សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញត្រួតពិនិត្យលទ្ធផលអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ជាមួយលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស សាលាបឋម​សិក្សា ត្រពាំងក្អែក

សេចក្តីចម្លងកិច្ចសន្ទនានិងអនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញត្រួតពិនិត្យលទ្ធផលអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ជាមួយលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស សាលាបឋម​សិក្សា ត្រពាំងក្អែក ស្ថិតក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គ ខេត្តកំពង់ស្ពឺ, ត្រពាំងក្អែក, សង្កាត់វាលពង់


CMF:

សម្ដេចធិបតី៖ កូនប្លែកអត់? កម្មវិធីរៀបទៅតើចាប់អារម្មណ៍ទេ? ចង់បន្តទៀត ឬមួយចង់កែសម្រួលយ៉ាងម៉េច? កម្មវិធីនេះសំដៅឡើងគឺចង់បង្កើនសមត្ថភាពក្មួយៗ និងឥរិយាបថផង។ យើងផ្តោតពីថ្នាក់បឋមដំបូង ព្រោះជាបឋម យើងពត់ពីក្មេងឱ្យហើយល្អ មុនទៅដល់មធ្យម ដល់វិទ្យាល័យអី។ លោកតា លោកយាយ អ៊ំ ពូ មីង គាត់នៅផ្ទះគាត់ជួយនៅក្នុងការអប់រំ កូន ចៅ។ មកដល់សាលា លោកគ្រូ អ្នកគ្រូ គាត់ជួយបន្ថែមទៀត … អ្វីដែលក្រសួង(អប់រំយុវជននិងកីឡា) រដ្ឋាភិបាលដាក់បន្ថែមហ្នឹងក៏ដើម្បីជួយលោកគ្រូ អ្នកគ្រូ ជួយឪពុកម្តាយ លោក​តា លោកយាយ។ ធម្មតាការអប់រំយើងចង់បានបង្រៀនកូនចៅយើងល្អ។ អញ្ចឹងអ្វីដែលក្រសួងអប់រំ រដ្ឋាភិបាលក៏បានខំប្រឹងកែមករហូត ៤០ឆ្នាំនេះ គឺយើងខំប្រឹងពង្រឹង។ លោកតាលោកយាយ ដឹងហើយ (ព្រោះជា)សាក្សីរស់នៅទីនេះ។ យើងពីមុនមកលំបាកយ៉ាងម៉េច? ការអប់រំខ្វះសាលា។ ឥឡូវយើងមានហើយ។ ប៉ុន្តែត្រូវកែសម្រួលជាបន្តបន្ទាប់ដើម្បីឱ្យកាន់តែល្អ … អញ្ចឹងថ្ងៃនេះ ខ្ញុំមកមើលផ្ទាល់ ជាពិសេសចង់ស្តាប់ផ្ទាល់ពី ទី១ លោកគ្រូអ្នកគ្រូនៅនេះដូចមានអ្នកគ្រូដែរ? ប៉ុន្តែភាគច្រើនលោកគ្រូ ជាពិសេសលោកតាលោកយាយ អ៊ំ ពូ មីង ដែលជាតាយាយឪពុកម្តាយតែម្តង ហើយចាំចុងក្រោយសួរក្មួយៗ។ ប្រុសៗ និងស្រីៗ អ្នកណារៀនពូកែជាងនៅសាលានេះ។ អ្នកណាលេខមួយ? ស្រី ឬប្រុស ងើបឈរមើល? មានលេខមួយប្រុសដែរ? ចុះមានលេខមួយស្រីទេ? បានប្រុសពីរនាក់ដែរ។ ស្រីម្នាក់។ អ៊ំ ទៅ(តាមសាលា)ភាគច្រើន លេខមួយដល់ដប់ច្រើនតែស្រីៗ។ ឥឡូវនៅនេះមានប្រុសៗ ខ្លាំងដែរ។ ចាប់ផ្តើមដំបូង ចង់សួរលោកគ្រូនាយកបន្តិច។ ឯណាលោកគ្រូនាយក? មើលសូមមានចំណាប់អារម្មណ៍បន្តិច លោកគ្រូនាយកថា កម្មវិធីនេះដែលដាក់ឱ្យអនុវត្តពីខែ ៦មក តើមានការប្រែប្រួលយ៉ាងម៉េចតាំងពីយើងអនុវត្ត មានការងារលំបាកយ៉ាងម៉េច ហើយមានសំណូមពរអីបន្ថែមពាក់ព័ន្ធទៅនឹងការដាក់កម្មវិធីរបស់យើង? …

លោកគ្រូនាយក៖ ជាបឋម សូមគោរពសម្តេចធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងសូមគោរពដល់ឯកឧត្តម លោកជំទាវទាំងអស់ ដែលមានវត្តមាននៅទីនេះ សូមគោរពដល់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជាទីគោរព និងសូមគោ​រពដល់គណៈអភិបាល នៃអភិបាលក្រុង ឧត្តុង្គម៉ែជ័យ ជាទីគោរព និងសូមគោរពដល់មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ ទាំងអស់ជាទីគោរព។ ខ្ញុំបាទជាលោកនាយកសាលាបឋមសិក្សា ត្រពាំងក្អែក ស្ថិតក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ខ្ញុំបាទជានាយកសាលាតាំងពីឆ្នាំ ២០១៨មក។ និយាយពីការងារដែលសាលារបស់ខ្ញុំបាទបានចូលជាសាលាគោលដៅរបស់សម្តេច គឺមានអាយុកាលទើបតែ ៣ខែប៉ុណ្ណោះ។ ការអនុវត្តនៅ(មានសភាព)ក្មេងខ្ចី។ ទោះបីថាក្មេងខ្ចី ក៏នៅតែលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សរបស់យើង កែប្រែឥរិយាបថបានច្រើនជាងមុន ដោយមិនចាំបាច់ឱ្យខ្ញុំជានាយកធ្វើការអ​ប់រំទូន្មានប្រៀនប្រដៅខ្លាំងទេ គឺសម្រប​ខ្លួនដោយខ្លួនឯង។ គ្រាន់តែថា ការសម្របនេះវាមិនទាន់បានល្អគ្រប់ជ្រុងជ្រោយទេ។ ដូចខ្ញុំបានជម្រាបដល់សម្តេច ឯកឧត្តម ហើយថា អាយុកាលនៅក្មេងខ្ចី ទើបបាន ៣ខែ ហើយកំពុងតែប្រឹងដើម្បីអនុវត្តនូវវិធានការគន្លឹះឱ្យបាន។ នៅថ្ងៃខាងមុខ ខ្ញុំព្រមទាំងបុគ្គលិកសិក្សាសូមប្តេជ្ញាចិត្តអនុវត្តនិងវិធានការគន្លឹះនេះឱ្យបានដល់ ១០០%។

ខ្ញុំសូមនិយាយប្រៀបធៀបជាមួយឆ្នាំកន្លងទៅ ដែលលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សរបស់ខ្ញុំបានអនុវត្តលើការងារបង្រៀន និងរៀន។ និយាយពីឥរិយាបថនេះ ពីឆ្នាំទៅគឺលោកគ្រូ អ្នកគ្រូអាចអញ្ជើញមកសាលា គឺលោកគ្រូខ្លះក៏បានគោរពទង់ជាតិជាមួយសិស្ស លោកគ្រូគាត់អត់បានទៅ ដោយគាត់មកមិនទាន់ម៉ោង។ ប៉ុន្តែបើប្រៀបធៀបនឹងសាលាដែលទើបបញ្ចូលមកជាសាលាគោលដៅ រយៈពេល ៣ខែនេះ គឺលោកគ្រូៗ បានមកម៉ោង៦។ លឿនជាងមុន។ ពួកគាត់ចូលរួមគោរពទង់ជាតិជាមួយសិស្សបានគ្រប់ថ្នាក់។ គាត់ឈរជាមួយសិស្សបានត្រឹមត្រូវ។ មួយវិញទៀត មានការប្តូរពីមិនធ្លាប់មានគ្រូសិស្សនៅសំពះអាណាព្យាបាល និងគ្រូសំពះគ្រូ សិស្សសំពះសិស្សទៅវិញទៅមកនៅក្លោងទ្វារទៀតផង។ នេះជាចំណុចដែលបានកែ។ ចំពោះការគោរពទង់ជាតិខ្ញុំអនុវត្តតាមឯកឧត្តម ណា ចាន់សេង និងឯកឧត្តម ជំ សុផល ដែលជាគ្រូបង្គោលប្រចាំខេត្តកំពង់ស្ពឺ ដោយបានដឹកនាំ អនុវត្តវិធានការគន្លឹះទាំងនេះ។ ខ្ញុំនៅតែប្រឹងប្រែងបន្តត្រងត្រាប់ស្តាប់មតិយោបល់របស់គ្រូបង្គោលទាំងពីរ។

ចំពោះសិស្ស ពេលដែលតម្រង់ជួរពីឆ្នាំកន្លងទៅគឺមានការពិបាកត្រង់ថា គ្រូឬសិស្សច្បងស្រែកថាតម្រង់ជួរ តែសិស្សមួយចំនួននៅបង្កភាពរវីករវើក។ នៅពេលសាលាបានចូលជាសាលាគោលដៅរបស់សម្តេច ឃើញថាខ្ញុំបានរៀបចំជាខ្សែក្រឡាចាក់ត្រង់។ អញ្ចឹង ពេលលឺជួង ក្មេងៗដឹងទីតាំងរបស់គាត់ជាប្រចាំ មិនចាំបាច់ពិបាកគ្រូប្រ​ចាំថ្នាក់ ឬក៏លោកនាយកទៅស្រែកបញ្ជានោះទេ។ គាត់រត់ចូលដោយស្រុះគ្នាតែម្តង។ ឯការច្រៀងបទគោរពទង់ជាតិ ច្រៀងបទឆន្ទៈលេខាធិការដ្ឋាន គ.វ.អ (គណកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ) គឺសិស្សបានចេះទាំងអស់គ្នា និងហាត់ប្រាណតាមបទចម្រៀងគឺចេះបានខ្លះមិនទាន់បានល្អទេ … គ្រូបង្គោលប្រចាំខេត្តទាំងពីរបានចុះមកផ្តល់អនុសាសន៍ ផ្តល់ព័ត៌មានជាញឹកញាប់ បំ​ផុត។ លោកគ្រូទាំងពីររូបមានវ័យចាស់ហើយ តែគាត់នៅតែប្រឹងជួយខ្ញុំ ដែលមានវ័យ ៥០ឆ្នាំជាងបន្តិច។ ពួកគាត់មានវ័យ ៦០ឆ្នាំជាង ជិត ៧០ឆ្នាំ ឯណោះ តែគាត់បានប្រឹង ខ្ញុំសូមសរសើរឯកឧត្តមទាំងពីរ …។

មួយទៀតជុំវិញម៉ោងបន្ថែម ពីមុនមក បើប្រៀបធៀបទៅនឹងឆ្នាំចាស់ឃើញថាសិស្សមានពេលទំនេរច្រើន។ ខ្ញុំក៏ធ្លាប់ស្តាប់តាមកញ្ចក់ទូរទស្សន៍ដែលសម្តេចមានប្រសាសន៍ថា បើឱ្យសិស្សរៀនពីរវេនគឺល្អសម្រាប់ក្មេង ដើម្បី​កុំឱ្យវាមានពេលទំនេរ ឬមានពេលមើលទូរស័ព្ទច្រើន។ នេះជាចំណុចល្អណាស់។ ខ្ញុំក៏ចាំប្រ​សាសន៍របស់ឯកឧត្តម ពឹង គឹមឆេន ដែលថាបង្រៀនឱ្យចេះអក្សរគឺមិនពិបាកទេ ប៉ុន្តែពិបាកក្នុងការតម្រង់ជួរ … ជុំវិញការរៀនបន្ថែមម៉ោងនេះ គឺល្អសម្រាប់ក្មេងត្រង់ថា ក្មេងមិនមានពេលទំនេរ … ខ្ញុំបានសួរថា តើកូនៗមានអារម្មណ៍បែបណាដែលកូនៗ ធ្លាប់ពេលរសៀលធ្លាប់គេង ធ្លាប់លេងអីអញ្ចឹង។ សិស្សឆ្លើយថាល្អ ព្រោះថាលោកនាយកឱ្យ លោកគ្រូអ្នកគ្រូ បង្រៀនខ្ញុំថែមពីរម៉ោងទៀត។ ខ្ញុំនឹងបានចំណេះដឹងថែមទៀត។ ខ្ញុំចង់ដូចលោកនាយកដែរពេលដែលខ្ញុំរៀនចប់។ ខ្ញុំថា ខ្ញុំអាយុប៉ុណ្ណេះហើយ ជិតចូលនិវត្តន៍ហើយ បើកូនៗតស៊ូហើយតាំងចិត្តបានប៉ុណ្ណឹងអាចក្លាយនាយកបឋមសិស្សាត្រពាំងក្អែកនេះជំនួសលោកគ្រូក្រោយគ្រូចូលនិវត្តន៍ទៅ …។

សូមបន្ថែម ចំពោះសាលារៀនរបស់ខ្ញុំ គឺជាសាលារៀននៅតំបន់ដាច់ស្រយាលនៃខេត្តកំពង់ស្ពឺ។ បើនិយាយឱ្យចំគឺតំបន់នៃទីប្រសប់នៃខេត្ត ៣។ ងាកទៅខាងជើងខេត្តកំពង់ឆ្នាំង ងាកទៅខាងកើតខេត្តកណ្តាល និងនៅទីនេះគឺខេត្តកំពង់ស្ពឺ … ប៉ុន្តែសាលារបស់ខ្ញុំឥឡូវនេះបានក្លាយទៅជាសាលាស្ថិតនៅក្នុងតំបន់ក្រុងវិញហើយ។ ពីមុនសា​លាស្ថិតនៅក្នុងឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ឥឡូវសាលាស្ថិតនៅក្នុងសង្កាត់វាលពង់ ក្រុងឧត្តុង្គម៉ែជ័យ … ដែលខ្ញុំនិយាយថា សាលានៅតំបន់ដាច់ស្រយាលនៃខេត្តកំពង់ស្ពឺនេះ គឺប្រឈមមុខជាមួយសិស្សានុសិស្សរបស់ខ្ញុំ … តាមពិតទៅខ្ញុំចង់អនុវត្តឱ្យដូចសាលាវត្តបូព៌ ប៉ុន្តែខ្ញុំតាមដានលោកនាយក ដែលឥឡូវនេះជា ឯកឧត្តម ពឹង គឹមឆេន បានអនុវត្តការនោះរយៈពេល ២៤ឆ្នាំឯណោះ។ ខ្ញុំនេះទើបតែបាន ៨ឆ្នាំ។ អញ្ចឹងប្រហែលជាតាមសាលាវត្តបូព៌អត់បានទេ។ ប៉ុន្តែខួរក្បាលរបស់ខ្ញុំ អារម្មណ៍របស់ខ្ញុំគឺផ្តោតចង់បានឱ្យដូចសាលាវត្តបូព៌។ ជាក់ស្តែងទៅលើកត្តាជីវភាពរបស់ប្រជាពលរដ្ឋដែលចំណុះឱ្យសាលារៀនរបស់ខ្ញុំ ស្ថិតនៅក្នុងភាពមធ្យម អញ្ចឹងទេបើនិយាយពីសម្លៀកបំពាក់របស់សិស្ស គឺខ្ញុំចង់ឱ្យបានស្អាតដូចគ្នា ប៉ុន្តែមានសិស្សមួយចំនួននៅក្នុងភាពក្រីក្រ។ ដោយហេតុ​នេះ សម្លៀកបំពាក់អាចថាខ្សត់ខ្សោយជាងសិស្សផ្សេងៗទៀត។ មិនបានស្រុះគ្នា ១០០%។ នេះចំពោះឯកសណ្ឋានសិស្ស។ ចំពោះគ្រូអត់បារម្ភទេ… ទោះបីគាត់ស្ថិតក្នុងសភាពខ្សត់ខ្សោយក៏ដោយ មធ្យម ឬមានក៏ដោយ គឺឯកសណ្ឋានបានកំណត់ … ទោះបីថាលោកគ្រូគាត់ក្រដុនដាន ឬក៏គាត់មាន ក៏ខ្ញុំត្រូវតែកំណត់ឯកសណ្ឋានជាគ្រូបង្រៀន។ គ្រូបង្រៀនកាលណាចេញដើរពីមូលដ្ឋាន ចេញពីផ្ទះមកគឺអាណាព្យាបាលគាត់អត់ដែលហៅអាមីទេ គឺហៅលោកគ្រូអ្នកគ្រូ។ អញ្ចឹងទេលោកគ្រូអ្នកគ្រូត្រូវតែស្អាតជានិច្ច ត្រូវតែរមទម ត្រូវតែដឹងពីក្រមសីលធម៌របស់គ្រូបង្រៀន …។

សម្តេចធិបតី៖ អរគុណលោកគ្រូនាយកត្រង់ចំណុចនេះ។ ទីមួយ ខ្ញុំសូមអបអរសាទរ។ ទោះបីជា៣ខែ យើងក៏វិវឌ្ឍប៉ុននេះ។ សំខាន់យើងប្រៀបធៀបជាមួយអ្នកណា? យើងមិនអាចប្រៀបធៀបខ្លួនយើងនៅទីនេះជាមួយសាលានៅវត្តបូព៌ ឬនៅភ្នំពេញនោះទេ។ យើងត្រូវដាក់ទិសដៅប្រៀបធៀបជាមួយខ្លួនយើងថា ៣ខែមុន ហើយឥឡូវយ៉ាងម៉េច? បើឥឡូវល្អជាង ៣ខែមុន អាហ្នឹងជាមោទនភាព។ លោកគ្រូលើកអម្បាញ់មិញនេះខ្ញុំសប្បាយរីករាយ។ លោកតា លោកយាយ អ៊ំ ពូ មីង វាអត់សំខាន់យើងនៅជនបទ នៅភ្នំពេញអីនោះទេ មិនមែនអប់រំសំ​ដៅទៅលើរបស់ក្រៅខ្លួនទេ។ ការអប់រំគឺសំដៅទៅលើការកសាងមូលដ្ឋានក្នុងខ្លួន ចំណេះដឹង ហើយឥរិយាបថ ខោអាវមិនចាំបាច់មានលទ្ធភាពទិញខោអាវកីឡាដូចគេ ដូចឯងនោះទេ ស្លៀកខោអាវល្អមិនប្រាកដថារៀនពូកែ ហើយនឹងឥរិយាបថល្អនោះទេ។ លោកតាលោកយាយមែនទេ? អ្នកខ្លះមានលុយមានអី ប៉ុន្តែអត់រៀន អាកប្បកិរិយាអត់ល្អ។ យើងរៀនមានគោលដៅសំខាន់គឺកសាងមូលធនមនុស្សទៅជាមនុស្សល្អ។

រឿងនេះខ្ញុំចាំកាលខ្ញុំនៅជាកងទ័ព ខ្ញុំតែងតែរុញឯកសណ្ឋានខ្មែរយើង។ អ្នកខ្លះថា ឯកសណ្ឋានអាមេរិកល្អ ឯកសណ្ឋានអង់គ្លេសល្អ គេឱ្យមក។ ខ្ញុំថាវាអត់សំខាន់ទេ។ ឯកសណ្ឋានរបស់កម្ពុជា ទោះបីជាវាមិនដូចអាមេរិកក៏ដោយ ប៉ុន្តែបើយើងឯកភាពគ្នា វាជារបស់ជាតិយើង។ យើងសប្បាយរីករាយណាស់ យើងរុញធ្វើទៅ។ សំខាន់ផ្នត់គំនិត ហើយគ្រូថាមានផ្នត់គំនិតចង់ដូចសាលាវត្តបូណ៌ គោលដៅនៃការរៀបចំសាលាគំរូ។ យើងដាក់ជាស្តង់ដារអញ្ចឹង។ សាលាវត្តបូព៌ ជាសាលាមួយរីកច​ម្រើន ប៉ុន្តែមិនមែនមានសាលាតែមួយទេដែលល្អក្នុងប្រទេសយើង។ មានច្រើន។ ស្តង់ដារខុសគ្នា របៀបធ្វើខុសគ្នា។ យើងចែករំលែកបទពិសោធន៍ដែលយើងយកពីសាលាវត្តបូព៌ យើងយកពីសាលាផ្សេង។ ខ្ញុំសូមអរគុណ លោកគ្រូបង្គោលទាំងពីរដែលចូលនិវត្តន៍ហើយ ក៏នៅតែមានទឹកចិត្តចង់ជួយចែករំលែក ការដឹកនាំសាលាឱ្យបានល្អ តាមរូបភាព តាមលទ្ធភាពជាក់ស្តែង ហើយយើងយកចែករំលែកបទពិសោធន៍មក។

លោកគ្រូនាយកមានពាក្យមួយម៉ាត់ដែលខ្ញុំចាំ ហើយពាក្យនេះក៏ដូចខ្ញុំនិយាយដែរ. គាត់ថាចង់ដូចសាលាវត្តបូព៌ ទោះមិនមានលទ្ធភាពបច្ចុប្បន្នក៏ដោយ ប៉ុន្តែទិសដៅកម្រិតខ្ពស់បែបនេះគឺជាអ្វីដែលត្រូវធ្វើ។ ខ្ញុំថាគ្មានអ្នកណាល្អឥតខ្ចោះទេ ប៉ុន្តែគោលដៅដែលយើងកែខ្លួនឱ្យល្អឥតខ្ចោះគឺជាគោលដៅដែលត្រូវធ្វើ។ គោលដៅដែលលោក​គ្រូដាក់នេះល្អហើយ។ បានន័យថា យើងនៅតែរៀបចំស្តង់ដាខ្ពស់។ ពេលដែលយើងវិវឌ្ឍបានបន្តិច យើងអត់ភ្លេចខ្លួនថាល្មមហើយទេ។ យើងតែងតែចង់វិវឌ្ឍទៅមុខជានិច្ច។ វាអត់ចាំបាច់ដូចវត្តបូព៌បេះបិទ កូពីយកមកដាក់ទេ។ ឯកសណ្ឋានយ៉ាងម៉េច លទ្ធភាពក្មួយៗ លោកអ៊ំ លោកតា លោកយាយ ដូចគ្នា។ ឯកសណ្ឋាន ស ខៀវ បានប៉ុននេះល្អ … ការអប់រំនេះ គឺត្រូវពង្រឹងអ្វីដែលនៅក្នុងខ្លួន អ្វីដែលជាមោទនភាពគឺដែលគាត់ធ្លាប់តែតម្រង់ជួរមិនត្រង់ មិនស្តាប់ពេលតម្រង់ជួរ ឥឡូវមកជាស្តាប់។ នេះជាអ្វីដែលយើងចង់បាន។

អាវចាស់ អាវថ្មី រឿងមួយ ប៉ុន្តែឥរិយាបថថ្មី ជំនាញ ចំណេះដឹង ពីមុនសរសេរមិនសូវត្រូវ ឥឡូវ ៣ខែ, ១ឆ្នាំ គាត់សរសេរកាន់តែពូកែនេះហើយដែលយើងចង់បាន … ឥឡូវចង់បានកូនស្លៀកខោអាវស្អាត ប៉ុន្តែពិបាកនិយាយគ្នា ឬមួយខោអាវធម្មតា សម្ភារៈធម្មតាចុះ ឱ្យតែត្រឹមត្រូវហើយរៀនពូកែ? បានន័យថា អត្តចរិក និងចំណេះគាត់ខ្ពស់។ បើមានលទ្ធភាពកាន់​តែ​ល្អ។ អម្បាញ់មិញខ្ញុំសួរថាសិស្សនៅទីនេះយ៉ាងម៉េច? មើលសៀវភៅអត់? គាត់ថាសិស្សនៅទីនេះមើលច្រើន ដោយសារសិស្សនៅទីនេះអត់សូវមានទូរស័ព្ទ? នេះល្អ ឬអាក្រក់សម្រាប់ការអប់រំ? ខ្ញុំថាហ្នឹងជាការល្អ។ បើសិស្សនៅកន្លែងខ្លះ ចុចតែទូរស័ព្ទអត់មើលសៀវភៅ។ សុខចិត្តឱ្យគាត់មើលសៀវភៅ ដោយគាត់អត់សម្ភារៈដូចគេ ប៉ុន្តែគាត់ចំណាយពេលរៀនសូត្រ នេះហើយគឺយើងចង់បាន។

(ការអប់រំ)ឥរិយាបថដែលយើងបន្ថែមនេះ តាមគោលដៅដែលលោកគ្រូបានលើក ខ្ញុំសូមអរគុណ ហើយសូមបន្តដាក់គោលដៅឱ្យខ្ពស់ ហើយខំជំរុញដើម្បីយើងឈានជំហានបន្តិចម្តងៗ ទើបយើងសម្រេចជោគជ័យ។ បានន័យថា យើងមិនអាចវិវឌ្ឍតែបន្តិចហើយយើងភ្លេចខ្លួនទេ។ យើងមានគោលដៅខ្ពស់ ទើបយើងដើរទៅរហូត ហើយពង្រឹងរហូតទៅតាមលទ្ធភាពដែលយើងមាន។ អញ្ចឹង អរគុណនាយកសាលា ហើយបងខ្ញុំដូចតែប៉ុន្មានឆ្នាំទេ? ៤ឆ្នាំ។ កម្រណាស់។ ទៅបឋមសិក្សាឥឡូវ លោកតាលោកយាយ ភាគច្រើននាយកសុទ្ធតែក្មេងជាងខ្ញុំ ទើបមកលើកនេះ នាយកចាស់ជាងខ្ញុំ។ ទៅកំពង់ឆ្នាំងលើកមុនដូច ៤០ឆ្នាំស្តើង។ ឥឡូវខ្ញុំអត់បានលាបសក់កាន់តែសក់​(ស) បើលាបកាន់តែក្មេងជាងហ្នឹងទៀត។ ខ្ញុំសូមសួរចំណាប់អារម្មណ៍ លោកគ្រូ អ្នកគ្រូ បន្តិចពីការអនុវត្តផ្ទាល់មកដល់ម៉ោងនេះ ការអនុវត្តនិយាមថ្មីនេះ តើលោកគ្រូអ្នកគ្រូ យល់យ៉ាងម៉េច? តើសិស្សហ្នឹងយ៉ាងម៉េច?

លោកគ្រូ៖ ជាបឋម សូមជម្រាបសួរសម្តេចធិបតី ជាទីគោរព សូមគោរពឯកឧត្តម ទេសរដ្ឋមន្ត្រីជាទីគោរព សូម​គោរពឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំជាទីគោរព សូមគោរពឯកឧត្តម អភិបាលខេត្តជាទីគោរព ចំណាប់អារម្មណ៍របស់ខ្ញុំជាគ្រូបង្រៀន។ ទី១ (ខ្ញុំមានការ)ពេញចិត្តខ្លាំងលើគោលនយោបាយរបស់ គ.វ.អ ដែលដាក់ឲ្យពួកខ្ញុំអនុវត្ត។ ទី២ សិស្សមានការប្រែប្រួលឥរិយាបថស្ទើតែជិត ១០០%។ រួមទាំងគ្រូផងដែរ។ មិនមែនត្រឹម​តែសិស្សទេ។ ពីមុនគាត់មិនសូវចាប់អារម្មណ៍នឹងមកសាលាឲ្យទាន់ម៉ោងទេ ទាំងអាណាព្យាបាល ទាំងគាត់ ប៉ុន្ដែតាំងពីមានគោលការណ៍ហ្នឹងមក ម៉ោង ៦៖១០, ៦៖២០ នាទីព្រឹក យ៉ាងយូរ ៦៖៣០នាទី គាត់មកដល់បាន ៩០%ហើយ។ ដល់ម៉ោង ៦៖៤៥នាទី ពួកខ្ញុំគោរពទង់ជាតិ។ មកបានប្រហែល ៩៦% នៅសល់បន្ដិចបន្ដួចសម្ដេច។ មួយទៀត ខ្ញុំពេញចិត្តការបន្ថែមម៉ោងភាសាខ្មែរ និងគណិតវិទ្យា លើម៉ោងធម្មតាដែលជួយពង្រឹងសិស្ស។

ជាពិ​សេស ពេញចិត្តខ្លាំង ដែលមាន(បន្ថែម)អង់គ្លេស និងឌីជីថល។ សិស្សទី ៦ជិតវ៉ាកង មិនបានរៀន នៅមួយខែទៀត មិនដឹងថាបានរៀនឬមិនបាន។ ខ្ញុំពន្យល់ថា ចាំថ្ងៃណាប្អូនៗ ទំនេរ ចាំមករៀនថ្ងៃ ឡើងមកជាមួយគ្រូៗ។ មួយទៀត ការគោរពទង់ជាតិរាល់ថ្ងៃ សិស្សគោរពទៅតាមបែបផែននៃការរាប់រៀបរបស់លោកនាយកអម្បាញ់​មិញអញ្ចឹង។ ចំពោះការចូលបណ្ណាល័យវិញ សិស្សភាគច្រើនបានចូលអាន ហើយខ្ចីច្រើន។ ខ្ចីឡើងខ្ញុំវិលមុខ។ ​មានក្រុមប្រឹក្សាកុមារខ្លះជួយ (ប៉ុន្ដែ)ជួយអត់រួចទេ ហត់។ ជួនកាលខ្ញុំឲ្យថ្នាក់ទីប្រាំមួយមកជួយ។ គាត់ថាជួយមិនរួចទេ ច្រើនណាស់។ (សម្ដេច៖ បានន័យថាសិស្សច្រើនចូលទៅអាន)។ (លោកនាយក៖ សិស្សម៉ោងសេរី)។ ម៉ោងធម្មតារបស់គាត់ ១ម៉ោង ចុងម៉ោងក៏គាត់ខ្ចីដែរ។ សៀវភៅរបស់ខ្ញុំអត់មានថ្មីទេ គឺចាស់ហើយទក់។ ដៃកូនក្មេងស្រុកខ្ញុំមិនសូវ(ស្អាត)ប៉ុន្មានទេ។ អនាម័យមធ្យម។

សម្ដេចធិបតី៖ អត់ទេ!ឲ្យតែសៀវភៅទក់ល្អ​ជាងសៀវភៅនៅថ្មី ដាក់ពីរឆ្នាំអត់ណាប៉ះ។

លោកគ្រូ៖ ចុងបញ្ចប់គឺខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលសម្ដេចបានយក​សាលាខ្ញុំជាសាលាគោលដៅរបស់ គ.វ.អ។ ពួកខ្ញុំពេញចិត្តនិងគាំទ្រអនុវត្ដកម្មវិធីនេះឲ្យបានកាន់តែជោគជ័យ។ ខ្ញុំសូមជូនពរសម្ដេចបវរធិបតីជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណ សុខៈ ពលំ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ។

សម្ដេចធិបតី៖ សុំសួរអ្នកគ្រូបន្ដិច! តើអ្នកគ្រូមានតែម្នាក់ទេ?

អ្នកគ្រូ៖ មាន ៣នាក់។ ជាបឋម នាងខ្ញុំសូមគោរពជំរាបសួរ សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម លោកជំទាវ និងអាណាព្យាបាលសិស្សទាំងអស់ដែលមានវត្ដមាននៅទីនេះ។ នាងខ្ញុំឈ្មោះ មូល ប៉ូនីត ជាគ្រូបង្រៀនថ្នាក់ទី ៣ នៃ​សាលាបឋមសិក្សាត្រពាំងក្អែក។ ថ្ងៃនេះ នាងខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួប​ជាមួយសម្ដេច ព្រោះអីជាលើកទី១ …។

សម្ដេចធិបតី៖ ចុះបង្រៀនសិស្សរាប់ឆ្នាំ មានរឿងអីបានត្រូវញ័រ។

អ្នកគ្រូ៖ ចាស! បង្រៀនបាន ៣ ឆ្នាំ ហើយសម្ដេច។

សម្ដេចធិបតី៖ ៣ ឆ្នាំបាន ជាង ១០០០ ថ្ងៃហើយ។

អ្នកគ្រូ៖ ​បង្រៀន​សិស្សរាល់ថ្ងៃអត់ភ័យទេ ដល់ជួបជាមួយសម្ដេច ភ័យញ័រជើង។ ចំពោះចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់​ តាំង​ពីសាលារបស់នាងខ្ញុំចូលជាសាលាគោលដៅរបស់ គ.វ.អ​ ខ្ញុំសង្កេតឃើញថា សិស្សានុសិស្សរបស់ខ្ញុំទាំងអស់មានការផ្លាស់ប្ដូរឥរិយាបថរបស់ពួកគាត់។ ពួកគាត់មករៀនសូត្របានទៀងទាត់ពេលវេលាជាពិសេសគឺ​ការ​ចេះជំរាបសួរទៅវិញទៅមក មានការតម្រង់ជួរបានត្រង់ល្អ ដោយមិនចំាបាច់ស្រែកដូចលើកមុន។ កាលពីមុន​ស្រែករហូត នៅតែអត់បានចូលជួរទៀត។ ទី២ លោកគ្រូអ្នកគ្រូ លោកគ្រូអ្នកគ្រូមកបង្រៀន បានទៀងទាត់ពេលវេលាល្អ។ ទាក់ទងនឹងម៉ោងបន្ថែម ខ្ញុំពេញចិត្តជាមួយម៉ោងបន្ថែមជាខ្លាំង ដោយសារធ្វើឲ្យសិស្សានុសិស្សទាំងអស់មានការយល់ដឹងបន្ថែមបានមួយកំរិតទៀត តាមរយៈ(ម៉ោង)បន្ថែម​ភាសាខ្មែរ អង់គ្លេស និងគណិតវិទ្យា ហើយបន្ដិចទៀតមានថ្នាក់ឌីជីថលទៀត។ អញ្ចឹងពួកគាត់ទាំងអស់គ្នាពិតជាមានភាពសប្បាយរីករាយមែនមែន ឲ្យតែម៉ោង ១២ អី មកដល់សាលាមុនខ្ញុំទៀត។ ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរសម្ដេចឲ្យជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលំ កុំបីឃ្លៀងឃ្លាតឡើយ។

សម្ដេចធិបតី៖ សូមអរគុណ! សុំលោកគ្រូ អ្នកគ្រូ ម្នាក់ទៀត(មានយោបល់)។ មើល! ខ្ញុំសួរលោកគ្រូ អ្នកគ្រូវិញ!តើការ​ដាក់កម្មវិធីថ្មី ដែលជាការផ្លាស់ប្ដូរនេះ តើមានបង្កបញ្ហាប្រឈមអីឬមានអីពិបាកដល់លោកគ្រូអ្នកគ្រូទេ?

លោកគ្រូ៖ ជាបឋម ខ្ញុំសូមគោរពជំរាបសួរ សម្ដេចបវរធិបតី ជាទីគោរព! សូមគោរពឯកឧត្តម ទេសរដ្ឋមន្ដ្រីជាទី​គោរព ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ សូមគោរពឯកឧត្តម អភិបាលខេត្ត ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី អាណាព្យាបាលសិស្សានុសិស្សទាំងអស់ជាទីគោរព។ ចំពោះការបញ្ចូលសាលា​ជាសាលាគោលដៅនេះ គឺលោកគ្រូ អ្នកគ្រូនៅសាលារបស់ខ្ញុំគឺសប្បាយចិត្តទាំងអស់គ្នា អត់អ្នកណាមួយជំទាស់ថាបានលុយតិចអីទេ។ សូម្បីថាតែខ្ញុំក៏ខ្ញុំសប្បាយចិត្តដែរ។ កាលពីមុន បានដាក់ទៅជាគ្រូអាយធី បង្រៀនកុំព្យូទ័រ​មិនទាន់បានបង្រៀនទេ ប៉ុន្ដែខ្ញុំមករាល់ថ្ងៃមិនដែលខានមួយពេលណាទេ។ ទោះបីអត់ថវិកាម៉េចក៏ខ្ញុំប្រឹងដែរ ដោយសារខ្ញុំមិនទាន់បានបង្រៀន កាលណាបង្រៀនមានថវិកាបន្ថែម។

សម្ដេចធិបតី៖ ទើបដាក់ចូលឬអី? ឬុមុខវិជ្ជាមានយូរហើយ ប៉ុន្ដែយើងមិនទាន់មានសំភារៈ?

លោកគ្រូ៖ ការបង្រៀនអាយធី អត់ទាន់មានផងសម្ដេច! ទើបតែមានទេ។ គ្រូក៏មិនទាន់បានយកទៅបណ្ដុះបណ្ដាលដែរ ទាល់តែបានបណ្ដុះបណ្ដាលទើបមក​បង្រៀនកើត។ ក្មេងនៅតំបន់នេះគាត់គ្រាន់បើ។ ពេលខ្លះគាត់គ្រាន់បើជាងគ្រូទៀត ដោយសារគាត់រៀន​អង់គ្លេសបានច្រើន។ សាលាខ្ញុំ កាលពីមិនទាន់ថែមម៉ោងហ្នឹង ឲ្យតែម៉ោង១ គាត់មករៀនវិញហើយ ដោយសារសាលាអង់គ្លេសនៅហ្នឹង ខាងអង្កការគាត់សុំ(បង្រៀន) មិនមានជួលទេ។ ខ្ញុំជាមួយលោកនាយកលោកអីនឹងក៏សហការឲ្យគាត់បង្រៀនភាសាអង់គ្លេស។ គាត់ចាប់ផ្ដើមអនុវត្ដរយៈពេលជាង ១០ឆ្នាំហើយ។ ពីមុនសាលា​នៅក្នុងភូមិ ប៉ុន្ដែក្រោយមកសាលាកាន់តែច្រើនទៅសាលាខាងអង្កការហ្នឹងគាត់មកសុំសាលាខ្ញុំនឹងមកបង្រៀន ៣បន្ទប់។ សាលាឲ្យដោយមិនគិតថ្លៃអីទាំងអស់ ជួយសហការគ្នាដើម្បីឲ្យកូនចៅក្នុងស្រុកបានមករៀនទាំងអស់គ្នា។

សម្ដេចធិបតី៖ ចុះកម្មវិធីនឹងនៅបន្ដទេ? នៅលាយគ្នាទេ ពេលយើងដាក់កម្មវិធីនេះទៅ?

លោកគ្រូ៖ បាទ! សម្ដេច កាលពីមុនគាត់ចូលម៉ោង ១។ ឥឡូវយើងចូលម៉ោង ១​ចេញម៉ោង ៣ គាត់ចាប់ផ្ដើមចូលម៉ោង ៣ចេញម៉ោង ៥ ឬចេញម៉ោង ៦។

សម្ដេចធិបតី៖ បានន័យថាកុំឲ្យដក ប៉ុន្ដែយើងបន្ថែម។ ថែមពីរម៉ោងដើម្បីផ្ដោតលើគណិតវិទ្យា និងភាសាខ្មែរ។​ អញ្ចឹងម៉ោងភាសាអង់គ្លេសគាត់មិនលុបទេ គ្រាន់តែកែម៉ោង ត្រូវទេ?

លោកគ្រូ៖ បាទ! អត់លុបទេ​។ ទោះបីយ៉ាងណាពួកគាត់នៅបង្រៀន ហើយសិស្សមិនមែនតែសាលានឹងទេ(រៀនអង់គ្លេស)គឺមកពីច្រើនភូមិ មិនមែនតែសិស្សសាលាត្រពាំងក្អែកទេ។ ដោយសារសាលានឹងកើតយូរហើយ ខ្ញុំសរ​សើរខាងអង្កការជីប៊ូឌៀ គាត់ជួយច្រើនមែនទែន។ ពាក់ព័ន្ធខាងបញ្ហា គ.វ.អ លោកគ្រូ អ្នកគ្រូខ្ញុំអត់មានទោមស្សអីទេ សប្បាយចិត្តជាទីបំផុតសម្ដេច។

សម្ដេចធិបតី៖ ចុះបើតាមលោកគ្រូសង្កេត តើមានស្អីដែលត្រូវកែសំរួលដើម្បីឲ្យកាន់តែប្រសើរឡើង ព្រោះខ្ញុំចង់ស្ដាប់ផ្ទាល់ពីអ្នកអនុវត្ដ។

លោកគ្រូ៖ ប្រសិនបើគំនិតខ្ញុំផ្ទាល់ ខ្ញុំចង់បានថែម ៤ម៉ោងតែម្ដង។

សម្ដេចធិបតី៖ អង់គ្លេសថែមទៅណាចុះ?

លោកគ្រូ៖ ពេលថ្ងៃ? ខាងអង់គ្លេសគាត់មានសាលាក្នុង គាត់រៀនទៀត ប៉ុន្ដែសិស្សភាគច្រើនគឺសិស្សនៅសាលាហ្នឹងដែរទេ។

សម្ដេចធិបតី៖ ឥឡូវថែមពីរម៉ោងសិន ឲ្យតែដើរពីរម៉ោងទៅសិន។

លោកគ្រូ៖ អោយមួយថ្ងៃពេញតែម្ដង ព្រោះខ្ញុំមកបង្រៀនពីរម៉ោង ចេញម៉ោង ៣ ធ្វើអីកើត។ អញ្ចឹងដាក់ឲ្យគ្រប់​តែម្ដងទៅ។

សម្ដេចធិបតី៖ អញ្ជើញលោកគ្រូនៅហ្នឹងដែលបង្រៀនយូរឆ្នាំជាងគេ។

លោកគ្រូ៖ ប្រហាក់ប្រហែលតែគ្នា។ បងប្អូនគ្នាតែមួយឆ្នាំពីរឆ្នាំ។ បើរ៉ឺត្រែត គឺរ៉ឺត្រែតចង់ទាំងអស់។ បើគាត់ ៧១ ៧២, ៧៣, ៧៤ អស់ទោហយ នៅសល់ត្រឹមខ្ញុំ ៧៨ ពួកគាត់ត្រឹម ៧៤ ចុះ។

សម្ដេចធិបតី៖ ក្នុងចំណោមលោកគ្រូនៅសល់ ។ សូមស្ដាប់លោកគ្រូបន្ដិចមើល។

លោកគ្រូ៖ ជាបឋមខ្ញុំសូមគោរពសម្ដេច។

សម្ដេចធិបតី៖ លោកគ្រូអាយុប៉ុន្មានហើយ?

លោកគ្រូ៖ បាទ ខ្ញុំអាយុ ៥៣ ឆ្នាំ។

សម្ដេចធិបតី៖ បង្រៀននៅនេះបានប៉ុន្មានឆ្នាំហើយលោកគ្រូ?

លោកគ្រូ៖ បាទ! ៣៥ ឆ្នាំហើយបង្រៀននៅនេះ!

សម្ដេចធិបតី៖ បង្រៀនតាំងពីនៅកំលោះ?

លោកគ្រូ៖ អត់ទេមានប្រពន្ធហើយ

សម្ដេចធិបតី៖ អញ្ចឹង បង្រៀនតាំងពីអាយុ ២០ ជាង? ឥឡូវកូនប៉ុន្មានហើយ?

លោកគ្រូ៖ បានបុត្រ ៤

សម្ដេចធិបតី៖ មានចៅឬនៅ?

លោកគ្រូ៖ មានហើយ។

សម្ដេចធិបតី៖ អញ្ចឹងពេលបង្រៀនមានកូនឬនៅ?

លោកគ្រូ៖ នៅទេ។

សម្ដេចធិបតី៖ បង្រៀននៅសាលានេះ តាំងពីមិនទាន់មានកូន រហូតឥលូវមានចៅ។ ជាពិសេស ពេលដាក់កម្មវិធីថ្មីនេះ បាននិយាយឲ្យត្រង់។ ទាល់តែនិយាយ ព្រោះខ្ញុំចុះមកជួបផ្ទាល់ដើម្បីជជែកនិងស្ដាប់គ្នា។ តិចឃើញវត្ដមានឯកឧត្តមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីនៅទីនេះ លោកគ្រូបង្គោល អភិបាលខេត្ត អត់​និយាយ។ និយាយមក ដើម្បីយើងជជែកគ្នា បានស្ដាប់លឺ។ មិនមែនថាយន្ដការមិនដើរទេ។ ក្រសួងអប់រំ មន្ទីរអប់រំ ការិយាល័យអប់រំ គ្រប់សាលាទាំងអស់ ខេត្ត រុញហើយ ៤០ ឆ្នាំនេះ។ ឥលូវយើងដាក់កម្មវិធីថ្មីមក ចង់ដឹងថាតើកម្មវិធីថ្មីនេះដើរយ៉ាងម៉េច? គួរតែយើងមើលវាយតម្លៃ ហើយត្រូវកែសំរួលឬយ៉ាងណា? យើងដាក់ទៅចង់ឲ្យងាយស្រួលអនុវត្ដទាំងគ្រូទាំងសិស្ស។ ទី២ ការចូលរួម។ កម្មវិធីនេះប្រសិនបើអត់ដំណើរការទេ ហើយអត់មានការចូលរួម ហើយលោកគ្រូអ្នកគ្រូទទួលយកបាន ឪពុកម្ដាយ សិស្សទទួលយកអត់បាន ពេលដែលលោកគ្រូបង្គោលគាត់ដកយកទៅសាលាផ្សេង នោះកម្មវិធីលែងដើរហើយ។

លោកគ្រូបង្គោលមិននៅហ្នឹងរហូតទេ។ មាន ៧ ០០០ សាលានៅក្នុងប្រទេស។ យើងជួយមួយរយៈពេលដែល(កម្មវិធី)ដំណើរការហើយ លោកគ្រូអ្នកគ្រូម្ចាស់ការខ្លួនឯងយើងដកបង្វិល ពង្រីកសេវា។ កម្មវិធីមិនមែនតែ ៤២​ សាលា ដែលអនុវត្ដនោះទេ ក្រសួងអប់រំមាន ១០០ សាលា ដែលអនុវត្ដ(កម្មវិធី)នេះដូចគ្នា។ អញ្ចឹងយើងនឹងយករូបមន្ដស្រដៀងៗគ្នានេះ ការអនុវត្ដដើម្បីយកជាគំរូមួយដើម្បីសាកល្បងវាយតម្លៃ យកចំណុចខ្លាំងចំណុចខ្សោយ ដើម្បីយើងកែសំរួលទៅថ្ងៃក្រោយ សំរាប់​ទាំង ៧០០០ សាលាតែម្ដង។ ហ្នឹងជាគោលដៅរបស់យើងក្នុងអាណត្ដិនេះ។ ខ្ញុំចង់មកជួបទាំងឯកឧត្តម ឧបនាយករដ្ឋម​ន្ដ្រី ទេសរដ្ឋមន្ដ្រីដែលទទួលបន្ទុក ជំរុញកិច្ចការងារនេះ ចង់ស្ដាប់ផ្ទាល់ដែរ។

គន្លឹះដែល​លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយសិស្ស និងសិស្សឲ្យនេះ យើងយកជាធាតុផ្សំដើម្បីកែសំរួល ព្រោះសាលាមួយៗខុសគ្នា។ សាលានៅទីក្រុងផ្សេង សាលានៅជនបទផ្សេង។ អញ្ចឹង យើងយករូបមន្ដដែលដាក់ទៅនេះតើកន្លែងមួយៗ មានចំណុចខ្លាំង ហើយប្រឈមយ៉ាងម៉េច ងាយស្រួលអនុវត្ដយ៉ាងម៉េច ផ្ដល់យោបល់ឲ្យខ្ញុំ។ យើងមានអី យើងដោះស្រាយបន្ថែម។ មិនមែនទៅដណ្ដើមការងារទេ។ យើងជួយគ្នាដោះស្រាយ … ចុងសប្ដាហ៍ចង់មកជួបផ្ទាល់ ចង់ស្ដាប់លឺ។ លឺចំណុចវិជ្ជមានខ្ញុំអរគុណហើយ ប៉ុន្ដែខ្ញុំចង់ដឹងថាប្រសិនចង់កែសំរួលតើត្រូវពង្រឹងយ៉ាងម៉េច? ប្រាប់មកផង ដើម្បីយើងយកមកកែសំរួលដាក់អនុវត្ដទូទាំងប្រទេស។

មួយកន្លែងៗ ខ្ញុំចុះទៅ ស្ដាប់គ្រូបង្គោលនិងក្រុមការងារ … ខ្ញុំបានរបាយការណ៍ជាប់ជាប្រចាំ ប៉ុន្ដែថ្ងៃនេះចុះមកជួបផ្ទាល់។ ប៉ុន្ដែកុំភ័យ អត់មានប្រាប់ថាខ្ញុំមក​ទេ ដើម្បីកុំឲ្យពិបាកត្រៀមសំណួរមុន។ កុំឲ្យថាសំណួរនេះចំណុចនេះលើកបានឬអត់ លោកនា​យក? … ឥលូវលើកសំណួរមក គឺថាសេរី។ សូមវាយតម្លៃឲ្យខ្ញុំបន្ដិច និងបញ្ចេញមតិផ្ទាល់របស់ខ្លួន ជាពិសេស​ការអនុវត្ដនេះ យើងត្រូវការពង្រឹងអីយ៉ាងម៉េច ជួយអីយ៉ាងម៉េចទៀត ដើម្បីឲ្យដំណើរការល្អ ជាពិសេសលោកគ្រូអ្នកគ្រូ ឪពុកម្ដាយអាចទទួលបាន​ដើម្បីអនុវត្ដដោយរលូន​តែម្ដងមិនចាំបាច់មានលោកគ្រូបង្គោលពីរនាក់មក។

លោកគ្រូ៖ ជាបឋម សូមប្ដេជ្ញាចិត្តលោកគ្រូអ្នកគ្រូបីបួននាក់នេះ មានមតិដូចគំនិតខ្ញុំ ដែលខ្ញុំចង់បានអញ្ចឹងគ្រាន់តែដឹងថាចាប់តាំងពី គ.វ.អ នេះចូលមកសាលាយើងខ្ញុំកែប្រែតាំងពីឥរិយាបថ ពេលវេលា នៅក្នុងសាលាយើងខ្ញុំខំ​ប្រឹងប្រែងធ្វើម៉េចឲ្យបានល្អជាងនឹងទៅទៀតទាំងសិស្សទាំងគ្រូ។ ជាពិសេស កូនខ្ញុំតូចៗ មកដល់ធ្មេចភ្នែកអស់ហើយទម្រាំដាស់មកវិញបានថ្នាក់ទី ១។ គ្រាន់តែប្រឈមប៉ុណ្ណឹងទេ …។

សម្ដេច៖ យើងចប់ពេលព្រឹកម៉ោង ១១។ ក្មួយៗចេញទៅផ្ទះបាយហើយមកវិញម៉ោង ១ ពុលបាយ(សើច)។ ប៉ុន្ដែភាគច្រើននៅនេះ ល្ងាចយើងរៀនម៉ោងបន្ថែមទេ មែនទេ? (បាទ)។ រដ្ឋយើងរៀនព្រឹក ដល់ល្ងាចយើងថែមម៉ោង ហើយថែមម៉ោងនឹងយើងរៀនអីខ្លះលោកគ្រូ?

លោកគ្រូ៖ បាទ! ថែមម៉ោងគឺភាសាខ្មែរ គណិតវិទ្យា និងបំណិន។

សម្ដេចធិបតី៖ បំណិនរៀនអ្វីខ្លះ?

លោកគ្រូ៖ បំណិន មានពីរៀនការលាងចាន បោកខោអាវ បោសផ្ទះ …

សម្ដេចធិបតី៖ សិស្សយើងពីមុនដែលចេះបោសផ្ទះ ឬបត់ខោអាវទេ?

លោកគ្រូ៖ តាមសួរទៅ អ្នកខ្លះចេះបត់ អ្នកខ្លះអត់ចេះ។ ដល់ឥឡូវយើងបង្រៀនគាត់ចេះ។

សម្ដេចធិបតី៖ ចាំមើលបន្ដិចទៀតសួរលោកតាលោកយាយមើល ចេះនៅសាលាទៅធ្វើនៅផ្ទះអត់ចៅៗ។ចុះម៉ោងដែល​យើងដូរមកបន្ថែមម៉ោងនេះលោកគ្រូអ្នកគ្រូមានការលំបាកក្នុងការអនុវត្ដទេ?

លោកគ្រូ៖ អត់មានអីលំបាកទេ ព្រោះមករលូនទាំងអស់គ្នា។

សម្ដេចធិបតី៖ កាលមុនយើងអត់មានរៀនល្ងាចទេ។ រៀនតែព្រឹកចប់ រសៀលទំនេរទាំងគ្រូទាំងសិស្ស។ ឥលូវ យើងថែម ២ម៉ោងជាប់ លោកគ្រូអ្នកគ្រូ សិស្ស ត្រូវមក អញ្ចឹងអត់មានបង្កការលំបាកអីដល់លោកគ្រូអ្នកគ្រូទេ?

លោកគ្រូ៖ អត់មានបង្កការលំបាកទេ។ លោកគ្រូអ្នកគ្រូរបស់ខ្ញុំមករលូន មិនមានពាក្យសម្ដីអីថាម៉េចទេ។ អរគុណដែលបានបន្ថែមម៉ោងនេះបានដល់សិស្សានុសិស្ស (ដើម្បីបានបង្កើន)ចំណេះវិជ្ជា។

សម្ដេចធិបតី៖ ការអនុវត្ដអាចអនុវត្ដជាប់រហូតទេ?

លោកគ្រូ៖ បាទ! ជាប់។

សម្ដេចធិបតី៖ ជាប់មិនមែនដោយសារលោកគ្រូបង្គោលពីររូបឧស្សាហ៍មកទេ?

លោកគ្រូ៖ ឧស្សាហ៍មក។

សម្ដេចធិបតី៖ បើគាត់អត់មក ក៏យើងទៅរួចដែរ?

លោកគ្រូ៖ ទៅរួច។

សម្ដេចធិបតី៖ សិស្សយើងនៅទីនេះ រវាងភាសាខ្មែរនិងគណិតមួយណាប្រឈម/លំបាកជាងសមត្ថភាពគាត់?

លោកគ្រូ៖ បាទ!សម្ដេច គណិតវិទ្យាអត់សូវអីទេ! ពិបាកភាសាខ្មែរ!

សម្ដេចធិបតី៖ ពិបាកភាសាខ្មែរវិញ! ដោយសារការសរសេរអត់ត្រូវឬយ៉ាងម៉េច?

លោកគ្រូ៖ វាមិនមែនថាអត់ត្រូវទេ! តែវាមិនល្អ ១០០% វានៅខ្វះខាត។

សម្ដេចធិបតី៖ បើល្អ ១០០% ចាំបាច់រៀនធ្វើអីលោកគ្រូ។ ភាសាខ្មែរយើង វេយ្យាករណ៍លំបាក វាអត់ដូចភាសាអង់គ្លេសអី។ ប៉ុន្ដែសំខាន់ចេះសរសេរឲ្យត្រូវ។ សរសេរតាមអានវិញឬនៅ?

លោកគ្រូ៖ សរសេរ។

សម្ដេចធិបតី៖ ដាក់ប៉ុន្មានឆ្នាំហើយ?

លោកគ្រូ៖ តាំងពីបង្រៀនមកមានរហូត ប៉ុន្ដែគ្រាន់តែឥឡូវវាកើនជាងមុន។

សម្ដេចធិបតី៖ ការហ្នឹងសំខាន់ណាស់ដែលខ្ញុំនិងឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្រសួងអប់រំដាក់ទិសដៅពង្រឹងភាសាខ្មែរនិងគណិតវិទ្យា។ ពេលដែលយើងរៀបចំដាក់ ២ម៉ោងនេះ គឺយើងគិតថាមួយអាទិត្យ ៥ថ្ងៃ ចន្ទដល់សុក្រ។ យើងមានតែពីរម៉ោង។ អញ្ចឹង ១០ ម៉ោងមួយអាទិត្យ។ អញ្ចឹងតើយើងត្រូវដាក់(កម្មវិធី)ស្អីខ្លះ? យើងមានគណិត ខ្មែរ អង់គ្លេស បំណិន ហើយយើងមានសិល្បៈអីថែមទៀត។ តើនៅនេះយើងមានសិល្បៈទេ? អត់ទេ។ ដាក់បំនិនក៏បាន តែយើងរៀបចំថែមទៅអ្វី? ​ខ្ញុំឯកភាពគាំទ្រគោលការណ៍របស់ក្រសួងអប់រំ គឺផ្តោតទៅលើភាសាខ្មែរ និងគណិតវិទ្យាឲ្យបានច្រើន។ អញ្ចឹងថ្នាក់បឋម ម៉ោងអង់គ្លេសយើងល្មមៗ ប៉ុន្តែនៅនេះហេងដោយ​សារមានអង្គការមួយទៀតថែមម៉ោងអង់គ្លេស អញ្ចឹងក៏ល្អម្យ៉ាង។ យើងពិនិត្យមើល។ ថែមម៉ោងខ្មែរ ម៉ោងគណិតឲ្យច្រើន ជាពិសេសរៀនព្រឹកយើងបានប៉ុន្មានម៉ោង ល្ងាចយើងមកបន្ថែមអាហ្នឹង ដើម្បីឲ្យគាត់ឆ្អិន ប៉ុន្តែរាល់ថ្ងៃយើងអនុវត្ត … ឃើញយ៉ាងម៉េចហើយ ឃើញសមត្ថភាពសិស្សយ៉ាងម៉េចដែរ?

លោកគ្រូ៖ សមត្ថភាពសិស្សកើនជាងមុន។

សម្តេចធិបតី៖ បន្ថែមម៉ោងទៅលើហ្នឹង។ កាន់មេក្រូនិយាយជាមួយសិស្ស ៣ម៉ោងអត់ចប់ និយាយជាមួយខ្ញុំបន្តិចឈប់។ ធ្លាប់តែសួរសិស្ស ឥឡូវគេសួរវិញ។ ចុះគ្រូៗ មានតែហៅសិស្សសួរ ដល់ឥឡូវខ្ញុំហៅសួរវិញ។ សុំអ្នកគ្រូម្នាក់ទៀត ឲ្យស្មើភាពគ្នា កុំឲ្យថាហៅតែលោកគ្រូ អត់ហៅអ្នកគ្រូ។​

អ្នកគ្រូ៖ សុំជម្រាបសួរសម្តេច។ នាងខ្ញុំជាគ្រូបង្រៀនថ្នាក់ទី៦ តាំងពីកម្មវិធី គ.វ.អ ចូលមកមានការប្លែកច្រើន។ ទីមួយ គឺឥរិយាបថចំពោះលោកគ្រូ អ្នកគ្រូ ចេះសំពះគ្នាទៅវិញទៅមក។ ពីមុនអត់ដែលសំពះទេ ដល់ពេលចាប់ផ្តើមសំពះ ចេះអៀន ក្នុងចិត្តអៀន។

សម្តេចធិបតី៖ ឥឡូវលែងអៀននៅ?

អ្នកគ្រូ៖ លែងអៀនហើយ សូម្បីទៅផ្ទះវិញ ធ្លាប់នៅសាលា ទៅដល់ផ្ទះជម្រាបសួរប្តីទៀត។

សម្តេចធិបតី៖ ប្តីសប្បាយចិត្តហើយប៉ុននេះ។

អ្នកគ្រូ៖ ប្តីថា គាត់នេះយកចិត្តឯងឲ្យធ្វើបាយធ្វើម្ហូប។

សម្តេចធិបតី៖ អូ! អញ្ចឹង។ ឥឡូវប្តីអ្នកគ្រូធ្វើម្ហូប? បានអ្នកគ្រូទៅសំពះប៉ុណ្ណឹង ប្រពន្ធៗទាំងអស់គួរតែយល់ទៅ ទឹកចិត្តប្តីយ៉ាងម៉េច។ បានតែប្រពន្ធញញឹមដាក់ គឺធ្វើបាយឲ្យហើយ។

អ្នកគ្រូ៖ ចាស! ដល់ពេលគាត់ថាយកចិត្តប្តីឲ្យធ្វើម្ហូប។ ពីមុនម៉េចមិនអញ្ចឹង? ឥឡូវបងធ្វើបាយម្ហូបឆ្ងាញ់អញ្ចឹង។ ចំពោះសិស្សវិញចេះជម្រាបសួរអ្នកគ្រូ ចេះឱនលំទោន មានការគោរពច្រើន អញ្ចឹងគ្រូក៏មានការគោរពទៅសិស្ស​វិញដូចគ្នា។ ក្នុងចិត្តនាងខ្ញុំសប្បាយរីករាយ ដែលមានការបង្កើតនូវការបន្ថែម ២ម៉ោងនៅវេនរសៀល។ ចំ​ពោះសិស្សនាងខ្ញុំថ្នាក់ទី ៦ ធំៗ​ អញ្ចឹងងាយស្រួលក្នុងការនិយាយ អញ្ចឹងអនុវត្តបានទាំងអស់គ្នា។ ដូចអស់ហើយ គោរពជូនពរសម្តេចមានសុខភាពល្អ។

សម្តេចធិបតី៖ អញ្ចឹងសំពះគ្នាលែងអៀនហើយ?

អ្នកគ្រូ៖ លែងអៀនហើយ។ ពីមុនមកឃើញ លោកគ្រូ អ្នកគ្រូ អត់(សំពះ)ទេ គ្រាន់តែថាសួរគ្នាពីសុខភាពអីអញ្ចឹងទៅ។ តែឥឡូវជម្រាបសួរ តែដំបូងអៀនមែន។ អៀនណាស់។

សម្តេចធិបតី៖ ម៉េចបានជំនះការអៀនចឹង លោកគ្រូបង្គោលជំរុញ?

អ្នកគ្រូ៖ ចាស! លោកគ្រូគាត់ថា ខ្មែរយើងត្រូវមានសុជីវធម៌ក្នុងការជួបគ្នាត្រូវចេះសំពះគ្នា ពីមុនមកអត់មែន គ្រាន់តែសួរសុខទុក្ខ សុខសប្បាយជាទេ។ យប់មិញ ព្រឹកមិញ ម្សិលមិញបានម្ហូបអី ។ ឥឡូវចេះសំពះ ចេះអញ្ចឹងទៅ មានអារម្មណ៍ថាសប្បាយចិត្តម្យ៉ាងដែរ អរគុណសម្តេច។

សម្តេចធិបតី៖ អរគុណ។ តាមពិតលោកគ្រូ អ្នកគ្រូ សំខាន់។ អ្វីដែលលោកគ្រូ អ្នកគ្រូបង្រៀនមួយ ប៉ុន្តែអ្វីដែលលោកគ្រូ អ្នកគ្រូ កាយវិការលោកគ្រូ អ្នកគ្រូ គឺជាមេរៀនរស់រវើកសម្រាប់សិស្ស។ លោកគ្រូ អ្នកគ្រូ ចាប់ផ្តើមបង្ហាញបែបនេះ ខ្ញុំគិតថាសិស្សក៏គាត់កាន់តែក្លាហាន ព្រោះធម្មតាយើងអត់ធ្លាប់ រាងអៀនៗ ប៉ុន្តែប្រពៃណីខ្មែរយើងមានអីត្រូវអៀន។ ឥឡូវសុំបន្តអញ្ចឹង ខ្ញុំក៏អរគុណ ព្រោះកន្លងទៅយើងឃើញនៅសាលាឯកជន នៅសាលាអីក៏អនុវត្ត នៅសាលាវត្តបូព៌ក៏អនុវត្ត។

បាទ! អញ្ចឹងវាអត់មានអីខុសនៅក្នុងការបញ្ជាក់នេះ ហើយអ្វីដែលសំខាន់បានលោកគ្រូ អ្នកគ្រូ បញ្ជាក់តែម្តង ថាជាក់ស្តែងនិយាយអស់ពីចិត្តតែម្តង ថាពីមុនអៀន ឥឡូវសំខាន់បានប្តីធ្វើបាយឲ្យទៀត មិនធម្មតា។ ឥឡូវខ្ញុំសុំសួរឪពុកម្តាយ លោកតា លោកយាយម្តងមើល … ខ្ញុំសុំសួរលោកគ្រូបង្គោល ពីចំណាប់អារម្មណ៍របស់លោកគ្រូបង្គោល។ អាចអញ្ជើញម្នាក់ក្នុងពីរនាក់ ឬបីនាក់ហ្នឹង និយាយពីវឌ្ឍនភាពនៅនេះមើល។ ពេលដែលយើងអនុវត្តកម្មវិធីនេះ តើមានបញ្ហាប្រឈមអីក្នុងការកែទម្លាប់ ការកែអីទេ។

លោកគ្រូបង្គោល៖ ជាបឋម ខ្ញុំបាទសូមធ្វើការគោរពដល់សម្តេចមហាបរវធិបតីជាទីគោរព និងសូមគោរពដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជាទីគោរព និងសូមគោរពដល់ឯកឧត្តមទេសរដ្ឋមន្ត្រីជាទីគោរព ជាមេកើយរបស់ខ្ញុំផ្ទាល់តែម្តង ហើយនឹងឯកឧត្តមរដ្ឋមន្ត្រីដែលបានអញ្ជើញចូលរួម។ អភិបាលខេត្ត អភិ​បាល​ខេត្តរង ព្រមទាំងអភិបាលក្រុងឧត្តុងម៉ែជ័យ មន្ទីរអប់រំ ប្រធានមន្ទីរ អនុប្រធានមន្ទីរ ក៏អញ្ជើញមកដែរ។ សូមគោរពដល់គណៈធិបតីទាំងអស់ និងក្រុមការងាររបស់លេខាធិការដ្ឋាន គ.វ.អ ដែលជាគណៈ​កម្មការជាតិជំរុញវិធានការគន្លឹះនៃវិស័យអប់រំ និងសូមគោរពដល់អ៊ំ ពូ បង លោកគ្រូ អ្នកគ្រូ ទាំងអស់ និងសិស្សានុសិស្សទាំងអស់ ជាទីគោរពរាប់អាន។ ខ្ញុំបាទឈ្មោះ ណា ចាន់សេង ជាអតីតនាយកសាលាបឋមសិក្សាព្រះរាជអគ្គមហេសីនរោត្តមមុនីនាថ សីហនុ។ ខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ១ ក្រោយពីសាលាបឋមសិក្សាដូរនៅឆ្នាំសិក្សា ២០១៤-២០១៥ … ខ្ញុំបាទនេះគឺមានស្រុកកំណើតនៅស្រុកឧត្តុង្គ ទីកន្លែងនៅផ្សារឧត្តុង្គ។​

ខ្ញុំបាទគឺមានមោទនភាព និងសប្បាយរីក​រាយក្នុងពេលនេះ ក៏សូមថ្លែងអំណរគុណចំពោះវត្តមានរបស់សម្តេច និងឯកឧត្តមទាំងអស់ ដែលបានមកដល់ទឹកដីនៃសាលាបឋមសិក្សាត្រពាំងក្អែកដែរ។ មិនងាយបានមកដល់ទេ តែដល់ពេលមកឃើញផ្ទាល់តែម្តង គឺមានភាពសប្បាយរីករាយ ដោយសារថាសាលាគោលដៅយើងមានតែ ៤២ ហើយសម្តេចក៏មិនបានថាអញ្ជើញទៅអស់ដែរ ក្រែងលោថាថ្ងៃណាមួយអញ្ជើញទៅទាំងអស់ មិនដឹងដែរ។ ទូទាំងប្រទេស ៧០០០ ជាងសាលារៀន គឺមានភ័ព្វវាសនាខ្ពស់ណាស់ ចំពោះសាលារៀនគោលដៅ ដែលនៅក្នុងខេត្តកំពង់ស្ពឺ ដែលមាន ៥។

ខ្ញុំបាទក៏សូមជម្រាបជូនទៅសម្តេចដែរថា វ័យរបស់ខ្ញុំក៏ច្រើនដែរសម្តេច ប៉ុន្តែទឹកចិត្តនៅមាន ឧត្តមគតិមាន ក៏ប៉ុន្តែគ្រាន់តែវ័យចេះតែទៅមុខ អត់មានមកក្មេងបានទេ ចាស់ទៅទៀតហើយ។ អញ្ចឹងបានចេះជម្រាបជូនទៅខាងឯកឧត្តមទេសរដ្ឋមន្ត្រីថា ឯកឧត្តម ខ្ញុំវ័យកាន់តែទៅមុខហើយ មិនដឹងបានជួយការងារសម្តេចបានប៉ុន្មានឆ្នាំទៀតទេ ក៏ប៉ុន្តែខ្លាចចិត្តសម្តេច ចាស់ហើយធ្វើការអត់បានល្អ ព្រោះសម័យពួកខ្ញុំមានតែបទពិសោធន៍ ឯខាងផ្នែក IT គឺអក្ខរកម្មតែម្តងសម្តេច។ ដល់ចឹងខ្លាចធ្វើការងារអត់ទាន់ ហើយអត់ល្អ។ សព្វថ្ងៃកំពុងតែរកអ្នកជំនួយជួយដែរ កិច្ចការមួយចំនួនគឺយើងបានបោះដៃឲ្យទៅខាងលេខាជួយការងារហ្នឹងជូនឲ្យទាន់ពេលវេលា។ សូមអធ្យា​ស្រ័យ​ដែរ កុំឲ្យសម្តេចថា យី!ការងារអត់ពូកែ អត់ប៉ិនអីហ្នឹង។ សូមសម្តេចអធ្យាស្រ័យ សូមខន្តីអភ័យទោស។

ចំពោះការងារផ្នែកគណៈកម្មការជាតិជំរុញវិធានការគន្លឹះនេះ គឺខ្ញុំសប្បាយរីករាយណាស់ គឺពេញចិត្តដោយសារខ្ញុំមាននិស្ស័យ ហើយមានបទពិសោធន៍ការងារអប់រំ។ ខ្ញុំចូលបំរើការងារអប់រំនេះបាន ៣៦ ឆ្នាំ ក៏ប៉ុន្តែខ្ញុំធ្វើជានា​យកបាន ៣៤ ឆ្នាំ។ ខ្ញុំបំពេញការងារនេះជូន ហើយអត់មានទៅណាទេ ស្រឡាញ់ស្រុកកំណើតហើយនៅត្រង់ហ្នឹងជាប់។ ខាងលើចេះតែសុំឲ្យទៅខាងការិយាល័យអប់រំស្រុក ទៅខាងមន្ទីរអីចឹងដែរ ប៉ុន្តែខ្ញុំថាឆ្ងាយពីប្រពន្ធកូនពេក។ ដូចជាពិបាកបន្តិចដែរ។ ជួយជាផ្នែកមួយចំណែកដែលយើងអាចជួយទៅបាន។ អញ្ចឹងគឺខ្ញុំបាទសូមជម្រាបជូនថា កម្មវិធីនេះដែលសម្តេចដាក់មកនេះគឺជាការងារមួយដ៏ល្អ។ ហេតុអ្វីបានខ្ញុំថាល្អ? សំខាន់ពីព្រោះគឺសម័យកាលនេះ បើយើងគិតឲ្យដល់មែនទែនទៅ គឺសម័យវិទ្យាសាស្ត្រ។ វិទ្យាសាស្ត្រជាមួយនឹងសីលធម៌ វាត្រូវតែដើរទន្ទឹមគ្នា។ បើសីលធម៌ខ្មែរយើងខ្ពស់ មនុស្សពីដើមគឺសីលធម៌ល្អខ្លាំង វិទ្យាសាស្ត្រគឺអត់មានទេ អន់។ ឥឡូវវិទ្យាសាស្ត្រតាមខ្ពស់ លុះត្រាតែសីលធម៌យើងឲ្យខ្ពស់ដែរ ដើម្បីគ្របដណ្តប់ជាមួយនឹងវិទ្យាសាស្ត្រ​។ យើងជួនកាលយើងធ្វើតាមវិទ្យាសាស្ត្រហួសហេតុពេកទៅ ខ្វះសីលធម៌ វិទ្យាសាស្ត្រនឹងបំផ្លាញទៅលើមនុស្សលោកទៅវិញ។ នេះគឺជាចំណុចនៃការឈ្លាសវៃរបស់សម្តេចដែលដាក់ទៅលើផ្នែកការងារអប់រំសីលធម៌ ផ្លាស់ប្តូរឥរិ​យាបថវាជាកម្រិតមួយ ពីព្រោះយើងត្រូវយល់ថា ចរន្ត ២ គឺវិទ្យាសាស្ត្រនិងសីលធម៌ ត្រូវដើរទន្ទឹមគ្នា។

សម្តេចយល់ហើយថា រាល់ថ្ងៃនេះក្នុងពិភពលោក យើងកំពុងតែភាពច្របូកច្របល់ដោយសារតែវិទ្យាសាស្ត្រលឿនពេក សីលធម៌យើងប្រឹងតាមមិនទាន់ ធ្វើឲ្យមនុស្សមានភាពច្របូកច្របល់។ អញ្ចឹងជាការងារមួយដែលព្រួយបារម្ភ។ សម្តេចដាក់កម្មវិធីនេះសំខាន់ណាស់។ រឿងការផ្លាស់ប្តូរឥរិយាបថ និងសីលធម៌របស់មនុស្សឲ្យ​មានតម្លៃ សំខាន់ទៅលើការងារ មិនមែនមានតែចំណេះជំនាញនោះទេ គឺសំខាន់គឺមានឥរិយាបថ ក្រមសីលធម៌ គឺយើងមាន ៣ផ្នែកនេះ គឺយើងមានតម្លៃជាលក្ខណៈមនុស្សពេញលេញ។ ខ្ញុំគាំទ្រកម្មវិធីនេះ។ សព្វថ្ងៃនេះគឺខ្ញុំជួយសាលាគោលដៅនេះ គឺសំខាន់អនុវត្តតាមគោលការណ៍របស់សម្តេច ចង្កោមទី១ ផ្លាស់ប្តូរឥរិយាបថ, ចង្កោមទី២ គឺ ២ម៉ោងបន្ថែម, ចង្កោមទី៣ គឺការចូលរួមរបស់សហគមន៍។ ប៉ុន្តែ ការងារឥរិយាបថនេះ និង ២ម៉ោងបន្ថែមនេះ បើយើងបាន ២នេះហើយ យើងទាញសហគមន៍មកហើយ។ មិនបាច់ទៅទាញគាត់មកទេ ពី​ព្រោះលទ្ធផលជូនទៅគាត់ គឺកូនគាត់មានឥរិយាបថល្អ មានសីលធម៌ល្អ។ យើងផ្លាស់ប្តូរសព្វថ្ងៃនេះ គឺយើងបណ្តុះទៅលើផ្នែកបញ្ញា ស្មារតី និងខួរក្បាលរបស់សិស្ស គឺឲ្យវាមានភាពលូតលាស់ទាំងរាងកាយឡើងទៅ នេះគឺផ្លាស់ប្តូរឥរិយាបថ ហ្នឹងកំពុងដើរទៅភាពយ៉ាងដូច្នេះ។

អញ្ចឹង សំខាន់ទៅលើការងារនេះ ដើម្បីឲ្យមានគុណប្រយោជន៍ទៅដល់ឪពុកម្តាយ ដែលទទួលផលពីកូន។ អនា​គតរបស់សិស្ស យើងមានគោលការណ៍វែងឆ្ងាយទៅមុខទៀតគឺបណ្តុះធនធានមនុស្ស ព្រោះធនធានមនុស្សជាចំ​ណុចសំខាន់បំផុតរបស់គ្រួសារមួយ របស់សង្គមមួយ របស់ជាតិមួយ ព្រោះការងារវិស័យអប់រំនេះ គឺជាបេះដូងរបស់ប្រទេសជាតិ។ អញ្ចឹង សម្តេចបានយកចិត្តទុកដាក់ទៅលើវិស័យនេះ ហើយជួយជាវិធានការគន្លឹះដែលល្អ សំខាន់បំផុត ដើម្បីជ្រោងជាតិមាតុភូមិរបស់យើងឡើង។ ខ្ញុំបានគាំទ្រ ខំលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញការងារជូនទៅតាមសាលាគោលដៅ និងសាលានានា ព្រោះសាលារៀនទាំងអស់។ ខ្ញុំចង់ថា យើងមិនមែនធ្វើតែមួយអញ្ចឹងទេ ដើម្បីឲ្យសាលាទាំងអស់មានការងារមករៀនសូត្រ និងចែករំលែកជូនទៅគាត់ពីព្រោះ ៧០០០ មិនងាយយើងធ្វើបានស្រួលទេ។ ទាល់តែយើងរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីចែករំលែកគ្នា។ ធម៌ចែករំលែកនេះ គឺជាធម៌មួយដែលល្អបំផុត សម្រាប់ជួយដល់អ្នកដែលខ្វះខាត។ អ្វីដែលចង់បានឲ្យគាត់បំពេញយកទៅ ដូចជាសម្តេចបានលើកថា យុទ្ធសាស្ត្រផ្ការីក។ ប្រសាសន៍របស់សម្តេចបានលើកឡើងថាយុទ្ធសាស្ត្រផ្ការីក គឺយើងចូលរួមចំណែកយ៉ាងខ្លាំង យ៉ាងសកម្មជាមួយនឹងវិស័យអប់រំនេះឯង។

អញ្ចឹង កិច្ចការដែលមានចំណុចសំខាន់ ល្អៗ ខាងក្រសួងគាត់បានទទួលយកខ្លះដើម្បីជាស្តង់ដារនៃការងាររបស់វិស័យអប់រំនេះ។ ចំពោះ ២ម៉ោងបន្ថែមទៀត គឺថាវាល្អត្រង់ថា ក្មេងៗបន្ថែមចំណេះដឹង។ អញ្ចឹងលទ្ធផលនៃការ​ងារ​រៀនសូត្រនេះ ឃើញថាក្មេងរៀនឥឡូវ មានពិន្ទុ សំខាន់យើងមើលលទ្ធផល។ អញ្ចឹងពីមុនលទ្ធផលយ៉ាងម៉េច ឥឡូវយើង ២ម៉ោងបន្ថែម លទ្ធផលជាប់យ៉ាងម៉េច? អញ្ចឹងជាប់ច្រើនជាងមុន។ វាមានន័យថាវាកាន់តែមានសមត្ថ​ភាព ចំណេះដឹងកាន់តែខ្ពស់។ ចំណុចនេះល្អ ហើយម្យ៉ាងទៀត កាត់បន្ថយនៃភាពពាលាអាវាសែក្នុងសង្គមដែរ ព្រោះក្មេងតែដើរលេងនៅក្នុងនេះ ប៉ះទៅលើអំពើមិនល្អ ប៉ះលើទូរស័ព្ទច្រើនពេក វាធ្វើឲ្យខូចក្មេងដែរ។ អញ្ចឹងការងារយើងយកពេលវេលានេះដើម្បីមកធ្វើ ដើម្បីបង្កើនសមត្ថភាព ផ្តល់ចំណេះដឹង នឹងធ្វើឲ្យក្មេងហ្នឹងវាមានសមត្ថភាពកាន់តែខ្ពស់ឡើង។ នេះចំណុចខ្លាំង ហើយចង្កោមទាំង ២ នេះឯង ដែលធ្វើឲ្យផលដល់ឪពុកម្តាយគាត់សប្បាយរីករាយ ពេញចិត្តនឹងការចូលរួមជាមួយនឹងវិស័យអប់រំ។ អញ្ចឹង គាត់យល់ពីតម្លៃសាលារៀន គាត់នឹងជួយ ចង់បានអី គាត់សុំ គាត់អំពាវនាវ គាត់នឹងជួយហើយ ដោយសារថាគាត់ចំណាយទៅរៀនឯកជនក៏អស់លុយច្រើនដែរ។

អញ្ចឹងបុណ្យកុសលរបស់គាត់គឺនៅទីសាលារៀននេះឯង។ គាត់ត្រូវធ្វើជាមួយនឹងសាលា។ ពីដើមគេច្រើនធ្វើបុណ្យនៅវត្ត ខ្លាំងណាស់ ក៏ប៉ុន្តែឥឡូវចង់ឲ្យគាត់យល់ពីគុណតម្លៃ យល់ពីបុណ្យនៅសាលារៀន ព្រោះបុណ្យនេះមិនមែនបុណ្យជាតិក្រោយទេ បុណ្យជាតិបច្ចុប្បន្ន ដែលយើងធ្វើបុណ្យនៅនេះ វាបានដល់កូនយើងភ្លាមៗ កូនយើងក្លាយទៅជាមនុស្សល្អ ក្លាយទៅជាពលរដ្ឋល្អ។ អញ្ចឹងហើយវាមានអនាគតល្អ វាជាបុណ្យ។ មិនមែនថាមិនឲ្យគោរពសាសនាទេ សាសនាក៏យើងគោរពស្រឡាញ់ដែរ ក៏ប៉ុន្តែយើងគិតថាកិច្ចការសាលានេះគឺមិនខុសពីវត្តប៉ុន្មានទេ គឺលំដាប់លេខ ២ ពីវត្ត។ អញ្ចឹងឲ្យគាត់ចេះធ្វើបុណ្យជាមួយនឹងកូនចៅគាត់។ ហ្នឹងគឺយើងមានបណ្តុះការងារហ្នឹង។ ខ្ញុំយល់អញ្ចឹង។ តែការប្រែប្រួល ដូចខ្ញុំជម្រាបជូនអញ្ចឹង ការផ្លាស់ប្តូរឥរិយាបថទាំងពីរូបរាងកាយ តាំងពីផ្នត់គំនិត តាំងពីឥរិយាបថរបស់សិស្សហ្នឹង គឺបានល្អ ទាំងគ្រូទាំងសិស្ស ទី២ បង្កើនសមត្ថភាព ចំណេះដឹងទៅលើផ្នែកមុខវិជ្ជាភាសាខ្មែរ និងគណិត។ បើថាភាសាខ្មែរគឺថាដាក់ឲ្យខ្លាំងបន្តិច ដោយសារយើងមើលទូទៅសាលារៀននៅក្នុងអប់រំរបស់យើង កូនសិស្សភាគច្រើនគឺខ្សោយខាងភាសាខ្មែរ។ អញ្ចឹងយើងដូចជាឯកឧត្តមបានលើកឡើង ឯកឧត្តមដាក់បញ្ចូលនូវកញ្ចប់អំណានថ្នាក់ទី១ ថ្នាក់ទី២ ហ្នឹងគឺថាល្អ ដើម្បីបង្កើននូវការរៀនឲ្យក្មេងកាន់តែល្អប្រសើរឡើង។ ហ្នឹងគឺចំណុចមួយដែលល្អ។

ខ្ញុំក៏សូមអរគុណ និងឯកភាព ហើយសុំគាំទ្រទៅលើកម្មវិធីនេះ។ ខ្ញុំឃើញថាចង្កោម ២ និង៣ នេះ ចូលរួមច្រើន។ គាត់យល់ឃើញច្រើនណាស់។ តិចទៀតគាត់នឹងអាចជួយគាំទ្រសាលារៀន សំខាន់ជួយជំរុញកូនឲ្យរៀន  ជួយអប់​រំកូននៅតាមផ្ទះ។ អ្វីដែលសាលារៀនជួយ គឺការពារថែរក្សាដល់សាលារៀនយើងនេះ ជាសាលារៀនយើងទាំងអស់គ្នា សំខាន់យើងកុំភ្លេចពាក្យស្លោកមួយថា “អប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីអប់រំ”។ សូមប៉ុណ្ណឹង។ សូមបញ្ចប់ត្រឹមប៉ុណ្ណឹងសម្តេច ហើយឯកឧត្តមទាំងអស់ សូមគោរពជូនពរដល់សម្តេច សូមបួងសួងដល់វត្ថុសក្តិសិទ្ធថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាក្នុងលោកនេះ ជួយគាំទ្រ និងជួយតាមថែរក្សាដល់សម្តេច និងក្រុមគ្រួសារឲ្យបានសេចក្តីសុខរីកចម្រើន ដើម្បីជួយដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍ។ សូមជូនពរដល់ឯកឧត្តម និងលោកជំទាវទាំងអស់ សមប្រកបនឹងសេចក្តីសុខ សេចក្តីចម្រើន ហើយនឹងទទួលនូវពុទ្ធពរ ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមបញ្ចប់ សូមអរគុណ។

សម្តេចធិបតី៖ អរគុណលោកគ្រូចំពោះទស្សននៅក្នុងការរៀបចំនេះ ទី១ គឺឥរិយាបថ ហើយទី២ គឺយុទ្ធសាស្ត្រផ្ការីក បានន័យថាយើងមិនរំពឹងថាអនុវត្តកម្មវិធីដែលគ្រូបង្គោលនេះទាំង ៧០០០(សាលា) នេះទេ ព្រោះពេលវេលាយូរ។ ខ្ញុំសូមអំពាវនាវ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំនៅទីនេះ គំរូយើង ៤២ សាលា ខាងគ.វ.អ ក្រសួងអប់រំក៏មានសាលាជាង ១០០ ទៀតដែលបានអនុវត្តជាសាលាគំរូ ហើយក៏មានសាលាស្តង់ដារច្រើន គោលដៅគឺចេះ។ ចង់ធ្វើម៉េចឲ្យចែករំលែកបទពិសោធន៍គ្នាយកទៅពង្រាយ បានន័យថា ទោះបីជាសាលានៅកំពង់ស្ពឺតែ ៥ក៏ដោយ ដែលចូលនៅក្នុងការសាកល្បងនូវវិធីនេះ ប៉ុន្តែសង្ឃឹមថាឯកឧត្តមអភិបាល ប្រធានមន្ទីរអប់រំ ប្រធានការិយាល័យអប់រំ យករូបមន្តនេះទៅចែករំលែកជាមួយនាយកផ្សេងៗ ទៀត ដែលមិននៅក្នុងកម្មវិធី យកទៅអនុវត្ត។ ឧទាហរណ៍ថាការអនុវត្តនូវកម្មវិធីការកែសម្រួលឥរិយាបថ អត់ត្រូវការចំណាយអីទេ គ្រាន់តែលោកគ្រូរៀនសំពះគ្នាកុំឲ្យអៀនតែប៉ុណ្ណឹង។ អញ្ចឹងកុំចាំបាច់តែនៅសាលានេះដែលអនុវត្ត ហើយក៏កុំចាំមួយឆ្នាំ ពីរឆ្នាំក្រោយ ទម្រាំតែយើងទៅ យើងអនុវត្ត។

ទី២ កម្មវិធីថែមម៉ោងនេះ យើងអាចចែកបទពិសោធន៍ជាមួយគ្នា។ ពេលរៀនអីជាមួយគ្នា យើងអាចបន្ថែម ពេលដែលសាលាណាបន្ថែមហ្នឹង មើលលក្ខខណ្ឌអីស្រួលបួល យើងអាចបញ្ចូលនៅក្នុងកម្មវិធី ហើយមានកញ្ចប់សម្រាប់។ យើងទូទាត់ថវិកាជូនលោកគ្រូអ្នកគ្រូ។ ហ្នឹងយើងពង្រាយអញ្ចឹងលឿន។ មិនចាំបាច់ទាល់តែចូលក្នុងសាលា ហើយសាលានេះមិនមែនសាលាកម្មវិធីខ្ញុំទេ។ គេថាកម្មវិធីសម្តេច មិនមែនទេ។ កម្មវិធីរបស់គណៈកម្មការរួមទេ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ គាត់ជាអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី គាត់ជាប្រធានលេខាធិការដ្ឋាន ដឹកនាំ ជាកម្មវិធីរបស់រដ្ឋាភិបាល តាមរយៈក្រសួងអប់រំដូចគ្នា គ្រាន់តែមានគណៈកម្មការសាកល្បង។ អញ្ចឹងកុំឲ្យមានការចែករវាងសាលានេះ ហើយអ្វីដែលសាកល្បងអនុវត្តនៅទីនេះ គឺដើម្បីយកទៅចែករំលែកពេលជាមួយគ្នា។

ខ្ញុំសប្បាយចិត្តឃើញថាតាមរយៈលោកគ្រូ ឈាង ពេលដែលអនុវត្តនៅសាលាមួយចំនួន​ នៅតាមខេត្តមួយចំនួន ឃើញនាយកសាលាផ្សេងៗមួយចំនួនមកសុំសួរតែម្តង។ យើងចង់ធ្វើបែបហ្នឹង។ ទោះបីជាមួយឆ្នាំ យើងអាចថាចាប់ផ្តើមដំបូង ៤២ ប៉ុន្តែការអនុវត្ត ការកែសម្រួលនេះ មិនមែនត្រឹមតែ ៤២ ទេ។ ខ្ញុំសូមអំពាវនាវ លើកទឹកចិត្តឲ្យ​លោកគ្រូនាយក ក៏ដូចលោកគ្រូសាលាផ្សេងៗទៀត តាមការលើកទឹកចិត្ត ជំនួយរបស់ការិយាល័យអប់រំ ក៏ដូចមន្ទីរអប់រំ ដើម្បីយករូបមន្តទាំងអស់នេះទៅពង្រាយ ព្រោះកាន់តែបានច្រើន តិចច្រើន អនុវត្ត ទោះតិច ទោះច្រើនយ៉ាងណាក៏កូនសិស្សរបស់យើងគាត់បានចំណេញ។ អញ្ចឹងសង្ឃឹមថាយករូបមន្តបែបនេះ។ អ្វីដែលខ្ញុំចង់សួរបន្ថែមទៅលោកគ្រូជនបង្គោល ពេលដែលយើងអនុវត្តកម្មវិធីនេះទៅនៅក្នុងសាលាតើមានការប្រឈមអ្វីខ្លះ ដែលជាគន្លឹះដើម្បីទម្រាំតែយើងចូល ឬមួយក៏មិនមានបញ្ហាប្រឈមទេ? ទាក់ទងទៅនឹងលោកគ្រូ អ្នកគ្រូ គាត់អាចប្រឈមលើការកែពីម៉ោងចាស់មកម៉ោងថ្មី ពីអត់ទាន់ចេះសំពះមកចេះសំពះ ពីសិស្ស ឪពុកម្តាយ ដែលពីមុនគាត់អត់សូវទាន់ម៉ោង ឥឡូវគាត់នាំគ្នាមក(បានទាន់ម៉ោង)។ តើមានបញ្ហាប្រឈមម៉េចបានយើងអាចជំរុញមកដល់ពេលនេះបាន? ជាក់ស្តែងពេលដែលយើងអនុវត្ត​។ ​

លោកគ្រូ៖ សូមគោរពសម្ដេច ឯកឧត្តម លោកជំទាវ ទាំងអស់​ អ៊ំ ពូ មីង លោកគ្រូ​ អ្នកគ្រូ ចំពោះការងារនេះគឺបញ្ហាប្រឈម។ ធ្វើអីតែងតែមាន។ ក៏ប៉ុន្តែការប្រឈមរបស់យើងមានដំណោះស្រាយ។ សំខាន់គឺយើងធ្វើអីទៅគឺយើងមានគំនិត និងការគិតមានការច្នៃប្រឌិត ឱ្យសមស្របទៅតាមស្ថានភាពរបស់តំបន់ ទីកន្លែងនីមួយៗដែលបានសម្ដេចបានលើកឡើងថាអត់ដូចគ្នាទេ ពីទីក្រុង ឬមួយក្នុងជនបទខ្លះក៏អត់ដូចគ្នាដែរ។ អ្វីដែលយើងត្រូវដឹកនាំ យើងត្រូវមើល ត្រូវមានវិធានការគន្លឹះរបស់យើងដោះស្រាយដោយសន្តិវិធី មិនមែនយើងធ្វើទាំងតក់ក្រហល់ ក៏មិនមែនធ្វើដោយភាពក្រៀវក្រោធ ឬមួយធ្វើដោយភាពក្ដៅទេ អ្វីក៏ដោយគឺយើងសន្សឹមៗកុំបំបោលការងារ។យើងត្រូវមានវិធានការគន្លឹះ គឺយើងប្រើធម៌ សីល និងទាន ទាំង ៣ នេះឯងដែលយើងត្រូវដើរទន្ទឹមគ្នា ក្នុងធម៌នេះដែរគឺយើងមាន សេចក្តីមិនទៀង ធម៌ទាន និងអភ័យទាន។

សម្តេចធិបតី៖ ចងសួរលោកគ្រូ កម្មវិធីដែលយើងត្រៀមពីដើមទីមក សម្រាប់មុននឹងអនុវត្តគ្រប់គ្រាន់ហើយឬនៅ? មុននឹងអនុវត្ត យើងធ្វើជាមួយលោកគ្រូអ្នកគ្រូសិន អញ្ចឹងការរៀបចំផែនការមេរបស់យើងមកវាស្របទៅតាមអ្វីដែល នៅក្នុង ៥សាលាដាក់អនុវត្តទេ?

លោកគ្រូ៖ កាលពីដំបូងជ្រើសរើសហ្នឹង យើងត្រូវមកស្ទាបស្ទង់គាត់សិន។ បានន័យថា បើគេមិនពេញចិត្ត គេមិនស្ម័គ្រចិត្ត ក៏យើងមិនអាចជួយគេបាន។ អញ្ចឹងយើងធ្វើម៉េចគឺការចូលរួមទើបយើងបានជោគជ័យ។ ចំណុចសំខាន់ គឺចំណុចការចូលរួម។ អ្វីដែលគេមិនចូលរួម ដើរតែងតែមានភាពបរាជ័យ។ អញ្ចឹងគាត់ឯកភាព គាត់យល់ព្រមលើខ្លឹមសារនៃ គ.វ.អ នេះ ឲ្យគាត់បានធ្វើការសម្រេចចិត្ត និងប្តេជ្ញាចិត្តទាំងអស់គ្នា។ អញ្ចឹងគឺមានភាពទទួលខុសត្រូវ។ ក៏ប៉ុន្តែលោកនាយកគាត់មានការលំបាកខ្លះ ដោយទី១ អគារខ្វះខាត និងការបង្រៀន ២ពេលចំ​ពោះសាលាទំពាំងក្អែកនេះ អត់ខ្វះទេសម្តេច គឺគ្រប់គ្រាន់​ ប៉ុន្តែមានសាលារៀនខ្លះ ដូចជាដំណាក់ស្មាច់ ដូចជាព្រះស្រែ ដូចជាទេពប្រណម្យ មានការខ្វះអគារ និងទីចាត់កា រដោយសារការខ្វះនេះគឺសិស្សវាច្រើនផង ហើយអគារមួយចំនួនក៏ទ្រុឌទ្រោម។ អញ្ចឹងការងារហ្នឹងយើងត្រូវប្រើរូបមន្ត ២ បូក ២ ។ អញ្ចឹងរូបមន្ត ២ បូក ២ មានការលំបាកបន្តិចដោយសារសិស្សខ្លះម៉ោង ៩គាត់មក ចេញម៉ោង ១១។ សិស្សពេលព្រឹកចូលម៉ោង ៧ចេញម៉ោង ៩។ អញ្ចឹងក្នុងចន្លោះពេលនេះ ប្រឈមសិស្សខ្លះមានភាពរញ៉េរញ៉ៃ។

យើងដោះស្រាយឲ្យសិស្សនេះគឺមានសកម្ម​ភាពឲ្យក្មេងខ្លះទៅប្រជុំគ្នាធ្វើជាក្លឹបសិក្សា។ អញ្ចឹងមានបង់មានអីអង្គុយបង្កើតជាក្លឹបសិក្សា មានសកម្មភាពក្រុមសិក្សាកុមារជាអ្នកដឹកនាំ ជាអ្នកមើល ដល់ម៉ោងបាននាំគ្នាទៅរៀន។ មានកន្លែងខ្លះឲ្យគាត់ទៅលេងបាល់លេងអីទៅ។ ហ្នឹងគឺជាគំនិតការច្នៃ វាតែងតែមានប្រឈម។ ប៉ុន្តែអ្វីដែលពួកយើងត្រូវតែមានគំនិតនៃការដោះស្រាយសំខាន់គឺគំនិតធំ។ អញ្ចឹងពាក្យចាស់បុរាណបានប្រាប់ថា ក្រអ្វីក្រចុះកុំឲ្យក្រគំនិត។ អញ្ចឹងគំនិតជាមូលដ្ឋានគ្រឹះនៅក្នុងការផ្តល់ចំណេះដឹងឲ្យយើង នៅក្នុងការអនុវត្តឲ្យយើង អាហ្នឹងគឺខ្ញុំបានដោះស្រាយអញ្ចឹង ដូចលោកនាយកថាដូចទ្រង់ពិបាកអញ្ចេះពិបាកអញ្ចុះ។

យើងរកអនុសាសន៍ យើងរកវិធីណាជួយដល់គាត់។ យើងមិនអាចមកដល់ លោកនាយកឯងមិនកើត សំខាន់គឺសេចក្តីដោះស្រាយ និងការលើកទឹកចិត្តជាចំណុចសំខាន់។ អ្វីដែលយើងលើកទឹកចិត្តឲ្យបានគឺល្អ។ អញ្ចឹងចំណុចសំខាន់បំផុត គឺយើងនិយាយរួមគឺថា ធ្វើម៉េចទាញឲ្យកើតបេះដូង  អញ្ចឹងគ្រប់គ្នាកើតបេះដូងមក គឺយើងស្រួលដឹកនាំសម្តេច។ តែកាលណាគេអត់បេះដូង យើងពិបាកបន្តិច សូមជម្រាបជូននូវគន្លឹះជូនសម្តេច ប៉ុណ្ណឹងបាទ។

សម្តេចធិបតី៖ អរគុណលោកគ្រូចំពោះការចែករំលែក ហើយការច្នៃប្រឌិតព្រោះអាហ្នឹងត្រូវហើយ ប្រើឲ្យអស់លទ្ធភាពនូវអ្វីដែលយើងមាន ហើយច្នៃប្រឌិត សំខាន់ដាក់ផែនការត្រូវគិតយកលទ្ធផលជាគោល ហើយរកច្នៃប្រ​ឌិត។ បើយើងដាក់ទៅយកឧបសគ្គដាក់មុខហើយ ទៅអត់រួចទេ នេះគឺជាកិច្ចការសំខាន់ ហើយសូមផ្តាំអរគុណទៅគ្រប់សាលាទាំងអស់ មាន ៤ ទៀតដែលថ្ងៃនេះអត់ចូល។ អរគុណទៅដល់នាយក និងលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមនៅសាលាសាកល្បង ៤ ទៀត  ក៏ដូចជាលោកគ្រូ អ្នកគ្រូ នៅគ្រប់សាលាទាំងអស់​ បឋមសិក្សានៅខេត្តកំពង់ស្ពឺដែលយកចិត្តទុកដាក់តាមការខិតខំនេះរួមគ្នាដោយច្នៃប្រឌិត។ ឥឡូវខ្ញុំសួរលោកតា លោកយាយ ក៏បាន មើលមានឪពុកម្តាយទេនៅនេះ ខ្ញុំសុំសួរបន្តិចមើល ជូនមេក្រូទៅឪពុកបន្តិចមើល។ កូនថ្នាក់ទីប៉ុន្មាន?

អាណាព្យាបាល៖ ខ្ញុំបាទក៏សូមគោរពសម្តេចមហាបវរធិបតីនៃរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងគោរពឯកឧត្តមគ្រប់ជាន់ថ្នាក់ទាំងអស់ ព្រមទាំងគោរពលោកអ៊ំ លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យព្រមទាំងសិស្សានុសិស្សទាំងអស់។ ខ្ញុំបាទក៏សូមជំរាបទៅសម្តេច កូនខ្ញុំរៀននៅក្នុងសាលាបឋមសិក្សានេះគឺថ្នាក់ទី២​ ឈ្មោះ សម្បត្តិ ណារី។ ខ្ញុំសូមសរសើរដូចលោកគ្រូ អ្នកគ្រូ គាត់មានប្រសាសន៍អញ្ចឹងបន្ទាប់ពីសាលាបន្ថែមម៉ោងនៅពេលថ្ងៃនេះមានការអភិវឌ្ឍ មានការរីកចម្រើនព្រោះខ្ញុំតាមមើលទៅកូនចេះគោរព ចេះជម្រាបសួរទាំងទៅ និងមក ប៉ា ម៉ាក់ខ្ញុំមកពីរៀនវិញហើយ។ ខ្ញុំមកចូលក្នុងសាលា មានសិស្ស និងលោកគ្រូ អ្នកគ្រូ សងខាងក្លោងទ្វារហ្នឹងគាត់ចេះគោរព ជំរាបសួរទាំងកូនសិស្ស បងប្អូន អ្នកណាមកក៏ដោយ មិនមែនជំរាបសួរតែសិស្ស និងគ្រូគ្នាឯងទេ។ ខ្ញុំឃើញថានេះជាការល្អប្រពៃណាស់សម្រាប់ខ្មែរយើង។

ចាប់ពីរៀនមកខ្ញុំឃើញមកមានការរីកចម្រើន កូនខ្ញុំរៀនថ្នាក់ទី ២ ជាប់ចំណាត់ថ្នាក់លេខ ២ ហើយខ្ញុំឃើញភា​សា​ខ្មែរសៀវភៅថ្នាក់ទី៦ ច្រឡំឲ្យអាន អានកើតដែរ គ្រាន់បើ។ តាំងពីការអភិវឌ្ឍ បរិស្ថាននៅក្នុងសាលា ៣ ខែកន្លងមកមានការរីកចម្រើនតាំងពីបរិស្ថានអត់សូវមានសំរាមអីពាសពេញទេ។ ដូចលោកគ្រូមានប្រសាសន៍អញ្ចឹងកាលពីអត់ទាន់បន្ថែមនៅពេលថ្ងៃហ្នឹងគឺ សិស្ស និងលោកគ្រូ ដូចលោកគ្រូមានប្រសាសន៍អញ្ចឹង លោកគ្រូខ្លះក៏បានមកដល់ម៉ោង ៧ អ្នកខ្លះក៏ ៧ ជាង។ ឥឡូវខ្ញុំតាមសង្កេតមើលឃើញម៉ោង ៦ និង៣០ នាទី ទាំងសិស្ស និងលោកគ្រូមកដល់ ភាគតិចណាស់ដែលម៉ោង៧ សិស្សមកដល់ ដូចជា ៤ ទៅ ៥ នាក់ទេ តាមខ្ញុំសង្កេតមើលរាល់ដង។ ខ្ញុំបាទចង់បានសាលាដែលមានការអភិវឌ្ឍបែបហ្នឹងបន្តសូមភ្ជាប់ទៅមុខតែម្តង កុំឲ្យមានដាច់ទៅវិញ ព្រោះកូនបានចេះដឹង របៀបរៀបរយអីខុសពីមុន។ ខ្ញុំអរគុណណាស់ បើសិនជាអត់បានបង្រៀនថែមម៉ោង ក្មេងមានពេលដើរលេង … ជាបញ្ចប់ខ្ញុំសូមជូនពរដល់សម្តេចបវរធិបតីរាជរដ្ឋាភិបាល ព្រមទាំងឯកឧត្តម លោកជំទាវ…។

សម្តេចធិបតី៖ ខ្ញុំសួរសិន កាលពីមុននិងឥឡូវ មុននឹងថែម ២ម៉ោង ពេលល្ងាចកូនទំនេរហ្នឹងធ្វើអ្វី? ​

អាណាព្យាបាល៖ ពេលមិនទាន់ថែមម៉ោងជួនកាលដើរលេង លេងឈូសអីក៏មាន ជួនកាលទៅលេងឆ្កឹះកៅស៊ូអីក៏មាន ឥឡូវជាប់រៀន។

សម្តេចធិបតី៖ ឥឡូវឪពុកម្តាយសប្បាយចិត្តឃើញកូនរៀនជាជាងឈូសកៅស៊ូ។

អាណាព្យាបាល៖ ខ្ញុំអរមែន ក្នុងចំណោមមួយថ្នាក់ខ្ញុំសួរកូនខ្ញុំថា​ មួយថ្នាក់ហ្នឹងមាន ៥៥ ទៅ ៥៦ នាក់ កូនខ្ញុំជាប់លេខ២ ខ្ញុំអបអរសាទរ ហើយគេបានយករូបថតកូន ម៉ែ ឪ យកទៅបិតនៅផ្លាកនោះទៀត មានពីលេខ ១ ដល់លេខ ៥ ប្រចាំខែបិតផ្លាកនៅហ្នឹង។ សប្បាយរីករាយ។

សម្តេចធិបតី៖ ចុះឥឡូវឥរិយាបថគេដូចម្តេចខ្លះ ពីមុននិងឥឡូវ ចេះបត់ភួយបត់ខ្នើយ ឬយើងនៅបត់ឲ្យដដែល?

អាណាព្យាបាល៖ ដល់ពេលចេះទៅ ឃើញភ្ញាក់មកចេះបត់ភួយ មុង ដាក់នៅកន្លែងហ្នឹង ពីមុនអត់ទេ ងើបមកទៅតែម្តង ហើយជួនកាលជួយលាងចានទៀត។ គេថាគ្រូខ្ញុំបង្ហាត់។ បាយហើយលាងចាន ជួនកាលមិនបានលាងចានមិនអស់ លាងតែខ្លួនមួយ ប៉ុន្តែពីមុនទុកចោល។ យើងហ្នឹងប្រមូលបណ្តោយ។ ឥឡូវវិវឌ្ឍមួយជំហាន អញ្ចឹងខ្ញុំនឹកឃើញថាគ្រាន់បើជាងមុន។

សម្តេចធិបតី៖ គេធ្វើដោយស្ម័គ្រចិត្តមិនមែនឪពុកម្តាយទៅណែនាំដាស់តឿនទេ?

អាណាព្យាបាល៖ អត់ទេ ខ្ញុំអទ់មានបានប្រាប់ឲ្យវាធ្វើផង។

សម្តេចធិបតី៖ ហើយចុះទៅផ្ទះជំរាបសួរពុក ម៉ែ?

អាណាព្យាបាល៖ ចេះជំរាបសួរ។ ពីមុនអត់ទេ គ្រាន់តែកាតាបមកដល់ផ្ទះបោះហើយ។ ឥឡូវឃើញយើងជំរាបសួរប៉ាម៉ាក់ បែបលែងអៀនដូចអ្នកគ្រូថា ទំនងយូរៗទៅ។ អញ្ចឹងខ្ញុំឃើញថាទម្លាប់នេះគឺល្អណាស់ គឺខ្ញុំចង់បានរបៀបហ្នឹង ទឹកចិត្តខ្ញុំជាឪពុកម្តាយនៃសិស្ស។ ជាបញ្ចប់ខ្ញុំក៏សូមគោរពជូនពរដល់សម្តេចបវរធិបតីនៃរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងលោកឯកឧត្តម គ្រប់ជាន់ថ្នាក់ព្រមទាំងអាជ្ញាធរដែនដីសូមឲ្យលោកមានសុខភាពល្អ និងបន្តថែកូនចៅ ប្រជារាស្រ្តជារហូតតរៀងទៅ។

សម្តេចធិបតី៖ អាចារ្យឬ? ឃើញជូនពរចុងក្រោយហ្នឹងខ្ញុំស្មានតែអាចារ្យ។ អូ! ធ្លាប់បួសអញ្ចឹងបានអញ្ចឹង។ មើលសុំលោកយាយឬក៏បងប្អូនណាជាឪពុកម្តាយ សុំអាចបន្ថែមបន្តិចមើលជួយបញ្ចេញមតិបន្តិចមើល ចាប់អារម្មណ៍យ៉ាងម៉េច? កម្មវិធីនេះគាំទ្រ ឬមួយក៏តឹងណាស់ ឬមួយយ៉ាងម៉េច? មើលលោកយាយយ៉ាងម៉េចទៅចៅប្លែកឬយ៉ាងម៉េច? និយាយធម្មតា មិនបាច់រៀបទេ។ សុំមេក្រូ។ និយាយអ្វីក៏បានដូចនិយាយជាមួយកូនឬចៅ។

លោកយាយ៖  ជម្រាបសួរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ភ្ញៀវកិត្តិយស ខ្ញុំត្រេកអរណាស់បានសម្តេចជួយក្នុងសាលានេះឲ្យកូនចៅរៀនឲ្យបានអធិកអធម ជួយកែលម្អ កែសម្រួលដល់លោកគ្រូ អ្នកគ្រូ និងលោកតា លោកយាយជាមាតា បិតា សិស្សនេះជំរុញឲ្យសិស្សមករៀន កូនចៅមករៀន គ្រប់ៗពេលវេលាអត់មានរុញរាទេ។ ខ្ញុំត្រេកអរខ្លាំង។

សម្តេចធិបតី៖ អ៊ំ មានចៅ ឬមានកូនរៀន? រៀនថ្នាក់ទីប៉ុន្មាន? អាយុប៉ុន្មាន? ម៉េចទៅប្រែប្រួលយ៉ាងម៉េចចៅ?

លោកយាយ៖ ចៅ រៀនថ្នាក់ទី៤ អាយុ ១០ឆ្នាំ ចៅប្រែប្រួលរៀនចេះដឹងច្រើន។ គាត់ទៅដល់ផ្ទះចេះជំរាបសួរយាយ ជំរាបសួរឪពុក ម្តាយ ពីមុនអត់ទេ។ ដល់ពេលឥឡូវគាត់មករៀនគាត់ថា ម៉ាក់កូនជំរាបលាទៅរៀនហើយ ហៅយាយហ្នឹងហៅតែម៉ាក់ទេ។

សម្តេចធិបតី៖ ម៉ាក់មានអារម្មណ៍យ៉ាងម៉េចពេលដែលកូនជំរាបសួរ ជំរាបលាអញ្ចឹង?

លោកយាយ៖ សប្បាយចិត្តខ្លាំងដែលបានលោកគ្រូ អ្នកគ្រូ គាត់បង្រៀនបានល្អ។

សម្តេចធិបតី៖ ចុះគេងើបឡើង បត់ភួយ បត់អីទេ ឬមួយយាយនៅបត់ឲ្យ?

លោកយាយ៖ ងើបឡើងចេះទុក ចេះដាក់ ភួយ មុង កូនងើបពីគេងហ្នឹង ទៅសាលាឲ្យស្លៀកពាក់ ប៉ុន្តែតឿនបន្តិច ថាឲ្យញាប់បន្តិចដល់ម៉ោងហើយ ពីមុនក៏តឿនគាត់ដែរ។

សម្តេចធិបតី៖ ប៉ុន្តែបត់ភួយ បត់អីគេបត់ទេពីមុន?

លោកយាយ៖ អត់ទេ យាយបត់ឲ្យ។ ឥឡូវគាត់ភ្ញាក់មកចេះទុក ចេះដាក់រៀបចំកាតាបអីស្រួលបួល អត់ដូចពីមុនទេ។ សៀវភៅអីហ្នឹង។ គាត់មានតុគាត់ គាត់ដាក់ គាត់រៀបចំ មួយអាទិត្យយាយឡើងទៅមើលម្តង ថាឲ្យរៀបចំទុកដាក់ឲ្យស្រួលបួល សាលារៀនប្រាប់យ៉ាងម៉េច គ្រូប្រាប់យ៉ាងម៉េចកូន។

សម្តេចធិបតី៖ ចុះកាលពីមុន មុនបន្ថែមម៉ោងហ្នឹងគាត់ធ្វើអ្វីម៉ោងទំនេរ?

លោកយាយ៖ គាត់រត់លេងតែម្តង អត់កាន់សៀវភៅទេ យាយហ្នឹងចេះតឿន រាល់ថ្ងៃហ្នឹងក៏តឿនចៅឲ្យរៀនដែរ …។

សម្តេចធិបតី៖ ប៉ុន្តែឥឡូវថែម ២ ម៉ោងរៀននៅនេះ។

លោកយាយ៖ ជួនកាលគាត់ទៅរៀនអង់គ្លេសដែរ ថែមម៉ោងអង់គ្លេស គាត់មិនសូវបានទំនេរទេឥឡូវ។

សម្តេចធិបតី៖ សប្បាយចិត្តទេ? រវល់រឿងរៀនច្រើនជាជាងដើរលេង។

លោកយាយ៖ ឃើញចៅរៀនអញ្ចឹងសប្បាយចិត្ត។ ឥឡូវគាត់មិនសូវមានពេលលេងទេ។ ជួនកាលម៉ោង ៥ គាត់ទៅរៀនអង់គ្លេសបាត់។ ចា៎អរគុណ ។ មិនសូវចេះនិយាយទេ។

សម្តេចធិបតី៖ អរគុណអ៊ំ មិនសូវចេះនិយាយបានប៉ុណ្ណឹងហើយ។ បងស្រីណា ប្អូនស្រីណាមានទៀតទេ? ឪពុក ម្តាយ សុំម្នាក់ ២ នាក់ទៀតមកចង់ស្តាប់ឮការចាប់អារម្មណ៍បន្តិច ព្រោះឥឡូវពីលោកគ្រូ អ្នកគ្រូ អ្នកបណ្តុះហើយ ពីលោកគ្រូបង្គោលចង់បានពីឪពុកម្តាយមើល។ លោកតាអាចមានប្រសាសន៍បន្តិចទេ?

លោកតា៖ ជាបឋមគឺសូមគោរពសម្តេចបវរធិបតីដែលជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពដល់ខាងបងៗឯកឧត្តមដែលជារដ្ឋមន្រ្តីខាងក្រសួងអប់រំ និងសូមគោរពដល់អភិបាលខេត្ត អភិបាលក្រុងឧត្តុង្គម៉ែជ័យខេត្តកំពង់ស្ពឺយើងតែម្តង ជាពិសេសសូមគោរពបងៗមេភូមិ និងប្រជាពលរដ្ឋយើងដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ដែលបានអបអរសាទរដែលសម្តេចអញ្ជើញមកក្នុងស្រុក ក្នុងភូមិយើងជាកិត្តិយស មកហ្នឹងចងជួបសម្តេចតែម្តង ប៉ងយូរហើយ ឥឡូវបានសុំមានយោបល់បន្តិច។ ឥឡូវសូមសម្តេចសួរចុះ។

សម្តេចធិបតី៖ សុំចំណាប់អារម្មណ៍បន្តិចមើល កូន ឬចៅ?

លោកតា៖ កូនក៏រៀន ចៅក៏រៀន។

សម្តេចធិបតី៖ ខ្ញុំឃើញក្មេងហើយសង្ហាទៀត។ ចៅប៉ុន្មានហើយ?

លោកតា៖ មេក្រោយនេះចៅ ៧ ។ ចៅមុនៗទៀតជាង ១០ ជិត ២០ដែរ គ្រាន់តែមេ ៤ កូន ១១ នាក់។

សម្តេចធិបតី៖ អញ្ចឹងបាននៅសង្ហានៅឡើយ។ អាយុប៉ុន្មានហើយអ៊ំ?

លោកតា៖ ៦០ ជាងហើយ កើតឆ្នាំ ១៩៦០ ។

សម្តេចធិបតី៖ ៦៤ ហើយ។ ឥឡូវកូនតូចបំផុតអាយុប៉ុន្មាន? មានចៅណាអាយុច្រើនជាងកូនអត់?

លោកតា៖ កូនពៅអាយុ ១៤ ឆ្នាំ ចៅមានអាយុច្រើនជាងកូន ចៅខាងប្រពន្ធមុន។

សម្តេចធិបតី៖ កូនបងគេបំផុតអាយុប៉ុន្មាន? ហើយចៅធំជាងគេអាយុប៉ុន្មាន?

លោកតា៖ កូនធំជាងគេអាយុ ៤០ជាងហើយនៅវាលវែងឥឡូវ។ ចៅកម្លោះអស់ហើយ ១៧, ១៨ ឆ្នាំហើយ។

សម្តេចធិបតី៖ កូនពៅអាយុ ១៤?

លោកតា៖ ឥឡូវនៅគ្រប់គ្រងមេក្រោយនេះកូន ៦ ។

សម្តេចធិបតី៖ ហើយពៅគេអាយុប៉ុន្មាន?

លោកតា៖ កូនពៅអាយុ ១៤ ឆ្នាំ ថ្នាក់ទី ៦។

សម្តេចធិបតី៖ អញ្ចឹងទៅជាពូចាស់ជាងក្មួយ។ ឥឡូវសុំចំណាប់អារម្មណ៍។

លោកតា៖ ចាប់អារម្មណ៍កន្លែងប្រសាសន៍អម្បាញ់មិញ ដូចពាក្យប្អូន សម្បត្តិ បាននិយាយហើយ អង្កាលពីសម្តេចមិនទាន់បង្កើតជាគោលការណ៍លេងឈូស ទៅវិញវាយគ្នា ទាត់បាល់វាយតែគ្នា។ ប៉ុន្មាន ២ ៣ ខែនេះប្រែប្រួលដែលបានលោកគ្រូ អ្នកគ្រូអប់រំទៅចេះ។ ហ្នឹងនិយាយអំពីចៅអាយុ ៦ឆ្នាំ និង៨ ឆ្នាំ គឺចេះជំរាបសួរតា ទៅវិញអីត្រឹមត្រូវ។ តែដោយឡែកអញ្ចេះសម្តេច ចង់និយាយប្រាប់ផ្ទាល់ៗតែម្តង ដែលកូនពៅសព្វថ្ងៃរៀនថ្នាក់ទី ៨ នៅវិទ្យាល័យវាលខ្ពង់នេះ ខ្ញុំចម្លែកកូនពៅតែម្តង ឪពុកខំអប់រំ ប្រហែលចៅវាចេះស្តាប់ ដល់ពេលកូនស្រីពៅខ្ញុំមិនដែលមកជំរាបសួរឪពុកទេ ចម្លែកអញ្ចឹង។ កាលពីវានៅរៀន អាយុ ៦ ទៅ ៧ ឆ្នាំសាលាអង់គ្លេសនៅឧត្តុង្គមកដល់ផ្ទះ វាសួរថាប៉ាចេះអង់គ្លេសទេ? ឆ្កែគេហៅអី?​ ប៉ាមិនដែលរៀនទេ។ អញ្ចឹងឆ្កែគេហៅ អីឆ្មាគេហៅអី ដល់ពេលយើងអត់ចេះ វាថាភ្លើចាស់ហើយ។ វាទៅជាអញ្ចេះវិញ។ ឲ្យវារៀនចេះដឹងវាថាឪពុកអញ្ចឹង។ យើងអត់ដែលរៀន ដល់កូនដៀលអញ្ចឹងទៀត ឆ្ងល់វារាល់ថ្ងៃវាទៅរៀនថ្នាក់ទី ៨ជិតប្រឡងទៀត តែបើអ្នកគ្រូ មិត្តថារៀនពូកែដែរ តែមកមិនចេះជំរាបសួរ។

កន្លែងសម្តេចនិយាយមិញខ្ញុំចាប់អារម្មណ៍ថា សួរប្អូនសម្បត្តិ សួរបងស្រីអម្បាញ់មិញចេះបត់កន្ទេលបត់មុង។ រឿងខ្ញុំវិញ បើនិយាយអំពីកន្លែងហ្នឹងតាំងពីប្រពន្ធកូន ងើបឡើងបោសកន្ទេលមុង វាអត់ចេះធ្វើ ឲ្យឯងបំរើវាទាំងអស់។ ឆ្ងល់ដែរនេះ។ គេកំពុងតែអភិវឌ្ឍតាំងពីព្រែកជីកហ្វូណនតេជោ តំបន់ត្រីកោណ ចម្លែកប្រពន្ធកូនខ្ញុំអត់រីកចម្រើន វាឲ្យឯងបំរើរហូត។ កន្ទេល មុង ដាំបាយ បោសផ្ទះ ចានឆ្នាំង និយាយឲ្យអស់តែម្តង ឲ្យប្រជាពលរដ្ឋយើងដឹងតែម្តង ធ្លាប់ធ្វើទ័ពអប់រំទ័ពបាន មកអប់រំប្រពន្ធកូនអត់ចេះ។ គេប្រើឯងវិញរាល់ថ្ងៃ។

សង្ខេបៗ ប៉ុន្តែថាអត់សូវចេះទេ តែគ្រាន់ថាខ្ញុំធ្លាប់លេងអកកេសសិល្បៈ ល្ខោនបាសាក់អីទេ ប៉ុន្តែដល់ខាងអប់រំកូន ធ្លាប់តែធ្វើទ័ព អប់រំគេ គេមិនស្តាប់ ធ្លាប់ធ្វើទ័ពកាន់ទ័ពមនុស្សរាប់រយចេះគោរព ចេះស្តាប់ដល់មកអប់រំប្រពន្ធកូនគេអត់ស្តាប់។ រាល់ថ្ងៃឆ្ងល់ មិនដឹងគិតយ៉ាងម៉េច។ ឥឡូវហ្នឹងបានជួបសម្តេចហើយ សម្តេចចង់សួរក៏សួរមក។ តែបើអត់សួរ រៀនប៉ុន្មានថ្ងៃហើយ គ្រាន់តែឃើញក្មេងៗ អ្នកគ្រូ លោកគ្រូចែកសៀវភៅ មានក្រដាសព្រែកជីកហ្វូណនសម្តេចតេជោ គេឲ្យដាក់ចំ​ណងជើងថាលំនាំបទផែនដីខ្មែរ តែបើខ្ញុំធ្លាប់លេងអកកេស ច្នៃឲ្យជាបទឆាឆាឆាតែម្តងសម្តេច។ បើសម្តេចចង់ស្តាប់ បងប្អូនយើងចង់ស្តាប់ច្រៀងតែម្តង ចង់ច្រៀងមួយបទ មានអាវសម្តេចពាក់ទៀត។

សម្តេចធិបតី៖ សូមដាក់មួយបទមក។

លោកតា៖ ច្រៀងបទព្រែកជីកហ្វូណនតេជោ លំនាំបទ ឆាឆាឆា …។

សម្តេចធិបតី៖ ខ្លាំងផង តែដៃដូចញ័របន្តិច។

លោកតា៖ ស្ពឹកមួយឆ្នាំជាងហើយ មើលថ្នាំមើលអីអត់ជា គ្រូខ្មែរផង​គ្រូពេទ្យផង ដើររែកអាច់មាន់ទៅស្រែដួលកណ្តាលស្រែ …។

សម្ដេចធិបតី៖ មេគ្រួសារ ធ្វើមេទ័ព ប៉ុន្តែកូនខ្លួនឯងមិនស្ដាប់។ ឥឡូវបើគិតពីមត្តេយ្យដល់មធ្យម យើងមាន ១ម៉ឺនសាលាជាង។ អញ្ចឹងបានយើងមិនអាចចាប់ផ្ដើមម្ដងទាំងអស់បាន ចាប់ផ្ដើមមុនគេគឺបឋមនេះឯង។ ចង់ចាក់គ្រឹះ។ ពេលដែលគាត់ធ្លាប់ពីថ្នាក់បឋមទៅនេះ កាលពីនៅតូចៗគាត់សំពះអី ដល់ថ្ងៃក្រោយដល់ថ្នាក់ធំ លែងមានបញ្ហាទៀតហើយ។ ចាំឲ្យចៅហ្នឹងទៅប្រាប់កូនពៅហ្នឹងទៅ កូនឯងមើលក្មួយ(ចេះបត់ខោអាវ)។ មិនស្រួលឲ្យក្មួយបត់ឲ្យទៀតណា។ បន្តិចទៀត យកទៅបង្រៀននៅក្នុងផ្ទះជាគំរូ។ មើលសុំនរណាម្នាក់ទៀត ឪពុកម្ដាយសិស្ស? អត់មានទេ? ឥឡូវសុំសួរក្មួយៗ វិញ អ្នកណាក្លាហាន? … ប្រាប់អ៊ំបន្តិចទៅមើលកម្មវិធីថ្មីហ្នឹងយ៉ាងម៉េច? … ថែមម៉ោង និងរៀនបំនិនអីហ្នឹងយ៉ាងម៉េច?

កុមារី៖ មានអារម្មណ៍ថា សប្បាយចិត្ត។

សម្ដេចធិបតី៖ ក្មួយពេញចិត្ត ហើយពីមុនហើយនិងឥឡូវ តើយើងប្រែប្រួលអីខ្លះ?

កុមារី៖ ពីមុន អត់ចេះសំពះ ឥឡូវចេះសំពះលោក/អ្នកគ្រូ។

សម្ដេចធិបតី៖ ទៅដល់ផ្ទះ យើងសំពះឪពុកម្ដាយ។ ហេតុអីបានជាយើងសំពះ ខ្លាចលោកគ្រូតាមមើលឬយ៉ាងម៉េច? កាលមុនសំពះឬអត់?

កុមារី៖ សំពះ។

សម្ដេចធិបតី៖ សំពះដែរ អញ្ចឹងយើងធ្លាប់ហើយ។ ចុះបត់ខោអាវ? បត់ភួយ ពីមុនបត់ឬអត់?

កុមារី៖ បត់។

សម្ដេចធិបតី៖ អញ្ចឹងវិន័យតាំងពីដើមមកហើយ។ ហើយអត់អៀនអីទេ?

កុមារី៖ អត់ទេ។

សម្ដេចធិបតី៖ ចុះរៀនថែម២ម៉ោងល្ងាចយ៉ាងម៉េច?

កុមារី៖​ សប្បាយចិត្ត និងបានបន្ថែមចំណេះដឹងថែមទៀត។

សម្ដេចធិបតី៖ ចុះពីមុន ល្ងាចទំនេរ ក្មួយធ្វើអី?

កុមារី៖ គេង។

សម្ដេចធិបតី៖ គេងរាល់ថ្ងៃ? ម៉ោងប៉ុន្មានដល់ប៉ុន្មាន?

កុមារី៖ បាយថ្ងៃ ដល់ម៉ោង២។

សម្ដេចធិបតី៖ ចេញពីរៀនទៅ បាយថ្ងៃត្រង់ ហើយគេងដល់ម៉ោង២ ចុះក្រោយម៉ោង២ ធ្វើអី?

កុមារី៖ ទៅរៀនអង់គ្លេស។

សម្ដេចធិបតី៖ ឥឡូវថែមម៉ោងពីម៉ោង ១ដល់ម៉ោង៣ ក្រោយម៉ោង ៣រៀនអង់គ្លេសឬ? រៀនដល់ម៉ោងប៉ុន្មាន?

កុមារី៖ ចាស! ម៉ោង៤ដល់ម៉ោង៥។

សម្ដេចធិបតី៖ អញ្ចឹងរៀនម៉ោង ១ដល់ម៉ោង ៣ សម្រាក ១ម៉ោង ទើបទៅរៀនអង់គ្លេសម៉ោង ៤ដល់ម៉ោង ៥។ អត់ច្រើនពេកទេ? ហើយថែម ២ម៉ោងហ្នឹងជួយអីខ្លះ? ហើយរៀនអីខ្លះ ២ម៉ោងហ្នឹង?

កុមារី៖ ២ម៉ោងហ្នឹង រៀនភាសាខ្មែរ និងគណិតវិទ្យា។

សម្ដេចធិបតី៖ រំលឹកពីព្រឹកឡើងវិញ? ហ្នឹងបានជួយឬទេ? ថែមម៉ោងអញ្ចឹងល្អទេ?

កុមារី៖ ជួយ។ ថែមអញ្ចឹងល្អ។

សម្ដេចធិបតី៖ ជួយរំលឹកបន្ថែមជាជាងគេង។ រវាងគេងមួយម៉ោង និងថែម២ម៉ោង យកមួយណា?

កុមារី៖ យករៀនថែម២ម៉ោង។

សម្ដេចធិបតី៖ ឥឡូវក្នុងថ្នាក់រៀនហ្នឹង តើប្រុសៗ ខិលឬទេ?

កុមារី៖ ខិល។

សម្ដេចធិបតី៖ អ្នកណាខិលជាងគេ ចង្អុលទៅមើល។

កុមារី៖ នោះ។

សម្ដេចធិបតី៖ ងើបឈរៗ កាន់មេក្រូ។ មួយណា? អ៊ំសួរបន្តិច។ អ្នកខិលជាងគេបានរង្វាន់ហើយ ឆ្លងឆ្លើយជា​មួយអ៊ំបន្តិច។ ខិលជាងគេ ដល់កាន់មេក្រូអៀនយ៉ាងម៉េច។ ចេញមក អ៊ំសួរបន្តិច មកខាងមុខនេះ … ដល់អញ្ចឹងអៀន។ ក្មួយស្រី តើក្មួយប្រុសឈ្មោះអី?

កុមារី៖ សីហា។

សម្ដេចធិបតី៖ … រាល់ដងក្លាហានទេ សីហា?

កុមារី៖ ក្លាហាន។

សម្ដេចធិបតី៖ ទាល់តែក្លាហាន បានខិលបាន។ មកនេះមើល កម្លោះក្លាហាន អ៊ំសួរបន្តិច។ អាយុប៉ុន្មានហើយសីហា? រៀនថ្នាក់ទីប៉ុន្មាន? រៀនបានលេខប៉ុន្មាន?

កុមារា សីហា៖ ១២ឆ្នាំ រៀនថ្នាក់ទី៦ អត់ចាំលេខ។

សម្ដេចធិបតី៖ អត់ចាំលេខប៉ុន្មាន? ថ្ពាល់ខួចទៀតណា កម្លោះថ្ពាល់ខួច។ គ្នាប៉ុន្មាននាក់ក្នុងថ្នាក់?

កុមារា សីហា៖ ៣៣នាក់។

សម្ដេចធិបតី៖ ឥឡូវអ៊ំសួរ កាលមុនអត់រៀនថែម ២ម៉ោងពេលល្ងាច យើងធ្វើអី?

កុមារា សីហា៖ លេងឡានជ័រ។

សម្ដេចធិបតី៖ … ហើយឥឡូវអត់បានលេងទេ ហើយម៉េចទៅ ចង់រៀន ឬចង់យកពេលលេងឡានជាង?

កុមារា សីហា៖ ចង់រៀន។

សម្ដេចធិបតី៖ មកល្ងាចហ្នឹងទាន់ពេលទេ? មកខ្លួនឯង ឬម៉ែជូនមក?

កុមារា សីហា៖ មកខ្លួនឯង។

សម្ដេចធិបតី៖ ដោយសារអី? ហើយនៅលេងឡានឬអត់?

កុមារា សីហា៖ ចង់ចេះ ហើយឡាននៅតែលេង។

សម្ដេចធិបតី៖ ក្រោយម៉ោងរៀន? ចេញពីរៀនបានទៅលេង កាត់បន្ថយម៉ោងលេងឡាន។ ចុះអត់រៀនអង់គ្លេសនឹងគេទេ?

កុមារា សីហា៖ រៀន។

សម្ដេចធិបតី៖ រៀនអង់គ្លេស ភាសាខ្មែរ គណិតហើយលេងឡានទៀត។ មិនហាមឲ្យលេងទេ តែកុំចំណាយពេលលេងក្រៅម៉ោងរៀន ឥឡូវថែមម៉ោងរៀនហើយយើងលេងចុះ។ ម៉ែឲ្យលេងដល់ម៉ោងប៉ុន្មាន?

កុមារា សីហា៖ តាមចិត្ត។

សម្ដេចធិបតី៖ ប៉ុន្មានខែហ្នឹង តើចំណាត់ថ្នាក់កើនឬអត់? កើនឬថយ?

កុមារា សីហា៖​ ថយ។

សម្ដេចធិបតី៖ ពីប៉ុន្មានទៅប៉ុន្មាន? កើនពី៣១ ទៅ៣២ មិនល្អទេ។ តែបើថយពី៣១ មក៣០ អាហ្នឹងល្អ។ តែមិនចាំ ដឹងតែថារៀនបានគ្រាន់បើជាងមុន។ អ្នកណាដែលខិលបន្ទាប់ពីយើង? កាន់មេក្រូ។ ឈ្មោះអី?

កុមារា រតនៈ៖ ឈ្មោះ រតនៈ។

សម្ដេចធិបតី៖ រៀនថ្នាក់ទីប៉ុន្មាន? ផ្ទះឆ្ងាយឬទេ? ប៉ុន្មាននាទីពីនេះទៅ? ដើរឬ?

កុមារា រតនៈ៖ ៦ក។ ២នាទីពីនេះ។ ជិះកង់។

សម្ដេចធិបតី៖ អ៊ំសួរថា កាលពីមុនថែម២ម៉ោង យើងធ្វើអីនៅផ្ទះ?

កុមារា រតនៈ៖ មើលទូរស័ព្ទ ជួសជុលកង់។

សម្ដេចធិបតី៖ កង់ខូចរាល់ថ្ងៃ?

កុមារា រតនៈ៖ អត់ទេ កែច្នៃ។

សម្ដេចធិបតី៖ អ៊ំធ្លាប់តែឮម៉ូតូកែច្នៃ ចុះកង់កែច្នៃយ៉ាងម៉េច?

កុមារា រតនៈ៖ ដោះខ្ចៅ ហើយដាក់ចូលវិញ។

សម្ដេចធិបតី៖ … ហើយអត់រៀនអីទេ សុខចិត្តយកម៉ោងហ្នឹងទៅដោះខ្ចៅកង់ មើលទូរស័ព្ទ?

កុមារា​ រតនៈ៖ បាទ!

សម្ដេចធិបតី៖ មកថែមម៉ោងគ្រូឲ្យធ្វើអី? រៀនអីខ្លះ?

កុមារា រតនៈ៖ រៀនគណិតវិទ្យា ភាសាខ្មែរ និងអង់គ្លេស។

សម្ដេចធិបតី៖ … ហើយមេរៀនភាសាខ្មែរអីហ្នឹង រំព្ញកពីព្រឹក? ហើយជួយយើងបន្ថែមទេ?

កុមារា រតនៈ៖ បាទ!

សម្ដេចធិបតី៖ ពីមុនរៀនព្រឹក ២ម៉ោង អត់សូវឆ្អិន ល្ងាចថែមម៉ោងទៅល្អ។ រៀនបានលេខប៉ុន្មាន? ១ខ្ទង់ ឬ២ខ្ទង់? សិស្សក្នុងថ្នាក់ប៉ុន្មាននាក់? ខ្ទង់ទី១ លេខប៉ុន្មាន?

កុមារា រតនៈ៖ ៣៣នាក់ លេខពីរខ្ទង់ ហើយខ្ទង់ទី១គឺលេខ២។

សម្ដេចធិបតី៖ ប៉ុន្មានខែនេះ លេខហ្នឹងថយឬកើន?

កុមារារតនៈ៖ កើន។

សម្ដេចធិបតី៖ តែមានអ្នកថយ មានអ្នកកើនហើយ។ ទៅជាអ្នកខិលជាងថយទៅវិញ។ ខែហ្នឹងកើន ខែក្រោយខំទាញចុះមកក្រោយវិញ តស៊ូ។ ឥឡូវចង់រៀនអីទៀត ក្រៅពីរៀនគណិតនិងខ្មែរ ខាងបំនិន គ្រូឲ្យរៀនអីខ្លះ? រៀនបត់ខោអាវ កីឡាអីឬអត់?

កុមារា រតនៈ៖ រៀនលាងចាន និងបត់ភួយ។

សម្ដេចធិបតី៖ ទៅផ្ទះមានធ្វើអត់? ពីមុនធ្វើអត់?

កុមារា រតនៈ៖ ធ្វើ។ ពីមុនលាងតែរបស់ខ្ញុំមួយ។

សម្ដេចធិបតី៖ ចាប់ផ្ដើមពីលាងតែរបស់ខ្លួនឯងក៏បានដែរ កុំទុកឲ្យពុកម៉ែលាង។ ឥឡូវលាងខ្លួនឯងដែរ? ហើយទៅដល់ផ្ទះសំពះពុកម៉ែអត់?

កុមារា រតនៈ៖ សំពះ។

សម្ដេចធិបតី៖ ចុះពីមុន?

កុមារា រតនៈ៖ អត់ផង។

សម្ដេចធិបតី៖ ព្រឹកឡើងងើបហើយមានបត់ភួយឬអត់?

កុមារា រតនៈ៖ បត់។

សម្ដេចធិបតី៖ ចុះពីមុនបត់ឬអត់?

កុមារា រតនៈ៖ បត់។

សម្ដេចធិបតី៖ បត់ពីមុន និងឥឡូវមួយណាស្អាតជាង?

កុមារា រតនៈ៖ ស្អាតជាងមុន។

សម្ដេចធិបតី៖ ត្រូវស្តង់ដា។ ហើយចុះពុកម៉ែគាត់សប្បាយចិត្តឬអត់ឥឡូវ?

កុមារា រតនៈ៖ បាទ!

សម្ដេចធិបតី៖ ចុះពីមុន គាត់កាចឬអត់?

កុមារា រតនៈ៖ បាទ!

សម្ដេចធិបតី៖ ដោយសារយើងលេងច្រើនពេក។ ចុះឥឡូវកាចទៀតអត់?

កុមារា រតនៈ៖ បាទ!

សម្ដេចធិបតី៖ ដោយសារយើងល្អ ហើយគាត់សប្បាយចិត្តឬទេ?

កុមារា រតនៈ៖ សប្បាយចិត្ត។

សម្ដេចធិបតី៖ … ពេលគាត់សំពះ គាត់ញញឹមឬអត់?

កុមារា រតនៈ៖ ញញឹម។

សម្ដេចធិបតី៖ … ហើយពេលពុកម៉ែញញឹមដាក់ យើងសប្បាយចិត្តអត់?

កុមារា រតនៈ៖ សប្បាយចិត្ត។

សម្ដេចធិបតី៖ ធ្វើអញ្ចឹងរហូតបានឬអត់?

កុមារា រតនៈ៖ បាន។

សម្ដេចធិបតី៖ ប្ដេជ្ញាចិត្តណា។ ហើយធ្វើហ្នឹង លោក/អ្នកគ្រូគាត់មានតាមសួរពុកម៉ែថាយើងសំពះឬទេ?

កុមារា រតនៈ៖ តាម។

សម្ដេចធិបតី៖ ធ្វើហ្នឹងខ្លាចលោក/អ្នកគ្រូ ឬបើលោក/អ្នកគ្រូលែងតាម ក៏យើងនៅសំពះដែរ? ធ្វើបានឬអត់?

កុមារា រតនៈ៖ បាន។

សម្ដេចធិបតី៖ បានរហូតណា អបអរសាទរ។ លាងចានខ្លួនឯង ជាការចាប់ផ្ដើម។ ថ្ងៃក្រោយបើសិនពុកម៉ែរវល់ ចេះហើយលាងឲ្យពួកគាត់ទៀត អូខេ? យើងធំហើយ។ ទី២ ខោអាវ កាតាបអី យើងរៀប ឥឡូវសណ្ដាប់ធ្នាប់ល្អរហូតណាក្មួយ។ ហើយរៀនល្ងាចហ្នឹង ចូលទៅ។ ក្រៅពីរៀន យើងលេងអី?

កុមារា រតនៈ៖ លេងច្រើន ចាំអត់អស់។ គូររូប លេងកុំព្យូទ័រ។

សម្ដេចធិបតី៖ នៅផ្ទះមានកុំព្យូទ័រ។ ខ្លាំងផង។ កុំព្យូទ័រហ្នឹងធ្វើអី?

កុមារា រតនៈ៖ មើលគេទាត់បាល់។

សម្ដេចធិបតី៖ ដដែល។ ថ្ងៃក្រោយកាត់បន្ថយ។ ទាត់បាល់មើលចុះ តែយើងទៅរៀនវាយអក្សរអី រៀនអានវិញ។ ពុកម៉ែទិញកុំព្យូទ័រ ហើយថែមទៅ។ រៀនថែមហ្នឹង ចេះអ្នកណា? ចេះខ្លួនឯងមែនទេ? ហើយចេះច្រើន ចេះតិច ចង់បានមួយណា?

កុមារា រតនៈ៖ ចេះច្រើន។

សម្ដេចធិបតី៖ បើចង់ចេះច្រើន ធ្វើខ្លួនឯងទៅ ទាល់តែធ្វើណាក្មួយ។

កុមារា រតនៈ៖ បាទ!

សម្ដេចធិបតី៖ ស្រីៗ! អ្នកណាលេខ១? មុនហ្នឹង សួរលេខ១ ខាងខិល ឥឡូវសួរអ្នកលេខ ១ខាងរៀនម្ដង … ឈ្មោះអី?

កុមារា មករា៖ ឈ្មោះ មករា។

សម្ដេចធិបតី៖ សុទ្ធតែឈ្មោះតាមខែទាំងអស់។ ខែមករាស្លូតជាងខែសីហា? អាយុប៉ុន្មាន?

កុមារា មករា៖ ១៣ឆ្នាំ។ ថ្នាក់ទី៦។

សម្ដេចធិបតី៖ គ្នាប៉ុន្មាននាក់ក្នុងថ្នាក់?

កុមារា មករា៖ ៣៣នាក់។

សម្ដេចធិបតី៖ អ៊ំសួរបន្តិច កាលមុន យើងចេញពីរៀនពេលព្រឹក ល្ងាចធ្វើអី?

កុមារា មករា៖ ដើរលេង។

សម្ដេចធិបតី៖ អត់មានរៀនអីទេ?

កុមារា មករា៖ ពេលខ្លះរៀន ខ្លះអត់។

សម្ដេចធិបតី៖ នៅបានលេខ១ទៀត? ពូកែតែម្ដង។ ប៉ុន្តែ កាលមុន នៅផ្ទះរៀនរំព្ញកម៉ោងប៉ុន្មាន?

កុមារា មករា៖ ពេលយប់។

សម្ដេចធិបតី៖ ដើរលេង ធ្វើអីខ្លះ ពេលល្ងាចកន្លងទៅ?

កុមារា មករា៖ ជិះកង់ដើរលេង។

សម្ដេចធិបតី៖ ហើយពុកម៉ែធ្វើអី?

កុមារា មករា៖ ម៉ែធ្វើការរោងចក្រ ឪនៅមើលផ្ទះ។

សម្ដេចធិបតី៖ … ពេលយើងជិះកង់ដើរលេងអញ្ចឹង ពុកថាឲ្យឬអត់? ថាម៉េច?

កុមារា មករា៖ ថាកុំឲ្យដើរលេងច្រើនពេក។

សម្ដេចធិបតី៖ ដល់ឥឡូវ រៀនល្ងាចអញ្ចឹង យើងអត់មានម៉ោងដើរលេង ពុកសប្បាយចិត្តឬអត់?

កុមារា មករា៖ សប្បាយ។

សម្ដេចធិបតី៖ គាត់មានបានប្រាប់ថាសប្បាយចិត្តឬអត់?

កុមារា មករា៖ អត់ទេ។

សម្ដេចធិបតី៖ តែគាត់ញញឹមទេ?

កុមារា មករា៖ ញញឹម។

សម្ដេចធិបតី៖ ពីមុន ធ្លាប់សំពះពុកម៉ែឬអត់?

កុមារា មករា៖ អត់។

សម្ដេចធិបតី៖ ចុះឥឡូវ?

កុមារា មករា៖ សំពះ។

សម្ដេចធិបតី៖ លែងអៀនហើយ?

កុមារា មករា៖ លែងហើយ។

សម្ដេចធិបតី៖ ម៉េចបានលែងអៀន?

កុមារា មករា៖ លោក/អ្នកគ្រូបង្រៀនពីសាលា។

សម្ដេចធិបតី៖ មកដល់សាលា សំពះគ្នាធម្មតាទៅឥឡូវ?

កុមារា មករា៖ បាទ!

សម្ដេចធិបតី៖ លំបាកអត់?

កុមារា មករា៖ អត់ទេ។

សម្ដេចធិបតី៖ ចុះរៀបចំកាតាប សៀវភៅ ខោអាវ បត់ភួយអី យើងធ្វើខ្លួនឯងឥឡូវ?

កុមារា មករា៖ បាទ! អត់លំបាកទេ។ រៀបចំកាបូប សៀវភៅ ខោអាវ បត់ភួយ យើងធ្វើខ្លួនឯងឥឡូវ។  ពីមុន ពេលខ្លះខ្ញុំធ្វើ ពេលខ្លះអត់។ ឥឡូវធ្វើគ្រប់ពេល។ ស្រួល។

សម្ដេចធិបតី៖ បើស្រួល អញ្ចឹងធ្វើរហូតទៅ។ ហ្នឹងល្អ បង្កើតជាទម្លាប់។ ទម្លាប់រហូតដល់ធំ។ ដូចអ៊ំអម្បាញ់មិញ គាត់និយាយថា ចៅ​រៀនបឋមចេះធ្វើ ដល់កូនថ្នាក់ទី៨ ហ្នឹង ដូចពិបាកធ្វើ។ ឥឡូវយើងទម្លាប់ពីហ្នឹង ដល់ថ្នាក់(អនុវិទ្យាល័យ វិទ្យាល័យ) យើងធើ្វរហូតទៅ។ មើលខាងសិស្សស្រីៗ ជាប់លេខ១ អ៊ំសួរម្ដង។ ថ្នាក់ទីប៉ុន្មាន? ថ្នាក់ទី ៥ក។ តើការថែមម៉ោងហ្នឹង យ៉ាងម៉េច ពួកម៉ាកយើងសប្បាយអត់ ឬពួកម៉ាកយើងអត់ចង់រៀន?

សិស្សស្រី៖ សប្បាយចិត្ត។

សម្ដេចធិបតី៖ សប្បាយចិត្តទាំងអស់គ្នា បានថែមម៉ោង ជុំគ្នានៅសាលា។ បើសិនជាថែម តើរៀនអ្វីទៀតបន្ថែម?

សិស្សស្រី៖ ចង់រៀនភាសាចិន។

សម្ដេចធិបតី៖ ភាសាចិន ចាំធំបន្ដិចទៅ ឥឡូវយកភាសា(ខ្មែរ)មួយសិន(ឱ្យច្បាស់)។ យើងចេះប៉ុន្មានភាសាឥឡូវ?

សិស្សស្រី៖ ចេះបាន ២ភាសា ខ្មែរ និងអង់គ្លេស។

សម្ដេចធិបតី៖ ចេះភាសាខ្មែរ និងអង់គ្លេស។ អង់គ្លេស រៀនប៉ុន្មានឆ្នាំហើយ?

សិស្សស្រី៖ អង់គ្លេសរៀនបាន ៣ឆ្នាំហើយ។

សម្ដេចធិបតី៖ ៣ ឆ្នាំហើយ ចេះអីខ្លះ (សម្ដេចសន្ទនាជាភាសាអង់គ្លេស)។ អ៊ំសួរ។ ភ័យ។ ឥឡូវថែមម៉ោងហ្នឹង ក្នុងភាសាខ្មែរ រៀនអ្វីខ្លះ?

សិស្សស្រី៖ រៀនសរសេរតាមអាន តែងសេចក្ដី និងសរសេរពាក្យ។

សម្ដេចធិបតី៖ កាលមុនរៀនព្រឹក ដល់ថែមល្ងាចទៀត រៀនដូចគ្នា រំលឹកឡើងវិញ។ ហើយចេះជាងមុនអត់? ចេះជាងមុន បានចំណាយពេល(រៀន)ច្រើនជាងមុន។ ពេលល្ងាច ពីមុនធ្វើអ្វី?

សិស្សស្រី៖ ពីមុន ល្ងាចទៅរៀនអង់គ្លេស ពេលខ្លះមើលទូរស័ព្ទ។

សម្ដេចធិបតី៖ ឥឡូវកាត់បន្ថយម៉ោងមើលទូរស័ព្ទ ហើយសន្សំលុយបានច្រើនណាស់។ កាលមុន មួយខែចាយអស់ប៉ុន្មានលើកាតទូរស័ព្ទ? អត់ដឹងទេ។ ដឹងតែបញ្ចូលមួយដង ប្រើឱ្យអស់។ មើលប៉ុន្មាននាក់មានទូរស័ព្ទ លើកដៃបន្ដិចមើល? មានម្នាក់ពីរនាក់។ លោកយាយលោកតាសុទ្ធតែមានទូរស័ព្ទម្នាក់មួយហើយ ទូរស័ព្ទទាក់ទងចៅ មែនទេ? ក្មួយ! ក្រៅពី(ចង់បន្ថែម)ភាសាចិនហ្នឹង ចង់រៀនអ្វីទៀតពេលម៉ោងល្ងាចហ្នឹង ព្រោះយើងមានភាសាអង់គ្លេស ខ្មែរ យើងមានរៀនបំណិន។

សិស្សស្រី៖ ចង់រៀនឌីជីថលទៀត។

សម្ដេចធិបតី៖ ឌីជីថល កម្មវិធីដូចទើបរៀបទេ។ យើងមិនទាន់រៀប(ចំបង្រៀន)ទេ នៅសាលានេះ។ ទើបដាក់កុំព្យូទ័រ តែមិនទាន់បង្រៀន ព្រោះត្រូវបណ្ដុះបណ្ដាលលោកគ្រូសិន។ មានលោកគ្រូឌីជីថល ប៉ុន្តែមិនទាន់មានមេរៀនដែលត្រូវបង្រៀន។ យើងមានក្នុងកម្មវិធី គ្រូមកបណ្ដុះបណ្ដាល។ មើលប៉ុន្មាននាក់ដែលមិនដែលធ្លាប់ប៉ះកុំព្យូរទ័រ?​ មើលប៉ុន្មាននាក់ចង់រៀនកុំព្យូទ័រ? (ទាំងអស់) អរគុណក្មួយៗ​។ ឥឡូវអញ្ចេះ ថ្ងៃនេះ សួរប៉ុណ្ណឹងចុះ។

សម្ដេចធិបតី៖ សួរនាំពីជីវភាព មុខរបរ ពូ កែវ អតីតទាហាន …

ពូ កែវ៖​ ស្រុកយើងសន្ដិភាពហើយ។ តែបើសិនជាមានសង្រ្គាម សម្ដេចស្រែកតែមួយម៉ាត់ “យើងទៅច្បាំង តស៊ូដើម្បីជាតិ” ពួកខ្ញុំទៅស្លាប់ដើម្បីជាតិហើយ អត់នៅជាមួយប្រពន្ធទេ។

សម្ដេចធិបតី៖ ឥឡូវម៉ោងហ្នឹងសន្ដិភាពហើយ។ កុំនិយាយពីសង្រ្គាម។ យើងការពារជាតិយើង (ដោយ)បណ្ដុះបណ្ដាលកូនយើង ក្មួយយើង (មានចំណេះវិជ្ជា)ឱ្យខ្លាំង ហ្នឹងហើយការពារជាតិនោះ។ សម័យឥឡូវ ការពារតាមចំណេះដឹង ជាជាងចុះប្រយុទ្ធប្រើអាវុធ។ ហ្នឹងដែលត្រូវខ្លាំង។ ពូបានបង្កើតកូនបង្កើតចៅច្រើន ជួយជំរុញធនធានមនុស្សយើងបានច្រើន។ ម្នាក់ឯងកសាងបានជិត ៤០នាក់ មិនធម្មតា។ អរគុណណាស់ លោកគ្រូអ្នកគ្រូ គ្រូបង្គោល លោកនាយក ក៏ដូចជាអ៊ំពូមីង ដែលឪពុកម្ដាយ ជាពិសេស ក្មួយៗផងដែរ បានជួបសំណេះសំណាល។ (ខ្ញុំ)ចង់បាន ចង់ស្ដាប់ ចង់ឮទៅលើអ្វីដែលជាលទ្ធផល នូវអ្វីដេលយើងបានធ្វើ។ អញ្ចឹងមកដល់ម៉ោងនេះ ឃើញថា មានវិវត្តទៅមុខ ហើយជាពិសេស ឥរិយាបថរបស់ក្មួយៗ ទាំងលោកគ្រូអ្នកគ្រូ ដែលអាចទទួលបាន។ យើងឃើញថា អ្វីដែលសំខាន់ គឺការគាំទ្រពីសហគមន៍ ពីឪពុកម្ដាយ តាយាយ។

តាមរបាយការណ៍មក ខ្ញុំឃើញទិន្នន័យនៃការចូលរួមនេះខ្ពស់ដល់ ៩៥% ៩៦% ឯណោះ។ អញ្ចឹងនៅ ត្រពាំងក្អែក សរុប ៩៥% ចូលរួម។ អញ្ចឹងបានន័យថា អត្រាខ្ពស់ណាស់។ បើសិនជា ៣ខែហើយ កម្មវិធីអត់ដំណើរការ ប្រ​ហែលជាចាប់ផ្ដើម ៩០% ហើយថយ។ តែបើថាថេរ ហើយកើន បានន័យថា ដំណើរការល្អ។ ខ្ញុំចង់ស្ដាប់ផ្ទាល់ ព្រោះមើលទិន្នន័យឃើញល្អ។ អញ្ចឹងខ្ញុំត្រូវមកសួរផ្ទាល់តែម្ដងថា តើអារម្មណ៍យ៉ាងម៉េច គួរកែសម្រួលយ៉ាងម៉េច។ កម្មវិធីនេះ យើងព្រៀងដំបូង យើងយកបទពិសោធន៍ផ្គុំគ្នា ដើម្បីចែករំលែក។ អញ្ចឹងហើយបានយក(លើកបទពិសោធន៍)ទាំង(សាលា)វត្តបូព៌ យកទាំងសាលាផ្សេងៗដែលល្អ តាមលោកគ្រូអ្នកគ្រូ យកមកចែកគ្នា។ ប៉ុន្តែដល់ពេលអនុវត្ត គឺត្រូវឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនិងបច្ចុប្បន្នភាពទៀត ព្រោះយើងមិនអាចយកស្តង់ដាររឹងកំព្រឹងមកដាក់ទេ ស្ថានភាពបត់បែន។

អ្វីដែលខ្ញុំចង់ដឹង គឺថា (ត្រូវ)បត់បែនហើយ តើលោកគ្រូអ្នកគ្រូអាចទទួល? មកដល់ម៉ោងនេះ ខ្ញុំឃើញ(អាចទទួល​បាន)។ អំពីម៉ោង(បន្ថែម) គិតថាយើងសុំតែពីរម៉ោងបន្ថែមទេ ម៉ោង១ ទៅម៉ោង៣ ក្រៅពីនេះ គឺលោកគ្រូអ្នកគ្រូសល់ម៉ោងសម្រាប់ធ្វើអ្វីបន្ថែមទៀត។ អម្បាញ់មិញ លោកគ្រូ IT សុំថែម ៤ម៉ោង ខ្ញុំថា ថែមតែ ២ម៉ោងសិនចុះ ទុក ២ម៉ោងទៀត លោកគ្រូអ្នកគ្រូចាត់ចែង ព្រោះលោកគ្រូអ្នកគ្រូមានគ្រួសារ ហើយអាចត្រូវការធ្វើអ្វីផ្សេងទៀត។ ឪពុកម្ដាយក៏ដូចគ្នាដែរ។ នៅទីនេះ ខុសពីសាលាផ្សេងជាច្រើនត្រង់ថា យើងមានអង្គការជួយបន្ថែមទៅលើភាសាអង់គ្លេស។ អញ្ចឹងអាចថែម ២ម៉ោងជាជម្រើស។ ប៉ុន្មានភាគរយ ដែលសិស្សនៅទីនេះ ចូលរៀនភាសាអង់គ្លេសជាមួយនឹងអង្គការបន្ថែម? ៧០% ដែរ។ កម្មវិធីយើងនេះ ក៏មានបន្ថែមភាសាអង់គ្លេសបឋម បន្តិចដែរ។

នាយកសាលា៖ ចំពោះការបន្ថែម ២ម៉ោងរបស់សាលាខ្ញុំនេះ មានភាសាខ្មែរ គណិត និងភាសាអង់គ្លេស ដែលបង្រៀនដោយអ្នកគ្រូមានមតិអម្បាញ់មិញ។

សម្ដេចធិតី៖ អ្នកគ្រូរៀនភាសាអង់គ្លេសមកពីណា?

អ្នកគ្រូ៖ រៀនពីសាលាបញ្ញាសាស្រ្ត នៅកំពង់ស្ពឺ។

សម្ដេចធិបតី៖ យើងបង្រៀនកម្រិតបឋម?

អ្នកគ្រូ៖ បង្រៀនតាមកម្រិតសិស្ស ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។

សម្ដេចធិបតី៖ គ្រូអង់គ្លេស មានតែអ្នកគ្រូម្នាក់ទេ។ អញ្ចឹង(ថែមអង់គ្លេស)នៅក្នុងកម្មវិធីថែមម៉ោងរបស់យើង ដោយឡែកអង្គការ គេមានគ្រូរបស់គេផ្សេងទៀត។ លោកគ្រូអ្នកគ្រូណា មានកូនរៀននៅសាលានេះ? ដែលជាឪពុកម្ដាយផង ជាគ្រូផងនៅសាលានេះ មានទេ?

លោកគ្រូ៖ មានខ្ញុំតែ​ឯងទេ មានកូនរៀននៅទីនេះ។ ខ្ញុំមានកូនពីរនាក់ កូនទី១ រៀននៅវិទ្យាល័យ កូនទី២ រៀននៅសាលាហ្នឹង។

សម្ដេចធិបតី៖ អរគុណចំពោះលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។ ការអប់រំរបស់លោកគ្រូអ្នកគ្រូ ជាអ្នកដឹកមុខ ដើរមុខ ជាគម្រូនេះ គឺពិបាក។ សិស្សមិនធ្វើទៅតាមអ្វីដែលយើងនិយាយ ប្រាប់លើក្ដារខៀននោះទេ គាត់មើលយើងទេ។ អញ្ចឹងដែលលោកគ្រូអ្នកគ្រូថា ដំបូងសំពះគ្នានៅអៀន ឥឡូវសំពះគ្នាលែងអៀន កូនសិស្សក៏តាមហ្នឹង។ នេះគឺជាមូលដ្ឋានធំណាស់។ លោកគ្រូបង្គោលបានប្រាប់ហើយ សម័យឥឡូវសម័យវិទ្យាសាស្រ្តទំនើប លោកយាយលោកតាពីដើម(ទាក់ទង)មកដល់យើង បើនៅឆ្ងាយអញ្ចេះផង យើងទៅមើលរឿងទំនើបឯណា មានទូរទស្សន៍ណាមើល ឥឡូវចៅៗសុទ្ធតែមានទូរស័ព្ទក្នុងដៃ។ កាលមុន មានទូរទស្សន៍មួយ យាយអាចមើលបាន គ្រប់គ្រងបានថា មើលប៉ុស្ដិ៍អី ឥឡូវចៅមានទូរស័ព្ទមើល​ច្រើន អញ្ចឹងទាល់តែធ្វើម៉េចបណ្ដុះតម្លៃក្នុងខ្លួនឱ្យគាត់យល់។

ខ្ញុំសប្បាយចិត្តឃើញការវិវត្តន៍ ៣ខែនេះ​ ដែលជាការចាប់ផ្ដើម។ អ្វីដែលសំខាន់ គឺនិរន្តរភាពរហូត។ អ្វីដែលជាការចង់បានគឺផ្ការីក។ កន្លែងនេះ ជាឧទាហរណ៍​មួយនៃការអនុវត្តគម្រោង ប៉ុន្តែកុំចាំទៅដល់ក្រុមការងារទៅរីកទៅដល់ ៧ពាន់(សាលា) សង្ឃឹមថា បទពិសោធន៍កន្លែងនេះ នាយកសាលាផ្សេងទៀតនឹងយកទៅដើម្បី(ជា)បទពិសោធន៍ ជាការផ្លាស់ប្ដូរ​របៀប វិធីរបស់យើង ជំរុញ។ ចំពោះការថែមម៉ោងមួយនោះ ខ្ញុំសូមឱ្យក្រសួងអប់រំ ហើយមន្ទីរអប់រំពិនិត្យមើល ដើម្បីយើងពង្រីកនៅតាមសាលា។ ពិតណាស់ ទំហំថវិកាជាតិរបស់យើងមិនអាចពង្រីកម្ដង ៧ពាន់សាលាទេ ប៉ុន្តែយើងអាចពង្រីកឱ្យច្រើន ព្រោះកិច្ចការខ្លះត្រឹមឥរិយាបថ អត់ត្រូវការចំណាយថវិកាថែមទេ។ ថែមម៉ោង យើងអាចប៉ូវម៉ោងខ្លះ ប៉ុន្តែសូមកុំយកថាជាបញ្ហាគន្លឹះចំពោះមុខ អ្វីដែលសំខាន់ គឺការច្នៃប្រឌិតតែម្ដង។

ខ្ញុំសប្បាយចិត្ត ព្រោះមិនអាចសាលាទាំងអស់ចូលគ្នានោះទេ គ្រាន់តែ ៥សាលា ដែលយើងសាកល្បងនេះ សា​លា​ខ្លះគាត់ខ្វះអគារទៅហើយ ប៉ុន្តែគាត់អត់ចាំថាចាំធ្វើអគារឱ្យខ្ញុំបានខ្ញុំអនុវត្តទេ គឺខ្ញុំម្ចាស់ការកែច្នៃ ព្រោះកូនៗត្រូវរៀនជាប្រចាំ កូនៗត្រូវរៀន។ បើរវល់តែចាំសង់អគារ មិនដឹងថាកាលណា(ទើបអាចដំណើរការបាន ក្នុងពេលដែល) កូនៗ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែធំ។ សូមផ្ដាំអរគុណដល់សាលាទាំងអស់ មិនមែនតែសាលា ៤២ ហ្នឹងទេ គ្រប់សាលាទាំងអស់ដែលច្នៃប្រឌិត។ ក្រសួងអប់រំ រាជរដ្ឋាភិបាល បន្តកសាងបន្ថែមទៀត។ មួយឆ្នាំៗ យើងដាក់ថវិកាសម្រាប់កសាងសាលាច្រើន អគារច្រើនបន្ថែម ប៉ុន្តែចំនួនសិស្សកើនលឿន លឿនជាងអ្វីដែលយើងអាចកសាងបាន។ អភិបាលក្រុង ក្នុងមួយឆ្នាំ តើមានអ្នកកើតកូនប៉ុន្មាននៅក្រុងឧដុង្គម៉ែជ័យ?

អភិបាលក្រុង៖ នៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ក្នុងមួយខែ ប្រហែលអាចកើតបានជាង ២០នាក់។

សម្ដេចធិបតី៖ កូនច្រើនតើ។ កូនហ្នឹងនឹងធំ និងត្រូវការរៀនរហូត។ អញ្ចឹងយើងនឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរឹង មានអគារ មានអីបន្ថែមតាមលទ្ធភាព។ ប៉ុន្តែរឿងបណ្ដុះបណ្ដាលផ្នែកទុននេះ ចំណេះដឹង ឥរិយាបថត្រូវតែធ្វើ កុំចាំ ហើយច្នៃអត់អស់អ្វីច្រើនទេ។ អញ្ចឹងសុំមន្ទីរអប់រំ ក៏ដូចជាការិយាល័យអប់រំតាមបណ្ដាស្រុកទាំងអស់ យកចិត្តទុកដាក់ជំរុញ ច្នៃ បទពិសោធន៍សាលាមួយអនុវត្ត(ឥរិយាបថ)នេះ រៀបចំនាយក គ្រូ ផ្លាស់ប្ដូរទៅ។ ជួនកាល ថ្ងៃអាទិត្យ អញ្ជើញមកហ្វឹកហ្វឺនផ្លាស់ប្ដូរគ្នាទៅវិញទៅមក នៅក្នុងស្រុកជាមួយគ្នា។ យើងអនុវត្ត ព្រោះគោលដៅកុំឱ្យមានសាលាវត្តបូព៌តែមួយក្នុងទូទាំងប្រទេស ខ្ញុំចង់ឱ្យមានវត្តបូព៌ ៧ពាន់កន្លែង នៅក្នុងទូទាំងប្រទេសសម្រាប់សាលារដ្ឋ។ សាលាឯកជន រដ្ឋមិនលូកលាន់ទេ។

(១) អ្វីដែលសំខាន់ អាណត្តិនេះ គឺយើងពង្រឹងមណ្ឌលសុខភាពរដ្ឋ ពេទ្យបង្អែកស្រុកក៏ត្រូវពង្រឹង។ ឥឡូវអប់រំក៏ត្រូវពង្រឹង (ព្រោះជា)សាលារបស់រដ្ឋ ជាពិសេស បឋមសិក្សា ជំរុញយ៉ាងម៉េចឱ្យបាន ហើយបទពិសោធន៍ដែលវិវត្តន៍ ៣ខែនៅទីនេះ ខ្ញុំសង្ឃឹមបន្តកាន់តែឡើងជាលំដាប់។ លោកគ្រូថា មិនទាន់ដូចវត្តបូព៌ទេ ប៉ុន្តែនឹងទៅមុខទៀត កុំថយ ហើយក៏មិនមែនតែសាលានេះដែរ។ សង្ឃឹមថា នឹងយករូបមន្តនេះ ដើម្បីធ្វើនៅកន្លែងផ្សេង។ វត្តបូព៌ មិនមែនថាជាសាលាតែមួយនោះទេ។ ដូចខ្ញុំនិយាយ គ្រាន់តែជានិមិត្តរូបនៃសាលាដែលមានការប្រតិបត្តិល្អ។ វត្តបូព៌ គាត់ផ្សាយច្រើន គាត់ marking ច្រើន ប៉ុន្តែជាការលើកទឹកចិត្ត។ ខ្ញុំចុះទៅច្រើនហើយ សាលាឃើញធ្វើដូចគ្នា។ នេះហើយគឺជាអ្វីដែលខ្ញុំសប្បាយរីករាយ។

ថ្ងៃនេះ បានស្ដាប់ផ្ទាល់ពីលោកតាលោកយាយ អ៊ំពូមីង។ មិនដឹងថាមកជួបខ្ញុំទេ ឥឡូវបានជួបហើយ អង្គុយស្ដាប់ខ្ញុំបន្ដិច។ ប៉ុន្តែថ្ងៃនេះ ខ្ញុំស្ដាប់ច្រើនជាង ព្រោះកម្មវិធីនានាខ្ញុំនិយាយតែម្នាក់ឯង។ លោកតាលោកយាយអង្គុយស្ដាប់រហូត។ តែថ្ងៃនេះបានអង្គុយស្ដាប់ឮទាំងអស់ ហើយជាពិសេសក៏ឮតាំងពីក្មួយៗ។ គោលបំណងអញ្ចឹងទេ។ ចុះមកនេះ ក៏អញ្ជើញឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មកព្រឹកនេះ។ (ខ្ញុំប្រាប់)ឯកឧត្តមអភិបាលខេត្តថា កុំឱ្យពង្រាយកម្លាំងសមត្ថកិច្ច ទុកឱ្យបងប្អូនធ្វើអ្វីធ្វើចុះ។ បើសិនជាមានប៉ូលីសទាហាននៅមុខសាលា ខ្ញុំអត់ចូលទេ ខ្ញុំទៅហួសហើយ ព្រោះអង្គុយអញ្ចេះសាមញ្ញស្រួល ហើយអត់ព្រៀងទុក។ អ្នកគ្រូនិយាយរអាក់រអួល ញ័រដៃចុះ ប៉ុន្តែ(និយាយ)ចេញមក​ដោយមិនបាច់ទន្ទេញពីល្ងាចទេ។ ក្មួយៗទាំងនេះ ក៏អញ្ចឹងដែរ មិនបាច់ចាត់តាំងទេ។ អ្នកខិលជាងគេថា “ខ្ញុំរួចខ្លួនហើយ ប្រហែលគេសួរតែអ្នកលេខ១ ទេ”។ អត់ទេ អ្នកខិលជាងគេក៏សួរដែរ បែកការអស់រលីង។ ជាប់លេខប៉ុន្មានអត់ដឹង តែដឹងថាថយ។

អរគុណចំពោះគណៈកម្មការផង ដែលបានខិតខំជំរុញកិច្ចការនេះ ហើយតាមដានត្រួតពិនិត្យជាប្រចាំ។ នេះគឺជាគន្លឹះដែលខ្ញុំតែងតែនិយាយរហូតតាំងពីមុនខ្ញុំធ្វើជានាយករដ្ឋមន្រ្តី។ ការងារដែលខ្ញុំនៅជើងគោកក៏អញ្ចឹង ខ្ញុំតែងតែចុះរហូត។ មុននឹងចប់ជើងគោក ខ្ញុំចុះទៅដល់ជួរមុខ​ ដើរទូទាំងប្រទេស ខានតែជំនាន់កូវីដ១៩ បន្ដិច ក្រៅពីហ្នឹង ចុះផ្ទាល់តែម្ដង។ ចុះទៅសប្បាយ។ ស្ដាប់ផ្ទាល់ និយាយកំប្លែងអញ្ចឹង ដូចពូ(កែវ)។ អញ្ចឹងនិយាយកំប្លែង ដឹងរឿងតែម្ដង តឹងទ្រូងម៉េច។ ថ្ងៃនេះក៏បានចេញដែរ ហើយ(ពូកែវ)ស្ដាយអត់បានហៅមីងមកអង្គុយស្ដាប់។ តែអត់អីទេ មីងមើលតាមទូរស័ព្ទបាន។ អត់ហ៊ាននិយាយនៅផ្ទះ ខ្លាចប្រពន្ធអត់ធ្វើបាយឱ្យហូប។

អរគុណណាស់។ សូមជូនពរ សូមគាំទ្រ ហើយអរគុណចំពោះការគាំទ្ររបស់ឪពុកម្ដាយ យាយតា ព្រោះឪពុកម្ដាយ យាយតា អត់គាំទ្រ អត់ខំប្រឹងដឹកចៅមកទាន់ម៉ោងទេ​ ត្រូវទេ? អត់គាំទ្រ ប្រហែលជាមិនឱ្យចៅមកចូលរៀនកម្មវិធីថែមពីរម៉ោងហ្នឹងទេ។ បើលោកតាលោកយាយ អ៊ំពូមីង គិតថា រៀនហ្នឹងក៏អត់ទៅមុខដែរទេ មែនទេ? ទុកនៅផ្ទះវិញ គ្រាន់បើជាង កុំឱ្យពិបាកមក។ ប៉ុន្តែលោកតាលោកយាយសប្បាយរីករាយឃើញថែមពីរម៉ោងហ្នឹង ទី១ ចៅអត់ដើរលេង អត់សល់ម៉ោងទំនេរ, ទី២ បានរៀនចេះបន្ថែមទៀត ត្រូវទេ មែនទេលោកតាលោកយាយ? អញ្ចឹងគាំទ្រ អញ្ចឹងទៀត។

សូមគាំទ្រសាលា គាំទ្រលោកគ្រូអ្នកគ្រូ ហើយសហការគ្នា ព្រោះអប់រំបណ្ដុះបណ្ដាលនេះ ទាល់តែពីរនាក់ បានជួយបាន។ ឪពុកម្ដាយ តាយាយ អាណាព្យាបាលនៅផ្ទះ ហើយលោកគ្រូអ្នកគ្រូនៅសាលា ពីរនាក់ហ្នឹងរួមគ្នាអប់រំទៅ គាត់(លែង)សល់ម៉ោងដើរក្នុងសង្គម លែង(មាន)ឥទ្ធិពលគាត់​ តែបើសិនជាឪពុកម្ដាយ លោកគ្រូអ្នកគ្រូទុក​ពេលច្រើន យើងអប់រំគាត់មិនបានសហការគ្នាល្អ​គាត់សល់ម៉ោង។ គាត់សល់ម៉ោងរឿងអី? ទីមួយគាត់សល់ម៉ោងដើរលេង។ ទីពីរ កន្លែងខ្លះគាត់អាង ដោយសារឪពុកម្ដាយខ្លះកាន់ជើងកូន លោកគ្រូ អ្នកគ្រូ អត់ហ៊ានបណ្ដុះបណ្ដាល មិនហ៊ានអប់រំ អត់យល់គ្នាអត់ដែលនិយាយគ្នា យល់ច្រឡំ។

ថ្ងៃមុនខ្ញុំឃើញវីដេអូមួយសិស្សធាក់តុគ្រូ។ ខ្ញុំមើល ម្ដាយចូលទៅបង្ហាញកាយវិការគាត់ស្រលាញ់កូន។ ចូលទៅដល់អត់ប្រដៅកូនទេ ចូលទៅដល់វែកសក់ទៀត។ ខ្ញុំមិនថាមិនឱ្យឪពុកម្ដាយមិនស្រលាញ់កូនទេ ប៉ុន្តែជួនកាលទង្វើការស្រលាញ់ខ្លះធ្វើឱ្យកូនបានចិត្ត។ ធ្វើឱ្យគ្រូនិងឪពុកម្ដាយមិនត្រូវគ្នា។ តែបើគ្រូនិងឪពុកម្ដាយត្រូវគ្នា ទុកចិត្តគ្រូដូចកាលជំនាន់ខ្ញុំរៀន តែត្រូវរំពាត់គ្រូ ទៅដល់ផ្ទះប្រាប់ពុក ដឹងតែពុកដាក់ថែម។ គាត់ថាគាត់ជឿគ្រូ តែគ្រូដាក់ពិន័យប្រាកដជា​(ធ្វើអីខុស)។ លោកគ្រូពីមុន​មិនដូចលោកគ្រូឥឡូវទេ។ លោកគ្រូឥឡូវដូចអត់មានផ្ដៅទេ។ លោក​គ្រូខ្ញុំមានផ្ដៅ។ ផ្ដៅហ្នឹងគាត់ដាក់ក្នុងតុ។ សិស្សខិលទៅលួចផ្ដៅគាត់ ដល់មកត្រូវទាំងអស់គ្នា។​​ តែឥឡូវមិនចាំ​បាច់​មានផ្ដៅទេ ការអប់រំតែការទុកចិត្តគ្នា ជួយគ្នា កម្លាំងចិត្តជួយនេះធំណាស់ លោកតា លោកយាយ អ៊ំ ពូ មីង ព្រោះយើងធ្វើម៉េចចៅយើងចង់ឱ្យល្អ។

សង្ឃឹមថាកម្មវិធីនេះបានដោះស្រាយបញ្ហាល្អ ជាពិសេសក្មួយៗតាំងពីតូចនេះ ដល់ពេលទៅរៀនអនុវិទ្យាល័យ រៀនវិទ្យាល័យឥរិយាបទចេះគោរពចាស់ទុំ ឪពុកម្ដាយ ចេះវិន័យរៀបចំខ្លួន ងើបឡើងមុន​​នឹងគេងចេះរៀបចំកាតាបខ្លួនឯងទុកដាក់ ពាក្យខ្មែរមានមាយាទ​ ងើបឡើងបត់ភួយ បន្តិចៗហ្នឹង។ ខ្ញុំទៅរៀននៅសាលាបណ្ឌិតសភាអាមេរិក គេបង្រៀនដូចគ្នា។ ងើបឡើងត្រូវតែអាវចន្លោះប៉ុណ្ណា … គេចង់បង្រៀនឱ្យមនុស្សយកចិត្តទុកដាក់លើការ​ងារតូចៗ វិន័យតាំងពីតូចៗ​​ មានវិន័យធ្វើការងារធំបាន។ គេបណ្ដុះបណ្ដាលដំបូងគឺឱ្យមានវិន័យខ្លួនឯងសិន បើមានវិន័យខ្លួនឯងតូចៗ ចេះយកចិត្តទុកដាក់(ចំណុច)តូចៗ វាអត់ពិបាកទេ (សំរាប់ការងារ)ធំៗ។

ឥឡូវ(២)កម្មវិធី២ម៉ោង កម្មវិធីឥរិយាទ យើងគិតថាជាកម្មវិធីតូចណាស់មែនទេ? បើប្រៀបធៀបនឹងការអប់រំទូទៅធំ តែតូចៗ នេះគឺវាជួយនៅក្នុងបង្កើនសមិទ្ធផលធនធានមនុស្ស​​មានឥរិយាបទល្អដែលយើងត្រូវធ្វើ។ រួមគ្នាដោះស្រាយតូចៗហ្នឹង ដែលខ្ញុំឧស្សាហ៍និយាយស្លឹកឈើធ្លាក់តែមួយឬពីរ ក៏វាអាចធ្វើឱ្យស្ទះលូ តែបើសំ​អាតយើងដោះស្រាយតូចៗហ្នឹងចរន្តទឹកវាទៅលឿន។ យើងព្រួយបារម្ភពីឥរិយាបទរបស់សិស្សដែលគាត់ធំឡើងទៅរៀនអនុវិទ្យាល័យ រៀនវិទ្យាល័យ ដោះស្រាយបញ្ហាតូចៗ បែបនេះតាំងពីបឋមសិក្សាទៅ។ លោកតា លោកយាយនៅផ្ទះលែងព្រួយបារម្ភ (ពី)ចៅ(ថាមិន)ដឹងយ៉ាងម៉េចទេ។ ថ្ងៃនេះមិនដឹងវាទៅណាទៀតទេ។ វាយគ្នាទៀតអត់។ តែជាថាម៉ោងថ្មើរនេះ ដឹងតែលែងព្រួយហើយ ចៅដឹងតែនៅរៀន។ ឥឡូវម៉ោងដល់ម៉ោង ៣ដឹងតែនៅរៀន លែងព្រួយថាមិនដឹងវាទៅវាយគ្នាឯណាទៀត​។ លោកតា លោកយាយ ណាខ្លះដែលពីមុនព្រួយចៅៗទៅវាយគ្នា? ​ចៅស្រី។ ចៅស្រីឥឡូវក៏មិនស្រួលដែរ ថ្ងៃមុនបងធំសុទ្ធតែស្រីៗ ណាត់គ្នាវាយ។

យើងត្រូវពង្រឹងសីលធម៌ ឥវិយាបទនេះធំណាស់​​។ យើងគិតថារឿងហ្នឹងតូច ប៉ុន្តែរឿងតូចហ្នឹងហើយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ផ្នត់គំនិត។ តែគាត់មាន​វិន័យហើយរៀនក៏ល្អដែរ។ តែគាត់មានវិន័យចេះតម្រង់ជួរគាត់រៀនអីក៏ផ្ដោតអារម្មណ៍ដែរ។ អ្នកគ្រូប្រាប់ថា គ្រាន់តែថ្ងៃមុនតម្រង់ជួរគាត់អត់តម្រង់ផង។ ខ្ញុំមិនចង់ឃើញកូនខ្មែររៀននៅស្រុកខ្មែរ ហៅឪពុកម្ដាយថាល្ងីល្ងើទេ។ អត់បានទេ។ (៣) ខ្ញុំមិនចង់ឃើញកូនខ្មែរនៅស្រុកខ្មែរ ទោះបីជាឪពុកម្ដាយគាត់មិនចេះអង់គ្លេសក៏ដោយ ​មិនអាចអោយកូនខ្មែរហាមាត់ហៅឪពុកម្ដាយបែបនេះទេ។ យើងត្រូវអប់រំគាត់ វិវឌ្ឍយ៉ាងម៉េចក៏ដោយយើងត្រូវតែមានអត្តសញ្ញាណខ្មែរ។ ខ្ញុំធ្លាប់ឃើញ ព្រោះខ្ញុំធ្លាប់រស់នៅអាមេរិក អង់គ្លេស កូនខ្មែរយើងខ្លះកើតនៅទីនោះរៀនវប្បធម៌គេ ចេញមកមិនស្រួលជេរឪពុកម្ដាយឆ្កួត។ ជួនកាលឪពុកម្ដាយគាត់ប្រកាន់របៀបរបបខ្មែរ តែក្មេង(ប្រកាន់)ឥវិយាបទផ្សេង។ កូនខ្មែរត្រូវប្រកាន់យកឥវិយាបទខ្មែរ។ ទោះបីវិវឌ្ឍកម្រិតណា ក៏ត្រូវបន្តអត្តសញ្ញាណនេះ។ នេះគឺជាអ្វីដែលត្រូវបណ្ដុះបណ្ដាល និងអប់រំ។

ក្មួយៗ ជួនកាលគាត់ភ្លេច យើងត្រូវអប់រំ។ លោកគ្រូ អ្នកគ្រូ ដើរតួនាទីសំខាន់ណាស់ មិនមែនរៀនតែឱ្យពិន្ទុល្អឱ្យជាប់ទេ។ ខ្ញុំក៏ធ្លាប់រៀន អ្នកទាំងអស់គ្នាក៏ធ្លាប់រៀន លោកគ្រូ អ្នកគ្រូ បើសិនជាយើងចាំអ្វីៗទាំងអស់ ដែលយើងរៀនពីថ្នាក់ទី១ ខួរក្បាលយើងនឹងដូចកុំព្យូរទ័រអញ្ចឹងមែនទេ។ តែមេរៀនទាំងអស់នោះ ភាគច្រើនភ្លេចអស់ប៉ុន្តែអ្វីដែលនៅចាំឥរិយាបទ សីលធម៌ ព្រោះប្រតិបត្តិរាល់ថ្ងៃ។ ខ្ញុំទៅមើល math របស់កូនខ្ញុំ ខ្ញុំមើលសមីកាឥឡូវចង់ភ្លេច​ប៉ារ៉ាបូលអីហ្នឹង។ កាលនៅរៀន ខ្ញុំលេខមួយ ប៉ុន្តែឥឡូវចង់ភ្លេច។ អ្វីដែលខ្ញុំចាំ កាលខ្ញុំរៀននៅពីក្មេងគឺថ្នាក់សីលធម៌ ថ្នាក់អីទោះបីជាគ្រូប្រើផ្ដៅ ឬពីមុនគាត់ឱ្យខោកតុ ពីមុនកន្លែងខ្លះលុតជង្គង់លើសំបកធុរេនក្តី ក៏វិធីសាស្ត្រទាំងនេះជាការអប់រំ ការដាក់វិន័យ​ ក្នុងទិសដៅតែមួយគឺឱ្យអនុវត្ត​គុណធម៌ សីលធម៌ ឥរិយាបទ។ យើងចង់រុញបែបនេះ។ សង្គមយើងត្រូវតែថែទាំបែបនេះ មែនទេលោកតា លោកយាយ។ កូនរៀន​ជាការមួយដែលយើងចង់បាន ប៉ុន្តែឱ្យអត្តចរិកឱ្យល្អផងនិយាយស្ដាប់គ្នា។ គាត់អាចថាឈប់រោយមាត់ព្រោះម្ចាស់ការធ្វើខ្លួនឯងបាន ទាល់តែលោកតា លោកយាយ អ៊ំ ពូ មីង ជួយរុញជាមួយលោកគ្រូ អ្នកគ្រូ បន្តរហូត។

(៤) ខ្ញុំសូមអំពាវនាវឱ្យឪពុកម្ដាយ នៅគ្រប់សាលាទាំងអស់ មិនថាតែសាលាដែលអនុវត្តវិធានការនេះទេ ក៏មិនមែនសាលាដែលក្រសួងអប់រំរើស១០០ជាងសាលា ឬមួយសាលាជំនាន់ថ្មីដែលយើងដាក់ប៉ុន្មានរយសាលានោះទេ។ សាលារាប់ពាន់ទាំងអស់ មិនថាតែសាលាបឋមនោះទេ សាលាមធ្បម សាលាវិទ្យាល័យក៏ដោយ សូមចូលរួមគាំទ្រ និងចូលរួមអនុវត្ត​ស្វ័យម្ចាស់ការ។ អ្វីធ្វើបានប៉ុណ្ណាគឺយើងត្រូវធ្វើ។​ មិនចាំបាច់ទាល់តែមានគម្ពីរទេ។ កិច្ចការទាំងអស់នេះ វានៅក្នុងឈាមយើងហើយ។ កើតជាខ្មែរ គ្រាន់តែត្រឹមសំពះក្នុងឈាមយើងហើយ មិនចាំបាច់អ្នកណាទៅ(ណែនាំ)ទេ គ្រាន់តែឱ្យជំនះការអៀនបន្តិច ព្រោះយើងអត់សូវបាន(អនុវត្ត) បង្កើនទម្លាប់ឡើងវិញ។

ការថែមម៉ោងសិក្សា​ ២ម៉ោងនេះ យើងអាចជួយបាន … ​ព្រោះបើសិនជាយើងសាកនៅក្នុងសាលាតែ ៤២នេះ ហើយបើម្ដង ៤២ មិនដឹងកាលណាអស់ទេ ព្រោះមួយឆ្នាំយក ៤២ ក្នុងពេលដែលយើងមាន ៧ពាន់សាលា ទាល់​តែ ២០ឆ្នាំបានអស់។ អត់ទេ គឺយើងពង្រីកបែបនេះ យកបទពិសោធន៍ទៅធ្វើសម្ភារៈមធ្យោបាយគឺជាអ្វីដែលត្រូវបង្កើនបន្ថែម។ មានអគារគ្រប់ជាការល្អ តែបើអត់គ្រប់ក៏យើងឆ្នៃ។ មានកុំព្យូទ័រទើបយើងបង្រៀនឌីជីថល ប៉ុន្តែបើអត់មានកុំព្យទ័រ ភ្លើងមិនទាន់ទៅដល់ ក៏យើងអាចរៀនអីផ្សេងទៀតបានដែរ រៀនបំនិន យើងច្នៃបានរបស់មួយគគោក។ ជំនាន់ខ្ញុំរៀនអត់មានកុំព្យូទ័រទេ តែយើងច្នៃបាន។​ រៀនរោងជាង រៀនអីខ្លះយើងច្នៃបាន។

សាលាខ្លះគេច្នៃដាក់សិល្បៈ សាលាខ្លះអត់មានបង្រៀនបន្ថែមដើម្បីថែមម៉ោង (៥)ប៉ុន្តែកុំភ្លេចធំបំផុតគឺគណិតនិងខ្មែរ ពង្រឹងអាហ្នឹង កូនខ្មែរត្រូវចេះសរសេរខ្មែរឱ្យច្បាស់ គណិតវិទ្យាឱ្យមាំនេះជាមូលដ្ឋានធំណាស់។ ម៉ោងដែលយើងបន្ថែមនេះគឺយើងផ្ដោតខ្លាំង៨០%ទៅលើគណិតវិទ្យានិងខ្មែរ ភាសាអង់គ្លេសយើងដាក់ថែមជំនួយ កុំព្យូទ័រ អី។ លោកតា លោកយាយ ចង់ឱ្យកូនរៀនខ្មែរ និងគណិតវិទ្យាឱ្យច្បាស់ទេ? កូនខ្មែរចេះសរសេរអក្សរខ្មែរអត់ត្រង់ជួរលំបាកមែនទេ? ដល់ធំទៅចប់មហាវិទ្យាល័យទៅដាក់ពាក្យប្រឡងសរសេរអត់ត្រូវ។ សរសេរមិនស្រួលខុសន័យទៀត។ នេះជាអ្វីដែលយើងបានធ្វើ។ ​

ថ្ងៃនេះប៉ុណ្ណឹងចុះ … ស្ដាប់រឿងប្លែក​ៗ និយាយជាមួយក្មួយៗជាមួយលោកតា លោកអ៊ំ ពូ មីង លោកគ្រូ អ្នកគ្រូ មានការ​​ចូលរួមពីខេត្ត ក្រោមដើមឈើដ៏ត្រជាក់។ អត់អីទេខ្ញុំខ្មែរអង្គរមិនជាបញ្ហា។ នៅស្រុកអាមេរិកសៗ ពេលដែលថ្ងៃក្ដៅគេតែងទៅដេកហាលថ្ងៃ គេដោះអាវលាបឡេដើម្បីអោយសាច់មកស្រអែម។ ខ្ញុំទៅអង្គុយជាមួយគេខ្ញុំពាក់អាវ គេថាម៉េចមកហ្នឹងពាក់អាវ គេមកគេដោះអាវលាបឡេឱ្យបានសាច់ស្រគាំ … សូមផ្ដាំទៅសាលា ៤ទៀតផង ដែលមិនបានចូល ព្រោះខ្ញុំអត់អាចទៅទាំង ៤២ទេ។ មិនមែនតែសាលា ៤២ទេ តាមការនិយាយអម្បាញ់មិញ ឯកឧត្តម ហង់ជួន ណារ៉ុន ថា ថ្ងៃខ្លះត្រូវតែចូលទៅ​សាលារបស់ក្រសួងទាំង ១០០ បូកជាមួយនឹងសាលាជំនាន់ថ្មីផង។ តែទៅពញ្ញាក់តែម្ដង។ ថ្ងៃនេះ ពញ្ញាក់ពាក់កណ្ដាល ព្រោះជូនដំណឹងទៅឯកឧត្តមរដ្ឋមន្ត្រី ព្រោះខ្លាចគាត់រវល់។ អញ្ចឹងទាល់តែប្រាប់ថា ខ្ញុំមក គាត់អត់ដាក់កម្មវិធី។ ខ្ញុំប្រាប់គាត់ថា បងកុំខ្សឹបប្រាប់គេ។ តែមិនស្រួលខ្សឹបប្រាប់ប្រធានមន្ទីរនិងប្រធានការរិយាល័យហើយ។ អភិបាលខេត្តទើបនឹងប្រាប់យប់មិញទេ។ តែសង្ស័យប្រាប់ថាទៅ តែបើមានប៉ូលីសនៅខាងមុខពាក់ស៊ីវិលក៏ដោយច្រើននាក់គឺខ្ញុំជិះហួសហើយ។ អភិបាលខេត្តថ្មីមកពីខេត្តត្បូងឃ្មុំ។

អំណោយ

ថ្ងៃនេះសម្រាប់សិស្សានុសិស្ស៣៧០នាក់ (សាលាបឋមសិក្សា៣៣៨នាក់ មត្តេយ្យ៣២នាក់) ម្នាក់ជូនសៀវភៅ២ក្បាល ប៊ិចមួយដើម ថវិកាមួយម៉ឺនរៀល, លោកគ្រូអ្នកគ្រូ ១០នាក់ ម្នាក់ៗថវិកា១០ម៉ឺនរៀល, សាលាបឋមសិក្សា​យ៉ាម៉ាតុទំពាំងក្អែក ថវិកា ១០លានរៀលផងដែរ។ អម្បាញ់មិញដើរមកឃើញសមាធិនៅលើដី។ សួរថាចង់បានសាប គាត់ថាសាបរាងក្ដៅចង់បានការ៉ូឡា។ លោកតា លោកយាយ រៀបការ៉ូឡា​​សម្រាប់ចៅសមាធិ។ ក្មួយៗសមា​ធិនៅលើដីរាល់ថ្ងៃឬ? អង្គុយលើដីត្រជាក់ ចង់រក្សាដីឬមួយយកការ៉ូឡា? ប៉ុន្មាននាក់ចង់បានការ៉ូឡា? ការ៉ូឡាត្រ​ជាក់ជាង។ រៀបចំជូនខាងវិស្វកម្ម។ ជូនទីចាត់ការមួយទៀត។ សៀវភៅអម្បាញ់មិញឃើញមានជាង៣ពាន់ក្បាលប្រើ។ ខ្ញុំមើលរឿងហ្នឹង សៀវភៅប្រើឬមិនប្រើ សៀវភៅហ្នឹងទើបហ្នឹងបកពីកេស ឬយ៉ាងណា? ខ្ញុំសប្បាយរី​ករាយណាស់នៅពេលដែលសៀវភៅទក់ មិនទក់ដោយសារទុកចោលហុយដីមកទេ ទក់ដោយសារក្មេងមើលបានន័យថាប្រើ។

សៀវភៅឃើញគាត់អ៊ុតក្របពីខាងក្រៅទុកថែរក្សា។ អម្បាញ់មិ​ញគ្រូខ្ញុំសួរទៅថាម៉ោងទំនេ​រម៉ោងសេរី មិនមែនម៉ោងកាតព្វកិច្ចសិស្សទៅ សិស្សនាំគ្នាទៅខ្ចីសៀវភៅ។ ល្អ។ ដោយសារ អត់សូវមានទូរស័ព្ទ ប៉ុន្តែបើទោះបីមានទូរស័ព្ទក៏កុំឱ្យគាត់មើល ធ្វើម៉េចអោយគាត់មើលសៀវភៅឱ្យច្រើន។ ក្មួយៗអ្នកមានទូរស័ព្ទសន្សំលុយកុំមើលទូរស័ព្ទច្រើនពេក មើលសៀវភៅអោយច្រើន។ មើលអានអោយបានច្រើន ចេះរឿងច្រើនអាចទៅនិទានប្រាប់គេបាន។ រឿងនីមួយៗក៏អប់រំយើងបង្រៀនយើងដែរ។ ហ្នឹងហើយ។ អរគុណលោកតា លោកយាយ អង្គុយជាមួយខ្ញុំ២ម៉ោង នៅចាំយកចៅតែម្ដងឬយ៉ាងម៉េច?​ ចាំយកចៅតែម្ដង។ ថ្ងៃសៅរ៍ថែមម៉ោងល្ងាចដែរ អត់តែថ្ងៃអាទិត្យ និងថ្ងៃព្រហស្បតិ៍ ឱ្យសម្រាកពេលល្ងាច ថែមបាន៥ថ្ងៃ។ ​​​

សម្ដេចធិបតី៖ កូនរៀនថ្នាក់ទីប៉ុន្មាន? ស្រីឬប្រុស? មុន​ថែមម៉ោងធ្វើអី?

អាណាព្យាបាល៖ រៀនថ្នាក់ទី៥, ប្រុស, កាលពីមិនទាន់ថែមម៉ោងដើរលេង បង្ហោះកង់។ ដល់ពេលឥឡូវអោយតែពេលចេញពីម៉ោងទៅ ហូបបាយហើយតឿនខ្ញុំមកសាលាវិញ លែងចង់បង្ហោះកង់។

សម្ដេចធិបតី៖ ល្ងាចចូលចិត្តរៀនទេ? កង់ឈប់បង្ហោះឬនៅ?

សិស្ស៖ ល្ងាចចូលចិត្តរៀន, ឈប់បង្ហោះ កង់ខូចអស់ហើយ។

សម្ដេចធិបតី៖ កង់ខូចបានអីជិះមករៀន?

អាណាព្យាបាល៖ ខ្ញុំឌុបមករៀន។ កាលពីថ្នាក់ទី៣កូនខ្ញុំអត់ចេះទេ ដល់ឡើងថ្នាក់ទី៤ រៀនបន្ថែមកូនខ្ញុំចេះជាងមុនបានលេខ១៦ គ្នា ៥៣នាក់។ កាលពីមុនលេខ ២០ទៅលេខ ៣០។ ពេលចេញពីសាលាហ្នឹងហើយ ចូលផ្ទះអ៊ំ​បង្រៀនថែម។

សម្ដេចធិបតី៖ កូនប៉ុន្មាននាក់?

អាណាព្យាបាល៖ កូនពីរនាក់។ ម្នាក់ទៀតគ្រោះថ្នាក់ចរាចរណ៍។ ​ឥឡូវអស់ហើយ អត់មានអីបង្ហោះទៀតទេ។ ចេញពីរៀនបន្ថែមចូលទៅអង់គ្លេស។ អត់សូវមានពេលទំនេរ មើលទូរស័ព្ទក៏អត់។ ទៅផ្ទះចេះបត់ខោអាវ កាលពីមុនអត់សោះ ប្រែប្រួលទាំងអស់ធ្វើខ្លួនឯង។

សម្ដេចធិបតី៖ មួយរយៈខ្លីឬមួយធ្វើរហូត? សំពះម៉ែ សំពះពុក?

សិស្ស៖ ធ្វើរហូត ស្ម័គ្រចិត្ត។ សំពះម៉ែ សំពះពុក នៅអត់ដដែល។ ប្ដេជ្ញាចិត្តថាទៅវិញត្រូវតែរៀនសំពះ(ឪពុកម្ដាយ)។ តែមកសាលាសំពះគ្រូ។ លាងចានក៏នៅអត់ដដែល។

សម្ដេចធិបតី៖ បាន៣ ខ្វះ២។ ពេលដែលយើងរៀនកាន់តែពូកែ ឧទាហរណ៍ប្រឡងបាក់ឌូប្លិ៍ បានរង្វាន់ម៉ូតូ បើអត់បានរង្វាន់ម៉ូតូបានរង្វាន់អីផ្សេង តែបានរង្វាន់ល្អ។ សូមបញ្ចប់ប៉ុណ្ណេះ ដើម្បីជួយបន្ថយម៉ោងអោយអ៊ំ កុំអោយពិ​បាកយូរផង។ អរគុណឯកឧត្តម អភិបាលខេត្ត ប្រធានមន្ទីរ ការិយាល័យអប់រំក្រុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រុមការងារទាំងអស់ដែលបានចូលរួមថ្ងៃនេះ សូមប្រសិទ្ធពរជូនលោកតា លោកយាយ អ៊ំ ពូ មីង ទាំងអស់ លោកគ្រូ អ្នកគ្រូ និងក្មួយៗអោយទទួលបានជោគជ័យ សុខភាពល្អ និងទទួលបានជោគជ័យគ្រប់កិច្ចការ​នូវពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ