សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិត និងសិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា

CNV:

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !

ពិតជាមានការរីករាយដោយឃើញវឌ្ឍនភាពនៃបណ្ឌិត្យសភានគរបាល

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានវិលត្រឡប់មកទីនេះសាជាថ្មីម្តងទៀត បន្ទាប់ពីលើកទីមួយ មកចែកជូនសញ្ញាបត្រនៅឆ្នាំ ២០១២ លើកទីពីរ មកធ្វើបឋកថានៅឆ្នាំ ២០១៦ ហើយលើកទីបី មកចូលរួមចែកសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំពិតជាមានការរីករាយដោយឃើញវឌ្ឍនភាពនៃបណ្ឌិត្យសភានគរបាលរបស់យើង ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ តើសម្លេងខ្ញុំស្អកខ្លាំងទេ? (…) ចឹងបានពួក​អាចង្រៃអស់ហ្នឹងវាចេះតែថាខ្ញុំឈឺ។ ឥឡូវ មិនបាច់ចាំស្អីទេ គ្រាន់តែដេក (ដេកឱ្យច្រើនចុះគីឡូ) យប់មិញ​ចុះ ១ គីឡូ ប្រៀបធៀបនឹងបាយល្ងាចហើយនឹងព្រលឹមឡើង … ឱ្យតែដេកលក់ឱ្យស្រួល ប៉ុន្តែវាទៅជាស្អកកឯណេះទៅវិញ មិនដឹងថាម៉េច? ប៉ុន្តែអត់អីទេ បន្តិចទៀតរត់ហើយ។ អម្បាញ់មិញ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះរបាយការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាល អំពីវឌ្ឍភាពនៃការបណ្តុះបណ្តាលរបស់យើងនៅទីនេះ។

ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃបណ្ឌិត្យសភានគរបាលរបស់យើង ដែលបានខិតខំធ្វើឱ្យមានវឌ្ឍនភាព នៃកិច្ចការទាំងនេះ។ ខ្ញុំសូមកោតសរសើរចំពោះសម្តេច ក្រឡាហោម ស ខេង ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានរៀបចំឱ្យមានការបណ្តុះបណ្តាលនគរបាលរបស់យើង ចាប់តាំងពីឆ្នាំ ២០០២ រហូតមកដល់ពេលនេះ ដែលក្នុងនោះក៏បានរៀបចំឡើងឱ្យមានសាលានៅតាមភូមិភាគទាំង ៦ ផ្សេងទៀត ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្រ្តី នគរបាលរបស់យើង ក៏ដូចជានគរបាលដែលទើបជ្រើសរើសថ្មី។ ខ្ញុំពិតជាមានការរីករាយដោយសង្កេតឃើញថា នគរបាលរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ បានដើរទាន់សភាពការណ៍វិវត្តន៍នៃប្រទេសរបស់យើង ក៏ដូចជាការវិវត្តនៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

ពង្រឹងសមត្ថភាពមន្ត្រីនគរបាល និងមន្រ្តីគ្រប់ផ្នែក ជាដៃគូនៅក្នុងក្របខណ្ឌតំបន់ និងក្រៅតំបន់

មិនយូរប៉ុន្មានមុននេះគឺសម្តេច ក្រឡាហោម បានទស្សនកិច្ចនៅប្រទេសតួកគី ហើយដែលពេលនោះមានការចុះហត្ថលេខារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី ដែលនេះក៏អាចឆ្លុះបញ្ចាំងអំពីភាពជាដៃគូ ដែលយើងអាចធ្វើទៅរួចរវាងប្រទេសរបស់យើង ជាមួយនឹងប្រទេសក្នុងតំបន់ ហើយនឹងរាប់ទាំងប្រទេសនៅក្រៅតំបន់។ តួកគី មិនមែនជាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបទេ ក៏ប៉ុន្តែតួកគីស្ថិតនៅក្នុងជាប្រទេសនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង អូតង់ ឬណាតូ។ ក៏ប៉ុន្តែដោយមើលឃើញអំពីស្ថានភាពដែលអាចទៅរួច តួកគីមិនញញើតនៅក្នុងការចុះហត្ថលេខា រវាងកម្ពុជា និងតួកគីនោះទេ។ ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់តួកគីកាលពីឆ្នាំទៅ តម្រូវឱ្យមានការទស្សនកិច្ចតាមក្រោយ ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃគឺសម្តេច ក្រឡាហោម បានទៅទស្សនកិច្ចរួចហើយកាលពីប៉ុន្មានថ្ងៃមុន។ ទស្សនកិច្ចមួយទៀតគឺ ត្រូវធ្វើឡើងដោយរដ្ឋមន្រ្តីការពារជាតិសម្តេច ពិជ័យសេនា ទៀ បាញ់ គឺត្រូវធ្វើទស្សនកិច្ចជាថ្មីម្តងទៀតទៅកាន់តួកគី។ ពេលដែលខ្ញុំជួបគ្នាជាមួយនឹងប្រធានាធិបតីតួកគីចុងក្រោយនៅឯប្រទេសតាហ្សីគីស្ថាន ក៏គាត់រំលឹកអំពីចំណុច ដែលត្រូវធ្វើការបន្តរវាងយើងជាមួយនឹងតួកគី។ ក្នុងស្ថានភាពនេះ ខ្ញុំគ្រាន់តែលើកបង្ហាញអំពីការងើបឡើងរបស់យើង អំពីការពង្រឹងសមត្ថភាពនៃមន្ត្រីនគរបាល ក៏ដូចជាមន្រ្តីគ្រប់ផ្នែកទាំងអស់ ទើបយើងអាចក្លាយជាដៃគូនៅក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌប្រទេសដទៃទៀតនៅក្រៅតំបន់។

ពិនិត្យមើលថា តើមានជំនាញអ្វីទៀតដែលត្រូវបញ្ចូលនៅក្នុងកម្មវិធីសិក្សានៃសាលានគរបាល

យើងបានដើរមកដល់ទីនេះមិនមែនជារឿងសាមញ្ញនោះទេ។ វាជារឿងដ៏លំបាកលំបិនមួយ ក៏ប៉ុន្តែការលំបាកលំបិននោះវាមិនមែនទៅហួសពីសមត្ថភាព នៃការខិតខំប្រឹងប្រែងរបស់យើងនោះដែរ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែយើងបានកសាងនូវក្បាលម៉ាស៊ីនមួយ ដែលចាប់ផ្តើមពីស្ថានភាពចេញដំណើរពីបាតដៃទទេ។ ខ្ញុំនៅចាំបានថា ប្រវត្តិនៃក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឱ្យខ្ញុំចែករំលែកនៅទីនេះ ហើយដែលខ្ញុំមិនយកបញ្ហានេះ យកមកពិនិត្យឡើងវិញនោះទេ តែមុននឹងធ្វើការចែករំលែកអំពីអ្វីដែលជាដំណើរវិវត្តន៍នៃស្ថាប័ន​មហាផ្ទៃ ក៏ដូចជាស្ថាប័នរបស់ជាតិរបស់យើងដែលបានបង្កើតឡើងក្រោយថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ នោះ គឺខ្ញុំចង់បញ្ជាក់ទៅកាន់អ្នកទទួលខុសត្រូវទៅលើបញ្ហាជំនាញទាំងឡាយ ដែលត្រូវយកមកហ្វឹកហាត់នៅទីនេះ។ អម្បាញ់មិញគឺ នាយឧត្តមសេនីយ៍ សេង ផល្លី ក៏បានបញ្ជាក់អំពីជំនាញសណ្តាប់ធ្នាប់សាធារណៈ ជំនាញសន្តិសុខ ជំនាញនគរបាលព្រំដែន ជំនាញអន្តោប្រវេសន៍ ជំនាញអត្តសញ្ញាណកម្ម ជំនាញដឹកនាំ និងគ្រប់​គ្រងបញ្ជា ជំនាញគ្រប់គ្រងពន្ធនាគារ ជំនាញព័ត៌មានវិទ្យាភាសាបរទេស។ យើងត្រូវពិនិត្យមើលថា តើមានជំនាញអ្វីទៀតដែលចាំបាច់ ត្រូវយកមកបញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់សាលានគរបាលរបស់យើង?

តាមឱ្យទាន់ និងគ្រប់គ្រង ការប្រឈមពីសន្តិសុខប្រពៃណី និងមិនប្រពៃណី

យើងត្រូវឃើញថាសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណីបានលេចឡើងយ៉ាងខ្លាំងក្នុងរយៈពេលកន្លងទៅ ហើយស្ថានការនេះធ្វើឱ្យយើងត្រូវដើរឱ្យទាន់សភាពការណ៍ ដើម្បីគ្រប់គ្រងសភាពការណ៍នោះ។ ខ្ញុំលើកឡើង ឧទាហរណ៍៖ ទាក់ទិននឹងបញ្ហាភេរវកម្ម ដែលរឿងនេះវាជារឿងដែលបានកើតឡើង ដែលគំរាមគំហែងពិភពលោក។ ពិតមែនតែរយៈពេលចុងក្រោយនេះមានការអន់ថយចុះបន្តិច ក៏ប៉ុន្តែមិនទាន់ប្រាកដទេថា គឺភេរវកម្មនេះនឹងមានការផុតរលត់ទៅ។ គ្រាន់តែពីម្សិលសោះ ប្រហែលជាមិនមែនជាភេរវកម្មទេ តែជាការបាញ់ប្រ​ហារជាទម្លាប់នៅសហរដ្ឋអាមេរិក នៅរដ្ឋតិចសាស ស្លាប់ដូចជា ២០ នាក់ និងរបួស ២៧ នាក់ នៅរដ្ឋអូហៃអូ គឺក្នុងតែប៉ុន្មានម៉ោងគឺមានការបាញ់ប្រហារ។ ឯក្រៅពីនោះមានការវាយប្រហារភេរវកម្ម វាយប្រហារសងសឹកគ្នាទៅវិញទៅមក គេចាត់ទុកថា ម្ខាងសាសនាមួយវាយប្រហារនៅឯណូវែលសេឡង់នោះ ម្ខាងទៀតមកវាយប្រហារសងសឹកនៅស្រីលង្ការ។ អញ្ចឹងបញ្ហាទាំងអស់នេះ សុទ្ធតែបញ្ហាដាក់ឱ្យយើងនូវបញ្ហាប្រឈមទាក់ទងនឹងការងារចារកម្ម និងការងារប្រឆាំងភេរវកម្ម ដែលចំណុចទាំងអស់នេះ ក៏ជាចំណុចដែលអស់លោកបានធ្វើហើយ ប៉ុន្តែ តើយើងបញ្ចេញមកសិក្សាប៉ុន្មាន សម្រាប់ជំនាញបែបនេះ? នោះគឺត្រូវគិតគូរពិចារណាឱ្យបានដិតដល់ តើអ្វីទៀតដែលអាចត្រូវទទួលបាននូវការសិក្សា?

ចងក្រងមេរៀនពីគ្រប់ប្រភព​ សម្រាប់កម្លាំងប្រដាប់អាវុធ និយាយជារួម

ដោយសារកម្ពុជាមានទំនាក់ទំនងជាមួយប្រទេសច្រើន នៅក្នុងក្របខណ្ឌនគរបាលជាតិ នៅក្នុងក្របខណ្ឌមហាផ្ទៃ និងនៅក្នុងក្របខណ្ឌប្រដាប់អាវុធ ជាទូទៅ យើងអាចយកវាមកចងក្រងធ្វើជាទ្រឹស្តីដោយឡែក សម្រាប់កម្ពុជាធ្វើការរៀនសូត្រ។ បើនិយាយពីកម្ពុជាមួយម៉ាត់ កម្ពុជាក្នុងអតីតកាលរបស់ខ្លួន កម្ពុជារៀនពីប្រទេសច្រើនណាស់ បើនិយាយពីយោធាវិញ គឺរៀនពីប្រទេសច្រើនមែនទែន។ អញ្ចឹងបើរៀនពីប្រទេសច្រើន យើងគួរតែយកមករៀបចំជាមេរៀនរបស់យើងមួយ ដើម្បីឱ្យយើងបញ្ចេញទៅ គេហៅថា ផ្គុំគ្រប់គ្រូទាំងអស់ មកក្លាយទៅជាមេរៀនសម្រាប់យើង សម្រាប់ទាហានរបស់យើង សម្រាប់កម្លាំងប្រដាប់អាវុធរបស់យើងនិយាយជារួម។ ខ្ញុំសូមកោតសរសើរចំពោះការខិតខំនេះ។ ខ្ញុំសូមស្នើឱ្យមន្រ្តីដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ យកចំណេះវិជ្ជាទាំងឡាយដែលមាននេះ ទៅអនុវត្តឱ្យបានជាក់ស្ដែង ដើម្បីបម្រើសន្ដិសុខជាតិរបស់យើង​។

គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាស្នូលនៃសកម្មភាពបន្តសម្រាប់សន្ដិសុខផ្ទៃក្នុង

កុំភ្លេចថា ក្នុងក្របខណ្ឌនៃការឈានឡើងរបស់ខ្លួន រដ្ឋាភិបាលរបស់យើងតាំងពីសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា រហូតមកដល់រាជរដ្ឋាភិបាល តែងចាត់ទុកថា សន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ គេមិនអាចមានការអភិវឌ្ឍមួយ ដោយគ្មានស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គមនោះទេ។ ដូច្នេះ តាមរយៈសេនាធិការនៃរាជរដ្ឋាភិបាល គឺសម្ដេចក្រឡាហោម បានដាក់ចេញ ដោយមានការគាំទ្ររួមពីសំ​ណាក់រាជរដ្ឋាភិបាលនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព នោះហើយជាគោលដៅដែលយើងត្រូវឆ្ពោះទៅកាន់ទីនោះ។ ចំណុចនេះ នៅតែជាចំណុចស្នូលនៃសកម្មភាពបន្តសម្រាប់សន្ដិសុខផ្ទៃក្នុងរបស់យើង។

ផ្ដល់អគារស្នាក់នៅចំនួន ៥ ជាន់

ថ្ងៃនេះ ដោយសារមុនៗមកទីនេះ តែងតែផ្គត់ផ្គង់ រាប់ទាំងអគារសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នេះ ខ្ញុំក៏បានចូលរួមកសាងអគារនេះ។ អម្បាញ់មិញ ឯកឧត្តម នាយកឧត្តមសេនីយ៍ សេង ផល្លី លើកឡើងអំពីការ​ខ្វះអគារស្នាក់នៅរបស់អ្នកសិក្សា អគារស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌបែបសិប្បនិមិត្ត សំភារៈហ្វឹកហ្វឺន​។ ឥឡូវខ្ញុំចង់សួរផ្ទាល់ថា តើការខ្វះអគារសិក្សា និងអគារស៊ើបអង្កេតនេះ តម្លៃរបស់វាប្រហែលប៉ុន្មានទៅ? ឥឡូវខ្ញុំប្រកាសជួយកសាងអគារ ៥ ជាន់ហ្នឹង។ អគារមួយទៀត ចាំគិតគ្នាក្រោយ។ ចាប់ផ្ដើមរៀបចំទៅ ដើម្បីឆាប់បានដំណើរការ ព្រោះយើងត្រូវមានកន្លែងហ្វឹកហាត់មួយដ៏ល្អ។ ក្រសួងការពារជាតិ មានសាកលវិទ្យាល័យការពារជាតិ ដែលមានអគារស្នាក់នៅគ្រប់គ្រាន់ហើយ ប៉ុន្តែនៅកន្លែងនេះ គឺខ្ញុំមកលើកទី ១ ខ្ញុំធ្វើអគារហ្នឹងឱ្យ ឥឡូវខ្ញុំធ្វើអគារ ៥ ជាន់ឱ្យមួយទៀត ដើម្បីឱ្យការស្នាក់នៅបានរៀបរយ ព្រោះក្រែងទៅមកៗ វាពិបាករឿងសាំងរឿងអី ហើយសិក្ខាកាមខ្លះមកពីបណ្ដាខេត្តទេ ដែលមករៀននៅទីនេះ។ អញ្ចឹងទេ សូមដំណើរការរៀបចំជាមួយគ្នា ដើម្បីបន្ត ហើយពង្រឹងសមត្ថភាពនៃការបណ្ដុះបណ្ដាលនៅក្នុងសាលានេះ ដោយរាប់ទាំងវិជ្ជាដែលមានស្រាប់ និងវិជ្ជាដែលត្រូវចងក្រងមកដាក់បញ្ចូលបន្ថែម។ នៅក្នុងនេះ អាចមានកង្វះខាត ឬក៏ចំណុចថ្មីៗ ដែលយើងអាចយកមកសិក្សានៅក្នុងសាលារបស់យើងនេះ។

មហាផ្ទៃ និងនគរបាល ជាប្រតិបត្តិកររក្សាសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម

ខ្ញុំនៅតែរំលឹកថា សន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម នៅតែជាគោលដៅចម្បង ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរបស់យើង។ អញ្ចឹងក្រសួងមហាផ្ទៃនិយាយជារួម និងនគរបាលនិយាយដោយឡែក គឺជាប្រតិបត្តិករដ៏សំខាន់នៅក្នុងកិច្ចការងារនេះ។ បើនិយាយពីកំណែទម្រង់ យើងមានការកែទម្រង់ច្រើនណាស់ ក៏ប៉ុន្តែក្រសួងមហាផ្ទៃបានដើរតួនាទី ២ សំខាន់ គឺកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់កម្លាំងប្រដាប់អាវុធ។ មិនមែនក្ដោបទាំងអស់នោះទេ ក៏ប៉ុន្តែរដ្ឋបាលសាធារណៈ ក៏មានទៅតាមរយៈរដ្ឋបាលដែនដី និងទាក់ទិនជាមួយនឹងកម្លាំងប្រដាប់អាវុធ ស្ថិតនៅមួយផ្នែកនៃកម្លាំងប្រដាប់អាវុធរបស់ជាតិរបស់យើង នៅក្នុងការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ។ ក៏ដូចជាកំណែទម្រង់របស់យើងត្រូវដើរទៅមុខ។ កិច្ចការរបស់មហាផ្ទៃ គឺកាន់តែធំ កាន់តែច្រើន សម្បូរបែប។ រដ្ឋមន្រ្តីស្ទើរតែរកពេលសម្រាកមិនបាននោះទេ ការជួញដូរគ្រឿងញៀនក៏នៅហ្នឹង ការជួញដូរស្រ្តី អនិតិជន ផ្លូវភេទអីក៏នៅហ្នឹងទាំងអស់។ អញ្ចឹងទេ មានកិច្ចការងារច្រើនណាស់ ដែលត្រូវធ្វើនៅទីនេះ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស តម្រូវឱ្យមានក្រសួងសន្ដិសុខ

ក៏ប៉ុន្តែខ្ញុំចង់វិលមក ដើម្បីនិយាយបន្ដិច នៅក្នុងសារបានទាក់ទិនជាមួយនឹងការរៀបចំនៃក្រសួងមហាផ្ទៃ។ បើពីអតីតកាល ខ្ញុំមិនរំលឹកទេ ដែលមានហៅថា សាលាតម្រួត មានស្អីៗនោះ ប៉ុន្តែនៅក្នុងដំណាក់កាលមួយទៅដំណាក់កាលមួយ មានការរៀបចំខុសៗគ្នា ហើយប្រទេសយើង និងប្រទេសដទៃ ក៏មានការរៀបចំខុសៗគ្នាដែរ។ នៅក្នុងដំណាក់កាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា យើងរៀបចំឱ្យមានក្រសួងមហាផ្ទៃ ក៏ប៉ុន្តែក្រសួងមហាផ្ទៃរបស់យើងពេលនោះ គឺធ្វើកិច្ចការងារនគរបាលទេ មិនបានធ្វើកិច្ចការងារទាក់​ទងជាមួយនឹងការគ្រប់គ្រងរដ្ឋបាលដែនដីនោះឡើយ។ នេះជាចំណុចដែលត្រូវមើលឃើញអំពីការរៀបចំរបស់យើងពេលនោះ។ ពេលនោះ រដ្ឋបាលដែនដី បើនិយាយពីចៅហ្វាយខេត្ត អនុខេត្តស្អីៗ មិនមែនក្រសួងមហាផ្ទៃជាអ្នកលើកសំណើតែងតាំងទេ គឺគណៈចាត់តាំងមជ្ឈិមនោះទេ ដែលដើរតួទៅលើកិច្ចការងារនេះ។ ក្រោយមកនៅក្នុងឆ្នាំ ១៩៩២ ដែលយើងបំបែកក្រសួងសន្ដិសុខ និងក្រសួងមហាផ្ទៃ។ យើងបានដឹងហើយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស តម្រូវឱ្យអ៊ុនតាក់ត្រួតពិនិត្យទៅលើស្ថាប័ន ៥ គឺមហាផ្ទៃ ការពារជាតិ ព័ត៌មាន យុត្តិធម៌ និងហិរញ្ញវត្ថុ។ អញ្ចឹងទេ ពេលនោះ ក៏ត្រូវរៀបចំឱ្យមានក្រសួងសន្ដិសុខមួយទៀត ដែលបែងចែក ឯកឧត្តម ស៊ិន សុង បន្តដឹកនាំក្រសួងសន្ដិសុខវិញ ហើយយកសម្ដេចក្រឡាហោម ពីប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្ដាល ទៅធ្វើជារដ្ឋមន្រ្តីមហាផ្ទៃនៅពេលនោះ។

ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន បានបញ្ចូលក្រសួងសន្តិសុខ និងក្រសួងមហាផ្ទៃឡើងវិញ

ចំណុចនេះ ខ្ញុំមិនចាំបាច់បកស្រាយទេ ប៉ុន្តែពេលបោះឆ្នោតរួចហើយនោះ ខ្ញុំនៅចាំបានថា ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៩៣ ខ្ញុំបានជួបពិភាក្សាជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីរៀបចំរដ្ឋាភិបាលបណ្ដោះ​អាសន្ន យើងបានរំលាយរដ្ឋបាលនៅនឹងកន្លែង គឺរដ្ឋកម្ពុជា មុនការកំណត់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នេះហើយជាការបើកផ្លូវ ដើម្បីឈានឆ្ពោះទៅរកការបង្រួបបង្រួម និងទៅរកការតាក់តែងរដ្ឋធម្មនុញ្ញមួយ។ ពេលនោះ ប្រសិនបើយើងមិនធ្វើដូច្នេះទេ វានឹងកើតមានបញ្ហាច្រើនណាស់ ព្រោះកុំភ្លេចថា អ៊ុនតាក់ បោះឆ្នោតនៅក្នុងតំបន់ ដែលភាគីនីមួយៗកាន់កាប់លើកលែងតែខ្មែរក្រហមប៉ុណ្ណោះ។ បើយោងទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺតម្រូវឱ្យមានការបោះឆ្នោត ហើយធ្វើសភាធម្មនុញ្ញ សភាធម្មនុញ្ញអនុម័តរដ្ឋធម្មនុញ្ញរួចហើយ សភាក្លាយទៅជាសភាជាតិ ទើបចាប់ផ្ដើមបង្កើតរដ្ឋាភិបាលថ្មី។ ប៉ុន្តែដើម្បីបង្កើតការជឿទុកចិត្តគ្នា យើងបានពិភាក្សាគ្នានាំដល់ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ដែលមាននាយករដ្ឋមន្ត្រីពីរ ពេលនោះក្រសួងសន្តិសុខ និងក្រសួងមហាផ្ទៃ ត្រូវបញ្ចូលគ្នាឡើងវិញ ហើយដែលពេលនោះ ខ្ញុំជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានក្លាយទៅជាសហនាយករដ្ឋមន្ត្រីផង សហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង និងសហរដ្ឋមន្ត្រីក្រសួងការពារជាតិផង នេះជាប្រវត្តិរបស់វាយ៉ាងដូច្នេះ។

ការមិនបំបែកនគរបាលជាតិ ចេញពីការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ជាការត្រឹមត្រូវ

ក្រោយមកគឺក្នុងអាណត្តិទី ១ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងទីស្ដីការគណៈរដ្ឋមន្ត្រីមានសហរដ្ឋមន្ត្រី ពេលបោះឆ្នោតឆ្នាំ ១៩៩៨ បន្ទាប់ពីបោះឆ្នោតគណបក្សប្រជាជនឈ្នះហើយ មានមនុស្សមួយចំនួនក៏បានទៅ​ស្នើឱ្យខ្ញុំ ដើម្បីរៀបចំក្រសួងសន្តិសុខជាតិ ឬក្រសួងនគរបាលជាតិ បំបែកចេញពីក្រសួងមហាផ្ទៃ ដោយមើលឃើញថាមានការលំបាក ព្រោះនៅបន្តឱ្យមានក្រសួងមហាផ្ទៃមានសហរដ្ឋមន្ត្រី ក្រសួងការពារជាតិមានសហរដ្ឋមន្ត្រី។ ប៉ុន្តែខ្ញុំមិនព្រម។ ការលើកគំនិតទាក់ទងជាមួយការបំបែកក្រសួងមហាផ្ទៃទៅផ្សេង និងយកនគរបាលទៅជាក្រសួងមួយផ្សេង ត្រូវបានលើកឡើងក្នុងចន្លោះឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០០៦ បន្ទាប់ពីកែរដ្ឋធម្មនុញ្ញហើយទើបផុតរលត់។ ខ្ញុំយល់ថា ខ្ញុំបានគិតត្រូវទៅលើការរៀបចំស្ថាប័នមួយនេះ ដោយមិនព្រមបំបែកនគរបាលជាតិឱ្យចេញពីការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។ បើធ្វើក្រសួងមហាផ្ទៃត្រឹមតែនិ​យាយជាមួយនិងខេត្ត គ្មានឧបករណ៍នៅក្នុងដៃ តើការពារសន្តិ្តសុខផ្ទៃក្នុងបែបណាទៅ។ បើប្រគល់ឱ្យក្រសួងសន្តិសុខជាតិមួយទៀត វាកាន់តែច្របូកច្របល់។ នៅប្រទេសវៀតណាម អត់មានក្រសួងមហាផ្ទៃទេ គឺមានក្រសួងនគរបាល។ នៅថៃក្រសួងមហាផ្ទៃអត់មានគ្រប់គ្រងនគរបាលទេ គឺគេដាក់នគរបាលក្រោមការគ្រប់​គ្រងរបស់នាយករដ្ឋមន្ត្រីតែម្ដង។ នៅចិន មានក្រសួងសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃអត់មាន នៅឡាវមានតែក្រសួងនគរបាល។ ប៉ុន្តែក្រសួងមហាផ្ទៃប្រទេសខ្លះ គេឱ្យគ្រប់គ្រងលើនគរបាល ដូចជាតួកគីក្រសួងមហា​ផ្ទៃគ្រប់គ្រងនគរបាល។ ខ្ញុំមិនដឹងថាប្រទេសណាខ្លះ ដែលក្រសួងមហាផ្ទៃនៅដាច់ដោយឡែក ហើយនគរ​បាលរៀបចំដោយឡែក ឬដាក់ក្រោមការបញ្ជារបស់នាយករដ្ឋមន្ត្រី។ ចំណុចនេះគឺជាចំដែលខ្ញុំគិតថាមានជំហរម៉ឺងម៉ាត់ទៅលើការរៀបចំឱ្យមានតួអង្គឯកភាពមួយ ក្នុងការដឹកនាំប្រតិបត្តិការរក្សាសន្តិសុខផ្ទៃក្នុងប្រទេស រាប់ទាំងកំណែទម្រង់រដ្ឋបាល ជាពិសេស រដ្ឋបាលថា្នក់ក្រោមជាតិ ដែលមកដល់ពេលនេះបន្តធ្វើមិនឈប់ទេ យើងមិនទាន់ដើរដល់គោលដៅដែលយើងត្រូវសម្រេចនោះទេ។

ការវិវត្តជាដំណាក់កាលនៃការរៀបចំស្ថាប័ន

ខ្ញុំសុខចិត្តបង្កើត នៅក្នុងអាណត្តិទី ១ មានរដ្ឋលេខាធិការដ្ឋានរហូតដល់បួន។ រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋលេខាធិការដ្ឋានកិច្ចការនារី អាណត្តិទីមួយនៅជារដ្ឋលេខា​ធិការដ្ឋានទេ គេអញ្ជើញលោកជំទាវ គាត សាគុណ ស្រាប់តែចេញមកប្រុស។ គណបក្សប្រជាធិបតេយ្យសេរីនិ​យមព្រះពុទ្ធសាសនា គឺលើកទឹកចិត្តឱ្យមានស្ត្រី ក៏ប៉ុន្តែមិនអាចមានស្ត្រីណាមួយ ទៅធ្វើជារដ្ឋលេខាធិការនៃរដ្ឋលេខាធិការកិច្ចការនារីបានផង ហើយយើងមានរដ្ឋរលេខាធិការទំនាក់ជាមួយសភា។

អាណត្តិទី ២ ពេលដែលគណបក្សប្រជាជនឈ្នះ ខ្ញុំបានលើកឱ្យរដ្ឋលេខាធិការកិច្ចការនារីទៅជាក្រសួងកិច្ចការនារី រដ្ឋលេខាធិការទំនាក់ទំនងសភា ឱ្យក្លាយទៅជាក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការរកិច្ច ដោយសារតែពេលហ្នឹងយើងចាប់ផ្ដើមបង្កើតព្រឹទ្ធសភាហើយ។ ប៉ុន្តែក្រសួង ២ ដែលខ្ញុំបង្កើតនោះគឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងធនធានទឹក និងឧតុនិយម។ ពេលនោះបើសិនជាយើងមិនរៀបចំក្រសួងនេះ ប្រហែលជាស្មុគស្មាញខ្លាំងណាស់ អំពីការគ្រប់ដែនដី ការអភិវឌ្ឍទាក់ទិនជាមួយដីធ្លី សំណង់ ដែលពីដើមយើងមានអគ្គនាយកដ្ឋានសំណង់។ ក្រោយមកនៅ ១៩៩៣ យើងបញ្ជូនអគ្គនាយកដ្ឋានសំណង់ឱ្យទៅនៅក្រោមក្រសួងសាធារណការឯណោះ។ ដូច្នេះ ដល់ពេលវេលាដែលត្រូវរៀបចំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ឯក្រសួងធនធានទឹក និងឧតុនិយម កាលពីមុន មានបងប្អូន កាលពីឆ្នាំ១៩៨៧-៨៨ បានបបួលខ្ញុំបង្កើតក្រសួងធារាសាស្ត្រ ព្រោះឃើញថាប្រទេសវៀតណាមគេដើរលឿនណាស់។ ប៉ុន្តែខ្ញុំមិនព្រម តែខ្ញុំមកយល់ព្រមនៅឆ្នាំ ១៩៩៨ ដោយសារឃើញស្ថានភាពយឺតយ៉ាវនៃការដោះស្រាយទឹក ហើយជាពិសេសការដាស់តឿននោះ គឺនៅពេលវេលាមួយ ដែលកម្ពុជាប្រឈមជាមួយគ្រោះរាំងស្ងួតនៅក្នុងឆ្នាំ ១៩៩៤ ដែលខ្ញុំចុះអន្តរាគមន៍នៅតាកែវ តំបន់ពត់សរ អញ្ចឹងយើងក៏បង្កើតក្រសួង ២ នេះឡើង។

អាណត្តិទី ៣ យើងបង្កើតក្រសួងមួយទៀត គឺក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបំបែកចេញពីក្រ​សួងសង្គមកិច្ច។ កាលពីពេលមុនមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អញ្ចឹងបានយើងបំបែកទៅជាក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីគ្រប់គ្រង បើមិនអញ្ចឹងទេ ទំហំធំណាស់អំពីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯចុងក្រោយនៅឆ្នាំ ២០១៣ ខ្ញុំក៏រំលាយចោលក្បាលម៉ាស៊ីនកំណែទម្រង់ ដោយនៅក្នុងនោះកំណែទម្រង់រដ្ឋ ដោយនៅក្នុងនោះមានក្បាលម៉ាស៊ីនដែលទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់រដ្ឋបាលស៊ីវិល ដោយលុបចោលនូវក្បាលម៉ាស៊ីនកំណែទម្រង់រដ្ឋ និងក្បាលម៉ាស៊ីនតូចៗដែលកំណែទម្រង់តាមផ្នែកនេះ ហើយលើករដ្ឋលេខា​ធិការដ្ឋានមុខងារសាធារណៈ ឱ្យទៅជាក្រសួងមុខងារសាធារណៈ។ នេះជាចំណុចការវិវត្តនៃផ្លូវដើររបស់យើង ក្នុងការរៀបចំស្ថាប័ន។

កុំប្តូរក្បាលម៉ាស៊ីនក្រសួងមហាផ្ទៃ

ខ្ញុំគិតថាប៉ុណ្ណេះវាល្មមសមរម្យ ប៉ុន្តែរឿងមួយដែលខ្ញុំគួរតែផ្តាំ មិនថាថ្ងៃនេះ ថ្ងៃស្អែក ឆ្នាំនេះ ឆ្នាំក្រោយ អ្នកដែលបន្តវេននៅពេលក្រោយ គួររក្សាទុកនូវក្បាលម៉ាស៊ីនក្រសួងមហាផ្ទៃ ឱ្យនគរបាលនៅក្នុងមហាផ្ទៃ។ បទពិសោធន៍ជោគជ័យរបស់យើង បើសិនជាហ៊ានផ្តាច់ ខ្ញុំគិតថារញ៉េរញ៉ៃ។ គឺទុក។ កុំរៀបចំមហាផ្ទៃមួយ និងរៀបចំនគរបាលមួយដោយឡែក។ សុំទុកបែបនេះ។ ហ្នឹងជាវិធីដ៏ល្អបំផុត យោងទៅលើបទពិសោធន៍ ដែលយើងធ្លាប់មានក្នុងការគ្រប់គ្រងរដ្ឋក្នុងរយៈពេលកន្លងទៅ។ បើមិនដូច្នោះទេ វាក្លាយទៅជាបញ្ហា។ យើងមិនទាន់បានអនុវត្តពេញលេញនៅឡើយទេ មិនថាតែក្រសួងមហាផ្ទៃទេ ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ។ ខ្ញុំចង់និយាយនៅទីនេះបន្តិចអំពីការរៀបចំរចនាសម្ព័ន្ធ និងភារកិច្ចរបស់អាវុធហត្ថ។

អាវុធហត្ថមានមុខងារ ៣

ពិតហើយអាវុធហត្ថជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ និងស្ថិតនៅក្រោមអាណាបាក់ ខាងថវិកាពីក្រសួងការពារជាតិ ក៏ប៉ុន្តែមុខងាររបស់អាវុធហត្ថ មាន ៣ យ៉ាង ទី ១ គឺតម្រួតយោធា ដែលទាក់ទងជាមួយនឹងការការពារសណ្តាប់ធ្នាប់ អនុវត្តវិន័យពិនិត្យទៅលើកងទ័ព។ សូម្បីតែយាមបន្ទាយទាហាននេះ តួនាទីរបស់អាវុធហត្ថទេ មិនមែនទាហានយាមខ្លួនឯងទេ។ អាហ្នឹងត្រូវក្រោមបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិ អាវុធហត្ថគឺក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី ប៉ុន្តែបំបែកចេញទៅមានរដ្ឋមន្ត្រី ៣ ដែលត្រូវបញ្ជាអាវុធហត្ថ។ អញ្ចឹងមុខងារទី ១ គឺមុខងារតម្រួតយោធា មុខងារទី ២ គឺសន្តិសុខសាធារណៈ ដោយមានតម្រូវការអំពីជំនួយទាក់ទិនជាមួយនឹងសន្តិសុខសាធារណៈ ត្រូវស្ថិតនៅក្រោមការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកន្លងទៅ យើងអត់ទាន់បានអនុវត្តអាហ្នឹងឱ្យបានជាក់លាក់ទេ ឯទី ៣ ដើរតួនាទីជានគរបាលយុត្តិធម៌ ត្រូវស្ថិតនៅក្រោមការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ អាហ្នឹងគឺជាចំណុចដែលយើងគ្រប់គ្រង គ្រាន់តែថាយើងមានកិច្ចសហការគ្នាហើយ ក៏ប៉ុន្តែនៅពេលដែលមានប្រតិបត្តិការទាក់ទងទៅនឹងវិស័យណាមួយនៅក្នុងវិស័យ​ទាំង ៣ គឺមានរដ្ឋមន្ត្រី ៣ ដែលជួយបញ្ជាទៅលើប្រតិបត្តិការនោះ។

ការរៀបចំក្បាលម៉ាស៊ីនក្រសួងមហាផ្ទៃសមរម្យហើយ

សម្លេងខ្ញុំច្បាស់ហើយនៅ? អញ្ចឹងមកមិញច្រៀងខារ៉ាអូខេតាមឡានមកវាល្អបាត់ហើយ។ ច្រៀងឱ្យរូដាស់បំពងកតាំងពីហ្នឹងមកអត់អីទេ ប៉ុន្តែយើងមកដល់និយាយទ្រង់ខ្សោយៗម៉េច ប៉ុន្តែមួយភ្លែតទេ វារាងរូដាស់។ នេះគឺជាកិច្ចការ ដែលខ្ញុំគ្រាន់តែបញ្ជាក់ទៅលើទាក់ទិនជាមួយនឹងតួនាទី ក៏ដូចជាដំណើរជាបន្តបន្ទាប់នៃក្បាលម៉ាស៊ីនរដ្ឋទាំងមូល ក៏ដូចជាការរៀបចំរបស់ក្រសួងមហាផ្ទៃ។ ពិតហើយ ដោយសារភារកិច្ចធំពេករបស់នគរបាល យើងបានបំបែកចេញទៅជាអគ្គនាយកដ្ឋាន ៣ ផ្សេងទៀត គឺមានអគ្គនាយកដ្ឋាន ភ័ស្ដុភា និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ខ្ញុំគិតថាប៉ុណ្ណឹងវាល្មមក្នុងការរៀបចំនៃក្បាលម៉ាស៊ីនរបស់យើងនៅក្នុងក្រសួងមហាផ្ទៃ ប៉ុន្តែកុំភ្លេចថា ការងារដែលទាក់ទងជាមួយនឹងអគ្គនាយកដ្ឋានរដ្ឋបាលនោះ វាកាន់តែលំបាក កាន់តែស្មុគស្មាញ កាន់តែធំទៀត ដែលវាមិនមែនជាអ្នកត្រូវត្រួតត្រាទៅលើបញ្ហាសន្តិសុខទេ ក៏ប៉ុន្តែការរៀបចំដំណើរការទាក់ទិនរឿងច្រើនណាស់ ដូចជាការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល ការងារគ្រប់គ្រងទាក់ទងជាមួយនឹងគណបក្សនយោបាយ ការងាររៀបចំទាក់ទងជាមួយការបោះឆ្នោត ការងាររៀបចំទាក់ទងជាមួយនឹងដំណើរការរដ្ឋបាលថ្នាក់ក្រោមជាតិ មានរឿងច្រើនណាស់ដែលត្រូវធ្វើ។ អញ្ចឹងអាចថាការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនគ្រាន់តែតម្រូវធ្វើនៅទីនេះទេ បណ្តុះបណ្តាលធនធានមនុស្សខាងផ្នែករដ្ឋបាលសាធារណៈ (សម្តេចសួររឿងសាលា)នេះធ្វើនៅសាលាភូមិន្ទរដ្ឋបាលវិញ​។

ដូច្នេះយើងត្រូវមានការហ្វឹកហាត់ កន្លងទៅមានតែសាលាភូមិន្ទរដ្ឋបាលទេ ប៉ុន្តែបានប៉ុន្មាន ព្រោះមិនមែនជំនាញតែម្ខាងប៉ុណ្ណឹងទេ នៅមានជំនាញច្រើនណាស់ ហើយសាលានេះទៀតសោត ប្រសិនបើអាចធ្វើទៅរួច ក៏សុំអញ្ជើញសាស្ត្រាចារ្យលោកប្រធានសាលា អញ្ជើញសាស្ត្រាចារ្យមកពីក្រសួងនានាមកឧទ្ទេសនាម។ អាហ្នឹងយើងធ្វើប្រហាក់ប្រហែលសាលាភូមិន្ទរដ្ឋបាល។ សូម្បីតែក្រុមប្រឹក្សាធម្មនុញ្ញក៏អាចអញ្ជើញគាត់មកឧទ្ទេសនាម តាមផ្នែកផ្សេងៗ ដើម្បីឱ្យយល់ដឹងអំពីដំណើរការប្រព្រឹត្តិទៅក្បាលម៉ាស៊ីនរបស់រដ្ឋ ហ្នឹងយល់ល្អដើម្បីបង្កើនសមត្ថភាព។ គ្មានធនធានមនុស្សមិនអាចធ្វើអីបានទេ ត្រូវចាំកន្លែងនេះ ដូច្នេះចាប់ផ្តើមពីដើមទីដំបូង បញ្ហាធំជាងគេរបស់យើងគឺមួយគត់ គ្មានធនធានមនុស្សគឺមិនអាចធ្វើអ្វីបានទេ។

ថ្ងៃនេះ ខ្ញុំមិនចង់និយាយច្រើនទេ ហើយខ្ញុំក៏អត់ចង់តបឆ្លើយអីដែរ ដោយសារវាជាថ្ងៃកំណើតរបស់ខ្ញុំពិតប្រាកដ បើខ្ញុំចង់មានសារនយោបាយអីផ្សេងៗ ក៏ខ្ញុំលើកទៅពេលផ្សេងដែរ ព្រោះសូម្បីតែប៉ុន្មានថ្ងៃនេះ មានអា ១ នោះ វាថាបាត់សម្តេចក្រឡាហោមទៅណា រួចសម្តេចក្រឡាហាមទៅជិតក្បាលវា តួកគី និងប៉ារីស មានអីឆ្ងាយពីគ្នា តែវាអត់ដឹង។ ខំនិយាយថាបាត់សម្តេចក្រឡាហោម វាទៅឆ្កុយចឹងទៅ។ គេទៅទស្សនកិច្ចផ្លូវការក្នុងប្រទេសមួយប៉ុណ្ណាប៉ុណ្ណី ហើយតួកគីមិនមែនតូចតាចទេ សេដ្ឋកិច្ចទំហំធំទី ១៧ ដែលជាប្រទេសមួយ ប៉ុន្តែមិនស្ថិតនៅក្នុងក្របខណ្ឌជាប្រទេសនៃសហគមន៍អឺរ៉ុបទេ។ អរគុណឯកឧត្តម សេង ផល្លី ដែលបានជូនពរខ្ញុំ ហើយជូនពរមិញគឺត្រូវ ជូនពរប៉ុន្មានទៀតគឺខុសឆ្នាំដដែល ខុសតែថ្ងៃ។

ថ្ងៃកំណើតពិតប្រាកដ គឺនៅក្នុងខែ សីហា ១៩៥២

តាមពិត ខ្ញុំនិយាយពីប្រវត្តិហេតុអីបានជា(មានឆ្នាំកំណើតពីរ)ទៅអញ្ចឹង? រឿងវាអញ្ចេះ សំបុត្របញ្ជីជាតិរបស់យើងក៏បាត់ ស្អីៗបាត់ទាំងអស់ អត់យកទៅតាមខ្លួន។ អញ្ចឹង ដល់ពេលគេធ្វើប្រវត្តិរូប ខ្ញុំក៏យកថ្ងៃ ៤ ខែ មេសា ឆ្នាំ ១៩៥២ ដាក់។ ១៩៥២ គឺជាថ្ងៃដែលខ្ញុំចូលព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចឪពីទីក្រុងប៉េកាំង នៅចាំទេ? ១៨ មីនា ថ្ងៃរដ្ឋប្រហារ ២៣ មីនា ព្រះករុណាបិតាអំពាវនាវឱ្យយុវជនចូលព្រៃម៉ាគីតស៊ូ។ ថ្ងៃ ៤ មេសា ខ្ញុំចាប់ផ្ដើមចូលព្រៃម៉ាគីហ្នឹងតែម្ដង។ អញ្ចឹងខ្ញុំក៏យកថ្ងៃ ៤ ខែ ៤ វាស្រួលចាំ ធ្វើជាថ្ងៃកំណើត ប៉ុន្តែ ដាក់ឆ្នាំ ១៩៥២។ ចុះឆ្នាំ ១៩៥១ ចេញមកពីថ្ងៃណា? អាហ្នឹងគឺនៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ១៩៧៩ គឺថ្ងៃបង្កើតរដ្ឋាភិបាលដំបូង ហៅថា ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលពេលនោះតម្រូវឱ្យមនុស្ស ៤ នាក់ ត្រូវប្រកាសប្រវត្តិរូប គឺប្រធានក្រុមប្រឹក្សា​​​ប្រជាជន ដើរតួជាប្រមុខរដ្ឋផង ជានាយករដ្ឋមន្រ្តីផង រដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីមហាផ្ទៃ ធ្វើការប្រកាសប្រវត្តិរូប។ ប្រវត្តិរូបខ្ញុំសរសេរដៃ រួចហើយយកទៅឱ្យគេវាយអង្គុលីលេខ។ កាលនោះគ្មានកុំព្យូទ័រឯណា ជំនាន់អង្គុលីលេខ ហើយខ្វះទៅទៀត។ ដល់គេវាយរួចហើយ គេយកទៅផ្សាយទៅ។

ត្រូវចាំថា ថ្ងៃ ២ ខែ ធ្នូ ឆ្នាំ ១៩៧៨ រណសិរ្សចេញមុខ បូកជាមួយនឹងវិទ្យុរណសិរ្សក៏ចេញមុខ សារព័ត៌មាន SPK របស់យើងក៏ចេញមុខនៅពេលនោះ។ អញ្ចឹងទេ យើងមានវិទ្យុផ្សាយសម្លេង យើងមានសារព័ត៌មាន ដែលហៅកាត់ថា SPK គឺសារព័ត៌មានកម្ពុជា។ អញ្ចឹងម៉ោងប្រហែល ៨ យប់ ខ្ញុំបើកស្ដាប់វិទ្យុផ្សាយសម្លេងរបស់រណសិរ្សយើង ដាក់ប្រវត្តិរូបរបស់ខ្ញុំកើតថ្ងៃ ៤ មេសា ឆ្នាំ ១៩៥១ ខ្ញុំស្ដាប់លឺអញ្ចឹង ថាខុសហើយ។ ប៉ុន្តែ ពេលហ្នឹង ខ្ញុំទើបនឹងមានអាយុ ២៧​ ឆ្នាំទេ ធ្វើរដ្ឋមន្រ្តីការបរទេស ហើយបើនិយាយពីពេលវេលានោះ វាមិនទាន់គ្រប់ទៅទៀត គឺ ២៦ ឆ្នាំកន្លះ វាក្មេងណាស់។ អញ្ចឹងទេ ខ្ញុំក៏សួរបង ជា ស៊ីម ថាកែ ឬមិនកែ? បង ហេង សំរិន អីហ្នឹងដេកជិតហ្នឹង កែ ឬមិនកែ? ទីចុងបំផុត ខ្ញុំសម្រេចថា មិនបាច់កែទេ ឱ្យវាកើនបានអាយុ ១ ឆ្នាំទៅ ព្រោះវាក្មេងពេក។ ចូលមកដល់ទីក្រុងភ្នំពេញហើយ មានរដ្ឋមន្រ្តីរបស់យើងមួយចំនួនហៅខ្ញុំថា ជារដ្ឋមន្រ្តីមិនទាន់បាត់ធុំក្លិនទឹកដោះគោ។ ខ្ញុំនៅចាំ ព្រោះជារដ្ឋមន្រ្តីការបរទេសក្មេងជាងគេលើពិភពលោក។

បើនិយាយពិតប្រាកដ ខ្ញុំកើតនៅខែ សីហា ឆ្នាំ ១៩៥២ ហើយត្រូវបានតែងតាំងនៅក្នុងថ្ងៃ ៨ ខែ មករា ឆ្នាំ ១៩៧៩ គឺខ្ញុំមិនទាន់គ្រប់ ២៧ ឆ្នាំទេ។ អញ្ចឹងក៏បណ្តោយអាហ្នឹងរហូតមកដល់ឥឡូវ ដល់តែគេជូនពរ ស្អែកខានស្អែកចូល ៧០។ ឥឡូវហ្នឹង កែ ឬមិនកែ គឺអាស្រ័យលើមន្រ្តីអត្រានុកូលដ្ឋានទៅចុះ បើមន្រ្តីអត្រានុ​កូលដ្ឋាន ឥឡូវខ្ញុំប្រគល់ឱ្យនគរបាលជាតិចាត់ចែងមើលទៅ បើថាកែ ក៏កែទៅ បើកែត្រូវប្រកាសឡើងវិញ។ ប៉ុន្តែ ណ្ហើយ ទៅអញ្ចឹងតែម្តងទៅ គេធ្វើធ្មប់មិនត្រូវទេអាហ្នឹងនោះ។ អ្នកខ្លះ គាត់មកនិយាយប្រាប់ខ្ញុំ គាត់ថា គាត់ចាក់ឆ្នោតខុស។ យល់សប្តិឃើញសម្តេច ចាក់អាយុសម្តេច ខុសតែមួយលេខ។ ខ្ញុំសួរគាត់ ឃើញខ្ញុំ(មែន) តែចាក់តាមអាថ្ងៃខុសហ្នឹង ព្រោះអាយុខ្ញុំផ្លូវការវាអញ្ចឹង ដល់គាត់ចាក់លើមួយលេខ ដល់ចេញៗខាងក្រោម ប៉ុន្តែ កុំបង្រៀនគ្នាឱ្យលេងកន្ទុយលេខ។

នគរបាលជាតិរបស់យើងបានលះបង់ច្រើនណាស់

ខ្ញុំមានប៉ុណ្ណឹងទៅចុះ។ ថ្ងៃនេះ បានរួមចំណែកសាជាថ្មីម្តងទៀត ជាមួយការកសាងអគារស្នាក់នៅរបស់បណ្ឌិតសភានគរបាលជាតិរបស់យើង។ កាលពីមុននោះ គឺបានចំណាយអស់ ៥១៨ ៤០៥ ដុល្លារ សម្រាប់ការកសាងមុននេះ។ តែឥឡូវលឺថា ដល់ទៅជាង ១ លាន។ អត់អីទេ ព្រោះលុយកាលពីពេលនោះ ហើយនិងឥឡូវគឺប្រហែលគ្នា វាមិនមែនអតិផរណាទេ ក៏ប៉ុន្តែដោយសារកំណើនសេដ្ឋកិច្ចរបស់យើងវាចេះតែទៅមុខ ហើយយើងក៏ទទួលដើម្បីឱ្យការរស់នៅរបស់យើងមានស្ថានភាពល្អប្រសើរសម្រាប់សិក្ខាកាមរបស់យើង។

ខ្ញុំមិនភ្លេច នៅក្នុងឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះវីរភាពនៃកងកម្លាំងនគរបាលជាតិរបស់យើងទាំងអស់ ដែលបានខិតខំប្រឹងប្រែងជម្នះនូវការលំបាកគ្រប់យ៉ាង។ នៅតាមព្រំដែនក្តី នគរបាលរបស់យើងមិនមែនត្រឹមតែជានគរបាល ដែលនៅយាមច្រកនោះទេ ក៏ប៉ុន្តែ កម្លាំងនគរបាលព្រំដែនក៏បានធ្វើការយ៉ាងច្រើន។ ព្រំដែនទឹកក៏បានធ្វើការយ៉ាងច្រើន ដោយសហការជាមួយនឹងកងទ័ពជើងទឹករបស់យើង។ ឯសន្តិសុខផ្ទៃក្នុង នគរបាលយើងពុំមានពេលសម្រាកនោះទេ ពលិកម្មនេះខ្ញុំតែងនិយាយចំពោះមុខ​និស្សិតដែលខ្ញុំទៅចែកជូនសញ្ញាបត្រ យើងត្រូវឃើញនូវការលះបង់របស់មន្រ្តីនគរបាលរបស់យើង។ ពេលដែលគេចូលឆ្នាំ មានការជួបជុំសប្បាយរីករាយនៅក្នុងគ្រួសារ ទទួលទេវតា ឯយើងស្ថិតនៅតាមទីកន្លែងដើម្បីការពារសណ្តាប់ធ្នាប់ និងបញ្ចៀសចរាចរណ៍នោះទេ។ តិចតួចណាស់ ដែលមន្រ្តីនគរបាលរបស់យើងបានធ្វើកំហុស ប៉ុន្តែ ពួកគេខិតខំយកអាតូចតាចនេះបំផ្លាញកិច្ចការ​ ដែលជាសមិទ្ធផលធំ និងជាគុណសម្បត្តិធំ រហូតទៅដល់មានចម្រៀងមួយ ដូចជា សាយចៃ ច្រៀង (ឪពុកប៉ូលីសចរាចរណ៍)។ យើងខិតខំការពារអាយុ ជីវិតរបស់គេ ការពារសេចក្តីសុខរបស់ប្រជាជន នេះជាគម្រូមួយ ការលះបង់នេះគឺធំ។ ពេលភ្លៀងពេលអី គេជិះឡានមានដំបូល ឯយើងនៅបញ្ជាចរាចរណ៍ពាក់អាវភ្លៀងនៅហ្នឹង តែនេះជាតួនាទី ភារកិច្ចដែលយើងត្រូវបំពេញ។ មានការបែងចែកភារកិច្ចផ្សេងៗគ្នា។

ពិនិត្យទិញសម្ភារៈបម្រើឱ្យសេចក្ដីត្រូវការប្រជុំអាស៊ីអឺរ៉ុប ២០២០ អាស៊ាន ២០២២ និងស៊ីហ្គេម ២០២៣

ក្នុងពេលវេលា ដែលមិនត្រូវការបញ្ចេញកងទ័ពៗ ត្រូវបានបញ្ចេញតែក្នុងពេលវលាដែលមានការប្រឈមទៅនឹងប្រដាប់អាវុធ ឯនគរបាល និងអាវុធហត្ថត្រូវរួមគ្នាធ្វើកិច្ចការនៅសន្ដិសុខផ្ទៃក្នុង ហើយកាន់តែសំខាន់ជាងនឹងទៀត គឺបច្ចុប្បន្ននេះ ទាក់ទិនជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ ដែលតម្រូវឱ្យមានប្រតិបត្ដិការឆាប់រហ័សពីនគរបាលជាតិរបស់យើង។ឆ្នាំ ២០២០ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីប្រជុំអាស៊ី-អឺរ៉ុប នោះក៏ជាបន្ទុករបស់នគរបាលជាតិរបស់យើង ធានារ៉ាប់រងនូវការរក្សាសណ្ដាប់ធ្នាប់ ដើម្បីឱ្យការប្រជុំប្រពឹត្ដទៅបានល្អ។ ខ្ញុំឃើញសំណើនៃការស្នើសុំទិញសម្ភារៈមួយចំនួន ដើម្បីបម្រើឱ្យសេចក្ដីត្រូវការនៃការប្រជុំនោះផង ហើយបន្ដទៅទៀត យើងនឹងឈានដល់ស៊ីហ្គេម និងឈានដល់ការធ្វើម្ចាស់ផ្ទះនៃការប្រជុំអាស៊ាននៅឆ្នាំ ២០២២ ដូច្នេះសំភារៈដែលយើងប្រើមួយពេលនេះ ទិញយកមក មិនមែនប្រើអស់មួយពេលហ្នឹង ទៅទិញថ្មីនោះទេ។ ខ្ញុំកំពុងបញ្ជូនទៅឱ្យឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ផ្ដល់មតិ ថាតើមុខណាគួរទិញ និងមុខណាមិនគួរទិញ​។ (យើង)ត្រូវគិតពីបញ្ហាហ្នឹង ព្រោះយើងមានកញ្ចប់ថវិកា ដែលបានរៀបចំរួចមកហើយ និងកំពុងតែចំណាយ​។ សុំបញ្ជាក់ថា ការធ្វើអគារនេះ មិនមែនជាថវិកាជាតិទេ។ ខ្ញុំនឹងប្រឹងប្រែងរួមចំណែកប្រមូលគ្នីគ្នាធ្វើអគារនេះឱ្យបាន ដោយមិនប្រើថវិកាជាតិទេ ហើយអាលើកមុនក៏មិនមានប្រើថវិកាជាតិដែរ។ អម្បាញ់មិញដែលខ្ញុំសន្យាថាធ្វើឱ្យ ៥ ជាន់ នេះ ក៏មិនប្រើថវិកាជាតិទេ ប៉ុន្ដែអ្វីដែលត្រូវទិញសម្រាប់នគរបាលជាតិក្នុងប្រតិ​បត្ដិការឆ្នាំក្រោយនេះត្រូវពិនិត្យ អាណាត្រូវទិញ អាណាមិនត្រូវទិញ ហើយត្រូវទិញប៉ុន្មាន ហើយគិតគូរអំពីតម្លៃផងដែរ។

កុំឱ្យប្រទេសក្លាយជាជម្រកនៃភេរវកម្ម ការជួញដូរគ្រឿងញៀន អាវុធ និងការលាងលុយ

កិច្ចការសន្ដិសុខជាតិរបស់យើងមិនសាមញ្ញ និងមិនធម្មតា នៅក្នុងបរិកាល ដែលពិភពលោកមានការប្រែប្រួលស្មុគស្មាញ ហើយភេរវកម្ម ឧក្រិដ្ឋកិម្មផ្សេងៗ ទាំងសន្ដិសុខប្រពៃណី និងមិនប្រពៃណីកំពុងរាតត្បាត។នៅប្រទេសយើងធ្លាប់បានចាប់របស់ដែលមកពីចំងាយ មានគ្រឿងញៀនខ្លះមកតាំងពីអាមេរិកខាងជើង មកមិនដឹងឆ្លងប៉ុន្មានប្រលានយន្ដហោះទេ ចាប់អត់បាន មកចាប់បាននៅស្រុកខ្មែរ។ នោះជាសមត្ថភាពនៃមន្ដ្រីនគរបាលរបស់យើងដែលទទួលបាននូវការហ្វឹកហាត់ មានការលះបង់ខ្ពស់ ដែលយើងត្រូវបន្ដតទៅទៀត។

គ្មានអស្ថិរភាពណាមួយ ឱ្យអាចកសាងប្រទេសទៅរួចទេ។ សូម្បីតែទេសចរក៏មានការភ័យខ្លាចដែរ។ នៅទីក្រុងបាងកក ពួកឧក្រិដ្ឋជន ដើម្បីបំផ្លាញរាជរដ្ឋាភិបាល ប្រាយុទ្ធ គេក៏ខំធ្វើឱ្យមានសំឡេងផ្ទុះក្នុងពេលប្រជុំ វេទិកាតំបន់អាស៊ាន ដែលមានតួអង្គពាក់ព័ន្ធចូលរួមច្រើនប្រទេសនៅទីនោះ។ យើងក៏ត្រូវតែប្រយ័ត្ន ព្រោះពួក ISIS បានចូលមកក្នុងតំបន់នេះរួចស្រេចទៅហើយ តាមរយៈកម្លាំងនៅហ្វីលីពីន ដែលកាន់កាប់ទីក្រុងមួយអស់រយៈពេលប៉ុន្មានខែនោះ។ ពួក ISIS មិនអាចនៅតែមួយកន្លែងទេ។ វាអាចនៅកន្លែងនេះកន្លែងនោះ។ ធ្វើយ៉ាងម៉េចកុំឱ្យប្រទេសរបស់យើងក្លាយជាជម្រកនៅការលាក់ខ្លួនរបស់ភេរវកម្ម ទោះបីជាយើងមិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្ម តែត្រូវធ្វើឱ្យប្រទេសយើងកុំឱ្យក្លាយទៅជាប្រទេសនៃជម្រក ឬការឆ្លងកាត់នៃពួកភេរវកម្ម កុំឱ្យប្រទេសយើងក្លាយជាកន្លែងនៃការសំអាតប្រាក់។

សំណុំបញ្ហានៃការជួញដូរគ្រឿងញៀន អាវុធ ការលាងលុយ គឺសំណុំវាទៅតែមួយ។ យើងត្រូវខិតខំប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាទាំងអស់នេះ ដែលទាក់ទងទៅនឹងបញ្ហាសន្ដិសុខ ហើយមិនមែនសម្រាប់តែកម្ពុជាទេ យើងត្រូវសហការជាមួយដៃគូទាំងអស់ដែលមានការពាក់ព័ន្ធជាមួយយើង។ ប្រទេសរបស់យើងដែលកំពុងមានការអភិវឌ្ឍ ជៀសមិនផុតពីការកើតឡើងនៅបញ្ហានេះបញ្ហានោះ ដែលវាជាក្រឹត្យក្រមធម្មតាខ្លាំងណាស់។ ប៉ុន្ដែ បើយើងចាត់ទុកថាជាក្រឹត្យក្រមធម្មតា ដែលវានៅតែធម្មតាដដែល ដោយមិនខិតខំដោះស្រាយ បំបាត់វាចោលទេ ដំណើរទៅមុខរបស់យើងនឹងមានការលំបាក ប្រជាជននឹងមានការភ័យខ្លាច។

កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់លេខរៀងទី ១ នៅអាស៊ាន 

ពិតហើយប្រទេសខ្លះទទួលស្គាល់នូវវឌ្ឍនភាពរបស់យើង តែអ្នកខ្លះក៏មិនទទួលស្គាល់នូវវឌ្ឍនភាពរបស់យើងដែរ តែរឿងទទួលស្គាល់ ឬមិនទទួលស្គាល់គឺជារឿងរបស់គេ តែអ្វីដែលសំខាន់ជាងហ្នឹងទៅទៀត គឺយើងត្រូវប្រឹងខ្លួនឯង ងើបឈរដោយខ្លួនឯង ជំនះរាល់បញ្ហាទាំងឡាយដែលជាឧបសគ្គនៅចំពោះមុខរបស់យើងតាមរយៈការខិតខំរួមគ្នាដើម្បីធ្វើឱ្យការងាររបស់យើងកាន់តែប្រសើរឡើង។ ប្រសិទ្ធភាពដែលនាំទៅដល់ការរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងសង្គម។ កំណើនសេដ្ឋកិច្ចត្រូវតែខិតខំរក្សា។ ថ្មីៗនេះ ADB បានចេញការព្យារកកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងចំណោមអាស៊ាន គឺនៅខ្ពស់ជាងគេ ក្នុងកម្រិត ៧% ជាលេខរៀងទី១ វៀតណាមទី ២ ក្រោម ៧%។ យើងត្រូវបន្ដការខិតខំ។ យើងមិនអាចទទួលកំណើន ៧ % បានទេ ប្រសិនបើអភិបាលកិច្ចស្មោគគ្រោក។ និយាយដល់អភិបាលកិច្ចវាមិនមែនគ្រាន់ទាក់ទងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទាក់ទងនឹងបញ្ហាថវិកា ក៏ប៉ុន្ដែវាទាក់ទងទាំងអស់ជាកញ្ចប់តែម្ដង។

ពាំនាំ

ហើយថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់និស្សិត និងសិក្ខាកាម ចំនួន ១ ៤៦៥ នាក់ សាស្ដ្រាចារ្យ បុគ្គលិកបណ្ឌិត្យសភាចំនួន ៩៩៦ នាក់   ទាំងអស់ ២ ៤៦១ នាក់ សូមជូន ម្នាក់ៗ ១០ ម៉ឺនរៀល ជូនកងកិត្ដិយស និងត្រែទ័ព ថវិកា ៣ លាន រៀល ជូនបណ្ឌិត្យសភានគរបាលចំនួន ១០ លានរៀល។ ជាចុងបញ្ចប់ជូនពរ សម្ដេច ក្រឡាហោម សម្ដេចពិជ័យសេនា ជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលំ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ