សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង ពិធីបើកសន្និសីទលើកទី ៩ ស្ដីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ ២០១៧

84

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

កម្ពុជាមានការវិឌ្ឍឡើង មិនមានដំណើរថយក្រោយ

ខ្ញុំសូមឆ្លៀតឱកាសនេះ សម្ដែងនូវការអរគុណចំពោះសុន្ទរកថារបស់លោក Bretton G. Sciaroni ដែល អម្បាញ់មិញនេះ ស្ទើរតែពេញមួយសុន្ទរកថា បានផ្សារភ្ជាប់តួនាទីរបស់ខ្ញុំ ជាមួយនឹងការវិវឌ្ឍរបស់ព្រះរាជា ណាចក្រកម្ពុជា។ ខ្ញុំមិនដឹងថា នៅក្នុងចំណោមនៃមិត្តភក្ដិបរទេស​ដែលនៅទីនេះ មានការយល់ប្រហាក់ប្រ ហែលជាមួយនឹងលោក Bretton G. Sciaroni ឬអត់។ ក្នុងពេលវេលា ២៣ ឆ្នាំ នៃពេលចាប់ផ្ដើមនៅក្នុង ប្រទេសកម្ពុជា​នេះ យើងជួប​ការលំបាក ហើយ(Bretton G. Sciaroni)នេះ គឺជាសាក្សីរស់​មួយក្នុង​ចំ​ណោមសាក្សីរស់ជាច្រើន។ ប៉ុន្តែក៏មានមួយ​ចំនួនទៀត គេថាកម្ពុជាថយ។ គេអត់មាន(ទទួលស្គាល់ថា)ទៅ​មុខ​ផង។ ខ្ញុំក៏មិនយល់ត្រង់​គេ​ថា ដំណើរការថយក្រោយ។ គេមិនដែលទទួលស្គាល់ថាទៅមុខផង។ ថយ​ទៅ​ណា វាមិន logic ត្រង់កន្លែងហ្នឹង។ អរគុណ ចំពោះលោក Bretton G. Sciaroni ដែលបាន​លើក​ឡើង​ ហើយសង្ឃឹមថា នឹងមានមិត្តភក្ដិមួយចំនួនស្វែងយល់ពីបញ្ហាទាំងអស់​នេះថែម​ទៀត។

[បញ្ចប់សេចក្ដីអធិប្បាយ]

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន, ធុរជនទាំងអស់ ទាំង​ថ្នាក់​ជាតិ ក្នុងតំបន់ និងបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដែលបានអញ្ជើញមក​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។ នេះជាមោទនភាពមួយថ្មីទៀតរបស់កម្ពុជា ខណៈដែលកិច្ច​ប្រជុំ​កំ​ពូលនាថ្ងៃនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់វិនិយោគិន, ធុរជនឈានមុខមក​ពី​បណ្តា​ប្រ​ទេស​នានាជុំវិញពិភពលោក។ ចំពោះមុខនេះ ខ្ញុំសង្ឃឹមថា កិច្ចប្រជុំរបស់យើងនាថ្ងៃនេះ នឹងមានការ​ពិភាក្សា​វែក​ញែកយ៉ាងផុលផុស, បង្កើតបានជាមូលដ្ឋានរឹងមាំ, ប្រាកដប្រជា សម្រាប់ការសម្រេចចិត្តនានា ហើយ​លទ្ធ​ផល​នាថ្ងៃនេះ ក៏ឤចនឹងក្លាយជាធាតុចូលសំខាន់មួយ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក​ស្តីពី​ឤស៊ាន ដែល​កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅក្នុងខែ ឧសភា ខាងមុខនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ និងវាយ​តម្លៃ​ខ្ពស់ ចំ​​ពោះ​សភាធុរកិច្ចអន្តរជាតិនៃកម្ពុជា, ក្រសួងស្ថាប័នពាក់ព័ន្ធទាំង​អស់ ដែលបាន​ផ្តួចផ្តើម​រៀប​ចំកិច្ច​ប្រជុំកំ​ពូល​​ធុរ​កិច្ច​អន្តរជាតិកម្ពុជា ២០១៧ ដ៏មានសារៈសំខាន់នេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមរំលេចជូនអង្គពិធីអំពីទិដ្ឋភាពសំខាន់ៗក្នុងដំណើរឆ្ពោះទៅមុខរបស់កម្ពុជា ដើម្បី​​ឱ្យអ្នកទាំងអស់គ្នាបានមើលឃើញពីឱកាសមាស ដែលកំពុងប្រាកដឡើងនៅលើទឹកដីអច្ឆរិយៈនេះ។ ជារួម ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ទាំងក្នុង​ទិដ្ឋភាព​នយោបាយ, សន្តិសុខ និងសង្គម-សេដ្ឋកិច្ច។ កម្ពុជាបានក្លាយទៅជាកោះសន្តិភាព និងជាទិស​ដៅដ៏​ល្បី​ល្បាញមួយនៅតំបន់ឤស៊ីឤគ្នេយ៍ សម្រាប់ភ្ញៀវទេសចរតំបន់ និងអន្តរជាតិ មកទស្សនាកំសាន្ត ដែល​ក្នុង​ឆ្នាំ ២០១៦ កន្លងទៅ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួនជាង ៥ លាននាក់ ក្នុង​អត្រា​កំណើនប្រមាណ ៥%។ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចវិញ កម្ពុជាបានឆ្លងផុតពីប្រទេស ដែលមាន​ចំ​ណូល​ទាប ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប និងត្រូវបានគេចាត់ទុកជាប្រទេសជាប់​ចំ​ណាត់​ថ្នាក់ ល្អ, ជាប្រទេសមានកំណើនដ៏រឹងមាំ, ពោលគឺកម្ពុជាសម្រេចបានកំណើនក្នុងអត្រាជាមធ្យម ៧,៧% ក្នុង​មួយឆ្នាំ ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមក។ ជាមួយនេះ កម្ពុជាបានខិតខំកសាង និងអភិវឌ្ឍ​ហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ទាំងផ្នែករឹង និងផ្នែកទន់ ដោយធ្វើឱ្យសមិទ្ធផលនានា ដូចជាបណ្តាញ​ផ្លូវ​ថ្នល់, ផ្លូវដែក, ផ្លូទឹក, ផ្លូវឤកាស, ច្រករបៀងសេដ្ឋកិច្ច, ប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក, អគ្គិសនី និងបណ្តាញ ចែក ចាយអគ្គិសនី, ទឹកស្អាត, ទូរគមនាគមន៍, សេវាហិរញ្ញវត្ថុ, សេវាអប់រំ, សេវា​សុខាភិ​បាល, សេវាហិរញ្ញវត្ថុ ជាដើម បានរីកលូតលាស់ដូចផ្សិត, គ្របដណ្តប់ស្ទើរនៅទូទាំងប្រទេស។

ពិតណាស់ថា ឈរលើមូលដ្ឋាននេះ ទោះបីជាពិភពលោកបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ទាំង​​ផ្នែកសេដ្ឋកិច្ច, សង្គម និងភូមិសាស្ត្រនយោបាយ នៅក្នុងនោះ រួមមានភាពមិនប្រាកដប្រជាពាក់ព័ន្ធ​នឹងការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលសហរដ្ឋឤមេរិក, ការចាកចេញរបស់អង់គ្លេសពី​សហភាពអឺរ៉ុប និងអនាគតរបស់សហភាពអឺរ៉ុប, ហានិភ័យនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន និងការ​ថមថយនៃកំណើនសេដ្ឋកិច្ច នៃប្រទេសកំពុងរីកលូតលាស់ ក៏ដូចជាការកើនឡើងនូវ​កម្តៅភូមិសាស្ត្រ​នយោបាយ​ជាដើម ក៏កម្ពុជារំពឹងថា នឹងរក្សាអត្រាកំណើនមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% រហូតដល់ឆ្នាំ ២០១៨ ដែលប្រការនេះ បង្ហាញពីវឌ្ឍនភាពក្នុងការធ្វើពិពិធកម្មវិស័យកម្មន្តសាលធុនស្រាល និងការបន្ត ធ្វើសមាហរណកម្មចូលទៅក្នុងខ្សែចង្វាក់ផលិតកម្មតំបន់ និងសកល។ លើសពីនេះទៀត ខ្ញុំសង្កេតឃើញ ប្រជាជនកម្ពុជាច្រើនឡើង ចាប់ផ្តើមយល់កាន់តែច្បាស់ថែមទៀត ពីការប្រែប្រួលនៃរចនាសម្ព័ន្ធ​សេដ្ឋ​កិច្ច​ និងសង្គម ហើយបានខិតខំត្រៀមខ្លួន, ពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីទាញយកផល​ប្រ​យោ​ជន៍​ពីការប្រែប្រួលនេះ ។ ជាមួយគ្នានេះ កាតព្វកិច្ចដ៏ចម្បងរបស់រាជរដ្ឋាភិបាល គឺធានាឱ្យ​បាន​នូវចីរភាព និង សុខដុមភាពនៃការរីកលូតលាស់របស់សង្គម-សេដ្ឋកិច្ចជាតិ ក្នុងបរិការណ៍ប្រែប្រួលនេះ ដើម្បីជំរុញការ​អភិវឌ្ឍឆ្ពោះទៅរកគោលដៅថ្មីទៀត គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេស​មានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។

ក្នុងស្មារតីនេះ ខ្ញុំសូមទាញការចាប់ឤរម្មណ៍ដល់វិនិយោគិន ធុរជនអន្តរជាតិទាំងអស់ ឱ្យពិនិត្យសិក្សា និង សម្រេចចិត្តវិនិយោគនៅកម្ពុជា ដោយពិចារណាបន្ថែមលើមូលដ្ឋានហួសពីកម្ពុជា ពោលគឺក្នុងបរិ​ការណ៍​ឤស៊ាន និងទំនាក់ទំនងទ្វេភាគីដែលកម្ពុជាមាន។ ពិតណាស់ថា កម្ពុជាមានជំហរច្បាស់ណាស់ ក្នុងការ​ជំរុញលើកកម្ពស់ការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគីជាមួយ​បណ្តា​ប្រទេសជាច្រើន ហើយប្រទេសជាដៃគូទ្វេភាគីទាំងនោះ តែងបានបង្កលក្ខណៈអនុគ្រោះ និងភាព​អំណោយ​ផលដល់ការរីក​លូតលាស់ នៃទីផ្សារផលិតផលរបស់កម្ពុជា ព្រមទាំងការរីកចម្រើននៃសង្គម-សេដ្ឋ​កិច្ច​កម្ពុជា​ផងដែរ។

ដោយឡែក នៅក្នុងក្របខណ្ឌតំបន់ឤស៊ាននៅតែបន្តមានកំណើនរឹងមាំ ដែលត្រូវបានគេចាត់ទុកជា​តំបន់​មានសុវត្ថិភាព និងបានរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចសកល។ ដូចលោកអ្នកបានដឹង​ស្រាប់​តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ មកទល់បច្ចុប្បន្ន តំបន់ឤស៊ីឤគ្នេយ៍បានធ្វើដំណើរ​ឆ្លង​កាត់​ដំណាក់កាលដ៏ស្មុគស្មាញជាច្រើន ពីតំបន់មួយដែលត្រូវបានបែងចែកជាពីរប្លុកផ្សេងគ្នា ហើយ​ក្នុង​នោះប្រទេសមួយចំនួន ពិសេសកម្ពុជាត្រូវបានញាំញី និងបំផ្លិចបំផ្លាញដោយភ្នក់ភ្លើងសង្គ្រាម ដោយសារ​តែ​មនោគមវិជ្ជាសង្គ្រាមត្រជាក់។ ក្រោយមកតំបន់ឤស៊ីឤគ្នេយ៍ក្លាយជាតំបន់មួយ ដែលរួបរួមគ្នាជា​សហ​គមន៍​តែមួយនៅក្រោមចក្ខុវិស័យតែមួយគឺ «សហគមន៍ឤស៊ាន» ដែលចារឹកទៅដោយកំណើនសេដ្ឋ​កិច្ច​ខ្ពស់, ការតភ្ជាប់គ្នា និងការផ្លាស់ប្តូររចនាសម្ព័ន្ធស៊ីជម្រៅ។ ជាការពិត ក្រោយពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភពលោក ឆ្នាំ ១៩៩៧ ឤស៊ានមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងកម្រិតទាបនៅឡើយ។ ក៏ប៉ុន្តែ​ចាប់ពីឆ្នាំ ២០០៧ ដល់ ២០១៤ ផលទុនជាតិសរុបរបស់ឤស៊ានបានកើនឡើងទ្វេដងដល់ ២,៥ ទ្រីលាន​ដុល្លារ ហើយចំណូលសម្រាប់មនុស្សម្នាក់ក៏បានកើនឡើង ៨០% ដែល​មានទំហំជា​មធ្យម​ស្មើនឹងជាង ៤០០០ ដុល្លារឤមេរិក។ ដោយសារការប្រឹងប្រែងឥតរាថយក្នុងការជំរុញ​សមាហរណកម្ម​ស៊ីជម្រៅ និងការ​លើកកម្ពស់ការតភ្ជាប់គ្រប់វិស័យឤស៊ាន បានក្លាយជាសហគមន៍តំបន់មួយកាន់តែមាន​ឥទ្ធិពល និងមាន​ទី​ផ្សាររីកធំធាត់ជាលំដាប់ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ពោលគឺបានក្លាយ​ជាសេដ្ឋកិច្ច​ធំជាង​គេ​ទី ៣ នៅឤស៊ី និង ទី ៧ ក្នុងពិភពលោក ព្រមទាំងជាទីផ្សារដ៏សំខាន់មួយក្នុង​ចំណោម​ទីផ្សារ ដែលមាន​សមាហរណកម្មជឿនលឿនបំផុតលើពិភពលោក។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

កុំសួរថា តើមានប្រទេសអាស៊ានណាត្រៀមខ្លួនដើរចេញពីអាស៊ាន? គួរតែដាក់ជាសំណួរថា តើប្រទេសនៅ​អឺរ៉ុបណាដែលនឹងចាកចេញពីអឺរ៉ុប ក្រោយពីអង់គ្លេស?/តម្លៃអាស៊ាន

ខ្ញុំសុំនិយាយត្រង់នេះបន្តិច។ នៅ Davos- Klosters, Switzerland ក្នុងពិធីវេទិកាសេដ្ឋកិច្ចពិភព​លោក នៅ​ពេលបាយការងារមួយ មានការតាំងជាសំណួរ បើខ្ញុំមិនច្រឡំទេ ដោយជាសាកលវិទ្យា​ធិការនៃសាកល​វិទ្យា​ល័យ​មួយនៅខាងអឺរ៉ុប។ គាត់លើកចេញជាសំណួរមួយសួរមកខ្ញុំ និងនាយករដ្ឋ​មន្រ្តី​វៀតណាមថា តើ​មាន​ប្រទេសណាត្រៀមខ្លួនដើរចេញពីអាស៊ាន(ទេ)? ពេលហ្នឹងបានខ្ញុំឆ្លើយទៅ​អញ្ចេះ​វិញ ខ្ញុំថា សូមលោក​កុំ​ដាក់​សំណួរថាប្រទេសណានឹងចាកចេញពីអាស៊ាន។ គួរតែដាក់ជាសំណួរថា តើប្រទេស​នៅអឺរ៉ុបណា​(ទៀត)​ដែលនឹងចាកចេញពីអឺរ៉ុប ក្រោយពីអង់គ្លេស? ដាក់អញ្ចេះវិញបានវាត្រូវ ព្រោះអាស៊ានមិន​មាន​បង​ធំ​ទេ។ អឺរ៉ុបបានមានបងធំ។ ពួកយើងខ្ញុំសាមគ្គីគ្នា។ ហើយនៅពេលដែលមានការជជែកចំហរ ដែល​មាន​ការ​ផ្សាយ​បន្តផ្ទាល់។ សំណួរហ្នឹង មិនស្រប​ជា​មួយនឹងបរិបទរបស់អាស៊ានទេ។

គួរតែសួរថា អ្នក​ណានឹង​ដើរ​ចេញ​ពីអឺរ៉ុប ក្រោយពីអង់គ្លេស​ចាកចេញ? នេះជារឿងពិត។ ហើយនៅបារាំង ប្រ​សិនបើកូន Le Pen ឈ្នះ ប្រ​ហែលជាបារាំងនឹងចេញ​ពី​អឺរ៉ុបទៀត។ ប៉ុន្តែ អាស៊ានគ្មាន(អ្នកចាក​ចេញ)​​ទេ។ ក្នុងចំណោមមេ​ដឹកនាំ​អាស៊ាន ខ្ញុំអាចនិយាយ និងហ៊ានអះអាងយ៉ាងដូច្នេះ ព្រោះអាស៊ានយើង​ខ្ញុំគ្មាន​ការ​​កំណត់អោយដេញ​សមា​ជិក ឬ​ក៏​អោយសមាជិកចាកចេញនោះទេ ហើយក៏គ្មានអ្នកណាចង់ចេញពី​អាស៊ាន​ដែរ នេះគឺជាចំ​ណុច​ដែល​ខ្ញុំគួរ​តែ​បញ្ជាក់បន្ដិចអំពីការខុសគ្នារវាងអាស៊ាន និងអឺរ៉ុប។ បើ​ថា សំ​ណួរ​ហ្នឹង ចេញពីពួកអាស៊ី ខ្ញុំមិនថាទេ ប៉ុន្តែវាចេញពួកអឺរ៉ុប ដែលកំពុងដែលរង្គោះរង្គើដោយការ​ចាក​ចេញរបស់​អង់​គ្លេស ការចង់ដើរចេញពីតំបន់ចាយប្រាក់អឺរ៉ូរបស់ក្រិច និងការចង់ចាកចេញមួយចំនួនផ្សេង​ទៀត និង​វិបត្តិ​ជនភៀសខ្លួននៅក្នុងទ្វីបអឺរ៉ុប។ ខ្ញុំសួរនាយករដ្ឋមន្រ្តីស៊ុយអែតថា យ៉ាងម៉េច​ហើយបញ្ហាជន​ភៀស​ខ្លួន​មក​ពីមជ្ឈឹមបូព៌ា ដែលបានញាំញីនៅក្នុងបណ្ដាប្រទេសនៅអឺរ៉ុប រាប់ទាំង​ស៊ុយអែតផងដែរ ដែលវាជាលទ្ធ​ផល​នៃបដិវត្តពណ៌។ ហ្នឹងជាបញ្ហាឈឺក្បាលមួយសម្រាប់អឺរ៉ុប។ គេចែកកូតាគ្នាទទួល …។ H.E. George Edgar បន្ដិចទៀតប្រហែលជាអស់ការងារធ្វើហើយ ព្រោះលោកជាជនជាតិអង់គ្លេស។ ដល់​តែចេញពីអឺរ៉ុប លោកអត់មានសិទ្ធិដើម្បីនឹងធ្វើតំណាងអឺរ៉ុបទេ។ និយាយអោយពិត។ Edgar កាលពី​ដើម​ជាអតីតអគ្គរដ្ឋ​ទូត​​អង់គ្លេសប្រចាំកម្ពុជា ឥឡូវទៅជាអគ្គរដ្ឋទូតរបស់អឺរ៉ុប។ ដល់អង់គ្លេស​ចេញ​ផុតពី​​អឺរ៉ុប មិនស្អីៗទាំង​អស់ គេប្រមូលយកត្រឡប់ទៅវិញ។ គេផ្លាស់ប្ដូរ។ ប៉ុន្តែទម្រាំដល់ហ្នឹង Edgar ដល់អា​ណត្តិ​បណ្ដោយ។

ខ្ញុំនិយាយកន្លែងហ្នឹងបន្ដិចទៅចុះ ដើម្បីអោយឃើញអំពីតម្លៃអាស៊ាន​របស់យើង។ តម្លៃរបស់​អាស៊ាន គឺ​ការ​​សាមគ្គីភាព តម្លៃគ្មានបងធំ។ អ្វីទៅដែលហៅថា តម្លៃគ្មានបងធំ? យើងខ្ញុំនៅទីនេះ អត់​មានអ្នកធំ អ្នកមាន អ្នកក្រ ប្រទេសធំ ប្រទេសតូចអីទេ គឺសិទ្ធិស្មើគ្នា។ ប្រហែល​ជាមិនដូចនៅអឺរ៉ុបទេ។ សូមអភ័យ​ទោស​ដែល​ខ្ញុំ​និយាយបែបនេះ ព្រោះខ្ញុំចង់​ការពារអាស៊ាន។ (ជាសមាជិក)អាស៊ាន មិនការពារអាស៊ានម៉េចបាន។

[បញ្ចប់សេចក្ដីអធិប្បាយ]

ទន្ទឹមនេះ ជាមួយនឹងការបង្កើតឡើងនូវសហគមន៍សេដ្ឋកិច្ចឤស៊ាន ក៏ដូចជាការរំពឹងទុកអំពីភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ នៃតំបន់ក្នុងពេលឆាប់ៗខាងមុខ កម្ពុជាកំពុងខិតខំជំរុញការ​តភ្ជាប់ខ្លួនជាមួយ​ទីផ្សារ​តំបន់ ឬ «រោងចក្រឤស៊ី» ដែលប្រកបដោយសក្តានុពល និងជវភាព តាមរយៈការ​វិនិយោគ​ពង្រីក​មូល​ដ្ឋានផលិតកម្ម, ការកសាង និងកែលម្អបណ្តាញដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក, ការអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធទេសចរណ៍, ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ និងការកែ​ទម្រង់​ប្រព័ន្ធគតិយុត្តិ និងស្ថាប័ន។

ជាមួយនេះ វិធានការគោលនយោបាយជាក់ស្តែងសម្រាប់គាំទ្រចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា​បាន​ដាក់ចេញ និងកំពុងជំរុញអនុវត្តយ៉ាងសកម្មនូវ«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥» ដែលជាយុទ្ធសាស្ត្រកំណើនថ្មី ឬជាផែនទីបង្ហាញផ្លូវសម្រាប់កសាងមូលដ្ឋាន​ផលិតកម្មដែល​មាន​តម្លៃបន្ថែមខ្ពស់ជាងមុន ហើយមានលក្ខណៈសមាហរណកម្មជាមួយនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និង លើពិភពលោក។ ច្បាស់ណាស់ថា ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស គឺជាចំណុចគន្លឹះ​នៃគោល​នយោ បាយនេះ ដែលបានផ្តោតការយកចិត្តទុកដាក់លើចង្កោមនៃវិស័យឤទិភាព ដូចជា (ទី១) ឧស្សា​ហ​កម្ម​ក្មម្មន្តសាលថ្មីៗសម្រាប់បើកច្រកចូលទីផ្សារ, ផ្តល់តម្លៃបន្ថែមខ្ពស់, មានភាពច្នៃប្រឌិត និងការប្រកួត ប្រជែងខ្ពស់ (ទី២) សហគ្រាសធុនតូច និងមធ្យម ពាក់ព័ន្ធនឹងការផលិតកម្មឱសថ និងបរិក្ខារពេទ្យ, សម្ភារៈ​សំណង់, សម្ភារៈបម្រើការវេចខ្ចប់នាំចេញ, គ្រឿងសង្ហារឹម និងឧបករណ៍សម្ភារៈបម្រើ​ឱ្យ​ឧស្សា​ហកម្ម៘ (ទី៣) កសិឧស្សាហកម្ម ដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក (ទី៤) ប្រភេទ​ឧស្សា​ហ​កម្មគាំទ្រដល់កសិកម្ម, ទេសចរណ៍ និងវាយនភ័ណ្ឌ ក៍ដូចជាបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ និង ចង្វាក់តម្លៃពិភពលោក ទាំងក្នុងទម្រង់ជាឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍ (ទី៥) ប្រភេទ​ឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ដែលមានចរិតជាយុទ្ធសាស្ត្រ ដូចជា​បច្ចេក​វិទ្យា​ព័ត៌មាន និង ទូរសារគមនគមន៍, ថាមពល, ឧស្សាហកម្មធុនធ្ងន់, សិប្បកម្មវប្បធម៌្មប្រវត្តិសាស្ត្រប្រពៃណី និងបច្ចេកវិទ្យា​បៃតង។

សម្រាប់អង្គពិធីនាថ្ងៃនេះ ខ្ញុំពិនិត្យឃើញថា យើងនឹងលើកយកកិច្ចពិភាក្សាលើច្រើនវិស័យដោយ​បានផ្តោត​លើវិស័យគន្លឹះចំនួន ៥ ក្នុងនោះមាន (១) វិស័យអប់រំ (២) ឧស្សាហកម្ម (៣) បច្ចេកវិទ្យា, ការជួលធនធាន​ពី​ក្រៅ និងបច្ចេកវិទ្យាឌីជីថល (៤) វិស័យកសិកម្ម និង (៥) វិស័យបដិសណ្ឋារកិច្ច, ម្ហូបឤហារ និងភេស ជ្ជៈ។ ក្នុងនោះ ក៏នឹងមានការពិភាក្សាផងដែរអំពីបរិស្ថានអភិបាលកិច្ច, គតិយុត្ត និងពន្ធដារ សម្រាប់​ការ​វិនិ​យោគ និងធុរកិច្ចនៅកម្ពុជា។ វិស័យដែលបានលើកមកពិភាក្សាថ្ងៃនេះ នឹងរួមចំណែក​ឆ្លើយ​តប​ទៅនឹង​គោលដៅនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ដែល​កម្ពុជា​បានដាក់ចេញ ។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់កិច្ចពិភាក្សាក្នុងវិស័យនីមួយៗដែលមានរដ្ឋមន្ត្រី និងអ្នកជំនាញ​ចូលរួម ហើយក្នុងនោះ កិច្ចពិភាក្សាត្រូវបង្ហាញឱ្យច្បាស់លាស់ និងស៊ីជម្រៅអំពី​ស្ថានភាព, គោល​នយោ​បាយ និងឱកាសនានា ក្នុងការវិនិយោគក្នុងវិស័យនីមួយៗទាំងនោះ។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនេះដែរ ខ្ញុំសូមគូសបញ្ជាក់ថា ក្នុងក្របខណ្ឌគោលនយោបាយ​ឧស្សាហកម្ម​នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងខិតខំសម្រេចឱ្យបាននូវចំណុចគន្លឹះបួនគឺ (ទី១) ការបញ្ចុះថ្លៃអគ្គិសនី​សម្រាប់​​តំបន់ឧស្សាហកម្ម រួមទាំងវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនី និងភាពទុកចិត្តនៃការ​ផ្គត់ផ្គង់ចរន្ត។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

បង់ថ្លៃអគ្គិសនីក្រោម ១០០.០០០ រៀល តាមរយៈភ្នាក់​ងារ Wing គឺមិនមានបង់ថ្លៃសេវា

ចំណុចនេះ ខ្ញុំអបអរសាទរ។ ព្រឹកមិញ បានមកដល់កន្លែងនេះ លោកឧកញ៉ា គិត ម៉េង បាន​ប្រាប់ខ្ញុំថា នៅ​ពេល​ដែលផ្ទេរការបង់ប្រាក់សម្រាប់ថ្លៃអគ្គិសនីក្រោម ១០០.០០០ រៀលចុះ(តាមរយៈភ្នាក់​ងារ Wing) នឹង​មិន​(មាន)​យកថ្លៃសេវា។ ដូច្នោះ វាកាន់តែបង្កលក្ខណៈងាយស្រួលទៅអោយប្រជាពលរដ្ឋ ទៅ​អោយ​​អតិថិ​ជន​ដែលប្រើប្រាស់អគ្គិសនី ១០០.០០០ រៀលចុះ។ ចាប់ផ្ដើមអនុវត្តហើយ។ វា​កាន់​តែស្រួលហើយ វា​(ប្រជា​ពល​រដ្ឋនឹង)ចំណេញលុយ។ កាលពីដើម គេយកថ្លៃសេវា ឥឡូវក្រោម ១០០.០០០ រៀល គេ​អត់​យកថ្លៃ​សេ​វា​ទេ។ វាពាក់ព័ន្ធជាមួយប្រជាពលរដ្ឋច្រើនលានគ្រួសារឯណោះ ដែលប្រើ​ប្រាស់ភ្លើងក្រោម ១០០.០០០ រៀល​នោះ។ អរគុណណាស់ ហើយប្រឹងប្រែងធ្វើអាហ្នឹងតទៅទៀត ដើម្បីរួមចំណែកធ្វើអោយតម្លៃ​អគ្គិសនី​ធ្លាក់​ចុះ មិនគ្រាន់តែក្នុងវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺ(ដើម្បី)​ការប្រើ​ប្រាស់របស់ប្រជាពលរដ្ឋ។

[បញ្ចប់សេចក្ដីអធិប្បាយ]

(ទី២) រៀបចំ និងអនុវត្តផែនការមេសម្រាប់អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងទ្បូជីស្ទីកពហុមធ្យោបាយ (ទី៣) ​ពង្រឹង​ និងអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ និង (ទី៤) អភិវឌ្ឍ និង​ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជាក៏​នឹង​រក្សាឱ្យបាននូវសន្តិភាព, សន្តិសុខ, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង ព្រម​​ទាំ​ងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក គួបផ្សំនឹងវឌ្ឍន​ភាព និង សមិទ្ធផលសំខាន់ៗធំៗជាច្រើន ក្នុងពេលកន្លងមក ព្រមទាំងដោយមានចក្ខុ​វិស័យវែ​ង​ឆ្ងាយ​ប្រកប​ដោយ​ភាពប្រាកដនិយម ប៉ុន្តែមានមហច្ឆិតាខ្ពស់, មានគោលនយោបាយត្រឹមត្រូវ, មានយុទ្ធសាស្ត្រ និងផែនការ​សកម្មភាពច្បាស់លាស់ ក៏ដូចជាឆន្ទៈមុតស្រួចឥតរាថយក្នុងការអនុវត្ត។ ក្នុងនោះដែរ កម្ពុជា​កំពុងតែចូល​រួមយ៉ាងសកម្មជាមួយឤស៊ាន សំដៅប្រែក្លាយតំបន់ឤស៊ីឤគ្នេយ៍ទាំងមូល ឱ្យក្លាយទៅជា​កាតាលីករ ឬ ផ្កាយកំពុងរះមួយដួង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងពិភពលោក។

លើមូលដ្ឋាននេះ ខ្ញុំសូមអញ្ជើញអស់លោកអ្នកទាំងអស់គ្នា ចូលរួមជាដៃគូជាមួយយើងខ្ញុំ តាមរយៈវិភាគ​ទានជាក់ស្តែងនានា នៅក្នុងកិច្ចការរៀបចំអនាគតកាន់តែល្អប្រសើរឡើងសម្រាប់កម្ពុជា។ ខ្ញុំក៏សូមយក​ឱកាស​នេះបញ្ជាក់ជូនថា កម្ពុជានៅតែមានជំហរបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចិត្តចំពោះ​បណ្តា​គម្រោង​វិនិយោគបរទេសនានាមកកម្ពុជា ហើយរាជរដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុង​ការ​បន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ការបើកទូលាយ ព្រមទាំងការបង្កើតនូវបរិយាកាសវិនិយោគ​ឱ្យ​កាន់តែល្អប្រសើរ, កាន់តែមានការទាក់ទាញមានលក្ខណៈទុកចិត្តបានសម្រាប់ វិនិយោគិន និងធុរជន​ទាំងអស់។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនវិនិយោគិន ធុរជនគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាង ដែល​អនុគ្រោះ, អំណោយផល និង ជួយជំរុញដល់ការវិនិយោគ ជាពិសេស គឺការរក្សានូវស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច, ការគិតគូរអំពីក្របខណ្ឌនៃការលើកទឹកចិត្ត ព្រមទាំងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ទន្ទឹមនឹងការ​រក្សា​សុខសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា។

នៅទីបញ្ចប់នេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយសិរីសួស្តី, ជ័យមង្គល, វិបុលសុខគ្រប់ប្រការ និងជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕