សម្រង​ប្រសា​សន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

100

ជាដំបូងនេះ ដោយសារតែវាមិនទាន់ហួសពេលផងនោះទេ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ និងជូន​ពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម និងលោកជំទាវ លោក លោកស្រី នាងកញ្ញា សម្រាប់ការចូលឆ្នាំសកល ២០១៦ មក ២០១៧ ហ្នឹងម្ខាង និងម្ខាងទៀត សូមជូនពរបងប្អូនជនជាតិខ្មែរដើម​កំណើតចិន ឬក៏អ្នកមានខ្សែស្រឡាយចិន សមប្រកបដោយជោគជ័យ Happy New Year and Gong Xi Fa Cai។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានបើឆាកដំបូងចាប់ផ្តើមពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង សម្រាប់ការផ្តល់នូវសញ្ញាបត្រចំពោះជ័យ​លាភីចំនួន ៥.៥១០ នាក់ ហើយដែលជាសាកលវិទ្យា ល័យ ដែលរក្សា​បាននូវកិត្តិនាមដ៏ខ្ពស់ខ្ពស់ និងគុណភាពនៃការបណ្តុះបណ្តាល។

ធនធានមនុស្សសំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិ, លើសក្របខ័ណ្ឌ ខ្វះសមត្ថភាព

ថ្ងៃនេះ យើងពិតជាមានមោទនភាព ដែលយើងបានបង្កើនថែមនូវធនធានបញ្ញា តាមរយៈការកសាងធនធាន​មនុស្ស ដែលមានថ្នាក់បរិញ្ញារហូតទៅដល់ ៥.០១០ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥០០ នាក់។ យើង​ឃើញច្បាស់ហើយថា ធនធានមនុស្សជាការចាំបាច់បំផុតសម្រាប់សង្គមជាតិលូតលាស់ មិនថាប្រទេសយើង ឬប្រទេសណានោះទេ។ យើងកាន់តែធ្វើ យើងកាន់តែដឹង យើងកាន់តែយល់អំពីភាពចាំបាច់ នៃធនធាន​មនុស្ស។ ខ្លួនខ្ញុំព្រះករុណាខ្ញុំបានចូលរួមប្រឡូកនៅក្នុងកិច្ចការជាច្រើន ហើយពេលខ្លះគឺបានសង្កេតឃើញថា សម្រាប់មនុស្ស ២ នាក់ អាចធ្វើបាន​ស្មើនឹងមនុស្ស ១០ ឬ ២០ នាក់ ក៏មាន។ បញ្ហាគឺចាប់ផ្តើមពីអ្វី? យើង​ចំណុចកន្លងទៅនេះ មានចំណុចលើស និងខ្វះ។ អ្វីទៅដែលហៅថាលើស? យើងមានក្របខណ្ឌច្រើន ប៉ុន្តែ យើងខ្វះអ្នកដែលមានសមត្ថភាពពិតប្រាកដ ដូច្នោះ ហើយបានជាយើងប្រឹងប្រែងមិនចេះនឿយហត់នៅក្នុង​វិស័យអប់រំ និងការវិនិយោគនៅក្នុងវិស័យអប់រំតាំងពីក្រោយការរំដោះពីរបប ប៉ុល ពត តាមទ្រឹស្តីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ​អ្នកចេះតិចបង្រៀនអ្នកមិនចេះ។ រហូតមកដល់ពេលនេះ យើងបានកសាងនូវក្របខណ្ឌ នៃ​ធនធានមនុស្សរបស់យើង ក្នុងនោះ វិស័យអប់រំ​ដែល​កាល​ពីសម័យដើម យើងបានជ្រើសរើសអ្នកមានចេះ​អក្សរសាស្រ្តមួយចំនួន យកទៅបណ្តុះបណ្តាលបង្រៀន មានពេលខ្លះ គ្រូ(រៀន)លើសសិស្សតែមួយថ្នាក់តែ​ប៉ុណ្ណោះ។ ឧទាហរណ៍ សិស្សគ្រូរៀនថ្នាកទី ៦ យកទៅ​បណ្តុះ​បណ្តាលគ្រូ (សំរាប់)ទៅបង្រៀនថ្នាក់ទី ៥ ប៉ុន្តែ។ ឥឡូវនេះ យើងទៅជាស្តង់ដារមួយទៅហើយ […]

គ្រូបង្រៀន​បើកប្រាក់បៀវត្សរ៍បានគ្រប់គ្រាន់ និងទាន់ពេលវេលា

… ដោយសារគ្រូដែលយើងបានរៀបចំកាលពីឆ្នាំ ១៩៧៩, ១៩៨០ បានចូលនិវត្តន៍ គ្រូថ្មីៗបានទៅដល់ ដូច្នេះ គ្រូ​ថ្មីៗ​នោះហើយ ដែលគេបានបំពេញកន្លែង​គ្រូចាស់ៗ ដែលកាលមុននេះ គឺក្នុងកម្រិតមួយទាប តែឥឡូវ យើង​​មានកម្រិតមួយកាន់តែខ្ពស់។ ហើយ(ការ)ចុះទៅតាមខេត្តនេះ មានកន្លែងមួយចំនួន ខ្ញុំព្រះករុណាខ្ញុំ​ក៏​ឆ្លៀត​​ដោះស្រាយអន្តេវាសិកសម្រាប់គ្រូបង្រៀន និងសម្រាប់សិស្ស ដោយឃើញការលំបាកពិតប្រាកដមែន។ ខ្ញុំ​សូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា នូវការរៀបចំបើកបៀវត្សរ៍ទាន់ចិត្ត សម្រាប់គ្រូបង្រៀន។ មិនថាទីកន្លែងនេះទេ ខ្ញុំសួរអាហ្នឹងមុនគេ។ ខ្ញុំសុំមើលទាំងប័ណ្ណធនាគាររបស់គាត់ រហូតទៅដល់​ការរៀបចំ គេហៅថាថ្នាក់ផ្គួបមួយ។ ខ្ញុំទើបនឹងយល់ម៉េចទៅដែលហៅថ្នាក់ផ្គួប។ ថ្នាក់ផ្គួបគឺ (មានគ្រូ​ម្នាក់នៅភូមិ​ក្បាល​រមាស) ​គ្រូតែម្នាក់ទេ​ សិស្សនៅម្ខាងថ្នាក់ទី ៥ សិស្សម្ខាងទៀតថ្នាក់ទី ៦ ព្រោះដោយសារតែ​កូនសិស្សវាតិច អញ្ចឹងគ្រូបង្រៀនផ្គួប … ​សូម្បីតែថ្នាក់ផ្គួបនេះ ក៏ទទួលបានប្រាក់គ្រប់គ្រាន់ និងទាន់ពេលវេលា។ នេះជាកំណែ​ទម្រង់​ទាក់ទងនឹងការកែ​ទម្រង់មុខងារសាធារណៈ និងក្នុងវិស័យអប់រំ ការកែទម្រង់ក្នុងវិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុសាធារណៈ ដែល​យើងបើកផ្តល់ឲ្យទាន់ពេល។ ឥឡូវនេះ ១០០% នៃមន្រ្តីរាជការស៊ីវិល​របស់យើង បើក​ប្រាក់តាមរយៈប្រព័ន្ធធនាគារអស់ហើយ ក្នុងហ្នឹងមានគ្រូ​បង្រៀនប្រមាណជិត ១២ ម៉ឺ​ននាក់ ហើយនៅជន​​បទ មានតំបន់ដែលមានថ្លៃ(ជួល)ផ្ទះ ៨ ម៉ឺន, ១០ ម៉ឺន និង ១២ ម៉ឺន។ គេបើកបានរបស់គេ […]

សេដ្ឋកិច្ចពឹងលើចំណេះដឹង

ខ្ញុំនិយាយទាក់ទងជាមួយនឹងវិស័យអប់រំរបស់យើងនេះ ហើយយើងនឹងត្រូវបន្តការខិតខំ ដើម្បីធ្វើឲ្យប្រទេស​របស់យើង ​ក្លាយទៅជាប្រទេសមួយ ដែលសម្បូរដោយធនធានមនុស្ស ហើយដែលសេដ្ឋកិច្ចរបស់យើងពឹង​ផ្អែកទៅលើចំណេះដឹង មិនមែនជាសេដ្ឋកិច្ចពឹងផ្អែកលើបែបប្រពៃណីតទៅទៀតទេ។ នៅក្នុងពេលដែល​ពិភាក្សាស្តីអំពីបញ្ហាវិស័យស្បៀង នៅក្នុងក្របខណ្ឌនៃវេទិកាសេដ្ឋកិច្ចពិភព​លោក គេនិយាយទៅដល់បញ្ហា ឌីជីថលកសិកម្ម … គេពន្យល់ ឌីជីថលកសិកម្មហ្នឹង … រឿងហ្នឹងមិនមែនរឿង​ថ្មីរបស់យើងទេ … ឯកឧត្តម ច័ន្ទ សារុន នៅចាំទេ យើងឲ្យសិក្សាពីដី ឲ្យនិស្សិតរបស់យើងទៅធ្វើ​សារណាទាក់ទិននឹងដីនេះដាំអីបាន ដី​នោះ​ដាំអីបាន ប្រើជីយ៉ាងម៉េច ប្រើពូជយ៉ាងម៉េច បែងចែកតំបន់ដាំដុះ … ថាទេ! ឥឡូវ​រកទីផ្សារ​លក់​កសិ​ផល​​ឲ្យ​តែដាច់សិនទៅ តាំងទៅឌីជីថលឯណាទៀតហើយ … ខ្ញុំបានជួបជាមួយនឹងប្រធានធនាគាររបស់ចិន-អា​មេ​​រិក គាត់និយាយពីឌីជីថលកសិកម្មហ្នឹង ខ្ញុំក៏សួរគាត់ៗ លើកអំពីបញ្ហាហ្នឹង។ ត្រូវគ្នា។ អញ្ចឹងដែរ(ប្រាប់គាត់​អោយ)​ចាត់តាំងក្រុម​មួយ​​មក ដើម្បីជួយខ្ញុំ។ អ្នកឯងមានបច្ចេកទេសដើម្បីវិភាគដីធ្លី … ប៉ុន្តែ កត្តាទីផ្សារ​ក៏ដើរ​តួ​ធំ​ដែរ។

ការវិនិយោគក្នុងវិស័យអប់រំ និងការរៀនបង់ថ្លៃ ជួយទ្រទ្រង់ដល់វិស័យអប់រំ

ខ្ញុំព្រះករុណាខ្ញុំ​សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង ដែលមានលោកបណ្ឌិតសាកលវិទ្យាធិការ និងលោកបណ្ឌិតសាកលវិទ្យាធិការរង ក៏ដូចជា​គណៈ​គ្រប់គ្រង និងសាស្រ្តាចារ្យទាំងអស់ ដែលបានប្រឹងប្រែងហើយរក្សាបាននូវកិត្តិយសកិត្តិនាមនៃ​សា​កលវិទ្យា​ល័យមួយនេះ ដែលយើងចាប់ផ្តើមពីផ្នែកមួយ ពេលនោះ វិទ្យាស្ថានជាតិគ្រប់គ្រងជាផ្នែកមួយ នៃ​សាកលវិទ្យា​ល័យភូមិន្ទភ្នំពេញ។ ប៉ុន្តែ ក្រោយមកយើងពង្រីកឲ្យទៅជាសាកលវិទ្យាល័យមួយដាច់ដោយឡែក គឺសាកល​វិទ្យាជាតិគ្រប់គ្រងបច្ចុប្បន្ននេះ ដែលរហូតមកដល់ពេលនេះតាំងពីឆ្នាំ ១៩៨៩ រហូតមកដល់​ពេល​នេះ យើង​បានបណ្តុះបណ្តាលនៅទីនេះចំនួន ៤៤.៤៥០ នាក់ ​ហើយនិស្សិតដែលកំពុងនៅសិក្សាចំនួនជាង ១ ម៉ឺននាក់​ទៀតផង។ ក្នុងនោះ ការរៀនបង់ថ្លៃច្រើនជាងការរៀនដោយអាហារូបករណ៍របស់រដ្ឋ ដូច្នេះ​មានន័យថា ប្រជា​ពលរដ្ឋរបស់យើងបានចូលរួមនៅក្នុងដំណើរការ នៃការវិនិយោគក្នុងវិស័យអប់រំ ក្នុងវិស័យនៃការលើក​កម្ពស់​សមត្ថភាពនេះឯង។ បើគ្មានការចូលរួមទេ គ្មាននិស្សិតសម្រាប់ការចែកសញ្ញាបត្រនោះទេ ព្រោះនៅ​ក្នុងចំណោមនិស្សិតដែលរៀនអាហារូបករណ៍នេះ ថ្នាក់បរិញ្ញាបត្រមានត្រឹមតែ ៣៩១ នាក់ តែប៉ុណ្ណោះ ឯរៀន​បង់ថ្លៃ​មានទៅដល់ ៤.៦១៩ នាក់ ក្នុងចំណោមអ្នកជាប់បរិញ្ញាបត្រ ៥.០១០ នាក់។ ឯបរិញ្ញា​បត្រ​ជាន់​ខ្ពស់​គឺ​អាហារូបករណ៍តែ ១៤ នាក់ទេ​ ឯរៀនបង់ថ្លៃដល់ទៅ ៤៨៦ នាក់។ អញ្ចឹងទេ មានន័យថា ក្រៅពី​ប្រជា​ពលរដ្ឋ​ចូលរួម​នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ សាលារៀន បណ្ណាល័យ ជាដើម និស្សិតខ្លួន​ឯង​ក៏​បាន​ចូលរួមនៅក្នុងការវិនិយោគ សម្រាប់វិស័យអប់រំ នោះគឺការបណ្តុះបណ្តាលខ្លួនឯងតែម្តង គឺបង់ថ្លៃ​រៀន​ខ្លួន​ឯង។

ចំនួនសិស្សស្រីច្រើនជាងសិស្សប្រុសក្នុងសាកលវិទ្យាល័យនេះ

ចំណុចដែលត្រូវមើលឃើញនៅទីនេះ ​ខ្ញុំចេះតែរពិសភ្នែក ថ្នាក់បរិញ្ញាចំនួន ៥.០១០ នាក់ ក្នុងនោះមានស្រ្តី ២.៦៧៣ នាក់ បានសេចក្តីថា ស្រ្តីលើសចំនួនបុរស ច្បាស់ណាស់។ (ក្នុងប្រព័ន្ធរបស់)យើង ១៨ ឆ្នាំ ចាប់​ផ្តើម​ជាប់​បាក់​ឌុប ចូលមហាវិទ្យាល័យ ១៩ ឆ្នាំ ដល់ ២៣ ឬ ២៤ ឆ្នាំ ចប់ ថាអញ្ចឹងទៅចុះ។ ឥឡូវ បក​​មក​និស្សិត​បរិញ្ញា​បត្រ​ជាន់ខ្ពស់ ៥០០ នាក់ នារីមានតែ ១៥៦ នាក់ទេ។ អញ្ចឹង អាហ្នឹងបានជាខ្ញុំ​និយាយ​បញ្ហាទាក់​ទង​នឹង​ពីរ៉ាមីត​ គឺកាន់តែស្រួចទៅៗ នៅសល់តែបុរស ហើយនិស្សិតដែលទាក់ទិនជាមួយ​រៀនយកថ្នាក់បណ្ឌិតនៅ​​តែ​ប៉ុន្មាន​នាក់ហ្នឹង គឺនៅតែប្រុសទៀត។ សុំទោស អាហ្នឹងវាដល់ពេលវេលា ខ្មែរយើង​ថាដល់ពេលវេលាយកប្តី ដល់យក​ប្តី ប្តីម៉េចនឹងឲ្យទៅរៀនទៀត ហើយមានកូនមានចៅទៀត រឿងវាអញ្ចេះ។ អរគុណណាស់ ឯកឧត្តម​​សាកលវិទ្យាធិការ ដែលបានខិតខំទៅលើការការពារនូវសេចក្តីថ្លៃថ្នូរ កិត្តិយស និងគុណភាព នៃការបណ្តុះ​បណ្តាល នៅក្នុងសាកលវិទ្យាល័យមួយនេះ ដែលខ្ញុំមានមោទនភាពយ៉ាងខ្លាំងជាមួយនឹងគោលនយោបាយ​ស្តីពី​ការអនុញ្ញាតឲ្យសាកលវិទ្យាល័យរបស់រដ្ឋ មានផ្នែកមួយសម្រាប់រៀនបង់ថ្លៃ។

ផ្តើមចេញពីគោលនយោបាយបែបនេះហើយ បានជាយើងមានសាកលវិទ្យាល័យឯកជនមួយរយភាគរយ និង សាកលវិទ្យាល័យរបស់រដ្ឋ ដែលរៀនបង់ថ្លៃខ្លះ និងរៀនអាហារូបករណ៍ខ្លះ នេះហើយជាបញ្ហាដែលយើងខិតខំ ដោះស្រាយ បើមិនដូច្នោះទេ សួរថាសិស្សទៅណា? កើតនោះកើតពេកហើយ តែខ្ញុំអត់ហ៊ានបន្ទោសអ្នកណា​ទាំង​អស់រឿងកូន និងចៅនេះ មិនហ៊ានបន្ទោសអ្នកណាទាំងអស់ … មួយផ្នែកទៀត ខ្ញុំព្រះករុណាខ្ញុំ សូមយក​ឱ​កាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ និងអបអរសាទរជាមួយជ័យលាភីទាំងអស់គ្រប់កម្រិត ដែលទទួល​នូវ​សញ្ញាបត្រនៅថ្ងៃនេះ។ នេះមិនមែនជារឿងធម្មតាពេកទេ បើទោះបីជារៀនដោយអាហារូបករណ៍ ឬរៀន​បង់​ថ្លៃ វាសុទ្ធតែយើងចំណាយពេលវេលា ចំណាយធនធាន និងចំណាយកម្លាំងទើបអាចទៅរួច ដែលខ្ញុំសូមយក​ឱកាសនេះអបអរសាទរជាមួយនឹងធនធានមនុស្ស ដែលយើងទទួលបាននៅក្នុងពេលនេះ។ ឆ្នាំថ្មីជា​មួយ​នឹង​ជោគ​ជ័យថ្មី ពិតមែនហើយអស់លោក លោកស្រីមួយចំនួន ក្មួយៗមួយចំនួន ក៏បានចេញធ្វើការហើយដែរ តាមការសិក្សា គឺមានបរិញ្ញាបត្រចំនួន ៨៥,៨១ ភាគរយ ដែលបានចូលធ្វើការ និងបរិញ្ញាបត្រជាន់ខ្ពស់ ៩៨,៤០ ភាគរយ ដែលមានការងារធ្វើ យើងត្រូវបន្តការខិតខំដើម្បីឲ្យមានការវិនិយោគកាន់តែច្រើនទៀត ដើម្បី​បង្កើត​ការងារ។

ចិន និងហ្វីលីពីន និយាយគ្នា ធ្វើអោយការសម្រេចនៃតុលាការ ស្មើនឹងក្រដាសសមួយសន្លឹក

… ទោះ ដូណាល់ ត្រាំម៍ គាត់ថាម៉េចថាទៅចុះ តែខ្ញុំមិនជឿថាគាត់យកអារោងចក្រកូកាកូឡាទៅវិញទេ។ សូម​បើក​វង់ក្រចកបន្តិច នៅ World Economic Forum ខ្ញុំ(បាន)ប្រដៅសាកលវិទ្យាល័យដល់ទៅ ២ … គាត់ ហ្នឹងគឺ សាកលវិទ្យាធិការរបស់សាកលវិទ្យាល័យមួយនៅឯអង់គ្លេស អត់ទាំងដឹងពីសមុទ្រចិនខាងត្បូង បែរ​មុខទៅណាផង ហើយនិយាយកើតថា បណ្តឹងទៅតុលាការមជ្ឈកម្មជាការចង់បានរបស់សមាជិក​អា​ស៊ាន។ បាន​ខ្ញុំថាទេអត់ទេ។ ខ្ញុំថាចិន និងហ្វីលីពីន គេនិយាយគ្នា (ការសំរេចរបស់តុលាការ)​វាស្មើ​ក្រ​ដាស​មួយ​សន្លឹក​អត់​បាន​ការ​ទៅហើយ។ និយាយអំពីសាកលវិទ្យាធិការម្នាក់នៅក្នុងអាស៊ានយើង ពេលហូបបាយ​ជុំគ្នា​ច្រើន​ណាស់។ នាយករដ្ឋមន្រ្តីវៀតណាមគាត់អ្នកបើក ឯខ្ញុំអ្នកបិទកន្ទុយ។ ប៉ុន្តែនៅក្នុង​ចន្លោះ​ហ្នឹង​គឺ​ពិភាក្សា​ដេញ​ដោល និងពិភាក្សាតាមតុ បន្ទាប់ទៅបានអ្នកពិភាក្សាតាមតុ​ហ្នឹងគេរាយការណ៍ជូន​អ្នកសម្រុះ​សម្រួល។ ឯខ្ញុំ​បិទ​កន្ទុយ។ ខ្ញុំអត់វាមិនបានត្រង់សាកលវិទ្យាធិការប៉ុណ្ណាប៉ុណ្ណី ទៅថាអាមេរិក និងចិនច្បាស់ជា​ប្រ​យុទ្ធ​គ្នា​ហើយ។ អញ្ចឹងដាក់អាស៊ានទៅជាតំបន់គ្រោះថ្នាក់ អញ្ចឹងបន្តទៅទៀតមានអ្នកបន្ទរថា ដំរីជល់គ្នា ងាប់សង្អារ ស្រមោច …ឥឡូវនិយាយឲ្យត្រង់តែម្តងទៅ សា​កល​​វិទ្យាធិការ (នៃសាលា)លីក្វាន់យូ ទៅទៀត ដែល​គេហៅ​ថា សាលាល្បី […]។

បើលោក ដូណាល់ ត្រាំម៍ ចង់(វ៉ៃ) ក៏ចិនមិនចង់ជាមួយដែរ

… លោកនិយាយអំពីចិន និងអាមេរិកវ៉ៃគ្នា វាងាប់អីអាស៊ាន បើសិនជា ដូណាល់ ត្រាំម៍ ដែលប៉ុន្មាន​ម៉ោង​​ខាងមុខ​នេះ​នឹងចូលកាន់អំណាច គាត់ចង់(វ៉ៃ) ក៏ចិនមិនចង់ជាមួយដែរ។ អញ្ចឹងអាស៊ានជាដៃគូពាណិជ្ជកម្ម ជាមួយចិន ហើយប្រសិនបើ ដូណាល់ ត្រាំម៍ គាត់ចង់ ក៏វិស័យឯកជនរបស់អាមេរិកមិនព្រមដែរ ព្រោះគេវិនិ យោគច្រើនណាស់។ ម្យ៉ាងទៀត ចិនជាប្រភពលុយដែលអោយអាមេរិកខ្ចីច្រើនជាងគេ ព្រោះនៅលើពិភព លោកអាមេរិកជំពាក់បំណុលច្រើនជាងគេបង្អស់។ ពិភពលោកនេះ មិនមែនខ្មែរជំពាក់បំណុលគេច្រើនទេ អា មេរិកជំពាក់ច្រើន បើកមើលក្នុងវ៉េបសាយត៍លមើល … ម្នាក់ជំពាក់ ៦ ម៉ឺន … ខ្មែរទើបតែនឹងជំពាក់​​ប៉ុន្មាន​រយ​​ទេ​ក្នុងម្នាក់។ ម៉េចមិនទៅថាអាមេរិកផង។ បំណុលដែលអាមេរិកជំពាក់គេច្រើនបំផុត គឺជំពាក់ចិន។ ដូច្នេះ គេ​ត្រូវ​រកវិធានការណ៍ដើម្បីសម្របសម្រួលទំនាក់ទំនងរវាងចិន ជាមួយអាមេរិកហើយ។

បើមិនធ្វើមិត្តនឹងចិន អាស៊ាន មានតែមិត្តនឹង គីម ជុងអ៊ុន

ម៉្យាងទៀតអាស៊ាន​ក៏រក​ស៊ី​​ជា​មួយ​អាមេរិកដែរ។ ប៉ុន្តែបើសិន ដូណាល់ ត្រាំម៍ គាត់នៅតែបង្ខំ គាត់ត្រូវតែធ្វើមិត្ត គីម ជុងអ៊ុន នៅកូរ៉េ​ខាង​ជើង។ ឧទាហរណ៍ ផលិតឡាន គាត់ថា ប្រជាជនអាមេរិកត្រូវតែជិះឡានអាមេរិក ហាម​ចូលឡានពីអង់គ្លេស ពី​អាឡឺម៉ង់ ពីស៊ុយអែត ពីជប៉ុន … អញ្ចឹងវាមានតែទៅធ្វើមិត្ត គីម ជុងអ៊ុន។ អា​ហ្នឹង​ខ្ញុំនិយាយអញ្ចឹង។ ប៉ុន្តែមួយទៀត អាស៊ានរបស់យើង និងសមាជិកមួយៗ​របស់អាស៊ានមិនគួរ​ត្រូវ​ក្លាយ​ជា​ស្មៅសម្រាប់ដំរីជាន់ទេ។ ក្រោយមកមកចាប់ដៃជាមួយខ្ញុំសុំទទួលស្គាល់ការវិភាគ ហើយនិយាយសរសើរ​អា​ស៊ានថា អ្វីដែលខុសគេ គឺអាស៊ានមានសាមគ្គី។ រឿងអីអាស៊ានបណ្តោយខ្លួនឲ្យអាមេរិក និងចិនវ៉ៃគ្នាហើយ ទៅជានៅក្រោមជើងចិន នៅក្រោមជើងអាមេរិក។ ម្យ៉ាងទៀត បើអាមេរិកចង់វ៉ៃចិន ក៏ចិនមិនវ៉ៃជាមួយដែរ។ ឯ​ចិន​ក៏មិនចាត់ទុកអា​ស៊ាន​គឺជា​កន្លែង​ដែលខ្លួនត្រូវជាន់ហ្នឹង គឺជាដៃគូពាណិជ្ជកម្ម។

TPP មានចរិតបំបែកបំបាក់

ខ្ញុំនិយាយ ៣ ម៉ោងមុនពេលដែល ដូណាល់ ត្រាំម៍ ចូលកាន់អំណាច។ ខ្ញុំថាខ្ញុំចង់ឲ្យថា TPP នោះវាងាប់ ព្រោះមានចរិកបំបែកបំបាក់។ រឿងអី អាស៊ាន ១០ ប្រទេស យកតែ ៤? គេសួរអំពីអនាគត TPP ក្នុង​ដំ​ណាក់​កាល ដូណាល់ ត្រាំម៍។ បានខ្ញុំចង្អុលទៅខាងវៀតណាមថា ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ទោះបី​ឯក​ឧត្តម​ជាសមាជិក TPP ក៏ដោយ ប៉ុន្តែ TPP វាមានទាន់កើតឯណា? ឯកឧត្តមមានទាន់ងាប់ឯណា អញ្ចឹង​បើ​វា​ងាប់ទៅវិញ អោយវាងាប់ទៅ។ចរិកបំបែកបំបាក់របស់ TPP មិនគួរឲ្យវារស់ទេ។ ប៉ុន្តែឥឡូវ ដូណាល់ ត្រាំម៍ (បាន​ចុះហត្ថលេខាលើ)ក្រិតទីមួយលុបចោល Obamacare សេចក្តីសម្រេចទី ២ ដកខ្លួនចេញពី TPP ឥឡូវ​គេហៅ(បញ្ច្រាស)ទៅជា PTT វិញ ឬ POLITICAL TRADE TRUMP … ឥឡូវកំពុងវ៉ល់ … បាតុកម្ម​មិន​ព្រម​ឈប់  […]

ពិភពលោក កំពុងតែសាមគ្គីគ្នា

… អាស៊ានមិនគួរបណ្តោយខ្លួនធ្វើឲ្យគេជាន់ទេ។ ម៉្យាងទៀត អាស៊ានមានយន្តការរបស់ខ្លួនសម្របសម្រួល​ជា​មួយនឹងបណ្តាប្រទេស ជាក់ស្តែងដៃគូនៅប្រទេសក្រៅមកប្រជុំលើទឹកដីអាស៊ាន ដូចជាអាស៊ានបូកអាមេ​រិក អាស៊ានបូកឥណ្ឌា អាស៊ានបូកអូស្រ្តាលី អាស៊ានបូកញូវហ្សឺលេន អាហ្នឹងមិនមែនប្រចាំឆ្នាំទេ អាហ្នឹងយូរៗ​ម្តង។ ឥឡូវ អូស្រ្តាលីត្រូវខួបឆ្នាំនេះ អាស៊ាន-ចិន អាស៊ាន-ជប៉ុន និង អាស៊ាន-កូរ៉េខាងត្បូង ជាយន្តការ​ដែល​ល្អ​បំផុត។ តែនិយាយខុស កុំថាខ្មែរ បរទេសក៏ថាឲ្យដែរ។ ដល់ថ្ងៃមួយទៀត គេថា អាស៊ាននៅលើកំណាត់ផ្លូវ​នៃ​ពិភពលោកបែកបាក់។ ខ្ញុំថា គួរតែកែតម្រូវប្រធានបទហ្នឹងទៅ។ ពិភពលោកសព្វថ្ងៃនេះ មានសាមគ្គីភាពគ្នា​ទៅ​​វិញទេ។ សាមគ្គីលើអី លើការប្រយុទ្ធជាមួយនឹងភេរវកម្ម លើការប្រយុទ្ធទៅលើការប្រែប្រួលអាកាសធាតុ លើការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន លើការប្រយុទ្ធនឹងជំងឺឆ្លងជាដើម។ អាហ្នឹងសុទ្ធតែសាមគ្គីគ្នាហើយ។ឯរឿងដូណាល់ ត្រាំម៍ គាត់និយាយ និងអង់គ្លេសចេញពីអឺរ៉ុប វាជារឿងអន្តរកាលខ្លីៗទេ។

អាស៊ានគ្មានបងធំទេ ប៉ុនគ្នាទាំងអស់

មានសំណួរថា​តើ​អាស៊ាន មានអ្នកណាចង់ដកខ្លួនចេញទេ? ខ្ញុំលើកដៃ អត់ឲ្យនាយករដ្ឋមន្រ្តី​វៀត​ណាម​ឆ្លើយ​ទេ។ ខ្ញុំ​ឆ្លើយ។ ខ្ញុំ​ថា លោកគួរតែដាក់សំណួរថា នៅអឺរ៉ុប អ្នកណានឹងដកខ្លួនបន្ទាប់ពីអង់គ្លេស។ កុំដាក់​សំ​ណួរ ថាអ្នកណាដកខ្លួនចេញពីអាស៊ាន ព្រោះអាស៊ានគ្មានបងធំទេ បានខ្ញុំប្រាប់ពីមូលហេតុ​ដែលកម្ពុជា​ចូល អាស៊ាន។ អញ្ចឹងសូម្បីតែមកវេទិកាចំហរ ក៏ខ្ញុំនិយាយដែរ … ព្រោះវាមាន។ បន្តិចទៀត បើថាកូន ឡឺប៉ែន (LE PEN) ជាប់ឈ្មោះជាប្រធានាធិបតីនៅបារាំង (នឹងមានការ)ដកខ្លួនចេញទៀតជាកម្មវិធីនយោបាយ។ សម្រាប់ ការបោះឆ្នោតរបស់បារាំងរបស់បក្ស LE PEN វាមានអ្នកខ្លះចង់ចេញទាំងអស់ អ្នកខ្លះគ្រាន់តែចង់ចេញ​ពី​តំ​បន់​ចាយប្រាក់អឺរូ។ ស្មុគ្រស្មាញ ដូចក្តាមដាក់ចង្អេរ មកពីមានបងធំ។ តែអាស៊ានអត់មានបងធំ(ទេ) ប៉ុនគ្នា​ទាំង​អស់ […]

លើកលែងអាយុ សម្រាប់វេជ្ជបណ្ឌិតឯកទេស និងវេជ្ជបណ្ឌិត ប្រឡងចូលក្របខណ្ឌ

… អំពាវនាវឲ្យមានការបន្តការរៀនសូត្រ ហើយក្រៅពីនេះ សុំអភ័យទោសឯកឧត្តម សាកលវិទ្យាធិការក៏ដូចជា ឯកឧត្តមរដ្ឋមន្រ្តីអប់រំ ក៏ដូចជាព្រះតេជព្រះគុណ ខ្ញុំព្រះករុណាខ្ញុំ សុំយកពេលបន្តិចដើម្បីនឹងនិយាយបញ្ហា​មួយចំនួន ទី ១ ទាក់ទងជាមួយនឹងកំណែទម្រង់រដ្ឋបាល ដែលខ្ញុំព្រះករុណាខ្ញុំ បានធ្វើការរឿងនេះជាមួយនឹង​ឯក​ឧត្តម ពេជ្រ ប៊ុនធិន ថ្ងៃ ២៤ ខែ មករា ២០១៧ កន្លងទៅ បានចុះហត្ថលេខាលើអនុក្រឹត្យមួយទាក់​ទង​ជា​មួយ​នឹងបញ្ហាស្តីពីការលើកលែងលក្ខខណ្ឌអាយុ និងការកំណត់អាយុ បេក្ខជនចូលរួមប្រឡងប្រជែងជ្រើស​រើស​ចូលក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល […]

កន្លងទៅ លំបាកណាស់ មានមនុស្ស តែយើងអត់ប្រើ ដោយសារតែអារឿងអាយុហ្នឹងឯង។ មានមួយនោះ​ដែល​គាត់សរសេរមកមិនដឹងប៉ុន្មានដងទេ ប៉ុន្តែ ខ្ញុំមិនឆ្លើយ តែថ្ងៃមួយត្រូវតែឆ្លើយហើយ​ព្រោះរៀបចុះ​ហត្ថ​លេ​ខា … គាត់ថា សម្តេចកាលពី ២៦ កញ្ញា ឆ្នាំ ២០១៦ ខ្ញុំបានសុំក្របខណ្ឌពិសេសសម្តេចមួយ ប៉ុន្តែ​សម្តេច​មិន​ឃើញ​ឆ្លើយ … ខំទៅវៃកូនគោល … មកតាមឡានវៃអាហ្នឹងឆ្លើយតែម្តង ប្រាប់ថាប្រហែលជាចម្លើយរបស់ពូ​ធ្វើ​​ឲ្យ​ក្មួយ​ខកចិត្ត បើពូផ្តល់ជូនក្មួយ ពូក៏ត្រូវផ្តល់ចំពោះអ្នកដទៃទៀត ដែលមានសំណើអញ្ចឹងមក។ សូមក្មួយ ដាក់​ពាក្យប្រឡងទៅ។ ដល់ទៅមាន reply ចេញទៅ មានអ្នកចូលទៅ comment ត ថាគាំទ្រៗ ប៉ុន្តែ​សម្រាប់​ខ្លួន​គាត់ៗ ថាខ្ញុំលើសអាយុ ២ ឆ្នាំ។ ផ្តាំតាមកញ្ចក់ទូរទស្សន៍តែម្តងទៅ មិនបាច់តាមហ្វេសប៊ុកទេ ឥឡូវបើ​និយាយ​ពី​ក្រប​ខណ្ឌពេទ្យ គឺលើកលែងអាយុទាំងអស់តែម្តង។ ក្របខណ្ឌពេទ្យ ៣០ មុខតំណែងវិជ្ជាជីវៈ។

ដូច្នេះ វាគ្របដណ្តប់ស្ទើរតែអស់ហើយ។ អ្នកបច្ចេកទេសសុខាភិបាល គិលានុបដ្ឋាកបឋម ឆ្មបបឋមស្អីៗទាំង អស់ មិនមែនឲ្យជាស្វ័យប្រវត្តិទេ។ ឲ្យចូលប្រឡង។ បងប្អូនខ្លះចូលមក comment ថា សម្តេចឲ្យទាំងអស់តែ ម្តងទៅ។ បើអញ្ចឹងរដ្ឋបាលយើងវាទៅជាស្អី។ ប្រទេសកម្ពុជាទាំងមូលសុទ្ធតែមន្ត្រីរាជការទាំងអស់ អត់មាន​កសិ​ករ កម្មករ ឬពាណិជ្ជករទេ។ សូមមេត្តាអភ័យទោស សូមប្រឡង ប៉ុន្តែបើចំហរធំជាង។ កាលពីមុន យើងកំណត់ត្រឹមតែ ៣០ ឆ្នាំទេ ក្រោយមកយើងឲ្យវេជ្ជបណ្ឌិតឯកទេសឡើងទៅ ៣៥ ឆ្នាំ ប៉ុន្តែ​ដល់យើងឲ្យវេជ្ជ​បណ្ឌិត​ឯកទេស ៣៥ ឆ្នាំ ​វេជ្ជបណ្ឌិតគាត់ទារដែរ​ គាត់រៀន ៨ ឆ្នាំដែរ បានវេជ្ជបណ្ឌិត … ទូរស័ព្ទ ទៅបង ម៉ម ប៊ុនហេង ហើយទូរស័ព្ទទៅបង ពេជ្រ ប៊ុនធិនៗ ថាលើកលែងអាយុតែម្តងទៅ។ អាហ្នឹងកាន់តែស្រួលហើយ ប៉ុន្តែ​មានអ្នកចូលមក comment ថា​ចុះគិតអាយុចូលនិវត្តយ៉ាងម៉េច? គិតដំណាក់កាលចូលនិវត្តទៅតាម​ហ្នឹង​ទៅ។ ធ្វើបានតិចស៊ីប្រាក់ខែតិចទៅតាមហ្នឹងទៅ។ ធ្វើម៉េចបើវាអញ្ចឹង […]

មិនកំណត់អាយុ ចំពោះមន្ត្រីរាជការដែលចង់ប្រឡងប្តូរក្របខណ្ឌ

ការលើកលែងទី ២ លើកលែងអាយុអត់កំណត់ គឺមន្ត្រីរាជការដែលប្រឡងដូរក្របខណ្ឌ ពីដើមគិតអាយុ ឥឡូវ​អត់​គិតអាយុទៀត។ មាត្រាទី ៥ បេក្ខជនជាមន្ត្រីរាជការដែលចូលរួមប្រឡងប្រជែងជ្រើសរើស​បម្រើ​ការ​ងារ​ក្នុង​ប្រ​ភេទក្របខណ្ឌផ្សេង ត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ ឧទាហរណ៍ កំពុងនៅក្នុងខាងវិស័យអប់រំ ប៉ុន្តែ​ចង់​ទៅធ្វើអ្នកសេដ្ឋកិច្ចម្តង ចង់ទៅប្រឡងធ្វើគយ ត្រូវបានលើកលែង(មិនកំណត់អាយុ) … អញ្ចឹងមានអ្នកខ្លះ សួរថា … ដូចអត់មានត្រកូលហ៊ុននៅក្រសួងសេដ្ឋកិច្ច។ ខ្ញុំថា ជៀសអាហ្នឹង អត់ឲ្យត្រកូលហ៊ុនណាមួយ​ទៅ​នៅ​ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គយ ពន្ធដារ អត់មានទេ។ គេជេរងាប់។ ម្យ៉ាងកូនរបស់ខ្ញុំអត់​មាន​ជំ​នាញ​ខាង​ហ្នឹង។ មាន ម៉ាណែត មួយដែរ​ គេធ្លាប់ទៅធ្វើការនៅធនាគារពិភពលោក មិនមែនបានសេចក្តីថា ពួកនេះគេ​មិន​ចេះ​សេដ្ឋកិច្ចទេ។ ក៏ប៉ុន្តែ​​ខ្ញុំមិនចង់ឲ្យទៅពាក់ព័ន្ធ។ ប៉ុណ្ណឹងហើយ គង់តែជេរទៀត។

… ឯសម្រាប់ថ្នាក់បណ្ឌិតដែលប្រឡងចូលក្របខណ្ឌផ្សេងក្រៅពីក្របខណ្ឌពេទ្យ ថ្នាក់បណ្ឌិតក៏ត្រូវបាន​លើក​លែង​អាយុដែរ។ ធម្មតា តែរៀនបានបណ្ឌិត គឺអាយុតែងតែច្រើនហើយ ព្រោះខ្លះចេញមកធ្វើការសិន បានទៅ​យកបណ្ឌិតក្រោយ។ ប៉ុន្តែត្រូវមាននិក្ខេបទមកជាមួយ។ កុំកាន់តែសញ្ញាបត្រមកជាមួយ។ អត់(ប្រហែស)បាន​ទេ។ ខ្លះឮតែបណ្ឌិតៗ អត់និក្ខេបទ។ កុំលេងឲ្យសោះ។ អត់ត្រូវបានលើកលែងទេ។ មើលឲ្យស្រួលកន្លែងហ្នឹង ប្រយ័ត្នបណ្ឌិតអត់និក្ខេបទ។ បេក្ខជនដែលបរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ ឆ្នាំ។ ក្នុងចំណោមហ្នឹង មានអ្នកដែលមានអាយុលើស ៣០ ឆ្នាំ ដែលមុននេះហាមឃាត់មិនឲ្យប្រឡង ឥឡូវបានប្រ​ឡង។ ឯអ្នកដែលមានបរិញ្ញាបត្រ ឬសមមូល មានអាយុច្រើនបំផុត ៣៥ ឆ្នាំ។ អញ្ចឹងយើងកំណត់បែបនេះ ដើម្បីយើង កៀរគរធនធានមនុស្សយកមកសម្រាប់បម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នេះជាសារជម្រាបជូន ហើយសូមអភ័យទោសពីក្មួយៗទាំងឡាយដែលស្នើសុំក្របខណ្ឌជាស្វ័យប្រវត្តិ។ បើ​យើង​(បាន)ក្របខណ្ឌជាស្វ័យប្រវត្តិ ហើយបើពូឲ្យមួយ ក្មួយអើយមកទាំងអស់ហើយ។ អញ្ចឹងសូមមេត្តាយោគ​យល់​ដល់​ការលំបាករបស់ពូផង ហើយសង្ឃឹមថា ក្មួយៗដាក់ពាក្យប្រឡង។ ធម្មតាប្រឡងមានជាប់មាន​ធ្លាក់ នេះជាបញ្ហាទី ១ ដែលខ្ញុំចង់និយាយ។

បុគ្គលិក Global Witness ម្នាក់ បង្កបញ្ហា ដោយសារតែរឿងផ្ទាល់ខ្លួន

រឿង Global Witness ខ្ញុំប្រកាសពីដាវ៉ូសមក។ ចាប់ផ្តើមខ្ញុំនិយាយជាសាធារណៈ រឿង ​Global Witness ដែល​យើង​បណ្តេញចេញគឺចាប់ផ្តើមពីស្រីជាបុគ្គលិកម្នាក់កូនកាត់ខ្មែរបារាំងទៅយកប្តីគេ ដល់គេតាមដល់ផ្ទះ ទៅ​ចោទ​ថា ពួកកាប់ឈើរករឿង។ អតីតអគ្គរដ្ឋទូតអង់គ្លេសដឹងរឿងហ្នឹងច្បាស់។ ខ្ញុំមិន​បញ្ចេញឈ្មោះអគ្គ​រដ្ឋ​ទូត​មួយ​ណាទេ។ រឿងចេះតែកើត។ យើងឈប់ឲ្យធ្វើការទៅ។ ហើយមកតាមរករឿងខ្ញុំឯណា​ សុទ្ធតែ​បណ្តាញ​លក់​ជាតិ បានមួយនោះចុះមកថា “នោះអាបីនាក់ អាចោរលក់ជាតិ អាកណ្តាលខូចជាងគេ”។ រួចអញ្ចឹងៗ ពេល​ដែល​យើងវ៉ៃបកត្រឡប់ទៅវិញ ថាយើងអគុណធម៌ ហើយអ្នកវិភាគមួយចំនួនអត់យល់ថា(ការនិយាយ​បែប)​ហ្នឹង​​អគុណ​ធម៌ទេ។ ចំណាស់បង ជា ស៊ីម ចំណាស់​បង ហេង សំរិន បង្កើតក្បាលវាបាន វាហៅអាបី​នាក់ អា​ចោរ​លក់ជាតិ អាកណ្តាលខូចជាងគេ គឺខ្ញុំ។ រួចចុះមិនថាភាសាហ្នឹងអសុរសផង?

សូមកុំបង្កើតរដ្ឋលើរដ្ឋ, កុំបង្កើតសភាពីរ

… សូមផ្តាំទៅលោក សុន ឆ័យ។ លោកមិនព្រមចូលសភាទេ។ លោកទៅប្រជុំកាសែត។ ហើយលោក​ប្រ​កាស​ថា លោកអត់ទទួលស្គាល់សេចក្តីសម្រេចការធ្វើវិសោធនកម្មរបស់រដ្ឋសភាទេ។ បើលោកចិត្តសឿង លោកត្រូវ​អនុ​វត្ត។ កុំទទួលស្គាល់ បន្ទាប់ពីបទបញ្ជាផ្ទៃក្នុងចូលជាធរមាន ហើយប្រធានសភាប្រកាសឲ្យប្រើ រួច​ហើយ​ប្រ​ធានសភាត្រូវលុបចោលសេចក្តីសម្រេចតែងតាំងទាំងប្រធានក្រុមតំណាងរាស្ត្រទាំងប៉ុន្មាន ទាំងសម្តេចក្រ​ឡា​ហោម ទាំង កឹម សុខា ស្អីៗ … លោកដើរប្រកាសខ្លួនឯងថា ​ជាប្រធានសម្លេងភាគតិចទៀតមើល លោក​ចង់​សាក​មើល។ លោកថា លោកអត់ទទួលស្គាល់។ ប្រជាធិបតេយ្យគេភាគច្រើនតើ។ តែភាគច្រើនគេសម្រេច​ហើយ អាហ្នឹងបានហើយ។

ដូច ដូណាល់ ត្រាំម៍ (បានធ្វើ) អ្នកណាធ្វើអីធ្វើទៅ ស្រេចតែ ដូណាល់ ត្រាំម៍ ស៊ីញ៉េ​លុប​គ្រ​វាត់​ចោល។ ហ្នឹង​ជា​ឧទាហរណ៍មួយ។ សមិទ្ធផលរបស់អូបាម៉ា រហូតទៅដល់មាន government shutdown អត់​លុយចាយ​តែ​ម្តង ដោយសារតែ Obamacare ត្រូវមួយប៉ប្រិចភ្នែក ដូណាល់ ត្រាំម៍ លុបចោល ប្រជាជនអា​មេរិក​ដែល​បោះ​ឆ្នោត​ឲ្យ ដូណាល់ ត្រាំម៍ ក៏បាត់បង់នូវផលប្រយោជន៍ពី Obamacare ដែរ។ ជាឧទា​ហរណ៍​នៃការផ្លាស់ប្តូរ។ អ្នកឯងមើលទៅ។ សូមផ្តាំទៅ ទី ១ គឺលោក សុន ឆ័យ លោកចង់សាក លោកធ្វើមើល។ រដ្ឋនេះគឺរដ្ឋ។ លោកកុំបង្កើតរដ្ឋលើរដ្ឋ។ កុំបង្កើតសភាពីរ។ សភាមួយនៅចាក់អង្រែ … បើលោកចិត្តជា​កូន​ប្រុស ក្រោយ​ពេល​ដែលសម្តេចប្រធានសភាប្រកាសលុបចោលការតែងតាំងទាំងឡាយហើយ លោកដើរប្រ​កាស​ខ្លួន​ឯង​ទៅ។ ធ្វើម៉េចក៏ដោយ កុំឲ្យចូលក្នុងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ អាហ្នឹងគេចាប់អត់មាន​ពេល​ថយ​ក្រោយ​ទេ។ មិនមែន​ជាការគំរាមទេ […]

លក្ខខណ្ឌ ២ មុននឹងអនុញ្ញាតឲ្យរដ្ឋមន្ត្រីទៅឆ្លើយ

មួយទៀត លោកស្រែកម្តងហើយម្តងទៀត អំពីការអញ្ជើញសមាជិករាជរដ្ឋាភិបាល ៣ នាក់ រួមមាន​រដ្ឋ​មន្ត្រី​ការ​ពារជាតិ រដ្ឋមន្ត្រីការងារ និងរដ្ឋមន្ត្រីកសិកម្មឲ្យទៅឆ្លើយ។ ខ្ញុំបានប្រតិកម្មពីម្សិលថា ឲ្យអ្នកឯងទៅគោរព​ច្បាប់​សិនទៅ។ ចូលសភាសិន … បណ្ឌិតមែនទែន ឬបណ្ឌិតលេងៗ ឈ្មោះ មាស នី? គាត់និយាយថា មាត្រា ៩៧ នៃរដ្ឋធម្មនុញ្ញចែងថា គណៈកម្មាការទាំងឡាយរបស់រដ្ឋសភាអាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺ​អំពីបញ្ហាអ្វី​មួយ​ដែល​ពាក់ព័ន្ធនឹងវិស័យដែលទទួលខុសត្រូវ … ខ្ញុំដឹងតើ។ សភាហៅខ្ញុំទៅ ក៏ប៉ុន្តែបក្សប្រឆាំងហៅ ខ្ញុំមិនទៅ ហើយ អេង ឆៃអ៊ាង ថាអត់ទាន់ផ្លូវការទេ ចុះបើមិនទាន់ផ្លូវការ លោកឯងនិយាយធ្វើអី? និយាយនាំ​មានរឿង […] មានលក្ខខណ្ឌ ២ យ៉ាង មុននឹងឲ្យរដ្ឋមន្ត្រីទៅឆ្លើយ។ លក្ខខណ្ឌទី ១ បក្សប្រឆាំងត្រូវចូលធ្វើ​ការ​ពេញ​លេញ​ក្នុងសភាសិន។ បើអ្នកឯងមិនចូលទេ មិនបាច់ទេ។ ប៉ុន្តែ ប្រសិនប្រធានខាងគណៈកម្មការ​ខាង​គណ​បក្ស​ប្រ​ជាជនដែលគេធ្វើការពេញលេញហៅទៅ អាហ្នឹងទៅ។ នៅក្នុងនេះ ខ្ញុំមាននិយាយអំពីរឿងសភាមិនសភាឯ​ណា ខ្ញុំនិយាយពីបក្សប្រឆាំង។ អ្នកឯងត្រូវគោរពច្បាប់ […] គេថា “ក្រុមសមាជិកសភាគណបក្ស​សង្រ្គោះជាតិ​ចូល​​ប្រជុំសភា លុះណាតែមានផលប្រយោជន៍ដល់សាធារណៈ មិនចូលប្រជុំដើម្បីធ្វើឱ្យសភា​ចុះ​ខ្សោយ​ទេ”។ ឥឡូវ​លោកឯងបកស្រាយមក ថាមួយណាប្រយោជន៍ មួយណាមិនប្រយោជន៍? លោកឯងចូលទៅអង្គុយទៅ លោកឯងកុំតែលើកដៃទៅវាចប់ហើយ ចាំបាច់លោកឯងនៅក្រៅសភា ហើយប្រជុំកាសែត។ បើលោកឯង​ធ្វើ​របៀប​ហ្នឹង លោកឯងមិនបាច់និយាយទេ […]

លក្ខខណ្ឌទី ២ ឆ្លើយងាប់ទាំងខ្លួនទៀតក៏មិនត្រូវចិត្តគេដែរ។ បើសិនជាបន្តទុកឱ្យសួររួចហើយ រួចហើយ​បូក​សរុប​នៅហ្នឹងថា ឆ្លើយល្អណាស់ ដល់ចេញមកខាងក្រៅថាចម្លើយនេះគ្មានបានការ។ ហ្នឹងគឺអត់ឱ្យទៅឆ្លើយទេ ព្រោះវាបាត់បង់តម្លៃរដ្ឋមន្ត្រីជាសមាជិករបស់រាជរដ្ឋាភិបាល និងបាត់បង់តម្លៃសភា។ ឯភាពបានការរបស់គេ គឺ​ជា​សំដីរបស់អ្នកនិយាយជាមួយកាសែតឯណេះទៅវិញ។ អញ្ចឹងខ្ញុំមិនឱ្យសមាជិករាជរដ្ឋាភិបាលទៅឆ្លើយ​ទេ […] បើចាំបាច់ត្រូវធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង  និយាយពីកន្លែងហ្នឹង​តទៅ​ទៀត ក៏ត្រូវតែធ្វើដែរ។ ហៅទៅ​សួរ។ ​គ្នាប្រឹងណាស់ … ប៉ុន្តែពេលដែលគ្នាឆ្លើយរួច ពេលប្រជុំខាងក្នុងស្រួលទេ ដល់ចេញមកវិញ គេប្រើវេទិកា​សារ​ព័ត៌មានវាយប្រហារ។ អញ្ចឹងប្រជុំហ្នឹងបានការអី? ឥឡូវបើថាមានការអីខ្ទប់ទ្វារវ៉ៃគ្នានៅក្នុងហ្នឹងតែម្តងទៅ ប៉ុន្តែមិនមែនវ៉ៃដៃទេ វ៉ៃពាក្យសំដីឆ្លងឆ្លើយគ្នាឱ្យជាប់ ហើយថតខ្សែអាត់ទាំងអស់។ កុំឱ្យខូចពេក។

ខ្ញុំនៅតែគោ​រព​វិធានស្តីពីការឆ្លើយនៅសភា តែសមាជិកសភាណាដែលធ្វើការពេញលេញកោះហៅ ដោយមាន​ការ​យល់​ព្រមពី​ប្រធានសភា អាហ្នឹងខ្ញុំឱ្យទៅ។ ប៉ុន្តែ ខ្ញុំត្រូវមើល តើពួកហ្នឹងចូលធ្វើការឫអត់ បើមិនចូលទេ​យើង​​មិន​បាច់​ទៅឆ្លើយទេ។ ទៅឆ្លើយជាមួយតែអ្នកណាធ្វើការបានហើយ។ ឆ្លើយជាមួយសមាជិកសភា ដែល​គេ​ធ្វើការ​ជា​មួយសភា មិនមែនធ្វើការនៅស្នាក់ការបក្សនោះទេ… ខ្ញុំអត់យល់  តើគេចង់និយាយថាម៉េច  មាន ផល​ប្រយោជន៍ និងអត់ផលប្រយោជន៍។ អញ្ចឹង អ្នកឯងអត់ចូលប្រជុំរហូត។ ខ្ញុំស្នើសុំថា ត្រូវយកវិធានការចាំ​បាច់។ ខ្ញុំមិនមែនបំពានសភាទេ។ ខ្ញុំក៏ជាសមាជិកសភាដែរ ហើយជាមេនៃបក្សកាន់អំណាចត្រួតត្រាលើ​សមា​ជិកសភានៃបក្សកាន់អំណាច […]

វិសោធនកម្មច្បាប់ស្តីពីការបង្កើតបក្សនយោបាយ

ល្ងាចនេះប្រជុំហើយ .. ឥឡូវធ្វើម៉េចវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយឱ្យបាន។ ខ្ញុំបានទាក់ទងទៅបង ឯក សំអុល និង កើត រិទ្ធ។ ច្បាប់យើងនៅធូររលុងណាស់។ ច្បាប់នេះបង្កើតតាំងពីឆ្នាំ ១៩៩៨ ដើម្បី​បង្កើត​បក្ស​នយោបាយស្អីៗហ្នឹង ហើយមកដល់ឥឡូវគឺវាហួសសម័យហើយ។  ជិត ២០ ឆ្នាំហើយ។ មានប្អូនប្រុស​ម្នាក់​គាត់ផ្តល់យោបល់ ហើយខ្ញុំជូនយោបល់នេះទៅឱ្យឯកឧត្តម ប៊ិន ឈិន គាត់និយាយត្រូវ។ បក្សនយោ​បាយ​ខ្លះបង្កើតឡើងគ្រាន់តែបង្កើត គ្រាន់តែសុំសេចក្តីសម្រេចពីក្រសួងមហាផ្ទៃដើម្បីបង្កើត តែរកតែមេដៃ ៤ ពាន់នាក់ដាក់ឱ្យក្រសួងមហាផ្ទៃ រកអត់បាន។ អញ្ចឹងទេត្រូវដាក់កំណត់ថា ប៉ុន្មាន ៦ ខែ ឬ ៧ ខែ បើរកស្នាម មេដៃដាក់មិនបានទេ បានសេចក្តីថា សេចក្តីសម្រេចនោះត្រូវនិរាករណ៍ចោល […] ហ្នឹងត្រូវកែដែរ។ នៅ​ក្នុង​បញ្ជី​របស់ក្រសួងមហាផ្ទៃសុទ្ធតែបក្សនយោបាយ បក្សខ្លះសុំបង្កើតតាំងពីឆ្នាំ ២០១៤ ឥឡូវអត់មានស្នាម​មេដៃ​ដាក់។ បក្សខ្លះមានតែឈ្មោះប្រធានបក្សនេះ ប្រធានបក្សនោះ ក៏ប៉ុន្តែអត់គ្រប់ទឹក។ អញ្ចឹងត្រូវតែកំណត់​ក្នុងការ​ធ្វើ​​វិសោធនកម្ម (ដោយ)ដាក់ថា គណបក្សនយោបាយដែលទទួលបានសេចក្តីសម្រេច​ពីក្រសួង​មហា​ផ្ទៃ​ឱ្យ​បង្កើត​បក្សនយោបាយ ក្នុងរយៈពេលប៉ុន្មានអញ្ចឹងទៅ បើមិនមានលទ្ធភាពរកស្នាមមេដៃ ៤ ពាន់នាក់ ដើម្បីគាំ​ទ្រ​ជូន​ក្រសួងមហាផ្ទៃទេ គឺសេចក្តីសម្រេចនោះត្រូវបាត់សុពលភាពតែម្តង …  អ្នកឱ្យយោបល់ហ្នឹង​សមហេតុ​សមផល […]

ឯមាត្រាមួយទៀតត្រង់ទោសទណ្ឌហ្នឹងក៏វាស្រាលដែរ។ ខ្ញុំថាយកតាមថៃតែម្តង។ អ្នកណាធ្វើខុសធ្ងន់រំលាយ​បក្ស​ចោលតែម្តង។ នៅថៃ គ្រាន់តែប៉ុន្មានឆ្នាំ រំលាយអស់បក្សប៉ុន្មានឯណោះ។ គ្រាន់តែបក្សរបស់ ថាក់ស៊ីន ពី ថៃរ៉ាក់ថៃ ត្រូវរំលាយ ហើយបានបង្កើតបក្ស កម្លាំងប្រជាជន ត្រូវរំលាយទៀត។ គ្រាន់តែ សាមាក់ ស៊ុនថារវ៉េត ទៅ​ធ្វើមេចុងភៅតាមទូរទស្សន៍ ដកតំណែងពីនាយករដ្ឋមន្ត្រី ហើយគេរំលាយបក្សទៀត  បានបង្កើតទៅជា​បក្ស ភឿថៃ ហើយក្នុងគណៈកម្មការនាយកទាំងប៉ុន្មាន ត្រូវបាត់សិទ្ធិទាំងអស់។ ហាមឃាត់ ៥ ឆ្នាំ អត់ឱ្យធ្វើបក្ស​នយោ​បាយ។ យើងលេងធុនហ្នឹងដែរមើល។ នេះមិនមែនតែគណបក្សប្រជាជនឯណា សម្រាប់បក្សទាំងអស់ រាប់ទាំងបក្សប្រជាជនធ្វើខុស រំលាយចោលបក្សហើយ ហាមឃាត់ធ្វើនយោបាយរបស់មេដឹកនាំទៀត។ កុំ​ហាមពីរបីនាក់ ហាមមួយគណៈនាយកតែម្តង ដើម្បីឱ្យរាងចាល។ មានកន្លែងខ្លះវាខុសរឿង … ដាក់ទោស​ទណ្ឌ​ត្រឹមតែផាក​ពិន័យប៉ុន្មានលានរៀល។ ចុះបើអានេះទទួល ៣ លានដុល្លារ រឿងអីខ្លាចឱ្យផាកត្រឹមអា ៣ លាន​រៀល។ អញ្ចឹង​ដាក់បញ្ឈប់សកម្មភាពបក្ស ឬរំលាយបក្សចោល​តែម្តង ព្រោះអាជ្រៀតជ្រែកបែបនេះ​មិន​តិច​ទេនៅស្រុកយើង​នេះ។

… រឿងដែលគួរឲ្យចង់សើចនៅត្រង់ថា នៅអាមេរិក​គេថារុស្ស៊ីលូកដៃកែលទ្ធផលបោះឆ្នោត។ អញ្ចឹងនៅលើ​លោក​នេះមិនមែនអាមេរិកជាអ្នកពូកែទេ។ រុស្ស៊ីពូកែ​ជាងគេទាំងអស់ ព្រោះ Hack ចូលដូរលទ្ធផល​បោះឆ្នោត​ឲ្យ ត្រាំម៍ ឈ្នះបាន។ រឿងខ្លះដូចជាគួរឲ្យចង់សើចវិលទៅវិញទាំងអស់។ បោះឆ្នោតរួចហើយបាតុកម្មក៏វិលពី​កម្ពុជា​ទៅវិញ។ គេមកបង្រៀន​កម្ពុជា​ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ ក៏វិលទៅវិញ ថាគេបន្លំសន្លឹកឆ្នោត​ក៏​វិល​ទៅវិញ។​ ត្រាំម៍ ឡើងកាន់​អំណាចហើយ ក៏គេនៅបាតុកម្ម ក៏វិលត្រឡប់ទៅវិញ។ អាហ្នឹងកម្មពៀរ។ ខ្ញុំ​ជួបនាយករដ្ឋមន្ត្រីស៊ុយអែត ខ្ញុំសួរត្រង់ៗ តែម្តងថា ម៉េចហើយអនាគតជនភៀសខ្លួននៅអឺរ៉ុប? លឺថាប្រទេស​ឯកឧត្តមក៏រងគ្រោះខ្លាំងណាស់ដែរ។ (គាត់)គ្រវីក្បាល។

… មិនដែលអ្នកណា​ឲ្យអ្នក​ទោសធ្វើប្រធានគណបក្សម៉េចទេ ហើយមិនមែន​និយាយ​លេងទេ ធ្វើ(មែន)ណា។ ម្សិលមិញចុះហត្ថលេខា​បង្កើតអាដហុកសម្រាប់​គណបក្ស​ប្រជាជនមួយ ខ្ញុំស្នើ​សុំប្រជុំតែមួយល្ងាចនេះ កុំប្រជុំ​យូរ​ពេក។ ល្ងាច​នេះប្រជុំមើលអោយហើយទៅដល់សម្រេចទៅ រួចហើយធ្វើញ្ញតិចុះហត្ថលេខាស្នើទៅ​រដ្ឋ​សភា​ទៅ […] លោកបណ្ឌិត ត្រូវមើលអោយច្បាស់ បើលោកមិនច្បាស់ទេ លោកត្រូវចាំអោយច្បាស់សិន ចាំលោក​បញ្ចេញ​មតិ។ គេនិយាយថា … ខ្ញុំមិនអនុញ្ញាតអោយ​ទៅ​បំ​ភ្លឺ​នៅ​សភាទេ។ អ្នកឯងត្រូវចូលប្រជុំសភាសិន បើ​អ្នក​ឯងមិនគោរពច្បាប់ផង ឲ្យគេ​ចូលបំភ្លឺយ៉ាងម៉េច​។ (មិន)មានថា មិនទៅ​ឯណា តែគេឲ្យលក្ខខណ្ឌទុក​ជាមុន​ឲ្យ​អ្នកឯងទៅ បើមិនចូលសភាផង។ ចាំដល់ម៉ោងហៅគេទៅសួរ​ (តែ)ដល់ពេលប្រជុំ អត់ទៅ […]

ផែនការការពារជាតិទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត មានអីខុស

… មួយនោះដាក់មកអំពី «ក ៥» … ផ្តាំទៅវិញ ដោយសារពួកលោកឯងហ្នឹងហើយ​បានវា​មាន «ក ៥» ( ដែល) ជា​ផែនការការពារជាតិ តាមរយៈការរារាំងការវិលត្រឡប់មកវិញនៃរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត … សម​(តែ)​លោកឯងទទួលខុសត្រូវលើសោកនាដកម្មរបស់ប្រជាជនកម្ពជា។  រឿងអី​ទៅ​ធ្វើសម្ព័ន្ធភាពជាមួយខ្មែរ​ក្រ​ហម មកវ៉ៃបំផ្លាញការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា? ឥឡូវ អ្នកឯងចោទ​សួរមើល កាត់ទោសខ្មែរក្រហម​ដើម្បី​អី? ដោយសារតែខ្មែរក្រហមវាអាក្រក់។ អញ្ចឹង ខ្ញុំការពារការវិលត្រឡប់នៃ​របប ប៉ុល ពត អត់មានអី​ខុស​ទេ។ ថ្ងៃនេះមានសន្តិភាពដោយសារយើង(ផ្តួល)រំលំ ប៉ុល ពត ហើយទប់​ ប៉ុល ពត មិនឲ្យមកវិញ​បាន​។ ហ្នឹង វានៅក្នុងកញ្ចប់នៃបញ្ហា។ ប្រទេសខ្លះគេផលិតដល់ទៅ​អាវុធគីមី អាមេរិកបង្ខំចិត្តវ៉ៃជប៉ុន ដោយគ្រាប់ប៉ារ៉ា​មា​ណូ ម៉េចក៏ធ្វើបាន? ឥឡូវ អាមេរិកវ៉ៃពេញទឹកដីអ៊ីរ៉ាក់ លីប៊ី និងស៊ីរី ថា​ទប់ ​ISIS ឯយើងធ្វើវិធាន​ការ​ការ​ពារ​ជាតិក៏ដើម្បីទប់ខ្មែរក្រហមដែរ។ វាដូចតែគ្នា […] អ្នកឯងជេរ ៧ មករា ស្មើនឹង​មើល​ងាយវិញ្ញាណក្ខ័ន្ធអ្នក​ដែល​បាន​ស្លាប់ រាប់ទាំងគ្រួសារអ្នកឯងផង។ បើកុំតែមាន ៧ មករា អ្នកទាំងឡាយនៅ​ក្នុងនេះប្រហែល​មិន​ទាន់​កើត​បាន ព្រោះឪពុកម្តាយស្លាប់អស់បានអីកើត …៕