សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង​​​ពិធីសំណេះសំណាល ចុះសួរសុខទុក្ខកុមារីរងគ្រោះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

CNV:

វិប្បដិសារីដោយមើលរំលងមជ្ឈមណ្ឌល AFESIP

ថ្ងៃនេះ តាបានមកដល់ហើយ។ ដោយសារតែយាយមកកាលពីប៉ុន្មានថ្ងៃមុននេះ យាយបានទៅប្រាប់តា ហើយតាក៏មានវិប្បដិសារី។ តែថ្ងៃនេះ សុំការយោគយល់ អធ្យាស្រ័យពីសំណាក់កូនៗ ចៅៗ ដែលទន្ទឹងរង់ចាំតា និងយាយ អស់រយៈពេលដ៏យូរ។ តាពិតជាមានវិប្បដិសារី ដោយសារតែរឿងនេះ គឺជារឿងស្នូលមួយនៃបញ្ហា ប៉ុន្តែតាបានទៅកន្លែងនេះ កន្លែងនោះ តែកន្លែងដែលនៅជិតខ្លួន ជាចំណុចពិសេសមួយ ត្រូវបានមើលរំលង។ ប៉ុន្តែថ្ងៃនេះ តា​មកដល់ទីនេះ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ក៏បានមកកាន់ទីនេះផងដែរ ជាការរៀបចំដំណើរទៅមុខ បន្ទាប់ពីដំណើរដ៏រអាក់រអួលក្នុងរយៈពេលកន្លងទៅ។

គិតប្រជាមតិអំពីទោសប្រហារជីវិត ចំពោះជីតា, ឪពុក, ឪពុកមារំលោភលើចៅ, កូន និងក្មួយខ្លួនឯង

តាពិតជាយល់ពីការឈឺចាប់របស់ចៅៗ ហើយតាប្រាកដណាស់ថា កំពុងតែដាក់ចេញជាសំណួរថា តើលើលោកនេះ ធាតុជាតិរច្ឆានរបស់មនុស្ស មានប៉ុន្មានភាគរយ? បើទោះបីវាមានកម្រិតប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែស្ថានភាពតិរច្ឆាន មិនគួរត្រូវបានអត់ឱនទេ។ កាលពី ២ ថ្ងៃមុន តាបាននិយាយជាមួយនឹងយាយថា ចង់មានគំនិតផ្ដួចផ្ដើម ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឲ្យមានទោសប្រហារជីវិតឡើងវិញ ចំពោះជនណាដែលរំលោភទៅលើកូនខ្លួនឯង ឪពុករំលោភកូនខ្លួនឯង ជីតារំលោភចៅខ្លួនឯង គួរកម្រិតទោសប្រហារជីវិត​។ តែនេះគ្រាន់តែជាការគិតរបស់តាទេ។ ពេលនោះ យាយបានប្រាប់ថា គួរត្រឹមតែដាក់ទោសជាប់គុកមួយជីវិតបានហើយ។ រឿងត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រហែលជាមិនអាចធ្វើតាមសំណើរបស់នាយករដ្ឋមន្រ្តី ឬក៏សមាជិករដ្ឋសភា ដែលធ្វើជាសេចក្ដីស្នើច្បាប់ ឬសេចក្ដីព្រៀងច្បាប់ទេ។​ ប្រហែលជាដើរដល់ការ​​ធ្វើប្រជាមតិថា គួរមានទោសប្រហារជីវិតឡើងវិញ ឬអត់? ប៉ុន្តែ ទោសប្រហារជីវិតនេះ គួរកំណត់ត្រឹមតែជីតារំលោភចៅខ្លួនឯង ឪពុករំលោភកូនខ្លួនឯង ឪពុកមារំលោភលើក្មួយខ្លួនឯង ត្រឹមកម្រិតប៉ុណ្ណេះអាចថាសមស្រប។ រឿងនេះ គឺជាការគិតរបស់តា។ តាមិនប្រើអំណាចរបស់តាដើម្បីស្នើសុំព្រះមហាក្សត្រ ដើម្បីនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឲ្យមានទោសប្រហារជីវិតឡើងវិញទេ ហើយក៏មិនស្នើសុំឲ្យសមាជិករដ្ឋសភា ដើម្បីចុះហត្ថលេខាស្នើសុំធ្វើវិសោធនកម្មដែរ។ បើសិនតម្រូវបែបនេះ គឺចាំបាច់ធ្វើប្រជាមតិទូទាំងប្រទេស ដើម្បីសម្រេចថា តើត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬអត់?

ការរំលោភបំពានលើកុមារី ប៉ះពាល់ផ្លូវចិត្តខ្លាំងដល់មនុស្សដែលមិនមែនជាតិរច្ឆាន

ហេតុដែលតាមើលឃើញស្ថានភាពនេះ វាធ្ងន់ហួស។ ដូចជាអម្បាញ់មិញ ចៅៗមិនទាន់ចេះនិយាយស្ដីគ្រប់គ្រាន់ផងនោះ បែរជាត្រូវជីតារំលោភ។ រឿងអាណោចអាធ័មបែបនេះ តាយល់ការឈឺចាប់របស់ចៅៗ ហើយការឈឺចាប់នេះ វាប៉ះទង្គិចធំ មិនមែនគ្រាន់តែសម្រាប់ខ្លួនចៅៗទេ ក៏ប៉ុន្តែសម្រាប់អ្នកដែលមានចិត្តជាមនុស្សដែលមិនមែនជាតិរច្ឆាន ក៏ត្រូវទទួលការប៉ះពាល់ខាងផ្លូវចិត្តដែរ ក្នុងនោះមានតា និងយាយ​។ ពិតមែនហើយ ថ្ងៃនេះ តាទើបនឹងបង្ហាញខ្លួនជាមួយនឹងចៅៗ ប៉ុន្តែ តាបានទទួលព័ត៌មានថា​ កូនរបស់តា ទាំងកូនបង្កើត ទាំងកូនប្រសារ ធ្លាប់បានមកទីនេះ។ ថ្ងៃនេះ កុំអីក៏មានកូនៗ ចៅៗមួយចំនួនមកកាន់ទីនេះ ក៏ប៉ុន្តែ ប្រហែលជាអ្នកមួយចំនួនអាចមិនដឹង មួយចំនួនគឺធ្វើដំណើរទៅខាងក្រៅ មួយចំនួនទៀតថ្ងៃនេះ គឺជាខួបលើកទី ២១ នៃថ្ងៃមរណភាពរបស់ម្ដាយរបស់តា។ តាមទម្លាប់ តាមិនធ្វើការនៅថ្ងៃនេះទេ ហើយក៏មានករណីធ្វើការ ក៏ប៉ុន្តែថ្ងៃនេះ ថ្ងៃអាទិត្យ តាឆ្លៀតពេល ដើម្បីមកសួរសុខទុក្ខចៅៗ។ ប៉ុន្តែមិនមែនគ្រាន់តែមកសួរសុខទុក្ខទេ តាចង់ដាក់មូលដ្ឋានគ្រឹះមួយសម្រាប់ចៅៗ ដើម្បីបន្តជំហានទៅមុខ។

អរគុណការបង្កើតមជ្ឈមណ្ឌលជួយសង្រ្គោះកុមារី និងយុវតីរងគ្រោះ

តាអរគុណចំពោះ កូន (ម៉ម) សុម៉ាលី ដែលបានខិតខំប្រឹងប្រែងរើបំរាស់ពីស្ថានភាពជាអ្នករងគ្រោះម្ដងហើយម្ដងទៀត ហើយនៅតែបន្តនូវអង្គការនេះ ដោយបានចេញដំណើរពីស្ថានភាពដ៏លំបាក ហើយនាំមកដល់ស្ថានភាពនេះ។ អរគុណចំពោះសប្បុរសជនទាំងឡាយ ដែលនៅតែបន្តចូលរួមវិភាគ​ទានពីក្រៅប្រ​ទេសមកកាន់ទីនេះ។ ថ្ងៃមុន មានជនជាតិបរទេសមួយចំនួនក៏បានមកទីនេះ ប៉ុន្តែពួកគេមិនអាចពន្យារនូវសំបុត្រយន្តហោះបាន គេក៏បានចាកចេញពីទីនេះ។ ខ្ញុំក៏សុំអរគុណជាមួយនឹងក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច ក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀត ដែលបានផ្ដល់លទ្ធភាព ផ្ដល់ភាពងាយស្រួលសម្រាប់ចៅៗ។

សម្ដេចតេជោនៅជាបង្អែកដ៏រឹងមាំដល់កុមារី និងយុវតីរងគ្រោះក្នុងមជ្ឈមណ្ឌល

អម្បាញ់មិញ ចៅៗនិយាយអំពីថាមានបង្អែកហើយ។ តាពិតជាបង្អែកដ៏រឹងមាំមួយសម្រាប់ចៅៗ។ បើទោះ​បីថា មជ្ឈមណ្ឌលនេះ ថ្ងៃក្រោយទៅសប្បុរសជនបានដកខ្លួន ក៏តាមិនទុកឲ្យមជ្ឈមណ្ឌលមួយនេះ ត្រូវបិទនោះទេ។ ខ្ញុំនៅតែអំពាវនាវចំពោះសប្បុរសជនទាំងឡាយ ដែលបានជួយរួចមកហើយនោះ បន្តជួយតទៅទៀត។ នៅពេលណាដែលគេមិនអាចជួយបាន យើងក៏នឹងដោះស្រាយធ្វើយ៉ាងម៉េច ឲ្យអង្គការក្រៅរ​ដ្ឋាភិបាលមួយនេះបន្ត។ ដែលជាការរួមចំណែកដ៏ធំក្នុងការដោះស្រាយបញ្ហានេះ។ មើលឃើញពីកន្លែងស្នាក់នៅរបស់ចៅៗ ពិតមែនហើយ ចៅៗមួយចំនួនរស់នៅផ្ទះ ផ្ទះរបស់ចៅៗមានការលំបាកជាងកន្លែងនេះទៅទៀត។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលយកបុគ្គលិក ៣២ នាក់ ចូលក្រប​ខណ្ឌ

តាមិនអស់ចិត្តនៅត្រង់ថា ឃើញចៅៗ រួមជាមួយនឹងអ្នកទទួលខុសត្រូវ ធ្វើការរស់នៅដោយលំបាកលំបិនជាមួយនឹងអគារចាស់ៗ។ ដូច្នេះហើយ បានជាថ្ងៃនេះ តាចង់ដោះស្រាយបញ្ហាគ្រឹះមួយចំនួនដើម្បីឲ្យចៅៗ​អាចមានលទ្ធភាព ដើម្បីនឹងបន្តស្នាក់នៅ ធ្វើការក្នុងរយៈពេលវែង ព្រោះមានមួយចំនួនបានទៅធ្វើការហើយឥឡូវត្រឡប់មកកន្លែងនេះវិញ។ ថ្ងៃនេះ តាចាប់ផ្ដើមពីការឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលយកបុគ្គលិក ៣២ នាក់ ចូលក្នុងក្រប​ខណ្ឌរដ្ឋ។ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ហើយដែលយប់ម្សិល តាបានជួបជាមួយរដ្ឋមន្ត្រី។ រដ្ឋមន្ត្រីថ្ងៃនេះគាត់សុំអភ័យទោស ដោយសារតែឪពុកក្មេករបស់គាត់គឺ សម្ដេច ហេង សំរិន បានទៅធ្វើបុណ្យ ដូច្នេះគាត់ត្រូវរួមដំណើរជាមួយឪពុកក្មេក គឺជារឿងធម្មតាទេ។

បុគ្គលិក ១០​ នាក់ នឹងទទួលប្រាក់បំណាច់ពីរដ្ឋ ជាបៀវត្សរ៍ទៀងទាត់

ក្នុងចំណោមអ្នកទាំងនោះ បុគ្គលិកទីនេះគឺមាន ១០ នាក់ ទៅហើយ ដែលជាចៅៗ ជាអ្នករងគ្រោះ ហើយត្រូវបានទៅបណ្ដុះបណ្ដាល ត្រឡប់មកវិញមកធ្វើការនៅទីនេះ។ ដូច្នេះបន្ថែមលើប្រាក់ឧបត្ថមដែលសប្បុ​រសជនបានជួយ ចៅៗក៏ដូចជាបុគ្គលិក ដែលធ្វើការនៅទីនេះយូរមកហើយ នឹងទទួលបានប្រាក់បំណាច់បន្ថែមពីរដ្ឋ ជាប្រាក់បៀវត្សទៀតទាត់។ ចំណុចនេះវាមិនលំបាកទេ ដោយសារការសម្រេចរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើកិច្ចការនេះ ដើម្បីផ្ដល់ទិដ្ឋាការចេញពីក្រសួងមុខងារសាធារណៈបញ្ចូលជាក្របខណ្ឌ រួចហើយចាប់ផ្ដើមបើកបៀវត្សរ៍ទៅតាមក្របខណ្ឌ ព្រោះថាចៅៗមួយចំនួនដែលជាជនរងគ្រោះនៅទីនេះ ក៏បានទទួលនូវការបណ្ដុះបណ្ដាលរហូតដល់ថ្នាក់បរិញ្ញានោះ ដូច្នេះកាំប្រាក់ក៏ត្រូវរៀបចំទៅតាមប្រភេទនោះ ខ្ញុំគិតថាអ្នកទាំងអស់គ្នាយល់ហើយ។

សាទរចំពោះចៅស្រីនៅកន្លែងនេះ ដែលធ្វើប៉ូលីស និងនាយទាហានសកម្ម

តាសូមអបអរសាទរ ចំពោះចៅម្នាក់ ដែលបានធ្វើប៉ូលីសនៅឯខេត្តស្ទឹងត្រែង។ ចៅមួយទៀតធ្វើអី? នាយទាហានសកម្ម។ អញ្ចឹងទេ ត្រូវធ្វើប៉ូលីសឲ្យល្អ ហើយចាប់អាអ្នកខូចៗខាងហ្នឹង ប៉ុន្តែប៉ូលីសមិនមែនគ្រាន់តែចាប់អាហ្នឹងទេ ត្រូវការពារសង្គមឲ្យល្អចៅ។ នាយទាហានសកម្មប្រឡងជាប់ពីឆ្នាំណា? ប៉ុន្មានថ្ងៃមុនហ្នឹង ត្រូវហ្វឹកហាត់ឲ្យបានល្អ ឲ្យក្លាយទៅជានាយទាហាននារីមួយ ដែលពូកែ ហើយតានឹងតាម(មើល)។ ច្បាស់ណាស់ថា ពួកយោធាគេនឹងដឹងពីរឿងនេះ។ តាមិនចង់ឲ្យអ្នកដទៃមើលស្រាលចំពោះចៅៗនោះទេ។

ធ្វើថ្មី ១ ខ្នង ៣ ជាន់ ២៤ បន្ទប់ សំរាប់ស្នាក់នៅ គិលានដ្ឋាន បន្ទប់រៀនកុំព្យូទ័រ និងសហសិក្សា

ឥឡូវ តាចាប់ផ្ដើមពីការស្នាក់នៅសិន។ ឲ្យឧត្តមសេនីយ៍ ខេង សាម៉េត បានចុះមកសិក្សា។ យើងបានពិនិត្យ​ឃើញថា អគារទាំង ១១ ខ្នង ដែលមាននេះ យើងត្រូវវាយអគារចំនួន ៧ ចេញ ជំនួសមកវិញដោយអគារ ១ ខ្នង ៣ ជាន់ ២៤ បន្ទប់តែម្ដង។ នៅក្នុងបរិវេណនេះ ត្រូវចាក់បេតុងនៅក្នុងបរិវេណ ដោយត្រូវធ្វើរបង ក្លោងទ្វារ និងដងទង់ជាតិឲ្យបានត្រឹមត្រូវ។ ឯឧ ខេង សាម៉េត បានលើកឡើងថា ចង់យកជាន់ក្រោមជាថ្នាក់រៀន (ឯ)ជាន់ទី ២ និងជាន់ទី ៣ ជាកន្លែងស្នាក់នៅ។ តែខ្ញុំស្នើត្រឡប់មកវិញថា ទុកជាន់ទី ៣ ជាជាន់រៀនទៅវិញ ហើយឲ្យចៅៗសម្រាកនៅជាន់ទី ១ និងជាន់ទី ២។ យើងធ្វើយ៉ាងដូច្នេះ គឺដើម្បីសម្រួលឲ្យ​ខាងលើនោះ យើងអាចទុកខាងលើមួយបន្ទប់ធ្វើជាមន្ទីរពេទ្យ កន្លែងគិលានដ្ឋាន ហើយមានកន្លែងរៀនកុំព្យូទ័រ នៅខាងលើហ្នឹងទៅ បន្ថែមទៅដោយមានអគារសហសិក្សា នៅខាងលើនោះវិញ ដែលលឺថា ចៅៗមានធ្វើកម្មវិធីសម្មាធិ។ យើងធ្វើសម្មាធិខាងលើហ្នឹងទៅ អញ្ចឹងជាន់ទី១ និង ២ ធ្វើជាកន្លែងសម្រាក ហើយត្រូវមានគ្រែមានអីឲ្យបានគ្រប់គ្រាន់ ម្នាក់ៗត្រូវមានគ្រែមួយ មានទូសម្រាប់ដាក់ឥវ៉ាន់ ត្រូវច្នៃប្រឌិតឲ្យ​អស់លទ្ធភាព។

សង្គម មិនស្អប់ខ្ពើម តែផ្ដល់ការអនុគ្រោះ និងយោគយល់ ដល់ជនរងគ្រោះ កាន់តែច្រើន

ពិតហើយតាស្ដាប់លឺសូរចៅៗរំលឹក ទៅលើរឿងដែលចៅៗបានជួបប្រទះ ដែលធ្វើឲ្យលំបាកក្នុងការទប់ទឹកភ្នែក ជាមួយនឹងរឿងរ៉ាវ ដែលយើងគិតមិនដល់។ ក៏ប៉ុន្តែ ចៅមិនត្រូវភ្លេចថា ចៅមិនមែនជាអ្នកប្រព្រឹត្តកំហុសទេ ចៅគឺជាជនរងគ្រោះ។ សូមផ្ដាំផ្ញើទៅសម្រាប់អ្នកដទៃទៀតថា នៅទីនេះមិនមែនជាស្ត្រីលក់ខ្លួន ដែលចាប់ផ្ដើមពីការស្ម័គ្រចិត្ត ហើយលក់ខ្លួនរកស៊ីផ្លូវភេទទេ ក៏ប៉ុន្តែសុទ្ធតែក្មេងរងគ្រោះដែលគ្នាមិនដឹងអី។ ឥឡូវ ពួកគេបានប្រឹងប្រែងងើបឈរឡើង ដើម្បីនឹងក្លាយទៅជាពលរដ្ឋល្អនៅពេលអនាគត ហើយគេនឹងក្លាយទៅជាភរិយាល្អ ក្លាយទៅជាម្ដាយដ៏ល្អ និងក្លាយទៅជាជីដូនដ៏ល្អនៅពេលអនាគត ដែលមិនត្រូវមានការរើសអើងទេ។ តាយល់ អ្នកខ្លះយកប្រពន្ធមេម៉ាយប៉ុន្មានតំណ ក៏នៅចាត់ទុកថាជាប្រពន្ធត្រឹមត្រូវ។ អ្នកខ្លះក៏យកស្ត្រីរកស៊ីផ្លូវភេទធ្វើជាភរិយា ក៏គេនៅតែអាចធ្វើបាន ដែលគេចាត់ទុកថា ជាភរិយាល្អរបស់ពួកគេ ក៏ប៉ុន្តែ សម្រាប់ចៅៗដែលជនរងគ្រោះនេះ តាគិតថា សង្គមមិនស្អប់ខ្ពើមនោះទេ ប៉ុន្តែផ្ទុយទៅវិញ សង្គមនឹងផ្ដល់នូវការអនុគ្រោះ យោគយល់កាន់តែច្រើនសម្រាប់ជីវិតចៅៗ។

យើងបានកំណត់គ្នាហើយ បទដ្ឋានអគារនេះ ប៉ុន្តែខ្ញុំគ្រាន់តែស្នើឯកឧត្តម ខេង សាម៉េត បង្គន់យើងត្រូវមានគ្រប់ជាន់ទាំងអស់។ ក្នុងមួយជាន់ៗ ស្ដង់ដារបស់យើង ដូចជាតែ ៣ ទេ ម្ខាង ៣ ម្ខាង ៣ មួយជាន់មាន ៦ បង្គន់ … យើងរៀបចំអាហ្នឹងផង រៀបចំខាងក្រៅផង តាមបន្ទប់មួយៗ តែងមានបង្គន់នៅជាមួយដែរ។ ចៅៗមិនលំបាកទេ ក្នុងហ្នឹងចៅអាចមួយបន្ទប់នៅ ១០ នាក់ ឬ ៨ នាក់ ឬ ៦ នាក់ ឬ ៤ នាក់ អា​ស្រ័យលើការរៀបចំរបស់(អ្នកគ្រប់គ្រង)នេះទេ រួចហើយប្រគល់ឲ្យរៀបចំ។ ប៉ុន្តែ ត្រូវមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានកង្ហារ មានអីត្រឹមត្រូវ រៀបចំឲ្យស្អាតតាមស្តង់ដា ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ។

រៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងឧបត្ថម្ភរថយន្ដប្រើក្នុងមណ្ឌល

ដើម្បីឲ្យចៅៗបានស្នាក់នៅដោយគ្មានការរំខាន ដោយសារការសាងសង់ ហើយដំណើរការសាងសង់​ត្រូវប្រើ​ពេលវេលាមួយ​ ហើយមិនទុកបណ្ដោយឲ្យចៅៗនៅទីកន្លែងនេះ​ ឥឡូវនេះ បានជួលផ្ទះនៅខាង​ក្រៅ​ចំនួន ១៧ បន្ទប់ សម្រាប់ចៅៗ និងអ្នកទទួលខុសត្រូវស្នាក់នៅ​។ មានវីឡាមួយ មានបន្ទប់ ១៧ ហើយ​ដែល​ត្រូវបានជួល។ លោកឧកញ៉ា ហម រ័ត្ន  គាត់ចូលរួមជួយនៅក្នុងការជួលរយៈពេល ១២ ខែ សូមអបអរសាទរ​ចំពោះគាត់ផង។ ត្រូវរៀបចំរើយ៉ាងម៉េច ធានាការដឹកជញ្ជូនចៅៗឲ្យទៅដល់ទីកន្លែងនោះ។ ហើយកន្លែងនេះ​​ត្រូវចូលកាន់កាប់ដោយវិស្វកម្មរបស់ សម្ដេច តេជោ ដើម្បីការពារនៅទីកន្លែងនេះ ប៉ុន្ដែ ត្រូវធា​នាមួយ​ថា ធ្វើម៉េចឲ្យ​ចៅៗនេះនៅតែបន្ត​បានទទួលការសិក្សាទៅតាមទីកន្លែង។ អញ្ចឹងបានជាមិនហ៊ានជួលផ្ទះនៅឆ្ងាយប៉ុន្មានទេ​។ ​ថ្ងៃនេះក៏បាននាំ​មកនូវរថយន្ដមួយគ្រឿង សម្រាប់ដឹកចៅៗទៅរៀន ​ ហើយរថយន្ដ​នេះជាប្រភេទ​រថយន្ដថ្មីសុទ្ធ​តែម្ដង​ ហើយ​ធ្វើលេខ ធ្វើអី គ្រប់គ្រាន់ឲ្យចៅៗ ដើម្បីប្រើប្រាស់ប្រចាំមណ្ឌល។ បន្ដិចទៀត​ប្រគល់​សោ​​រតែម្ដង​។ លោកឧកញ៉ា ហម រ័ត្ន គាត់ថា នឹងចេញថ្លៃជួលរហូតដល់សាងសង់(អគារ​ថ្មី)រួចតែម្តង បើទោះបីជា ១ ឆ្នាំ កន្លះ ក៏គាត់នៅតែជួយដែរ …។

ចៅៗទទួលបានប័ណ្ណសមធម៌ ពិនិត្យ និងព្យាបាលនៅពេទ្យរដ្ឋឥតគិតថ្លៃ

ការដោះស្រាយមួយទៀត គឺចៅៗនឹងមាន​ប័ណ្ណនេះម្នាក់មួយ(ប័ណ្ណសមធម៌)។ ប៉ុន្ដែ ខ្ញុំស្នើថា ​ប័ណ្ណបេឡាជាតិ​សន្ដិ​សុខ​​​សង្គម ​​សម្រាប់ការពិនិត្យព្យាបាលនៅពេទ្យរដ្ឋនេះ​ ត្រូវបន្ថែមឲ្យបុគ្គលិកនៅទីនេះផងដែរ(បុគ្គលិក​មានរួចហើយ)​​។ ​ប័ណ្ណ ប.ស.ស របស់បុគ្គលិក អាចប្រើបានទាំងមន្ទីរពេទ្យរដ្ឋ និងឯកជនដែលបានចុះ​ហត្ថលេខា​ជាមួយ ប.ស.ស។ ចុះម៉េចមិនដាក់ឲ្យដូចគ្នាទៅ?​ អូ! មួយប័​ណ្ណសមធម៌ មួយទៀតសម្រាប់មន្រ្តីរាជការ … ឥឡូវ តាចង់ឲ្យចៅៗកុំអង្គុយមើលមុខតា នៅខាងមុខរបស់ចៅៗ មានទាំងនំប៉័ង មានទាំងនំប៉ាវ។​ អញ្ចឹងចៅៗ ​នាំ​គ្នាទទួលទានទៅ​ … មុខ(តាយាយ)មិនល្អជាងប្រដាប់ឆ្ងាញ់នៅខាងមុខហ្នឹងទេ។ នាំគ្នាញ៉ាំទៅ​ ញ៉ាំផងស្ដាប់​ផង​ទៅ​។ តាថ្ងៃនេះ​ស្អកកបន្ដិច … ព្រោះតាហាត់ប្រាណជ្រុល ចេះតែដើរៗទៅ ហើយកាលណាតែធ្លាក់កាឡូរីជ្រុល ​គឺវាធ្វើឲ្យ​​ស្អកក … អ្នកខ្លះឃើញថាតាស្គម គេថាតាជិតងាប់ ប៉ុន្ដែ ​អ្នកដែលបន់ឲ្យតាងាប់​ តែងតែងាប់មុនតា​។

ឧបត្ថម្ភកុមាររងគ្រោះម្នាក់ៗ មួយខែ ១០ ម៉ឺនរៀល ឬ ៣០០ ដុល្លារ/ឆ្នាំ

មានរឿងមួយ រឿងនេះប្រហែលជាយាយមិនជំទាស់ជាមួយតាទេ។ មកដល់នេះ តាបានសម្លឹងមើលចៅៗ ហើយ​គិតថា​ អារម្មណ៍មួយនេះជាអារម្មណ៍ពិតរបស់កុមារី របស់យុវតី​ និងរបស់ស្ដ្រីគ្រប់រូប ហើយក៏ជាបំ​ណងរបស់មនុស្ស​ទូទៅដែរ។​ តាចាត់ទុកថា នេះជាកន្លែងពិសេសមួយ ដែលចង់ថា​ ចៅៗមានបង្អែកពិតប្រាកដ។ ដូច្នេះ តាចង់​ផ្ដល់ឲ្យ​ចៅៗ ​ក្រៅពីអ្វីដែលចៅទទួលទានអាហារ ការដែលមានសំលៀកបំពាក់ ដែលមជ្ឈមណ្ឌលផ្ដល់ឲ្យ​ ឬសប្បុរសជនផ្តល់ឲ្យ ចៅ​មាន​កន្លែងស្នាក់នៅ ចៅមានកន្លែងរៀនសូត្រដោយពុំមានការបង់ប្រាក់​ ចៅមានអ្វីៗ ដែលជាការធានា​ពីមណ្ឌល និងពីសប្បុរសជន។​ តែតាយល់ថាចៅៗពិតជាមានតម្រូវការផ្សេងទៀត​ ដែលអម្បាញ់មិញ មើលតាមទូរទស្សន៍​ក៏មានចៅម្នាក់ពាក់នាឡិកា។ ឯចៅដទៃទៀត ក៏ចង់មាននាឡិកាពាក់ដែរ​។ អញ្ចឹងតាសម្រេចផ្ដល់ឲ្យចៅៗ ក្នុង​មួយខែ ១០ ម៉ឺនរៀល ស្មើនឹង ២៥ ដុល្លារសហរដ្ឋអាមេរិក។ អញ្ចឹង ចៅៗទទួលពីតាក្នុងមួយឆ្នាំ ៣០០ ដុល្លារ​។

តែ​សូមបញ្ជាក់ បុគ្គលិកដែលទទួលបានបា្រក់ឧបត្ថម្ភពីសប្បុរសជន និងទទួលបានបៀវត្សពីរដ្ឋ នឹងមិនត្រូវបាន​ទទួលទេ​(៣០០ដុល្លារ/ឆ្នាំ)។ កុំយកអាហ្នឹង ទៅយកអាច្រើនជាង។ នេះផ្ដល់ជូនចៅៗ ដែលមិនទាន់មាន​ការ​ងារ​ធ្វើ ៨៩ នាក់​។ តាយល់។ ចៅពិតជាចង់បាននាឡិកាពាក់ … សន្សំទៅ ​៣០០ ដុល្លារ​ មួយឆ្នាំអាចសន្សំបាន​ទិញកូនខ្សែកមួយតូច។ សន្សំទៅ ពីរឆ្នាំឡើងខ្សែកធំបន្ដិច។ ជារឿងមួយដែលតាយល់ថា មជ្ឈ​មណ្ឌល​ដទៃ​ទៀតនឹងមិន​ទាមទារដូចករណីពិសេសនេះទេ។ នេះតាចាត់ទុកថានេះជាករណីពិសេស ហើយនេះជាការប៉ះប៉ូវមួយ ដែលតាត្រូវ​ផ្ដល់​ឲ្យចៅវិញ នៅក្នុងពេលដែលតាអវត្ដមានក្នុងរយៈពេលមួយដ៏វែង ​ក្នុងពេលដែលមានវត្ដមានអង្គការនេះ។

តើកូន​ សុម៉ាលី ដែលជាអ្នកទទួលខុសត្រូវ នៅពេលពុកម៉ែឲ្យអញ្ចឹង តើមានអារម្មណ៍យ៉ាងម៉េច? តើវាច្រើនធ្វើឲ្យក្មេងៗខូច ឬ​យ៉ាងម៉េច? (លោកស្រី សូម៉ាលី ឆ្លើយថា សប្បាយចិត្ត)។ អាហ្នឹងក្រៅពីប្រាក់រួម គ្នាត្រូវមានប្រាក់ដាក់ហោប៉ៅ តែធ្វើម៉េចលើកទឹកចិត្តឲ្យមានការសន្សំ ដើម្បីទិញអ្វីមួយសម្រាប់ពេលដែលមានតម្រូវការ។ អញ្ចឹងទេ យើងសល់មួយឆ្នាំ ៣០០ ដុល្លារដែរ វាស្មើនឹង ១ លាន ២ សែនរៀល … វានឹងទៅជាប្រាក់សន្សំរបស់យើង។ បើយើងចេះសន្សំ យើងអាចទិញរបស់របរ។ ព្រោះបើថាជាកុមារា រឿងតម្រូវការមានផ្សេង ប៉ុន្តែរឿងកុមារីផ្សេង ហើយមានតម្រូវការលើសពីនោះទៅទៀត នៅពេលដែលចៅៗពេញវ័យ ហ្នឹងជារឿងទាក់ទងនឹងស្ថានភាពស្រ្តី ត្រូវយល់អំពីបញ្ហានេះ។

សុខាភិបាលត្រូវចុះមកមើលផ្ទាល់បង្កើតគិលានដ្ឋាន និងពិនិត្យពីតម្រូវការគ្រូពេទ្យ

ថ្ងៃនេះ ឯកឧត្តម ម៉ម ប៊ុនហេង ក៏បាននាំមកនូវឱសថចំនួន ២០ មុខ។ ក្នុងហ្នឹងមាន សេរ៉ូម ៤ មុខ សម្ភារៈ និងបរិក្ខាពេទ្យ ៨ មុខ និងមុងជ្រលក់ថ្នាំ ចំនួន ៣០០ មុង ដើម្បីសម្រាប់ចៅៗប្រើប្រាស់។ លោកជំទាវ អ៊ឹង កន្ថាផាវី​ បានប្រាប់ខ្ញុំថា មន្ទីរពេទ្យ នគរទេព ដែលនៅមិនឆ្ងាយពីកន្លែងហ្នឹងទេ។ អញ្ចឹងបើមានការអី ទៅរកមន្ទីរពេទ្យនគរទេព។ កន្លែងនេះត្រូវតែធ្វើយ៉ាងម៉េច ឲ្យមានបន្ទប់សម្រាប់ការពិនិត្យព្យា​បាលនៅនឹងកន្លែងហ្នឹង គិលានដ្ឋាន(ក្នុងមជ្ឈមណ្ឌល)។ យើងប្រើគិលានដ្ឋាននៅជាន់លើហ្នឹងទៅ ឬក៏នៅកន្លែងណាមួយដែលស័ក្តិសម។ ឯកឧត្តម ម៉ម ប៊ុនហេង ត្រូវចុះមកពិនិត្យរៀបចំអាហ្នឹងតែម្ដង ជាមួយនឹងគ្រូពេទ្យដែលមានស្រាប់ តើយើងមានតម្រូវការថែម(គ្រូពេទ្យ) ដើម្បីបន្ថែមជួយមកគិលានដ្ឋាន(ក្នុងមជ្ឈមណ្ឌល)នេះ ដើម្បីមើលថែទាំក្មេងៗឲ្យបានល្អឬទេ? រឿងនេះកាត់បន្ថយនូវការលំបាករបស់ចៅ និងរបស់មជ្ឈ​មណ្ឌលផងដែរ។

សាលារាជធានីភ្នំពេញ ត្រូវដោះស្រាយផ្លូវជុំវិញមជ្ឈមណ្ឌល

សាលារាជធានីភ្នំពេញត្រូវប្រញាប់ប្រញាល់ ដោយមិនចាំបាច់រង់ចាំថា អគារនេះធ្វើហើយ ឬនៅទេ ចាក់ផ្លូវបន្ត មើលផ្លូវណាដែលមិនទាន់ល្អនៅម្ដុំហ្នឹង ចាក់វាបន្ថែមឲ្យវាល្អទៅ។ កុំចាក់ត្រឹមហ្នឹង ព្រោះ​អ្នកធ្វើដំ​ណើរ​​ហ្នឹង មិនមែនធ្វើ​ដំណើរត្រឹមហ្នឹងទេ។ ចាក់បាននាំគ្នាចាក់ទៅ។ ពីដើម តំបន់នេះសុទ្ធតែវាលស្រែទេ ឥឡូវទៅជាផ្លូវចាក់កៅស៊ូអីអស់ហើយ។ អញ្ចឹងទេ ក្រទៅៗហើយ គេថាឲ្យយើង ថាអីថាទៅ ព្រោះជារឿងរបស់គេ ជាអ្នកពូកែថា។ ប័ណ្ណត្រូវបានដោះស្រាយហើយ អញ្ចឹងការរៀបចំបែបបទ ក៏ត្រូវធ្វើជាបន្តទៀត។

ការពាំនាំអំណោយ និងចាប់ផ្តើមផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែពីខែនេះតែម្តង

ឥឡូវ តាសុំបញ្ជាក់អញ្ចេះ ថ្ងៃនេះ សម្រាប់តាយាយបាននាំមកតាំងពីផ្លែឈើស្អីៗ គឺថាច្រើនមុខណាស់។ មានទឹកក្រូច មានផ្លែឈើ មានទឹកសុទ្ធ … មាននំ ត្រីខ មីយើង ត្រីងៀត សាច់ក្រក ប៊ីចេង ហើយក្នុងហ្នឹងមានថវិកា ៣០ លានរៀល សម្រាប់មជ្ឈមណ្ឌល។ ឯចៅៗទទួលបានម្នាក់ៗ ថវិកា ១០ ម៉ឺនរៀលដែរ ចៅៗចំនួន ៨៩ នាក់។ ប៉ុន្តែប្រាក់ឧបត្ថម្ភប្រចាំខែ បើកឲ្យចាប់ពីខែហ្នឹងទៅ។ ខែ មីនា បើកឲ្យទៅ។ អញ្ចឹងចៅៗទទួលបានប្រាក់ឧបត្ថម្ភពីខែហ្នឹងទៅតែម្ដង។ មួយខែយើងត្រូវចាយអស់ ៨ លាន ៩ សែនរៀល ព្រោះ ៨៩ នាក់។ ដូច្នេះ អត់អីទេ តាយាយរែកពន់បានអំពីបញ្ហាហ្នឹង។ អញ្ចឹងទទួល ២០ ម៉ឺនរៀលតែម្ដង។ ប៉ុន្តែ កុំភ្លេច ១០ ម៉ឺនរៀល តាមកសួរសុខទុក្ខ និង ១០ ម៉ឺនរៀលទៀត តាយាយផ្ដល់ឲ្យសម្រាប់ជាប្រាក់​ឧបត្ថម្ភប្រចាំខែ។ ចាំដល់ពេលចៅៗមានការងារធ្វើ អាហ្នឹងគឺត្រូវយកប្រាក់នោះ។ ប៉ុន្តែបើចៅៗមិនទាន់មានការងារធ្វើទេ នៅបន្តយកអានេះ។ យើងត្រូវនិយាយគ្នារឿងហ្នឹង ព្រោះកុំឲ្យបង់ចាញ់គ្នា។ សួរ​​​ចៅដែលបានចូលធ្វើការរួចមកហើយ អ្នកធ្វើជាប៉ូលីស។ ប៉ូលីសបានប្រាក់ខែប៉ុន្មាន? ១ លាន ២៣ ម៉ឺន ៥ ពាន់រៀល​។ អញ្ចឹងបានសេចក្ដីថា ចៅឯងបានទទួលនូវប្រាក់បៀវត្សប្រចាំខែ រហូតជាង ៣០០ ដុល្លារ ក្នុងមួយខែទៅហើយ។ អញ្ចឹងទេ មិនចាំបាច់យក ១០ ម៉ឺនអីទេ។ … ហើយមានប៉ុន្មាននាក់មក? ២ នាក់(មានការងារធ្វើ) ដែលមកពីចម្ងាយ មកពីស្ទឹងត្រែង។ អញ្ចឹងឲ្យម្នាក់ៗ ៥០ ម៉ឺនរៀលទៅ ២ នាក់ហ្នឹង​។ បើថាទេ ដូរពីស្ទឹងត្រែង ឲ្យមកធ្វើអ្នកការពារនៅកន្លែងហ្នឹង អាហ្នឹងកាន់តែស្រួលទៀត … ការហើយ មានកូនខ្ចីទៀត​? អញ្ចឹង ថែមអ្នកមានកូនខ្ចី ១ លានរៀលទៀត​ …។

ឧបត្ថម្ភប្រចាំខែសម្រាប់មជ្ឈមណ្ឌល

ក្រៅពីជំនួយដែលនាំមកនៅថ្ងៃនេះ ដោយមានទាំងរថយន្ត ហើយនិងត្រូវដោះស្រាយបញ្ហា គឺនៅមានការឧបត្ថម្ភប្រចាំខែ។ ការឧបត្ថម្ភប្រចាំខែនេះ នឹងត្រូវទទួលបានអង្ករ ១ តោន ២០០ គីឡូ និងថវិកា ១០ លាន​រៀលក្នុងមួយខែៗ។ ការពិត យប់នោះបូកលេខគុណមើលថា ១៨ គីឡូស្មើនឹង ១០០ នាក់ វាចេញទៅ ១៨០០ គីឡូ។ អញ្ចឹងទេ ដោយសារម៉ោង ១២ យប់ហើយ តាគេងមិនលក់ទេយប់ម្សិលហ្នឹង ក៏នៅវិលចុះវិលឡើងនឹងបូកលេខហ្នឹង។ (សេង) ទៀង ដេកលក់។ អញ្ចឹងទេបញ្ជូនសារតាម WhatsApp ថា ឲ្យ​រៀបចំអង្ករ ២ តោន ក្នុងមួយខែ។ ក៏ប៉ុន្តែ (ម៉ម) សុម៉ាលី បានប្រាប់ថា តម្រូវការតែ ១២០០ គីឡូទេ។ សូមជូន ១២០០ គីឡូក្នុងមួយខែ ហើយនិ​ងប្រាក់ ១០ លានរៀល ដែលជួយឲ្យរបបឧបត្ថម្ភ និងរបបហូបចុករបស់ចៅៗបានប្រសើរឡើង។ កាកបាទក្រហមគាត់ផ្ដាច់អង្ករ ព្រោះអង្ករត្រូវមកយកខាងនេះវិញ ប៉ុន្តែ ថវិកាមួយឆ្នាំ ៣០ លានរៀល គាត់នៅតែផ្ដល់ … ឥឡូវដោយសារតែអង្ករយើងមកវាផ្អួរ យកមកលើស សូម្បីតែ ២ តោនពីតា ក៏ (ម៉ម) សុម៉ាលី អត់យកដែរ យកតែ ១ តោន ២ រយគីឡូ ​ដែលធ្លាប់ប្រើប្រាស់។ ការគ្រប់គ្រងរបៀបហ្នឹងឯង។ បើចេះតែទារយកមក​ៗ ហើយការគ្រប់គ្រងមិនតម្លាភាព អង្គការនេះអាចនឹងទទួលការអូឌីតពីម្ចាស់ជំនួយផង និងប្រើប្រាស់មិនចំគោលដៅ គឺអាចនឹងលំបាក។

ទទួលប្រាក់ឧបត្ថម្ភ ៣០ លានរៀល/ឆ្នាំ ពីកាកបាទក្រហមកម្ពុជា អាចយកចាក់ប្រេងរថយន្តបាន

ថវិកាឧបត្ថម្ភពីគាត់(កាកបាទក្រហម) ក៏នៅតែបានផ្ដល់ជាបន្ត សម្រាប់អាចធ្វើអ្វីតាមដែលចៅ(ចង់)។ ឥឡូវនេះកំពុងតែបារម្ភថា ពេលមានឡានហើយបានប្រេងពីណាចាក់? ហ្នឹងគឺជារឿងមួយ ដែលត្រូវគិតទៀត។ តៃកុងឡានរឿងមួយហើយ ប៉ុន្តែមានតែឡានអត់ប្រេងចាក់ ក៏វាទៅមុខមិនរួចដែរ។ យើងរង់ចាំមើលថា តើស្ថានភាពវារបៀបម៉េច បន្ទាប់ពីយើងមានមធ្យោបាយហើយនេះ។ ប៉ុន្តែ អាចច្នៃប្រឌិតក្នុងហ្នឹង មួយឆ្នាំគឺមានប្រាក់ ៣០ លានរៀលមួយកញ្ចប់ពីកាក​បាទក្រហម ដូច្នេះប្រើប្រាស់របៀបយ៉ាងម៉េច ដើម្បីបម្រើឲ្យកន្លែងនេះបានដំណើរការល្អ។ រឿងនេះមិនមែនរឿងថ្មីថ្មោងរបស់តាទេ។ តែនេះជាកំហុសរបស់តាយាយ។ តាបានជួយឧបត្ថមតាំងពីកៀនឃ្លាំង តាំងពីណាពីណី ទាំងពីប៉ុន្មានសិបឆ្នាំមុននោះ ហើយខាងគ្រួសារថ្មីមួយខែៗ មានកន្លែងដែលខ្លះអង្ករ ២តោន លុយប៉ុន្មានលាន សាកលវិទ្យាល័យខ្លះ អង្ករតែងតែ ២ តោន លុយ ៥ លាន ១០ លានអីក៏មាន ប៉ុន្តែ វាមកភ្លេចកន្លែងនេះ។ អញ្ចឹងកន្លែងនេះគឺវាចាប់ផ្ដើម ដោយមានបន្ថែមទៅដោយការប៉ះប៉ូវឲ្យចៅៗ បានច្រើនជាងគេ ​កូនពៅ។

អ្នកនៅក្នុងមណ្ឌលណាមួយប្រឡងជាប់បាក់ឌូប្លិ៍ នឹងទទួលបានអាហារូបករណ៍រៀនបន្ត

ឥឡូវនេះ ឆ្នាំទីមួយនេះ គឺមានអ្នកចូលរួមឧបត្ថម្ភហើយ។ លោកឧកញ៉ា ង៉ូវ ម៉ុច និងលោកឧកញ៉ា​ ង៉ោ ស្រ៊ុន ឧបត្ថមរយៈពេលមួយឆ្នាំ។ បានសេចក្ដីថា ឆ្នាំទីមួយ តាអ្នកឧបត្ថម្ភ ប៉ុន្តែ អ្នកដែលជួយឧបត្ថម្ភឲ្យតា គឺមានគាត់ចូលរួម។ បន្ទាប់ពីគាត់ទៅ(គឺ)តា។ យើងអត់មានត្រូវឧបត្ថម្ភរួចហើយ ដាច់ទៀត។ អត់ទេអត់មានដាច់ទេ។ ចូលខុទ្ទកាល័យរបស់តាហើយគឺអត់មានបញ្ហាទេ។ មើលនៅមានអីទៀតក្រែងលោខ្ញុំភ្លេច? អត់មានអីទេ។ ប៉ុន្តែ ឥឡូវតាចាប់ផ្ដើមមានលក្ខខណ្ឌ។ មានលក្ខខណ្ឌមកជាមួយគ្នា ជជែកជាមួយចៅៗ។ ឥឡូវ តាបានផ្ដល់ជំនួយឧបត្ថម្ភនេះ ប៉ុន្តែ ចៅហ៊ានសន្យាជាមួយតាឬអត់? ហ៊ាន។ អត់ទាន់ដឹងថាអីផងម៉េចហ៊ាន? តិចឲ្យឡើងចុងត្នោតឡើងមិនរួច។ តាសុំដាក់លក្ខ​ខណ្ឌតើចៅអាចធ្វើទៅបានទេ ធ្វើយ៉ាងម៉េចឲ្យជាប់បាក់ឌូប្លិ៍ រៀនដល់ថ្នាក់ទី ១២ តើអាចធ្វើបានឬអត់? បាន។ ពិតហើយចៅៗ មិនមែនត្រឹមតែថ្នាក់ទី ១២ ទេ គឺចៅៗចង់រៀនធ្វើពេទ្យ ចៅៗចង់រៀនគូរប្លង់។ តាយកការសន្យាមួយជាមួយចៅ អ្នកដែលប្រឡងជាប់បាក់ឌូប្លិ៍ទាំងអស់ ចៅនឹងទទួលអាហារូបករណ៍ពីតាចូលរៀន(សាកលវិទ្យាល័យ)។

អ្នកចង់រៀនពេទ្យ ត្រូវប្រឡងចូលឲ្យជាប់សិន ទើបបានអាហារូបករណ៍

មានរឿងមួយ ដែលតាសុំបញ្ជាក់ សម្រាប់ផ្នែកពេទ្យ តម្រូវឲ្យចៅប្រឡងឲ្យជាប់។ ជាប់បាក់ឌូប្លិ៍ហើយ ទៅប្រ​ឡងចូលពេទ្យឲ្យជាប់ទៀត ព្រោះអាហ្នឹងត្រូវព្យាបាលមនុស្ស។ អញ្ចឹងសង្ឃឹមថា ចៅៗដែលចង់ធ្វើពេទ្យ ប្រឡងជាប់បាក់ឌូប្លិ៍ហើយ គឺចៅទៅប្រឡង(ចូល)ឲ្យជាប់ នៅក្នុងពេលដែលគេប្រឡងជ្រើសរើសនិស្សិតពេទ្យ។ ត្រូវធានា បើប្រឡងជាប់ហើយ ចៅទទួលបានអាហារូបករណ៍ពីតាទៅរៀន។ ឯចៅៗដទៃទៀត ដែលមិនមានការចាំបាច់ សាលាមិនមានតម្រូវការចាំបាច់ឲ្យ​ប្រឡង ដូចជាចៅចង់រៀនគូរប្លង់ ចង់ធ្វើស្ថាបត្យករមិញនេះ គឺវិទ្យាស្ថានបច្ចេកវិទ្យា ផ្ដល់អាហារូបករណ៍ឲ្យចៅចូលរៀន ដោយមិនមានការបង់ប្រាក់ទេ។ បើសិនជាមានការតម្រូវការណាមួយពីសាលាណា ដែលមានការបង់ប្រាក់ ប្រាក់នោះគឺជាប្រាក់របស់តាយាយបង់ឲ្យចៅៗរៀន ដើម្បីឲ្យចៅៗមានសញ្ញាបត្រខ្ពស់។

អ្នកធ្លាក់បាក់ឌុប្លិ៍ ឬមួយប្រឡងឆ្នាំក្រោយទៀត ឬមួយរៀនបរិញ្ញាបត្ររង ឬមួយរៀនផងប្រឡងផង

សម្រាប់ចៅដែលរៀនថ្នាក់ទី ១២ ហើយ ប្រឡងបាក់ឌូប្លិ៍មិនជាប់ សុំថា (ម៉ម)សុម៉ាលី ឲ្យចៅៗប្រឹងរៀនបន្ត ដើម្បីប្រឡងនៅឆ្នាំក្រោយទៀត​។ ប្រឡងមិនជាប់ឆ្នាំហ្នឹង ឆ្នាំក្រោយប្រឡងទៀត។ យើងអនុ​ញ្ញាតឲ្យប្រឡងប៉ុន្មានឆ្នាំ? ស្រេចចិត្ត(បំពេញវិជ្ជា)។ អញ្ចេះ ត្រូវប្រឹងប្រែង អ្នកដែលប្រឡងបាក់ឌូប្លិ៍មិនជាប់ អាចមានជម្រើស ឬមួយយើងអាចទៅរៀនយកបរិញ្ញាបត្ររង ព្រោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រ​សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើនូវកិច្ចការងារទាក់ទងនឹងការបណ្ដុះបណ្ដាល បើចៅៗមិនមានសញ្ញាបត្របាក់ឌូប្លិ៍ ដែលនឹងត្រូវចូលទៅរៀនថ្នាក់បរិញ្ញាទេ គេអនុញ្ញាតឲ្យរៀនយកបរិញ្ញាបត្ររង។ ប៉ុន្តែ ចៅអាចធ្វើដំណើរទាំងពីរ ដែលតាមបានដឹងថា ចៅៗមួយចំនួនបាន និងកំពុងតែធ្វើ។ ទន្ទឹមនឹងចូលរៀនបរិញ្ញាបត្ររង ឆ្នាំក្រោយ ចៅៗទាំងនោះប្រឡងបាក់ឌុប្លិ៍។ អញ្ចឹង ចៅអត់ខាតទេ បន្តការសិក្សានៅវិទ្យាល័យ និងចូលរៀននៅបរិញ្ញាបត្ររង ដល់ទៅពេលប្រឡងបាក់ឌុប្លិ៍ ចាប់ផ្តើមប្រឡង ហើយជាប់បានសញ្ញាបត្របាក់​ឌុប្លិ៍ អាហ្នឹងគឺមានលទ្ធភាពបន្តទៅមុខ យកថ្នាក់ខ្ពស់ជាងហ្នឹង។

បើអត់ពីតាទៅ នៅមានកូនៗតា ឬមន្រ្តីគណបក្សប្រជាជនទទួលខុសត្រូវបន្ត

ត្រូវសន្យាជាមួយគ្នា។ តាអត់ទៅណាចោលចៅៗទេ បើទោះបីជាតាឈប់ធ្វើនាយករដ្ឋមន្រ្តី ក៏តាយាយនៅបន្តជាមួយចៅៗដែរ។ ព្រោះរឿងប៉ុណ្ណេះ តាទទួលរ៉ាប់រងបាន ហើយតានឹងប្រគល់ឲ្យកូនៗរបស់តា នឹងមើលថែទាំបន្តទៀត បើអត់ពីតាទៅ។ មិនទាន់មានបក្សនយោបាយណាមួយ ដែលមានលទ្ធភាពប្រណាំងប្រជែងយកឈ្នះគណបក្សប្រជាជនបានទេ។ បើអត់ពីតា ក៏មានមន្រ្តីរបស់គណបក្សប្រជាជនទទួល​ខុសត្រូវលើរឿងនេះ​ ហើយក៏មានកូនៗរបស់តា ទទួលខុសត្រូវទៅលើបញ្ហាអ្វី ដែលតាបានសន្យាជាមួយចៅៗ។ មិនធ្វើឲ្យចៅៗកំព្រាកម្សត់ដូចកាលពីពេលមុនទេ។ នៅពេលដែលទៅកន្លែងថ្មី ត្រូវគ្រប់គ្រងឲ្យបានល្អនៅកន្លែងនោះ​ ថែទាំឲ្យបានល្អ។ ត្រូវរៀបចំការដឹកជញ្ជូនយ៉ាងម៉េចអីយ៉ាងម៉េច អាណាត្រូវទុកនៅខាងនេះ ព្រោះវាមានអគារខ្លះនៅនេះ ត្រូវទុកនៅនេះប៉ុន្មាន? ហើយត្រូវថែទាំវាយ៉ាងម៉េចអីយ៉ាងម៉េច ព្រោះពេលដែលត្រូវធ្វើគឺមានការថ្លង់ ហើយអាចនឹងគ្រឿងចក្រនឹងបង្កើតជាបញ្ហាសម្រាប់ចៅៗរស់នៅ​។ អញ្ចឹងយើងត្រូវធ្វើកិច្ចការងារនេះ ដោយមានការទទួលខុសត្រូវទាំងអស់គ្នា។

អ្វីដែលបានធ្វើហួសពីការរំពឹងទុកនោះ គឺការផ្តល់ប្រាក់ឧបត្ថម្ភម្នាក់ៗជារៀងរាល់ខែ

ឥឡូវ សុំសួរទៅចៅៗ តើតាមានភ្លេចរឿងអីសម្រាប់ចៅៗទេ? អត់មានទេ។ រកនឹកមើលក្រែងលោមានភ្លេចអី។ លើសមួយចំនួនទៅទៀត ដែលចៅៗគិតមិនដល់។ តើអ្វីដែលចៅៗគិតមិនដល់ មានរឿងអី? តាចង់ល្បងប្រាជ្ញាជាមួយចៅៗបន្តិចមើល? រឿងដែលចៅៗ គិតមិន​ដល់ថា តានិងយាយ ដោះស្រាយឲ្យចៅថ្ងៃនេះ តើស្អី? មើល! ប៉ូលីស និងទាហាន ដែលទើបនឹងប្រឡងជាប់ … បុគ្គលិកៗ ដែលជាប់បរិញ្ញាហើយ … ឆ្លើយតបជាមួយនឹងសំណួរ(ជំនួសចៅៗ) … អ្វីដែលចៅៗគិតមិនដល់ថាតាដោះស្រាយនេះ អ្វីខ្លះ? … (មានអ្នកឆ្លើយ) … ពូកែឆ្លើយ។ បកស្រាយទាំងអស់។ ប៉ុន្តែ តាផ្តល់ជាចម្លើយ។ អ្វីដែលជាចំណុចប្លែកគេ ហើយដែលសូម្បីតែយាយមកនេះក៏នឹកស្មានមិនដល់ នោះគឺចៅៗមានប្រាក់ឧបត្ថម្ភប្រចាំខែ។ រឿងនេះតាអត់ដែលធ្វើទេ។ អត់ដែលមានប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់រឿងអញ្ចឹងទេ។ សម្រាប់មណ្ឌលច្រើនណាស់ ដែលបានធ្វើរួចមកហើយ។ ឯការដោះស្រាយជាអគារ ឬជាប្រាក់ឧបត្ថម្ភអីផ្សេងៗ ធ្លាប់បានធ្វើហើយ ក៏ប៉ុន្តែ កន្លែងនេះ តាចាត់ទុកថា តា និងយាយមានកំហុស ព្រោះប្រើរយៈពេលយូរទម្រាំមកដល់នេះ។ ហ្នឹងទី ១ ប៉ុន្តែ ទី ២ តាយល់អំពីតម្រូវការរបស់ចៅៗ ដែលយើងមើលនៅទីនេះ មាន ២ នាក់ ពាក់នាឡិកា ច្បាស់ជាអ្នកដទៃទៀតចង់ពាក់នាឡិកាដែរ ប៉ុន្តែ​វាអត់មានលុយ … អញ្ចឹងបានជាតាយល់អំពីចំណុចនេះ។ កើតមកជាស្រ្តី ចង់តែងខ្លួនណាស់ ក៏ប៉ុន្តែ​យើងវាអត់មាន។ អញ្ចឹងបានតាផ្តល់លទ្ធភាពបន្ថែម​។ នោះហើយជារឿងដែលថា សូម្បីតែយាយក៏ស្មានមិនដល់។ ប៉ុន្តែ​តាដឹងចិត្តយាយ។ គាត់ចង់ឲ្យតាបន្ថែមទៀតផងមើលទៅ ប៉ុន្តែរឿងហ្នឹងទុកនិយាយគ្នាក្រោយ។

បើកប្រាក់ឧបត្ថម្ភឲ្យម្តង ១២ ខែ តែម្តង 

ឥឡូវយើងប៉ុណ្ណឹងសិន ក្នុងមួយឆ្នាំ ៣០០ ដុល្លារ ប៉ុន្តែ យើងអាចអញ្ចេះ ឥឡូវបើកមួយឆ្នាំឲ្យតែម្តងទៅ ដើម្បីឲ្យយកទៅទិញស្អីបានតែម្តង។ បើកមួយឆ្នាំតែម្តងទៅ ១២ ខែ គឺពីខែ ៣ ហ្នឹងទៅ។ អញ្ចឹងទេ ចៅៗនឹងទទួលបានដល់ទៅ ១ លាន ៣ សែន រៀលនោះ។ បានសេចក្តីថា ១០ ម៉ឺនរៀល សម្រាប់តាមកសួរសុខទុក្ខ ១ លាន ២ សែនរៀល ក្នុងម្នាក់ ជាប្រាក់ឧបត្ថម្ភរបស់ចៅៗ។ អញ្ចឹង ស្មើនឹង ៣០០ ដុល្លារ អាមេរិក។ ឥឡូវប្រាក់រៀលឡើងថ្លៃច្រើនជាង ៣០០ ដុល្លារផង។ អញ្ចឹងទេ ចៅៗយកទៅ។ ខ្លះមិនទាន់មាននា​ឡិ​កាពាក់ យកអាហ្នឹងទៅទិញពាក់ទៅ ហើយរាំវង់ចូលឆ្នាំណា។ (ចៅហ្វាយក្រុងធានាចេញភ្លេងរាំចូលឆ្នាំ) អាហ្នឹងគួរដែរ ក្នុងខណ្ឌដង្កោ ពេលចូលឆ្នាំហ្នឹងមកសួរសុខទុក្ខចៅហ្នឹងផង ដាក់ធុងបាស​​រាំលេងទៅ។ ដាក់ធុងបាសរាំ នាំក្មេងៗលេង ដើម្បីមើលថែទាំ។

ចាំទទួលទានបាយជាមួយគ្នា ពេលសម្ពោធទីកន្លែងថ្មី

មានតែប៉ុណ្ណឹងទេ អស់ហើយ។ អត់មានអីទៀតទេ។ តានៅសល់ភ្ញៀវមួយ ដែលគេប្រហែលជាពេលនេះជិតមកដល់ផ្ទះហើយ។ អញ្ចឹងតាបានឆ្លៀតមកធ្វើកិច្ចការងារមួយដែលតាមិនទាន់បានធ្វើ។ សង្ឃឹមថា ដល់ពេលសម្ពោធ តា និងយាយនឹងមកកន្លែងនេះ … មកទទួលទានអាហារជាមួយគ្នាតែម្តង។ យើងសម្ពោធទីកន្លែងថ្មី រៀបចំឲ្យស្រួល។ សូម៉ាលី ត្រូវដើរតួនាទីធ្វើជាអ្នកសម្របសម្រួលជាមួយផ្នែកការ​ដ្ឋាន អាណាត្រូវទុក អាណាត្រូវ​អីៗ ទុកហ្នឹងក៏ត្រូវជួសជុលវាដែរ ព្រោះផ្ទះមិនដឹងជាប៉ុន្មានឆ្នាំមកហើយ ក្រៅពីការធ្វើថ្មី អាទុកត្រូវជួសជុលវា។ អាណាត្រូវប្រើធ្វើអី ហើយរោងទេវតានៅខាងណាអីខាងណា អាហ្នឹងត្រូវរៀបចំមួយស៊េរីវាឲ្យគ្រប់។ របងក៏ត្រូវធ្វើ ចាក់បេតុងអីនៅក្នុងហ្នឹង។ (លោកស្រី សូម៉ាលី ស្នើផ្ទេរឈ្មោះគាត់នៅលើកម្មសិទ្ធិដីធ្លី និងទីតាំង ទៅជាឈ្មោះរបស់អង្គការវិញ)។ អូ! អញ្ចឹងក៏បាន។ ផ្ទេរទៅ។ យកអាហ្នឹងទៅឲ្យក្រុងគេចេញកម្មសិទ្ធិឲ្យពីនីតិបុគ្គល ទៅជា(កម្មសិទ្ធិ)អង្គការ AFESIP ហ្នឹងបណ្តោយ។ ថ្ងៃក្រោយអត់ពីកូនឯងទៅ ក៏នៅតែមានអង្គការ។ ធ្វើអញ្ចឹងត្រឹមត្រូវ​។ ថ្ងៃក្រោយកន្លែងនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្មេងៗរងគ្រោះ។

សង្ឃឹមថា សារថ្ងៃនេះ នឹងក្លាយជាសារព្រមានមួយ ដើម្បីបង្ក្រាបអំពើតិរច្ឆានមួយនេះ

សង្ឃឹមថា សារព្រមានមួយនេះ យើងអាចគ្របដណ្តប់ដូចចៅបាននិយាយមិញនោះ។ ជីតារំលោភចៅ ឪពុករំលោភកូន ឪពុកមារំលោភក្មួយបង្កើត បងរំលោភប្អូន អាហ្នឹងនៅក្នុងការគិតរបស់តា អំពីការបើសិនជាករណីនេះវារីករាលដាល ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលឈានទៅដល់ការឲ្យមានទោសប្រហារជីវិតឡើងវិញ អាចនឹងត្រូវធ្វើ។ តែឆ្លងកាត់ប្រជាមតិ។ តាចង់បង្ក្រាបនូវធាតុតិរច្ឆានមួយ ដែលកើតនៅក្នុងសង្គមខ្មែរយើង។ អតីតកាល តាក៏ធ្លាប់លឺដែរ។ មិនដឹងថា វារឿងពិតប៉ុណ្ណាទេ ប៉ុន្តែ រាជការជំនាន់មុនតាំងពីជំនាន់បារាំងនោះ គេយកទៅបណ្តែតពោងពាយ។ តើគេធ្វើយ៉ាងម៉េចបណ្តែតពោងពាយហ្នឹង? គេយកមនុស្សទៅដាក់លើក្បូន រួចហើយយកដែកគោលដំទៅលើជើងទាំងសងខាង ហើយបណ្តែតឲ្យទៅងាប់យ៉ាងវេទនានៅកណ្តាលទឹក កណ្តាលទន្លេ កណ្តាលសមុទ្រ​។ រឿងនេះមិនត្រូវបានប្រើមកក្រោយទេ។ សង្ឃឹមថា ៨៩ នាក់នេះ គឺកុំឲ្យកើន។ ត្រូវធ្វើរឿងនេះឲ្យបានហ្មត់ចត់​។ ថ្ងៃនេះ យើងមានតួលេខ ៨៩ ប៉ុន្តែ មួយខែ ឬមួយឆ្នាំក្រោយ តើវាកើន ឬវាទ្រឹង? បើទ្រឹងចាត់ទុកថាល្អ … (នឹងមាន ២ នាក់ ចូលមកថ្មីស្អែកខានស្អែក) ប៉ុន្តែ ការឧបត្ថម្ភស្អីគឺមានដូចគ្នា។ ទាក់ទងគ្នាឲ្យជាប់ ហើយប័ណ្ណសម្រាប់ពេទ្យនេះ ក៏ត្រូវមានគ្រប់គ្នា អ្នកដែលចូលថ្មីក៏ត្រូវទទួលបានដូច​ៗគ្នា។

ប្រែខ្លួនពីជនរងគ្រោះទៅជាកម្លាំងតស៊ូ ជាធនធានមនុស្សបម្រើសង្គម

ប៉ុណ្ណឹងទៅចុះ។ ថ្ងៃនេះ តាមកសួរសុខទុក្ខចៅៗ ហើយសង្ឃឹមថា ចៅៗខិតខំប្រែក្លាយអ្វីៗដែលជាការឈឺចាប់ ឲ្យទៅជាកម្លាំងតស៊ូមួយ ក្លាយទៅជាធនធានមនុស្សដែលបម្រើឲ្យសង្គមមួយ ដែលមានការលូតលាស់ ដែលចាប់ផ្តើមពីចៅៗទទួលរងគ្រោះទាំងអស់នេះ មិនត្រូវទទួលបាននរណាប្រមាថមើលងាយ។ វិធីដែលចៅៗត្រូវធ្វើ គឺត្រូវរៀនសូត្រឲ្យមានចំណេះដឹងខ្ពស់។ បើចៅធ្វើរឿងហ្នឹងបាន គឺល្អ ហើយធ្វើម៉េចពេលមុនចៅជាអ្នកទទួលការរំលោភបំពាន ចៅជាជនរងគ្រោះ។ តែនៅពេលដែលចៅពេញវ័យទៅ ចៅកុំធ្វើអ្វីដែលសង្គមស្អប់ខ្ពើម ដូចជាការប្រព្រឹត្តគ្រឿងញៀន ឬការដើរលេងពាលាអាវាសែ ឬរហូតទៅដល់យើងប្រាសចាកសីលធម៌ដោយខ្លួនឯង។ រឿងហ្នឹង គឺយើងប្រែក្លាយខ្លួនយើងពីជនរងគ្រោះ ទៅជាអ្នកបង្កើតនូវកំហុសដោយខ្លួន​ឯង ដែលនោះមិនមែនជាបំណងរបស់ចៅទេ ហើយក៏កាន់តែមិនមែនជាបំណងរបស់អ្នកជួយឧបត្ថម្ភដែរ។ ឥឡូវ ចៅៗខ្លះក៏ស្ទើរតែពេញក្រមុំទៅហើយ។ សង្ឃឹមថា ចៅៗជាជនរងគ្រោះទាំងនេះមិនបណ្តោយខ្លួនឲ្យទៅជាអ្នកប្រព្រឹត្តខុសដោយ​ខ្លួនឯងទេ។ នេះជាបណ្តាំតា និងយាយ សម្រាប់ចៅៗទាំងអស់។ តើធ្វើបានទេ? បានទះដៃមួយ។

ឧទ្ទិសកុសលពីការចូលរួមធ្វើបុណ្យជួយចៅៗ ដល់ព្រលឹងម្តាយ

អរគុណចៅៗ តាអាសូរត្រង់ពាក្យថា (ផ្តាំ)យាយ(ឲ្យ)​ហៅលោកតាមកលេងចៅៗផង។ អញ្ចឹងបានជាតារកពេលថ្ងៃនេះ ជាថ្ងៃដែលខួបម្តាយស្លាប់ ប៉ុន្តែ តាក៏ឧទ្ទិសកុសល ដែលបានមកពីការចូលរួមធ្វើបុណ្យជួយដល់ចៅៗនេះ ឲ្យព្រលឹងរបស់ម្តាយតា។ ប៉ុន្តែ​ការពិតទៅ គាត់ចាប់ជាតិមកហើយ។ ឥឡូវនេះ មានអាយុ ១៩ ឆ្នាំ ទៅហើយ។​ មកទាំងអស់។ ឥឡូវគេកំពុងរៀននៅមហាវិទ្យាល័យទៅហើយ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្នុងអបិយជំនឿ ប្រសិនបើគាត់មិនទាន់មកចាប់ជាតិទេ សូម​ឲ្យកុសលផលបុណ្យថ្ងៃនេះ បានទៅដល់ម្តាយជាទីស្រឡាញ់របស់តា ដែលគាត់បានមរណភាពរយៈពេល ២១ ឆ្នាំ មុននេះ។ ជូនពរចៅៗ និងអ្នកទាំងអស់ដែលបានចូលរួមនៅទីនេះ សូមឲ្យជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ