សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

18

CNV:

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា!

ចែកសញ្ញាបត្រ ជូនសាកលវិទ្យាល័យទី ១ ក្នុងឆ្នាំ ២០១៩

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីចែកសញ្ញាបត្រជូនជ័យលាភីដល់មហាវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលមានចំនួន ៣.០៤៣ នាក់​។ ចូលឆ្នាំ ២០១៩ នេះគឺជាថ្ងៃដំបូង ដែលខ្ញុំព្រះករុណាខ្ញុំចែកសញ្ញាបត្រសម្រាប់ និស្សិតសាកលវិទ្យាល័យ … សាកលវិទ្យាល័យនានា គឺស្នើសុំភាគច្រើន គឺនៅក្នុងខែ ៣ នេះតែម្តង អាខែ ១ អត់សូវសុំទេ ខែ ២ អត់សូវសុំទេ ដល់សម្រុកសុំខែ ៣ និង ខែ ៤ យកតែម្តង។ អញ្ចឹង បានជាខែ ៣ នេះ ចាប់ពីនេះរហូតដល់ចូលឆ្នាំខ្មែរ គឺដូចជាគ្មានសម្រាប់ថ្ងៃណាមួយដែលថាអោយមានពេលវេលាសម្រាកក្នុងពេលព្រឹក គឺអត់ទេ។ ភាគច្រើនគឺធ្វើការពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃអាទិត្យតែម្តង សម្រាប់ពេលព្រឹក។ មួយអាទិត្យនេះអត់តែម្តង ចប់ត្រឹមថា ពេលល្ងាចនៅសល់ពេលវេលាតិចតួច សម្រាប់ហាត់ប្រាណ។ ហាត់ប្រាណអីឥឡូវស្អកក។ ចាប់ផ្តើមបន្ថយហើយបានៗ។ ម្សិលមិញខំដើរបន្តិចសោះ ស្រាប់តែវាមកស្អកកវិញ។ ប៉ុន្តែ មិនទាន់ត្រូវស្តង់​ដាពេទ្យទៀត ពេទ្យ ១,៧០ ម៉ែត្រ គេអោយយើងតែ ៦៨ គីឡូទេ  ដល់យើងចុះក្រោម ៧១ គីឡូ ឬ ៧២ គីឡូចាប់ផ្តើមស្អកក។ ឥឡូវ មិនដឹងជ្រើសរើសរបៀបម៉េចអោយវាស្រួល … អ្នកខ្លះបន់អោយខ្ញុំព្រះករុណាខ្ញុំងាប់ តែអ្នកដែលបន់អោយខ្ញុំព្រះករុណាខ្ញុំងាប់ ច្រើនតែងាប់មុនខ្ញុំព្រះករុណាខ្ញុំវិញ។ អាហ្នឹងរកស៊ីធ្វើនយោបាយបន់អោយគេងាប់ បានចេញមកតស៊ូ។ វាទៅអញ្ចេះ។ ហ្នឹងវាមានសុចរិតភាពអីវា។ បើបន់អោយគេងាប់អញ្ចឹង។ ប៉ុន្តែ អ្នករាសីមិនដល់ប្រយ័ត្ន។ ព្រះតេជព្រះគុណអាចដឹងហើយ រាសីមិនដល់ធ្វើបាបគេ ប៉ះខ្លួនឯង ងាប់បណ្តោយ។

ធ្លាប់បានបង្រៀនវគ្គខ្លីអំពីនយោបាយក្រៅប្រទេស ក្នុងទសវត្សរ៍ ៨០

ខ្ញុំព្រះករុណាខ្ញុំ បកមករឿងណេះវិញ។ ទាក់ទិនជាមួយនឹងកម្មវិធីថ្ងៃនេះ ជាសាកលវិទ្យាល័យទី ១ សម្រាប់ឆ្នាំ ២០១៩ ដែលខ្ញុំព្រះករុណាខ្ញុំចែកសញ្ញាបត្រ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ដែលបានខិតខំដឹក​នាំ ក៏ដូចជា បង្រៀនទៅដល់និស្សិត។ យោងទៅលើរបាយការណ៍របស់ ឯកឧត្តម យក់ ង៉ុយ បានបង្ហាញអំពីវឌ្ឍនភាពដែលសាលាបានចាប់ផ្តើមអំពីដំណាក់កាលដំបូង រហូតដល់ពេលនេះ ដែលផ្តល់ការបណ្តុះបណ្តាលសម្រាប់សិស្សរបស់យើងប៉ុន្មានម៉ឺននាក់។ ក្នុងនោះ ខ្ញុំព្រះករុណាខ្ញុំក៏នៅចាំថា ខ្ញុំព្រះករុណាខ្ញុំ ក៏ធ្លាប់បានទៅបង្រៀននៅសាលានេះក្នុងវគ្គខ្លីៗនៅក្នុងទសវត្សរ៍ ៨០ តែពេលនោះ ឯកទេសដែលខ្ញុំព្រះករុ​ណា​ខ្ញុំទៅបង្រៀននៅទីនោះ គឺកិច្ចការនយោបាយក្រៅប្រទេស ដែលជាធាតុផ្សំមួយសម្រាប់មន្រ្តី​របស់យើងនៅក្នុងដំណាក់កាលនោះ។ ឥឡូវនេះ ស្ថានភាពបានផ្លាស់ប្តូរច្រើនហើយ វាស្ទើតែទាំង​ស្រុង​។

រកមេក្លោង និងអ្នកពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock មកផ្តន្ទាទោស

អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរមកតាមផ្លូវនេះ។ ស្ទើរតែរៀងរាល់ថ្ងៃ ឆ្លងកាត់សាលាមួយនេះ ដែលមិនឆ្ងាយពីសាលាបឹងត្របែក។ ប៉ុន្តែ ឆ្លងកាត់កន្លែងចង្រៃមួយនោះ ដែលទើបនឹងរកឃើញថ្មី។ Rock នេះ យើងក៏មានការភ្ញាក់ផ្អើលដែរ។ ហេតុអីបានជាកន្លែងមួយនេះវាទៅជាតំបន់បំផ្លាញនូវសេចក្តីសុខរបស់ប្រ​ជា​ជន? ខ្ញុំពិតជាមានការរីករាយណាស់ ដែលនគរបាលរបស់យើងបានបង្រ្កាបទាន់ពេលវេលា។ គួរតែបង្រ្កាបអោយបានមុនហ្នឹងទៅទៀត។ ប៉ុន្តែ យើងទើបបង្រ្កាបបាន។ ក្បែរសាលាស្រាប់តែមានកន្លែងគ្រឿងញៀនមិនតូច។ សង្ឃឹមថា ក្រសួងមហាផ្ទៃបន្តចាត់វិធានការណ៍លើបញ្ហានេះ បូកជាមួយនឹងការដំណើរការក្តីរបស់តុលាការ ម៉ឺងម៉ាត់អំពីការមិនវិលត្រឡប់នៃអំពើពាលាអាវាសែនេះ។ ត្រូវដាក់ទោសទណ្ឌអោយបានធ្ងន់ធ្ងរ។ ស្វែងរកអោយដល់ទីជម្រៅ និងមេក្លោងរបស់វា នៅកន្លែងណា? មិនមែនរឿងតូចតាចទេ។ ត្រូវរកអោយឃើញ។ អ្វីដែលមានក្នុងដៃរួចមកហើយ (អាច)ឈានទៅរកការជីកប្ញសគល់ នៃអ្នកជួញគ្រឿងញៀន ក៏ដូចជា អ្នកពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះ។

បើកឱកាសសម្រាប់ការចូលរួមរបស់វិស័យឯកជន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

ទីតាំងសាលាកាលពីមុននេះ មានការលំបាក ប៉ុន្តែ ឆ្លងកាត់តាមការខិតខំរបស់ថ្នាក់ដឹកនាំប៉ុន្មានជំនាន់រួចមកហើយៗ ការចូលរួមរបស់និស្សិតរបស់យើង ដើម្បីបង់ថ្ងៃការចូលរៀននៅទីនោះ ក៏បង្កើតអោយមានស្ថានភាពនៃការកសាងនូវសាលា សម្រាប់ការបណ្តុះបណ្តាល។ សាលានេះនៅតែជាសាលាអ្នកខ្លាំង ក្នុងចំណោមសាលាខ្លាំងរបស់យើង។ និយាយរួម សាកលវិទ្យាល័យរដ្ឋទាំងអស់នៅតែជាសាកលវិទ្យាល័យ ដែលមានកម្លាំងខ្លាំង ដែលយើងអាចអោយសាកលវិទ្យាល័យនេះ ផ្តល់ការរៀនជាអាហារូបករណ៍​របស់រដ្ឋផង និងរៀនបង់ថ្លៃផង។ ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំ នៅតែមានមោទនភាព អំពីក្របខណ្ឌគោលនយោ​បាយ ស្តីអំពីបឋមសិក្សា និងអាចនិយាយជារួម ស្តីអំពីបញ្ហាអប់រំរបស់យើងដែលយើងបានបើកឱកាស សម្រាប់ការចូលរួមរបស់វិស័យឯកជន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ មានសាលាមួយចំនួន បើកថ្នាក់រៀនតាំងពីបឋមសិក្សា រហូតដល់វិទ្យាល័យ ហើយមានសាលាមួយចំនួន ដែលក្នុងនោះ គ្រឹះ​ស្ថាន​ឧត្តមសិក្សារបស់ឯកជនក៏បានកើតឡើង ដើម្បីទទួលយកសិស្សអោយរៀនតាមរយៈការរៀនបង់ថ្លៃ ឯ​រដ្ឋក៏បានផ្តល់អោយគ្រឹះស្ថានសិក្សារបស់រដ្ឋ បានយកមួយភាគសម្រាប់ការរៀនបង់ថ្លៃ ដែលនេះគឺជាកម្មវិធីមួយ សម្រាប់ដោះស្រាយបញ្ហា។

សិស្សរៀនបង់ថ្លៃ ជាផ្នែកមួយនៃការចូលរួមរបស់វិស័យឯកជន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

ឥឡូវ យើងជួយគិតគ្នាមើល សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ក្នុងមួយឆ្នាំប្រមាណ ៧ ម៉ឺននាក់ក្នុងមួយឆ្នាំ។ បើយើងពឹងពាក់តែសាលារដ្ឋ តើសាលារដ្ឋអាចទទួលបានប៉ុន្មាន? មិនអស់ទេ ដូច្នេះ ការបើកឱកាសអោយវិស័យឯកជន ដើម្បីចូលរួមនៅក្នុងការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា គឺជាការឆ្លើយតបទៅនឹងសំណូមពរនៃការចង់បានរបស់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សខ្លួនឯង។ ដូច្នេះហើយបានជានៅទីនេះ មិនមែនគ្រាន់តែជាបញ្ហាការវិនិយោគរបស់អ្នកដែលមានប្រាក់ មានធនធានវិនិយោគជាសាលារៀន ហើយរៀនបង់ថ្លៃទេ ក៏ប៉ុន្តែ យើងត្រូវឃើញថា និស្សិតដែលបានរៀនបង់ថ្លៃនោះ ក៏ជាផ្នែកមួយនៃការចូលរួមរបស់វិស័យឯកជន សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសរបស់យើងផងដែរ។

បើការគ្រប់គ្រងមិនល្អ មិនអាចធ្វើអោយគ្រឹះស្ថានឧត្តមសិក្សាមួយមានការរីកចម្រើនល្អទេ

ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ ចំពោះការខិតខំរបស់គណៈគ្រប់គ្រង និងរបស់សាស្រ្តាចារ្យទាំងអស់។ យើងត្រូវឃើញថា ប្រសិនបើការគ្រប់គ្រងមិនល្អ មិនអាចធ្វើអោយសាកលវិទ្យាល័យ (ឬ)គ្រឹះស្ថានឧត្តមសិក្សាមួយមានការរីកចម្រើនល្អទេ។ គ្មានការជឿនលឿនណាមួយ ដែលចេញមកពីការគ្រប់គ្រងមិនល្អនោះទេ។ ការគ្រប់គ្រងល្អនៅតែទាក់ទាញបានជាមួយនឹងការចូលរៀនរបស់សិស្ស។ ការគ្រប់គ្រងល្អ ទាម​ទារសាស្រ្តាចារ្យនូវការបង្រៀន ដែលមានគុណភាព។

ប្រកួតប្រជែងគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ

សូម្បីតែទីផ្សារការងារក៏អាចនឹងទទួលបានល្អ ដោយគេដឹងថា អ្នកនេះចេញពីសាលានេះ/នោះ ហើយគេងាយនឹងទទួល។ នៅប្រទេសក្រៅក៏ដូចគ្នា អ្នកណាចេញពីសាលាណាដែលពូកែ ដូចជាសាលារបស់អាមេរិកាំងអញ្ចឹង អ្នកចេញពី Harvard University អ្នកណាចេញពី Columbia University អ្នកណាចេញពីសាលាណា។ ដូច្នេះ គេទៅរកអ្នកដែលពូកែៗចេញពីសាលានោះ។ នៅអង់គ្លេសមាន University of Oxford ស្អីៗ គឺសុទ្ធតែជាសាលាពូកែៗ។ ដូច្នេះ យើងនៅទីនេះ ក៏ត្រូវមានការប្រកួតប្រជែងក្នុងចំណោមសាលានានា។ ប៉ុន្តែ ការប្រកួតប្រជែងរបស់យើងមិនមែនជាការប្រកួតឈ្នះចាញ់ ដើម្បីផ្ដួលដៃគូនោះទេ។ អ្វីដែលជាការប្រកួតប្រជែងនៅទីនេះ គឺប្រកួតប្រជែងអំពីគុណភាពនៃការអបរំ ដែលគុណភាពនោះ វាឆ្លើយតបទៅនឹងទីផ្សារការងារដែលដោះស្រាយបាន។

អត្រាអ្នកមានការងារធ្វើខ្ពស់ ទាមទារការយកចិត្តទុកដាក់ពង្រីកគុណភាពបណ្តុះបណ្តាល

នៅក្នុងនេះ ខ្ញុំព្រះករុណាខ្ញុំ សប្បាយរីករាយក្នុងចំណោមសិស្ស ឱកាសការងារសម្រាប់និស្សិតទទួលបានការងារធ្វើរហូតទៅដល់ ៩៤,៤៥%។ ក្នុងហ្នឹងថ្នាក់បរិញ្ញាបត្រ គឺមានចំនួន ២.៣៤១ នាក់ ស្មើនឹង ៩៣,៦០%។ បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ៩៨,៣៤%។ អញ្ចឹង អត្រានៃអ្នកដែលមានការងារធ្វើ គឺមានចំនួនខ្ពស់។ អញ្ចឹង ខ្ញុំសុំអោយថ្នាក់ដឹកនាំ គណៈគ្រប់គ្រង ក៏ដូចជា សាស្រ្តាចារ្យ ដែលនៅបង្រៀននៅទីនេះ បង្កើនការយកចិត្តទុកដាក់ ដើម្បីពង្រីកគុណភាព នៃការបណ្ដុះបណ្ដាលជាបន្តទៀត។

ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវការអបអរសាទរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជានិស្សិតរបស់យើង ដែលជាជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលនេះអាច​ចាត់ទុកថា ជាការខិតខំមួយចេញពីខ្លួនយើងផ្ទាល់ ទើបអាចមានលទ្ធផលបែបនេះ។ សូមចូលរួមផងដែរ ជាមួយនឹងមាតាបិតា​អាណាព្យាបាល ក៏ដូចជា ក្រុមគ្រួសាររបស់និស្សិតជ័យលាភី ដែលថ្ងៃនេះ មានកូន មានចៅ មានប្ដី មានប្រពន្ធ និងសាច់ញាតិរបស់ខ្លួន ទទួលសញ្ញាបត្រនៅក្នុងវេលាដ៏ល្អ មុននឹងចូលឆ្នាំថ្មីមកដល់ទៀត។

ការឈរទ្រឹងមួយកន្លែង ស្មើនឹងការដើរថយក្រោយ

ខ្ញុំព្រះករុណាខ្ញុំនៅតែបន្តអំពាវនាវ សម្រាប់និស្សិតទាំងអស់ បន្តបន្ថែម​ទៀតនូវការលើកកម្ពស់សមត្ថភាព។ មិនគ្រាន់តែកម្រិតប៉ុណ្ណឹងអាចគ្រប់គ្រាន់ទេ ត្រូវការរៀនសូត្របន្ថែម។ រៀនមិនចប់ រៀនមួយជីវិត។ សភាព​ការណ៍វិវឌ្ឍលឿនណាស់ មិនអាចនៅទ្រឹងត្រឹមតែយើងមានសញ្ញាបត្របរិញ្ញា បរិញ្ញាជាន់ខ្ពស់ ឬថ្នាក់បណ្ឌិតគ្រប់គ្រាន់នោះទេ។ វិទ្យាសាស្រ្ត បច្ចេកទេសវិវឌ្ឍលឿន ស្ថានភាពប្រែប្រួលលឿនណាស់។ ទាមទារអោយយើងមិនអាចឈរទ្រឹងនៅមួយកន្លែង។ ការឈរទ្រឹងនៅមួយកន្លែង ស្មើនឹងការដើរថយក្រោយ ព្រោះសភាពការណ៍វាវិវឌ្ឍទៅមុខ។

អំពាវនាវអោយអ្នកទាំងឡាយ មិនគ្រាន់តែនិស្សិតនៅខាងមុខទេ សូម្បីមន្រ្តីនៅខាងក្រោយនេះ កុំគិតថា ខ្លួនជាមន្រ្តីថ្នាក់នេះ/នោះ ហើយខ្វះការរៀនសូត្របន្ថែម គឺច្បាស់ជាមិនទាន់ពេលទេ។ ខាងក្រោមចេះជាងខាងលើ ហើយខាងលើអភិរក្សនិយមថែមទៀត គឺវាមិនខុសពីការយកដុំថ្មទៅដាក់លើពន្លកមួយដែលកំពុងតែដុះ។ នេះជាមហន្តរាយ។ ប្រសិនបើយើងអត់មានសមត្ថភាព ប៉ុន្តែយើងចេះប្រើប្រាស់មនុស្ស យើងអាចអោយពន្លកនេះដុះឡើង។ វាជាការល្អ។ បានសេចក្ដីថា ស្ថានភាពរវាងអ្នកដែលមានវ័យចំណាស់ វ័យ​កណ្ដាល និងវ័យក្មេង ហើយដែលមានចំណេះដឹងខុសៗគ្នា អាចនៅជាមួយគ្នាបាន នឹងបង្កឱកាសអោយយុវជន ដើម្បីទទួលបាននូវកម្រិតលូតលាស់តាមចំណេះដឹងរបស់ពួកគេ។ នោះគឺជារឿងដែលគប្បីត្រូវធ្វើ។

មេដឹកនាំទាំងអស់ត្រូវបង្កើនការចេះដឹង

ទន្ទឹមនឹងការបណ្ដុះបណ្ដាលយុវជននៅគ្រប់កម្រិតទាំងអស់ មេដឹកនាំទាំងអស់ក៏ត្រូវបង្កើនការចេះដឹងរបស់ខ្លួនផងដែរ។ មិនអាចថា អញថ្នាក់រដ្ឋមន្រ្តី គ្មានការចាំបាច់ដើម្បីរៀនទេ។ អញជាចៅហ្វាយខេត្ត គ្មានការចាំបាច់ត្រូវរៀនទៀតទេ។ ធ្វើយ៉ាងដូច្នេះ គឺចូលទៅក្នុងស្ថានភាពអភិរក្ស។ អភិរក្សនោះ គឺគេងាយមើលឃើញបំផុតនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។ ឧទាហរណ៍ សភាពការណ៍វិវឌ្ឍលឿននៅក្នុងពេលវេលាមួយ ដែលយើងគ្រប់គ្រងសភាពការណ៍អត់បាន សូម្បីតែព័ត៌មានយើងមិនទទួលបានផង នោះវាចូលទៅក្នុងស្ថានភាពដែលពាក្យខ្មែរយើងប្រើថា “ពួកខ្ជិលច្រអូស” ហើយពួកគេទាំងអស់ហ្នឹង គង់តែមានថ្ងៃណាមួយ វានឹងបង្កើតបាននូវស្ថានភាពអភិរក្ស ហើយនិងធ្វើអោយខូចខាតត្រឡប់ទៅវិញ ប្រសិនបើចរិតអភិរក្ស​នោះវានៅបន្តក្នុងខ្លួនរបស់មន្រ្តី ដែលមិនព្រមធ្វើការសិក្សារៀនសូត្របន្ថែម។

ចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ទៅថ្នាក់បណ្ឌិត ចំនួននិស្សិតស្រ្តីធ្លាក់ចុះ និងសល់តែបុរស

ខ្ញុំព្រះករុណាខ្ញុំ  ពិតជាមានការរីករាយ ដែលយើងបានដើរមកដល់ដំណាក់កាលនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណា​ខ្ញុំ ក៏ធ្វើការសង្កេតទាក់ទិនជាមួយនឹងបញ្ហាយេនឌ័របន្ដិច នៅក្នុងសាកលវិទ្យាល័យ។ ដោយសារថ្ងៃនេះ ទើបនឹងថ្ងៃទី ១១ ហើយថ្ងៃសិទ្ធិនារីក៏ទើបនឹងកន្លងផុត ក៏ប៉ុន្តែ វាមិនមែនគ្រាន់តែជាបញ្ហាថ្ងៃសិទ្ធិនារីទេ តែយើងក៏ត្រូវយកបញ្ហានេះយកមកពិនិត្យ ដើម្បីយើងរកគ្រប់វិធី ដើម្បីដោះស្រាយបញ្ហាលើកម្ពស់អត្រាស្រ្តីក្នុងការចូលរួម។ កាលពីការប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ខ្ញុំព្រះករុណាខ្ញុំ ក៏បានលើកអំពីបញ្ហានេះនៅក្នុងអង្គប្រជុំ។ យើងបានឃើញចំនួនស្រ្តី ដែលបានចូលរៀន និងរៀនចប់មធ្យមសិក្សា គឺមានអត្រាខ្ពស់ជាងបុរស។ នេះគឺជាចំណុចល្អខ្លាំងណាស់។ ​ឯស្រ្តីដែលនៅក្នុងបរិញ្ញាបត្ររង និងបរិញ្ញាបត្រគឺគម្លាត​រវាងបុរស និងស្រ្តីនៅតូច ប៉ុន្តែ ចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ទៅថ្នាក់បណ្ឌិត គឺស្រ្តីធ្លាក់ចុះ ហើយនៅសល់តែបុរស។ យ៉ាងណាក៏ដោយ តួលេខនេះបានផ្លាស់ប្ដូរមួយចំនួនហើយ បើប្រៀបធៀបនៅនឹងរយៈពេលមុន។

សូមបុរសជាស្វាមីផ្តល់ឱកាសអោយភរិយាបានទៅបន្តការ​សិក្សា

ដោយឡែកតែក្នុងស្ថានភាពនៅក្នុងសាកលវិទ្យាល័យនេះ យើងពិនិត្យមើលអំពីចំនួនសិស្ស ដែលកំពុងរៀននៅក្នុងនេះ ទិន្នន័យនិស្សិតកំពុងសិក្សានៅក្នុងទីនេះមាន ១៤.៧០០​ នាក់ ក្នុងនោះមានស្រ្តី ៧.១៩០ នាក់ ស្មើនឹង ៤៨,៩១% បានសេចក្តីថា ចំនួននេះ គឺប្រៀបធៀបទៅនឹងរយៈពេលមុនមានការកើនឡើង។ ប៉ុន្តែ យើងច្បិចយកអំពីបញ្ហាកម្រិតសិក្សាទៅវិញ កំពុងរៀនថ្នាក់បរិញ្ញាបត្រមានចំនួន ១៣.៩៩៣ នាក់ នារីមានចំនួន ៦.៧៩៩ នាក់ ស្មើនឹង ៥០,៧៧% បានសេចក្តីថា កម្រិតថ្នាក់បរិញ្ញាស្រ្តីមានចំនួនច្រើនជាងបុរស អាហ្នឹងថ្នាក់បរិញ្ញា។ ដល់ទៅពេលឡើងទៅបរិញ្ញាជាន់ខ្ពស់ ក្នុងចំនួន ១,៣០៧ នាក់ នារីមានតែ ៣៩១ នាក់ ស្មើនឹង ២៩,៩២% បានសេចក្តីថា ធ្លាក់ចុះគំហុកតែម្តង។ ស្ថានភាពនេះ យើងអាចយល់បាន ស្ត្រីរបស់យើងដល់ពេលវ័យដែលខ្លួនត្រូវយកគូស្រករ ឬរហូតដល់មានកូន ដូច្នេះ ការបន្តរៀនតទៅទៀត គឺមានការធ្លាក់ចុះ។ ចំណុចនេះ សូមបុរសទាំងឡាយ ដែលជាស្វាមីផ្តល់ឱកាសអោយភរិយាបានទៅបន្តការ​សិក្សាបន្ថែម។ ពិតហើយ បើសិនជានៅបន្តទៅទៀតក្រែងលោវាទៅជាក្រមុំចាស់ រឿងស្រុកខ្មែរយើងវាមានពាក្យក្រមុំចាស់ ពាក្យកម្លោះចាស់។ ប៉ុន្តែ កម្រិតមហាវិទ្យាល័យ​ គឺខុសពីកម្រិតចំណេះទូទៅ ដែលមិនអនុញ្ញាតអោយអ្នកមានប្តី មានប្រពន្ធ នៅសិក្សាទេ។ កម្រិតមហាវិទ្យាល័យ មិនកំណត់ទេ។ សូម្បីមានវ័យចំណាស់ហើយក៏អាចនៅបន្តការសិក្សាបានដែរ។ យើងមើលជាអត្រា ក្នុងកម្រិតបរិញ្ញា(បត្រ)នៅសាលានេះ គឺស្ត្រីខ្ពស់ជាងបុរស។ ដល់ចូលទៅកម្រិតបរិញ្ញាជាន់ខ្ពស់ ស្រ្តីធ្លាក់គំហុក ស្ទើតែពាក់កណ្តាល។

ចប់បរិញ្ញាហើយ ស្រ្តីគប្បីបន្តទៅបរិញ្ញាបត្រជាន់ខ្ពស់

ដូច្នេះ អំពាវនាវយកចំណុចនេះ គឺជាការអំពាវនាវចំពោះស្រ្តីទាំងឡាយ ដែលចប់បរិញ្ញាហើយ គប្បីបន្តឈានជើងឆ្ពោះទៅរកបរិញ្ញាបត្រជាន់ខ្ពស់។ ហើយក្នុងនោះក៏អំពាវនាវចំពោះមាតាបិតា និងអំពាវនាវចំពោះស្វាមីរបស់ស្ត្រីដែលចង់ទទួលបាននូវបណ្តុះបណ្តាលបន្ថែមទៀត អោយបន្តការខិតខំ ដើម្បីលើកកម្ពស់នូវការស្មើភាព ទទួលបាននូវការការបណ្តុះបណ្តាល បើមិនដូច្នេះទេ នៅក្នុងការតែងតាំងនៅក្នុងមុខតំណែង ដែលមានការតម្រូវ ព្រោះមានកន្លែងខ្លះ គឺតម្រូវតែម្តង គេថា ទាល់តែអ្នកឯងមានបរិញ្ញាជាន់ខ្ពស់ទើបខ្ញុំទទួល ឬក៏ទទួលអោយប្រឡង គេមានកម្រិតយ៉ាងដូច្នេះ។ អញ្ចឹង បើយើងអតុល្យភាពតាំងពីក្នុងមហាវិទ្យាល័យទៅហើយ និងវាមានអតុល្យភាពនៅក្នុងស្ថាប័ន មិនថាផ្នែករដ្ឋ មិនថាផ្នែកឯកជននោះទេ។ អញ្ចឹង នេះជាការចាប់អារម្មណ៍មួយ សម្រាប់ការដោះស្រាយបញ្ហា ទាក់ទងជាមួយនឹងសមាសភាពយេនឌ័រនៅពេលខាងមុខនេះ។

អរគុណចំពោះការផ្តល់នូវអាហារូបករណ៍

ខ្ញុំក៏សូមយក​ឱកាសនេះ ថ្លែងនូវអំណរគុណ ចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់នូវអាហារូបករណ៍អោយខ្ញុំក្នុងរយៈពេលកន្លងទៅនេះ រហូតទៅដល់ ៨៤០ កន្លែង។ អាហារូបករណ៍នោះក៏បានចែកសម្រាប់និសិ្សតរៀននៅសាលានេះវិញដដែល។ ថ្ងៃនេះក៏មាន ៣៩ នាក់ បានមកទទួលសញ្ញាបត្រនៅថ្ងៃនេះផងដែរ​។ អរគុណចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់អោយខ្ញុំ ហើយខ្ញុំអត់យកទៅណាទេ សំខាន់បំផុត គឺថា សាលាណាអោយ គឺរៀននៅសាលាហ្នឹងតែម្តង។ អញ្ចឹង គឺជាការឆ្លើយតបមួយនៃការលំបាករបស់និសិ្សត ដែលខ្ញុំទទួលបានក្នុងមួយឆ្នាំៗប៉ុន្មានពាន់អាហារូបករណ៍ ដើម្បីចែកជូននិសិ្សតក្រីក្ររបស់យើងទទួលបាននូវការបណ្តុះបណ្តាល។

រឿងទី ១៖ គួរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកអោយមានទោសប្រហារជីវិតឡើងវិញ​ឬទេ?

ខ្ញុំព្រះករុណាខ្ញុំ គិតថាថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មិននិយាយរឿងច្រើនទេ ដោយសារតែរឿងវានិយាយរាល់តែថ្ងៃទៅហើយ។ ក៏ប៉ុន្តែ មានរឿង ៣ ​ដែលខ្ញុំព្រះករុណាខ្ញុំ ចង់(និយាយ)ក្រៅពីបរិបទនៅក្នុងសាលានេះ។ រឿងទី ១. ពីម្សិលម៉ិញនេះ ខ្ញុំព្រះករុណាខ្ញុំ បានទៅសួរសុខទុក្ខចំពោះកុមារី ដែលត្រូវរំលោភបំពាន ជាពិ​សេស ពីសំណាក់ឪពុកបង្កើតទៅលើកូនស្រី ពីសំណាក់ជីតាទៅលើចៅស្រី ពីសំណាក់សាច់ញាតិខ្លួនឯងទៅលើកូនស្រី។ ពេលនោះ ខ្ញុំព្រះករុណា ខ្ញុំបានលើកឡើងអំពីការត្រិះរិះ គិតថា តើយើងគួរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកអោយមានទោសប្រហារជីវិតឡើងវិញ​ឬទេ? ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ បានបញ្ជាក់ហើយថា នេះមិនមែនត្រូវធ្វើឡើងតាមរយៈសំណើនាយករដ្ឋមន្ត្រី ធ្វើជាសេចក្តីព្រៀងច្បាប់ ឬក៏តាមរយៈសំណើរបស់សមាជិកសភា តាមរយៈសេចក្តីស្នើច្បាប់នោះទេ បើចង់ធ្វើក៏ត្រូវធ្វើប្រជាមតិ។

ឆ្លងកាត់តែមួយថ្ងៃមួយយប់ និយាយអញ្ចឹងទៅចុះ មួយថ្ងៃមួយយប់ យើងទទួលបាននូវប្រតិកម្មខុសៗគ្នា។ ប្រតិកម្មដែលចូលទៅខម្មិនក្នុងផេកហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំ គឺរហូតទៅដល់មានការទាមទារស្នើសុំអោយមានពង្រីកការកាត់ទោសហ្នឹងប្រហារជីវិត ទៅដល់អ្នកដែលរំលោភសម្លាប់ទៀតផង។ បានសេចក្តីថា គាំទ្រអោយមានទោសប្រហារជីវិត ហើយរហូតពង្រីកទៅដល់អ្នកដែលមានការរំលោភសម្លាប់ ដែលមិនមែនជាសាច់ញាតិទេ ព្រោះគោលដៅ ដែលខ្ញុំព្រះករុណាខ្ញុំចង់លើក គឺឪពុករំលោភលើកូនខ្លួនឯងបង្កើត ជីតារំលោភលើចៅ បងរំលោភលើប្អូន ឪពុកមារំលោភលើក្មួយបង្កើត។ ប៉ុន្តែ នៅមានអ្នកចូលទៅនិយាយថា គឺចង់អោយពង្រីក មានអារំលោភហើយសម្លាប់ អាហ្នឹងគួរតែត្រូវកាត់ទោសប្រហារជីវិតដែរ …។

មិនមានការចាំបាច់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអោយមានទោសប្រហារជីវិតឡើងវិញទេ

ប៉ុន្តែ គាប់ជួនខ្ញុំករុណាខ្ញុំព្រឹកមិញនេះ បានជាមករាងយឺតបន្តិច ប៉ុន្តែ មិនទាន់យឺតហួសម៉ោងទេ។ គេប្រាប់ថា ឯនេះគឺបានជុំគ្នាហើយ។ តែជាទម្លាប់ធម្មតារបស់ខ្ញុំព្រះករុណាខ្ញុំ ក្រៅពីមើលព័ត៌មានទៅតាមអ៊ិនធើណែត នៅមានអាព័ត៌មានទៅតាមកាសែតទៀតផង។ ក្នុងនោះ ភ្នំពេញប៉ុស្តិ៍ បានយកមកផ្សាយ ក្នុងនោះមានអ្នកច្បាប់ ​និងអ្នកវិភាគរបស់យើងដូចជា ៣ នាក់ … មាន លោកមេធាវី សុខ សំអឿន, អ្នកវិភាគវេទិកាអនាគតកម្ពុជា អ៊ូ វីរៈ និងបណ្ឌិតសភាចារ្យ សុខ ទូច បានលើកនូវគំនិតពាក់ព័ន្ធជាមួយនឹងបញ្ហានេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមគោរពចំពោះការវិភាគបែបនេះ។ ប្រទេសរបស់យើងបានលុបចោលនូវទោសប្រហារជីវិត តាំងពីជំនាន់អតីតរដ្ឋកម្ពុជាឯណោះ។ ពេលដែលយើងកែរដ្ឋធម្មនុញ្ញពីសាធារណរដ្ឋប្រជាមានិតកម្ពុជា​ទៅជារដ្ឋកម្ពុជា។ យើងបានលុបចោលទោសប្រហារជីវិតរួចស្រេចទៅហើយ។ បន្តបន្ទាប់រហូតមកដល់ពេលនេះ យើងក៏បានលុបចោលនូវទោសប្រហារជីវិត។

ចំណុចដែល លោក សុខ សំអឿន, លោក អ៊ូ វីរៈ ហើយនិងលោក សុខ ទូច បានលើកឡើង ខ្ញុំព្រះករុណាខ្ញុំ គិតថា មតិនេះគឺត្រូវ។ ប្រសិនបើមានការប្រហារជីវិតភាន់ច្រឡំណាមួយកើតឡើង​ គឺជាគ្រោះថ្នាក់ធំទៅវិញទេ។ នេះគឺជាស្ថានភាពមួយ មិនស្របជាមួយបរិបទដែលប្រទេសរបស់យើងបានដើរមកដល់ដំណាក់កាលនេះ។ ខ្ញុំព្រះករុណាខ្ញុំយល់ថា ប្រសិនបើមានការថ្លោះធ្លោយណាមួយកើតឡើង នៅក្នុងការកាត់ទោសប្រហារជីវិត អ្នកដែលស្លាប់ទៅនោះ ស្រាប់តែសើរើរឿងក្តីត្រឡប់មកវិញ គ្នាអត់មានទោសអីសោះ បែរជាមនុស្សស្លាប់បាត់ទៅហើយ។ រឿងនេះ គឺជារឿងមួយអាណោចអាធ័ម លើសពីអ្វីដែលយើងគិត។ ខ្ញុំព្រះករុណាខ្ញុំ គិតថាមិនមានការចាំបាច់ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីនឹងការអោយមានទោសប្រហារជីវិតទេ។

អប់រំសីលធម៌សង្គម ជៀសវាងការប្រព្រឹត្តនូវបាបកម្ម

ត្រូវយកវិធានការព្រមៗគ្នាជាមួយនឹងវិធានការអប់រំសីលធម៌ក្នុងសង្គម កាត់បន្ថយ ឬឈានទៅបញ្ចប់ ដែលមិនមែនគ្រាន់តែការរំលោភបំពានអំពីឪពុកទៅលើកូន ជីតាទៅលើចៅ ឪពុកមាទៅក្មួយ បងទៅលើប្អូនទេ ក៏ប៉ុន្តែកាត់បន្ថយទាំងអស់ទៅលើការរំលោភបំពានផ្លូវភេទ និងធ្វើអំពើហិង្សាទៅលើស្ត្រីភេទទន់ខ្សោយ​។ ប្រើប្រាស់វិធីសាស្ត្រអប់រំ ដែលក្នុងហ្នឹងព្រះសង្ឃ ក៏ត្រូវចូលរួមចំណែក ដើម្បីលើកកម្ពស់នូវគុណធម៌នេះផងដែរ សម្រាប់សង្គមរបស់យើង។ នេះគឺជាចំណុចគន្លឹះ។ ​មិនមែនទោសទណ្ឌ។ រឿងទោសទណ្ឌកើតក្រោយ តែការការពារទើបជារឿងចាំបាច់។ កុំអោយកើតមាន។​ ខាងគ្រូពេទ្យគេប្រើពាក្យថា ការពារប្រសើរជាងព្យាបាល។ រឿងដែលវាកើតហើយនោះ សម្រាប់ស្ថានភាពនេះអាណោចអាធ័មណាស់។ ឪពុកទៅជាប់គុក កូនមករស់នៅកន្លែងមួយ។ អញ្ចឹង កូន និងឪពុក ត្រូវធ្វើជាសត្រូវគ្នាមួយជីវិត ដូចជាចៅម្នាក់គាត់បាននិយាយថា ទីចុងបំផុតឪពុកបានធ្វើអត្តឃាតក្នុងគុកតែម្ដង។ រឿងនេះ វាខ្លោចផ្សាណាស់។ ដូច្នេះ ការអប់រំនូវសីលធម៌នៅក្នុងសង្គម ត្រូវតែបន្តពង្រឹងដើម្បីជៀសវាងការប្រព្រឹត្តនូវបាបកម្ម ដែលមិនគួរអោយកើតនៅក្នុងសង្គម។ មិនគ្រាន់តែការប្រព្រឹត្តទៅលើសាច់ញាតិខ្លួនឯងទេ ក៏ប៉ុន្តែ ការប្រព្រឹត្តនានាទាក់ទងជាមួយនឹងស្ត្រី។

ទី ២. អនុវត្តច្បាប់ម៉ឺងម៉ាត់បំផុតលើអ្នកប្រព្រឹត្ត, ទោសមួយជីវិត គ្រប់គ្រាន់ហើយ

ឯទី ២. ការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់បំផុតទៅលើអ្នកដែលប្រព្រឹត្តរឿងនេះ បើសិនរឿងនេះវាកើតហើយ ត្រូវតែប្រព្រឹត្តទោសមួយជីវិត គឺវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ការប្រព្រឹត្តបែបនេះ។ អញ្ចឹង​ទេ ខ្ញុំសុំទទួលយកការវិភាគ។ ការវិភាគដែលត្រឹមត្រូវ យើងត្រូវទទួលយក។ តែការវិភាគដែលចេញមក ១០ ឯងខុសទាំង ១០ ហ្នឹងគេថា(ជាការវិភាគ)មានចរិតនយោបាយ។ ម្សិលមិញ មនុស្ស ៣ នាក់ ដែលចេញមកវិភាគ ទាំង សុខ សំអឿន, អ៊ូ វីរៈ, សុខ ទូច អត់មានជាប់នយោបាយនៅក្នុងហ្នឹងទេ។ ដល់អត់ជាប់នយោបាយនៅក្នុងហ្នឹង យើងងាយទទួល។ យើងមើលទៅវាសមហេតុសមផល។ ប៉ុន្តែ អាខ្លះចេញមកឆ្កុយ វាថា ដើម្បីអោយអស់អាអញ្ចឹងទាល់តែដូរ ហ៊ុន សែន ចេញ … មកបោះឆ្នោតចាញ់គេ រួចហើយចង់ដូរគេ? រួចហើយដល់គេមិនទៅណា រកចាប់គេ? រកវាយគេ? ចាំតែអោយគេវាយតើ?

តេជោសតវត្សរ៍ទី ២១ មិនមែនតេជោសតវត្សរ៍ទី ១៦-១៧ នោះទេ

គោរមងារ ដែលព្រះមហាក្សត្រព្រះរាជទាន ហៅថា តេជោនេះ ជាតេជោសតវត្សរ៍ទី ២១ មិនមែនតេជោ សតវត្សរ៍ទី ១៦-១៧​ តេជោយ៉ត តេជោមាស សតវត្សរ៍ទី ១៦ តែនេះតេជោនៅសតវត្សរ៍ទី ២១។ តេជោនៅសតវត្សរ៍ទី ២១ អាចថាមិនល្អ មិនខ្លាំងពូកែដូចតេជោជំនាន់សតវត្សរ៍ទី ១៦-១៧ នោះទេ ប៉ុន្តែ អ្នកឯងសាកលមើល … ប៉ុន (ប៉ុល) ពត វាយហ្អែងទាល់តែរលាយ។ ប្រទេសពីការបែកបាក់ទៅជាចម្រៀកៗ ឯកភាពគ្នាអស់រលីងទៅហើយ។ ឥឡូវ នឹងនាំគ្នាមកនៅកោះពេជ្រ ចេញពីកោះពេជ្រទៅសុទ្ធតែអាគារខ្ពស់ ពីដើមសម័យថ្លែងស ហើយដើរកាត់ភ្លើងមន្តអាគម។ តែឥឡូវខ្ញុំព្រះករុណាខ្ញុំអត់មានមន្តអាគមទេ ធ្វើបានដំបូលសន្តិភាពកើតឡើង សម្រាប់បង្រៀនទាំងអស់គ្នា។ នេះជាការខិតខំរួមរបស់យើង ដើម្បីនាំមកដល់ដំណាក់កាលនេះ។

អនុវត្តវិធានការណ៍ ២ អំពីករណីរំលោភបំពានផ្លូវភេទ

ខ្ញុំព្រះករុណាខ្ញុំ គិតថា ដើម្បីបញ្ចប់នូវបញ្ហាថា គួរកែឬមិនកែ ខ្ញុំព្រះករុណាខ្ញុំ បានមើលក្នុងការខម្មិនក្នុងហ្វេសប៊ុកផេកខ្ញុំព្រះករុណាខ្ញុំ និងមើលការធ្វើអត្ថាធិប្បាយរបស់តួអង្គ ៣ នាក់ ដែលមានលោក សុខ ទូច, អ៊ូ វីរៈ និងលោក សុខ សំអឿន ខ្ញុំព្រះករុណាខ្ញុំ ទទួលយកថា មិនមានការចាំបាច់ ដើម្បីនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ ប៉ុន្តែ អ្វីដែលគួរធ្វើ

វិធានទី ១. ត្រូវបង្កើនការអប់រំបញ្ជ្រាបសីលធម៌ គុណធម៌ ដើម្បីអោយមានតម្លៃជាមនុស្សពិតប្រាកដ កុំធ្វើអញ្ចឹងតាមអំពើបាបតាមបែបតិរច្ឆាន។ សង្គមទាំងមូលត្រូវចូលរួម ដើម្បីធ្វើការអប់រំទប់ស្កាត់នូវអំពើបាបទាំងនោះ។ ក្នុងហ្នឹងចំណែករបស់វាមានបញ្ហាគ្រឿងញឿន បញ្ហាស្រវឹងអីមួយចំនួន ដែលវានាំដល់បញ្ហាការស្រើបស្រាល។ នៅលើពិភពលោកនេះ មិនដឹងថាប្រទេសណា គេបង្កើតតែអាហ្នឹង? អាខ្លះលេបអាហ្នឹងទៅគាំងបេះដូងស្លាប់។ អ្នកគាំងបេះដូងខ្លះ មិនមែនគាំងបេះដូងមែនទែនទេ គាំងបេះដូងដោយសារលេបថ្នាំហ្នឹងទេ។ ខ្លះថាគាំងបេះដូងស្លាប់ៗ មិនមែនគាំងបេះដូងដោយសាជំងឺគាំងបេះដូងទេ គាំងបេះដូងខ្លះដោយសារលេបថ្នាំហ្នឹង …។

វិធានទី ២. ការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់បំផុត ចំពោះអ្នកដែលធ្វើអំពើបាបតាមបែបតិរច្ឆាន ស្ថានភាពដែលខ្ញុំព្រះករុណាខ្ញុំ លើកពីម្សិល ហើយដែលកំពុងមានការដើរសម្ភាសន៍ ស្ទាបស្ទង់យោបល់អីនេះ ខ្ញុំព្រះករុណាខ្ញុំ សុំដកពាក្យនូវការស្នើអោយមានមានការកែរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅដល់ការបើកអោយមានទោសប្រហារជីវិត ក្នុងករណីតែមួយចំនួនណានោះទេ។ យើងបានឃើញហើយ បើមានការអនុវត្តខុសតែបន្តិច នឹងមានគ្រោះថ្នាក់ជីវិតមនុស្សដោយមិនបានដឹង។ ប្រទេសខ្លះ ការប្រហារជីវិតមនុស្សខុសក៏មិនតិចដែរ។ នៅសហរដ្ឋអាមេរិកក៏មានការប្រហារជីវិតមនុស្សខុសនៅក្នុងហ្នឹង។ លោកណាមួយនៅក្នុងចំណោម ៣ នាក់ហ្នឹង … ម្សិលមិញបានទៅសួរសុខទុក្ខចៅៗស្រីៗទាំងនោះ ដែលមើលទៅគួរអោយអាណោចអាធ័ម និងស្តាប់ការរៀបរាប់ពីអ្វីដែលបានកើតឡើង។

រឿងទី ២៖ អំពាវនាវចំពោះប្រជាជនមិនទាន់បានធ្វើជំរឿន ខិតខំចូលធ្វើជំរឿន

ឯចំណុចទី ៣, ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល អំពាវនាវចំពោះប្រជាជនទាំងអស់ ដែលមិនទាន់បានធ្វើជំរឿន បន្តការខិតខំចូលធ្វើជំរឿន។ មកដល់ថ្ងៃនេះ គឺនៅសល់តែ ៣ ថ្ងៃទៀតទេ គិតទាំងថ្ងៃនេះ។ អញ្ចឹង បន្តការចូលធ្វើជំរឿន។ អ្នកដែលមិនទាន់ធ្វើជំរឿនផ្ដល់កិច្ចសហការ ព្រោះពេលវេលាវាជិតដល់ហើយ​។ ជំរឿន ជាការចាំបាច់ ដើម្បីយើងមានទិន្នន័យគ្រប់គ្រាន់ សម្រាប់ដាក់ចេញជាចក្ខុវិស័យទៅអនាគត ក្នុងការអភិវឌ្ឍប្រទេសរបស់យើង។ សូមបងប្អូនដែលមិនទាន់បានធ្វើជំរឿន ខិតខំបង្កលក្ខណៈសម្បត្តិអោយមន្ត្រីជំរឿនរបស់យើង បានចូលទៅកាន់លំនៅឋាន ចូលទៅកាន់កន្លែងរបស់ខ្លួន ដើម្បីនឹងធ្វើជំរឿន។

ចង់ដឹងថា តើប្រទេសមានប្រជាជនប៉ុន្មានពិតប្រាកដ

យើងចង់ដឹងថា តើប្រទេសរបស់យើងមានប្រជាជនប៉ុន្មានពិតប្រាកដ? សព្វថ្ងៃយើងប្រើជើងលេខ ដែលបានមកពីមួយផ្នែកក្រសួងមហាផ្ទៃ មន្ត្រីអត្រានុកូលដ្ឋាន មួយផ្នែកយើងបានមកពីវិទ្យាស្ថានស្ថិតិរបស់ក្រ​សួងផែនការ មួយផ្នែកយើងបានមកពីខាងមន្ទីរពេទ្យ អំពីអត្រាកំណើតដែលបានផ្ដល់ មួយឆ្នាំៗកើនឡើងប៉ុន្មាន? ដែលតួលេខនោះក៏មិនខុសគ្នាឆ្ងាយប៉ុន្មានទេ។ នៅពេលខាងមុខ ពេលដែលយើងដាក់អោយអនុវត្តនូវនយោបាយគាំពារសង្គមសម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ យើងអាចដឹងបានអំពីអត្រាកំណើតក្នុងមួយឆ្នាំៗប៉ុន្មាន។ ឥឡូវ តួលេខក្នុងមួយឆ្នាំប្រមាណជា ៤០ ម៉ឺននាក់ដែលកើត។ អញ្ចឹង គិតតែពីរាប់ទៅ ៣ ឆ្នាំ ជាងមួយលាននាក់។ ឥឡូវយើងប្រើខ្លះ ជួនកាលតួលេខថា ១៥ លាន(នាក់) ជួនកាលថា ១៦ លាន(នាក់)។ យើងចង់អោយការធ្វើជំរឿនលើកនេះបានច្បាស់លាស់ជាង សម្រាប់ពលរដ្ឋរបស់យើង។

រឿងទី ៣៖ អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់អំពីកង្វះទឹកប្រើប្រាស់

ចំណុចទី ៣ … ខ្ញុំព្រះករុណាខ្ញុំបានចេញសារាចរកាលពីពេលមុន នៅតែបន្តបញ្ហាប្រឈមដដែលហ្នឹង គឺការខ្វះទឹក។ មុននេះ គឺសុំស្នើអោយប្រជាពលរដ្ឋរបស់យើងធ្វើស្រូវប្រាំងតែមួយដងបានហើយ។ ប៉ុន្តែ ប្រ​ជាពលរដ្ឋរបស់យើងមួយចំនួនគាត់ឧស្សាហ៍ គាត់ប្រើប្រាស់អាទឹកដែលនៅសល់ហ្នឹង ដើម្បីស្រែប្រាំងបន្ត បន្ទាប់ពីច្រូតកាត់ម្តងហើយ គាត់ធ្វើម្តងទៀត ធ្វើអោយទឹកដែលតម្កល់ទុក សម្រាប់ការប្រើប្រាស់នេះវាខ្វះ។ ឥឡូវនេះ ក្រសួងធនធានទឹក និងឧតុនិយម កំពុងតែធ្វើអន្តរាគមន៍ស្រោចស្រពទៅលើស្រូវប្រាំងមួយចំនួន ដែលកំពុងរងការគំរាមកំហែង ដែលសុំអោយអាជ្ញាធរមូលដ្ឋាន ក្រសួងធនធានទឹក និងមន្ទីរធនធានទឹក បន្តការខិតខំដោះស្រាយបញ្ហានេះ។ ប៉ុន្តែ អ្វីដែលជា ចំណុចត្រូវយកចិត្តទុកដាក់ធំជាងគេទៅទៀតនោះ គឺទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋរបស់យើង។

ខិតខំជីក​អណ្តូង ប្រសើរជាងដឹកទឹកយកទៅពីចម្ងាយ

ឆ្នាំ ២០១៦ យើងបានដឹកទឹកទៅជូនប្រជាពលរដ្ឋ ប៉ុន្តែ ពេលនោះ បញ្ហាចំណោទ គឺនៅត្រង់ថា អណ្តូងទឹករបស់យើងត្រូវរីងស្ងួតដែរ អត់មានអណ្តូងទឹកទេ។ ថាជីក ៨ ម៉ែត្រ ដល់ដង្ហើមទឹក(ដែលត្រូវ)ទឹកចេញ ក៏ប៉ុន្តែ ទឹកបានធ្លាក់ទៅដល់ ១០ ម៉ែត្រ ទៅក្រោម ធ្វើអោយអណ្តូងស្ងួតទាំងអស់ ដែលយើងត្រូវតែដឹកទឹក (ទៅអោយប្រជាពលរដ្ឋ)។ ឥឡូវឆ្នាំនេះ គ្រប់ទីកន្លែងទាំងអស់ សុំអោយអាជ្ញាធរយកចិត្តទុកដាក់ខិតខំជីក​អណ្តូង ប្រសើរជាងដឹកទឹកយកទៅពីចម្ងាយ បើទោះបីថាវាជ្រៅបន្តិច តែការប្រើប្រាស់ការជីកអណ្តូង គឺជាមធ្យោបាយដែលល្អ ទោះបីជាឆ្នាំហ្នឹងមានទឹក ឆ្នាំក្រោយខ្វះទឹកក៏នៅមានអណ្តូងប្រើប្រាស់។ អញ្ចឹង ត្រូវបន្តការជីកអញ្តូងនៅទីកន្លែងដែលខ្វះទឹក។ យើងទៅដឹកទឹកពីចម្ងាយប្រើប្រាស់អស់ប្រេងច្រើនណាស់ គ្រាន់តែដឹកទឹកតែមួយជើង បានទឹកមួយធុងមក តម្លៃស្មើនឹងអណ្តូងមួយទៅហើយ។ អណ្តូងមួយអស់តែ ប៉ុន្មានលានរៀល។

ពេលអត់ទឹក គប្បីបង្កើនចំនួនអណ្តូងតាមក្រុមគ្រួសារ និងតាមសហគមន៍

អញ្ចឹងទេ យើងត្រូវខិតខំដោះស្រាយបញ្ហានេះ លើកលែងតែកន្លែងខ្លះអត់មានដង្ហើមទឹក ដើម្បីជីកអណ្តូងអោយវាចេញ អាហ្នឹងយើងត្រូវបង្ខំចិត្តដឹកទឹកហើយ ដើម្បីទៅផ្គត់ផ្គង់អោយប្រជាជនប្រើប្រាស់។ ប៉ុន្តែ នៅកន្លែងដែលមានដង្ហើមទឹក ត្រូវប្រើប្រាស់ការជីកអណ្តូង ដែលត្រូវយកការខិតខំ។ កាលពីឆ្នាំ ២០១៦ យើងជីកអណ្តូងបានរាប់ម៉ឺនអណ្តូង ប៉ុន្តែ មិនទាន់គ្រប់ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនទេ ឥឡូវ ត្រូវតែប្រើប្រាស់ពេលដែលអត់ទឹកនេះ គឺជីកអណ្តូងដោយការខិតខំរបស់ប្រជាពលរដ្ឋរបស់យើងផ្ទាល់ ដែលមានធនធានជីកអណ្តូងនៅក្នុងក្រុមគ្រួសារខ្លួនឯង និងតាមសហគមន៍ ដែលរដ្ឋត្រូវធ្វើអន្តរាគមន៍ទៅលើបញ្ហាការជីកអណ្តូងនៅក្នុងភូមិនោះ នៅពេលដែលប្រជាជនមិនមានលទ្ធភាព។ សប្បុរសជនក៏អាចចូលរួមបាននៅក្នុងការជីកអណ្តូងនៅតាមទីកន្លែងខុសៗគ្នា។

សូមប្រជាពលរដ្ឋបញ្ចប់ការធ្វើស្រូវប្រាំង និងកុំទាន់ធ្វើស្រូវបង្កើនរដូវនៅពេលភ្លៀងមិនទាន់មកដល់

នេះគឺជាបញ្ហាប្រឈមរបស់យើង។ សូមបន្តអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលនៅទីកន្លែងដែលមានប្រភពទឹកមិនច្រើន សូមអោយបញ្ចប់ការធ្វើស្រូវប្រាំង​ ហើយក៏កុំទាន់ធ្វើស្រូវបង្កើនរដូវនៅពេលដែលភ្លៀង មិនទាន់បានមកដល់។ ពិតហើយមានការធ្លាក់ភ្លៀងនៅកន្លែងខ្លះៗ តែយកជាផ្លូវការមិនបានទេ។ សូម្បីតែថ្ងៃទី ១៣ នេះ ខ្ញុំព្រះករុណាខ្ញុំ ត្រូវទៅជួបកម្មករនៅកោះកុង ជួបកម្មករហើយក៏សម្ពោធវិទ្យាល័យមួយនៅជាប់ព្រំដែនកម្ពុជា-ថៃតែម្តង ដែលខ្ញុំព្រះករុណាខ្ញុំធ្វើនៅទីនោះ ព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់មកហើយថា សុំអោយខ្ញុំព្រះករុណាខ្ញុំវិលត្រឡប់មកវិញអោយបានមុនម៉ោង ១២ ព្រោះនៅតាមផ្លូវហោះអាចមានខ្យល់កន្ត្រាក់ខ្លះ អញ្ចឹង ធាតុអាកាសដូរលឿន។

តែយ៉ាងណាក៏ដោយ ការព្យាករនៅក្នុងតំបន់របស់យើងនេះ អាចនឹងស្ថានភាពខ្វះទឹកក្នុងរយៈពេលវែង រហូតទៅដល់ពាក់កណ្តាលខែឧសភា ឬអាទិត្យទី ៣ ខែឧសភា ទើបមានភ្លៀងធ្លាក់ នេះទៅតាមការព្យាករទុក។ តែដែលហៅថា ការព្យាករ គឺការទាយ ហើយការទាយវាមិនដែលត្រូវទាំងអស់ទេ ជាពិសេស ទាយលេខឆ្នោតតែម្តង ទាយអត់ត្រូវទេ។ អ្នកខ្លះយល់សប្តិឃើញខ្ញុំព្រះករុណាខ្ញុំ រួចហើយទៅចាក់លេខឆ្នោត។ យកអាយុខ្ញុំព្រះករុណាខ្ញុំទៅចាក់។ ចាក់ត្រូវក៏អរ ចាក់មិនត្រូវក៏ជេរទៅ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ មានអាយុដល់ទៅពីរ អញ្ចឹងទេ អ្នកយល់សប្តិឃើញខ្ញុំព្រះករុណាខ្ញុំទៅចាក់លេខឆ្នោត ជួនកាលចាក់អាឆ្នាំមួយនោះ ចាក់វាមិនត្រូវឆ្នាំកំណើតពិតប្រាកដ …។

ស្មារតីបង្រួបបង្រួមជាតិបែបនេះទទួលយកមិនបាន

ថ្ងៃមុនមានរឿងមួយ ដែលខ្ញុំព្រះករុណាខ្ញុំហួសចិត្ត ខ្ញុំព្រះករុណាខ្ញុំមកកោះពេជ្រនេះ ប្រហែលជាអគារណាទេ ជួបជាមួយកម្មករស៊ីក្លូ។ ចេញពីតុបាយ ខ្ញុំព្រះករុណាខ្ញុំក៏ចង់ទៅជួបជាមួយកម្មករស៊ីក្លូក៏អង្គុយនិយាយលេងជាមួយគាត់។ ក៏ទាញអាស្រាបៀរកម្ពុជាយកមកគោះ(កំប៉ុង)ជាមួយនឹងពួកគាត់ រួចលើកអញ្ចេះផឹក។ មានអារត់ចោលស្រុកមួយនោះ វាបង្ហោះតាមហ្វេសប៊ុកថា ទោះបីមិនផឹកក៏ដោយ ធ្វើយ៉ាងហ្នឹងដូចជារុញអោយមនុស្សចេះផឹក។ យី! អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំទៅជាមនុស្សអស់សិទ្ធិរលីងហើយ? … នេះចាំតែមើលតែម្តង។ អញ្ចឹងបានថា ស្មារតីបង្រួបបង្រួមជាតិបែបនេះ ទៅអត់រួចទេ។ យើងចង់បង្រួបបង្រួមយ៉ាងម៉េចក៏អត់បានដែរ ​បើវាចង្រៃបែបនេះ។ វាថាមិនយកខ្មែរធ្វើសត្រូវទេ ក៏ប៉ុន្តែ ស្អីឡើងគឺវាត្រូវកម្ចាត់ពួកហ្នឹងចោលតែម្តង។ អឺ! បើឯងកម្ចាត់អញៗក៏ត្រូវតែកម្ចាត់ឯង។ វាមិនដែលសុខៗអោយគេមកវាយខ្លួនទេវើយ? …។

សូម្បីជំនាន់ អាពត សង្កត់យើងដល់ណាដល់ណីហើយ ងើបឡើងវាយហ្អែងទាល់តែដួល។ អញ្ចឹង រឿងអីសុខចិត្តអោយហ្អែងធ្វើតែផ្តេសតែផ្តាស? … ដល់ខ្ញុំព្រះករុណាខ្ញុំអត់តបតអីជាមួយអ្នកណារឿងនយោ​បាយ ស្រាប់តែគេចេញមកវិភាគ ថា លោក ហ៊ុន សែន ធ្វើរាល់ថ្ងៃហ្នឹងអត់ត្រូវទេ អាដើរទៅជួបកម្មករអីអត់ត្រូវទេ ទៅជួបអ្នកធាក់ស៊ីក្លូអីហ្នឹងវាមិនត្រូវទេ ដោះស្រាយរឿងធំៗជាងអីឯណា … ផុតទៅជួបកម្មករ ដោះស្រាយបញ្ហាអោយកម្មករ ដោះស្រាយបញ្ហាសង្គម ថាអាហ្នឹងដោះស្រាយមិនចប់ វាទៅដោះស្រាយអារឿងប្រជាធិបតេយ្យ អាហ្នឹងបានត្រូវ ដោះស្រាយរឿង EBA ឯណាបានត្រូវ … អាហ្នឹងហើយទទួលមិនបាន។ បានជាថា ដល់រកអីធ្វើមិនបាន ព្រោះឯណេះដឹងថា “ទទាយំឆ្លងដល់យើងមិនឆ្លើយ” ហ្អែងថាអីថាទៅអញ​​ធ្វើមិនលឺ ដល់អញ្ចឹងបែកទ្រូងខ្លួនវាហ្នឹងទៅ។ ដល់អញ្ចឹងចាប់ផ្តើមរុញអ្នកវិភាគមកថា យើងមកគិតរឿងពួកស៊ីក្លូនេះវាមិនត្រូវទេ ទៅជួបកម្មរក៏វាមិនត្រូវដែរ ត្រូវដោះស្រាយអារឿងធំៗជាងហ្នឹង ដូចជាលទ្ធិប្រជាធិបតេយ្យ ដូចជា EBA … អញ្ជើញវិភាគទៀតចុះ តែអាត្មាធ្វើហើយ (សម្តេចសួរនាំព្រះសង្ឃក្រោយទទួលសញ្ញាបត្ររៀនបន្ត ឬធ្វើអីបន្ត)។

បើគ្មានសន្តិភាព ស្ថិរភាពនយោបាយ និងគ្មានគុណភាពបណ្តុះបណ្តាល និស្សិតបរទេសមិនមករៀន

ជាថ្មីម្តងទៀត អបអរសាទរ និងកោតសរសើរ ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ ព្រមទាំងកោតសរសើរ ជាមួយនឹងគណៈគ្រប់គ្រងសាស្ត្រាចារ្យ ដែលខិតខំរយៈពេលកន្លងទៅ។ អបអរសាទរ និងកោតសរ​សើរ ចំពោះជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រ រាប់ទាំងជ័យលាភីដែលមកពីក្រៅប្រទេស ដែលក្នុងនេះ និស្សិតដែលមករៀនពីប្រទេសក្រៅថ្នាក់បរិញ្ញា(បត្រ)មានជនជាតិកូរ៉េ ៥ នាក់, វៀតណាម ១ នាក់ បរិញ្ញា​បត្រជាន់ខ្ពស់មាន ៤០ នាក់ ក្នុងនោះ បារាំង ៣៨ នាក់, ចិន ១ នាក់, អង់គ្លេស ១ នាក់ មករៀននៅសាលារបស់យើងនេះ។ យើងឃើញថា ឥឡូវនេះ ស្ទើរតែគ្រប់សាលាមាននិស្សិតបរទេសមករៀននៅក្នុងប្រទេសយើង។ យើងបញ្ជូនទៅរៀននៅប្រទេសគេៗ ក៏បញ្ជូនមកប្រទេសយើង ប្រសិនបើយើងមិនមានសន្តិភាពគ្រប់គ្រាន់ មិនមានស្ថិរភាព ហើយមិនមានការបណ្តុះបណ្តាលមានគុណភាពទេ គេមិនមករៀននៅប្រទេសរបស់យើងទេ។ សូមអបអរសាទរសម្រាប់ទាំងអស់គ្នា។

ពាំនាំ

សូមចូលរួមជាមួយមាតាបិតា អាណាព្យាបាល ក៏ដូចជា ស្វាមី ឬភរិយា ដែលមានកូនចៅ ប្តីប្រពន្ធទទួល សញ្ញាបត្រនៅថ្ងៃនេះ ហើយថ្ងៃនេះក៏បាននាំមកសម្រាប់និស្សិតរបស់យើង ចំនួន ៣.០៤៣ អង្គ/នាក់ ហើយជូននិងប្រគេន សម្រាប់ម្នាក់ៗ(ថវិកា) ចំនួន ៥ ម៉ឺនរៀល។ សាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៥៧៦ នាក់ ក្នុងម្នាក់ៗ(ថវិកា) ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ថវិកា) ៥ លានរៀល។ ជាមួយនឹងការអបអរសាទរ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះ​គុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា នៅក្នុងឱកាស ចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ សូមនាំមកនូវសិរីសួស្តី អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕