សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៧)

CNV: 

  • សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
  • គណៈចាងហ្វាងជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃសាសនិកឥស្លាម
  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
  • សមាជិក សមាជិកានៃអង្គមីទ្ទិញ និងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !

ថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ២០១៧ នេះ គឺជាថ្ងៃគម្រប់ខួប ៦៦ ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដើម្បីដឹកនាំការតស៊ូដណ្តើមឯករាជ្យពីពួកអាណានិគមនិយម ជូនជាតិ មាតុភូមិ និងប្រជាជន។ ចាប់តាំងពីថ្ងៃបដិសន្ធិរហូតមកដល់ពេលនេះ គឺមានរយៈពេល ៦៦ ឆ្នាំហើយ ដែលគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ឥតប្រែប្រួល នូវសារជាតិរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តយ៉ាងច្រើនជូន​ជាតិ។ ប្រការនេះហើយដែលធ្វើឲ្យប្រជាជនគាំទ្រ និងផ្តល់នូវតួនាទីដឹកនាំប្រទេសដល់គណបក្សប្រជាជនកម្ពុជា ក្នុង រយៈពេលជាង ៣៨ ឆ្នាំ មកនេះ ។

យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនយ៉ាងច្រើនឥតគណនា ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកប​ដោយវីរភាព​ដ៏​ខ្ពង់ខ្ពស់នៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពដែនដី និងវឌ្ឍនភាព​នៃមាតុភូមិកម្ពុជា ។ ខួបអនុស្សាវរីយ៍នេះ ក៏បានប្រព្រឹត្តឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា​កំពុង​មាន​សន្តិភាព​ពេញលេញ មានស្ថិរភាពនយោបាយរឹងមាំ មានការអភិ​វឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ និង​ស្របពេលដែលប្រជាជនកម្ពុជា កំពុងអបអរសាទរចំពោះជោគជ័យ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤ កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញូ​តា​ធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបាន និងកំពុងគង់ប្រថាប់ក្នុងព្រះបរម​សិរី​រាជ​សម្បត្តិ និងជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរគ្រប់ៗរូប។ សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិ ជាទីសក្ការៈ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះ​បញ្ញា​ញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តខ្មែរគ្រប់ៗរូប​ជារៀង​ដរាប។

រយៈពេល ៦៦ ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្រ្តយ៉ាងច្រើន ទាំងដំណាក់​កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះ​ថ្នាក់​ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់​ជានិច្ច​នូវ​គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អាព្យាក្រឹត និង​វឌ្ឍន​ភាពសង្គម។ ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោ​បាយតែមួយគត់ដែលបានក្រោកឈរតស៊ូ ដឹកនាំប្រ​ជាជនធ្វើការប្រយុទ្ធផ្តួលរំលំរបបដ៏យង់​ឃ្នងនេះឲ្យដួលរលំនៅថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ សង្គ្រោះប្រជា​ជាតិ​ឲ្យរស់ឡើងវិញបានទាន់ពេលវេលា។ មហាជ័យជម្នះ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំ​ផុត​របស់កម្ពុជា និងបានបើកឡើងនូវសករាជថ្មី ដែលពោរពេញដោយពន្លឺ និងក្តីសង្ឃឹម។ ប្រជាជនកម្ពុជា ទាំង​អ្នកធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ ក៏ដូចយុវវ័យជំនាន់ក្រោយ តែងចងចាំជានិច្ចនូវ​​អត្ថន័យដ៏ធំ​ធេង​នៃជ័យជម្នះជាប្រវត្តិសាស្រ្តនេះ។

រយៈពេលជាង ៣៨ ឆ្នាំ នៃសករាជថ្មីនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំក្នុងការការពារជាតិ និង​ការ​ស្តារ ​កសាងប្រទេសឡើងវិញពីលេខសូន្យនៅក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង ហើយថែម​ទាំង​ត្រូវគេហ៊ុមព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ចពីខាងក្រៅយ៉ាងអមនុស្សធម៌ និងអយុត្តិធម៌ថែមទៀត។ ទោះបីត្រូវឆ្លងកាត់នូវឧបសគ្គធំៗ និងការលំបាករាប់ម៉ឺនជំពូកយ៉ាងណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា បានរក្សាការពារនូវបុព្វហេតុដ៏ត្រឹមត្រូវរបស់ខ្លួនជានិច្ច ដោយបានទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍​ដ៏យង់​ឃ្នងអាចវិលត្រឡប់មកវិញ ការពារនូវការរស់ឡើងវិញរបស់ប្រជាជាតិ , បាននាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរី​ភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុលពត, បានស្តារ និង​កសាងវិស័យសេដ្ឋកិច្ច សង្គមកិច្ចឲ្យមានការប្រែប្រួល និងរីក​ចម្រើនជាបន្តបន្ទាប់ ធ្វើឲ្យជីវភាពរស់នៅរបស់​ប្រ​ជា​ជនមានស្ថិរភាពជាជំហានៗ។ លើមូលដ្ឋានប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិទាំងមូល គណ​បក្សប្រជាជនកម្ពុជាបានផ្តួចផ្តើមនូវការចរចាស្វែងរក​​​សន្តិភាព និងការបង្រួបបង្រួមជាតិដើម្បីបញ្ចប់សង្រ្គាមផ្ទៃ​ក្នុងដ៏រ៉ាំរ៉ៃ ដែលនៅតែបន្តគំរាមកំហែងដល់​ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងជាឧបសគ្គ ក្នុងការអភិវឌ្ឍប្រ ទេសជាតិ។ បើគ្មានគណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលរបស់ជាតិក្នុងដំណើរការស្វែងរកសន្តិភាព និងការ បង្រួមបង្រួមជាតិទេនោះ គឺពិតជាពុំអាចមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយបញ្ហាកម្ពុជា នាថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ឡើយ ដូច្នេះក៏ពុំអាចមានរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និងព្រះរាជាណាចក្រ​​កម្ពុជាទី ២ បច្ចុប្បន្ននេះបានដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលគ្មានអ្នកណាអាចបំភ្លៃបាន។ ប៉ុន្តែ សង្រ្គាមទើបនឹង ត្រូវបានបញ្ចប់ទាំងស្រុង គឺតាមរយៈនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យអង្គ ការចាត់តាំងរបស់ពួកឧទ្ទាមខ្មែរក្រហម ត្រូវរលំរលាយទាំងស្រុងទាំងខាងនយោបាយ និងយោធា បង្កើតបាន សន្តិភាពពេញលេញនៅទូទាំងប្រទេស មានការឯកភាពជាតិ និងឯកភាពទឹកដី ចាប់ពីចុងឆ្នាំ ១៩៩៨ មក។ សន្តិភាពបានផ្តល់ឱកាសដ៏ថ្លៃថ្លាបំផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជា ដើម្បី​​អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពរបស់នៅរបស់ខ្លួន ។

ក្រោមពន្លឺនៃសន្តិភាព ក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗ ជាវិជ្ជមានប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចសង្គមកិច្ច។ តាមរយៈ​កំណើន សេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងការបែងចែកផ្លែផ្កានៃកំណើននេះប្រកប​ដោយសមធម៌ ភាពក្រីក្ររបស់ ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។ ជីវភាពរស់នៅរបស់ប្រជាជនជាទូទៅ​ត្រូវបានលើកកម្ពស់កាន់តែប្រ​សើរ​ឡើង។ កម្ពុជាបានចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេស​មានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កម្ពុជាកំពុងចូលរួមដោយស្មើភាព និង​ស្មើ​សិទ្ធិក្នុងកិច្ចការអន្តរជាតិ កម្ពុជាដែលពីមុនជាប្រទេសទទួលយកកងរក្សាសន្តិភាពរបស់អង្គការសហប្រជា​ជាតិ ឥឡូវ គឺជាប្រទេសគំរូមួយដែលបានបញ្ជូន​​​កងកម្លាំងរបស់ខ្លួនចូលរួម ក្នុងកងកម្លាំងរក្សាសន្តិភាពរបស់​អង្គការសហប្រជាជាតិនៅប្រទេសជាច្រើន។

លើមូលដ្ឋានសមិទ្ធផលធំៗទាំងអស់នេះ យើងអាចបញ្ជាក់បានថា អតីតកាលប្រកបដោយការ​ភ័យ​ខ្លាច, សោកនាដកម្ម , ការបែកបាក់ជាតិ និងការបាត់បង់គ្រប់បែបយ៉ាង ដែលប្រជាជនយើងធ្លាប់បាន​ជួបប្រទះ​កន្លងមក ត្រូវបានបញ្ចប់ហើយ។ បច្ចុប្បន្ននេះ ប្រជាជនយើងកំពុងរស់នៅលើមាតុភូមិរបស់ខ្លួនដែលមាន​សន្តិភាព​ពេញលេញ មានភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេស​សម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រពីប្រជាជននៅ​ទូទាំងប្រទេស មានកាតព្វកិច្ចបន្តថែរក្សាការពារយ៉ាងដាច់ខាតនូវរាល់សមិទ្ធផល ​នៃសង្គមជាតិឲ្យ​គង់វង្សស្ថិត​ស្ថេរ និងរីកចម្រើនបន្តទៀត ដោយមិនអនុញ្ញាតឲ្យកម្លាំងនយោបាយ ឬមជ្ឈដ្ឋានអមិត្តណាមកបំផ្លិចបំផ្លាញទៅ​វិញ​​បានឡើយ។

ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ ពិតជាបានឆ្លុះបញ្ចាំងពីការដឹកនាំដ៏រឹងមាំរបស់គណបក្សប្រជាជន​កម្ពុជា ដែលមានកម្មវិធីនយោបាយត្រឹមត្រូវ,​ មានការគាំទ្រដ៏ទូលំទូលាយពីប្រជាជន មន្រ្តីរាជការ និងកងកម្លាំង​គ្រប់​​ប្រភេទ, មានវិន័យម៉ឺងម៉ាត់ និងរបៀបរបបធ្វើការម៉ត់ចត់, មានធនធានមនុស្សដ៏ច្រើនកុះករប្រកបដោយ​គុណធម៌ សមត្ថភាព និងមនសិការទទួលខុសត្រូវ និងមានសាមគ្គីភាព ឯកភាព​ផ្ទៃក្នុងយ៉ាងរឹងមាំ។ ទាំងអស់​នេះក៏ជាកត្តា​នៃជ័យ​ជម្នះផង និងជាមេរៀនពិសោធន៍នៃការដឹកនាំរបស់គណបក្សផង ដែលគណបក្សទាំងមូល​ត្រូវ​ក្តាប់ឲ្យជាប់ ហើយខិតខំពង្រឹងពង្រីកថែមទៀត ដើម្បីកាន់​តែ​ទទួលបាននូវការគាំទ្រ និងការជឿទុកចិត្តពីប្រ​ជា​ជន។

នៅក្នុងដំណើរទៅមុខរបស់ប្រជាជាតិយើងនេះដែរ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ៤ កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាស​នយោ​បាយ អព្យាក្រឹត សេរី និងប្រកបដោយសុខសុវត្ថិភាព។ ប្រជាពលរដ្ឋដ៏ច្រើនកុះករបានទៅបោះឆ្នោតតាមការិយា​​ល័យ​នីមួយៗ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមូលដ្ឋានរបស់ខ្លួន។ ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចប្រជាជនទូទាំងប្រទេសបានវាយតម្លៃថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។ ជោគជ័យនៃដំណើរការបោះឆ្នោតនេះ គឺជាសមិទ្ធផលជាប្រវត្តិ​សាស្រ្តថ្មីមួយទៀតរបស់ប្រជាជនកម្ពុជា ក្នុង​​ការពង្រឹងសន្តិភាព មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តទៅមុខ​ទៀត។

ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤ នេះ កាន់តែបានបញ្ជាក់ឲ្យឃើញច្បាស់ថែមទៀតថា ប្រជាជនកម្ពុជាត្រូវការតួនាទីដឹកនាំរបស់​​គណ​​បក្ស​ប្រជាជនកម្ពុជា ដើម្បីធានាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រ​ទេសជាតិ​តទៅមុខទៀត។ ឆ្លងតាមជ័យជម្នះនេះ បានធានាឲ្យគណបក្សប្រជាជនកម្ពុជា​មាន​មូលដ្ឋានរឹងមាំសម្រាប់​ឈាន​​ទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​​ទី ៤ នៅដើមឆ្នាំ ២០១៨ និង​ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ នៅខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខ ហើយបានធ្វើឲ្យបរា​ជ័យ​ទាំងស្រុងនូវការប៉ុនប៉ងរបស់មជ្ឈដ្ឋានអគតិមួយចំនួន ដែល​ចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។ ក្នុង​នាម​គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តា​ល ខ្ញុំសូម​សម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅបំ​ផុត​ជូនសមាជិក សមាជិកាគណបក្ស យុវជន និងបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានជំនឿមុតមាំលើ​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន​លើស​លប់។ ឆ្លើយតបទៅនឹងជំនឿទុក​ចិត្តនេះ គណបក្សសូមប្តេជ្ញាបន្តខិតខំប្រឹងប្រែងពេញទំហឹងក្នុងការអនុវត្ត​គោលនយោ​បាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួច​ហើយ​នោះ ឲ្យបានសម្រេចជោគជ័យ ធ្វើឲ្យឃុំសង្កាត់នៅទូទាំងប្រទេសមានសាមគ្គីភាព មានសន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាពកាន់តែរឹងមាំ មានការអនុវត្តច្បាប់ដោយស្មើភាព មានសេវាសាធារណៈល្អ មានហេដ្ឋា​រចនាសម្ព័ន្ធគ្រប់គ្រាន់ មានសន្តិសុខស្បៀង សន្តិសុខទឹក និងសន្តិសុខអគ្គិសនី និងមានការរីក​ចម្រើនខាង​សេដ្ឋកិច្ចសង្គមកិច្ច។

គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិទាំងមូល ដោយមិនប្រកាន់​អំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿ សាសនា ដើមកំណើតជាតិ និងឋានៈសង្គម ដើម្បីរួមកម្លាំងគ្នាការ​ពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឲ្យបានគង់វង្ស បន្តកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមាន​ការរីក​ចម្រើនដូចប្រទេសនានានៅក្នុងតំបន់ ដែលប្រកបដោយសន្តិភាព អរិយធម៌ និងសេចក្តីស្រឡាញ់ ហើយពុំមាន​ការកើតមានឡើងវិញនូវសង្រ្គាម របបប្រល័យពូជសាសន៍ និងការបែកបាក់ជាតិដូចពីអតីតកាលទៀត ដើម្បីឲ្យ​ប្រ​ជា​ជនបានរស់នៅប្រកបដោយសុភមង្គល សុខដុមរមនា។

ឈរលើគោលការណ៍នេះ គណបក្សប្រជាជនកម្ពុជា ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោ​បាយ​របស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្តដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ យើងប្រឆាំងដាច់ខាតចំពោះ​ទង្វើលាបពណ៌ ជេរប្រទេច មួលបង្កាច់ការពិត ប្រមាថមើល​ងាយ​មកលើគណបក្សប្រជាជនកម្ពុជា ដែលជាទង្វើមានគោលបំណងញុះញង់ បំបែកបំបាក់ជាតិ បង្កភាពវឹក​វរ​ក្នុងសង្គម ដែលនឹងរុញច្រានប្រទេសជាតិឲ្យធ្លាក់ក្នុងកលយុគជាថ្មីទៀត។

គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាកសាង ពង្រឹងខឿនការពារជាតិរបស់ប្រជាជន និងខឿនសន្តិសុខជាតិ​ឲ្យកាន់តែរឹងមាំ, ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរីពហុ​បក្ស, ពង្រឹងការគោរពអនុវត្តច្បាប់ និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប, រាំងស្កាត់និទ្ទណ្ឌភាព និងអំពើហិង្សា​គ្រប់រូបភាព។ ក្នុងន័យនេះ គណបក្សបន្តជំរុញការអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោ​បា​យ និងយុទ្ធសាស្រ្ត​ចតុ​កោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល ជាពិសេស បន្តជំរុញកំណែទម្រង់រដ្ឋ និងការអនុវត្តគោលនយោ​បាយនានាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពង្រឹងវិធានការលុបបំបាត់បាតុភាព​​អសកម្មផ្សេង​ៗក្នុងសង្គម ដើម្បី​ឆ្លើយតបឲ្យបានទៅនឹងសំណូមពរ បំណងប្រាថ្នា និងកង្វល់ផ្សេងៗរបស់ប្រជាជន។

គណបក្សបន្តពង្រឹងកិច្ចសហការយ៉ាងស្មោះស ជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល​នានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដ ក្នុងគោលបំណងថែ​រក្សានូវបរិយាកាសនយោបាយល្អប្រសើរប្រកប​ដោយចីរភាព ជាពិសេសបរិយាកាស ឆ្ពោះទៅកាន់ការបោះឆ្នោត​ជាតិ​នាឆ្នាំ ២០១៨ ខាងមុខ និងបង្កើននូវជំនឿទុកចិត្តរបស់អ្នកវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងស្មារតីនេះដែរ គណបក្សប្រជាជន​កម្ពុជាមានជំនឿថា បណ្តាប្រទេស និងអង្គការអន្តរជាតិទាំង​ឡាយ នឹងបន្តគោរពយ៉ាងត្រឹមត្រូវពិតប្រាកដ​ចំពោះ​ឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គោរពសិទ្ធិស្វ័យសម្រេច និង​ឆន្ទៈរបស់ប្រជាជនកម្ពុជាដែលចង់រស់នៅដោយសន្តិភាព មិត្តភាព ភាតរភាព និងសហប្រតិបត្តិការ​ជា​មួយប្រជាជាតិទាំងអស់នៅលើពិភពលោក។

នៅក្នុងឱកាសដ៏មហោឡារិកនេះ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្នាក់ដឹកនាំនៃ​គណ​បក្ស​ប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមអំពាវនាវដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនជនរួមជាតិ​ទាំងអស់ សូមបន្តរួបរួមគ្នាជាធ្លុងមួយក្នុងមហាគ្រួសារតែមួយ និងក្រោមដំបូលរដ្ឋធម្មនុញ្ញ​តែមួយ ដើម្បីបន្តថែ​រក្សា និងពង្រីករាល់សមិទ្ធផលនៃសង្គមជាតិ ជាពិសេសថែរក្សានូវសន្តិភាព ដែល​ជាសមិទ្ធផលដ៏ធំធេង បំ​ផុត​មិនអាចកាត់ថ្លៃបាន ឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូត។ ​យើងត្រូវចងចាំថា ការបែកបាក់ជាតិ និងសង្រ្គាមផ្ទៃ​ក្នុង​ដ៏រ៉ាំរ៉ៃដែលមានមូលហេតុចម្បងបណ្តាល​មកពីកំហុសដ៏ធ្ងន់ធ្ងរបំផុតក្នុងការ​ដឹកនាំខាងនយោបាយ​ពីអតីត​កាលដែលគិតតែមហិច្ឆតាផ្ទាល់ខ្លួន មិនគិតផលប្រយោជន៍ជាតិ និងប្រជាជន បានធ្វើឲ្យប្រជាជាតិ​យើង​ទទួល​រងនូវគ្រោះមហន្តរាយ និងត្រូវបាត់បង់​   ឱកាសរាប់សិប​ឆ្នាំក្នុងការកសាងប្រទេស ដូច្នេះ យើងមិនត្រូវ​ភ្លេច​ខ្លួនដើរជាន់ដានអតីតកាលដ៏ឈឺចាប់នេះជាថ្មីទៀតឡើយ។ យើងត្រូវខិតខំដណ្តើមយកមកវិញនូវពេល​វេ​លា​ដែលយើងបានបាត់បង់ ។ ក្នុងដំណើរទៅមុខទៀតនេះ រាល់អង្គការចាត់តាំងរបស់គណបក្ស ក៏ដូចមន្រ្តី​គណ​បក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែលើកកម្ពស់ភាពជាគំរូល្អក្នុងការបន្តអនុវត្តគោលការណ៍ និងគោលនយោ​បាយ​របស់រាជរដ្ឋាភិបាល ស្របតាមអភិក្រម “ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ” ។ ត្រូវខិតខំពង្រីក​អំ​ពើល្អ ហើយពុះពារកម្ចាត់ឲ្យខាងតែបាននូវភាពអសកម្មទាំងឡាយ មិនទុកឲ្យវាមកបំផ្លាញបុព្វហេតុ​ដ៏ឧត្តុង្គឧត្តម​របស់គណបក្សបានឡើយ។ គប្បីយល់ឲ្យច្បាស់ថា «ប្រជាជនមានជំនឿលើការដឹកនាំរបស់គណបក្ស គណ​បក្ស​មាន​កាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់ចំពោះប្រជាជនវិញ»។ នេះជាទំនាក់ទំនងផ្សារភ្ជាប់រវាងគណបក្ស និងប្រ​ជា​ជន ។ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤ កន្លងមកនេះ គឺពិតជា​មូល​ដ្ឋាន​ដ៏រឹងមាំ និងបានផ្តល់នូវមេរៀនពិសោធន៍ដ៏មានតម្លៃសម្រាប់​គណបក្ស​យើង ពង្រឹងសកម្មភាពឆ្ពោះ​ទៅ​កាន់ជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ នៅឆ្នាំ ២០១៨ ខាងមុខនេះ ។

(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)

ជោគជ័យរបស់គណបក្សប្រជាជន គឺបានមកពីការទុកចិត្តរបស់ប្រជាជន

សម្ដេចព្រះសង្ឃនាយក,
គណៈចាងហ្វាងជាន់ខ្ពស់នៃសាសនិកឥស្លាម,
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

អង្គមីទ្ទិញទាំងមូល បន្ថែមលើសុន្ទរកថាដែលបានគ្រោងទុក ខ្ញុំចង់យកឱកាសនេះ ដើម្បីថ្លែងទៅកាន់អង្គមីទ្ទិញ ក៏ដូចជាបងប្អូនជនរួមជាតិ​ ជាពិសេសសមាជិក សមាជិកានៃគណបក្សប្រជាជនទាំងអស់ ដែលបានបោះ​ឆ្នោត​ជូនគណបក្សប្រជាជនដ៏ច្រើនលើសលុប លើសជាង ៥០% នៃសន្លឹកឆ្នោត។ នេះគឺជាជោគជ័យដ៏ធំមួយ។ (ឆ្លើយតបចំពោះ)ការ​ទុកចិត្តរបស់ប្រជាជន យើងត្រូវតែផ្ដល់ជូនប្រជាជននូវការទទួលខុសត្រូវ សម្រាប់ជីវភាព ក៏ដូចជាការកសាងនូវមូលដ្ឋាន ជាពិសេសតាមរយៈនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់គ្រួសារ។

មន្រ្តីបក្ស និងគណបក្ស ធ្វើសកម្មភាពរក្សាសន្ដិភាព ការអភិវឌ្ឍ និងផ្ដល់ផលប្រយោជន៍ជូនប្រជាជន

ចំណុចនេះ ទាមទារអោយមន្រ្តីបក្សគ្រប់រូប និងគណបក្សគ្រប់ជាន់ថ្នាក់ទាំងអស់ធ្វើសកម្មភាពព្រមៗគ្នា ដើម្បី​ឈានឆ្ពោះទៅមុខ។ មិនអាចទទួលរង់ចាំស៊ីផលពីអ្វីដែលពីអតីតកាលនៃមោទនភាពរបស់យើងនោះទេ។ យើង​បានដាក់ចូលរួចមកហើយនូវ​គោលដៅដែលយើងចង់ទៅ។ មានគ្រប់ផ្នែកទាំងអស់ ទាក់ទងទៅតាមវិស័យ និង​អនុវិស័យ។ គណបក្សមិនអាចបោះបង់ចោលនូវមោទនភាពដែលខ្លួនបានធ្វើចំពោះសន្ដិភាព​ និងការអភិ​វឌ្ឍ​នោះ​ទេ។ គណបក្សយើងបានចាប់ផ្ដើមយកជីវិតធ្វើដើមទុន ដើម្បីសង្រ្គោះប្រទេស ធ្វើអោយមានការប្រែប្រួល​ជា​សារវ័ន្ត ពីរបបប្រល័យពូជសាសន៍ មកកាន់ការរស់រានមានជីវិតឡើងវិញ ពីសង្រ្គាមទាំងស្រុង ហើយ​ឆ្លងកាត់​សង្រ្គាមផង និងសន្ដិភាពផង ឆ្លងកាត់ដំណាក់កាលសង្រ្គាមទាំងស្រុង និងដំណាក់កាលវាយ(គ្នា)ផង និងចរចា​ផង ឆ្លងកាត់នូវការអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងចុងក្រោយ គឺការអនុវត្តនយោបាយឈ្នះឈ្នះ ដែល​នាំ​មកនូវការឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរាប់រយ ឬរាប់សិបឆ្នាំ(នៅកម្ពុជា)។ យើងមិនអាច​អោយអ្វីដែលយើងបានខិតខំ(សម្រេចបាន)នេះ របូតចេញផុតពីដៃរបស់យើងនោះទេ។ (ទំាងនោះ)គឺជាផល​ប្រ​យោជន៍របស់ប្រជាជន។ យើងបានកសាងប្រទេសពីបាតដៃទទេ ពីភាពក្រីក្រ ១០០% មកកាន់ដំណាក់​កាលថ្មី​មួយ ដែលភាពក្រីក្រ(ស្ថិត)ក្នុងរង្វង់ ១៣%។ យើងបានប្រឹងប្រែងនាំប្រទេសពីការអភិវឌ្ឍតិចតួច មកកាន់ប្រ​ទេស​ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ​និងមានគោលដៅជាក់លាក់ឆ្ពោះទៅ​រកប្រទេសដែល​មានការ​អភិវឌ្ឍ មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ដាក់ចេញគោលនយោបាយលើគ្រប់វិស័យ ដើម្បីអនាគតយុវជនបច្ចុប្បន្ន

យើងមានគោលនយោបាយដែលបានដាក់ចេញគ្រប់ផ្នែក គ្រប់វិស័យដែលក្នុងនោះ គោលនយោបាយលើ​វិស័យ​ឧស្សាហកម្ម វិស័យកសិកម្ម គោលនយោបាយទាក់ទងនឹងការងារដែលត្រូវស្វែងរកពង្រីកលំហ ដើម្បីអនាគត​យុវ​ជន​របស់យើង។ សាលារៀនត្រូវបានកសាងនៅលើទឹកដីនេះ។ នោះហើយ គឺជាការរៀបចំអនាគតរបស់​យុវ​ជន​របស់យើង។ យុវជនបច្ចុប្បន្ន មានភ័ព្វវាសនាជាង។ យុវជនជំនាន់មុន ទទួលនូវ​ផលលំបាក​​ពី​សង្រ្គាម ហើយ​ក៏ប្រឈមជាមួយនឹងការស្លាប់ជារៀងរាល់ថ្ងៃនោះទេ។ សុំយកឱកាសនេះ អំពាវនាវអោយយុវជន អោយ​សមា​ជិក សមាជិកា​បន្តសកម្មភាពឆ្ពោះទៅមុខក្នុងនាមជាអ្នកដែលមានមោទនភាពទៅលើសន្ដិភាព ការបង្រួប​បង្រួមជាតិ ជាមួយនឹងការអភិវឌ្ឍប្រទេសជាតិពីគំនរផេះផង់ មកកាន់ប្រទេសដែលកំពុងមានការអភិវឌ្ឍ។

គណបក្សប្រជាជនមានកាតព្វកិច្ចការពារសន្ដិភាព របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ

ទាក់ទិននឹងបញ្ហានេះដែរ យើងមិនអាចទទួលយកបានដាក់ខាតហើយ នូវការជេរប្រទេច ការប្រមាថ ការលាប​ពណ៌។ ខ្ញុំសូមបញ្ជាក់ជូនអ្នកទាំងអស់គ្នាថា ប្រវត្តិសាស្រ្តត្រូវបានអ្នកឈ្នះជាអ្នកសរសេរ។ ដូច្នេះគ្មានឱកាស​អោយអ្នកដទៃ(មិនមែន)ជាអ្នកឈ្នះ សរសេរប្រវត្តិសាស្រ្តនោះទេ។ អ្នកទាំងអស់គ្នាត្រូវចងចាំថា ក្នុងរយៈពេល​ឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ អ្នកសរសេរប្រវត្តិសាស្រ្ត គឺសង្គមរាស្រ្តនិយម។ ពេលនោះ សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គគឺជាព្រះបិតាជាតិ។ ប៉ុន្តែខុសត្រូវតែមួយថ្ងៃប៉ុណ្ណោះ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ លន់ នល់ (បានធ្វើ)រដ្ឋប្រហារបានសម្រេច។ គេក្លាយទៅជាអ្នកឈ្នះ គេក៏ចាប់ផ្ដើមសរសេរប្រវត្តិសាស្រ្តភ្លាមថា សម្ដេចព្រះ នរោត្តម សីហនុ គឺជាជនក្បត់ជាតិ ហើយ លន់ នល់ គឺជាអ្នកស្នេហាជាតិ។

ចំណុចនេះ ចង្អុលបង្ហាញ​អោយ​ឃើញថា មានតែអ្នកឈ្នះទេ ទើបមានសិទ្ធិសរសេរប្រវត្តិសាស្រ្ត។ បើសិនទុក​អោយអ្នកដទៃទទួលជោគជ័យនេះ ច្បាស់ជាជនក្បត់ជាតិ សម សារី ,សឺង ង៉ុកថាញ់, ស៊ីម វ៉ា នឹងក្លាយជា​រដ្ឋ​បុរស ជាវីរៈបុរសជាតិ ហើយសម្ដេច​ព្រះនរោត្តម សីហនុ ជាព្រះបិតាជាតិរបស់យើងទាំងអស់គ្នា និងក្លាយទៅ​ជាជនក្បត់ជាតិសាជាថ្មីម្ដង​ទៀត​។ ក្នុងន័យនេះហើយ ដែលយើងត្រូវដឹងថា យើងមានកាតព្វកិច្ចមិនមែនគ្រាន់​តែ​ជាបញ្ហាការការពារគណបក្ស​របស់​យើងនោះទេ តែយើងមានកាតព្វកិច្ចការពារនូវសន្ដិភាព ការពារនូវរបបរា​ជា​និយមអាស្រ័យធម្មនុញ្ញ ការពារនូវ​រាជ​បល្ល័ង្ក​ ការពារព្រះមហាក្សត្រ នេះជាភារកិច្ចដ៏ធ្ងន់ធ្ងររបស់គណបក្ស ប៉ុន្តែក៏ជាមោទនភាពរបស់គណបក្ស​ដែលបាននិងកំពុងធ្វើ និងបន្តធ្វើ។

ក្រសួងមហាផ្ទៃ ចាត់ការ ការធ្វើបដិវត្តន៍ពណ៌ ក្រោមលេសតាមពិនិត្យមើលការបោះឆ្នោត

… (មាន)បញ្ហាមួយចំនួនដែលត្រូវតែដោះស្រាយនៅពេលខាងមុខនេះ។ អ្វីទៅដែលហៅថា បន្ទប់ស្ថាន​ការណ៍​? ក្នុងប៉ុន្មានថ្ងៃនេះ (បន្ទប់ស្ថានការណ៍នេះ)បានធ្វើអោយអាប់អួរយ៉ាងខ្លាំងជាមួយនឹងលទ្ធផលនៃការបោះឆ្នោត។ បន្ទប់ស្ថានការណ៍បានចុះឈ្មោះនៅក្រសួងមហាផ្ទៃ ឬទេ? នេះ ខ្ញុំនិយាយក្នុងឋានៈជានាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រកម្ពុជា ដែលត្រូវតែអនុវត្តនូវច្បាប់មួយដាច់ខាត។ យើងបានដឹងហើយថា​ អង្គការក្រៅរដ្ឋាភិបាល​មួយៗ​បានចុះឈ្មោះ ប៉ុន្តែ បន្ទប់ស្ថានការណ៍ដែល(បាន)លើកឡើង(នូវមតិ) ដែលខោកក្បាលគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត តើពួកគេមានសិទ្ធិបង្កើតនូវទីតាំងបែបនេះ(ទេ) ឬក៏ទីតាំងបែបនេះ ជាមូលដ្ឋានបញ្ជានៃ​គោល​ការណ៍​បដិវត្តន៍ពណ៌។ ប្រសិនបើយ៉ាងដូច្នោះ ក្រសួងមហាផ្ទៃត្រូវចាត់ការបន្ទាន់ (ចំពោះ)អ្វីដែលពួក​គេ​បាន និងកំពុងធ្វើក្រោមលេសតាមពិនិត្យមើលនៃការបោះឆ្នោត។ លទ្ធផលនៃការបោះឆ្នោត​ត្រូវបានស្វាគមន៍​ដោយ​ប្រជាជាតិ។ លទ្ធផលនៃការបោះឆ្នោតត្រូវបានស្វាគមន៍បណ្ដាបក្សនយោបាយជាច្រើន។ លទ្ធផលនៃការ​បោះឆ្នោតត្រូវបានសង្កេត ទទួលយក ពិនិត្យមើលដោយវាយតម្លៃខ្ពស់ពីអ្នកសង្កេតជាតិ និងអន្តរ​ជាតិ។

តើអ្នកទោសអាចផ្សារភ្ជាប់ខ្លួននឹងបក្សនយោបាយឬទេ?

ប៉ុន្តែ (អ្នកទាំងនោះ)ដៃម្ខាងប្រកាសជោគជ័យរបស់ខ្លួន ឯដៃម្ខាងទៀតបែរជាវ៉ៃប្រហារមកលើគណបក្សប្រជាជន មកលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដូច្នេះ តើអ្វីពិតប្រាកដនៅទីនេះ? សូមធ្វើឲ្យជាក់លាក់ ហើយ​ខ្ញុំ​ក៏សុំយកឱកាសនេះបញ្ជាក់ បើវាមិនច្បាស់ យើងត្រូវធ្វើឲ្យច្បាស់។ តើអ្នកទោសមានសិទ្ធិនឹងផ្សារភ្ជាប់ខ្លួន​ជា​មួយនឹងបក្សនយោបាយឬទេ? ប្រសិនបើវាមិនគ្រប់គ្រាន់ យើងត្រូវធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត អំពីបក្ស​នយោបាយ ដែលមុននេះ មិនតម្រូវឲ្យអ្នកទោសទទួលតួនាទី និងឋានៈណាមួយនៅក្នុងគណៈនាយក ឬប្រធាន​បក្សនោះទេ។ ប៉ុន្តែ ឥឡូវនេះ ការចេញមុខរបស់មនុស្សដែលគ្មានការអៀនខ្មាស តើចំណោទខាងផ្លូវច្បាប់​វា​យ៉ាង​ម៉េច? អ្នកទោសតែងបាត់បង់សិទ្ធិបោះឆ្នោត។ ហេតុអ្វីអ្នកទោសបែរក្លាយទៅជាអ្នកដែលបង្កសង្គ្រាមឥត​ចេះ​ឈប់?

ខ្ញុំស្នើសមាជិក/ជិកា នៃសមាជិកសភារបស់គណបក្សប្រជាជនពិនិត្យមើល អាចស្នើសុំធ្វើវិសោធន​កម្មច្បាប់ស្តីពី​គណបក្សនយោបាយ ដែលកុំឲ្យអ្នកទោសធ្វើសកម្មភាពតាមរបៀបនេះ។ នេះគឺជារឿងផ្លូវ​ច្បាប់​មិនអាចលេង​សើច​បានទេ នៅក្នុងដំណើរការប្រជាធិបតេយ្យ។ យើងមិនបានខ្លាចអ្នកទេ ក៏ប៉ុន្តែ យើងមិនចង់ឲ្យអ្នកមកច្របូក​ច្របល់ជាមួយនឹងអ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិ។ បើអ្នកចិត្តសឿង អញ្ជើញមក។ ទ្វារបើកចំហរួច ហើយ។​ មុននេះ បានប្រកាស(ថា) បើកទ្វារភ្លាម ទៅភ្លាម។ ទោះបីជាប់គុកក៏ដោយចុះ ឬក៏ស្លាប់។ តែឥឡូវ បានបញ្ជាក់ពីលេសនេះ លេសនោះ។ ងមិនអាចទទួលយកបាននូវការដែលគេជេរប្រមាថគណបក្សរបស់យើង ដែលម្សិលមិញនេះ អ្នកនាំពាក្យគណបក្យប្រជាជនអត់ធ្មត់លែងកើត។

មិនអនុញ្ញាតឲ្យមានការឡាំប៉ា ក្រោយប្រកាសលទ្ធផលបោះឆ្នោតតទៅទៀត

ខ្ញុំគិតថា យើងទាំងអស់គ្នាត្រូវគោរពច្បាប់ ហើយសុំកុំយកតែកៅអី និងប្រាក់ខែ តែត្រូវយកលទ្ធផលនៃការបោះ​ឆ្នោត​កន្លង​ទៅ។ ពេលណាក៏ឡាំប៉ាៗ ដូច្នេះ យើងមិនអនុញ្ញាតឲ្យមានរបៀបនេះតទៅទៀតទេ។ សូមសម្តេច​ក្រ​ឡាហោម ស ខេង ពិនិត្យបញ្ហាទី ១ បន្ទប់ស្ថានការណ៍ស្របច្បាប់ឬទេ? បើមិនស្របច្បាប់ អ្នកឯងធ្វើកន្លងទៅ ត្រូវទទួលទោសបែបណា ក្នុងពេលដែលប្រទេសរបស់យើងមានច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល។ បន្ទប់ស្ថានការណ៍ជាមួយនឹងបក្ស គឺដើរស្របគ្នាជាមួយនឹងសេចក្តីថ្លែងការណ៍ដែលបានចេញមក។

សូម្បីតែ​គណៈ​កម្មការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ហើយថា ប្រសិនបើស្ថានីយទូរទស្សន៍ណាមួយ ឬវិទ្យុ​ណា​មួយ ជួលឲ្យគណបក្សណាមួយ ត្រូវជួលឲ្យគណបក្សដទៃទៀត។ គណបក្សប្រជាជនបានជួល(ទូរទស្សន៍)​យ៉ាង​​ច្រើន ដើម្បីផ្សាយនូវពេលបិទយុទ្ធនាការបោះឆ្នោត។ ខ្លូនឯងមិនបានមកស្នើសុំជួលនោះទេ បែរជាចេញ​សេច​ក្តី​ថ្លែងការណ៍ទិតៀន​គេលើកឡើងអំពីបញ្ហានេះ។ យើងមិនអាចទទួលយកបាននូវការប្រមាថណាមួយ​ចំ​ពោះ​យើងនោះទេ។ បើចិត្តសឿង សូមកុំយកអាសនៈទាំងឡាយដែលកំពុងមាន … ប៉ុន្តែ (គាត់មាន)ទម្លាប់​ជា​ធម្មតា “២ យក ១ មិន”។ បានសេចក្តីថា យកកៅអី និងប្រាក់ខែ តែមួយមិនហ្នឹងគឺឡាំប៉ាតែម្តង។ ទាមទារបាន​ច្រើន ទើបបានយក។ យើងមិនអាច(អោយ)ធ្វើនូវរឿងនេះបានទេ។

សម្រាប់បក្សនយោបាយ ហ៊ានធ្វើ ហ៊ាន​ទទួលខុសត្រូវ។ ខ្លួនប្រកាសជោគជ័យ ប៉ុន្តែ បែរជាមកខោកក្បាល​គណៈ​កម្មការជាតិរៀបចំការបោះឆ្នោត រហូត​ដល់ម្សិលមិញនេះ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ធ្វើការបំ​ភ្លឺ ក្នុងពេលដែលគណបក្សប្រជាជន និង​សមា​គមទូរទស្សន៍កម្ពុជាបានធ្វើសេចក្តីថ្លែងការណ៍ទាត់ចោលនូវ​សេច​ក្តីថ្លែងការណ៍របស់ពួកគេ។ ខ្ញុំគិតថា ពួកគេមិនផ្តល់ឲ្យយើងនូវសេចក្តីសុខណាមួយទេ។ យើងត្រូវតែតស៊ូជម្នះ​ទប់ស្កាត់នូវអ្វីដែលជាធាតុអសិរពិស និងសាហាវរបស់ពួកគេ។

សូមសមាជិកបក្សប្រជាជនរក្សាគុណធម៌ កុំមើលស្រាលបក្សដទៃ

សង្គ្រាមមិនចាំបាច់តែមានអាវុធទេ សង្គ្រាមវាបានកើតមកពីអណ្តាតដែលពួកអ្នកបាន និងកំពុងបង្កមកលើ​គណ​បក្សប្រជាជនកម្ពុជា។ យើងមិនដែលមើលងាយមើលថោកថា គណបក្សធំ ឬតូចនោះទេ។ សិទ្ធិដូចៗគ្នា​នៃគណបក្សនយោបាយ។ យើងមិនដែលប្រមាថចំពោះគណបក្សនយោបាយណាមួយនោះទេ។ យើង​​តែងធ្វើ​កិច្ចសហប្រតិបត្តិការ មិនថាគណបក្សដែលមានកៅអីក្នុងសភា ឬគណបក្សគ្មានកៅអីក្នុងសភានោះទេ។ នេះជា​សិទ្ធិស្មើភាព។ ខ្ញុំមិននឹកដល់ថា អ្នកដែលមិនធ្លាប់ឈ្នះ ហើយមិនទាន់ឈ្នះផង មើលងាយគណបក្ស​តូចតាច​ក្នុងពេលកន្លងទៅ។ គណបក្សប្រជាជនសូមសមាជិក/ជិកានៃគណបក្សប្រជាជនទាំងអស់ មេត្តាកុំមើល​ស្រាល​ដល់គណបក្សដទៃ បើទោះបីជានិន្នាការខុសគ្នា និងជាគណបក្សដែលមានមនុស្សគាំទ្រតិចជាងយើង។

នេះគឺ​ជាគុណធម៌នៃការរួបរួមរបស់យើង ហើយយើងពិនិត្យមើលឲ្យច្បាស់ សូម្បីតែកីឡាករ/ការិនី សិល្បករ/ការិ​នី ឬ​អ្នកដែលទៅប្រកួតប្រជែងជាខ្នាតអន្តរជាតិទទួលជោគជ័យ ឬវិស័យកីឡាបាល់ទាត់ដែលទទួល​ជោគ​ជ័យ ក៏​យើងមិនដែលឃើញពួកគេចេញមុខមកធ្វើការគាំទ្រនោះដែរ។ អ្វីដែលជាអំពើល្អរបស់យើង ត្រូវបានទាត់​ចោល ហើយប្រមូលផ្តុំនូវចំណុចខ្វះខាតរបស់យើងមកវាយប្រហារយើង។ យើងទទួលស្គាល់ថា យើងមិនទាន់​បានបំពេញគ្រប់គ្រាន់ទៅតាមបំណងប្រាថ្នារបស់ប្រជាជនទេ ហើយមន្រ្តីរបស់យើងក៏មិនមែនសុទ្ធតែល្អឥតខ្ចោះ​ទាំង​អស់គ្នានោះដែរ។ យើងទទួលស្គាល់បែបនេះ បានជាយើងដាក់ចេញនូវកំណែទម្រង់ ហើយដាក់ចេញនូវ​ការ​ទទួលខុសត្រូវរបស់មន្រ្តីបក្សគ្រប់រូប។ ប៉ុន្តែ ពាក្យសម្តីរបស់ពួកគេ គឺជាការញុះញង់បំបែកបំបាក់ ហើយដែលធ្វើ​ឲ្យ​ប្រទេសជាតិធ្លាក់ទៅក្នុងកលយុគ។ ខ្ញុំសូមប្រកាសថា យើងមិនអនុញ្ញាតឲ្យអ្នកណាមួយបំផ្លាញសន្តិភាព​របស់​យើងនោះទេ។

(ចប់សេចក្តីអធិប្បាយ)

នៅក្នុងឱកាសនេះដែរ ក្នុងនាមប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបណ្តា​ប្រទេស​ជា​មិត្ត ដៃគូបរទេស និងអង្គការអន្តរជាតិនានា ដែលបានរួមវិភាគទានយ៉ាងថ្លៃថ្លាជួយឧបត្ថម្ភគាំទ្រចំពោះ​បុព្វ​ហេតុ​ដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា និងកំពុងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា ជា​មួយព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់មួយមិនអាចខ្វះបាន ដើម្បីសន្តិភាព ប្រជាធិប​តេយ្យ និងការអភិវឌ្ឍនៅកម្ពុជា ។

ជាទីបញ្ចប់ ជាមួយនឹងអំណរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរសម្តេចព្រះអគ្គមហាសង្ឃរាជធិបតី សម្តេចព្រះសង្ឃ​រាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ គណៈដឹក​នាំសាសនិកឥស្លាម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹងសេចក្តីសុខ សុភមង្គល និងវិបុលភាពគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ