សេចក្តីថ្លែងការណ៍រួម ស្តីពីទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋឥណ្ឌា

19

ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៨

  1. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​​ច​ក្រ​កម្ពុជា បាន​​បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៤ ដល់២៧ ខែមករា  ឆ្នាំ២០១៨ តបតាមការអញ្ជើ​ញ​របស់ ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។​ នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងគណៈប្រតិភូធុរកិច្ច។
  2. ក្នុងអំឡុងពេលទស្សនកិច្ច នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានទទួលស្វា​គ​ម​​ន៍ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ជាមួយនឹងពិធីត្រួតពលជាកិត្តិយស នៅវិមាន រ៉ាស្រ្តាប្ហាទីប្ហាវ៉ាន់ (Rashtrapati Bh​aw​a​n​)។ នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅមណ្តូបរ៉ាចហ្គាត់ (Raj Ghat) និងបានដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកមហាត្មៈគន្ធីនាយករដ្ឋមន្ត្រីកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម រ៉ាម  ណាតកូវីន(Ram Nath Kovind)ប្រធានាធិបតីឥ​ណ្ឌា និងឯកឧត្តមវ៉េនកៃអា ណៃឌូ (Venkaiah Naidu) អនុប្រធានាធិបតីឥណ្ឌា។ នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាកំរិតថ្នា​ក់​គណៈប្រតិភូជាមួយនាយករដ្ឋ-  មន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ដែលបានរៀបចំពិធីជប់លៀងជាកិត្តិ​យ​ស​ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោកជំទាវ ស៊ូស្មា ស្វារ៉ាជ (Smt Sushma Swaraj) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ក៏បានជួ​ប​សម្តែ​ងការគួរសមជាមួយ នាយករដ្ឋមន្ត្រីកម្ពុជា
  3. មុនពេលកម្មវិធីខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយមេដឹកនាំប្រទេសអាស៊ានដទៃទៀត បានអញ្ជើញចូលរួមកិច្ចប្រ​ជុំ​​កំពូលរំលឹកខួបអនុស្សាវរីយ៍ឥណ្ឌា-អាស៊ាន នៅថ្ងៃទី២៥ ខែមករា និងបានចូលរួមជា​​​ភ្ញៀវកិត្តិយសក្នុងពិធីដង្ហែក្បួនព្យុះហយាត្រាទិវាបុណ្យសាធារណរដ្ឋ នៅថ្ងៃទី២៦ ខែ មករា។ នាយករដ្ឋម​ន្ត្រីកម្ពុជា ក៏បានអញ្ជើញចូលរួ​មថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំធុរកិច្ច និងបានទស្សនា មជ្ឍមណ្ឌលអភិវឌ្ឍន៍វិស័យកុំព្យូទ័រទំនើប។
  4. ការពិភាក្សាកំរិតថ្នាក់គណៈប្រតិភូរវាងកម្ពុជា និងឥណ្ឌា នៅថ្ងៃទី២៧ ខែមករា បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល និងរាក់ទាក់ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគី និងមិត្តភាពដ៏ប្រសើរ។ ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរមានអាយុកាលយូរលង់ និង ចាក់ឬសយ៉ាងជ្រៅក្នុងប្រវត្តិសាស្រ្ត ​ដោយមានការប្រាស្រ័យទាក់ទងគ្នាពហុវិស័យ និងទំនាក់ទំនងដ៏ធំទូលាយរវាងប្រជាជ​ន និងប្រជាជន។ នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយលើបញ្ហាទ្វេភាគី តំបន់ និងពហុភាគី ក្នុងគោល បំណងរួមគ្នាធ្វើការយ៉ាងជិតស្និទ្ធដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងអង្គការតំបន់ និងអន្តរជាតិ។​

ទំនាក់ទំនងសេដ្ឋកិច្ច

  1. ថ្នាក់ដឹកនាំទាំងពីរ បានទទួលស្គាល់ពីសារៈសំខាន់នៃពាណិជ្ជកម្មទ្វេភាគី និងបានកត់សម្គាល់ថា ទំនាក់ទំ​ន​ង ​សេដ្ឋកិច្ច មានសារៈសំខាន់សម្រាប់ពង្រឹងចំណងទាក់ទងទ្វេភាគី។ ថ្នាក់ដឹកនាំទាំងពីរ​បានឯកភាពគ្នាថា នៅមានសក្តានុពលដ៏ច្រើនដើម្បីបង្កើនទំហំ និងធ្វើពិពិធកម្មសមាសភាពនៃពា​ណិជ្ជ​ក​ម្មទ្វេភាគី។ វិនិយោគទ្វេភាគីក៏គួរតែកើនឡើងថែមទៀតដែរ ដើម្បីជម្រុញដល់ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ។ ដើម្បីសម្រេចការងារនេះ ថ្នាក់ដឹកនាំទាំងពីរ​បានឯកភាពថា ត្រូវលើកទឹកចិត្តដល់សភាពាណិជ្ជកម្ម និងបណ្តាអង្គភាពជម្រុញការនាំចេញ ឲ្យចូលរួមទៅវិញទៅមកជាទៀងទាត់ក្នុងវេ​ទិកា​ធុរកិច្ច នៅប្រទេសទាំងពីរ និង ស្វែងរកលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យបានកាន់តែច្រើនឡើង។
  2. នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញវិនិយោគិន និងក្រុមហ៊ុនឥណ្ឌា ឲ្យសិក្សាស្វែងរកនូវកលានុវត្តភាពធ្វើកិច្ចសហការក្នុងវិស័យនានា រួមទាំងវិស័យព័ត៌មានវិទ្យា ឱសថ កសិកម្ម និងការដាំដុះ ហេដ្ឋារចនាសម័្ពន្ធ សហគ្រាសធុនតូចនិងមធ្យម ។ល។ នាយករដ្ឋមន្ត្រីឥណ្ឌា បានស្វាគមន៍ចំពោះសំណើរបស់នាយករដ្ឋ
    មន្ត្រីកម្ពុជា
    ក្នុងការជួយបណ្តុះបណ្តាលយុវជនកម្ពុជា លើផ្នែកព័ត៌មានវិទ្យា។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសពីការគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌាក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យាមួយដ៏ប្រសើរ​ បំផុតនៅកម្ពុជា។
  3. ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពឲ្យមានការចុះហត្ថលេខាឲ្យបានឆាប់លើសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។

ការតភ្ជាប់

  1. ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចប្រឹងប្រែងធ្វើការតភ្ជាប់ក្នុងតំ​ប​ន់ ដូចជាផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃឡង់ដ៍ និងបានឯកភាពរិះរកលទ្ធភាពដើម្បីពង្រីកបន្តផ្លូវហាយ​វ៉េនេះឲ្យទៅដល់កម្ពុជា និងហួសពីកម្ពុជាទៅទៀត។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពឲ្យមានសេវាកម្មអាកាសចរណ៍មានកាលបរិច្ឆេទកំណត់ ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចាត់តាំងដោយប្រទេសរៀងខ្លួន ក្នុងពេលអនាគតដ៏ខ្លីខាងមុខ និងបានសម្តែងការគាំទ្រឲ្យមានការរៀបចំពង្រីកសិទ្ធិចរាចរណ៍ផ្លូវអាកាស និងអាកាសចរណ៍ស៊ីវិល ដើម្បីសម្រួលទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងលើកកម្ពស់វិស័យទេសចរណ៍ប្រទេសទាំងពីរ។

ការពារជាតិ និង សន្តិសុខ

  1. ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ននៃចំណងទាក់ទងផ្នែកការពារជាតិ ទ្វេភាគី រួមមានទស្សនកិច្ចរបស់នាវា កម្មវិធីបណ្តុះបណ្តាល។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពលើកកម្ពស់ទំនាក់ទំនងវិស័យការពារជាតិ រួមមានតាមរយៈការផ្លាស់ប្តូរមន្រ្តីជាន់ខ្ពស់ផ្នែកការពារជាតិ គម្រោងកសាងសមត្ថភាព។
  1. ភាគីទាំងពីរបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យ សមុទ្រ រួមមានទាំងការអភិវឌ្ឍសមុទ្រប្រកបដោយចីរភាព ការពារ និងអភិរក្សសមុទ្រ និងបរិស្ថានឆ្នេរ
    សមុ​ទ្រ​ ការប្រឆាំងការលួចប្លន់តាមសមុទ្រ និងសន្តិសុខទំនាក់ទំនងផ្លូវសមុទ្រ ដើម្បីរក្សាសន្តិភាព និងធានាសុវត្ថិភាព និងសន្តិសុខ នាវាចរណ៍​ក្នុង​តំបន់​អ៊ីនឌូ-ប៉ាស៊ី​ហ្វិក។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពថា សន្តិភាព និងសន្តិសុខដែនសមុទ្រ គឺមានសារៈសំខាន់សម្រាប់ប្រ​ទេ​​​​​​​​សទាំងពីរ។ ក្នុងគោលដៅនេះ ថ្នាក់ដឹកនាំទាំងពីរគាំទ្រសេរីភាពពេញលេញក្នុងការធ្វើនាវាចរណ៍ និងការហោះហើ​​​​​​រ​ឆ្លងកាត់ និងដំណោះស្រាយ​ ដោយសនិ្តវិធីនូវបញ្ហាសមុទ្រ ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំ​​ងអនុសញ្ញាអង្គការសហប្រជាជាតិសី្តពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។
  2. ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពថា​ ភេរវកម្មគឺជាទង្វើដ៏អាក្រក់ឃោរឃៅចំពោះមនុស្សជាតិ និងបង្កការគំរាមកំហែងធ្ងន់ធ្ងរដ​ល់​សន្តិភាព សន្តិសុខ និងស្ថិរភាពពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់ច្បាស់ពីការថ្កោលទោសចំពោះភេរវកម្មគ្រប់ទម្រង់ និងគ្រប់រូបភាព និងគូសបញ្ជាក់ថា គ្មានទឡ្ហីករណ៍ណាមួយសម្រាប់ការធ្វើសកម្មភាពភេរវកម្មឡើយ ហើយនិងទទួលស្គាល់ថាអំពើភេរវកម្ម មិនអាច និងមិនគួរត្រូវបានដាក់ភ្ជាប់ទំនាក់ទំនងជាមួយនឹងសាសនា ជាតិសាសន៍ អារ្យធម៌ ឬក៏ក្រុមភាគតិចមួយណាឡើយ។ ថ្នាក់ដឹកនាំទាំងពីរបានអំពាវនាវឲ្យមានការប្រឹងប្រែងរួមគ្នាទាំងអស់ជាសាកល ដើម្បីកម្ចាត់ភេរវកម្ម ក្នុងគ្រប់ទម្រង់ និងគ្រប់រូបភាព ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីរបានអំពាវនាវឲ្យប្រជាជាតិទាំងអស់ ប្រកាន់យកនូវវិធីសាស្ត្រទូលំទូលាយមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ក្នុងនោះគួររួមមាន ការប្រយុទ្ធ​ប្រឆាំង​នឹងគំនិតផ្លាស់ប្តូរជ្រុលនិយម ការជ្រើសរើស និងចលនារបស់ភេរវករ
    រួម​​ទាំងកម្លាំងភេរវករអន្តរជាតិ ការទប់ស្កាត់​ប្រភព​ផ្តល់ហិរញ្ញវត្ថុភេរវកម្ម ដែលមានជាអាទិ៍ ឧក្រិដ្ឋកម្មជាប្រព័ន្ធ ការលាង​លុយ ការផ្គត់ផ្គង់អាវុធប្រល័យលោក ការជួញដូរគ្រឿងញៀន និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ ការបំផ្លាញចោលមូលដ្ឋានភេរវករ ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត និងបណ្តាញ​សង្គម​ ក៏ដូចជា បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ដោយពួកភេរវករ។
  3. ជាមួយនឹងការអះអាងសារជាថ្មីពីសាមគ្គីភាព និងការប្តេជ្ញាប្រយុទ្ធប្រឆាំងភេរវកម្ម ថ្នាក់ដឹកនាំទាំងពីរអះអាងថា អ្នកដែលបានប្រព្រឹត្ត ញុះញង់ រៀបចំ និងគាំទ្រអំពើភេរវកម្ម ត្រូវតែប្រឈមមុខនឹងការទទួលខុសត្រូវ និងទទួលការផ្តន្ទាទោស។ ថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើតួនាទីកណ្តាល និងសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ហើយទទួលស្គាល់ថា យុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងភេរវកម្មជាសាកលរបស់អង្គការសហប្រជាជាតិ គឺជាឧបករណ៍របស់ពិភពលោកតែមួយគត់ ដែលនឹងពង្រឹងដល់ការខិតខំប្រឹងប្រែងថា្នក់ជាតិ តំបន់ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។ ថ្នាក់ដឹកនាំទាំងពីរអំពាវនាវឲ្យមានការអនុវត្តឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព នូវសេចកី្តសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្មទូទាំងពិភពលោក។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពធ្វើការរួមគ្នា និងជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងការបេ្តជ្ញាចិត្ត និងយុទ្ធសាស្ត្រថី្មរបស់ពិភពលោកសម្រាប់ប្រយុទ្ធប្រឆាំងភេរវកម្ម ទប់ស្កាត់បណ្តាញហិរញ្ញវត្ថុភេរវករ និងសកម្មភាពភេរវកម្ម ព្រមទាំងបដិសេធមិនឲ្យភេរវករមានជម្រកសុវត្ថិភាពឡើយ ហើយបានអំពាវនាវឲ្យមានការអនុម័ត ឆាប់រហ័សនូវ អនុសញ្ញាទូលំទូលាយស្តីពី​ភេរវកម្មអន្តរជាតិ (Comprehensive Convention on International Terrorism, CCIT)។ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់អំពីការទទួលខុសត្រូវរបស់បណ្តារដ្ឋទាំងអស់ ក្នុងការទប់ស្កាត់បណ្តាញផ្តល់ហិរញ្ញវត្ថុភេរវករ និង​សកម្មភាពភេរវកម្មលើទឹកដីខ្លួន។
  4. ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាទៀតថា ភេរវកម្មមិនអាចប្រើប្រាស់ជាឧបករណ៍នៃគោលនយោបាយរដ្ឋ ដើម្បីជម្រុញគោលបំណងនយោបាយដ៏ចង្អៀតចង្អល់នោះឡើយ។ ថ្នាក់ដឹកនាំទាំងពីរថ្កោល​ទោស​យ៉ាង​ខ្លាំងក្លា​ចំពោះអំពើហិង្សាប្រព្រឹត្តដោយក្រុមភេរវករទាំងអស់ និងបានអំពាវនាវ​ឲ្យដាក់បញ្ចូលក្រុមភេរវករទាំងអស់ ក្នុង​សេចក្តី​សម្រេចចិត្ត​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិដែលពាក់ព័ន្ធ។
  5. ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មីអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសស្ត្រី និងកុមារ តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា សម្រាប់ការបង្ការទប់ស្កាត់ ការសង្ក្រោះ ការស្តារឡើងវិញ ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្មជាថ្មីដល់ជនគ្រោះដោយអំពើជួញដូរ។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់សារៈសំខាន់នៃការចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគីស្តីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងឧក្រិដ្ឋកម្មក្នុងប្រទេសទាំងពីរ។
  6. នាយករដ្ឋមន្ត្រីឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានស្វាគមន៍ទស្សនកិច្ចសុឆន្ទៈរបស់កងនាវា​ឥណ្ឌា ក្នុងរយៈពេលបីឆ្នាំបន្តបន្ទាប់គ្នា ពី២០១៥ ដល់ ២០១៧។

វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន

  1. ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជម្រុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែជិតស្និទ្ធ ជាអាទិ៍ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអប់រំ និងវប្បធម៌ ក៏ដូចជាទេសចរណ៍។
  2. ថ្នាក់ដឹកនាំទាំងពីរបានឯកភាពធ្វើឲ្យស៊ីជម្រៅនូវចំណងទាក់ទងផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត រវាងប្រទេ​ស ទាំងពីរ​ ដោយជម្រុញការផ្លាស់ប្តូរវប្បធម៌ចម្រុះរវាងប្រជាជននៃប្រទេសទាំងពីរ និងស្វាគមន៍ការចុះ
    ហត្ថលេខាលើការអនុវត្តកម្មវិធីផ្លាស់ប្តូរវប្បធម៌ ឆ្នាំ២០១៨-២០២២។
  1. ភាគីទាំងពីរ បានឯកភាពសហការបន្ថែមទៀត ក្នុងវិស័យបុរាណវិទ្យា ការអភិរក្ស និងសារមន្ទីរ ដើម្បីស្តារ និងតភ្ជាប់ឡើងវិញនូវចំណងអារ្យធម៌ និងវប្បធម៌ រវាងប្រទេសទាំងពីរ។ នៅក្នុងបរិបទនេះ នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានអះអាងជាថ្មីពីឆន្ទៈរបស់ឥណ្ឌា ក្នុងការជួយជួសជុល និងអភិរក្សប្រាសាទបុរាណ
    ព្រះសិវៈនៅព្រះវិហារ ហើយព្រមទាំងបានសម្តែងការពេញចិត្តចំពោះដំណើរការជួសជុលប្រាសាទតាព្រហ្ម ដែលអនុវត្តដោយស្ថាប័នស្រាវជ្រាវបុរាណវិទ្យារបស់ឥណ្ឌា។

​​​​​​​​​​​​​​​​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

  1. នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងអំណរគុណយ៉ាងខ្លាំងចំពោះការផ្តល់ឥណទាន និងជំនួយឥតសំណងដោយប្រទេសឥណ្ឌា សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា ការជួសជុល និងអភិរក្សប្រាសាទ កម្មវិធី កសាងសមត្ថភាព កម្មវិធីអាហារូបករណ៍ ក៏ដូចជាការផ្តល់ថវិកាសម្រាប់អភិវឌ្ឍសង្គម តាមរយៈគម្រោងទទួលផលឆាប់រហ័ស ក្រោមគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។

កិច្ចសហប្រតិបត្តិការក្នុងតំបន់

  1. ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-ឥណ្ឌា។ ក្នុងបំណងសង្កត់ធ្ងន់ពីសារសំខាន់នៃក្របខ័ណ្ឌអនុតំបន់ នាយករដ្ឋមន្ត្រីទាំងពីរយល់ឃើញថា ការអភិវឌ្ឍច្រករបៀងសេដ្ឋកិ​ច្ចមេគង្គ-ឥណ្ឌា នឹងបំពេញបន្ថែមបានល្អឲ្យក្របខ័ណ្ឌអាស៊ាន។

កិច្ចសហប្រតិបត្តិការពហុភាគី

  1. ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់សារជាថ្មីពីការគាំទ្រយ៉ាងខ្លាំងក្លារបស់ខ្លួន ចំពោះដំណើរការកែទម្រង់​
    អង្គការសហប្រជាជាតិ និងអង្គភាពសំខាន់ៗរបស់អង្គការនេះ ដើម្បីធ្វើឲ្យអង្គការសហប្រជាជាតិកាន់តែមានលក្ខណៈប្រជាធិបតេយ្យ តម្លាភាព និងសក្តិសិទ្ធ ដែលអាចដោះស្រាយបញ្ហាប្រឈមជាច្រើន ក្នុងពិភពលោកនាពេលបច្ចុប្បន្ន ប្រកបដោយប្រសិទ្ធភាពជាងមុន។ ថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់អំពី
    សារៈសំខាន់នៃការកែទម្រង់ក្រុមប្រឹក្សាសនិ្តសុខអង្គការសហប្រជាជាតិឲ្យបានកាន់តែឆាប់ ដើម្បីឲ្យស្ថាប័ននេះឆ្លុះបញ្ជាំងពីតថភាព និងមុខងារនាពេលបច្ចុប្បន្ន ប្រកបដោយគណនេយ្យភាព ភាពជាតំណាង និងប្រសិទ្ធិភាពជាងមុន។ ភាគីកម្ពុជាបញ្ជាក់ជាថ្មីពីការគាំទ្របេក្ខភាពឥណ្ឌា ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោយពីមានការកែទម្រង់ និងពង្រីក។ ភាគីឥណ្ឌាបានបញ្ជាក់ជាថ្មីពីការគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ២០១៩។
  2. ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ការអនុម័តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ជាក់​ជាថ្មីពីការប្តេជ្ញារបស់ខ្លួន ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ភាពជាដៃគូជាសាកលនៅតែជាគន្លឹះក្នុងការសម្រេចគោលដៅអភិវឌ្ឍដោយចីរភាព។ ក្នុងបរិបទនេះ ថ្នាក់ដឹកនាំទាំងពីរបានរំលឹកឡើងវិញពីរបៀបវារៈសកម្មភាពក្រុងអាឌីសអាបេបា (Addis Ababa Action Agenda) និងសារសំខាន់នៃការបំពេញតាមការសន្យាផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដោយប្រទេសអភិវឌ្ឍន៍។
  3. នាយករដ្ឋមន្ត្រីឥណ្ឌាបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់កម្ពុជា ក្នុងការចូលរួមក្នុងសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ (International Solar Alliance)។ ថ្នាក់ដឹកទាំងពីរបានឯកភាពពិនិត្យលទ្ធភាព ដើម្បីធ្វើកិច្ចសហប្រតិបត្តិការថែមទៀត ក្នុងវិស័យថាមពលព្រះអាទិត្យ។ ឥណ្ឌាក៏បានអញ្ជើញកម្ពុជាចូលរួមក្នុងសន្និសីទស្ថាបនិកនៃ​សម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងញូវដែលី។
  4. នាយករដ្ឋមន្ត្រីឥណ្ឌាបានបង្ហាញពីការប្តេជ្ញារបស់ឥណ្ឌាក្នុងការបន្តភាពជាដៃគូអភិវឌ្ឍន៍ ក្នុងវិស័យជាអាទិភាពរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីនេះ ឥណ្ឌានឹងបង្កើនចំនួនគម្រោងទទួល ផលឆាប់រហ័សប្រចាំឆ្នាំនៅប្រទេសកម្ពុជាពីចំនួន ០៥ ទៅ​ ១០។​ ឥណ្ឌានឹងជួយក្នុងការបង្កើតមជ្ឈមណ្ឌលវិស័យព័ត៌មានវិទ្យាដ៏ល្អប្រសើរ និងសេវាកម្មទ្រទ្រង់វិស័យព័ត៌មានវិទ្យា។​ ភាគីទាំងពីរបានឯកភាពគ្នាអំពីការផ្តល់ឥណទានសម្បទានចំនួន២០លានដុល្លាអាមេរិកដោយឥណ្ឌា សម្រាប់ការសាងសង់ខ្សែបញ្ជូនអគ្គិសនីនៅកម្ពុជា ហើយឯកភាពគ្នារៀបចំការចុះហត្ថលេខាក្នុងអនាគតដ៏ខ្លីខាងមុខ។ រដ្ឋាភិបាលឥណ្ឌាក៏បានលើកពីបំណងចង់ផ្តល់ឥណទានបន្ថែមសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានក្នុងវិស័យសុខាភិបាល​(បង្កើត​​​មន្ទីរពេទ្យឯកទេសកម្រិតខ្ពស់) និងការតភ្ជាប់ (ផ្លូវថ្នល់ ផ្លូវដែក និងឌីជីថល)។
  5. នាយករដ្ឋមន្ត្រីកម្ពុជា​ ក្រោយពីបានទស្សនាមជ្ឈមណ្ឌលអភិបាលកិច្ចតាមប្រព័ន្ធព័ត៌មានវិទ្យា (E-Governance) របស់ក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មាន បានសម្តែងការពេញចិត្តនឹងកម្មវីធីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានរបស់ឥណ្ឌាក្នុងវិស័យកសិកម្ម។ នាយករដ្ឋមន្ត្រីឥណ្ឌា បានលើកពីឆន្ទៈរបស់ឥណ្ឌាក្នុងការជួយប្រទេសកម្ពុជា​ ខាងផ្នែកកម្មវីធីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងវិស័យកសិកម្ម ក្នុងនោះរួមមានធ្វើប័ណ្ណស្តីពីគុណភាពដីសម្រាប់កសិករ​ និងបង្កើតទីផ្សារកសិកម្មអេឡិចត្រូនិចជាតិ។​
  6. បន្ទាប់ពីចប់ការសន្ទនាកំរិតថ្នាក់គណៈប្រតិភូ នាយករដ្ឋមន្រ្តីទាំងពីរ​បានធ្វើជាសាក្សី ក្នុងការពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដូចខាងក្រោម៖

ក.   អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស

ខ.   សន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ

គ.   កម្មវិធីផ្លាស់ប្តូរវប្បធម៌

ឃ.  កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៦,៩២ លានដុល្លារអាមេរិកសម្រាប់គម្រោង  អភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។

  1. នាយករដ្ឋមន្ត្រីកម្ពុជាបានស្វាគមន៍ការបន្តគាំទ្ររបស់ឥណ្ឌា ចំពោះការកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅផ្ទៃក្នុងប្រទេស និងរវាងរដ្ឋជាសមាជិកអាស៊ាន ដោយពង្រឹងការកសាងសមត្ថភាព ចែករំលែកជំនាញបច្ចេកទេស តាមរយៈការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍គម្រោង គម្រោងទទួលផលឆាប់រហ័ស(QIP) ក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម កម្មវិធីអាហារូបករណ៍ បណ្តុះបណ្តាល  ជំនួយឥតសំណង  និងគម្រោងឥណទាន ក៏ដូចជាការគាំទ្រផែនការសកម្មភាពដើម្បីអនុវត្តគំនិតផ្តួចផ្តើមសមាហរកម្មអាស៊ាន តំណាក់​ កាល III។ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានស្វាគមន៍ផងដែរ ដែលក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ប្រទេសឥណ្ឌាបានស្នើទទួលអនុវត្តគម្រោងសាកល្បងសី្តពីការតភ្ជាប់នៅជនបទ ដែលនឹងនាំទៅរកការបង្កើតភូមិឌីជីថល នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។​ ក្នុងបរិបទនេះ នាយករដ្ឋមន្ត្រីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌា​ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
  2. នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី និងប្រជាជនឥណ្ឌាដែលបានផ្តល់ការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដល់គណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ។ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានអបអរសាទរផងដែរ ដល់នាយករដ្ឋមន្ត្រី ម៉ូឌី ចំពោះការបញ្ចប់ដោយជោគជ័យនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងសូមជូនពរឲ្យប្រជាជន ឥណ្ឌាទទួលបានជោគជ័យធំធេងក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងគោលនយោបាយសំខាន់ៗដែលត្រូវបានដាក់ចេញក្នុងអំឡុងពេល៣ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់នាយករដ្ឋមន្ត្រី ម៉ូឌី។
  3. សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសូមស្នើអញ្ជើញនាយករដ្ឋមន្ត្រី ម៉ូឌី ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងពេលវេលាសមស្របរបស់ភាគីទាំងពីរ។ នាយករដ្ឋមន្ត្រី ម៉ូឌី បានសម្តែងអំណរគុណ និងទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចតបវិញនាពេលអនាគត ដើម្បីពង្រឹងថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

Download (PDF, 840KB)

ចែករំលែក