សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និង វិបុលភាពក្នុងអាស៊ាន»

CNV:

បណ្ឌិត ឆាង ដេ វ៉ាន់ (CHANG Dae-whan), ប្រធានសាជីវកម្ម​សារព័ត៌មានមេហ្គីយ៉ុង​ (Maekyung) និងស្ថាបនិកនៃ​វេទិកា​ចំណេះដឹងពិភពលោក​,
ឯកឧត្តម, លោកជំទាវ, លោក លោកស្រី, និងភ្ញៀវកិត្តិយសទាំងអស់​ ជាទីមេត្រី!
ជាបឋម, ខ្ញុំសូមចូលរួមអបអរសាទរដល់ ​វេទិកា​ចំណេះដឹងពិភពលោក ក្នុងឱកាស​ខួបលើកទី ២៥ នៃការបង្កើតវេទិកាដ៏មាន​សារៈសំខាន់នេះ ក្រោម​ការដឹកនាំប្រកបដោយ​បញ្ញាញាណ​របស់​ស្ថាបនិក បណ្ឌិត ឆាង ដេ វ៉ាន់ ដែល​វេទិកានេះ តែងតែប្រមូលផ្តុំ​មេដឹកនាំនៃគំនិតនៅលើពិភពលោក ទាំង​ក្នុង​វិស័យរដ្ឋាភិបាល, ឯកជន, សិក្សាធិការ និងវិទ្យាសាស្ត្រ ដើម្បី​ពិភាក្សា​លើបញ្ហា​ដែល​កំពុងលេចឡើងថ្មី និងបញ្ហា​ប្រឈមនានា ដែល​ជះឥទ្ធិពល​ដល់​អភិបាលកិច្ច​សកល ក្នុងបរិបទនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។​ ថ្ងៃនេះ, ខ្ញុំ​មាន​ក្តីរីករាយ​នឹង​ចែករំលែកនៅក្នុងវេទិកាដ៏ឧត្តុង្គឧត្តម​នេះ លើ​ប្រធានបទស្តីពី «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ដែលខ្ញុំ​គិតថា មានសារៈ​សំខាន់ ខណៈពេល​ដែល​ពិភពលោក​យើង​កំពុង​ជួបប្រឈមនឹងនិន្នាការ​ ដែលជំរុញ​​ការបែកបាក់, ការបែងចែក, ការរើសអើង, ការមិន​ឱ្យ​តម្លៃទៅលើ​គោលការណ៍ពហុភាគីនិយម និងបញ្ហាប្រឈមជាច្រើន ដែលជះឥទ្ធិពលដល់​សន្តិភាព, សន្តិសុខ និងអាច​បង្ក​ជាឧបសគ្គ​ដល់​ការ​អភិវឌ្ឍប្រកបដោយចីរភាព​។​

បើយើងក្រឡេកមើលថយក្រោយ, នៅពេលដែលកម្ពុជា ត្រូវបាន​រំដោះ​ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩, កម្ពុជា​បានបន្តរងគ្រោះ​ ដោយសារតែយើង​ត្រូវបាន​គេដាក់ទណ្ឌកម្ម​ដ៏អយុត្តិធម៌, ​ផ្នែក​ការទូត និងសេដ្ឋកិច្ច, ក្នុងគោលបំណងឱ្យកម្ពុជា​ឯកា អស់រយៈពេល ១២ ឆ្នាំ។ ​​បទពិសោធដ៏សែនឈឺចាប់នេះ​ បានបង្រៀន​យើងថា កម្ពុជា​​មិន​អាច​នៅឯកា​បានឡើយ, ទាំងការទូតក្តី, ទាំងសេដ្ឋកិច្ចក្តី, ដោយសារថា ការ​ធ្វើសមាហរណកម្ម​ទៅក្នុងតំបន់ និងសកលលោក គឺជាមធ្យោបាយ​ជួយ​ការពា​រអធិបតេយ្យ, ឯករាជ្យ​ និងអាច​ផ្តល់នូវជម្រើស​កាន់តែច្រើន​ ទាក់ទងនឹង​ដៃគូសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម។ កម្ពុជាក៏បាន​សំឡឹងឃើញអាស៊ាន​ ជា​យន្តការ​ពហុភាគីនិយម​កម្រិតតំបន់ ដែល​ធ្វើការផ្អែកលើ​កុងសង់ស៊ីស, មិន​លូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេស​ផងគ្នា និងជាស្ថាប័នតំបន់ដែល​មាន​ដៃគូសហប្រតិបត្តិការច្រើន​ ដែលចំណុចទាំងនេះ គឺមានភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា​ ដែលចង់​ជំរុញ​ការការពារសន្តិភាព និងអធិបតេយ្យ​ជាតិផង និងចង់ស្វែងរក​ច្រក​ទ្វារ​​ទៅកាន់ពិភពលោកឱ្យ​កាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ​ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផង។

ឈរលើទស្សនៈបែបនេះ, ខ្លួនខ្ញុំ​ផ្ទាល់​បានដឹកនាំ​​កម្ពុជា ចូលជាសមាជិកអាស៊ាន ក្នុងឆ្នាំ​១៩៩៩ ហើយ ៣ ឆ្នាំបន្ទាប់នោះ កម្ពុជាបាន​ស្ម័គ្រចិត្តទទួល​ធ្វើ​ជាប្រធានប្តូរវេនអាស៊ាន ទោះបីជាយើងមានបញ្ហា​ប្រឈម​ច្រើន​ទាក់ទងនឹងធនធាន​ និងសមត្ថភាពស្ថាប័នយ៉ាងណាក្តី, ប៉ុន្តែ, យើង​បាន​បញ្ជាក់ប្រាប់​ពិភពលោក​អំពីការប្តេជ្ញាចិត្ត​ដ៏រឹងមាំរបស់កម្ពុជា​ នៅក្នុងការជំរុញ​ពហុភាគីនិយម និងការធ្វើសមាហរណកម្ម ក្នុងតំបន់ និងពិភពលោក។​ ក្រោមការដឹកនាំរបស់ខ្ញុំ​, កម្ពុជា​បាន​បំពេញតួនាទី​​ជា​ប្រធានប្តូរវេន​អាស៊ាន ៣ លើក​។ ក្នុងអំឡុងពេលនោះ, ស្ថាប័នតំបន់​របស់យើង ក៏ដូចជាប្រទេសសមាជិកនីមួយៗ ពិតជាបាន​ជួបប្រទះ​នូវបញ្ហា​ប្រឈមរាប់មិន​អស់​, ប៉ុន្តែ, យើង​នៅតែរក្សាបាន​នូវសាមគ្គីភាព, កិច្ចសហប្រតិបត្តិការ, និងភាពធន់នៃ​ស្ថាប័នតំបន់​ ដែល​អាច​ដឹកនាំ និងរៀបចំរបៀបវារៈ​តំបន់ និងសកល ដើម្បីសន្តិភាព និងវិបុលភាព។

សម្រាប់ស្ថានភាពបច្ចុប្បន្ន, ខ្ញុំ​ពិតជាមាន​ការ​បារម្ភ នៅពេល​ដែល​​ស្ថានភាពពិភពលោក ពីមួយថ្ងៃ ទៅមួយថ្ងៃ មិនបាន​ឈាន​ទៅរក​ភាពល្អប្រសើរនោះទេ, ទាំងលើទិដ្ឋភាពសន្តិភាព, សន្តិសុខ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​។ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសមហាអំណាច បានរីករាលដាល លើទិដ្ឋភាពជាច្រើននៃទំនាក់ទំនងអន្តរជាតិ។​ សូម្បីតែវិស័យមិនពាក់ព័ន្ធនឹងសន្តិសុខ ដូចជា ពាណិជ្ជកម្ម, វិនិយោគ, ហិរញ្ញវត្ថុ, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ក៏ត្រូវបានប្រែក្លាយទៅជាសមរភូមិដ៏ក្តៅគគុក ជាមួយនឹងការអូសទាញប្រទេស​នានា ឱ្យបង្កើតជាប្លុកដើម្បីប្រឆាំងគ្នាទៅវិញទៅមក និងបានបង្កការព្រួយបារម្ភដល់ប្រទេសជាច្រើន ដែលប្រកាន់ជំហរអព្យាក្រឹត, មិនចង់​ជ្រើសរើសភាគីណាមួយ នៅក្នុងល្បែងផលបូកស្មើសូន្យនេះ។

ជាមួយគ្នានេះ, ការផ្ទុះឡើងវិញនូវសង្គ្រាមនៅតាមតំបន់មួយចំនួន បានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព​ប្រជាជន។ ការអូសបន្លាយនៃសង្គ្រាមទាំងនេះ មិនត្រឹមតែបានបង្កសោកនាដកម្ម និងការបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់ជាច្រើនប៉ុណ្ណោះទេ, ប៉ុន្តែ ក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រទេសដទៃទៀត ដែលមិនពាក់ព័ន្ធផ្ទាល់ជាមួយនឹងសង្គ្រាមផងដែរ ដូចជា ការរាំងស្ទះដល់រំហូរពាណិជ្ជកម្ម, អតិផរណា, វិបត្តិសន្តិសុខស្បៀង និងសន្តិសុខថាមពល ជាដើម។

និន្នាការដ៏គួរឱ្យព្រួយបារម្ភមួយទៀតនោះ គឺការកើនឡើងនៃការប្រឆាំងនឹងសកលភាវូបនីយកម្ម និងពហុភាគីនិយម ជាមួយនឹងការងាកទៅរកការគាំពារនិយម និងឯកតោភាគីនិយម ដែលបានប៉ះពាល់យ៉ាងខ្លាំងទៅដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញសមាហរណកម្មតំបន់ និងអន្តរជាតិ។ ជាការពិតណាស់, នៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ, រំហូរពាណិជ្ជកម្ម និងវិនិយោគដោយសេរី និងបើកចំហ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតំបន់ដ៏ឆាប់រហ័ស ក្នុងនោះក៏មានកម្ពុជាផងដែរ ហើយបានលើកកម្ពស់ជីវភាពប្រជាជនរាប់លាននាក់ឱ្យចេញផុតពីភាពក្រីក្រ។

ម៉្យាងវិញទៀត, បញ្ហាសន្តិសុខមិនប្រពៃណីសំខាន់ៗមួយចំនួន ដូចជា ការប្រែប្រួលអាកាសធាតុ ការរីករាលដាលនៃជំងឺឆ្លង, គ្រោះមហន្តរាយធម្មជាតិ និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម បានបន្តគំរាមកំហែងដល់តំបន់ និងពិភពលោកទាំងមូល។ ជាការគួឱ្យសោកស្តាយ, នៅពេលដែលពិភពលោកត្រូវការឱ្យប្រទេសទាំងអស់ព្រួតដៃគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយវិបត្តិទាំងអស់នេះ, ការប្រកួតប្រជែង និងការខ្វែងគំនិតគ្នា បានបង្កការលំបាកនៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ សូម្បីតែសម្រាប់បញ្ហាដែលជាកង្វល់ និងប្រយោជន៍រួម។

ជាមួយនឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់ដូចខាងលើ, ពិតណាស់ថា, យើងពិតជាគ្មានថ្នាំទិព្វ ដើម្បីដោះស្រាយបញ្ហា​ដ៏សែនស្មុគ្រស្មាញ ដែលមាន​លក្ខណៈជារចនាសម្ព័ន្ធ ហើយ​បញ្ហាខ្លះបាន​អូសបន្លាយរាប់ទសវត្សរ៍ទៅហើយ, ប៉ុន្តែ, សម្រាប់ថ្ងៃនេះ, ខ្ញុំ​ចង់​ចែករំលែក​នូវ​មេរៀនមួយចំនួន ទាក់ទងនឹង​អ្វីដែល​អាស៊ាន បាននិងកំពុងធ្វើ នៅក្នុងបេសកកម្មរួមរបស់យើងនៅក្នុង​ការជំរុញ​ការ​ការពារ​សុខ​សន្តិភាព និងការ​ជំរុញវិបុលភាពសម្រាប់​តំបន់ ក្នុងកាលៈទេសៈដែល​យើងបាន​ជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់ នារយៈកាលជិត​ ៦ ទសវត្សរ៍កន្លងមក។

ខ្ញុំ​ចង់បែងចែកបទបង្ហាញរបស់ខ្ញុំ​ជា ២ ផ្នែក។

ផ្នែកទី១៖ គឺទាក់ទងនឹងសន្តិសហវិជ្ជមាន ដែល​ពាក់ព័ន្ធនឹងសំណួរថា តើ​អាស៊ាន​មាន​រូបមន្តអ្វី​ ដើម្បី​រក្សា និងជំរុញ​សន្តិសហវិជ្ជមាន?

ក្នុងរយៈពេលជិត ៦០ ឆ្នាំ នៃការបង្កើតអាស៊ាន, មានការព្យាករណ៍មិនតិចទេ ដែលថាអង្គការតំបន់មួយនេះនឹងមិនអាចទទួលជោគជ័យ ដោយសារភាពខុសគ្នាជាច្រើនរវាងប្រទេសសមាជិក ទាំងផ្នែកប្រព័ន្ធ​ដឹកនាំ​នយោបាយ, សេដ្ឋកិច្ច, ជាតិសាសន៍, វប្បធម៌ និងភាសា ជាដើម។ ប៉ុន្តែ, អាស៊ាន​​មិន​បានចុះអន់ថយនោះទេ គឺមាន​តែ​រឹងមាំឡើង ហើយ​ប្រទេសជាច្រើន​ ចង់បាន​អាស៊ាន​ធ្វើ​ជាដៃគូ, ចង់ប្រើប្រាស់​វេទិកាជាទៀងទាត់​ដែលដឹកនាំដោយ​អាស៊ាន ដោយ​ពួកគេទទួលស្គាល់​ភាព​ចាំបាច់ (relevance) នៃវេទិកាអាស៊ាន​, មជ្ឈភាពអាស៊ាន និងអំណាច​កោះប្រជុំ​ (convening power) របស់អាស៊ាន ដែល​អាច​មាន​ឥទ្ធិពលប្រមូល​ផ្តុំ​គ្រប់​តួអង្គសំខាន់ៗនៅក្នុង​​ពិភពលោក។​ ជាក់ស្តែង, មកទល់បច្ចុប្បន្ន, មានប្រទេស​ចំនួន​​ ៥៤ ប្រទេស​ ដែលបានក្លាយ​ជាភាគីនៃ​​សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) និងមាន​អង្គទូត និងស្ថានតំណាង​ប្រចាំអាស៊ាន ចំនួន ៩៥ ប្រទេស។

សន្តិសហវិជ្ជមាន, ទាំងផ្ទៃក្នុងអាស៊ានក្តី, ទាំងជាមួយ​តួអង្គខាងក្រៅក្តី, អាច​កើត​មានឡើង​បាន​ ដោយសារតែ​អាស៊ាន​តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សំខាន់ៗ ដែល​មាន​ចែង​នៅក្នុង​ធម្មនុញ្ញអាស៊ាន ដែល​គោលការណ៍ភាគច្រើន​សុទ្ធតែមាន​ចែង​នៅក្នុង​ធម្មនុញ្ញរបស់អង្គការ​សហប្រជាជាតិផងដែរ។

សម្រាប់ផ្ទៃក្នុងអាស៊ាន, យើង​អាចរក្សាសាមគ្គីភាពផ្ទៃក្នុង​បាន​ស្អិត​រមួត​​ ដោយ​សារ​តែ​គោលការណ៍សំខាន់ ២ គឺការសម្រេច​ដោយ​កុងសង់ស៊ីស និងការ​មិន​ជ្រៀត​ជ្រែកចូលកិច្ចការ​ផ្ទៃក្នុងផងគ្នា​។ កុងសង់ស៊ីសគឺដើម្បីធានាថា ប្រទេសសមាជិកទាំងអស់សុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬ ធំ, មាន ឬក្រ, ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញ ក្នុងការចូលរួមចំណែកកសាងសហគមន៍មួយ ដែលបម្រើប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង បានអនុញ្ញាតឱ្យប្រទេសសមាជិកនីមួយៗ ជ្រើសរើសមាគ៌ាដឹកនាំប្រទេស និងអភិវឌ្ឍសេដ្ឋកិច្ច ស្របទៅតាមទិដ្ឋភាព និងតម្រូវការជាក់ស្តែងនៃប្រទេសរបស់ខ្លួន ក្នុងគោលដៅរក្សាឱ្យបាននូវសន្តិភាព, សាមគ្គីភាព និងភាពសុខដុម។

ជាមួយតួអង្គខាងក្រៅ, គោលការណ៍សំខាន់របស់​អាស៊ាន គឺ​គោលការណ៍អព្យាក្រឹត, ការជំរុញការដោះស្រាយបញ្ហា​ដោយសន្តិវិធី, ការសន្ទនា និងការជំរុញ​កិច្ចសហប្រតិបត្តិការ ដោយ​ផ្តោតលើការកសាងមិត្តភាព និងភាពជាដៃគូជាមួយបណ្តាគ្រប់ភាគីទាំងអស់។ អាស៊ានមិនបានជ្រើសរើសភាគីណាមួយ ហើយចោលភាគីណាមួយនោះឡើយ, ប៉ុន្តែ, បានធ្វើជាមិត្តដែលអាចជឿជាក់ និងពឹងពាក់បានសម្រាប់ដៃគូទាំងអស់, ទាំងក្នុង និងក្រៅតំបន់។ ដោយសារគោលការណ៍នេះហើយ, ប្រទេសជាបន្តបន្ទាប់បានស្នើចូលជាភាគី​នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ (TAC) ចំណែកឯប្រទេសដែលជាដៃគូផ្លូវការ ក៏តែងតែ​បានស្នើសុំដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការ ឱ្យកាន់​តែមានភាព​គ្រប់ជ្រុងជ្រោយ និងមានខ្លឹមសារ​ជា​យុទ្ធសាស្ត្របន្ថែម​ទៀត។

អាស៊ានតែងតែផ្តល់សារសំខាន់បំផុតទៅដល់ការពង្រឹងមជ្ឈភាពរបស់ខ្លួន ហើយបានស្នើឱ្យដៃគូទាំងអស់គោរពគោលការណ៍នេះ, ទាំងពាក្យសម្តី និងការអនុវត្តជាក់ស្តែង, ដើម្បីធានាថាអាស៊ាននឹងនៅតែបន្តដើរតួនាទីស្នូល និងនាំមុខនៅក្នុងការលើកកម្ពស់ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ យន្តការដែលដឹកនាំដោយអាស៊ាន បានផ្តល់លទ្ធភាពឱ្យអង្គការតំបន់របស់យើងអាចកោះប្រជុំ ជាពិសេស កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំពីបណ្ដាប្រទេសដៃគូជាច្រើន រួមទាំងប្រទេសមហាអំណាចផងដែរ ដើម្បីផ្លាស់ប្តូរយោបល់គ្នា និងស្វែងរកដំណោះស្រាយ សម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលជាកង្វល់ និងប្រយោជន៍រួម។ លើសពីនេះ, យន្តការរបស់អាស៊ាន ក៏បានចូលរួមចំណែកយ៉ាងសន្ធឹកសន្ធាប់ ក្នុងការសម្របសម្រួលឱ្យមានការសន្ទនាប្រកបដោយការស្ថាបនា, ការកសាងទំនុកចិត្ត និងការជឿជាក់រវាងគ្នា និងការជំរុញកិច្ចសហប្រតិបត្តិការដែលនាំមកនូវប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលតាមរយៈនេះ អាស៊ាន​បាន​ចូលរួម​កាត់បន្ថយ​ភាព​តានតឹង,​ ភាពមិនទុកចិត្តគ្នា និងការខ្វែងគំនិតគ្នា រវាងតួអង្គសំខាន់ៗ ដែលអាចធ្វើឱ្យ​ប៉ះពាល់ដល់សន្តិភាព និងសន្តិសុខ​ជារួម។

សម្រាប់អាស៊ាន, សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្វីៗគ្រប់យ៉ាងទាំងអស់ ហើយប្រទេសសមាជិកបានធ្វើការយ៉ាងសស្រាក់សស្រាំរវាងគ្នាឯងផង និងជាមួយដៃគូផង ដើម្បីធានាថា អាស៊ាននៅតែបន្តជាតំបន់សន្តិភាព, ស្ថិរភាព និងសន្តិសុខ។ អាស៊ាន​តែងតែមាន​ភាព​បុរេសកម្ម​នៅក្នុងការជំរុញ​របៀបវារៈសន្តិភាព។ ជាក់ស្តែង, ការចរចាសន្តិភាពរបស់កម្ពុជាក៏​មាន​ការរួមចំណែក​យ៉ាងសំខាន់ពីប្រទេសសមាជិកអាស៊ាន ដូចជា ឥណ្ឌូនេស៊ី និងថៃ តាំងពីមុនពេលដែល​កម្ពុជាចូលជាសមាជិកអាស៊ានម្ល៉េះ។ ហើយ​ក្នុងពេលដែលមីយ៉ាន់ម៉ា មានបញ្ហាផ្ទៃក្នុង និងអសន្តិសុខ ដែលអាចប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងបង្កឱ្យមាន​វិបត្តិមនុស្សធម៌ឆ្លងដែន, អាស៊ានក៏មាន​យន្តការផ្ទាល់ខ្លួនដើម្បីជួយមីយ៉ាន់ម៉ា​ ទៅរក​ប្រក្រតីភាពឡើងវិញ ទន្ទឹមនឹង​ការ​គោរព​ភាពជាម្ចាស់​របស់មីយ៉ាន់ម៉ា ទៅលើនយោបាយផ្ទៃក្នុងរបស់ខ្លួន។ ប្រទេស​ដែលកំពុងខ្វែង​គំនិតគ្នាដោយ​តានតឹងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែអាចឆ្លៀតប្រើប្រាស់​វេទិការបស់​អាស៊ាន​ ដើម្បីបញ្ជាក់ជំហររបស់គេ និងជំរុញ​ការយល់ពីគ្នាទៅវិញទៅមក ដោយ​ផ្អែកលើ​ការសន្ទនា​។ អាស៊ាន​តែងតែគាំទ្រជានិច្ចនូវការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលបង្កើន​ការជឿទុកចិត្ត​គ្នា ប៉ុន្តែ, អាស៊ាន​មិន​គាំទ្រការឯកភាពគ្នា ដើម្បីតតាំងនឹង​ភាគីណាមួយឡើយ, ជាក់ស្តែង, អាស៊ាន​គឺមិន​មាន​បង្កើតជាសម្ព័ន្ធមិត្តយោធារវាងប្រទេសសមាជិក និងជាមួយមហាអំណាចណាមួយ ដើម្បីតតាំងជាមួយ​មហាអំណាចណាមួយ​​នោះដែរ​។ អាស៊ានក៏មាន​ការតាំងចិត្តខ្ពស់​នៅ​ក្នុងការរំសាយ និងមិនរីកសាយអាវុធមហា​ប្រល័យ ដូចដែលបានស្តែងចេញតាមរយៈសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ហើយដែលប្រទេសសមាជិកកំពុងធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីជំរុញឱ្យពួកគេយល់ព្រមចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា​នេះ ដោយមិនមានខបម្រុង។

ភាពសកម្ម​របស់អាស៊ាន នៅក្នុងការរក្សាសន្តិភាព និងស្ថិរភាព, និងឆន្ទៈដ៏​ស្មោះត្រង់​​របស់​អាស៊ាន​ នៅក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ​ដែលផ្អែក​លើ​គោលការណ៍​ច្បាប់អន្តរជាតិ, គោរពគោលការណ៍ពហុភាគីនិយម, រក្សា​អព្យាក្រឹតភាព, និងការជំរុញការសន្ទនា និងពិគ្រោះយោបល់ ដើម្បីដោះស្រាយ​បញ្ហាប្រឈមនានា និងការខ្វែងគំនិតគ្នា គឺ​សុទ្ធតែ​ជាមូលដ្ឋាន​គន្លឹះ​នៃទំនុកចិត្ត ដែល​ប្រទេសដៃគូ​មានទៅលើ​អាស៊ាន ហើយកត្តាទាំងនេះ ធ្វើឱ្យពួកគេចង់​ប្រើប្រាស់​វេទិកាអាស៊ាន ដើម្បីចូលរួមដោយ​ប្រសិទ្ធភាព នៅក្នុងការជំរុញ​ការ​ដោះស្រាយបញ្ហាសន្តិសុខ និងបញ្ហាប្រឈមតំបន់ និងសាកលនានា តាមយន្តការពហុភាគីដែលដឹកនាំដោយអាស៊ាន​។

ឥឡូវ, ខ្ញុំ​សូមចូលទៅ ផ្នែកទី ២៖ ស្តីពីការជំរុញវិបុលភាព។

នៅពេលអាស៊ាន​បង្កើតដំបូង, នៅឆ្នាំ១៩៦៧​, សមាជិកស្ទើរតែទាំងអស់​ គឺសុទ្ធតែជាប្រទេស​ដែល​ទើបទទួល​បាន​ឯករាជ្យពីអាណានិគម។ ពិតណាស់ថា, អាស៊ានពេលនោះពុំ​មែន​ជាអំណាចសេដ្ឋកិច្ចនោះទេ។ នៅពេលដែល​អាស៊ាន​បញ្ចូលសមាជិកបន្ថែម ដែលមាន​កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងវៀតណាម, ក៏មានទស្សនៈមួយចំនួន​ដែល​បង្ហាញពីទុទិដ្ឋិនិយម​ថា ការបញ្ចូលសមាជិកទាំងនេះ នឹងធ្វើ​ឱ្យ​​សេដ្ឋកិច្ច និងសមាហរណកម្មអាស៊ាន មាន​ភាពយឺតយ៉ាវ។ ប៉ុន្តែ ជាក់ស្តែង,​ សេដ្ឋកិច្ចរបស់អាស៊ានទាំងមូល,​ ពាណិជ្ជកម្មរវាង​អាស៊ាន ជាមួយដៃគូ​ និងវិនិយោគពី​ខាងក្រៅមកកាន់អាស៊ាន គឺពុំ​មាន​ថមថយ​នោះទេ, គឺមាន​តែរីកកើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ ទោះបីជាពេលខ្លះ ក្នុងបរិបទសកល បាន​​ជួបប្រទះនឹង​ការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។ ពីតំបន់ដែល​រត់តាម​ការអភិវឌ្ឍ ទៅជាតំបន់​ដែលចូលរួមជួយដឹកនាំ​កំណើន​សេដ្ឋកិច្ចតំបន់ និងសកល, អាស៊ាន​បាន​ក្លាយជាមហាអំណាច​សេដ្ឋកិច្ចទី ៥ នៅលើពិភពលោក ដែលមាន​ ផសស ជាង ៣ ទ្រីលានដុល្លារអាមេរិក, ​មានអំណាចចាយវាយធំជាមួយនឹងទីផ្សារ​ដែលមានប្រជាជន​លើសពី ៦៥០ លាននាក់, ជាទីប្រជុំ​នៃរោងចក្រ​កម្មន្តសាល, កម្លាំងផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រទាក់ក្រឡា, និងជាបណ្តុំ​នៃបណ្តាញ​ពាណិជ្ជកម្ម​ដ៏ធំទូលាយនៅទូទាំងពិភពលោក។

ដោយមើលឃើញថាពាណិជ្ជកម្ម និងការវិនិយោគគឺជាកត្តាគន្លឹះនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងការលើកកម្ពស់ជីវភាពប្រជាជនរាប់លាននាក់ឱ្យចេញចាកផុតពីភាពក្រីក្រ, អាស៊ានបានផ្តល់អាទិភាពខ្ពស់បំផុតទៅដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាពិសេសការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូជាច្រើន ដូចជា កូរ៉េ, ចិន, ជប៉ុន, អូស្រ្តាលី, នូវែលហ្សេ​ឡង់, ឥណ្ឌា, ហុងកុង និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។ ក្នុងនាមជាប្រទេសដែលទទួលផលចំណេញពីការធ្វើសមាហរណកម្មទាំងអស់នេះ, កម្ពុជាគាំទ្រជានិច្ចនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី, បើកចំហ, មាន​បរិយាប័ន្ន, យុត្តិធម៌ និងតម្លាភាព ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

ដើម្បីធានាដល់ការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់នេះ ឱ្យមានប្រសិទ្ធភាពបំផុត, អាស៊ានបានធ្វើការយ៉ាងសកម្មជាមួយដៃគូដើម្បីធ្វើសុខដុមនីយកម្មក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការវិនិយោគ, ពង្រីកទីផ្សារ និងកសាងសមត្ថភាពដល់ប្រទេសសមាជិក។ ក្រុមប្រឹក្សាធុរកិច្ចអាស៊ានក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់-ទំនងដ៏ល្អជាមួយក្រុមប្រឹក្សាធុរកិច្ចរបស់ប្រទេសដៃគូ តាមរយៈការរៀបចំឱ្យមានវេទិកាផ្លាស់ប្តូរយោបល់, ការផ្សព្វផ្សាយពីសក្តានុពលធុរកិច្ច, ការស្វែងរកកាលានុវត្តភាពរួម និងការកៀគរធនធានហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅក្នុងតំបន់។

សេដ្ឋកិច្ចតំបន់បានងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីរងផលប៉ះពាល់ការពី​ការ​រីករាល​​ដាលនៃជំងឺកូវីដ-១៩ ហើយបន្តរក្សាកំណើនមួយខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់មួយចំនួនទៀត។ យ៉ាងណាក្តី, អាស៊ានក៏បាន​និងកំពុង​គិតគូរស្វែងរកប្រភពកំណើនថ្មី ដូចជា សេដ្ឋកិច្ចឌីជីថល, អន្តរកាលបៃតង, ខ្សែច្រវា​ក់ផ្គត់ផ្គង់តំបន់កាន់តែប្រសើ​រ​, ការតភ្ជាប់, វិទ្យាសាស្ត្រ, បច្ចេក-វិទ្យា និងនវានុវត្តន៍, ដែលនឹងអនុញ្ញាតឱ្យតំបន់យើងបន្តសម្រេចបាន មិនត្រឹមតែកំណើនសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានភាពធន់ និងចីរភាពនៃកំណើនផងដែរ​។ អាទិភាពទាំងអស់ត្រូវបានរំលេចយ៉ាងច្បាស់នៅក្នុងការរៀបចំ​ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ​ ២០៤៥ ក៏ដូចជាផែនការយុទ្ធសាស្ត្រនៃសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ានផងដែរ។

អាស៊ានបាននិងកំពុងធ្វើដំណើរឆ្ពោះទៅរកអនាគតឌីជីថល ដោយបានដាក់ចេញនូវគំនិតផ្តួចផ្តើម និងផែនការយុទ្ធសាស្ត្រជាច្រើន ដើម្បីធានាថា តំបន់យើងនឹងអាចប្រើប្រាស់អស់សក្តានុពលដែលយើងមាន និងទាញយកប្រយោជន៍ជាអតិបរិមាចេញពីវិស័យនេះ។ ប្រទេសសមាជិកបានខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការចរចាលើ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល ដែលជាកិច្ចព្រមព្រៀងកម្រិតតំបន់ដំបូងគេបង្អស់នៅលើពិភពលោក ស្តីពី សេដ្ឋកិច្ចឌីជីថល ដែលគ្រោងនឹងដាក់ជូនថ្នាក់ដឹកនាំកំពូលអាស៊ានអនុម័តនៅឆ្នាំក្រោយ។ ប្រសិនបើកិច្ចព្រមព្រៀងមួយនេះត្រូវបានអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព, គេរំពឹងថា តម្លៃសេដ្ឋកិច្ចឌីជីថលតំបន់ នឹងកើនឡើង​ទ្វេដង ឈានដល់ ២ ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ២០៣០។

ដោយឡែក, របៀបវារៈតំបន់ស្តីពី អន្តរកាលបៃតងក៏មានការរីកចំរើនគួរឱ្យកត់សម្គាល់ផងដែរ ជាមួយនឹងការដាក់ចេញនូវគោលដៅ និងផែនការយុទ្ធសាស្ត្រផ្សេងៗ ដើម្បីទាញយកសក្តានុពលចេញពីវិស័យនេះផង និងដើម្បីដោះស្រាយផលប៉ះពាល់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់អនាគតរបស់មនុស្សជាតិទាំងមូលផង។ នៅក្នុង​របៀបវារៈនេះ, អាស៊ានបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើថាមពលកកើតឡើងវិញ, ស្អាត និងបញ្ចេញ​ការបូនទាប, ការផលិត និងការប្រើប្រាស់ថាមពល​ប្រកបដោយនិរន្តរភាព, ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនបៃតង, និងកសិកម្មប្រកបដោយនិរន្តរភាព ជាដើម។

នៅក្នុងចំណោមអាទិភាពទាំងនេះ, ប្រទេសសមាជិកអាស៊ាន ជាពិសេសកម្ពុជា បានបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញស្អាត និងកាបូនទាប នៅក្នុងតម្រូវការថាមពលរបស់ខ្លួន។ បច្ចុប្បន្ន, អាស៊ានបានផ្តោតសារសំខាន់យ៉ាងខ្លាំងទៅលើការបង្កើត បណ្តាញថាមពលអាស៊ានដែលវៃឆ្លាត មានភាពធន់ និងប្រកបដោយនិរន្តរភាព។ កម្ពុជាក៏​កំពុងពិភាក្សាជាមួយឡាវ, វៀតណាម, ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីតភ្ជាប់បណ្តាញថាមពល ពីឡាវ ទៅសិង្ហបុរី ដែលនេះក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅក្នុងតំបន់។

អាស៊ានគឺ​ជាមូលដ្ឋានផលិតកម្ម​ដ៏សំខាន់មួយ នៅ​ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោកហើយ​អាស៊ានបាននិង​បន្តពង្រឹងសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ជាពិសេស នៅក្នុង​ខ្សែច្រវាក់ផ្គត់ផ្គង់ ដែលពាក់ព័ន្ធនឹងឧស្សាហកម្មអនាគត ដូចជា សឺមីកុងឌុចទ័រ​, ថាមពលស្អាត និងរថយន្តអគ្គិសនី ជាដើម។ ដើម្បីគាំទ្រទៅដល់ចក្ខុវិស័យនេះ អាស៊ានក៏បានជំរុញការវិនិយោគលើការត-ភ្ជាប់ទាំងដីគោក, អាកាស, សមុទ្រ, ឌីជីថល និងរវាងមនុស្ស និងមនុស្ស តាមរយៈការអនុវត្តផែនការមេអាស៊ានស្តីពីការតភ្ជាប់ ២០២៥ ក៏ដូចជាក្របខ័ណ្ឌពាក់ព័ន្ធដទៃទៀត។

អាស៊ានបានប្រកាន់ខ្ជាប់នូវគោលការណ៍បរិយាប័ន្ន នៅក្នុងការកសាងសហគមន៍របស់ខ្លួន ដោយផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ជាមួយនឹងចក្ខុវិស័យមិនទុកកន្លែងណាមួយ ឬប្រជាជនណាម្នាក់ចោលនោះទេ។ ដូច្នេះ, បន្ថែមពីលើអាទិភាពក្នុងការកសាងវិបុលភាពនៅក្នុងតំបន់, អាស៊ានក៏បានខិតខំប្រឹងប្រែងក្នុងការបង្រួមគម្លាតនៅក្នុងប្រទេសសមាជិកនីមួយៗ និងរវាងប្រទេសសមាជិក រួមទាំងតាមរយៈការអនុវត្ត គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ជាដើម។ នៅក្នុងកិច្ចការនេះ, អាស៊ានបានធ្វើការយ៉ាងស្អិតរមួតជាមួយដៃគូ ហើយក៏ទទួលបានការគាំទ្រជាច្រើនពីដៃគូទាំងអស់នោះ ផងដែរ។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី,

ខ្ញុំសង្ឃឹមថា បទបង្ហាញខាងលើរបស់ខ្ញុំ​ នឹង​ចូលរួម​ចំណែកផ្តល់​​ជាពុទ្ធិសម្រាប់សាធារណជន​នៅលើវេទិកាអន្តរជាតិ​ ដើម្បីឱ្យ​ពួកគេបាន​ស្គាល់​ និងយល់កាន់តែច្បាស់ពីអាស៊ាន, និងពី​សមិទ្ធផល​ ក៏ដូចជា​យន្តការការងារ​របស់អាស៊ាន ដែលយកសន្តិភាព និងស្ថិរភាពតំបន់​ ធ្វើ​ជាមូលដ្ឋានស្នូល ដើម្បី​ជំរុញ​សមាហរណកម្ម និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់។

អនាគតរបស់ពិភពលោក គឺពឹងផ្អែកលើការតាំងចិត្តឥតងាករេរបស់យើងទាំងអស់គ្នា ក្នុងការរស់នៅជាមួយគ្នាដោយចុះសម្រុង, ដោយការគោរពគ្នាទៅវិញទៅមក, ដោយការយោគយល់គ្នាទៅវិញទៅមក និងដោយការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ នេះហើយជាមាគ៌ាពិតប្រាកដ ដើម្បីសម្រេចបាននូវសន្តិសហវិជ្ជមាន និងវិបុលភាពសម្រាប់ប្រជាជនយើងជាច្រើនជំនាន់ទៅមុខទៀត។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ វេទិកាចំណេះដឹងពិភពលោក ទទួលបានជោគជ័យជាផ្លែផ្កា និងសូមជូនពរ​ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី សូមទទួលបាននូវសិរីសួស្តី, ជ័យមង្គល, វិបុលសុខមហាប្រសើរ និងជោគជ័យ នៅក្នុងគ្រប់ភារកិច្ចរបស់ខ្លួន។

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ