សេចក្តីប្រកាសព័ត៌មាន ប្រធានអង្គប្រជុំលើកទី១នៃរដ្ឋភាគីនៃអនុសញ្ញាស្តីពីសព្វាវុធគ្រាប់បែកចង្កោម មានការព្រួយបារម្ភ យ៉ាងខ្លាំងលើការប្រើប្រាស់សព្វាវុធគ្រាប់បែកចង្កោម ក្នុងពេលថ្មីៗនេះ

15

(ក្រុងវៀងច័ន្ទ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១១) ការប្រើប្រាស់​សព្វាវុធ​គ្រាប់បែក​ចង្កោម​ក្នុងការ​ប៉ះទង្គិច​គ្នាថ្មីៗ​នេះតាម​ព្រំដែន​ថៃ និង​កម្ពុជា ត្រូវ​បាន​បញ្ជាក់​ច្បាស់​ហើយ​នៅ​ក្នុង សេចក្តី ប្រកាស​ព័ត៌មាន​មួយ ដែល​ធ្វើឡើង​ដោយ​អង្គការ​ចលនា​ចម្រុះ​ប្រឆាំង​នឹង​សព្វាវុធ គ្រាប់​បែក​ចង្កោម CMC ។ វាជា​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅពេល​ដែល​ទទួល​ដំណឹង​ពីការ ប្រើប្រាស់​គ្រាប់​បែក​ចង្កោម ក្នុង​ពេល​ថ្មីៗ​នេះ ហើយ​ជាពិសេស​លើដី​នៃតំបន់​អាស៊ី​អាគ្នេយ៍ ដែល​ត្រូវរង​ការប៉ះ​ពាល់​ដ៏ធ្ងន់​ធ្ងរ រួចទៅ​ហើយ​ដោយ​សារ​សព្វាវុធ​ដ៏គួរ​ឲ្យខ្លាច​ទាំងនេះ។ ដោយ​សារតែ​ឥទ្ធិពល​ដ៏ធំធេង និង​អត្រានៃ គ្រាប់​មិនទាន់​ផ្ទុះដែល​ត្រូវបាន​បន្សល់​ទុកខ្ពស់ គ្រាប់​បែក​ចង្កោម​បង្ករ​ឲ្យមាន​ការគំរាម​កំហែង​ដល់​សន្តិភាព​សន្តិសុខ​មនុស្សជាតិ ការ​សម្រេច បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្សន៍ ការ​លុប បំបាត់​ភាពក្រីក្រ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ។ ក្នុង​នាម​ជាប្រធាន​អង្គប្រជុំ​លើកទី១​នៃរដ្ឋ ភាគី​នៃ​អនុសញ្ញា​ស្តីពី​សព្វាវុធ គ្រាប់​បែក​ចង្កោម ជាថ្មី​ម្តង​ទៀត ខ្ញុំសូម​អំពាវ​នាវ​ឲ្យ​មាន​ការ​អនុវត្តន៍ ជាសកល​ទៅ​តាម អនុសញ្ញា​ស្តីពីសព្វាវុធ​គ្រាប់បែក​ចង្កោម ។

ខ្ញុំមាន​កិត្តិយស​ខ្លាំងណាស់​ដែលបាន​ធ្វើជាម្ចាស់​ផ្ទះរៀប​ចំ និង​ធ្វើជា​អធិបតី​នៃ​អង្គប្រជុំ លើកទី១​នៃរដ្ឋភាគី​នៃ​អនុសញ្ញា ស្តីពី​សព្វាវុធ​គ្រាប់បែក​ចង្កោម​ដ៏ជោគជ័យ​ខាងលើ​នេះ នៅ ទីក្រុង វៀងច័ន្ទ ប្រទេស​ឡាវ  ពីថ្ងៃទី៩ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយ​មាន ការចូល រួមដោយ ១២១ ប្រទេស ដែលរួម​មានទាំង​រដ្ឋភាគី និងរដ្ឋ​មិនមែន​ភាគីនៃ អនុសញ្ញា​នេះ និង​រួមជា​មួយ​នឹង តំណាង​មកពី​អង្គការ​សហប្រជា​ជាតិ គណៈកម្មាធិការ កាកបាទ​ក្រហម អន្តរជាតិ អង្គការ​ចលនា ចម្រុះប្រឆាំង​នឹងសព្វាវុធ​គ្រាប់បែក​ចង្កោម CMC និង​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀត[1] ។

សេចក្តីប្រកាស​វៀងច័ន្ទ ដែល​ត្រូវបាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​នោះ ចែង​យ៉ាងច្បាស់​ពី ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋភាគី ប្រទេស​ហត្ថលេខី និង​អង្គការ​អន្តរជាតិ​ទាំងអស់​ដែល​បាន​ចូល រួមក្នុង កិច្ច​ប្រជុំ​នោះ ដើម្បី​បញ្ចប់ផល​ប៉ះពាល់​ដែលបង្ក​ឡើងដោយ​សព្វាវុធ​គ្រាប់បែក​ចង្កោម ហើយ​ថ្កោល ទោស​ដល់ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម ដែល​បណ្តាល​ឲ្យមាន​ផល​ប៉ះពាល់ ដែល​មិនអាច​ទទួល យកបាន​ចំពោះប្រជាជន​ស៊ីវិល និង​ទ្រព្យ​សម្បត្តិ​នានា ពី​សំណាក់ អ្នក​ប្រើប្រាស់​ណាក៏​ដោយ ។

ដូច្នេះ ខ្ញុំសូម​ធ្វើការ​រំលឹក​ឡើង​វិញពី​គោលដៅ​រួមរបស់​យើង ដែល​នោះ​គឺ​ពិភពលោក មួយ ដែល​គ្មាន​សព្វាវុធ​គ្រាប់បែក​ចង្កោម និង​ពីកាតព្វ​កិច្ចផ្លូវ​ច្បាប់​របស់​យើង​ក្នុងការ​ជម្រុញ ការ​អនុវត្តន៍ អនុសញ្ញា​នេះ ដែល​បង្កើត​ឲ្យមាន​បទដ្ឋាន​ថ្មីមួយ​សម្រាប់​ការប្រតិបត្តិ​ជម្លោះ ប្រដាប់​អាវុធ ហើយ ដែលគួរ​ត្រូវទទួល​យកដោយ​រដ្ឋទាំងអស់ ៕


[1] ដោយត្រូវ​បានទទួល​យក​ដោយ ១០៧ ប្រទេស ក្នុងទីក្រុងDublin ក្នុងឆ្នាំ២០០៨  អនុសញ្ញា​ស្តីពី សព្វាវុធ គ្រាប់បែក​ចង្កោម ត្រូវ​បាន ដាក់​បើក​ទទួល ប្រទេស​ហត្ថលេខី​នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ក្នុង​ទីក្រុង Oslo​ប្រទេស​ណ័រវេស ។ បច្ចុប្បន្ន ៥៦ នៃ​ប្រទេស ហត្ថលេខី​ទាំង១០៨ បាន​ផ្តល់ សច្ចាប័ន​លើអនុសញ្ញា​នេះរួច​ហើយ ដោយ​ប្រទេស​ព័រទុយ​ហ្គាល់ ហូឡង់ លីទុយអានី ម៉ូហ្សាម់​ប៊ិច និង​ប៊ុលហ្គារី ជា​រដ្ឋភាគី​ចុងក្រោយ គេបំផុត ។ ថៃ និង​កម្ពុជា មិនមែន​ជាប្រទេស​ហត្ថលេខី​ទេ ប៉ុន្តែ​បានចូលរួម​ក្នុងកិច្ច​ចរចារ​នៅ​ទីក្រុង Dublin និង​មាន​វត្តមាន នៅឯកិច្ច​ប្រជុំ​លើក ទី១​នៃរដ្ឋភាគី​នៃ​អនុសញ្ញានេះ ក្នុង​ក្រុង​វៀងច័ន្ទ ។