សម្តេច​តេជោនាយករដ្ឋមន្ត្រីរៀបចំពិធីជប់លៀងជូនអគ្គលេខាធិការ បក្សកុម្មុយនីស្តវៀតណាមនៅខេត្តព្រះសីហនុ

AKP ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីជប់លៀងជាកិត្តិយសជូន ឯកឧត្ដម ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈប្រតិភូ នារាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ក្នុងខណៈដែលឯកឧត្ដម អញ្ជើញចូលរួមជាអធិបតី ក្នុងពិធី សម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ មុននឹងបញ្ចប់ ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសុន្ទរកថា របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលធ្វើឡើងក្នុងពិធីលៀងសាយភោជន៍ កាលពីរាត្រី ថ្ងៃទី២១ ខែកក្កដា នាសណ្ឋាគារលំហែកាយមាត់សមុទ្រ ក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ទំនាក់ទំនង រវាងកម្ពុជា និងវៀតណាមដែលបានកើតឡើងតាំងពីយូរលង់ណាស់មកហើយនោះបានធ្វើឱ្យប្រទេសទាំងពីរ មានបទពិសោធន៍ជាច្រើន ក្នុងដំណើរ ឆ្លងកាត់ពេលវេលាដ៏សែនលំបាកជាមួយគ្នា។ ចំណងទាក់ទងជា ប្រវត្តិសាស្រ្តដ៏រឹងមាំដែលផ្អែកលើមូលដ្ឋាននៃសាមគ្គីភាព មិត្តភាព និងការគោរពគ្នាទៅវិញទៅមកបាន ក្លាយជាគ្រឹះដ៏រឹមាំក្នុងទំនាក់ទំនងទ្វេភាគី រវាងប្រជាជាតិទាំងពីរ និងបានកំណត់នូវកិច្ចសហប្រតិបត្តិការ ដែលកំពុងត្រូវបានពង្រឹងនិងពង្រីកកាន់តែស៊ីជម្រៅថែមទៀត ស្រមតាមពាក្យស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង។

សុន្ទរកថាគន្លឹះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការបញ្ជាក់យ៉ាងមុតមាំថា ការរីកចម្រើនលើគ្រប់ វិស័យរយៈពេល៣៨ឆ្នាំ កន្លងទៅរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពី ទំនាក់ទំនងជាប្រពៃណី និង កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត រវាងបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរបានឡើយជាពិសេស ការចូលរួម ចំណែករបស់វៀតណាម ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាលំបាកនា បណ្តាទសវត្សរ៍កន្លងទៅ និងបន្តគាំទ្រការអភិវឌ្ឍកម្ពុជារហូត ដល់ពេលបច្ចុប្បន្ន។

សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋកម្ពុជានៅតែចងចាំមិនភ្លេច និងអរគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះការចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេង និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាល  កងទ័ព និងប្រជាជនវៀតណាម ក្នុងការជួយរំដោះប្រជាជនកម្ពុជាឱ្យចេញផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ តាមរយៈសុន្ទរកថានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានវាយតម្លៃ ខ្ពស់ និងមានមោទនភាពយ៉ាងក្រៃលែងចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហ- ប្រតិបត្តិការរវាងគណបក្សទាំងពីរ ដែលនោះគឺជាមរតកដ៏ថ្លៃថ្លារបស់គណបក្សទាំងពីរ ដែលត្រូវបានថ្នាក់ ដឹកនាំគ្រប់ជំនាន់យកចិត្តទុកដាក់ថែរក្សាពូនជ្រុំ និងក្លាយជាកត្តាកំណត់ជោគជ័យនៃបុព្វហេតុកសាងការពារ និងអភិវឌ្ឍប្រទេសនីមួយៗ។

សម្តេចតេជោបន្តថា ក្នុងខណៈដែលទំនាក់ទំនងនយោបាយត្រូវបានលើកកម្ពស់យ៉ាង សកម្មទំនាក់ទំនង សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនឡើងគួរឱ្យកត់សម្គាល់។ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបណ្តាខេត្តនៅតាមព្រំដែននៃប្រទេសទាំងពីរបានជំរុញ ឱ្យមានការតភ្ជាប់កាន់តែស្អិតរមួត និងផ្តល់ភាពងាយស្រួលកាន់តែប្រសើរ ដល់ការទៅមករកគ្នារបស់ ប្រជាជន។ ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនបានសម្រេចចនូវវឌ្ឍនភាពយ៉ាងច្រើន។ ភាគីទាំងពីរ បាន និងកំពុងខិតខំកសាងជាមួយគ្នា នូវខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ហើយសង្ឃឹមថានឹងអាចបញ្ចប់ ដោយជោគជ័យនាពេលខាងមុខ។ ដោយឡែកនៅក្នុងសុន្ទរកថារបស់ ឯកឧត្តម ង្វៀន ហ៊្វូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានធ្វើការកត់សម្គាល់ដែរថា ប្រទេសទាំងពីរកម្ពុជា វៀតណាម ពិតជាមានទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការ ពិសេសមានប្រពៃណីក្នុងការជួយគ្នាទៅ វិញទៅមក គ្រប់កាលៈទេសៈទាំងអស់ ទាំងក្នុង គ្រាមានការលំបាកដូចគ្នា រហូតប្រទេសទាំងពីរមាន  ការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ន និងបន្តរីកចម្រើនខ្ពង់ខ្ពស់ថែមទៀត នៅពេលអនាគត ក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា។

ឯកឧត្តម អគ្គលេខាធិការ មជ្ឈិមបក្ស ក៏បានសម្តែងនូវមោទនភាពដ៏ខ្ពង់ខ្ពស់បំផុត ដែលបានអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅទីក្រុងមាត់សមុទ្រខេត្តព្រះសីហនុ ដែលជាខេត្តមួយមានព្រះកិត្តិនាមព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈរបស់ប្រទេស និងប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមក៏បានគូសបញ្ជាក់ពីព្រះគុណូបសក្ការៈ និងគុណបំណាច់មិន អាចកាត់ថ្លៃបានរបស់ព្រះករុណា ព្រះបរមរតនកោជ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គមានគុណបំណាច់យ៉ាងធំ ធេង ក្នុងការជួយ ដល់បុព្វហេតុសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសវៀតណាម រហូតមកដល់បច្ចុប្បន្ន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ