សុន្ទរកថាគន្លឹះ​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ ២០២០ (GMIS 2020) ក្រោមប្រធានបទ “ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត”

CNV:

  • ឯកឧត្តម លី យ៉ុង (LI Yong )អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ UNIDO
  • ឯកឧត្តម ស៊ូហេល ម៉ូហាម៉េត ហ្វារ៉ាច អាល ម៉ាស្សរ៉ូអ៊ី (Suhai Mohammed Faraj Al Mazroui ) រដ្ឋមន្រ្តីក្រសួងថាមពល និង ហេដ្ឋារចនាសម្ព័ន្ធនៃសហភាពអារ៉ាប់រួម
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង​ ដែលបានចូលរួមក្នុង​កិច្ច​ប្រជុំកំពូលកម្មន្ត​សាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ ២០២០ ក្រោមប្រធានបទស្តីពី “ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត” ដើម្បីចែករំលែកបទពិសោធន៍ និងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសំដៅធ្វើអន្តរាគមន៍ និងគ្រប់គ្រងផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ-១៩ ព្រមទាំងគោលនយោបាយជាក់លាក់​មួយចំនួនទៀត សំដៅស្ដារស្ថានភាពផលិតកម្ម និងឧស្សហកម្ម ក្រោយពីមានការថមថយ និងផុតរលត់ទៅនៃជំងឺកូវីដ-១៩ នាពេល​​ខាងមុខ។

ជាកិច្ចចាប់ផ្ដើម ក្នុងនាម​ប្រជា​ជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអង្គការ​អភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) និងក្រសួងថាមពល និងឧស្សាហកម្ម នៃសហភាពអារ៉ាប់រួម ដែលបានរៀបចំកិច្ច​ប្រជុំកំពូលនេះឡើង។ ទន្ទឹមនេះ ខ្ញុំក៏សូមវាយតម្លៃ​ខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងជាសកលរបស់ UNIDO ក្នុងការរួមចំណែកអភិវឌ្ឍឧស្សាហូបនីយកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យា ក៏ដូចជាអភិវឌ្ឍ និងតភ្ជាប់ខ្សែច្រវាក់តម្លៃ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់ និងលើសកលលោក។ កម្ពុជាមានកម្មវិធីសហប្រតិបត្តិការជាច្រើនជាមួយ​ UNIDO ជាពិសេសកម្មវិធីភាពជាដៃគូរវាងកម្ពុជា និង UNIDO ឆ្នាំ ២០១៨-២០២៣ ដែលកំពុងតែផ្តល់ផលផ្លែផ្កា។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

អស់រយៈពេលជាងប្រាំបួនខែមកហើយ ដែលពិភពលោកបាន និងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបង្កជាវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកលើសង្គម និងសេដ្ឋកិច្ច។ មកដល់បច្ចុប្បន្ន ទោះបីការខិតខំអភិវឌ្ឍវ៉ាក់សាំងបង្ការកំពុងមានវឌ្ឍនភាពល្អគួរជាទីសង្ឃឹម គ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩ នេះ នឹងបញ្ចប់នោះឡើយ ហើយក៏គ្មាននណារអាចទស្សន៍ទាយអំពីផលប៉ះពាល់មកលើគ្រប់ទិដ្ឋភាព នៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗបានជាក់ច្បាស់នោះដែរ​។  សកម្មភាពសេដ្ឋកិច្ច និងសង្គមស្ទើរគ្រប់វិស័យ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសតាមរយៈវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេស នីមួយៗ ដូចជាការបិទប្រទេស និងការរឹតត្បិតដល់ការធ្វើដំណើរជាដើម។

ក្នុងបរិការណ៍នេះ ជីវិតសង្គមជាសកលត្រូវបានគេប្រមើលឃើញថា អាចនឹងមានការប្រែប្រួល ជារចនាសម្ព័ន្ធ ឬឈានដល់ប្រក្រតីភាពថ្មី (New Normal) មួយដែលរួមមាន៖ (១). ការប្រែប្រួលនិម្មាបនកម្ម សេដ្ឋកិច្ចសកល ដូចជាការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និងច្រវាក់ផលិតកម្មសកល (២). ការថមថយរំហូរមូលធនសកល ដោយសារការធ្លាក់ចុះនៃតម្រូវការវិនិយោគ និងការធ្លាក់ចុះរំហូរ មនុស្ស (៣). ការធ្លាក់ចុះផលិតភាពសកល និង (៤). ការកើនឡើងនៃវិសមភាពសង្គម ។ ទន្ទឹមនេះ ជំងឺកូវីដ-១៩ ក៏បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយឧស្សា​ហកម្ម និងសេដ្ឋកិច្ចឌីជីថល ក្នុងបរិបទបដិវត្តឧស្សាហកម្មទី ៤ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច។​

យ៉ាងណាមិញ សេដ្ឋកិច្ចសកលត្រូវបានរំពឹងថា នឹងងើបឡើងវិញយ៉ាងសន្សឹមៗ ដោយសារ៖ (១). ការរំពឹងទុកសុទិដ្ឋិនិយមនៃការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ ឬថ្នាំព្យាបាល និងលទ្ធភាព របស់ប្រទេសនីមួយៗ ក្នុងការសម្របខ្លួនទៅនឹងជំងឺនេះ និង (២). រដ្ឋាភិបាលជាច្រើនបាន និងកំពុងគិតគូរចាប់ផ្តើមដកចេញ ឬបន្ធូរបន្ថយវិធានការរដ្ឋបាលជាដំណាក់ៗ ហើយអនុញ្ញាតឱ្យសេដ្ឋកិច្ចដំណើរការឡើងវិញជាបណ្តើរៗក្នុងគោលបំណងជួយសង្រ្គោះធុរកិច្ច និងប្រជាជន។ ជាក់ស្តែង តំបន់អាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ដែលបានទទួលរងផលប៉ះទង្គិចមុនគេដោយសារជំងឺកូវីដ-១៩ គ្រប់គ្រងស្ថានការណ៍បានក្នុងកម្រិតល្អ ដែលត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈការធ្លាក់ចុះនៃករណីឆ្លងជារួម ការចាប់ផ្តើមឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក រួមទាំងផលិតកម្ម ការប្រើប្រាស់ និងពាណិជ្ជកម្មអន្តរជាតិនិងការគិតគូរលើគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការពង្រឹងច្រវាក់ផលិតកម្មក្នុងតំបន់។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍កូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ដោយមកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬប្រទេសទាំងមូលនោះទេ។ ជាការពិត ជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួច ស្រាល់មួយចំនួន ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ ​និងវិស័យសេវាខ្លះទៀត។ ស្ថិតក្នុងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន ៥ ជុំ រួចមកហើយ សំដៅជួយរក្សាលំនឹងផលិតកម្ម និងអាជីវកម្មសម្រាប់ផ្គត់ផ្គង់ទាំងក្នុង និងក្រៅប្រទេស ពិសេសគឺសំដៅធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ វិធានការអន្តរាគមន៍ទាំងនោះរួមមានជាអាទិ៍៖ ការអនុគ្រោះពន្ធ និងការអនុគ្រោះការបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យ​ការងារ និងថែទាំសុខភាព ការជួយសម្រួលលក្ខខណ្ឌឥណទាន ការបង្កើន សន្ទនីយភាពនៅលើទីផ្សារ ការផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញជូនដល់កម្មករ និយោជិត និងការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិល ដើម្បីបំពេញតម្រូវការរបស់រោងចក្រ សហគ្រាស និងអាជីវកម្មនៅក្នុងប្រទេស។

នៅក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញនូវគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករ ដែលនឹងជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ឱ្យកាន់តែ​ប្រសើរឡើង ព្រមទាំងផ្តល់នូវឱកាសការងារបន្ថែមមួយចំនួនដល់ប្រជាជននៅក្នុងអំឡុងពេលលំបាកនេះ។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីផ្តល់ជាជំនួយបណ្តោះអាសន្នបន្ថែមដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងគោលដៅរក្សានូវលំនឹងជីវភាពរបស់ពួកគេនៅក្នុងរយៈពេលនៃវិបត្តិនេះ។ ចំពោះវិស័យអប់រំ ក្រោយពីបានបិទសាលារៀនមួយរយៈកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវ “យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ” ដែលតម្រូវឱ្យគ្រឹះស្ថានសិក្សាអនុវត្តនូវវិធីសាស្ត្រសិក្សាចម្រុះគឺ៖ ការសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន គួបផ្សំជាមួយនឹងការប្រតិបត្តិហ្មឹងម៉ាត់នូវគោលការណ៍ “រក្សាគម្លាតសង្គម” និងវិធានការការពារផេ្សងទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល។

ជាទិសដៅទៅមុខ កម្ពុជានឹងដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេល គួបផ្សំនឹងការគិតគូរជាយុទ្ធសាស្រ្ត តាមរយៈការដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធសំដៅសម្រេចឱ្យបាននូវគោលបំណងជាអាទិភាពចំនួន ២ គឺ៖   ទី១. ការរក្សាលំនឹងសេដ្ឋកិច្ច និងសង្គមដោយបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការបង្កើនចំណាយលើវិស័យសុខាភិបាល និងកម្មវិធីលើកកម្ពស់សុខភាពសាធារណៈ ការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម តាមរយៈការផ្តល់នូវការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ ការផ្តល់ឥណទានអនុគ្រោះ និងការបង្កើនសន្ទនីយភាពនៅលើទីផ្សារ  ព្រមទាំងការរក្សាលំនឹងជីវភាពប្រជាជន និងការរក្សាការងារជូនប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីបណ្តុះបណ្តាលជំនាញ និងកម្មវិធីជំនួយសង្គម។ល។ និង ទី២. ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការបន្តបង្កើនភាពប្រកួតប្រជែង ការបន្តជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបន្តជំរុញការកែទម្រង់រចនាសម្ព័ន្ធ។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ជារួម ដើម្បីស្តារឡើងវិញនូវវិបុលភាព យើងទាំងអស់គ្នាត្រូវឆ្លើយតបជាបន្ទាន់ និងប្រកប​ដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការភ័យខ្លាច ដែលកំពុងបំបែកបំបាក់បណ្តាប្រទេសនានា តាមរយៈការដាក់ចេញ​នូវយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែង សំដៅពង្រឹងតម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាព រួមទាំងកិច្ចសហការគ្នាដោយស្មើភាព និងការគោរពគ្នាទៅវិញទៅមក សម្រាប់វិបុលភាពរួមនៃតំបន់ និងសកលលោកយើង។ ក្នុងន័យនេះ ប្រទេសនីមួយៗត្រូវតែបំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែសកម្ម និងអន្តរសកម្ម ក្នុងកិច្ចការអភិបាល​កិច្ចសកលប្រកប​ដោយភាពទន់ភ្លន់ ក្នុងលក្ខណៈស្ថាបនា និងមានការទទួលខុសត្រូវ ជាពិសេសរួមចំណែកកសាងសណ្ដាប់ធ្នាប់ពិភពលោកល្អក្នុងគោលដៅថែរក្សាឱ្យបាននូវសន្តិភាព និងសន្តិសុខ ដែលជាបុរេលក្ខ​ខណ្ឌដ៏មានសារៈសំខាន់បំផុត ចំពោះពាណិជ្ជកម្ម និងចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងវិបុលភាពដ៏រុងរឿងយូរអង្វែងរបស់ពិភពលោកយើងទាំងមូល។

ជាមួយគ្នានេះ យើងក៏ត្រូវបន្តខិតខំពង្រឹងសកលភាវូបនីយកម្ម ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានបង្កើតលក្ខខណ្ឌមិនធ្លាប់មានសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ប្រាកដណាស់ថា នៅក្នុងចរន្តនៃសកលភាវូបនីយកម្ម អ្វីៗគ្រប់យ៉ាងសុទ្ធតែផ្សារភ្ជាប់គ្នា និងមានអន្តរសកម្មជាមួយគ្នា។ ក្នុងបរិការណ៍នេះ យើងត្រូវតែធានាឲ្យបានថា យន្តការកិច្ចសហប្រតិបត្តិការរបស់យើងនៅតែរក្សាបាននូវស្មារតីបើកចំហ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើង សម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាន និងកំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និងសេដ្ឋកិច្ច ក៏ប៉ុនែ្តរាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។ ជាក់សែ្តង យើងបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលបណ្ដាវិនិយោគិន និងធុរជនកំពុងជួបប្រទះ ក្នុងគោលបំណងបង្កើន​ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគនៅក្នុងប្រទេស។ លើសពីនេះទៀត ដើម្បីក្តាប់យកឲ្យបានជាអតិបរមានូវកាលានុវត្តភាពនៃបដិវត្តន៍ឧស្សាហកម្មទី ៤ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាប់ផ្តើមរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិកផងដែរ។ ក្នុងបរិការណ៍នេះ ខ្ញុំមានក្តីរីករាយក្នុងការរំលឹកថា ក្នុងអំឡុងទស្សនកិច្ចរបស់ឯកឧត្តម លី យ៉ុង អគ្គនាយកនៃ UNIDO មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០១៧ យើងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពី “កម្មវិធីភាពជាដៃគូប្រចាំប្រទេសឆ្នាំ២០១៨-២០២៣” ក្នុងគោលបំណងជំរុញការអភិវឌ្ឍឧស្សាហូបនីយកម្មនៅកម្ពុជា ដែលក្នុងកាលៈទេសៈបច្ចុប្បន្ន យើងរំពឹងថា កម្មវិធីភាពជាដៃគូ​ប្រចាំប្រទេសនេះ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ផែនការស្តារសេដ្ឋកិច្ចក្រោយ ពីវិបត្តិនៃជំងឺកូវីដ-១៩ ថែមទៀត។

មុននឹងបញ្ចប់ ខ្ញុំសូមគូសបញ្ជាក់ថា កម្ពុជាត្រៀមរួចជាស្រេច ដើម្បីរួមចំណែកជាមួយ UNIDO និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ទាំងទ្វេភាគី និងពហុភាគី ក្នុងការជំរុញអភិវឌ្ឍឧស្សាហកម្ម ​ និងលើកស្ទួយនូវវិបុលភាពជារួមសម្រាប់ទាំងអស់គ្នា។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លី យ៉ុង អគ្គនាយក UNIDO ឯកឧត្តមរដ្ឋមន្រ្តីក្រសួងថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៃសហភាពអារ៉ាប់រួម ឯកឧត្តម លោកជំទាវ លោក លោកស្រីគ្រប់រូប សូមបានប្រកបដោយសុខភាពល្អ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច។

ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort