(វីដេអូ) សម្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងដំណើរ ទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ


CNV:

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !

ខ្ញុំសូមយកឱកាសនេះ ជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ ជាពិសេស មន្រ្តីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមអ្នកទាំងអស់គ្នាទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃនេះ ខ្ញុំនិងសហការី មានការរីករាយដែលបានមកទស្សនកិច្ច ពិនិត្យមើលអគារដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពនៃនាយករដ្ឋមន្រ្តីរួចហើយ។ ការមកដល់របស់ខ្ញុំនេះ គឺទើបនឹងសម្រេចកាលពីអាទិត្យដែលឯកឧត្តម គង់ វិបុល បានចូលទៅរាយការណ៍ឱ្យខ្ញុំ, ជាមួយការសុំយោបល់ពីឯកឧត្តម អ៊ុច បូររិទ្ធ អំពីទីកន្លែងនៃការប្រជុំប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភា (Inter-Parliamentary Speakers’ Conference -ISC) ដែលគ្រោងធ្វើក្នុងខែសីហា ខាងមុខនេះ។ ខ្ញុំក៏សម្រេចភ្លាមថា មកទស្សនកិច្ច ហើយនិងពិនិត្យមើលទីកន្លែងនេះ ដើម្បីកំណត់ទីតាំងការប្រជុំប្រធានព្រឹទ្ធសភា ប្រធានសភា ដែលមានជាង ៤០ប្រទេស នឹងត្រូវអញ្ជើញមក។ សូមយកឱកាសនេះបញ្ជាក់ថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភា ដែលពេលនោះនឹងត្រូវដឹកនាំការប្រជុំ ខ្ញុំសូមប្រកាសសម្រេចយកទីស្នាក់ការនេះធ្វើជាទីកន្លែងប្រជុំអន្តរជាតិដ៏ធំនេះ។

ខ្ញុំមិនច្បាស់ថាតើនាយករដ្ឋមន្រ្តីនិងគណៈកម្មការរៀបចំការប្រជុំកំពូលប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូន សម្រេចជ្រើសរើស(កន្លែងប្រជុំ)ទីណាទេ។ ទុកលទ្ធភាពឱ្យនាយករដ្ឋមន្រ្តីជាអ្នកសម្រេច ក៏ប៉ុន្តែប្រសិនបើខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំសម្រេចយកទីនេះធ្វើជាកន្លែងប្រជុំដែរ។ យើងឃើញថា វាមានគ្រប់កម្រិតដែលយើងអាចធ្វើទៅរួច។ មានបន្ទប់ប្រជុំច្រើន ហើយយើងក៏ត្រូវការបន្ទប់សម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល។ បើនិយាយពីប្រ​ធានព្រឹទ្ធសភា ប្រធានរដ្ឋសភា យើងត្រូវមានបន្ទប់ច្រលនឱ្យ មានទាំងបន្ទប់ជំនួបទ្វាភាគីជាដើម។ អញ្ចឹងទេ (ខ្ញុំសូម)កំណត់ថ្ងៃនេះតែម្ដង (យកកន្លែងនេះ)សម្រាប់ការប្រជុំ(ប្រធានព្រឹទ្ធសភាប្រធានសភាអន្តរជាតិ)។

ឥឡូវងាកមកការកសាងអគារនេះ។ ខ្ញុំបានទទួលរបាយការណ៍មិនតិចជាង ១០ដងទេ ពីសំណាក់ឯកឧត្តម គង់ វិបុល អំពីវឌ្ឍនភាពនៃការសាងសង់ តាំងពីចាប់ផ្ដើមជ្រើសរើសដី រហូត​មកដល់ការដាក់សម្ពោធ។ មុននេះ ឯកឧត្តម គង់ វិបុល ថាចង់ឱ្យខ្ញុំមកទស្សនកិច្ចបានមុនពេលសម្ពោធ។ ពេលនោះ ខ្ញុំមិនមានឱកាសនឹងមកទេ។ យ៉ាងណាក្តី មកយឺតប្រសើរជាងមិនបានមក។ ឥឡូវបានមកដល់ហើយ ក៏សូមជម្រាបថា ជាលើកដំបូងដែរ ដែលការមកទស្សនកិច្ចកន្លែងមួយនេះ ខ្ញុំបានប្រាប់ឯកឧត្តម គង់ វិបុល ថាសុំបាយមួយពេល។ អញ្ចឹង សម្ដេច ឯកឧត្តម លោកជំទាវ ដែលជាអ្នករួមដំណើរជាមួយខ្ញុំ អាចទទួលទានអាហារនៅទីនេះនៅជាន់ទី២៩ គឺជាជាន់ដែលអាចមើលទៅឃើញទន្លេសាប និងទីក្រុងភ្នំពេញ។

ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះយុទ្ធសាស្រ្ត ឬក៏គោលការណ៍យកស្លឹកត្នោតខ្ចប់ស្ករត្នោត។ វាជាជោគ​ជ័យមួយដែលបានដាក់(ចេញកន្លងមក)។ អាចនិយាយបានថា នេះជាអគារដែលធំជាងគេក្នុងចំណោមអគាររដ្ឋ។ វិមានសន្តិភាព មាន ៥ម៉ឺនម៉ែត្រការ៉េ។ វិមាន ៧មករា មានទំហំ ៥ម៉ឺន ៧ពាន់ ម៉ែត្រការ៉េ។ ឯអគារនេះ មានជាង ១៥ម៉ឺនម៉ែត្រការ៉េ។ អាចនិយាយបានថា ក្នុងចំណោមអគាររដ្ឋទាំងអស់ គឺមជ្ឈមណ្ឌលពន្ធដារនេះធំជាងគេនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះជាសមិទ្ធផលដែលបានចេញមកពីគំនិតផ្ដួចផ្ដើម និងការខិតខំរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាការគាំទ្រផ្ទាល់ពីនាយករដ្ឋមន្ត្រី។

កាលពីពេលរកដី លោក ពង្ស ឃាវសែ ប្រុងយកទៅដាក់កន្លែងឯណាមួយនោះ។ ប៉ុន្តែខ្ញុំបានទាក់ទងមក និងបានផ្ដល់លទ្ធភាពអោយឯកឧត្តម គង់ វិបុល ជ្រើសរើសទីកន្លែង។ ខ្ញុំបានពន្យល់ឧកញ៉ា ពង្ស ឃាវសែ ថាកាលណាយើងមានកន្លែងល្អដីឡើងថ្លៃ ដូច្នេះជាផលចំណេញមួយសម្រាប់គាត់នៅក្នុងការលើកតម្កើងតំបន់នេះ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកសាងអគារដ៏ល្អ ដែលបញ្ជាក់ច្បាស់ថាវាជាទឹកដៃរបស់កូនខ្មែរទាំងការរចនា ការសាងសង់ និងថវិកាគឺជារបស់ខ្មែរទាំងអស់។

កាលដែលខ្ញុំធ្វើវិមានសន្តិភាព មនុស្សមិនតិចទេដែលបានសួរខ្ញុំ។ មិត្តភក្តិបរទេសសួរថា អ្នកណាមកគូរប្លង់ អ្នកណាជួយ។ ខ្ញុំនិយាយថា ដូនតារបស់ខ្ញុំកសាងបានអង្គរវត្ត ត្រឹមអគារប៉ុណ្ណឹងរឿងអីដែលខ្ញុំត្រូវទៅពឹងពាក់អ្នកដទៃ។ ឥឡូវនេះក៏ដូចគ្នាដែរ អគារនេះត្រូវបានរចនានិងកសាងឡើងដោយកូនខ្មែរ និងប្រើប្រាស់សំភារៈមួយចំនួនចេញពីទឹកដីកម្ពុជាតែម្ដង។ នេះគឺមោទនភាពរបស់យើងទាំងអស់គ្នា។ ប៉ុន្តែ (ការអភិវឌ្ឍ)មានដំណាក់កាលរបស់វា … ខ្ញុំមិននិយាយច្រើនពេកទេ ដោយសារតែម៉ោង ១១នេះ នាយករដ្ឋមន្ត្រី(នឹង)ចេញសារជូនប្រជាពលរដ្ឋរបស់យើងនិងមានការផ្សាយផ្ទាល់តាមទូរទស្សន៍ផងដែរ។ បន្ទាប់ពីខ្ញុំនិយាយរួច នាយករដ្ឋមន្ត្រីក៏នឹងចាប់ផ្ដើមផ្សាយ​ផ្ទាល់ការជូនសារទៅកាន់ប្រជាពលរដ្ឋ។ រឿងអ្វីនោះខ្ញុំមិនបញ្ចេញមុនទេ គឺទុកអោយនាយករដ្ឋមន្ត្រីបញ្ចេញសារនោះដោយខ្លួនឯង។

អ្វីដែលខ្ញុំចង់បញ្ជាក់នៅទីនេះ ដំបូងគឺនិយាយអំពីបញ្ហាទាក់ទងនឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយរាប់បញ្ចូលទាំងការកែទម្រង់ពន្ធដារ ដែលមិនមែនជាបញ្ហាតូចតាចទេ។ វាធំណាស់។ វាស្ទើរតែដូចអូសឫស្សីបញ្ច្រាសចុង។ អ្នកជាប់ពន្ធជារឿងមួយ ប៉ុន្ដែមន្ត្រីដែលបាត់បង់ផលប្រយោជន៍ ជារឿងមួយទៀត។ ប៉ុន្តែ សូមយកចំណារពីររបស់ខ្ញុំទៅប្រើប្រាស់ទៅ។ ទីមួយ (ចារនៅ)ឆ្នាំ២០១៣ បញ្ជាក់ថាធ្វើសកម្មភាពដោយសេចក្ដីក្លាហាន កុំមានសេចក្ដីភ័យខ្លាច។ ទីពីរ (ចារថា)គឺអនុវត្ត ហើយបញ្ជាក់ថាអ្នកដែលមក Lobby ខ្ញុំឱ្យយល់ខុសមកដល់ពេល​នេះមិនទាន់កើត ឬក៏មិនទាន់ចាប់ជាតិនៅឡើយទេ។

បើមិនមានភាពម៉ត់ចត់ ម៉ឺងម៉ាត់ កំណែទំរង់នេះចេញអត់រួចទេ។ ខ្ញុំធ្លាប់បានបញ្ជាក់ហើយថា ធ្វើនាយករដ្ឋមន្ត្រីដែលគ្មានសាច់ប្រាក់វាវេទនាណាស់។ វាគ្មានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីបំពេញឱ្យការចំណាយ។ ខ្ញុំសូមកោតសរសើរ និង(រីករាយដែល)ខ្ញុំជ្រើសរើសមនុស្សត្រូវ គឺជ្រើសរើស គង់ វិបុល ឱ្យបន្តពី ស៊ឹម អឿន ដោយធ្វើ​កំ​ណែទម្រង់ ដែលដឹកនាំដោយ ឯកឧត្តម គាត ឈន់ បន្តទៅដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។ ប្រសិនបើយើងមិនធ្វើកំណែទំរង់ទេ ប្រហែលជាប្រាក់ពន្ធរបស់យើងនៅដដែល។ ពីមុន ផ្នែកគយមួយ ឃើញក្នុង ១ខែ បានត្រឹមតែ ២០លានឬ ៣០លាន(ដុល្លារ) គឺអរចង់ហោះហើយ។ ឥឡូវនេះ ត្រឹមតែ ២៤០លាន ឬ ២៣០លាន(ដុល្លារ) វាទាប ទេ។ ទាល់តែចាប់ពី ២៥០លាន(ដុល្លារ)ឡើងលើ ហ្នឹងបានវាខ្ពស់។

អម្បាញ់មិញឃើញតួលេខដែលបញ្ចាំង បង្ហាញ(ថា ក្នុង) ៥ខែដំបូង នៃចំណូលពន្ធដារបានដល់ទៅជាង៥៣% រួចស្រេចទៅហើយ។ គិតជាប្រាក់តែម្តងទៅ ដើម្បីកុំឱ្យពួកអាចង្រៃមួយចំនួន(វាចេះតែបកស្រាយតែផ្តេសតែផ្តាស)។ អាចង្រៃខ្លះ គ្រាន់តែយើងបោះក្រដាសប្រាក់សម្រាប់ជាឱកាសបុណ្យទានដូចជា ព្រះករុណាព្រះអង្គគ្រងរាជ្យ​ប៉ុន្មានឆ្នាំៗ វាថាយើងខ្វះលុយ។ ប៉ុន្តែ យើងគិតបោះជាប្រាក់រៀលថាត្រឹមតែ ៥ពាន់លាន(រៀល)។ ៥ពាន់លាន ស្មើប៉ុន្មានទៅ? វាស្មើជាង ១លានដុល្លារ។ ស្រុកខ្មែរឥឡូវគេអត់និយាយសិបលានទេ។ គេក៏អត់និយាយរយលានដែរ។ គេនិយាយពាន់លាន។ ផ្តាំទៅពួកឯង។ (ដែលពួក)ឯងចង់ឱ្យរដ្ឋាភិបាលដួល នោះ) កុំសង្ឃឹម។

គ្រាន់តែពន្ធដារមួយ (ក្នុងរយៈពេល៥ខែគឺ)ស្មើនឹង៥៣% ហើយចំនួនជាទឹកប្រាក់ជាង ២ពាន់លាន(ដុល្លារ)។ បូកជា​មួយគយវាចូលជាង ៣.៥០០លាន(ដុល្លារ)។ នេះគ្រាន់ជាចំណូលសារពើពន្ធ នៅមិនទាន់គិតពីចំណូលមិនមែនសារពើពន្ធទៀត។ ពួកឯងកុំគិតថារដ្ឋាភិបាលអត់លុយ។ ពិតហើយ យើងត្រូវការចំណាយចរន្ត តែយើងគឺមិនឱ្យខ្វះចំណាយចរន្តទេ។ ពីដើមបើកប្រាក់ខែវេទនា។ វេទនានៅត្រង់ថា ប្រាក់ខែតិចហើយ វាអត់មានលុយបើកទៅទៀត។ មន្ត្រីយើងខ្លះនិយាយថា ស្រុកខ្មែរមាន ១ខែ ៦០ ឬ៧០ ឬ៨០ ឬ៩០ថ្ងៃ។ ប៉ុន្តែ ឥឡូវនេះ ស្រុកខ្មែរ ក្នុង ១ខែមានតែ ១៥ថ្ងៃទេ។ ព្រោះអ្វី? ១៥ថ្ងៃបើកប្រាក់ខែម្តង។ អញ្ចឹងមួយខែវានៅសល់តែ ១៥ថ្ងៃទេ។

និយាយអញ្ចឹងមិនមែនបានសេចក្តីថា យើងជាអ្នកមាន ហើយចាយដោយគ្មានការគិតអំពីការសន្សំសំចៃនោះទេ។អ្វីដែលខ្ញុំចាំមិនភ្លេច ខ្ញុំក៏ចែករំលែកទៅអ្នកដែលមកជួបជាមួយខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រីដូចគ្នានៃប្រ​ទេសផ្សេងៗ។ គេសួរអំពីរបៀបគ្រប់គ្រងរបស់ខ្ញុំយ៉ាងម៉េច? ខ្ញុំថា “អ្វីដែលខ្ញុំធ្វើ គឺអគ្គបញ្ជាការមួយ នាយអគ្គសេនាធិការមួយ” គឺតែប៉ុណ្ណឹង។ កុំឲ្យអ្នកណាលូកដៃឲ្យសោះ។ មានតែនាយករដ្ឋមន្ត្រីជាអគ្គបញ្ជាការ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជានាយអគ្គសេនាធិការ។ តែ ២នាក់ហ្នឹងទេ … អត់ឲ្យប្រធាននេះ ប្រធាននោះ ចូលមកលូកលាន់នៅក្នុងរឿងហ្នឹងទេ។ បើមិនអញ្ចឹង រដ្ឋមន្ត្រីហិរញ្ញវត្ថុទទួលសំពាធ។ ប្រធានបក្សក៏បញ្ជាចំនាយ ប្រ​ធានរដ្ឋក៏បញ្ជាចំនាយ ប្រធានសភាក៏បញ្ជាចំនាយ វាមិនងាប់ហើយ។ ខ្ញុំអត់ឲ្យប៉ះ។

នេះគឺជាចំណុចដែលធ្វើឲ្យយើង(សល់សាច់ប្រាក់)។ បើសិនកុំមាន(គ្រោះ)កូវីដ១៩ ធ្វើបាប ខ្ញុំអាចនិយាយបានថា ពេលនោះយើងអាចនឹងដកត្រឹម ២ពាន់លាន ឬ ២៥០០លាន មកធ្វើហេដ្ឋារចនាសម្ព័ន្ធ ដោយមិនពឹងពាក់បរ​ទេសទេ។ ប៉ុន្តែ កូវីដ១៩ ធ្វើបាបយើង។ ពេលនោះ យើងសន្សំប្រាក់បានប្រមាណជា ៤ពាន់លាន ដក ១ពាន់លានទិញម៉ាស៊ីនភ្លើង ៤០០មេហ្គាវ៉ាត់មកដាក់ក្បែរភ្នំពេញ បញ្ជូនលុយចុះទៅសៀមរាប និងខេត្តព្រះសីហនុ ដើម្បីធ្វើហេដ្ឋារចនាសម្ព័ន្ធ។ កូវីដ១៩ បានធ្វើឲ្យស្រកស្រុត(សាច់ប្រាក់) ធ្វើឲ្យផែនការរបស់ខ្ញុំមិនបានសម្រេច។ យ៉ាងណាក៏ដោយ បន្ទាប់ពីកូវីដ១៩ យើងបានងើបឡើងវិញ ។

រឿងមួយទៀត ខ្ញុំអាចនិយាយអញ្ចេះ។ មកដល់ពេលនេះ បើតាមខ្ញុំគិត យើងចំនេញប្រាក់មិនតិចជាង ១ពាន់ លានដុល្លារឡើងលើ។ តាមរយៈអី? តាមរយៈការយកសេះដូរសេះ។ យើងអត់មានលុយដើម្បីនឹងកសាងអគារចាស់ៗ។ កន្លែងខ្លះយកផ្ទះប្រជាជនធ្វើក្រសួង។ ប៉ុន្តែ ដោយសារដីកន្លែងហ្នឹងត្រូវប៉ាន់ អញ្ចឹងទេក៏មានការសុំដោះដូរ។ ដីតូចមួយហ្នឹង ដូរជាមួយនឹងដី៣ ឬ ៤ហិកតា ហើយធ្វើអគារឲ្យជាក្រសួងទៀត។ ពីមុនថានៅក្រៅក្រុង តែឥឡូវនៅក្នុងក្រុងទាំងអស់។ អញ្ចឹងទេ បើយើងពិនិត្យឡើងវិញអំពីអគារដែលដោះដូរ ឧទាហរណ៍ ដូចជាអគារ​ក្រសួងពាណិជ្ជកម្មនៅជិតការ៉ាស់អាហ្សង់កុង កាត់មកធនាគារកាណាឌីយ៉ា … ដល់តែដូរទៅបានដីប៉ុន្មានហិក​តា និងមានអគារធ្វើហើយស្រេច។ កាលពីមុន នៅជាយក្រុងមែន តែឥឡូវនៅកណ្តាលក្រុង។ អញ្ចឹងសួរថា (លទ្ធផល)ហ្នឹងចំនេញប៉ុន្មានរយលាន? បើគិតពីថ្លៃដី និងគិតអគារ។កាលពីពេលនោះ មានអ្នកជេរខ្ញុំ។ ឥឡូវនេះប្រ​ហែលជាគេយល់។ កាលពីពេលមុន យើងអត់មានលុយ អញ្ចឹងវិធីសាស្ត្ររបស់យើងគឺយកសេះដូរសេះ។ ពេលនោះគេថារឿងអញ្ចេះរឿងអញ្ចុះ ប៉ុន្តែបើគិតជាតម្លៃឥឡូវនេះ យើងចំនេញមិនតិចជាង ១ពាន់លាន(ដុល្លារ)ទេ។

(រឿង)មួយទៀត (ដែល)ខ្ញុំចង់និយាយ ដែលខ្ញុំធ្វើនេះក៏ខុសធ្វើនោះក៏ខុស។ ករណីបឹងកក់។ បើសិនជាមិនអភិ​វឌ្ឍសួរថា បឹងកក់ពេលនេះទៅជាអ្វី? វាគ្រាន់តែជាកន្លែងបញ្ចេញទឹកស្អុយ។ ពេលនោះ (មានអ្នក)ជេរខ្ញុំមិនតិចទេ។ (រួចទៅ)ចេះនាំគ្នាថាស្អាតដែរ។ បឹងកក់ពេលនោះក្លាយទៅ(ជាកន្លែងលាក់ខ្លួនរបស់ភេរវករ) Hambali ដែលធ្វើការវាយប្រហារនៅឥណ្ឌូនេស៊ី។ មកដេកនៅបឹងកក់ រួចហើយបានចេញទៅ។ ទីក្រុងភ្នំពេញសម័យដើម គឺជាតំ​បន់ទឹកលិច ប៉ុន្តែត្រូវបានសាងសង់ជាបណ្តើរៗ ដោយសម្តេចព្រះនរោត្តមសីហនុ។ ព្រះអង្គបានសាងសង់(ច្រើន) សូម្បីតែផ្ទះខ្ញុំនៅវិមានឯករាជ្យ ម្តុំហ្នឹងកាលពីមុនជាបឹងទេតើ។ វិមានឯករាជ្យជាបឹងទេតើ ជាព្រែកទេតើកន្លែងហ្នឹង។ ប៉ុន្តែ ការអភិវឌ្ឍមួយវាត្រូវតែធ្វើ។ អញ្ចឹង ជំនាន់ខ្ញុំ ហេតុអ្វីបានខ្ញុំធ្វើមិនបាន?

ឥឡូវហួសនឹងនិយាយហើយ។ តែលើកមុនគេជេរខ្ញុំ។ ឥឡូវ ខ្ញុំលើកពីតំបន់ជ្រោយចង្វារនេះ តើទុកឲ្យនៅកន្លែងដាំត្រកួនឬអី? ពីដើម កន្លែងនេះជាកន្លែងដាំត្រកួន និងព្រៃត្រែងទេតើ។ ក្រុងរណបជ្រោយចង្វារគឺពោរពេញទៅដោយព្រៃត្រែងនិងដាំត្រកួន ប៉ុន្ដែពេលនេះវាទៅជាទីក្រុងមួយ ហើយខ្ញុំនឹងយកការប្រជុំខ្នាតអន្ដរជាតិមកប្រជុំនៅកន្លែងហ្នឹង។ ប្រធានព្រឹទ្ធសភា/រដ្ឋសភា(អន្តរជាតិ) នឹងមកប្រជុំនៅកន្លែងហ្នឹង។ ប្រសិនបើខ្ញុំជានាយករដ្ឋមន្ដ្រី ខ្ញុំក៏សំរេចយកកន្លែងនេះ(ប្រជុំប្រមុខរដ្ឋ/រដ្ឋាភិបាលប្រទេសនិយាយភាសាបារាំងដែរ) ព្រោះអគារនេះធំ មានកន្លែងប្រជុំច្រើន មិនពិបាករកកន្លែងចតឡានទេ ហើយនៅកៀក។ អញ្ចឹង អ្នកនៅសណ្ឋាគារក្នុងក្រុង សណ្ធាគារខាងនេះមានសុខា លីយ៉ុងផាត់ផង។ ស៊ុលតង់ ប្រ៊ុយណេ កាលពីប្រជុំនៅហូតែល សុខា លោកស្នាក់នៅ អូតែល លី យ៉ុងផាត់។ កន្លែងវាយកូនហ្គោល។

នៅទីនេះ ទីក្រុងរណបបានកើតឡើង។ ទីក្រុងរណបមួយទៀតនៅខាងបឹងទំពុន។ ពីដើមយើងហោះឧទ្ធម្ភាគចក្រពីលើសុទ្ធតែកន្លែងដាំត្រកួនទេ។ តើទុកឲ្យដាំត្រកួនតទៅទៀត ឬយ៉ាងម៉េច? យើងបំព្រួញកន្លែងលំហូរទឹកឲ្យវាជ្រៅទៅ ហើយដោះស្រាយដីខាងលើទៅជាសំណង់ រីកទៅជាបុរី ជីប ម៉ុង ផ្លូវ ៦០ ម៉ែត្រ ពេញតភ្ជាប់ទៅហ្នុង។ មួយទៀតបឹងតាមោក ជេរខ្ញុំនោះជេរ។ ខ្ញុំចាំបាន តាំងពីខ្ញុំនៅតូច ពីដើមយើងមានទំនប់កប់ស្រូវតាមហ្នឹង ឆ្នាំណាក៏ជាឆ្នាំព្រួយបារម្ភអំពីការបាក់ទំនប់។ តែទឹកឡើងគឺនាំគ្នា(ព្រួយរឿង)បាក់ទំនប់ហើយ។ ឥឡូវ នាំគ្នាសាងសង់ ១ គីឡូម៉ែត្រ ទៅពីមុខ វាមានអ្វី(ព្រួយ)ទៀត។ កន្លែងហ្នឹងមិនមែនជាកន្លែងស្ដុកទឹកឯណា។ កាលពីឆ្នាំ២០០០ កុំអីបាក់ទំនប់ហ្នឹងហើយ។ ជា សផារ៉ា នៅចាំទេពេលហ្នុង ដែល លឹម គៀនហោ ថាសណ្ឋាគារផ្កាយ១០០។ ទៅដេកចាំនៅទីនោះ ក្រែងទឹកជំនន់បុកដាច់(ទំនប់) វាងាប់ប្រជាជនក្នុងទីក្រុង។ ឥឡូវ យកកន្លែងហ្នឹងធ្វើជាទីក្រុងមួយទៀតទៅមើល៎។ វាទៅជាស្អី? វាមិនងាប់ទៅណា។

ធម្មតា ការអភិវឌ្ឍវាទៅអញ្ចឹង។ ប៉ុន្ដែ យើងកុំទៅបំពានកន្លែងណាដែលជាតំបន់ស្ដុកទឹក ត្រូវដោះទឹក។ កន្លែងនេះមិនមែនរំដោះទឹកអី ប៉ុន្ដែវាត្រូវទឹកមកបុក។ អញ្ចឹងវាមានផលប្រយោជន៍អីដែលត្រូវរក្សាទុក។ យើងពង្រីកទីក្រុងពី ៣០០គីឡូម៉ែត្រការ៉េ ឲ្យទៅជាង ៦០០គីឡូម៉ែត្រការ៉េ។ តាមខ្ញុំចាំ ខ្ញុំបានចុះហត្ថលេខាដូចជាមិនតិចជាង ៥ដងទេ។ ពីដើម ដីដែល(យើងកំពុងឈរ)នេះ ជាដីរបស់ខេត្តកណ្ដាល ព្រោះព្រំប្រទល់រដ្ឋបាលរវាងខេត្តកណ្ដាល និងទីក្រុងភ្នំពេញស្ថិតនៅគល់ស្ពានជ្រោយចង្វារ។ ខ្ញុំទើបនឹងចុះហត្ថលេខានៅឆ្នាំ១៩៨៨ ក្រោយពេលខ្ញុំទៅចរ​ចាលើកទីពីរ ដែលហៅថាជំនួប សីហនុ ហ៊ុន សែន លើកទី២ នៅ សាំង ហ្សែរម៉ាំង អង់ឡី (Saint-Germain-en-laye)។ បន្ទាប់ទៅ ជាមួយ ថោង ខុន, ខ្ញុំជិះកាណូតទៅស៊ីឪឡឹកនៅព្រែកតាសេក។

សួរទៅថាដីហ្នឹង ជាដីខេត្តកណ្ដាលទេ ប៉ុន្ដែក្រុងភ្នំពេញមកជួយការពារ។ ពេលហ្នុង ខ្មែរក្រហមនៅបាញ់ចូលក្រុងនៅឡើយទេ។ នៅសុទ្ធតែព្រៃ។ អញ្ចឹងហើយបានជាខ្ញុំកាត់បញ្ចេញប្រគល់ទៅឲ្យរាជធានីភ្នំពេញ។ ពេលនោះមិនទាន់ជារាជធានីភ្នំពេញទេ ជារដ្ឋធានីភ្នំពេញ។ អ្នកខ្លះមិនទាន់យល់ទេ។ ហៅរាជ ឬរដ្ឋ? មន្ដ្រីរាជការ មន្ដ្រីរដ្ឋការ។ ពាក្យដែលថាមន្ដ្រីរដ្ឋការគឺប្រទេសហ្នឹងជាប្រទេសសាធារណៈរដ្ឋ។ ពាក្យមន្ដ្រីរាជការគឺប្រទេសហ្នឹងជាប្រទេសរាជានិយម។ ឯទីក្រុងរដ្ឋធានីជាប្រទេសសាធារណៈរដ្ឋ។ រាជធានីជាប្រទេសរាជានិយម។ រឿងកសាងគឺមានការលំបាក ប៉ុន្ដែយើងត្រូវតែជំនះ។ បើមិនធ្វើគឺមិនកើត។ ឧទាហរណ៍ ករណីពន្ធដារ ប្រសិនបើយើងមិនធ្វើទេ តើយើងមានប្រាក់ឯណាគ្រប់គ្រាន់ដើម្បីកសាងប្រទេស?

ជិតដល់ម៉ោងនាយករដ្ឋមន្ដ្រីគេត្រូវនិយាយហើយ។ ខ្ញុំគ្រាន់តែបញ្ជាក់ថា (បើមិនធ្វើកំណែទំរង់) យើងឡើងអត់រួចទេ។ ទាល់តែដាច់ខាតហ៊ានធ្វើ។ ខ្ញុំមកទីនេះ មិនមែនមកនិយាយជំនួសនាយករដ្ឋមន្ដ្រីទេ ក៏ប៉ុន្ដែខ្ញុំនិយាយពីសារបាន។ អ្នកដែលនិយាយឡើងអាងថាផ្ដួលត្រកូល ហ៊ុន សូមអ្នកឯងចាំទៅ។ សូមប្រាប់អ្នកឯងឲ្យហើយថា អ្នកណាក៏ដោយដែលប៉ុនប៉ងផ្ដួលរដ្ឋាភិបាល គឺងើបមួយត្រូវវាយមួយ។ ខ្ញុំគោរពសិទ្ធិអ្នកដែលធ្វើនយោបាយដោយសន្ដិវិធី ដោយមិនប៉ុនប៉ងផ្ដួលរំលំ ដោយខុសរដ្ឋធម្មនុញ្ញ។ ជូន សារអ្នកឯងមិនច្រើនទេ។ ប៉ុន្ដែ អ្នកឯងកុំនិយាយរឿងផ្ដួលត្រកូល ហ៊ុន។ បើនៅតែបន្ដនិយាយថាផ្ដួលត្រកូល ហ៊ុន ខ្ញុំសូមប្រាប់ទៅពួកឯងឲ្យច្បាស់ “បើមិនមានត្រកូល ហ៊ុន ដឹកនាំ ក៏មិនទាន់ដល់វេនពួកអ្នកឯងដែរ គឺមានតែក្រុមកូនទេវតាទេ ដែលមានសិទ្ធិកាន់កាប់អំណាច។

គ្រាន់តែ ឯងយកចៅទៅមូលដ្ឋានឲ្យស្គាល់សុខទុក្ខប្រជាពលរដ្ឋ វាថាយើងបង្អួតចៅ។ អញនឹងបង្អួតទៀត។ ចៅអញចប់អនុបណ្ឌិតដល់ទៅពីរ ហើយកំពុងនៅមហាវិទ្យាល័យយ៉ាងច្រើន … ប្រសិនបើ ហ៊ុន ម៉ាណែត មិនអាចដឹកនាំបាន ឬគ្មានត្រកូលហ៊ុន ក៏មិនទាន់ដល់វេនត្រកូល សម សុក សៅរ៍ អាទិត្យអីដែរ។ អត់មានទេ។ គឺមានតែត្រកូលទេវតាប៉ុណ្ណឹង។ បានន័យថាគណបក្សប្រជាជន។ មិនដល់វេនពួកឯងទេ។ បើឯងនៅតែព្រ​ហើន ខ្ញុំក៏មិនញញើតដៃដែរ។ កុំថាធ្វើប្រធានព្រឹទ្ធសភា ខ្ញុំមិនមានសិទ្ធិធ្វើអីពួកឯង។ ខ្ញុំជាប្រធានគណបក្សកាន់អំណាចមួយ។ ប៉ុន្ដែ និយាយអញ្ចឹង នាយករដ្ឋមន្ដ្រីមក(និយាយ)មុខគេញញឹម។ គេថាឪនិយាយអាក្រក់ម្លេះ ឯកូននិយាយស្លូត មុខញញឹម។ មិនមុខញញឹមម៉េច បើវាកាត់ទៅម្ដាយ។ មុខម្ដាយញញឹម វាក៏ញញឹម។ ទោះបីវានិយាយម៉េចក៏មុខនៅតែញញឹម។ ដល់មុខ ហ៊ុន សែន មិនអញ្ចឹងទេ។ តែនិយាយគឺនិយាយហើយ។ និយាយត្រូវញញឹម ក៏ញញឹម។

ចប់ពីហ្នឹង ទៅមើលសេចក្ដីថ្លែងការណ៍សាររបស់នាយករដ្ឋមន្ដ្រីជូនប្រជាពលរដ្ឋ ទាក់ទងនឹងរឿងដែលប្រជាពលរដ្ឋចង់ដឹងថាតើប្រទេសកម្ពុជាធ្វើសកម្មភាពអ្វីខ្លះនៅពេលខាងមុខ? តាមដឹងដូចមានជាភាសាខ្មែរផង និងអង់គ្លេសផង គឺនិយាយទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាជូនសារទៅសហគមន៍អន្ដរជាតិទាក់ទិននឹងរឿងកម្ពុជា។ ខ្ញុំសូមអរគុណចំពោះបដិសណ្ឋាកិច្ចរបស់ឯកឧត្តម  គង់ វិបុល ក៏ដូចជាសហការី និងមន្ដ្រីរាជការនៅទីនេះ។ ចុងបញ្ចប់ ជូនពរអ្នកទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្ដីសុខចំរើន ជាមួយពុទ្ធពរនិងពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ  និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort