ប្រគល់សញ្ញាបត្ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Fri, 26 May 2023 13:50:50 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png ប្រគល់សញ្ញាបត្ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ប្រគល់សញ្ញាបត្រជូននិស្សិតនៃ​សាកលវិទ្យាល័យបៀលប្រាយ សរុបប្រមាណ ៤,៥៦៦ នាក់ https://pressocm.gov.kh/archives/82373 https://pressocm.gov.kh/archives/82373#respond Thu, 16 Mar 2023 13:24:29 +0000 https://pressocm.gov.kh/?p=82373 CNV:

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះ អង្គជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក/ស្រី (និង)ជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីមេត្រី!

(១) សាកលវិទ្យាល័យបៀលប្រាយ រួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរស្ថានភាពនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រជូនចំពោះជ័យលាភី សម្រាប់ ៤ ៥៦៦ នាក់ នៅសាកលវិទ្យាល័យ បៀលប្រាយ។ ច្បាស់ណាស់ថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺការចែកសញ្ញាបត្រនៅតាមសាកលវិទ្យាល័យនានាត្រូវបានធ្វើ (និងមាន)និស្សិតរាប់ម៉ឺននាក់ត្រូវបានទទួលសញ្ញាបត្រ (ដែលនេះ)បង្ហាញឱ្យឃើញអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។ ធន​ធានមនុស្ស គឺជាគន្លឹះសំខាន់នៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ក្នុងនោះ សាកលវិទ្យាល័យ បៀលប្រាយ ក៏បានដើរតួនាទីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ (យោងតាម)របាយការណ៍របស់ ឯកឧត្តម ឌៀប សីហា សាកលវិទ្យាធិការក៏បានបញ្ជាក់ហើយ មកដល់ពេលនេះសាកលវិទ្យាល័យបាន បណ្តុះបណ្តាល(និស្សិត)រហូតទៅដល់ជាង ៨៨ ០០០ នាក់ និងនិស្សិតដែលកំពុងតែបន្តការសិក្សាមាន(ចំនួន) ២​៤ ៤០០ នាក់បន្ថែមទៀត។ ដូច្នេះ វឌ្ឍនភាពនៃសាកលវិទ្យាល័យ បៀលប្រាយ និយាយដោយឡែក និងនិយាយរួម សម្រាប់គ្រឹះស្ថានអប់រំទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកដ៏ធំ​ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរនៃស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

(២) គណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាល ជានិមិត្តរូបនៃការផ្លាស់ប្តូរនៃព្រះរាជាណាចក្រកម្ពុជា

យើងធ្លាប់បានលឺគណបក្សខ្លះនិយាយថា ពួកគេជានិមិត្តរូបនៃការផ្លាស់ប្តូរ។ ខ្ញុំសូមបញ្ជាក់ថា គណបក្សប្រជាជន (ដែល)ដឹកនាំ(រាជ)រដ្ឋាភិបាលទៅវិញទេ ដែលជានិមិត្តរូបនៃការផ្លាស់ប្តូរនៃព្រះរាជាណាចក្រកម្ពុជា … ហេតុ​អ្វីបានជាគណបក្សប្រជាជន (ដែល)ដឹកនាំ(រាជ)រដ្ឋាភិបាលហ៊ានអះអាងថាជានិមិត្តរូបនៃការផ្លាស់ប្តូរ? យើងបានឃើញជាក់ស្តែងរួចហើយតើ ការផ្លាស់ប្តូរពីវាលពិឃាតមកកាន់ការរស់រានមានជីវិតឡើងវិញ។ ការផ្លាស់ប្តូរពីសង្គ្រាមមកកាន់សន្តិភាព។ ការផ្លាស់ប្តូរពីភាពក្រីក្រតោកយ៉ាកមកកាន់ស្ថានភាពដែលប្រទេសមួយមានប្រាក់ចំណូលមធ្យមកម្រិតទាប និងអាចឈានទៅដល់ការផ្លាស់ប្តូរនៅឆ្នាំ២០៣០ សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យើងនឹងអាចចេញផុតពី(ចំណាត់ថ្នាក់)ប្រទេសអភិវឌ្ឍន៍តិចតួច។ នេះជាការផ្លាស់ប្តូរមានចរិតជាក់ស្តែងនិយម ដែលយើងបានឃើញ។

(៣) គណបក្សប្រជាជនតែមួយគត់ដែលនាំទៅដល់ការផ្លាស់ប្តូរ

សូម្បីតែចុះពីលើរថយន្តអម្បាញ់មិញនេះ ខ្ញុំអើតមើលទៅលើអគារនោះ សួរអ្នកទាំងឡាយ អត់ដឹងថាអគារហ្នឹងកម្ពស់ប៉ុន្មានផង? មិនដឹងថាជារបស់អ្នកណាផង? ពីដើមប្រវត្តិកោះពេជ្រជាស្អី? កោះពេជ្រនេះគ្រាន់តែជាកន្លែងនាវាដឹកជញ្ជូនមួយ ដែល(បាន)លិចនៅទីនេះ។ យូរៗទៅដីល្បាប់មកចាក់នៅ(កន្លែង)ហ្នឹង។ បន្តទៅព្រៃត្រែងដុះពេញហ្នឹង។ ខ្ញុំនៅរក្សាទុកវីដេអូ ដែលខ្ញុំនាំកូនៗរបស់ខ្ញុំមករត់លេង កាលហ្នឹងនៅខាងមុខមហោស្រពទន្លេបាសាក់ យើងនាំគ្នាទប់ដីខ្លាចទឹកឡើងចូលក្នុងទីក្រុង … ជំនាន់ហ្នឹងបង ហេង សំរិន មកដាក់ឈ្នាង (និង)បង ជា សុទ្ធ មកដាំប៉េងប៉ោះ។ កាលពីមុន ទីក្រុងភ្នំពេញអត់មានអគារខ្ពស់(ទេ)។ អគារ(កម្ពស់)ត្រឹមតែ ៧ ជាន់ (គឺ)មាន ១ ខ្នងទៅទៀត។ ឥឡូវនេះ ភ្នំពេញមិនមែនមានអគារ (កម្ពស់តែ) ៧ ជាន់(មួយទៀតនោះ)ទេ មានអគារ ២០ ជាន់, ៣០ ជាន់, ៤០ ជាន់។ នោះ(ហើយ)វាជានិមិត្តរូប នៃការផ្លាស់ប្តូរ។ ដូច្នេះ គណបក្សប្រជាជន គឺជាគណបក្សតែមួយគត់ដែលនាំទៅដល់ការផ្លាស់ប្តូរ។

(៤) មិនមែនគ្រាន់តែជានិមិត្តរូបទេ តែជាការផ្លាស់ប្តូរលើការជាក់ស្តែង

ចាប់ពីពេលនេះតទៅ គណបក្ស(ប្រជាជន)ក៏និយាយអំពីខ្លួនជានិមិត្តរូបនៃការផ្លាស់ប្តូរជាក់លាក់មួយ ហើយយើងក៏បានធ្វើរឿងពិត។ ពីមុនអត់មានសាលារៀន ឬមានដែរតែមានតិចតួច ហើយរៀនបានតិច។ សិស្សានុ​សិស្សដែលពីមុននេះអត់បានរៀន ឬរៀនបានតិចតួច។ ឥឡូវនេះ ក្រៅពីសាកលវិទ្យាល័យបៀលប្រាយ ដែលមានសាខានៅទីក្រុងភ្នំពេញ ក៏មានសាខានៅតាមបណ្តាខេត្តផងដែរ។ ពីសិស្សអត់សាលារៀន ទៅជាសិស្សមានសាលារៀន តើវាមិនមែនជានិមិត្តរូបនៃការផ្លាស់ប្តូរទេអ្ហី? វាមិនមែនគ្រាន់តែជានិមិត្តរូបទេ តែវាជាការផ្លាស់ប្តូរលើការជាក់ស្តែង។ ការភូតកុហកណាមួយ មិនអាចយកដៃបាំងព្រះអាទិត្យបានទេ … ជាក់ស្តែង នៅគ្រប់បណ្តាខេត្ត-រាជធានី គឺសុទ្ធតែមានការអភិវឌ្ឍន៍ទាំងអស់។ រូបភាពនេះ តើវាជានិមិត្តរូបឱ្យការផ្លាស់ប្តូរ ឬក៏ជាការក្លែងក្លាយ? នេះសុទ្ធតែក្មួយៗ ចៅៗ នាំគ្នាថតដោយសម្លៀកបំពាក់ស្អាតបាតនេះអាហ្នឹងវាយ៉ាងម៉េច ដែលកាលពីមុនយើងរកតែខោអាវស្លៀកមិនបានផង។

(៥) ក្រុមប្រឆាំងអួតខ្លួនជានិមិត្តរូបនៃការផ្លាស់ប្តូររបប

ខ្ញុំមិនមែនយកបន្លាជួសបន្លាទេ។ ខ្ញុំយកញញួរទៅវាយបន្លា​។ អ្នកណាធ្វើឱ្យ(មាន)ការផ្លាស់ប្តូរពិតប្រាកដ? បើសិនជាអ្នកឯងនិយាយត្រឹមតែនិមិត្តរូបនៃការផ្លាស់ប្តូររបបបាន។ អ្នកឯងចង់ជានិមិត្តរូបនៃការផ្លាស់ប្តូររបប។ ប៉ុន្តែបើអ្នកឯងនិយាយអំពីនិមិត្តរូបនៃការផ្លាស់ប្តូរសង្គ្រាមមកកាន់សន្តិភាព ពីរបបប្រល័យពូជសាសន៍មកកាន់ការរស់រានមានជីវិត ពីការអត់មានអ្វីមកមានអ្វីដែលមាន គឺអាហ្នឹងខ្ញុំមិនអាចជឿអ្នកឯង។ អ្នកឯងអត់បានធ្វើអាហ្នឹងទេ។ អ្នកឯងគ្រាន់តែស្រមៃចង់បានអំណាចប៉ុណ្ណោះ។ ខ្ញុំមិនដាក់ផ្លែដាក់ផ្កាឱ្យអ្នកណាទេ ក៏ប៉ុន្តែ និយាយច្រើនពេកអំពីនិមិត្តរូបនៃការផ្លាស់ប្តូរ។ អញ្ចឹងទេ សម្រាប់គណបក្សប្រជាជនពីពេលហ្នឹងទៅ ប្រកាសថា ខ្លួនជានិមិត្តរូបនៃការផ្លាស់ប្តូរក្នុងប្រទេសកម្ពុជា។ នេះជាសារនយោបាយមួយកាត់ព្រឹកតែម្តង។ ហើយនេះវាជារឿងពិត។

(៦) សង្ឃខ្មៅ ដាច់សីល ដោយសារមុសា

យើងគិតមើល កាលពីឆ្នាំ ១៩៧៩ យើងមានអ្វីទៅ? អត់មានទេ។ ឯអ្នកកើតក្រោយឆ្នាំ ១៩៧៩ សួរឪពុកម្តាយ/ជីដូនជីតារបស់ខ្លួនមើល តើយ៉ាងម៉េច? ព្រះតេជព្រះគុណជាព្រះសង្ឃ ក៏កាន់តែត្រូវយល់អំពីបញ្ហាហ្នឹងថែមទៀតហើយ ព្រោះព្រះសង្ឃគេមិនឱ្យភូតទេ។ និយាយរួម មនុស្សគេមិនឱ្យភូតតែម្ដង។ ព្រះសង្ឃមានភាសាមួយ ត្រង់ចំណុចថា កុំមុសា។ សុំសីលម្ដងៗ គឺមុសា មិនដែលចោលទេ ប៉ុន្តែ បើព្រះសង្ឃទៅមុសាហើយ (គឺ)ចប់ហើយ។ ដូចអាខ្មៅ អាហ្នឹង គឺមុសារហូត។ ជេម សុខ អើយ! ផ្ដាំពីនេះទៅផង ទៅទារលុយពីអាខ្មៅ។ អាខ្មៅហ្នឹងថា ជេម សុខ ឯងទទួលលុយពីខ្ញុំ ១០ ម៉ឺនដុល្លារ។ ឥឡូវ ទៅទារពីអាខ្មៅហ្នឹងទៅ។ អាហ្នឹងគេហៅថា សង្ឃដាច់សីល ត្រង់ថា គាត់យកស្បង់ចីពរយកមកគ្រប ប៉ុន្តែគាត់មុសា។ តែមុសាដាច់សីលហើយ ចាំបាច់ហៅព្រះតេជព្រះគុណធ្វើអីអាមួយហ្នឹង។

(៧) សង្គតិភាពគុណភាពអប់រំ រវាងភ្នំពេញនឹងសាខានៅតាមបណ្ដាខេត្ត

ខ្ញុំពិតជាមានការកោតសរសើរជាមួយនឹងវឌ្ឍនភាព ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនេះ។ ខ្ញុំនៅបន្តលើកទឹកចិត្តឱ្យសាកលវិទ្យាល័យនេះ បន្តការខិតខំប្រឹងប្រែង ដើម្បីបន្តដំណើរការតទៅទៀតនៅតាមបណ្ដាខេត្ត។ អ្វីដែលជាសំណូមពររបស់ខ្ញុំ គឺនៅត្រង់ថា ពង្រឹងគុណភាព កុំឱ្យ បៀលប្រាយ តែមួយប៉ុន្តែគុណភាពខុសគ្នា រវាងអ្នករៀននៅភ្នំពេញ និង(រៀននៅ)ខេត្តនេះ/នោះ។ ត្រូវធ្វើយ៉ាងម៉េចឱ្យគុណភាពដូចគ្នា។ នោះគឺជាការរួមចំណែកដើម្បីកាត់បន្ថយនូវការលំបាករបស់និស្សិត។ ការធ្វើដំណើរពីបណ្ដាខេត្តមកកាន់រាជធានីភ្នំពេញ មិនមែនជាការងាយស្រួលទេ។ ឥឡូវនេះ យើងមានខេត្តតាកែវ ស្ទឹងត្រែង រតនគិរី សៀមរាប​ បាត់ដំបង បន្ទាយមានជ័យ ខេត្តព្រះសីហនុ និងត្បូងឃ្មុំ …។

(៨) លើកទឹកចិត្តឱ្យសាកលវិទ្យាល័យឯកជនចូលរួមរៀបចំបណ្ដាញឧត្តមសិក្សាតាមខេត្ត

មុនឆ្នាំ ១៩៧០ ជំនាន់ព្រះករុណាព្រះបិតា ព្រះអង្គក៏ធ្លាប់មានសាកលវិទ្យាល័យនៅខេត្តរួចស្រេចទៅហើយ ដូចជានៅខេត្តបាត់ដំបង/កំពង់ចាម ហើយអាច(មាន)កន្លែងខ្លះទៀត។ ឥឡូវនេះ យើងមានសាកលវិទ្យាល័យនៅបន្ទាយមានជ័យ​ នៅបាត់ដំបង នៅសៀមរាប នៅត្បូងឃ្មុំ នៅព្រៃវែង នៅស្វាយរៀង នៅកំពង់ចាម នៅក្រចេះ។ ប៉ុន្តែ ក្រៅពីនោះ យើងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យឯកជន ដើម្បីនឹងចូលរួមក្នុងការរៀបចំបណ្ដាញឧត្តមសិក្សានៅតាមខេត្ត ដែលវាជាការកាត់បន្ថយនូវការលំបាករបស់និស្សិត ដែលត្រូវបន្តការសិក្សា ហើយគ្មានកន្លែងស្នាក់នៅនៅទីក្រុងភ្នំពេញ។ ប៉ុន្តែ អ្វីដែលខ្ញុំសំណូមពរ​ គឺគុណភាពត្រូវតែដូចគ្នា រវាងអ្នករៀននៅភ្នំពេញ និងអ្នករៀននៅតាមបណ្ដាខេត្ត។ អញ្ចឹង បានជាត្រូវតែបណ្ដុះបណ្ដាលសាស្រ្តាចារ្យ ដែលមានកម្រិតដូចគ្នា ហើយបញ្ជូនទៅបង្រៀននៅតាមសាកលវិទ្យាល័យនានានៅឯតាមខេត្ត។

(៩) បន្តប្រកាន់យកវិធានការណ៍​ “៣ការពារ និង ៣កុំ”

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ និងអរគុណ ចំពោះថ្នាក់នាំ នៃសាកលវិទ្យាល័យ សាស្រ្តាចារ្យ ក៏ដូចជា និស្សិត ដែលបានរួមចំណែកនៅក្នុងការទប់ស្កាត់កូវីដ-១៩។ យើងមិនទាន់ឆ្លងផុតនៅឡើយទេ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនឆ្លង(មានតិច) មានថ្ងៃខ្លះ គឺទទេតែម្ដង។ ម្សិលមិញ​ ដូចមានតែម្នាក់ទេ(ឆ្លងកូវីដ-១៩)។ យើងមិនទាន់បោះបង់ចោលនូវវិធានការណ៍ទាំងឡាយដែលត្រូវប្រកាន់យក ពិសេសវិធានការណ៍ “៣ការពារនិង៣កុំ”។ ពិតហើយ “៣ការពារ” គឺងាយធ្វើជាង “៣កុំ”។ “៣កុំ” កន្លែងខ្លះធ្វើមិនបាន។ “៣កុំ”៖ ទី(១) កុំទៅកន្លែងមនុស្សច្រើន។ យើងកំពុងប្រជុំមនុស្ស ៤ពាន់នាក់។ ហ្នឹងយើងខ្លួនឯងជាអ្នកធ្វើ … ទី(២) កុំនៅក្នុងកន្លែងបិទជិត។ បើបិទមិនជិតទេ ម៉ាស៊ីនត្រជាក់នេះវាអត់ត្រជាក់ដែរ។ រឿងវាអញ្ចឹង។ ប៉ុន្តែ ការរក្សាគម្លាតអាចធ្វើបាន។ ដូចជាយើងដាក់នៅឃ្លាតៗពីគ្នាបន្ដិច។ ឯ “៣ការពារ” គឺពាក់ម៉ាស់ គឺនៅពាក់បាន។

យើងបានដោះកាតព្វកិច្ចពាក់ម៉ាស់ ក៏ប៉ុន្តែ សូមពាក់ម៉ាស់ដោយការស្ម័គ្រចិត្ត ព្រោះអ្នកខ្លះមានទម្លាប់ទៅ(ហើយ) ពាក់ទៅវាអត់មានស្អីទេ។ ប្រជាពលរដ្ឋយើងខ្លះពាក់ម៉ាស់តាំងពីមុនកូវីដ-១៩ កើតឯណោះ ពេលគាត់ធ្វើដំណើរតាមម៉ូតូ ឬក៏តាមមធ្យោបាយផ្សេងៗ ដែលគ្មានអីការពារ (គឺ)គាត់ពាក់ម៉ាស់ ធានាកុំឱ្យដីហុយចូលច្រមុះរបស់គាត់។ រក្សាការលាងដៃ (និង/ឬ)រក្សាគម្លាត។ គម្លាតដែលគេចង់និយាយ គឺគេហាមចាប់ដៃគ្នា។ នៅប្រទេសខ្លះអត់ទាន់ចាប់ដៃគ្នាទេ ចាប់ដៃតែមេធំៗទេ។ ជួនកាលគេបុកដៃគ្នា។ ហ្នឹងក៏ជាវិធីដើម្បីការពារខ្លួនដែរ។ ក៏ប៉ុន្តែ ពេលប្រជុំអាស៊ាននៅភ្នំពេញ ឃើញនាំគ្នាចាប់ដៃពេញតែហ្នឹង ប៉ុន្តែ ទីចុងបំផុត អត់មានមេដឹកនាំបរទេសណាមួយឆ្លងកូវីដ-១៩ នៅភ្នំពេញទេ។ បែរជាប្រធានអាស៊ានជាអ្នកកើតកូវីដ-១៩ ទៅវិញ។ ប៉ុន្តែ វាមិនរកឃើញនៅកម្ពុជាឯណា តេស្ដឃើញនៅកោះបាលី។ អត់មានអ្នកណាឆ្លងកូវីដ-១៩ ចេញពីកម្ពុជានោះទេ។

(១០) ២០២១ មិនអាចដឹកនាំការប្រជុំអាស៊ីអឺរ៉ុបដោយផ្ទាល់, ២០២២ អាចចូលឆ្នាំបាន

យើងបានធ្វើកិច្ចការដ៏ល្អ ដើម្បីបើកប្រទេសឡើងវិញ ហើយយើងក៏ប្រជុំដោយផ្ទាល់។ ខ្ញុំគួរតែរំលឹកបន្ដិច អ្វីដែលយើងគ្រោងទុកនោះ ប្រជុំអាស៊ី-អឺរ៉ុប ដែលមានប្រមុខរដ្ឋ/រដ្ឋាភិបាលរហូតដល់ ៥២ ប្រទេស ត្រូវមកប្រជុំនៅទីក្រុងភ្នំពេញនៅឆ្នាំ ២០២១ ក៏ប៉ុន្តែ ដោយសារពេលនោះ(កូវីដ-១៩)កំពុងតែផ្ទុះឡើង(ខ្លាំង) មិនថាប្រទេសយើងទេ ទាំងតំបន់អាស៊ី/អឺរ៉ុប ដែលត្រូវមកចូលរួម គឺសុទ្ធតែរង(ផលប៉ះពាល់ដោយសារកូវីដ-១៩) កំពុងគ្រោះថ្នាក់ទាំងអស់(គ្នា) អត់សូវមានអ្នកណាហ៊ានចេញពីប្រទេសនោះទេ។ អញ្ចឹង យើងក៏ប្រជុំតាមអនឡាញ ក្នុងឋានជាប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុប ហើយជាម្ចាស់ផ្ទះ។

ដល់ឆ្នាំ២០២២ ក្រោយការបើកប្រទេសឡើងវិញ​។ យើងអនុវត្តន៍បណ្ដើរៗ ខ្ញុំសូមជម្រាប (កម្មវិធី)ចូលឆ្នាំ(កាលពី)ឆ្នាំ២០២២ ខ្ញុំពិតជាភ័យណាស់។ ​បើប្រៀបធៀបនឹងពេលខាងមុខ នឹងមានការចូលឆ្នាំ (គឺ)នៅសល់ ២៨ ថ្ងៃទៀត (គឺ)ចូលឆ្នាំ។ ប៉ុន្តែ កាលចូលឆ្នាំ(នៅ)ឆ្នាំ២០២២ ខ្ញុំភ័យមែនទែន នៅពេលដែលការផ្សាយបន្តផ្ទាល់តាមកន្លែងនីមួយៗ (គឺថា)សមុទ្រមនុស្សតែម្ដង។ ខ្ញុំគិតថា ប្រសិនបើឆ្លង គឺមិនដឹងថា តើត្រូវដោះស្រាយរបៀបម៉េចទេ ព្រោះមនុស្សឡើងកកកុញ។ ប៉ុន្តែ ទីចុងបំផុត បែរជាអត់មាន។ ចាំទេ! នៅក្នុងឆ្នាំ២០២១ ពេលភ្ជុំបិណ្ឌ។ បិណ្ឌទី(១) ចាប់ផ្ដើម(ដំបូង គឺ)ឆ្លង។ បិណ្ឌទី(២) ឆ្លង។ បិណ្ឌទី(៣) ឆ្លង។ ខ្ញុំសំណូមពរថា ឱ្យបិណ្ឌទី(៤) ហើយបន្ទាប់ពីហ្នឹងទៅសូមឱ្យរៀបចំតាមទីអារាម គឺធ្វើម៉េចយកចង្ហាន់ទៅប្រគេនលោកបានផង និងរក្សានូវសុវត្ថិភាពបានផង ក្នុងនោះ គ្រាន់តែថ្ងៃទី(១), ទី(២) នៃថ្ងៃកាន់បិណ្ឌនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល (គឺមាន)ឆ្លងប៉ុន្មានវត្ត(ទៅហើយ)។ ប៉ុន្តែ ក្រោយមកយើងក៏អត់អី។

(១១) បើកប្រទេសឡើងវិញថ្ងៃ ១ វិច្ឆិកា ២០២២

យើងក៏ចាប់បើកប្រទេសនៅថ្ងៃទី ០១ វិច្ឆិកា ២០២២។ បន្តទៅយើងឱ្យដំណើរការលេងៗ ចេះតែបន្តរហូតដល់ពេលចូលឆ្នាំ គឺថា ធំយកមែនទែនតែម្ដង ព្រោះប្រជាជនប៉ុន្មានឆ្នាំ(មិនបានចូលឆ្នាំ)។ ឆ្នាំ២០២០ ក៏មិនបានចូលឆ្នាំ។ ឆ្នាំ២០២១ ក៏អត់បាន(ចូលឆ្នាំ)។ ដល់ឆ្នាំ២០២២ លេងមួយទំហឹង(តែម្ដង) ដល់មួយទំហឹងហ្នឹង នរណាភ័យជាងគេ គឺនាយករដ្ឋមន្រ្តីភ័យជាងគេ។ ពេលនោះអគារនៅស្ដាតអូឡាំពិចនេះយើងខ្ចីគេ (ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩)។ កន្លែង(កោះពេជ្រ)នេះ យើងខ្ចីគេដាក់អ្នកជំងឺកូវីដ-១៩ (ដើម្បីធ្វើការព្យាបាលដែរ)។ ពេលនោះយើងមិនឱ្យប្រជាពលរដ្ឋយើងណាម្នាក់កើតកូវីដ-១៩ ហើយ ដោយគ្មានកន្លែងស្នាក់/ព្យាបាលនោះទេ។

(១២) មន្ទីរពេទ្យ១ ម៉ឺនគ្រែ អាចថាធំជាងគេក្នុងអាស៊ាន

ដើម្បីចៀសវាងការខ្ចីគេ (យើង)ធ្វើមន្ទីរពេទ្យមួយ (ដែលមាន) ១ ម៉ឺនគ្រែតែម្ដង ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យដែលធំជាងគេក្នុងប្រទេស ហើយក៏អាចថាជាមន្ទីរពេទ្យដែលធំជាងគេនៅក្នុងអាស៊ាន។ មន្ទីរពេទ្យខ្លះមានតែ ៣-៤ ពាន់គ្រែ (គឺ)ធំហើយ។ មន្ទីរពេទ្យរបស់យើងដែលកំពុងសាងសង់ គឺមានរហូតទៅដល់ ១ ម៉ឺនគ្រែឯណោះ។ ឥឡូវ កំពុងឱ្យរៀបចំសម្រាប់អ្នកជំងឺកូវីដ-១៩​ មួយចំនួន ប៉ុន្តែសំខាន់ គឺព្យាបាលខាងកីឡា។ (កី​ឡាប្រដាល់)កាលពីដើម ឱ្យតែចុះពីលើរេញមក តែងតែមានបែកមុខ/មាត់ ហើយមិនដឹងថាទៅព្យាបាលនៅឯណា កីឡាទាត់បាល់នេះមួយ(ដែរ)។ ពីម្សិល ចៅវុធ ដន្លងអើយដន្លង! ឱ្យវាទៅប្រឹងរៀនបាល់ទះ។ វាលេងបាល់ទះផង (និង)លេងបាល់ទាត់ផង។ ឥឡូវរហែកសាច់ដុំ។ អានោះទាត់យ៉ាងម៉េចបានដល់ថ្នាក់រហែកសាច់ដុំ? ខ្ញុំក៏ធ្លាប់រហែកសាច់ដុំដែរ។ ពួកអ្នកវាយកូនគោលច្រើនតែរហែកសាច់ដុំទ្រូង ប៉ុន្តែបន្ដិចទៅវាបាត់ហើយ។ វាយកូនគោលទាំងរហែកហ្នឹង។ ចៅវុធ ត្រូវផ្អាករៀន។ គេមិនឱ្យកម្រើកទេ …។

(១៣) បើកប្រទេស ធ្វើឱ្យកំណើនសេដ្ឋកិច្ចហក់ឡើងមក ៣% ឆ្នាំ ២០២១ និង ៥,២% ឆ្នាំ ២០២២

ខ្ញុំសូមអរគុណជាមួយនឹងសាកលវិទ្យាល័យ (បៀលប្រាយ) ថ្នាក់ដឹកនាំ ក៏ដូចជា និស្សិត ដែលបានចូលរួមក្នុងការទប់ស្កាត់កូវីដ-១៩ តាមរយៈការអនុវត្តវិធានការណ៍សុខាភិបាល ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ជាពិសេស គឺទទួលយកវ៉ាក់សាំង។ តាមរយៈនោះហើយ ដែលយើងបានបើកប្រទេសឡើងវិញ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចហក់ឡើងវិញ បន្ទាប់ពីអវិជ្ជមាន ៣,១% ឆ្នាំ២០២០ ធ្លាក់ចុះ។ យើងរំកិលឡើងបាន ៣% នៅឆ្នាំ២០២១ និង ៥,២% ឆ្នាំ២០២២ កន្លងផុតទៅ។ នោះគឺមានចំណែកនៃការខិតខំប្រឹងប្រែងរបស់យើង។ ខ្ញុំសូមអរគុណ ជាមួយនឹងការផ្ដល់អាហារូបករណ៍សម្រាប់ខ្ញុំ ដើម្បីចែកជូននិស្សិត។ ថ្ងៃនេះ ក៏មាននិស្សិតមួយចំនួន ដែលរៀនអាហារូបករណ៍របស់ខ្ញុំ ក៏ទទួលបានការសិក្សានៅទីនេះ។

ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ជាមួយនឹងជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់។ ក្នុងនោះ មានបរិញ្ញាបត្ររង ចំនួន ៩៤២ នាក់។ បរិញ្ញាបត្រ (ចំនួន) ៣ ៣៦៤នាក់។ បរិញ្ញាបត្រជាន់ខ្ពស់ (ចំនួន) ២៥៥ នាក់ និងបណ្ឌិត ចំនួន ៥ នាក់។ នេះបង្ហាញអំពីការខិតខំរបស់និស្សិតទាំងអស់ទើបមានថ្ងៃនេះ។ ហើយខ្ញុំក៏នៅតែបន្តការអំពាវនាវ សម្រាប់​និស្សិតរបស់យើង(ត្រូវ)ខិតខំបន្តទៀត មិនមែនបញ្ចប់នៅថ្ងៃ(ទទួលសញ្ញាបត្រ)នេះទេ។ បញ្ហា(ការទទួលបាន)សញ្ញាបត្រវាជារឿងមួយ ប៉ុន្តែ បញ្ហាសកម្មភាព ប្រសិទ្ធភាពការងារ ជារឿងមួយសំខាន់ជាងនេះ។ កុំឃើញថាខ្លួនទទួល(សញ្ញាបត្រ)បណ្ឌិត ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបរិញ្ញាបត្រហើយ គឺជារឿងចប់ មិនមែនទេ។ ក៏ដូចគ្នាដែរ កុំថាខ្លួនធ្វើរដ្ឋមន្ត្រី ឬខ្លួនធ្វើឧបនាយករដ្ឋមន្ត្រី ធ្វើនាយករដ្ឋមន្ត្រី ធ្វើប្រធានសភា អនុប្រធានសភា សមាជិកសភា ខ្លួនមិនរៀន (គឺ)អត់ទៅរួចទេ។

(១៤) រដ្ឋមន្ត្រីនានាមុនផ្ញើឯកសារមកសុំឆ្លងយោបល់ សូមពិនិត្យអក្ខរាវិរុទ្ធនិងថ្ងៃខែ

បានជានិយាយទៅដល់ហ្នឹង គឺសុំនិយាយផងដែរ ក្រែងលោប៊ិចក្រហមវាមិនបានទៅដល់រដ្ឋមន្ត្រី។ ប៊ិចក្រហមរបស់ខ្ញុំ(ចំណារ)ទៅច្រើនណាស់ តែវានៅដដែល។ ប៊ិចក្រហមរបស់ខ្ញុំតែងតែចារត្រឡប់ទៅវិញ បើខុស គឺតែងចារត្រឡប់ទៅវិញ។ ថ្ងៃនេះខ្ញុំនិយាយតែម្ដង។ ខ្ញុំសុំអង្វរករឱ្យលោករដ្ឋមន្ត្រីទាំងឡាយ (ក៏ដូចជា) ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី មុនចុះហត្ថលេខា មើលឱ្យច្បាស់តាំងពីអក្ខរាវិរុទ្ធ តាំងពីស្អី នេះផ្ញើមកនាយករដ្ឋមន្ត្រី មិនមែនផ្ញើទៅណាទេ។ ទោះបីផ្ញើទៅណាក៏ដោយខ្លួនឋានៈរដ្ឋមន្ត្រី ត្រូវធ្វើឱ្យច្បាស់ … រដ្ឋមន្ត្រីខ្លះចុះហត្ថលេខាអត់មានដាក់ខែទេ យកមកឱ្យខ្ញុំ។ អក្សរក្រហមទៅវិញគូសថាអត់បានដាក់ថ្ងៃខែ … (ដូច្នេះ) រឿងច្រំដែលមកទៀត … បើអស់លោករដ្ឋមន្ត្រីធ្វើតែប៉ុណ្ណឹងមិនបានផង ឱ្យខ្ញុំធ្វើនាយករដ្ឋមន្ត្រីវេទនាប៉ុណ្ណាទៅ …។

(១៥) ករណីក្រសួងសាម៉ីជូនជ្រាប ទីស្តីការដាក់ថាសុំមតិដឹកនាំ

មួយទៀតទីស្ដីការគណៈរដ្ឋមន្ត្រី សូមផ្ដាំទៅ ឯកឧត្តម ប៊ិន ឈិន ក្រែងលោសំណុំរឿងមិនដល់ ឯកឧត្តម ប៊ិន ឈិន ព្រោះវាប៉ុន្មានដងហើយខ្ញុំចារ(ប៊ិចក្រហម)។ ខ្ញុំឃើញរបាយការណ៍ ដែល​(ទីស្ដីការគណៈរដ្ឋមន្ត្រី) មិនមែន ឯកឧត្តម ប៊ិន ឈិន ទេ។ ឯកឧត្តម ប៊ិន ឈិន គ្រាន់តែចុះហត្ថលេខាមកទេ គាត់មិនបានទាំងមើលផង។ មាននាយកដ្ឋាន មានអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ កាន់ការងារហ្នឹងធ្វើមក។ ក្រសួងរ៉ែ និងថាមពល អត់មានស្នើសុំមតិដឹកនាំទេ គ្រាន់តែរាយការណ៍ជូននាយករដ្ឋមន្ត្រីជ្រាប អំពីចំណុចនេះ។ មានក្រុមហ៊ុនមួយដែលគេសុំធ្វើការវិនិយោគថ្មម៉ាបនៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះបានពន្យារពេលម្ដងហើយម្ដងទៀត រួចហើយលើកចុងក្រោយនេះរដ្ឋមន្ត្រីបានបញ្ជាក់ថា បានហៅមកពិភាក្សា ប៉ុន្តែ ក្រុមហ៊ុនមិនបានមកពិភាក្សា។ (ក្រសួង)ចាត់ទុកថាក្រុមហ៊ុនបោះបង់ចោលគម្រោងនេះ សូមសម្ដេចមេត្តាជ្រាប។

ប៉ុន្តែ ដល់អ្នកបូកសរុបឱ្យ ឯកឧត្តម ប៊ិន ឈិន បែរជាដាក់ពាក្យថា សូមជ្រាបនិងសុំមតិដឹកនាំ។ (ខ្ញុំ)ថាអានេះដឹកនាំស្អី? ចេះសំណាងល្អ គេដាក់លិខិត ឯកឧត្តម ស៊ុយ សែម ទៅពីក្រោម ផ្ទៀងផ្ទាត់​​មើលលិខិត ឯកឧត្តម ស៊ុយ សែម នៅខាងក្រោម។ លិខិតរបស់ ឯកឧត្តម ស៊ុយ សែម បាននិយាយត្រឹមថា សូមសម្ដេចតេជោជ្រាប(ជារបាយការណ៍)។ ប៉ុន្តែដល់ទៅតាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រីដាក់ថា ជ្រាបជារបាយការណ៍និងសុំមតិដឹក​នាំ។ (ខ្ញុំ)ថាចុះដឹកនាំស្អី? ដល់អញ្ចឹងទៅប៊ិចក្រហមទៀត។ ចារ(ត្រឡប់ទីវិញ)ថា ក្រសួង(រ៉ែ និងថាមពល)អត់មានសុំមតិដឹកនាំទេ។ ក្រែងលោរឿងទាំងឡាយអត់ដឹងដល់រដ្ឋមន្ត្រី។ ក្រែងរញីរញ័រខ្លាចរដ្ឋមន្ត្រី(ស្ដីឱ្យ)ទៀត។

(១៦) ក្រសួងបួនធ្វើកិច្ចការបានល្អ

រដ្ឋមន្ត្រីច្រើនណាស់ដែលធ្វើកំហុស។ របាយការណ៍គឺគ្រាន់តែជូនជ្រាប ប៉ុន្តែបែរជាសុំយោបល់។ កន្លែងខ្លះគេធ្វើត្រូវ។ ខ្ញុំកត់សម្គាល់ឃើញថា ក្រសួងបួន ដែលធ្វើកិច្ចការល្អហើយមិនវែងឆ្ងាយ (១) ក្រសួងមហាផ្ទៃ (២) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (៣) ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (៤) ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច។ គេដាក់មកតែងតែ(មានបញ្ជាក់ច្បាស់)ថា ចំណុចទី(១) សុំយោបល់អញ្ចេះ ចំណុចទី(២) អញ្ចេះ។ ចំណុចទី(៣) អញ្ចេះ។ បើលោកជំទាវ ភឿង សកុណា វិញ គាត់ពិនិត្យជម្រើសទី(១) បែបនេះ។ ជម្រើសទី(២) បែបនេះ។ ជម្រើសទី(៣) បែបនេះ ឬតាមការសំរេចរបស់សម្ដេច លើទម្រង់ណាមួយទៀត … ខ្ញុំថា មើលទៅរដ្ឋមន្ត្រីចាស់ៗ ហ្នឹងយូរទៅខ្ជិល។ បើរដ្ឋមន្ត្រី (ខៀវ) កាញារឹទ្ធ គឺអត់សូវដាក់ថ្ងៃខែដែរទេ … ខ្ញុំថា ពេលដែលឡើងធ្វើរដ្ឋមន្ត្រីកុំខ្ជិល ធ្វើចៅហ្វាយខេត្តកុំខ្ជិល ធ្វើមេនេះ/នោះកុំខ្ជិល។ រៀនទៅ។ រៀនសួរគេទៅកុំខ្មាសអៀនអី។

(១៧) មិនអាចផ្ដល់មតិដឹកនាំតាម WhatsApp ឬ Telegram ទេ គោលការណ៍ខ្លះទាមទារ “ស.ជ.ណ”

សូម្បីតែវាយសារ (ដូចជា) លី ធុជ វាយសារសឹងតែរាល់ថ្ងៃ)។ រួចហើយវាយសារច្របូកច្របល់មិនដឹងជាស្អី រួចហើយសុំមតិដឹកនាំ។ (ខ្ញុំ)គ្រាន់តែថាបានទទួល។ ពាក្យថាបានទទួល មិនមែនយល់ព្រមឱ្យអ្នកឯងយល់ព្រមធ្វើអាហ្នឹងទេ។ ខ្ញុំគ្រាន់តែបានមើលទេ។ លី ធុជ និយាយពីដោះមីនកន្លែងនេះ/នោះ ប៉ុន្តែមកដល់កន្លែងហ្នឹងសុំមតិណែនាំ ឬក៏សុំអនុសាសន៍។ បើវាច្របូកប្របល់ហើយ សុំយោបល់តាម WhatsApp យ៉ាងម៉េច? សុំតាម WhatsApp អ្នកឯងវាយលិខិតមក បញ្ជូនលិខិតមកខ្ញុំព្រីនហើយ ខ្ញុំចារត្រឡប់ទៅវិញ … រឿងសុំមតិដឹកនាំហ្នឹងមានចំណុច​ខ្លះយើងមិនផ្ដល់តាម WhatsApp ឬ Telegram (បានទេ) ប៉ុន្តែគោលការណ៍ខ្លះទាមទារចេញ “ស.ជ.ណ” ពីគណៈរដ្ឋមន្ត្រី ទើបអ្នកឯងមានលុយទៅប្រើប្រាស់ ឬអាចយកការងារហ្នឹងទៅធ្វើបាន។

(១៨) ផ្ដល់អាទិភាពក្រសួងបួនបញ្ជូនឯកសារមកត្រង់ ក្រៅពីនោះបញ្ជូនទៅតាមទីស្ដីការគណៈរដ្ឋមន្ត្រី

យកពេលស្ដីឱ្យគណៈរដ្ឋមន្ត្រីៗបន្តិចទៅចុះ ព្រោះពេលខ្លះគេធ្វើមកគិតតែពីស៊ីញ៉េរតែម្ដង។ ដឹងថាអាហ្នឹងវាឡើងមកដល់នាយករដ្ឋមន្ត្រីដែរ។ ក្រសួងការបរទេសសម្បូរណាស់មិនព្រមចុះថ្ងៃខែ វាស្លាប់ស្អីបើគង់តែចុះ? ឧទាហរណ៍ថា គេមិនទាន់ដាក់ថ្ងៃខែទេ ព្រោះរដ្ឋមន្ត្រីគាត់អត់បានចុះថ្ងៃហ្នឹង មិនដឹងគាត់ចុះហត្ថលេខាពេលណា។ វាយវាឱ្យហើយស្រេចទៅ។ ថ្ងៃប៉ុន្មានកើត ត្រូវនឹងថ្ងៃស្អី តាមពុទ្ធសករាជទៅ រួចបន្ទាប់ទៅថ្ងៃទីប៉ុន្មាន។ វាយវាឱ្យហើយទៅ ទុកចំហរទៅចាំគេទៅចុះលេខ។ វាខ្ជិលតាំងពីអ្នកក្រោមរហូតដល់អ្នកលើ ហើយធ្វើបាបតែនាយករដ្ឋមន្ត្រីម្នាក់។ ខ្ញុំថាធ្វើបាបតែម្ដង ដោយសាររដ្ឋមន្ត្រីខ្ជិល។ ពីថ្ងៃហ្នឹងទៅនៅសល់តែប៉ុន្មានខែទៀត កុំឱ្យរដ្ឋមន្ត្រីខ្ជិលវើយ! ពិបាកណាស់ ធុញយកតែមែនទែន។ ស្ដីឱ្យដោយចំហរតែម្ដង ព្រោះកន្លងទៅចេះតែនៅស្ងៀម ប៉ុន្តែមើលទៅប្រហែលជាចំណារប៊ិចក្រហមរបស់ខ្ញុំមិនបានត្រឡប់ទៅរដ្ឋមន្ត្រីវិញទេ។

ខ្ញុំឱ្យអាទិភាពក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច/ហិរញ្ញវត្ថុ និងក្រសួងការបរទេស (បញ្ជូនឯកសារត្រង់មកខ្ញុំ) ក្រៅពីនោះបញ្ជូនទៅតាមទីស្ដីការគណៈរដ្ឋមន្ត្រី (ដើម្បី)ធ្វើការបូកសរុបដោយនាយកដ្ឋានជំនាញ … គេឱ្យខ្លួនជាសេនាធិការ ត្រូវស្រាវជ្រាវមើល តើគួរធ្វើម៉េច? ដូចជាកន្លងទៅកីឡាស្អីមួយទៅប្រកួត វាអត់មានចែងនៅក្នុងអនុក្រឹត្យទេ ក៏ប៉ុន្តែគួរតែត្រូវឱ្យរង្វាន់។ គេបូក(សរុប)យ៉ាងម៉េច ឯកឧត្តម ប៊ិន ឈិន ស៊ីញ៉េមកតែម្ដង ថាសូមសម្ដេចមេត្តាផ្ដល់នូវប្រាក់រង្វាន់សម្រាប់កីឡាករផ្នែកហ្នឹងដែលបានប្រកួតឈ្នះ។ ខ្ញុំក៏បានសរសេរសួរត្រឡប់ទៅវិញថា តើទីស្ដីការគណៈរដ្ឋមន្ត្រីគួរតែឱ្យប៉ុន្មាន? រួចហើយចារខាងក្រោមថា ទីស្ដីការគណៈរដ្ឋមន្ត្រី មិនមែនគ្រាន់តែត្រឹមបូកសរុបទេ​ ព្រោះខ្លួនត្រូវទៅសួរក្រសួងអប់រំ ទៅសួរគណៈកម្មការអូឡាំពិក ដើម្បីថាគួរជួយប៉ុន្មាន ផ្ដល់មតិឱ្យនាយករដ្ឋមន្ត្រីមក បើនាយករដ្ឋមន្ត្រីយល់ឃើញថាឯកភាព ហ្នឹងវាស្រួលណាស់ (ទាញប៊ិចមក)ចុចព្រឹបចារឯកភាព ដោយអត់ចាំបាច់អីច្រើនទេ។ បើសិនជាខ្លួនមានមតិផ្ទុយពីការឱ្យយោបល់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ថាអនុវត្តតាមបែបនេះ (គឺ)ចំណារមួយផ្សេងថែមទៀត។

(១៩) សិស្ស/និស្សិត ពង្រឹងសមត្ថភាពឆ្លើយតបការវិវត្ដន៍លឿននៃពិភពលោក ក្នុងសេដ្ឋកិច្ចចំណេះដឹង

ថ្ងៃនេះ ថ្ងៃព្រហស្បតិ៍ (គឺមកចូលរួមចែកសញ្ញាបត្រនៅទីនេះ)។ (កាលពី)ថ្ងៃអង្គារ៍ (នៅឯ)ពោធិ៍សាត់ (គឺទៅសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១)។ ម្សិលមិញ(ចូលរួមកម្មវិធី)ខាងពិការ នៅឯ(សណ្ឋាគារ)សុខា។ ស្អែកនៅមួយឈុតទៀត (គឺ)ទទួលវត្ថុបុរាណ។ សូមលោក​រដ្ឋមន្ត្រីទាំងឡាយកុំធ្វើបាបនាយករដ្ឋមន្ត្រីពេក។ ថ្ងៃក្រោយបើមកធុនហ្នឹង បង្ហោះតាមហ្វេសប៊ុក និងTelegram ឱ្យ(គេឃើញ)តែម្ដង។ (ថ្ងៃនេះ)ផ្សាយតាមទូរទស្សន៍ឱ្យពិភពលោកដឹងតែម្ដង ថានាយករដ្ឋមន្ត្រីរអ៊ូនឹងរដ្ឋមន្ត្រីខ្ជិល។ ការរៀននេះ មិនមែនដាស់តឿនត្រឹមតែចំពោះនិស្សិតទេ។ អម្បាញ់មិញអំពាវនាវឱ្យនិស្សិតរៀនបន្ត។ ឥឡូវខ្ញុំកំពុងតែអំពាវនាវឱ្យពួករដ្ឋមន្ត្រីរៀន។ រៀនធ្វើការឡើងវិញ បើមិនចេះទេគឺចាប់ពី “ក ខ” ឱ្យក្មេងទៅបង្រៀនតែម្ដង។ សាលាភូមិន្ទរដ្ឋបាល ហៅរដ្ឋមន្ត្រីទៅរៀនម្ដងមើល។ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវ ចំពោះនិស្សិត ទាំងព្រះសង្ឃ/គ្រហស្ថ បន្តការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការវិវត្តន៍ដ៏លឿននៃពិភពលោកបច្ចុប្បន្ន ដែលស្ថិតនៅក្នុងដំណាក់កាលនៃសេដ្ឋកិច្ចចំណេះដឹង។ ប្រទេសរបស់យើងកំពុងវិវត្តន៍ទៅមុខហើយ យើងត្រូវបន្តឱ្យប្រទេសរបស់យើងបានបន្តទៅមុខថែមទៀត។

(២០) មោទនភាពចំពោះសហគ្រិនវ័យក្មេង រៀនដើម្បីទៅពង្រឹងនូវអាជីវកម្មផ្ទាល់ខ្លួន

ខ្ញុំព្រះករុណាខ្ញុំ ក៏សុំចូលរួមជាមួយមាតាបិតា/អាណាព្យាបាល ដែលមានកូន/ចៅ មានប្តី/ប្រពន្ធ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សូមឱ្យអ្នកទាំងឡាយ(បន្ត)ដោះស្រាយការងារធ្វើ ក្នុងការងារធ្វើនេះចែកចេញ(ជា)៖ ស្ថាប័នរដ្ឋ (ចំនួន) ២២,៧១%។ វិស័យឯកជន (ចំនួន) ៥៧,៦៧%។ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ (ចំនួន) ៣,៣៨%។ អាជីវកម្មផ្ទាល់ខ្លួន (ចំនួន) ១០,៨១%។ ការងារមិនច្បាស់លាស់ (ចំនួន) ៦៣ នាក់ ស្មើនឹង ១,៣៤%។ ការងារមិនច្បាស់លាស់ហ្នឹងមិនដឹងថាអី ជួនកាលគាត់ការងារចល័ត ឬក៏គាត់កំពុងបន្តការសិក្សា។ យើងមានមោទនភាពជាមួយសហគ្រិនរបស់យើង ជាពិសេស សហគ្រិនវ័យក្មេងនៅកម្ពុជាបច្ចុប្បន្ននេះ ដែលបង្កើតនូវឱកាសការងារ និងអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។ គេរៀនដើម្បីទៅពង្រឹងនូវអាជីវកម្មផ្ទាល់របស់ពួកគេ។

(២១) សូមបារមីព្រះអង្គចេក/ចម កុំប្រណីពួកចោទគណបក្សប្រជាជនដុតព្រះរាជដំណាក់សៀមរាប

… ខ្ញុំព្រះករុណាខ្ញុំសុំចូលរួមសម្តែងការសោកស្តាយ ដែលបានកើតឡើងនៅខេត្តសៀមរាប គឺការឆេះព្រះរាជដំណាក់។ ថ្ងៃនោះ ខ្ញុំព្រះករុណាខ្ញុំក៏នៅបន្តតាមដានជាមួយនឹងអភិបាលខេត្ត តាមរយៈអនឡាញ។ មុនម៉ោង ៥ ភ្លឺ សម្តេចចៅហ្វាវាំង គង់ សំអុល បានទាក់ទងមក ដើម្បីរៀបចំឧទ្ធម្ភាគចក្រទៅទីនោះ។ បញ្ហានេះ សូមធ្វើការបកស្រាយត្រឹមតែកម្រិតនៃសេចក្តីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង ទាក់ទងនឹងការឆេះព្រះរាជដំណាក់នោះបានហើយ កុំទៅហួសពីហ្នឹង។ ពួកទមិឡឥតសាសនាបកស្រាយពីខាងក្រៅ ថានេះ គឺជាការរៀបចំមួយរបស់គណបក្សប្រជាជននិងរាជរដ្ឋាភិបាល។ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវថ្វាយទៅបារមីព្រះអង្គចេក/ចម អ្នកណាបកស្រាយខុសសូមឱ្យ ព្រះអង្គចេក/ចម កុំប្រណីពួកអាតិរច្ឆាននេះឱ្យសោះ។ វាទៅជា(រាជ)រដ្ឋាភិបាល/គណបក្សប្រជាជនជាអ្នកដុត។ នៅក្រៅប្រទេសបានវាហ៊ាននិយាយ បើនៅក្នុងប្រទេសវាយខ្នោះហ្អែងឥឡូវ ហ្អែងមានភស្តុតាងពីណា? អ្វីដែល(រាជ)រដ្ឋាភិបាលខ្លាចបំផុត គឺមហន្តរាយកើតឡើង ការឆេះផ្ទះ/ស្អី។ ហើយថ្ងៃជាមួយគ្នានោះវា(ឆេះផ្ទះ)នៅស្ទឹងមានជ័យរបស់យើងនេះ អស់មិនចេះតិច(ផ្ទះដែរ)។ ទុសេខ្សែភ្លើងច្រើនណាស់។ ខ្ញុំព្រះករុណាខ្ញុំក៏សុំអំពាវនាវ (គឺថា)គ្រប់ពេលទាំងអស់ ត្រូវតែប្រុងប្រយ័ត្នអារឿងបញ្ហាអគ្គិភ័យនេះ (គឺថា)ឆេះរាល់ថ្ងៃ គ្រាន់តែកន្លែងខុសៗគ្នាតែប៉ុណ្ណឹង។

ឥឡូវ ខ្ញុំដាក់ចេញជាសំណួរត្រឡប់ទៅវិញ នៅទីក្រុងប៉ារីសប៉ុន្មានឆ្នាំមុននៅចាំទេ ឆេះវិហារមួយដែលមានតម្លៃជាង ៨០០ លានដុល្លារ ហើយដែលមានអាយុ ៨០០ ឆ្នាំជាង តើ (Emmanuel) Macron ទទួលខុសត្រូវរបៀបម៉េច? តើគេចាប់បង្ខំឱ្យប្រធានាធិបតី (Emmanuel) Macron ​ ចុះចេញពីតំណែងទេ? វាទៅជាអញ្ចេះ។ អ្នកឯងហ៊ានទៅសួរ (Emmanuel) Macron ទេ? បច្ចេកវិទ្យាទំនើបរបស់បារាំងក៏មិនអាចពន្លត់អគ្គីភ័យនោះបាន តែយើងគ្រប់គ្រង(បាន)សភាពការណ៍តែប៉ុន្មានម៉ោងទេ។ ឥឡូវ បញ្ហាធំ គឺបញ្ហាសម្រុកជួសជុលឡើងវិញ។ ហើយជួសជុលនេះ គឺខ្ញុំបានអនុញ្ញាតតាំងពីមួយថ្ងៃក្រោយ(ការ)ឆេះ តាមរយៈសំណើររបស់សម្តេច(ចៅហ្វាវាំង) គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ឆេះនេះ មិនមែនឆេះដំណាក់ធំទេ (គឺ)ឆេះផ្នែកមួយ(តែប៉ុណ្ណោះ)។ ប៉ុន្តែ ឆេះកន្លែងណាក៏ដោយ យើងមានការសោកស្តាយអំពីបញ្ហានេះ។

(២២) សូម្បីតែបារាំងជាទីក្រុងទំនើប ក៏មិនអាចគ្រប់គ្រងបានអគ្គិភ័យឆេះវិហារមួយ ដែលមានអាយុកាល ៨០០ ឆ្នាំ

សូមកុំឱ្យទៅជ្រុលហួសពីអ្វីដែលវាបានកើតជាក់ស្តែង។ ខ្ញុំព្រះករុណាខ្ញុំនៅតែបន់ស្រន់ដល់ព្រះអង្គចេក/ចម បារមីនៅទីនោះតាមកាច់កុំប្រណីជាមួយនឹងអ្នកដែលបំភ្លៃការពិត … បើនៅស្រុក(ខ្មែរ)វិញ អាពៅ! បានការហើយ។ ដាក់(ខ្នោះ)គ្មានឱ្យលើសពីប៉ុន្មានម៉ោងទេ។ ចាំតែហ៊ានតើនៅក្នុងស្រុក វាខ្លាចដែរ ប៉ុន្តែ វានៅក្រៅស្រុកវានិយាយតាមចិត្ត។ ឆ្នាំប៉ុន្មានឆេះវិហារនៅប៉ារីស? … (ឆេះនៅឆ្នាំ)២០១៩ អាយុ ៨០០ឆ្នាំជាង (ដែល)វានៅចំកណ្តាលទីក្រុងប៉ារីស ដែលជាក្រុងទំនើប … បានសេចក្តីថា ហេដ្ឋារចនាសម័្ពន្ធផ្នែកអគ្គិភ័យគេខ្លាំងណាស់។ អញ្ចឹងទេ អត់ចាំទៅដឹកទឹកដូចយើងទេ។ គេមានទុយោទឹក ឆេះនៅកន្លែងណាគេយកទឹកនៅកន្លែងនោះតែម្តង។ សូម្បីតែតំបន់ សារសែល្ស (Sarcelles) ជាតំបន់ថ្មីមួយ ដែលទើបនឹងវិនិយោគ ហើយ(មាន)គ្រួសារខ្មែរយើងនៅបារាំងម្នាក់។ ខ្ញុំផ្ញើកូន ៣ (នាក់)នៅទីនោះ នាងពៅនេះ(មួយ) ហើយបងៗគេ ២ នាក់(ទៀត គឺ) ម៉ានិត និង ម៉ានី ផ្ញើឱ្យរៀននៅទីនោះ។ ម៉ានិត និងម៉ានី ទៅរៀននៅបារាំងតាំងពីឆ្នាំ ១៩៩២ មួយអាយុ ១២ ឆ្នាំ (និង)មួយអាយុ ១១ ឆ្នាំ ហើយក្រោយមកនាងពៅនេះទៅមួយទៀត (គឺ)បាន ៣ នាក់នៅទីនោះ។ ខ្ញុំដើរពិនិត្យមើលឃើញកន្លែងក្បាលទុយោ។ បើថាឆេះ គឺគេទាញកន្លែងហ្នឹងបាញ់យកតែម្តង។ ស្ថានភាពខ្លាំងប៉ុណ្ណឹងហើយនៅស្រុកបារាំង (ក៏)ទប់អត់បាន …។

(២៣) ព្រះរាជដំណាក់ដែលព្រះបរមរតនកោដ្ឋគង់ប្រថាប់ ដើម្បីដឹកនាំដណ្ដើមឯករាជ្យចេញពីបារាំង

ឥឡូវ ដំណើរការជួសជុល សូមសម្តេចចៅហ្វាវាំង គង់ សំអុល ពន្លឿនការជួសជុលនេះ។ រឿងលុយ/កាក់ មិនថាអស់ប៉ុន្មានទេ ត្រូវតែធ្វើព្រះរាជដំណាក់នេះ ព្រោះព្រះរាជដំណាក់នេះ ជាព្រះរាជដំណាក់ ដែលព្រះករុណាបិតា ព្រះអង្គបានគង់នៅទីនេះ ដើម្បីដឹកនាំតំបន់ស្វ័យ័ត និងយកតំបន់ស្វ័យ័តជាមូលដ្ឋានតស៊ូ ដើម្បី(ដណ្ដើម)ឯករាជ្យចេញពីបារាំង។ ពេលនោះតំបន់ស្វ័យ័តរួមមាន៖ សៀមរាប កំពង់ធំ និងបាត់ដំបង ប៉ុន្តែ ព្រះអង្គគង់ប្រថាប់នៅព្រះរាជដំណាក់សៀមរាប គឺជាតំបន់ប្រវត្តិសាស្ត្រ។ អញ្ចឹងទេ យើងមិនអាចឱ្យបាត់បង់(បានទេ)។ ចៅហ្វាយខេត្តនៅជាប់ជាមួយនឹងព្រឹត្តិការណ៍នោះ។ ហើយ (ទៀ) បាញ់ បញ្ជូនព័ត៌មានជាបន្តបន្ទាប់មក ស្ថានភាពវិវត្តន៍ដល់ណា។ ព្រលឹមឡើងរៀបចំឧទ្ធម្ភាគចក្រមួយឱ្យ សម្តេចចៅហ្វាវាំង គង់ សំអុល។ គាត់ក៏ឈឺដែរ តែគាត់ទៅ។ ត្រឡប់មកវិញគាត់រៀបចំរបាយការណ៍ភ្លាមៗ ដើម្បីសូមជួសជុល(ព្រះ)រាជដំណាក់។

(២៤) ថ្ងៃ២០ មីនា ២០២៣ ចេញទៅសៀមរាបដង្ហែរព្រះមហាក្សត្រប្រទានព្រះអគ្គិ សម្រាប់ស៊ីហ្គេម

ខ្ញុំនឹងទៅ(សៀមរាបនៅ)ថ្ងៃទី ២០ (មីនា ២០២៣)។ (យើង)ចាប់ផ្តើមពីរាប់ ១០០ ថ្ងៃថយក្រោយ (ថ្ងៃនេះ) យើងរាប់បានពាក់កណ្តាលហើយ។ យើងនៅសល់តែ ៥០ ថ្ងៃទេ នឹងដល់ថ្ងៃបើកការប្រកួតស៊ីហ្គេមនៅកម្ពុជា។​ យើងរង់ចាំរយៈពេល ១០០ ថ្ងៃ ឥឡូវ យើងបានឆ្លងផុត ៥០ ថ្ងៃ នៅសល់ ៥០ ថ្ងៃ(ទៀត)។ ថ្ងៃទី ២០ (មីនា ២០២៣) ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប។ ព្រះករុណាក៏ព្រះអង្គយាងទៅខេត្តសៀមរាប ថ្ងៃទី ២០ (មីនា ២០២៣ ដើម្បី)ទៅទទួលព្រះអគ្គិចេញ(ពី)ប្រាសាទអង្គវត្ត។ ខ្ញុំទៅដង្ហែរព្រះករុណានៅទីនោះ ព្រោះនេះជាព្រឹត្តិការណ៍ដ៏ធំ។ តាមទម្លាប់ ព្រះករុណា/ហ្លួងម៉ែ ព្រះអង្គមិនស្ថិតនៅក្នុងប្រទេសនៅក្នុងខែមីនាទេ ប៉ុន្តែឆ្នាំនេះព្រះអង្គទៅពិនិត្យព្រះរាជសុខភាពនៅខែកុម្ភៈនិងដើមខែមីនា។ ព្រះអង្គត្រឡប់មកវិញ ដើម្បីឱ្យបានប្រទានព្រះអគ្គិ សម្រាប់ភ្លើងស៊ីហ្គេមដែលត្រូវរត់កាត់តាមបណ្តាប្រទេសអាស៊ាន ហើយចូលមកដល់កម្ពុជាវិញ។

(ដូច្នេះ) ខ្ញុំនឹងទៅសៀមរាប។ ខ្ញុំលុបចោលកម្មវិធីខ្លះ ដូចជាកម្មវិធីប្រជុំគណៈអចិន្ត្រៃយ៍(រជ)រដ្ឋាភិបាល លើកពីថ្ងៃទី ២១ (មីនា ២០២៣) មកថ្ងៃទី ១៧ (មីនា ២០២៣) វិញ។ ព្រឹកយើងទទួលវត្ថុបុរាណ ល្ងាចយើងប្រជុំគណៈអចិន្ត្រៃយ៍(រាជ)រដ្ឋាភិបាល។ ថ្ងៃទី ២០ (មីនា ២០២៣) ព្រះមហាក្សត្រព្រះអង្គយាងទៅមុន។ ខ្ញុំរួចកម្មវិធីពេលព្រឹក ល្ងាចខ្ញុំ(ចេញ)ទៅ(សៀមរាប)។ ឥឡូវ មានតែសុំព្រះអង្គចេក/ចម កាត់សេចក្តីតែម្តង អ្នកឯងនិយាយខុសការពិត សូមឱ្យព្រះអង្គចេក/ចម កាត់កុំប្រោសប្រណី មិនមែនកាត់តែសាម៉ីខ្លួនទេ កាត់ទាំងក្រុមគ្រួសារហ្នឹងឱ្យវាតៃហោងទាំងអស់ទៅ ឱ្យរលំរលាយតែម្តងទៅ។ អាគេកំពុងតែលំបាកហើយវារុញអាហ្នឹងថែម។ អញ្ចឹង បានគេមិនអត់ឱននោះ រួចថាគេកាច។ បើសិនជាមិនធ្វើអញ្ចឹងទេ (គឺ)មិនបាន(ទេ)។ អាពួកហ្នឹងវាអញ្ចឹង។ វាផុតត្រឹមប្អូនថ្លៃឯងស្លាប់ វាចេញមកជេរ អាក្រក់ហួសជ្រុល។ ហ្នឹងរឿងទី(១)។

(២៥) ដំណាក់កាលសកលភាវូបនីយកម្ម ​អត្ដសញ្ញាណជាតិងាយនឹងបាត់បង់ ប្រសិនបើយើងខ្ជីខ្ជា

ឯរឿងទី(២) ម្សិលមិញនេះ គឺក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញនូវការណែនាំ ទាក់ទងនឹងបញ្ហាជិតចូលឆ្នាំនេះ សុំឱ្យលោកគ្រូ/គ្រូ សិស្សានុសិស្ស ធ្វើម៉េចផ្ចិតផ្ចង់ទៅលើបញ្ហារបាំ និងល្បែងប្រជាប្រិយមួយចំនួន ក្នុងនោះដូចជា៖ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ ល្បែងប្រជាប្រិយ ដូចជា៖ បោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រ។ អញ្ចឹងទេ ចំណុចនេះជាចំណុចដ៏ល្អ ដែលយើងត្រូវតែពង្រឹងវប្បធម៌របស់​ខ្លួន​ឡើងនៅក្នុងដំណាក់កាល នៃសកលភាវូបនីយកម្ម ​អត្ដសញ្ញាណជាតិងាយនឹងបានណាស់ប្រសិនបើយើងខ្ជីខ្ជា​ មិនមែនជាបញ្ហាលេងសើចទេ។ខ្ញុំនៅចាំបាន កាលពីក្មេងគ្រូៗបង្រៀនយើងលេងរាំវង់​​ ឥឡូវនេះ សម័យឌីស្កូ ក្មេងៗវាចូលចិត្តឌីស្កូ តែចាក់អាហ្នឹងឡើង គឺថា(រាំ)ហុយដីទ្រុប។ អញ្ចឹងទេ គួរជំរុញ​បញ្ហានេះនៅតាមសាលារៀន ប៉ុន្ដែអ្វីដែលសំខាន់ គេទៅលេងតាមវត្ដអារាម ឬ​កន្លែងនេះ/នោះ គប្បីមានការតម្រង់ទិស។

(២៥) ល្បែង “ស្ដេចចង់”

ហើយតាមវិទ្យុ/ទូរទស្សន៍ក៏អាចជាផ្នែក នៃការជួយ(ផ្សព្វផ្សាយមួយ)ដែរ ដើម្បីបង្ហាញនៅក្នុងឈុតឆាកគេលេងបោះអង្គញ់ បោះឈូង ទាញព្រ័ត្រស្អីៗ ក្នុងនេះ(អត់ឃើញ)គេ(ដាក់)​លេង​ស្ដេចចង់ ក្មេងៗនៅទីនេះចេះលេងទេ? ប្រហែលជាបាត់ល្បែងប្រជាប្រិយមួយ ដែលគេហៅថា “សេ្ដចចង់”។ “សេ្ដចចង់” គេលែងអញ្ចេះ ពីដើមស្រុកខ្ញុំមិនមានស្អីអង្គុយទេ ច្រើនយកអង្រុតអង្គុយពីលើ ខ្ញុំគេរវល់​តែឱ្យធ្វើស្ដេច អង្គុយលើអង្រុត។ អញ្ចឹង ស្រីអង្គុយម្ខាងទៅ ប្រុស(អង្គុយ)ម្ខាងទៅ ដល់ខាងប្រុសគេចូលមកខ្សឹបប្រាប់យើង ​សូមយកឈ្មោះនាង «ក» បើនាង «ក» ចូលមក អញ្ចឹង ត្រូវរបស់គេហើយ។ អញ្ចឹង ខាងស្រីត្រូវធ្វើម៉េច? គេមានពិន័យ​អីរបស់គេអញ្ចឹង។ ប៉ុន្ដែ បើមិនមែននាង «ក» ទេ អានឹងខុស។ រួចដល់ខាងស្រីម្ដង ស្រឡាញ់ឈ្មោះណា ប៉ុន្ដែ ​សេ្ដច​នេះ ក៏មានស្ដេចកាត់សេចក្ដីស្មោះត្រង់ (និង)មិនស្មោះត្រង់។ ខ្ញុំច្រើនគេឱ្យធ្វើស្ដេច ព្រោះយើងក្មេងជាងគេ។ សូម្បីនៅវត្ដនាគវ័ន្ដយើងក្មេងជាងគេ អញ្ចឹង លេងទៅមានទាំងខាងស្រី/ប្រុសមកលេងក្បែរវត្ដ។ ​អញ្ចឹង ​​បើយើងចង់ផ្សំផ្គុំបុរសណាម្នាក់ជាមួយស្ដ្រីណាម្នាក់ ខុសក៏ថាត្រូវដែរ។

អញ្ចឹង យូរៗទៅជួបគ្នាពួកហ្នឹង។ អានឹងល្បិច​ស្ដេច។ ដណ្ដើមស្លឹកឈើមានហើយ ប៉ុន្ដែ មិនឃើញ “សេ្ដចចង់” ក្រែងគេមិនដាក់ក៏មិនដឹង។ ប៉ុន្ដែ អាហ្នឹងជាល្បែងមួយក្នុង​ចំណោមល្បែងកាលពីដើម ដែលគេនិយមលេង ព្រោះជំនាន់ខ្ញុំមិនដូចសម័យឥឡូវទេ សម័យឥឡូវស្រួល​ណាស់លោកគ្រូ​អ្នកគ្រូ​អើយ! បើចង់បង្រៀនក្មេងៗរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ (មើល)យូធូប ចាក់ចំរៀងឱ្យក្មេង(ស្ដាប់/រាំ)​ទៅ។ ជំនាន់ខ្ញុំទះប៉ោតទេ (រួចហើយ)នាំគ្នារំាទៅ។ អញ្ចឹងទេ បានបញ្ហាក្បួនខ្នាតរបស់យើងត្រូវពង្រឹងដែរ។ នេះទីប្រឹក្សារបស់ខ្ញុំ លោក ណារ៉ា ដែលជាសាស្ដ្រាចារ្យនៅសាកលវិទ្យា​ល័យ ​បានឱ្យយោបល់ខ្ញុំថា ឥឡូវ ធ្វើការភ្លាមជាមួយក្រសួងអប់រំ។ ហើយក្រសួង​អប់​រំ ក៏ចេញការណែនាំនេះ។ ហ្នឹងក៏ជាចំណុចមួយទៅ។

(២៦) សូមពង្រឹងសុវត្ថិភាពចំណីអាហារ សម្រាប់ទេសចរ

ឯចំណុចមួយទៀត ក៏ជិតដល់ពេលវេលា នៃការចូលឆ្នាំ ខ្ញុំអំពាវនាវឱ្យមានការយកចិត្តទុកដាក់ទៅលើបញ្ហាអនា​ម័យលើចំណីអាហារ ចៀសវាង(ការចំអិន)ឱ្យខាងតែបាន (ដែលជាបច្ច័យនៃ)ការកើត(ជំងឺ)។ ដូចថានៅក្នុងឱកាស នៃការ​ចូលឆ្នាំមនុស្សច្រើនណាស់ ដែលត្រូវដើរលេង ទាំងខ្មែរ/បរទេស (ដូច្នេះ) អំពាវនាវឱ្យមានការយកចិត្តទុកដាក់​លើ​សុវត្ថិភាពចំណីអាហារតាមហាងតូច/ធំ ប៉ុន្ដែ សំខាន់ជាងគេអ្នកលក់តាមដងផ្លូវ និងតាមកន្លែងតូចតាច ព្រោះ​មនុស្សជិះកង់ជិះអី នំបញ្ចុកដីហុយទៅនៅក្នុងនំបញ្ចុក។ ឥឡូវ គ្រាន់បើជាងមុន ការចាប់នំបញ្ចុកអីមិនចាប់ដៃដូចពីមុនទេ គេមានស្រោមដៃចាប់នំបញ្ចុក។ ប៉ុន្ដែ ធ្វើម៉េច​កុំឱ្យគេជិះ(ម៉ូតូ/ឡានដី)ហុយចុះហុយឡើងចូលនំបញ្ចុក។ អានឹងមួយ(ទៅ)។

(២៧) ការដាក់តំលៃលើម្ហូបអាហារ/វត្ថុអនុវស្សារីយ៍ ងាយស្រួលដល់ទេសចរ

មួយទៀត អ្នកលក់ដូរទាំងឡាយ ដែល​មាន​លទ្ធភាព សូមឱ្យក្រសួងទេសចរណ៍ (និង)ក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នាដាក់ជាតម្លៃ ដើម្បីកុំឱ្យពិបាកសួរ។ ដូច​ជាជនបរទេស ឧទាហរណ៍ថា គេចង់ហូបនំៗហ្នឹងតម្លៃប៉ុន្មានគាត់មិនដឹង(ទេ) អញ្ចឹងទេ យើងសរសេរ(តម្លៃ)ទៅ ទាំងខ្មែរ(នឹងអង់គ្លេស) កុំឱ្យពិបាក។ វត្ថុអនុស្សាវរីយ៍ភាគច្រើនានដាក់(តម្លៃ)ហើយ តែនៅអ្នកលក់​តូច​តាចមិនទាន់បានដាក់(តម្លៃ)ទេ។ អញ្ចឹងទេ គួរតែចាប់ផ្ដើមដាក់(តម្លៃ)ហើយ មិនមែនដាក់(តម្លៃ) សម្រាប់តែចូលឆ្នាំនេះទេ។ (ធ្វើដូច្នេះ)វាស្រួលទាំងខ្មែរ/បរទេស។ ឆ្នាំនេះ សង្ឃឹមថា (នឹងទទួលបានភ្ញៀវបរទេស)មិនតិចជាង ៤.៥ លាន(នាក់)ទេ ខ្ញុំវាយតម្លៃអញ្ចឹង។ សន្ទុះទេសចរ ដែលចូលមកក្នុងស្រុករបស់យើងមិនតិចជាង ៤.៥ លាន(នាក់) អញ្ចឹង យើងដាក់តម្លៃទៅ។ សរសេរ(ជាអក្សរ)ខ្មែរពីខាងលើទៅ (និងសរសេរអក្សរ)អង់គ្លេសពីខាងក្រោមទៅ ឧទាហរណ៍៖ តម្លៃ ៤ ពាន់រៀល ហើយខាងក្រោមដាក់ ១ ដុល្លារ។ អញ្ចឹង យើងអាចធ្វើបាន ហើយវាជាការប្រកួតប្រជែងមួយ ហើយមានភាពងាយស្រួល។ ​ខ្មែរដាក់ ៤ ពាន់រៀល ហើយគាត់តថ្លៃ ៣ ៥០០ (រៀល), ៣ ៨០០ (រៀល) អាហ្នឹងស៊ីសងលើគាត់ទេ ព្រោះបរទេសគាត់មិន​សូវ​សាញទេ គាត់ឱ្យ ១ ដុល្លារ ហើយគាត់ដើរទៅទៀត។

ម្សិលមិញខ្ញុំទៅដល់ផ្ទះ ជេមស៍ សុខ ផ្ញើសារមកថា លោក​បង ឥឡូវ ជិតដល់ចូលឆ្នាំហើយ នៅសល់ការលក់ដូរ គួរតែដាក់តម្លៃ។ បានខ្ញុំតបទៅវិញថា អាហ្នឹង​ត្រូវ។ អរគុណហើយប្អូនអើយ បងក៏(ចង់)ឱ្យដាក់អញ្ចឹងដែរ។ទោះបី ជេមស៍ សុខ យ៉ាងម៉េចក៏ដោយ ក៏និយាយ​មកខ្ញុំ​សឹង​រាល់ថ្ងៃ តែគាត់មានរឿងអីមិនយល់ គាត់សួរខ្ញុំ។ ខ្ញុំមិនចាត់ទុកគាត់ជាសត្រូវរបស់ខ្ញុំទេ។ មតិណាល្អ​ខ្ញុំ​ទទួលយក។ ខ្ញុំគិតថារឿងនេះល្អ សម្រាប់មនុស្សទាំងអស់ មិនចាំបាច់សួរនាំរកអ្នកបកប្រែអីទេ។ ឧទាហរណ៍៖ ចេក​ចៀន យើងមិនអាចដាក់ស្លាកមួយលើហ្នឹងទេ រកវិធីដាក់(តម្លៃ) ទាំងខ្មែរ/បរទេសដឹង ចេកចៀននឹង ៣ ស្មើនឹង ៣ ពាន់រៀល ហើយយើងដាក់ជាភាសាអង់គ្លេសទៅស្មើនឹងប៉ុន្មាន (ថា) ០.៧៥ ដុល្លារអញ្ចឹងទៅ (ធ្វើដូច្នេះ)វាបង្កើតការងាយស្រួល។ សូមអំពាវនាវឱ្យក្រសួងទេសចរណ៍/ពាណិជ្ជកម្ម ជាពិសេស​ អាជ្ញាធរ​ដែនដី ចុះធ្វើអាហ្នឹង កុំរង់ចាំពីថ្នាក់ជាតិ។​ ដើម្បីប្រកួតប្រជែង ក្រៅពីអនាម័យយើងត្រូវរុញតម្លៃនេះ ដើម្បីឱ្យភ្ញៀវងាយ​ស្រួលក្នុងការសម្រេចចិត្តទិញ ឬមិនទិញ។ ជួនកាលដើរមើលមួយហែរតាមហ្នឹងទៅ ព្រោះម្ដុំនឹងសម្បូរចេកចៀន ឬអន្សមអាំង។ យើងសរសេរបន្ដិចទៅថាអន្សមអាំងរបស់ខ្ញុំ ២ ពាន់រៀល/មួយ (សរសេរ)អង់គ្លេសខាងក្រោមទៅ ០.៥ ដុល្លារ ​អាហ្នឹងវាល្អ។

(២៨) សូមកុំស្លន់ស្លោចំពោះការដួលរលំនៃធនាគារអាមេរិក

រឿងមួយទៀត ដែលខ្ញុំព្រះករុណាខ្ញុំចង់និយាយ គឺការភ័យខ្លាច បន្ទាប់ពីការដួលរលំ នៃធនាគារអាមេរិក។ សួរថា​កម្ពុជាយ៉ាងម៉េច? រឿងនេះគួរត្រូវបានបញ្ជាក់ សម្រាប់ពលរដ្ឋរបស់យើងផងដែរ (សូម)សុំកុំស្លន់ស្លោរ ចំពោះមុខនៃការដួល​រលំ​នៃធនាគារអាមេរិក។ រឿងនេះវាធ្លាប់បានកើត លើកទី(១) វិបត្ដិហិរញ្ញវត្ថុអាស៊ី បានកើត(នៅ)ឆ្នាំ១៩៩៧ ពេលនោះពិត​ជា​ច្របូកច្របល់ នៃធនាគារនៅតាមបណ្ដាប្រទេស(មួយចំនួន) រាប់ទាំងធនាគារនៅកម្ពុជា។ ធនាគារយើងនៅពេលនោះ​វានៅតូចៗណាស់។ ពលរដ្ឋរបស់យើងទៅបង្ខំដកលុយក្នុងរយៈពេលប្រហែលជា ៣ អាទិត្យ។ ប៉ុន្ដែ បន្ទាប់ពី ៣ អាទិត្យ បែរជាឃើញពលរដ្ឋរបស់យើងយកលុយទៅដាក់វិញ។ (ស្ថានភាពនោះ)ធ្វើឱ្យធនាគារមួយចំនួន រាប់ទាំងធនាគារពាណិជ្ជកម្មក្រៅប្រទេស និងធនាគារកាណាឌីយ៉ា រឹងមាំឡើងវិញ ប៉ុន្ដែ ត្រូវបានដួលរលំដោយធនាគារ តាទ្រីវ នេះមួយ (និង)ធនាគារកសិកររបស់ថៃនេះមួយ ដោយសារការបង្ខំដកសាច់ប្រាក់​ ធ្វើឱ្យអត់សាច់ប្រាក់។

ដល់ឆ្នាំ២០០៨ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ដែលផ្ដើមចេញពីការដួលរលំ នៃធនាគាររបស់អាមេរិកមួយដែរ។ វាមិនបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជាទេ ពិតមែនតែពេលនោះយើងបានខិតខំទប់ស្កាត់ហានិភ័យ ដោយតំឡើងអត្រាកាតព្វកិច្ចពី ៧% ទៅ ១២% បម្រុងទុកនូវស្ថានភាពអាក្រក់។ ឥឡូវនេះ បន្ទាប់ពីបណ្ដាធនាគារចេះគ្រប់គ្រងហានិភ័យខ្លួនឯង យើងបានកាត់បន្ថយ (ដោយ)ទម្លាក់ទុនបម្រុងកាតព្វកិច្ចមកនៅត្រឹមតែ ៧% យើងទម្លាក់ត្រឡប់មកវិញ។ ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង អ្នកដែលមានដាក់ប្រាក់នៅក្នុងធនាគារ សូមកុំស្លន់ស្លោ ព្រោះការស្លន់ស្លោនឹងធ្វើឱ្យយើងបាត់បង់ផលប្រយោជន៍ទៅវិញទេ។ ឧទាហរណ៍៖ យើងដាក់ប្រាក់ ដើម្បីយកការប្រាក់ (ដោយដាក់)រយៈពេល ៦ ខែ ឬ ១ ឆ្នាំ បើ​យើងដកយកមុន យើងនឹងបាត់បង់ទាំងអស់នូវអត្រាការប្រាក់ ដោយសារមិនទាន់ដល់ពេលគេកំណត់។ ឧទាហរណ៍ថា យើងដាក់សន្សំ ៥០ ម៉ឺនដុល្លារ យើងនឹងអាចបានការប្រមាណជា ២ ម៉ឺនដុល្លារ បើអត្រាការប្រាក់ ៥% ថាបន្ទាប់ពីការកាត់ពន្ធរួចហើយ នៅសល់ប្រហែល ២ ម៉ឺនដែរ។ អញ្ចឹង បើយើងទៅដកលុយមុនកាលកំណត់ យើងនឹងបាត់បង់ជាង ២ ម៉ឺននោះ។ អញ្ចឹងទេ កុំស្លន់ស្លោជាមួយនឹងហានិភ័យ ដែលអាចកើតមាន។

នាយករដ្ឋមន្រ្តីថៃក៏បានប្រកាសហើយថា មិនមានផលប៉ះពាល់ដល់ថៃនោះទេ។ ក្នុងពេលវិបត្តិឆ្នាំ ២០០៨-០៩ ក៏គ្មានឥទ្ធិពលអីមកលើប្រព័ន្ធធនាគាររបស់កម្ពុជាទេ។ ពេលនោះវិបត្តិនៅអាមេរិកផង (និង)នៅអឺរ៉ុបផង ប៉ុន្តែ មិនមានវិបត្តិនៅតំបន់អាស៊ីទេ ក្នុងនោះមិនមានវិបត្តិនៅក្នុងកម្ពុជាដែរ។ ការភ័យស្លន់ស្លោណាមួយនឹងនាំទៅរកហានិភ័យ នៃភាពច្របូលច្របល់ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ​នៅកម្ពុជា។ សូម្បីតែនៅក្នុងអាមេរិកខ្លួនឯង ផលប៉ះពាល់ក៏អាចនឹងមានតិចជាងពីពេលមុន ដោយសារសហរដ្ឋអាមេរិកមានបទពិសោធន៍ហើយ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចក្នុងរយៈពេលមានវិបត្តិ។ ឆ្នាំ២០០៨-០៩ ផ្ដល់មេរៀនឱ្យអាមេរិកគ្រប់គ្រាន់ណាស់ទៅហើយ។ អញ្ចឹង អាមេរិកក៏មិនធ្វើឱ្យមានភាពច្របូលច្របល់លើទឹកដីអាមេរិក ដោយសារការដួលរលំនៃធនាគារដល់ទៅពីរនោះដែរ។

សូមបងប្អូនកុំតក់ស្លុត/ភិតភ័យ ចំពោះមុខសភាពការណ៍ នៃវិបត្តិច្រំដែល ដែលកើតឡើងពីការដួលរលំ នៃធនាគាររបស់អាមេរិក។ កាលមុន(មាន)តែ ធនាគារ Lehman ​​​​ដួលរលំ ឥឡូវនេះ គឺដួលរលំ ២។ អញ្ចឹងទេ ក៏សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង ជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងនូវវិស័យហិរញ្ញវត្ថុ និងធនាគារ យើងមិនមែនចេះតែដាក់ៗទៅនោះទេ។ ហើយធនាគារមានទុនបម្រុងគ្រប់គ្រាន់ ដើម្បីនឹងដោះស្រាយបញ្ហា។ ប៉ុន្តែ អ្វីដែលជាការខាតបង់ ប្រជាពលរដ្ឋរបស់យើងភ័យស្លន់ស្លោនាំគ្នាទៅដកប្រាក់ ហើយបាត់បង់នូវចំណែកប្រាក់ ដែលខ្លួនត្រូវបានជាការប្រាក់។

(២៩) យុទ្ធនាការបង្ខូចកេរ្ដ៍ឈ្មោះកម្ពុជា តាមរយៈការសង់កំពង់ផែរាម ចាប់ផ្ដើមឡើងវិញ

… ខ្ញុំគួរតែដាស់តឿន ចំពោះអ្នកទាំងឡាយនៅខាងក្រៅ។ យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាតាមរយៈកំពង់ផែរាមកំពុងបានចាប់ផ្ដើមឡើងវិញ។ ខ្ញុំជូនសារទៅកាន់អ្នកទាំងឡាយ មិនចាំបាច់ថតពីផ្កាយរណបអីទេ កម្ពុជាបានប្រកាសហើយតើ ទៅបើកការដ្ឋានដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ (រួចហើយទេ)តើ បើកការដ្ឋានហើយគេធ្វើហើយ កុំខ្វល់ពេក ចាំបាច់ថាអាហ្នឹងជាព័ត៌មានចារកម្ម? បើគេបើកចំហហើយ ចាំបាច់(ឆ្ងល់)ស្អី លើកលែងតែអ្នកឯងចង់រករឿងខ្ញុំ។ កំពុងពង្រឹងសមត្ថភាពកំពង់ផែយោធាកម្ពុជា តើមានអីខុស? ទឹកដីនេះជាទឹកដីកម្ពុជាៗមានសិទ្ធិនឹងពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន។ ជម្រៅទឹកដើមរបស់យើងត្រឹមតែ ២,៧ ម៉ែត្រទេ ពេលនេះត្រូវតែបូមវាឱ្យជ្រៅ និងធ្វើមូលដ្ឋានកងទ័ពឱ្យច្បាស់លាស់។ អត់មានទៅគំរាមកំហែងអ្នកណាទេ។ ហើយគួរឱ្យចង់សើចថា កំពង់ផែរាមអាចដាក់បាននូវនាវាចុះចតយន្តហោះរបស់ចិនរហូត ២ គ្រឿង។

ខ្ញុំសូមប្រាប់ទៅអ្នកឯងវិញ។ ខួរក្បាលអ្នកឯងអន់ណាស់។ អន់យ៉ាងម៉េច? ខ្ញុំគ្រាន់តែចង្អុលប្រាប់ថា អ្នកឯងសំណាងត្រង់ថា អ្នកឯងបានកើតនៅក្នុងប្រទេសអ្នកមានប៉ុណ្ណោះ តែខួរក្បាលអ្នកឯងអន់ណាស់​ ដែលឯងសរសេរនិងវិភាគបែបនេះ។ ចាំបាច់ចុះលើនាវាធ្វើអី? បើព្រលានយន្តហោះកងកេងនៅក្បែរនោះសោះ ចុះចតលើគោកតែម្ដងទៅវាមិនស្រួលជាង បើសិនជាចង់ចុះ។ យើងឯកភាពឱ្យចិនចុះ ចាំបាច់ទៅចុះក្នុងទឹកធ្វើអី? ម៉េចក៏ភ្លើម្ល៉េះ? អញ្ចឹង បានខ្ញុំតែងនិយាយថា ពួកអ្នកសំណាងបានកើតនៅក្នុងប្រទេសអ្នកមាន អ្នកឯងប្រដៅខ្ញុំ តែខួរក្បាលពួកអ្នកឯងមិនប្រាកដថាពូកែជាងខ្ញុំកើតក្នុងប្រទេសអ្នកក្រទេ។ ការពិតវាអញ្ចឹង សម័យកូវីដ-១៩ គេវាយតម្លៃទាបប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់។ មើលងាយប្រទេសកំពុងអភិវឌ្ឍន៍ អានេះត្រូវស្លាប់ប៉ុណ្ណេះ/ប៉ុណ្ណោះ ដោយសារតែប្រព័ន្ធសុខាភិបាលខ្សោយ។ ទីចុងបំផុតអា(ប្រទេសប្រព័ន្ធសុខាភិបាល)ខ្សោយនោះ(មានមនុស្ស)ស្លាប់/ឆ្លង(កូវីដ-១៩)តិចបំផុត។ អា(ប្រទេសប្រព័ន្ធសុខាភិបាល)ខ្លាំង គឺកើត/ស្លាប់(ដោយសារកូវីដ-១៩) ច្រើនបំផុតដែរ។

អ្នកឯងគ្រាន់តែកើតក្នុងប្រទេសអ្នកមាន អ្នកឯងមកប្រដៅខ្ញុំ តែខួរក្បាលអ្នកឯងមិនប្រាកដថាពូកែជាងពួកបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទេ អាហ្នឹងនិយាយជាមួយគ្នាឱ្យច្បាស់។ វាទាស់ត្រង់ថាមិនមានសំណាង ធ្វើម៉េចកើតក្នុងប្រទេសអ្នកក្រ ហើយកើតសង្គ្រាមទៀត ទម្រាំរើបម្រះបានប៉ុណ្ណេះ។ អញ្ចឹង សូមផ្ដាំទៅអ្នកធ្វើយុទ្ធនាការប្រឆាំងបង្ខូចកេរ្ដិ៍ឈ្មោះកម្ពុជា បញ្ឈប់ទៅ គេធ្វើនៅតែធ្វើហ្នឹង អ្នកឯងចង់និយាយអីនិយាយទៅ សុទ្ធតែ Satellite ចាប់អីឯណា អើ! ល្អ អ្នកឯងទុកអា Satellite នៅហ្នឹងទៅ ខ្ញុំនឹង​ធ្វើបង្ហាញអ្នកឯងថា មួយថ្ងៃវាកើនបានប៉ុន្មានជាន់? ព្រោះឥឡូវចាក់គ្រឹះរួចហើយ តែចាក់គ្រឹះរួចហើយគេឡើងលឿនហើយ កុំឆ្ងល់ពេក។ យើងបើកការដ្ឋានដូចជាខែ ៦ ឆ្នាំទៅ ឥឡូវ វាល្មមចាក់គ្រឹះរួចហើយ គេមុខតែឡើងរហ័សហើយ កុំឆ្ងល់ពេក ប៉ុន្មានជាន់វាឡើងដល់នោះហើយ ចាំបាច់អ្នកឯងចុះកាសែតធ្វើអី?

និយាយរឿងបូម(ខ្សាច់)ៗ គេប្រាប់ថា គេបូមតើ ហើយចាំបាច់ថានាវាប៉ុណ្ណេះគ្រឿងៗ។ មិនចាំបាច់ទេ ព្រោះគេបូមដើម្បីយកខ្សាច់ចេញ។ សូមជម្រាប សូម្បីតែកំពង់ផែ(កំពង់សោម)យើងសព្វថ្ងៃ ខ្ញុំបានទៅពឹងជប៉ុនម្ដងហើយម្ដងទៀត។ ឥឡូវ សូមស្នើជប៉ុនពន្លឿនបូម(ខ្សាច់) សម្រាប់ការដឹកជញ្ជូន។ តិចថាកំពង់ផែកំពង់សោមដូចសិង្ហបុរី ឬនៅវៀតណាម។ មិនមែនទេណា។ រាល់ថ្ងៃតម្លៃដឹកជញ្ជូនយើងខ្ពស់ ដោយសារអី? យើងត្រូវដឹកជញ្ជូនតាមនាវាតូច ទៅផ្ទេរនៅវៀតណាម ឬសិង្ហបុរី។ អញ្ចឹង ត្រូវលើកដាក់រហូតដល់ទៅពីរដង។ អញ្ចឹងទេ បានខ្ញុំស្នើជប៉ុនឱ្យពន្លឿនការបូមបាតសមុទ្រឱ្យវាមានជម្រៅទឹក សម្រាប់ការចូលនាវា(ធំៗ)។ ឥឡូវនេះ ដូចជាយើងមានសមត្ថភាពបានត្រឹមតែ ៣ ម៉ឺនតោនទេ តែកប៉ាល់ ៥ ម៉ឺន ឬ ៦ ម៉ឺនតោន ចូលអត់ទាន់បាន។ ឥឡូវ កំពង់ផែរាម យើងមានជម្រៅទឹកត្រឹមតែ ២,៧ ម៉ែត្រ ចូលបានត្រឹមតែកូននាវាល្បាតតូចៗហ្នឹង​។

(៣០) កម្ពុជាមានសិទ្ធរកទុនពីគ្រប់ប្រភពមកពង្រឹងសមត្ថភាពកងទ័ពជើងទឹក

យើងក៏ត្រូវពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់យើង។ យើងទម្រាំរកបានទុនពីចិន ដើម្បីយកមកធ្វើ(អា)នេះ មិនមែនជាការងាយទេ។ កម្ពុជាមានសិទ្ធិទៅយកទុនពីអ្នកនេះ/នោះ ដើម្បីយកមកធ្វើតើ។ អញ្ចឹង មិនចាំបាច់ថា យកព័ត៌មានពីនេះ Satellite ចាប់ម្ដងឃើញអញ្ចេះ/អញ្ចុះ ខ្ញុំប្រាប់ទៅអ្នកឯងវិញថា ថ្ងៃក្រោយអគារហ្នឹងវានឹងឡើងខ្ពស់។ ចាំតែមើលទៅ វាខ្ពស់មែនហើយ ចាំបាច់ចាប់ Satellite ស្អី។ ល្ងង់អីល្ងង់ម៉្លេះ? បើថាភ្លើណាស់ ខ្ញុំបញ្ជូនមេទាហាន/និស្សិតរបស់ខ្ញុំទៅបង្រៀនអ្នកឯង មិនចាំបាច់ខ្ញុំទៅបង្រៀនផ្ទាល់ទេ។ ពួកវិស្វកម្ម ពួកសំណង់ស៊ីវិលរបស់យើង អាចទៅបង្រៀនអ្នកឯងបានហើយ របៀបធ្វើយ៉ាងម៉េច។ វាដូចជាជ្រុលពេក។ អ្នកឯងកំពុងតែបង្ហាញពីកង្វល់របស់អ្នកឯងឱ្យខ្ញុំយល់។

(៣១) ទទួលយល់ហេតុផលរបស់ AUKUS តែម្តេចមិនទទួលយល់ហេតុផលកម្ពុជាវិញ

ឧទាហរណ៍ សម្ព័ន្ធភាពត្រីភាគី AUKUS ទាក់ទងនឹងនាវាមុជទឹកប្រើដោយថាមពលនុយក្លេអ៊ែរ អ្នកឯងបានខិតខំដើរពន្យល់បណ្ដាប្រទេសអាស៊ានឱ្យយល់ ក្នុងពេលដែលពួកអាស៊ីអាគ្នេយ៍នេះជាតំបន់គ្មាននុយក្លេអ៊ែរ។ ក្រុមពួកអ្នកឯងបានដើរមកពន្យល់ថា អានេះមិនមែនអាវុធនុយក្លេអ៊ែរទេ គឺនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ។​ ហេតុអីបានជាពួកអ្នកឯងមកពន្យល់ខ្ញុំ ហើយខ្ញុំក៏ទទួលយល់។ ឯខ្ញុំពន្យល់អ្នកឯងវិញ អ្នកឯងមិនយល់? ថ្ងៃមុនខ្ញុំនិយាយជាមួយទូតអូស្រ្តាលីច្បាស់ថា ខ្ញុំយល់ថាអាហ្នឹងមិនមែនអាវុធនុយក្លេអ៊ែរទេ គ្រាន់តែនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ខ្ញុំយល់តើ។ ប៉ុន្តែ ហេតុអីបានជាពួកអ្នកឯងមិនយល់ពីខ្ញុំវិញ នៅពេលដែលខ្ញុំពន្យល់ថា ខ្ញុំមានការចាំបាច់ដើម្បីកសាងសមត្ថភាពកងទ័ពជើងទឹកដើម្បីការពារអធិបតេយ្យ ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស/គ្រឿងញៀន (និង)ការនេសាទខុសច្បាប់ ឬឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងសមុទ្រកម្ពុជា។

(៣២) មិនមានកងទ័ពបរទេសណានៅកម្ពុជា, សាងសង់រួច ស្វាគមន៍ការធ្វើសមយុទ្ធជាមួយគ្នា

សូមជូនសារត្រឡប់ទៅវិញ មិនចាំបាច់ធ្វើយុទ្ធនាការបង្ខូចឈ្មោះរបស់កម្ពុជាទេ កម្ពុជាមានសិទ្ធិគ្រប់គ្រាន់អនុវត្តនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ការពារទឹកដីរបស់ខ្លួន។ សូមបញ្ជាក់សាជាថ្មី កម្ពុជាមិនមានកងទ័ពចិន ឬកងទ័ពបរទេសណានៅកម្ពុជាទេ។ បន្ទាប់ពីការសាងសង់រួច កម្ពុជានឹងស្វាគមន៍គ្រប់ប្រទេសទាំងអស់ចូលចតនាវាមកក្នុងកំពង់ផែកម្ពុជា ហើយយើងអាចធ្វើសមយុទ្ធជាមួយគ្នា។ យើងស្វាគមន៍មកពីគ្រប់ប្រទេស។ នេះជាការចោទប្រកាន់មួយ ដែលមិនព្រមយល់ បើអ្នកមិនព្រមយល់ ខ្ញុំក៏មិនព្រមយល់ដល់អ្នកដែរ។ យើងកំពុងគិតគូរជាមួយបណ្ដាប្រទេសអាស៊ានដទៃទៀត។ យើងក៏បង្ហាញពីកង្វល់ ព្រោះនៅលើគោកផង ទម្រាំចុះក្នុងទឹក គេថាអត់នុយក្លេអ៊ែរ ចុះបើវាមាននុយក្លេអ៊ែរយ៉ាងម៉េចទៅវិញ? អញ្ចឹង តើនាវាមុជទឹកនោះសុខចិត្តឱ្យយើងឡើងឆែកឬអត់? គេមុខតែមិនសុខចិត្តទេ។

(៣៣) សូមកុំបបួលខ្មែរ/ចិនឆ្កួត

កុំអាងតែប្រទេសធំ ហើយធ្វើបាបប្រទេសតូច។ យើងត្រូវការកងទ័ពចិនយកមកធ្វើអី? ឆោតអីឆោត។ មានកាសែតមួយនោះ(ចុះផ្សាយ)ថា កន្លែង(មូលដ្ឋានកងទ័ព)រាមនេះ ​អាចដាក់នាវាចុះយន្តហោះចិនបានរហូតដល់ ២ គ្រឿង។ អូ! ចិនល្ងង់ដល់ប៉ុណ្ណឹង? ចិនល្ងង់ដល់ថ្នាក់យកនាវាចុះយន្តហោះដាក់នៅកំពង់ផែស្រុកខ្មែរ។ ចុះសមុទ្រចិនខាងត្បូងម៉េចក៏មិនដាក់? បើគង់តែចុះយន្តហោះដែរ ចុះព្រលានកងកេងម៉េចក៏មិនចុះតែម្ដងទៅ មកឆ្កួតចាំបាច់យកអាហ្នឹងមក? ទេ! កុំបបួលខ្មែរ/ចិនឆ្កួត សូមអញ្ជើញឆ្កួតខ្លួនឯងទៅ។ ខ្មែរក៏មិនល្ងង់ដល់ថ្នាក់ឱ្យចិនមកកាន់ស្រុកខ្មែរនោះទេ ហើយចិនក៏មិនល្ងង់ដល់ថ្នាក់មកកាន់កាប់កំពង់ផែស្រុកខ្មែរ ហើយយកទាំងអានាវាដឹកយន្តហោះមកដាក់នៅហ្នឹងដែរ។ យើងគិតមើល (ពី)ព្រលានកងកេងទៅកំពង់ផែរាម វាតែប៉ុន្មាន(គីឡូ)សោះ ចាំបាច់ទៅចុះលើកប៉ាល់? ចុះលើអាហ្នឹងតែម្ដងទៅ។ ឧបមាថាបើកដៃឱ្យ ខាងណេះក៏ព្រមមក ខាងណោះក៏ព្រមមក សហការគ្នាចុះអ្ហែងនៅត្រង់ហ្នឹងរាប់រយគ្រឿងតែម្ដង កុំឱ្យវាពិបាកពេក។

(៣៤) បូមដីធ្វើគន្លងទឹកជ្រៅ ដើម្បីអាចឱ្យនាវាចម្បាំងធុនធំអាចចូលចតបាន

អាងតែសរសេរបាន (និង)អាងតែប្រទេសគេអ្នកមាន ហើយខួរក្បាលឆ្កួតអញ្ចឹងៗចាត់ទុកថាគ្រាន់បើ ទេ! គ្រាន់បើវាគ្រាន់បើហើយ (គឺ)គ្រាន់បើខាងខូច។ ព្រឹកមិញខ្ញុំមើល(ព័ត៌មាន) ហួសចិត្តតែម្ដង ព្រោះអញ្ចេះ ព្រឹកឡើងគេវាយឱ្យខ្ញុំហើយជម្រើសព័ត៌មាន ខ្ញុំក៏មើលអាព័ត៌មានហ្នឹង (គេសរសេរថា) Satellite ហ្នឹងត្រូវចាប់បង្វែរទិសយ៉ាងម៉េចអីយ៉ាងម៉េច វាកើតស្អីខ្លះៗ។ មិនចាំបាច់ទេ គេធ្វើហើយកុំឆ្ងល់ពេក។ ចាំមើលថ្ងៃក្រោយច្រើនជាងអាហ្នឹង គេធ្វើគ្រប់តម្រូវការរបស់គេ។ មិនចាំបាច់ថតទេ មើលហ្នឹងភ្នែកក៏ឃើញដែរ។ អាបូមដីហ្នឹងគេមុខតែបូមហើយ ដើម្បីធ្វើគន្លងឱ្យមានជម្រៅទឹកលើសពីអា ២,៧ ម៉ែត្រហ្នឹង ឱ្យទៅជាជម្រៅទឹក ដែលអាចចូលចតនាវាចម្បាំងបាន។ យើងក៏(អាចចូលចត)នាវាចម្បាំងបានដែរ តែនាវាចម្បាំងធុនតូច តែយើងក៏ត្រូវការអាធុនធំដែរ។ នាវារបស់ពួកអ្នកឯង ថ្ងៃក្រោយក៏ចូលមកតាមហ្នឹងដែរ ព្រោះកន្លងទៅមានបានចូលកន្លែងហ្នឹងឯណា ចូលនៅកំពង់ផែដឹកទំនិញឯណោះទេតើ ដោយសារ(កំពង់ផែរាម)របស់យើងវាតូចពេក។ ឥឡូវ នាវារបស់យើងត្រូវដកចេញពីកន្លែងហ្នឹងទៅនៅកោះសិន ដើម្បីយើងធ្វើអានេះ។ ដល់ធ្វើរួចនាវារបស់យើងនឹងចូលមកកន្លែងនេះ ហើយពេលអ្នកឯងមកទស្សនកិច្ចស្រុកខ្មែរ ថ្ងៃក្រោយមិនចាំបាច់ចូលទៅកំពង់ផែដឹកទំនិញទេ ចូលមកកំពង់ផែនេះតែម្ដង ក្នុងករណីជម្រៅទឹកយើងអនុញ្ញាតឱ្យចូល។

(៣៥) ត្រូវធ្វើជាដៃគូរល្អជាមួយសមាជិកអាស៊ាន ចៀសវាងការជំទាស់ណាមួយពីសមាជិកអាស៊ាន

និយាយដូចស្ដាប់គ្នាអត់បាន។ ទេ! បើគេមិនព្រមស្ដាប់ យើងក៏មិនព្រមស្ដាប់គេវិញដែរទៅ។ ខ្ញុំបានចង្អុលបង្ហាញថា “សូមកុំមើលកម្ពុជាត្រឹមតែកម្ពុជា សូមមើលកម្ពុជាឱ្យឆ្ងាយពីកម្ពុជាបន្តិច” បានសេចក្ដីថា កម្ពុជាមានដៃគូរក្នុងក្របខណ្ឌអាស៊ាន បើអ្នកឯងចង់ធ្វើជាដៃគូរល្អរបស់អាស៊ាន អ្នកឯងត្រូវធ្វើជាដៃគូរល្អជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីចៀសវាងការជំទាស់ណាមួយពីសមាជិក(អាស៊ាន) រាប់ទាំងកម្ពុជាផងដែរ។ ឥណ្ឌូនេស៊ី/ម៉ាឡេស៊ី គាត់ក្ដៅដែរ បន្តិចៗគម្រាមគាត់ថាឈប់ទិញដូងប្រេង ដោយសារកាប់ឈើច្រើនពេក (ដើម្បី)ដាំដូងប្រេង។ ឥណ្ឌូនេស៊ី/ម៉ាឡេស៊ី ពន្យល់ទៅវិញថា ទេ! អាដូងប្រេងហ្នឹងវាជាឈើដែរតើ ប៉ុន្តែ គេមិនព្រមស្ដាប់សម្លេងឥណ្ឌូនេស៊ី/ម៉ាឡេស៊ីទេ (ដូច្នេះ) បានប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី ពេលដែលគាត់ថ្លែងបើកនៅពេលប្រជុំអាស៊ាន-អឺរ៉ុប គាត់ថា ដៃគូរត្រូវតែស្មើភាព មិនអាចយកដៃគូរមួយទៅត្រួតដៃគូរមួយទេ។ ហើយខ្ញុំយកអាហ្នឹងទៅរំលឹកក្នុងពេល(ធ្វើ)សន្និសីទកាសែតរួមគ្នា។ ហ្នឹងជាចំណុច ដែលខ្ញុំជូនសារទៅមិត្តភក្តិបរទេសទាំងឡាយ សូមកុំធ្វើយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ហើយកុំភ្លេចថា កម្ពុជាជាសមាជិកអាស៊ាន។ ក្នុងពេលដែលអ្នកចង់ទំនាក់ទំនងអាស៊ាន ត្រូវមើលឱ្យផុតពីកម្ពុជា ថាកម្ពុជាជាសមាជិកអាស៊ាន ដែលមានការទទួលខុសត្រូវ ហើយក៏មានសិទ្ធិបន្ទុចបង្អាក់កុំឱ្យមានកុងសង់ស៊ីសដែរ បើចង់មានទំនាក់ទំនងល្អជាមួយអាស៊ាន ត្រូវធ្វើកិច្ចការដ៏ល្អជាមួយសមាជិកអាស៊ានទាំងអស់។ វាជាការជ្រៀតជ្រែកមួយ ដែលមានចរិតជាយុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ហើយបំផ្លាញកេរ្តិ៍ឈ្មោះលើកនេះ ចំពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោត។

(៣៦) សកម្មភាពបង្កើនការមិនជឿទុកចិត្ត នាំឱ្យមិនអាចចុះហត្ថលេខាលើកលែងទោសបាន

ខ្ញុំបានប្រាប់ទូតមួយថា កន្លងទៅពួកអ្នកឯងធ្វើសកម្មភាពរួមចំណែកដាក់ទោសមនុស្ស ដែលគេទើបនឹងកាត់ទោស។ អ្នកឯងសួរសុខទុក្ខចុះ/ឡើង បន្តិចជួបៗ ស្មានតែតុលាការគេមិនយកចិត្តទុកដាក់រឿងហ្នឹង? វាក៏បានបង្កើតនូវចំណុច ដែល ហ៊ុន សែន មិនជឿទុកចិត្តលើកលែងទោសឱ្យអ្នកណាទាំងអស់។ អ្នកឯងត្រូវដឹង ឥរិយាបថខ្លះ គឺអ្នកឯងជួយធ្វើបានអ្នកជាប់ទោសនោះទៅវិញទេ អ្នកឯងត្រូវយល់។ ដោយសារតែឥរិយាបថអ្នកឯងអញ្ចឹង ខ្ញុំក៏ត្រូវតែប្រយ័ត្នដែរ។ អញ្ចឹង អ្នកឯងយល់ហើយ សកម្មភាពរបស់ពួកអ្នកឯងខុស បង្កើតជាហេតុផលឱ្យតុលាការ ដែលកំពុងតែស្វែងរកនូវរឿងរ៉ាវ នៃការឃុបឃិត ហើយវាបង្កើននូវការមិនជឿទុកចិត្តរបស់នាយករដ្ឋមន្ត្រី ដែលនាយករដ្ឋមន្ត្រីមិនអាចលើកដៃចុះហត្ថលេខាលើកលែងទោសឱ្យអ្នកណានៅក្នុងសំណុំរឿងនេះ។ នេះជាការជូនសារ ដើម្បីជម្រាបជូន ព្រោះការទូតពេលខ្លះទាមទារឱ្យនិយាយត្រង់ៗអញ្ចឹង។

(៣៧) មានអគ្គិភ័យឆេះកន្លែងនេះ/នោះគគោលនៅលើពិភពលោក មកដាក់ទម្ងន់ឱ្យតែ ហ៊ុន សែន

ល្ងាចនេះព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រះអង្គយាងមក(ពីប៉េកាំង)។ ហ្លួងម៉ែ ក៏ប្រទាននូវព្រះរាជសារជូនចំពោះប្រជាពលរដ្ឋមួយហើយដែរ ហើយខ្ញុំក៏អត់បាននិយាយទេ តែបានដោះស្រាយនូវព្រឹត្តិការណ៍នោះទាំងយប់។ ដោយសារយប់នោះវាមានរឿងអញ្ចឹងកើតឡើង គឺថាសម្រាកក៏វាមិនសូវបាន។ មុនម៉ោង ៥ (ភ្លឺ) សម្ដេចចៅហ្វាវាំង គង់ សំអុល ទាក់ទងមក ហើយគាត់ក៏សុខភាពមិនសូវល្អ(ដែរ) ក៏ត្រូវទៅសៀមរាប ខ្ញុំថា បងឯងកុំទៅ បើសិនជាគាត់មិនទៅទេ ខ្ញុំនឹងហោះទៅសៀមរាប ប៉ុន្តែដោយសារតែគាត់ទារទៅ ព្រោះរឿងរាជវាំង។ យើងអត់សូវដឹងទេ មានតែបង គង់ សំអុល ដែលដឹង។ អញ្ចឹង ត្រូវជួសជុលយ៉ាងម៉េចអីយ៉ាងម៉េច។ អញ្ចឹង គាត់ទៅក៏ទៅៗ ហើយមកវិញក៏បានលើកគម្រោងពីការជួសជុល។ រឿងឆេះនេះ វាមិនមែនជារឿងដោយឡែកតែកម្ពុជាឯណា ហើយវាមិនមែនតែរឿង(ដោយឡែកព្រះរាជ)ដំណាក់ហ្នឹងឯណា។ (ខ្ញុំសូម)អំពាវនាវ ចំពោះប្រជាពល​រដ្ឋរបស់យើងឱ្យប្រុងប្រ័ត្នទៀន/ធូបដុតសែនព្រេននេះ ហើយ អគ្គីសនីទុសេនេះ ក៏ត្រូវតែប្រុងប្រយ័ត្ន … កន្លងទៅយើងក៏មានការឆេះកាស៊ីណូនៅឯប៉ោយប៉ែត និងឆេះនៅកន្លែង​នេះ/នោះ។ នៅលើពិភពលោកមានឆេះគគោក​ តែវាមិនមានរឿង ជាពិសេស (អាឆេះ)វិហារនៅប៉ារីស មិនទៅដាក់ទម្ងន់ឱ្យ (Emmanuel) Macron ទេ ដាក់ទម្ងន់មកលើ ហ៊ុន សែន (ថាជា)អ្នករៀបចំផែនការ (ទៅ)ឆ្កុយ(អញ្ចឹងទៅ)។ ឥឡូវ មានតែពឹងព្រះអង្គចេក/ចម សូមព្រះអង្ញសម្រេចរកយុត្តិធម៌ឱ្យកូនចាប/ព្រាបផង អ្នកណាដែលមួលបង្កាច់ កាច់កវាឱ្យបាក់ ឱ្យអ្ហែងព្រាត់ប្រាស់មួយជីវិតអញ្ចឹងទៅ។

អំណោយកំដរ/បញ្ចេញរថយន្តក្រុង ៤០០ គ្រឿង ដឹកប្រជាពលរដ្ឋដើរលេងចូលឆ្នាំ

ថ្ងៃនេះ បាននាំមកសម្រាប់ជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ចំនួន ៤ ៥៦៦ អង្គ/នាក់ ក្នុងអង្គ/នាក់ជូនថវិកាចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការ ចំនួន ៣ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ លានរៀល។ ជូនបុគ្គលិក/សាស្ត្រចារ្យ ចំនួន ១ ១៣១ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ បៀលប្រាយ ថវិកាចំនួន ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកាចំនួន ៣ លានរៀល។ សូមទាំងអស់គ្នាត្រៀមខ្លួនសប្បាយរីករាយនឹងចូលឆ្នាំ(ខ្មែរនាពេលខាងមុខ)។ (តម្លៃ)ប្រេងបើកមើលយប់មិញខ្ញុំភ្ញាក់(ផ្អើល)ដែរ (វា)ចុះដល់ ៧១ (ដុល្លារ/បារ៉ែល) ឥឡូវ (ព្រឹកនេះ)វាឡើងវិញបាត់ទៅហើយ។ ខ្ញុំបន់ស្រន់ថាធ្វើម៉េចឱ្យពេលចូលឆ្នាំខ្មែរប្រេងវាចុះថ្លៃ ស្រណុកឱ្យបងប្អូនយើងដើរលេងបានឆ្ងាយបន្តិច។ ប៉ុន្តែ យ៉ាងណាក៏ដោយ គឺថា (យើង)បញ្ចេញរថយន្ត ៤០០ គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋដើរលេងចូលឆ្នាំ ដើម្បីចៀសវាងកុំឱ្យមានការដំឡើងថ្លៃពីសំណាក់អ្នករត់តាក់ស៊ីក្នុងពេលហ្នឹង។ (ធ្វើដូច្នេះ)បង្កើតនូវការសប្បាយ(ថៀម)ទៀតក្នុងឱកាសចូលឆ្នាំថ្មីនេះ ជាមួយនឹងអវត្តមាន នៃកូវីដ-១៩ តែយើងនៅបន្តការខិតខំថែរក្សាខ្លួនកុំឱ្យមានបញ្ហាកើតឡើង។ ជាមួយនឹងការកើតសរសើរ ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ បៀលប្រាយ ជាមួយនឹងការកោរសរសើរ ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ ជាមួយនឹងអបអរសាទរ សម្រាប់ជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និងជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ សូមប្រកបដោយពុទ្ធពរ/ពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82373/feed 0