អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងមន្រី្តរាជការ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ។

ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នេះគឺជាសក្ខីភាពនៃ ការសម្រេចបាននូវស្នាដៃថ្មីដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដើម្បីតភ្ជាប់ប្រវត្តិសាស្ត្រនៃការប្រើប្រាស់សក្តានុពាល ផ្លូវទឹកនៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង បន្ទាប់ពីបានបោះបង់ចោលនៅក្នុងអំឡុងសតវត្សរ៍ទី៥ ឬទី៦ នៃគ្រិស្តសករាជ ដោយសារប្រទេសជួបប្រទះនឹងបញ្ហាសង្គ្រាមឥតឈប់ឈរ។

ព្រែកជីកហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ពាន់លាន ដុល្លារអាមេរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ៕

០៥ សីហា ២០២៤ | ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ