កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Fri, 26 May 2023 12:57:43 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សម្ពោធភាពយន្ត “«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី”» និងពិសារអាហារសាមគ្គី https://pressocm.gov.kh/archives/82357 https://pressocm.gov.kh/archives/82357#respond Mon, 13 Mar 2023 12:39:20 +0000 https://pressocm.gov.kh/?p=82357 CNV:

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា
បងប្អូនជនរួមជាតិ ដែលកំពុងតែមើលតាមការផ្សាយផ្ទាល់ចេញពីទីនេះ ជាទីគោរពស្រឡាញ់!

ថ្ងៃនេះពិធីសម្ពោធដើម្បីចាប់ផ្តើមចាក់បញ្ចាំងនូវខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទ បានចាប់ផ្តើមដូចការគ្រោងទុក។ អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការរៀបចំដឹកនាំដោយកូនស្រីជាទីស្រឡាញ់ ជាមួយនឹងការរៀបចំ ដែលមានការជួយជ្រោមជ្រែងពីបុគ្គលិករបស់ទូរទស្សន៍បាយ័ន ដើម្បីរៀបចំនូវកម្មវិធីនេះឡើង។

(១) ភាគនិទាន “កូនប្រុសក្រោមពន្លឺព្រះច័ន្ទ” លេចចេញស្របគ្នានឹងសៀវភៅ “បុរសខ្លាំងរបស់កម្ពុជា”

ខ្ញុំសូមយកឱកាសនេះ សំដែងនូវការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ហ៊ុយ វាសនា ដែលបានខិតខំធ្វើកិច្ចការនេះដ៏ល្អ។ គួរតែរំលឹកថា រឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មីនេះ តាមពិតឡើយខ្ញុំមិនដឹងថា រឿងនេះជារឿងអ្វីទេ។ ដូចដែលឯកឧត្តម ហ៊ុយ វាសនា បានលើកអម្បាញ់មិញ ស្របពេលដែលដែលជនបរទេសសរសេរសៀវភៅអំពី “បុរសខ្លាំងរបស់កម្ពុជា” រឿងភាគនិទាន កូនប្រុសក្រោមពន្លឺព្រះច័ន្ទ ក៏បានលេចចេញ។ ពេលនោះ ខ្ញុំបានស្តាប់នូវវិទ្យុ ១០៣ រាជធានីភ្នំពេញ។ ខ្ញុំគិតថា រឿងនេះដូចជារឿងរបស់ខ្ញុំណាស់។ ខ្ញុំក៏សាក​សួរ។ វាជារឿងរបស់ខ្ញុំមែន។ តាំងពីពេលនោះមក យើងក៏ចាប់ផ្តើមដើម្បីនឹងសម្របសម្រួលធ្វើម៉េចឲ្យរឿងនេះត្រូវទៅតាមលំនាំដើមរបស់វា។ ប៉ុន្តែភាគខ្លះវាបានកន្លងហួស។ ចាំបាច់ត្រូវតែធ្វើការកែសម្រួល។ នៅក្នុងនោះ ការចាក់ផ្សាយតាមវិទ្យុ អាចនឹងមានការខុសគ្នាជាមួយនឹងភាគនិទានដែលមានការបន្ថែមថ្មីនៅក្នុងខ្សែភាពយន្តនេះ។

(២) អរគុណតួសំដែង អ្នកបច្ចេកទេស បញ្ជាការដ្ឋានអង្គរក្ស, អាជ្ញាធរមូលដ្ឋានគ្រប់ទីតាំងថត

ខ្ញុំសូមសំដែងនូវការអរគុណនិងវាយតម្លៃខ្ពស់ចំពោះតួសំដែងទាំងអស់ដែលបានចូលរួមសំដែងយ៉ាងល្អ។ យើងបានប្រមូលសឹងតែគ្រប់ជំនាន់នៃតួសំដែងរបស់យើង រាប់ទាំងអ្នកបង ឌី សាវ៉េត ដែលបានមកដើរតួជាជីដូនរបស់ខ្ញុំ។ ខ្ញុំដឹងថា តួសំដែងនិងអ្នកបច្ចេកទេសរបស់យើងមានការលំបាក ដោយសារតែការថតនៅពេលខ្លះភ្លៀង ហើយតម្រូវឲ្យមានការសម្រាកឬក៏ប្រុងប្រយ័ត្នខ្ពស់ ទៅលើបញ្ហាផ្គររន្ទះជាដើម ដើម្បីសុវត្ថិភាពនៃតួសំដែងក៏ដូចជាអ្នកបច្ចេកទេស។ ខ្ញុំមានការពេញចិត្តនឹងការសំដែងទាំងអស់។ ខ្ញុំនឹងបញ្ជាក់នៅពេលក្រោយបន្តិចអំពីទំនាក់ទំនងរវាងក្រុមផលិតជាមួយនឹងខ្ញុំតែម្តង។

ខ្ញុំសូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ដូចជាបញ្ជាការដ្ឋានអង្គរក្ស ទាំងមេទាហាន ទាំងពលទាហាន ដែលបានចូលរួមក្នុងការផលិតរឿងនេះ ដោយម្ខាងគឺផ្តល់ភាពងាយស្រួលខាងភស្តុភារដឹកជញ្ជូនពីទីកន្លែងមួយទៅកាន់កន្លែងមួយ ហើយដោះស្រាយសំភារៈបច្ចេកទេស អាវុធយុទ្ធភណ្ឌ ការផលិតសំលៀកបំពាក់និងស្វែងរកសំភារៈ

ដែលប្រើជំនាន់នោះ។ កិច្ចការងារនេះក៏បានប្រព្រឹត្តទៅយ៉ាងល្អ។ ខ្ញុំសូមអរគុណចំពោះអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ ដែលបានជួយសម្រួលឲ្យការថត(អាចដំណើរការបាន)។

សម័យនេះ វាមិនដូចជាពេលមុនទេ។ ពិបាករកទីតាំងថត។ រឿងតួម្ខាង​ ប៉ុន្តែរឿងទីតាំងថតម្ខាងទៀត ដោយ​សារតែការអភិវឌ្ឍន៍ប្រទេសរបស់យើង (ធ្វើអោយ)មិនអាចរកឃើញនូវទីតាំងដូចកាលពីសម័យមុននោះទេ។ អញ្ចឹងត្រូវរកខេត្តជាច្រើនធ្វើដំណើរទៅកាន់ទីនោះ ដើម្បីទទួលបានការថតលើភូមិសាស្រ្តមួយចំនួនក្រៅពីការថតនៅតាមទីកន្លែងជា studio។ ខ្ញុំសូមអរគុណសប្បុរសជន ដែលបានចូលរួមនៅក្នុងការផ្តល់នូវថវិកាសម្រាប់ទ្រទ្រង់នៃដំណើរការថត ដែលក្នុងរយៈពេលកន្លងទៅនេះ បានជួយជាបន្តបន្ទាប់។

(៣) Video ជាង ៣០ ម៉ោង ត្រូវបានចម្លងចេញជាសៀវភៅ នឹងផ្សព្វផ្សាយក្នុងពេល១០ ឆ្នាំខាងមុខ

បន្ទាប់ពីការថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ អនុញ្ញាតឲ្យខ្ញុំបានលើកមកនិយាយបន្តិច។ ហេតុអីបានថ្ងៃនេះ ខ្ញុំកាន់សៀវភៅនេះមក? ខ្ញុំបាននិយាយដាក់ជា Video រយៈពេលជាង ៣០ ម៉ោង ហើយត្រូវបានចម្លងចេញជាសៀវភៅ។ សៀវភៅនេះមានចំណុចទាក់ទងតិចទេទៅនឹងដំណើររឿង។ ប៉ុន្តែ សៀវភៅនេះមិនអាចផ្សាយក្នុងពេលនេះទេ។ រយៈពេលមិនតិចជាង១០ ឆ្នាំទៀត ទើបអនុញ្ញាតផ្សាយបាន ព្រោះមានអាថ៌កំបាំងច្រើន។ (ព្រឹត្តិការណ៍ទាំងនោះ)ក៏មិនអាចបញ្ចេញទៅតាមខ្សែភាពយន្តបានដែរ។ (ព្រឹត្តិការណ៍)ក្នុងសៀវភៅនេះទៀតសោត ក៏ប្រមូលផ្តុំត្រឹមពីឆ្នាំ១៩៧៧ មកទល់ជាមួយនឹងឆ្នាំ២០០៣, ២០០៤, ២០០៥, ២០០៦។​ ចំពោះរឿងរ៉ាវកើតឡើងមុនពេលនោះគឺមិនមាននៅក្នុងនេះទេ (តែរឿងវ៉ាវទាំងនោះ)បែរជាមានមួយផ្នែកណានៅក្នុងរឿងនេះវិញ។

(៤) ឈុតឆាកក្នុងភាពយន្តគ្របដណ្តប់ប្រហាក់ប្រហែលត្រឹម៤០% នៃហេតុការណ៍ជាក់ស្តែង

ខ្ញុំក៏សូមបញ្ជាក់ថា (រូបភាពថត)ក្នុងរឿងនេះ អាចគ្របដណ្តប់បានប្រហាក់ប្រហែលជាត្រឹម៤០ ភាគរយនៃបញ្ហាប៉ុណ្ណោះ។ ឧទាហរណ៍ការប្រយុទ្ធរបស់ខ្ញុំនៅលើសមរភូមិពិតប្រាកដគឺមានរហូតទៅដល់១០៥ លើក ក៏ប៉ុន្តែឈុតឆាកប្រយុទ្ធដែលយកមកសម្តែងក្នុងរឿងនេះ គឺមានត្រឹមតែ៥ ឈុតឆាកតែប៉ុណ្ណោះ។ វាមិនបានគ្របដណ្តប់ទាំងស្រុង​នូវហេតុការណ៍ដែលបានកើតនៅក្នុងដំណាក់កាលនោះទេ។ ឯតួអង្គទៀតសោតគឺមានតួអង្គ​ច្រើនណាស់ដែលជាប់ពាក់ព័ន្ធ។ តួប្រទេសរបស់យើងអាចនឹងមិនគ្រប់ផងទេ បើសិនជាខ្ញុំបញ្ចេញតួទាំង​ឡាយដែលពាក់ព័ន្ធនៅក្នុងដំណើររឿងជីវិតរបស់ខ្ញុំនេះ។ ប៉ុន្តែយើងបានជ្រៀតយកនូវចំណុចដែលពាក់ព័ន្ធសំខាន់ៗយកមកដាក់នៅក្នុងរឿងនេះ។​

(៥) ថ្ងៃកំណើត គឺថ្ងៃពេញបូណ៌មី ១៥ កើត ខែស្រាពណ៍

ទាក់ទងទៅនឹងចំណងជើង ច្បាស់ជាមានការវាយប្រហារ។ ខ្ញុំចង់ផ្ញើសារទុកមុនឲ្យហើយ ព្រោះគ្រាន់តែរឿងចាប់ផ្តើមថត មានការប្រមាថ(ទៅហើយ)។ ខ្ញុំចង់ប្រាប់អស់លោកអ្នក បើខ្ញុំកើតថ្ងៃត្រង់ ប្រ​ហែល​ជាគេដាក់ចំណងជើងរឿងនេះថា កូនប្រុសកើតក្រោមពន្លឺព្រះសុរិយាហើយ គេមិនដាក់កូនប្រុសក្រោមពន្លឺព្រះចន្ទទេ។ សុំអ្នកទាំងឡាយកុំឆ្ងល់នឹងពាក្យក្រោមពន្លឺព្រះចន្ទ។ ខ្ញុំពិតជាកើតនៅថ្ងៃ ១៥ កើត ខែស្រាពណ៍ គឺខែពេញបូរណ៌មីនោះឯង។ ខ្ញុំគិតថា យើងបង្ការទុកជាមុនព្រោះពួកអគតិតែងតែរករឿង។ នេះរឿងរបស់គេសោះ។ ខ្លួនឯងចង់បង្កើតរឿងអីក៏បង្កើតទៅធ្វើទៅ ហើយរឿងរបស់គេទុកឲ្យគេ។ នេះគ្រាន់តែជាការបង្ការទុក។ បើសិនជាខ្ញុំកើត(ពេល)ថ្ងៃ គេមុខតែមិនដាក់ចំណងជើងកើតពេលយប់ទេ … ពិតជាក្រោមពន្លឺព្រះសុរិយា។ ឥឡូវចង់អ្នកណាដាក់ក្រោមភ្លើងចន្លុះឬក្រោមអំពូលម៉ែត្រអីដាក់ទៅ។ រឿងរបស់អ្នកឯង ប៉ុន្តែរឿងរបស់ខ្ញុំគឺផ្សេង … ហេតុអីបាននាំទៅដល់ការថត?

(៦) កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ជារឿងពិត មិនអាចថត/សំដែងខុសបានទេ

ក្រោយពីរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី បានចាក់ផ្សាយតាមវិទ្យុ មានក្រុមហ៊ុន ៣ ជាក្រុមហ៊ុនបរទេសបាន​មកជួបខ្ញុំ។ មានក្រុមហ៊ុនមួយនោះ ដែលខ្ញុំគិតថាមិនបញ្ចេញឈ្មោះឡើងវិញទេ គឺមករហូតដល់២ដង។ ខ្ញុំមិនព្រមឱ្យថតទេ។ បើសិនជាអ្នកឯងមានថត គឺខ្ញុំសុំឱ្យយកសេណារីយ៉ូ ដែលមាននៅក្នុងរឿងភាគនិទានរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី។ ខ្ញុំឱ្យឯកឧត្តម ហ៊ុយ វាសនា បញ្ជូនឱ្យខ្ញុំប៉ុន្មានកេសឯណោះ។ យកទៅបាត់ទៅ។ រឿងរបស់ខ្ញុំមិនអាចយកទៅកាឡៃបានទេ … បើមិនអញ្ចឹងធ្វើឱ្យអ្វីដែលជាសាច់រឿងពិតរបស់យើងគឺក្លាយទៅជារឿងភូតកុហក។ ក្នុងរឿងនេះ បើសិនសំដែងជាតួអង្គខ្ញុំផង សូម្បីពាក្យមួយម៉ាត់ ក៏មិនអាចឱ្យខុសទេ។ (បើសំដែងឬនិយាយខុស) ថ្ងៃក្រោយ រឿងហ្នឹងវាអាចក្លាយទៅជារឿងមួយផ្សេង។ ខ្ញុំស្នើអោយមានការយកចិត្តទុកដាក់បន្ត ក្នុងហ្នឹងរឿងទាំងឡាយដែលពាក់ព័ន្ធជាមួយរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី ប្រហែលជា២០ ភាគ ចុងក្រោយនៃភាគនិទានគឺខ្ញុំបានជួយសរសេរនៅក្នុងរឿងនេះ។

(៧) មិនមែនជារឿងដាច់ដោយឡែកប៉ុន្តែពាក់ព័ន្ធទៅនឹងដំណើរជាតិទាំងមូល

មានសំណូមពរយ៉ាងច្រើនពីសំណាក់អ្នកដែលបានស្ដាប់រឿងនេះ នៅពេលដែលចាក់តាមវិទ្យុ ហើយក្នុងហ្នឹងចាក់ផ្សាយនៅតាមហ្វេសប៊ុករបស់ទូរទស្សន៍បាយ័ន, ហ្វេសប៊ុករបស់ BTV, ហ្វេសប៊ុករបស់ Fresh News ដែលផ្សាយចេញទាំងវិទ្យុនិងផ្សាយចេញតាមហ្វេសប៊ុក។ មានសំណូមពរជាច្រើនចង់ឱ្យមានថតខ្សែភាពយន្តនេះ។ វាល្មមដល់ពេលដែលត្រូវថតរឿងនេះហើយដែរ។ សូម្បីតែរឿងដែលខ្ញុំនិយាយទុកនេះ ខ្ញុំគ្មានពេលសរសេរ​ទេ។ ខ្ញុំនិយាយរួចហើយឱ្យចម្លង ព្រោះក្រែងលោពេលដែលខ្ញុំស្លាប់ទៅ យករឿងរ៉ាវអាថ៌កំបាំងទាំងឡាយទៅតាមខ្លួន។ ខ្ញុំចង់អោយមានរឿងមួយ។ រឿងនេះមិនមែនជាហេតុការណ៍ដាច់ដោយឡែករបស់ខ្ញុំទេ។ វាពាក់ព័ន្ធទៅនឹងដំណើរជាតិទាំងមូលរបស់យើង។ តើការឈឺចាប់របស់ជាតិរបស់យើងវាយ៉ាងម៉េច? ដូច្នេះបានជារឿងនេះគ្របដណ្ដប់អំពីព្រឹត្តការណ៍ទាំងឡាយដែលបានកើត។

(៨) ចាក់ផ្សាយថ្ងៃ២០ មីនា រាល់ថ្ងៃច័ន្ទ អង្គារ៍ និងពុធ

អ្នកនិពន្ធនិងដឹកនាំរឿងក៏បានបង្កើតរឿងតាំងពីការចាប់ផ្ដើមនៃជីវិតរបស់ខ្ញុំពីកុមារភាព ឆ្លុះបញ្ចាំងបន្តិចបន្តួចពីទីនោះ ប៉ុ​ន្តែមកប្រមូលផ្ដុំភាគច្រើនចាប់តាំងពីឆ្នាំ ១៩៧០ ដែលតួអង្គនៅក្នុងទីនេះ ក៏បានបង្ហាញចេញអំពីការប្រឆាំងជាមួយរដ្ឋប្រហារ ហើយគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ ដើម្បីវិលត្រឡប់មកកាន់អំណាចវិញ។ ថ្ងៃនោះខ្ញុំបានជួយពិនិត្យ។ នៅពេលដែលខ្ញុំធ្វើដំណើរពីកំពង់ធំមកកាន់ទីក្រុងភ្នំពេញ ខ្ញុំក៏បានជួយពិនិត្យនៅក្នុងការចាក់(ឈុតឆាកអំពី)ថ្ងៃនេះប្រមាណជាមួយម៉ោង។ ប៉ុន្តែមួយម៉ោងនេះ មិនអាចជំនួសឱ្យ៨០ ភាគ នៃរឿងដែលគ្រោងនឹងថតនោះទេ។ យកចោះៗ។ រឿងពិតប្រាកដរង់ចាំមើលចាប់ពីថ្ងៃទី ២០ (ខែមីនា)ខាងមុខនេះ។ នៅសល់ប៉ុន្មានថ្ងៃទៀត គឺរឿងនេះនឹងចាប់ចាក់ផ្សាយ ហើយក្នុងមួយសប្ដាហ៍ចាក់ ៣ ថ្ងៃគឺច័ន្ទ, អង្គារ៍និងពុធ។

(៩) រដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ដាក់ប្រជាពលរដ្ឋកម្ពុជាជាចំណាប់ខ្មាំងនៃសង្គ្រាម

ខ្ញុំសូមបញ្ជាក់ឡើងវិញថា វាមិនមែនជាការបំផុសរឿងដាច់ដោយឡែកទេ។ តួអង្គខ្ញុំបានផ្សារភ្ជាប់ទៅនឹងជីវិតរបស់ជាតិខ្មែរ គឺជាយុវជនម្នាក់ក្នុងចំណោមយុវជនរាប់លាននាក់ដែលរងទុក្ខវេទនា ដោយសារសង្គ្រាម(ដែលបណ្តាលពី)ការសម្រេចចិត្តខុសរបស់អ្នកនយោបាយធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ។ (ការសំរេចចិត្តខុសនោះ)បានក្លាយទៅជាបញ្ហាសម្រាប់ប្រជាជន ដែលទាំងអស់គ្នាក្លាយជាចំណាប់ខ្មាំងនៃសង្គ្រាម។ សូមបញ្ជាក់ថា គ្រាន់តែតួអង្គនេះ ខ្ញុំមិនដាក់ឈ្មោះថាជាតួអង្គ ហ៊ុន សែន នោះទេ តែគេអាចយល់បានថាមេបញ្ជាការ សំរេច ជាអ្នកណា និង ម៉ារីនី ជាអ្នកណា។ វា(ជាព្រឹត្តិការណ៍មានការ)ពាក់ព័ន្ធរួម មិនមែនរឿងដាច់ដោយឡែក។ វាអាចនឹងបន្សល់នូវកេរមរត៌កទៅអ្នកជំនាន់ក្រោយយល់ដឹង។

(១០) អ្នកចូលព្រៃតស៊ូនៅឆ្នាំ១៩៧០ គិតថា សារាចរ៨៧០ ជាការណែនាំរបស់សម្តេចព្រះនរោត្តម សីហនុ

គ្រាន់ចំណុចប៉ុណ្ណេះ​ អាចនឹងសមល្មមយល់ថា អ្នកដែលចូលព្រៃតស៊ូនៅឆ្នាំ ១៩៧០ អត់បានដឹងទេថា តើអ្នកណាដឹកនាំពិតប្រាកដទេ។ (មានការ)ចេញសារាចរដាក់ថាលេខ ៨៧០។ យើងគិតស្មានថា ៨៧០ គឺជាសារាចរណែនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ឬសម្ដេចប៉ែន នុត ព្រោះពេលនោះសម្ដេចព្រះ នរោត្តម សីហនុ ព្រះ​​អង្គជាប្រធានរណសិរ្សរួបរួមជាតិកម្ពុជា សម្ដេច ប៉ែន នុត ជានាយករដ្ឋមន្ត្រី, ខៀវ សំផន ដូចជារដ្ឋមន្ត្រីការ​ពារ​ជាតិ កាលពីពេលនោះ។ យើងគិតស្មានថា៨៧០ នេះ ជាសារាចរណែនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ឬក៏ជាសារាចរណែនាំរបស់សម្ដេច ប៉ែន នុត … ក្រោយមកលេចចេញឈ្មោះ ប៉ុល យើងក៏គិតថាប្រហែលជាឈ្មោះសំងាត់របស់សម្ដេចព្រះនរោត្តម សីហនុ ឬក៏ឈ្មោះសំងាត់របស់សម្ដេច ប៉ែន នុត។

(១១) តួអង្គ ហ៊ុន សែន ផ្សារភ្ជាប់ទៅនឹងជីវិតរបស់ប្រជាជន ពីពេលនោះរហូតមកដល់ពេលនេះ

តើវាមានផលប្រយោជន៍ទេសម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ? វាពិតជាមានផលប្រយោជន៍ ឱ្យអ្នកស្រាវជ្រាវទាំងឡាយបានដឹង អំពីដំណើរវិវត្តនៃសភាពការណ៍ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ភាពបត់បែននៃសភាពការណ៍។ នេះវាជារឿងដែលចាំបាច់ត្រូវធ្វើ … ពលរដ្ឋកម្ពុជាអាចនឹងយល់បានហើយថាចាប់ផ្ដើមពីយកជីវិតធ្វើដើមទុននោះគឺរយៈពេលនោះហើយដែលសភាពការណ៍វិវត្ត ខ្ញុំនាំប្រទេសជាតិរហូតមកដល់ពេលនេះ គេមិនអាចផ្ដាច់ចេញពីបញ្ហាហ្នឹងបានទេ។ តួអង្គ ហ៊ុន សែន គឺមិនមែនគ្រាន់តែ ហ៊ុន សែន នោះទេ ក៏ប៉ុន្តែវាបានផ្សារភ្ជាប់ទៅនឹងជីវិតរបស់ប្រជាជនពីពេលនោះរហូតមកដល់ពេលនេះ។ ក្បាលរបស់ខ្ញុំត្រូវយកទៅដូរជាមួយហ្នឹងការរស់រានមានជីវិតរបស់ប្រជាជន ក្បាលរបស់ខ្ញុំក៏ត្រូវដូរជាមួយនឹងសន្តិភាព។ ជាភ័ព្វសំណាងល្អដែលខ្ញុំមានជីវិតដល់សព្វថ្ងៃ។ នោះហើយជាមូលហេតុដែលនាំដល់ការថតចេញនូវខ្សែ​ភាព​យន្តនេះ។

(១២) គូព្រេងមិនព្រាត់៖ អាពាហ៍ពិពាហ៍ក្នុងគ្រាកលយុគ

ក្នុងការចាប់ផ្ដើមនៃសាច់រឿងនេះ វាមានការខុសគ្នាជាមួយនឹងរឿងក្នុងភាគនិទានខ្លះ ដោយសារថា ពេលនោះខ្ញុំបានស្ដាប់រហូតដល់ដំណាក់កាលខ្មែរក្រហមហើយ ទើបដឹងថារឿងនេះជារឿងខ្លួនឯង។ ចឹងបានចាប់ផ្ដើមជួយសរសេរតម្រង់ៗ។ លើកនេះយើងដាក់អោយត្រូវតែម្ដង ដូចជាក្នុងភាគ១ គួរតែត្រូវនិយាយរឿងពិត(ចាប់តាំងពី)ទីនេះតែម្ដង។ ខ្ញុំសង្ឃឹមថាភរិយាជាទីស្រលាញ់របស់ខ្ញុំមិនប្រកាន់ជាមួយខ្ញុំទេ។ ខ្ញុំបានសរសេរបំពេញនូវចន្លោះប្រហោង ហើយក៏ជាផ្នែកមួយនៃការរួមជាមួយរឿងសព្វថ្ងៃនេះ នោះគឺរឿង “គូព្រេងមិនព្រាត់” ដែលសរសេរផ្នែកទី១ គឺ “អាពាហ៌ពិពាហ៍ក្នុងគ្រាកលយុគ” និងផ្នែកទី២ “ជីវិតក្រោយរៀបការ”។​ ខ្ញុំមិនដឹងថា តើវាមានបុណ្យបាបឬជោគជតារាសី ឬព្រហ្មលិខិតកំណត់ពិតប្រាកដឬអត់ បានជាមនុស្ស ២នាក់ ដែលមិនស្គាល់គ្នាសោះ បែរជា(ត្រូវបាន)ផ្សំផ្គុំដោយយុទ្ធជន។ ទីចុងបំផុត យើងបានជួបគ្នាជាប្ដីប្រពន្ធ។ មកដល់ពេលនេះ យើងមានទាំងកូន យើងមានទាំងចៅ។ ប្រសិនបើចៅព្រមទៅទៀត ប្រហែលជាមានទាំងចៅទួត។

(១៣) ដំណើររឿង គូព្រេងមិនព្រាត់

ខ្ញុំបានទទួលសារភាពដោយត្រង់ៗហើយថា នៅពេលដែលខ្ញុំជួបមុខ រ៉ានី នេះ ខ្ញុំស្រលាញ់គេពិត។ សូមឱ្យអ្នកទាំងឡាយសួរទៅ រ៉ានី ទៅថា ពេលដែលចាប់ផ្ដើមជួបខ្ញុំ គាត់ស្រលាញ់ខ្ញុំមែនឬអត់? ហ្នឹងគឺមានតែគាត់ទេ ជា​អ្នកឆ្លើយបាន។ គ្រូទាយតែងតែទាយថា គូព្រេងរបស់ខ្ញុំនៅក្រោមខ្សែទឹក។ អ្នកទន្លេចូលចិត្តទាយអញ្ចឹង ប៉ុន្តែបែរជាប្រពន្ធរបស់ខ្ញុំនៅលើទឹកទៅវិញ។ អញ្ចឹងរឿងនេះគឺ “គូព្រេងមិនព្រាត់”។ ឈុតឆាកមួយដែលខ្ញុំបានដើររកផ្ទះ រ៉ានី តាំងពីភូមិទី១ រហូតទៅជួបជាមួយនឹងឪពុកក្មេកខ្ញុំនិងបងថ្លៃខ្ញុំ ក៏បានឆ្លុះបញ្ចាំងនៅក្នុងរឿងហ្នឹងដែរ។ នេះទេវតានាំឱ្យជួបគ្នា។ រឿងដែលចៃដន្យហ្នឹង សូម្បីតែ(ការទទួលបាន)ភួយ(ដោយចៃដន្យ) ដែលនិយាយដូចលេងសើច ប៉ុន្តែជារឿងពិត។ ខ្ញុំស្អប់ រ៉ានី ណាស់។ ខ្ញុំខឹង។ ខ្ញុំជេរ។ ដោយសារអី? វិន័យជំនាន់នោះ សម្រាប់នាយទាហាន ឬពលទាហាន គឺតឹងតែងណាស់ក្នុងបញ្ហាសីលធម៌។ ប៉ុន្តែ រឿងនេះបានកើតចុះកើតឡើងៗ។ ខ្ញុំក៏បាននិងមេបញ្ជាការរបស់ខ្ញុំ … សុក សារឿន និយាយត្រូវរ៉ូវគ្នាក៏ទៅភ្លាម។ ខ្ញុំក្លាយទៅជាមនុស្សចេះភូតនៅពេលនោះឯង។

ពេលទៅដល់ ខ្ញុំមិនស្គាល់មុខ។ មានអ្នកលើកម្ហូបម្ហាមក។ មិនដឹងថាតើមួយណាជា រ៉ានី ហ្នឹង? ខ្សឹបទៅសួរគ្រូពេទ្យៗ ថាអត់មាននៅហ្នឹងទេ។ ត្រឡប់មកវិញ ខ្ញុំក៏មកយកម៉ូតូ ធ្វើដំណើរទៅផ្ទះបងជីដូនមួយរបស់ខ្ញុំ។ បង​ជីដូនមួយនោះ ទើបត្រឡប់មកនៅស្រុកខ្មែរប៉ុន្មានថ្ងៃមុន។ គាត់មានកូននៅអាមេរិកនិងមានកូននៅស្រុកខ្មែរនេះធ្វើការនៅក្រសួងទេសចរណ៍។ ខ្ញុំបានសួរ(អ្នកដែលខ្ញុំមិនដឹងថាជា រ៉ានី)ពីក្រោយខ្នងថា “មេបញ្ជាការខ្ញុំទៅណាហើយ?”។ (រ៉ានី) បានឆ្លើយមកថា “ទៅមាត់ទន្លេបាត់ហើយ”។ យកឥរ៉ាន់ទៅដាក់ទុករួចហើយ ត្រឡប់មកវិញ ក៏សួរទៀតដោយហៅសុទ្ធតែបងទៀតថា “បងស្រី មួយណាជា រ៉ានី?”។ (គាត់)ឆ្លើយដោយកុហកថា “រ៉ានី ទៅដងទឹកហើយ”។ ចុះមកដល់ក្រោម បានជួបគ្រូពេទ្យម្នាក់ អាយុគាត់ប្រហែលជាបងខ្ញុំជិត ១០ឆ្នាំ។ ខ្ញុំបានសួរថា “បង ម៉ុងៗ មួយណា រ៉ានី?”។ គ្រូពេទ្យ ម៉ុង ឆ្លើយថា “រ៉ានី ហ្អែងសួរអម្បាញ់មិញហ្នឹង”។

ក៏ក្ដៅចិត្តតែម្ដង។ គិតថា យប់ហ្នឹង បញ្ជីចាស់បញ្ជីថ្មី គឺត្រូវតែស៊ីសងហើយ។ ការចាប់ផ្ដើមដោះស្រាយការយល់ខុសនេះក៏ដំណើរការដោយមានស្ដ្រី២ នាក់មកជាមួយគ្នា។ យើងអត់បែងចែកបានថា តើមួយណាជា រ៉ានី និងម្នាក់ទៀតជានរណាទេ? ដល់គេនិយាយទៅ ទើបបានដឹង។ ដល់ឃើញគេស្អាត ស្រលាញ់គេភ្លាម។ អ្វីៗ ទាំងឡាយដែលចង់ទូទាត់បញ្ជី(ក៏រសាយ)។ ការខឹង(បានប្រែ)ទៅជាស្រលាញ់។ (ពេលនោះក៏)ចាប់ផ្ដើមចេះភូត។ ខ្ញុំបានប្រាប់ទៅមេបញ្ជាការរបស់ខ្ញុំថា “ម៉ូតូរបស់យើង ម៉ាស៊ីនមិនស្រួល។ អាគុយក៏មិនកាន់ដែរ។ អញ្ចឹងត្រូវដេកនៅហ្នឹង”។ គាប់ជួន គេបានយកភួយ២មកអោយដណ្តប់។ នៅក្នុងរឿងហ្នឹង មាននារី ២នាក់ គឺមាននាង តី មួយដែរ។ គេយកភួយមកអោយ។ បង សុក សារឿន រុញមកឱ្យខ្ញុំ ចំភួយរបស់គេហ្នឹង។ ចេះបានការជាមួយគ្នា។ ដល់ការជាមួយគ្នាហើយ​ បានដឹងភួយហ្នឹង។ អញ្ចឹងនេះ តើទេវតារៀបចំ?

ខ្ញុំជាមួយនឹងប្រពន្ធខ្ញុំនេះ ទម្រាំនឹងបានគ្នា(ជាប្តីប្រពន្ធ) គឺមានរឿង(ច្រើន)។ និយាយតាមមួយបែបអញ្ចេះ (ស្រីៗ)ប្រយ័ត្នមនុស្សប្រុស​ដើរជិត។ ប៉ុន្តែមិនមែនមានប្រុសទាំងអស់អញ្ចឹងទេ។ ការពិតប្លង់ថតនៅទីនេះ អាចនឹងខុសគ្នាបន្ដិច ប៉ុន្តែយើងគ្រាន់តែយកជានិមិត្តរូបបាន។ “កន្លែងបុកអង្ករ” នៅខាងមុខអញ្ចឹង។ ខ្ញុំលួចវាស់កម្ពស់គេ រួចស្រេចទៅហើយ។ មិនដឹងថា តើបុរសនៅក្នុងហ្នឹងមានប៉ុន្មាននាក់ដែលលួចវាស់កម្ពស់គេនោះ? គេកំពុងតែឈរបុកអង្ករ អញ្ចឹង យើងដើរចុះដើរឡើង។ ដើរតែ ២ដង យើងអាចវាស់កម្ពស់បានហើយ។ តើទាបជាងយើងខ្លាំងពេក ឬក៏ខ្ពស់ជាងយើង? និយាយបង្ហាញការពិតចំហទូទាំងប្រទេសតែម្ដងទៅ។ តើទូរទស្សន៍ប៉ុន្មានកំពុងតែផ្សាយបន្ដផ្ទាល់នេះ។ រឿងហ្នឹង វាបានកើតអញ្ចឹង។

ខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំនេះ ថ្ងៃដែលជួបគ្នាទី១ គឺនៅក្នុងខែមីនា ឆ្នាំ១៩៧៤។ ក្រោយមក ក្នុងខែមេសា ឆ្នាំ១៩៧៤ ដដែល។ ខ្ញុំរកពេលដើម្បីនឹងទៅរកគាត់ តាមរបៀបទៅសួរសុខទុក្ខកូនទាហានរបស់ខ្ញុំកំពុងតែសំរាកពេទ្យ។ ក៏ប៉ុន្តែអត់បានជួប។ អស់សង្ឃឹមមែនទែន។ គាប់ជួនគាត់ចេញពីចាក់ថ្នាំឱ្យគេ ជួបគ្នានៅតាមផ្លូវបន្ដិច ប្រហែលជា៥ នាទីតែប៉ុណ្ណោះ។ តាំងពីហ្នឹងមក យើងមិនដែលបានជួបគ្នាទៀតទេ។ ជួបគ្នានៅផ្សារពាមជីលាំងដោយចៃដន្យម្ដង។​ ដោយសារមិត្តភក្ដិខ្ញុំម្នាក់ស្រវឹងស្រា យើងក៏ខានបានជួបទៅទៀត។ (គ្រាន់តែ)បានជួបមុខបន្ដិច ប៉ុន្តែរវល់ដឹកមិត្តភក្ដិស្រវឹងស្រាយកទៅដាក់ផ្ទះ។ ត្រឡប់មកវិញ គេទៅផ្ទះបាត់។

ឥឡូវចោទចេញជាសំណួរថា តើអ្នកណាស្រលាញ់អ្នកណា? គាត់ស្រលាញ់ខ្ញុំឬខ្ញុំស្រលាញ់គាត់? ខ្ញុំសារភាពថា ខ្ញុំស្រលាញ់គាត់ប៉ុន្តែគាត់ក៏ស្រលាញ់ខ្ញុំដែរ។ ខ្ញុំលើកឧទាហរណ៍៖ គាត់ជាអ្នកទទួលខុសត្រូវផ្នែកមួយនៃមន្ទីរពេទ្យស្រុកក្រូចឆ្មារ។ គាត់ទៅមន្ទីរពេទ្យជិតសមរភូមិចំនួន២លើក។ លើកទី១ គាត់យកអ្នកជំងឺទៅ ដើម្បីធ្វើការវះកាត់។ ទម្រាំតែខ្ញុំដឹង ខ្ញុំប្រឹងមកដាច់ច្រវាក់កង់ទៀត។ មកដល់គេចេញទៅបាត់។ ស៊យអត់បានជួបទៀត។ លើកទី២ គាត់ត្រូវទៅធ្វើត្រីប្រហុក។ ការពិតគោលដៅរបស់គាត់គឺចង់ជួបខ្ញុំ។ ហ្នឹងយើងនិយាយចំហ ព្រោះយើងទៅខ្មាស់អីទៀត មានចៅជិតបានទាំងចៅទួតទៀតហើយ។

នៅក្នុងខ្សែភាពយន្តដែលចាក់បន្ដិចទៀតនេះ គាត់ទៅដល់មន្ទីរពេទ្យ។ ពេលហ្នឹងខ្ញុំកំពុងមានវិបត្តិផ្លូវចិត្តខ្លាំងណាស់ គឺក្រោយពេលដែលខ្ញុំពិការភ្នែកហើយ។ តើគេព្រមយកខ្ញុំ ឬអត់? ថ្ងៃមួយ ដូចសុបិន្តទាំងថ្ងៃអញ្ចឹង។ នៅពេលដែលគាត់ទៅដល់មន្ទីរពេទ្យ គាត់យកមាន់ ៣ ក្បាលទៅឲ្យខ្ញុំ។​ តើនេះបង្ហាញអំពីការស្រឡាញ់ចំពោះខ្ញុំឬអត់? ច្បាស់ណាស់ថាគាត់ស្រឡាញ់ខ្ញុំ។ វាទាល់តែមានទៅមានមក។ រឿងអកុសលរបស់ខ្ញុំវាអញ្ចេះ។ កាលខ្ញុំត្រូវរបួសភ្លៅ នៅមុនពេលស្គាល់គាត់នោះ គេឲ្យទៅដេកមន្ទីរពេទ្យស្រុកក្រូចឆ្មារ មិនទៅទេ ព្រោះស្អប់ រ៉ានី ហ្នឹង។ ដល់ទៅថ្ងៃ១ ខែមករា ឆ្នាំ១៩៧៥ ត្រូវរបួសស្មា ដែលជារបួសលើកទី៤ ចង់ទៅដេកពេទ្យក្រូចឆ្មារ ដើម្បីទៅជួបគេ​ តែគេឯណេះមិនឲ្យទៅ។ រឿងរ៉ាវទាំងនេះមិនជាការគាប់ជួនទេ។ វាដូចជាបានបំបែកយើង។ ទាំងសងខាងសុទ្ធតែត្រូវគេបង្ខំ។ ខ្ញុំត្រូវគេបង្ខំឲ្យរៀបការជាមួយអ្នកផ្សេង។ ឯខាងណេះកាន់តែធ្ងន់ធ្ងរសំរាប់ ខ្លួន​គាត់។

(១៤) ផ្ដល់មតិទាំងស្រក់ទឹកភ្នែក លើឈុតឆាកថតរួចហើយ

នេះជាប្រវត្តិរបស់យើង។ ប៉ុន្តែយើងក៏បានរៀបការ ទាំងសងខាងប្ដេជ្ញាថាមិនទទួលអ្នកណាផ្សេង ខ្ញុំទទួលយកប្រពន្ធខ្ញុំរាល់ថ្ងៃ ហើយគាត់ៗក៏ប្ដូរផ្ដាច់ថាយកខ្ញុំរាល់ថ្ងៃនេះដែរ។ តែរឿងរ៉ាវរបស់ខ្ញុំៗ អាចនិយាយបានសម្រាប់អ្នកទាំងអស់គ្នាថា របួសខ្លួនប្រាណអាចនឹងព្យាបាលជា តែរបួសផ្លូវចិត្តពិបាកនឹងការព្យាបាល។ វាបានវាយប្រហារខ្ញុំរហូតមកដល់ពេលនេះ រយៈពេលច្រើនឆ្នាំ ប៉ុន្តែខ្ញុំនៅតែមិនអាចបំភ្លេចវាបានទេ។ នៅពេលដែលថតបានគឺ ហ៊ុយ វាសនា តែងតែបញ្ជូនមកខ្ញុំត្រូវត្រួតពិនិត្យ២ លើក។ ថតហើយ កាត់តរួចហើយ បញ្ជូនមកឲ្យខ្ញុំមើលមួយសា។ ខ្ញុំផ្ដល់មតិត្រឡប់ទៅវិញ។ កន្លែងខ្លះត្រូវថត កន្លែងខ្លះត្រូវជួសសម្លេង ជួសពាក្យពេចន៍ដើម្បីឲ្យត្រូវ។ ពេលនោះ ស្ទើរតែរៀងរាល់ពេលដែលខ្ញុំសម្រក់ទឹកភ្នែក។ នៅក្នុងប្រវត្តិរបស់ខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំ វាជាផ្នែកមួយនៃទុក្ខសោករបស់ប្រជាជននៅទូទាំងប្រទេស។ ការវាយប្រហារខាងផ្លូវចិត្ត របួសខាងផ្លូវចិត្ត មិនមែនជាបញ្ហាតូចតាចទេ។

(១៥) ក្នុងតំណែងផ្លូវរដ្ឋជាង៤៤ ឆ្នាំ ៨០%នៃសុបិន្តគឺអតីតកាលដ៏កំសត់

ខ្ញុំកាន់មុខតំណែងផ្លូវរដ្ឋរយៈពេលជាង៤៤ ឆ្នាំហើយ រាប់ទាំងតំណែងជានាយករដ្ឋមន្រ្តី ក៏ប៉ុន្តែ៨០% នៃការយល់សប្តិ​របស់ខ្ញុំៗ មិនដែលយល់សប្ដិឃើញថា ខ្ញុំជានាយករដ្ឋមន្រ្តីទេ។ តែខ្ញុំយល់សប្ដិពីរឿងអតីតកាលដ៏កម្សត់របស់ខ្ញុំទៅវិញ។ អ្នកទាំងអស់គ្នាអាចគិតមើល។ នៅពេលដែលកូនស្លាប់នៅនឹងមុខ សុំគេយកទៅកប់គេមិនឲ្យ។ នៅពេលដែលខ្ញុំសុំគេនៅមើលប្រពន្ធដែលទើបនឹងឆ្លងទន្លេ ក៏គេមិនឲ្យ។ អារម្មណ៍បែបនេះ មនុស្សធម្មតាប្រហែលជាមិនអាចអត់ឱនបានទេ។ ធម្មតា ខ្ញុំប្រើកាំភ្លើង២ ដើម មួយពាក់នឹងចង្កេះ មួយទៀតដាក់ក្នុងកាបូបដែលខ្ញុំស្ពាយ ដែលអាចបាញ់បានភ្លាមៗ … ជាអកុសល ថ្ងៃចេញដំណើរនោះវានៅក្រោមខ្នើយ។ មិនបានយកមកតាមខ្លួន។ ឥឡូវ K54 នៅនឹងវិមាន​ឈ្នះឈ្នះ។ ហេតុអីបានជាខ្ញុំមិនបាញ់មេបញ្ជាការឃោឃៅនេះ? សូម្បីតែកន្លែងដែលស្ងាត់នៅពេលដែលធ្វើដំណើរចេញទៅនោះ ខ្ញុំអាចយកអាមួយនេះបាញ់ចោលនៅកណ្ដាលផ្លូវ ក៏ប៉ុន្តែខ្ញុំមិនធ្វើបែបនេះ ព្រោះខ្ញុំត្រូវធ្វើការធំជាងនេះគឺរំដោះប្រជាជន។

(១៦) មិនសម្រក់ទឹកភ្នែកក្នុងការប្រយុទ្ធ តែសម្រក់ទឹកភ្នែកព្រោះភរិយា

ខ្ញុំគិតថា ខ្ញុំបានបំពេញភារកិច្ចជាប្ដីដ៏ល្អនៅក្នុងពេលវេលាដ៏លំបាក។ ខ្ញុំបានយកប្រពន្ធខ្ញុំចេញពីមន្ទីរពេទ្យ អារម្មណ៍គិតយ៉ាងម៉េច? ខ្ញុំសូមជម្រាប ដើម្បីការរស់រានមានជីវិតរបស់ប្រពន្ធ ហើយតែពីរនាក់តទល់ ពេលនោះខ្ញុំទើបមានអាយុ ២៤ ឆ្នាំ ប្រពន្ធខ្ញុំមានអាយុទើបតែ ២២ ឆ្នាំទេ។ បានមាន់មួយ យកមកខ។ ខ្ញុំហ៊ានត្រឹមតែយកទឹកស្រូបបាយ ប៉ុន្តែខ្ញុំទុកនូវសាច់ដើម្បីឲ្យភរិយាខ្ញុំទទួលទាន … ការវាយប្រហារ(ដោយក្រុមមនុស្សអគតិមួយចំនួន)វាធ្ងន់ធ្ងរពេកទៅនឹងផ្លូវចិត្តសម្រាប់មនុស្សម្នាក់ដែលមិនខ្លាចស្លាប់នឹងសង្រ្គាម។ (ការធ្វើ)សង្រ្គាម នៅពេលដែលចូលទៅ យើងអត់គិតស្មានថាយើងបានត្រឡប់មកវិញទេ។ ខ្ញុំមិនដែលសម្រក់ទឹកភ្នែកនៅពេលដែលខ្ញុំចូលប្រយុទ្ធជួបការលំ​បាកណាមួយឡើយ។ ប៉ុន្តែ ខ្ញុំបែរជាសម្រក់ទឹកភ្នែកស្ទើរតែរាល់ពេល តែមិនឲ្យប្រពន្ធខ្ញុំដឹងទេដើម្បីគាត់ឆាប់ជា។ ខ្ញុំថែប្រពន្ធខ្ញុំដូចជាថែម្ដាយចាស់។ គាត់ជាសាក្សី ជាអ្នកនៅរស់នៅទីនេះ មិនមែនខ្ញុំចេះតែនិយាយទេ។

(១៧) ទឹកភ្នែកមិនទាន់បាត់ស្រក់ពេលលឺចម្រៀង “«ទុក្ខស្រីប្ដីព្រាត់”» … ព្រោះជាដំណើរជីវិតមិនធម្មតា

រឿងរ៉ាវនៅទីនេះ យើងកម្សត់កម្របែបនេះ វាលំបាកណាស់។ ពេលចេញដំណើរ នុច ថន នៅទីនេះស្រាប់។ នៅ​ផ្លូវបំបែកម្ខាងទៅអូរសំពោច ម្ខាងទៅព្រំដែនវៀតណាម ដែលយើងឆ្លងកា​​​ត់ទៅ X16 ទាំង នុច ថន, ញ៉ឹក ហួន, សន សាញ់, និង វ៉ា បោអ៊ាង សុទ្ធតែបាននិយាយថា “បង! ទៅយកបងស្រី ពួកខ្ញុំជួយសែង”។ ខ្ញុំបានប្រាប់ពួកគេថា ប្រសិនបើទៅយក យើងមិនអាច(​ចេញបាន)ទាន់ពេលទេ ព្រោះចម្ងាយប្រមាណជា ៣០​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គីឡូម៉ែត្រឯណោះ​​។ រឿងរ៉ាវដែលពិបាកបំផុតនៅត្រង់ថា យើងចោលប្រពន្ធនៅតែឯងជាមួយនឹងកូននៅក្នុងផ្ទៃ។ នេះគឺជាចំណុចនៃការវាយប្រហារខាងផ្លូវចិត្តរហូតមកដល់ពេលនេះ។ ទឹកភ្នែកខ្ញុំនៅមិនទាន់បាត់ស្រក់ទេ នៅពេលដែលលឺចម្រៀង «ទុក្ខស្រីប្ដីព្រាត់» ឬ «អនិច្ចាកូនកម្សត់ ប្រវត្តិម្ដាយកម្ម» ឬ «សំបុត្រដែលពិបាកសរសេរបំផុត» … ខ្ញុំតែងតែរន្ធត់ តែខ្ញុំនៅតែស្ដាប់វា ព្រោះវាជាដំណើរជីវិតដែលមិនធម្មតា។

(១៨) បន្តថតឈុតឆាកដែលលំបាកតទៅទៀត តាមសិល្បវិធីអ្នកនិពន្ធនិងដឹកនាំរឿង

នៅពេលខាងមុខ ឈុតឆាកដែលលំបាក រឿងរ៉ាវទាំងឡាយនឹងចាប់ផ្ដើមថតតទៅទៀត។ ឥឡូវថតបានខ្លះ ហើយក៏ផ្គុំបានសម្រាប់ការចាក់ផ្សាយជាបន្តបន្ទាប់។ ប៉ុន្តែ រឿងទាំងអស់នេះ ខ្ញុំគិតថា វាជារឿងនឹងបង្កើតនៅក្នុងខ្សែភាពយន្តនេះ ប៉ុន្តែ ដូចខ្ញុំបានបញ្ជាក់ថា វាគ្របដណ្ដប់បានប្រមាណជា ៤០% តែប៉ុណ្ណឹង វាមិនអាចបង្កើតបានទាំងអស់ទេ។ ម្ខាងទៀត ក៏សុំបញ្ជាក់ថា យើងមិនអាចទៅយកតួអង្គនៃមេដឹកនាំវៀតណាម ដែលខ្ញុំបានឆ្លងកាត់ទាំងនោះ យកមកថតទេ។ ដូច្នេះ ចំណុចទាំងនេះអាចនឹងមានការយល់គ្នាតាមរបៀបអត្ថាធិប្បាយបែបណានោះ គឺអ្នកនិពន្ធនិងអ្នកដឹកនាំរឿងបានដឹងរឿងនេះហើយ។

(១៩) នៅពេលទឹកភ្នែក ហ៊ុន សែន ស្រក់ អ្នកបំផ្លាញសន្ដិភាពកុំសង្ឃឹមថាទទួលបានការយោគយល់

ដំបូងឡើយ ខ្ញុំគិតថាខ្ញុំនិយាយនាំអ្នកទាំងឡាយសើច។ តែចុងក្រោយនេះ បែរជាខ្ញុំស្រក់ទឹកភ្នែកខ្លួនឯងពេលណានឹកឃើញដល់រឿងនេះ។ នេះហើយដែលខ្ញុំត្រូវតែក្បាល​រឹងជាមួយអ្នកដែលបំផ្លាញសន្ដិភាព។ ត្រូវចាំ! ទឹកភ្នែករបស់ ហ៊ុន សែន នៅពេលដែលទឹកភ្នែករបស់ ហ៊ុន សែន ស្រក់ អ្នកកុំសង្ឃឹមថា ហ៊ុន សែន អាច​ផ្តល់ការយោគយល់ឲ្យអ្នកបំផ្លាញសន្ដិភាពរបស់កម្ពុជា។ គេត្រូវយល់ ខ្ញុំមិនភ្លើតភ្លើនជាមួយនឹងអំណាច ហើយ​ក៏​មិនទុកឲ្យអ្នកដែលមានចេតនាបំផ្លាញសន្ដិភាពនេះ អាចធ្វើអ្វីស្រេចនឹងចិត្តនោះទេ។ គេត្រូវយល់ ត្រូវដឹងរឿងនេះ មិនថាដោយតំលៃណាទេ ត្រូវការពារសន្ដិភាពឲ្យបាន។ ទុក្ខសោករបស់ខ្ញុំ ជាតំណាង ជានិមិត្តរូបទុក្ខសោករបស់​ប្រជាជន។

(២០) បន្តសាច់រឿងដល់កំណើតកូនស្រីច្បង និងខ្មែរក្រហមបាញ់សម្លាប់ឪពុកក្មេក

ថ្ងៃនេះ អ្នកទាំងឡាយមិនទាន់បានឃើញ ព្រោះរឿងវាវែង។ ទើបថតបាន ៦០%។ ខ្ញុំគួរតែបញ្ជាក់​ថាមុននេះ ខ្ញុំគ្រោងនឹងបញ្ចប់​ត្រឹមឆ្នាំ ១៩៧៩ ក្រោយពេលដែលខ្ញុំជួបភរិយានិងកូនរបស់ខ្ញុំនៅថ្ងៃ​ ២៤ កុម្ភៈ ឆ្នាំ ១៩៧៩ និងក្រោយហ្នឹងបន្ដិច។ ឥលូវ ខ្ញុំគិតថាខ្ញុំនឹងថត​រហូតទៅដល់​កូនស្រីរបស់ខ្ញុំកើតដោយសារ​វាពាក់​ព័ន្ធ​រឿងទុក្ខសោកបន្ដទៀត។ ក្រុមគ្រួសាររបស់ខ្ញុំពិតជាលះបង់ច្រើន។ យើងបង់ថ្លៃច្រើនពេកហើយ។ (ភរិយា)​ខ្ញុំត្រូវរលូតកូនមួយទៀតដោយសារភ្នំពេញអត់ទឹកប្រើ និងការធ្វេសប្រហែសរបស់ខ្ញុំដោយមិនបានយួរទឹក​ដាក់ពាង​។ ពេលនោះប្រើពាង មិនមែនភ្នំពេញដូចថ្ងៃនេះទេ។ ភ្នំពេញអត់មានទឹកប្រើទេ។ ព្រលឹមឡើងត្រូវទៅយក​ទឹកពីមាត់ទន្លេយកមកចាក់ពាងខាងក្រោម រួចហើយរែកឡើងទៅលើ។ ​ប៉ុន្ដែ​រឿង​មួយទៀតដែលសោកសៅលើសពីនេះ គឺពួកខ្មែរក្រហមចូលទៅបាញ់សំលាប់ឪពុកក្មេករបស់ខ្ញុំនៅហ្នឹងផ្ទះ។ ពេល​នោះភរិយារបស់ខ្ញុំកំពុងមានផ្ទៃពោះជាមួយនឹងកូនស្រីច្បង។ រឿងនេះនឹងថត(បន្ដ)ដើម្បីបង្ហាញឲ្យឃើញថា បន្ទាប់ពីការរំដោះប្រទេសហើយ សង្គ្រាមនៅបន្ដនៅឡើយទេ រហូតដល់ឪពុកក្មេករបស់រដ្ឋមន្ដ្រីការបរទេសម្នាក់ទទួល​ការ​បាញ់សម្លាប់។

(២១) ភាពយន្ដចាប់ផ្ដើមថត បាត់បង់បន្ថែមតួអង្គក្នុងសាច់​រឿងរហូតដល់ទៅ៤ នាក់

នៅក្នុងរឿងនេះ នឹងឃើញរូបភាពនៃឪពុករបស់ ម៉ារ៉ានី ដែលមើលថែទាំចៅ ប៉ុន្ដែរយៈពេលក្រោយ​មក គេមិនបានឃើញគាត់។ តើគាត់ទៅណា? ចំណុចត្រង់នេះ ខ្ញុំបានសរសេរនៅក្នុងសៀវភៅ “គូព្រេងមិនព្រាត់” ​ក៏ប៉ុន្ដែ​ត្រូវដាក់បញ្ចូលក្នុងខ្សែភាពយន្ដនេះឯង។ លោក គង់ សុភី ត្រូវបន្ដដើរតួនាទីបញ្ចប់ក្នុងភាគចុងក្រោយ។ យើងក៏ស្ដាយនៅពេលដែលយើងចាប់ផ្ដើមថតនៅខ្សែភាពយន្ដនេះ យើងបានបាត់បង់បន្ថែមនូវតួអង្គក្នុង​រឿងនេះរហូតទៅដល់៤ នាក់ ទី១ មេបញ្ជាការ សុខ សារឿន គាត់បានចូលរួមជាមួយយើងក្នុងការ​ចាប់ផ្ដើម​រៀប​ចំ​ថត ប៉ុន្ដែជាអកុសល គាត់បានទទួលមរណភាព ទី២ បងប្រុសរបស់ខ្ញុំ ហ៊ុន ណេង ដែលជាតួអង្គនៅក្នុង​រឿង​នេះក៏ត្រូវបាត់បង់ជីវិត​ទៀត ទី ៣ គ្រូពេទ្យ តាំងលី ដែល សុខ សុម៉ាវត្ដី ដើរតួ ក៏ត្រូវបាត់បង់ជីវិតកាលពីឆ្នាំទៅដែរ និងចុងក្រោយកាលពីខែមុននេះគឺប្អូនស្រីពៅរបស់ភរិយាខ្ញុំក៏បាត់បង់ជីវិតទៀត។

(២២) សម្រុកថតបញ្ចប់៤០% ដែលនៅសល់ក្នុងខែមេសានិងខែឧសភា ដើម្បីបញ្ចាំង

ខ្ញុំសង្ឃឹមថា តួអង្គដែលនៅសេសសល់នឹងមិនទាន់ទៅណា ហើយរឿងនេះនឹងចាក់បញ្ចាំងឲ្យគាត់បានឃើញ​នូវរូបកាយរបស់គាត់នៅពេលដែលគេដើរតួជំនួស។ ខ្ញុំហាក់ដូចជានិយាយច្រើនពេកហើយ ប៉ុន្ដែអ្នកទាំងអស់គ្នា​មិនជាលំបាកដូចខ្ញុំទេ។ ខ្ញុំត្រូវរួមជាមួយអ្នកទាំងអស់គ្នានៅល្ងាចនេះ។ បន្ដិចទៀតយើងចាក់ផ្សាយ​រួចហើយ យើងទទួលទានបាយ។ ស្អែកខ្ញុំទៅដល់ពោធិសាត់នោះ។ ល្ងាចមកវិញនឹងទទួលភ្ញៀវ។ អញ្ចឹងខ្ញុំមានការរវល់ច្រើន។ ខ្ញុំសូមអភ័យទោស​អំពីការនិយាយដ៏វែងអន្លាយរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែរំលឹកខ្លះៗពាក់ព័ន្ធនឹងដំណើររឿងនិងគោលដៅនៃការធ្វើខ្សែភាពយន្ដ​នេះ។ អរគុណណាស់សម្រាប់ការចូលរួមល្ងាចនេះ ហើយក៏សូមអភ័យទោសផងដែរចំពោះញាតិមិត្តទាំងឡាយ ដែលយើង​មិន​បានអញ្ជើញមកដោយសារតែទីកន្លែងមានការកំណត់មានកម្រិត។ មានអ្នកចង់ចូលរួមច្រើនក៏ប៉ុន្ដែយើងមិនអាចធ្វើអស់។

ជាថ្មីម្ដងទៀតសូមអរគុណសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមចំណែកក្នុងរឿងនេះ ហើយសូមតួទាំងអស់ជាមួយនឹងអស់លោកទីប្រឹក្សា ដែលសុទ្ធតែនាយឧត្តម​សេនីយ៍និងឧត្តមសេនីយ៍ជាទីប្រឹក្សាភាពយន្ដ នឹងបន្ដ(ភារកិច្ច) ព្រោះត្រូវសម្រុកថតបញ្ចប់ ៤០% ដែលនៅសល់នៅក្នុងខែមេសា និងខែឧសភានេះ ដើម្បីអាចបញ្ចាំងបាន។ ប៉ុន្ដែវគ្គទាក់ទងនឹងឈុតឆាកប្រយុទ្ធទាំង ៥ លើកគឺបានរួចរាល់ហើយបើតាមខ្ញុំដឹង។ ឈុតឆាកហ្នឹងគឺជាឈុតឆាកពិបាក ដែលធ្វើឲ្យស្ទះការរៀបភាគ។ បើតាមលោក ហ៊ុយ វាសនា បានគូស​ជាភាគ ជាង ៣០ ភាគរួចទៅហើយ ក៏ប៉ុន្ដែវាស្ទះកន្លែងដែលត្រូវរៀបឈុតឆាកប្រយុទ្ធ១០៥ លើក គឺឲ្យយក​តែ៥ កន្លែងទេ វាយពេលថ្ងៃ ២ កន្លែង និង ពេលយប់វាយ ៣ កន្លែង។ អញ្ចឹងទេគឺថតរួចហើយ។ ខ្ញុំសូមឲ្យគ្រប់តួចូលរួមជាមួយនឹងរឿងនេះ។

ចុងបញ្ចប់ជូនពរសម្ដេចឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអ្នកនាងកញ្ញា និងបងប្អូនជនរួមជាតិ​ទាំងអស់សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82357/feed 0