សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​​សំណេះ​សំណាល​ជាមួយកម្មករ កម្មការិនី និយោជិត នៅតំបន់​ភ្នំពេញ​ថ្មី

CNV: 

សុំម្ចាស់រោងចក្រ អោយកម្មករបានសម្រាកមួយល្ងាច ក្រោយការជួបជុំ

ដំបូង សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្មួយៗ កម្មករ/ការិនី ម្ចាស់រោងចក្រ ក៏ដូចជាសម្ដេច ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ!

បើទោះបីថា មកដល់ពេលនេះ ខ្ញុំមិនទាន់បានទទួលនូវចម្លើយពីសំណាក់ម្ចាស់រោងចក្រ។ ហើយអម្បាញ់​មិញ តាមរយៈលោកតំណាង ស្នើសុំអោយសួរយោបល់របស់ម្ចាស់រោងចក្រដទៃទៀត ក៏ប៉ុន្តែខ្ញុំគិតថា​ គួរ តែត្រូវដោះស្រាយបញ្ហានេះ។ ម្សិលមិញ ខ្ញុំបានមកទស្សនកិច្ចនៅរោងចក្រ Gin Sovann Fashion នៅ ក្បែរនេះ ហើយខ្ញុំក៏បានសុំម្ចាស់រោងចក្រ អោយកម្មករបានសម្រាកមួយល្ងាច។ កាលពីថ្ងៃមុន ទៅតំបន់ ខ្សាច់កណ្ដាល នៅក្រុមហ៊ុន 7NG នៅតំបន់ឧស្សាហកម្ម​ 7NG ក៏បានស្នើសុំអោយកម្មករយើងបានឈប់ សម្រាកក្នុងមួយល្ងាច។ ខ្ញុំចង់សួរយោបល់ចំពោះម្ចាស់រោងចក្រដែលមានវត្តមាននៅទីនេះ តើខ្ញុំអាចសុំ បានទេនូវការផ្ដល់អោយកម្មកររោងចក្រនេះ បន្ទាប់ពីការជួបគ្នានេះទៅ បានសម្រាកមួយល្ងាចហ្នឹង។ បាន ឬមិនបាន? បាន! អញ្ចឹង អរគុណណាស់។ នេះមិនមែនជាសិទ្ធិដែលយើងត្រូវទទួលទេ ក៏ប៉ុន្តែវាជាចិត្ត សប្បុរសរបស់ថៅកែរោងចក្រ តាមសំណូមពររបស់ពូ ព្រោះថា ក្មួយៗយប់មិញនេះ ប្រហែលត្រូវក្រោកពី យប់បន្ដិច ដើម្បីបានមកជួបជុំគ្នានៅទីនេះ។ ដូច្នេះ ដើម្បីរក្សានូវសុខភាព និងការសប្បាយរីករាយនៅថ្ងៃ នេះ ខ្ញុំអរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ដែលអនុញ្ញាតអោយកម្មករ/ការិនីរបស់យើង បានទទួល ការសម្រាកនៅថ្ងៃនេះបន្ថែម។

នាយករដ្ឋមន្រ្តីដែលមានរូបថតជាមួយប្រជាពលរដ្ឋច្រើនជាងគេ

ខ្ញុំពិតជាមានការរីករាយ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសាលារាជធានី ភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំអោយមានជំនួបនៅទីនេះ។ អរគុណចំពោះលោកស្រីឧកញ៉ា សេង ទៀង ដែលបានផ្ដល់នូវទីតាំងដ៏ល្អនេះ សម្រាប់ការជួបជុំនៅតំបន់ភ្នំពេញថ្មីរបស់យើងនេះ។ ខ្ញុំអរ គុណ និងសូមថ្លែងនូវការសប្បាយរីករាយជាមួយនឹងការទទួលដ៏រាក់ទាក់របស់ក្មួយៗជាកម្មករ/ការិនី ចំ ពោះវត្តមានរបស់ពូ ដែលអម្បាញ់មិញ យើងធ្វើដំណើរមួយម៉ោង ក្នុងចម្ងាយផ្លូវមិនដល់ ១០០ ម៉ែត្រទេ ដោយសារយើងត្រូវ Selfie ជាមួយគ្នា។ ឥឡូវវា free ទាំងអស់ free selfie free អោប និង free ថើប។​ ប្រហែលជាខ្ញុំនឹងបំបែកឯកទគ្គកម្មលើពិភពលោកនេះតែម្ដង ដែលជានាយករដ្ឋមន្រ្តី ជាមេដឹកនាំប្រទេស ម្នាក់ ដែលមានរូបថតច្រើនបំផុតជាមួយនឹងប្រជាជន។ បើនិយាយអោយពិតទៅ បើប្រមូលរូបថតតាំងពី អតីតកាល រហូតដល់ពេលនេះ ប្រហែលជារូបថតនោះវាបានច្រើនជាងមេដឹកនាំទាំងឡាយ នៅលើពិភព លោក គ្រាន់តែថា ផ្នែកហ្វេសប៊ុកគេមិនទាន់បង្ហោះអោយអស់នៅឡើយ គ្រាន់តែបង្ហោះមួយចំនួនពេល ជួបជាមួយនឹងកម្មករ/ការិនីរបស់យើង។

ការស្វាគមន៍ដ៏មានភាពកក់ក្កៅ និងគោរពស្រឡាញ់ លើសពីមេដឹកនាំ

ខ្ញុំពិតជាមានការអរគុណ និងរំភើបរីករាយ ដោយសារការទទួលបដិសណ្ឋារកិច្ច ពេលដែលជួបសំណេះ​សំណាលម្ដងៗ នៅគ្រប់ទីកន្លែង ក្មួយៗបានបង្ហាញពីទឹកចិត្ត ការស្រឡាញ់រាប់អាន។ មិនគ្រាន់តែជាការ ស្រឡាញ់រាប់អានរវាងមេដឹកនាំ ជាមួយនឹងកម្មករ/ការិនីទេ ក៏ប៉ុន្តែហាក់បានបង្ហាញនូវទឹកចិត្តនៃការរាប់ រកដូចជាឪពុក​ ដូចជាឪពុកមា ឬក៏ឪពុកធំ ឬជាជីតារបស់ខ្លួនផងដែរ។ នោះហើយធ្វើអោយពូអាចយល់ បានថា អារម្មណ៍ក្មួយៗបានស្គាល់ពូយូរហើយ។ ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ សុទ្ធតែបានរួមដំ ណើរជាមួយពូ ក្នុងដំណើរផ្លូវដ៏វែងឆ្ងាយសម្រាប់ប្រទេសមួយនេះ។ ពីភាពខ្ទេចខ្ទាំ ពីការបែកបាក់ មកកាន់ ការជួបជុំ និងពីការលំបាកដែលគ្មានអ្វីទទួលទាននោះ មកកាន់នូវរបបជីវភាពមួយដែលកាន់តែប្រសើរ ជាងមុន​។ ពិតមែនតែវាមិនទាន់គ្រប់គ្រាន់តាមតម្រូវការ នៃការចង់បានរបស់យើង ក៏ប៉ុន្តែបើប្រៀបធៀប ជាមួយនឹងអតីតកាល យើងក៏បានធ្វើដំណើរឃ្លាតឆ្ងាយណាស់មកហើយ។ នេះមិនមែនបានមកពីការខិត ខំតែម្នាក់ឯងរបស់ពូ​ ជាមួយនឹងមេដឹករបស់គណបក្សប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែបានមកពីការរួមចំណែក របស់ជីដូនជីតា ឪពុកម្ដាយ និងមកដល់ពេលនេះគឺក្មួយៗនេះឯង។

ព្រះរាជាណាចក្រកម្ពុជាគ្មានវិបត្តិនយោបាយ មានតែសន្ដិភាព និងការអភិវឌ្ឍ

ការធ្វើបដិសណ្ឋារកិច្ច និងដំណើរចុះជាប់ក្នុងរយៈពេលកន្លងទៅ ចាប់តាំងពីខែសីហា រហូតមកដល់ពេល នេះ និងអ្វីដែលបានកើតនៅក្នុងប្រទេសកម្ពុជានេះ វត្តមានថ្ងៃនេះ យើងជួបជុំគ្នា ក៏ដូចជាកន្លងទៅ ក៏ បង្ហាញថា ព្រះរាជាណាចក្រកម្ពុជាគ្មានវិបត្តិនយោបាយអ្វីទាំងអស់។ មានតែពួកនយោបាយដែលមាន វិបត្តិខ្លួនឯង។ ប្រទេសកម្ពុជាគ្មានអ្នកទោសនយោបាយទេ ក៏ប៉ុន្តែមានតែអ្នកនយោបាយជាប់ទោសព្រហ្ម ទណ្ឌតែប៉ុណ្ណោះ។ ប្រទេសកម្ពុជាមួយនេះ មិនមែនជាចំណាប់ខ្មាំងរបស់អ្នកណានោះទេ។ បើទោះបីអ្នក ណាត្រូវជាប់គុក ជាប់ច្រវាក់ដោយសារទង្វើខុសក្បត់ជាតិរបស់ពួកគេ ក៏កម្ពុជានៅបន្តអភិវឌ្ឍទៅមុខ ដូច ជាកម្មករកំពុងតែបន្តការងារក្នុងរោងចក្រដោយក្ដីសប្បាយរីករាយ។ ពិធីភ្ជុំបិណ្ឌបន្ទាប់មកហែកឋិន បន្ទាប់ មកពិធីបុណ្យអុំទូក​ អកអំបុក សំពះព្រះខែ នៅតែបន្តធ្វើទៅតាមទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា របស់យើង។

អំពាវនាវចូលរួមពិធីបួងសួងសុំសេចក្ដីសុខនៅថ្ងៃទី ២ និងទី ៣ ខែធ្នូ នៅខេត្តសៀមរាប

ក៏សុំ​យកឱកាសនេះ បញ្ជាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសថា នៅថ្ងៃទី ២ និងទី ៣ ខែធ្នូខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំពិធីបុណ្យដ៏ធំមួយ ដើម្បីបួងសួងសុំសេចក្ដីសុខសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅឯអង្គរវត្ត។ យើងនឹងធ្វើពិធីរាប់បាត្រទៅតាមគន្លងព្រះពុទ្ធសាសនា ដែលនិមន្តព្រះសង្ឃប្រមាណជា ៥.០០០ ឬក៏ ៧.០០០ អង្គ។ អញ្ចឹងសូមអញ្ជើញប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ខេត្តសៀមរាប នៅថ្ងៃទី ២ និងថ្ងៃទី ៣ ខែធ្នូនេះ ហើយយើងនឹងមានការផ្សាយបន្តផ្ទាល់ពីទីនោះមកផងដែរ។ នេះបង្ហាញពីអ្វីទៅ? បង្ហាញថា កម្ពុជាមិនមែនស្ថិតនៅជាប្រទេសដែលកំពុងមានកលិយុគ ប្រទេសដែលមានសង្រ្គាមនោះទេ ក៏ប៉ុន្តែជាប្រទេសដែលមានសន្ដិភាព មានឯករាជ្យ មានស្ថេរភាពនយោបាយ ហើយអ្វី​ៗកំពុងដំណើរការ ទៅមុខជាធម្មតា។

បៀរវត្ស ១៧០ ដុល្លារ ពីថ្ងៃ ១ មករា ២០១៨

កាលដែលក្មួយៗកំពុងធ្វើការងារនៅតាមរោងចក្រ សហគ្រាស ហើយបន្តិចទៀត ពូក៏សូមចូល​រួម​អបអរ​សា​ទរក្នុងនាមរាជរដ្ឋាភិបាល ជាមួយនឹងការដែលក្មួយៗត្រូវបានដំឡើងបៀវត្ស ចាប់តាំងពីថ្ងៃទី ១ ខែ​មករា ឆ្នាំ ២០១៨ ទៅ គឺចាប់ពី ១៥៣ ដុល្លារ ទៅកាន់ ១៧០ ដុល្លារ នៅពេលខាងមុខ សូមអបអរសាទរ! ប្រទេសនេះ មិនមែនជាចំណាប់ខ្មាំងរបស់អ្នកណាទេ។ សន្ដិភាព ក៏ដូចជាដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស គឺនៅតែបន្តដោយគ្មានការអល់អែក។ យើងនឹងធ្វើដំណើរទៅមុខជាមួយគ្នានៅក្នុង​ស្ថានភាព​ដូច​នេះ ហើយថ្ងៃនេះ យើងធ្វើនៅក្នុងទីតាំង នៅទីកន្លែងមួយដែលមានកន្លែងតារាងបាល់ផង។ អញ្ចឹងបាន​សេច​ក្ដីថា អ្នកទាត់បាល់នៅតែទាត់ អ្នកណាចង់ទៅណាជារឿងរបស់គេ ជាសិទ្ធិរបស់គេ ប៉ុន្តែសិទ្ធិរបស់​យើង សិទ្ធិធ្វើការងារ ទទួលផលប្រយោជន៍។

បន្តចុះជួបកម្មករក្នុងតំណែងនាយករដ្ឋមន្រ្តី ១០ ឆ្នាំទៀត

ថ្ងៃនេះ ខ្ញុំជួបជុំជាមួយនឹងការបន្តអ្វីដែលខ្ញុំបានគ្រោងទុករួចមកហើយ។ សប្ដាហ៍នេះ យើងធ្វើការងារ នៅ​ថ្ងៃ​​អាទិត្យ យើងជួបប្រធានក្រុម ប្រធានផ្នែក ដែលក្នុងហ្នឹងមានជាង ៤០០ នាក់។ នៅក្នុងចំណោមនេះ ក៏ធ្លាប់ទៅចូលរួមនៅឯកោះពេជ្ររួចហើយ មានប្រធានរដ្ឋបាល ជំនួយការ ប្រធានផ្នែក និងប្រធានក្រុម។ ថ្ងៃពីម្សិលមិញនេះ មកសួរសុខទុក្ខចំពោះកម្មករនៅតាមរោងចក្រ ព្រោះបើយើងជួបជុំគ្នាហើយ បាន​យើង​នៅ​តាមរោងចក្រ គឺពេលវេលាវាខ្លីពេក រហូតទៅដល់កម្មករនឹងមិនអាចមានពេលដើម្បីនឹងទទួលទាន​អា​ហារ​ផង។ ឯថ្ងៃនេះ យើងជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ ហើយដែលក្នុងនោះ សូមស្វាគមន៍ក្មួយៗទាំង ៣៤៩ នាក់ ដែលមានផ្ទៃពោះ។ បន្តិចទៀត ខ្ញុំនឹងជួបដោយផ្ទាល់ និងផ្ដល់ជំនួយឧបត្ថម្ភដោយផ្ទាល់ សម្រាប់​ក្មួយៗ ហើយពេលនោះ យើងអាចថតរូបជាមួយគ្នាថែមទៀត។ សង្ឃឹមថា អ្នកទាំងឡាយគឺមិន​ច្រ​ណែន​ជា​មួយអ្នកដែលមានផ្ទៃពោះទេ ព្រោះគាត់មានផ្ទៃពោះ បើយើងមានផ្ទៃពោះដែរ យើងមកអង្គុយត្រង់ហ្នឹង​ដែរ​ហើយ អាហ្នឹងគង់មានថ្ងៃក្រោយទេ។

ពេញមួយអាទិត្យក្រោយ នឹងមិនមានជំនួបទេ

ថ្ងៃអាទិត្យនេះ យើងនឹងមានការជួបជុំជាមួយនឹងកម្មករ/ការិនីដែលជាប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋ​បាល និងជំនួយការ នៅឯកោះពេជ្រ។ ប៉ុន្តែខ្ញុំសូមអធ្យាស្រ័យទុកជាមុន ចាប់នៅក្នុងអាទិត្យក្រោយ គឺ​ពេញ​មួយអាទិត្យតែម្ដង នឹងមិនមានជំនួបទេ ដោយសារពូមានធុរៈផ្ទាល់ បន្ថែមដោយការ​ធ្វើដំណើរ​ទៅ​កាន់​សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងកិច្ចសន្ទនារបស់បក្សនយោបាយ ហើយក៏ត្រូវធ្វើដំ​ណើរ​​ត្រ​ឡប់​មកវិញអោយទាន់នៅថ្ងៃទី ២ ខែធ្នូ ហើយចុះចតនៅព្រលានយន្តហោះសៀមរាបតែម្ដង។ ដល់ថ្ងៃអាទិត្យ ចំថ្ងៃ ១៥ កើត ខែមិគសិរ ពេលនោះ យើងនឹងចាប់ផ្ដើមនូវពិធីបុណ្យដ៏ធំនៅទីនោះ ដែលសុំ​អំពាវនាវ សុំជម្រាបជូនជាព័ត៌មានទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើដំណើរទៅកម្សាន្តសប្បាយ​នៅ​ឯទីនោះ (ខេត្តសៀមរាប អង្គរវត្ត) និងមានសិល្បៈលេងកម្សាន្ត រួចហើយព្រឹកឡើងធ្វើពិធីសាសនា។ ល្ងាច​ធ្វើពិធីសាសនា ច្រើនតែចាស់ៗទេ ឯក្មេងៗគិតពីមើល(សិល្បៈ)គេលេងសប្បាយរបស់គេហ្នឹងទៅ។ អា​ហ្នឹងជាការសប្បាយរីករាយមួយរបស់ប្រទេសរបស់យើង។

កាលៈទេសៈផ្សេងគ្នា ដោះស្រាយបញ្ហាផ្សេងគ្នា

រយៈពេលកន្លងទៅ ខ្ញុំគិតថា យើងបានដោះស្រាយការងារជាមួយគ្នាច្រើនណាស់ហើយ គឺក្មួយៗ​ប្រហែល​ជា​បានដឹង សូម្បីតែបញ្ហាអំពីបញ្ហាដំឡើងបៀវត្សអប្បបរមាសម្រាប់ឆ្នាំ ២០១៨ ក៏បានធ្វើរួចរាល់ដែរ​។ ក្រៅពីនោះ ក្របខណ្ឌគោលនយោបាយមួយចំនួន ក៏ត្រូវបានដោះស្រាយសម្រាប់ក្មួយៗ​ជាកម្មករ/កា​រិនី​របស់​យើង ដូចជាអម្បាញ់មិញ ក្មួយម្នាក់បានប្រាប់ថា អរគុណណាស់! ដែលថ្លៃទឹក ថ្លៃភ្លើងបានចុះ។ នោះ​គឺជាការបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាមួយនឹងសុខទុក្ខរបស់កម្មករ/ការិនី​របស់​យើង​។ ពូមានភារកិច្ចនឹងដើរត្រួតពិនិត្យមើលនូវអ្វី ដែលជាបញ្ហាប្រឈម សម្រាប់ការដោះស្រាយ​បញ្ហា​នេះ។ បើទោះបីកន្លងទៅ ពូបានធ្វើដំណើរតិច មិនទាន់បានច្រើនទូលំទូលាយដូចជាពេលនេះ ដោយ​សារ​ស្ថានភាពដំណាក់កាលមួយៗ វាមិនដូចគ្នាទេ។ ដំណាក់កាលសង្រ្គាម យើងត្រូវគិតគូរពីការទប់ស្កាត់​ការ​វិលត្រឡប់នៃរបប ប៉ុល ពត ម្ខាងទៀត ក៏ត្រូវរិះរកធ្យោបាយដើម្បីបញ្ចប់សង្រ្គាមបង្ហូរឈាមនេះ ដើម្បី​នាំ​មក​នូវ​ការ​បង្រួប​​បង្រួមជាតិ។

បន្ទាប់ទៅ វិស័យស្បៀង គឺជាវិស័យអាទិភាពសម្រាប់ការចិញ្ចឹមមនុស្ស យើងក៏ផ្ដោតការ​យកចិត្ត​ទុក​ដាក់​ទៅ​លើវាលស្រែ ទៅលើទំនប់ទឹក ប្រឡាយទឹក ដើម្បីដោះស្រាយបញ្ហាកសិកម្មរបស់យើង។ ឥឡូវដំ​ណាក់​កាលថ្មី នៃការអនុវត្តគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ យើងមានឱកាស​ដើម្បីជួប​ជុំ​ជា​មួយនឹងកម្មករ/ការិនី ដែលខ្ញុំសុំបញ្ជាក់សាជាថ្មីថា នៅក្នុងពេលវេលាដែលពូបន្តនៅក្នុងមុខតំណែងជា​នា​យក​រដ្ឋ​មន្រ្តីដល់រយៈពេល ១០ ឆ្នាំទៀត ពូនឹងធ្វើដំណើរទាំង ១០ ឆ្នាំនេះតែម្ដង ដើម្បីជួបជា​មួយ​នឹង​កម្មករ/ការិនីរបស់យើង។

ពីអត្រាភាពក្រីក្រ អាចទាបជាង ១៣% ឆ្នាំ ២០១៤ បើធ្វើអង្កេតឡើងវិញ

យើងត្រូវដឹងថា នៅក្នុងប្រទេសមួយ សេដ្ឋកិច្ចលូតលាស់ វាមិនមែនគ្រាន់តែបញ្ហាធ្វើកសិកម្ម​មួយ​គ្រប់​គ្រាន់ទេ។ ប៉ុល ពត បានប្រើពាក្យថា មានស្រូវ គឺមានអ្វីៗទាំងអស់។ គេបំផ្លាញនូវរចនាសម្ព័ន្ធសេដ្ឋកិច្ច​របស់​ប្រទេសរបស់យើង។ ក៏ប៉ុន្តែ ទន្ទឹមនឹងផ្ដល់អាទិភាពការបន្តការយកចិត្តទុកដាក់ទៅ​លើវិស័យ​កសិ​កម្ម ដែលប្រទេសយើងមិនអាចមើលរំលងវិស័យកសិកម្មបានទេ ប៉ុន្តែយើងក៏មិនត្រូវភ្លេចទៅលើការ​​អភិ​វឌ្ឍ​វិស័យឧស្សាហកម្ម និងវិស័យសេវា​។ ដូចជាបញ្ហាទេសចរ បញ្ហាហិរញ្ញវត្ថុ បញ្ហាធនាគារ និងបញ្ហា​ដទៃ​ទៀត ដែលទាក់ទងជាមួយនឹងវិស័យសេវា។ ទិដ្ឋភាពផ្នែកទាំង ៣ នេះ គឺត្រូវតែបូកបញ្ចូលគ្នា ដើម្បី​ការ​រីកលូតលាស់នៃកំណើនសេដ្ឋកិច្ច ដែលយើងធ្វើក្នុងរយៈពេលកន្លងទៅ ចាប់ផ្ដើមពីប្រទេសដែលមាន​ប្រាក់​ចំ​ណូលទាប អត្រានៃភាពក្រីក្រមានដល់ ១០០%។ ឥឡូវអត្រានៃភាពក្រីក្ររបស់យើង បានធ្លាក់​មក​នៅ ១៣% នៅក្នុងឆ្នាំ ២០១៤។ យើងមិនទាន់បានធ្វើអង្កេតឡើងវិញទេ។ ក៏ប៉ុន្តែពេលនេះ បើសិនជា​ការ​ធ្វើអង្កេតឡើងវិញ ចំនួនអត្រានៃភាពក្រីក្រអាចធ្លាក់លើសពីនេះ។

កិច្ចការ ២ យ៉ាង ដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់ការរីកលូតលាស់នៃសេដ្ឋកិច្ច/មហាវិថីឈ្នះឈ្នះ

ការួមចំណែក ការខិតខំធ្វើរបស់យើងមកដល់ពេលនេះ យើងបានដោះស្រាយការងារច្រើនណាស់ទៅ​ហើយ៖ ទី ១ គឺយើងបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយលុបបំបាត់វា មិនអាច​អោយ​វា​វិល​ត្រឡប់មកវិញ។ តាមរយៈ នៃការដែលយើងបានរំលាយចោលនូវអង្គការចាត់តាំងខាងនយោបាយ​យោ​ធា​របស់ ប៉ុល ពត។ ឯទី ២ យើងក៏បានស្វែងរកនូវសន្ដិភាព បញ្ចប់សង្រ្គាមរួចរាល់មកហើយដែរ តាម​រយៈនៃនយោបាយឈ្នះឈ្នះរបស់យើង។ នយោបាយឈ្នះឈ្នះនោះហើយ ដែលអនុញ្ញាតឲ្យ​យើង​មាន​​លទ្ធភាព ដើម្បីអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងអនុវិស័យទាំងអស់។ ហើយខ្ញុំក៏សុំយកឱកាសនេះ ដើម្បី​បញ្ជាក់ជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឲ្យបានជ្រាបថា ដោយសារតែយើងបានកសាងវិមាន​ឈ្នះ​ឈ្នះ​នៅ​​តំបន់​ព្រែកតាសេក ហើយយើងបានទិញផ្លូវ និងស្ពានរបស់លោកឧកញ្ញ៉ា លី យ៉ុងផាត់ ដែល​បាន​វិនិយោគក្នុងពេលដែលយើងខ្វះទុន ឥឡូវផ្លូវនេះមិនទាន់​មានឈ្មោះនៅឡើយទេ។​ សាលារាជធានី​ភ្នំ​ពេញនឹងដាក់ផ្លូវនេះ ដែលតភ្ជាប់ផ្លូវជាតិលេខ ៦ ហើយតភ្ជាប់មក​ដល់​ផ្លូវលេខ ៤ នេះតែម្ដងហៅថាមហា​វិថី​ឈ្នះឈ្នះ។

… កន្លែងនោះវាមកជាប់​ជាមួយនឹងវិមានឈ្នះឈ្នះរបស់យើង ហើយបើដាក់ថាផ្លូវវិមានឈ្នះឈ្នះ​វាវែង​ពេក។ អញ្ចឹងហៅថាផ្លូវឈ្នះឈ្នះ​តែម្ដងទៅ ពេលគេចូលមកតាមផ្លូវហ្នឹងគេចូលទៅមើលវិមានឈ្នះឈ្នះ រួចគេឆ្លងស្ពានព្រែកព្នៅ។ ស្ពានព្រែកព្នៅ​មិនត្រូវបានកែឈ្មោះទេ ព្រោះអញ្ចេះតាមមួយជួរហ្នឹងគឺសុទ្ធតែ​ស្ពាន​ព្រែកក្ដាម រួចហើយស្ពាន​ជ្រោយចង្វា រួចអាមួយ​ទៀតហៅថាស្ពានឬស្សីកែវតែម្ដងទៅ ដល់អានោះ​ឈ្មោះ​ស្ពាន​ព្រែក​ព្នៅ​តែម្ដងទៅ។ អាហ្នឹងថាកុំដូរវាថា​ជាស្ពានឈ្នះឈ្នះអី។ ដាក់តែផ្លូវបានហើយមហាវិថី​ឈ្នះ​ឈ្នះ រួចអញ្ចឹងវាមកជា​មួយ​គ្នាតែម្ដងទៅ។ អញ្ចឹងទេ ​នយោ​បាយឈ្នះឈ្នះផ្ដល់ឱកាសឲ្យ​មនុស្ស​គ្រប់​រូប​នៅកម្ពុជា បានជួបជុំគ្នាដោយ​គ្មាន​ការបែងចែកទឹកដី​ទៀតទេ ហើយស្ថានភាពនោះវាអំណោយផល​សម្រាប់​ការរីកលូតលាស់នៃសេដ្ឋកិច្ច​របស់យើង។

សុខដុមនីយកម្មក្នុងក្របខណ្ឌនៃវិស័យកាត់ដេរ

ទាក់ទ​ងទៅក្នុងវិស័យឧស្សាហកម្ម ពូដើរដោះស្រាយក្នុងរយៈពេលកន្លងទៅ ដើម្បីរួមចំណែកពិនិត្យមើល​អំពី​ស្ថានភាពនេះ ដើម្បីជម្រុញការអនុវត្តនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលជាផ្នែកមួយ​ជួយ​​ជម្រុញកំណើនសេដ្ឋកិច្ចធ្វើឲ្យប្រទេសរបស់យើងមានការលូតលាស់។ ខ្ញុំសុំយកឱកាសនេះ អរគុណ​ជាមួយ​ម្ចាស់រោងចក្រ អរគុណជាមួយក្មួយៗជាកម្មករ/ការិនី រាប់ទាំងអ្នក​គ្រប់គ្រង ជាប្រធានរដ្ឋបាល ជា​ជំ​នួយការ ជាប្រធានផ្នែក ជាប្រធានក្រុម ដែលកន្លងទៅ ឥឡូវកំពុងតែចេញ​ផលហើយ ផ្លែផ្កា នៃសុខ​ដុម​នីយកម្ម​នៅតាមរោងចក្រ។ គ្មានការប្រឈមមុខណាមួយ ដែលអាចផ្ដល់សេចក្ដី​សុខឲ្យយើង​សម្រាប់​ដំ​ណើរការ រាប់ទាំង​ថៅកែ បើសិនជាកម្មករមិនសប្បាយចិត្ត ក៏ការងារនោះវាមិនទៅមុខ។ ឯកម្មករប្រសិន​បើថៅកែរោងចក្រគេដករោងចក្រចេញ ក្មួយក៏ត្រូវបាត់បង់ការងារដែរ។ ដូច្នេះ ការសាមគ្គីគ្នានៅ​ក្នុងក្រប​ខណ្ឌ​​រោងចក្រ រវាងម្ចាស់រោងចក្រ កម្មករ ក៏ដូចជាជាមួយនឹងផ្នែកស្ថាប័នពាក់ព័ន្ធត្រូវបានយកចិត្ត​ទុក​ដាក់​​​ដោះ​ស្រាយ​​បញ្ហានេះ។

ពិតមែនហើយវាមិនទាន់គ្រប់គ្រាន់តាមតម្រូវការបស់យើងទេ ក៏ប៉ុន្តែមួយ​ជំហាន​ម្ដង​ៗ​លើមូលដ្ឋាន​នៃការ​យោគ​យល់នេះ វាល្អប្រសើរខ្លាំងណាស់។ ជីវភាពរបស់កម្មករ/ការិនី​របស់យើង​ក៏ត្រូវបាន​កែលំអជាបន្ត​បន្ទាប់​។ តែពូសុំទទួលយកនូវការសប្បាយរីករាយ​ជាមួយក្មួយៗ ដែលតាម​ធម្មតាអ្នកដែលធ្វើការ​ ក្រៅពី​ប្រាក់​ខែ​គោល នៅមានរបបឧបត្ថម្ភដទៃទៀត ដែលម្សិលមិញនេះពូមានឱកាស​ច្រើននៅក្នុងរោងចក្រ ដើម្បី​សួរនាំអំពីប្រាក់ចំណូល។ ហើយអ្នកដែលទៅកោះពេជ្រ គឺមានក្របខណ្ឌមួយផ្សេង ដែលប្រាក់ខែ​តែងតែខ្ពស់។ មានមួយនោះ ថ្ងៃមុន ខ្ញុំភ្ញាក់ដែរ។ រៀនអាហារូបករណ៍របស់នាយករដ្ឋមន្រ្ដី ចប់បរិញ្ញា​ហើយ​ទៅ​ធ្វើ​ការនៅក្នុងរោងចក្រទទួលបានប្រាក់ខែ ៤៥០ ដុល្លារ​សហរដ្ឋអាមេរិក។ ដូច្នេះទទួលអាហា​រូបករណ៍​របស់ ហ៊ុន សែន រួចហើយទៅធ្វើការនៅតាមរោងចក្រ គាត់មិន​ស្វះស្វែងទៅ​ធ្វើ​មន្រ្ដីរាជការ(ទេ) ទៅតាម​រោង​ចក្រ ប្រាក់ខែច្រើនស្មើនឹងអនុរដ្ឋលេខា​ធិការទៅហើយ។

កម្មការិនីរើសប្តី ព្រោះមានប្រាក់ចំណូលជាង ២០០ ដុល្លារទៅហើយ

… ក្មួយ​ជា​កម្មការិនីនៅតាមរោងចក្រគឺទទួលបានបៀវត្សទាំងអស់ជាង ២០០ ដុល្លារ​សហរដ្ឋអាមេរិក។ អញ្ចឹង​បានគេថា​នារីរោងចក្រឥឡូវរើសប្ដីណាស់។ ត្រូវ។ ត្រឹមត្រូវ។ ពូគាំទ្រ។ រើសបន្តិចក្មួយ។ … បុរសៗ​ជា​យុវជនត្រូវប្រុងប្រយ័ត្ន។ តិចថារកប្រពន្ធមិនបាន តាំងច្រៀងហើយ​រំដួលដូរដី។ គេមិនមែនដូរដីដូរស្អីទេ ក៏ប៉ុន្តែមកពីយើងនេះវាអត់កំណើត។ អ្នកណាទៅយក? មិនថាយើង​មានប្រាក់ខែ​ដល់​ជាង ២០០ ដុល្លារ​សហរដ្ឋអាមេរិក អត់មានប្រាក់ខែក៏មិនយកលោកឯងដែរ បើលោកឯងតែ​សេពគ្រឿងញៀន ដើរតែផឹកត្រ​លប់​មក​ផ្ទះវាយប្រពន្ធហ្នឹង។ … សុំផ្ដាំផង បើទោះបីថាឆ្នាំអីក៏ដោយ ការហើយឲ្យនៅតែឆ្នាំហ្នឹងដដែល កុំ​ឲ្យ​​ប្រែ​ក្លាយ​ទៅជាឆ្នាំខ្លា។ ត្រលប់មកវិញរៀបចំសុទ្ធតែត្រកួនឲ្យប្ដីស៊ី ប្ដីសួរថាម៉េចសុទ្ធតែត្រកួន ហើយ​ឆ្លើយ​មកវិញថាក្រែងឯង​ជា​ទន្សាយអី? បងជាទន្សាយទៅច្រៀងនឹងគេ ស្រាប់តែមកវិញ​ប្រពន្ធ​ឲ្យស៊ី​ត្រ​កួន។

អំណាចរបស់ស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចកាន់តែខ្ពស់

ប៉ុន្តែមានចំណុច​ពិសេសមួយ ដែលខ្ញុំគិតថាក្រសួងកិច្ចការនារី ហើយក៏ដូចជាអ្នកដែលទទួលខុសត្រូវលើ​បញ្ហា​​យេនឌ័រ នៅតែប៉ុន្មានខែខាងមុខនេះ ក្រុមប្រឹក្សាជាតិដើម្បីស្រ្ដី ដែលមានសម្ដេចព្រះមាតា​ជាព្រះ​ប្រ​ធាន​​កិត្តិយស ហើយខ្លួនខ្ញុំជានាយករដ្ឋមន្រ្ដីជាអនុប្រធានកិត្តិយសត្រូវដឹកនាំការប្រជុំ។ ពេលហ្នឹងមាន​សូច​នាក​​រតាមដាន អំពី​ការ​ពង្រឹងតួនាទីរបស់ស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច។ ឥឡូវនេះ ក្មួយៗជាកម្មការិនី ភាគ​ច្រើន​នៅតាម​បណ្ដារោងចក្រជាស្រ្ដី។ ដូច្នេះអំណាចរបស់ស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចកាន់តែខ្ពស់ទៅហើយ។ អញ្ចឹង បុរសៗត្រូវតែ​មានការប្រុងប្រយ័ត្ន ខ្លួនអត់មានការងារធ្វើមកពឹងពាក់លើប្រពន្ធ រួចហើយថែមទាំង​មិន​ព្រមដាំបាយ (មិនព្រម)ថ្នមប្រពន្ធទៀត អាហ្នឹងយ៉ាប់ហើយ។ កុំថាប្រពន្ធចិត្តមិនបានណា។ ស្រ្ដីរបស់​យើង​ស្លូតណាស់ ហើយម៉្យាងទៀត​គឺការដែលស្រ្ដីមានតួនាទីក្នុងវិស័យសេដ្ឋកិច្ចនេះ ផ្ដល់ឱកាសងាយ​ស្រួល ព្រោះថាបុរស​ៗ​ភាគ​ច្រើនណាស់ ​ដែលចាយលុយមិនដឹងអស់។ ប៉ុន្តែស្រ្ដីសក់មួយច្រៀកជាដប់ លុយណាទុកចិញ្ចឹមកូន លុយណា​ទុកធ្វើអ្វី។ ឥឡូវនេះ សម្រាប់ក្មួយៗស្រ្ដីដែលនៅលីវ សន្សំទិញមាស សន្សំ​ទិញរបស់របរ​ ហើយប្រើប្រាស់​ថវិកានោះ​សម្រាប់ផ្ញើទៅឪពុកម្ដាយនេះ គឺជាចំណុចល្អដែល​យើង​ត្រូវខិតខំបន្ដ។ ការ​ដោះស្រាយ​ទាក់ទង​នឹងការ​វិនិយោគ​មក មានចំណែកភាគច្រើន ដើម្បីដោះស្រាយ​ការ​ងារ​ធ្វើឲ្យស្រ្ដីរបស់យើងតែម្ដង។

គណបក្សប្រជាជនកម្ពុជាជាអ្នកកសាងសមិទ្ធផលនានាក្នុងវិស័យកាត់ដេរ

ក្មួយៗត្រូវចាំថា អ្វីដែលក្មួយៗមាននៅក្នុងដៃសព្វថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់​គណបក្ស​ប្រ​ជា​ជន​​កម្ពុជា មិនមែនបានមកដោយសារបក្សប្រឆាំងនោះទេ។ បក្សប្រឆាំងកំពុងតែបន្តអំពាវនាវ​ឲ្យប្រ​ទេស​ក្រៅបញ្ឈប់ការទិញទំនិញពីកម្ពុជា។ ខ្លួនឯងធ្វើខុសច្បាប់ គេកាត់ទោស​​ខ្លួនឯង (ហើយ)ទៅអំពាវ​នាវ​(អញ្ចឹង)។ តើ(វានឹង)សម្លាប់​ ហ៊ុន សែន ឬសម្លាប់អ្នកណា? ក្មួយៗចាំឲ្យច្បាស់ បើមាន​ការ​កាត់​បន្ថយ​ការ​​បញ្ជា​ទិញណាមួយ គឺជាកំហុសរបស់បក្សប្រឆាំងទាំងអស់។ វាមិនមែនស្លាប់ ហ៊ុន សែន ទេ តែវា​ស្លាប់​កម្មករ​គឺស្លាប់ក្មួយៗនេះឯង។ ប៉ុន្តែ ខ្ញុំគិតថាប្រទេសនានា គេក៏អាចយល់បានអំពីសេចក្ដីត្រូវការ​របស់​ប្រជាជនកម្ពុជា ប្រទេសកម្ពុជា ជាប្រទេសកម្ពុជាដែលមានឯករាជ្យ និងអធិបតេយ្យភាព បូរណភាព​ទឹក​ដីពេញលេញ។

ប្រទេសកម្ពុជា មានទំនាក់ទំនងជាដៃគូពាណិជ្ជកម្មជាមួយប្រទេស​នានានៅក្នុងក្របខណ្ឌតំបន់ និង​ក្រប​ខណ្ឌ​អន្ដរជាតិ។ យើងមិនអាចពឹងពាក់តែជាមួយអ្នកណាមួយនោះទេ ប៉ុន្តែបើប្រៀបធៀបក្នុងទសវត្សរ៍ ៨០ និងដើមទសវត្សរ៍ ៩០ ​គេហ៊ុំព័ទ្ធសេដ្ឋកិច្ចយើងជិតឈឹង។ ប៉ុន្តែពេលនោះ​ យើងនៅតែរស់បាន។ ឥឡូវ​​នេះ តើយើងអាចរស់បានតទៅទៀតទេ? មិនទាន់មានបញ្ហាទាក់ទងជាមួយនឹងការ​សម្លាប់សេដ្ឋកិច្ច​របស់​កម្ពុជាទេ។ ហើយការសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជាវាមិនមែនងាយស្រួលដូចបកចេក​នោះទេ​ព្រោះ​កម្ពុជា​ក៏មានទំនាក់ទំនងជាមួយប្រទេសជាច្រើនក្នុងការនាំទំនិញចេញ​ នៅក្នុងការធ្វើពាណិជ្ជកម្ម​ជាមួយ​គ្នា​។ ដែលហៅថាពាណិជ្ជកម្មមានទៅមានមក មិនមែនមានតែទៅហើយអត់មកទេ។ ពិតមែនតែ​កំលាំង​យើង​តូច ក៏ប៉ុន្តែ យើងក៏ជាប្រភពនៃទីផ្សាររបស់គេដែរ។ គេក៏លក់ទំនិញមកយើង យើងក៏លក់ទំនិញ​ទៅ​គេ។ ដូច្នេះហើយបានជាយើងត្រូវបន្ដការខិត​ខំ យើងធ្វើលើរឿងនេះបានច្រើនណាស់។

ធ្វើពីរោងចក្រតិច កម្មករតិច ប្រាក់ឈ្នួលតិច រហូតដល់ច្រើនសព្វថ្ងៃ

យើងអភិវឌ្ឍតាំងពី​ស្ថានភាព​ដ៏​លំបាក តាំងពីការចាប់ផ្ដើមនៃដំណើរការរោងចក្រសហគ្រាសនៅកម្ពុជា គិតត្រឹមឆ្នាំ ១៩៩៧ រោងចក្រមានតែ ៦៤ រោងចក្រ ជាមួយនឹងកម្មករ ៨២.០០០ នាក់ និងប្រាក់​ឈ្មួល​​អប្បបរមាពេលនោះមានតែ ៤០ ដុល្លារ​សហរដ្ឋអាមេរិកទេ ហើយអ្នកមុនហ្នឹងទៅទៀត ត្រឹមតែ ៣៥ ដុល្លារ​សហរដ្ឋអាមេរិកទេ។ ប៉ុន្តែឥឡូវប្រាក់ឈ្មួលរបស់កម្មករ/ការិនីនៅពេលនេះមានរហូតទៅ ១៥៣ ដុល្លារ​សហ​រដ្ឋអាមេរិក។ ហើយនៅឆ្នាំ ២០១៨ ឥឡូវ ថ្ងៃ ២២ អញ្ចឹងយើងនៅបាំង ៣៨ ថ្ងៃ ទៀតតែប៉ុណ្ណោះ ប្រាក់បៀវត្សរបស់ក្មួយៗ​ឡើងដល់ទៅ ១៧០ ដុល្លារ​សហរដ្ឋអាមេរិក។ ឡើងឆ្នាំនេះឡើងខ្ពស់ណាស់ ឡើង ១៧ ដុល្លារ​សហរដ្ឋអាមេរិក គឺស្មើនឹងជាង ១០% នៃការតម្លើងបៀវត្ស ហើយឡើង​មិនមែន​ឡើង​សម្រាប់​តែឆ្នាំនេះទេ ឡើងរាល់ឆ្នាំ។ ក្មួយៗត្រូវចាំថាប្រាក់បៀវត្សអប្បបរមារបស់ក្មួយៗ គឺនឹងឡើងជា​រៀង​រាល់​ឆ្នាំតាមយន្ដការត្រីភាគី។

យើងបាន​ប្រឹងប្រែងធ្វើរហូតមកពេលនេះជាមួយនឹងរោងចក្រដែល​មាន​រាប់​សិប។ ឥឡូវរោងចក្រ និង​សហ​​​​គ្រាស​នៅទូទាំងប្រទេសរបស់យើងមានទៅដល់ជាង ១១.០០០ ដោយឡែកក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង​មាន ១.១០០ រោងចក្រជាង ដែលផ្ដល់ឱកាសការងារសរុបទាំងអស់ជាង ១ លាននាក់ បូក​នឹងកម្មករក្រៅ​ប្រព័ន្ធ យើងមានកម្មករទាំងអស់ប្រមាណជា ៤ លាននាក់ ដែលកំពុងធ្វើការ នេះមិន​ទាន់​រាប់​ចំពោះ​កម្មករ/ការិនីរបស់យើង ដែលកំពុងធ្វើការនៅប្រទេសក្រៅ ដែលបញ្ចូនប្រាក់មក​ក្នុងប្រទេស​ក្នុង​មួយឆ្នាំ​ប្រមាណជាង ២០០០ លានដុល្លារ​សហរដ្ឋអាមេរិកថែមទៀតផង​។

ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីគឺជាកត្តាដែលនាំឲ្យកម្ពុជាមានការអភិវឌ្ឍ

យើងបានធ្វើដំណើរមកដល់ទីនេះ ដោយសារប្រទេសយើងមានឯករាជ្យ អធិបតេយ្យភាព និងបូរណភាព​ទឹក​ដី យើងមានឯករាជ្យភាពខាងនយោបាយ ប៉ុន្តែយើងមិននឹកដល់សោះថា (មាន)​អ្នកដែលឱនក្បាល​​(ធ្វើ​)ខុស​ពីរដ្ឋធម្មនុញ្ញ​ ដើម្បី​ឲ្យ​បរទេស​​មកត្រួតត្រាបំផ្លាញយើង។ ជាភ័ព្វសំណាងរបស់កម្ពុជាដែលយើង​រក​ឃើញនូវ​អំពើក្បត់បំផ្លាញ​ប្រទេស​របស់យើង​។ បើសិនជារឿងនេះ (មិន)ត្រូវបានរកឃើញតាំងពី​ពេល​នោះ ប្រហែលជាប្រទេសយើង​នឹងខ្ទេចខ្ទាំហើយ។ គេបានកំណត់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៣ ជាថ្ងៃផ្ដាច់​ព្រ័ត្រ​ដើម្បីផ្ដួល ហ៊ុន សែន … បើខ្ញុំឃើញពីថ្ងៃហ្នឹងបានសេចក្ដីថា ពេលហ្នឹងគឺចប់ហើយ។ សង្រ្គាមផ្ទុះ ឬក៏​អ្នកឯងត្រូវតែងាប់អញ្ចឹងតែម្ដង … អ្នកឯងមិនរួចខ្លួនទេ។

… សុំកុំមក​ក្បែរប្រទេសអាស៊ីខ្លាំងពេក។ ធម្មតាការបញ្ជូនចារកម្មចេញដើម្បីចាប់ខ្លួនអ្នកឯង។ ចាប់បាន​ទេតើ! រឿងអ្វីដែលអ្នកឯងអំពាវនាវកងទ័ពឲ្យបែរអាវុធមកប្រឆាំងរដ្ឋាភិបាល? រឿងអ្វីដែលអ្នកឯងដាក់​ឱ​សាន​​វាទដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់? តើនេះជាទោសក្បត់ជាតិ ឬជាទោសអ្វី? ហើយទោសក្បត់​ជាតិនេះវាមិនមែនមានតែនៅស្រុកខ្មែរទេ នៅអាមេរិកមកដល់ម៉ោងនេះដូចជាចាប់ ៣ នាក់ហើយ ពីបទ​ក្បត់​​ជាតិឃុបឃិតជាមួយរុស្សីដើម្បីលួចទិន្នន័យពីការបោះឆ្នោត។ ដូណាល់ ត្រាំម៍ ប្រធានាធិបតីអាមេរិក មិនទាន់រួច​ខ្លួនទេ មិនទាន់ក្លាយទៅជាប្រធានាធិបតីផ្លូវការនៅក្នុងកែវភ្នែកមនុស្សមួយចំនួនទេ។ ចាប់ប្រ​ធាន​យុទ្ធនាការ​បោះឆ្នោតរបស់ ដូណាល់ ត្រាំម៍ ចោទពីទោសក្បត់ជាតិឃុបឃិតជាមួយរុស្សី។ តើយើង​មាន​សិទ្ធិចាប់មនុស្ស​ដែលឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាទេ?

… ​អ្នក​ឯង​អនុវត្តស្តង់ដាប៉ុន្មានទៅ? នៅអាមេរិកមានសិទ្ធិនឹងចាប់ ហើយចោទប្រកាន់ថាក្បត់ជាតិ ដោយ​សារ​តែបានគាំទ្រប្រធានាធីបតី ដូណាល់ ត្រាំម៍ ហើយគេចោទថា ឃុបឃិតជាមួយប្រធានាធិបតីរុស្ស៊ី គេ​ចោទថាក្បត់ជាតិ។ ចុះនៅកម្ពុជា ឃ្លីបវីដេអូបានបញ្ជាក់ថា គេឲ្យខ្ញុំទៅធ្វើនេះ គេឲ្យខ្ញុំទៅធ្វើនោះ គេឲ្យខ្ញុំ​យក​គំរូតាម Serbia និង Yugoslavia ខ្ញុំមិនមែនធ្វើតាមចិត្តឯងទេ។ គេបញ្ជូនសាស្ត្រាចារ្យមកបង្រៀន​ឲ្យ​ធ្វើ​នេះធ្វើនោះ។ មេដឹកនាំប្រទេសគ្រាន់តែក្នុងការស្បថចូលកាន់តំណែង កថាខណ្ឌដែលព្រះរាជបិតា​ជាតិ​បាន​ទ្រង់ឡាយដោយខ្លួនឯង ទ្រង់សរសេរដោយខ្លួនឯង នូវចំណុចនេះសំខាន់ណាស់ ដែលមិនទុកឲ្យ​បរទេស​មកបង្គាប់បញ្ជានយោបាយក្នុងប្រទេស និងក្រៅប្រទេស។ ប៉ុន្តែ រឿងនេះ ហេតុអីបានជាកម្ពុជា​ទៅជា​អ្នកខុស?

ប៉ុន្តែ មិនមែនទាំងអស់គ្នាថា កម្ពុជាខុសទេ។ ខ្ញុំបានទទួលព័ត៌មានពី ណៃពិដោរ នៃការប្រជុំអាស៊ី-អឺរ៉ុប ជំ​ហរ​វាមិនដូចគ្នាពីប្រទេសមួយទៅកាន់ប្រទេសមួយ។ ប្រទេសខ្លះដោយគិតគូរទៅលើឯករាជ្យ​ អធិបតេយ្យ​ភាព​របស់ខ្លួន គឺគេក៏បានផ្តល់នូវយុត្តិធម៌ឲ្យ មិនត្រឹមតែផ្តល់យុត្តិធម៌ទេ គេគាំទ្រចំណាត់ការផ្លូវច្បាប់​របស់​យើង ដើម្បីធានាឲ្យមានសន្តិភាព ស្ថេរភាព និងជំរុញការអភិវឌ្ឍទៅវិញ។

គណបក្សប្រឆាំងរិះរកគ្រប់មធ្យោបាយដើម្បីឲ្យ គ.ជ.ប មានការជាប់គាំង

យើងបន្តលើរឿងនេះ ហើយក៏សូមគូសបញ្ជាក់ ខ្ញុំគួរតែរំលឹករឿងគួរឲ្យអស់សំណើច តើគេអាចក្លាយទៅជា​មេ​ដឹក​នាំ​ប្រទេសមួយបានទេ បើល្ងង់ម្លឹងៗ? ឆ្នាំ ២០០៨ មកតថ្លៃជាមួយនឹងខ្ញុំនៅឯពោធិចិនតុងតែម្តង។ គេឆ្លៀតដឹងថា ព្រះមហាក្សត្រយាងទៅក្រៅប្រទេស គេឆ្លៀតទៅហ្នឹង ២ នាក់ មកនិយាយជាមួយខ្ញុំ គេថា ខ្ញុំអត់ចូលប្រជុំ ព្រោះវាខុសនឹងមាត្រា។ បើខ្ញុំមិនចូលប្រជុំ វាខុសនឹងមាត្រាទី ៧៦ ដែលចែងថា «សភា​ត្រូវ​មាន​អាសនៈយ៉ាងតិច ១២៣»។ បានខ្ញុំចង្អុលមុខ នែ! កុំមកចង់តថ្លៃ។ ពេលហ្នឹងគេចង់​ទារ​យក​គណៈ​កម្មា​ធិការប៉ុន្មាន។ បានខ្ញុំថា នែ! ខ្លួនឯងមានប៉ុន្មានកៅអីហ្នឹង បានមកទារយកប៉ុណ្ណឹង? និយាយពី​​បញ្ហា​សភា​នេះ គេនិយាយអំពីការបង្កើតសភា ដែលបោះឆ្នោតទៅ មិនឲ្យតិចជាង ១២៣ បើតិចជាង ១២៣ ទើប​វាខុសច្បាប់ ទើបវាខុសរដ្ឋធម្មនុញ្ញ។

… ដល់ចុងឆ្នាំ ២០១២ គេឲ្យសមាជិកសភាលាលែង ៣ នាក់ ដើម្បីធ្វើឲ្យសភាខ្វះចំនួន ១២៣ ដើម្បីកុំ​ឲ្យ​អនុ​ម័តច្បាប់ថវិកាឆ្នាំ ២០១៣ បាន។ គេឲ្យមនុស្ស ៣ នាក់លាលែងពីតំណែង អោយសភានៅសល់តែ ១២០ បូកនឹងខ្លួនគេម្នាក់ទៀត នៅសល់តែ ១១៩។ ក៏ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញគេបាន​បកស្រាយ​ហើយ​តើ​ថា សភាបើសិនជាបោះទៅ កំណត់កៅអីនៅទូទាំងប្រទេស ១២៣ បើបោះទៅវាជាប់បានតែ ១២០ អា​ហ្នឹង​ទើបសភាមិនគ្រប់ទឹក។ ប៉ុន្តែ បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគេប្រកាសថាមាន ១២៣ ហើយ ចង់អ្នកឯងទៅនៅឯណា ទៅៗ។ គេធ្វើការហើយ។

កន្លងទៅ ដល់ធ្វើអីវាមិនឈ្នះ ព្រះមហាក្សត្រកោះប្រជុំ គេនាំគ្នាទៅស្បថនៅអង្គរវត្ត ដើម្បីថាកុំឲ្យសភាគ្រប់​ទឹក ប៉ុន្តែសភានៅតែគ្រប់ទឹកហ្នឹង។ ព្រះមហាក្សត្រព្រះអង្គត្រូវតែបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ គឺសភា​កោះ​ប្រជុំយ៉ាងយូរ ៦០ ថ្ងៃ ក្រោយការបោះឆ្នោត ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។ អញ្ចឹង​ទោះ​បីមាន ១ នាក់ ក៏ព្រះមហាក្សត្រត្រូវតែកោះដែរ កុំឲ្យព្រះមហាក្សត្រ ព្រះអង្គខុស។ អ្នកឯងចូល ឬមិន​ចូល​រឿងរបស់អ្នកឯង។ ពេលដែលគេមិនចូល គេថាសភាទឹកកន្លះក្អម។ ដល់ពេលគេចូល គេថា សភា​ទឹក​ពេញក្អម។ ឥឡូវធ្វើម៉េច? ឥឡូវ ប៉ុន្មានថ្ងៃនេះ អំពើឆ្កួតៗមួយទៀតបានកើតឡើង គេចង់ឲ្យ​គណៈ​កម្មា​ធិ​ការជាតិរៀបចំការបោះឆ្នោតគាំង។ គេឲ្យមនុស្ស ៣ នាក់លាលែង។

… គេមិនដែលរៀបចំស្អីឲ្យវាគាំងទេ។ សូមចំណាំចុះ។ នៅពេលណាដែលមានការរៀបចំច្បាប់ ដែល​មាន​ការ​ចូលរួមពីគណបក្សប្រជាជន ច្បាប់នោះមិនដែលទុកឲ្យគាំងទេ។ ដំណើរ​ការ​នៅ​ធម្មតា​។ ឥឡូវ កាន់តែ​បង្ហាញ​ច្បាស់ថា ចរិតដែលគេឲ្យមនុស្សលាលែង កាលណាចូលទៅក្នុងគណៈកម្មាធិការបោះឆ្នោត គឺគេ​ឲ្យ​មនុស្សលាលែងចេញពីបក្ស ប៉ុន្តែឥឡូវដើម្បីបង្ហាញនូវការស្មោះត្រង់ជាមួយបក្សដែលបានលាលែងរួច​មក​ហើយ។ គេបានលាលែងពីគណៈកម្មាធិការបោះឆ្នោត តើគេស្មោះត្រង់ជាមួយជាតិ ឬស្មោះត្រង់ជា​មួយ​បក្ស?

គួររើសសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សដទៃ​ និងអង្គការក្រៅរដ្ឋាភិបាលមកបំពេញ គ.ជ.ប

… មិនថ្វីទេ បោះឆ្នោតនៅតែបោះឆ្នោត ហើយ ៣ នាក់នោះនឹងត្រូវជ្រើសរើស។ គេបើកច្រក ឲ្យមានការ​ជ្រើស​រើស ដើម្បីបំពេញបន្ថែម ដែលខ្ញុំគិតថា ក្រៅពីគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលគេហៅថាគណបក្ស​កាន់​អំ​ណាចមិនគួរចូលលូកលាន់បន្ថែមទេ គួរតែគណបក្សហ្វ៊ុនស៊ិនប៉ិច​ អាចមានម្នាក់ ហើយមកធ្វើ​អនុប្រ​ធាន​តែម្តងទៅ។ ហើយក្រៅពីនោះ ដូចជាគណបក្សសញ្ជាតិកម្ពុជាដែលបាន ២ អាសនៈដែរនោះ គួរតែ​ជូន ១​ ទៅ ហើយក្រៅពីនោះ យកពីអង្គការក្រៅរដ្ឋាភិបាល ១ ទៅ។ អានេះគ្រាន់តែយោបល់ខ្ញុំទេ ព្រោះខ្ញុំ​ក៏​មានសិទ្ធិបោះឆ្នោតមួយសំលេងដែរនៅក្នុងសភា។ … សម្រាប់ការជឿទុកចិត្ត យើង​ផ្តល់ឱកាសឲ្យបក្ស​ក្រៅ​រដ្ឋាភិបាល … សភាបោះឆ្នោតតើ មានទាស់ខុសអី អ្នកឯងចង់ព្រាត់ប្រាសទៅណាព្រាត់ប្រាស់ទៅ។ គេបោះឆ្នោតនៅតែបោះឆ្នោត ២៥ ខែកុម្ភៈ បោះឆ្នោតព្រឹទ្ធសភា, ២៩ កក្កដា បោះឆ្នោតរដ្ឋសភា ហើយ​បើ​ទោះ​បីប្រទេសណាមកសង្កេតការណ៍ មិនសង្កេតការណ៍ វាអត់មានតម្រូវការទេ។

មិនមែនទាល់​តែអ្នកឯងមកសង្កេតការណ៍ ទើបថាបោះឆ្នោតស្របច្បាប់ឯណា ហើយរដ្ឋធម្មនុញ្ញកម្ពុជា ឬក៏​ប្រទេសលើពិភពលោក អត់មានតម្រូវការទៅស៊ីញ៉េពីប្រធានាធិបតីពីប្រទេសផ្សេង ទើបស្របច្បាប់ទេ ហើយក៏អត់មានតម្រូវការទៅស៊ីញ៉េពីអគ្គលេខាអង្គការសហប្រជាជាតិ បានស្របច្បាប់ដែរ។ ប្រហែល​ជា​លើកនេះ ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច។ ម៉េចបានខ្ញុំនិយាយអញ្ចឹង? គណបក្សមួយត្រូវរលាយសិទ្ធិ​នយោ​បាយ។ ​គេកាត់តែ ១១៨ នាក់ទេ ចុះនៅរាប់រយរាប់ពាន់នាក់ទៀត ទៅធ្វើអី? ក្រែងទៅបង្កើតគណបក្ស ដើម្បី​ចូលរួមប្រកួតប្រជែង។ អញ្ចឹងទេ តិចថាមកថ្ងៃក្រោយ ទារខ្ញុំចូលគណៈកម្មាធិការបោះឆ្នោត។ គ្មានទៅឲ្យទេ។ កុំមកឡាំប៉ា ចូលឬមិនចូលហី ព្រោះមិនខ្វះទេបក្សនយោបាយចូលរួមបោះឆ្នោត។

អាហ្នឹងហើយបងជាទន្សាយនោះ។ តិចទៀត ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច បើសិនមនុស្សនេះនៅក្នុង​គណៈ​កម្មា​ធិការបោះឆ្នោត ហើយអ្នកដែលត្រូវរំសាយបក្ស គេទៅប្រមូលផ្តុំបង្កើតបក្សថ្មី ឬក៏គេទៅនៅគណ​បក្ស​ចាស់​របស់គេឡើងវិញ គេក៏ចូលរួមបោះឆ្នោត ហើយបើសិនជាមានមនុស្សគេនៅក្នុងគណៈកម្មាធិការបោះ​ឆ្នោត វាបង្កើតបានជំនឿទុកចិត្ត។ ប៉ុន្តែ ឥឡូវអ័កហ្សឺបាត់ទៅហើយ កុំចូលមកវិញ ហើយបើចូលមកវិញ ស្នើឯកឧត្តម ស៊ិក ប៊ុនហុក កុំឲ្យចូលមកវិញអី ខ្ញុំសូមស្នើដោយទទូច …។

ហ៊ុន សែន អោនក្បាលតែចំពោះប្រជាជនកម្ពុជាមួយប៉ុណ្ណោះ

ប៉ុន្តែខ្ញុំសូមបញ្ជាក់ កត្តាកំណត់សម្រេចសម្រាប់ប្រទេសមួយ មិនមែនបរទេសទេ។​ បរទេសយើងត្រូវមាន​សហ​ប្រតិបត្តិការដែលស្មើភាព និងស្មើសិទ្ធិ យើងត្រូវធ្វើមិត្តទាំងអស់នៅលើពិភពលោកនេះ ប៉ុន្តែ មិនត្រូវ​ឲ្យ​​គេមកធ្វើចៅហ្វាយរបស់យើងទេ។ ចៅហ្វាយពិតប្រាកដរបស់រាជរដ្ឋាភិបាល ឬរបស់បក្សនយោបាយ​មួយ គឺប្រជាជន។ ក្នុងនេះ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាខ្លួនខ្ញុំ ខ្ញុំអោនក្បាលតែជាមួយប្រជាជន​ខ្លួន​ឯង​តែប៉ុណ្ណោះ ខ្ញុំមិនដែលអោនក្បាលជាមួយនឹងបរទេសទេ។ អ្នកជួយ ខ្ញុំក៏យកលុយរបស់អ្នក … អ្នក​ដក​ទៅ ហើយចេញឲ្យផុតពីគណៈកម្មាធិការបោះឆ្នោត ដែលបានចេញហើយ គេថាអត់មានលុយ តែដាក់​លុយ​មកទាមទារដាក់មនុស្សៗ ហើយទីចុងបំផុត លុយនឹងបានទៅអ្នកមកហ្នឹង។

ដំណើរការបោះឆ្នោតនៅតែប្រព្រឹត្តទៅធម្មតា ទោះគ្មានជំនួយ

អញ្ចឹងបានសេចក្តីថា អត់ជំនួយរបស់អ្នក ការបោះឆ្នោតនៅតែធ្វើ។ ក្នុងពេលដែលសភាពការណ៍កំពុងវិវត្ត គណៈកម្មាធិការបោះឆ្នោត គេបានចុះឈ្មោះ ឥឡូវអ្នកដែលបានចុះឈ្មោះ គេឡើងដល់ ៩ លាននាក់​ប្លាយ។ អញ្ចឹង ៩ លាននាក់ បោះឆ្នោតទៅវាចប់រឿងហើយ។ បោះឆ្នោតរួចហើយ គណៈកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន។ បើមានបណ្តឹងតវ៉ា គណៈកម្មាធិការ​បោះ​ឆ្នោត​គឺ​ដោះស្រាយ។ រឿងណាដោះស្រាយមិនចេញ គឺត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សា​ធម្មនុញ្ញដោះស្រាយ រួចហើយបិទផ្លូវតវ៉ា បញ្ជូនមកគណៈ

កម្មាធិការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ និង​ប្រកាសបេក្ខជនជាប់ឆ្នោតតែម្តង។

បន្ទាប់ពីនោះនៅសល់អី? នៅសល់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ត្រូវកោះប្រជុំរដ្ឋសភា ហើយព្រះ​មហា​ក្សត្រត្រូវឡាយព្រះហស្ថលេខាតែងតាំងនាយករដ្ឋមន្ត្រី ឲ្យផ្គូរផ្គងគណៈរដ្ឋមន្ត្រី ដើម្បីសុំសេចក្តីទុក​ចិត្ត​ពីរដ្ឋសភា។ គណបក្សដែលឈ្នះឆ្នោតត្រូវបញ្ជូនបេក្ខភាពទៅព្រះមហាក្សត្រ (ដើម្បី)ព្រះអង្គឡាយ​ព្រះហ​ស្ថលេខាឲ្យបង្កើតរាជរដ្ឋាភិបាល។ ដល់ផ្គូរផ្គងពីរាជរដ្ឋាភិបាល សុំការទុកចិត្តពីរដ្ឋសភាៗ សម្រេច​ហើយ ព្រះមហាក្សត្រឡាយព្រះហស្ថលេខាទទួលស្គាល់ចាត់តាំងរាជរដ្ឋាភិបាលទាំងមូល ចប់​សេច​ក្តី​ហើយ មិនចាំបាច់អ្នកណាទទួលស្គាល់ ឬមិនទទួលស្គាល់ទេ។

លទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស វាកើតតែក្នុងផ្ទៃនៃសន្តិភាពតែប៉ុណ្ណោះ

… ប្រជាជនកម្ពុជាបាន និងកំពុងនឹងបំពេញភារកិច្ច ហើយនេះក៏បានបង្ហាញ ឲ្យឃើញថា ប្រជាជនកម្ពុជា ជា​ពិសេស កម្មករ/ការិនី មិនបានរត់ចោលរោងចក្រទេ នៅបន្តរោងចក្រ ព្រោះនេះជាឆ្នាំងបាយក្មួយៗ ឆ្នាំង​បាយរបស់កម្មករ/ការិនីរបស់យើង។ ឥឡូវ យើងបានធ្វើដំណើរច្រើនហើយ យើងដោះស្រាយបញ្ហាបាន​ច្រើន​ណាស់។ យើងត្រូវបន្តជាមួយនឹងការខិតខំបន្ថែមទៀត ដើម្បីរក្សាសន្តិភាព និងស្ថេរភាពនយោ​បាយ។ បញ្ហានេះសំខាន់ណាស់ សូមក្មួយៗ និងប្រជាពលរដ្ឋរបស់យើងចាំឲ្យបាន លទ្ធិប្រជាធិបតេយ្យ ឬ​សិទ្ធិមនុស្ស វាកើតតែក្នុងផ្ទៃនៃសន្តិភាពតែប៉ុណ្ណោះ វាមិនអាចកើតនៅក្នុងផ្ទៃនៃសង្គ្រាមនោះទេ។ ក្មួយៗ​សព្វ​ថ្ងៃសំណាងណាស់ ដែលកើតក្រោយគ្រាប់ប្លោង ប៉ុន្តែជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗវេទនាណាស់ កាលពីសម័យដើម។ យើងមិនត្រូវឲ្យរឿងរ៉ាវឈឺចាប់ ដែលឪពុកម្តាយ ជីដូនជីតាក្មួយៗកាល​ពីមុន​ជួ​ប​ប្រទះ វិលត្រឡប់មកវិញនោះទេ។

រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាសុវត្ថិភាព និងស្ថេរភាពការងារ

ក្មួយៗត្រូវខិតខំដើម្បីចូលរួមចំណែកកសាង ជាមួយនឹងរក្សានូវសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍ។ ក្មួយៗ​ត្រូវខិតខំចូលរួមចំណែករក្សានូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីធានា​នូវសុវត្ថិភាពការងាររបស់ក្មួយៗ រាប់ទាំងក្មួយៗត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីធ្វើយ៉ាងម៉េច ធ្វើ​សុខ​ដុមបនីយកម្មនៅក្នុងក្របខណ្ឌរោងចក្រ សហគ្រាសរបស់ខ្លួន។ បើសិនជារោងចក្រមានបងតូច បងធំ ហើយកាប់គ្នា វាក៏មិនស្ថេរភាពសម្រាប់ការងាររបស់យើងដែរ។ នៅក្នុងបណ្តារោងចក្រ មានក្រុមជួញ​ដូរ​គ្រឿង​ញៀន និងកម្មករ/ការិនីរបស់យើងប្រើប្រាស់គ្រឿងញៀន វាក៏មិនអាចមានស្ថេរភាពការងារដែរ។

រក្សាការងារកំពុងមាន និងបង្កើតការងារថ្មី

ក្មួយៗត្រូវបន្តការខិតខំ ដើម្បីរក្សាការងារដែលយើងកំពុងមាន និងយើងទាំងអស់គ្នា ដើម្បីបង្កើតការងារថ្មី ដើម្បីធ្វើឲ្យប្រទេសរបស់យើងកាន់តែរីកលូតលាស់។ ការងារដែលក្មួយៗមានសព្វថ្ងៃ គឺត្រូវតែគ្រប់​គ្រង​ក្តាប់​​ឲ្យបាន មិនមែនគ្រាន់តែរក្សាការងារនេះទេ ក៏ប៉ុន្តែត្រូវបង្កើននូវផលិតភាពរបស់យើង ដើម្បីឲ្យប្រាក់ចំ​ណូល របស់ក្មួយៗកាន់តែកើនឡើង។ ពេលណាយើងធ្វើការងារល្អ ពេលនោះប្រាក់កម្រៃរបស់យើងទទួល​បានក៏កាន់តែខ្ពស់។ វាមិនបញ្ចប់ត្រឹម ១៧០ ដុល្លារទេ។ វានឹងឡើងជាបន្តបន្ទាប់ តែឡើងបានប៉ុន្មាន វាក៏ចំណុះទៅលើស្ថានភាពសេដ្ឋកិច្ចសង្គមទាំងមូល ហើយក្នុងនោះតួអង្គរោងចក្រមួយៗមានតួនាទីសំ​ខាន់​។ រោងចក្រខ្លះអនុវត្តត្រឹមតែ ១៥៣ ឬ ១៧០ (ដុល្លារ) ក្នុងពេលខាងមុខ។ ប៉ុន្តែរោងចក្រ​ខ្លះ​បាន​ឡើងផុតទៅហើយ។

យើងត្រូវបង្កើតការងារថ្មីជាបន្តទៀត ដើម្បីដោះស្រាយការងារធ្វើឲ្យប្រជាពលរដ្ឋរបស់យើងដែលមិនទាន់​មាន​ការ​ងារ​ធ្វើ​ ហើយដែល(មានកម្មករថ្មី)ត្រូវចូលក្នុងទីផ្សារការងារក្នុងមួយឆ្នាំ ប្រមាណជាង ២៥ ទៅ ៣០ ម៉ឺននាក់។ រាជរដ្ឋាភិបាល ក៏ត្រូវមានការប្រឹងប្រែង ដើម្បីនឹងទាក់ទាញវិនិយោគទុន មកកាន់ប្រទេស​កម្ពុជា​របស់​យើង​ បើកទីផ្សារខាងក្រៅ ​នាំផលិតផលកម្ពុជាទៅលក់នៅក្រៅប្រទេស។ ប្រទេសយើង មិន​មែន​ជាប្រទេសផលិតត្រឹមតែផ្គត់ផ្គង់ខ្លួន​ឯងដូចកាលសម័យដើមទេ។ ប្រទេសរបស់យើងផលិត​សម្រាប់​ការ​​នាំ​ចេញ រាប់ទាំងវិស័យកសិកម្មដែលពេលនេះ អង្កររបស់កម្ពុជាបានកំពុងចូលទីផ្សារចំនួន ៦០ ប្រ​ទេស​រួចស្រេចទៅហើយ។ យើងនឹងបង្កើនចំនួននៃការនាំចេញនេះ តទៅទៀត បើទោះបីជា ៦០ ប្រទេស​(ដ​ដែល) តែយើងបង្កើនចំនួនរបស់វា។ ឥឡូវនេះ យើងនាំចេញមិនទាន់ដល់ ១ លានតោនទេ ក្នុងពេល​ដែល​យើងសល់ស្រូវជាង ៥ លានតោន ស្មើនឹងអង្ករជាង ៣ លានតោន។ យើងត្រូវបន្ត​ការខិត​ខំ​បែប​នេះតទៅទៀត។

បង្កើនប្រាក់ចំណូលកម្មករ លើកកម្ពស់សមត្ថភាព ចំណេះដឹង ទាំងខាងវប្បធម៌ និងបច្ចេកទេស

យើងត្រូវរួមគ្នា ដើម្បីឲ្យធ្វើឲ្យប្រាក់ចំណូលកម្មកររបស់យើងកាន់តែកើនឡើង ជាមួយនឹងសម្ថភាពរបស់ កម្មករ កម្មការិនី ត្រូវបានលើកកម្ពស់ លើកកម្ពស់ទាំងសមត្ថភាពនៃការចេះដឹង ខាងវប្បធម៌ លើកកម្ពស់​សមត្ថ​ភាព នៃការចេះដឹងរបស់យើងទាំងផ្នែកបច្ចេកទេស ដើម្បីឲ្យផលិតផលរបស់យើងកាន់តែមានគុណ​ភាព កាន់តែមានតំលៃ។

អនុវត្តគោលនយោបាយគាំពារសង្គម និងសុវត្ថិភាព និងលក្ខខណ្ឌការងារ

ជាមួយគ្នានោះដែរ យើងត្រូវបន្តការខិតខំ ដើម្បីអនុវត្តនូវគោលនយោបាយទាក់ទងជាមួយនឹងកិច្ចការ​គាំ​ពារ​សង្គម និងសុវត្ថិភាពការងារ លក្ខខណ្ឌការងារ។ ប្រទេសកម្ពុជា គឺប្រទេសដែលអនុវត្ត ដែលផ្សារភ្ជាប់ រវាងជាមួយនឹងលក្ខខណ្ឌការងារ ពាណិជ្ជកម្មផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌការងារ។ យើងធ្វើឲ្យកាន់តែ​ប្រ​សើរ​ឡើង​នូវលក្ខខណ្ឌការងារទាំងឡាយ ដែលក្នុងនោះមន្ទីរពេទ្យ ឬគិលានដ្ឋាននៅតាមរោងចក្រ។ ក្មួយៗប្រហែលជាបានដឹងហើយ ថាសម្រាប់ប្រាក់ទៅលើបញ្ហាសុខភាព ទាក់ទងនឹងមូលនិធិសម្រាប់​ថែទាំ​សុខភាព ដែលមុននេះក្មួយៗត្រូវបង់ ៥០ ភាគរយ ម្ចាស់រោងចក្របង់ ៥០ ភាគរយ។ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ ២០១៨ ទៅ ក្មួយៗមិនចាំបាច់បង់ទៀតទេ ទុកឲ្យម្ចាស់រោងចក្រជាអ្នកបង់ជំនួសទាំងអស់។

ក្មួយៗក៏អាចចំណេញបាន ក្នុងទឹកប្រាក់ពី ​៨ ពាន់ ទៅ ១ ម៉ឺន ៣ ពាន់រៀល ក្នុងមួយខែ។ ការពិនិត្យ​ព្យា​បាល​ជំងឺ ត្រូវអនុវត្តទូទៅសម្រាប់កម្មករ កម្មការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺការព្យាបាល​ដោយ​មិន​ត្រូវ​បង់ប្រាក់ នៅគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ មិនដឹងថាថ្លៃប៉ុន្មានទេ តែដឹងតែមួយជាតែប៉ុណ្ណោះ។ នេះ​គឺ​ការ​ធា​នារ៉ាប់រងសង្គមមួយ ដែលផ្តើមចេញពីគោលនយោបាយគាំពារសង្គម ដើម្បីធានាឲ្យសុខមាលភាព​របស់​ប្រជា​ជន​របស់យើង កាន់តែប្រសើរឡើង។

គោលនយោបាយសម្រាប់កម្មការិនីមានផ្ទៃពោះ

ស្រ្តីមានផ្ទៃពោះត្រូវបានទទួលការឈប់សម្រាក រយៈពេល ៣ ខែ ដោយ មានប្រាក់បៀវត្ស ចំនួន ១២០ ភាគ​រយ ដែលត្រូវអនុវត្តឲ្យខានតែបាន។ ក្នុងនោះ បេឡាជាតិសន្តិសុខសង្គមត្រូវបង់ ៧០ ភាគរយ និង​និយោជកបង់ ៥០ ភាគរយ។ ដូច្នេះ កង្វល់របស់ក្មួយៗ ទាក់ទិនជាមួយនឹងបញ្ហាពេលសម្រាលកូន ក៏​ត្រូវ​បាន​ដោះស្រាយជាមួយនឹងការកំណត់ធ្វើឲ្យប្រាកដជាមួយនឹងការបានឈប់សម្រាករយៈពេលបីខែ ហើយ​ដែលមានបៀវត្ស ១២០ ភាគរយ។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលក៏នឹងត្រូវបានផ្តល់ប្រាក់ជាកម្មវិធី​សាច់ប្រាក់​សម្រាប់កម្មការិនីឆ្លងទន្លេ ចាប់ពី សូន្យម៉ោង ថ្ងៃ ០១ ខែមករា (២០១៨) តទៅ ហើយ​ប៉ះភាគច្រើនជាមួយក្មួយៗ ៣៤៩ នាក់តែម្តង ដែលក្មួយៗនឹងឆ្លងទន្លេនៅខែមករា ក្រោយថ្ងៃ ០១ ខែមករា ឆ្នាំ ២០១៨។ ពេលនោះរាជរដ្ឋាបាលនឹងផ្តល់សាច់ប្រាក់ជូនកម្មការិនី ដែលឆ្លងទន្លេ។ ឆ្លងបានកូនមួយ​បាន ៤០ ម៉ឺនរៀល ស្មើនឹង ១០០ ​ដុល្លារ, បានកូន(ភ្លោះ) ២ គឺបាន ៨០ ម៉ឺនរៀល, ឯកូនភ្លោះ ៣ គឺបាន ១​លាន ២ សែនរៀល ពីរដ្ឋ​ និងបាន ៤ លានរៀល ពី ហ៊ុន សែន យើងតម្លើងអា ៤ លានហ្នឹង ពីពេល​ណាមក?

ឥឡូវខ្ញុំសូមប្រកាសដោយសារវាមិនច្រើនទេ អ្នកណាបានកូនភ្លោះបី បាន ៥ លានរៀល ពី ហ៊ុន សែន តែ​ម្តង។ ព្រោះមួយប្រទេសតាំងពី ១៩៩៥ រហូតមកដល់ឥឡូវ ទើបតែបានជាង ៣០០ ទេ អញ្ចឹងមិន​ងាយ​អ្នក​ណាបានកូនភ្លោះបីទេ​។ បើបានកូនភ្លោះបីខ្ញុំជួយ ៥ លានរៀល អាកូនភ្លោះ ៤ បានដល់ ១០ លាន​រៀល​ឯណោះ។ ប៉ុន្តែ រឿងរដ្ឋផ្សេងណា រឿងខ្ញុំជាឯកជនផ្សឹង បើពេលណាខ្ញុំមិននៅបន្តទេ អាហ្នឹងខ្ញុំ​អត់​បន្ត​ទេ។ ប៉ុន្តែនយោបាយរដ្ឋាភិបាលនេះ បើខ្ញុំអត់បន្ត ក៏គង់តែអ្នកក្រោយគេបន្តដែរ នឹងផ្តល់សាច់​ប្រាក់​ជូន​កម្មការិនីឆ្លងទន្លេ។ អញ្ចឹង បានជាសុំឲ្យសហគ្រាសទាំងអស់ អ្នកទាំងអស់ ទាំងសិប្បកម្មក្តី ជាភោជ​នីយ​ដ្ឋាន​ក្តី ជាសណ្ឋាគារក្តីមកចុះបញ្ជី ដើម្បីឲ្យកម្មករ/ការិនីទទួលបានផល។ ដូចជាការទទួលបាន​នូវការ​ពិនិត្យ​ព្យា​បាលជម្ងឺដោយមិនគិតថ្លៃ កម្មការិនីទទួលបាននូវការឆ្លងទន្លេ ទទួលបានប្រាក់ឧបត្ថម្ភ យ៉ាង​ហោច​ណាស់ក៏យកទៅទិញអ្វីដែលជាតម្រូវការតាំងពីកន្ទបស្អីៗហ្នឹង ឬក៏ថាដើម្បីឲ្យមានទឹកដោះឲ្យកូន​បៅ ទិញជើងជ្រូក ស្ញោរជើងជ្រូក។ ប៉ុន្តែអាតូចវាមិនសូវបៅប៉ុន្មានទេ អាធំវាបៅច្រើនជាង បៅយូរណាស់​កូន​ប្រុស។

ជិះឡានក្រុងមិនគិតថ្លៃ ២ ឆ្នាំ

កម្មករ/ការិនីរបស់យើង ​​ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ទទួលបាននូវការជិះរថយន្តក្រុងដោយមិនបង់​ប្រាក់ រយៈពេល ២ ឆ្នាំ យ៉ា​ងតិច។ ឥឡូវមានប៉ុន្មាននាក់ហើយ ដែលបានជិះឡានក្រុងនេះ សូមលើកដៃ​បន្តិច​ទៅមើល? បានប្រហែល ១០ ភាគរយហើយនៅ? លើកឲ្យខ្ពស់បន្តិចមើល បានប៉ុន្មានហើយ? បាន​ច្រើន​ក្រែលដែរតើ។ ក្មួយឯងជិះទៅ កុំទៅខ្វល់។ ប៉ុន្តែទៅជិះតាក់ស៊ី ជិះឡានឈ្នួលអាហ្នឹងបង់​លុយឲ្យ​គេណា។ ផ្លូវណាដែលមានឡានក្រុង ជិះទៅ ហើយមិនបាច់ចាំតែមកធ្វើការងារទេ ជិះទៅសួរសុខ​ទុក្ខ​ឪពុក​ម្តាយក៏ជិះទៅ។ ជួនកាលណាត់ជួបគ្នានៅលើឡានក្រុង ក៏អត់ទាស់ខុសអីដែរ … ដល់ទៅពេលថ្ងៃ​ក្រោយ​ទៅ ក្លាយជាប្តីប្រពន្ធ(ប្រាប់កូនថា) កាលហ្នឹងណា ប៉ាជួបម៉ាក់កូនឯង ជួបលើឡានក្រុង ហើយ​ឡាន​ក្រុងកាលនោះអត់មានយកលុយទេ សម័យតេជោសែនអត់មានយកលុយទេ ឥឡូវគេយកលុយ។

ជួនកាលមានរឿងអញ្ចឹងកើតឡើងដែរ … ទៅឃើញគ្នានៅលើឡានក្រុងអីអញ្ចឹងទៅ ក៏ស្រលាញ់គ្នា​អញ្ចឹង​ទៅ។ មានអ្នកណាគេហាមឃាត់អី ព្រោះអាហ្នឹងរឿងធម្មជាតិ។ ប៉ុន្តែថាយ៉ាងម៉េចក៏ដោយធ្វើតេស្តឈាម​ឲ្យ​ច្បាស់។ បុរសក៏ត្រូវធ្វើតេស្តឈាម ខាងនារីក៏ត្រូវធ្វើតេស្តឈាមខាងបុរសដែរ ដើម្បីពិនិត្យមើល​អាជំងឺ​ស្រាល​(អេដស៍)។ បើសិនជាខ្លួនឯងមានបញ្ហាហើយ កុំទៅបំផ្លាញអ្នកដទៃ ទាំងសងខាងត្រូវ​យកចិត្ត​ទុក​ដាក់​លើបញ្ហាហ្នឹង។ ដោយសារតែយើងធ្វើកិច្ចការងារនេះបានល្អ បានជាអត្រាការឆ្លងនៃមេរោគ​អេដស៍​បាន​ធ្លាក់ចុះគំហុកតែម្តង ហើយគ្មានការកើនឡើងទេ អត់មានការកើនឡើង ចេះតែធ្លាក់ចុះៗ អាហ្នឹង​ដោយ​សារប្រជាពលរដ្ឋ ជាពិសេសក្មួយៗទទួលបាននូវការអប់រំខ្ពស់ ទៅលើបញ្ហាការការពារនេះឯង។

របបសោធននិវត្តន៍វិស័យឯកជន ចាប់ពីឆ្នាំ ២០១៩

នៅឆ្នាំ ២០១៩ ខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ឲ្យអនុវត្តន៍នូវប្រាក់សោធនិវត្តន៍ ដែលពេលហ្នឹង ក្មួយៗ​ជា​កម្មករ/ការិនីទាំងអស់នឹងមានប្រាក់ចូលនិវត្តន៍ វាមិនខុសគ្នារវាងកម្មករ/ការិនី នៅក្នុងវិស័យឯកជន ជា​មួយ​នឹងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ។ ដោយសារកម្មកររបស់យើងក៏បានទទួលនូវប្រាក់ ចូល​និវត្តន៍ដែរ។ ឧទាហរណ៍ឆ្នាំក្រោយនេះ ប្រាក់ចូលនិវត្តន៍របស់ក្មួយៗនិងប្រាក់បៀវត្សអប្បបរមា​របស់​ក្មួយៗ ១៧០ បើពេលចូលនិវត្តន៍ប្រាក់ចូលនិវត្តន៍ វានៅសល់ ៨០ ភាគរយ អញ្ចឹងវានៅសល់ ១៤០ ដុល្លារ​សហរដ្ឋអាមេរិក គ្រាន់នឹងចិញ្ចឹមខ្លួនដែរ។ ប៉ុន្តែ ក្មួយៗកុំភ្លេចត្រូវបំពេញលក្ខខណ្ឌ​ឲ្យបានគ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ប្រាក់ចូលនិវត្តន៍។ មិនមែនមកធ្វើការមួយឆ្នាំ រួចហើយទាមទារប្រាក់ចូលនិវត្តន៍នោះទេ។ អាហ្នឹងគ្រាន់តែមានប្រាក់គេហៅថា ប្រាក់សម្រាប់អតីតភាពការងារ ហើយគេបើកផ្តាច់ឲ្យតែម្តង។ បំពេញ​លក្ខខណ្ឌ ដើម្បីបានទទួលនូវប្រាក់សោធននិវត្តន៍ ដែលខ្មែរច្រើនប្រើពាក្យថា ប្រាក់រឺត្រែតនោះ។ ពាក្យ​ចាស់​លោកថា «ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង»។

រៀបចំ និងគ្រប់គ្រងសៀវភៅការងាររបស់កម្មករ

… ខ្ញុំនៅតែបញ្ជាក់ហើយ បញ្ជាក់ទៀត សុំឲ្យក្រសួងការងាររៀបចំ និងគ្រប់គ្រងសៀវភៅការងារឲ្យបាន​ជាក់​លាក់ បំផុតទើបអាចដោះស្រាយបានបញ្ហា។ ព្រោះអ្វី? ក្មួយៗធ្វើការនៅកម្មករ នៅរោងចក្រនេះបាន ៥ ឆ្នាំ ​រោងចក្រនេះ ត្រូវបិទទ្វារ អញ្ចឹងក្មួយៗទៅរកការងារនៅរោងចក្រមួយទៀត។ ពេលនោះយើងត្រូវ​យក​សៀវ​ភៅការងារដែលយើងធ្វើការ ៥ ឆ្នាំនេះ យកទៅ ដើម្បីរាប់ពី ៥ ឆ្នាំឡើងលើ មិនមែន​រាប់ពី​មួយ​ថ្ងៃ​ឡើង​លើ​ទេ។ ធ្វើការបាន ៥ ឆ្នាំ  ឬ ៣ ឆ្នាំនៅនោះ រោងចក្រនោះបិទទៀត ត្រូវផ្ទេរទៅធ្វើរោងចក្រការ​ងារមួយ​ទៀត វាត្រូវបូកបញ្ចូលគ្នាទាំងអស់ហ្នឹង ក្មួយៗបានទទួលនូវប្រាក់សោធនិវត្តន៍។ ប្រសិនបើយើងមិន​ធ្វើ​ការ​គ្រប់គ្រងបែបនេះទេ គឺក្មួយៗនឹងបាត់បង់នូវផលប្រយោជន៍។ ដូច្នេះ សៀវភៅការ​ងាររបស់ក្មួយៗ ត្រូវ​រក្សាឲ្យបានអាហ្នឹង គឺជាប្រាក់សន្សំរបស់ខ្លួនហើយ។ សន្សំនៅនេះ ៥ ឆ្នាំ សន្សំនៅទីនេះ ៣ ឆ្នាំ សន្សំ​នៅ​នោះ​បន្ថែម គ្រប់លក្ខខណ្ឌក្មួយចូលនិវត្តន៍ទៅ គឺមានប្រាក់ចូលនិវត្តន៍ទៀត។ រឿងនេះមិនមែនគ្រាន់តែធ្វើ​នៅ​ក្នុង​ក្របខណ្ឌកម្មករ/ការិនីនៅក្នុងប្រទេសទេ យើងនឹងបន្តធ្វើកិច្ចការងារនេះ ជាមួយនឹងកម្មករ/ការិនី​ដែល​កំ​ពុងធ្វើការនៅក្រៅប្រទេស។

ប្រាក់បៀវត្សកើន ចំណាយថយចុះ  

ថ្ងៃមុន ខ្ញុំបាននិយាយនៅកោះពេជ្រម្តងហើយ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំចង់យកឱកាសនេះដើម្បីនឹង​ផ្ញើជូន​សារ​ទៅ​កាន់​កម្មករ/ការិនី​ដែលកំពុងធ្វើការនៅក្រៅប្រទេស ប៉ុន្តែ ខ្ញុំក៏គួរតែនិយាយជាមួយនឹងកម្មករ/ការិនីនៅ​ទីនេះ​ឲ្យបាន​ច្បាស់បន្ថែមថា ទន្ទឹមនឹងប្រាក់បៀវត្សរបស់ក្មួយៗកើនឡើង ការចំណាយរបស់ក្មួយៗក៏ត្រូវ​កាត់​បន្ថយតាមរយៈការផ្តល់ថ្លៃទឹកភ្លើងទាបជាងមុន។ ពេល​មុន ថ្លៃទឹក ក្មួយៗអនុវត្ត ១.២០០ រៀល​ក្នុងមួយម៉ែត្រគូប ឥឡូវត្រឹមតែ ​​៨០០ រៀលតែប៉ុណ្ណោះ។ ភ្លើងមុននេះ ត្រូវកំណត់ដោយម្ចាស់ផ្ទះ ប៉ុន្តែ ឥឡូវ​នេះ អនុវត្តចំពោះកម្មករ/ការិនី​ សិស្ស និស្សិត គឺត្រឹមតែ ៤៨០ រៀលតែប៉ុណ្ណោះ។ ជាមួយនឹងការកាត់​បន្ថយ​ការចំ​ណាយដទៃទៀត រាប់ទាំងពន្ធលើប្រាក់បៀវត្ស ដែលនៅពេលខាងមុខនេះ ១.២០០.០០០ រៀល ក្នុងមួយខែ ស្មើនឹង ៣០០ ដុល្លារ មិនត្រូវបានជាប់ពន្ធនោះទេ។

ការថែទាំសុខភាព មិនត្រូវបានចំណាយនោះទេ ក្មួយៗពិតជាមានការគិតណាស់ថា​ បើសិនអញឈឺ ប្រាក់​បៀវ​ត្សហ្នឹងគ្រប់គ្រាន់នឹងព្យាបាលទេ? រហូតទៅដល់ពេលខ្លះ ប្រាក់បៀវត្សមិនគ្រប់គ្រាន់ ត្រូវបង្ខំចិត្តទៅ​ខ្ចី​គេ ឬយករបស់របរទៅបញ្ចាំ ដើម្បីនឹងទទួលបាននូវការព្យាបាល។ ប៉ុន្តែ ឥឡូវនេះ រដ្ឋធានារ៉ាប់រងជាមួយ​នឹង​ការព្យាបាលដោយមិនគិតប្រាក់។ បន្ថែមលើនោះ យើងក៏ត្រូវអនុវត្តដើម្បីបង្កើនអាហារូបត្ថម្ភ​មនុស្ស​ម្នាក់​ជីវិតពីរ គឺស្ត្រីមានផ្ទៃពោះនោះឯង។ សង្ឃឹមថា ក្មួយៗនឹងបានកូនដែលកើតមក ទោះបីប្រុសក្តី ស្រីក្តី គឺ​ជាកូនដែលគួរឲ្យស្រឡាញ់ កូនដែលនាំមកនូវប្រាក់ចំណូល ហើយពួកគេនឹងទទួលបាននូវការអប់រំ​នៅ​ក្នុង​សភាពការណ៍ថ្មី នៃប្រទេសដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ។

កិច្ចការ ៥ កំពុងធ្វើសម្រួលដល់ពលករក្រៅប្រទេស

ជូនពរឲ្យក្មួយៗជួបតែសំណាងល្អ ហើយទទួលបានកូនប្រុសស្រីប្រកបដោយការស្រឡាញ់ និងវៃឆ្លាត​។ សម្រាប់កម្មករ ដែលធ្វើការនៅក្រៅប្រទេស ខ្ញុំសុំជូនសារពីទីនេះជាថ្មីម្តងទៀត ដើម្បីឲ្យអ្នកទាំងគ្នានៅទី​នោះ​ស្ងប់ចិត្ត។ ពេលនេះ រាជរដ្ឋាភិបាលកំពុងធ្វើកិច្ចការ ៥ ដើម្បីអ្នកទាំងឡាយដែលកំពុងនៅក្រៅ​ប្រ​ទេស។ ទី ១ រាជរដ្ឋាភិបាលអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការការពារ និងលើកកម្ពស់​​សិទ្ធិ​ពល​ករ​ទេសន្តរប្រវេសន៍ បាន និងកំពុងខិតខំជួយពលករ ដែលធ្វើការនៅបរទេស ដើម្បីធានាបាននូវផល​ប្រ​យោជន៍​ស្របច្បាប់។ ជួយផ្តល់ភាព​ស្របច្បាប់ដល់ពលករ ដែលមិនទាន់ស្របច្បាប់ ចាត់តាំងទីប្រឹក្សាការ​ងារ​នៅតាមស្ថានទូត នៃប្រទេសដែលមានពលករ ដូចជា ថៃ កូរ៉េ ម៉ាឡេស៊ី និងជប៉ុន។ ប្រទេសថៃ យើង​កំ​ពុងផ្តល់លិខិតធ្វើដំណើរ និងបណ្ណការងារសម្រាប់ចេញចូលមួយថ្ងៃ​ ដល់អ្នកនៅជាយដែន មិនចាំបាច់​ទៅ​សម្រាកនៅទីនោះទេ។

យើងកំពុងបង្កើតមជ្ឈមណ្ឌលផ្តល់លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស នៅរាជធានី​ភ្នំ​ពេញ និងខេត្តមួយចំនួន ដូចជា បាត់ដំបង បន្ទាយមានជ័យ។ ខិតខំធ្វើ ព្រោះមិនអាចឲ្យពួកគេ​មកទី​ក្រុង​ភ្នំពេញ ដោយមានដំណើរឆ្ងាយទេ … ខិតខំធ្វើយ៉ាងម៉េចឲ្យពលកររបស់យើង ដែលកំពុងស្នាក់នៅ​ប្រ​ទេស​ថៃស្របច្បាប់ហើយ វាងាយស្រួល ខិតខំធ្វើឲ្យគេបានទទួលផលប្រយោជន៍កាន់តែច្រើន ដូចកម្មករ​ថៃ។ ខិតខំធ្វើឲ្យអ្នកមិនទាន់ស្របច្បាប់ ក្លាយទៅជាពលករស្របច្បាប់ ដែលមិនត្រូវបានទទួល​ការកេង​ប្រវ័ញ្ច​ពីពួកថៅកែ និងមេខ្យល់នោះទេ។

កិច្ចការទី ២ យើងសហការជាមួយប្រទេសដៃគូទទួលស្គាល់ជំនាញទៅវិញទៅមក ដូចជា កម្ពុជា-ថៃ បាន​ទទួល​ស្គាល់ជំនាញផ្នែកសំណង់ ជាងកំបោរ និងបណ្តាញអគ្គិសនី។ នៅសាធារណរដ្ឋកូរ៉េ ផ្តល់ឱកាសឲ្យ​ពលករ​ទៅរៀនបន្ថែម នៅតាម​សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ បន្ទាប់​ពី​ត្រឡប់មកកម្ពុជាវិញ អាចមានជំនាញច្បាស់លាស់។ អញ្ចឹងទេ បើកម្មករនៅកូរ៉េ យើងមានកន្លែងបណ្តុះ​បណ្តាលមុននឹងបញ្ជូនចេញទៅ។ ដល់ពេលទៅកូរ៉េហើយ គេបណ្តុះបណ្តាលថែមនៅទីនោះ។ ឯនៅ​ប្រ​ទេសថៃ យើងទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីងាយស្រួលឲ្យកម្មករ/ការិនីរបស់យើង ដែលធ្វើការនៅ​ប្រ​ទេសថៃ។ ពេលត្រឡប់មកវិញ មកធ្វើការនៅក្នុងប្រទេស ត្រូវបានទទួលស្គាល់ថា ជាអ្នកជំនាញ ដែល​មានជំនាញមកពីប្រទេសថៃ។ នេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាល។

ឥឡូវនេះ មេឃប្រហែលជាចង់ភ្លៀង ខ្ញុំមិនដឹងថា ទិសខាងលិចឆុងនឹងខ្ញុំឬយ៉ាងម៉េច ៣ លើកហើយ។ លើកទី ១ ដើរក្នុងភក់ លើកទី ២ ដើរក្នុងភក់ មិញហ្នឹង ក៏ដើរក្នុងទឹកបន្តិចដែរ។ ឲ្យតែមកទិស​ខាង​លិច​ភ្លៀង​រហូត។ គិតស្មានថា ថ្ងៃហ្នឹងគឺរងារផ្កាគហើយ។ ថ្ងៃនេះ ដូចជា ៤ កើត ខែមិគសិរ? ខ្ញុំថានៅតែ​បន្ត​ហើយ បន្តិចទៀតដាក់កម្រិតហើយ ដាក់សរសេរតែម្តង ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ត្រូវនឹងថ្ងៃ ៤ កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១។ ដាក់អញ្ចឹងតែម្តង តែមិនអញ្ចឹងភ្លេចអស់ហើយ រង្វាស់​រង្វាល់​ខ្មែរ​ភ្លេចខ្ទេច។ តាំងពីមួយកញ្ជើ មួយថាំង មួយតៅ ភ្លេចអស់រលីង គិតតែរបស់បារាំងសុទ្ធ។ អញ្ចឹងទេ ខែនេះ វាសមតែរងារ។ ឥឡូវ អ្នកការខែនេះ ជួនកាលកំពុងតែទទួលភ្ញៀវ ភ្លៀងគ្រិប។ ភ្ញៀវដែលត្រៀមទៅ ក៏​អត់បានទៅ ខាតមួយរោងទៅ។ គ្រួសារខ្ញុំប្រុងថា ថ្ងៃនេះ នាំក្រុមកាកបាទក្រហមទៅ​ច្រូតស្រូវ​នៅ​ខេត្ត​តាកែវ គាត់ត្រូវលប់កម្មវិធីចេញសិន ព្រោះទៅច្រូតអីកើត ក្នុងទឹកហ្នឹង។

ការងារទី ៣ ដែលយើងកំពុងធ្វើសម្រាប់ពលករនៅខាងក្រៅប្រទេស កំពុងសហការជាមួយ​បណ្តាប្រទេស​អាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរបបសន្តិសុខសង្គម។ នៅប្រទេសថៃ ពលករកម្ពុជាទទួល​បាន​ការ​ធានា​រ៉ាប់រងគ្រោះថ្នាក់ការងារ និងធានារ៉ាប់រងសុខភាព។ នៅសាធារណរដ្ឋកូរ៉េ ពលករកម្ពុជា​ទទួល​បានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ ធានារ៉ាប់រងសុខភាព ជីវិត និងសំបុត្រយន្ត​ហោះ។ ពលករ​ស្រប​ច្បាប់នៅគ្រប់ប្រទេស ដែលមានគ្រោះថ្នាក់ដល់ជីវិត ទទួលបានសំណងស្របតាមច្បាប់។ ពលករ​ស្រប​ច្បាប់ទាំងអស់ អាចផ្ទេរប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងធានារ៉ាប់រងសុខភាព មកក្រុមគ្រួសារ​ពល​ករនៅស្រុកកំណើត។ ដូច្នេះ នេះបើយើងមិនខិតខំទេ សួរថា ផ្ទេរមកអ្នកណា? នៅពេលដែលគេឈឺ នៅ​ពេលដែលគេស្លាប់ ប្រាក់នោះត្រូវផ្ទេរមកក្រុមគ្រួសារ។

(ទី ៤) យើងកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធននិវត្តន៍ ដោយពលករ​អាច​ផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់វិភាគទានបេឡាសន្តិសុខសង្គមពីប្រទេសមួយ បន្ទាប់​ពី​ចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានដើម្បីគិតប្រាក់សោធននិវត្តន៍។ ពលករកម្ពុជាដែលធ្វើការនៅ​ក្រៅ​ប្រទេស បានទទួលរបបដូចពលករធ្វើការនៅក្នុងប្រទេស ចាប់ពីឆ្នាំ ២០១៩ អញ្ចឹង សូមបញ្ជាក់ជូន​ក្មួយៗ​ដែលធ្វើការនៅក្នុងប្រទេសថៃ ឬក្នុងប្រទេសផ្សេងៗ ត្រូវមានសៀវភៅការងារហ្នឹងឲ្យបានច្បាស់ ដើម្បីយកមកភ្ជាប់ជាមួយនឹងអតីតភាពការងារ​ពីប្រទេសថៃ មកភ្ជាប់នឹងអតីតភាពការងារនៅ​ក្នុងប្រទេស​កម្ពុជា។ បើធ្វើនៅឯណោះបាន ១០ ឆ្នាំ មកវិញ​មកធ្វើការតាមរោងចក្រនៅនេះ ក៏រាប់បញ្ចូលចាប់ពី ១០ ឆ្នាំទៅ មិនមែនពី ១ ថ្ងៃទៅទេ។ ធ្វើយ៉ាងនេះ ដើម្បីឲ្យកម្មករ/ការិនី ដែលធ្វើការនៅក្រៅប្រទេសទាំងឡាយ មានលទ្ធភាពវិលមកវិញ ហើយដែលមិនបាត់បង់នូវផលប្រយោជន៍របស់ពួកគេទេ។ តើនេះជាអ្វី? នេះគឺ​ជា​ការខិតខំរបស់រាជរដ្ឋាភិបាល។

កិច្ចការទី ៥ យើងកំពុងសម្រួលបែបបទជូនពលករនៅបរទេស អាចផ្ទេរសិទ្ធិជូនគ្រួសារនៅក្នុងប្រទេស​ធ្វើជា​តំណាង​ដើម្បីស្នើសុំធ្វើជាលិខិតថ្កោលទោស ឬលិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណបណ្ណ​ផ្ទាល់​ខ្លួន ដោយមិនចាំបាច់ឲ្យសាម៉ីខ្លួនវិលមកស្រុកកំណើតវិញ។ ដោយឡែក ពលករធ្វើការនៅប្រទេស​ថៃ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឯកសារថតចម្លងត្រឹមត្រូវ ដើម្បីបំពេញបែបបទស្របច្បាប់។ អញ្ចឹងទេ គ្នា​នៅឯក្រៅប្រទេស គឺមិនតម្រូវឲ្យជិះយន្តហោះ ឬជិះរថយន្តមកសុំធ្វើលិខិតថ្កោលទោស ឬលិខិតមួយ​ចំនួន ដែលខាងប្រទេសគេនោះមានតម្រូវការ។ អនុញ្ញាតឲ្យគ្រួសារធ្វើជាតំណាងដើម្បីសុំលិខិតទាំងនោះ យកមកប្រើប្រាស់ …

អ្វីដែលមានក្នុងដៃ ត្រូវតែរក្សាវាឲ្យបាន

វិលមកក្នុងប្រទេសវិញ យើងត្រូវបន្តការខិតខំទាំងអស់គ្នា ត្រូវធ្វើយ៉ាងម៉េចឲ្យប្រទេសយើងបន្ត​មាន​សន្តិ​ភាព ដើម្បីធានាថា អ្វីដែលមានក្នុងដៃរបស់ក្មួយៗរួចហើយ ក្មួយៗត្រូវតែរក្សាវាឲ្យបាន។ អ្វីដែលបាន និង​កំ​ពុងមាននៅកម្ពុជា នោះគឺរបបរាជានិយម អាស្រ័យធម្មនុញ្ញ និងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ត្រូវ​ធា​នាឲ្យបាន។ ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង​ រាជបល្ល័ង្គ មិនត្រូវបានបំពានទេ របបរាជានិយម គ្មាន​នរណាមានសិទ្ធិដើម្បីនឹងរំលាយចោល សូម្បីតែរដ្ឋសភាខ្លួនឯង។ គេបានហាមឃាត់មិនឲ្យធ្វើវិសោធ​ន​កម្មរដ្ឋធម្មនុញ្ញ នៅចំណុច ២។ ទី ១ កុំឲ្យប៉ះពាល់ដល់របបរាជានិយមអាស្រ័យធម្មនុញ្ញ ទី ២ កុំឲ្យប៉ះ​ពាល់​ដល់របបប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រទេសរបស់យើងនៅតែជាបក្សនយោបាយច្រើន ដូច្នេះ នៅពេលខាងមុខនេះ ក្រៅពីរក្សាសន្តិភាព យើងត្រូវបំពេញក្នុងឋានៈជាពលរដ្ឋដែលរស់នៅក្នុងប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយនាំគ្នាទៅបោះឆ្នោត ដោយក្មួយៗ ប្រជាពលរដ្ឋជាង ៩ លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោតហើយ ត្រូវនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។ វាជាសេរីភាព នៃការជ្រើសរើស លំហ នៃសេរីភាពបញ្ចេញមតិ សេរីភាព នៃការធ្វើនយោបាយ សេរីភាពសារព័ត៌មានត្រូវបានគោរព។

មនុស្សចាស់មកបបួលកូនក្មេងវាយគ្នា (លឺ ឡាយស្រេង)

ខ្ញុំក៏សុំផ្តាំទៅ លោកតា លឺ ឡាយស្រេង ខ្ញុំហៅលោកតាទៅចុះ លោកតានិយាយថ្ងៃមុនថា ពេលដែល​គាត់​ចាស់ទៅ គាត់ប្រឹងបក។ ខ្ញុំសុំសួរលោកតា លោកតាជាង ៨០ ខ្ញុំជាង ៦០ លោកតាងាប់មុនខ្ញុំ ឬខ្ញុំ​ងាប់​មុនលោកតា? លោកតាគិតមើលទៅ។ ខ្ញុំគ្រាន់តែផ្តាំថា ឆ្នាំ ១៩៨៩ ពេលនោះ មានការ​ប្រជុំនៅ​ហ្វ៊ែរ​អង់​តាឌឺន័រ ប្រទេសបារាំង ត្រីភាគីចូលរួមដោយសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិរបស់យើង ក្នុង​ឋានៈ​ជាប្រធានគណៈអភិបាលត្រីភាគី ដូចជាប្រធានាធិបតីអញ្ចឹង, លោកតា សឺន សាន ជានា​យក​រដ្ឋ​មន្រ្តី​នៃរដ្ឋាភិបាលត្រីភាគី, ឯខ្ញុំជាប្រធានរដ្ឋាភិបាល នៃរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ។ ពេលប្រជុំដល់ថ្ងៃត្រង់ ដល់ពេលទទួលទានអាហារ ពេលនោះ មិនថាតែពេលនោះទេ មកដល់ឥឡូវ ម្ហូបបារាំងមិនមែន​ជាម្ហូប​ឆ្ងាញ់​របស់ ហ៊ុន សែន ទេ។ ម្ហូបឆ្ងាញ់របស់ ហ៊ុន សែន ទី ១ គឺ(សម្លរ)ប្រហើរផ្លែចេក ទី ២ (សម្លរ)កកូរ ទី ៣ (សម្លរ)ម្ជូរ ដាក់អាហ្នឹងមកគឺត្រូវហើយ។ តែបើដាក់ស្អី Beef Steak អីឯណា ឈាមមិនឈាមឯណា ទៅមិនរួចទេ។

ថ្ងៃនោះ ចរចាវាមិនត្រូវគ្នាទេ ក៏ទៅបាយ។ ព្រះករុណាព្រះអង្គនៅក្បាលតុ លោកតា សឺន សាន នៅ​ខាង​ស្តាំ​ដៃ ខ្ញុំនៅខាងឆ្វេងដៃ ទល់មុខគ្នា អមនៅពេលនោះ។ ខាងព្រះករុណាអមដោយលោកជំទាវ ណានូ ខាង​លោកតា សឺន សាន អមដោយឧត្តមសេនីយ ថាច់ រ៉េន ខាងខ្ញុំអមដោយ បង អ៊ុច គឹមអ៊ន។ កំពុង​តែ​ហាន់​សាច់ ស្រាប់តែលោកតា សឺន សាន គាត់ថា ឯកឧត្តមៗ!​ បើចរចាមិនត្រូវគ្នា វាយគ្នាទៀតទៅ។ ខ្ញុំវា​ហួស​ចិត្ត។ អញ្ចឹងក៏ចាប់ស្លាបព្រា និងសម ដាក់ម្តុំ ខ្ញុំថាអត់អីទេ ឯកឧត្តម! បើសិនជាវាយគ្នា ២០ ឆ្នាំ​ទៀត ខ្ញុំទើបនឹងមានអាយុ ៥៧ ឆ្នាំ និយាយពីបាត់មាត់ដូចគេចុក។ មិនថាតែលោកតា សឺន សាន ទេ ព្រះ​ករុណាបិតា ក៏បាត់មាត់ដែរ ព្រោះអី? តើខ្ញុំចង់និយាយពីអី? ខ្ញុំចង់និយាយថា បើវាយគ្នា ២០ ឆ្នាំទៀត តា​ឯង​ងាប់បាត់ហើយ។ នៅតែខ្ញុំទេ។​

រឿងអីវាគាប់ជួនខ្លាំងម៉េះ ៧ ចុងដូចគ្នាទាំងអស់ ខ្ញុំ ៣៧ (ឆ្នាំ) ខៀវ សំផន ៥៧ (ឆ្នាំ) ព្រះករុណាបិតា ៦៧ (ឆ្នាំ) សឺន សាន ៧៧ (ឆ្នាំ)។ ចុះវាយគ្នា ២០ ឆ្នាំទៀត មិន(ស្លាប់)ទៅមុនអស់ ចៃដន្យអី តា សឺន សាន ទៅ​មុន​បាត់។ ឥឡូវ តា លឺ ឡាយស្រេង គាត់ផ្តាំតាម សយ សុភាព។ ខ្ញុំថា បើចង់សុំទោស ធ្វើសំ​បុត្រ​មក។ គាត់មិនធ្វើសំបុត្រមក គាត់ជេរខ្ញុំទៀត។​ ចាំតែឲ្យរួចខ្លួនតើតា។ មើលលោកតា! ខ្លួនឯងខ្ញុំ​ដឹង​ណាស់​ណា។ ប្រជុំជាមួយខ្ញុំ ក្នុងឋានៈជារដ្ឋមន្រ្តី ខ្ញុំជានាយករដ្ឋមន្រ្តី ជាកូនចៅរបស់ខ្ញុំ ខ្ញុំស្គាល់ជំងឺ​របស់​លោក​តាឯង …  នែ! នៅហាត់ម្ង៉ៃ ៣ ម៉ោងណា។ ដើរ ១ ម៉ោងកន្លះ ជិះកង់ ១ ម៉ោងកន្លះ (ស្មើនឹង) ៣ ម៉ោង … ទេ! មនុស្សចាស់មកបបួលកូនក្មេងវាយគ្នានេះ ហ្នឹងវាពិបាក។ ឥឡូវបានមួយទៀតហើយ ថា​ពេល​គាត់ឈប់ទៅ ប្តឹងគាត់វិញ។ ទម្រាំតែខ្ញុំឈប់ តាឯងងាប់បាត់ហើយ ហើយមានពេលឯណាប្តឹង។ ទម្រាំ​ពេលនោះ តាឯងកើតមកវិញ អាយុ ២០ (ឆ្នាំ)។ មនុស្សចេះគិតឃើញអញ្ចឹងដែរ?

ហ្នឹងគេហៅមនុស្សឡប់ ជំងឺឡប់ ដូចដែលនិយាយអញ្ចឹង។ ឡប់ មិនចូលប្រជុំ ទុកឲ្យវានៅកន្លះក្អម អត់​គ្រប់​ទឹក ឲ្យមនុស្សលាលែង ដើម្បីសម្លាប់សភា ឲ្យមនុស្សលាលែង ដើម្បីសម្លាប់គណៈកម្មាធិកា​រជាតិ​បោះ​ឆ្នោត។ ឥឡូវ ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច។ បើសិនជាត្រូវមានក្រុមគេហ្នឹង ចូលរួមបោះឆ្នោត ចុះក្រុម​ហ្នឹង​ទៅណា? ចូលរួមបោះឆ្នោតទៀត ទោះបីទៅនៅបក្សណាក៏ដោយ ក៏នៅតែចូលរួមបោះឆ្នោតដ​ដែល​ហ្នឹង។ បើសិនមិនចូលរួមបោះឆ្នោត អ្នកឯងធ្វើអត្តឃាតមួយអាណត្តិបន្ថែមទៀតនោះ ព្រោះយើងដំណើរ​ការ​បោះ​ឆ្នោតជាទៀតទាត់ ៥ ឆ្នាំម្តងៗ។ អញ្ចឹង សូមអំពាវនាវ ឯកឧត្តម ស៊ិក ប៊ុនហុក គេលាហើយ តិច​គេ​សុំមកវិញ ឲ្យគេចូលណា? … ក្អេងក្អាងណាស់ គេត្រូវតែមក ២០១៨។ អញ្ជើញមកៗឲ្យលឿនបន្តិច អញកំពុងតែរកមុខហើយ។ អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបែរកាណុងមកហ្នឹង ហើយមួយទៀត​សាល​ក្រម​ជាប់គុក …។

ឥឡូវយើង ល្ងាចហ្នឹងសប្បាយទេតើ បានសម្រាកមួយល្ងាច។ អរគុណម្ចាស់រោងចក្រ ដែលបានផ្តល់ឱ​កាស​​ឲ្យថ្ងៃនេះ ជួបជុំគ្នាហើយ បានសម្រាកមួយល្ងាចទៀត។ ហើយថ្ងៃនេះ ខ្ញុំបាននាំមកមិនច្រើនទេ ជា​របស់កំដរដៃសម្រាប់ក្មួយៗម្នាក់ ២ ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់ ១៣.៥៦៥ នាក់។ ឯចំពោះខាងសិល្បៈ​នោះ គឺថាជូន ២ លានរៀលដែរ ព្រោះគ្នាត្រូវលេង ច្រៀងកំដរយើងផងអីផង។ ចម្រៀងគេពិរោះៗណាស់ ឥឡូវ គេមានចម្រៀងថ្មីៗ​ ប៉ុន្តែ យ៉ាងណាក៏ដោយ កន្សែងក្រហម ត្រូវតែបើកក្បាល ព្រោះខែហ្នឹងវា​ត្រូវតែអញ្ចឹង​ហើយ ក្រមុំកំឡោះ។ ម្សិលមិញ សួរអន្ទិត ២ នាក់នោះ មួយ ២៨ ឆ្នាំ ហើយមិន​ទាន់​យក​ប្រ​ពន្ធ មួយទៀត ២២ ឆ្នាំ សួរថាមានប្រពន្ធនៅ? ថានៅទេ។ សួរថាមានសង្សារ ឬនៅ? អត់។ ដូចមិនជឿទេ ប៉ុណ្ណឹងហើយមិនដែលថាមិនមាន។ ចុះមានដែលមើលឃើញអ្នកណាអត់? អត់ទៀត។ ហ៊ានស្បថឬអត់? ថាអត់ហ៊ាន។ គេមានរបស់ប្រចាំចិត្តរួចទៅហើយ។ ដោយឡែក ក្មួយៗដែលមានផ្ទៃពោះនេះ ពូនឹង​ចែកស្រោម​សំបុត្រមួយៗ តែពូមិនថាប៉ុន្មានទេ។ ប៉ុន្តែ សូមបញ្ជាក់រឿងមួយ បើក្មួយណាមានកូនភ្លោះ គឺ​ប្រាប់​ថាមានកូនភ្លោះ ដើម្បីពូឲ្យ ២ ស្រោមសំបុត្រ ព្រោះអាហ្នឹងជារបស់ដែលយើងត្រូវទទួលបាន។ បន្ទាប់​ពីចែកក្មួយៗហើយ យើងនៅមានឱកាស selfie ទៀតជាមួយគ្នា ដើម្បីជារូបថតអនុស្សាវរីយ៍នៃការ​ជួប​ជុំមួយ ដ៏សប្បាយរីករាយរបស់យើង។

ហើយចុងបញ្ចប់ អរគុណសាជាថ្មីម្តងទៀតជាមួយនឹងការចូលរួម អរគុណចំពោះការស្រឡាញ់ រាក់ទាក់ របស់​ក្មួយៗទាំងឡាយ ដែលចាត់ទុកពូមិនមែនត្រឹមតែជាអ្នកដឹកនាំប្រទេសនោះទេ ប៉ុន្តែ ចាត់ទុកពូ​ដូច​ជា​សាច់​ញាតិម្នាក់របស់ក្មួយៗ ដែលនេះជាប្រភពលើកទឹកចិត្តរបស់ពូ ក្នុងការបន្តបេសកកម្មជាប្រវត្តិសាស្រ្ត ក្នុងការអមដំណើរជាមួយក្មួយៗ ដើម្បីទៅកាន់ជោ​គជ័យថ្មីបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាជីវភាព លើកកម្ពស់ជីវភាព ទាំងក្មួយៗផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ​។ ហើយក៏សុំជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ/ការិនី ក្នុងហ្នឹង​មានក្មួយៗកម្មការិនី ដែលនឹង​ត្រូវ​ឆ្លងទន្លេនៅពេលខាងមុខ សូមក្មួយៗទទួលបាននូវសេចក្តីសុខ ទទួលបាននូវកូនគួរជាទីស្រឡាញ់​ ជូនពរអ្នកទាំងអស់គ្នា សូមប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ៕មកមិនច្រើនទេ ំសម្រាកមួយល្ងាក្រ ដែលបានផ្តល់ឱកាសឲ្យថ្ងៃនេះ ះបីទៅនៅទៀតឹង ចូលរួមឆ្នោត។ ឥឡូវិញូ) ឥឡូវនៅសល់ ៧២(គេឹងមកធ្វើ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ