សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់និស្សិត​សាកលវិទ្យាល័យ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច

នៅព្រឹក​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានផ្តល់កិត្តិយស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់និស្សិតសាកល​វិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ចចំនួន 3,579 នាក់នៅ​សាលពិព័ណកោះពេជ្រ។

សម្តេចតេ​ជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍​អបអរសាទរដល់និស្សិត ទាំងអស់​ដែលបាន​ខិតខំសិក្សារៀនសូត្ររហូត​ទទួលបាន​ជោគជ័យនៅ​ថ្ងៃនេះ និង​បាន​កោតសរសើរ ឪពុកម្តាយ អាណាព្យាបាល និងសាស្រ្តាចារ្យ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា​កូនចៅ និងបង្រៀន និស្សិតរហូតបាន​ទទួលសញ្ញាបត្រនៅថ្ងនេះ។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានគាំទ្រនិ​ងជំរុញអោយមានកា​រចូលរួម បណ្តុះបណ្តាល​ធន​ធាន ​មនុស្សពី​វិស័យឯកជន ដែលជាគោលនយោបាយ​អភិវឌ្ឍន៍​លើកកម្ពស់​គុណភាព​អប់រំនៅ​កម្ពុជា។ នៅ​ថ្ងៃនេះ​ក៏ជា​ខួប៣០ ដែលរាជរដ្ឋាភិបាល​បានកំណត់ទស្សនៈ​វិស័យ​អាទិភាពក្នុងនោះ​គឺមាន ទឹក ផ្លូវ ភ្លើង មនុស្ស។ សម្រាប់ជីវិតផ្ទាល់​របស់ សម្តេចតេជោ ដែលអាចមានមកដល់ ពេលនេះគឺបាន ឆ្លងកាត់ ឧបសគ្គនិងការលំបាកច្រើណាស់ ក្រៅពីគ្រាប់កាំភ្លើង គឺមានឧបសគ្គនៃការកែទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គមជាដើម។ ច្បាស់ណាស់ ការយកសង្រ្គាម​បញ្ចប់សង្រ្គាម គឺមានអាច​ធ្វើបានទេ។ យើងបានប្រើប្រាស់​វិធីចរចា និង​នយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់​សង្រ្គាម​ទាំង​ស្រុងនៅកម្ពុជា។

ពេលនេះជា​​ឱកាស​ធំ​បំផុត​​សម្រាប់​​យុវជន។ យុវជនជំនាន់​​មុនពុំមាន​​ឱកាស និងបាន​​បាត់​បង់ជីវិ​​តច្រើន ណាស់​ដោយ​សារ​​សង្រ្គាម។ នៅក្នុងសម័យ​​សង្រ្គាម គឺបាន​បន្សល់​ទុ​កគ្រាប់​​បែកជាង​​២លាន​៧សែន តោននៅ​លើទឹក​ដីកម្ពុជា។ នៅក្នុងកិច្ច​ប្រជុំ​កំពូល អាស៊ាន-អាមេរិក ខាងមុខនេះ សម្តេច​តេជោ នឹងនិយាយ​ពិភាក្សាអោយបាន​ច្បាស់ និងត្រង់ទៅ​ត្រង់មក​ជាមួយលោក​ប្រធានាធិបតី​អាមេរិក​អំពី​បញ្ហានេះ​ និងបញ្ជាក់​អំពីបញ្ហាទាំ​ងឡាយដែល​ជាប់​ពាក់ព័ន្ឋ​ជា​មួយ​​​ប្រទេស​ទាំង២។

តាមរ​បាយការណ៍​សាកលវិទ្យាល័យ គឺមាននិស្សិតយើ​ងប្រមាណ ៩២,៣២% ដែលបញ្ចប់បរិញ្ញា​បត្រ​ហើយ​គឺបាន​ទទួល​ការងារ​ធ្វើ និង​មាន​និស្សិត​បរិញ្ញា​បត្រជាន់​ខ្ពស់​ប្រមាណ ៩៦,១០% បាន​ទទួល ការងារ​ធ្វើ​សមរម្យផ​ងដែរ។ នៅក្នុង​សាកល​វិទ្យាល័យ​នេះ​ក៏មាន​និស្សិត​បរទេសមក​សិក្សា​ដូចជា​មកពី ប្រទេសកូរ៉េ វៀតណាម ចិន បារាំង អាមេរិក បង់ក្លាដេស និង​ជប៉ុន​ជាដើម​។ កម្ពុជាពេល​នេះមិន​មែនជា ឋានរនរកទេ។ កម្ពុជាពិត គឺយើង​កំពុងឋិតនៅសព្វថ្ងៃ រីឯកម្ពុជាមិនពិត គឺជាកម្ពុជាលើ​ទំព័រ​សារ​ព័ត៌មាន និង​ការ​ឃោស​នា​ដោយ​ក្រុម​ខិល​ខូច​នៅក្រៅប្រ​ទេស។

ថ្មីៗនេះ​មានកា​រផ្សាយ​ព័ត៌មាន​ចេតនា​មិនល្អ​ពីកម្ពុជា​នៅលើ​សារ​ព័ត៌មាន CNN ដែលផ្តល់ ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែលបានផ្សាយ​ថាស្រ្តីកម្ពុជា​បានយ​កកូនទៅលក់។ អង្គការដែល ផ្សព្វផ្សាយព័ត៌​មាន​មិនពិត​គឺប្រឈម​នឹង​ការបិទ។ សម្តេច​តេជោ មិន​អាច​ទទួល​យក​បានទេ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត។ សូមស្ថាន​ទូត​អាមេរិក​ស្រាវ​ជ្រាវ​អំពី​រឿងនេះ ហើយកុំបន្តបង្កបញ្ហា។ កុំយកខ្មែរ ធ្វើជា​ដើម​ទុន ដើម្បីរៃអង្គាស​លុយសម្រាប់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ទាំងនោះ​។ យើងក៏មិន​ចង់អោយមាន​ការធ្វើបាតុ​កម្មប្រឆាំង​នឹង​ស្ថានទូត និង​អង្គការ​រដ្ឋា​ភិបាលទាំង​​នោះ​ឡើយ។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជា​អោយ​ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា ចាត់វិធានការ តាមផ្លូវច្បាប់ជា បន្ទាន់ចំពោះអង្គការមួយនេះ គឺមិនអាចអត់ឱនអោយ​បាន​ឡើយ។

សម្តេចតេ​ជោ​ នាយករដ្ឋមន្រ្តី មានជំនឿលើ​និស្សិត​ជ័យ​លាភី​ទាំងអស់ ក្រោយ​ពីបាន​​ទទួលសញ្ញា​បត្រ​នេះ គឺងាយ​ស្រួល​ក្នុងការ​រក​ការ​ងារធ្វើ និងក្នុង​ការប្រក​បរបរ​ផ្សេងៗ។ ទន្ទឹម​នឹងនេះ ដែរ សម្តេចតេជោ សង្ឃឹមដែរថា និស្សិត​មួយ​ចំនួន​ធំ នឹង​បន្តសិក្សា ពង្រីក​សមត្ថភាព​បន្ថែមទៀត ពីបរិញ្ញា​ទៅ​បរិញ្ញា​ជាន់ខ្ពស់ និងទៅកា​ន់​បណ្ឌិត ហើយមួយ​ចំនួន​ទៀត​នឹង​បន្ត​ស្វ័យ​សិក្សា​​ស្រាវជ្រាវ និងសិក្សាបន្តក្នុង​ដំណាក់កាល​បំពេញការងារ​ដើម្បីចៀស​វាងភាព​អភិរក្សនិយម ដែល​បង្កភាព​គ្រោះ​ថ្នាក់ ដល់ការ​រីក​ចម្រើន​យុវជន។ ខួរក្បាល​មនុស្សចាស់​ក៏ត្រូវ​ធ្វើយុវប​នីយកម្ម​ដែរ ឧទាហរណ៍ ប្រព័ន្ឋបច្ចេក វិទ្យាគឺគ្រប់មន្រ្តីរដ្ឋាភិបាលត្រូវតែចេះ បើមិនចេះគឺមិនអាចតែងតាំងបានឡើយ។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ក៏បាន​មាន​ប្រសាសន៍​ផងដែរ​ថាកំពស់ទឹ​កជំនន់​នៅតាម​បណ្តាខេត្ត​ដែល ទទួលរងផល​ប៉ះពាល់​គឺកំពុង​ស្រកចុះ​ជា​បណ្តើៗ​ហើយ។ សម្តេច​តេជោ បានអរគុណ​ដល់​អាជ្ញាធរ និងក​ង​កម្លាំង​ប្រដាប់​អាវុធដែ​ល​បាន​ចុះជួយ​អន្តរាគមន៍​ទាន់ពេល​វេលាដល់បង​ប្អូន​ដែល ទទួល​រង​ផល ប៉ះពាល់​ដោយ​ទឹក​ជំនន់។ តាមព្យាករណ៍​អាកាស​ធាតុ គឺកូន​រដូវប្រាំង​មួយនឹ​ងកើតមានឡើងបន្ទាប់ពី ទឹកជំនន់​ស្រកទៅ។

នៅថ្ងៃអាទិត្យទី ៦ សីហានេះ សម្តេចតេជោ នឹងអញ្ជើញទៅបំពេញ​ទស្សន​កិច្ចជប៉ុន ព្រមទាំងចូលរួម​អបអរ​សាទរខួប៦៤ឆ្នាំ (១៩៥៣-២០១៧) នៃទំណាក់​ទំនង​កម្ពុជាកម្ពុជា ហើយនៅឆ្នាំ ២០១៧ នេះ​សម្តេចតេជោ​គ្រោង នឹងអញ្ជើញនាយក​រដ្ឋមន្រ្តីជ​ប៉ុនមក​បំពេញ​ទស្សនកិច្ចនៅកម្ពុជា។

សូមបងប្អូន​ប្រជា​ពលរដ្ឋ ជាពិសេស​យុវជន យុវតី អ្នក​លេង​ហ្វេសប៊ុគ (Facebook) ទាំង​អស់កុំបង្កើត បញ្ហាបំពុល​បរិយា​កាស​មុននឹង​ចែកចាយ​បន្តត្រូវ​ពិនិត្យ​អោយ​បាន​ច្បាស់​ថាតើ​ពិត​ដែរទេ? គ្រប់បក្ស​នយោបាយ​ទាំងអស់​សុទ្ឋតែមាន​តួនាទី​អប់រំ​សមាជិក​អោយទទួល​ផ្សព្វផ្សាយព័ត៌មាន​ល្អពិត។ សម្តេចតេ​ជោ សូមផ្តាំ​និង​អំពាវ​នាវ ដល់មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​កុំអោយផ្សព្វ​​ផ្សាយ​ព័ត៌មាន​មិនពិត រួមទាំបង្ហោះ ព័ត៌មានថា សម្តេចតេជោ​ ហ៊ុន សែន ស្លាប់ មានយន្ត​​ហោះ​ធ្លាក់​​នៅ​​សៀមរាប និងមាន​​អំពើចាប់​​កូន​​ក្មេងវះយក​ក្រលៀន​ជាដើម។ គឺសុទ្ឋតែព័ត៌មាន​មិនពិត។ សម្តេចតេជោ បានបញ្ជាក់និងសង្កត់ ធ្ងន់ច្បាស់ៗថា សូមកុំកេង​ចំណេញ​ពីការ​ស្លាប់ របស់​សម្តេច​តេជោ អោយ​សោះ។ ម៉្យាងវិញទៀ​ត សម្តេចតេជោ ក៏បានអំពាវ​នាវ​ដល់អ្នក​ប្រើប្រាស់ Facebook ទាំងអស់​កុំអោយ​គេលួច (Hack) យកគណ​នេយ្យខ្លួន​ទៅបង្ហោះព័ត៌មាន​​មិនពិត​រួមទាំង​ព័ត៌មាន​ប៉ុនប៉ង សម្លាប់នាយក​រដ្ឋមន្រ្តីជាដើម។ ជនខិលខូច​ទាំង​នោះក៏បាន​ចាប់ខ្លួន​មួយចំនួន​រួចមក​ហើយដែរ។

ក្នុង​ពេលថ្លែង​ទៅកាន់​និស្សិត​ព្រឹកមិញនេះ សម្តេចតេជោ បានសម្តែង​នូវការ​ព្រួយបា​រម្ភ​ដែល ប្រទេស មហាអំ​ណាច​មិនត្រូវគ្នា​ដែល​ធ្វើអោយ​ក្រុម​ភេរវ​កម្មកាន់​​តែមាន​កម្លាំង។ សម្តេចតេជោ ​អំពាវ​នាវ​អោយ​មានកិច្ច​សហការ និង​ចរចាគ្នា​ដើម្បី​សុខ​សន្តិភាព។

មុន​នឹង​បញ្ចប់​សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានជូនពរ​និស្សិត​ជ័យលាភី​ទាំង​អស់ និងកោត សរសើរ​អំពី​និង​វឌ្ឍនៈភាព នៃសាកលវិទ្យាល័យ ព្រមទាំងបាន​ផ្តល់នូវថវិកា​ឧបត្ថម្ភ​ដល់ និស្សិត​ទាំងអស់ ព្រមទាំងសាស្រ្តាចារ្យ និងសាកលវិទ្យាល័យ​ក្នុងការអប់រំ​បណ្តុះ​បណ្តាលធន​ធាន​អោយកាន់​តែមាន សមត្ថភាព​ល្អសម្រាប់​បម្រើប្រទេស​ជាតិ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ