សុន្ទរកថា ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត  ហ៊ុន ម៉ាណែត ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា

សុន្ទរកថា ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅ វិមានសន្តិភាព
ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ សីហា ២០២៣

***********

CMF:

  • ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្តី រដ្ឋមន្តី សមាជិក-សមាជិកា នៃអង្គគណៈរដ្ឋមន្ត្រីទាំងមូល ជាទីមេត្រី !

ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលខ្ញុំមានកិត្តិយស និងសេចក្តីរីករាយបំផុត សូមយកឱកាសនៃអង្គប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់យើងនាពេលនេះ ប្រកាសជូនជនរួមជាតិកម្ពុជា និងតួអង្គពាក់ព័ន្ធទាំងអស់ជ្រាបអំពី​អាទិភាពគោលនយោបាយសំខាន់ៗ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និង ឆ្លើយតបទៅនឹងសំណូមពរ និង សេចក្តីត្រូវការរបស់ប្រជាជន។

ផ្អែកលើ “កម្មវិធីនយោបាយ សម្រាប់ការកសាង និង ការការពារមាតុភូមិឆ្នាំ ២០២៣- ២០២៨” របស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានផ្ដល់ការគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតនាថ្ងៃទី ២៣ ខែ កក្កដា កន្លងទៅនេះ, រាជរដ្ឋាភិបាលបានរៀបចំ “កម្មវិធីនយោបាយ” របស់ខ្លួន សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ ឈរលើមូលដ្ឋាននៃការវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃលទ្ធផលការងារដែលបានអនុវត្តក្នុងនីតិកាលមុនៗ ក៏ដូចជាបរិការណ៍ជាតិ និង អន្តរជាតិនាបច្ចុប្បន្ន និង ទៅអនាគត ព្រមទាំងដោយយកចិត្តទុកដាក់ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន, “កម្មវិធីនយោបាយ” នេះ បានកំណត់ដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រ, គោលនយោបាយចម្បងៗជាអាទិភាព, គោលនយោបាយអភិវឌ្ឍតាមវិស័យ និង កម្មវិធីគោលនយោបាយជាអាទិភាព ដែលត្រូវចាប់អនុវត្តពីឆ្នាំ ២០២៣ តទៅ, ដែលជាក្របខណ្ឌសម្រាប់តម្រង់ទិសការងាររបស់រាជរដ្ឋាភិបាល ក្នុងការបន្តបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន នៅក្នុងនីតិកាលទី៧ នេះ។ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ខ្ញុំបានដាក់បង្ហាញ “កម្មវិធីនយោបាយ” នេះជូនអង្គរដ្ឋសភា និងជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈរដ្ឋ​សភា​។

ឈរលើមូលដ្ឋាន “កម្មវិធីនយោបាយ” នេះ រាជរដ្ឋាភិបាលបានរៀបចំ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវ “កម្មវិធីនយោបាយ” របស់ខ្លួន និង ជាមគ្គទេសក៍សម្រាប់តម្រង់សកម្មភាពរបស់គ្រប់តួអង្គទាំងអស់ ក្នុងគោលដៅ, ម៉្យាង, បន្តរក្សាឱ្យបានរឹងមាំនូវចលនការនៃសុខសន្តិភាព ក៏ដូចជាពូនជ្រំ និង ពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេចបាននាពេលកន្លងមក; និងម៉្យាងទៀត, កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងរយៈពេលមធ្យម និងវែងទៅមុខ តាមរយៈការកែទម្រង់មុតស្រួចលើគ្រប់វិស័យ ។ ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ ប្រកាសដាក់ “យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី ១” ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីលើកទី ១ របស់យើង, ក៏ដូចជា ជូនដៃគូអភិវឌ្ឍន៍ និង គ្រប់តួអង្គពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី, ដើម្បីជ្រាប និងរួម សហការគ្នាជាធ្លុងមួយ ក្នុងការជំរុញអនុវត្តឱ្យសម្រេចជោគជ័យ តាមការទន្ទឹងចង់បានរបស់ ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត ។

ដោយសារ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ វែង, ខ្ញុំនឹងមិនអានអត្ថបទនៃឯកសារនេះ ទាំងស្រុង នោះទេ ។ ប៉ុន្តែ ខ្ញុំនឹងឧទ្ទេសនាមដោយសង្ខេបអំពីខ្លឹមសារសំខាន់ៗ នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ នេះ។ យ៉ាងណាក៏ដោយ, អត្ថបទទាំងស្រុងនៃយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំចងក្រងជាសៀវភៅ ដែលមានម្ខាងជាភាសាខ្មែរ, និងម្ខាងទៀត ជាភាសាអង់គ្លេស, ហើយត្រូវបានចែកជូនដល់សមាជិក-សមាជិកា នៃអង្គប្រជុំរបស់យើង ដូចមាននៅចំពោះមុខ ឯកឧត្តម និង លោកជំទាវ ទាំងអស់គ្នាស្រាប់ ។ បន្ថែមលើនេះ, ក្រោយពីកិច្ចប្រជុំនេះទៅ, ខ្ញុំសូមស្នើឱ្យទីស្តីការគណៈរដ្ឋមន្ត្រី យកឯកសារនេះ ទៅរៀបចំដាក់ផ្សព្វផ្សាយជាសាធារណៈ នៅក្នុងគេហទំព័រផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រប់តួអង្គពាក់ព័ន្ធ និង សាធារណជនទូទៅ អាចទាញយកក្នុងទម្រង់ទន់ (Soft copy) ឬ បោះពុម្ពចេញជាទម្រង់រឹង សម្រាប់ប្រើប្រាស់តាមសេចក្តីត្រូវការចាំបាច់ ។ ជាមួយគ្នានេះដែរ, ខ្ញុំស្នើឱ្យឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រៀមរៀបចំបោះពុម្ពឯកសារនេះ ជាសៀវភៅបន្ថែមទៀត ដើម្បីចែកជូនដល់ក្រសួង-ស្ថាប័ន និង ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ តាមសេចក្តីត្រូវការចាំបាច់ជាយថាហេតុ ។

ជាមួយនឹងការគូសបញ្ជាក់ខាងលើនេះ, ខ្ញុំសូមអនុញ្ញាតចាប់ផ្តើមធ្វើការឧទ្ទេសនាមដោយសង្ខេប អំពីខ្លឹមសារសំខាន់ៗនៃ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១” ដូចតទៅ៖

១. សាវតារ

ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល, ដោយសម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យ, ទាំងនយោបាយ, សង្គម, និង សេដ្ឋកិច្ច, ដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត ។

ជាក់ស្ដែង, កម្ពុជាដែលពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និង ធ្លាប់តែល្បីថាជា វាលពិឃាត, ជាតំបន់អសន្តិសុខ និងជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា, បានក្លាយទៅជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសន្តិភាព, មាននីតិរដ្ឋ និងស្ថិរភាពនយោបាយស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, និងមានព្រះមហាក្សត្រ ជាទីគោរពសក្ការៈ គង់ប្រថាប់ជាម្លប់ ។ កម្ពុជាដែលពីមុនធ្លាប់តែត្រូវបានហ៊ុមព័ទ្ធ និង ឯកោទាំងនយោបាយ និង សេដ្ឋកិច្ច, ឥឡូវមានសមាហរណកម្មពេញលេញនៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មតំបន់ និងសកល, និងបានដើរតួយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាព នៃសកលលោក ។ ប្រជាជនកម្ពុជារាប់លាននាក់ បានចាកផុតពីភាពក្រីក្រ និងកំពុងរស់នៅ ជាមួយនឹងជីវភាពសមរម្យ, មានចំណេះដឹង, មានសុខុមាលភាពកាន់តែប្រសើរ ហើយអាយុកាលសង្ឃឹមរស់ជាមធ្យម បានកើនឡើងគួរឱ្យកត់សម្គាល់ ។

មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ក៏បានប្រែប្រួលពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុង ទៅលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និងរឹងមាំ ដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃបន្ថែមខ្ពស់ កម្ពុជាដែលពីមុនមានវិបត្តិខ្វះសាច់ប្រាក់រ៉ាំរ៉ៃ និងត្រូវពឹងផ្អែកស្ទើរទាំងស្រុងទៅលើជំនួយបរទេស ទើបអាចរស់រានបាន, ឥឡូវបានក្លាយជាប្រទេសមានស្វ័យភាព និងភាពម្ចាស់ការពេញលេញផ្នែកហិរញ្ញវត្ថុ នៅក្នុង ការកំណត់ជោគវាសនា និងអនាគតរបស់ខ្លួន។ ដួងព្រលឹងនៃមរត៌កសិល្បៈវប្បធម៌ខ្មែរ, ទាំងរូបី និងអរូបី, ដែលធ្លាប់ត្រូវបានលួច, បាត់បង់ ឬខូចខាតដោយសារសង្គ្រាម, ឥឡូវត្រូវបានស្ដារ ឱ្យរស់ និង លើកស្ទួយឡើងវិញ ជាបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក ក៏ដូចជាត្រូវ បានទទួលស្គាល់ និងជូនត្រឡប់មកកាន់មាតុភូមិកំណើតវិញ។ បន្ថែមលើនេះ, ស្នាដៃធំៗ និង ថ្មីៗ របស់រាជរដ្ឋាភិបាលរួមមានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ជោគជ័យ នៃការទទួលធ្វើជាប្រធានអាស៊ានជាលើកទី ៣ ក្នុងប្រវត្តិសាស្ត្រ ដោយបានដឹកនាំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយផ្ទាល់ក្រោយពីវិបត្តិជំងឺកូវីដ-១៩, ព្រមទាំង ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាទឡ្ហីករណ៍មិនអាចប្រកែកបានមួយចំនួនទៀត នៃការរីកចម្រើនប្រកបដោយមោទនភាពរបស់កម្ពុជា ។

ជារួម, យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល បានបំពេញតួនាទីយ៉ាងប្រសើរ ជារបៀបវារៈគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបានផ្តល់នូវក្របខណ្ឌរួម សម្រាប់ការកសាងស្ថាប័នរដ្ឋមួយរឹងមាំ និងឯករាជ្យដែល ប្រព័ន្ធអភិបាលកិច្ច ត្រូវបានធ្វើទំនើបកម្មជាប្រចាំ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ, មានភាពធន់ និង មានប្រសិទ្ធភាព និង សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងល្បឿនខ្ពស់ ដែលត្រូវបាន ទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក ជាពិសេស សម្រាប់ការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតទាប ក្នុងរយៈពេលដ៏ខ្លីជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ និង ការកាត់បន្ថយភាពក្រីក្រយ៉ាងរហ័ស, ព្រមទាំងការធ្វើសមាហរណកម្មដោយជោគជ័យ ទៅក្នុង តំបន់ និងសកលលោក ។

ជោគជ័យដ៏ធំធេង និងត្រចះត្រចង់ខាងលើ បានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល ដែលប្រកាន់ខ្ជាប់នូវការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ, ព្រមទាំងការអនុវត្តការកែទម្រង់ជាប្រចាំ ដោយមានការគាំទ្រពីគ្រប់ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធ, ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ។ កិច្ចប្រឹងប្រែង និងការចូលរួមទាំងនេះ ក៏ជាមូលដ្ឋានដ៏រឹងមាំ ដែលអនុញ្ញាតឱ្យកម្ពុជារក្សាបានគត់មត់នូវសុខសន្តិភាព និងស្ថិរភាពនយោបាយ, ហើយលើសពីនេះ ពង្រឹងភាពជាម្ចាស់លើជោគវាសនា ប្រទេសជាតិ ព្រមទាំងលើកកម្ពស់វិបុលភាពជូនប្រជាជន ជាបន្តបន្ទាប់មកទល់បច្ចុប្បន្ន ។

ពេលនេះ, ដំណើរការកសាងជាតិរបស់កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយ នៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល លំបាក និងមិនប្រាកដប្រជា ។ កម្ពុជាត្រូវ ប្រឈមនឹងបញ្ហាថ្មី ក្នុងអន្តរកាលឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលខ្ពស់ និងត្រូវ សម្របជាប្រចាំ តាមនិន្នាការប្រែប្រួលសកល ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមត្ថភាពស្ថាប័នគ្រប់កម្រិត ដោយផ្សារភ្ជាប់នឹងការធានា បាននូវគោលនយោបាយសមស្រប និងសមត្ថភាពអនុវត្តជាក់ស្ដែង, លទ្ធផលការងារ និង ការទទួលខុសត្រូវ ។

ឈរលើមូលដ្ឋាននេះ, ការគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ដំណាក់កាលបន្ទាប់ គឺជាការសម្លឹងឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដោយផ្អែកលើបទពិសោធន៍ និងសមិទ្ធផល ២៥ ឆ្នាំកន្លងមក និងការវាយតម្លៃប្រមើលសម្រាប់ ២៥ ឆ្នាំទៅមុខ, ហើយរៀបចំឡើងនូវយុទ្ធសាស្ត្រ សម្រាប់អនុវត្ត ជាដំណាក់កាលៗ ។ កន្លងមក, យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល អាចត្រូវបានចាត់ ទុកជាដំណាក់កាលមួយនៃការកសាងជាតិ ដោយផ្តោតជាសំខាន់លើការស្ដារ និងការកសាង ប្រទេស ដែលទើបងើបចេញពីសង្គ្រាម; ការរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម; ការធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល; ការអភិវឌ្ឍ និងការរក្សា ស្ថិរភាពសេដ្ឋកិច្ច និង សង្គម; និងការប្រឹងប្រែងលើកកម្ពស់ជីវភាពប្រជាជន។ សម្រាប់រយៈពេល ២៥ ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី, កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។

២.ភាពចាំបាច់នៃយុទ្ធសាស្ត្របញ្ចកោណ

ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមក និង ការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ ២៥ ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០, រាជរដ្ឋាភិបាលដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព ។ ជារួម, យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរ ដាក់ចេញ និងអនុវត្ត ៥ ដំណាក់កាល បន្តបន្ទាប់ និងត្រូវបានតម្រង់ និងសម្របសម្រួលទៅតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗ នៃរដ្ឋសភា។ ដំណាក់កាលនីមួយៗ នឹងត្រូវបានកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែង នៅក្នុងប្រទេស, តំបន់ និងពិភពលោក ព្រមទាំងបទពិសោធន៍នៃការអនុវត្តពីដំណាក់កាលមុនៗ ដោយសម្លឹងទៅមុខ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅនៃការកសាងជាតិស្របតាម ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។

ក្នុងក្របខណ្ឌនៃការគិតគូរជារួមខាងលើ, សម្រាប់រយៈពេល ៥ ឆ្នាំដំបូង ក្នុងនីតិកាល ទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយយោងលើភាពចាំបាច់ ជាក់ស្ដែង នៅក្នុងទិដ្ឋភាពសំខាន់ៗ ដូចខាងក្រោម ៖

១. ភាពចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល សម្រេចបាននៅក្នុងនីតិកាលកន្លងមក នៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្តចតុកោណទាំង ៤ ដំណាក់កាល តាមរយៈ ការការពារឱ្យបានដាច់ខាត និង ការបន្តពង្រឹងនូវ សុខសន្តិភាព, ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គម; ការពង្រឹងការគោរពច្បាប់ និង វិធាននៃច្បាប់, ការលើកស្ទួយនីតិរដ្ឋ, សិទ្ធិសេរីភាព, សេចក្ដីថ្លៃថ្នូររបស់មនុស្ស និង លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និង ការអនុវត្តវិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់កម្រិត ជីវភាព និង សុខុមាលភាពប្រជាជន, ជាពិសេស ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃអភិបាលកិច្ច, ស្ថាប័ន និង យុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និង គុណភាព សេវាសាធារណៈ ។

២. ភាពចាំបាច់ ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ ហើយបំពេញ ការងារនៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងធានាបាននូវប្រសិទ្ធភាពខ្ពស់ នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន, ទាំងការដឹកនាំ, ការសម្របសម្រួល, ការត្រួតពិនិត្យ និង ការវាយតម្លៃ លើការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត្រនានា នៅក្នុងបរិការណ៍ នៃការវិវត្តប្រែប្រួលយ៉ាងរហ័សនៃសភាពការណ៍សង្គម-សេដ្ឋកិច្ច, ទាំងក្នុង និង ក្រៅប្រទេស ។

៣. ភាពចាំបាច់ក្នុងការបន្តកសាង និង ពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម ដោយផ្តោតជាសំខាន់លើការកសាងមូលធនមនុស្សរឹងមាំ, ពិសេស តាមរយៈការកែទម្រង់វិស័យអប់រំ និង វិស័យសុខាភិបាល; ការបង្កើនផលិតភាពសេដ្ឋកិច្ច; ការលើកកម្ពស់ចំណេះដឹងរបស់ប្រជាជន និង សមត្ថភាពជំនាញរបស់ពលករ; ការពង្រឹងអភិបាលកិច្ចវិស័យឯកជន និង ធុរកិច្ច; និង ការលើកកម្ពស់ការតភ្ជាប់ ព្រមទាំងការជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ, ទាំងរឹង និង ទន់, រួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលផង, ដើម្បី ឈានទៅបង្កើតឡើងនូវម៉ូដែលថ្មីនៃកំណើន ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍ ។

៤. ភាពចាំបាច់ក្នុងការបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់កម្ពុជា និង ក្នុងការកសាងភាពធន់ទៅនឹងការប្រែប្រួលនៃកត្តាសង្គម-សេដ្ឋកិច្ច និង កត្តាបរិស្ថានធម្មជាតិ ដើម្បីពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ច និង ធានាចីរភាពនៃកំណើនខ្ពស់ តាមរយៈការបង្កើនតម្លៃបន្ថែម ក្នុងវិស័យចន្ទល់កំណើនសេដ្ឋកិច្ចដែលមានស្រាប់ និង វិស័យផ្សេងទៀត ដែលកម្ពុជាមានសក្តានុពល ការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម និង កសិឧស្សាហកម្ម; ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និង ឧស្សាហូបនីយកម្ម; ការលើកកម្ពស់ ការប្រកួតប្រជែងស្មើភាព និង ការលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ការកសាងភាពធន់ទល់នឹងគ្រោះអាសន្ន និង វិបត្តិនានា; ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ និង ការទូត និង ការធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុង តំបន់ និង សកលលោក សំដៅទាញយកផលប្រយោជន៍សេដ្ឋកិច្ច និង សង្គម ឱ្យបានជាអតិបរមាជូនប្រទេសជាតិ ។

៥. ភាពចាំបាច់ក្នុងការដាក់ចេញនូវ របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយមួយ នៃ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា” ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។

៣. បេសកកម្មនៃយុទ្ធសាស្ត្រ និង អភិក្រមក្នុងការអនុវត្ត

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព មានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរ គឺ ៖ ទីមួយ រក្សា និង ថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន, និង ពូនជ្រុំចលនការ នៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម; និង ទីពីរ, កសាង និងពង្រឹង មូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០, ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ តាមរយៈ ការកសាងភាពធន់រឹងមាំនៃវិស័យទាំង ៥ ពោលគឺ : ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់នៃវិស័យហិរញ្ញវត្ថុ, ភាពធន់ នៃវិស័យមូលធនមនុស្ស និង សង្គម, និង ភាពធន់នៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ត្រូវបានដាក់ឱ្យអនុវត្ត ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដែលក្រសួង-ស្ថាប័នទាំងអស់ នៅក្រោមរចនាសម្ព័ន្ធរាជរដ្ឋាភិបាល, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ធ្វើការនៅក្នុងកិច្ចសហការ និងការសម្របសម្រួល រស់រវើក ប្រកបដោយសហថាមពល និងដោយបំពេញឱ្យគ្នាទៅវិញទៅមក ព្រមទាំង ដោយបត់បែនតាមការប្រែប្រួលនៃបរិការណ៍ជាក់ស្តែង ដើម្បីសម្រេចបានគោលដៅអាទិភាពដែល ត្រូវបានដាក់ចេញ។

៤. បាវចនា, គោលដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្រ

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ មាន បាវចនា ៥, គោលដៅយុទ្ធសាស្ត្រ ៥ និង អាទិភាពគន្លឹះ ៥ ។

បាវចនា ៥ រួមមាន ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព ។

គោលដៅយុទ្ធសាស្ត ៥ រួមមាន ៖

(១). ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា;

(២). បង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព, ជូនដល់ប្រជាជនកម្ពុជា, ជាពិសេស សម្រាប់យុវជន;

(៣). សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០% និង បន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា;

(៤). បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជា បន្ដពង្រឹងអភិបាលកិច្ចវិស័យឯកជន និង បន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច, ការវិនិយោគ និង ពាណិជ្ជកម្ម; និង

(៥). ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយនឹងបាវចនា ៥ និង គោលដៅយុទ្ធសាស្ត ៥ ដូចបានគូសរំលេចខាងលើ, រាជរដ្ឋាភិបាលសម្រេចកំណត់យកនូវអាទិភាពគន្លឹះ ចំនួន ៥ សម្រាប់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ គឺ : មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា ដែលត្រូវបានឆ្លុះបញ្ចាំងជាចម្បង តាមរយៈ បញ្ចកោណយុទ្ធសាស្ត្រ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រ ទាំងមូល ។

៥. រចនាសម្ព័ន្ធ និង ខ្លឹមសារសង្ខេបនៃយុទ្ធសាស្ត្រ

ជារួម, រចនាសម្ព័ន្ធនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ មាន ៖ (១). ស្នូលនៃយុទ្ធសាស្ត្រ គឺ: ការកែទម្រង់ និង ការពង្រឹង អភិបាលកិច្ច; (២). បរិស្ថានគ្របដណ្តប់ សម្រាប់ធានាបរិយាកាសអំណោយផល ដល់ការអនុវត្តយុទ្ធសាស្ត្រទាំងមូល; និង (៣), បញ្ចកោណ យុទ្ធសាស្ត្រ ទាំង ៥ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម ។

ស្នូលនៃយុទ្ធសាស្ត្រ, បរិស្ថានគ្របដណ្តប់ និង បញ្ចកោណយុទ្ធសាស្ត្រទាំងអស់នេះ ប្រៀបបានទៅនឹងអនុគមន៍ផលិតកម្ម ដែលការអនុវត្តវិធានការប្រទាក់ក្រឡាគ្នា នឹងនាំទៅដល់ការបង្កើនផលិតភាពសរុបនៃសេដ្ឋកិច្ច, ការបង្កើនផលិតភាពនៃកម្លាំងពលកម្ម និងការបង្កើនការវិនិយោគ ក៏ដូចជាប្រសិទ្ធភាពនៃការវិនិយោគលើមូលធនសេដ្ឋកិច្ច ។ ផលិតភាពសរុប នឹងត្រូវបានបង្កើន តាមរយៈសម្ព័ន្ធនៃវិធានការ ដែលត្រូវបានរៀបចំឡើង, ម៉្យាង, នៅក្នុងស្នូលនៃយុទ្ធសាស្ត្រ ដោយផ្តោតលើការកែទម្រង់អភិបាលកិច្ច និង ការពង្រឹង សមត្ថភាពស្ថាប័ន; និងម៉្យាងទៀត, នៅក្នុងបរិស្ថានគ្របដណ្តប់ ដោយផ្តោតលើការបង្កើតបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ចំណែកផលិតភាពផ្នែកពលកម្ម និង ផ្នែកមូលធន នឹងត្រូវបានបង្កើនតាមរយៈ បញ្ចកោណយុទ្ធសាស្ត្រ ចំនួន ៥ រួម មាន ៖ (១). ការអភិវឌ្ឍមូលធនមនុស្ស; (២). ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាព ប្រកួតប្រជែង; (៣). ការអភិវឌ្ឍវិស័យឯកជន និងការងារ; (៤). ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន; និង (៥). ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។

ស្នូលនៃយុទ្ធសាស្ត្រ ផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យកា្លយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និង រដ្ឋបាល ក្នុងការដឹកនាំ, ការគ្រប់គ្រង និង ការចាត់ចែងកិច្ចការប្រទេសជាតិ, ពិសេសការធានានិរន្តរភាពនៃតួនាទី និង ដំណើរការរដ្ឋបាលសាធារណៈ ដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន ព្រមជាមួយនឹងការកសាងជាតិ និង ការពង្រឹងនីតិរដ្ឋ សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តផ្ដោតលើ កិច្ចការអាទិភាព ចំនួន ៥ គឺ ៖

(១). ការពង្រឹង និងការកែទម្រង់ស្ថាប័ន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកសាងរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន

(២). ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកសាងធនធានមនុស្សប្រកបដោយ សមត្ថភាព, ជំនាញ, ឆន្ទៈម្ចាស់ការ និង ក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និង ការទទួលខុសត្រូវ;

(៣). ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការលើកកម្ពស់ និងការពង្រឹង ភាពស្អាតស្អំ ភាពសុចរិត និង ជំនឿទុកចិត្ត ចំពោះរដ្ឋបាលសាធារណៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព;

(៤). ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការពង្រឹងគោលការណ៍នីតិរដ្ឋ, ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម, និង ការពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌; និង

(៥). ការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច ដែលមានគោលដៅយុទ្ធសាស្ត ផ្តោតលើការពង្រឹងជំនឿទុកចិត្តរបស់តួអង្គពាក់ព័ន្ធ មកលើវិស័យឯកជន និងធុរកិច្ច តាមរយៈការជំរុញឱ្យមានអភិបាលកិច្ចល្អ ក្នុងវិស័យឯកជន និងធុរកិច្ច ។

បរិស្ថានគ្របដណ្តប់ កំណត់នូវក្របខណ្ឌពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាការសម្រេចបាននូវអាទិភាពគោលនយោបាយនៃ យុទ្ធសាស្ត្រ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបន្តផ្ដោតលើកិច្ចការអាទិភាពចំនួន ៥ គឺ ៖

(១). ការបន្តពង្រឹង សន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ដែលកត្តាទាំងនេះ ជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ;

(២). ការប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ, ផ្អែកលើច្បាប់ និងឈ្លាសវៃ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តពង្រឹងការអនុវត្តនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់ ក្នុងកិច្ចការពារ និង ក្នុងការជំរុញបង្កើនផលប្រយោជន៍ស្នូលរបស់ជាតិ, និង ការកសាងមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសទាំងអស់នៅលើសកលលោក និង អង្គការអន្តរជាតិនានា, ព្រមទាំងការចូលរួមយ៉ាងសកម្ម ចំពោះបុព្វហេតុ សន្តិភាព ស្ថិរភាព សន្តិសុខ និង វិបុលភាព ក្នុងតំបន់ និង សកលលោក;

(៣). ការធានាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាលក្ខខណ្ឌចាំបាច់ សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន, ភាពធន់ និង ចីរភាព;

(៤). ការបន្តកសាងភាពជាដៃគូ ប្រកបដោយ បរិយាប័ន្ន និងស័ក្ដិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលជាកិច្ចការចាំបាច់ដ៏សំខាន់មួយទៀត សម្រាប់បង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន, ភាពធន់ និង ចីរភាព; និង

(៥). ការបន្តធ្វើសមាហរណកម្មស៊ីជម្រៅ ទៅក្នុងតំបន់ និងសកលលោក ដែលផ្តោតលើការបង្កើតកាលានុវត្តភាព ក្នុងការជំរុញ និង ការគាំទ្រ ពាណិជ្ជកម្មអន្តរជាតិ និង ការទាក់ទាញការវិនិយោគ, ក៏ដូចជា ការចូលរួមកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃ និង ការផ្គត់ផ្គង់ នៃ តំបន់ និង ជាសកល សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និង ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយចីរភាព។

បញ្ចកោណទី ១៖ ការអភិវឌ្ឍមូលធនមនុស្ស ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្តផ្តោត លើកិច្ចការអាទិភាព ចំនួន ៥ គឺ៖

(១). ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និង ការបណ្តុះបណ្តាល ប្រកបដោយគុណភាព និង ជំនាញខ្ពស់ តាមរយៈ ការពង្រឹងអភិបាលកិច្ច ការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត, ការបង្កើនគុណភាព និង ការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា (STEAM), និង ការពង្រឹងការអប់រំកាយ និងកីឡា

(២). ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ការបង្កើនការចុះឈ្មោះចូលរៀន ការរៀបចំជំនាញឡើងវិញ និង ការបង្កើនជំនាញ (Reskilling and Upskilling); ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍជំនាញ ការដោះស្រាយបញ្ហានៃភាពមិនស៊ីសង្វាក់គ្នារវាងការបណ្តុះបណ្តាល និង តម្រូវការទាំងប្រភេទ និង គុណភាពជំនាញ និងការពង្រឹងការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត ដែលត្រូវបានដាក់ចេញ

(៣). ការលើកកម្ពស់ សុខភាព និង សុខុមាលភាពប្រជាជន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តកាត់បន្ថយអត្រាឈឺ និង ស្លាប់ បណ្តាលពីជំងឺមិនឆ្លងចម្បងៗ, ការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និង មាតា ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំបរិវត្តកម្ម និង អភិបាលកិច្ច ក្នុងវិស័យសុខាភិបាល, ការបន្តបង្កើនគុណភាព និង សមត្ថភាពរោគវិនិច្ឆ័យ ក្នុងការព្យាបាល និងការថែទាំ, ការបន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល, ការលើកកម្ពស់សមត្ថភាពជំនាញ, ការលើកកម្ពស់កិច្ចសហការ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, និង ការចូលរួមរបស់ប្រជាជនតាមសហគមន៍

(៤). ការពង្រឹង ប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង ដែលមានគោលដៅយុទ្ធសាស្ត ផ្តោតលើ ការកសាង និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព, ទាំងក្នុងប្រព័ន្ធជំនួយសង្គម និង ប្រព័ន្ធសន្តិសុខសង្គម, និង ការពង្រឹងប្រព័ន្ធស្បៀង ដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” និង ដោយគោរពតាមអភិក្រម ចំនួន ៤ គឺ:

ទី១.ចីរភាពនៃកម្មវិធី, ទី២.លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ, ទី៣.ការធានា បរិយាប័ន្ន និង សមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋ លើគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និង គ្រួសារងាយរងហានិភ័យ, និងទី៤. ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធ គាំពារសង្គម តាមរយៈការអភិវឌ្ឍប្រព័ន្ធ និង (៥). ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និង បរិយាប័ន្ន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការធ្វើពលភាវូបនីយកម្ម ពលរដ្ឋ (People Revitalization) ឱ្យមានសមត្ថភាព ផលិតភាព សីលធម៌ គុណធម៌ ចរិយាធម៌ ភាពអំណត់ សុចរិតភាព វិន័យ និង ការទទួលខុសត្រូវខ្ពស់, និង ការលើកកម្ពស់ស្មារតី និង មនសិការស្នេហាជាតិ ការពារជាតិ ឯកភាពជាតិ ការចេះយកអាសារគ្នា ការចែករំលែក ការចូលរួម គុណតម្លៃសង្គម និងស្មារតីគោរពច្បាប់ ស្រឡាញ់សន្តិភាព ក៏ដូចជាស្រឡាញ់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ អំពើល្អ និង យុត្តិធម៌ សំដៅធានាបាននូវសិនិទ្ធភាពសង្គម (Social Cohesion) និងសុខដុមរមនាសង្គម។

បញ្ចកោណទី ២៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការអាទិភាព ចំនួន ៥ គឺ ៖

(១). ការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការពង្រីក និងការធ្វើពិពិធកម្ម មូលដ្ឋានកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនតម្លៃបន្ថែមក្នុងវិស័យគន្លឹះដែលមានស្រាប់ និង ការអភិវឌ្ឍប្រភពថ្មីនៃកំណើន ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការបង្កើនសក្តានុពលកំណើន និង ការពង្រឹងភាពធន់នឹងវិបត្តិ

(២). ការលើកកម្ពស់ការតភា្ជប់ និង ការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និង ឡូជីស្ទីក, វិស័យថាមពល, វិស័យទឹកស្អាត និង វិស័យឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និង ពង្រឹងមូលដ្ឋានគ្រឹះ និង បុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និង ជំរុញពិពិធកម្ម តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និង ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ

(៣). ការកែលម្អបរិយាកាស ធុរកិច្ច និង ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត ផ្តោតលើការបន្តកែលម្អបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈការសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល, ការពង្រឹងសមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន

(៤). ការពង្រឹង ប្រសិទ្ធភាព និង ភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ចពិសេស រួមបញ្ចូលនូវសួនឧស្សាហកម្ម, សួនកសិ-ឧស្សាហកម្ម, និង តំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការប្រមូលផ្តុំ និង ការអភិវឌ្ឍបណ្តាញផលិតកម្ម ឱ្យដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និង ភាពប្រកួតប្រជែង ឧស្សាហកម្មកម្ពុជា សំដៅបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក្នុងស្រុក, លើកកម្ពស់ផលិតកម្ម និង ការកែច្នៃ សម្រាប់នាំចេញ, និង ជាពិសេស គាំទ្រដល់ការបង្កើត ការងារ និង ការលើកស្ទួយជីវភាពប្រជាជននៅទីជនបទ និង

(៥). ការធ្វើនវានុវត្តន៍ យន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការរៀបចំ និងការកែលម្អ ក្របខ័ណ្ឌ និង យន្តការហិរញ្ញប្បទាន, និង ការធ្វើពិពិធកម្មផលិតផល និង សេវាហិរញ្ញវត្ថុ ដែលធានាបានសន្ទនីយភាព (Liquidity) ក្នុងទីផ្សារ និង ជម្រើសហិរញ្ញប្បទានសម្រាប់ ការវិនិយោគ សំដៅរួមចំណែកជំរុញការវិនិយោគ និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ។

បញ្ចកោណទី ៣៖ ការអភិវឌ្ឍ វិស័យឯកជន និង ការងារ ដែលក្នុងនេះ រាជរដ្ឋាភិបាល បន្តផ្តោតលើកិច្ចការអាទិភាព ចំនួន ៥ គឺ៖

(១). ការអភិវឌ្ឍទីផ្សារការងារ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការជំរុញ ការអភិវឌ្ឍទីផ្សារការងារ តាមរយៈការបង្កើត, ការរក្សា, និង ការបង្កើនការងារដល់កម្មករ និយោជិត, ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, សំដៅបង្កើនប្រាក់ចំណូល, ទ្រទ្រង់ជីវភាពសមរម្យ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន

(២). ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និង មធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និង ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តជំរុញ ការអភិវឌ្ឍបរិយាកាសអំណោយផល ដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និង ធុរកិច្ចថ្មី ឱ្យរីកលូតលាស់, ធន់នឹងវិបត្តិ និង មាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និង ការបង្កើតការងារ ព្រមទាំងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លងអន្តរកាលចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ

(៣). ការពង្រឹងភាពជាដៃគូ វិស័យសាធារណៈ និង វិស័យឯកជន ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលជាយន្តការមិនអាចខ្វះបាន និងមានប្រសិទ្ធភាព ក្នុងការគាំទ្រពិពិធកម្ម និង កំណើន, និង ការបន្តពង្រឹង ការគ្រប់គ្រងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ ចំពោះការអនុវត្តគម្រោងការវិនិយោគសាធារណៈ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន

(៤). ការពង្រឹងការប្រកួតប្រជែង ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្ត ជំរុញការប្រកួតប្រជែងស្មើភាព តាមរយៈការបន្តបង្កើតបរិយាកាសធ្វើធុរកិច្ចដោយស្មើភាព, គ្មានការរើសអើង, តាមនីតិវិធីដោយយុត្តិធម៌ និង ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅរួមចំណែកដល់ការបង្កើតមុខទំនិញ និង សេវាកម្មថ្មីៗ, និង ការបង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា និង

(៥). ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តពង្រឹងប្រព័ន្ធធនាគារ និង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យកាន់តែមានស័ក្តិសិទ្ធភាព, ភាពធន់នឹងវិបត្តិ, បរិយាប័ន្ន, ពិពិធភាព និង ភាពទំនើប តាមរយៈការបន្តអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ, ពង្រឹងសមត្ថភាព ស្ថាប័ន និង អក្ខរកម្មហិរញ្ញវត្ថុ, និង លើកស្ទួយឌីជីថលភាវូបនីយកម្ម ក្នុងវិស័យហិរញ្ញវត្ថុ។

បញ្ចកោណទី ៤៖ ការអភិវឌ្ឍប្រកបដោយ ភាពធន់, ចីរភាព និងបរិយាប័ន្ន ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការអាទិភាព ចំនួន ៥ គឺ៖

(១). ការធ្វើបរមភាវូបនីយកម្ម (Optimization) ផលលាភប្រជាសាស្ត្រ, ការពង្រឹង ភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ ដែលមានគោលដៅយុទ្ធសាស្ត ផ្តោតលើការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីផលលាភប្រជាសាស្ត្រ និង ការពង្រឹងភាពធន់ប្រជាសាស្ត្រ ដោយបន្តជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន និង លើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការងារដឹកនាំ

(២). ការគ្រប់គ្រងធនធានធម្មជាតិ, បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ប្រកបដោយចីរភាព ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការអភិរក្សដើម្បីការអភិវឌ្ឍ សំដៅលើកកម្ពស់វិភាគទានកិច្ចការនេះ ចំពោះការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍, ការពង្រឹងការគ្រប់គ្រងធនធានរ៉ែ, ការធានាចីរភាពធនធានព្រៃឈើ ជលផល និង គុណភាពដី, ព្រមទាំងការការពារ ការអភិវឌ្ឍ និង ការទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីបេតិកភណ្ឌ វប្បធម៌ និង ទេសចរណ៍ ប្រកបដោយចីរភាព

(៣). ការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត ផ្ដោតលើការបន្តពង្រឹងតួនាទី និង ការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង សុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ

(៤). ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការពង្រីកទីក្រុង និងការអភិវឌ្ឍទីក្រុងថ្មីៗបន្ថែម នៅតាមបណ្តារាជធានី-ខេត្ត, ការបង្កើតសួនសាធារណៈ និង ឧទ្យានបៃតង, និង ការពង្រឹងការគ្រប់គ្រង និង ការធ្វើទំនើបកម្មនគរូបនីយកម្ម ដើម្បីធានាសុវត្ថិភាព សោភ័ណភាព បរិស្ថានល្អ និង សុខុមាលភាព សម្រាប់ការរស់នៅ និង ប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង

(៥). ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកាត់បន្ថយជាអតិបរមានូវការបំពុល និងផលប៉ះពាល់បរិស្ថាន, ការពង្រឹងការគ្រប់គ្រងទឹក និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ, និងការចូលរួមចំណែកក្នុងការកាត់បន្ថយផល ប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ។

បញ្ចកោណទី ៥៖ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការអាទិភាព ចំនួន ៥ គឺ៖

(១). ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត ផ្ដោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល ដោយរាជរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាជន និង វិស័យឯកជន, និង ការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ

(២). ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការជំរុញការធ្វើបរិវត្តកម្ម ឌីជីថលក្នុងវិស័យសេដ្ឋកិច្ច, ការបង្កើតធុរកិច្ចថ្មីឌីជីថល (Digital Startups), ការជំរុញការធ្វើ បរិវត្តកម្មឌីជីថលសហគ្រាស, ការជំរុញការអភិវឌ្ឍខ្សែច្រវាក់ឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និងការជំរុញការកសាង និងការអភិវឌ្ឍ ប្រព័ន្ធនវានុវត្តន៍ឌីជីថល ដើម្បីសម្រួលធុរកិច្ច និងពាណិជ្ជកម្ម សំដៅជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច

(៣). ការកសាង និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកសាង និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមមានការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និង ក្លោដ ឬមជ្ឈមណ្ឌលទិន្នន័យ សំដៅ ពង្រឹងគុណភាព និង ប្រសិទ្ធភាព នៃបណ្តាញតភ្ជាប់ឌីជីថល, ការចែករំលែកព័ត៌មាន និង ការផ្តល់សេវាទូរគមនាគមន៍

(៤). ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត ផ្ដោតលើការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងយន្តការស្ថាប័នសន្តិសុខឌីជីថល, និង ការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខឌីជីថល ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យបានទូលំទូលាយ និង

(៥). ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយចាប់យកកាលានុវត្តភាព និងទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ រក្សាស្ថិរភាពវិស័យ ហិរញ្ញវត្ថុ, និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ តាមរយៈការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ។

៦. កម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ សម្រាប់ចាប់ផ្តើម អនុវត្តភ្លាមក្នុងឆ្នាំ២០២៣

ជាមួយនេះ, ក្នុងតួនាទីជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ នឹងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ ដែលត្រូវចាប់អនុវត្ត ក្នុងឆ្នាំ ២០២៣ នេះតែម្ដង រួមមាន ៖

(១). ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល

(២). ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារ ក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស

(៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន;

(៤). ការដាក់ចេញយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ

(៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង

(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាម ទីជនបទ ។

បន្ថែមលើនេះ, រាជរដ្ឋាភិបាល បានកំណត់បញ្ហាប្រឈមជាអាទិភាពមួយចំនួន ដែលទាមទារការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដែលរួមមាន៖

  • ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព, ប្រសិទ្ធភាព, និងសមិទ្ធកម្មរបស់មន្ត្រី និង ស្ថាប័ន តាមរយៈការដាក់ឱ្យ អនុវត្តនូវវិធានការគន្លឹះជាក់ស្ដែង រួមមាន៖ ទី ១. ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និង ប្រសិទ្ធភាព; ទី ២, ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌, វិជ្ជាជីវៈ, ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព; និង ទី ៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព ។
  • ការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ ដល់ មធ្យមសិក្សា តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការ គន្លឹះជាក់ស្ដែង រួមមាន៖ ទី ១. ការពង្រឹងអភិបាលកិច្ចសាលា; ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ​និង ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា-អាណាព្យាបាល និង សហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ” Public-Community Partnership for Education (PCPE)។
  • ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតសំខាន់លើការពង្រឹង សមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្ដែងរួមមាន ទី១. ពង្រឹងសមត្ថភាពផ្តល់សេវាសុខភាព បឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយយកចិត្តទុកដាក់លើការពង្រាយបុគ្គលិកគ្រប់ចំនួន ដែលមានក្រមសីលធម៌ល្អ និងទទួលបានការបណ្តុះបណ្ដាលត្រឹមត្រូវ, ការផ្គត់ផ្គង់ឱសថ, សម្ភារបរិក្ខា និង ការបំពាក់ឧបករណ៍ពេទ្យ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសុខាភិបាលឌីជីថល, ទី២. អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព និងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាជន ឱ្យកាន់តែមានភាពឆ្លើយតប ប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ ព្រមទាំងលើកកម្ពស់ ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន, និង ទី៣. កសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
  • ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងសហគមន៍ ។
  • ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើកិច្ចការជាអាទិភាពសំខាន់ចំនួន ៣ គឺ៖ ទី១. ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការ ដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន  ទី២. ការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និង ទី៣. ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព, សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

៧. យន្តការសម្របសម្រួល ការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ

ដើម្បីធានាស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេសដើម្បីធានាការចាប់ផ្តើមអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលកំណត់យន្តការជាក់ស្ដែងសម្រាប់ដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្ត ដូច ខាងក្រោម៖

១. យន្តការដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦៖

យោងលើសារៈសំខាន់ និង ភាពចាំបាច់នៃការជំរុញអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព ទាំង ៦, ខ្ញុំសូមប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដើម្បីចាត់ចែង និងដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ នេះ, ជាបន្ទាន់ និងជាបន្តបន្ទាប់, ឱ្យបានទាន់នៅក្នុងឆ្នាំ ២០២៣, ស្របតាមការសន្យារបស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ និង ត្រូវផ្តល់របាយការណ៍វឌ្ឍនភាពការងារពាក់ព័ន្ធនឹងចំណាត់ការនេះ ជូនគណៈរដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំពេញអង្គ លើកទី ២ ដែលខ្ញុំគ្រោងនឹងដឹកនាំ នៅ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ ។

២. យន្តការដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត វិធានការគន្លឹះ៖

ចំពោះការអនុវត្តវិធានការគន្លឹះពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ និងការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ខ្ញុំនឹងដឹកនាំគណៈកម្មាធិការជាតិដោយផ្ទាល់ ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះនីមួយៗ ។

ចំពោះការអនុវត្តវិធានការគន្លឹះពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងសហគមន៍, ខ្ញុំសូមប្រគល់ភារកិច្ចជូនក្រសួងមហាផ្ទៃ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ស្ថាប័ន-អាជ្ញាធរពាក់ព័ន្ធ រៀបចំផែនការសកម្មភាពជាក់ស្ដែង ។

ចំពោះការអនុវត្តវិធានការគន្លឹះពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌, សូមប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ រៀបចំផែនការសកម្មភាពជាក់ស្ដែង ។

៣. យន្តការដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ_ដំណាក់កាលទី ១៖

រាជរដ្ឋាភិបាលក៏សម្រេចដាក់ចេញផងដែរ នូវយន្តការជំរុញការអនុវត្ត, យន្តការដឹកនាំ សម្របសម្រួល និង យន្តការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី ១ ដោយ៖

  • ប្រគល់ភារកិច្ចជូនទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកជាស្ថាប័នសម្របសម្រួលរួម របស់រាជរដ្ឋាភិបាល នៅក្នុងក្របខ័ណ្ឌនៃយន្តការសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។ ដើម្បីសម្រេចគោលដៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវរៀបចំឱ្យបានឆាប់នូវលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដើម្បីកំណត់លម្អិតនូវវិធីសាស្ត្រ, បែបបទ និង នីតិវិធីនៃការសម្របសម្រួល ការតាមដាន ការត្រួតពនិត្យ និង ការវាយតម្លៃលើការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។ និង
  • ប្រគល់ភារកិច្ចជូនគណៈកម្មាធិការអន្តរក្រសួង ឬ ក្រុមប្រឹក្សា ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ទទួលបន្ទុកសម្របសម្រួលលើការជំរុញការអនុវត្តការងារអាទិភាព ដែលមានចរិតអន្តរក្រសួង-ស្ថាប័ន ឬ អន្តរវិស័យ ។
  • ឯកឧត្តម, លោកជំទាវ, ឧបនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្តី្រ, រដ្ឋមន្តី្រ, សមាជិក-សមាជិកា នៃអង្គគណៈរដ្ឋមន្ត្រីទាំងមូល ជាទីមេត្រី !

ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមជម្រាបជូនអង្គគណៈរដ្ឋមន្ត្រី និង ជនរួមជាតិ, ជាពិសេស វិស័យឯកជន មេត្តាជ្រាបថា, ខ្ញុំនឹងដឹកនាំ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និង ជាក់ស្ដែងមួយចំនួន ដើម្បីបន្តជំរុញគាំទ្រវិស័យឯកជន ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច ។ ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន និង ភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមក្នុងវេទិកានេះឱ្យបានសកម្មបំផុត កុំបីអាក់ខាន ។

ខ្ញុំសូមប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្របសម្រួលជាមួយក្រសួង-ស្ថាប័ន, វិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីរៀបចំវេទិកានេះ ។

សរុបជារួម, កម្ពុជាពិតជាមានមោទនភាពខ្ពស់បំផុត ជាមួយនឹងការសម្រេចបាននូវសុខសន្តិភាពដ៏ពេញលេញ និង រឹងមាំ ក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមក ហើយនៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនេះ, កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ មិនអាចកាត់ថ្លៃបានយ៉ាងសន្ធឹកសន្ធាប់ និងបានឆ្លងកាត់បរិវត្តកម្មសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលបានកែលម្អជីវភាពរស់នៅរបស់ប្រជាជន និង បានលើកស្ទួយកិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត លើឆាកតំបន់ និង សកល តាមរយៈការដាក់ចេញ និង ការដឹកនាំអនុវត្តដោយជោគជ័យ នូវយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល ។

ឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងទាំងនេះ, ជាមួយនឹងការសម្លឹងទៅមុខ សម្រាប់ រយៈពេល ២៥ ឆ្នាំទៀត, ហើយតាមរយៈការធ្វើបទឧទ្ទេសនាមផ្ទាល់នៅទីនេះ ក៏ដូចជាការផ្សាយបន្តផ្ទាល់តាមបណ្ដាញសារព័ត៌មានចេញពីទីនេះ, ខ្ញុំបានបង្ហាញជូនដល់អង្គគណៈរដ្ឋមន្ត្រីរបស់យើង និង ជូនដល់សហគមន៍ជាតិ និង អន្តរជាតិ ជ្រាបនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ។ ខ្ញុំក៏បានបង្ហាញជូននូវវិធានការគន្លឹះ ដែលខ្ញុំនឹងដឹកនាំតម្រង់ទិស លើការអនុវត្ត ដើម្បីឆ្លើយតបទៅនឹងភាព ចាំបាច់នៃការដោះស្រាយបញ្ហាប្រឈម និង ការកែទម្រង់វិស័យសំខាន់ៗ ដែលជាបំណងប្រាថ្ន ដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា យើង នឹងជម្នះបាននូវបញ្ហាប្រឈម, ឧបសគ្គ និង វិបត្តិនានា ក្នុងការដឹកនាំសង្គមជាតិកម្ពុជា លើវិថី នៃការអភិវឌ្ឍ, វឌ្ឍនភាព, និង វិបុលភាព ឱ្យកាន់តែថ្កើងថ្កានឡើងបន្ថែមទៀត ហើយកសាង បាននូវមូលដ្ឋានគ្រឹះប្រកបដោយភាពធន់ដ៏រឹងមាំ សម្រាប់ការឈានឡើងប្រកបដោយការជឿទុកចិត្ត ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។

មុននឹងបញ្ចប់, ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៅតាមបណ្តាក្រសួង-ស្ថាប័ន, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, អង្គនីតិប្បញ្ញត្តិ, អង្គតុលាការ, ព្រមទាំងគ្រប់ដៃគូអភិវឌ្ឍន៍ ទាំងដៃគូទ្វេភាគី និង ពហុភាគី, វិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល, ក៏ដូចជាជនរួមជាតិទាំងអស់ មេត្តាផ្ដល់ការគាំទ្រពេញ ទំហឹង និង ចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការ គោលនយោបាយ និង កម្មវិធីនានា នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ នេះ ក៏ដូចជា វិធានការគន្លឹះ ដែលខ្ញុំបានដាក់ចេញ ។

ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និង វិធានការគន្លឹះ ចាប់ពីពេលនេះ តទៅ ៕

សូមអរគុណ !

https://pressocm.gov.kh/wp-content/uploads/2023/08/PM_COM_Pentagonal-Strategy-Phase1-KH_24-Aug-2023.pdf

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ