សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ ជួបសវនា​ការជាមួយ​ឯកឧត្តម ​អគ្គលេខា​ធិការ​​គណៈ​កម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​វៀតណាម

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ -រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា សម្តេច​វិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួប​សវនាការ​ជាមួយ​ឯកឧត្តម ង្វៀន ហ៊្វូជុង (NGUYEN PHU TRONG) អគ្គលេខាធិការនៃគណៈកម្មា​ធិការមជ្ឈិម​បក្ស​កុម្មុយនី​ស្តវៀតណាម ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូមក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវរដ្ឋនៅកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងប្រជាពលរដ្ឋកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវមនោសញ្ចេតនា​សប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមអគ្គលេ ខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្តវៀតណាម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ដែលត្រូវបានបង្កើតឡើងដោយអតីតព្រះមហាវីរៈក្សត្រ ព្រះករុណាព្រះ បាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតថ្នាក់ដឹកនាំវៀតណាមជំនាន់ មុន។សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ និងចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គលេខាធិការ​បក្សកុម្មុយនីស្តវៀតណាមនាឱកាស​នេះ គឺជា​ដំណើរ​ទស្សនកិច្ចប្រវត្តិសាស្រ្តដែលបាននាំមកនូវផល​ប្រយោជន៍​ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ក្នុងនាមព្រឹទ្ធសភា និងប្រជាពលរដ្ឋកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះបក្ស រដ្ឋ និង​ប្រជាជន​វៀតណាម ដែល​តែង​តែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ធំធេង​ដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋ​កម្ពុជា ក្នុងគ្រប់ដំណាក់កាល។ ព្រឹទ្ធសភាកម្ពុជាសូមគាំទ្រទាំងស្រុងនូវរាល់កិច្ចសហប្រតិបត្តិការរវាង​រដ្ឋាភិបាល​នៃប្រទេសទាំងពីរ និងចាត់ទុកលទ្ធផលដ៏ធំធេងទាំងនេះ គឺជាមូលដ្ឋានគ្រឹះ​ដែល​ធានា​ដល់ការ​ថែរក្សា​សន្តិភាព ស្ថិរ​ភាព និងការ​អភិវឌ្ឍ​នៅកម្ពុជា។

ក្នុងឱកាសជំនួបសវនាការនេះ ឯកឧត្តម ង្វៀន ហ៊្វូជុង បានថ្លែងអំណរគុណចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានទទួលជួបសវនាការនាឱកាសនេះ ហើយដំណើរទស្សនកិច្ចនេះ គឺស្របពេលដែលប្រជាជន​នៃ​ប្រទេសទាំងពីរ កំពុង​អបអរសាទរ​ខួប​អនុស្សារីយ៍​លើក​ទី៥០នៃថ្ងៃ​បង្កើត​ទំនាក់ទំនងការទូតប្រទេសទាំងពីរ។ ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បាននាំមកនូវ​ផល​ប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ប្រជាជននៃប្រទេសទាំងពីរ បានរួមសុខរួមទុក្ខជាមួយគ្នា និងជួយគាំទ្រគ្នាទៅវិញទៅមក និងសហការគ្នាប្រយុទ្ធតស៊ូដើម្បីឯករាជ្យជាតិនៃប្រជាជាតិទាំងពីរ។ ចាប់តាំងពីថ្ងៃដែលប្រទេសជាតិទាំងពីរដណ្តើមបានឯករាជ្យមក ប្រទេសនីមួយៗបានខិតខំយ៉ាងខ្លាំងក្លា ដើម្បី​ពង្រឹងឯករាជ្យជាតិ និងកសាងប្រទេសជាតិឡើងវិញ។ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវសេចក្តី​រំភើប​រីករាយដោយមើលឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលប្រជាជនកម្ពុជា សម្រេចបាន ក្នុងកំឡុងពេល៥០ឆ្នាំកន្លងទៅនេះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ និងក្រោម​ការដឹក​នាំរបស់​ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះការគាំទ្រ ការជួយឧបត្ថម្ភយ៉ាងធំធេង​ពីប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេសការជួយឧបត្ថម្ភដ៏មានតម្លៃពីប្រជាជនកម្ពុជា ចំពោះការ​តស៊ូ​រំដោះជាតិរបស់ប្រជាជនវៀតណាម។ ក្នុងឱកាសខួបអនុស្សារីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការ​ទូត​ប្រទេសទាំងពីរ ឯកឧត្តមបានស្នើឱ្យភាគីទាំងពីរពិនិត្យឡើងវិញនូវសមិទ្ធផល​ដែលសម្រេចបាន ដកស្រង់បទ​ពិសោធន៍ និងបន្តអប់រំប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយៗ ឱ្យបានជ្រួត​ជ្រាបអំពីទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការដ៏ល្អប្រពៃ នៃប្រទេសទាំងពីរលើគ្រប់វិស័យ សំដៅបន្តកសាង ពូនជ្រុំ ពង្រឹងពង្រីក​ឱ្យបាន​កាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមក៏បានសម្តែងនូវការអបអរចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀប​ចំបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលនេះជាមូលដ្ឋានយ៉ាងល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការ​រៀប​ចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខា​ង​មុខ ឱ្យទទួលបានជោគជ័យថែមទៀត៕

ដោយប៉ាល់ សុង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ