ជ្រៃធំ/ឡុងប៊ិញ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Tue, 25 Apr 2017 06:44:00 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png ជ្រៃធំ/ឡុងប៊ិញ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី​សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ https://pressocm.gov.kh/archives/3699 https://pressocm.gov.kh/archives/3699#respond Mon, 24 Apr 2017 06:40:42 +0000 http://pressocm.gov.kh/?p=3699 សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
  • ឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និង អន្តរជាតិ
  • បងប្អូនជនរួមជាតិទាំងអស់ជាទីនឹករឭក !

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយឯកឧត្តម ង្វៀន សួនហ៊្វុក នាយក​រដ្ឋ​មន្ត្រី​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជាវៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់នៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម» ក្នុងឃុំសំពៅពូន ស្រុក​កោះ​ធំ ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាប់ជាមួយនឹងស្រុកឡុងប៊ិញ ខេត្តឤងយាង នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម។

ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជួយរំដោះប្រជាជន និង ប្រ​ទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិកា​រ ប្រកប​ដោយ​​ភាតរភាព ដោយបានចែករំលែកធនធានរបស់ខ្លួនចូលរួមវិភាគទានដ៏ថ្លៃថ្លា ក្នុងការជួយស្តារ និងអភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ចកម្ពុជា ជាបន្តបន្ទាប់រហូតមក។ ជាមួយនេះ កម្ពុជាសូមអបអរសាទរចំពោះការអភិវឌ្ឍ​សង្គម​ជាតិ​វៀតណាម ដែលតាមរយៈការរីកចម្រើននេះ ក៏នឹងអូសទាញបន្ថែមទៀត ដល់កំណើនសេដ្ឋកិច្ច និងការ​អភិវឌ្ឍប្រទេសជិតខាង ដូចជាកម្ពុជាផងដែរ។

ជាការពិត ពិធីនេះក៏ជាការរំឭកខួបអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលមកដល់ឆ្នាំ ២០១៧ នេះ មានរយៈពេល ៥០ ឆ្នាំមកហើយ (១៩៦៧-២០១៧) ។ តាមរយៈនេះ យើងឤចនិយាយបានថា ស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាចំណងដៃមួយនៃឱកាសខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀត​ណាម។ ដោយឡែក សមិទ្ធផលនេះ មិនត្រឹមតែជាសក្ខីភាពបង្ហាញឱ្យឃើញពីសមានចិត្តដ៏​ថ្លៃថ្លារបស់រដ្ឋាភិ​បាល​វៀតណាម ក្នុងការពង្រឹង ពង្រីក ទំនាក់ទំនងសហប្រតិបត្តិការ និងសាមគ្គីភាពរវាងប្រទេសជិត​ខាង​ទាំង​ពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខសន្តិភាព, ស្ថិរភាព, សណ្តាប់ធ្នាប់ សម្រាប់ប្រជាជាតិទាំងពីរ និង ប្រទេសក្នុងតំបន់ឤស៊ាន ព្រមទាំងមហាអនុតំបន់មេគង្គទៀតផង។

ជាងនេះទៅទៀត ស្ពាន និងផ្លូវតភ្ជាប់នេះ ក៏ជាការពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយការ​បើក​​ច្រកទ្វារឆ្លងកាត់ព្រំដែន នឹងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់, ការលើកកម្ពស់វិស័យពាណិជ្ជកម្ម និង ទេសចរណ៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។

កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ជាច្រើន ទាំងខាងនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម ទាំងការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ដែលជាបុរេលក្ខខណ្ឌសម្រាប់ដំណើរផ្លាស់ប្តូរស៊ីជម្រៅ​ក្នុងគ្រប់ទិដ្ឋភាព នៃសង្គម​សេដ្ឋ​កិច្ច។ ជាក់ស្តែងថ្ងៃនេះ យើងមានស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់ នៃ​ប្រទេស​ទាំង​​ពីរ គឺជាច្រកដ៏មានសក្តានុពលសម្រាប់ភ្ជាប់ទៅនឹងទីផ្សារ និងគាំទ្រដល់សន្ទុះនៃកំណើន​សេដ្ឋ​កិច្ច​កម្ពុជា។

ជាមួយនឹងសមិទ្ធផលថ្មីៗបន្ថែមទៀតនេះ កម្ពុជាសង្ឃឹមថា នឹងសម្រេចបាននូវមហិច្ឆតាជំរុញពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកើនដល់ ៥ ពាន់លានដុល្លារ នៅបណ្តាឆ្នាំខាង​មុខ ដែលនឹង​ជួយរួម​ចំ​ណែករក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ដែលជាគោលដៅនៃកំណើនរបស់​​ខ្លួន បន្ទាប់ពីកម្ពុជាសម្រេចបាននូវកំណើន ៧,៧% ជាមធ្យមក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទស​វត្សរ៍ និងបានរំ​ដោះ​ប្រជាជនកម្ពុជារាប់លាននាក់ចាកផុតពីអន្ទាក់ នៃភាពក្រីក្រ ។ ដូច្នេះ ដើម្បីបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ច​កម្ពុជា ក្នុងល្បឿនមួយកាន់តែលឿនជាងមុន ជាមួយនឹងភាពអំណោយផលនៃសមាហរណកម្មតំបន់ និង ពិភព​លោក ការធានារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើន ប្រ​កបដោយចីរភាព គឺជាកិច្ចការចាំបាច់។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំសូមកោតសរសើរដល់ក្រុមពាក់ព័ន្ធ ដល់ការសម្រេចបាននូវសមិទ្ធផលនេះ ក្នុង​នោះ មានក្រុមហ៊ុនចម្រុះស៊ានកូវ័ន (វៀតណាម), ក្រុមហ៊ុន សុខ សុខា (កម្ពុជា) និងក្រុមហ៊ុនរចនាប្លង់​វិស្វ​កម្ម​ដឹក​ជញ្ជូន អេង ស្តុក (Stock Inc) របស់សាធារណរដ្ឋសង្គមនិយម​វៀតណាម ដែលបាន​សិក្សាគូរប្លង់​បច្ចេក​ទេស ព្រមទាំងក្រុមហ៊ុនក្នុងស្រុក ខេស៊ីអ៊ីស៊ី  ជាអ្នកមើលការខុសត្រូវ និងត្រួតពិនិត្យបច្ចេកទេសសំ​ណង់ ដែលបានសម្រេចជោគជ័យតាមផែនការកំណត់។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឤជ្ញាធរដែនដី ព្រម​ទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាសម្រេចឱ្យបាន​ជោគ​ជ័យនូវផែនការយុទ្ធសាស្ត្រ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាននានា នៅទូទាំងប្រទេស ជា​ពិសេស ស្ពានជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់នេះ។

[ចាប់ផ្តើមអត្ថាធិប្បាយ]

ប្រែក្លាយតំបន់អតីតសមរភូមិអោយក្លាយជាតំបន់អភិវឌ្ឍន៍

ព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តមនាយករដ្ឋមន្ត្រី បងប្អូនជនរួមជាតិកម្ពុជា និងបងប្អូនវៀតណាម ដែលបាន​ចូល​​រួម អនុញ្ញាតអោយ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយបន្ថែមបន្តិច។ នេះហើយជាគោលនយោបាយ ដែល​ខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញ គឺប្រែក្លាយតំបន់អតីតសមរភូមិ អោយក្លាយទៅជាទីផ្សារ និងប្រែក្លាយតំបន់​ព្រំដែនជាមួយប្រទេសជិតខាងទំាងអស់ អោយក្លាយទៅជាតំបន់ ជាព្រំដែនសន្តិភាព មិត្តភាព និង​សហ​ប្រតិ​បត្តិ​​ការ និងការអភិវឌ្ឍ។ កម្ពុជាមានព្រំដែនជាមួយនឹងវៀតណាមជាង ១ ពាន់គីឡូម៉ែត្រ មានព្រំ​ដែន​​ជា​មួយ​ថៃ​​ជិត ១ ពាន់គីឡូម៉ែត្រ និងមានព្រំដែនជាមួយឡាវទៀតផង។ យើងចង់បានព្រំដែនមិត្តភាព សន្តិភាព សហ​ប្រតិ​បត្តិការ និងការអភិវឌ្ឍ ដើម្បីធានានូវផលប្រយោជន៍ សម្រាប់ប្រជាជនទំាងសងខាង។ ខ្ញុំបានសម្រេច​រួច​មក​ហើយ នូវការប្រែក្លាយតំបន់អតីតសមរភូមិ អោយទៅជាទីផ្សារ។ ឥឡូវកំពុងតែខិតខំ​ដើម្បីប្រែក្លាយតំបន់​ព្រំ​ដែន​ជាមួយប្រទេសជិតខាងទំាងអស់អោយក្លាយជាតំបន់អភិវឌ្ឍន៍ សហប្រតិ​បត្តិ​ការ មិត្តភាព ហើយក៏ជា​ផ្នែក​​មួយដ៏សំខាន់នៃទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសជាប់ជាមួយគ្នា។

(ដោយសារការ)បកប្រែមិនត្រូវ អញ្ចឹងទេ ខ្ញុំត្រូវនិយាយភាសាវៀតណាម​បន្តិច។ បើ​គេ​ឃើញខ្ញុំនិយាយវៀត​ណាម​ គេថាខ្ញុំហ្នឹងអាយ៉ង ប៉ុន្តែដូចជាគេមិនទាន់និយាយថា ខ្ញុំជាអាយ៉ងបារំាង អាយ៉ងអង់គ្លេស នៅពេល​ដែល​ខ្ញុំនិយាយភាសាបារំាង និងភាសាអង់គ្លេសនោះទេ។ ឥឡូវដើម្បីបញ្ជាក់​អំពី​អត្ថន័យនេះ សម្រាប់អោយ​ឯក​ឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ថ្នាក់ដឹកនំាវៀតណាម បងប្អូនវៀតណាម​នៅ​ទី​នេះ ខ្ញុំសុំនិយាយ​ជាភា​សា​វៀត​ណាមពីរបីម៉ាត់ (សម្តេចមានប្រសាសន៍ជាភាសាវៀតណាម)។ ខ្ញុំក៏អាច​និយាយភាសាអង់គ្លេសជាមួយ​អ្នក​ដែលចង់និយាយជាមួយខ្ញុំដែរ ប៉ុន្តែសង្ឃឹមថា មនុស្ស​មួយ​ចំនួន​នឹងមិន​ថ្កោល​ទោសខ្ញុំ(ដែល)និយាយភា​សា​​វៀត​ណាម។

ដោយសារតែវាមិនមាននៅក្នុង​សុន្ទរកថា ខ្ញុំត្រូវនិយាយ​ពាក់ព័ន្ធជាភាសាវៀតណាមអោយច្បាស់ ទៅលើបញ្ហា​នេះអំពីអ្វីដែលខ្ញុំសម្រេចបាន នៅត្រង់ថា យើងបានប្រែ​ក្លាយសមរភូមិទំាងអស់អោយក្លាយទៅជាទីផ្សារ និងតំ​បន់​អភិ​វឌ្ឍន៍​រួចជាស្រេចទៅហើយ។ ឥឡូវយើងកំពុងតែ​បន្តការខិតខំជាមួយប្រទេសជិតខាង ដើម្បីប្រែក្លាយតំ​បន់​ព្រំដែន អោយទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ខ្ញុំក៏បាន​ដាក់​សំ​នួរ​សម្រាប់​ប្រជាជនដែលរស់នៅសងខាងព្រំដែន តើចង់​ផ្លាស់ប្តូរទំនិញ ការទៅមករកគ្នា ជាទេសចរ ឬចង់ជីក​លេណ​​ដ្ឋានដើម្បីវ៉ៃគ្នា? ខ្ញុំគិតថា ប្រជាជននៅតាមព្រំដែន​ទំាងអស់ ចង់បានសន្តិភាព និងការអភិវឌ្ឍ មិនមែន​ចង់​បានសង្គ្រាមនោះទេ។ សង្ឃឹមថា ស្ពានថ្ងៃនេះ ជា​ផ្នែក​មួយ​នៃការតភ្ជាប់ក្នុងទំនាក់ទំនងរវាងប្រទេសទំាងពីរ ក្នុងឋានៈជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការគ្រប់វិស័យ។

[បញ្ចប់អត្ថាធិប្បាយ]

នៅទីបញ្ចប់ ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជាវៀតណាម ជ្រៃធំ/ឡុង​​ប៊ិញ និង ផ្លូវតត្ជាប់នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម»នៅពេលនេះ  ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ​ព្រះថេរា​នុត្ថេរៈ គ្រប់ព្រះអង្គ និងជូនពរឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម​និយមវៀត​ណាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនជនរួមជាតិទាំងអស់ ​សូម​ប្រ​កប​​ដោយពុទ្ធពរទាំងបួន ប្រការ ឤយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/3699/feed 0