សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វត្តមានរបស់សាកលវិទ្យាល័យ ដឺ ម៉ុងហ្វត នឹងក្លាយជាកត្តាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំនៅកម្ពុជា

ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ «សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia» នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យ ដឺ ម៉ុងហ្វត នឹងក្លាយជាកត្តាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើសដ៏ច្រើនសម្បូរបែបសម្រាប់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វត្តមាននៃសាកលវិទ្យាល័យនេះ គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំ ឧត្តមសិក្សា ដោយហេតុថាសាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌល ជាសកលមួយរបស់អង្គការសហប្រជាជាតិ ជាដៃគូសហការជាមួយមជ្ឈមណ្ឌលអប់រំនានារបស់អង្គការសហប្រជាជាតិ និងជាដៃគូផ្សេងទៀតដើម្បីឆ្លើយតបគោលដៅអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមសិក្សា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ ដឺ ម៉ុងហ្វត ក៏អាចជួយកម្ពុជាបំពេញលំហូរចេញនូវធនធានខួរក្បាល តាមរយៈការផ្តល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែងពោលគឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ