ធីពិសារបាយសាមគ្គី – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Sun, 09 Apr 2017 11:23:41 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png ធីពិសារបាយសាមគ្គី – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្រង់​​សង្កថា សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធី​ពិសារ​បាយសាម​គ្គី​ជាមួយ​កីឡាករ-ការិនី និងគ្រូបង្វឹក https://pressocm.gov.kh/archives/1780 https://pressocm.gov.kh/archives/1780#respond Tue, 04 Apr 2017 13:19:29 +0000 http://pressocm.gov.kh/?p=1780

កំណត់យកល្ងាចថ្ងៃទី ៤ មេសា ជាថ្ងៃជួបជុំជាមួយកីឡាករ/ការិនី  

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានអនុវត្តនូវការសន្យាកាលពីឆ្នាំទៅ នូវល្ងាចថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៦ ដែលយើងសម្រេចថា នឹងជួបគ្នាក្នុងរយៈពេល ១ ឆ្នាំម្តង គឺកំណត់ល្ងាច ថ្ងៃទី ៤ ខែ មេសា ជា រៀងរាល់ឆ្នាំ។ ជាការគួរឲ្យសោកស្តាយ ដែលខ្ញុំសុំអភ័យទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ជាពិសេស កីឡាករ/ការិនី ចំពោះអវត្តមានភរិយារបស់ខ្ញុំ ដែលមិនបានអញ្ជើញមកចូល រួម ដោយសារមានធុរៈផ្ទាល់ខ្លួន។

ចលនាកីឡា មិនត្រឹមតែកើតឡើងក្នុងកម្រិតកីឡាអាជីពទេ តែកំពុងបានរីកដុះដាលនៅតាមមូលដ្ឋាន

ជាកិច្ចបន្តនេះ អនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី ជាពិសេស បងប្អូនកីឡាករ/ការិនីទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុង​ការជួបជុំជាមហាគ្រួសារនៃកីឡាកម្ពុជា។ សុំប្រសិទ្ធិពរ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ១ ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការជួបគ្នានៅទីនេះ កាលពី ឆ្នាំទៅ វឌ្ឍនភាពជាច្រើនត្រូវបានកើតឡើងនៅក្នុងក្របខណ្ឌ នៃកីឡាជាតិរបស់យើង ក្នុងនោះមិនគ្រាន់តែ កីឡាដែលមានការប្រកួតកីឡាអាជីពនោះទេ ក៏ប៉ុន្តែ ចលនាកីឡាក៏បានរីកធំទូលាយនៅក្នុងក្របខណ្ឌប្រ ជាជនរបស់យើង។

នៅតាមទីកន្លែងដែលខ្ញុំទៅដល់ ទាំង ២៥ ខេត្ត/ក្រុង ខ្ញុំបានឃើញនូវសំណូមពររបស់សិស្សានុសិស្ស យុវជន និងកុមារ គ្រូបង្រៀន និងសាស្ត្រាចារ្យ ជាមួយនឹងការចង់បាននូវទីលានបាល់ទាត់ បាល់ទះ បាល់​បោះ និងកាយសម្ព័ន្ធ។ ចលនាកីឡារបស់យើង មិនត្រឹមតែបានកកើតនៅក្នុងកម្រិត នៃកីឡាអាជីពទេ តែ​កំពុងរីកដុះដាល ដែលនេះជាថ្នាលដ៏សំខាន់ នៃការជ្រើសរើសកីឡាករ/ការិនី ដែលបានហ្វឹក​ហាត់ពី​នៅ​(ឯ)​មូលដ្ឋាន ដើម្បីជម្រើសយកមកចូលមកនៅក្នុងក្របខណ្ឌជាជម្រើសថ្នាក់ជាតិ។

កីឡាបានបង្ហាញទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ/កីឡាជាផ្នែកមួយនៃកិច្ចការបរទេសរបស់ប្រជាជន

អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួង អប់រំ យុវជន និងកីឡា ដែល ជា​អ្នកទទួលបន្ទុកលើវិស័យកីឡា។ កោតសរសើរចំពោះគណៈកម្មាការអូឡាំពិកកម្ពុជា ដែលបានខិតខំ ប្រឹង​ប្រែងធ្វើឲ្យវិស័យកីឡារបស់យើង មានការរីកលូតលាស់គួរឲ្យកត់សម្គាល់។ ខ្ញុំសូមកោតសរសើរចំ​ពោះ​សហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំធ្វើកីឡានៅក្នុងក្របខណ្ឌសហព័ន្ធនេះ បានរីកលូតលាស់។ ការ​ចូលរួមប្រកួតនានា ទាំងក្នុងកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ក៏បានបន្តធ្វើជាបន្តបន្ទាប់ ហើយជា​មោទ​នភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញវត្តមានកាន់តែឆ្ងាយទៅៗ ធ្វើឲ្យទង់​ជាតិរបស់​កម្ពុជា ទៅកាន់ទីកន្លែងនេះ ទៅកាន់ទីកន្លែងនោះ តាមរយៈនៃវិស័យកីឡា។ តាមរយៈវិស័យនេះ​ទៀត​សោត សាមគ្គីភាពនៅក្នុងចំណោមប្រជាជនយើងក៏កាន់តែទូលំទូលាយ និងរីកចម្រើន។ ទំនាក់ទំនង​វប្ប​ធម៌ និងវិស័យកីឡា ជាមួយនឹងប្រទេសដទៃក៏ត្រូវបានរីកចម្រើន ដែលជាផ្នែកមួយ នៃកិច្ចការបរទេសប្រជា​ជន តាមរយៈនៃវិស័យកីឡា និងវប្បធម៌នេះឯង។

អរគុណចំពោះបណ្តាក្រុមហ៊ុន ដែលបានចូលរួមចំណែកលើកស្ទួយវិស័យកីឡា

ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវអំណរគុណ ចំពោះបណ្តាក្រុមហ៊ុននានា ដែលបានចូលរួមចំណែកនូវក្នុង ការ​លើកស្ទួយវិស័យកីឡា​ តាមរយៈការចូលរួមជាវិភាគទានទ្រទ្រង់ នៃវិស័យកីឡា ឬធ្វើជាអ្នកឧបត្ថម្ភ តាម​រយៈ​កម្មវិធីកីឡានានា។ វិស័យកីឡាអាចរីកដុះដាលទៅបាន គឺទាមទារនូវការឧបត្ថម្ភ។ គ្រាន់តែ​តាម​រយៈ​ការផ្សាយពាណិជ្ជកម្ម នៃផលិតផលរបស់ខ្លួនរបស់បណ្តាក្រុមហ៊ុន ក៏ជាផ្នែកដ៏សំខាន់ នៃការជួយ​ជ្រោម​ជ្រែងដល់ការរីកលូតលាស់នៃវិស័យកីឡារបស់យើង។

បន្តជម្រុញចលនាកីឡានៅគ្រប់កម្រិតឲ្យក្លាយទៅជាចលនារបស់ជាតិ

ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងនូវការកើតសរសើរ ចំពោះការខិតខំទាំងអស់ តាមបណ្តាសាលារៀន តាំងពី​កម្រិត​​បឋមសិក្សា មធ្យមសិក្សា រហូតមកដល់ឧត្តមសិក្សា ដែលបានបង្កើតឲ្យមានចលនាកីឡានៅគ្រប់ សា​លារៀន នៅក្របខណ្ឌទូទាំងប្រទេស។ សង្ឃឹមថា ចលនារបស់យើងនេះ និងមានជាបន្តទៀត តាម​រយៈ នៃការខិតខំ ហើយធ្វើឲ្យចលនាកីឡារបស់យើងក្លាយទៅជាចលនារបស់ជាតិ​ទាំងមូល មិនមែនជា​របស់​ដាក់ដោយឡែករបស់ក្រសួងអប់រំ យុវជន និងកីឡា ឬរបស់គណៈកម្មាការអូឡាំពិកនោះទេ ហើយ ក៏មិនមែនជារបស់ដាច់ដោយឡែកនៃសហព័ន្ធកីឡានីមួយៗ ឬក៏កីឡាករ/ការិនីនោះទេ ក៏ប៉ុន្តែ វាជាចលនា ជាតិរបស់យើង ដែលជម្រុញឆ្ពោះទៅមុខ។ បើទោះបីគ្មានស៊ីហ្គេមឆ្នាំ ២០២៣ ក៏ដោយចុះ ក៏ប៉ុន្តែ ការខិត ខំរបស់យើងត្រូវតែធ្វើឲ្យវិស័យកីឡារបស់យើងរីកលូតលាស់ឡើង។

កម្ពុជាពីប្រទេសស្គាល់នូវមេដាយតិចតួច មកជាប្រទេសស្គាល់ និងទទួលនូវមេដាយជាច្រើន

កាលពីពេលមុនយើងបានស្គាល់តិចតួចណាស់នូវមេដាយមាស ឬមេដាយប្រាក់ មេដាយសំរឹទ្ធ ដែល (បាន)មកពីបរទេស ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានស្គាល់រួចហើយនូវអ្វីដែលហៅថា ជាមេដាយ ដែលបានមកពីការប្រកួតកម្រិតតំបន់ និងកម្រិតពិភពលោក។ សង្ឃឹមថា កីឡារបស់យើងនឹងបន្តដំណើរ រីកលូតលាស់របស់ខ្លួនតទៅទៀត ដើម្បីឈានឆ្ពោះទៅស្មើមុខស្មើមាត់ជាមួយនឹងប្រទេសដទៃ។

កីឡា​ មិនអាស្រ័យទៅលើប្រទេសធំ ឬប្រទេសតូច ប្រជាជនច្រើន ឬប្រជាជនតិចនោះទេ

ខ្ញុំបាននិយាយជាញឹកញាប់ហើយថា បញ្ហាកីឡា គឺមិនអាស្រ័យទៅលើប្រទេសធំ ឬប្រទេសតូច។ ប្រជា​​ជន​ច្រើន ឬប្រជាជនតិចនើទេ ហើយក៏មិនអាស្រ័យទាំងស្រុងទៅលើបញ្ហាប្រទេសអ្នកមាន ឬប្រទេស​អ្នក​ក្រ​នោះ​ដែរ។ ប្រទេសអ្នកមានខ្លះ ក៏មិនមានជោគជ័យនូវក្នុងវិស័យកីឡានោះដែរ ហើយប្រទេស​ដែល​មាន​ចំ​នួន​ប្រជាជនច្រើន ក៏មិនប្រាកដថា ជាប្រទេសដែលមានជោគជ័យនូវក្នុងវិស័យកីឡានោះដែរ។ ដូច្នេះ​ហើយ​បាន​ជាយើងត្រូវខិតខំ និងដាក់ខ្លួនថា ក្នុងឋានៈជាប្រជាជាតិមួយនឹងគេដែរ ត្រូវតែមានការខំ ដើម្បី ឈាន​ឡើងនៅក្នុងវិស័យកីឡា។

លើពិភពលោក មានតែវិស័យកីឡាមួយគត់ ដែលមានស្តង់ដាអន្តរជាតិ

ខ្ញុំក៏សុំគូសបញ្ជាក់នៅទីនេះថា នៅលើពិភពលោកនេះ មានតែវិស័យកីឡាតែមួយគត់ ដែលមានស្តង់ដា។ របស់ដែលហៅថា ស្តង់ដាអន្តរជាតិ មិនអាចប្រើប្រាស់បានទេទៅលើបញ្ហានយោបាយ ឬបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ប៉ុន្តែ វិស័យកីឡាឯណេះវិញទេ ដែលមានស្តង់ដាអន្តរជាតិ មានម៉ែត្រវាស់ជាអន្តរជាតិ។ ​នេះ ជាចំណុចដែលអ្នកកីឡារបស់យើងត្រូវយល់ឱ្យបាន ហើយប្រជាជនយើងត្រូវយល់ឲ្យបាន។ ពាក្យដែលគេ​និ​យម​ថាស្តង់ដាអន្តរជាតិ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែគូសបញ្ជាក់ … ប្រទេសខ្លះបោះឆ្នោតប្រធានាធិបតីតែមួយជុំទេ ដូច​​ជាសហរដ្ឋអាមេរិក ប៉ុន្តែ ប្រទេសខ្លះទៀតបោះឆ្នោតប្រធានាធិបតីដល់ទៅពីរជុំ ដូចនៅប្រទេសបារាំង តើ​នេះឬជាស្តង់ដាអន្តរជាតិ? បើវាមាន​ការខុសគ្នាបែបនេះដូច្នេះ ពីប្រទេសមួយទៅកាន់ប្រទេសមួយ មាន​ចរិត​ខុសគ្នា មិនដូចគ្នាទេ។ ក៏ប៉ុន្តែ វិស័យកីឡា គឺជាវិស័យដែលមានស្តង់ដាដូចៗគ្នា មិនខុសគ្នាទេ។

ប្រសិន(បើ)មានការប្រែប្រួលណាមួយ គឺប្រែប្រួលទូទាំងពិភពលោកតែម្តង។ ឧទាហរណ៍៖ លើបញ្ហាបាល់​ទាត់​កាលពីប៉ុន្មានឆ្នាំមុននោះ គឺមានការផ្លាស់ប្តូរ មកលេងតាមរបៀបពេលទាត់ស្មើគ្នាបន្ថែមម៉ោង អ្នក​ណា​​ទាត់ចូលមុនត្រឹមតែ ១ គ្រាប់ សូម្បីតែ ១ នាទី ក៏ចាត់ទុកថាជាអ្នកឈ្នះ។ តែវិធីនេះ​ត្រូវ​បានកែ​សម្រួល​មក​ជាវិធីបន្ថែមម៉ោងទាត់ ១៥ នាទីមួយដង ១៥ នាទីពីរដង។ ហើយបើនៅតែស្មើទៀត គឺទាត់បាល់​ពិ​ន័យ។ បើកែ (គឺ)កែទាំងពិភពលោកតែម្តង។ បាល់ទះមុននេះ មានរបៀបវាយខុសពីបាល់ទះបច្ចុប្បន្ន។ ដំ​ណាក់កាលដែលខ្ញុំលេងបាល់ទះ នៅពេលដែលយើងវាយហ្សឺវីសប៉ះទៅនឹងរបាំង គេចាប់ផាកពិន័យ ប៉ុន្តែ​ឥឡូវ​នេះ វាមិនដូច្នោះទៀតទេ ​ដើម្បីធានាការប្រកួតមួយ ប៉ះក៏ប៉ះទៅឲ្យតែវាឆ្លង។ កីឡាគ្រប់ប្រភេទ​មាន​ស្តង់​ដា និងមានវិន័យរបស់គេគ្រប់គ្រាន់។

អំពាវនាវកីឡាករ/ការិនី ទោះបីប្រកួតឈ្នះ ឬចាញ់ ត្រូវតាំងចិត្តជាកីឡាករ គោរពនូវវិន័យការប្រកួត  

ខ្ញុំសុំយកឱកាសនេះ អំពាវនាវចំពោះកីឡាករ/ការិនីរបស់យើង បើទោះបីជាការប្រកួតឈ្នះ ឬចាញ់ ត្រូវតាំង​ចិត្ត​ជាកីឡាករ ត្រូវតាំងចិត្តនឹងគោរពឲ្យបាននូវវិន័យនៃការប្រកួត។ មិនអាចទទួលនូវកាតក្រហម ឬការ បណ្តេញចេញដោយអំពើចេតនារបស់យើងនោះទេ។ តែប្រសិនបើវាជាអំពើអចេតនា ត្រូវទទួលនូវ​(ការ)​ពិន័យ​កាតក្រហម ដោយការបណ្តេញចេញ ឬផ្អាកមិនឲ្យមានការប្រកួតបន្តក្នុងមួយរយៈណានោះ គឺជា​បញ្ហា​បច្ចេកទេស និងជាកំហុសដោយអចេតនា។ ប៉ុន្តែ អ្វីដែលត្រូវខិតខំ កីឡាករ/ការិនី​របស់យើង​ទៅប្រ​កួត ធានាយ៉ាងណាគោរពទៅតាមលក្ខខណ្ឌតម្រូវ នៃការប្រកួត ដែលវាជាស្តង់ដាអន្តរជាតិ នៃការប្រកួត។ ក្នុងគ្រប់កីឡាទាំងអស់ (គឺ)តែងមានម៉ែត្រវាស់របស់វា ខុសពីបញ្ហានយោបាយ សេដ្ឋកិច្ច និង​សង្គម។

អបអរចំពោះវឌ្ឍនភាពសមត្ថភាពរបស់កីឡាករ/ការិនី, អរគុណមិត្តភក្តិ និងគ្រូបង្វឹក

ខ្ញុំសូមយកឱកាសនេះ អបអរសាទរ ចំពោះការរីកចម្រើន នៃកីឡាករ/ការិនីរបស់យើង ដែលបានប្រឹងហ្វឹក ហាត់ ហើយជាពិសេស ចៅៗ និងក្មួយៗ ដែលនៅវ័យក្មេង។ សង្ឃឹមថា ចៅៗទាំងនេះ នឹងចូលរួមនៅក្នុង ស៊ីហ្គេមឆ្នាំ ២០២៣ ឬអាចនឹងទៅប្រកួតនៅក្នុងក្របខណ្ឌតំបន់ ដែលមានវិញ្ញាសាតម្រូវឲ្យទៅ។ ខ្ញុំពិតជា សប្បាយរីករាយ ដោយសារតែពិធីជួបជុំរបស់យើងនេះ ត្រូវបានប្រព្រឹត្តទៅតាមការកំណត់ ហើយថ្ងៃនេះ សមិទ្ធផលលើវិស័យកីឡា ក៏ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ និងបើកការដ្ឋានដើម្បីសាងសង់(បន្ថែម)។ យើងចំណាយក៏មិនតិចទេ ដើម្បី(ជា)មូលដ្ឋាននៃកីឡាទាំងអស់នេះ។ សង្ឃឹមថា យើងរីករាយទាំងអស់ គ្នា ទទួលយកនូវការខិតខំក្នុងរយៈពេល ១ ឆ្នាំ កន្លងផុតទៅ ហើយក៏ត្រូវពិនិត្យមើលនូវចំណុចខ្វះខាត ដែលគប្បី​ត្រូវកែលម្អ។ អរគុណជាមួយមិត្តភក្តិទាំងឡាយ រាបទាំងគ្រូបង្វឹកដែលមកពីបរទេស ដែល​បាន​ចូល​រួម​នៅ​ក្នុងចលនាកីឡារបស់កម្ពុជា។

នៅក្នុងឱកាស នៃការជួបជុំដ៏រីករាយនេះ ខ្ញុំសូមជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន កូនក្មួយ កីឡាករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/1780/feed 0