិ។
នេះក៏ជាសក្ខីភាពយ៉ាងជាក់ច្បាស់ផងដែរថា អ្វីៗដែលរាជរដ្ឋាភិបាលបានខិតខំធ្វើកន្លងមក គឺជាការដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុត សម្រាប់សន្តិភាពជាតិ និងអន្តរជាតិ។
ខ្ញុំសូមឧទ្ទិសសមិទ្ធផលនេះជូនចំពោះបងប្អូនខ្មែរគ្រប់រូប ជាពិសេស កងកម្លាំងប្រដាប់អាវុធ ដែលបានពលីជីវិត ក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។ ទាញចេញពីសមិទ្ធផលទាំងនេះ ខ្ញុំសង្ឃឹមថា មេរៀនរបស់កម្ពុជា នឹងអាចជួយបណ្តុះ និងពង្រឹងស្មារតីស្រលាញ់សន្តិភាព សម្រាប់យុវជនជំនាន់ក្រោយ នៅជុំវិញពិភពលោក ជំរុញឱ្យពួកគេស្គាល់តម្លៃពិតនៃសន្តិភាព ស្គាល់ពីគ្រោះថ្នាក់នៃសង្គ្រាម ស្គាល់ពីការឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន និងបណ្តុះឆន្ទៈចូលរួមចំណែក នៅក្នុងការការពារសន្តិភាពដែលមានស្រាប់ បញ្ចប់សង្គ្រាមដែលកំពុងឆាបឆេះ ដើម្បីឱ្យមនុស្សជាតិយើង ស្គាល់ភាពសុខសាន្ត ការអភិវឌ្ឍ និងវិបុលភាព។ ក្នុងន័យនេះ ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សាកលវិទ្យាល័យ ដុងហ្គុក ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលយល់ដឹងពីគុណតម្លៃសន្តិភាព បន្ថែមលើចំណេះដឹងជំនាញ ដែលចាំបាច់សម្រាប់ប្រកបការងារវិជ្ជាជីវៈរបស់ពួកគេ។
សង្គ្រាមអាចឆេះបានយ៉ាងលឿន ហើយងាយ ប៉ុន្តែ ការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់។ ជាក់ស្តែង ចាប់តាំងពីប្រទេសកម្ពុជា ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ដោយសាររដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅឆ្នាំ ១៩៧០ កម្ពុជាត្រូវការពេលវេលាជិត ៣០ ឆ្នាំ ទម្រាំអាចកសាងបាននូវសន្តិភាពពិតប្រាកដ ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នៃ នយោបាយឈ្នះ-ឈ្នះ នៅចុងឆ្នាំ១៩៩៨។ ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកផងដែរថា ក្នុងចំណោមប្រទេសដែលទទួលបានអន្តរាគមន៍ពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចកម្ពុជា នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសជាច្រើនកំពុងតែនៅវិលវល់នៅក្នុងភ្លើងសង្គ្រាមនៅឡើយទេ។ នេះគឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមានភាពម្ចាស់ការខ្ពស់លើសុខសន្តិភាពរបស់ខ្លួន។ ខ្លួនខ្ញុំផ្ទាល់គឺជាអ្នកពុះពារស្វែងរកការជួបចរចាសន្តិភាពដំបូងក្នុងឆ្នាំ១៩៨៧ ជាមួយ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ដែលជាចំណុចចាប់ផ្តើមជំរុញឱ្យមានការចរចាជាមួយភាគីខ្មែរដទៃទៀត ទម្រាំសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ពេលខ្លះការចរចាមានភាពតានតឹង ហើយខ្ញុំត្រឡប់មកវិញដោយដៃទទេ ប៉ុន្តែ សន្តិភាពសម្រាប់ប្រជាជនខ្មែរទាំងមូល គឺជាកម្លាំងចិត្តរុញឱ្យខ្ញុំខិតខំចរចា ព្រោះខ្ញុំដឹងថា យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។ ទស្សនៈវិជ្ជានេះ ក៏ខ្ញុំយកមកប្រើដូចគ្នា នៅក្នុងការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ដើម្បីជំរុញការបង្រួបបង្រួមជាតិ និងការធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហម ទៅក្នុងកងយោធពលខេមរភូមិន្ទ។
ជាមួយនឹងបទពិសោធឆ្លងកាត់ និងកាន់ចង្កូតប្រទេសជាតិ នៅក្នុងរបត់នៃប្រវត្តិសាស្ត្ររាប់មិនអស់ ខ្ញុំអាចចែករំលែកគំនិតជាមូលដ្ឋានមួយថា ភាពជាអ្នកដឹកនាំ គឺការហ៊ានសម្រេចចិត្ត ក្នុងស្ថានភាពស្រពិចស្រពិល មានគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ទោះបីជាមិនមានការគាំទ្រ និងមធ្យោបាយពេញលេញយ៉ាងណាក្តី។ ប៉ុន្តែ ការសម្រេចចិត្តក៏ត្រូវមានត្រីវិស័យ និងគោលការណ៍កំណត់ច្បាស់លាស់ ហើយសម្រាប់ខ្ញុំគោលការណ៍ដែលសំខាន់បំផុតនោះ គឺផលប្រយោជន៍ជាតិ និងភាពសុខសាន្តរបស់ប្រជាជាតិខ្មែរទាំងមូល។ ការសម្រេចចិត្តរបស់ខ្ញុំ គឺតែងតែឈរលើគោលការណ៍បង្កើតសន្តិភាព និងការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងការអភិវឌ្ឍ មិនមែនដើម្បីបង្កើតសង្គ្រាម ការបែកបាក់ និងចលាចលសង្គមនោះទេ។ ដូច្នេះ នយោបាយដែលផ្តល់គុណតម្លៃដល់សន្តិភាព គឺជាចន្ទល់បង្អែក និងខែលការពារដ៏រឹងមាំបំផុត ដែលជួយការពារធម្មានុរូប និងសុចរិតភាពនៃភាពជាអ្នកដឹកនាំរបស់ខ្ញុំ ក៏ដូចជាសង្គមជាតិទាំងមូល នៅលើមាគ៌ាដ៏សែនលំបាកនៃការកសាង និងអភិវឌ្ឍជាតិ។
ក្នុងស្មារតីដូចគ្នានេះ ទស្សនវិស័យរបស់កម្ពុជា ចំពោះសន្តិភាពក្នុងតំបន់ និងពិភពលោក គឺស្ថិតនៅលើការខិតខំរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើវិធានច្បាប់ និងការជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្អែកលើគោលការណ៍ពហុភាគីនិយម បូករួមទាំងគោលការណ៍នៃការគោរព ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ការផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីធានាបាននូវសាមគ្គីភាពអន្តរជាតិ ភាពសុខដុម និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ។ ពិភពលោកយើងរស់នៅក្នុងស្ថានភាពដែលពឹងផ្អែកគ្នាទៅវិញទៅមក ដូច្នេះហើយសន្តិភាព និងសន្តិសុខរបស់ប្រទេសនីមួយៗ និងអាយុជីវិតរបស់ប្រជាជាតិនីមួយៗ គួរតែមានតម្លៃដូចគ្នា។ ខ្ញុំចង់គូសបញ្ជាក់ថា នេះគឺជាកាតព្វកិច្ចរបស់អ្នកដឹកនាំគ្រប់រូបនៅលើពិភពលោក នៅក្នុងការកសាងសន្តិភាព និងវិបុលភាព ប្រកបដោយបរិយាប័ន្ន សម្រាប់មនុស្សជាតិយើងទាំងមូល។ នៅពេលដែលយើងបានគិតគូរដល់គុណប្រយោជន៍ជារួមនៃសន្តិភាព ដោយគ្មានការរើសអើង ខ្ញុំជឿជាក់ថា យើងនឹងអាចស្វែងរកចំណុចរួម និងចំណុចចាប់ផ្តើម នៅក្នុងការចូលទៅកាន់តុចរចា ដើម្បីបង្រួមការខ្វែងគំនិតគ្នា បន្ធូរបន្ថយភាពតានតឹង និងការដោះស្រាយជម្លោះដោយសន្តិវិធី។
ដូចដែលខ្ញុំបានគូសបញ្ជាក់ខាងដើម សន្តិភាពគឺងាយនឹងបាត់បង់ ដូច្នេះ ទន្ទឹមគ្នានឹងការខិតខំកសាងសន្តិភាព យើងទាំងអស់គ្នា ក៏ចាំបាច់ត្រូវមានកាតព្វកិច្ច ការពារសន្តិភាពដែលមានស្រាប់ផងដែរ ដោយត្រូវដាក់ចិត្តដាក់កាយ រំលឹកនឹកដល់អ្នកជំនាន់មុនដែលបានឆ្លងកាត់សង្គ្រាមនិង រំលឹកខ្លួនឯងជានិច្ចជាកាល ប្រៀបធៀបជាមួយនឹងប្រជាជន និងប្រទេសនានា ដែលពុំទាន់បានស្គាល់អ្វីដែលហៅថា សន្តិភាពនោះ។
ជាចុងក្រោយ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ និងសូមបួងសួងឱ្យពិភពលោកទាំងមូល មានសន្តិភាព កាន់តែទូលំទូលាយ សម្រាប់កូនចៅជំនាន់ក្រោយរាប់ជំនាន់តទៅមុខ។
សូមអរគុណ!