សម្តេចធិបតី ហ៊ុន ម៉ាណែត – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Fri, 13 Oct 2023 12:11:03 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png សម្តេចធិបតី ហ៊ុន ម៉ាណែត – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍» https://pressocm.gov.kh/archives/86054 https://pressocm.gov.kh/archives/86054#respond Fri, 13 Oct 2023 11:26:59 +0000 https://pressocm.gov.kh/?p=86054

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣

]]>
https://pressocm.gov.kh/archives/86054/feed 0
សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រកាសអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦(កម្មវិធីទី៤) របស់រាជរដ្ឋាភិបាល https://pressocm.gov.kh/archives/86000 https://pressocm.gov.kh/archives/86000#respond Tue, 10 Oct 2023 14:40:15 +0000 https://pressocm.gov.kh/?p=86000

CMF:

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សមាជិក​ សមាជិការាជរដ្ឋាភិបាល!
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គពិធីទាំងមូលជាទីរាប់អាន!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តជាតិស្ដីអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨” ដែលជាឯកសារដ៏មានសារសំខាន់ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោម អាទិភាព ៦ របស់រាជរដ្ឋាភិបាល ដែលត្រូវចាប់ផ្ដើមអនុវត្តឱ្យបាននៅមុនដំណាច់ឆ្នាំ ២០២៣។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការផ្ដួចផ្ដើម និងចង្អុលបង្ហាញឱ្យរៀបចំនូវយុទ្ធសាស្រ្តជាតិនេះឡើង។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ១]

(១) សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសរបស់និស្សិត ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល

មុននឹងចូលដល់ប្រធានបទ ដែលយើងជជែកគ្នាអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខក្រៀមក្រំបំផុត​ជាមួយនឹងគ្រួសារសព​នៃនិស្សិតខ្មែររបស់យើងម្នាក់ឈ្មោះ ចាន់ ឧត្តម​ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និងកងទ័ព (Hamas) ហាម៉ាសដែលចាប់ផ្ដើមតាំងពីថ្ងៃទី ០៧ ខែតុលា កន្លងមកនេះ។ សូមយកឱកាសនេះ បញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ យើងបានខិតខំជាប់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ សហការជា​មួយអាជ្ញាធរអ៊ីស្រាអែល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសនិស្សិតរបស់យើងនៅទីនោះ បានទទួលនូវការការពារនិងទទួលបាននូវសុវត្ថិភាពរបស់ខ្លួន។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ១]

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំប្រឹងប្រែងដឹកនាំ និងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះ។

ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមរៀបចំយុទ្ធសាស្រ្តជាតិប្រ​កបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់បំផុត។ សូមអរគុណក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក​វិទ្យានិងនវានុវត្តន៍ ដែលបានរៀបចំពិធីដ៏មហាឱឡារិកនាពេលនេះ។ ខ្ញុំពិតជាមានសេចក្ដីសោមនស្ស និងសូមថ្លែងអំណរគុណចំពោះវត្តមានយ៉ាងច្រើនកុះកររបស់ថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងបងប្អូនប្រជាពលរដ្ឋជាទីរាប់អាន។

នៅទូទាំងពិភពលោក សេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាសមភាពមួយដ៏សំខាន់នៃសេដ្ឋកិច្ច ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតអាជីវកម្ម មុខរបរ និងការងារ ព្រមទាំងជាប្រភពចំណូលដ៏ចម្បង ពិសេសរបស់ប្រជាជនក្រីក្រ និងងាយរងហានិភ័យ ដែលមានលទ្ធភាពទាប ទាំងក្នុងទិដ្ឋភាពចំណូល ចំណេះដឹង ការយល់ដឹងនិងជំនាញ។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការងារប្រមាណ ៧០% នៃទំហំការងារសរុប និងរួមចំណែកប្រមាណ ៣២% នៃផលិតផលសរុបក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់និងកំពុងអភិវឌ្ឍ ដែលជាភាសាអង់គ្លេសហៅថា Emerging and development countries។

ក្នុងស្មារតីនេះ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយទៅជាកាតាលីករ រួមចំណែកសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ទៅនឹងវិបត្តិ ត្រូវបានកំណត់ ជារបៀបវារៈគោលនយោបាយដ៏ចម្បង ទាំងនៅតាមបណ្ដាប្រទេសជឿនលឿន ទាំងនៅតាមបណ្ដាប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងកំពុងអភិវឌ្ឍ។ ដូចគ្នានេះ ក្នុងពេលកន្លងទៅ រាជរដ្ឋាភិបាលក៏បានដាក់ចេញនិងអនុវត្តកម្មវិធីអន្តរាគមជាបន្តបន្ទាប់ ដែលផ្ដល់បច្ច័យវិជ្ជមានដោយផ្ទាល់និងដោយប្រយោលដល់អ្នកប្រកបរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជាកម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក៏ដូចជាការផ្ដល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញជាដើម។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ២]

(២) ក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ត្រូវជួយដល់គាត់គ្រប់គ្នា

ខ្ញុំសូមអនុញ្ញាតចំណាប់អារម្មណ៍បន្តិចពាក់ព័ន្ធការងារក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ។ ឯកឧត្តម(រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍) ហែម វណ្ណឌី បានលើកហើយ។ និយមន័យអំពីសេដ្ឋកិច្ច/ការងារក្រៅប្រព័ន្ធ និងនៅក្នុងប្រព័ន្ធ។ និយមន័យសេដ្ឋកិច្ចមានលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ។ ប៉ុន្តែអ្វីដែលដូចគ្នាគឺទាំងក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរដែលយើងមានកាតព្វកិច្ចខិតខំយកអស់កំលាំងកាយចិត្តដើម្បីជួយដល់គាត់គ្រប់គ្នា។ នេះជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ ពិតណាស់ លទ្ធភាពរបស់បងប្អូននៅក្រៅប្រព័ន្ធអាចប្រកបរបរ(ចិញ្ចឹម)ជីវិតតូចតាច ប៉ុន្តែគាត់ក៏ជាកំលាំងចលករមួយធំសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ដូចនៅក្នុងរបាយការណ៍អម្បាញ់មិញ នៅទូទាំងពិភពលោក ៧០% ជាង ការបង្តើតការងារនៅក្រៅប្រព័ន្ធនេះឯង​។ នៅកម្ពុជាក៏ដូចគ្នា។ ទំហំនៃការគិតគូរនេះគឺសំខាន់ …។

(៣) ប្រជាពលរដ្ឋក្រីក្រ មានជីវភាពតូចតាច ក្រៅប្រព័ន្ធ ជាគោលដៅអាទិភាពតាំងពីអាណត្តិទី៦

តាមបទពិសោធន៍របស់យើង ប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានលក្ខណៈតូចតាចនេះ គឺជាប្រជាជនងាយរងគ្រោះបំផុតក្នុងការប៉ះពាល់ដោយបញ្ហាសេដ្ឋកិច្ច និងបញ្ហាវិបត្តិផ្សេងៗ។ ជាក់ស្ដែងនៅជំនាន់ កូវីដ១៩ យើងបានឃើញថា ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋដែលមានជីវភាពតូចតាច ហើយជាពិសេសអ្នកនៅក្រៅប្រព័ន្ធនេះ ងាយក្នុងការរងគ្រោះ។ នេះគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងអាណត្តិមុនៗ។ ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលមានគោលដៅអាទិភាពចាត់ចែងវិធានការផ្សេងៗ ជាបន្ទាន់ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកនេះ …។

(៤) ការគ្រប់គ្រងព័ត៌មាន​មិនទាន់ច្បាស់ លំបាកជួយដល់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ជាមួយគ្នានេះ យើងក៏ដឹងថា ជាបទពិសោធន៍កន្លងទៅ ដោយសារការគ្រប់គ្រងព័ត៌មានយើង​មិនទាន់ច្បាស់ (ដូចនេះ)ក៏មានការលំបាកក្នុងការជួយទៅដល់បងប្អូនដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការគ្រប់គ្រងព័ត៌មាននេះ(បានហ្មត់ចត់ នឹងជួយ)កំណត់អត្តសញ្ញាណឱ្យបានថា អ្នកណាខ្លះ នៅទីណាខ្លះ ដើម្បីងាយស្រួលជួយ។ (ការមិនទាន់មានការគ្តប់គ្រងព័ត៌មាននេះហើយ ទើប)នៅក្នុងជំនាន់កូវីដ១៩ នេះមានបញ្ហា។ (ដូចជា)ក្នុង  ថ្ងៃនេះ នៅ អ៊ីស្រាអែល ដើម្បីជួយនិស្សិត និងជួយប្រជាពលរដ្ឋរបស់យើង ខ្ញុំបានដាក់គោលការណ៍តាំងពីថ្ងៃដំបូងឱ្យស្ថាប័នពាក់ព័ន្ធមានក្រសួងការបរទេស កសិកម្ម អាជ្ញាធរសមត្ថកិច្ចរបស់យើង ​ធ្វើម៉េចទី១ កំណត់ឱ្យបានចំនួនប្រជាពលរដ្ឋយើងនៅអ៊ីស្រាអែលទាំងអស់ ទី២ រកឱ្យបានព័ត៌មានថាពួកគាត់នៅទីណា ដើម្បីងាយស្រួលយើងអន្តរាគមន៍ជួយ។ មកដល់ម៉ោងនេះព្រឹកមិញម៉ោង ៧ ព្រឹកនេះ ខ្ញុំទទួលបានព័ត៌មានថា តាមទិន្ន​ន័យប្រមូលបានពីបញ្ជីសាលាគឺ ៤៥៤ នាក់ ក្នុងនោះបានជម្លៀសចេញជាង ៣២៣ នាក់ ទៅកន្លែងសុវត្ថិភាព នៅ ១៣១នាក់ទៀត នៅតំបន់ដែលមានហានិភ័យនៅឡើយ។ យើងនៅបន្តសហការណ៍។

បើសិនជាយើងមិនមានទិន្នន័យមិនដឹងថាគាត់នៅកន្លែងណា យើងពិបាករក ពិបាកជួយ ពិបាកអន្តរាគមន៍ … វាមិនខុសគ្នាពីការជួយនិស្សិតរបស់យើងនៅអ៊ីស្រាអែល ដែលកំពុងតែប្រឈមនេះ។ ជាមួយនឹងការដាក់ចេញនូវវិធានការណ៍ជាក់លាក់គឺត្រូវដឹងថា បងប្អូនជាគោលដៅដែលយើងត្រូវជួយនៅទីណាខ្លះ។ ហេតុនេះហើយបានជាយើងត្រូវដាក់យុទ្ធសាស្ដ្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ​នៅឆ្នាំ ២០២៣ – ២០២៨ នេះឯង ដើម្បីយើងអាច​ក្ដាប់បានទិន្នន័យថាបងប្អូននៅទីណា និង(ទី៣) ត្រូវការអ្វីខ្លះ ជួយអ្វីខ្លះ មិនខុសពីនិស្សិតដែលនៅទីនោះ(អ៊ីស្រាអែល) អ្នកនៅតំបន់សុវត្ថិភាពត្រូវការជួយអ្វីខ្លះ? អ្នកនៅតំបន់ក្រហមត្រូវជម្លៀសចេញ ហើយត្រូវការជួយអ្វីខ្លះ។

(៥) យុទ្ធសាស្ដ្រអភិវឌ្ឍក្រៅប្រព័ន្ធ បង្កើតលទ្ធភាពរាជរដ្ឋាភិបាលជួយបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព

ការដាក់ចេញនូវយុទ្ធសាស្ដ្រអភិវឌ្ឍក្រៅប្រព័ន្ធនេះ ក៏គឺក្នុងគោលដៅនេះឯង។ ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព​ បង្កើតលទ្ធភាពឲ្យរាជរដ្ឋាភិបាលអាចដាក់ចេញនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅ​ប្រ​ព័ន្ធឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នេះគឺជាគោលដៅធំនៃយុទ្ធសាស្ដ្រជាតិ។ ​យុទ្ធសាស្ដ្រនេះ មិនមែនទើបគិតគូរនៅទីនេះទេ គឺផ្អែកចេញពីមូលដ្ឋាននៃបទពិសោធន៍(ក្នុងការគ្រប់គ្រងផលវិបាកបណ្តាលពី)កូវីដ-១៩។ ក្រោយ​មក យើងក៏នឹងអាចអនុវត្ដកិច្ចការនេះ នៅក្នុងពេលស្ថានភាពសេដ្ឋកិច្ចលំបាក អតិផរ​ណាផ្សេងៗ ដូចគ្នា។ ហេតុនេះហើយបានជា សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលនៅអាណត្ដិទី៦ បានដាក់ចេញនិងណែនាំផ្ដួចផ្ដើម ឲ្យគិតគូរក្នុងក្របខណ្ឌគោលនយោបាយ ដែលមកដល់ម៉ោងនេះ យើងបានចេញជាការអនុវត្ដហើយត្រូវអនុវត្ដបន្ទាន់នៅមុន​ដំណាច់ឆ្នាំ ២០២៣ នេះ។

ប្រជាពលរដ្ឋរបស់យើងត្រូវការការជួយ។ មួយថ្ងៃទៅមួយថ្ងៃវាសំ​ខាន់​សំរាប់គាត់។ រាជរដ្ឋាភិបាលត្រូវដាក់ចេញនូវគោលនយោបាយជាបន្ទាន់ អត់ចាំបាច់ដល់ ១០០ ថ្ងៃទេ។ យើងចេញគោលការណ៍តាំងពីដំបូងដៃតែម្ដង។ ខ្ញុំសូមអបអរសាទរ ហើយសូមអរគុណ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ប្រធានគណៈកម្មាធិការគោលនយោ​បាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (Economic and Financial Policy Committee)និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ក៏ដូចជាឯកឧត្តម ហែម វណ្ណឌី និងមន្ដ្រីនៃក្រសួង(ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍) ដែលបានសហការគ្នា ខិតខំទាំងយប់ទាំងថ្ងៃពន្លឿនគោលនយោបាយនេះ​ដើម្បីចេញដំណើរ។ យុទ្ធសាស្ដ្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ ពោលគឺមានថេរវេលាប្រាំឆ្នាំម្ដង។ តើគោល​នយោបាយ​នេះដាក់ចេញមកដើម្បីអ្វី?

(៦) ជួយប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ប្រៀបដូចជាព្រួញមួយបាញ់បានសត្វបី

គោលដៅធំគឺជួយប្រជាពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្ដែទស្សនៈវិស័យ ច្បាស់លាស់គឺ តាមរយៈការជួយប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ យើងអាចប្រើប្រាស់ព្រួញមួយបាញ់បានសត្វបីគឺ (១) ពង្រឹងនិងជួយបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើន​ជាប្រជាពលរដ្ឋស្ថិតក្នុងជីវភាពងាយរងហានិភ័យនិងក្រីក្រ។ យើងជួយកាត់បន្ថយភាពក្រីក្រ​និងវិសមភាពសង្គម។ ពេលដែលយើងជួយបងប្អូនដែលនៅកំរិត(ជីវភាព)ទាប ឲ្យកាន់តែមានជីវភាពខ្ពស់ ដើម្បី(បន្ថយ)នូវគំលាតជាមួយអ្នកដែលមានលទ្ធភាពនិងជោគជ័យ គឺយើងបង្កើននូវគោលនយោបាយ​អភិវឌ្ឍដោយសមធម៌។ បានន័យថាយើងធ្វើអោយមានការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រជាពលរដ្ឋ។ គឺយើងបានលើកកម្ពស់​នូវ​កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់និងសំខាន់បំផុតផលប្រ​យោជន៍បានទៅដល់ដៃប្រជាពលរដ្ឋក្រីក្រ។​ នេះជាគោលដៅអាទិភាពមួយដែលយើងបានរៀបចំក្នុងការពង្រឹងប្រជាពលរដ្ឋនៅខាងក្រោម (យើង)មិនធ្វើតែនៅលើទេ។ យើងជួយរុញទៅដល់ក្រោមតែម្ដង។

ទី២ គឺការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គមជាតិ។ ដូចដែលខ្ញុំបាននិយាយ​អញ្ចឹង ប្រជាពលរដ្ឋក្រៅប្រព័ន្ធ ជាប្រ​ជា​ពលដែលមានជីវភាពរដ្ឋក្រីក្រ គឺជាអ្នកដែលងាយរងផលប៉ះពាល់ពីកូវីដ -១៩ ក៏ដូចគ្នាពីសំពាធអតិផរណានៃសេដ្ឋកិច្ច។ ភាគច្រើនសេដ្ឋកិច្ចនិងជីវភាពនៃការប្រកបរបររបស់(ពួកគាត់)មិនទៀងទាត់ ហើយមានលក្ខណៈតូចតាច។  ដោយហេតុនេះ (ពួកគាត់)ងាយស្រួលនឹងរងផលប៉ះពាល់។ (ហេតុនេះហើយ)បានជារដ្ឋត្រូវរកគាត់ឲ្យឃើញដើម្បីជួយពង្រឹងភាពធន់របស់គាត់ តាមរយៈការជួយគាំពារ (ផ្ដល់)អត្ថប្រយោជន៍ផ្សេងៗ ពង្រឹង​សមត្ថភាពគាត់ឲ្យពូកែ។

ការហ្នឹងពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ច។ ទី៣ តាមរយៈការជួយបងប្អូនក្នុងសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ គឺយើងជួយ(ឲ្យ​មាន)កំណើនសេដ្ឋកិច្ច ដោយសារបងប្អូនភាគច្រើនជាចលករសំខាន់ក្នុងសេដ្ឋកិច្ចរបស់យើង។ វិស័យ​នីមួយៗ កើតឡើងពីប្រជាពលរដ្ឋដែលកើតក្នុងវិស័យនោះ។ ការលើកកម្ពស់ជីវភាពរស់នៅ និងលើកស្ទួយបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើឱ្យយើងសម្រេចនូវគោលដៅ ៣ ក្នុងពេលតែមួយគឺ (១)កាត់បន្ថយភាពក្រីក្រនិង(ពង្រីក)វិសាលភាពសង្គម (២)ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ និងទី ៣ ជំរុញកំណើនសេដ្ឋកិច្ច (ដែលទាំង)នេះជាគោលដៅ​និងទស្សនៈទានក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ នេះ។

(៧) សុខចិត្តថាមានផែនការមិនល្អឥតខ្ចោះ តែអាចអនុវត្តបានលើដី(ជាក់ស្តែង)

ឥឡូវថាការនិយាយសមហើយ។ តើធ្វើយ៉ាងម៉េច? … រឿងដែលសំខាន់បំផុតធ្វើយ៉ាងម៉េច។ តាមដានត្រួតពិនិត្យយ៉ាងម៉េច ដើម្បីយើងធ្វើឱ្យមានប្រសិទ្ធភាព? … លើក្រដាសទ្រឹស្តីល្អហើយ។ ខ្ញុំក៏ធ្លាប់រៀនស្រាវជ្រាវដែរ។ អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺគ្រប់យ៉ាងដែលអាចអនុវត្តបាននៅលើដី។ សុខចិត្តថាផែនការនេះមិនល្អឥតខ្ចោះចុះ តែអាចអនុវត្តបានលើដី(ជាក់ស្តែង)។ ក្រុមការងាររបស់យើងមិនមែនត្រឹមតែតាក់តែងគោលនយោបាយ ផ្អែកទៅលើទ្រឹស្តីស្រាវជ្រាវប្រមូលចងក្រងពីសៀវភៅ ឬពីប្រទេសនានាមកនោះទេ គឺយើងផ្អែកទៅលើបទពិ​សោធន៍ជាក់ស្តែង ផ្អែកទៅលើស្ថានភាពជាក់ស្តែង និងគិតដាក់ចេញនូវវិធានការអនុវត្តដោយជាក់លាក់ដោយច្បាស់លាស់ ផ្អែកទៅលើលទ្ធភាពនៃថវិកាដែលយើងមានជាជំហានៗ ដើម្បីធ្វើយ៉ាងណាឱ្យគោលនយោបាយនេះចេញទៅជាសកម្មភាពនិងលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ …។

(៨) រៀបចំឱ្យបងប្អូនក្រៅប្រព័ន្ធ ឈានចូលក្នុងការរៀបចំ និងឈានទៅក្នុងប្រព័ន្ធពេញលេញ

ខ្ញុំសូមនិយាយដោយសង្ខេប។ អម្បាញ់មិញ ឯកឧត្តម ហែម វណ្ណឌី​ បានជម្រាបទាក់ទងនៅក្នុងគោលនយោ​បាយ និងវិធីសាស្ត្ររបស់គាត់ថា ដោយសាមញ្ញយើងបែងចែក(អ្នកប្រកបរបរអាជីវកម្ម ប្រកបរបរប្រចាំជីវិតជា៣តំបន់គឺ តំបន់ក្រៅប្រព័ន្ធ តំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំបន់ក្នុងប្រព័ន្ធ។ ថ្ងៃនេះខ្ញុំអត់និយាយពីតំបន់ក្នុងប្រព័ន្ធទេ​។ ក្នុងប្រព័ន្ធ បងប្អូនបានដឹងហើយ។ អ្នកចុះឈ្មោះចុះអីបានទទួលផល ឬអនុវត្តយ៉ាងម៉េចអី។ តំបន់ក្រៅប្រព័ន្ធគឺសម្រាប់បងប្អូនដែលមិនបានចុះបញ្ជី ថាតើគាត់ប្រកបរបរមានចំណុចខ្លាំងចំណុចខ្សោយយ៉ាងម៉េច? ថ្ងៃនេះយើងនិយាយពីការវិវឌ្ឍតំបន់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើយ៉ាងម៉េចរៀបចំមូលដ្ឋានលក្ខណៈអំណោយផលដើម្បីឱ្យបងប្អូនដែលនៅក្រៅប្រព័ន្ធឈានចូលមក(ក្នុងការរៀបចំមួយជំហាន) ដើម្បីពង្រឹងសមត្ថភាពគាត់។ ជួយអីបានមុននឹងគាត់ឈានចូលទៅក្នុងប្រព័ន្ធពេញលេញ

អាទិភាពគោលដៅយុទ្ធសាស្ត្ររបស់យើងគឺធ្វើយ៉ាងម៉េចពង្រឹងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឬ ហៅថាដំណាក់កាលអន្តរកាលដើម្បីឱ្យបងប្អូនចូលមកក្នុង(ការរៀបចំ)ហ្នឹង … ត្រលប់មករឿងនៅអ៊ីស្រាអែល។ ដំបូងយើងអត់ដឹងថាបងប្អូននៅឯណាទេ? ឥឡូវឱ្យគាត់ថ្ពក់ចូលក្នុងប្រព័ន្ធ Telegram។ ដល់អញ្ចឹងយើងដឹងថាគាត់នៅឯណា។ ខាងស្ថាប័នចារកិច្ចគាត់ធ្វើ Update រាល់ម៉ោង។ ប៉ុន្មាននាក់នៅតំបន់ក្រហម ប៉ុន្មាននាក់នៅតំបន់ខៀវ ប៉ុន្មាននាក់ដែលត្រូវការជម្លៀស? គឺធ្វើយ៉ាងម៉េចឱ្យបងប្អូនរបស់យើងនៅក្រៅប្រព័ន្ធ ដែលយើងពិបាករក ឱ្យគាត់ចូលមកមានការចុះបញ្ជី។ មានការអីយើងដឹង។ ឱ្យគាត់ចូលទៅក្នុងប្រព័ន្ធ ត្រៀមលក្ខណៈយើងជួយដើម្បីរឹងដៃរឹងជើងចូលក្នុងប្រព័ន្ធពេញលេញ។ ខុសគ្នាយ៉ាងម៉េចនូវកន្លែងនេះ? ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធយើងមិនមានព័ត៌មាន (ដូចនេះ)ពិបាករៀបចំអោយបងប្អូនទទួលផល។

នៅក្នុងតំបន់ដែលចូលអន្តរកាលនេះ គឺជាអ្វីដែលយើងយកចិត្តទុកដាក់ ហើយបងប្អូនក៏ត្រូវយកចិត្តទុកដាក់ដែរ។ បងប្អូនប្រាកដជាឆ្ងល់ ហើយជាបញ្ហាដែលបងប្អូនបារម្ភបំផុតថា ហេតុអីបានជាខ្ញុំត្រូវចុះឈ្មោះចូលប្រព័ន្ធធ្វើអី? តើខ្ញុំចុះឈ្មោះនេះអស់លុយប៉ុន្មាន? អស់លុយច្រើនទេ? តើខ្ញុំចុះបញ្ជីហើយជាប់ពិន័យអីទេ? តើខ្ញុំចុះបញ្ជីហើយជាប់កាតព្វកិច្ចស្អីឬទេ? ហើយតើខ្ញុំចូលទៅក្នុងប្រព័ន្ធហ្នឹង ចុះបញ្ជីនៅក្នុងតំបន់អភិវឌ្ឍក្រៅប្រព័ន្ធនេះ តើខ្ញុំបានផលអីខ្លះមកវិញ? នេះជាសំណួរដែលបងប្អូនប្រាកដជាសួរ ហើយដែលក្រុមគោលនយោបាយយើងយកចិត្តទុកដាក់ធំជាងគេ។ យើងជជែកគ្នាក្នុងអន្តរក្រសួងថាធ្វើយ៉ាងម៉េចជួយបងប្អូនប្រជាពលរដ្ឋឲ្យចំគោលដៅ ហើយទៅតាមលទ្ធភាពដែលយើងអាចធ្វើបានឲ្យរឹងដៃរឹងជើង។

(៩) គោលការណ៍អត្ថប្រ​យោជន៍ដើម្បីបងប្អូនបានចូលរួមក្នុងដំណាក់កាលអន្តរកាល

ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលថ្ងៃនេះមានបងប្អូនខ្លះចូលរួមដែរថា គោលនយោបាយរបស់យើងគឺលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋចូល មិនមានការបង្ខំឲ្យចូលទេ។ ចេញពីហ្នឹងទៅ ប្រយ័ត្នច្រ​ឡំថានឹងមានគោលនយោបាយថ្មីបង្ខំអ្នកលក់ទឹកអំពៅឲ្យចុះឈ្មោះ បើមិនចុះពិន័យ ឬមួយក៏អី។ ចាំខ្ញុំបញ្ជាក់។ (យើងរៀបចំជា)គោលការណ៍លើកទឹកចិត្តឲ្យបងប្អូនចុះឈ្មោះ តាមរយៈការបង្ហាញជាក់ស្តែងនូវអត្ថប្រ​យោជន៍ដើម្បីបងប្អូនបានចូលរួម។ យើងចង់បានបងប្អូនចូលរួមឲ្យច្រើននៅក្នុងដំណាក់កាលអន្តរ​កាលនេះ។ រាជរដ្ឋាភិបាលចង់បានទិន្នន័យដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រង និងដាក់ចេញនូវគោលនយោបាយជួយបងប្អូនឲ្យទាន់ពេលវេលា និងចំគោលដៅ។ នៅក្នុងពេលលំបាក ដូចជាកូវីដ១៩ យើងធ្លាប់(បានជួបប្រទះ)ហើយ។ ទៅមុខទៀត បើសិនជាមានបញ្ហាអតិផរណាសេដ្ឋកិច្ចនិងបញ្ហាផ្សេងៗ រាជរដ្ឋាភិបាលក៏នឹងអាចជួយបាន។

វិធានការគោលនយោបាយអាទិភាព ៦ ចំណុចរ​បស់រដ្ឋាភិបាលដែលត្រូវចាត់តាំងអនុវត្តថ្មីនេះផ្តោតខ្លាំងទៅលើជួយបងប្អូននេះឯង … ឥឡូវសួរទៅវិញ ចំពោះបងប្អូនដែលត្រូវជាគោលដៅដែលយើងចង់លើកទឹកចិត្ត ដើម្បីឲ្យបងប្អូនឈានចូលមកក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធនេះ ដែលយើងអាចធ្វើបាន និងជួយបងប្អូនបាន តើបើបងប្អូនចុះឈ្មោះ អស់លុយអីខ្លះ ជាប់ពិន័យអីខ្លះ ចុះបញ្ជីហើយជាប់កាតព្វកិច្ចអីខ្លះ? ពីមុនមកអត់ធ្លាប់អនុលោមទៅតាមគោលការណ៍ផង តិចចូលទៅគេចាប់ផ្តើមពិន័យយ៉ាងម៉េច។ ខ្ញុំចុះពេលណា ហើយបើខ្ញុំចូលឲ្យអីខ្លះខ្ញុំ។ រដ្ឋជួយអីខ្លះ?

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ២]

(ទី១) ចំណុចនេះខ្ញុំសូមបញ្ជាក់ថា បងប្អូនសហគ្រាសមីក្រូតូច និងមធ្យម ដែលចុះឈ្មោះបញ្ជីដោយស្ម័គ្រចិត្តក្នុងរយៈពេលអន្តរកាលនេះ នឹងទទួលបាននូវអត្ថប្រយោជន៍និងការលើកលែងពិន័យនានា បំណុលពន្ធ ចំពោះការបំពេញអនុលោមភាពកន្លងទៅ និងការផ្តល់ការលើកទឹកចិត្តខាងពន្ធដារផ្សេងៗ។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ៣]

ខ្ញុំសូមសូមអានតែម្តង (ថាតើមាន)គោលការណ៍អីខ្លះ។ ខ្ញុំនិយាយអម្បាញ់ម៉ិញជាគោលៗ តែឥឡូវនៅក្នុងគោលនយោបាយដែលយើងដាក់ចេញ មានគោលការណ៍អនុគ្រោះ ៩ចំណុច សម្រាប់បងប្អូនដែលយើងចង់លើកទឹកចិត្តឲ្យចូលមកក្នុងប្រព័ន្ធ ក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នេះ។ គោលការណ៍ធំរបស់យើងគឺផ្តល់ការលើកលែងការផាកពិន័យ និងបំណុលទាំងអស់នៅក្នុងឆ្នាំ ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុ​លោម​ភាពកន្លងមក ដើម្បីបើកច្រកឲ្យបងប្អូនចូលមក នៅក្នុងការប្រកបអាជីវកម្មក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ ២០២៣-២០២៨(រយៈពេល) ៥ ឆ្នាំ។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ៣]

ទី ២៖ គឺផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព។

ទី ៣៖ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣-២០២៨ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមក មុនការចុះបញ្ជី។ ទី ២ លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និងទី ៣ លើកលែងពន្ធ លើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់ ២ ឆ្នាំក្រោយការចុះបញ្ជី។

ទី ៤ គឺផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ ២០២៤-២០២៥ តាមរយៈទីមួយការលើកលែ​ងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមាសម្រាប់រយៈពេល២ឆ្នាំក្រោយការចុះបញ្ជី។

ទី៥ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្បមចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ឬ២០២៥ តាមរយៈការលើកលែងការបង់ពន្ធ ការបង់ពន្ធបាតង់សម្រាប់រយៈពេល ២ ឆ្នាំបន្ទាប់ពីការទទួលបានការសម្រេចចិត្តចុះបញ្ជី។  ​

ទី៦ ការកាត់បន្ថយថ្លៃសេវាសម្រាប់ការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជីការ សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែសម្រាប់សហគ្រាស ដែលមានចំនួនកម្មករនិយោជិតតិចជាង ៨ នាក់។

ទី៧ ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួងនៅថ្នាក់ជាតិដើម្បីធានាការចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយ និងមួយលើកក្នុងមួយឆ្នាំកុំឲ្យចុះច្រើនពេក ដើម្បីសម្រួលឲ្យបងប្អូនងាយស្រួលកុំឲ្យបន្តិចមានអ្នកនេះ បន្តិចមានអ្នកនោះមក ធ្វើតែម្តងក្នុងមួយឆ្នាំដើម្បីឲ្យងាយស្រួលនៅក្នុងការអនុវត្តធ្វើអាជីវកម្មរបស់បងប្អូនរបស់យើង។

ទី៨ រៀបចំការត្រួតពិនិត្យ និងការធ្វើអធិការកិច្ច​រួមគ្នាក្នុងពេលតែមួយ និងតែមួយលើកក្នុងមួយឆ្នាំ នៅថ្នាក់ក្រោមជាតិ មិញខ្ញុំនិយាយថ្នាក់ជាតិ ឥឡូវខ្ញុំនិយាយថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានរួមបន្ទាន់ បានចុះបញ្ជី ឬស្នើសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតិផ្សេ​ងៗ។

ទី៩ រៀបចំបង្កើតបទដ្ឋានគតិយុត្តិក្របខណ្ឌ និងយន្តការដែលផ្តល់ស្ថានភាពស្របច្បាប់ ជាសហគ្រាសធុនមីក្រូ និងតូច ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានាសម្រាប់រយៈពេល ៥ ឆ្នាំ ជាដើម។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ៤]

(១០) អត្ថប្រយោជន៍បណ្តុះបណ្តាល ហិរញ្ញប្បទាន និងសង្គមកិច្ចសុខាភិបាល

បងប្អូនអាចនឹងដឹងបានហើយ ដែលខ្ញុំអានមកនេះ។ អ្វីដែលសំខាន់ គឺអាចឆ្លើយតបជាមួយនឹងបងប្អូនថាដែល​ចុះឈ្មោះហ្នឹង បង់លុយច្រើនអត់ ជាប់កាតព្វកិច្ចឬអត់ក្រោយពីចុះ ត្រូវបង់ពិន័យអីឬអត់។ គោលការណ៍ដែលយើងបានដាក់ចេញទាំង ៩ចំណុចនេះ ខ្ញុំបានបញ្ជាក់ច្បាស់ហើយ។ បងប្អូនមិនត្រូវបានបង្ខិតបង្ខំទេ។ បងប្អូនត្រូវបានលើកទឹកចិត្តខ្ពស់ឲ្យចូលរួម។ នៅពេលដែលបងប្អូនចូលរួមដោយស្ម័គ្រចិត្ត បងប្អូននឹងទទួលបាននូវការលើកលែងពន្ធ ការអនុគ្រោះពិន័យផ្សេងៗ ដែលពាក់ព័ន្ធជាមួយនឹងការធ្វើអនុលោមភាពកន្លងទៅ ក៏ដូចជាពន្ធលើកទឹកចិត្តផ្សេងៗ នេះគឺនិយាយនៅក្នុងក្របខណ្ឌពន្ធ។ ក្រៅពីការលើកលែងការផាកពិន័យបំ​ណុលនិងការលើកទឹកចិត្តខាងពន្ធដារ បងប្អូនទទួលបានអីទៀត?

ចំណុចបន្ថែមទី១ បងប្អូនអាចទទួលបានការបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងការវិវឌ្ឍ ពាក់ព័ន្ធការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់កម្មករបុគ្គលិកនៅក្នុងសហគ្រាសដើម្បីលើកកម្ពស់សមត្ថភាពផលិតផល និងសហគ្រាសកាន់តែរឹងមាំ។ យើងនឹងជួយបង្កើនសមត្ថភាពបងប្អូនលើហ្នឹង ដើម្បីបងប្អូនកាន់តែរឹងមាំ។ រដ្ឋនឹងដាក់ចេញគោលនយោបាយនិងកម្មវិធីដើម្បីជួយបណ្តុះបណ្តាល។ នេះជាគោលការណ៍ ដែលក្រៅតែពីរឿង​លើកលែងពន្ធអីៗ បងប្អូនបានផលបន្ថែមទៀត មិនមែនសម្រាប់តែម្ចាស់សហគ្រាសទេ សម្រាប់ទាំងកម្មករនិយោជិតនៅក្នុងសហគ្រាសផង …។

​ចំណុចមួយទៀត(ទី២) … ការចុះបញ្ជីក៏នឹងជួយដល់បងប្អូនឲ្យមានលទ្ធភាពអាចទទួលបាននូវហិរញ្ញប្បទានជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគាររដ្ឋផងដែរ។ ចំពោះវិស័យអាទិភាពមួយចំនួន កន្លងទៅយើងមានធនាគារ SME Bank ជាធនាគារសហគ្រាសធុនតូច និងមធ្យមដែលរដ្ឋទម្លាក់ថវិកាជូនដើម្បីជួយផ្តល់ឥណទានហិរញ្ញប្បទានមួយចំនួន មានការប្រាក់សមរម្យដល់វិស័យអាទិភាព។ បានចុះបញ្ជី បងប្អូនមានអត្តសញ្ញាណ មានលក្ខណៈសម្បត្តិអាចទទួលបានការគាំទ្រហិរញ្ញវត្ថុនេះទៅតាមលទ្ធភាពដែលយើងមាន។ យើងមានលទ្ធភាពដើម្បីបង្កើនថវិកា។

(មួយទៀត)ទី២ ពង្រីកវិសាលភាព(អត្ថប្រយោជន៍សង្គម) កាលពីអាណត្តិមុនយើងបានដាក់អាទិភាពនៃវិស័យមួយចំនួន។ ឯកឧត្តម អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានពិនិត្យថាតើវិស័យអីផ្សេងទៀតដែលយើងអាចពង្រីកអោយចូលបានផលទៀតទេ …ចំណុចមួយទៀត សម្រាប់បុគ្គលស្វ័យនិយោជន៍។ បានន័យថាបងប្អូនប្រកបរបរខ្លួនឯង។ ឧទាហរណ៍ថាប្អូនជាម្ចាស់កង់៣ ខ្លួនឯង មិនធ្វើការឲ្យក្រុមហ៊ុនទេ។ បងប្អូនលក់ទឹកអំពៅតាមផ្លូវ បងប្អូនធ្វើអាជីវកម្មតូចតាចតាមផ្លូវ។ ហ្នឹងយើងហៅថា ស្វ័យនិយោជន៍ … ភាគច្រើនស្ថិតនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដែលនឹងទទួលបាន ទី១ ការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែលយើងហៅថាបណ្ណក្រីក្រ។ យើងនឹងពង្រីក។ យើងដឹងមុខសញ្ញា។ យើងជួយបាន។ យើងជួយកាន់តែច្រើនថែមទៀត។ ទី២ បានទទួលការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ដែលជាគោលនយោបាយអាទិភាពមួយទៀត នៅក្នុងចំណោម ៦ចំណុច គឺអនុវត្តអាហារូបករណ៍សម្រាប់កូនចៅប្រជាពលរដ្ឋ ១លាន ៥សែននាក់ ទទួលបានការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ ហើយថែមទាំងបានប្រាក់ឧបត្ថម្ភប្រចាំខែទៀត។ នេះគឺជាអ្វីដែលភ្ជាប់​ជាមួយនឹងការទទួលផលរបស់បងប្អូននៅក្រៅប្រព័ន្ធ។ ទី៣ រដ្ឋាភិបាលនឹងជួយសម្រួលដល់ការស្វែងរកការងារតាមរយៈទីភ្នាក់ងារជាតិមុខរបរ/ការងារ សម្រាប់បងប្អូន និងកូនចៅបងប្អូនដោយជួបការលំបាក។

(១១) រដ្ឋមានព័ត៌មានពីធនធានមនុស្សនិងកម្លាំងសេដ្ឋកិច្ច ពលរដ្ឋក្រៅប្រព័ន្ធទទួលបានការអនុគ្រោះ ការគាំទ្រ និងការថែបំប៉ន

សរុបសេចក្ដីមក ការចុះបញ្ជី​របស់បងប្អូនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តើរដ្ឋបានអី? រដ្ឋបានព័ត៌មានដើម្បីរៀបចំផែនការជួយឲ្យបានចំគោលដៅ ជួយឲ្យចំតម្រូវការ និងទាន់ពេលវេលា។ រដ្ឋបានអាហ្នឹង។ រដ្ឋក៏បានមួយទៀតគឺធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ច កាន់តែមានសក្ដានុពលចូលរួមនៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។ នេះគឺអ្វីដែលរដ្ឋទទួលបាន។ អ្វីទៅដែលប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធបានទទួល? គឺការជួយអនុគ្រោះ ការគាំទ្រ និងការថែបំប៉ននៅក្នុងគោលការណ៍ទាំងប៉ុន្មាន ដើម្បីឲ្យគាត់កាន់តែរឹងមាំ។ អញ្ចឹងគោលនយោបាយនេះគឺគោលនយោបាយឈ្នះឈ្នះ។ រដ្ឋក៏ឈ្នះ ប្រជាពលរដ្ឋជាពិសេសអ្នកក្រៅប្រព័ន្ធក៏ឈ្នះ ជាតិយើងទាំងមូលនឹងឈ្នះ។

នេះជាគោលគំនិតនៃយុទ្ធសាស្រ្តជាតិនៅក្នុងការដាក់ឲ្យអនុវត្ត។ យើងនឹងឈានជាជំហាន ហើយនឹងខិតខំដើម្បីពង្រីកវិសាលភាពជាជំហាន។ នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់។ ថ្ងៃមុន (ខ្ញុំបាននិទាន)រឿងម៉ែកាពៅ។ ខ្ញុំមិនរំលឹកឡើងវិញទេ។ ប៉ុន្តែត្រូវយល់ថា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ទោះ​ជាលទ្ធភាពរដ្ឋយើងមិនធំដុំដូចប្រទេសជាច្រើននៅលើពិភពលោក តែរដ្ឋយើងមិនបាននៅស្ងៀមនៅក្នុងការជួយដល់ប្រជាពលរដ្ឋយើងតាមគ្រប់បែបយ៉ាង គ្រប់ពេលវេលា គ្រប់លទ្ធភាពដែលអាចធ្វើទៅបាន និងគ្រប់មធ្យោបាយ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះនោះទេ …។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ៤]

ដើម្បីទទួលបាននូវជោគជ័យនៅក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិនេះ រាជរដ្ឋាភិបាលដាក់ចេញនូវអាទិភាពជាយុទ្ធសាស្រ្ត ៥ ចំណុច ដូចដែលបានលើកឡើងដោយឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមពន្យល់ដោយសង្ខេបអំពីអាទិភាពយុទ្ធសាស្រ្តទាំង ៥ ចំណុចនេះដូចតទៅ ដើម្បីអនុវត្តគំនិតយុទ្ធវិធីដែលយើងត្រូវធ្វើ៖

ទី១ កំណត់ កែសម្រួល និងរៀបចំយន្តការដែលបង្កលក្ខណៈ​ងាយស្រួល ដើម្បីឈានចូលក្នុងប្រព័ន្ធ។ រាជរដ្ឋាភិបាលនឹងពង្រាយយន្តការ និងពង្រឹងយន្តការគ្រប់គ្រង និងភាពប្រទាក់ក្រឡាគ្នារវាងវិធានការដែលត្រូវអនុវត្តដោយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បី​ធានាសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត និងការកែសម្រួលនីតិវិធីឲ្យបានជាអតិបរមា។

ទី២ ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព។ រាជរដ្ឋាភិបាលនឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាពឲ្យបានជាអតិបរមា បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុត្តិជាច្រើន និងធានានូវភាពអាចប៉ាន់ប្រមាណបានសម្រាប់ការប្រកបមុខរបរ និងធ្វើការងារ។

ទី៣ ផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈា​នចូលក្នុងប្រព័ន្ធ។ រាជរដ្ឋាភិបាលនឹងពង្រឹង ពង្រីកវិសាលភាពនៃមូលធន មូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្ដល់ការគាំទ្រផ្នែកសុវត្ថិភាពការងារ សំដៅផ្ដល់នូវការគាំពារសុខភាពដល់ក្រុមអាទិភាព ដើម្បីឲ្យមានលទ្ធភាពនឹងអាចរស់នៅក្នុងប្រព័ន្ធ ក្នុងកម្រិតជីវភាពមួយសមរម្យ និងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រ ឬទទួលរងហានិភ័យខាងជីវភាព។

ទី៤ លើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូលនៅក្នុងប្រព័ន្ធ។ រាជរដ្ឋាភិបាលនឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលនៅក្នុងការទទួលបានសេវាសាធារណៈ និងការគាំទ្រផ្សេងៗ ការពង្រឹងការបណ្ដុះបណ្ដាលជំនាញ ការបង្កើតលទ្ធភាពស្វែងរកទីផ្សារ ជាដើម នៅក្នុងគោលដៅជំរុញឲ្យអ្នកដែលបានឈានចូលក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

និងទី៥ ពង្រីកនិងពង្រឹងការផ្សព្វផ្សាយការលើកកម្ពស់ការយល់ដឹង និងការចូលរួម។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលនឹងពង្រីក និងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏នឹងជួយជំរុញការរៀបចំសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការចូលរួមនៅក្នុងការរៀបចំគោលនយោបាយផ្សេងៗ។

ខ្ញុំសូមលើកថា កាលពីថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៣ ខ្ញុំបានសង្កេត​ឃើញការផ្សព្វផ្សាយអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដែលប្រកបមុខរបរតូចតាចក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជុំវិញការតម្រូវឲ្យមានការស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាព​អាជីវកម្ម។ ភ្លាមៗនោះនៅថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំបានផ្ដល់ការណែនាំឲ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការសិក្សាជាបន្ទាន់។ ខ្ញុំក៏បានសម្រេចដាក់ចេញនូវសេចក្ដីសម្រេចលេខ ១០០ ស.ស.រ ស្ដីពីការផ្អាកការផ្ដល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។ នេះគឺជាឧទាហរណ៍តូចមួយដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្ដេជ្ញាចិត្ត និងការបន្តការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់ប្រជាជន ជាពិសេស អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្រ្ត ស្ដីពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨” ក្នុងថ្ងៃនេះ ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា យុទ្ធសាស្រ្តជាតិនេះនឹងក្លាយជាប្រទីបបំភ្លឺ និងត្រួសត្រាយផ្លូវ និងជាទុនយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងការតម្រង់ទិសការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់យ៉ាងពិតប្រាកដ សមស្របតាមគោលការណ៍មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ ទាំងក្នុងន័យអភិវឌ្ឍ ទាំងក្នុងន័យចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍ។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងផ្ដល់អាទិភាពខ្ពស់លើការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ដោយប្រគល់ភារកិច្ចឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួនាទីជាស្ថាប័នបង្គោលក្នុងការជំរុញការអនុវត្ត និងការតាមដានការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ប្រកបដោយប្រសិទ្ធភាព​ និងស័ក្ដិសិទ្ធភាព ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ខ្ញុំសូមស្នើឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការគ្រប់ថ្នាក់ ត្រូវខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិនេះ តាមដែនសមត្ថកិច្ចរៀងៗខ្លួន។ ទន្ទឹមគ្នានេះ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាធុរជន វិនិយោគិន សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងស្ថាប័នជាតិនិងអន្តរជាតិ ចូលរួមឲ្យបានផុសផុលក្នុងការគាំទ្រការអនុវត្ត និងទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមា ពីយុទ្ធសាស្រ្តជាតិដ៏មានសារសំខាន់នេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងសមាជិក/ជិកាអង្គពិធីទាំងមូល សូមប្រកបដោយសុខភាពល្អបរិបូណ៌ មានសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់ដ៏សែនត្រជាក់នៃសុខសន្តិភាព។ ខ្ញុំសូមប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ យុទ្ធសាស្រ្តជាតិ ស្ដីពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨” ចាប់ពីពេលនេះតទៅ៕

]]>
https://pressocm.gov.kh/archives/86000/feed 0
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៩ https://pressocm.gov.kh/archives/85953 https://pressocm.gov.kh/archives/85953#respond Tue, 10 Oct 2023 08:43:26 +0000 https://pressocm.gov.kh/?p=85953 នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលកម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។

ជាកិច្ចចាប់ផ្តើម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហាររវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ ហើយជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងសិក្សា និងស្នាក់នៅប្រទេសអ៊ីស្រាអែលថា «សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិត គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ហើយគ្រប់ភាគីពាក់ព័ន្ធបាននឹងបន្តខិតខំតាមដានទាំងយប់ទាំងថ្ងៃ ជាប់ជាប្រចាំ ដើម្បីធានាផ្តល់នូវការការពារ និងសុខសុវត្ថិភាពជូននិស្សិត និងប្រជាពលរដ្ឋរបស់កម្ពុជាយើង» ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធថា «ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលទាំងក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧ នេះ។ ដូចនេះ រាជរដ្ឋាភិបាលខិតខំយកអស់កម្លាំងកាយចិត្តក្នុងការយកចិត្តទុកដាក់ គិតគូរធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងលទ្ធភាពជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានទាន់ពេលវេលា ស្របតាមគោលដៅអនុវត្តមុនដំណាច់ឆ្នាំ ២០២៣ ។ តាមទស្សនៈវិស័យនេះ, សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលរួមជួយក្នុងទិដ្ឋភាព ៣យ៉ាង រួមមាន៖ ១) ជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ២) ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និង ៣) ជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ»។
សម្តេចធិបតី ក៏បានលើកទ្បើងផងដែរថា ដើម្បីផ្តល់នូវការធានា និងលើកទឹកចិត្តដល់ប្រជាជនដែលប្រកបរបរមានលក្ខណៈតូច និងមធ្យម ហើយស្ថិតក្រៅប្រព័ន្ធ អាចចូលរួមក្នុងការចុះបញ្ជី និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយបាន, រាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុគ្រោះដែលជាអត្ថប្រយោជន៍ជាច្រើនជូនដល់សហគ្រាសធុនតូច និងមធ្យម មានជាអាទិ៍៖ ១) ផ្តល់ការលើកលែងការផាកពិន័យ និងបំណុលទាំងអស់ក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ដើម្បីបើកផ្លូវឱ្យសហគ្រាសដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចធ្វើអន្តរកាល និងចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ, ២) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព, ៣) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ តាម​រយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញ អនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី, ៤) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី, ៥) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់សម្រាប់រយៈពេល ២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចឱ្យចុះបញ្ជី, ៦) កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជិកាសៀវភៅ បញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែ សម្រាប់សហគ្រាសដែលមានចំនួនកម្មករ និយោជិតតិចជាង ៨នាក់, ៧) ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅថ្នាក់ជាតិ ដើម្បីធានាការចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយនិងមួយលើកក្នុងមួយឆ្នាំ, ៨) រៀបចំការ​ចុះ​ត្រួតពិនិត្យ ឬធ្វើ​អធិការកិច្ច​រួមគ្នា​ក្នុង​ពេល​តែមួយនិងតែមួយលើកក្នុងមួយឆ្នាំ​ នៅថ្នាក់ក្រោមជាតិ​ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ និង៩) រៀបចំបង្កើតបទដ្ឋានគតិយុត្ត ក្របខ័ណ្ឌ និងយន្តការ ដែលផ្តល់ស្ថានភាពស្របច្បាប់(Legal Status) ជាសហគ្រាសធុនមីក្រូនិងតូច(MSEs) ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល ៥ឆ្នាំ ជាដើម។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមផងដែរថា ដើម្បីទទួលបានជោគជ័យ ក្នុងអនុវត្តយុទ្ធសាស្ត្រជាតិនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្ត្រ ៥ ចំណុច ដូចជា៖ទី១) ​កំណត់ កែសម្រួល និងរៀបចំយន្តការ ដែលបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រឹងយន្តការគ្រប់គ្រង និង ភាពប្រទាក់ក្រឡារវាងវិធានការដែលត្រូវអនុវត្តដោយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត​ និងការកែសម្រួលនីតិវិធីឱ្យបានជាអតិបរមា។ ទី២) រាជរដ្ឋាភិបាលនឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាពឱ្យបានជាអតិបរមា, បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុត្តច្រើន និង ធានានូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការប្រកបមុខរបរ និងធ្វើការងារ។ ទី៣) ផ្តល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រីក និង ពង្រឹងវិសាលភាពនៃមូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្តល់ការគាំទ្រផ្នែកសុវត្ថិភាពការងារ សំដៅធានាផ្តល់នូវការគាំពារសុខភាព ដល់ក្រុមអាទិភាពដើម្បីឱ្យមានលទ្ធភាពនិងអាចរស់នៅក្នុងប្រព័ន្ធ ក្នុងកម្រិតជីវភាពមួយសមរម្យ និងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រ ឬទទួលរងហានិភ័យខាងជីវភាព ។ ទី៤) ​រាជរដ្ឋាភិបាល នឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈនិងការគាំទ្រផ្សេងៗ, ការពង្រឹងការបណ្តុះបណ្តាលជំនាញ, ការបង្កើតលទ្ធភាពស្វែងរកទីផ្សារ ជាដើម ក្នុងគោលដៅជំរុញឱ្យអ្នកដែលបានឈានចូលក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ និងទី៥) ​រាជរដ្ឋាភិបាល នឹងពង្រីក និងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ, និងការលើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។ ទន្ទឹមគ្នានេះរាជរដ្ឋាភិបាលក៏នឹងជំរុញការរៀបចំសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការចូលរួមក្នុងការរៀបចំគោលនយោបាយផ្សេងៗ ។

 

]]>
https://pressocm.gov.kh/archives/85953/feed 0
សារសំឡេងពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិអំពីករណីនៅប្រទេសអ៊ីស្រាអែល https://pressocm.gov.kh/archives/85996 https://pressocm.gov.kh/archives/85996#respond Tue, 10 Oct 2023 05:18:45 +0000 https://pressocm.gov.kh/?p=85996

CNV:

ជូនចំពោះជនរួមជាតិទាំងអស់ជាទីស្រឡាញ់!

ខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូនពីការវិវត្តពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរ ជាពិសេស ប្អូនៗ និងក្មួយៗនិស្សិតខ្មែរ​ ដែលកំពុងរស់នៅ និងធ្វើការសិក្សា​នៅក្នុងប្រទេសអ៊ីស្រាអែល។

ជាដំបូង ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនឹងគ្រួសារសពរបស់និស្សិតខ្មែរយើងម្នាក់ គឺប្អូនប្រុស ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុម​ហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។

ខ្ញុំសូមយកឱកាសនេះធ្វើការបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេស និស្សិតរបស់យើង និងប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេស និស្សិតរបស់យើងដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នចារកិច្ចនៃក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានតាមដានសភាពការណ៍ទាំងអស់ ទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីសភាពការណ៍ផ្ទុះឡើងនៅប្រទេសអ៊ីស្រាអែល ហើយបានខិតខំគ្រប់មធ្យោបាយដើម្បីធានានូវសុវត្ថិភាពបងប្អូនយើងនៅទីនោះ។

នៅពេលដែលសភាពការណ៍ផ្ទុះឡើង ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងស្ថាប័នចារកិច្ចក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់កម្ពុជា ឲ្យទំនាក់ទំនងតាមគ្រប់មធ្យោបាយ​ជាមួយស្ថាប័នពាក់ព័ន្ធរបស់ប្រទេសអ៊ីស្រាអែល ក៏ដូចជាប្រភពផ្សេងៗដែលយើងមានទំនាក់ទំនងបាននៅក្នុងប្រទេសអ៊ីស្រាអែល ដែលរួមមាននិស្សិតនិងប្រជាពលរដ្ឋយើងដែលនៅទីនោះ ក្នុងគោលដៅ ៣៖

ទី១ គឺកំណត់ឲ្យបាននូវចំនួន និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរ ដែលមានវត្តមាននៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង។ ទី២ ព្យាយាមទំនាក់ទំនងជាមួយនិស្សិត និងប្រជាពលរដ្ឋយើងនៅទីនោះ ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានព័ត៌មានថាពួកគេសុវត្ថិភាព ឬយ៉ាងណា និងកំណត់ថា ពួកគេកំពុងស្ថិតនៅក្នុងតំបន់សុវត្ថិភាព ឬតំបន់ក្រហម​ ដែលមានជម្លោះ។ (និងទី៣) នៅក្នុងករណីដែលមាននិស្សិត ឬប្រជាជនខ្មែរយើង ដែលយើងកំណត់អត្តសញ្ញាណនៅក្នុងតំបន់ក្រហម ត្រូវព្យាយាមទំនាក់ទំនងជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីជួយសង្គ្រោះ និងជម្លៀសពួកគេចេញពីតំបន់ក្រហម ទៅកាន់តំបន់សុវត្ថិភាពឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន

ជាលទ្ធផល គិតត្រឹមម៉ោង ៧ ព្រឹកនេះ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យើងកំណត់បានចំនួនប្រជាពលរដ្ឋខ្មែរនៅអ៊ីស្រាអែល ដែលមានវត្តមាននៅទីនោះ ៤៥៤ នាក់ បូកនឹងសាកសពម្នាក់ដែលបានស្លាប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងចំណោម ៤៥៤ នាក់នោះ យើងទាក់ទងបាន ៤៥៤ នាក់ ពោលគឺទាក់ទងបានទាំងអស់គ្នា មកដល់ម៉ោងនេះគឺផ្ទាល់តែម្ដង ដែលបញ្ជាក់ពីសុវត្ថិភាពរបស់បងប្អូន។ ហើយក្នុងចំណោម ៤៥៤ នាក់នោះ គឺមាន ៣២៣ នាក់​ បានចល័តដល់ទីតាំងសុវត្ថិភាព និង ១៣១ នាក់ នៅទីតាំងដែលមានហានិភ័យនៅឡើយ ដោយសារ(នៅ)ទីតាំងដែលមាននៅលឺសូរការប្រយុទ្ធគ្នាម្ដងម្កាលនៅឡើយ។

រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកម្ពុជា នៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ រហូតដល់ប្រជាជនខ្មែរយើងនៅក្នុងប្រទេសអ៊ីស្រាអែល​គ្រប់រូបបានដល់ទីសុវត្ថិភាពគ្រប់ៗគ្នា។ កិច្ចការនេះខ្ញុំសុំអំពាវនាវឲ្យបងប្អូនខ្មែរយើងនៅប្រទេសអ៊ីស្រាអែល ជាពិសេស ប្អូនៗក្មួយៗនិស្សិតបន្តយកចិត្តទុកដាក់ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពឲ្យបានម៉ឺងម៉ាត់ចំពោះរាល់ការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ សូមឲ្យបងប្អូនរក្សាភាពស្ងៀមស្ងាត់ និងជឿជាក់ទៅលើសមត្ថភាពរបស់អាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះ ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ រួមមានប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិដែលរស់លើទឹកដីអ៊ីស្រាអែល រួមទាំងបងប្អូនខ្មែរយើងផងដែរ។

រដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាក់ជូនបណ្ដាប្រទេសដែលមានប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ីស្រាអែល ថាអ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ដែលនៅក្នុងប្រទេស មិនថាជនជាតិអ៊ីស្រាអែល ឬជនបរទេសទេ។ រដ្ឋាភិបាលអ៊ីស្រាអែលនឹងផ្ដល់ការជួយជនបរទេសដូចជនជាតិអ៊ីស្រាអែលផងដែរ។

ខ្ញុំក៏សូមឆ្លៀតឱកាសនេះថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មន្រ្តីជាន់ខ្ពស់នៃស្ថាប័នសន្តិសុខជាតិរបស់យើង ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសទួកគី និងអេហ្ស៊ីប កុងស៊ុលកិត្តិយសកម្ពុជានៅអ៊ីស្រាអែល ប្អូនស្រី ចាន់ណេ ដែលជាស្ដ្រីខ្មែររៀបការប្ដីជនជាតិអ៊ីស្រាអែល ប្អូនៗតំណាងនិស្សិត និងនិស្សិតខ្មែរនៅអ៊ីស្រាអែល ដែលបានរួមគ្នាជួយក្នុងការសម្របសម្រួល និងការទំនាក់ទំនងចែករំលែកព័ត៌មានទាន់ពេលវេលា ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការនិងសហការជាមួយអាជ្ញាធរអ៊ីស្រាអែលក្នុងការជួយសង្រ្គោះបងប្អូនខ្មែរយើង ដែលនៅទីនោះ និងនាំគេចេញពីតំបន់ហានិភ័យ ទៅកន្លែងតំបន់សុវត្ថិភាព។ ហើយខ្ញុំក៏សូមអរគុណផងដែរចំពោះស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវាសដ្ឋាននៅបាងកក អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចអ៊ីស្រាអែល បណ្ដាសាលា និងស្ថាប័នពាក់ព័ន្ធនៅអ៊ីស្រាអែល ដែលផ្ដល់ការសហការ និងជួយដល់និស្សិតខ្មែរនៅទីនោះ ក្នុងដំណាក់កាលលំបាកនេះ។

ខ្ញុំសង្ឃឹមថា ការប្រយុទ្ធគ្នានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ តាមរយៈការរកដំណោះស្រាយនៃការចរចាគ្នា ជាជាងការប្រើប្រាស់អាវុធ និងការដោះលែងជនស៊ីវិល និងចំណាប់ខ្មាំងទាំងអស់ដោយសុវត្ថិភាព។ ស្ថានភាពនេះក៏បានបញ្ជាក់ឲ្យយើងទាំងអស់គ្នា យល់ពីតម្លៃនៃពាក្យថាសន្តិភាព ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីថែរក្សាឲ្យបានជាដាច់ខាត កុំឲ្យកើតមាន(នូវស្ថានភាពប្រយុទ្ធគ្នាបែបនេះ)លើទឹកដីកម្ពុជាយើង។

ជាចុងក្រោយ ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិទាំងអស់ជាថ្មីម្ដងទៀតថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតរបស់យើងដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយើងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងចាត់វិធានចាំបាច់និងទាន់ពេលវេលានានា ជាពិសេសការសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើង ជាពិសេស និស្សិតរបស់យើង ដែលមានវត្តមានក្នុងប្រទេសអ៊ីស្រាអែលនៅពេលនេះ។

ខ្ញុំសូមអរគុណ!

]]>
https://pressocm.gov.kh/archives/85996/feed 0
ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ https://pressocm.gov.kh/archives/85945 https://pressocm.gov.kh/archives/85945#respond Tue, 10 Oct 2023 00:18:22 +0000 https://pressocm.gov.kh/?p=85945
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។
 
«សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និង​សេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារ​ធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន​សុវត្ថិភាព​ចំណី​អាហារ ការប្រមូលពន្ធជាដើម។
 
«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបាន​ដាក់​ចេញ​ជាមួយ​ចក្ខុ​វិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈាន​ចូល​ក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំង ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាព​របស់​ប្រជា​ជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកប​ដោយ​ចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
 
យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិត​​ភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូល​រួមទៅ​ក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីក​ចម្រើ​ន​ទៅ​មុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារ​ចិញ្ចឹមជីវិតនៅកម្ពុជា។
 
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្របតាមចក្ខុវិស័យ និងគោលបំណងខាងលើ យុទ្ធ​សាស្ត្រ​ជាតិនេះ ដាក់ចេញគោលដៅសំខាន់ៗចំនួន៤ ដូចខាងក្រោម៖
 
ទី១៖ បង្កលក្ខណៈងាយស្រួលដល់ការឈានចូលក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឬនិយាយម្យ៉ាងទៀត ឈានចូលក្នុងប្រព័ន្ធអភិវឌ្ឍន៍អន្តរកាលមួយ (Into the System) មុននឹងអាចចូលរួមបានពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ទី២៖ ផ្តល់ប្រយោជន៍ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ដើម្បីធានាថា មិនធ្លាក់​ចូល​ទៅ​ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ ទោះបីក្នុងករណីមិនអាចចូលរួម ពេញលេញ​ក្នុងសេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធក៏ដោយ។
ទី៣៖ ថែបំប៉នអ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ឱ្យរីកធំធាត់ ដើម្បីអាចចូលរួមពេញ​លេញ​ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ទី៤៖ លើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ ក៏ដូចជាការលើកកម្ពស់​ការចូល​រួម​របស់​គ្រប់តួអង្គពាក់ព័ន្ធ។
 
ដើម្បីសម្រេចចក្ខុវិស័យ គោលបំណង និងគោលដៅខាងលើ ការរៀបចំ និងអនុវត្តយុទ្ធ​សាស្ត្រ​ជាតិនេះ ត្រូវអនុលោមតាមអភិក្រមសំខាន់ៗ ដែលមានភាពប្រទាក់ក្រឡា គ្នា ដូចខាងក្រោម៖
ទី១៖ កំណត់វិសាលភាព និងការធ្វើអាទិភាវូបនីយកម្ម ពិសេសការកំណត់វិស័យ និង​ប្រភេទ​​អាជីវកម្ម មុខរបរ និងការងារអាទិភាព ដើម្បីអាចឆ្លើយតបទៅ នឹងភាពមាន​កម្រិត​នៃធនធានរបស់រាជរដ្ឋាភិបាល និងទំហំដ៏ធំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​នៅ​កម្ពុជា។
ទី២៖ មានភាពទន់ភ្លន់ និងបត់បែន ដោយផ្តោតការយកចិត្តទុកដាក់លើមនុស្ស ក្នុងរយៈ​ពេល​ខ្លី តាមរយៈការផ្ដល់កិច្ចគាំពារសង្គម និងការពង្រឹងសមត្ថភាព និងផលិតភាព ដែល​ប្រៀបបាននឹងការទាក់ទាញឱ្យចូលរួមទៅក្នុងប្រព័ន្ធ (System) ដែលមានស្រាប់ (ដូចជា​មូលនិធិសមធម៌សុខាភិបាល និង ការបណ្តុះបណ្តាលជំនាញជាដើម) មុននឹងអាច​ចូលរួម​ទៅ​ក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធឱ្យបានពេញសក្តានុពល។
ទី៣៖ ជំរុញការធ្វើអន្តរកាលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅសេដ្ឋកិច្ចក្នុងប្រព័ន្ធ សម្រាប់រយៈ​ពេល​មធ្យម និងវែង ដើម្បីកាត់បន្ថយបន្តិចម្ដងៗនូវទំហំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការ​គាំ​ពារដែលផ្អែកលើភាគទាន (Contribution-Based) ព្រមទាំងបង្កើនចំណូល​ និង​ការ​ចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទី៤៖ កំណត់និយមន័យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុង​ការគ្រប់គ្រង និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
 
យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកម្មវិធីគោលនយោបាយ​អាទិ​ភាព​មួយ ក្នុង​ចំណោម​កម្មវិធីគោលនយោបាយអាទិភាពទាំង៦​ របស់រាជរដ្ឋាភិបាល​នីតិ​កាល​ថ្មី។
 
កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលថ្មីរួមមាន៖
១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួមក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព​កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
 
កម្មវិធីនយោបាយអាទិភាពទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលគ្រោងប្រកាសដាក់អនុវត្តន៍ជា​បន្ត​បន្ទាប់​មុនដំណាច់ឆ្នាំ២០២៣ ដើម្បីធានាបានការផ្តល់អត្ថប្រយោជន៍នានាដល់ប្រជា​ពល​រដ្ឋ។
 
នៅកម្ពុជា ប្រជាជនមានការងារធ្វើ (Employed Population) មានចំនួនសរុបជិត ៧.៩លាននាក់ (យោងតាមអង្កេតកម្លាំងពលកម្ម ឆ្នាំ២០១៩ ) ក្នុងនោះប្រជាជនមានការងារធ្វើក្នុងប្រព័ន្ធ (Formal Sector) មានចំនួនជិត១.៧លាននាក់ ឬ២១.៥នៃប្រជាជនមានការងារធ្វើសរុប។ ដោយឡែក ប្រជាជនមានការងារធ្វើជិត ៦.២លាននាក់ផ្សេងទៀត ធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ (Informal Sector)៕
]]>
https://pressocm.gov.kh/archives/85945/feed 0