ដំបូង ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការថ្លែងអំណរគុណចំពោះសម្តេច អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញតាមការអញ្ជើញរបស់ខ្ញុំ មកចូលរួមពិគ្រោះយោបល់នៅថ្ងៃនេះ។
ទុកបញ្ហាប្រកួតប្រជែងមួយអន្លើ មករួមគ្នាកសាងប្រទេស
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយ ដែលបង្ហាញឲ្យឃើញថា បន្ទាប់ពីការប្រកួតប្រជែងដ៏ស្វិតស្វាញ ដើម្បីដណ្តើមនូវសមានចិត្តរបស់ប្រជាពលរដ្ឋ យើងទុកបញ្ហានោះមួយអន្លើ ហើយចាប់ផ្តើមរៀបចំនូវកិច្ចដំ ណើរការតាមរបៀបមួយ ដែលយើងអាចចូលរួមជាមួយគ្នាក្នុងការកសាងប្រទេសរបស់យើង។ វាមិនយូរប៉ុន្មានទេ នៅដើមឆ្នាំ ២០២២ ដែលនឹងត្រូវធ្វើការបោះឆ្នោតនៅថ្នាក់ឃុំ ហើយឆ្នាំ ២០២៣ ដែលនឹងត្រូវធ្វើការបោះឆ្នោតថ្នាក់ជាតិសាជាថ្មីម្តងទៀត។ ក៏ប៉ុន្តែ ខ្ញុំគិតថា វាជាវិធីល្អមួយប្រសិនបើមានការចូលរួមកាន់តែច្រើន សំដៅកសាងប្រទេសរបស់យើង ដោយមិនរង់ចាំថា យុទ្ធនាការបោះឆ្នោតបានមកដល់ ទើបយើងចាប់ផ្តើម ហើយទុកឲ្យគណបក្សកាន់រដ្ឋាភិបាលធ្វើការតែឯងនោះ។
ទោះបីមានលើសពី ១ គណបក្សនយោបាយក្នុងសភា ក៏នឹងមានការរៀបចំវេទិកាពិគ្រោះយោបល់
ការចូលរួមពីបណ្តាបក្សនយោបាយពិតជាមានសារសំខាន់សម្រាប់ជួយទៅដល់កិច្ចអភិវឌ្ឍន៍ប្រទេស។ ក្នុងន័យនេះ ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជូនសម្តេច អង្គម្ចាស់ ឯកឧត្តម លោកជំទាវ ថា បើសិនជាសភាលើកនេះ មាន ៤ ឬ ៥ គណបក្ស(វិញ)ក៏ដោយ វេទិកាបែបនេះ កិច្ចពិគ្រោះយោបល់បែបនេះ ក៏ខ្ញុំនៅតែធ្វើ។ មូលហេតុអ្វីទៅ? យើងធ្លាប់បានការចូលរួមបោះឆ្នោតរាប់សិបគណបក្ស កាលពីឆ្នាំ ២០០៣ មានរហូតទៅដល់ ៣៩ គណបក្ស ដែលចូលរួមបោះឆ្នោត ប៉ុន្តែ ទីចុងបំផុត គណបក្សតែ ៣ ប៉ុណ្ណោះ ដែលបានចូលរួមនៅក្នុងរដ្ឋសភា ឯគណបក្សជាង ២០ ទៀត នៅក្រៅកិច្ចដំណើរការ។ បន្តបន្ទាប់មក យើងមានតែ ២ គណបក្ស ៣ គណបក្ស ៤ គណបក្ស តែប៉ុណ្ណោះ នៅក្នុងរដ្ឋសភា។ ដូច្នេះ បើទោះបីជាអាណត្តិនេះមាន ២ ឬ ៣ គណបក្ស ឬ ៥ គណបក្ស ក៏ខ្ញុំនៅតែយល់ឃើញថា ការអញ្ជើញបណ្តាគណបក្សនយោបាយ មកចូលរួមពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាលនៅតែជាការចាំបាច់។ មិនមែនគ្រាន់ថា (ដោយសារ)លើកនេះ គណបក្សប្រជាជនទទួលបានអាសនៈទាំងស្រុង ទើបមានវេទិកាបែបនេះ(នោះទេ)។
មិនចង់ទុកគណបក្សនយោបាយ ដែលមានឆន្ទៈចូលរួមកសាងប្រទេស នៅក្រៅចរន្តនយោបាយ
ខ្ញុំសូមបញ្ជាក់សាជាថ្មី បើទោះបីជាមានគណបក្សច្រើន ប៉ុន្តែ មិនគ្របដណ្តប់ទាំង ២០ គណបក្ស ដែលចូលរួមការបោះឆ្នោតនោះទេ ដូច្នេះ ខ្ញុំក៏មិនចង់ទុកគណបក្សនយោបាយ ដែលមានឆន្ទៈចូលរួមកសាងប្រទេស ស្ថិតនៅក្រៅចរន្តនយោបាយទេ។ ខ្ញុំពិតជាមានការសមានចិត្តដ៏ជ្រាលជ្រៅចំពោះលោកជំទាវ សោ វត្តី ដែលបានធ្វើលិខិតផ្ញើមកខ្ញុំនៅថ្ងៃទី ០៦ ខែ សីហា កន្លងទៅ ដែលពេលនោះ លោកជំទាវបានស្នើសុំគ្រាន់តែសុំឲ្យប្រធានគណបក្សទាំង ១៩ ចូលរួមសង្កេតការណ៍ក្នុងសភា រាល់ពេលប្រជុំសភាតែប៉ុណ្ណោះ។ អញ្ចឹងទេ ខ្ញុំគិតថា អ្វីដែលលោកជំទាវចូលរួមក្នុងការពិគ្រោះថ្ងៃនេះ វាទៅលើសពីអ្វីដែលលោកជំទាវចង់បានតាមរយៈសភា ហើយគ្រាន់តែតាមដាននូវកិច្ចប្រជុំ ដោយនោះសូម្បីតែនិស្សិតក៏មានលទ្ធភាពដើម្បីចូលទៅសង្កេតការណ៍នៅក្នុងការជជែកដេញដោលនៅក្នុងរដ្ឋសភាដែរ ខុសគ្នាពីគណៈរដ្ឋមន្រ្តី ពីរាជរដ្ឋាភិបាល។
វេទិកានេះ ជាវេទិការវាងនាយករដ្ឋមន្រ្តី និងបណ្តាគណបក្សនយោបាយចូលរួមការបោះឆ្នោត
ឯការប្រជុំថ្ងៃនេះទៀតសោត ខ្ញុំសូមបញ្ជាក់ថា នេះមិនមែនជាការប្រជុំរវាងគណបក្សនយោបាយ និងគណបក្សនយោបាយទេ។ ខ្ញុំមិនយកតួនាទីរបស់ខ្ញុំ ជាប្រធានគណបក្សប្រជាជន ធ្វើការពិគ្រោះយោបល់ជាមួយសម្តេច អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ នោះទេ។ ខ្ញុំយកតួនាទីរបស់ខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល។ ដូច្នេះហើយបានជាថ្ងៃនេះ គឺសម្តេច សាយ ឈុំ ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងឲ្យគណបក្សប្រជាជន ក្រៅពីនោះ នៅមានគណបក្ស ១៦ ផ្សេងទៀត ដែលអញ្ជើញចូលរួម។ ឥឡូវលឺសូរថា យឺតគណបក្សនយោបាយមួយ ប្រហែលជាអាចស្ទះចរាចរណ៍។ ប្រទេសរបស់យើងកាលពីសម័យអត់ឡាន គឺវាម្យ៉ាង ប៉ុន្តែ ដល់ពេលមានឡានច្រើនពេក ធ្វើឲ្យស្ទះចរាចរណ៍ សូម្បីតែខ្ញុំពេលខ្លះត្រូវធ្វើដំណើរចេញមកមុនម៉ោង ទោះបីជាមានឡានស៊ីរ៉ែននាំមុខក៏ដោយ ក៏ប៉ុន្តែ នៅតែស្ទះចរាចរណ៍។
ការពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល ជាមួយបណ្តាបក្សនយោបាយ
ខ្ញុំសូមបញ្ជាក់ឡើងវិញថា វេទិកាពិគ្រោះយោបល់ថ្ងៃនេះ គឺជាការពិគ្រោះរវាងរាជរដ្ឋាភិបាល ជាមួយបណ្តាបក្សនយោបាយ។ នេះសូមបញ្ជាក់ ដើម្បីចៀសវាងការភ័ន្តច្រឡំ និងការបកស្រាយទៅខាងក្រៅ ហើយអ្នកសារព័ត៌មានជួនកាល សូម្បីតែយើងនិយាយអញ្ចឹង គេអាចទៅបកស្រាយផ្សេង … ដូច្នេះហើយបានជាសារព័ត៌មានខ្លះធ្វើឲ្យគេបាត់បង់ជំនឿទៅវិញទេ ដោយសារតែនៅពេលដែលយើងធ្វើអត្ថាធិប្បាយបែបនេះ និយាយបែបនេះ គេយកទៅបកស្រាយបែបនោះ។ សូម្បីតែរយៈពេលកន្លងទៅនេះ គឺមានការលើកឡើងអីចេះលើកឡើងអីចុះ អំពីព្រះមហាក្សត្រចាត់តាំងនាយករដ្ឋមន្រ្តី។ សូម្បីតែពាក្យចាត់តាំង និងពាក្យតែងតាំង ក៏គេបែងចែកគ្នាមិនដាច់ផង។ ជារឿងមួយដ៏គួរឲ្យភ័យខ្លាច … កុំថាឡើយត្រឹមអ្នកសារព័ត៌មាន សូម្បីតែអ្នកនយោបាយក៏មិនស្គាល់ពាក្យ ចាត់តាំង និង តែងតាំង។ នេះគឺចំណុចដែលពួកគេមានការភ័ន្តច្រឡំ។
ព្រះមហាក្សត្រ យោងតាមសំណើរបស់ព្រឹទ្ធបុរសនៃសភា ចាត់តាំងនាយករដ្ឋមន្ត្រី
ចំណុចទី ២ គេត្រូវមើលកថាខណ្ឌ ទាក់ទិនជាមួយនឹងបញ្ហាថា តើគេអនុវត្តនូវមាត្រាណាក្នុងរដ្ឋធម្មនុញ្ញ។ បើអនុវត្តតាមមាត្រា ១១៩ ដែលនៅក្នុងរដ្ឋធម្មនុញ្ញ ច្បាស់ជាតម្រូវឲ្យមានការស្នើអំពីប្រធានរដ្ឋសភា និងមានការឯកភាពពីអនុប្រធានរដ្ឋសភាទាំង ២ ទើបព្រះមហាក្សត្រឡាយព្រះហស្ថចាត់តាំងវរជនម្នាក់ ដែលចេញពីគណបក្សឈ្នះឆ្នោត ហើយផ្គូរផ្គងរាជរដ្ឋាភិបាល និងនាំទៅសុំការទុកចិត្តពីរដ្ឋសភា។ ក៏ប៉ុន្តែ លើកនេះ គឺព្រះមហាក្សត្របានទ្រង់យោងតាមសំណើរបស់ព្រឹទ្ធបុរសនៃសភា ដូច្នេះមានន័យថា គេកំពុងតែអនុវត្តនូវធម្មនុញ្ញបន្ថែម ស្តីពីដំណើរការជាប្រក្រតីនៃស្ថាប័នរដ្ឋ។ ត្រង់ចំណុចនេះ អ្នកនយោបាយខ្លះដែលគ្រាន់តែចង់បាននូវការប្រឆាំងជំទាស់ណាមួយនោះ គឺបែងចែកមិនបានផង កុំថាឡើយអ្នកសារព័ត៌មាន។
ជាវេទិកាជួបសន្ទនា ពិគ្រោះយោបល់ និងដាក់យន្តការបៀបណាដែលធ្វើទៅមានប្រសិទ្ធភាព ហើយដែលមានតែការជួបគ្នាទេ ដែលអាចបកស្រាយបញ្ហាជាមួយគ្នាបាន
… យើងមិនបន្ទោសជាមួយអ្នកណាទាំងអស់។ រឿង(នេះអាច)ប្រហែលមកពីការខ្វះការជួបគ្នា។ អញ្ចឹងហើយបានជាខ្ញុំចង់ឲ្យមានជំនួប។ មានតែការជួបគ្នាតែប៉ុណ្ណោះ ដែលអាចបកស្រាយជាមួយគ្នាបាន។ មិនអាចយកការបកស្រាយតាមរយៈបញ្ជូនតាមសារព័ត៌មាន ឬប្រើ Facebook ពន្យល់គ្នាកើតនោះទេ … (គណបក្សរស្មីខេមរាមកដល់) … ដូចជាគណបក្សមួយ ដែលខ្ញុំសូមនិយាយចំឈ្មោះតែម្តង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើសេចក្តីថ្លែងការណ៍។ ការពិត សេចក្តីថ្លែងការណ៍ទាំង ៣ ចំណុចរបស់គាត់ គឺល្អហើយ ទី ១ អ្វីដែលជាគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តី គឺស្របជាមួយគោលការណ៍បង្រួបបង្រួមជាតិ ដែលមានក្នុងសៀវភៅរបស់គាត់។ ហ្នឹងចំណុចទី ១។ ឯចំណុចទី ២ គាត់បានលើកថា គាត់នឹងចូលរួមក្រោយពេលដែលរាជរដ្ឋាភិបាល និងសភាដំណើរការ។ ឯចំណុចទី ៣ គាត់បានលើកថា សូមឲ្យរាជរដ្ឋាភិបាលបញ្ជាក់អំពីបែបបទយន្តការផ្សេងៗ។
ទុកសិទ្ធិអោយមកពិគ្រោះ តើយើងត្រូវរៀបចំយន្តការបែបណាជួយដល់សង្គមជាតិ
ក៏ប៉ុន្តែ ខ្ញុំសុំយកឱកាសនេះបញ្ជាក់ថា ប្រសិនបើខ្ញុំធ្វើបែបនោះ វាមិនខុសពីការដែលយើងរៀបចំពុម្ពហើយស្រេច ហើយដាក់អោយអ្នកទាំងឡាយមកចូលក្នុងពុម្ពដែលរាជរដ្ឋាភិបាលបានរៀបចំទុកអោយ។ ខ្ញុំទុកសិទ្ធិអោយអ្នកទាំងអស់គ្នាមកពិគ្រោះជាមួយនឹងខ្ញុំ តើយើងត្រូវរៀបចំយន្តការបែបណា ដើម្បីជួយមកដល់សង្គមជាតិរបស់យើង តាមរយៈការពិគ្រោះ និងការផ្ដល់យោបល់។ ដូច្នេះហើយ បានជាខ្ញុំទុកលទ្ធភាព។ ខ្ញុំអត់មានដាក់អ្វីទៅអោយជារបៀបវារៈត្រូវធ្វើនេះត្រូវធ្វើនោះ។ បើរៀបចំជាកញ្ចប់ហើយស្រេច តើចាំបាច់អ្វីហៅមកពិគ្រោះគ្នា។ ខ្ញុំទុកសិទ្ធិអោយអ្នកទាំងអស់គ្នា ធ្វើការពិគ្រោះគ្នាជាមួយនឹងខ្ញុំ ដែលខ្ញុំនឹងលើកនូវទស្សនាទាននៅពេលបន្ដិចទៀត អំពី “តើយន្តការបៀបណា ដែលយើងអាចនឹងធ្វើការទៅមានប្រសិទ្ធភាព ហើយដែលគណបក្សនយោបាយនីមួយៗ មានឱកាសចូលរួមយោបល់សម្រាប់ជួយដល់រាជរដ្ឋាភិបាល។”
មិនទាន់ពិគ្រោះបញ្ហានយោបាយទេ ព្រោះមិនទាន់មានយន្តការ
ពិតហើយ ថ្ងៃនេះ ក៏សុំបញ្ជាក់ថា យើងមិនទាន់ពិគ្រោះទៅដល់បញ្ហានយោបាយទេ។ មូលដ្ឋានងាយយល់ណាស់ នៅត្រង់ថា បើយើងមិនទាន់មានយន្តការផង តើយើងពិគ្រោះយោបល់(រឿងនយោបាយ) យកទៅធ្វើរបៀបម៉េច? បើយើងធ្វើបែបនោះ វាមិនខុសពីការដែលយើងដើរចែកខិត្តប័ណ្ណនៅពេលយើងឃោសនាបោះឆ្នោតនោះទេ។ ព្រោះដើរចែកទៅ គេយកទៅ គេដាក់ក្នុងធុងសំរាមក៏ដាក់ទៅ គេយកទៅទុកមើលក៏ទុកទៅ គេដាក់ក្រោមខ្នើយក៏ទុកទៅ គេដាក់ក្នុងទូក៏ទុកទៅ។ ប្រសិនបើធ្វើរបៀបនោះ ថ្ងៃនេះគ្រាន់តែលើកមក អ្នកនេះលើកពីនេះ អ្នកនេះលើកពីនោះ ប៉ុន្តែសួរថា ប្រសិទ្ធភាពវានៅកន្លែងណា? ម្យ៉ាងទៀត គោលនយោបាយរបស់គណបក្សទាំងអស់ សុទ្ធតែបានបង្ហាញជូនប្រជាជនរួចស្រេចទៅហើយ។ ដូច្នេះ ប្រជាជនពិតជាបានដឹងថា គណបក្សណាមាននយោបាយបែបណារួចស្រេចទៅហើយ។
ពេលវេលាត្រូវចាប់ផ្ដើមអនុវត្តកម្មវិធីនយោបាយ បម្រើប្រជាពលរដ្ឋ
ឯម្យ៉ាងទៀត ពេលវេលានេះ មិនមែនជាពេលវេលា គេហៅថា ធ្វើបទបង្ហាញពីកម្មវិធីនយោបាយនៃគណបក្សនីមួយៗទេ តែជាពេលវេលាត្រូវចាប់ផ្ដើមអនុវត្តនូវកម្មវិធីនយោបាយ និងសកម្មភាពនានា ដែលទាក់ទងជាមួយនឹងការបម្រើប្រជាពលរដ្ឋ។ ប៉ុន្តែក៏មានបញ្ហាដែលលើកឡើងដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ គាត់ក៏និយាយត្រូវ ប៉ុន្តែប្រហែលជាខ្វះការពន្យល់ ខ្វះការទំនាក់ទំនងគ្នា។ ដូចជាគាត់យល់ថា គាត់មិនចូលរួម ដោយម្យ៉ាង គឺគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែនាយករដ្ឋមន្រ្តីបានប្រកាសថា មិនអោយយកគោលការណ៍គណបក្សដទៃមកពាក់ព័ន្ធ … ប្រហែលជាយើងខ្វះការពន្យល់គ្នា និងខ្វះការទំនាក់ទំនង ការសន្ទនាគ្នាតែប៉ុណ្ណោះ។
ការដំណើរការ អនុវត្តគោលនយោបាយ ទាមទារការពិគ្រោះយោបល់
កញ្ចប់នយោបាយពិតជាមានហើយ ក៏ប៉ុន្តែវិធីដំណើរការ និងការដាក់ចេញនូវវិធីអនុវត្ត មិនមែនជារឿងងាយស្រួលទេ ដែលទាមទារនូវការពិគ្រោះយោបល់។ ឧទាហរណ៍ ខ្ញុំលើកអំពីកញ្ចប់បញ្ហាវិស័យកសិកម្ម។ វិស័យកសិកម្ម វាមានអនុវិស័យរបស់វាច្រើនណាស់ តាំងពីការដាំដុះ។ ហើយការដាំដុះហ្នឹង វាមានច្រើនប្រភេទ តាំងពីប្រភេទមៀនស្អីៗ រហូតដល់ដំណាំឧស្សាហកម្ម មានតាំងពីប្រភេទចិញ្ចឹមសត្វ ចិញ្ចឹមត្រីស្អីៗគ្រប់បែបយ៉ាងទាំងអស់។ ក្នុងនោះ បានសេចក្ដីថា រាជរដ្ឋាភិបាលដាក់ចេញទៅ អ្វីៗសុទ្ធតែវាល្អឥតខ្ចោះនោះទេ។ វាអាចថា ដំណាក់កាលប្រែប្រួល ដែលទាមទារនូវការធ្វើវិសោធនកម្ម ដែលការកែតម្រូវរបស់វា។ សូម្បីតែរាជរដ្ឋាភិបាលបានដាក់ចេញរួចទៅហើយ ក៏មិនប្រាកដថា វាត្រូវរហូតនោះទេ វាដល់ដំណាក់កាលមួយដែលត្រូវធ្វើការបែបនេះ។
ខ្ញុំលើកឧទាហរណ៍៖ បញ្ហាប្រទេសយើងកាលពីពេលមុននេះ អ្វីក៏ដោយអោយតែទទួលទានបានឆ្អែត គឺគ្រប់គ្រាន់ហើយសម្រាប់យើង ព្រោះពេលនោះយើងក្រណាស់ យើងឃ្លានណាស់ អ្វីក៏ទទួលទានដែរ។ ក៏ប៉ុន្តែ ពេលនេះគឺខុសគ្នាដាច់ស្រឡះ។ បញ្ហាសុវត្ថិភាពចំណីអាហារ ដែលត្រូវទាមទារអោយមានភាពហ្មត់ចត់ សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះ ចំណុចនេះ ទាមទារនូវការរៀបចំក្របខណ្ឌគោលនយោបាយផង ដើម្បីជំរុញទៅដល់ការផលិតដែលគ្មានសារធាតុគីមី ឬក៏ទាក់ទិនជាមួយនឹងវិធានអនាម័យដទៃទៀត។
សូម្បីតែបញ្ហាពាក់ព័ន្ធជាមួយនឹងការប្រើអំបិល។ ពីដើម អោយតែមានអំបិលទទួលទាន ប៉ុន្តែឥឡូវនេះ អំបិលរបស់យើងបើមិនដាក់អ៊ីយ៉ូដចូលទេ យើងមិនអនុញ្ញាតអោយមានការធ្វើចរាចរណ៍នៅតាមទីផ្សារទេ ដែលវានាំទៅដល់ការពកកជាដើម ឬបង្កើតទៅជាជំងឺខ្វាក់មាន់អីជាដើម។ អញ្ចឹងគឺបញ្ហាទាំងអស់នេះ វាសុទ្ធតែជាតម្រូវការនៃការអភិវឌ្ឍរបស់យើង។ ការប្រែប្រួលអាកាសធាតុ មិនមែនគ្រាន់តែកើតឡើងនៅក្នុងប្រទេសកម្ពុជាមួយទេ សូម្បីតែប្រទេសជប៉ុន ដែលជាប្រទេសជឿនលឿនប៉ុណ្ណឹង គ្រោះទឹកជំនន់សម្លាប់ប្រជាជនជប៉ុនរាប់រយនាក់។ កម្ដៅភពផែនដីកាន់តែធំឡើង។ តើវិធានការរបស់យើងទៅលើបញ្ហាការផលិតទាំងពូជស្រូវ ពូជដំណាំដាំដុះផ្សេងទៀត ដែលពីដើមធ្លាប់ធន់តែនឹង ៣៧ អង្សារ ឥឡូវនេះ កម្ដៅភពផែនដីរបស់យើងឡើងទៅដល់ ៤០ ឬ ៤២ ឬ ៤៣ អង្សារទៅហើយ តើពូជរបស់យើងធន់បានទៀតទេ?
មិនអញ្ជើញបក្សនយោបាយមកធ្វើការគាំទ្រនយោបាយគណបក្សប្រជាជនទេ
អញ្ចឹងទេ មានតម្រូវការអំពីគោលនយោបាយផង និងតម្រូវការនៃសេចក្ដីព្រៀងច្បាប់ផង ដែលខ្ញុំអញ្ជើញបណ្ដាបក្សនយោបាយមកទីនេះ មិនមែនគ្រាន់តែធ្វើការគាំទ្រនយោបាយគណបក្សប្រជាជន ដែលនឹងមកដឹកនាំរាជរដ្ឋាភិបាល ហើយដែលរៀបចំចេញជាក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ … សូម្បីតែគោលនយោបាយទាក់ទងនឹងការគាំពារសង្គម ដែលទើបនឹងដាក់ចេញថ្មីៗ ក៏នៅមានចន្លោះប្រហោង ហើយក៏វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ យើងទើបបានអនុវត្តជាមួយនឹងស្រ្ដីដែលមានផ្ទៃពោះ នៅក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងកម្មការិនីនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ នៅក្នុងប្រព័ន្ធបាន និងកំពុងអនុវត្តហើយ ក៏ប៉ុន្តែនៅក្រៅប្រព័ន្ធ ការយឺតយ៉ាវនៃអង្គភាពផលិតមួយចំនួន ក៏ដូចជាអង្គភាពសេវាមួយចំនួន ដែលមិនទាន់ទៅចុះបញ្ជីនៅបេឡាជាតិសន្ដិសុខសង្គម នៅមិនទាន់ទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះនៅឡើយ។ យើងទើបនឹងបោះជំហានទៅកាន់ស្រ្តីមានផ្ទៃពោះ និងកូនខ្ចី សម្រាប់ស្រ្ដីក្រីក្រតែប៉ុណ្ណោះ យើងមិនទាន់ហ៊ានធ្វើធំទេ ដោយសារលទ្ធភាពថវិការបស់យើង។ ដូច្នេះ មានរឿងច្រើនណាស់ មិនគ្រាន់តែជាបញ្ហា(ដូចជាគ្រឿងផ្សំ)កញ្ចប់មួយ ដាក់ទៅវាគ្រប់គ្រឿងនោះទេ។ ម្យ៉ាងទៀត មិនប្រាកដថា ចុងភៅម្នាក់អាចធ្វើម្ហូបតម្រូវអោយមនុស្សឆ្ងាញ់គ្រប់គ្នានោះដែរ។ នេះជាចំណុចដែលខ្ញុំសុំគ្រាន់តែលើកឡើង បញ្ជាក់អំពីចំណុចដែលយើងត្រូវពិគ្រោះពិភាក្សានៅថ្ងៃនេះ៕