ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្ដម មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ គីម យ៉ុងស៊ុក (Kim Jung-sook) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាហើយ នារសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដែលតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏រំពឹងថានឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឱ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ។ ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់ឯកឧត្ដមប្រធានាធិបតី មូន ចេអ៊ីន គឺជាព្រឹតិ្តការណ៍ ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ។
គួរបញ្ជាក់ដែរថា នេះគឺជាដំណើរទស្សនកិច្ចលើកទី១របស់ ឯកឧត្ដម មួន ចេអ៊ីន មកកាន់កម្ពុជា និងជាប្រធានាធិបតីកូរ៉េខាងត្បូងទី៣ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីឯកឧត្ដម រ៉ូ មូយុន (Roh Moo-hyun) ដែលបានមកទស្សនកិច្ចនៅកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ២០០៦ និងឯកឧត្ដម លី ម្បុងបាក់ (Lee Myung-bak) ដែលបានធ្វើទស្សនកិច្ចមកកម្ពុជានៅខែតុលាឆ្នាំ២០០៩៕









